Author: ធឿន មករា

  • ដឹងហើយ ចង់ទន់ជង្គង់!! បើកតម្លៃ “Remdesivir” ថ្នាំកូវីដ-19 1ដប $390 និងព្យាបាលជាដាច់តម្លៃ $2,340

    ដឹងហើយ ចង់ទន់ជង្គង់!! បើកតម្លៃ “Remdesivir” ថ្នាំកូវីដ-19 1ដប $390 និងព្យាបាលជាដាច់តម្លៃ $2,340

    ហ្គីលលៀត សៃអេនសេស ក្រុមហ៊ុនផលិតឱសថដ៏ល្បីល្បាញរបស់អាមេរិក នឹងគិតប្រាក់ពីរដ្ឋបាលសហរដ្ឋអាមេរិក និងប្រទេសអភិវឌ្ឍន៍នានា 390ដុល្លារ ក្នុង​1ដប សម្រាប់ “រេមដេស៊ីវៀរ” ឬ Remdesivir ថ្នាំព្យាបាលជំងឺកូវីដ-19 ឬប្រមាណ 2,340ដុល្លារ ពេញមួយរយៈពេលព្យាបាលឱ្យជាដាច់ ដែលប្រើពេលវេលា 5ថ្ងៃ។

    នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទ(ទី29មិថុនា)ម្សិលមិញ ក្រុមហ៊ុនហ្គីលលៀត បានបញ្ជាក់ថា ខ្លួននឹងដាក់ស្នើតម្លៃខាងលើ ទៅបណ្ដាប្រទេសអភិវឌ្ឍន៍ហើយនៅទូទាំងពិភពលោក ដើម្បីធ្វើជាគំរូតម្លៃស្តង់ដាតែមួយដូចគ្នា ចៀសវាងការចរចាតម្លៃតាមប្រទេសមួយៗ ដែលនឹងធ្វើឱ្យការទទួលបានថ្នាំមានភាពយឺតយ៉ាវ។

    លោក ដានៀល អូដេយ៍ CEO របស់ក្រុមហ៊ុន ហ្គីលលៀត សៃអេនសេស ថ្លែងថា “យើងត្រូវការការជឿជាក់ថា នឹងគ្មានអ្វីមករារាំង រេមដេស៊ីវៀរ ក្នុងការចូលទៅដល់អ្នកប្រើប្រាស់ឡើយ តម្លៃ នឹងសាងការជឿទុកចិត្តថា គ្រប់គ្នាទូទាំងពិភពលោក នឹងទទួលបានថ្នាំមួយនេះ”

    390ដុល្លារ ក្នុង 1ដប ជាតម្លៃសម្រាប់អង្គភាពផ្សេងៗរបស់រដ្ឋបាល និងនៅពេលការផ្គត់ផ្គង់មានច្រើនឡើង ខាងហ្គីលលៀត នឹងចាប់ផ្ដើមលក់ថ្នាំមួយនេះ តាមរយៈការចាត់ចែងចំណាយនៅតាមហាងទូទៅ ដោយតម្លៃសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងសុខភាពឯកជន និងអ្នកទិញបែបពាណិជ្ជកម្មផ្សេងៗក្នុងសហរដ្ឋអាមេរិក នឹងស្ថិតក្នុងតម្លៃ 520ដុល្លារ ក្នុង​1ដប ឬ 3,120ដុល្លារ ពេញមួយរយៈពេល 5ថ្ងៃនៃការព្យាបាល។

    Remdesivir ជាថ្នាំមួយ ក្នុងចំណោមថ្នាំព្យាបាលកូវីដ-19 ដំបូងៗ ដែលគេស្គាល់យ៉ាងទូលំទូលាយ ដោយវាបានទទួលការអនុញ្ញាតពីគណៈអ្នកគ្រប់គ្រងច្បាប់ទម្លាប់របស់សហរដ្ឋអាមេរិក កាលពីខែឧសភា សម្រាប់ប្រើក្នុងករណីបន្ទាន់ ក្រោយពីការសាកល្បងប្រើទៅលើមនុស្ស 1ក្រុមធំ ហើយរកឃើញថា ថ្នាំនេះជួយជំរុញការស្ដារខ្លួនឡើងវិញរបស់អ្នកជំងឺកូវីដ-19 ដែលសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ និងកាន់តែឆាប់ជាសះស្បើយឡើងប្រមាណជា 4ថ្ងៃ។

    ពេលនេះ ថ្នាំ​ និងវ៉ាក់សាំងជាច្រើនរយប្រភេទ កំពុងស្ថិតក្នុងអំឡុងការអភិវឌ្ឍទូទាំងពិភពលោក ខណៈដែលពួកអ្នកស្រាវជ្រាវ បាននាំគ្នាញាប់ដៃញាប់ជើងរិះរកវិធីទប់ស្កាត់ការឆ្លងរាលដាលរបស់មេរោគរាតត្បាតដ៏ធំនេះ ដែលចម្លងមេរោគឆ្លងទៅមនុស្សទូទាំងពិភពលោកជាង 10លាននាក់ និងស្លាប់រួចទៅហើយជាង 500,000នាក់។

    ក្រុមហ៊ុនផលិតឱសថ ហ្គីលលៀត សៃអេនសេស ធ្លាប់បានសន្យាបរិច្ចាគថ្នាំ ពេញមួយខែមិថុនានេះ តែឥរិយាបថរបស់ក្រុមហ៊ុន ដែលថានឹងគិតប្រាក់ ក្រោយពីការបរិច្ចាគបានបញ្ចប់នោះ បានធ្វើឱ្យកើតមានប្រធានបទជជែកតវ៉ាគ្នាយ៉ាងក្ដៅគគុក ដោយសារតែការដាក់តម្លៃរបស់ហ្គីលលៀតនេះនឹងបង្កឱ្យកើតមានផលប៉ះពាល់ឡើង ព្រោះវាបានក្លាយជាគំរូមូលដ្ឋានលើរឿងតម្លៃរបស់ថ្នាំព្យាបាលកូវីដ-19 ទាំងឡាយផ្សេងទៀត ដែលនឹងផលិតចេញមកនាពេលអនាគត។

    តម្លៃភាគហ៊ុនរបស់ ហ្គីលលៀត សៃអេនសេស​ បានហក់ឡើងដល់ 1.8% ក្រោយពីការដាក់តម្លៃថ្នាំ Remdesivir ក្នុងតម្លៃ 2,340ដុល្លារ សម្រាប់ការព្យាបាលដែលប្រើរយៈពេល 5ថ្ងៃ នៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអភិវឌ្ឍន៍ហើយមួយចំនួន។

    វិបត្តិវីរុសកូរ៉ូណាប្រភេទថ្មី នៅក្នុងសហរដ្ឋអាមេរិក កំពុងតែវិលត្រឡប់មករីករាលដាលជាថ្មីម្ដងទៀត ខណៈដែលករណីអ្នកឆ្លងមេរោគថ្មី បានឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ដោយនៅក្នុងរដ្ឋមួយចំនួន ដូចជា តិចសាស់ អារីហ្សូណា និងហ្វ្លរីដា ជាដើម អ្នកជំងឺបានចាប់ផ្ដើមពេញណែនក្នុងមន្ទីរពេទ្យ ហើយផែនការវិលមកបើកសេដ្ឋកិច្ចឡើងវិញនោះ ត្រូវបានផ្អាកទុកសិន។

    ទាំងអស់នេះ ក្នុងរយៈពេលនៃការព្យាបាល 5ថ្ងៃ ចាំបាច់ត្រូវប្រើថ្នាំ Remdesivir ចំនួន 6ដប តែក៏មានអ្នកជំងឺមួយចំនួន ដែលចាំបាច់ត្រូវប្រើពេលវេលាព្យាបាលដល់ទៅ 10ថ្ងៃ ឬអស់ថ្នាំ 11ដបដែរ ដូច្នេះ តម្លៃចាយវាយសរុបខ្ពស់បំផុត អាចកើនឡើងដល់ 4,290ដុល្លារឯណោះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • មិនទាន់ចប់!! លោកដូណាល់ ត្រាំ ត្រូវអ៊ីរ៉ង់ត្រៀមសុំ “InterPol” ចេញដីកាចាប់ខ្លួន ក្នុងរឿងក្ដីសម្លាប់ឧត្ដមសេនីយ៍ សុឡៃម៉ានី

    មិនទាន់ចប់!! លោកដូណាល់ ត្រាំ ត្រូវអ៊ីរ៉ង់ត្រៀមសុំ “InterPol” ចេញដីកាចាប់ខ្លួន ក្នុងរឿងក្ដីសម្លាប់ឧត្ដមសេនីយ៍ សុឡៃម៉ានី

    អាជ្ញាធរប្រទេសអ៊ីរ៉ង់ បានអនុម័តវិធានការដើម្បីត្រៀមស្នើសុំទៅ InterPol ឬប៉ូលិសអន្តរជាតិ ឱ្យចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងរឿងក្ដីលបធ្វើឃាតអតីតអគ្គមេបញ្ជាការអង្គភាពប្រយុទ្ធ ឃុតស៍ គឺឧត្ដមសេនីយ៍ កាសេម សុឡៃម៉ានី ក្នុងអំឡុងដែលឧត្ដមសេនីយ៍រូបនេះកំពុងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែមករាកន្លងទៅ។

    ស្ពុតនិក នីវស៍ សារព័ត៌មានរបស់ប្រទេសរុស្ស៊ី បានរាយការណ៍នៅថ្ងៃទី29 មិថុនាម្សិលមិញថា បានរកឃើញថា ទីភ្នាក់ងារព័ត៌មានរបស់អ៊ីរ៉ង់ជាច្រើន រួមទាំងMehr News និងហ្វារ៍ នីវស៍ផង បានរាយការណ៍ដោយអាងលើប្រភពព័ត៌មានខាងក្រសួងយុត្តិធម៌ នៃប្រទេសអ៊ីរ៉ង់ថា អាជ្ញាធរអ៊ីរ៉ង់កំពុងស្ថិតក្នុងដំណើរការវិធានការត្រៀមស្នើសុំឱ្យប៉ូលិសអន្តរជាតិ ចេញដីកាចាប់ខ្លួន ដែលហៅថា “ដីកាក្រហម” ប្រឆាំងមេដឹកនាំសហរដ្ឋអាមេរិក។

    អគ្គអយ្យការក្នុងទីក្រុងតេអេរ៉ង់ លោកអាលី អាល់ខាសៃ-មេហ៍រ (Ali Alqasi-Mehr) បានថ្លែងកាលពីថ្ងៃចន្ទ(ទី29មិថុនា)ម្សិលមិញថា “មានភាពអាចទៅរួច ក្នុងការបញ្ជាក់ពីតួបុគ្គលចំនួន 36នាក់ ដែលគេជឿថា ជាប់ពាក់ព័ន្ធក្នុងការត្រៀមការ ឬពាក់ព័ន្ធនឹងការលបធ្វើឃាតលោកឧត្ដមសេនីយ៍ កាសេម សុឡៃម៉ានី ដែលនៅក្នុងចំណោមក្រុមមនុស្សទាំងនោះ គឺជាអ្នកនយោបាយដ៏សំខាន់ និងនាយទាហានលំដាប់ខ្ពស់របស់អាមេរិក និងប្រទេសដទៃទៀត”។ លោកបានបន្តទៀតថា “ឈ្មោះដែលបង្ហាញឡើងដំបូងគេគឺ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ”។

    យោងតាមមន្ត្រីដែលរកឃើញរឿងនេះ បាននិយាយថា អាជ្ញាធរនៃក្រសួងយុត្តិធម៌របស់អ៊ីរ៉ង់ កំពុងប្រើវិធានការ ដើម្បីត្រូវការនាំយកមនុស្សទាំងនោះ ចូលមកក្នុងកិច្ចដំណើរការយុត្តិធម៌នៅក្នុងប្រទេសអ៊ីរ៉ង់ និងបានអំពាវនាវទៅដល់ទីស្នាក់ការប៉ូលិសអ៊ីនធើរប៉ូល ដែលមានទីតាំងនៅក្នុងប្រទេសបារាំង ឱ្យរួមសហការដោយការចេញដីកាក្រហមចំពោះមនុស្សទាំងអស់នោះ ដែលសិនជាបានទទួលការអនុម័ត ខាងប៉ូលិសអន្តរជាតិ នឹងត្រូវស្នើសុំឱ្យស្ថាប័នចេញបញ្ជាប្រើច្បាប់ក្នុងប្រទេសផ្សេងៗ ផ្ដល់ការសហការក្នុងការតាមរក និងចាប់ខ្លួនជនត្រូវចោទទាំងនោះ។

    ទីភ្នាក់ងារព័ត៌មានរុស្ស៊ីថ្លែងថា ក្រុងតេអេរ៉ង់បានដាក់បទចោទទៅលើលោកត្រាំ និងមនុស្សដទៃទៀត ក្នុងរឿងក្ដីសម្លាប់មនុស្ស និងមានទង្វើបង្កភេរវកម្ម ដែលជារឿងក្ដីមានស្ថានទម្ងន់ទោសខ្ពស់បំផុត គឺប្រហារជីវិត ក្រោមច្បាប់អាជ្ញារបស់ប្រទេសអ៊ីរ៉ង់នៅពេលនេះ។

    យោងតាមអគ្គអយ្យការខ្ពស់បំផុតរបស់អ៊ីរ៉ង់បាននិយាយថា ក្រុងតេអេរ៉ង់នឹងធ្វើឱ្យលោកត្រាំ ចូលមកក្នុងកិច្ចដំណើរការខាងយុត្តិធម៌ឱ្យបាន ទោះបីជាលោកត្រាំផុតពីតំណែងហើយក៏ដោយ។

    សូមរំឭកថា លោកឧត្ដមសេនីយ៍ កាសេម សុឡៃម៉ានី ត្រូវសហរដ្ឋអាមេរិកប្រើយន្តហោះដ្រូនលបធ្វើឃាតកាលពីថ្ងៃទី3 មករា ដើមឆ្នាំនេះក្នុងអំឡុងពេលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយនៅក្នុងអំឡុងចុងខែមករានោះ សារព័ត៌មាន ប៊ីសស៊ីនីស អ៊ីនសៃឌើរ បានរាយការណ៍ថា តាមរយៈការធ្វើប្រជាមតិចេញមក បានបង្ហាញថា 1 ក្នុងចំណោម 4នាក់នៃប្រជាជនអាមេរិកាំង ជឿថា ​លោកប្រធានាធិបតី ដូណាល់ ត្រាំ គួរតែត្រូវឡើងតុលាការអាជ្ញាអន្តរជាតិ ដើម្បីស៊ើបអង្កេតពីករណីលបធ្វើឃាតឧត្ដមសេនីយ៍សុឡៃម៉ានី ក្នុងរឿងក្ដី ឧក្រិដ្ឋជនសង្គ្រាម ខណៈដែល 55%ទៀត ជឿថា ការលបធ្វើឃាតឧត្ដមសេនីយ៍សុឡៃម៉ានី នឹងធ្វើឱ្យប្រទេសអាមេរិក កាន់តែមានសុវត្ថិភាពតិចទៅៗ៕

     

    ប្រភព៖ សារព័ត៌មានបរទេស

  • ជំនឿផ្សេងៗ រឿងការចិញ្ចឹមមើលថែកូន

    ជំនឿផ្សេងៗ រឿងការចិញ្ចឹមមើលថែកូន

    ឡារ៉ែនបានរួបរួមជំនឿផ្សេងៗក្នុងការចិញ្ចឹមមើលថែទាំកូនតូចមកជម្រាបជូនលោកឪពុកអ្នកម្តាយសម័យថ្មីឱ្យបានដឹង ជាវិធីការចិញ្ចឹមមើលថែទាំកូនដែលបន្តកេរ្ត៍ដំណែលគ្នាមកតាំងពីជំនាន់តាយាយដែលរឿងខ្លះនៅតែមានរហូតមកដល់បច្ចុប្បន្ន។ រឿងខ្លះក៏មានហេតុផលដែលវិទ្យាសាស្រ្តអាចអធិប្បាយបាន តែរឿងខ្លះក៏នៅត្រឹមតែជាជំនឿដែលជឿតៗគ្នាមកប៉ុណ្ណោះ។ សូមលោកឪពុកអ្នកម្តាយថ្មោងថ្មីសាកល្បងអានលមើល និងអាស្រ័យលើវិចារណញាណរបស់គ្រួសារនីមួយដែរ។

    ចិញ្ចឹមកូនដោយទឹកដោះម្តាយ ក្រោយ 6 ខែហើយ ចាំបាច់ត្រូវតែបំបៅកូនដោយទឹកដោះផ្សេងទៀត

    មិនពិតទេ! ព្រោះទឹកដោះម្តាយផ្តល់នូវគុណប្រយោជន៍គ្រប់យ៉ាងដល់ទារកដូចគ្នានឹងអ្វីដែលមាននៅក្នុងទឹកដោះផ្សេងទៀតដែរ និងមានច្រើនជាងទៀតផង។ ដរាបណាដែលទារកនៅតែបានទទួលការចិញ្ចឹមដោយទឹកដោះម្តាយ ទឹកដោះគោ ឬទឹកដោះលាយផ្សំផ្សេងៗនោះមិនមែនជារបស់ចាំបាច់នោះទេ។

    ស្នាមដៅ និងស្លាមស្នាមផ្សេងៗលើរាងកាយកូន

    យើងនាំគ្នាជឿថា រឿងស្នាមដៅ ឬស្លាកស្នាមផ្សេងៗទាំងនោះ បុរាណប្រកាន់ថា ក្មេងដែលកើតមកនោះ ធ្លាប់កើតមួយជាតិរួចមកហើយ ហើយត្រូវបានលាបដោយកំបោរ ឬរបស់ដែលធ្វើឱ្យក្លាយជាស្លាកស្នាម ស្នាមដៅពណ៌ក្រហម ឬខ្មៅ ដើម្បីនៅពេលកើតជាតិថ្មី ឪពុកម្តាយសាច់ញាតិបងប្អូនកាលពីជាតិមុនអាចចំណាំបាន។

    មិនពិតទេ! ជាប្រក្រតីទារកអាចនឹងកើតមានសន្លាកស្នាម ឬស្នាមដៅទាំងនោះបានតាមពូជកំណើត ហើយការកើតមានសន្លាកស្នាមនេះទោះជាពណ៌អ្វីក៏ដោយ គឺដោយសារតែកោសិកាស្បែកមានភាពខុសប្រក្រតីហ្នឹងឯង គឺជារឿងរបស់ស្បែករបស់ក្មេងម្នាក់ៗ។ ក្មេងខ្លះដល់ពេលធំឡើងសន្លាកស្នាមនោះនឹងរលុបបាត់ទៅវិញបន្តិចម្តង តែវាអាស្រ័យលើប្រភេទរបស់សន្លាកស្នាមដែរ បើប្រភេទខ្លះមានភាពខុសប្រក្រតីខ្លាំង គួរតែទៅជួបលោកគ្រូពេទ្យ។

    ត្រូវពត់ជើងតាំងពីតូចដើម្បីកុំឱ្យជើងកោង

    ការពិតទៅ លក្ខណៈជើងទារកកើតមកដំបូងៗ មើលទៅរាងកោងៗស្រាប់ហើយ លុះដល់វិវឌ្ឍនាការតាមវ័យរបស់កូនក្នុងអំឡុង 2 ឆ្នាំ ជើងដែលមើលទៅកោងៗនោះ ក៏នឹងត្រង់វិញដោយខ្លួនឯង ដោយមិនចាំបាច់ពត់ឡើយ។

    យកកន្ទបដែលទទឹកទឹកនោមកៀរលើអណ្តាតកូនតូច ដើម្បីកុំឱ្យកើតជ្រាំង

    ការពិតទៅ ទឹកនោម គឺជាវត្ថុកាកសំណល់របស់រាងកាយ ដែលបណ្តេញសារធាតុមួយចំនួនដែលរាងកាយលែងត្រូវការចេញមកក្រៅ ដូចជា យូរៀ ជាដើម ដែលមិនស័ក្តិសមក្នុងការយកមកកៀរលើអណ្តាតរបស់កូនឡើយ តែការជូតសម្អាតអណ្តាតរបស់កូនតូច គួរប្រើតែទឹកស្អាតធម្មតា ដោយយកក្រណាត់កន្ទបដែលស្អាត ឬក្រណាត់ដែលស្អាតជ្រលក់ទឹកស្អាតនោះ ឬទឹកក្តៅឧណ្ហៗមកជូតកៀរក៏ស្អាតបាត់ទៅហើយ។

    ដាក់ឱ្យគេងផ្កាប់ ដើម្បីឱ្យក្បាលស្អាត និងគេងបានយូរ

    ការពិតទៅ ការដាក់ទារកឱ្យគេងផ្កាប់នេះ តាមគោលការណ៍វិជ្ជាការមិនបានណែនាំឱ្យធ្វើឡើយ វាអាចធ្វើឱ្យក្បាលស្អាតក៏ពិតមែន តែគេតែងជួបប្រទះករណីក្មេងតូចដែលគេងផ្កាប់ហើយលែងដកដង្ហើម និងស្លាប់បាន បើចង់ឱ្យកូនគេងបានយូរ និងឱ្យមានក្បាលស្អាតផងនោះ គួរដាក់ឱ្យកូនគេងផ្អៀង ឬគេងផ្ងារដោយមានខ្នើយទន់ៗទ្រាប់ពីក្រោមជាការប្រសើរបំផុត។

    បូតច្រមុះពេលងូតទឹកនឹងធ្វើឱ្យច្រមុះកូនស្រួចស្អាត

    ការពិតទៅ ឆ្អឹងនៅត្រង់ច្រមុះរបស់យើងគឺជាឆ្ងឹងខ្ចី ដូច្នេះ ឆ្អឹងខ្ចីវានឹងរីកធំឡើងដោយខ្លួនឯង ការដែលយើងទៅច្របាច់ បូតនេះ មិនបានជួយឱ្យវាធំឡើងទេ តែអាចនឹងធ្វើឱ្យមើលទៅឃើញរាងទល់ឡើងបន្តិចបានមួយស្របក់ តែរួចហើយវាក៏នឹងស្រកចុះមកវិញតាមទម្រង់ដើមរបស់វាដដែល។

    ទឹកដោះម្តាយព្យាបាលរោគភ្នែកក្រហម

    ជឿថា ពេលកូនកើតភ្នែកក្រហម ឱ្យយកទឹកដោះម្តាយបន្តក់លើភ្នែកកូន នឹងអាចព្យាបាលឱ្យបាត់ទៅវិញបាន។ លោកគ្រូពេទ្យប្រាប់ថា ទឹកដោះមិនអាចសម្លាប់មេរោគ ឬព្យាបាលអាការភ្នែកក្រហមបានទេ និងណែនាំមិនឱ្យធ្វើបែបនោះជាដាច់ខាត។

    ស្រ្តីមានគភ៌ហាមទៅចូលរួមបុណ្យសព

    ការពិតទៅ ករណីនេះប្រហែលជាកើតចេញពីមនុស្សជំនាន់មុនៗដែលចង់បង្ហាញពីភាពហួងបារម្ភ មិនចង់ឱ្យស្រ្តីមានគភ៌ត្រូវចូលទៅក្នុងស្ថានភាពបរិយាកាសនៃក្តីសោកសង្រេង ព្រោះអាចធ្វើឱ្យផ្លូវចិត្តត្រូវស្លុតរន្ធត់ស្រងេះស្រងោច និងជាពិសេសបំផុតបើជាបុណ្យសពសាច់ញាតិបងប្អូនជាទីស្រឡាញ់ផងនោះ អាចនឹងធ្វើស្រ្តីមានគភ៌កើតអាការ “តានតឹង” ក្នុងអារម្មណ៍ ដែលនាំឱ្យប៉ះពាល់ទៅដល់ទារកដែលនៅក្នុងផ្ទៃបាន ដែលវាក៏ប្រហែលជាហេតុផលមួយដែលចាស់ៗបុរាណតែងតែប្រាប់ថា “ខ្លាចមានព្រលឹងវិញ្ញាណកំណាចពីវត្តតាមមក” ហ្នឹងឯង៕

  • លេងសើចម៉េចបាន…!! Samsung Galaxy A11, A21s និង A31 ជាប់ជាស្មាតហ្វូនជំនាន់ថ្មី…តម្លៃសមរម្យជាងគេ និងមានការគាំទ្រលើសលុបបំផុតមិនធ្លាប់មាន…!!

    លេងសើចម៉េចបាន…!! Samsung Galaxy A11, A21s និង A31 ជាប់ជាស្មាតហ្វូនជំនាន់ថ្មី…តម្លៃសមរម្យជាងគេ និងមានការគាំទ្រលើសលុបបំផុតមិនធ្លាប់មាន…!!

    (ភ្នំពេញ) ថ្ងៃទី 30 ខែមិថុនា ឆ្នាំ២០២០៖ ទូរស័ព្ទ Samsung ចេញមកមួយៗគឺថាកប់ៗម៉ង…មិនដែលធ្វើឲ្យអតិថិជនរបស់ខ្លួនខកចិត្តនោះទេជាមួយនឹងមុខងារទំនើបទាន់សម័យ ក៏ដូចជាតម្លៃគឺថាស័ក្តិសមគ្រប់ទម្រង់របស់អតិថិជនចង់បាន។

    និយាយទៅបើអត់ទាន់ដកស្មាតហ្វូន Samsung ចេញមកគេអត់ទាន់ដឹងទេ…ទាល់តែបានឃើញទើបគេនាំគ្នាសួរថា… “ទូរស័ព្ទម៉ាកអីហ្នឹងរាងឡូយម្លេះ?”… “ទូរស័ព្ទស៊េរីអីហ្នឹងថតស្អាតយ៉ាងនេះ…ហើយថ្លៃម៉ាណ…វាមិនដែលតម្លៃប៉ុណ្ណឹង?” ឥឡូវនេះពួកគាត់ដែលជាអ្នកសួរសំណួរទាំងអស់នេះជាមួយនឹងក្រុមគ្រួសារ និងអ្នកស្គាល់គ្នាទាំងអស់បានក្លាយជាអតិថិជនដែលស្រឡាញ់ចូលចិត្ត ស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន សាមសុង អស់ហើយ! ធម្មតាទេទាំងខ្ញុំ…ទាំងគេអ្នកណាដែលមិនជាវនោះបើស្មាតហ្វូនស៊េរីថ្មីទាន់សម័យហើយមានតម្លៃសមរម្យ កាមេរ៉ាថតច្បាស់ឥតខ្ចោះ ផ្ទុកក៏បានច្រើន ដើរក៏លឿន ហើយថ្មក៏កាន់បានយូរទៀត…អ្នកណាដែលមិនទិញយកមកប្រើនោះ!

    ដោយសារតែភាពខ្លាំង និងលក្ខណៈពិសេសៗដូចនឹងកំពូលស្មាតហ្វូនមួយចំនួនផងដែរទាំងអស់នេះហើយទើបបានជាធ្វើឱ្យស្មាតហ្វូនតម្លៃមធ្យមស៊េរី Samsung Galaxy A11, A21s, និង A31 ក្លាយជាស្មាតហ្វូនដែលលក់ដាច់បំផុត និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងលើសលុបពីអតិថិជន ហើយម្ចាស់ហាងវិញក៏លាន់មាត់ថា លក់ដាច់ខ្លាំងៗ បើធៀបទៅនឹងផលិតផលស្មាតហ្វូនក្រុមហ៊ុនដទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជាយើង!

    នេះគឺជាភាពភ្ញាក់ផ្អើលជាទីមោទនបំផុត និងក៏ជោគជ័យដ៏អស្ចារ្យបន្ថែមទៀតក្នុងឆ្នាំ២០២០ សម្រាប់ក្រុមហ៊ុន សាមសុង! ជាមួយនឹងការស្រឡាញ់ជឿជាក់ដ៏សម្បើមរបស់អតិថិជន និងអ្នកនិយមស្មាតហ្វូនទាំងអស់នាពេលនេះក្រុមហ៊ុន សាមសុង នឹងប្តេជាចិត្តខ្ពស់បំផុតធ្វើយ៉ាងណានឹងផ្តល់ជូននូវជម្រើសស្មាតហ្វូនដ៏ល្អស័ក្តិសមបន្តទៀតដោយមិនផ្តោតលើផលចំណេញខ្ពស់ធ្វើយ៉ាងណាឱ្យអតិថិជនទាំងអស់ទទួលបាននូវភាពរីករាយ…ភាពងាយស្រួល និងបទពិសោធន៍នៃការផ្លាស់ប្តូរពិភពស្មាតហ្វូនដ៏ទំនើបអស្ចារ្យនាពេលអនាគតរបស់ខ្លួន!

    សូមធានា Samsung Galaxy A11, A21s, និង A31 ពិតជាស្មាតហ្វូនជំនាន់ថ្មីដែលល្អទាំងតម្លៃ…ទាំងគុណភាព និងស័ក្តិសមបំផុតសម្រាប់លោកអ្នក! ចង់បានស្មាតហ្វូនដ៏ល្អមួយគ្រឿងប្រើ…មានអីទៅពិបាកទៀតនោះ!! ប្រញាប់រួសរាន់ជាវថ្ងៃនេះឱ្យលឿនភ្លាមទៅណា៎!!

    សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅសាកសួរដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

  • ការតកុងត្រារបស់ Neymar នៅ PSG មានតម្លៃ 100លានដុល្លារ

    ការតកុងត្រារបស់ Neymar នៅ PSG មានតម្លៃ 100លានដុល្លារ

    កីឡាករបាល់ទាត់ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar JR ត្រូវបានគេដឹងថា ទំនងជានឹងបដិសេធសំណើឱ្យបន្ត រួមរស់នៅជាមួយក្លិប PSG បន្តទៀត ខណៈដែលកុងត្រារបស់គេ នៅសល់តែ 1រដូវកាលទៀតប៉ុណ្ណោះ។

    ជាមួយគ្នានេះដែរ តម្លៃដែល Paris Saint Germaint គ្រោងនឹងផ្តល់បន្ថែមជូនកីឡាកររូបនេះ ដោយសុំត្រឹមតែបន្តកុងត្រានៅជាមួយនឹងក្លិបរហូតដល់ឆ្នាំ2025នោះ គឺមានដល់ទៅ 100លានដុល្លារឯណោះ។

    ក្នុងនោះដែរ ភ្នាក់ងារនៅអេស្ប៉ាញរបស់ Neymar បានលើកឡើងថា 100លានដុល្លារ សម្រាប់ Neymar វាមិនច្រើនទេ ដោយសារតែចិត្តរបស់គេចង់ចាកចេញ តែលោកក៏បានលើកឡើងដែរថា Bacelona ប្រហែលគ្មានលុយទិញយកកីឡាកររូបនេះទេ ដោយសារតែ​វិបត្តិកូវីដ-19៕

  • ប្រើក្បាច់គុនគុងហ្វ៊ូ!!?? ក្រុងប៉េកាំងបញ្ជូន “អ្នកចេះវិជ្ជាគុន” ទៅព្រំដែនជាប់ប្រទេសឥណ្ឌា មុនកើតហេតុប៉ះទង្គិចគ្នាក្ដៅគគុក

    ប្រើក្បាច់គុនគុងហ្វ៊ូ!!?? ក្រុងប៉េកាំងបញ្ជូន “អ្នកចេះវិជ្ជាគុន” ទៅព្រំដែនជាប់ប្រទេសឥណ្ឌា មុនកើតហេតុប៉ះទង្គិចគ្នាក្ដៅគគុក

    ចិនបាននាំយកក្រុមអ្នកឡើងភ្នំ និងអ្នកចេះក្បាច់គុន ចូលទៅបន្ថែមកម្លាំងឱ្យកងទាហានរបស់ខ្លួន ដែលកំពុងប្រចាំការនៅក្បែរព្រំដែនជាប់នឹងប្រទេសឥណ្ឌា មិនយូរប៉ុន្មាន មុននឹងកើតហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទាហានរបស់ប្រទេសទាំង2 ដែលធ្វើឱ្យមានអ្នកស្លាប់ជាច្រើននាក់ ដោយមិនមានការប្រើអាវុធ ឬគ្រឿងផ្ទុះអ្វីទាំងអស់ កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅថ្មីៗ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋចិន។

    ព្រំដែនរួមក្នុងតំបន់ នៅជ្រលងភ្នំចោតខ្ពស់របស់ប្រទេសជិតខាងគ្នាទាំង2 ដែលមានបំពាក់អាវុធនុយក្លេអ៊ែរដូចគ្នានេះ តែងតែកើតមានភាពតានតឹងឡើងជាប្រចាំ តែការប៉ះទង្គិចគ្នា ដែលកើតឡើងក្នុងគ្រានេះ អាចរាប់បានថា ជាការប្រឈមមុខដាក់គ្នាដែលមានអ្នកស្លាប់ច្រើនបំផុតក្នុងរង្វង់រយៈពេលជាង 50ឆ្នាំកន្លងមកនេះ។

    តាមរបាយការណ៍ព័ត៌មានរបស់ “ឆៃណា ណេស្សិននែល ឌីហ្វិនស៍ នីវស៍” សារព័ត៌មានផ្លូវការរបស់ភាគីទាហានចិន បានឱ្យដឹងថា កងកម្លាំងទាហានភូមិ (Militia) អង្គភាពថ្មីចំនួន 5កង ដែលក្នុងនោះមានពួកអតីតសមាជិករបស់ក្រុមអ្នករត់កាន់គប់ភ្លើងអូឡាំពិក ឆ្លងកំពូលភ្នំអេវើរេសត៍ និងពួកអ្នកប្រយុទ្ធ មកពីក្លិបហ្វឹកហាត់វិជ្ជាគុនលាយឡំនៅក្នុងនោះដែរ បានមកតម្រង់ជួរទទួលការត្រួតពលនៅក្នុងក្រុងឡាសា តំបន់គ្រប់គ្រងខ្លួនឯង ទីបេត៍ កាលពីថ្ងៃទី15 មិថុនា។

    ស្ថានីយទូរទស្សន៍មជ្ឈិមរបស់រដ្ឋបាលចិន(ស៊ីស៊ីធីវី) បានចាក់ផ្សាយក្លិបវីដេអូ ដែលបង្ហាញឱ្យឃើញពី កងទាហានថ្មី ចំនួនជាច្រើនរយនាក់ កំពុងឈរតម្រង់ជួរនៅក្នុងក្រុងឡាសា។

    តាមរបាយការណ៍របស់ “ឆៃណា ណេស្សិននែល ឌីហ្វិនស៍ នីវស៍” លោក វ៉ាង ហៃចៀង មេបញ្ជាការកងទាហានទីបេត៍ បានថ្លែងថា ពួកអ្នកប្រយុទ្ធដែលមកពីក្លិបហ្វឹកហាត់វិជ្ជាក្បាច់គុន “អ៊ឹនប៉ូ” នឹង “បង្កើនកម្រិតភាពរឹងមាំក្នុងការរៀបចំស្ថាប័ន និងក្នុងការប្រមូលផ្ដុំពលទាហាន” រហូតដល់ “ការឆ្លើយតបយ៉ាងឆាប់រហ័ស និងមានសមត្ថភាពខ្ពស់ក្នុងការផ្ដល់ការអន្តរាគមន៍” របស់កងទាហានភូមិទាំងនេះ “បានកើនឡើងយ៉ាងច្រើន”។ បើទោះជាលោកវ៉ាង មិនបានអះអាងយ៉ាងចំហច្បាស់លាស់ថា ការនាំមនុស្សទាំងអស់នេះចេញមកដាក់ប្រចាំការនៅត្រង់ចំណុចនោះ មានភាពពាក់ព័ន្ធនឹងភាពតានតឹងខាងព្រំដែនដែលកំពុងកើតឡើងក៏ដោយ។

    តែនៅអំឡុងពេលតមក ក្នុងថ្ងៃដដែលនោះឯង ស្រាប់តែ ទាហានចិន និងទាហានឥណ្ឌា បានកើតការប៉ះទង្គិចគ្នា នៅក្នុងតំបន់ឡាដាក់ ដែលស្ថិតនៅឆ្ងាយពីក្រុងឡាសា ប្រមាណជា 1,300គីឡូម៉ែត្រ ដោយខាងភាគីឥណ្ឌា បានថ្លែងថា ទាហានរបស់ខ្លួន 20នាក់ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នាដោយប្រើអាវុធសាហាវៗ អាក្រក់ៗនៅក្នុងថ្ងៃនោះ រួមទាំងបានអះអាងទៀតថា ភាគីទាហានចិន បានស្លាប់ច្រើនជាងខាងខ្លួនទៅទៀត តែខាងភាគីចិនវិញ មិនដែលបញ្ជាក់ថា មានអ្នករបួសឬក៏អត់ ឬមានចំនួនប៉ុន្មាននាក់ឡើយ។

    ទាំង 2ភាគី សុទ្ធតែថ្កោលទោសគ្នាទៅវិញទៅមកថា ជាអ្នកបង្កហេតុ ធ្វើឱ្យកើតការវាយប្រយុទ្ធគ្នាឡើង ដោយបានប្រើដុំថ្ម និងដំបងប្រភេទផ្សេងៗធ្វើជាអាវុធ និងគ្មានការបាញ់កាំភ្លើង ឬគ្រឿងផ្ទុះអ្វីទាំងអស់។

    ទាំងអស់នេះ កន្លងមក ចិន និងឥណ្ឌាបានធ្វើកិច្ចព្រមព្រៀងរួមគ្នាមួយ ដោយហាមប្រើប្រាស់កាំភ្លើង និងគ្រឿងផ្ទុះនៅក្នុងទីតាំងនោះ តែកងកម្លាំងទាំង 2ខាង ក៏នៅតែប៉ះទង្គិចគ្នាយ៉ាងកាចសាហាវ ដោយប្រើអាវុធដែលធ្វើឡើងដោយខ្លួនឯងបែបភ្លាមៗនៅនឹងកន្លែងនោះតែម្ដង។

    ឥណ្ឌាបានថ្លែងកាលពីថ្ងៃពុធ ទី25 មិថុនាកន្លងទៅថា ខ្លួនបានបន្ថែមកម្លាំងនៅក្នុងតំបន់ព្រំដែនលើជ្រលងភ្នំហិមាល័យ ត្រង់ចំណុចនោះ ដោយបាននិយាយថា ដើម្បីឱ្យមានភាពប្រដំប្រសងគ្នានឹងការបន្ថែមកម្លាំងក្នុងទំនងដូចគ្នារបស់ភាគីចិន។

    សម្រាប់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិនវិញ ក្នុងអំឡុងប៉ុន្មានសប្ដាហ៍កន្លងមក បានបង្ហាញឱ្យឃើញដដែលៗថា មានកិច្ចការងារខាងយោធាដ៏អ៊ឹកធឹកក្លៀវក្លា រួមទាំងការហ្វឹកហាត់តតាំងប្រឆាំងអាកាសយាន នៅលើទីខ្ពង់រាបក្នុងតំបន់យោធាទីបេត៍ ដែលមានព្រំដែនជាប់គ្នានឹងខាងឥណ្ឌាផងដែរ។

    ឆៃណា ណេស្សិននែល ឌីហ្វិនស៍ នីវស៍ បានបន្ថែមទៀតថា ការបង្កើនកម្លាំងទាហានភូមិថ្មីៗបែបនេះ គឺក្នុងគោលបំណងដើម្បី “បង្កើនភាពរឹងមាំដល់តំបន់ព្រំដែន និងបង្កើនស្ថិរភាពរបស់ទីបេត៍”៕

     

    ប្រភព៖ សារព័ត៌មានបរទេស

    ប្រែសម្រួលដោយ តាវ៉ែនតា

  • Hanoi FC បណ្តុះបណ្តាលភាសាអង់គ្លេសដល់កូនក្រុម ព្រោះគ្រូបង្វឹកបរទេសពិបាកដឹកនាំកូនក្រុម

    Hanoi FC បណ្តុះបណ្តាលភាសាអង់គ្លេសដល់កូនក្រុម ព្រោះគ្រូបង្វឹកបរទេសពិបាកដឹកនាំកូនក្រុម

    ក្លិបបាល់ទាត់ Hanoi FC ដែលជាជើងឯកលីកកំពូលវៀតណាម 2រដូវកាលជាប់គ្នា2018 និង2019 បានប្រកាសថា ក្លិបបានបើកវគ្គបង្រៀនភាសាអង់គ្លេសដល់កីឡាករបាល់ទាត់របស់ខ្លួនហើយ។

    ចំពោះមូលហេតុនៃការបើកវគ្គភាសាអង់គ្លេសដើម្បីបង្រៀនដល់កីឡាកររបស់ខ្លួនបែបនេះ គឺដោយសារតែកីឡាករសញ្ជាតិវៀតណាម ទាំងអស់នៅក្នុងលីកកំពូលវៀតណាមទាំងមូល មានកម្រិតភាសាអង់គ្លេសខ្សោយខ្លាំងមែនទែន ដែលវាធ្វើឱ្យប៉ះពាល់ដល់ទម្រង់លេងរបស់ក្រុមយ៉ាងខ្លាំង ដោយសារតែការមិនយល់គ្នារឿងភាសា រវាងកីឡាករ និងគ្រូបង្វឹក។

    ជាក់ស្តែង ដូចជាកីឡាករម្នាក់របស់ក្លិប Hanoi FC មិនមានឱកាសលេងសូម្បីតែ 1ប្រកួត ក្រោយពេលផ្ទេរចេញទៅលេងនៅលីកហូឡង់ ពេញ​​ 1រដូវកាល គឺដោយសារតែមិនអាចទំនាក់ទំនងជាមួយមិត្តរួមក្រុម ក៏ដូចជាគ្រូបង្វឹកបានពេលនៅទីនោះ៕

  • ពោលពាក្យ “សុំទោស” យ៉ាងសមរម្យ

    ពោលពាក្យ “សុំទោស” យ៉ាងសមរម្យ

    មិនថាហេតុការណ៍ដែលធ្វើឱ្យអ្នក និងគេ(ឬនាង)ត្រូវដើរបែរខ្នងដាក់គ្នានឹងធ្ងន់ធ្ងរប៉ុនណាក៏ដោយ តែបើសិនជាមានពាក្យ “សុំទោស” បន្លឺចេញមកពីមាត់របស់អ្នកដែលដឹងខ្លួនថាខុសវិញនោះ សម្ព័ន្ធភាពដែលមើលទៅហាក់ដូចជាបម្រុងនឹងដាច់ភឹងទៅហើយនោះ អាចនឹងងាកមកផ្គុំគ្នាជាថ្មីម្តងទៀតឡើងវិញបាន ព្រោះពាក្យ “សុំទោស” ប្រៀបដូចជាអាគមគាថាចងភ្ជាប់ភ្ជិតស្នាមប្រេះបែករបស់គូស្នេហ៍គ្រប់រូបដូច្នោះដែរ។ ចូរសាកល្បងយកពាក្យណែនាំខាងក្រោមនេះទៅប្រើប្រាស់សាកលមើល ដើម្បីក្រែងលោទាស់ចិត្តគ្នាលើកក្រោយ អ្នកនឹងហ៊ានសម្រេចចិត្តធ្វើជាអ្នកចូលទៅសុំទោសបានមិនទើសទាល់។

    1 – រំលឹកហេតុការណ៍ឡើងវិញក្នុងខណៈពេលដែលអ្នកមានអារម្មណ៍ត្រជាក់ឡើងវិញហើយ បូកជាមួយសេចក្តីស្រឡាញ់ដែលអ្នកនៅមានចំពោះរូបគេផងនោះ នឹងធ្វើឱ្យអ្នកមើលឃើញហេតុការណ៍ពេលឈ្លោះទាស់ទែងគ្នានោះយ៉ាងយុត្តិធម៌ និងច្បាស់​លាស់ឡើង និងមានអារម្មណ៍ពេញចិត្ត និងស្ម័គ្រចិត្តក្នុងការពោលពាក្យ “សុំទោស”។

    2 – បើអ្នកមានអារម្មណ៍ថាញាប់ញ័រ ឬភ័យ អ្នកអាចហាត់និយាយមើលសិនក៏បាន ដោយនិយាយឱ្យបានតាមចំណុចដែលបានកត់ត្រាទុក វានឹងធ្វើឱ្យអ្នកអាចគ្រប់គ្រងស្ថានការណ៍នៅពេលនោះបាន។

    3 – ការទទួលស្គាល់កំហុសដែលត្រូវចំចំណុច ក្រៅពីជួយផ្គុំភ្ជិតស្នាមប្រេះឆាបានឆាប់ហើយ នៅជាការបង្ហាញនូវភាពប្រកាន់ខ្ជាប់លើគំនិតដែលត្រឹមត្រូវរបស់អ្នកទៀតផង។

    4 – កុំគិតនិយាយដោះសារកែខ្លួនឱ្យសោះ ព្រោះបើអ្នកដោះសារកែខ្លួន ឬអាងនេះអាងនោះ អ្នកមិនចាំបាច់ទៅសុំទោសគេ(ឬនាង)ទេ ព្រោះវានឹងធ្វើឱ្យក្លាយជារឿងវែងឆ្ងាយឥតប្រយោជន៍។

    5 – ខណៈពេលដែលគេ(ឬនាង)និយាយ អ្នកគួរឈប់ និងស្តាប់យ៉ាងតាំងចិត្ត និងគិតទៅតាមអ្វីដែលគេ(ឬនាង)និយាយវានឹងធ្វើឱ្យអ្នកយល់ពីអារម្មណ៍របស់គេ(ឬនាង) និងអាចកែសម្រួលភាពយល់ដឹងអំពីគ្នាបានកាន់តែងាយឡើង។

    6 – មិនថាគេ(ឬនាង)ជះខ្លាំងៗមកយ៉ាងណា ឬមានប្រតិកម្មមិនពេញចិត្តរូបអ្នកយ៉ាងណាក៏ដោយ ក៏អ្នកចាំបាច់ត្រូវតែទទួលយក និងនៅស្ងៀមឱ្យបានខ្លាំងបំផុតតាមដែលអាចធ្វើបាន ព្រោះការនៅស្ងៀមរបស់អ្នកនឹងជួយឱ្យអារម្មណ៍របស់គេ(ឬនាង) ស្ងប់ទៅវិញបានរហូតដល់អ្នកចាប់ផ្តើមមានឱកាសក្នុងការនិយាយនូវអ្វីដែលអ្នកបានត្រៀមមក។

    7 – សាកល្បងសួរគេទៅមើល៍ថា តើមានវិធីណាខ្លះដែលអ្នកល្មមអាចធ្វើបានដើម្បីជាការសងទៅគេ(ឬនាង)វិញបានតាមដែលអ្នកអាចធ្វើទៅបានដើម្បីជាការផ្សារភ្ជិតស្នាមប្រេះឆា និងធ្វើឱ្យសម្ព័ន្ធភាពរវាងរូបអ្នក និងគេ(ឬនាង)វឹលត្រឡប់មកដូចពីដើមវិញយ៉ាងហោចណាស់ក៏ដើម្បីកូនដែរ។

    8 – កុំធ្វើខុសក្នុងរឿងដដែលៗ ព្រោះគ្មាននរណាគេអភ័យទោសឱ្យអ្នកក្នុងរឿងដដែលៗបានគ្រប់តែពេលនោះទេ ដែលសំខាន់បំផុតគឺ ការធ្វើខុសក្នុងរឿងដដែលៗ មិនអាចនិយាយបានថាជាកំហុសឆ្គងនោះទេ តែជារឿងដែលអ្នកមានចេតនាចង់ធ្វើតែម្តងទាំងដឹងច្បាស់ហើយថា វាមិនត្រឹមត្រូវ។ បើវាដូច្នោះមែន ធានាថា “ពាក្យសុំទោស” មិនអាចជួយអ្វីអ្នកបានឡើយ មានសង្ឃឹមថាច្បាស់ជាបានលែងលះគ្នានៅថ្ងៃណាមួយមិនខាន៕

  • ស្ថានភាព Covid-19 បានធ្វើការអប់រំនៅកម្ពុជាដើរ 10ឆ្នាំមុនអ្វីដែលយើងអាចធ្វើបាន

    ស្ថានភាព Covid-19 បានធ្វើការអប់រំនៅកម្ពុជាដើរ 10ឆ្នាំមុនអ្វីដែលយើងអាចធ្វើបាន

    បច្ចុប្បន្ននេះ ប្រព័ន្ធអប់រំនៅកម្ពុជាបានប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើនដើម្បីផ្តល់ការអប់រំដល់សិស្សានុសិស្សគ្រប់ទីកន្លែងក្នុងប្រទេស ព្រោះបញ្ហាវិបត្តិជំងឺ Covid-19 បានបង្ខំឱ្យក្រសួងត្រូវតែបិទសាលាដើម្បីសុវត្តិភាពសិស្សានុសិស្សទាំងអស់គ្នា។

    ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បានលើកឡើងថា បច្ចេកវិទ្យាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរៀន និងការបង្រៀនសម្រាប់យុគ្គសម័យបច្ចុប្បន្ននេះ តែដើម្បីឱ្យសិស្ស និងគ្រូជ្រួតជ្រាបច្បាស់ពីការ​អប់រំតាមរយៈបច្ចេកវិទ្យា ឬចេះប្រើបច្ចេកវិទ្យាទាំងអស់គ្នា គឺត្រូវប្រើរយៈពេល 10ឆ្នាំ។ ទោះជាយ៉ាងនេះក្តី សម័យ Covid នេះ​កម្ពុជាត្រូវបង្ខំទាំងអស់គ្នាឱ្យដើរលឿនជាងអ្វីដែលយើងធ្វើបាន 10ឆ្នាំ។

    ជាបញ្ហាប្រឈមសម្រាប់ការបង្រៀន​តាមរយៈអនឡាញនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ថវិការបស់យើងនៅមានកម្រិតនៅឡើយក្នុងការជំរុញការអប់រំតាមអនឡាញនេះបើប្រៀបធៀបជាមួយនឹងប្រទេសអភិវឌ្ឍជឿនលឿន ព្រោះទន្ទឹមនឹងយើងត្រូវ​បង្កើន​ការផលិតមេរៀន និងត្រូវការចំណាយថវិកាលើផ្នែកជាច្រើនទៀត យើងក៏ត្រូវតែជួយសន្សំសំចៃដល់រដ្ឋាភិបាលដើម្បីយកថវិកា​ទប់ស្កាត់បញ្ហាផលប៉ះពាល់នៃជំងឺ Covid-19។ តែទោះជាបែបនេះក៏ដោយ ឯកឧត្តមបញ្ជាក់ថា ការអប់រំតាមអនឡាញរបស់យើងនៅមានសមត្ថភាព និងគុណភាពដូចគេដូចឯង ឬអាចល្អជាប្រទេសមួយចំនួនផង។ បន្ថែមពីលើនេះ គឺអ្វីដែលគួរឱ្យកត់សម្គាល់គឺយើងមានទូរទស្សន៍ឌីជីថល ទទក2 ដែលកន្លងមកមិនមានប្រទេសច្រើនទេដែលអាចធ្វើបាន៕

  • យានអវកាសចិន បើកលើផ្នែកងងឹតបំផុត លើពិភពព្រះចន្ទ បានចម្ងាយ 463.26 ម៉ែត្រហើយ

    យានអវកាសចិន បើកលើផ្នែកងងឹតបំផុត លើពិភពព្រះចន្ទ បានចម្ងាយ 463.26 ម៉ែត្រហើយ

    កាលពីថ្ងៃទី28 ខែមិថុនា ឆ្នាំ​2020 នៅក្នុងសេចក្ដី​ប្រកាស​របស់​រដ្ឋបាល​អវកាស​ចិន បាន​រាយការណ៍​ថា រយៈពេល​ 1ឆ្នាំកន្លះមកនេះ យាន Yutu-2 នៃបេសកកម្ម​ Chang’e-4 បាន​បើកបរ​នៅ​លើផ្ទៃដី​ផ្នែកម្ខាង​ទៀត​នៃពិ​ភពព្រះចន្ទ (តំបន់​ងងឹត​ដែល​មនុស្ស​លើ​ផែនដី​មិនអាច​មើលឃើញ និង​ជា​តំបន់​ដែល​មិនទាន់​មាន​ប្រទេស​ណា​បញ្ជូន​យាន​អវកាស​ទៅដល់) បាន​ចម្ងាយ 463.26ម៉ែត្រ​ហើយ។

    រដ្ឋបាលអវកាស​ចិន​ បាន​សម្រេច​ជោគជ័យ​លើក​ដំបូង​ជា​ប្រវត្តិសាស្រ្ត​ ក្នុងការ​ចុះចត​យាន​ Yutu-2 លើផ្ទៃដី​ពិភពព្រះចន្ទ​ខាងលើ​នេះ កាលពី​ថ្ងៃទី​3 ខែ​មករា ឆ្នាំ​2019 ដើម្បី​រុករករ៉ែ និង​សិក្សាពី​រចនាសម្ព័ន្ធ​ និងគំរូនានា។

    ប្រតិបត្តិការ​របស់​យាន​នេះ នឹង​ជួយឱ្យអ្នក​វិទ្យាសាស្រ្ត​ដឹងអំពី​អាថ៌កំបាំង​នានា​ ដែល​ស្ថិតក្រោមដី​​ព្រះចន្ទ​នៅតំបន់ងងឹតនោះ ការប៉ះទង្គិច​គ្នា​រវាងពិភពព្រះចន្ទ និង​វត្ថុដទៃទៀត សកម្មភាពភ្នំភ្លើង និង​ការវិវឌ្ឍ​ភូគព្ភសាស្រ្តលើពិភពមួយនេះ​ជាដើម។

    ចិន​​ ក៏គ្រោងនឹង​បាន​បង្ហោះយានអវកាស Chang’e-5 ដើម្បី​នាំយកគំរូ​ដែល Yutu-2 ប្រមូលបាន​ពីពិភពព្រះចន្ទ មកផែនដី នៅចុងឆ្នាំនេះផងដែរ៕