Author: ធឿន មករា

  • ញ៉ាំ​ចេក​ហើយ កុំ​ចោល​សម្បក ព្រោះ​វា​មាន​ប្រយោជន៍​ច្រើនណាស់!

    ញ៉ាំ​ចេក​ហើយ កុំ​ចោល​សម្បក ព្រោះ​វា​មាន​ប្រយោជន៍​ច្រើនណាស់!

    យើង​គ្រប់គ្នា​ដឹង​ច្បាស់​ណាស់ អំពី​គុណប្រយោជន៍ ដែលមាន​ចំពោះ​សុខភាព​របស់​ផ្លែ​ចេកទុំ  សម្បក​របស់​វា នៅមាន​សារធាតុ​អាហារ ដែល​សំខាន់​ច្រើនណាស់។ មាន​មនុស្ស​ដ៏​ច្រើន​នៅក្នុង​ប្រទេស​ខ្លះ ដូចជា មនុស្ស​នៅក្នុង​ប្រទេស​ឥណ្ឌា ជាដើម បាន​ប្រើប្រាស់​ប្រយោជន៍​អំពី​សម្បក​ចេកទុំ​នេះ​មកជា​យូរយារ​ច្រើន​ទសវត្សរ៍​មកហើយ ដូច្នេះ អ្វីដែល​យើង​ត្រូវធ្វើ​នោះ​គឺ ញែក​យក​សម្បក​ខាងក្រៅ​របស់​វា​ចេញ ដោយ​យក​ស្លាបព្រា​កោស ដែល​វា​នឹង​ធ្វើឱ្យ​យើង​អាច​ប្រើប្រាស់​ប្រយោជន៍​អំពី​វត្ថុ​នេះ​បាន​យ៉ាង​ពេញទំហឹង។

    សម្បកចេក​ជួយ​សម្រាល​អាការ​ចុកចាប់​បានល្អ

    ដោយ​ការយក​សម្បក​ចេកទុំ ទៅ​ត្រដុស​នៅលើ​រាងកាយ ត្រង់​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា ឈឺ​ចុក​រួយ ដើម្បី​សម្រាល​អាការ​ទាំងនោះ។

    ស្នាម​មុន និង​សន្លាក​ស្នាម

    ចេក គឺជា​ផ្លែឈើ​ដ៏​អស្ចារ្យ​មួយ​ប្រភេទ ដែល​អាច​ផ្តល់​សំណើម ភាពស្រស់​បស់ និង​ថែបំប៉ន​ស្បែក​បាន​យ៉ាង​ល្អ ដោយសារតែ​នៅក្នុង​សម្បកចេក មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ចំនួន​ដ៏​ច្រើន ដែល​វា​មានគុណ​សម្បត្តិ​ក្នុងការ​ប្រឆាំងនឹង​ការកើត​ស្លាកស្នាម និង​មុន។ យើង​អាច​ធ្វើបាន​ដោយ​ការយក​សម្បក​ផ្លែ​ចេក មក​លាប​លើ​បរិវេណ​ដែល​កើតមាន​ស្លាកស្នាម​ទាំងនោះ និង​ទុកចោល​ប្រមាណ​ជា​កន្លះ​ម៉ោង មុននឹង​លាង​សម្អាត​ដោយ​ទឹកស្អាត។

    ព្យាបាល​រោគ​ភ្លឺ នៅលើ​ស្បែក និង​ធ្វើឱ្យ​ធ្មេញ​ស

    សម្បក​របស់​ផ្លែ​ចេក នៅ​អាច​ព្យាបាល​រោគ​ភ្លឺ​នៅលើ​ស្បែ​កបាន និង​ថែមទាំង​យកមក​ដុស​លើ​ធ្មេញ ធ្វើឱ្យ​ធ្មេញ​ស​ឡើង​បាន​ទៀតផង ដោយ​គ្រាន់តែ​អ្នកយក​សម្បក​ផ្លែ​ចេក មក​ដុស​នៅលើ​ស្បែក​ត្រង់​កន្លែង​ដែលមាន​កើតរោគ​ភ្លឺ និង​ដុស​នៅលើ​ធ្មេញ​រយៈពេល 15ថ្ងៃជាប់ៗគ្នា វា​នឹង​ធ្វើឱ្យ​ស្បែក​លោកអ្នក​ប្រក្រតី​ឡើងវិញ និង​ធ្មេញ​របស់​អ្នក​ស​ស្អាត​ឡើង​បាន។

    កម្ចាត់រោគ​ឫស​នៅលើ​ស្បែក

    សម្បក​ចេកទុំ នៅ​អាចជួយ​កំចាត់រោគ​ឫស ដែល​កើត​នៅលើ​ស្បែក​របស់​អ្នក​បាន និង​ថែមទាំង​អាច​ការពារ​មិនឱ្យ​វា​កើតឡើង​បាន​ទៀតផង៕

  • វិធី​តុបតែង​ផ្ទៃមុខ ឱ្យ​មើលឃើញ​ស្រស់ស្អាត របស់​នារី​ពាក់​វ៉ែនតា

    វិធី​តុបតែង​ផ្ទៃមុខ ឱ្យ​មើលឃើញ​ស្រស់ស្អាត របស់​នារី​ពាក់​វ៉ែនតា

    នារីៗចំនួន​មិនតិច​ទេ ដែលមាន​បញ្ហា​ពាក់ព័ន្ធ​នឹង​កែវភ្នែក និង​ត្រូវ​ពាក់​វ៉ែនតា​ជាប់​ជាប្រចាំ តែ​ក៏​ចូលចិត្ត​តុបតែង​មុខមាត់ ឱ្យ​ខ្លួនឯង​មើលទៅ​ឃើញ​ស្អាត​លេចធ្លោ​ទាក់ភ្នែកបុរសៗដែរ  ថ្ងៃនេះ​យើង​មាន​វិធី​តុបតែង​មុខល្អៗសម្រាប់​នារី ដែល​ពាក់​វ៉ែនតា មក​ជម្រាបជូន​ដូចតទៅ ៖

    -ចាប់ផ្តើម​ពី​នារី ដែល​ពាក់​វ៉ែនតា ព្រោះ​ភ្នែក​មី​ញ៉ូ​ប​ជិត (មើលជិតៗ បានឃើញ) កញ្ចក់​របស់​វ៉ែនតា​ដែល​អ្នក​ពាក់ នឹងធ្វើ​ឱ្យមើល​ទៅ​ឃើញ ហាក់ដូចជា​កែវភ្នែក​របស់​អ្នកតូច​ជាង​ប្រក្រតី  ក្នុងករណីនេះ អ្នក​គួរតែ​វាស ម៉ា​ស្កា​រា តុបតែង​រោមភ្នែក​ឱ្យ​រាង​ក្រាស់​បន្តិច ដើម្បីឱ្យ​មើលឃើញ​កែវភ្នែក មាន​ទំហំ​ប្រក្រតី។  ហើយ​បើ​ត្រូវ​ការប្រើ អាយ​ឈែ​ដូ​វ៍ ចូរ​ជ្រើសរើស​ប្រើ​ពណ៌ស្រស់ៗ តែ​គួរ​លាយ​ពណ៌​ឱ្យ​ចូលគ្នា​ជាមុនសិន។ ការ​គូស​រង្វង់​ភ្នែក ឬ​អាយ​ឡាញ​នើ​រ៍ នៅ​ត្របកភ្នែក​ខាងលើ ក៏​ជួយ​ឱ្យ​មើលទៅ​ឃើញ​កែវភ្នែក​ធំ និង​ស្រស់ថ្លា​ឡើង​ដែរ។

    -សម្រាប់​នារី​ដែលមាន​ភ្នែក​មី​ញ៉ូ​ប​ឆ្ងាយ (មើល​ឆ្ងាយ បានឃើញ) ពេល​ពាក់​វ៉ែនតា​ហើយ នឹងធ្វើ​ឱ្យមើល​ទៅ​ឃើញ​កែវភ្នែក​របស់​អ្នកធំ​ជាង​ប្រក្រតី ព្រោះ​កញ្ចក់​វ៉ែនតា វា​ពង្រីក​កែវភ្នែក។ បើ​តុបតែង​មុខ​មិន​រៀបរយ នឹង​មើលឃើញ​បាន​យ៉ាងច្បាស់ ដូចជា​ពេល​វាស ម៉ា​ស្កា​រ៉ា ហើយ​មាន​កម្ទេច​ម្សៅ​នៅជាប់ ក៏​នឹង​មើលឃើញ​យ៉ាងច្បាស់​តែម្ដង  ដូច្នេះ​ពេល​តុបតែង​មុខ គួរ​ជ្រើសរើស​ពណ៌​អាយ​ឈែ​ដូ​វ៍ រាងស្រាលៗ  និង​កុំឱ្យ​នៅសល់​កម្ទេច​ម្សៅ​នៅ​ជុំវិញ​កែវភ្នែក​ឱ្យសោះ។

    មានតែ​ប៉ុណ្ណឹង​ឯង…គ្រាន់តែ​នឹក​ជាប់​ជានិច្ច​ថា បើ​ភ្នែក​យើង ត្រូវ​កញ្ចក់​វែ​នតា​បង្រួម​ឱ្យ​តូច ក៏​សង្កត់ធ្ងន់​លើ​រឿង​ពណ៌​ឱ្យ​ដិត​ឡើង​បន្តិច  តែបើ​ត្រូវ​កញ្ចក់​វ៉ែនតា​ពង្រីក​ឱ្យ​ធំ​វិញ​នោះ មិនគួរ​គូស​ឱ្យ​ដិត​ពេក​ទេ ព្រោះ​នឹងធ្វើ​ឱ្យ​ភ្នែក​ឡើង​ធំ​ក្រឡោត  ហើយក៏​កុំ​ភ្លេច​ជ្រើសរើស​ដង​វ៉ែនតា ឱ្យ​ស្អាត​ស័ក្តិសម​នឹង​ផ្ទៃមុខ និង​ការតុបតែង​ខ្លួន របស់​អ្នកផង វា​នឹង​ធ្វើឱ្យ​អ្នក​កាន់តែ​ស្រស់ស្អាត​លេចធ្លោ​ឡើង៕

  • ទម្លាប់ល្អៗ 10យ៉ាង របស់​នារី​ស្បែក​ស្អាត

    ទម្លាប់ល្អៗ 10យ៉ាង របស់​នារី​ស្បែក​ស្អាត

    “ទម្លាប់​បែប​ហ្នឹង អ៊ីចឹង​បាន​ស្អាត!” តើ​ពួក​មិត្តភក្តិ មាន​លាន់មាត់​ដាក់​អ្នក​បែប​ហ្នឹង​ឬទេ?។  នារីស្អាតៗច្រើន​មាន​ទម្លាប់ស្រដៀងៗគ្នា 10ចំណុច  ជា​ទម្លាប់ចម្បងៗដែលនារីៗស្បែក​ស្អាត​ធ្វើ​គ្រប់គ្នា  សូម​នាំគ្នា​មក​មើលថា តើ​អ្នកមាន​ទម្លាប់​ស្បែក​ស្អាត​នេះ​ប៉ុន្មាន​ចំណុច?  ឬក៏​ស្ថិតក្នុង​ប្រភេទ​នារី​ប៊ិះ​ស្អាត?។

    1 . ទម្លាប់​លាង​សម្អាត​មុខ

    នារី​ស្បែក​ស្អាត ច្រើន​ចេះ​ជ្រើសរើស​ផលិតផល​លាង​សម្អាត​ស្បែ​កមុខ និង​លាង​សម្អាត​យ៉ាង​ទន់ភ្លន់  សំខាន់​ណាស់ ក្រោយ​ការលាង​សម្អាត​មុខ ស្បែក​មុខ​ត្រូវតែ​ស្រស់ថ្លា​ស្រទន់ បើ​ស្ងួត​តឹង ថ្លៃ​ប៉ុនណា​ក៏ត្រូវ​បា៎យ​បា៎យ បោះ​ចូល​ធុងសំរាម​ដែរ។  សម័យ​ទើប​បែក​សាច់ថ្មីៗ ប្រើ​ជេ​ល​លាងមុខ  លុះដល់​ពេញក្រមុំ ស្បែក​រាង​ស្ងួត ក៏​ប្តូរ​មក​ប្រើ​ផលិតផល​លាងមុខ​សម្រាប់​ស្បែក​ស្ងួត​ប្រភេទ​គ្រី​ម​ដែល​លាង​ចេញ​ដោយ​ទឹក ជួយ​ថែបំប៉ន​ស្បែក​មុខ​ឱ្យ​ស្រស់បស់​មាន​សំណើម​ឡើង។

    នារី​ប៊ិះ​ស្អាត ចូលចិត្ត​ស្បែក​ស្ងួត​តឹង​ក្រោយពេល​លាង​សម្អាត​មុខ​ហើយ គិតថា​វា​ជា​អាការ​របស់​ស្បែក​ស្អាត តែ​ការពិត​វា​ជា​អា​ការដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ប្រើ​ផលិតផល​លាង​សម្អាត​មុខ​រូបមន្ត​មិនត្រូវ​នឹង​សភាព​ស្បែក​របស់​អ្នក​ហើយ។

    2 . លាង​មេក​អាប់​ចេញពី​មុខ

    នារី​ស្បែក​ស្អាត  ព្រះអាទិត្យ​អាច​លិច​នៅ​ទិសខាងកើត  តែ​នារី​ស្បែក​ស្អាត​មិនដែល​គេង​លក់​ទាំងមុខ​មាន​មេក​អាប់​ឡើយ​ព្រោះ​មិន​ចង់យក​មុន​ក្បាល​ខ្មៅ​ធ្វើជា​សាច់ញាតិ​ទេ  ទោះជា​ការលាង​មេក​អាប់​ចេញ​មុនពេល​គេង អាច​មិនមែនជា​យ័ន្ត​ការពារ​មុន​បាន 100% មែន  តែបើ​មិន​លាង​ចេញ​នោះ សភាវ​កើត​មុននឹង​ពិបាក​ព្យាបាល។

    នារី​ប៊ិះ​ស្អាត  បើ​យប់នោះ​មិន​ដើរលេង​ជ្រុល​ទេ អាច​លាង​ចេញ​មុន​គេង។

    3 . ជានា​រី​ដែល​ស្រឡាញ់​ពន្លឺ​ថ្ងៃ និង​ខ្សែ​វាយោ​ប៉ុនណា

    ក៏​នារី​ស្បែក​ស្អាត មិនដែល​បង្ហើប​ឱ្យ​ស្បែក​ហាលថ្ងៃ ហាលខ្យល់​ដែរ  លាប​គ្រី​ម​ការពារ​កម្តៅថ្ងៃ​ក​ម្រឹត SPF 15 រាល់ថ្ងៃ។

    នារី​ប៊ិះ​ស្អាត  គ្រី​ម​ការពារ​កម្តៅថ្ងៃ​ហ្អេ៎? ទុក​នៅក្នុង​កាបូបយួរ​ថ្លា​មើលឃើញ​របស់​ខាងក្នុង ដប​ពណ៌​ស្រស់ លេចធ្លោ  តែ​មិនសូវ​បាន​ប្រើ​ទេ។

    4 . ជក់បារី ហើយ​និង​ថើប…ចូលចិត្ត​មួយណា?

    នារី​ស្បែក​ស្អាត  ជក់បារី…ហ្អ៊ី! ស្បែក​ស្រអាប់ ធ្មេញ​លឿង  គ្រាន់តែ​ថ្ងៃ​ណា​អង្គុយ​ជិត​បុរស​ជក់បារី  ត្រឡប់មក​ដល់ផ្ទះ​វិញ​នៅ​ប្រញាប់​ស្រវា​រក​គ្រី​ម​ដែល​សម្បូរ​ដោយ​វីតាមីន E និង C មក​លាប​សឹងតែ​មិនទាន់ ព្រោះ​គ្រី​ម​ពពួក​នេះ​ជួយ​ការពារ​ស្បែក​ពី​ខ្យល់អាកាស​ពុល និង​ផ្សែង​បារី​បាន​ណា៎។

    នារី​ប៊ិះ​ស្អាត  ពេល​បំពេញ​ក្នុង​ក្រដាស​ពាក្យសុំ​ចូលធ្វើការ ប្រាប់ថា មិនចេះ​ជក់បារី  និង​នៅ​លីវ  ត្រង់ចំណុច​ហ្នឹង​វា​ជាការ​សម្ងាត់​ណា៎ ប្រាប់ឱ្យដឹង​ទៅ។

    5 . ចូលចិត្ត​ញ៉ាំ​ស្រា​ទេ

    នារី​ស្បែក​ស្អាត  យ៉ាងច្រើន​ប៊ីយែ ឬ​ស្រាក្រហម​មួយ​កែវ​គត់  ស្រវឹង​ញឹកញាប់ ជាតិ​អាល់កុល​នឹង​ចូលទៅ​ពង្រីក​សរសៃឈាមតូចៗឱ្យ​បែក ខូច​ស្បែក​អស់។

    នារី​ប៊ិះ​ស្អាត  មិនដែល​ចាំបាន​សោះ​ថា ពី​យប់​ញ៉ាំ​អស់​ប៉ុន្មាន​កែវ។

    6 . ចូលចិត្ត​ខាត់​ស្បែក​ឬទេ?

    នារី​ស្បែក​ស្អាត  ចូលចិត្ត​តើ!  ធ្វើជា​ប្រចាំ។

    នារី​ប៊ិះ​ស្អាត  អូយ ខ្ជឹ​ល​ណាស់!  កម្រាល​ឥដ្ឋ​ក្នុង​បន្ទប់ទឹក​ក៏​មិនដែល​ដុសខាត់​ដែរ។

    7 . ធុញថប់ មួម៉ៅ ប៊ិ​ស​តែ​ដុត​អូ​ហ្វី​ស​ចោល​ជា​ញឹកញាប់

    នារី​ស្បែក​ស្អាត  ជា​មនុស្ស​សម្លឹង​ពិភពលោក​ក្នុងន័យ​វិជ្ជមាន  មាន​អារម្មណ៍​កំប្លុកកំប្លែង  មិនដែល​ធុញថប់​មួម៉ៅ​ខ្លាំង​ដល់​ថ្នាក់​ហ្នុ​ង​ទេ។

    នារី​ប៊ិះ​ស្អាត  ញឹកញាប់​ណាស់  មាន​ចៅហ្វាយនាយ​ល្ងង់  នឹក​សង្ឃឹម​ខ្ពស់​ពេក ទើប​ច្រើនតែ​កើតមុន​ជា​ញឹកញាប់។

    8 . ចូលចិត្ត​ញ៉ាំ​ទឹកស្អាត

    នារី​ស្បែក​ស្អាត  យ៉ាងតិចណាស់ 8 កែវ​ក្នុង​មួយថ្ងៃ  ទម្លាប់​នារី​ស្បែក​ស្អាត​តែ​អុ​ី​ចឹ​ង​ឯង។

    នារី​ប៊ិះ​ស្អាត  ញ៉ាំ​ទឹក​ហ្អេ៎? ជីវិត​មិនមែន​ទទេរ​ស្អា​តដល់​ថ្នាក់​ហ្នឹង​ទេ  ត្រូវតែ​ភេសជ្ជៈ​កំប៉ុង  ឬ​យ៉ាងហោចណាស់​ក៏​កាហ្វេ​ខ្មៅ​ដែរ។

    9 . ឃើញ​មុន​ឡើង1គ្រាប់​ហើម​ឡើង​ក្រហម

    នារី​ស្បែក​ស្អាត  មុន​គ្រប់​គ្រាប់​ទាំងអស់ គឺ​តំបន់​ហាម​ប៉ះ  តំបន់​គ្មាន​ការ​ញេច កេះ ឆ្កឹះ​ដាច់ខាត  ឡើង​មុន​ច្រើន ទៅ​ពេទ្យ។

    នារី​ប៊ិះ​ស្អាត  ចូលចិត្ត​ណាស់  ទៅ​ឈរ​ញេច​មុខ​កញ្ចក់។

    10 . ទម្លាប់​ក្នុងការ​ញ៉ាំ

    នារី​ស្បែក​ស្អាត  ញ៉ាំ​អាហារ​គ្រប់​ប្រភេទ​ក្រុម ជាពិសេស​បន្លែ​ផ្លែឈើ​ស្រស់ ចូលចិត្ត​ណាស់។

    នារី​ប៊ិះ​ស្អាត  ឱ្យ​ញ៉ាំ​យ៉ាង​មាន​អនាម័យ​គ្រប់ 5 ប្រភេទ​ក្រុម  គេង​យ៉ាង​មាន​អនាម័យ  ដើរលេង​យ៉ាង​មាន​អនាម័យ  មិនមែនជា​និស្ស័យ​របស់ខ្ញុំ​ទេ។

    ក្នុង 10ចំណុច​នេះ  បើ​អ្នកមាន​ទម្លាប់​ដូច​នារី​ប៊ិះ​ស្អាត 5 ចំណុច​នោះ  ល្មម​ធ្វើ​បដិវត្តន៍​ខ្លួនឯង​ហើយ…៕

  • ក្រុមហ៊ុន Google រក​ចំណូល​កើន​ជាង 30% ពី​ការលក់​ពាណិជ្ជកម្ម ឬ Ad​ របស់ខ្លួន

    ក្រុមហ៊ុន Google រក​ចំណូល​កើន​ជាង 30% ពី​ការលក់​ពាណិជ្ជកម្ម ឬ Ad​ របស់ខ្លួន

    នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក Ruth Porat នាយក​ហិរញ្ញវត្ថុ​របស់​ក្រុម Alphabet បានបង្ហាញ​ឱ្យឃើញថា ក្រុមហ៊ុន Alphabet ម្ចាស់ Google រកបាន​ប្រាក់ចំណេញ​ប្រចាំត្រីមាស លើសពី​ការរំពឹងទុក និង​បានប្រកាស​ពី​ការទិញ​ភាគហ៊ុន​ត្រឡប់មកវិញ​ក្នុង​ទំហំ​ទឹកប្រាក់ 50ពាន់​លាន​ដុល្លារ ខណៈដែល​សេដ្ឋកិច្ច​កំពុងតែ​រើ​ឡើងវិញ និង​មានការ​កើនឡើង​លើ​ការប្រើប្រាស់​សេវា​អន​ឡាញ បូក​រួមទាំង​ការកើនឡើង​នូវ​ការលក់​ពាណិជ្ជកម្ម និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ Cloud។

    លទ្ធផល​ទាំងនេះ ឆ្លុះបញ្ចាំង​ពី​សកម្មភាព​តាម​អន​ឡាញ​របស់​អ្នកប្រើប្រាស់ និង​នៅក្រៅ​ប្រទេស ដែល​ផ្អែកទៅលើ​ការកើនឡើង​លើ​ប្រាក់ចំណេញ​ពី​ពាណិជ​កម្ម។

    ការលក់​ពាណិជ្ជកម្ម ឬ Ad របស់ Google បាន​កើនឡើង 32%ក្នុង​ត្រីមាស​ទី1 បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី 1ឆ្នាំមុន ពោលគឺ​កើនឡើង​ហួស​ពី​ការរំពឹងទុក។ ការលក់ Cloud បាន​កើនឡើង៤៥,៧% ដែល​ដូច​ការរំពឹងទុក។

    នេះ គឺជា​សញ្ញា​ដំបូង​ដែល​បង្ហាញថា សេវា Google ទទួលបាន​ការប្រើប្រាស់​ច្រើន ដោយសារតែ​ការបិទ​ខ្ទប់​តំបន់​នានា និង​ការ​រឹតត្បិត​នានា​ជុំវិញ​ការឆ្លង​រីក​រាលដាល​វីរុស​កូ​វីដ-19 ដែល​បាន​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​ទំនិញ និង​ទំនាក់ទំនង​គ្នា​តាម​អន​ឡាញ​ច្រើន ក្នុង​រយៈពេល 1ឆ្នាំ​មកនេះ។

    ភាគហ៊ុន​របស់​ក្រុមហ៊ុន Alphabet បាន​កើនឡើង​ប្រមាណ​ជា 4.7% ពោលគឺ​ក្នុង​ទំហំ​ទឹកប្រាក់ 2,398.61ដុល្លារ​ក្នុង 1ហ៊ុន ក្នុងការ​ពង្រីក​ពាណិជ្ជកម្ម​របស់ខ្លួន៕

  • ក្រុមហ៊ុន Intel ចូលប្រឡូក​វិស័យ​ផលិត​រថយន្ត ជា​អ្នក​ផលិត​បន្ទះ​ឈី​ប

    ក្រុមហ៊ុន Intel ចូលប្រឡូក​វិស័យ​ផលិត​រថយន្ត ជា​អ្នក​ផលិត​បន្ទះ​ឈី​ប

    កាលពីពេលថ្មីៗ ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​កុំព្យូទ័រ និង​ស្មា​ត​ហ្វូ​ន Intel ដែលមាន​ឈ្មោះ​បោះ​សំឡេង​ល្បីល្បាញ​ជា​យូរ​ឆ្នាំ​មកហើយ បាន​បង្ហើប​ឱ្យដឹងថា ខ្លួន​កំពុងតែ​ស្ថិតក្នុង​ការពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ដ​ដើម្បី​ផលិត​ឈី​ប​ឱ្យ​ពួកគេ។

    លោក Pat Gelsinger នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ប្រចាំ Intel បានឱ្យដឹងថា៖ «នេះ​ក៏​ដោយសារតែ​ឈី​ប​លើ​ស្ទើរតែ​គ្រប់​ឧស្សាហកម្ម សូម្ប​តែ​រោងចក្រ​ផលិត​រថយន្ដ​សុទ្ធតែ​កំពុងមាន​ការខ្វះខាត ដូច្នេះ Intel នឹង​ពង្រីក​ក្រុមហ៊ុន​របស់ខ្លួន​តាមរ​យៈ​ការផលិត​ឈី​ប​ឱ្យបាន​កាន់តែ​ច្រើនជាង​មុន​ទៀត»

    គម្រោង​ពង្រីក​អាជីវកម្ម​របស់ខ្លួន​បែបនេះ ត្រូវបាន​គេ​មើលឃើញថា ជាការ​ផ្លាស់ប្តូរ​មួយ​ដ៏​ធំ បន្ទាប់ពី​ទីផ្សារ​របស់​ពួកគេ​ធ្លាក់ចុះបន្ដិចៗម្ដង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ។

    Intel ក៏​ធ្លាប់បាន​បញ្ជាក់ថា នឹងធ្វើ​ការបង្កើត​រោងចក្រ​បន្ថែម​នៅ​សហរដ្ឋអាមេរិក និង​តំបន់​អឺរ៉ុប ដើម្បី​ឆ្លើយតប​ទៅនឹង​ក្រុមហ៊ុន​ផលិត​ឈី​ប​មកពី​អាស៊ី​នានា​ដូចជា៖ រោងចក្រ​នៅ​តៃវ៉ាន់ TSMC- Taiwan Semiconductor Manufacturing Co និង Samsung Electronics Co Ltd ជាដើម។ រោងចក្រ​ផលិត​បន្ទះ​ឈី​ប​ទាំង2 សុទ្ធសឹងតែ​ជា រោងចក្រ​ដែល​ឈានមុខ​គេ។

    សម្រាប់​ពេលនេះ Intel កំពុងតែ​ចរចា​លើ​ការ​ឌី​ហ្សា​ញ​ឈី​ប និង​ផលិត​ឈី​ប​ទៅឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ដ​ធំ ដែល​គេ​មិនទាន់​បានដឹង​ឈ្មោះ​នៅឡើយ​ក្នុង​ពេលនេះ តែ​យ៉ាងណា ដំណឹង​នេះ​នឹង​ពិតជា​ជាក់ច្បាស់​ជា​រូបរាង​ឡើង នៅ​រយៈពេល​យ៉ាងយូរ 6ខែ​ទៀត​ដូច្នេះ​សូម​រង់ចាំ​ដាន​បន្ដទៀត៕

  • បង្រៀន​កូន​ឱ្យមាន​របៀប​វិន័យ តាំងពី​នៅ​ក្មេង

    បង្រៀន​កូន​ឱ្យមាន​របៀប​វិន័យ តាំងពី​នៅ​ក្មេង

    ក្មេង​នា​យុគសម័យ​ថ្មី​នេះ​មិនសូវ​ជា​ស្ដាប់​ឪពុកម្ដាយ​ប៉ុន្មាន​ឡើយ ដោយសារតែ​ភាព​ឌឺ​រឹង និង​ភាព​រពឹស​ឥត​ឈប់​របស់គេ ពី​ទង្វើ​ការធ្វើ​តាម​អ្វីផ្សេងៗទាំងពី​សង្គម​ជុំវិញខ្លួន ពី​ទូរទស្សន៍ ឬ​ពី​មិត្តភក្តិ ដែល​បើសិនជា​ឪពុកម្ដាយ​បណ្តោយឱ្យ​កូនតូច​ខ្វះ​របៀប​វិន័យយូរៗទៅ​ពិតជា​នឹង​ក្លាយជា​ការបណ្តុះ​ឱ្យគេ​ប្រមូល​សន្សំ​ទម្លាប់​និស្ស័យ​មិនល្អ​ទាំងនោះ​រហូត​ក្លាយជា​ក្មេង​ខូច​ច្រងេងច្រងាង ក្លាយជា​បញ្ហា​របស់​សង្គម​ទៅ​ថ្ងៃមុខ​ដែល​សុទ្ធតែជា​រឿង​មិនល្អ​សម្រាប់​ឪពុកម្ដាយ និង​ខ្លួនគេ​ផ្ទាល់​ទាំងអស់។

    វិធី​ការ​សាង​របៀប​វិន័យ​ដល់​កូន

    1-ប្រាប់ និង​ដាស់តឿន​កូន​ដោយ​ពាក្យសម្ដី

    ពាក្យសម្ដី​គឺជា​គ្រឿង​ដាស់តឿន​ចិត្ត​ដំបូង​ដែល​យើង​អាច​ប្រាប់​ទៅ​កូន​បាន​យ៉ាង​ងាយ​បំផុត តែ​ត្រូវ​ប្រើពាក្យ​សម្ដី​ដែល​ទន់ភ្លន់ ចិត្ត​ត្រជាក់ មិន​ជេ​ស្ដីបន្ទោស​ថាឱ្យខ្លាំងៗ កូន​ក៏​នឹង​កើត​ភាពទន់ភ្លន់ ដាក់ខ្លួន និង​ស្ដាប់​យើង​មិន​ខាន។

    2-ធ្វើជា​គំរូ​ល្អ​ដល់​កូន

    ព្រោះ​ឪពុកម្ដាយ​គឺជា​គ្រូ​ដំបូង​គេ​របស់​កូន មានន័យថា ទង្វើ​របស់​ឪពុកម្តាយ​គឺជា​គំរូ​ដ៏​ល្អ​បំផុត​របស់​កូន ដូច្នេះហើយ​ទើប​យើង​ត្រូវ​ធ្វើខ្លួន​ឱ្យ​ក្លាយជា​គំរូ​ល្អជា​មួយ​កូន។ ត្រូវ​យកចិត្តទុកដាក់​ពី​របៀប​វិន័យ​របស់​ខ្លួនឯង​ជាមុន​ដូចជា ទុកដាក់​របស់របរ​ឱ្យមាន​របៀប បើក-បិទ​ភ្លើង ឬ​ទូរទស្សន៍​ឱ្យមាន​ពេលវេលា ដើម្បីឱ្យ​កូន​ឃើញ​ជា​គំរូ​ដែល​ល្អ និង​ប្រតិបត្តិ​តាម​បាន​យា់ង​ងាយស្រួល។

    3-ការទិតៀន​ប្រដៅ

    យើង​គួរ​ទិតៀន​ប្រដៅ​ចំពោះតែ​ទង្វើ​ដែល​មិន​ត្រឹម​ត្រូវជារឿងៗដោយឡែក​ពីគ្នា ទិតៀន​ប្រដៅ​យ៉ាង​មាន​ហេតុផល មិន​ទាញ​រឿង​ផ្សេង​មក​ពាក់ព័ន្ធ ឬ​ម៉ៅ​រួម​ថា គេ​ជា​ក្មេង​មិនល្អ​នោះទេ។

    4-មិនគួរ​សម្លុត​គំរាម​កូន​ឱ្យ​ខ្លាច​នោះទេ

    បើ​យើង​ប្រើការ​សម្លុត​គំរាម​ជាប្រចាំ​នឹងធ្វើ​ឱ្យ​ក្មេង​មាន​ទស្សន​គតិ​បែប​អវិជ្ជមាន​ចំពោះ​យើង​កាន់តែ​ច្រើនឡើង គួរផ្តល់​ភាព​សំខាន់​ទៅលើ​ការបង្ហាត់បង្រៀន​របៀប​វិន័យ​កូន​យ៉ាងសន្សឹមៗទៅជាបណ្តើរៗ និង​ជាប់លាប់​វិញ​ប្រសើរ​ជាង។ មិនគួរ​សម្លុត​គំរាម​ដោយ​ពាក្យសម្ដី​ដែល​ធ្ងន់ធ្ងរ​ដើម្បី​ឱ្យគេ​ភ័យខ្លាច​នោះទេ ព្រោះ​វា​នឹង​ក្លាយជា​ចំណុច​អន់​ខ្សោយ​មួយ​ដក់​ជាប់​នៅក្នុង​ជម្រៅ​ចិត្ត​គេ​រហូត។

    5-បង្កើន​សុខភាព​ផ្លូវចិត្ត​វិជ្ជមាន​ដល់​កូន

    អាច​នឹង​រកមើល​អ្វី​ដែលជា​កម្លាំង​ជំរុញ​ចិត្ត​ដល់​កូន​ដូចជា ឱ្យ​រង្វាន់​បើសិនជា​ប្រតិបត្តិ​បាន​តាមរបៀប​វិន័យ​បាន​គ្រប់​មួយអាទិត្យ ឬ​គ្រប់​មួយខែ​ជាដើម អាច​នឹង​នាំទៅ​ដើរលេង​នៅ​ខាងក្រៅ ឬ​ទិញ​របស់​លេង​ឱ្យ​ជាដើម។

    6-បង្រៀន​ពី​តិច​និក​ការចាត់ការ​ខ្លួនឯង​ដល់​កូន

    ពោលគឺ នៅពេល​មាន​អារម្មណ៍​ធុញថប់​តានតឹង ឬ​ខឹង ក៏​ឱ្យនៅ​ម្នាក់ឯងស្ងាត់ៗ រម្ងាប់​សតិអារម្មណ៍​ដើម្បី

    ឱ្យ​ចិត្ត​ត្រជាក់​ដោយ​ខ្លួនឯង ឬ​រក​បទ​ចម្រៀង​មក​ស្ដាប់ មើល​ទូរទស្សន៍​ដើម្បី​បន្ធូរ​អារម្មណ៍​ទាំងនោះ​ឱ្យ​ល្អ​ឡើងវិញ​ជាដើម។ នៅពេល​លោកអ្នក​បង្ហាត់​កូន​បែបនេះ នឹងធ្វើ​ឱ្យគេ​ធំ​ឡើង​ព្រមជាមួយ​វិធី​គ្រប់គ្រង​ចាត់ការ​អារម្មណ៍​បាន​យ៉ាង​ល្អ និង​ធ្វើ​ឱ្យគេ​រស់នៅ​រួម​សង្គម​ជាមួយ​អ្នកដទៃ​បាន​យ៉ាង​គ្មាន​បញ្ហា​ទៀតផង។

    ការបង្ហាត់បង្រៀន​ពី​របៀប​វិន័យ​ទាំងនេះ​ដល់​កូន​នឹង​ទទួលបាន​ជោគជ័យ​ក៏​នៅពេលណា​ដែល​វា​កើតឡើង​យ៉ាង​ជាប់លាប់ មិន​ដាច់ ឬ​ខ្វះចន្លោះ ប្រៀបដូចជា​ការធ្វើការ​ងារ បើ​ធ្វើ​មិន​ឈប់​នឹង​កើតមាន​ប្រសិទ្ធិ​យ៉ាងខ្លាំង តែបើ​សិន​មានការ​លើកលែង ឬ​ការអនុលោម ឬ​ឪពុកម្តាយ​នឿយណាយ ឬ​នឿយហត់ ព្រងើយកន្តើយ​ចំពោះ​ទង្វើ​របស់​កូន​នោះ វា​នឹង​ធ្វើឱ្យ​ច្បាប់​វិន័យ​លែង​ជា​ច្បាប់​វិន័យ​តទៅទៀត​ហើយ ហើយ​កូន​របស់​យើង​ក៏​នឹង​គ្មាន​ផ្លូវ​មាន​របៀប​វិន័យ​យ៉ាងពិត​ប្រាកដ។ ដូច្នេះ ចូរ​ឧស្សាហ៍​បង្កើន​ឧបនិស្ស័យ​នេះ​ដល់​គេ​តាំងពី​នៅតូចៗប្រសើរ​ជាង ព្រោះ​មាន​ឈ្មោះថា កូនឈើ​នៅតូចៗ យ៉ាងណា​ក៏​ងាយ​ពត់​ជាដើម​ឈើ​ដែល​ធំ​ហើយ​ដែរ៕

  • តើ​ស្ត្រី​មានគភ៌ គួរ​គេង​ក្នុង​ឥរិយាបថ​ណា ទើប​លក់​ស្រួល និង​កូន​ក្នុង​ផ្ទៃ​មាន​សុវត្ថិភាព?

    តើ​ស្ត្រី​មានគភ៌ គួរ​គេង​ក្នុង​ឥរិយាបថ​ណា ទើប​លក់​ស្រួល និង​កូន​ក្នុង​ផ្ទៃ​មាន​សុវត្ថិភាព?

    តើ​អ្នកមាន​ផ្ទៃពោះ​គួរ​គេង​ក្នុង​ឥរិយាបថ​បែបណា?  ឡា​រ៉ែ​ន នឹង​ដោះស្រាយ​ចម្ងល់​នេះ​សម្រាប់​ស្ត្រី​មានគភ៌ បើ​ចង់ដឹងថា តើ​គេង​ក្នុង​ឥរិយាបថ​ណា ទើប​ធ្វើឱ្យ​លក់​ស្រួល និង​កូន​ក្នុង​ផ្ទៃ​មាន​សុវត្ថិភាព​ផង​នោះ យើង​មក​សិក្សា​ទាំងអស់គ្នា…។

    ឥរិយាបថ​ដំណេក ដែល​ស័ក្តិសម​បំផុត​សម្រាប់​អ្នកមាន​ផ្ទៃពោះ​គឺ “ឥរិយាបថ​គេង​ផ្អៀង” ហ្នឹងឯង  តែ​ទាំងអស់នេះ​សម្រាប់​ស្ត្រី​ដែល​អាយុ​គភ៌​នៅ​តិច ក្នុង​ត្រីមាស​ទី​ដំបូង​ប្រមាណ​ជា 1 – 3 ខែ បើ​អ្នកណា​នៅតែ​គេង​ផ្ងារ ហើយ​មាន​អារម្មណ៍​ថា​ស្រួល​សប្បាយខ្លួន មិន​ទើស​ទែង ដកដង្ហើម​ស្រួល ក៏​អាច​គេង​ផ្ងារ​បានដែរ  គ្រាន់តែ​មុននឹង​ក្រោក ចូរ​បែរមក​គេង​ផ្អៀង​សិន រួច​សឹម​ប្រើ​ដៃ​ច្រត់​គ្រែ​រុញ​ខ្លួន​ឱ្យ​ងើបឡើង។ ឡា​រ៉ែ​ន សូម​ណែនាំ​ថា កុំ​ក្រោក​បែប​ប្រញាប់ប្រញាល់​អី ព្រោះ​អាច​នឹង​ធ្វើឱ្យ​វិលមុខ និង​ងងឹតមុខ​បាន។

    តែ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​អាយុ​គភ៌​ច្រើន​ចាប់ពី 4ខែ​ឡើង​ទៅវិញ ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យ​គេង​ផ្អៀង ទើប​ជាការ​ប្រសើរ​បំផុត ដោយ​អាច​គេង​ផ្អៀង​បាន​ទាំង​ស្តាំ និង​ឆ្វេង តែ​ឡា​រ៉ែ​ន​ចង់​បញ្ជាក់​បន្ថែមថា ការ​គេង​ផ្អៀង​មក​ខាងឆ្វេង នឹង​ជួយ​ឱ្យ​ស្ត្រី​មានគភ៌ គេង​លក់បាន​ស្រួល​ជាង ដោយសារតែ​ការ​គេង​ផ្អៀង​មក​ខាងឆ្វេង នឹង​ជួយ​ការពារ​មិនឱ្យ​ស្បូន​ទៅ​សង្កត់ពីលើ​សរសៃឈាម​ខ្មៅ​ធំ និង​ជួយ​ឱ្យ​ប្រព័ន្ធ​ឈាម​រត់​ធ្វើការ​បានល្អ​ផង។ ក្នុង​ឥរិយាបថ​គេង​វិញ ស្ត្រី​មានគភ៌​គួរ​គេង​ផ្អៀង ក្នុង​ឥរិយាបថ​អង្កុញ​ក្បាលជង្គង់​ទាំងសងខាង និង​ប្រើ​ខ្នើយកើយ​ដាក់​ស៊ក​នៅ​ចន្លោះ​ជង្គង់​ទាំង2 នឹង​រឹតតែ​ជួយ​ឱ្យមាន​អារម្មណ៍​ថា គេង​ស្រួល​ខ្លាំង​ឡើង។ ក្រៅពីនេះ ស្ត្រី​មានគភ៌​ចង់​គេង​ឱប​ខ្នើយឱប​ផង​ក៏បាន ឬក៏​រក​ខ្នើយទន់ស្តើងៗមក​ទ្រាប់​គភ៌​ក៏បាន ដែល​វា​នឹង​ធ្វើឱ្យ​អ្នក​គេង​លក់បាន​ស្រួល និង​លក់​បានយូរ​ទៀតផង។

    ឥរិយាបថ​គេង​ដែល​គួរ​ចៀសវាង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ

    ឥរិយាបថ​គេង​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ចៀសវាង​នោះ​គឺ “ឥរិយាបថ​គេង​ផ្កាប់ និង​គេង​ផ្ងារ” ជាពិសេស​ចំពោះ​ស្ត្រី​ដែល​គភ៌​មាន​អាយុច្រើនៗហើយ ព្រោះ​ការ​គេង​ផ្កាប់​នឹងធ្វើ​ឱ្យ​កើតការ​សង្កត់ ធ្វើឱ្យ​ដកដង្ហើម​មិន​ស្រួល ប្រព័ន្ធ​ឈាម​រត់​ដំណើរការ​មិនល្អ រហូត​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទាំង​ម្តាយ និង​កូនតូច​នៅក្នុង​ផ្ទៃ​បាន។ ក្រៅ​អំពី​នេះ​ការ​គេង​ផ្ងារ អាច​នឹង​ស័ក្តិសម​ជាមួយ​ស្ត្រី​មានគភ៌​ដែល​អាយុ​គភ៌​នៅ​ខ្ចី តែ​សម្រាប់​ស្ត្រី​មានគភ៌ ដែល​អាយុ​គភ៌​ច្រើន​ហើយ អាច​និយាយបានថា មិន​ស័ក្តិសម​ជាទីបំផុត ព្រោះ​ការ​គេង​ផ្ងារ​នឹងធ្វើ​ឱ្យ​ទម្ងន់​ខ្លួន​របស់​ទារក​ទៅ​សង្កត់ពីលើ​សរសៃឈាមធំៗ រហូត​ធ្វើឱ្យ​ម្តាយ​កើត​អា​ការឈឺ​ខ្នង កើត​ប៉គ្រីវ​កាច់ ហើមជើង ដកដង្ហើម​មិន​ស្រួល និង​អាច​ដល់​ថ្នាក់​ធ្វើឱ្យ​ងងឹតមុខ​ខ្យល់គ​បាន​ទៀតផង។

    អី​ឡូ​វ​ឃើញ​ហើយ​មែន​ទេ​ចា៎ស ថា​ការជ្រើសរើស​ឥរិយាបថ​គេង សម្រាប់​អ្នកមាន​ផ្ទៃពោះ​ហ្នឹង​សំខាន់​ប៉ុនណា ដូច្នេះ​នៅពេល​ដឹង​ហើយ​ថា តើ​អ្នកមាន​ផ្ទៃពោះ​ស័ក្តិសម​នឹង​ឥរិយាបថ​គេង​បែបណា​នោះ ក៏​កុំ​ភ្លេច​យកទៅ​ប្រតិបត្តិ​តាម​ផង ព្រោះ​ឡា​រ៉ែ​ន​ធានាថា វា​នឹង​ជួយ​ឱ្យ​ស្ត្រី​មានគភ៌​យើង គេង​លក់បាន​ស្រួល និង​លក់​បានយូរ​ទៀតផង៕

  • ការមើល​ថែទាំ​ស្បែ​កមុខ ឱ្យនៅ​ស្រស់ស្អាត​ជានិច្ច សម្រាប់​ស្ត្រី​វ័យ​អស់​រដូវ

    ការមើល​ថែទាំ​ស្បែ​កមុខ ឱ្យនៅ​ស្រស់ស្អាត​ជានិច្ច សម្រាប់​ស្ត្រី​វ័យ​អស់​រដូវ

    ស្ត្រីៗដូច​ពួកយើង ពេល​ឈានចូល​ដល់​វ័យ​អស់​រដូវ​ហើយ​នោះ  ភាពប្រែប្រួល​ដែល​កើតឡើង ដែល​មើលឃើញ​ច្បាស់​នោះ​គឺ បញ្ហា​ស្បែក ដែល​រុះ​រោយ ស្រពោន​អាប់។ មើលទៅ​លែង​ស្អាត​ស្រស់ ភ្លឺ​ថ្លា​ដូច​ពីមុន រហូត​ធ្វើឱ្យស្ត្រីៗជាច្រើន​នាក់ ត្រូវ​ប្រញាប់​ស្វះស្វែង រិះរក​វិធី​ជាច្រើន មក​មើលថែ​បំប៉ន​ស្បែក​យ៉ាង​ប្រញាប់។ ថ្ងៃនេះ យើង​សូម​នាំយក​គន្លឹះល្អៗ ដែល​ជួយ​បំប៉ន និង​ថែទាំ​ស្បែ​កមុខ ឱ្យ​ស្អាត​ម៉ដ្ឋ​ថ្លា មក​ជម្រាបជូន​ដូចខាងក្រោម​នេះ៖

    -មើលថែទាំ និង​បំប៉ន​ស្បែក​ឱ្យ​សមល្មម ដោយ​ការ​លាប​ឃ្រី​ម​បំប៉ន ដែលមាន​គុណសម្បត្តិ​ជួយ​ពន្យារ​ភាពចុះ​ទ្រុឌទ្រោម​របស់​កោសិកា និង​ស្តារ​សភាព​ស្បែក ដែល​ជ្រាយ​យារ ឱ្យ​ស្មើ​តឹង​ឡើងវិញ ដែលមាន​វីតាមីន​A វីតាមីន​C វីតាមីន​E និង​ខូ​ល​ឡា​ជេន។  ក្រៅពីនេះ គួរ​លាប​ឃ្រី​ម​ការពារ​កម្ដៅថ្ងៃ ដែលមាន​ចំណែក​ផ្សំ​របស់ ម៉​យ

    ស្ជើ​រ៉ា​យ​ហ្ស័​រ និង​សារធាតុ​ពន្យារ​ការកើត​ស្លាកស្នាម ដើម្បី​ជួយ​ការពារ​ការឡើង​ស្រអាប់​ខ្មៅ និង​មិនឱ្យ​កើត​ស្នាម​ជ្រួញ​យារ​នៅលើ​ស្បែក ដោយសារ​ត្រូវ​កម្ដៅថ្ងៃ។

    -សម្អាត​ស្បែ​កមុខ ឱ្យ​ស្អាត​ស្រស់ថ្លា​ជាប់​ជានិច្ច…ដោយសារតែ​ស្ត្រី​ក្នុង​វ័យ ៤០ជាង ភាគច្រើន​តែង​ប្រើ​គ្រឿងសម្អាង បិទបាំង​ស្លាកស្នាម ជាប្រចាំ​រៀងរាល់​ថ្ងៃនោះ  ទើប​ជាហេតុ​ធ្វើឱ្យ​ស្បែក​មើលទៅ​ចុះខ្សោយ និង​ងាយ​កើតមាន​ស្នាម​ជ្រីវជ្រួញ ដូច្នេះ​ដើម្បី​កុំឱ្យ​ស្បែ​កមុខ កាន់​តែមាន​បញ្ហា​ខ្លាំង​ជាង​មុន​នោះ អ្នក​គួរប្រើ​ម្សៅ​មេក​អាប់ ដូចជា ម្សៅ​ទ្រនាប់ ឬ BBឃ្រី​ម សាច់ស្តើង។ បន្ទាប់ពីនោះ ពេល​ត្រឡប់មក​ដល់ផ្ទះ​ហើយ គួរ​ជូត​សម្អាត​ស្បែ​កមុខ ដោយ​ការយក​សំលី​ជ្រលក់​ទឹក​ឃ្លី​ន​ហ្ស៊ី​ង លាង​សម្អាត​គ្រឿងសម្អាង ហើយ​សឹម​ជូត​ចេញ​យ៉ាង​ថ្នមដៃ​បំផុត។

    -គេង​សម្រាក​ឱ្យបាន​គ្រប់គ្រាន់…ព្រោះ​ក្នុងខណ:ដែល​យើង​កំពុង​គេង​លក់ រាងកាយ​នឹង​បញ្ចេញ​សារធាតុ មេ​ឡា​ថូ​នី​ន និង​សារធាតុ​អេ​ន​ដូ​ហ្វ៊ី​ន ដែលមាន​ចំណែក​ជួយ​ធ្វើឱ្យ​ផ្ទៃមុខ ឡើង​ស្រស់ថ្លា​ភ្លឺរលោង និង​មើលទៅ​ក្មេង​ជាង​វ័យ។

    -ទទួលទាន​អាហារ​បំប៉ន​ស្បែក  ដែលមាន​ដូចជា អាហារ​ពពួក​បន្លែ និង​ផ្លែឈើ​ស្រស់​ពណ៌​បៃតង ពណ៌​លឿង និង​ពណ៌​ក្រហម។ ដោយសារតែ​បន្លែ​ផ្លែឈើ​ទាំងអស់នោះ សម្បូរ​ទៅដោយ​វិ​តា​មីន សារធាតុ​រ៉ែ រួមទាំង​សារធាតុ​ប្រឆាំង​សារធាតុ​រ៉ាឌីកាល់​សេរី ធ្វើឱ្យ​ស្បែក​ស្អាត​ស្រស់ថ្លា និង​មាន​ភាពយឺត​តឹង។

    -ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន   ព្រោះ​ការ​ញ៉ាំ​ទឹក មិន​ត្រឹមតែ​ជួយ​ចិញ្ចឹម​ប្រព័ន្ធ​ការធ្វើការងារ​របស់​រា​ង​កាយ ឱ្យ​ប្រក្រតី​នោះទេ វា​នៅ​ហុច​ផល​ល្អ​ដល់​ស្បែក របស់​អ្នក​ទៀតផង។ ជួយ​ពន្យឺត​ភាព​ជ្រួញ​យារ​របស់​ស្បែក ថែមទាំង​ផ្លាស់ប្តូរ​ស្បែក​ចាស់ ដែល​ធ្លាប់តែ​ក្រៀម​ស្វិត ឱ្យ​មើលទៅ​ស្អាត​តឹង​ណែន មាន​សុខ​ភាពល្អ​មិន​ចាញ់​ឃ្រី​ម​បំប៉ន​ស្បែក​តម្លៃថ្លៃៗប៉ុន្មាន​ឡើយ។

    -ចៀសវាង​ពីអ្វី ដែល​ធ្វើឱ្យ​ស្បែក​ក្រៀម​ជ្រួញ​មិន​ស្រស់ថ្លា   ដូចជា​ការ​ដុស​មុខខ្លាំងៗ ការ​ធុញថប់​មួម៉ៅ ការ​ញ៉ាំ​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល និង​កាហ្វេ​អ៊ី​ន ដែលជា​កត្តា​បំផ្លាញ​ភាពស្រស់ថ្លា​របស់​ស្បែក ឱ្យ​ឆាប់​រុះ​រោយ និង​មើលទៅ​ចាស់​ជាង​វ័យ។

    កុំ​រវល់​តែ​ឆ្លុះកញ្ចក់ ហើយ​អង្គុយ​ពិបាក​ចិត្តនឹង​បញ្ហា​ស្បែក​មុខ​តទៅទៀត​អី  ចូរ​នាំគ្នា​មក​ចាប់ផ្តើម​មើលថែ​បំប៉ន​ស្បែក ឱ្យនៅតែ​ស្អាត ចាប់ពី​ថ្ងៃនេះ​តែម្តង ក៏​មិនទាន់​ហួសពេល​ដែរ៕

  • តើ​នារី​កូរ៉េ មើលថែទាំ​ស្បែក​បែបណា បានជា-ស​ភ្លឺ​ថ្លា មាន​សម្រស់​ជាប់​ជានិច្ច?

    តើ​នារី​កូរ៉េ មើលថែទាំ​ស្បែក​បែបណា បានជា-ស​ភ្លឺ​ថ្លា មាន​សម្រស់​ជាប់​ជានិច្ច?

    បើ​មិន​និយាយ​ពី​រឿង​វះកាត់ កែកុន​រូប​សម្ផស្ស និង​ការតុបតែង​មុខ​ស្ទីល​កូរ៉េ ទេនោះ  ការ​មាន​ស្បែក​មុខ​ដ៏​ស​ស្អាត ម៉ដ្ឋខៃ របស់ក្រមុំៗជនជាតិ​កូរ៉េ បានធ្វើឱ្យនារីៗស្រុក​យើង នាំគ្នា​លួច​នឹក​ច្រណែន​មិន​ស្ទើរ​ឡើយ…  ព្រោះ​មិន​ថា​ពួកនាង​ចង់​តុបតែង​មុខ ឬ​តែងខ្លួន​ម៉ូដ​ណាក៏ដោយ ក៏​មើលទៅ​ឃើញ​ស្អាត ស្រស់​ប្រឹម​ប្រី​យ៍​ទាំងអស់​តែម្ដង។ ថ្ងៃនេះ យើង​សូម​នាំយក​គន្លឹះល្អៗ ក្នុងការ​មើលថែទាំ​ស្បែក របស់នារីៗកូរ៉េ មក​ជម្រាបជូន​ដូចខាងក្រោម៖

    -យកចិត្តទុកដាក់ ថែបំប៉ន​ស្បែក យ៉ាង​ពេញទំហឹង

    ដោយ​ការជ្រើសរើស​ប្រើ​ឃ្រី​ម​បំប៉ន​ស្បែក​សម្រាប់​ពេល​ថ្ងៃ និង​ពេលយប់​យ៉ាង​ទៀងទាត់ និង​ជាប់​ជានិច្ច។ ជាពិសេស​សម្រាប់​អ្នក​ដែលមាន​ស្បែក​មុខស្ងួត ឬ​ស្បែ​កមុខ​ដែល​ខ្វះ​ការថែបំប៉ន ចាំបាច់​ត្រូវតែ​ប្រើ​ជំនួយការ ជួយ​បន្ថែម ដូចជា សេរ៉ូម​ថែបំប៉ន​ប្រភេទ​ខាប់ ឬ​ម៉ាស់​ផ្ទៃមុខ មុនពេល​គេង​ជាប្រចាំ ដើម្បី​ជួយ​បង្កើន​សំណើម និង​រក្សា​តុល្យភាព​របស់​ស្បែ​កមុខ។

    -មិន​ធ្វេសប្រហែស ក្នុងការ​លាប​ឃ្រី​ម​ការពារ​កម្ដៅថ្ងៃ

    នេះ​គឺជា​គន្លឹះ​សំខាន់ ក្នុងការ​មើលថែទាំ​ស្បែក ដែលនារីៗកូរ៉េ បានទទួល​ការបណ្តុះបណ្តាល​មក​តាំងពីក្មេង។ សម្រាប់​ការ​លាប​ឃ្រី​ម​ម​ការពារ​ពន្លឺ​ថ្ងៃ មុនពេល​តុបតែង​មុខ​គ្រប់​ពេលនេះ  គឺ​ដើម្បី​ជួយ​ការពារ​ស្បែ​កមុខ មិន

    ឱ្យ​ខ្មៅ​ស្រពោន និង​ស្អាត​ស្រស់ថ្លា​ជាប់​ជានិច្ច  ថែមទាំង​ជួយ​ថែរក្សា​សភាព​ស្បែក​ផ្ទៃមុខ ឱ្យនៅតែ​ស្រស់ស្អាត ភ្លឺរលោង មិន​ចាស់​មុន​អាយុ​ទៀតផង។

    -ប្រើប្រាស់​ផលិតផល ដែលមាន​ចំណែក​ផ្សំ​របស់​សារធាតុ វ៉ៃ​ធេ​ន​នី​ង (Whitening)

    ដើម្បី​ជាការ​ការពារ មិនឱ្យ​ស្បែក​របស់​ផ្ទៃមុខ កើត​ស្នាម​ជាំ​អុច​ខ្មៅ និង​មាន​ភាព​ស្រពោន​ខ្មៅ​នោះ  ក្រមុំៗកូរ៉េ និយម​ប្រើ​ឃ្រី​ម​ថែបំប៉ន​ស្បែ​កមុខ រួមទាំង​គ្រឿង​ថែបំប៉ន​ស្បែក ដែលមាន​សារធាតុ វ៉ៃ​ធេ​ន​នី​ង ដើម្បី​ជួយ​សម្រួល​សភាព​ស្បែក​ឱ្យ​ម៉ដ្ឋ ភ្លឺ​ថ្លា និង​មាន​ភាពជឿជាក់​ក្នុង​ចិត្ត​រៀងរាល់ថ្ងៃ។

    -ធ្វើ​ស្ក្រា​ប់​ផ្ទៃមុខ ខាត់​ស្បែក​ឱ្យ​ស្អាត​ជាប្រចាំ

    ដោយ​ការយក​បន្លែ និង​ផ្លែឈើ​ស្រស់ ដែល​សម្បូរ​ដោយ​វីតាមីន ដែល​ចាំបាច់​ចំពោះ​ស្បែក ដូចជា ផ្លែក្រូច ស្ត្រ​ប៊ើ​រី  គី​វី ឬ​មើម​ការ៉ុត​ជាដើម  ដោយ​អាច​យកមក​កិន​ក្រឡុក រួមជាមួយ​ទឹកដោះគោឆៅ ឬ​ទឹកឃ្មុំ​បន្តិច  ហើយ​យកមក​បំពោក​លើ​ផ្ទៃមុខ ទុកចោល 20នាទី។  ធ្វើជា​ប្រចាំ 1សប្តាហ៍ 3-4ដង  នឹង​ជួយ​ស្តារ​សភាព​ស្បែក​ដែល​ខូច ឱ្យ​ស្អាត​ស្រស់ ថ្លា ដូច​ក្រមុំ​កូរ៉េ តែម្តង។

    -ហាត់ប្រាណ និង​គេង​សម្រាក​ឱ្យបាន​គ្រប់គ្រាន់

    ព្រោះ​ការហាត់​ប្រាណ ក្រៅពី​ជួយ​ឱ្យ​លំហូរ​វិល​របស់​ឈាម​នៅក្នុង​រាងកាយ​ដំណើរ​ការល្អ  ជួយ​ធ្វើឱ្យ​រាងកាយ​មាំមួន​ស្វាហាប់​ឡើង​ហើយ  នៅបាន​បង្កើន​ការ​បន្សាយ​ឈាម ធ្វើឱ្យ​សាច់​ស្បែក បានទទួល​ការជំរុញ​រហូត​មើលឃើញ​ស្រស់ថ្លា ភ្លឺរលោង​ទៀតផង។  ក្រៅពីនេះ នារីៗកូរ៉េ នៅបាន​ប្រើ​គន្លឹះងាយៗក្នុងការ​ថែទាំ​ស្បែក ដោយ​គ្រាន់តែ​គេង​ឱ្យ​លក់ សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ក៏​វា​មាន​ចំណែក​ជួយ ឱ្យ​ប្រព័ន្ធ​ឈាម​រត់ ធ្វើការ​បាន​ប្រក្រតី ធ្វើឱ្យ​ស្បែក​ស្អាត ស្រស់ថ្លា ផូរផង់​ឡើង​បានដែរ។

    -អាហារ ការហូបចុក ក៏​សំខាន់

    អ្នក​ដែល​គិតថា ការ​មាន​ស្បែក​ស្រស់ស្អាត គឺ​បានមកពី​ការ​លាប​ឡេ លាប​ឃ្រី​ម តែ​ម្យ៉ាង​នោះ  ប្រហែលជា​ត្រូវ​ផ្លាស់ប្តូរ​គំនិត​នេះ​ជាថ្មី​ហើយ  ព្រោះក្រមុំៗកូរ៉េ ជឿជាក់ថា បើ​យើង​បានទទួល​ទាន​អាហារ ដែលមាន​ប្រយោជន៍ មាន​វីតាមីន និង​សារជាតិ​អាហារល្អៗដល់​ស្បែក​យ៉ាង​ពេញទំហឹង ដូចជា ទឹកដោះ  តៅហ៊ូ  សាច់​ត្រី  បន្លែ​ស្លឹក​បៃតង និង​ផ្លើ​ឈើផ្សេងៗនោះ វា​មាន​ចំណែក​ជួយ​ឱ្យ​ស្បែក​ស្អាត​ភ្លឺ​ថ្លា ចេញពី​ខាងក្នុង​មក​បាន​ដូចគ្នា​ដែរ។

    ថាៗទៅ គន្លឹះ​ក្នុងការ​មាន​ផ្ទៃមុខ​ស្រស់ស្អាត​ភ្លឺ​ថ្លា បែប​ក្រមុំ​កូរ៉េ មិនមាន​អ្វី​ពិបាក​ដូចដែល​មនុស្ស​ជាច្រើន​គិត​នោះឡើយ  គ្រាន់តែ​យើង យកចិត្តទុកដាក់ និង​មើលថែទាំ​ស្បែក​ឱ្យបាន​ច្រើន លើសពី​អ្វីដែល​យើង​ធ្លាប់តែ​ខ្ជិល ឬ​ខ្វះ​ការថែបំប៉ន​ស្បែក យូរ​រាប់​ខែ​មកហើយ​នោះ តែ​បន្តិច​ប៉ុណ្ណោះ។  សូម​នាំគ្នា​សាកល្បង បែរមក​មើលថែទាំ​ស្បែក និង​រាងកាយ​ចាប់តាំងពី​ថ្ងៃនេះ​តែម្តង ក៏​មិនទាន់​ហួសពេល​ដែរ​ចា៎ស៕

  • សហ​ម្ចាស់​ក្លិប ManU ចង់​លក់​ក្លិប​ចេញ កុំឱ្យ​ខាត​ទាន់

    សហ​ម្ចាស់​ក្លិប ManU ចង់​លក់​ក្លិប​ចេញ កុំឱ្យ​ខាត​ទាន់

    ក្រោយ​បរាជ័យ​ក្នុងការ​ចូលរួម​លេង​នៅ​លី​ក​ថ្មី European Super League ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្លិប​បិសាច​ក្រហម Manchester United លោក Joel និង Avram Glazer ពិតជា​ខកចិត្ត​យ៉ាងខ្លាំង និង​កំពុងមាន​គម្រោង​ដាក់លក់​ក្លិប​នៅ Premier League មួយ​នេះ​ប្រសិនបើ​មាន​សំណើ​សមរម្យ​ណាមួយ​នោះ។

    ក្នុងនោះ​បើតាម​គេហទំព័រ The Mirror បានឱ្យដឹងថា លោក Joel និង Avram Glazer គ្រោង​នឹងដាក់​លក់​ក្លិប Man UTD ក្នុង​ចំនួន​ទឹកប្រាក់ 4ពាន់​លាន​ផោន (ឬ​ប្រមាណ 5.5ពាន់​លាន​ដុល្លារ)ុ។

    គួរឱ្យ​ដឹង​ដែរ​ថា ដោយសារតែ​កូ​វីដ-19 ទើប​ធ្វើឱ្យ​ក្លិបធំៗជាច្រើន​នៅ​អឺរ៉ុប ហាក់​រារែក​ចិត្ត​នៅក្នុង​ការដឹកនាំ និង​វិនិយោគ​បន្ថែម​ទៅលើ​ក្លិប​របស់​ពួកគេ ដោយសារតែ​មិនអាច​ទាញយក​ផលចំណេញ​មកវិញ​បាន​គ្រប់គ្រាន់​ហ្នឹងឯង៕