Author: ធឿន មករា

  • ពាន យុវជនអាយុក្រោម 16ឆ្នាំ និង 18ឆ្នាំ នឹងចាប់ផ្តើមឡើងវិញ នៅ 2សប្តាហ៍ទៀត

    ពាន យុវជនអាយុក្រោម 16ឆ្នាំ និង 18ឆ្នាំ នឹងចាប់ផ្តើមឡើងវិញ នៅ 2សប្តាហ៍ទៀត

    ពានរង្វាន់​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម 16ឆ្នាំ និង​យុវជន​អាយុ​ក្រោម 18ឆ្នាំ ឆ្នាំ2019 របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​បើក​ដំណើរការ​ប្រកួត​ឡើងវិញ នៅ​ថ្ងៃទី19 ខែកក្កដា ឆ្នាំ2020 ខាងមុខ​នេះហើយ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​រួចមក។

    ការបន្ត​ការប្រកួត​ឡើងវិញ​នេះ​ផងដែរ គឺ​មិន​អនុញ្ញាត​ឱ្យមាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ការប្រកួត​នេះ​ដោយផ្ទាល់​ឡើយ ខណៈដែល​អ្នក​នៅក្នុង​កីឡដ្ឋាន​សម្រាប់​រៀបចំ​កា​រ​ប្រកួត គឺ​អនុញ្ញាតឱ្យ​មានតែ​ចំនួន​ប្រមាណ 100នាក់​ប៉ុណ្ណោះ។

    គួរ​រំឭក​ដែរ​ថា ការប្រកួត​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម 16ឆ្នាំ និង​យុវជន​អាយុ​ក្រោម 18ឆ្នាំ គឺ​បាន​ឈានដល់​ការប្រកួត​ជុំ​ទី2 ហើយ ដោយបាន​រកឃើញ​ក្រុម​មួយចំនួន ដែល​បាន​កក់​កៅអី​ជុំ​ទី3 ខណៈ​ពាន U18 ទើប​ដំណើរការ​ប្រកួត​បាន 1ប្រកួត​ប៉ុណ្ណោះ នៅក្នុង​ពូ​ល​ទាំង4 ដែលមាន​ទាំងអស់ 16ក្រុម​ចូលរួម៕

  • ការប្រកួត ពានរង្វាន់ Adria Tour ត្រូវលុបចោលទាំងស្រុង ដោយសារ Novak Djokovic ឆ្លងកូវីដ-19

    ការប្រកួត ពានរង្វាន់ Adria Tour ត្រូវលុបចោលទាំងស្រុង ដោយសារ Novak Djokovic ឆ្លងកូវីដ-19

    កីឡាករ​វាយ​កូន​បាល់ ឬ​តិ​ន្និ​ស​ចំណាត់ថ្នាក់​លេខ1 របស់​ពិភពលោក Novak Djokovic បាន​និយាយ​សុំទោស បន្ទាប់ពី​ក្លាយជា​កីឡាក​រតិ​ន្នី​ស​ចុងក្រោយ ដែល​ធ្វើតេស្ដ​ហើយ​រកឃើញ​មេរោគ Covid-19។

    ក្នុងនោះដែរ ក្រោយពី​តេស្ត​ទៅលើ​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយនឹង​កីឡាករ​ខាងលើនេះ គេ​បាន​រកឃើញ​កីឡាករ​ចំនួន 3រូប​ផ្សេងទៀត​បាន​ឆ្លង​វីរុស​នេះ​ពី​គាត់ រួមមាន​កីឡាករ Grigor Dimitrov, Borna Coric និង Viktor Troicki ដែលជា​អ្នក​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ Adria Tour ដែល​រៀបចំ​ដោយ Djokovic។

    ទោះជា​បែបនេះ​ក្តី Djokovic បានបង្ហាញ​ការសុំ​ទោស​ទៅដល់​អ្នក​ឆ្លង​បន្ត​ពី​គាត់​ទាំង 3រូប ដោយបាន​ថ្លែងថា​គាត់​គ្មាន​ចេតនា​ឡើយ គាត់​រៀបចំ​ការប្រកួត​នោះ គឺ​ដោយ​ចិត្ត​បរិសុទ្ធ​ជាទីបំផុត។ ចំពោះ​កម្មវិធី​ប្រកួត​ពានរង្វាន់ Adria Tour នេះ នឹងត្រូវ​លុបចោល​ទាំងស្រុង​ត្រឹមតែ​ប៉ុន​ហ្នឹង៕

  • អនាគតទៅមនុស្សអាចញ៉ាំសាច់គោប្រកបដោយសុវត្ថិភាព ដោយមិនបាច់សម្លាប់គោនោះទេ

    អនាគតទៅមនុស្សអាចញ៉ាំសាច់គោប្រកបដោយសុវត្ថិភាព ដោយមិនបាច់សម្លាប់គោនោះទេ

    ពីមួយថ្ងៃ​ទៅមួយថ្ងៃ ចំនួន​ប្រជាជន​លើ​ពិភពលោក​ចេះតែ​កើនឡើង​ឥតឈប់ឈរ ដែល​បញ្ហា​នេះ បានធ្វើឱ្យ​មានការ​កើនឡើង​ផងដែរ​នូវ​តម្រូវការ​ម្ហូបអាហា​រ។ សាច់​ត្រូវបាន​គេ​មើលឃើញថា​កាន់​តែមាន​ភាពចាំបាច់​ក្នុងការ​ផ្គត់ផ្គង់​ទៅកាន់​មនុស្ស តែ​ប្រសិនបើ​មនុស្ស​ចេះតែ​កើនឡើង​ខ្លាំង នោះ​តំបន់​មួយចំនួន​នឹង​អាច​ប្រឈម​ជាមួយ​ភាពអត់ឃ្លាន ព្រោះ​យើង​ផលិត​មិនទាន់​តម្រូវការ។

    ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​បញ្ជាក់ថា អ្នកវិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​បង្កើត​មជ្ឈមណ្ឌល​បង្កើត​សាច់គោ (Lab-printed steaks) ដោយ​វា​មាន​សមត្ថភាព​ផលិត​សាច់គោ​បាន​ក្នុង​រយៈពេល​តែ 3សប្តាហ៍​តែប៉ុណ្ណោះ។ វា​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ក្លាយជា​អាហារ​សម្រាប់​ថ្ងៃ​អនាគត ព្រោះ​ជា​ប្រភេទ​សាច់​ដែលមាន​រសជាតិ​ឆ្ងាញ់ សុវត្ថិភាព និង​មាន​វីតាមីន​គ្រប់គ្រាន់​សម្រាប់​មនុស្ស។

    អ្នកវិទ្យាសាស្ត្រ​បាន​យក​កោសិកា (cells) ពី​សត្វ​គោរស់​ដែលមាន​សុខភាព​ល្អ​មក​បណ្តុះ​ជាមួយនឹង​ជាលិកា​ដែល​ហ៊ុមព័ទ្ធ​ដោយ​ឧបករណ៍ 3D បិទ​ជិត​ដើម្បី​បង្កើតជា​សាច់​សិប្បនិម្មិត​ឡើង។ ដំណើរ​នៃ​ការផលិត​សាច់គោ​របៀបនេះ ត្រូវបាន​គេ​មើលឃើញថា​មាន​ភាព​ឆាប់រហ័ស និង​កាត់បន្ថយ​ភាព​ខ្ជះខ្ជាយ​បាន​យ៉ាងច្រើន។ វា​ត្រូវបាន​គេ​ជឿថា​អាច​ផលិត​សាច់​បាន​លើសពី​តម្រូវការ​របស់​មនុស្ស​នៅ​ថ្ងៃ​អនាគត ព្រោះ​ការធ្វើ​របៀបនេះ​ត្រូវ​ចំណាយពេល​ត្រឹមតែ3សប្តាហ៍​ប៉ុណ្ណោះ​ដើម្បី​ទទួលបាន​សាច់​សម្រាប់​ទទួលទាន បើ​ប្រៀបធៀប​ជាមួយនឹង​ការចិញ្ចឹម​គោ​យក​សាច់​ដែល​ត្រូវ​ចំណាយ​ពេលវេលា​រហូត​ដល់​ទៅ 18ខែ​ឯណោះ។

    វិធីសាស្ត្រ​ផលិត​សាច់​បែប​វិទ្យាសាស្ត្រ​នេះ​មិនចាំបាច់​ត្រូវការ​ដី និង​មិន​ត្រូវការ​ទឹក​ច្រើន​ដូច​ការចិញ្ចឹម​សត្វ​គោ​យក​សាច់​នោះទេ។ ហើយ​ចំពោះ​សាច់​នោះ​ទៀតសោត​អ្នកវិទ្យាសាស្ត្រ​អាច​បន្ថែម​វីតាមីន​បាន​ថែម​ទៀតផង​ដើម្បី​ជួយ​ដល់​សុខភាព​មនុស្ស៕

  • ប្រើសំឡេង បញ្ជាឧបករណ៍ Smart Home កំពុងក្លាយជាគោលដៅ ប្រព្រឹត្តបទល្មើស

    ប្រើសំឡេង បញ្ជាឧបករណ៍ Smart Home កំពុងក្លាយជាគោលដៅ ប្រព្រឹត្តបទល្មើស

    កម្មវិធីបញ្ជាដោយសំឡេងថ្មី (Voice Liveness Detection) អាចធ្វើឱ្យជនខិលខូចតែងតែថតសំឡេងគេទុក ដើម្បីយកទៅប្រព្រឹត្តអំពើបទល្មើស ដូចជា ការជ្រៀតចូលគណនី ឬឧបករណ៍ណាមួយ និងការក្លែងបន្លំដើម្បីបោកយកប្រាក់កាសជាដើម ដូច្នេះហើយទើប អង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្ម (CSIRO) រួមជាមួយក្រុមហ៊ុនសាំស៊ុង និងសាកលវិទ្យាល័យ Sungkyunkwan របស់ប្រទេសកូរ៉េខាងត្បូងបានរួមគ្នាបង្កើតដំណោះស្រាយ ដើម្បីការពារអ្នកប្រើប្រាស់ពីការលួចប្រើសំឡេងនេះ។

    ក្រុមអ្នកស្រាវជ្រាវ បាន និងកំពុងបង្កើតកម្មវិធីដែលគេឱ្យឈ្មោះថា Voice liveness detection (Void) ដែលអាចបង្កប់ (Embedded) នៅក្នុងស្មាតហ្វូន ឬកម្មវិធីជំនួយសំឡេងបាន។

    កម្មវិធីនេះអាចចាប់យកសំឡេងដែលកំពុងនិយាយភ្លាមៗ ដើម្បីបញ្ជាក់ពីភាពខុសគ្នារវាងសំឡេងមនុស្សកំពុងនិយាយ និងសំឡេងដែលបានចាក់ផ្សាយឡើងវិញតាមរយៈ Speaker ដើម្បីឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន។

    បច្ចេកទេសក្នុងការផ្ទៀងផ្ទាត់សំឡេងនេះ ត្រូវបានសាកល្បងដោយប្រើទិន្នន័យដែលបានកំណត់អត្តសញ្ញាណពីក្រុមហ៊ុនសាំស៊ុង និងការផ្ទៀងផ្ទាត់ដោយស្វ័យប្រវត្តិ ព្រមជាមួយឧបករណ៍ឆ្លើយតប ដែល Data61 ទទួលបានកម្រិតនៃភាពត្រឹមត្រូវរហូតដល់ទៅ 99% និង 94% សម្រាប់ទិន្នន័យនីមួយ។

    ជាងនេះទៅទៀតកម្មវិធីនេះអាចរកឃើញការវាយប្រហារ បានលឿនជាង 8ដង បើធៀបទៅនឹងវិធីសាស្ត្រ Deep Learning ដែលអ្នកស្រាវជ្រាវបានប្រើកន្លងមក៕

  • កម្ពុជាបញ្ចប់ការសាងសង់ព្រលានយន្តហោះអន្តរជាតិធំៗម្តង2 នៅឆ្នាំ2023

    កម្ពុជាបញ្ចប់ការសាងសង់ព្រលានយន្តហោះអន្តរជាតិធំៗម្តង2 នៅឆ្នាំ2023

    ឆ្នាំ2023 ប្រទេស​កម្ពុជា​នឹងមាន​ព្រលានយន្តហោះ​ខ្នាត​ធំ​ដល់​ទៅ2 ដែល​នឹង​សាងសង់​រួចរាល់​ទាំងស្រុង និង​អាច​ដំណើរការបាន​សម្រាប់​ស្រូប​ទាញ​ភ្ញៀវ​រាប់លាន​នាក់​ឱ្យចូល​មកកាន់​ប្រទេស​កម្ពុជា។

    ម្សិល​ម៉ិ​ញ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល បាន​ចុះហត្ថលេខា​លើ​ផែនការមេ​ចុងក្រោយ​នៃ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី (AIAI) ដោយបាន​កំណត់ពេល​យ៉ាងច្បាស់​ថា ព្រលានយន្តហោះ​នេះ​នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ថ្ងៃទី15 ខែមីនា ឆ្នាំ2023 ដោយ​ប្រើប្រាស់​រយៈពេល 36ខែ​គត់ បើ​គិត​ចាប់​ពីថ្ងៃ​សាងសង់​ទី15 ខែមីនា ឆ្នាំ2020។ ការបញ្ចប់​គម្រោង​សាងសង់​នៅ​ឆ្នាំ2023នេះ គឺ​ដំណាលគ្នា​នឹង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ2023ដូចគ្នា។

    គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង2នេះ នឹង​ចំណាយ​ថវិកា​ប្រមាណ 2,400លាន​ដុល្លារ​អាមេរិក និង​មាន​សមត្ថភាព​អាចឱ្យ​យន្តហោះ​ខ្នាតធំៗឆ្លង​ទ្វីប​ចុះចត​បាន។ ហេតុនេះ​ក្រោយ​បញ្ចប់​ការសាងសង់ និង​ដាក់ឱ្យ​ដំណើរការ ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ទាំងអស់​នឹង​កាន់​តែមាន​ភាពងាយស្រួល​ក្នុង​ការចូល​មកកាន់​ប្រទេស​កម្ពុជា៕

  • ធនាគារជាតិចេញវិធានការ3ចំណុចដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់លើទីផ្សារ

    ធនាគារជាតិចេញវិធានការ3ចំណុចដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់លើទីផ្សារ

    បច្ចុប្បន្ននេះ ប្រទេស​នានា​លើ​ពិភពលោក​កំពុង​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន​ផ្នែក​សេដ្ឋកិច្ច​ដែល​កើតឡើង​ដោយសារតែ​បញ្ហា​នៃ​ការរីក​រាលដាល​ជំងឺឆ្លង​ជាស​កល Covid-19។ វិបត្តិ​ទាំងអស់នេះ​អាច​នឹង​ធ្វើឱ្យមាន​ការប្រែប្រួល​តម្លៃ​នៃ​សាច់ប្រាក់​លើ​ទីផ្សារ ហេតុនេះ​ដើម្បី​ទប់​តម្លៃ​សាច់ប្រាក់​កុំឱ្យ​ធ្លាក់ ឬ​ហើម​ខ្លាំងពេក គេ​តែងតែ​រៀបចំ​ឱ្យមាន​ផែនការ​សកម្មភាពសំខាន់ៗដើម្បី​អនុវត្ត​ក្នុងប្រទេស។

    នៅ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានចេញ​គោលការណ៍សំខាន់ៗចំនួន3យ៉ាង​ដើម្បី​រួមចំណែក​រក្សា​ស្ថិរភាព​ថ្លៃ និង​លើកកម្ពស់​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយវត្ថុ​ដោយ​វិធានការ​ទាំងនោះ​គឺ៖

    1. ធ្វើ​អន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់​តាម​ការចាំបាច់ ដើម្បី​រក្សា​ស្ថិរ​ភាព​ប្តូរប្រាក់
    2. បន្ត​ផ្គត់ផ្គង់​សន្ទនីយ​ភាពជា​ប្រាក់រៀល​តាមរយៈ​ប្រតិបត្តិ​ការផ្តល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) ក្នុង​ទំហំ​សមស្រប
    3. បន្ត​ពង្រឹង​ការប្រើប្រាស់​ប្រាក់រៀល​ឱ្យបាន​ទូលំទូលាយ តាម​វិធានការ​ដែលមាន​ស្រាប់ និង​វិធានការ​តាម​យន្តការ​ទីផ្សារ៕
  • រឿងដែលស្រ្តីមេផ្ទះគួរដឹង ពាក់ព័ន្ធនឹងចង្រ្កានម៉ៃក្រូវេហ្វ

    រឿងដែលស្រ្តីមេផ្ទះគួរដឹង ពាក់ព័ន្ធនឹងចង្រ្កានម៉ៃក្រូវេហ្វ

    យុគសម័យថ្មីនេះ ចង្រ្កានម៉ៃក្រូវេហ្វក្លាយជាឧបករណ៍ក្នុងផ្ទះបាយដែលមានប្រើសឹងតែគ្រប់ផ្ទះទៅហើយ ទោះវាជាឧបករណ៍ដែលយើងធ្លាប់ស្គាល់ហើយក៏ដោយ តែក៏អាចកើតមានគ្រោះថ្នាក់បានដែរបើប្រើប្រាស់មិនប្រយ័ត្ន។ នៅក្នុងប្រទេសអង់គ្លេសមានរបាយការណ៍ដែលបង្ហាញពីការរងរបួសដែលពាក់ព័ន្ធនឹងចង្រ្កានម៉ៃក្រូវេហ្វនេះក្នុងមួយឆ្នាំៗច្រើនជាង 2.000 នាក់ទៅទៀត ដូច្នេះ សុវត្ថិភាព និងការប្រើប្រាស់ដែលត្រឹមត្រូវតាមវិធីគឺជារឿងដែលយើងគួរតែរៀនយល់ដឹង ដើម្បីការពារគ្រោះភ័យដែលអាចនឹងកើតឡើង។

    ឧបករណ៍ដាក់ម្ហូបអាហារដែលមិនគួរប្រើជាមួយចង្រ្កានម៉ៃក្រូវេហ្វ ឬត្រូវប្រយ័ត្ន

    ឧបករណ៍ដាក់ម្ហូបអាហារដែលជាលោហៈ

    ពេលរលកម៉ៃក្រូវេហ្វឆ្លងកាត់ទៅប៉ះផ្នែកដែលជាលោហៈ នឹងធ្វើឱ្យកើតចរន្តអគ្គីសនី និងកម្តៅឡើងនៅត្រង់នោះ លោហៈនឹងកើតកម្តៅខ្លាំងឡើង ជួនកាលដល់ថ្នាក់កើតការឆាបឆេះឡើងបានទៀតផង។ ទោះជាការឆេះមិនបានបំផ្លាញឧបករណ៍នោះមែន តែសារធាតុផ្សេងៗដែលប្រើក្នុងការផលិតឧបករណ៍នោះអាចនឹងជ្រាបចូលទៅលាយឡំនៅក្នងអាហារបាន។

    ចានថ្មស្រោបរលោងៗ

    ឧបករណ៍ដាក់ចំណីអាហារដែលជាថ្មស្រោបរលោងៗជាច្រើនប្រភេទមានចំណែកផ្សំរបស់លោហៈលើផ្នែកដែលជារូបភាពក្បាច់ក្បូរ ដោយអាចនឹងកើតកម្តៅឡើងខ្ពស់នៅត្រង់ចំណុចនោះ ក្រៅពីនេះចានថ្មរលោងៗច្រើនតែមិនធន់ជាមួយកម្តៅក្តៅខ្លាំងៗនោះទេ បើប្រើប្រាស់ក្នុងការដាក់ម្ហូបអាហារកម្តៅនោះ អាចនឹងកើតការបែកបាក់បាន។

    ចានផ្លាស្ទិក និងចានស្នោ

    ផ្លាស្ទិក និងស្នោមានចំណុចសីតុណ្ហភាពរំលាយខុសផ្លែកពីគ្នា ការយកចានផ្លាស្ទិកដែលមានចំណុចសីតុណ្ហភាពរលាយទាបទៅដាក់កម្តៅនៅក្នុងចង្រ្កានម៉ៃក្រូវេហ្វ នឹងធ្វើឱ្យកើតការរលាយ ឬទន់របស់ចានរហូតខូចរូបរាងអស់ និងអាចរលាយចូលទៅក្នុងម្ហូបអាហារបាន ដូច្នេះបើចង់ប្រើចានផ្លាស្ទិក ឬចានស្នោ ត្រូវសង្កេតមើលសញ្ញាសំគាល់ដែលបិទជាប់នៅលើចានទាំងនោះផងថា តើអាចយកចូលក្នុងចង្រ្កានម៉ៃក្រូវេហ្វបានឬទេ? និងគួរជ្រើសរើសម៉ាកយីហោណាដែលគួរឱ្យទុកចិត្តបានផង។

    ក្រដាសអាលុយមីញ៉ូមខ្ចប់អាហារ

    ក្រដាសខ្ចប់ចំណីអាហារក្នុងពេលបច្ចុប្បន្ននេះច្រើនតែធ្វើពីអាលុយមីញ៉ូមហ្វ៉យល៍ ដែលអាចឆេះនៅក្នុងចង្រ្កានម៉ៃក្រូវេហ្វបាន ដូច្នេះបើម្ហូបអាហារដែលបងៗស្រ្តីមេផ្ទះត្រូវការកម្តៅនោះមានរុំខ្ចប់ដោយក្រដាស់អាលុយមីញ៉ូម គួរតែយកចេញជាមុនសិន មុននឹងដាក់ចូលក្នុងចង្រ្កានម៉ៃក្រូវេហ្វ។

    បន្ទះស្បោងផ្លាស្ទិកការពារចំណីអាហារ

    បច្ចុប្បន្នយើងមានបន្ទះស្បោងផ្លាស្ទិកស្តើងដែលប្រើសម្រាប់រុំបិទពីលើចំណីអាហារដើម្បីការពារកុំឱ្យធូលីដីហុយមកចូល និងនៅពេលយើងចង់បរិភោគម្តងទៀតនោះ យើងតែងតែយកចូលទៅកម្តៅក្នុងចង្រ្កានម៉ៃក្រូវេហ្វ។ ភាពប្រថុយប្រថានដែលអាចនឹងមាននោះគឺ កម្តៅដែលកើតឡើងពីចំហាយទឹក ឬពីម្ហូបអាហារនឹងអណ្តែតឡើងទៅរកបន្ទះស្បោងផ្លាស្ទិកស្តើងនោះ និងកើតចេញជាដំណក់ទឹកតូចៗ ដែលបើសិនជាបន្ទះស្បោងផ្លាស្ទិកស្តើងនេះមិនត្រឹមត្រូវតាមស្តង់ដារទេនោះ អាចនឹងកើតការរលាយរបស់សារធាតុគីមី ហើយស្រក់ចូលទៅក្នុងអាហារបាន ដូច្នេះបើចង់កម្តៅម្ហូបអាហារដើម្បីទទួលទាននោះ គួរយកបន្ទះស្បោងផ្លាស្ទិកស្តើងនេះចេញជាមុនសិន។

    ការប្រើចង្រ្កានម៉ៃក្រូវេហ្វនៅក្នុងផ្ទះដែលមានកូនក្មេង

    បើនៅក្នុងផ្ទះមានក្មេងតូច គួរជ្រើសរើសប្រើចង្រ្កានម៉ៃក្រូវេហ្វប្រភេទដែលមានភាពស្មុគ្រស្មាញក្នុងការប្រើតិចបំផុត ឬទុក​ដាក់នៅក្នុងកន្លែងដែលក្មេងតូចៗឈោងដៃមិនដល់ និងបើសិនជាចង់ឱ្យក្មេងប្រើការចង្រ្កានម៉ៃក្រូវេហ្វដែរនោះ ក៏គួរតែបង្ហាត់បង្រៀនឱ្យដឹងអំពីអ្វីដែលអាចដាក់ចូលទៅបាន និងអ្វីដែលហាមដាក់ចុល(ដូចជា ស៊ុតទាំងមូល ទឹកសុទ្ធ និងបន្លែផ្លែឈើទាំងមូល ​ជា​ដើម ព្រោះវានឹងផ្ទុះបែក) និងគួរឱ្យមានមនុស្សធំនៅជាមួយខណៈពេលប្រើការជានិច្ចផង៕

    Close-up Of A Person Removing Prepared Food From Microwave Oven; Shutterstock ID 694624912; Job (TFH, TOH, RD, BNB, CWM, CM): TOH
  • ប្រធានសហព័ន្ធសេវាអប់រំនៃកម្ពុជា ថ្លែងអំណរគុណរដ្ឋាភិបាលដែលស្នើរឱ្យធនាគាររៀបចំឥណទានឡើងវិញចំពោះគ្រឹះស្ថានសិក្សាឯកជន

    ប្រធានសហព័ន្ធសេវាអប់រំនៃកម្ពុជា ថ្លែងអំណរគុណរដ្ឋាភិបាលដែលស្នើរឱ្យធនាគាររៀបចំឥណទានឡើងវិញចំពោះគ្រឹះស្ថានសិក្សាឯកជន

    ស្ថិតក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 នេះ​គ្រប់​វិស័យ​ទាំងអស់​សុទ្ធតែ​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ជាពិសេស​វិស័យ​ឯកជន ដោយ​ក្នុងនោះ​រួមទាំង​វិស័យ​អប់រំ​ឯកជន​ផងដែរ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នៅក្នុង​ពិធី​ប្រកាស​អនុវត្តន៍​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 សម្តេច​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា​គួរ​ពិភាក្សា​ជាមួយ​ធនាគារឯកជន និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឱ្យ​រៀបចំ​ឥណទាន​ឡើងវិញ​សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជន។

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានបញ្ជាក់​ផងដែរ​ថា គ្រឹះស្ថានសិក្សា​ឯកជន​បានដាក់​ទ្រព្យ​បញ្ចាំ​របស់ខ្លួន​ជាច្រើន​ទៅ​ធនាគារ​ហើយ ហេតុនេះ​ពួកគាត់​គ្មាន​ទ្រព្យ​ឯណា​ទៅ​បញ្ចាំ​បន្ថែម​ដើម្បី​យកប្រាក់​មក​ដោះស្រាយ​ផលប៉ះពាល់​នោះទេ ហេតុនេះ​ធនាគារ​គួរ​ពង្រីក​ទំហំ​នៃ​កម្ចី​លើ​ទ្រព្យ​បញ្ចាំ​ដែល​គ្រឹះស្ថានសិក្សា​ឯកជន​បានដាក់​តម្កល់​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ។ សម្តេច​បាន​សង្កត់ធ្ងន់​ផងដែរ​ថា យើង​ត្រូវតែ​ពិនិត្យមើល ធ្វើយ៉ាងណា​កុំឱ្យ​មាន​គ្រឹះស្ថានសិក្សា​ឯកជន​ណាមួយ​ដួលរលំ​ឱ្យសោះ ហេតុនេះហើយ​ទើបត្រូវ​ឱ្យមាន​ការរៀប​ចំ​ឥណទាន​ឡើងវិញ​ចំពោះ​ពួកគាត់។

    បន្ថែម​ពីលើ​នោះ​ផងដែរ​សម្តេចនាយករ​ដ្ឋ​មន្ត្រី ក៏បាន​ជំរុញ​ផងដែរ​ឱ្យ​ម្ចាស់​អគារ​ដែល​ជួល​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងឡាយ​ផ្តល់នូវ​ការយោគយល់ និង​មាន​ភាពទន់ភ្លន់​ជាមួយនឹង​គ្រឹះស្ថានសិក្សា​ឯកជន។ សម្តេច​បាន​អំពាវនាវ​ឱ្យ​ម្ចាស់​អគារ​អស់​កាត់បន្ថយ​ថ្លៃឈ្នួល​ក្នុង​ការជួល​អគារ​ដល់​ម្ចាស់​គ្រឹះស្ថាន​ឯកជន ព្រោះ​បច្ចុប្បន្ននេះ សូម្បីតែ​សណ្ឋាគារ​ក៏​ចុះថ្លៃ​ដែរ ហើយ​កន្លែង​ខ្លះ​ការទទួល​ទាន​គេ​ចុះ​រហូតដល់ 30% ឬ50% ឯណោះ។ សម្រាប់​សាកលវិទ្យាល័យ និង​គ្រឹះស្ថានសិក្សា​ខ្លះ​ដែលមាន​អគារ​ផ្ទាល់ខ្លួន​មិនមាន​បញ្ហា​នោះទេ តែ​គ្រឹះស្ថានសិក្សា​ដែល​ជួល​អគារ​គេ​ទើប​គាត់​លំបាក។ ដូច្នេះ​ដើម្បី​កុំឱ្យ​ក្នុងពេល​មាន​វិបត្តិ​នេះ គ្រឹះស្ថានសិក្សា​ឯកជន​ខាតបង់​ខ្លាំងពេក​សូម​ម្ចាស់​អគារ​ទាំងឡាយ​ផ្តល់នូវ​ការយោគយល់។

    បង្ហាញ​ការគាំទ្រ​លើ​ចំណុច​នេះ លោក ប៉ិច បូ​ឡែ​ន ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៃ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើកឡើងថា៖ «យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អំពាវនាវ​ឱ្យ​ម្ចាស់​អគារ​បញ្ចុះតម្លៃ​ឈ្នួល និង​ជំរុញ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ឥណទាន​ឡើងវិញ​សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជន»។

    លោក​បាន​បន្ថែមទៀតថា បច្ចុប្បន្ននេះ សាលារៀន​ដែលមាន​ប្រាក់ចំណូល​បង្គួរ​អាចមាន​ចំណូល​ប្រហែល 40% ទៅ50% តែ​សម្រាប់​សាលា​ភាសា និង​សាលា​សម្រាប់​កុមារ​តូច​ជាច្រើន មាន​ប្រាក់ចំណូល​ប្រហែល​ត្រឹមតែ 20% ទៅ30% តែប៉ុណ្ណោះ។ ហេតុនេះ ប្រសិនបើ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អន្តរាគមន៍​លើ​ការរៀបចំ​ឥណទាន​ពិសេស​សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជន ឱ្យ​ដូចជា​សហគ្រាស​ធន​តូច និង​មធ្យម (SME) និង​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍ​ជនបទ(RDB) នោះ​នឹង​អាចជួយ​ដល់​គ្រឹះស្ថានសិក្សា​ឯកជន​បាន​យ៉ាងច្រើន។

    តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ លោក ប៉ិច បូ​ឡែ​ន បានបញ្ជាក់​ផងដែរ​ថា សាលារៀន​ឯកជន​ខ្លួនឯង​ក៏​គួរ​ត្រួតពិនិត្យ​លទ្ធភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​ឯងរៀងៗខ្លួន ដើម្បី​ប្រាកដប្រជា​ថា​យើង​អាច​យក​កម្ចី​នេះ​មកប្រើប្រាស់​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ដែល​អាច​បង្កើតជា​ចរន្ត​សាច់ប្រាក់​ដើម្បី​មានលទ្ធភាព​សង​ត្រឡប់​ទៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិញ​បានល្អ និង​បន្ត​និរន្តរភាព​សាលារៀន​ក្នុងពេល Covid-19 និង​ក្រោយ​បញ្ហា Covid-19 ត្រូវបាន​បញ្ចប់៕

  • ចិន បង្កើតឡានវែនឆ្លាតវៃ បើកដឹកឥវ៉ាន់ខ្លួនឯង ជាជំនួយការ Delivery ដែលដឹកទំនិញបាន 1តោន

    ចិន បង្កើតឡានវែនឆ្លាតវៃ បើកដឹកឥវ៉ាន់ខ្លួនឯង ជាជំនួយការ Delivery ដែលដឹកទំនិញបាន 1តោន

    បន្ទាប់ពី​វីរុស​កូ​វីដ-19 បាន​រាតត្បាត​ពេញ​ពិភពលោក ជាពិសេស​ក្នុងប្រទេស ចិន ក្នុង​ទីក្រុង​វូ​ហាន​ដំបូង​គេ​នោះ ឥលូវថ្មីៗនេះ ទីក្រុង Zibo និង Shenzhen ភាគ​ខាងកើត​ប្រទេស​ចិន បាន​ផលិត​ឡាន​វែ​ន​ដែល​អាច​បើក​ដឹក​ឥ​វ៉ាន់​ដោយ​ខ្លួនឯង និង​មាន​សមត្ថភាព​អាច ធ្វើជា​ជំនួយការ Delivery ម្ហូបអាហារ និង​ដឹកទំនិញ​បាន​រហូតដល់ 1,000គីឡូក្រាម និង​កំពុង​បម្រើសេវា​កម្មបាន​ជាង 2ខែ​មកហើយ។

    រថយន្ត​វែ​ន​ឆ្លាត​វៃ​នេះ មាន​ឈ្មោះថា Hercules ដំណើរការ​បង្កើត​ដោយ​ក្រុម​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ក្រុម​អ្នកស្រាវជ្រាវ​វិស្វកម្ម របស់​ចិន ដោយ​ប្រើ​វិធីសាស្ត្រ​បង្រៀន deep-learning algorithm ជាការ​បញ្ចូល​កម្មវិធី AI ទៅក្នុង​នោះ ដើ​ម្បិ​បញ្ជា​ឱ្យ​វា​ស្គាល់ផ្លូវ​សម្រាប់​ធ្វើដំណើរ ៕

    ទស្សនា​វីដេអូ​ខាងក្រោម៖

  • ចិន បាញ់ផ្កាយរណបថ្មី 1ទៀត ដើម្បីប្រជែងនឹង GPS របស់អាមេរិក

    ចិន បាញ់ផ្កាយរណបថ្មី 1ទៀត ដើម្បីប្រជែងនឹង GPS របស់អាមេរិក

    កាលពី​ថ្ងៃទី23 ខែមិថុនា 2020 ផ្កាយរណប​ចិន​ថ្មី​ផ្សេង 1ទៀត​ឈ្មោះថា DBS (ជា​ប្រភេទ Navigation system satellite) ត្រូវបាន​បាញ់​បង្ហោះ​សាកល្បង​ដោយ​ជោគជ័យ បន្ទាប់ពី​ជួប បញ្ហា​បច្ចេកទេស​តាំងពី​ថ្ងៃទី13 មិថុនា កន្លងទៅ។

    ផ្កាយរណប BDS-3 ថ្មី​នេះ ត្រូវបាន​បាញ់​បង្ហោះ​នៅ​ស្ថានីយ​អវកាស Xicheng ស្ថិតក្នុង​ភាគខាងត្បូង​ខេត្ត​ស៊ី​ឈួន។ គ្រាប់​រ៉ុក្កែត​ចុងក្រោយ​បំផុត​នេះ គឺជា​លើក​ទី 30 ហើយ​ក្នុង​ត្រកូល BDS-3 និង​ជា​លើក​ទី55 ក្រោម​ឈ្មោះ​សាកល្បង​រ៉ុក្កែត BeiDou ដែល​បាន​សាកល្បង​មក​តាំងពី​ឆ្នាំ2012។

    វា​ត្រូវបាន​គេ​ដឹងថា ផលិតឡើង​ដើម្បី​ប្រជែង​នឹង GPS (Global Positioning System) ដែល​គ្រប់គ្រង​ដោយ​អាមេរិក​ជា​យូរ​ឆ្នាំ​មកហើយ។

    ការចំណាយ​លើ​បាញ់​បង្ហោះ​នេះ ត្រូវបាន​គេ​ដឹងថា អស់​ខ្ទង់ 10ប៊ី​លាន​ដុល្លារ​ដោយ​នឹង​បង្កើតបាន​ផ្កាយរណប​ច្រើនជាង 35ដួង គ្របដណ្ដប់​ពេញ​ផ្ទៃ​ប្រទេស​ចិន។

    មហិច្ឆតា​របស់​ចិន ដែល​ចង់​ព​ង្រឹ​ក​ដែន​អំណាច​នៅលើ​អាកាស ត្រូវបាន​បង្ហាញច្បាស់ៗក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី ស៊ី ជីន​ភីង ដើម្បី​ប្រជែង​មហាអំណាច​ចាស់ គឺ​សហរដ្ឋអាមេរិក​ហ្នឹងឯង៕

    ប្រភព៖ CGTN