Author: ធឿន មករា

  • ពាក់កណ្តាលខែកក្កដានេះ សាំងធម្មតាឡើងថ្លៃ 150រៀលបន្ថែមទៀត

    ពាក់កណ្តាលខែកក្កដានេះ សាំងធម្មតាឡើងថ្លៃ 150រៀលបន្ថែមទៀត

    ក្រោយពី​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 បានកើត​ឡើង ធ្វើឱ្យ​តម្លៃ​ប្រេង​នៅលើ​ពិភពលោក​បាន​ដាំ​ក្បាល​ចុះ​យ៉ាងខ្លាំង តែមួយ​រយៈពេល​នេះ តម្លៃ​ប្រេង​ហាក់​ឡើងថ្លៃ​មកវិញ​បន្តិចម្តងៗ បន្ទាប់ពី​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​បានកើត​ឡើង​មួយរយៈ​មក។

    សម្រាប់​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ដើមខែ រហូតដល់​ពាក់កណ្តាល​ខែកក្កដា​នេះ​ក៏មាន​ការឡើង​ថ្លៃ​ទៅតាម​ទីផ្សារ​អន្តរជាតិ​ដែរ។ បើតាម​ការបញ្ជា​ក់រប​ស់​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ផ្អែក​តាម​តម្លៃ​ជា​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ពីថ្ងៃ​ទី 01 ដល់​ថ្ងៃទី15 ខែកក្កដា ឆ្នាំ2020 នឹងត្រូវ​លក់​ក្នុងតម្លៃ 3,160រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​សាំង​ធម្មតា EA92 និង 2,899រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​ម៉ា​ស៊ូ​ត។

    ដើម្បី​សម្រួល​ដល់​ជីវភាព​ប្រជាជន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​បាន​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន 4សេន​ដុល្លារ​ក្នុង​មួយ​លីត្រ ដែល​ធ្វើឱ្យ​តម្លៃ​លក់រាយ​ក្នុង​រយៈពេល​នេះ​ចុះមក​នៅត្រឹម 3,000រៀល​សម្រាប់​សាំង​ធម្មតា និង 2,700រៀល​សម្រាប់​ម៉ា​ស៊ូ​ត។

    តម្លៃ​នេះ​មានការ​កើនឡើង​ប្រមាណ 150រៀល​ក្នុង​មួយ​លីត្រ​ចំពោះ​សាំង​ធម្មតា EA92 និង​ឡើងថ្លៃ​ចំនួន 100រៀល​ក្នុង​មួយ​លីត្រ​ចំពោះ​ប្រេងម៉ាស៊ូត បើ​ប្រៀបធៀប​នឹង​រយៈពេល 15ថ្ងៃមុន​គិត​ចាប់ពី​ថ្ងៃទី 15 ដល់​ថ្ងៃទី 30ខែមិថុនា ឆ្នាំ2020៕

  • ទូរស័ព្ទ 5G តម្លៃធូរថ្លៃ សមរម្យ របស់ Samsung គឺ Galaxy A42 ឆ្នាំ2020

    ទូរស័ព្ទ 5G តម្លៃធូរថ្លៃ សមរម្យ របស់ Samsung គឺ Galaxy A42 ឆ្នាំ2020

    Galaxy A42 5G បើទោះជា​នៅពេលនេះ គេ​នៅ​មិនទាន់​ដឹង​ព័ត៌មាន​ច្រើន​អំពី​វា​នៅឡើយ​ក៏ដោយ ប៉ុន្តែ​គេ​បានដឹងថា វា​នឹងមាន​អង្គ​ផ្ទុក​ទំហំ​ដល់​ទៅ 128GB កើនឡើង​ទ្វេដង បើ​ធៀប​នឹង Galaxy A41 ដែលមាន​ទំហំ 64GB មាន​ជម្រើស​ពណ៌​ប្រផេះ ពណ៌​ខ្មៅ និង​ពណ៌​ស ។

    អ្វីដែល​ពិសេស​នោះ​គឺ ឆ្នាំ​ក្រោយនេះ Samsung នឹង​បញ្ចេញ​លក់ A42  ជា​ស្មា​ត​ហ្វូ​ន 5G តម្លៃ​ធូរ​ថ្លៃ​ជាងគេ​ថ្មី​មួយ ក្នុងចំណោម​ស្មា​ត​ហ្វូ​ន 5G របស់ Samsung។ Samsung បានចាប់ផ្ដើម​អភិវឌ្ឍ​ស្មា​ត​ហ្វូ​ន Galaxy A ជាមួយ​ការគាំទ្រ​សេវា 5G សម្រាប់​ឆ្នាំ2021 ដែល​ក្នុង​នោះគេ​បានដឹងថា វា​មាន​លេខ​កូដ SM-A426B ដែល​អាចជា Galaxy A42 សេវា 5G ហើយ​ក្រៅពីនោះ ក្រុមហ៊ុន​ក៏បាន​បង្ហាញ​ចេញ​ស្មា​ត​ហ្វូ​ន 5G តម្លៃ​ធូរ​ថ្លៃ​ផ្សេងទៀត ដូចជា Galaxy A51 និង Galaxy A71 ផងដែរ។

    រំឭក​ដែរ​ថា Samsung បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន 5G ដំបូង​គេ ជាមួយ​ម៉ូ​ដែល Galaxy S10 5G ហើយ​បាន​បន្ត​ចេញ Galaxy Note 10 5G ជាមួយ​ត្រកូល Galaxy S20 ទាំង 3ម៉ូ​ដែល ដែល​សុទ្ធតែ​គាំទ្រ​សេវា 5G ទាំងអស់៕

  • TikTok និង WeChat ជាកម្មវិធីមួយ ក្នុងចំណោម 59កម្មវិធី ដែលជាប់ឈ្មោះក្នុង Blacklist ឈប់ឱ្យប្រើនៅ ឥណ្ឌា

    TikTok និង WeChat ជាកម្មវិធីមួយ ក្នុងចំណោម 59កម្មវិធី ដែលជាប់ឈ្មោះក្នុង Blacklist ឈប់ឱ្យប្រើនៅ ឥណ្ឌា

    យ៉ាងហោចណាស់ ក៏មាន​កម្មវិធី​ចំនួន 59ដែរ  ដែល​នឹងត្រូវ​ប្រកាស​ឱ្យ​ឈប់​ប្រើប្រាស់​នៅ​ប្រទេស​ឥណ្ឌា ក្នុងនោះ​ក៏មាន TikTok និង WeChat ផងដែរ។

    ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​ឥណ្ឌា​បាន​លេចមុខ និង​ក្លាយជា​អ្នក​ច្នៃប្រឌិត​ឈានមុខ​គេ នៅពេល​និយាយ​ពី​ការ​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា និង​ជាទី​ផ្សារ​ចម្បង​នៅក្នុង​លម្ហ​ឌីជីថល។

    តែថ្មីៗនេះ ក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ប្រទេស​ឥណ្ឌា បានធ្វើការ​ហាមឃាត់ ឈប់​ឱ្យប្រើ​ប្រាស់​កម្មវិធី​ទូរស័ព្ទ​ចំនួន 59កម្មវិធី ដែលមាន​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​ប្រព័ន្ធ​ប្រតិបត្តិការ iOS ក្រោយពី​ពិនិត្យឃើញថា មានគុណ​វិបត្តិ​ជាច្រើន ពាក់ព័ន្ធ​នឹង​កម្មវិធី​ទាំងអស់នេះ ដែល​ភាគច្រើន​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​សម្រាប់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ដើម្បី​បម្រើ​ផលប្រយោជន៍​ឱ្យ​ក្រុមហ៊ុន​ពួកគេ​តែប៉ុណ្ណោះ ហើយ​ម្យ៉ាងទៀត កម្មវិធី​នេះ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល ក៏ដូចជា​សិទ្ធិ​ថ្នាក់ដឹកនាំ ក្នុងការ​លួច​ទាញយក​ទិន្នន័យ​ទៀតផង។

    នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក៏​ទើបតែ​បាន​ផ្សព្វផ្សាយ​កាលពី​សប្ដាហ៍​កន្លងទៅ​ដែរ ទាក់ទង​នឹង​កម្មវិធី Tiktok ដែល​បាន​ទាញយក​ទិន្នន័យ​ឯកជន​ភាព​ពី Clipboards របស់​អ្នកប្រើប្រាស់​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ពួកគេ។ ការទាញយក​ទិន្នន័យ​នេះ គឺជា​ការរំលោភ​សិទ្ធិ​បុគ្គល​យ៉ាងធ្ងន់ធ្ងរ ព្រោះ​ទិន្នន័យ​ដែល​ពួកគេ​ទាញយក​នោះ​អាចជា លេខ​សម្ងាត់ ឬ​លេខ​គណនី​ដែលនាំឱ្យ​មានការ​ជ្រៀតចូលផ្សេងៗទៀត​ដោយ​ពុំមាន​ការអនុញ្ញាត។

    ដើម្បី​ចៀសវាង​ការ​លួច​ទាញយក​ទិន្នន័យ​ពី​កម្មវិធី​ណាមួយ​នោះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​លោកអ្នក​ទាញយក​តែ​កម្មវិធី​ណា​ដែល​លោកអ្នក​ត្រូវការ ហើយ​លុប​កម្មវិធី​ទាំងនោះ​ចោល​វិញ នៅពេលដែល​លោកអ្នក​ឈប់​ប្រើប្រាស់ ព្រោះ​កម្មវិធី​ខ្លះ នៅតែមាន​ដំណើការ​រហូត បើទោះជា​លោកអ្នក​ឈប់​ប្រើ​វា​ហើយ​ក៏ដោយ៕

    ប្រភព៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

  • ស្ត្រីមានគភ៌ញៀនកាហ្វេ គួរធ្វើយ៉ាងណាទៅ?

    ស្ត្រីមានគភ៌ញៀនកាហ្វេ គួរធ្វើយ៉ាងណាទៅ?

    ស្រ្តីជាច្រើននាក់ញៀនកាហ្វេ ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនជាប្រចាំនោះ ត្រូវតែញ៉ាំរាល់ថ្ងៃ ថ្ងៃណាមិនបានញ៉ាំនឹងមានអាការមួម៉ៅ ឈឺក្បាល មិនស្រួលខ្លួនជានិច្ច តែនៅពេលមានផ្ទៃពោះ តើគួរធ្វើយ៉ាងម៉េចស្រួលទៅ?

    ទោះជាស្រ្តីមានគភ៌ជាច្រើននាក់អាចញ៉ាំអាហារបានដូចប្រក្រតីមែន តែនៅក្នុងអាហារមួយចំនួន វាចាំបាច់ណាស់ដែលត្រូវចៀសវាងដើម្បីវិវឌ្ឍនាការ និងសុខភាពរបស់កូនតូចនៅក្នុងផ្ទៃ ព្រោះអាហារដែលអ្នកម្តាយញ៉ាំចូលទៅនោះនឹងត្រូវបានបញ្ជូនទៅដល់កូនតូចក្នុងគភ៌ផងដែរ។

    ទោះជានៅមិនទាន់មានលទ្ធផលសរុបពីការស្រាវជ្រាវដែលអះអាងច្បាស់លាស់ថា ជាតិកាហ្វេអ៊ីននៅក្នុងភេសជ្ជៈ ឬកាហ្វេមានផលប៉ះពាល់ដល់កូនជីវិតនៅក្នុងគភ៌ ឬក៏អត់មែនក៏ដោយ តែបរិមាណដែលច្រើនជ្រុលពេក អាចបង្កើនភាពប្រថុយប្រថានដល់បញ្ហាសុខភាពរបស់កូនតូចក្នុងគភ៌អ្នកម្តាយបាន ដូចជា ផលប៉ះពាល់ដល់សរសៃឈាម និងប្រព័ន្ធបេះដូង ជាដើម។ លោកគ្រូពេទ្យតែងណែនាំឱ្យចៀសវាង ឬកំណត់បរិមាណឱ្យតិចបំផុត។

    ស្រ្តីមានគភ៌អាចនឹងកំណត់បរិមាណកាហ្វេអ៊ីនក្នុងភេសជ្ជៈមិនឱ្យលើស 200 មីល្លីក្រាមក្នុងមួយថ្ងៃ ដែលបើសិនជាស្រ្តីមានគភ៌ចង់ញ៉ាំ ក៏អាចញ៉ាំបានបន្តិចបន្តួចដែរ និងមិនគួរញ៉ាំជាប្រចាំរាល់ថ្ងៃឡើយ តែដើម្បីក្តីសប្បាយចិត្តរបស់ម្តាយ និងវិវឌ្ឍនាការរបស់កូននៅក្នុងផ្ទៃ ស្រ្តីមានគភ៌ទាំងឡាយគួរតែតមភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬកាហ្វេក្នុងអំឡុងពេលមានគភ៌ និងបំបៅដោះកូន។

    ស្រ្តីមានផ្ទៃពោះដែលញៀនកាហ្វេ តើត្រូវជ្រើសរើសញ៉ាំភេសជ្ជៈបែបណាល្អ?

    – ញ៉ាំទឹកផ្លែឈើ 100% គ្មានជាតិស្ករ ជាទឹកផ្លែឈើដែលច្របាច់ស្រស់ៗថ្មីៗ ព្រោះនឹងបានទទួលសារធាតុអាហារពីផ្លែឈើដោយត្រង់ តែគួរជ្រើសរើសផ្លែឈើដែលស្រស់ ស្អាត និងមិនចាំបាច់ប្រើស្ករឡើយ។

    – ទឹកពិសាបរិសុទ្ធជាភេសជ្ជៈដែលមានប្រយោជន៍បំផុត គួរញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យរាងកាយបានទទួលភាពស្រស់បស់ និងអារម្មណ៍ស្រស់ថ្លា។

    – ជ្រើសរើសញ៉ាំទឹកដោះដែលមានសារធាតុអាហារពីធម្មជាតិ ដូចជា ទឹកដោះពពែ ដែលមាន Omega 3, 6, 9 DHA និងAHA ដែលក្រៅពីគ្មានជាតិកាហ្វេអ៊ីនហើយ នៅជួយបង្កើនកាល់ស្យូម និងផ្តល់នូវសារធាតុអាហារ បំប៉នខួរក្បាល ប្រព័ន្ធប្រសាទ និងអភិវឌ្ឍការរីកចម្រើនធំធាត់ដល់កូនតូចនៅក្នុងគភ៌ទៀតផង។

    បើស្រ្តីមានគភ៌ចង់ផ្តាច់កាហ្វេ អាចនឹងបន្ថយបរិមាណចុះម្តងបន្តិចៗ រហូតដល់ផ្តាច់បាននៅទីបំផុត ព្រោះបើតម ឬផ្តាច់ឈប់ញ៉ាំភ្លាមតែម្តងនោះ អាចនឹងធ្វើឱ្យមានអាការឆាប់មួម៉ៅ មានផលមិនល្អដល់អារម្មណ៍របស់ខ្លួនឯង និងសុខភាពផ្លូវចិត្តរបស់កូននៅក្នុងផ្ទៃបាន៕

  • វិស័យទេសចរណ៍ងើបឡើងបន្តិច បន្ទាប់ពី Covi-19 ស្ងប់ស្ងាត់បន្តិច

    វិស័យទេសចរណ៍ងើបឡើងបន្តិច បន្ទាប់ពី Covi-19 ស្ងប់ស្ងាត់បន្តិច

    មួយរយៈពេលនេះ ដោយសារតែបញ្ហាការរីករាលដាល់នៃជំងឺ Covid-19 បានធ្វើឱ្យវិស័យទេសចរណ៍បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅកម្ពុជា។ ទោះជាយ៉ាងនេះក្តី ចាប់ពីខែឧសភា​មក វិស័យដ៏មានសារៈសំខាន់នេះចាប់ផ្តើមងើបឡើងវិញគួរឱ្យគាត់សម្គាល់​ដែលវាជាសញ្ញាណវិជ្ជមានមួយសម្រាប់អ្នករកស៊ី និងបុគ្គលិកក្នុងវិស័យទេសចរណ៍។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រោយវិស័យទេសចរណ៍​កម្ពុជា​ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារបញ្ហាវិបត្តិជំងឺ Covid-19 នៅខែឧសភានេះ​យើងសង្កេតឃើញមានសញ្ញាណវិជ្ជមានមួយចំនួនកើតឡើង។ ឯកឧត្តមថា ក្នុងរយៈពេល 3សប្តាហ៍ខែមិថុនានេះ មានភ្ញៀវទេសចរ​ជាង 45ម៉ឺននាក់ចេញដើរទស្សនានៅទូទាំងប្រទេស ដែលវាមានកំណើន​ប្រមាណ 7.24% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងខែឧសភា។

    ឯកឧត្តមសន្និដ្ឋានថា ចលនាទេសចរក្នុងស្រុកនឹងមានកំណើនឡើងវិញលឿនជាង ការត្រឡប់មកវិញ នៃភ្ញៀវទេសចរអន្តរជាតិ ព្រោះពិភពលោកនៅតែមានវិធានការរឹតបណ្តឹងការធ្វើដំណើរ។ បច្ចុប្បន្ននេះ យើងបានទទួលព័ត៌មានអំពីគោលបំណងបើកឱ្យមានការធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅតាមបណ្តារប្រទេសមួយចំនួន ខណៈប្រទេសខ្លះបានសម្រេចឱ្យបើករួចទៅហើយ តែសម្រេចឱ្យបិទទៅវិញភ្លាមៗ ដោយសារតែមានការចម្លងថ្មីកើតឡើងវិញ៕

  • ក្រសួងថាសូមប្រុងប្រយ័ត្ន ចំពោះបញ្ហាអាកាសធាតុនៅដើមខែកក្កដាខាងមុខនេះ

    ក្រសួងថាសូមប្រុងប្រយ័ត្ន ចំពោះបញ្ហាអាកាសធាតុនៅដើមខែកក្កដាខាងមុខនេះ

    ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងឱ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រុងប្រយ័ត្នចំពោះបញ្ហាអាកាសធាតុ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានឡើង​ចាប់ពីថ្ងៃទី01 ដល់ថ្ងៃទី 07ខែកក្កដា ឆ្នាំ2020ខាងមុខនេះ។

    ក្រសួងបញ្ជាក់ថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ខ្លាំង ជាមួយនឹងជ្រលងនៃប្រព័ន្ធ សម្ពាធទាបបង្កើនឥទ្ធិពលលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឱ្យ ៖

    1. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
      – សីតុណ្ហភាពអប្បបរមាមានពី 26-27°C
      – សីតុណ្ហភាពអតិបរមាមានពី 29-31°C ។
      នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ខ្លាំង។
    2. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
      – សីតុណ្ហភាពអប្បបរមាមានពី 22-24°C
      – សីតុណ្ហភាពអតិបរមាមានពី 28-30°C ។
      នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន។
    3. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖
      – សីតុណ្ហភាពអប្បបរមាមានពី 25-27°C
      – សីតុណ្ហភាពអតិបរមាមានពី 27-29°C ។
      នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់៕
  • បំណុលច្រើន ឱកាសក៏ច្រើន បើបំណុលនោះត្រឹមត្រូវមិនខ្ជះខ្ជាយ

    បំណុលច្រើន ឱកាសក៏ច្រើន បើបំណុលនោះត្រឹមត្រូវមិនខ្ជះខ្ជាយ

    កាលពីមុន អ្នកជំពាក់លុយគេភាគច្រើនគេសំគាល់ថាជាអ្នកក្រ ឬជាមនុស្សលំបាកលំបិនជាដើម តែបច្ចុប្បន្ននេះ អ្នកមានកាន់តែខ្លាំង មានបំណុលកាន់តែធំដូចគ្នា។ ហេតុនេះ ការមានបំណុលមិនប្រាកដថាសុទ្ធតែរឿងមិនល្អនោះទេ តែចាំបាច់បំណុលនោះជាបំណុលល្អ មិនមែនខ្ចីលុយគេមកចាយវាយខ្ជះខ្ជាយនោះទេ។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានលើកឡើងថា នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន កុំសួរលោកពីក្បួនដោះបំណុល។ គួរតែសួរលោកពីវិធីដែលអាចបង្កើនបំណុលដើម្បីពង្រីកឱកាសវិញល្អជាង។ ជាទូទៅបំណុលកាន់តែច្រើន កាន់តែប្រសើរប្រសិនបើនោះជាបំណុលល្អ។ សេដ្ឋីប្រាក់លានអាចមានបំណុលរាប់លានដុល្លា។ មហាសេដ្ឋីអាចមានបំណុលរាប់ពាន់លានដុល្លា។ បំណុលជាគ្រាប់ពូជដ៏សំខាន់ចេញពីហោប៉ៅអ្នកដទៃដែលម្នាក់ៗត្រូវប្រើប្រកបដោយការទទួលខុសត្រូវ និងបញ្ញា។ បុគ្គលដែលចង់ដោះបំណុលមានន័យថាបំណុលមិនមានសុខភាពល្អនោះទេ។ នោះអាចមកពីមូលហេតុ៣យ៉ាង៖

    1. ប្រើបំណុលខុសគោលដៅដែលមិនបំរើអោយសកម្មភាពរកប្រាក់ចំណេញ។
    2. បរាជ័យក្នុងអាជីវកម្មឬការវិនិយោគ។
    3. ខ្ចីបំណុលច្រើនហួសលទ្ធភាព៕
  • ខ្ជិលធ្វើការហើយចង់ក្លាយជាអ្នកមានឆាប់ជាដើមហេតុដែលធ្វើឱ្យយើងក្លាយជាមនុស្សងាយបោកប្រាស់

    ខ្ជិលធ្វើការហើយចង់ក្លាយជាអ្នកមានឆាប់ជាដើមហេតុដែលធ្វើឱ្យយើងក្លាយជាមនុស្សងាយបោកប្រាស់

    បច្ចុប្បន្ននេះ យើងឃើញមាន​មនុស្សល្បីល្បាញជាច្រើនក្នុងបណ្តាញសង្គម​ដែលកំពុងទទួលបានការចាប់អារម្មណ៍​ផ្នែកទ្រព្យសម្បត្តិលើសលប់ មានរថយន្តទំនើបរាប់សិបម៉ឺនដុល្លារ និងចែកលុយចែកកាក់ច្រើនគ្រប់ទិសទីជាដើម។

    គំរូនៃបុគ្គលមួយចំនួន បានជំរុញឱ្យអ្នកទស្សនាជាច្រើនច្រណែន និងចង់ក្លាយជាអ្នកមានបានឱ្យបានឆាប់រហូតលង់ខ្លួនហក់លោតចូលអាជីវកម្ម​អនឡាញ ក៏ដូចជា​ធ្វើគ្រប់បែបយ៉ាងដើម្បីភាពមានបាន និង​ដើម្បីក្លាយជាមនុស្សដែលមានទ្រព្យហូរហៀរ ខណៈ​អ្នកដែលយើងឃើញខ្លះមិនមែនជារូបភាពពិតនោះទេ។ អ្នកខ្លះបានឆ្លៀតឱកាសនេះបានប្រើប្រាស់រូបភាពសម្ភារៈនិយម ដើម្បីធ្វើជាធ្នាក់សម្រាប់ឃោសនាបោកប្រាស់ឱ្យមានប្រជាជនដែលចង់ក្លាយជាអ្នកមានឆាប់ ដាក់ទុនរកស៊ី រហូតដល់អ្នកខ្លះលង់ខ្លួន​ខាតបង់​ទាំងទ្រព្យសម្បត្តិ និងកិត្តិយសក៏មាន។

    លោក គីម ដារ៉ា ស្ថាបនិក​ស្ថាប័នបណ្តុះបណ្តាល Start Up Cambodia បានលើកឡើងថា គេដឹងថាគ្រប់គ្នាសុទ្ធតែ​ចង់មានចង់បានដោយភ្ជាប់លក្ខខណ្ឌមិនចង់ធ្វើការច្រើន។ ហេតុនេះការឃោសនា​ដែលគួរឱ្យ​ទាក់ទាញបំផុត គឺវិធីសាស្រ្តក្លាយជាអ្នកមាន គ្រាន់តែគិតក៏មាន ចំណាយទុនតិចចំណេញច្រើនជាដើម។ លោកថា តាមពិតទៅបើស្រួលបែបនេះមែនគ្មានអ្នកក្រនោះទេ។ ហេតុនេះគួរតែប្រឈមជាមួយការពិតថា បើចង់មានបាន អ្វីដែលត្រូវលះបង់មុនគេគឺភាពខ្ជិល ហើយតាំងចិត្តថាមិនខ្លាចហត់៕

  • មូលហេតុ 5 យ៉ាងរបស់ការលែងលះ

    មូលហេតុ 5 យ៉ាងរបស់ការលែងលះ

    បើសេចក្តីស្នេហារបស់អ្នកចាប់ផ្តើមឡើងយ៉ាងស្រស់ស្អាត រៀបការគ្នា និងរស់នៅយ៉ាងរីករាយល្អូកល្អឹន តែឥលូវបែរជាកំពុងជិតបញ្ចប់ទៅវិញដោយការលែងលះនោះ ខាងក្រោមនេះគឺជា មូលហេតុសំខាន់ៗដែលធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកបរាជ័យ ៈ

    1 – ការផឹតក្បត់

    រឿងដំបូងគេប្រហែលជាគេចមិនផុតពីការផឹតក្បត់នេះទេ។ ការដែលមនុស្សម្នាក់ចែកបេះដូងទៅឱ្យមនុស្សម្នាក់ទៀតនោះ នៅពេល​វាទៅជាដូច្នោះ ប្រាកដណាស់ថា សេចក្តីស្រឡាញ់ ភាពស្មោះត្រង់បានថយចុះ ឬសឹងតែគ្មាននៅសល់តែម្តងក៏អាចថាបានដែរ ធ្វើឱ្យសេចក្តីស្នេហាដែលតឱ្យខំនាំគ្នាកសាងមកយូរយារប៉ុនណាក៏ដោយ ក៏ត្រូវតែដួលរលំខ្ទេចខ្ទីអស់ដែរ ទោះជាមានហេតុផលនិងភាពចាំបាច់ចំពោះការផឹតក្បត់នេះឬអត់ក៏ដោយ។

    2 – ភាពខុសគ្នា

    ចាប់ផ្តើមស្នេហ៍ដំបូង អ្នកអាចនឹងខំតាំងចិត្តកែសម្រួលខ្លួន កែសម្រួលស្ថានភាពរបស់ខ្លួន កែសម្រួលទស្សនគតិឱ្យដូចគ្នា ឱ្យចូលគ្នា ដើម្បីឱ្យជីវិតគូរបស់អ្នកចូលគ្នាបាន និងទៅជាមួយគ្នាឱ្យបានល្អ តែបើសិនជាការកែសម្រួលខ្លួនទាំងនោះជាការបង្ខំចិត្តខ្លួនឯងនោះ ថ្ងៃណាមួយចរឹតពិត គំនិតដែលជារបស់អ្នកពិតប្រាកដនោះ វានឹងត្រឡប់មកវិញ ហើយនៅពេលនោះឯង ធ្វើឱ្យមិនថាអ្នកត្រូវ

    គិតពីរឿងអ្វី រឿងតូច រឿងធំនោះទេ វានឹងក្លាយជារឿងដែលអ្នកយល់ខុសពីគ្នាយ៉ាងស្រឡះតែម្តង។

    3 – រឿងលុយកាក់

    ព្រោះតែលុយកាក់មានន័យពីការដែលត្រូវចាយវាយ រស់នៅប្រចាំថ្ងៃ ដូច្នេះបើលុយកាក់ក្លាយជាបញ្ហារបស់គូស្នេហ៍របស់អ្នកនៅពេលណាមួយនោះ ប្រហែលមិនមែនជារឿងពិបាកឡើយដែលវានឹងធ្វើឱ្យអ្នកមិនត្រូវចិត្តគ្នា អាចនឹងដោយសារតែរឿងដែល ខាងណាម្នាក់មិនរកប្រាក់ដើម្បីចាយវាយ ធ្វើឱ្យម្ខាងទៀតត្រូវពិបាកខំប្រឹងប្រែងប្រវេប្រវារកលុយតែម្នាក់ឯង ឬខាងណាម្នាក់ធ្លាប់ជាអ្នកមានបានពីមុន រហូតដល់ថ្ងៃដែលប្រាក់ចាប់ផ្តើមស្រកចុះជាបណ្តើរៗនោះ វាប្រៀបដូចជាក្តីស្នេហាក៏ស្រកអស់ទៅតាមនោះអ៊ីចឹងដែរ។

    4 – ខ្វះការទំនាក់ទំនង ឆ្លើយឆ្លងគ្នា

    ការទំនាក់ទំនងឆ្លើយឆ្លងគ្នាគឺជាកូនសោរសំខាន់សម្រាប់សម្ព័ន្ធភាពរបស់គូស្នេហ៍ ការខ្វះការទំនាក់ទំនងឆ្លើយឆ្លងដ៏ស័ក្តិសមត្រឹមត្រូវអាចនាំទៅរកការចុះខ្សោយរបស់សម្ព័ន្ធភាពស្នេហ៍រវាងអ្នកទាំងពីរ និងជាមូលហេតុធ្វើឱ្យកើតការយល់ច្រឡំបាន។ គូស្នេហ៍អាចចាប់ផ្តើមបែរខ្នងដើរចេញពីគ្នា និងអាចមានការគិតដល់រឿងការលែងលះឡើងបានទៀតផង បើសិនគូស្នេហ៍នោះគ្មានការទំនាក់ទំនងឆ្លើយឆ្លងគ្នាយ៉ាងមានប្រសិទ្ធភាពនោះ។

    5 – គោលដៅក្នុងជីវិតដែលមិនដូចគ្នា

    គោលដៅក្នុងជីវិតរបស់គូស្វាមីភរិយាដែលមិនដូចគ្នា អាចនឹងនាំមកនូវភាពទាស់ទែងបានយ៉ាងងាយ ភរិយាចង់ឱ្យស្វាមីជួយការងារផ្ទះ និងជួយមើលថែទាំចិញ្ចឹមកូន តែស្វាមីបែរជាមើលឃើញថា រឿងនោះជាតួនាទីរបស់ភរិយា។ នៅពេលម្នាក់ៗនឹកសង្ឃឹមឱ្យតែគេកែសម្រួលខ្លួន ហើយបើនៅទីបំផុតគ្មាននរណាសុខចិត្តលះបង់ ឬគិតតែពីសម្លឹងមើលថាអ្នកម្ខាងទៀតអត្មានិយមនោះ នឹងធ្វើឱ្យកើតការឈ្លោះទាស់ទែងបានយ៉ាងងាយ សម្ព័ន្ធភាពស្វាមីភរិយាអាចរង្គោះរង្គើបាន។

    ដូច្នេះគូស្នេហ៍ណា ដែលនៅតែចង់ឱ្យសេចក្តីស្នេហាស្រស់ស្អាតដូចដែលធ្លាប់ស្រមៃទុកតាំងពីដំបូងនោះ ក៏សុំឱ្យប្រើសតិស្មារតី ប្រើប្រាស់សេចក្តីស្នេហាឱ្យដូចកាលពីពេលជួបគ្នាដំបូង ឱ្យដូចថ្ងៃដែលធ្លាប់បានសន្យានឹងគ្នា ដើម្បីឱ្យសេចក្តីស្នេហារបស់អ្នកគង់វង្សស្ថិតស្ថេរបានយូរអង្វែង មិនកើតការលែងលះជាចំណុចបញ្ចប់របស់អ្នកទាំងពីរ៕

  • ឆ្លងមេរោគហើយជាង 10លាននាក់ តែ WHO ថា ចំណុចអាក្រក់បំផុត នៅមិនទាន់មកដល់ទេ និងត្រៀមបញ្ជូនក្រុមអ្នកជំនាញទៅចិន រកប្រភពកំណើតវីរុស…

    ឆ្លងមេរោគហើយជាង 10លាននាក់ តែ WHO ថា ចំណុចអាក្រក់បំផុត នៅមិនទាន់មកដល់ទេ និងត្រៀមបញ្ជូនក្រុមអ្នកជំនាញទៅចិន រកប្រភពកំណើតវីរុស…

    6ខែ រាប់ចាប់ពីមានការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រទេសថ្មី ឬកូវីដ-19 មក ពិភពលោកនៅតែស្ថិតនៅឆ្ងាយពីពាក្យថា “ចប់” និងចំណុចអាក្រក់បំផុត ថែមទាំងមិនទាន់មកដល់ទៀតផង…នេះបើតាមរយៈការដាស់តឿនរបស់អង្គការសុខភាពពិភពលោក ឬ WHO កាលពីថ្ងៃចន្ទ(ទី29មិថុនា)ម្សិលមិញ និងថែមទាំងបានបង្ហើបឱ្យដឹងទៀតថា កំពុងតែត្រៀមបញ្ជូនក្រុមការងារទៅប្រទេសចិន ដើម្បីស្វែងរកដើមកំណើតរបស់ជំងឺរាតត្បាតដ៏ធំមួយនេះ។

    ក្រោយឆ្លងកាត់បង្គោលជោគជ័យដ៏គួរឱ្យសោកសង្រេង ដែលចំនួនអ្នកស្លាប់បានកើនដល់ 500,000នាក់ និងឆ្លងមេរោគហក់ឡើងលើស 10លាននាក់ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ​នេះគឺជាអំឡុងពេលដែលត្រូវបង្កើនភាពពុះពារព្យាយាមក្នុងការតស៊ូ ដើម្បីការពារអាយុជីវិតមនុស្សជាតិ។

    លោក ថេដ្រូស អាត់ហាណូម ហ្គេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងការថ្លែងការណ៍ពីចម្ងាយមួយថា “6ខែមុន ប្រហែលជាគ្មានអ្នកណានឹកស្រមៃឃើញថា ពិភពលោករបស់យើង និងវិថីជីវិតរបស់យើង នឹងត្រូវបានគ្រវែងចូលទៅរកភាពច្របូលច្របល់ដោយសារវីរុសថ្មីមួយនេះឡើយ…យើងគ្រប់គ្នាត្រូវការឱ្យវាបញ្ចប់ យើងគ្រប់គ្នាសុទ្ធតែត្រូវការឱ្យជីវិតដើរទៅមុខជាបន្តទៀត តែការពិតដ៏សែនលំបាកលំបិន នៅមិនទាន់ទៅជិតចំណុចបញ្ចប់នៅឡើយ”

    លោកបន្ថែមថា “ទោះជាប្រទេសជាច្រើនមានភាពរីកចម្រើនទៅមុខខ្លះៗហើយមែន តែការពិត គឺជំងឺរាតត្បាតដ៏ធំទូទាំងពិភពលោក នៅតែបង្កើនល្បឿនយ៉ាងលឿន យើងគ្រប់គ្នាស្ថិតនៅក្នុងស្ថានការណ៍នេះដូចគ្នា ហើយយើងគ្រប់គ្នា នឹងស្ថិតនៅក្នុងស្ថានការណ៍នេះយូរតទៅទៀត…យើងចាំបាច់ត្រូវតែប្រមូលសន្សំភាពបត់បែន ភាពស៊ូទ្រាំ ភាពទន់ភ្លន់ ដាក់ខ្លួន និងភាពសណ្ដោសប្រណី ឱ្យបានច្រើនឡើងក្នុងច្រើនខែខាងមុខទៀត យើងនឹងជួបការបាត់បង់យ៉ាងច្រើនមែនទែន តែយើងមិនអាចបាត់បង់សេចក្ដីសង្ឃឹមបានឡើយ”

    លោកថេដ្រូស ប្រាប់ថា ជំងឺរាតត្បាតដ៏ធំ បានបង្ហាញឱ្យឃើញពីផ្នែកល្អបំផុត និងអាក្រក់បំផុតរបស់មនុស្សជាតិ​ ដោយសំអាងលើទង្វើនៃក្ដីមេត្តាករុណា និងភាពជាធ្លុងមួយ តែមួយជ្រុងទៀត ក៏មានការបង្វែរ បំភ្លៃទិន្នន័យ និងយកមេរោគវីរុសមកធ្វើជាល្បែងនយោបាយ។

    លោកបន្តទៀតថា “ក្នុងបរិយាកាសនៃភាពបែកបាក់ខាងនយោបាយរបស់ពិភពលោក និងការប្រេះស្រាំក្នុងកម្រិតជាតិ ចំណុចអាក្រក់បំផុត មិនទាន់មកដល់នៅឡើយ…ខ្ញុំសោកស្ដាយ ដែលត្រូវនិយាយបែបនេះ…ដោយសភាពបរិស្ថាន និងសភាវការណ៍ដែលសុទ្ធតែស្ថិតក្នុងលក្ខណៈនេះ យើងមានកង្វល់ពាក់ព័ន្ធនឹងស្ថានការណ៍ដែលនឹងអាក្រក់បំផុត”

    ក្រៅពីនេះ លោកថេដ្រូស នៅបានថ្លែងទៀតថា អង្គការសុខភាពពិភពលោក នឹងបញ្ជូនក្រុមការងារពិសេសមួយទៅប្រទេសចិននាសប្ដាហ៍ក្រោយ ពាក់ព័ន្ធនឹងការស្វែងរកប្រភពកំណើតរបស់វីរុស ដែលដុតបញ្ឆេះជំងឺរាតត្បាតដ៏ធំកូវីដ-19 ធ្វើឱ្យឆេះរាលដាលទូទាំងពិភពលោក។

    ស្ថាប័នសុខភាពសាធារណៈរបស់អង្គការសហប្រជាជាតិមួយនេះ បានព្យាយាមដាក់សម្ពាធប្រទេសចិនមកតាំងពីដើមខែឧសភា ដោយបង្ខំឱ្យប្រទេសមួយនេះ អញ្ជើញគណៈអ្នកជំនាញការរបស់ពួកគេ(WHO) ចូលទៅស៊ើបអង្កេតស្វែងរកសត្វដើមកំណើតរបស់មេរោគកូរ៉ូណាប្រភេទថ្មី ដោយលោកថេដ្រូស បាននិយាយថា “ការបានដឹងពីប្រភពកំណើតរបស់មេរោគវីរុសនេះ គឺជារឿងមួយសំខាន់បំផុត”។

    លោកបានថ្លែងថា “យើងនឹងអាចប្រយុទ្ធនឹងមេរោគវីរុសនេះបានល្អឡើង ប្រសិនបើយើងបានដឹងគ្រប់យ៉ាងពាក់ព័ន្ធនឹងវីរុសនេះ ក្នុងនោះរួមទាំងដឹងថា វាចាប់ផ្ដើមឡើងដោយរបៀបណាទៀតផង…យើងនឹងបញ្ជូនក្រុមការងារទៅប្រទេសចិននាសប្ដាហ៍ក្រោយនេះ ដើម្បីត្រៀមការសម្រាប់រឿងនេះ ហើយយើងសង្ឃឹមថា វានឹងនាំមកនូវការ​យល់ដឹងថា វីរុសនេះ ចាប់ផ្ដើមឡើងរបៀបយ៉ាងម៉េច?”

    តែលោកមិនបានបញ្ជាក់ប្រាប់ថា ក្រុមការងារឈុតនេះ នឹងមានអ្នកជំនាញការមកពីប្រទេសណាខ្លះ ឬភារកិច្ចពិសេសរបស់ពួកគេ គឺអ្វីឡើយ។

    យ៉ាងណាក្ដី ពួកអ្នកវិទ្យាសាស្ត្រ ជឿថា មេរោគវីរុសកូរ៉ូណាប្រភេទថ្មិ ដែលចាប់កំណើតឡើងនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំកន្លងទៅនោះ បានលោតចេញពីសត្វចូលមករកមនុស្ស ដោយមានភាពអាចទៅរួចថា មានចំណុចចាប់ផ្ដើមចេញពីផ្សារលក់សាច់សត្វប្លែកៗ នៅក្នុងទីក្រុងវូហាន៕

    ប្រភព៖ សារព័ត៌មានបរទេស