Author: ធឿន មករា

  • កាល់ស្យូមពីធម្មជាតិ ជាមួយស្រ្តីមានគភ៌ និងកូនតូច

    កាល់ស្យូមពីធម្មជាតិ ជាមួយស្រ្តីមានគភ៌ និងកូនតូច

    កាល់ស្យូម ជាសារធាតុអាហារដែលមានភាពចាំបាច់ដល់ការរស់នៅ ជួយឱ្យឆ្អឹង និងធ្មេញមានសុខភាពរឹងមាំ ជួយកាត់បន្ថយការប្រថុយប្រថានក្នុងការកើតរោគឆ្អឹងចុះខ្សោយ និងបាក់ឆ្អឹង។ កាលស្យូមជាសារធាតុដែលចាំបាច់ណាស់ក្នុងអំឡុងពេលនៃការតាំងគភ៌ និងអំឡុងពេលបំបៅដោះកូន ទើបអាហារគ្រប់ពេលដែលស្ត្រីមានគភ៌ទទួលទាននោះ មានភាពសំខាន់ខ្លាំងណាស់។

    ពេញមួយអំឡុងវ័យកុមារ វ័យនៃការចម្រើនធំធាត់(កើតដំបូង – 14 ឆ្នាំ) កាលស្យូមមានភាពសំខាន់ណាស់ ដោយជាទូទៅក្មេងអាយុ 3 – 10 ឆ្នាំគួរបានទទួលកាល់ស្យូមប្រមាណជា 800 មីល្លីក្រាមក្នុងមួយថ្ងៃ វ័យជំទង់ និងមនុស្សធំ 800 – 1,000 មីល្លីក្រាមក្នុងមួយថ្ងៃ ស្រ្តីមានគភ៌ និងអ្នកម្តាយដែលបំបៅដោះកូនគួរបានទទួលកាល់ស្យូមថែមឡើងគឺ 1,200 ក្នុងមួយថ្ងៃ រហូតដល់មនុស្សចាស់ទាំងឡាយក៏ត្រូវតែបានទទួលកាល់ស្យូមដែរ ដើម្បីការពារសភាវពុកឆ្អឹង និងជួយការពារអាការឆ្អឹងងាយបាក់។

    “ឯកាល់ស្យូមដែលជាអាហារបន្ថែមវិញនោះ ជាកាល់ស្យូមពីគីមី មិនមែនពីធម្មជាតិនោះទេ រាងកាយអាចបឺតជ្រាបយកកាល់ស្យូមបានត្រឹមតែប្រមាណជា 30% ប៉ុណ្ណោះ អ្វីដែលនៅសល់នឹងត្រូវបញ្ចេញចោលមកក្រៅតាមទឹកនោម”

    កាល់ស្យូមពីធម្មជាតិ រំលាយស្រួល ជាមិត្តជាមួយរាងកាយមនុស្ស។ ប្រភពរបស់កាលស្យូមមានច្រើននៅក្នុងពួករុក្ខជាតិបន្លែស្លឹកបៃតង។ បន្លែនៅក្នុងស្រុកយើងដែលគេរកឃើញថាមានកាលស្យូមច្រើននោះមានដូចជា ស្លឹកឆះភ្លូ ស្លឹកញ ត្រួយស្តៅ ខាត់ណា កន្ទក់ ជីពងទាកូន ត្រួយអង្គារដី គ្រាប់ល្ងខ្មៅ ល្ងស តៅហ៊ូគ្រប់ប្រភេទ និងគ្រាប់សណ្តែកគ្រប់ប្រភេទ។ល។

    នៅក្នុងទំព័រនេះ យើងនឹងនិយាយអំពី “គ្រាប់ល្ងខ្មៅ” ព្រោះល្ងខ្មៅមានគុណតម្លៃ និងគុណប្រយោជន៍ចំពោះមនុស្សច្រើនណាស់ ជាកាល់ស្យូមកម្រឹតលេខ 1 មានកាល់ស្យូមច្រើនជាងទឹកដោះដល់ទៅ 6 ដង។ ដោយហេតុផលនេះឯង ទើបផលិតផលទឹកសណ្តែកកំប៉ុងផ្សេងៗមានការដាក់បន្ថែមល្ងខ្មៅដើម្បីបន្ថែមកាល់ស្យូមឱ្យខ្ពស់ឡើងហ្នឹងឯង។

    25879878 – heap of black sesame on wooden spoon

    មុខម្ហូបងាយៗសម្រាប់អ្នកម្តាយ និងកូនតូចដើម្បីបន្ថែមកាល់ស្យូមដល់រាងកាយនោះ អ្នកម្តាយអាចធ្វើ ចេកណាំវ៉ាស្ងោរ រួចកិនឱ្យហ្មត់ លាយល្ងខ្មៅ សម្រាប់ញ៉ាំទាំងម្តាយទាំងកូន ឬស៊ុបល្ពៅរោយល្ងខ្មៅក៏បាន ក្រៅពីនេះការបរិភោគគ្រាប់ល្ងខ្មៅនៅមានច្រើនវិធីទៀត អាស្រ័យលើអ្នកម្តាយចេះកែច្នៃប្រឌិតដើម្បីសុខភាពរឹងមាំទាំងម្តាយទាំងកូន៕

  • Apple គ្រោងនឹងអាប់ឌែត មុខងារ Face ID ប្រើដើម្បី Login នៅលើ Safari បាន

    Apple គ្រោងនឹងអាប់ឌែត មុខងារ Face ID ប្រើដើម្បី Login នៅលើ Safari បាន

    ដោយមានការសហការរវាងក្រុមហ៊ុន Apple ជាមួយសម្ព័ន្ធភាពបញ្ជាក់អត្តសញ្ញាណតាមអ៊ីនធើណិត (FIDO) ក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយមិនចាំបាច់ប្រើលេខកូដ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Apple បានប្រកាសពីការប្រើប្រាស់ទាក់ទងទៅនឹងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយគ្មានលេខកូដនេះ នៅលើកម្មវិធី Safari 14 នៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍ WWDC កាលពីពេលថ្មីៗនេះ។

    ជាមួយនឹងមុខងារថ្មីនេះ ក្រុមហ៊ុន Apple នឹងអនុញ្ញាតឱ្យលោកអ្នកចូលទៅក្នុងកម្មវិធីផ្សេងៗ ដោយប្រើ Face ID ឬ Touch ID នៅក្នុងកម្មវិធី Safari Browser ដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ iOS 14 និង macOS 11.0 នៅចុងឆ្នាំនេះ។

    ការប្រើប្រាស់មុខងារនេះ គឺវាដូចគ្នានឹងការប្រើ Face ID ឬ Touch ID ដែលលោកអ្នកកំពុងប្រើ ដើម្បីបើកសោទូរស័ព្ទ ដោយមិនចាំបាច់ប្រើឈ្មោះ និងលេខសម្ងាត់ដែលមានភាពសាំញ៉ាំច្រើននោះ។

    បើតាមការបង្ហាញរបស់ក្រុមហ៊ុន Apple ក្រុមអ្នកបច្ចេកវិទ្យាគិតថា ដោយសារ Apple បានប្រើស្តង់ដារ multi-factor ដើម្បីផ្ទៀងផ្ទាត់ដោយប្រើ ទូរស័ព្ទជាសម្គាល់ និងទិន្នន័យ Face ID ឬ Touch ID នោះ វិធីសាស្ត្រនៃការផ្ទៀងផ្ទាត់នេះ នឹងជួយកាត់បន្ថយការវាយប្រហារ Phishing ឱ្យកាន់តែទាបផងដែរ។

    កាលពីឆ្នាំមុន ក្រុមហ៊ុន Google បានចាប់ផ្តើមប្រើមុខងារនេះនៅលើ Chrome Browser សម្រាប់ប្រព័ន្ធដំណើរការ Android ដើម្បីធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមរយៈ Biometric ដោយប្រើបច្ចេកវិទ្យា FIDO2 ដូចគ្នានឹង ក្រុមហ៊ុន Microsoft ដែលបានប្រើបច្ចេកវិទ្យានេះ សម្រាប់ Windows Hello របស់គេផងដែរ៕

    ទស្សនា​ការ​ពន្យល់​ពី​មុខងារ​សុវត្ថិភាព​ខាង​ក្រោម៖

    https://www.youtube.com/watch?v=11UfySDn7_I&feature=emb_title

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​

  • Facebook នឹងចេញមុខងារថ្មី ប្រាប់អ្នកចង់ចែកចាយព័ត៌មានថា ជាព័ត៌មានចាស់ ឬថ្មី” នាពេលឆាប់ៗនេះ!

    Facebook នឹងចេញមុខងារថ្មី ប្រាប់អ្នកចង់ចែកចាយព័ត៌មានថា ជាព័ត៌មានចាស់ ឬថ្មី” នាពេលឆាប់ៗនេះ!

    ការផ្សព្វផ្សាយព័ត៌មានចាស់ៗ ក៏អាចនាំឱ្យមានភាពច្របូកច្របល់ដល់សង្គមបានដែរ ព្រោះខ្លឹមសារដែលមាននៅក្នុងអត្ថបទចាស់ៗទាំងនោះ វាអាចមិនពិតសម្រាប់ស្ថានភាពបច្ចុប្បន្ន។

    ដោយមើលឃើញពីគុណវិបត្តិនេះហើយ ទើបក្រុមហ៊ុនហ្វេសប៊ុកបានចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់មុខងាររំឭកមួយ ដើម្បីឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានដឹងថា ព័ត៌មានដែលពួកគេចង់ចែកចាយនោះ គឺជាព័ត៌មានចាស់។ មុខងារនេះនឹងបង្ហាញជាសារប្រាប់ដល់អ្នកប្រើប្រាស់ភ្លាមៗ ប្រសិនបើព័ត៌មាននោះ ជាព័ត៌មានចាស់ជាង 3ខែមកហើយ តែទោះយ៉ាងនេះក្តី ក៏លោកអ្នកត្រូវតែមានការប្រុងប្រយ័ត្នផងដែរ ព្រោះមុខងារនេះគ្រាន់តែអាចប្រាប់លោកអ្នកអំពីព័ត៌មាននោះត្រឹមតែរយៈពេល 3ខែកន្លងទៅប៉ុណ្ណោះ មិនមែនជារយៈពេលដែលព័ត៌មាននោះត្រូវបានផ្សព្វផ្សាយកាលពីដំបូងទេ។ ដោយឡែកក្រុមហ៊ុនបណ្តាញសង្គម Twitter ក៏មិនខុសពីហ្វេសប៊ុកដែរ គឺបានខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការចែកចាយព័ត៌មានក្លែងក្លាយផងដែរ ដូចជាកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានធ្វើការសាកល្បងជាមួយមុខងារថ្មីមួយ ដែលបានបញ្ជាក់អ្នកប្រើប្រាស់ ឱ្យអានអត្ថបទជាមុនសិន មុននឹងចែកចាយបន្ត។

    ការបង្ហោះ ឬចែកចាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលកើតឡើងយូរហើយ គឺជាបញ្ហាដ៏ធំមួយ ដែលប្រទេសជាច្រើនកំពុងប្រឈម ដូចជាការផ្សព្វផ្សាយដែលថាជំងឺកូវីដ-19 កើតឡើងដោយសារប្រព័ន្ធ 5G ជាដើមនោះ បានបង្កឱ្យមានភាពចលាចលដល់សង្គម ដែលនាំឱ្យមានការវាយកម្ទេចបង្គោលអង់តែនជាច្រើនកន្លែងនៅអឺរ៉ុប៕

    ​ប្រភព៖​ ​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • ទូច បញ្ចរ៉ុង ចូលនិវត្តន៍ពីអាជីពបាល់ទាត់ ក្រោយលេងឱ្យក្លិបបឹងកេត ជិត 1ទសវត្សរ៍

    ទូច បញ្ចរ៉ុង ចូលនិវត្តន៍ពីអាជីពបាល់ទាត់ ក្រោយលេងឱ្យក្លិបបឹងកេត ជិត 1ទសវត្សរ៍

    ខ្សែការពារមានបទពិសោធជោគជាំក្នុងអាជីពរបស់ខ្លួន គឺកីឡាករ ទូច បញ្ចរ៉ុង បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្នុងវ័យ 33ឆ្នាំ និងក្លាយខ្លួនជាក្រុមការងារគ្រូបង្វឹករបស់យុវជនអាយុក្រោម 18ឆ្នាំ នៃក្លិបបឹងកេត។

    កីឡាកររូបនេះបានបញ្ជាក់ថា ខ្លួនសម្រេចចិត្តចូលនិវត្តន៍នេះ គឺដោយសារតែចង់ភ្លក្សរសជាតិនៃអាជីពថ្មី ហើយណាមួយវ័យក៏កាន់តែជ្រេដែរហើយ និងចង់ដកឃ្លាពីអាជីពជាកីឡាករនេះផង។

    បញ្ចរ៉ុង បាន​ចាប់ផ្ដើមលេងឱ្យបឹងកេតតាំង​ពីរដូវកាល2012 និងបាន​ជួយឱ្យក្លិបមួយនេះ ឈ្នះពានលីកកំពូលកម្ពុជា 3សម័យកាល ( 2012, 2016 និង 2017 ) និងឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន លើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិបនៅឆ្នាំ2019៕

  • អាត អូនតូច មិនទាន់ហ៊ាននិយាយថា ខ្លួនជាប់ក្នុងឈុត U19 នៅចុងឆ្នាំនេះឡើយ

    អាត អូនតូច មិនទាន់ហ៊ាននិយាយថា ខ្លួនជាប់ក្នុងឈុត U19 នៅចុងឆ្នាំនេះឡើយ

    ក្រុមជម្រើសជាតិអាយុក្រោម 19ឆ្នាំរបស់កម្ពុជា បានឡើងទៅលេងក្នុងពានរង្វាន់ AFC U19 ប្រចាំឆ្នាំ2020 នាចុងឆ្នាំនេះ នៅក្នុងប្រទេសអ៊ូបេគីស្ថាន ដោយកម្ពុជាបានស្ថិតនៅក្នុងពូល A ជាមួយនឹងម្ចាស់ផ្ទះ អ៊ូបេគីស្ថាន ឥណ្ឌូនេស៊ី និងអ៊ីរ៉ង់។

    អាត អូនតូច កីឡាករវ័យ 17ឆ្នាំ បានបញ្ជាក់ថា ខ្លួនមិនសូវជាមានសង្ឃឹមនៅក្នុងការជាប់ឈ្មោះ​ ក្នុងបញ្ជីកីឡាករ 23នាក់ចុងក្រោយ ដើម្បីបានទៅលេងពាននេះនៅឯប្រទេសអ៊ូបេគីស្ថានប៉ុន្មានឡើយ ដោយសារតែមូលហេតុនេះហើយ ទើបជំរុញឱ្យរូបគេខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដោយសង្ឃឹមថា គ្រូបង្វឹកនឹងបានឃើញការរីកចម្រើនរបស់គេ ហើយអាចជាប់ឈ្មោះក្នុងជម្រើស 23នាក់នោះ។

    គួរបញ្ជាក់ដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម 19ឆ្នាំ ទទួលបានកៅអីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ដដែលនេះ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល 46ឆ្នាំចុងក្រោយ កាលពីចុងឆ្នាំ2019 កន្លងទៅ បន្ទាប់ពីបានប្រកួតយ៉ាងស្វិតស្វាញ ក្នុងវគ្គជម្រុះ ដោយឈរនៅលេខរៀងទី5 ក្នុងនាមជាក្រុមលេខ2 ល្អប្រចាំពូល G៕

  • មុននេះបន្តិចក្រសួងសុខាភិបាលប្រកាសថា​មានអ្នកឆ្លង Covid-19 ថ្មីចំនួន 9នាក់

    មុននេះបន្តិចក្រសួងសុខាភិបាលប្រកាសថា​មានអ្នកឆ្លង Covid-19 ថ្មីចំនួន 9នាក់

    ក្រសូងសុខាភិបាល នៃកម្ពុជា ទើបតែ​បានប្រកាសនៅមុននេះបន្តិចថា ប្រទេសយើងបានរកឃើញ​ករណីឆ្លងជំងឺ Covid-19 ថ្មី ចំនួន 9នាក់ ខណៈនៅថ្ងៃដដែលនេះមានអ្នកជាសះស្បើយឡើងវិញម្នាក់។

    តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមម៉ោង 7ព្រឹក ថ្ងៃទី 27 ខែមិថុនា ឆ្នាំ2020 នេះ ស្ថានភាពជំងឹ Covid-19 នៅកម្ពុជា មានចំនួនអ្នកជាសះស្បើយ​ 129នាក់ និងអ្នកសម្រាកព្យាបាល​នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ចំនួន 10នាក់។ ជារួម​អ្នកដែលរកឃើញថាមានផ្ទុក​ជំងឺ Covid-19 ទាំងអស់ទូទាំងប្រទេសសរុបចំនួន 139នាក់។

    ចំពោះករណីអ្នកផ្ទុកថ្មីចំនួន 9នាក់ថ្មីនេះ គឺសុទ្ធតែជាអ្នកដំណើរមកពីប្រទេស​ឥណ្ឌូណេស៊ី ដោយក្នុងជើងហោះហើរនេះមានអ្នកដំណើរសរុបចំនួន 40នាក់ ដែលក្នុងចំណោមនោះមានអ្នកដំណើរជនជាតិខ្មែរចំនួន 24នាក់ និង​អ្នកដំណើរជនជាតិ​វៀតណាមម្នាក់ រួមទាំង​អ្នកដំណើរជនជាតិឥណ្ឌូណេស៊ីចំនួន24នាក់។

    អ្នកទាំងអស់នោះកំពុងស្ថិតក្រោមការតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕

  • តើរាងកាយរបស់យើងត្រូវការទឹកប៉ុន្មាន?

    តើរាងកាយរបស់យើងត្រូវការទឹកប៉ុន្មាន?

    នៅក្នុងរាងកាយរបស់មនុស្សយើងមានទឹកជាចំណែកប្រកបច្រើនដល់ទៅ 70 % ឯណោះ ដូច្នេះបើរាងកាយខ្វះទឹក នឹងអាចសាងបញ្ហាដល់ប្រព័ន្ធការពារក្នុងរាងកាយបាន ទើបរឿងការញ៉ាំទឹកស្អាតក្នុងមួយថ្ងៃមិនតិចជាង 6 កែវក្លាយជារឿងសំខាន់មួយដែលមនុស្សគ្រប់គ្នាប្រហែលជាដឹងច្បាស់ស្រាប់ហើយ តែបែរជាព្រងើយកន្តើយក្នុងការផ្តល់ភាពសំខាន់ចំពោះរឿងនេះទៅវិញ។ ថ្ងៃនេះ ឡារ៉ែននឹងបបួលមិត្តអ្នកអាននាំគ្នាមកញ៉ាំទឹក តែមុននឹងងាកទៅចាប់កែវទឹកមកញ៉ាំ ឡារ៉ែនចង់បបួលទាំងអស់គ្នាមកមើលថា តើហេតុអីបានជាយើងត្រូវតែញ៉ាំទឹក និងតើយើងត្រូវញ៉ាំទឹកប៉ុន្មានទើបគ្រប់គ្រាន់ចំពោះរាងកាយរបស់យើង?។

    វិធីការគឺ ចូរយកទម្ងន់ខ្លួនរបស់យើងមកចែកនឹង 2 ហើយយកទៅចែកនឹង 8 នឹងឃើញចំនួនបរិមាណទឹក 8 កែវសម្រាប់បរិភោគក្នុងមួយថ្ងៃ។

    ឧទាហរណ៍ដូចជា បើលោកអ្នកមានទម្ងន់ខ្លួន 50 គីឡូក្រាម បើចែកនឹង 2 យើងនឹងទទួលបានផលចែក 25 រួចហើយយកទៅចែកនឹង 8 នឹងបានផលចែក 3,125 មានន័យថា លោកអ្នកត្រូវតែញ៉ាំទឹកក្នុងមួយថ្ងៃមិនតិចជាង 3,125 លិត្រនោះទេ ដោយបែងជា 8 កែវ ហើយញ៉ាំជារឿយៗពេញមួយថ្ងៃ តែប៉ុណ្ណឹងរាងកាយក៏នឹងទទួលបានទឹកយ៉ាងពេញទំហឹងហើយ។

    ឥលូវនេះយើងនាំគ្នាមកមើលថា ក្នុងរាងកាយរបស់យើងនេះ តើអវយវៈខាងក្នុងណាខ្លះដែលមានទឹកជាចំណែកប្រកបច្រើន ឬតិចប៉ុនណា ធានាថានៅពេលមិត្តអ្នកអានបានដឹងហើយ ច្បាស់ជាត្រូវប្រញាប់ក្រោកឡើងទៅញ៉ាំទឹកជាមិនខាន។

    – ខួរក្បាល មានទឹក 75 %

    – ឈាម មានទឹក 85 %

    – សួត មានទឹក 90 %

    – ស្បែក មានទឹក 80 %

    – ឆ្អឹង មានទឹក 24 %

    – សាចដុំ មានទឹក 75 %

    បានដឹងដូច្នេះហើយ សូមកុំបង្អង់យូរ ដើម្បីសុខភាពរាងកាយ និងសាច់ឈាមស្រស់ថ្លា ត្រូវប្រញាប់ក្រោកទៅញ៉ាំទឹកឱ្យបានគ្រប់គ្រាន់តាមតំរូវការរបស់រាងកាយ៕

  • ប្លាស្ទីកធ្វើពីធម្មជាតិអាចកាត់បន្ថយផលប៉ះពាល់យ៉ាងសំខាន់ចំពោះពិភពលោក

    ប្លាស្ទីកធ្វើពីធម្មជាតិអាចកាត់បន្ថយផលប៉ះពាល់យ៉ាងសំខាន់ចំពោះពិភពលោក

    បច្ចុប្បន្ននេះ ចំនួន​ប្លា​ស្ទីក​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ពិភពលោក ដែល​វា​បានធ្វើឱ្យ​ខូចខាត​ដល់​គុណភាព​ដី ជីវៈចម្រុះ​ក្នុង​បាទសមុទ្រ និង​ជីវិត​សត្វផ្សេងៗទៀត​លើ​ពិភពលោក។

    បន្ថែម​ពីលើ​នេះ ប្លា​ស្ទីក​ក៏​ជះឥទ្ធិពល​ដោយផ្ទាល់​យ៉ាងច្រើន​ផងដែរ​សម្រាប់​ជីវិត​មនុស្ស ព្រោះ​វា​បាន​បង្ករ​ឱ្យ​មនុស្ស​កើត​ជំងឺមហារីក មាន​បញ្ហា​ឡើងក​ម្តៅ​ផែនដី និង​បញ្ហា​ជាច្រើន​ផ្សេងទៀត​ដែលនាំឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ការរស់នៅ។ តែ​ទោះជា​យ៉ាងនេះ​ក្តី គេ​សង្កេតឃើញថា សកម្មភាព​មនុស្ស​នៅលើ​ពិភពលោក​ហាក់​នៅតែ​បណ្តែតបណ្តោយ​ឱ្យចំ​នួន​ប្លា​ស្ទីក​កើន​ឡើយ​ឥតឈប់ឈរ ដែល​វា​ជា​ចរន្ត​អវិជ្ជមាន​មួយ​ឆ្ពោះទៅរក​ភាព​អន្តរាយ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកវិទ្យាសាស្ត្រ​បាន​ព្យាយាម​ស្វែងរក​វិធីសាស្ត្រថ្មីៗដើម្បី​បង្កើត​ឧបករណ៍​ជំនួស​ឱ្យ​ប្លា​ស្ទីក ដោយថ្មីៗនេះ​គេ​រកឃើញ​ប្លា​ស្ទីក​ធ្វើ​ពី​ឬ​ស​ដំឡូង​មី ដែល​អាចឱ្យ​មនុស្ស​ប្រើប្រាស់​បាន​យ៉ាង​ងាយស្រួល។ វា​ត្រូវបាន​គេ​រំពឹងទុក​ថា អាច​ក្លាយជា​ឧបករណ៍​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ការបំពុល​ដោយសារ​ប្លា​ស្ទីក​លើ​ពិភពលោក ព្រោះ​វា​ជា​សារធាតុ​ឆាប់​រលាយ និង​មិនមាន​ផលប៉ះពាល់​ចំពោះ​គុណភាព​ដី។ ប្លា​ស្ទីក​ប្រភេទ​នេះ​មិនចាំបាច់​ត្រូវ​ចំណាយ​ពេលវេលា​រាប់រយឆ្នាំ​ដើម្បី​រលាយ​ដូច​ប្លា​ស្ទីក​ដែល​យើង​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន​នោះទេ ហើយ​វា​ត្រូវបាន​គេ​មើលឃើញថា​នឹង​អាច​ដោះស្រាយ​បញ្ហា​គំនរ​សំរាម​ដែល​គរច្រើនឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ​បានដែរ។

    ថ្វីត្បិតតែ​ប្លា​ស្ទីក​ធ្វើ​ពី​ដំឡូង មិនអាច​ជំនួស​ប្លា​ស្ទីក​ពិតប្រាកដ​ទាំងស្រុង តែ​វា​នឹង​ក្លាយជា​ផ្នែក​មិនអាច​ខ្វះ​បាន​នៅ​ថ្ងៃ​អនាគត​ដើម្បី​ប្រើប្រាស់​ប្រចាំថ្ងៃ និង​នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក៕

  • បើដឹងពីលក្ខណៈពិសេស និងតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A21s បានដឹងថាឡូយ និងអស្ចារ្យប៉ុណ្ណា…!!

    បើដឹងពីលក្ខណៈពិសេស និងតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A21s បានដឹងថាឡូយ និងអស្ចារ្យប៉ុណ្ណា…!!

    (ភ្នំពេញ) ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២០៖ សម្រាប់​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ស៊េរី Samsung Galaxy A21s ដែល​ទើបតែ​បញ្ចេញ​លក់​លើ​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ពេលថ្មីៗនេះ​គឺ​បាន​ទាក់​អារម្មណ៍​អ្នក​និយម​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​យ៉ាងច្រើន​លើសពី​ការ​ស្មាន​ដោយម្នាក់ៗមានការ​ភ្ញាក់ផ្អើល និង​អន្ទះសារ​ចង់ដឹង​ការពិត​ពី​លក្ខណៈសម្បត្តិ​លម្អិត និង​តម្លៃ​ថា​តើ​វា​អស្ចារ្យ​ដូចនឹង​អ្វីដែល​ក្រុមហ៊ុន​បានធ្វើ​ការប្រកាស​នៅ​ថ្ងៃ​ដាក់លក់​ដំបូង​ដែរ​ឬ​យ៉ាងណា!

    ដើម្បី​ស្រាយ​ចម្ងល់​ឱ្យបាន​ច្បាស់​នៅថ្ងៃនេះ​ក្រុមហ៊ុន សាម​សុង នឹង​ធ្វើការ​ជម្រាបជូន​នូវ​ចំណុចពិសេស…មុខងារថ្មីៗក៏ដូចជា​តម្លៃ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ដែល​សឹងតែ​មិនគួរ​ឱ្យ​ជឿថា​ក្រុមហ៊ុន សាម​សុង ហ៊ាន​ផលិត និង​ដាក់លក់​ជូន​អតិថិជន​ទាំងអស់​ក្នុងប្រទេស​កម្ពុជា! និយាយ​មែន…ជាមួយនឹង​ព័ត៌មាន​លម្អិត​ខាងក្រោម​នេះ​លោកអ្នក​នឹងមិន​ចាំបាច់​ត្រូវ​គិត 2 ដង ក្នុងការ​សម្រេច​ចិត្តជា​វ​នូវ​ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ លេចធ្លោ និង​ទាក់ទាញ​នេះ​ទៀត​នោះទេ!

    ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Samsung Galaxy A21s នេះ​ត្រូវបាន​ផលិត​មក​ជាមួយនឹង​ចំណុច​ពិសេស​ដូចជា៖

    * ប្រភេទ​អេក្រង់៖ Infinity-O

    * ទំហំ​អេក្រង់៖ 6.5” HD+ TFT LCD (720 x 1600)

    * កាមេរ៉ា​មុខ៖ 13 MP (F2.2)

    * កាមេរ៉ា​ក្រោយ 4 គ្រាប់៖ 48MP + 8MP + 2MP + 2MP

    * មេម៉ូរី (RAM)៖ 6 GB

    * អង្គ​ផ្ទុក៖ 64 GB (ថែម​ក្រៅ​បាន 512 GB)

    * ល្បឿន​ដំណើរការ៖ Octa-core Exynos 850 (Up to 2.0 GHz)

    * ថាមពល​ថ្ម៖ 5,000 mAh (កាន់​ថ្ម​តាំងពីព្រឹក​ដល់​យប់​អាច​ធ្លាយ​ដល់​ព្រឹកស្អែក​ទៀត), សាក​ថ្ម​លឿន 15 W

    * មុខងារ​ដោះ​សោរ៖ ស្កេ​ន​ខ្ចៅដៃ​លើ​ផ្ទៃ​ខាងក្រោយ

    * សេវា៖ 4G LTE

    * ពណ៌ 3 ជម្រើស៖ ខ្មៅ, ស, ខៀវ

    * តម្លៃ៖ $ 249 ប៉ុណ្ណោះ!

    ម៉េច​ដែរ…អត់​ចង់​ជឿ​ទេ​មែន​អត់? កុំ​រវល់​តែ​គិត​ច្រើន​ណា! នេះ​ជាការ​ពិត…! តម្លៃ​ត្រឹមតែ​ប៉ុណ្ណឹង ប៉ុន្តែ​មានមុខ​ងារ និង​លក្ខណៈពិសេស​អស្ចារ្យ​ច្រើន​ដល់​ម្លឹ​ង​ហេតុ​អី​ត្រូវ​គិត 2 ដងនោះ…! រួសរាន់​ឡើង…ប្រញាប់​ទិញ​ឱ្យ​លឿន​ទៅ! ទាំង​តម្លៃ និង​កម្លាំង​ម៉ាស៊ីន​គឺថា​ម៉ា​អែម​ម៉​ង! ខ្ញុំ​ហ៊ាន​ធានា!

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​ទៅ​សាកសួរ​ដោយផ្ទាល់​នៅតាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ៖ 1800-203232 !

  • ផ្លាស់ប្តូរទង្វើកូនតូចដែលពិបាកញ៉ាំអាហារ

    ផ្លាស់ប្តូរទង្វើកូនតូចដែលពិបាកញ៉ាំអាហារ

    បញ្ហាការពិបាកញ៉ាំ មិនព្រមញ៉ាំអាហារ និងរើសច្រើនរបស់កូន ជាបញ្ហាដែលធ្វើឱ្យឪពុកម្តាយឈឺក្បាលជាច្រើនយុគសម័យមកហើយ ទង្វើទាំងនេះអាចនឹងក្លាយជាបញ្ហាធំរបស់គ្រួសារបាន ដោយសារតែឪពុកម្តាយព្រួយបារម្ភថា កូនញ៉ាំបានតិច បានទទួលសារជាតិអាហារមិនគ្រប់គ្រាន់ នឹងក្លាយជាក្មេងដែលខ្វះសារជាតិអាហារ មានរូបរាងកាយតូចជាងក្មេងក្នុងវ័យដូចគ្នា។

    កូនខ្លួនតូច មិនងាយ និងពិបាកញ៉ាំអាហារ ប្រថុយនឹងសភាវខ្វះសារជាតិអាហារ!

    “កូនខ្លួនតូច ពិបាកញ៉ាំ រើសច្រើន” ដែលឪពុកម្តាយព្រួយបារម្ភនោះ ខាងផ្នែកវេជ្ជសាស្រ្ត និងភោជនាហារមានន័យពី ក្មេងដែលមានទម្ងន់ខ្លួនតិចជាងទម្ងន់ខ្លួនជាមធ្យមរបស់ក្មេងក្នុងវ័យដូចគ្នា ដោយមានមូលហេតុមកពីទង្វើជ្រើសរើសញ៉ាំអាហារប្រភេទខ្លះមិនសម្បូរបែប ដែលនឹងធ្វើប្រថុយប្រថានដល់ការបានទទួលសារជាតិអាហារមិនគ្រប់គ្រាន់សម្រាប់ការរីកចម្រើនធំធាត់របស់រាងកាយ ដូចជាសារធាតុអាហារពពួក ប្រូតេអ៊ីន វីតាមីន A B C D E អ៊ីយ៉ូដ កាល់ស្យូម ស័ង្កសី និងជាតិដែក ហុចផលឱ្យកូនមាន “ខ្លួនតូច” ទម្ងន់ខ្លួនតិច។

    បញ្ហា “ក្មេងពិបាកញ៉ាំ រើសច្រើន” នេះ តាមរយៈការសិក្សាស្រាវជ្រាវ បានរកឃើញថា អាចកើតឡើងបានលើក្មេងគ្រប់វ័យដោយអាចកែខៃ និងកែសម្រួលទង្វើនេះបាននៅលើក្មេងដែលមានអាយុចន្លោះពី 1 – 3 ឆ្នាំ ព្រោះឪពុកម្តាយអាចទប់ទល់បាន​ងាយខ្លាំង​ជាងក្មេងដែលធំហើយ។

    អ្នកម្តាយកុំបារម្ភអី “កូនពិបាកញ៉ាំ រើសច្រើន” អាចកែសម្រួលបាន!

    ក្មេងខ្លះជ្រើសរើសក្នុងការមិនញ៉ាំបន្លែព្រោះគិតថាល្វីង តែក្មេងខ្លះជ្រើសរើសមិនញ៉ាំសាច់សត្វព្រោះស្វិត ពិបាកទំពារ ឬមិនធ្លាប់ ក្មេងខ្លះទៀតមិនចូលចិត្តញ៉ាំរបស់ចៀនបំពង ឬញ៉ាំតែនំមិនញ៉ាំបាយ ជាដើម។ ទង្វើទាំងអស់នេះធ្វើឱ្យឪពុកម្តាយមានអារម្មណ៍ភ័យបារម្ភ ខ្លាចកូនទទួលបានសារធាតុអាហារមិនគ្រប់គ្រាន់ ទើបចេះតែបង្ខំឱ្យកូនញ៉ាំអាហារឱ្យអស់ ហុចផលឱ្យកូនកើតមានអារម្មណ៍ធុញថប់តានតឹងនៅពេលដល់ម៉ោងញ៉ាំបាយម្តងៗ តែយើងអាចកែសម្រួលទង្វើទាំងនោះរបស់កូនបាន បើគ្រប់គ្នាក្នុងគ្រួសារផ្តល់នូវការសហការទៅក្នុងទិសដៅតែមួយ។

    ឪពុកម្តាយគួរចាប់ផ្តើមសង្កេតប្រភេទអាហារដែលកូនចូលចិត្ត និងមិនចូលចិត្ត ដែលអាចកើតចេញពី រសជាតិ ពណ៌ ក្លិនរួមទាំងការប៉ះពាល់ទៀតផង។

    1 – ធ្វើជាអ្នកភ្លក់អាហារដើម្បីកូន ៈ ឪពុកម្តាយគួរតែបង្ហាញទឹកមុខថាឆ្ងាញ់ ព្រមទាំងសម្តែងក្តីចូលចិត្តមុខម្ហូបនោះ ដើម្បីជំរុញឱ្យកូនចង់ញ៉ាំដែរ។

    2 – កុំគាបសង្កត់ អត់ប្រយោជន៍ទេ ៈ មិនគួរប្រើការគាបសង្កត់ ដាក់សម្ពាធ ឬបង្ខំឱ្យកូនញ៉ាំមុខម្ហូបដែលមិនធ្លាប់ញ៉ាំឱ្យសោះ ព្រោះបើបទពិសោធន៍លើកដំបូងយ៉ាប់យ៉ឺនហើយនោះ កូនក៏នឹងលែងចង់ញ៉ាំមុខម្ហូបមួយនោះរហូត។

    3 – ដាក់លាយឡំគ្នា ៈ គួររៀបចំមុខម្ហូបដែលកូនចូលចិត្ត ចូលគ្នាជាមួយមុខម្ហូបប្លែកថ្មី ដែលនឹងធ្វើឱ្យកូនហ៊ានសាកល្បងញ៉ាំ និងទទួលយកមុខម្ហូបថ្មីនោះបានកាន់តែងាយឡើង។

    4 – តុបតែងមុខម្ហូបឱ្យមើលទៅគួរឱ្យកាន់តែចង់ញ៉ាំឡើង : អាចដាក់ក្នុងចានរូបតុក្កតាស្អាតៗ និងជំរុញឱ្យកូនចង់ញ៉ាំអាហារ ដោយការលេងហ្គេមរកមើលរូបតុក្កតានៅបាតចានជាដើម។

    5 – ញ៉ាំអាហារជុំគ្នាជាមួយមនុស្សក្នុងក្រុមគ្រួសារ : ដើម្បីជួយសាងបរិយាកាសក្នុងពេលញ៉ាំបាយឱ្យសប្បាយរីករាយ និងកក់ក្តៅ។

    6 – កំណត់រយៈពេលក្នុងការញ៉ាំអាហារមួយពេលៗឱ្យច្បាស់លាស់ : បើចប់ម៉ោងបាយហើយគួររៀបចំទុកដាក់ភ្លាមតែម្តង ដើម្បីឱ្យកូនរៀនយល់ដឹងថា គួរតែញ៉ាំបាយឱ្យឆ្អែតៗក្នុងអំឡុងពេលនោះតែម្តង មិនដូច្នោះទេនឹងត្រូវទ្រាំហេវ និងរង់ចាំដល់ពេលបាយបន្ទាប់ទៀត។

    ការផ្លាស់ប្តូរទង្វើ “ពិបាកញ៉ាំ រើសច្រើន” របស់កូននឹងកើតឡើងបាន នៅពេលឪពុកម្តាយរួមគ្នាកែសម្រួលទង្វើការញ៉ាំរបស់កូនយ៉ាងពិតប្រាកដ ដោយអាចស្វែងរកព័ត៌មានបន្ថែមដើម្បីឆ្លើយតបនឹងចម្ងល់របស់ខ្លួនឯង រួមទាំងប្រឹក្សាជាមួយអ្នកជំនាញខាងភោជនាហារកុមារផងដែរ៕