Author: ធឿន មករា

  • មើលថែទាំស្បែកកូនតូចយ៉ាងងាយៗ ឱ្យមានសុវត្ថិភាពពីពន្លឺថ្ងៃ

    មើលថែទាំស្បែកកូនតូចយ៉ាងងាយៗ ឱ្យមានសុវត្ថិភាពពីពន្លឺថ្ងៃ

    ចូលដល់រដូវក្តៅពេញទំហឹងហើយ ដោយមួយរយៈនេះយើងសង្កេតឃើញថា សីតុណ្ហភាពក្នុងស្រុកយើងកាន់តែក្តៅឡើងៗជារឿយៗ…ក្តៅរហូតឡើងចង់ឆេះតែម្តង។ ឡារ៉ែនគិតថា អ្នកម្តាយទាំងឡាយច្បាស់ជាដឹងហើយថា ការចេញទៅត្រូវកំដៅថ្ងៃយូរៗអាចសាងនូវភាពខូចខាតដល់ស្បែក និងអាចមានគ្រោះថ្នាក់ដល់ជីវិតទៀតផង ជាពិសេសចំពោះកូនក្មេងតូចៗ ថ្ងៃនេះឡារ៉ែនមានវិធីការពារស្បែកកូនតូចពីកំដៅថ្ងៃ និងខ្លួនអ្នកម្តាយខ្លួនឯងជាច្រើនវិធីមកជម្រាបជូន។

    – ក្នុងអំឡុងពេលនៃថ្ងៃដែលមានពន្លឺព្រះអាទិត្យក្តៅខ្លាំងនោះ បើអ្នកគ្មានភាពចាំបាច់អីត្រូវចេញទៅខាងក្រៅទេនោះ វិធីងាយៗ គឺគ្មានអ្វីល្អជាងការគេចពីពន្លឺថ្ងៃដោយការចូលទៅនៅក្នុងទីដែលមានម្លប់ ឬនៅក្នុងផ្ទះនោះឡើយ។

    – បើចៀសមិនរួចពីការត្រូវនាំកូនតូចចេញទៅនៅកណ្តាលថ្ងៃទេនោះ ចូរចៀសវាងអំឡុងពេលដែលមានកាំរស្មី UV ច្រើន ចាប់ពីម៉ោង 10ៈ00 – 16ៈ00 និងខ្លាំងបំផុតនៅពេលថ្ងៃត្រង់។

    – បាំងឆ័ត្រ ឬពាក់មួកដែលមានហាមធំ តែកុំភ្លេចជ្រើសរើសយកខ្នាតដែលសម និងត្រូវជាមួយក្បាលកូនផង បើជាកូនតូចដែលជិះក្នុងរទេះរុញវិញ កុំភ្លេចបិទដំបូល និងបាំងក្រណាត់ការពារពន្លឺក្តៅឱ្យផង។

    – ជ្រើសរើសស្លៀកសម្លៀកបំពាក់ឱ្យកូន និងខ្លួនឯងយ៉ាងគត់មត់ តែធ្វើពីសាច់ក្រណាត់ដែលត្រជាក់ បញ្ចេញកំដៅបានល្អនិងស្លៀកពាក់ទៅសប្បាយស្រួលខ្លួនទាំងកូនតូច និងអ្នកម្តាយខ្លួនឯង។

    – បើនាំកូនតូចទៅហែលទឹក ឬលេងទឹក គួរជ្រើសរើសស្លៀកឈុតលេងទឹកដែលមានដៃវែង ជើងវែង ព្រោះពេលកូនតូចអង្គុយលេងដីខ្សាច់នៅលើឆ្នេរសមុទ្រ បែរខ្នងដាក់កំដៅថ្ងៃនោះ ខោជើងខ្លីតែមួយមិនអាចទប់ទល់បានទេ។

    – ពាក់វ៉ែនតាការពារពន្លឺថ្ងៃឱ្យកូនតូច(ជ្រើសរើសវ៉ែនតាដែលស័ក្តិសមនឹងភ្នែកកូន) និងខ្លួនឯង ដើម្បីការពារកែវភ្នែក កាត់បន្ថយពន្លឺដែលចាំងពីព្រះអាទិត្យ ឬកន្លែងដែលមាន UV ច្រើន ជាពិសេសពេលជិះរថយន្ត។

    – ឱ្យកូនញ៉ាំទឹក និងញ៉ាំទឹកខ្លួនឯង(សម្រាប់អ្នកម្តាយ)ឱ្យបានញឹកញាប់ ព្រោះក្នុងអំឡុងពេលធាតុអាកាសក្តៅ រាងកាយមនុស្សយើងបាត់បង់ជាតិទឹកច្រើន បើញ៉ាំទឹកមិនបានគ្រប់គ្រាន់ អាចនឹងធ្វើឱ្យកើតសភាវខ្វះជាតិទឹកបាន។

    សម្រាប់ទារកតូចក្នុងវ័យ 0 – 6 ខែវិញនោះ ឡារ៉ែនសូមណែនាំថា មិនគួរលាបឃ្រីមការពារកំដៅថ្ងៃឱ្យឡើយ ព្រោះក្មេងតូចក្នុងវ័យនេះស្បែកនៅស្តើងខ្លាំងណាស់ អាចនឹងមានឱកាសកើតប្រតិកម្មចាញ់ឃ្រីមការពារកំដៅថ្ងៃបានងាយទៀតផង វិធីដែលល្អ គឺគួរប្រើវិធីចៀសវាងពីពន្លឺថ្ងៃប្រសើរជាង៕

  • “WHO” រកឃើញថ្នាំកាត់បន្ថយការស្លាប់របស់អ្នកជំងឺកូវីដ-19 និងសូមអង្វរកុំស្តុកទុកលក់យកចំណេញ ព្រោះមានលក់ទូទាំងពិភពលោក

    “WHO” រកឃើញថ្នាំកាត់បន្ថយការស្លាប់របស់អ្នកជំងឺកូវីដ-19 និងសូមអង្វរកុំស្តុកទុកលក់យកចំណេញ ព្រោះមានលក់ទូទាំងពិភពលោក

    “អង្គការសុខភាពពិភពលោក” បានរកឃើញថ្នាំដែលអាចកាត់បន្ថយអត្រាការស្លាប់របស់អ្នកជំងឺកូវីដ-19បាន និងសូមអង្វរ កុំស្តុកថ្នាំប្រភេទនេះទុក ដើម្បីលក់យកចំណេញ តែយ៉ាងណាក្ដី ផេច “Drama-addict” បានឱ្យដឹងថា បញ្ហាខ្វះខាតថ្នាំប្រភេទនេះ អាចមិនកើតមានឡើងទេ ក្រោយពីរកឃើញថា មានលក់នៅគ្រប់ប្រទេសទូទាំងពិភពលោក។

    ថ្ងៃទី24 មិថុនា ម្សិលមិញ ផេច “World Health Oganization(WHO)” របស់អង្គការសុខភាពពិភពលោក បានចេញមកបង្ហើបឱ្យដឹងថា ក្រោយពីរកឃើញថា ថ្នាំ “dexamethasone” អាចកាត់បន្ថយអត្រាការស្លាប់របស់អ្នកជំងឺវីរុសកូវីដ-19 បាននោះ ទើបសូមអំពាវនាវ កុំឱ្យមានការស្តុកទុកថ្នាំប្រភេទនេះ ដើម្បីទុកលក់យកចំណេញ។

    បន្ទាប់មក ផេច“Drama-addict” បានចេញមកផូស្តសំណេរមួយ តាមក្រោយអង្គការសុខភាពពិភពលោកថា ថ្នាំ“dexamethasone” អាចកាត់បន្ថយអត្រាការស្លាប់របស់ឆ្នកឆ្លងមេរោគកូវីដ-19 បានពិតប្រាកដមែន ហើយគ្រូពេទ្យទូទាំងពិភពលោក កំពុងតែយកថ្នាំមួយនេះ មកប្រើរួមគ្នាក្នុងការព្យាបាលអ្នកជំងឺ ព្រមទាំងបានដាស់តឿនទៀតផងថា សូមកុំទិញថ្នាំប្រភេទនេះយកមកស្តុកទុក។

    ផេច“Drama-addict” បានបន្ថែមទៀតថា បញ្ហាការស្តុកថ្នាំប្រភេទនេះ អាចនឹងមិនកើតមានទេ ដោយសារតែថ្នាំប្រភេទនេះមានលក់នៅទូទាំងពិភពលោក តាំងពីហាងលក់ថ្នាំធម្មតា រហូតដល់ឱសថស្ថានធំៗ និងថែមទាំងបានព្រមានទៀតផងថា មិនគួរទិញថ្នាំប្រភេទនេះមកទទួលទានដោយខ្លួនឯងទេ ព្រោះវាមានផលប៉ះពាល់ច្រើនណាស់ គួរតែស្ថិតក្នុងការមើលថែទាំរបស់គ្រូពេទ្យ ហើយបើសិនជាទិញយកមកប្រើខ្លួនឯង អាចនឹងមានគ្រោះថ្នាក់ដល់ជីវិតបាន៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ឈើប្រណីតជិត2ពាន់ដើម នឹងត្រូវដាំចាប់ពីស្តុបចំការដូង រហូតដល់រង្វង់មូលកួរស្រូវ

    ឈើប្រណីតជិត2ពាន់ដើម នឹងត្រូវដាំចាប់ពីស្តុបចំការដូង រហូតដល់រង្វង់មូលកួរស្រូវ

    អាជ្ញាធរ​រាជធានី​ភ្នំពេញ បានបញ្ជាក់​កាលពីពេលថ្មីៗនេះ​ថា ឈើ​ប្រណីត​ប្រមាណ​ជិត 2ពាន់​ដើម នឹងត្រូវ​ដាំ​តាម​ដងផ្លូវ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​សោ​ភណ្ឌ​ភាព ជួយ​កាត់បន្ថយ​ជាតិពុល និង​ធ្វើឱ្យ​បរិស្ថាន​កាន់តែ​ប្រសើរ។

    ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​ដាំ​កូនឈើប្រណីតៗទាំងអស់នោះ​នៅតាម​បណ្តោយ​ផ្លូវ 271 ក្នុង​ខណ្ឌដង្កោ ដោយ​ចាប់ផ្តើម​ពី​ស្តុ​ប​ចំការ​ដូង​រហូតដល់រ​ង្វ​ង់​មូល​កួរស្រូវ ជាប់​ព្រំប្រទល់​ខេត្តកណ្តាល។ ដាំ​ឈើ​ទាំងអស់នោះ​នឹងត្រូវ​ដាំ​ចន្លោះ​ពីគ្នា8ម៉ែត្រ ដោយ​ដើមឈើ​សរុប​មាន​ចំនួន 1,840ដើម លើ​កំណាត់​ផ្លូវ​ប្រវែង 7គីឡូម៉ែត្រ​សងខាង៕

  • ពិភពលោកចាប់ផ្តើមប្រើរថយន្តក្រុងអេឡិចត្រូនិកដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន

    ពិភពលោកចាប់ផ្តើមប្រើរថយន្តក្រុងអេឡិចត្រូនិកដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន

    បច្ចុប្បន្ននេះ ទោះបី​ជាមាន​វិបត្តិ Covid-19 ដែល​ធ្វើឱ្យ​មនុស្ស​ជាច្រើន​ត្រូវ​ឃុំ​ខ្លួនឯង​ក្នុងផ្ទះ​ក៏ដោយ ក៏​ផលប៉ះពាល់​បរិស្ថាន​នៅតែ​ត្រូវបាន​គេ​គិតគូរ ព្រោះ​វា​អាច​នឹង​ផ្តល់​ផលប៉ះពាល់​យូរអង្វែង​សម្រាប់​ការរស់នៅ។

    ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ ប្រទេស​ខ្លះ​បានចាប់ផ្តើម​បង្កើត​ផ្លូវ​ជិះ​កង់​ឱ្យបាន​ច្រើន​ដើម្បី​ជំរុញ​ប្រជាជន​ឱ្យ​ជិះ​កង់ និង​តំបន់​ខ្លះទៀត​បាន​ច្នៃ​ឱ្យមាន​ភាព​បៃតង​នៅក្នុង​ទីក្រុង​ដើម្បី​ស្រូប​ជាតិពុល។ ថ្មីៗនេះ នៅ​ប្រទេស​មួយចំនួន​គេ​ចាប់ផ្តើម​ប្រើប្រាស់​រថយន្តក្រុង​អេឡិចត្រូនិក ដើម្បី​ជំរុញ​ឱ្យ​ការធ្វើដំណើរ​នៅតាម​ទីក្រុង​កាន់តែ​រលូន លើកទឹកចិត្ត​ឱ្យ​ប្រជាជន​កាត់បន្ថយ​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន និង​កាត់បន្ថយ​ផ្សែង​ពុល​ផងដែរ។

    អ​ងុ្គ​ការ​វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​បញ្ជាក់ថា ការប្រើប្រាស់​រថយន្តក្រុង​អេឡិចត្រូនិក អាចជួយ​កាត់បន្ថយ​ការពុល​ខ្យល់ និង​ការផ្លាស់ប្តូរ​អាកាសធាតុ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។ បើ​ប្រៀបធៀប​ពី​ផលប៉ះពាល់​របស់​រថយន្ត​ប្រើ​សាំង និង​ប្រើ​ម៉ា​ស៊ូ​ត រថយន្ត​ប្រើ​អគ្គិសនី​មាន​ផលប៉ះពាល់​ចំពោះ​បរិស្ថាន​តិចតួច​បំផុត។ ចំពោះ​តម្លៃ​សេវា​ទៀតសោត​ក៏មាន​ភាព​ធូរ​ថ្លៃ​ជាង​រថយន្ត​ប្រើ​ប្រេង​ផងដែរ ដែល​វា​ជា​កត្តា​ជំរុញ​យ៉ាងសំខាន់​ក្នុងការ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ងាក​មកប្រើប្រាស់​រថយន្ត​ក្រុង​សាធារណៈ​វិញ។ តាម​ការបញ្ជាក់​របស់​ស្ថាប័ន​ខាងលើ​បានឱ្យដឹងថា វា​ចំណាយ​តិចជាង​រថយន្ត​ប្រើប្រាស់​ប្រេង​រហូតដល់​ទៅ 70% ឯណោះ។

    បន្ថែម​ពីលើ​នេះ ប្រទេសមួយ​ចំនួន​នៅ​តំបន់​អាមេរិក​ឡាទីន បាន​ដាក់ឱ្យ​ប្រជាជន​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​រហូត​ដល់ក​ន្លះ​ឆ្នាំ​ដើម្បី​ជំរុញ​ឱ្យ​ប្រជាជន​ងាក​មកប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​រួម​វិញ៕

  • ចង់មានលឿនពេកជាដើមហេតុនាំឱ្យមានជំងឺបាក់ទឹកចិត្ត

    ចង់មានលឿនពេកជាដើមហេតុនាំឱ្យមានជំងឺបាក់ទឹកចិត្ត

    បច្ចុប្បន្ននេះ ដោយសារតែ​មនុស្ស​រស់​នៅក្នុង​ពិភពលោក​ដែល​ស្ទើរតែ​គ្រប់គ្នា​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ធ្វើឱ្យ​ការ​បង្អួត​សម្ភារៈ​និយម និង​ការបង្ហាញ​ពី​ឥទ្ធិពល​នៃ​មាសប្រាក់​បានកើត​ឡើង​យ៉ាង​ព្រោងព្រាត។ បញ្ហា​ទាំងអស់នេះ​បានធ្វើឱ្យ​មនុស្ស​ជាច្រើន ជាពិសេស​អ្នក​ដែល​ស្ថិតនៅក្នុង​ជីវៈភាព​មធ្យម ចាប់ផ្តើម​បណ្តុះ​គំនិត​ចង់​ក្លាយជា​អ្នកមាន ដោយ​មិនបាន​សិក្សា​ពី​ដើមហេតុ និង​ហេតុផល​សមស្រប​ដែល​គេ​ទទួលបាន​សម្ភារៈ​ទំនើប និងថ្លៃៗទាំងអស់នោះ។

    លោក គីម ដា​រ៉ា ស្ថាបនិក​គ្រឹះស្ថាន​អប់រំ Start Up Cambodia បាន​លើកឡើងថា ចង់​មាន​លឿន​ពេក ក៏​ជា​មូលហេតុ​មួយ​នាំទៅរក​ជំងឺ​បាក់​ទឹកចិត្ត​ផងដែរ។ ពេល​អ្នកឃើញ​អ្នកណាម្នាក់​ដែល​អ្នក​ស្គាល់​មានបាន ហើយ​អ្នក​ក៏​ចង់​មាន​ដូច​គេ ហើយ​អ្នក​សង្កេតឃើញថា ការងារ​គេ​ខុសពី​អ្នក ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​លែង​ចូលចិត្ត​ការងារ​ខ្លួនឯង​ទៀត ហើយ​ធ្វើការ​ទាំង​ធុញ ពេលធ្វើការ​ទាំង​ធុញ​ធ្វើឱ្យ​គុណភាព​ការងារ​ធ្លាក់ចុះ កាន់តែ​មិន​សប្បាយចិត្ត។ ក្រោយមក​អ្នក​អាច​បោះបង់​ការងារ​ដែល​ខ្លួន​ធ្លាប់​ស្រលាញ់​ទៅធ្វើ​ការងារ​ដូច​គេ ព្រោះ​ចង់​មាន​ដូច​គេ តែ​ពេល​ចាប់ផ្ដើម​ធ្វើ​ទើប​អ្នក​ដឹងថា វា​មិនមែនជា​ការងារ​ដែល​អ្ន​ក​ចូលចិត្ត​នោះទេ ហើយ​អ្នក​ក៏​ធ្វើ​វា​មិន​បានល្អ គុណភាព​ការងារ​អន់ ធ្វើឱ្យ​អ្នក​អស់សង្ឃឹម ហើយ​ឈានទៅរក​ជំងឺ​បាក់​ទឹកចិត្ត។

    លោក​ថា ភាគ​ជោគជ័យ​មិនមែន​វាស់​ដោយ​ចំនួន​លុយ​ឡើយ គឺ​វាស់​ដោយ​សុភមង្គល​ដែល​អ្នកមាន ភាព​រីករាយ​ដែល​អ្នកមាន ហេតុនេះ ត្រូវ​ចេះ​រីករាយ​ជាមួយ​ការងារ​របស់​អ្នក ខិតខំ​ធ្វើ​វា​ប្រកបដោយ​គុណភាព​ខ្ពស់៕

  • ក្រសួងសាធារណការ ប្រាប់របៀបរាយការណ៍ លើកម្មវិធីថែទាំផ្លូវ Road Care Mobile App

    ក្រសួងសាធារណការ ប្រាប់របៀបរាយការណ៍ លើកម្មវិធីថែទាំផ្លូវ Road Care Mobile App

    កម្មវិធី​ថែទាំ​ផ្លូវ (Road Care Mobile App) អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​ធ្វើការ​រាយការណ៍​ពី​ផ្លូវ​ដែល​ត្រូវធ្វើ​ការជួសជុល​ថែទាំ ឬ​ជង្ហុក​សម្បុកមាន់ រួច​បញ្ជូន​ទៅកាន់​មន្ត្រី​ជំនាញ ដើម្បី​ចាត់វិធានការ​ទាន់ពេល​វេលា។

    ដើម្បី​ធ្វើការ​រាយការណ៍​អំពី​ផ្លូវ ដែល​ត្រូវធ្វើ​ការជួសជុល​ថែទាំ សូម​ចូល​ទៅកាន់​កម្មវិធី​ថែទាំ​ផ្លូវ (Road Care Mobile App)

    -ចុច​លើ​ប៊ូ​តុង​ភ្ជាប់​រូបភាព

    -ជ្រើសរើស​ថតរូប ឬ​រើស​រូបភាព

    -ធ្វើការ​បរិយាយ​អំពី​ស្ថានភាព​ផ្លូវ

    -ចុច​ប៊ូ​តុង​បញ្ជូន

    សូម​ទាញយក​កម្មវិធី​ថែទាំ​ផ្លូវ​តាមរយៈ​តំណ​ភ្ជាប់៖

    – App Store: https://roadcare.mpwt.gov.kh/ios

    – Play Store: https://roadcare.mpwt.gov.kh/android

    ទស្សនា​វីដេអូ​ណែនាំ​ខាងក្រោម​នេះ៖

  • សុខភាពប្រអប់មាត់ល្អដោយការជ្រើសរើសប្រើថ្នាំដុសធ្មេញ

    សុខភាពប្រអប់មាត់ល្អដោយការជ្រើសរើសប្រើថ្នាំដុសធ្មេញ

    តើលោកអ្នកកំពុងតែមានបញ្ហាសុខភាពពាក់ព័ន្ធនឹងប្រអប់មាត់ញឹកញាប់ដែរឬទេ? ជួនកាលឈឺ ជួនកាលបាត់ មានអាការដូចជា រលាកអញ្ចាញ ស្រៀវធ្មេញ ធ្មេញងាយឡើងពណ៌លឿងព្រោះតែចូលចិត្តញ៉ាំទឹកតែ កាហ្វេ និងជក់បារី? ហ្នឹងហើយ! លោកអ្នកកំពុងតែប្រថុយប្រថានជាមួយគ្រប់បញ្ហាសុខភាពអញ្ចាញធ្មេញ និងធ្មេញដែលនឹងបំផ្លាញប្រអប់មាត់លោកអ្នករហូតតទៅហើយ ដូច្នេះដើម្បីសុខភាពមាត់ និងធ្មេញដែលល្អរបស់អ្នក គួរតែផ្តើមចេញពីការជ្រើសរើសប្រើថ្នាំដុសធ្មេញដែលល្អត្រឹមត្រូវទើបជារឿងសំខាន់។

    ជ្រើសរើសថ្នាំដុសធ្មេញតាមរយៈអ្វី?

    1 – ពពុះថ្នាំដុសធ្មេញ ៈ អារម្មណ៍ដំបូងពេលថ្នាំដុសធ្មេញចូលទៅក្នុងមាត់ នឹងមានភាពស្អិត និងបែកជាពពុះ ដែលលោកគ្រូពេទ្យគួរតែបញ្ជាក់ប្រាប់ថា ពពុះថ្នាំដុសធ្មេញមិនបានមានប្រយោជន៍ក្នុងការកំចាត់វត្ថុកខ្វក់ៗអ្វីៗឡើយ តែគ្រាន់តែជាជំនួយការដែលធ្វើឱ្យសាច់ថ្នាំដុសធ្មេញជ្រៀតចូលទៅក្នុងកន្លុកកន្លៀតដែលពិបាកចូលដល់ប៉ុណ្ណោះ។

    2 – ពណ៌ ក្លិន និងរសជាតិ ៈ ជាទូទៅ ថ្នាំដុសធ្មេញនឹងឆ្លងកាត់ការបន្ថែមពណ៌ដើម្បីឱ្យមើលទៅឃើញគួរឱ្យចង់ប្រើកាន់តែខ្លាំងឡើង ដោយពណ៌ក្នុងថ្នាំដុសធ្មេញដែលជាពណ៌កែច្នៃពីរុក្ខជាតិនឹងមិនដិតជាប់ស្រទាប់ធ្មេញទេ ចំណែកក្លិនក្រអូបក្នុងថ្នាំដុសធ្មេញវិញ ច្រើនតែចម្រាញ់ចេញពីធម្មជាតិ ដូចជា ក្លិនមីនត៍ មេនថល ឬក្លិនផ្លែឈើផ្សេងៗ ដើម្បីបង្កើនភាពស្រស់ស្រាយ។ ក្រៅពីនោះនៅក្នុងថ្នាំដុសធ្មេញច្រើនតែមានរសជាតិផ្អែមបន្តិចដែលកើតពីការបន្ថែមសារធាតុឱ្យភាពផ្អែមពីធម្មជាតិដែលមិនធ្វើឱ្យធ្មេញពុក ដូចជា សៃលិថូល( xylitol ) សូប៊ិថូល( sorbitol) ជាដើម។

    3 – ភ្លូអ័ររ៉ាយ( Fluoride ) ៈ គឺសារធាតុរ៉ែដែលជួបប្រទះបានតាមធម្មជាតិ ដែលលោកគ្រូពេទ្យប្រាប់ថា ភ្លូអ័ររ៉ាយនៅក្នុងថ្នាំដុសធ្មេញមានតួនាទីកំចាត់អាស៊ីតដែលតោងជាប់នៅតាមស្រទាប់ធ្មេញ ទើបវាជួយឱ្យធ្មេញមិនងាយពុកបាន ដែលយើងតែងតែជួបចំណែកផ្សំនេះច្រើននៅក្នុងថ្នាំដុសធ្មេញនៅលើទីផ្សារទូទៅ។

    4 – សារធាតុទប់ស្កាត់មេរោគបាក់តេរី( Anti-Bacterial agent ) ៈ ថ្នាំដុសធ្មេញយីហោខ្លះមានការផ្សំសារធាតុជួយទប់ស្កាត់មេរោគបាក់តេរីដែលមានឈ្មោះថា ថ្រៃខ្លូសាន( Triclosan )ជាសារធាតុដែលគណកម្មការផ្នែកអាហារ និងថ្នាំរបស់ប្រទេសអាមេរិកធានា និងទទួលស្គាល់ថាមិនបង្កគ្រោះថ្នាក់ឡើយ បើប្រើក្នុងបរិមាណដែលត្រឹមត្រូវ។

    ក្រៅពី 4 ចំណុចខាងលើនេះហើយ ការជ្រើសរើសថ្នាំដុសធ្មេញសម្រាប់អ្នកដែលមានបញ្ហាប្រអប់មាត់ក៏ជាវិធីមួយក្នុងការជួយកំចាត់បញ្ហាប្រអប់មាត់ចំចំណុចឱ្យបាត់អស់ដែរ ដោយមានទិចនិកដូចតទៅនេះ ៈ

    1 – ជ្រើសរើសប្រើថ្នាំដុសធ្មេញដែលមានផ្សំសារធាតុពីធម្មជាតិ និងឱសថបុរាណ អ័រហ្កានិក នឹងជួយកែសម្រួលតុល្យការសុខភាពប្រអប់មាត់ឱ្យរឹងមាំ កំចាត់ស្នាមកំណកលឿងចេញពីធ្មេញ និងជួយបំបាត់ក្លិនមាត់បានល្អជាង ដូចជា ប្រទាលកន្ទុយក្រពើ ប្រេងដើមតែ ស៊ិលិកា ជីងង្កាម និងមេនថូល។

    2 – បញ្ហាធ្មេញលឿង គួរជ្រើសរើសប្រើថ្នាំដុសធ្មេញដែលមានចំណែកផ្សំដោយសារធាតុលាងធ្មេញឱ្យស ដែលសង្កត់ធ្ងន់លើសារធាតុចម្រាញ់ពីធម្មជាតិ ដូចជា ស៊ិលិកា ជាដើម ដើម្បីមិនទៅបំផ្លាញស្រទាប់ក្រៅរបស់សាច់ធ្មេញ។

    3 – សម្រាប់អ្នកដែលមានដំបៅក្នុងប្រអប់មាត់ គួរជ្រើសរើសប្រើថ្នាំដុសធ្មេញដែលប្រាសចាកសារធាតុបង្កពពុះដែលអាចនឹងប្រមូលសន្សំបង្កឱ្យកើតជារោគចង្រៃបាន។ គួរជ្រើសរើសប្រើថ្នាំដុសធ្មេញប្រភេទជេលដែលចម្រាញ់ពីធម្មជាតិដែលល្អចំពោះសុខភាពប្រអប់មាត់។

    4 – សម្រាប់អ្នកដែលមានអាការស្រៀវធ្មេញ ចូរជ្រើសរើសប្រើថ្នាំដុសធ្មេញប្រភេទដែលអាចការពារការស្រៀវធ្មេញបានដោយសាច់ថ្នាំធ្មេញប្រភេទជេលនឹងកាត់បន្ថយបរិមាណសារធាតុខាត់សម្អាតធ្មេញ និងឱសថបុរាណដូចជា ខាម៉ូម៉ាយល៍នឹងជួយសម្រាលអាការស្រៀវធ្មេញបាន។

    5 – ថ្នាំដុសធ្មេញ ប្រភេទដែលស័ក្តិសមសម្រាប់អ្នកដែលកើតជំងឺរលាកអញ្ចាញធ្មេញ គួរជ្រើសរើសប្រើប្រភេទដែលមានសារធាតុ សៃលីថូល ជាចំណែកផ្សំ ព្រោះសៃលីថូលជាសារធាតុចម្រាញ់ពីធម្មជាតិ នឹងមិនកើតមានការជំរុញបន្ថែម និងមិនត្រូវបានរំលាយឱ្យក្លាយជាអាស៊ីតដោយអតិសុខុមប្រាណនៅក្នុងមាត់ឡើយ។

    ក្រៅពីនេះ ការថែទាំសម្អាតដោយការដុសធ្មេញឱ្យត្រូវតាមវិធីក៏ជារឿងសំខាន់មួយដែរ ដូចជា ការដុសធ្មេញដែលល្អ ត្រូវឱ្យសរសៃច្រាសប៉ះនឹងអញ្ចាញថ្នមៗ ដើម្បីជំរុញការធ្វើការងាររបស់សាច់អញ្ចាញឱ្យរឹងមាំ និងកុំភ្លេចដុសអណ្តាតដើម្បីបោសសម្អាតកំណកកខ្វក់ដែលជាប់នៅលើអណ្តាតចេញ និងជួយកាត់បន្ថយក្លិនមាត់ផងដែរ៕

  • អក្ខរកម្មឌីជីថលជាផ្នែកសំខាន់ក្នុងការអប់រំសតវត្សទី21

    អក្ខរកម្មឌីជីថលជាផ្នែកសំខាន់ក្នុងការអប់រំសតវត្សទី21

    នៅក្នុង​សតវត្ស​ទី21នេះ ជា​យុគ្គ​សម័យថ្មី​មួយ​នៃ​បច្ចេកវិទ្យា​ដែល​ពិភពលោក​កំពុងមាន​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​លើ​គ្រប់ផ្នែក​ទាំងអស់ ជាពិសេស​ប្រព័ន្ធ​ការងារ និង​ការអប់រំ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា បច្ចុប្បន្ននេះ បច្ចេកវិទ្យា​បាន​ដើរតួនាទី​កាន់តែ​សំខាន់​នៅក្នុង​ពិភពលោក ហើយ​ក្នុងនោះ បច្ចេកវិទ្យា​មួយចំនួន​ក៏បាន​ចូលមក​ជំនួស​ការងារ​របស់​ម​នុស្ស​ផងដែរ។ បញ្ហា​នេះ​ទាមទារ​ឱ្យ​ការអប់រំ​ក៏ត្រូវ​តែ​អភិវឌ្ឍ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ឆ្លើយតប​ជាមួយនឹង​ទីផ្សារការងារ​ថ្មី​ក្នុង​សតវត្ស​ទី21នេះ។ សម្រាប់​កម្ពុជា នៅក្នុង​សន្និបាត​អប់រំ​ឆ្នាំ2020នេះ យើង​បានជ្រើសរើស​យក​ប្រធានបទ«ការអប់រំ​ឌីជីថល» ព្រោះ​វា​ជា​ផ្នែក​សំខាន់​ក្នុងការ​ឆ្លើយតប​នឹង​តម្រូវការ​ការងារ​ក្នុង​ពិភពលោក​នា​សតវត្ស​ថ្មី​នេះ។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា៖ «តម្រូវការ​ទីផ្សារការងារ​នា​សតវត្ស​ទី21នេះ ចាំបាច់​ត្រូវការ​បំ​ណិ​ន​ខ្ពស់ ដូចជា​បំ​ណិ​ន​វិជ្ជាជីវៈ បំ​ណិ​ន​ផ្នែក​ទន់ ដូចជា​ការដោះស្រាយ​បញ្ហា ការធ្វើការងារ​ជា​ក្រុម គំនិត​ច្នៃប្រឌិត និង​បំ​ណិ​ន​បច្ចេកវិទ្យា​ជាដើម»។

    រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​បន្ថែមទៀតថា ចំពោះ​បំ​ណិ​ន​បច្ចេកវិទ្យា គឺ​ចាំបាច់​ត្រូវ​បណ្តុះបណ្តាល​អក្ខរកម្ម​ឌីជីថល ដើម្បីឱ្យ​ប្រជាជន​របស់​យើង​មានចំណេះដឹង​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា ចេះ​សរសេរ​កម្មវិធី ឬ​ចេះ​សរសេរ​កូដ​ជាដើម។ កាលណា​ពួកគេ​មានចំណេះដឹង​ទាំងអស់នេះ ពួកគេ​នឹង​នៅតែ​រក្សាបាន​នូវ​តម្លៃ​ចំពោះ​ការងារ​ក្នុង​រយៈពេល​វែង​ត​ទៅមុខទៀត៕

  • 6 ចំណុចដែលឪពុកម្តាយត្រូវបង្រៀនឱ្យដឹង មុននឹងនាំកូនតូចចូលរោងភាពយន្ត

    6 ចំណុចដែលឪពុកម្តាយត្រូវបង្រៀនឱ្យដឹង មុននឹងនាំកូនតូចចូលរោងភាពយន្ត

    ឪពុកម្តាយជាច្រើនចង់នាំកូនតូចជាទីស្រឡាញ់ទៅមើលកុនជាមួយដែរ តែក៏បារម្ភថានឹងកើតហេតុដែលមិននឹកស្មានដល់កណ្តាលរោងភាពយន្ត ក្លាយជាការរុកគួនរំខានផ្លូវចិត្តដល់អ្នកចូលទស្សនាដទៃទៀត។ ការនាំកូនចូលរោងភាពយន្តគឺជារឿងដែលឪពុកម្តាយត្រូវតែគិត និងដឹងឱ្យច្បាស់ គួរតែចាប់ផ្តើមនៅពេលឃើញថាកូនត្រៀមខ្លួនរួចជាស្រេចហើយ ដូច្នេះមុននឹងនាំកូនតូចចូលមើលកុនលើកដំបូងនោះ រឿងដែលឪពុកម្តាយត្រូវធ្វើមានដូចតទៅ ៈ

    1 – ធ្វើឱ្យការចូលរោងកុនក្លាយជារឿងគួរឱ្យចង់សាកល្បង

    រៀបរាប់ឱ្យកូនស្តាប់ បើកថ្រេលលើរ៍កុនខ្លីៗឱ្យកូនមើល ធ្វើឱ្យការប្រាប់ថា “យើងនឹងនាំគ្នាទៅមើលកុន” ក្លាយជាអ្វីដែលគួរឱ្យត្រេកអរ និងរំភើបញាប់ញ័រ “យេ!!”។

    2 – ប្រាប់ពីការពិតយ៉ាងលម្អិត

    “នៅក្នុងរោងកុនវាងងឹតត្រង់កន្លែងដែលយើងអង្គុយ និងសំឡេងឮខ្លាំងបន្តិចហើយណាកូន តែវាជាកុនរឿងតុក្កតារូបធំៗឱ្យយើងមើល”។

    3 – ម៉ាក់នៅជាមួយកូនជានិច្ច

    ប្រាប់កូនថា ម៉ាក់ និងប៉ានឹងអង្គុយនៅជាមួយកូនជានិច្ច មិនទៅណាឡើយ បើខ្លាច ឬមានអារម្មណ៍អ្វីម្យ៉ាងនោះ យើងនឹងកែកែបញ្ហាជាមួយគ្នា។

    4 – សួរពីការស្ម័គ្រចិត្ត និងផ្តល់ជម្រើសដល់កូន

    មិនបង្ខំកូន សង្កេតមើលថា តើពេលស្តាប់ហើយ កូនអូខេឬទេ? បើចង់ទៅម៉ាក់នឹងនាំទៅ តែបើមិនចង់ទេក៏មិនអីដែរ និង “យើងនឹងចេញពីរោងកុនបាន បើសិនយើងចង់ចេញ”។

    5 – បង្រៀនកូនឱ្យគោរពសិទ្ធិអ្នកដទៃ

    ចំណុចនេះសំខាន់ណាស់ ត្រូវបង្រៀនកូនយ៉ាងម៉ឺងម៉ាត់ថា គ្រប់គ្នានៅក្នុងរោងភាពយន្តត្រូវការភាពស្ងប់ស្ងាត់ ធ្វើហេតុការណ៍ឧទាហរណ៍ឱ្យកូនមើលថា បើកូនកំពុងមើលកុនស្ងាត់ៗ ស្រាប់តែមានក្មេងនិយាយឮៗឡើងនោះ អ្នកក្បែរៗនោះអាចនឹងមើលកុនលែងល្អមើលមិនខាន។

    6 – កំណត់កតិកា

    ចំណុចនេះ “សំខាន់បំផុត” ត្រូវកំណត់កតិកាជាមួយកូនថា បើចង់និយាយ គេត្រូវនិយាយឱ្យតិចៗ ហ្វឹកហាត់ការនិយាយបែបខ្សិប និង “បើកូននិយាយឮខ្លាំងៗលើសពីបីដង មានន័យថា យើងអាចនឹងមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការមើលកុននៅឡើយទេ ហើយយើងនឹងចេញពីរោងកុនសិន ហើយត្រឡប់មកម្តងទៀតនៅពេលណាដែលធំដឹងក្តីល្មមហើយ”។

    ព្រោះរោងភាពយន្តជាទីសាធារណៈ និងជាទីកន្លែងផ្លែកថ្មីសម្រាប់ក្មេងៗនោះ លោកឪពុកអ្នកម្តាយត្រូវតែត្រៀមខ្លួនរួចជាស្រេចចាំទប់ទល់នឹងស្ថានការណ៍ដែលអាចនឹងគ្រប់គ្រងមិនបាន និងថែមទាំងនៅអាចមានជំងឺឆ្លងរាលដាល ដូចជា ជំងឺផ្តាសាយទៀតផង ដូច្នេះរឿងដែលល្អបំផុត គឺរង់ចាំឱ្យកូនធំដឹងក្តីហើយសិន សឹមនាំទៅមើលកុន៕

  • រឿង3យ៉ាងដែល Covid-19 បានផ្លាស់ប្តូររបៀបដើរផ្សាររបស់ប្រជាជននៅចិន

    រឿង3យ៉ាងដែល Covid-19 បានផ្លាស់ប្តូររបៀបដើរផ្សាររបស់ប្រជាជននៅចិន

    បច្ចុប្បន្ននេះ ទោះបីជា​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 មិនទាន់​បាត់អស់​ទាំងស្រុង​លើ​ពិភពលោក​ក៏ដោយ តែ​ប្រទេស​មួយចំនួន​ហាក់​ចាប់ផ្តើម​ស៊ាំ​ជាមួយនឹង​ការរស់នៅ​របៀប​ថ្មី។ នៅ​ប្រទេស​ចិន ដោយសារតែ​ជំងឺ Covid-19 បាន​ជំរុញ​ឱ្យ​ប្រជាជនមាន​ការផ្លាស់ប្តូរ​របៀប​នៃ​ការរស់នៅ ដោយ​ក្នុងនោះ​ការដើរ​ផ្សារ និង​ទិញ​ផលិតផល​របស់​ប្រជាជន​ចាប់ផ្តើម​មានការ​ប្រែប្រួល។

    វេទិការ​សេដ្ឋកិច្ចពិភពលោក​បាន​លើកឡើងថា មានរឿងសំខាន់3 ចំណុច​ដែល​ប្រជាជន​ចិន​មានការ​ផ្លាស់ប្តូរ។ ចំណុច​ទី1 គឺ​មនុ​ស្សមាន​អារម្មណ៍​ថា​ធូរស្បើយ​ក្នុងការ​នៅផ្ទះ ហើយ​មិន​ប្រើ​ក្រែ​ម និង​ផលិតផល​តុបតែង​មុខ​ច្រើន។ បន្ថែម​ពីលើ​នេះ មនុស្សម្នាក់ៗចាប់ផ្តើម​ស្វែងរក​វិធីសាស្ត្រល្អៗដើម្បី​ធ្វើ​នៅផ្ទះ កាត់បន្ថយ​ភាព​តានតឹង និង​ធ្វើឱ្យ​ជីវិត​កាន់តែ​មានន័យ។ ស្ថាប័ន​ខាងលើ​បានលើកឡើង​ផងដែរ​ថា ក្នុង​កាលៈទេសៈ​នេះ តម្រូវការ​សៀវភៅ និង​ម៉ាស៊ីន​ហាត់ប្រាណ​ចាប់ផ្តើម​មានការ​កើនឡើង​ខ្លាំង។ បន្ថែម​ពីលើ​នេះ អ្វីដែល​គួរឱ្យកត់សម្គាល់​គឺ ដោយសារតែ​ការពាក់​ម៉ា​សបាន​ក្លាយជា​រឿង​សាមញ្ញ​សម្រាប់​ប្រជាជន​ចិន ធ្វើឱ្យ​ការលក់​ផលិតផល​ក្រែ​ម​ធ្លាក់ចុះ តែ​កើន​ឡើងលើ​ផលិតផល​សម្រាប់​តុបតែង​ភ្នែក។

    ចំណុច​សំខាន់​ទី2 គឺ​អ្នកទិញ​ទំនិញក្មេងៗក្លាយជា​អ្នកទិញ​ម្ហូប និង​ទិញ​ឥ​វ៉ាន់​សម្រាប់​គ្រួសារ​ទាំងមូល ជំនួស​ឱ្យ​ស្ត្រី​មេផ្ទះ។ តាម​ការស្រាវជ្រាវ​បញ្ជាក់ថា អតិថិជន​រហូត70% ដែល​ដើរ​ផ្សារ​កើត​ក្រោយ​ឆ្នាំ 1995។

    ចំនុច​ទី3 គឺ​ការលក់​តាម​អន​ឡាញ​មានការ​កើនឡើង​ខ្លាំង ដោយ​ក្នុងនោះ​យុវវ័យ​សម័យថ្មី​ភាគច្រើន​អាចមាន​សមត្ថភាព​ផលិត​វីដេអូ ឬ​ផ្សព្វផ្សាយ​ផលិតផល​បាន​កាន់តែច្រើន​ដើម្បី​ទាក់ទាញ​អតិថិជន៕