Author: ធឿន មករា

  • ជប៉ុនផ្តល់អាហារូបករណ៍ជាង 3លានដុល្លារជួយមន្ត្រីរដ្ឋាភិបាលវ័យក្មេងឱ្យរៀនចប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត

    ជប៉ុនផ្តល់អាហារូបករណ៍ជាង 3លានដុល្លារជួយមន្ត្រីរដ្ឋាភិបាលវ័យក្មេងឱ្យរៀនចប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត

    រហូតមកដល់​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ជំនួយ​យ៉ាងច្រើន​ដើម្បី​អភិវឌ្ឍ​លើ​វិស័យ​ជាច្រើន ដោយ​ក្នុងនោះ​ក៏មាន​វិស័យ​អប់រំ​ផងដែរ។

    នាពេលថ្មីៗនេះ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀ​ហិរញ្ញប្បទាន​ឥត​សំណង លើ​គម្រោង​អាហារូបករណ៍​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស (JDS) ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ 3.23លាន​ដុល្លារ​អាមេរិក។

    គម្រោង​នេះ​មាន​គោលដៅ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​ក្នុងការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ដោយ​គាំទ្រ​ដល់​មន្ត្រី​រដ្ឋាភិបាល​វ័យ​ក្មេង​ដែល​រំពឹងថា​នឹង​ក្លាយជា​អ្នកដឹកនាំ​ក្នុងប្រទេស​កម្ពុជា ដោយ​ទទួលបាន​សញ្ញាបត្រ​អនុបណ្ឌិត ឬ​បណ្ឌិត​ពី​គ្រឹះស្ថានសិក្សា​របស់​ប្រទេស​ជប៉ុន។ មន្ត្រី​ដែល​គាំទ្រ​ដោយ​គម្រោង JDS អាច​ប្រើប្រាស់​ការសិក្សា បទពិសោធន៍ និង​បណ្តាញ​ធនធានមនុស្ស​តាមរយៈ​គម្រោង​នេះ ដើម្បី​បង្កើត និង​អនុវត្ត​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ក្នុង​ប្រ​ទស​កម្ពុជា៕

  • Google Photos នឹងឈប់ Backup រូបភាពពីការផ្ញើសារ តាមបណ្ដាញសង្គមស្វ័យប្រវត្តិ

    Google Photos នឹងឈប់ Backup រូបភាពពីការផ្ញើសារ តាមបណ្ដាញសង្គមស្វ័យប្រវត្តិ

    រាល់​រូបភាព​ដែល​លោកអ្នក​បាន​ថត​តាមរយៈ​ទូរស័ព្ទ ឬ​ផ្ញើ​តាម​កម្មវិធី​ផ្ញើ​សារផ្សេងៗ ក៏ដូចជា​កម្មវិធី​បណ្ដា​ញ​សង្គម​ផងដែរ​នោះ វា​ត្រូវបាន​រក្សាទុក​នៅក្នុង Cloud របស់ Google ប៉ុន្តែ​មាន​អ្នកខ្លះ​មិនបាន​ដឹង​ពី​រឿងនេះ​ទេ។

    សារៈប្រយោជន៍​នៃ​ការរក្សា​ទុក​រូបថត​នៅលើ Cloud ដោយ​ស្វ័យប្រវត្តិ គឺ​វា​ធ្វើឱ្យមាន​ភាពងាយស្រួល​ក្នុងការ​ទាញយក​មកវិញ ផ្ទុយទៅវិញ វា​ក៏មាន​ផល​ពិបាក​ជាមួយគ្នា​ផងដែរ ពេលដែល​យើង​រក្សាទុក​ច្រើនពេក។ ថ្មីៗនេះ ក្រុមហ៊ុន Google បានធ្វើការ​កែសម្រួល​នៅលើ​កម្មវិធី Google Photos ដោយ​បិទ​ការ Backup រូបភាព​ដោយ​ស្វ័យប្រវត្តិ ដែលមាន​នៅក្នុង​ប្រអប់ (Folder) របស់​កម្មវិធី​ផ្ញើ​សារ និង​កម្មវិធី​បណ្ដាញ​សង្គមផ្សេងៗមួយចំនួនទៀត ហើយ​ជាមួយគ្នានេះដែរ Google ក៏បាន​បង្កើត​ប៊ូ​តុង​បិទ​សំឡេង​មួយ​សម្រាប់​វីដេអូ​ទៀតផង។

    មូល​ហេតុដែល​ធ្វើឱ្យ​ក្រុមហ៊ុន Google សម្រេច​ធ្វើបែបនេះ ក៏​ដោយសារតែ​មានការ​ចែករំលែក​រូបភាព និង​វីដេអូ​ជាច្រើន​លើសលុប​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​របស់​ជំងឺ​កូ​វីដ-19។ ការកែសម្រួល​នេះ មាន​ផលប៉ះពាល់​ដល់​កម្មវិធី​មួយចំនួន​ដូចជា: Facebook, Helo, Instagram, LINE, Messages, Messenger, Snapchat, Twitter, Viber និង WhatsApp។

    ទោះបី​ជាការ Backup រូបភាព​នៅក្នុង Cloud វា​ធ្វើឱ្យមាន​ភាពងាយស្រួល​ក្នុងការ​រក្សាទុក និង​ទាញយក​មកវិញ​ក៏ពិតមែន ក៏ប៉ុន្តែ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ធ្វើ​ការណែនាំ​លោកអ្នក​ថា បើសិនជា​គិតថា រូបថត វីដេអូ ឬ​ឯកសារ​ណាមួយ ជា​រឿង​សម្ងាត់​ដែលមាន​សារៈសំខាន់ និង​មិន​ចង់ឱ្យ​អ្នកដទៃ​ឃើញ​ទេនោះ សូមកុំ​ធ្វើការ Backup ទៅក្នុង Cloud អី។

    ប្រសិនបើ​លោកអ្នក​ចង់​បើក ឬ​បិទ​មុខងារ​នេះ ខាងក្រោម​នេះ គឺជា​របៀប​ដើម្បី​ធ្វើ​ការបើក-បិទ៖

    1. បើក​កម្មវិធី Google Photos
    2. វាយ​ឈ្មោះ និង​លេខ​សម្ងាត់​ដើម្បី​ចូលក្នុង​គណនី
    3. នៅ​ខាងលើ ផ្នែក​ខាងស្ដាំ ចុច​លើ​រូប ឬ​អក្សរ របស់​ប្រូ​ហ្វា​ល
    4. ចុច​លើ​រូប​សញ្ញា Settings ហើយ​ចុច​លើ​ពាក្យ “Back up & sync”
    5. ត្រង់ “Back up & sync” ចុច​យក បើក ឬ​បិទ៕

    ប្រភព៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

  • ការសិក្សាថ្មី បង្ហាញថា សាកថ្មទូរស័ព្ទទុកចោល 1យប់ មិនធ្វើឱ្យឆាប់ខូចទេ

    ការសិក្សាថ្មី បង្ហាញថា សាកថ្មទូរស័ព្ទទុកចោល 1យប់ មិនធ្វើឱ្យឆាប់ខូចទេ

    រៀងរាល់​យប់ មុនពេល​បិទ​ភ្នែក​គេង យុវវ័យ​ប​ច្ចប្ប​ន្ន និយម​ចុច​ទូរស័ព្ទ​បណ្តើរ សាក​ភ្លើង​បណ្តើរ មានពេលខ្លះ​គេង​លក់​ចោល​ទូរស័ព្ទ ហើយ​ឱ្យ​វា​សាក​ចោល​ពេញ 1យប់​ទល់​ភ្លឺ​ក៏មានដែរ រហូត​មាន​អ្នកខ្លះ​បានធ្វើ​សកម្មភាពដដែលៗនេះ ទៅជា​ទម្លាប់​ប្រចាំថ្ងៃ​ទៀតផង។

    នាពេល​បច្ចុប្បន្ននេះ ការ​សាក​ថ្ម​ទុកចោល​ពេញ 1យប់ មិន​ធ្វើឱ្យ​ខូច​ថ្ម​នោះទេ។ ហេតុនេះហើយ​ទើប​សកម្មភាព​នេះ ត្រូវបាន​គេ​លើក​យកមក​និយាយ និង​មានការ​បកស្រាយ​បែប​វិទ្យាសាស្ត្រ​ផងដែរ។

    ចំណេះដឹងទូទៅអំពីថ្មទូរស័ព្ទ៖ ជាទូទៅ ប្រភេទ​ថ្ម​ដែល​បំពាក់​លើ​ស្មា​ត​ហ្វូ​ន​បច្ចុប្បន្ន ទាំង iPhone ឬ Android Phone ភាគច្រើន ជា​ប្រភេទ​ថ្ម Lithium-ion (Li-ion)។ Li-ion ជា​ប្រភេទ​ថ្ម​ជំនាន់​ថ្មី​ដែលមាន​សមត្ថភាព​អាច​សាក​បាន​លឿន​ជាង​ជំនាន់​ចាស់(ជំនាន់​ចាស់​គេ​ប្រើ​ថ្ម rechargeable)។

    ថ្ម Li-ion រួមជាមួយ​នឹង​ការបំពាក់​បច្ចេកវិទ្យា​លើ​ខ្សែ​សាក​ដែល​បញ្ជូន​ថាមពល​បាន​លឿន​ដូចគ្នា​ផង​នោះ ធ្វើឱ្យ​ស្មា​ត​ហ្វូ​ន​របស់​អ្នក ចំណាយពេល​តែ​កន្លះ​ម៉ោង អាច​សាក​បាន​ដល់ 50% ឬ 80% ផង​ក៏មានដែរ។ បើ​សាក​លឿន​យ៉ាង​នេះហើយ ចាំបាច់​អី​ទៅ​ដោត​ទុកចោល​ពេញ 1យប់​ទៀត?

    ពិត​ហើយ ទាំង​គេ ទាំង​យើង​កាន់​ទូរស័ព្ទម្ដងៗ ចុច​បើក​មុខងារ​ច្រើន​ក្នុងពេល​តែមួយ ដូចជា លេង​ឆាត ប្រើប្រាស់​កម្មវិធី លេង​ហ្គេម មើល​វីដេអូ ឬ​ស្ដាប់​ចម្រៀង​ជាដើម។ ប្រការ​នេះហើយ​ដែល​ធ្វើឱ្យ​ថ្ម​ទូរស័ព្ទ មិនអាច​ទ្រាំ​បាន​ដល់​ពេញ 1ថ្ងៃ ទាមទារ​ឱ្យ​អ្នក​ប្រើ​ត្រូវ​សាក​ភ្លើង​ច្រើនដង​ក្នុង 1ថ្ងៃ រហូត​ជ្រុល​ដល់​យប់ និង​ដល់​ភ្លឺ​ទៀតផង។

    **តើ​ការ​សាក​ទូរស័ព្ទ​ទុកចោល​ពេញ 1យប់ អាចធ្វើឱ្យ​ឆាប់​ខូច​ថ្ម ឬ​ធ្វើឱ្យ​ខ្ជះខ្ជាយ​ថាមពល ខណៈ​ថ្ម​សាក​ពេញ​រួចហើយ​ដែរឬទេ?

    លោក Kyle Wiens អ្នកជំនាញ​មកពី iFixit បាន​ច្រានចោល​ការលើកឡើង​នេះ​ដោយ​លោក​បញ្ជាក់ថា ការ​សាក​ថ្ម​ទុកចោល​ពេញ 1យប់ មិន​ធ្វើឱ្យ​ខូច​ថ្ម​នោះទេ។ គ្រប់យ៉ាង​ពាក់ព័ន្ធ​នឹង Cycle Count សំដៅលើ​កម្រិត​ប្រើប្រាស់​ថាមពល​ថ្ម។ Cycle Count ជា​ចំនួន​សាក​ថាមពល​ថ្ម​ពេញលេញ​របស់​ស្មា​ត​ហ្វូ​ន គិតពី 0 ដល់ 100% ស្មើ1ជុំ។

    ជាធម្មតា ថ្ម​ស្មា​ត​ហ្វូ​ន​ភាគច្រើន​មាន​អាយុកាល 400ជុំ ដែល​អាច​ប្រើប្រាស់​បាន​រយៈពេល​ប្រហែល 1ឆ្នាំកន្លះ នៅ​កាន់​ថ្ម​បានល្អ។ ការ​សាក​ថ្ម​ទុកចោល​ពេលយប់ មិន​ប៉ះពាល់​ដល់​ចំនួន​ជុំ ដូច​ការប្រើ​ទូរស័ព្ទ​ធម្មតា​នោះឡើយ ដោយសារ​ស្មា​ត​ហ្វូ​ន​ភាគច្រើន​មាន Chip អាច​ការពារ​ចរន្ត​បន្ថែម ពេល​ថាមពល​ថ្ម​ពេញ។

    ប៉ុន្តែ​មាន​ចំណុច​មួយ ដែល​អាចមាន​បញ្ហា​ពេល​សាក​ថ្ម​ទុកចោល​នោះ គឺ​សីតុណ្ហភាព។ ថ្ម​ប្រភេទ Lithium ភាគច្រើន អាច​ឆាប់​ខូចគុណភាព ដោយសារ​កម្ដៅ​ខ្លាំង៕

  • អាការគ្រុនផ្តាសាយក្នុងអំឡុងពេលមានគភ៌ ហាមរកថ្នាំញ៉ាំខ្លួនឯង!

    អាការគ្រុនផ្តាសាយក្នុងអំឡុងពេលមានគភ៌ ហាមរកថ្នាំញ៉ាំខ្លួនឯង!

    ស្រ្តីដែលកំពុងតាំងគភ៌មានឱកាសងាយនឹងឈឺថ្កាត់ខ្លាំងណាស់ បើមិនស្រួលខ្លួន ឬកើតរោគគ្រុនផ្តាសាយនោះ អាចនឹងមានក្តីកង្វល់ថា តើគួរតែត្រូវមើលថែទាំខ្លួនឯងយ៉ាងណា? ញ៉ាំថ្នាំអ្វីបានខ្លះ? តើវានឹងហុចផលប៉ះពាល់ដល់កូនក្នុងផ្ទៃដែរឬទេ?។ ថ្ងៃនេះ ឡារ៉ែន មានចម្លើយមកជម្រាបជូន។

    ស្រ្តីជាច្រើននាក់ដែលកំពុងស្ថិតក្នុងអំឡុងការតាំងគភ៌ អាចនឹងឈឺថ្កាត់ ឬកើតជំងឺគ្រុនផ្តាសាយដោយមិនបានដឹងខ្លួនមុនបាន ដោយសារតែខណៈពេលដែលស្រ្តីមានគភ៌មានប្រព័ន្ធប្រឆាំងជំងឺថយចុះនោះ នៅពេលកើតជំងឺហើយ ក៏ច្រើនតែក្រជាជាងប្រក្រតី។ ការកើតជំងឺគ្រុនផ្តាសាយបែបប្រក្រតី នឹងគ្មានផលប៉ះពាល់ដល់កូនក្នុងគភ៌ឡើយ ដោយស្រ្តីមានគភ៌អាចញ៉ាំថ្នាំបាន តែត្រូវតែជាថ្នាំដែលគ្រូពេទ្យរៀបចំឱ្យប៉ុណ្ណោះ មិនអាចរកទិញតាមឱសថស្ថានទូទៅយកមកញ៉ាំដោយខ្លួនឯងបានទេ ព្រោះថ្នាំបញ្ចុះកម្តៅប្រភេទខ្លះអាចនឹងហុចផលប៉ះពាល់ដល់ទាំងម្តាយ និងកូនក្នុងគភ៌បាន ដូច្នេះបើសិនជាត្រូវញ៉ាំថ្នាំ គួរប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន។

    អាការនៃជំងឺគ្រុនផ្តាសាយក្នុងអំឡុងពេលមានគភ៌

    – ហៀរសំបោរ

    – ឈឺក្បាល ក្តៅខ្លួន

    – តឹងច្រមុះ ក្អក កណ្តាស់

    – អ្នកខ្លះអាចនឹងមានអារម្មណ៍ថា ក្តៅរងា ក្តៅរងា

    បើមានអាការធ្ងន់ធ្ងរ ដូចជា ក្អកកាន់តែខ្លាំងឡើង ស្លេស្ម៍ឡើងពណ៌បៃតង ហត់ដង្ហក់ ឬមានគ្រុនក្តៅខ្លាំង ញ៉ាំថ្នាំហើយអាការនៅតែមិនធូស្រាលនោះ គួរប្រញាប់ទៅជួបគ្រូពេទ្យ មិនគួរទិញថ្នាំថ្នាំមកញ៉ាំដោយខ្លួនឯងឡើយ។ បើមានអាការធ្ងន់ធ្ងរជ្រៀតជ្រែក ឬគ្រុនក្តៅខ្លួនលើស 1 សប្តាហ៍ ស្រ្តីមានគភ៌ប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យកុំបង្អង់យូរ។

    វិធីមើលទាំខ្លួន និងព្យាបាលអាការគ្រុនផ្តាសាយក្នុងអំឡុងពេលមានគភ៌

    – ពេលស្រ្តីមានគភ៌ចាប់ផ្តើមមានអាការគ្រុនផ្តាសាយ គួរមើលថែទាំរាងកាយដោយការស្លៀកសម្លៀកបំពាក់ឱ្យកក់ក្តៅជាប់ជានិច្ច។

    – បើមានគ្រុនក្តៅ គួរជូតខ្លួនដោយក្រណាត់សើម ឬងូតទឹកក្តៅឧណ្ហៗ នឹងជួយឱ្យបំភាយកម្តៅចេញពីរាងកាយបានល្អ។

    – គួរគេងសម្រាករាងកាយឱ្យបានគ្រប់គ្រាន់ ញ៉ាំទឹកក្តៅឧណ្ហៗឱ្យបានច្រើន។

    – ពេលគេងគួរដាក់ក្បាលឱ្យខ្ពស់ឡើងបន្តិច ដើម្បីជួយឱ្យដកដង្ហើមបានស្រួល

    – គួរស្ថិតនៅក្នុងស្ថានភាពជុំវិញខ្លួនដែលមានខ្យល់អាកាសចេញចូលល្អ និងទីកន្លែងដែលទូលាយស្រឡះ។

    – ញ៉ាំអាហារឱ្យគ្រប់ 5 ប្រភេទក្រុម និងផ្លែឈើស្រស់ឱ្យបានច្រើន ព្រោះផ្លែឈើមានវីតាមីនប្រឆាំងនឹងអនុមូលឥស្សរៈ។

    ទាំងអស់នេះ បើស្រ្តីមានគភ៌ញ៉ាំអាហារមិនចូល ឬគ្មានអារម្មណ៍ចង់ញ៉ាំអាហារនោះ សាកល្បងជ្រើសរើសញ៉ាំអាហារទន់ៗ ដូចជា បបរសាមចូក បបរត្រី ទឹកផ្លែឈើ ឬទឹកដោះពពែបន្ថែមក៏បាន ដើម្បីឱ្យបានសារធាតុអាហារគ្រប់ចំនួនក្នុងអំឡុងពេលមានគភ៌នេះ ព្រោះរាងកាយអ្នកម្តាយត្រូវការសារធាតុអាហារទៅចិញ្ចឹមកូនតូចនៅក្នុងគភ៌៕

  • ប្រធានក្លិប Bacelona កំពុងផ្សះផ្សារឿងមិនត្រូវរ៉ូវគ្នា រវាងគ្រូ និងសិស្ស

    ប្រធានក្លិប Bacelona កំពុងផ្សះផ្សារឿងមិនត្រូវរ៉ូវគ្នា រវាងគ្រូ និងសិស្ស

    លោក Josep Maria Bartomeu ប្រធាន​ក្លិប FC Barcelona បានធ្វើ​ដំណើរ​ទៅផ្ទះ​របស់លោក Setien ដើម្បី​លើកទឹកចិត្ត នៅពេល​ដឹងថា មានការ​ប៉ះ​សម្ដី​គ្នា ជាមួយ​កីឡាករ នៅ​បន្ទប់​ផ្លាស់​សម្លៀកបំពាក់។

    ក្នុង​វីដេអូ​មួយ​ក្នុងអំឡុងពេល​ប្រកួត​ចុងក្រោយ​របស់​ក្លិប លោក​ត្រូវបាន​កូនក្រុម​ទាំងអស់​មិន​ស្តាប់បង្គាប់ ដោយហេតុ​ផល​មិន​ពេញ​ចិត្តនឹង​ទម្រង់​លេង​របស់​គ្រូបង្វឹក ដែល​ធ្វើឱ្យ​កីឡាករ​ទាំងអស់​ជាពិសេស Messi មិន​ព្រមស្តាប់​តាម​ការណែនាំ​របស់​គ្រូបង្វឹក និង​បានធ្វើឱ្យ Bacelona ធ្លាក់​ចេញពី​កំពូល​តារាង ក្រោយ​ស្មើគ្នា​ជាមួយនឹង​ក្រុម Athletico Madrid។

    ក្នុងជំនួប​ក្រៅផ្លូវការ​នោះ បើតាម RAC1លោក Bartomeu ប្រកាន់​ជំហរ​គាំទ្រ​វត្តមាន​របស់លោក Setien ឱ្យ​បន្ត​នៅ​ក្លិប​កាតា​ឡាន់​នេះ តែ​អ្វីដែល​សំខាន់​នោះ​គឺ ប្រធាន​ក្លិប Barca ចង់ដឹង​ពី​រឿង​ប្រជុំ បែប​តឹងសរសៃក រវាង​គ្រូ​បង្គោល និង​ក្រុម​កីឡាករ​ឈុត​ធំ កាលពី​ថ្ងៃអាទិត្យ​ក្រោយពី​ក្លិប​លេង​បាន​ពិន្ទុ 2ស្មើនឹង Celta Vigo កាលពី​ថ្ងៃ​សៅរ៍៕

  • “អូមេហ្កា 6” សំខាន់មិនចាញ់ “អូមេហ្កា 3” ឡើយ

    “អូមេហ្កា 6” សំខាន់មិនចាញ់ “អូមេហ្កា 3” ឡើយ

    គ្រប់គ្នាប្រហែលជាស្គាល់អូមេហ្កា 3 ច្បាស់ហើយ ព្រោះប្រយោជន៍របស់វាមានច្រើនមែនទែន ទាំងក្នុងរឿងរបស់ការបំប៉នសរសៃប្រសាទ និងខួរក្បាល ខ្សែភ្នែក ប្រព័ន្ធប្រឆាំងជំងឺ រហូតទៅដល់បំប៉នសាច់ស្បែកឱ្យស្រស់ស្អាតភ្លឺថ្លា ទើបមនុស្សនិយមទទួលទានអាហារដែលសម្បូរទៅដោយអូមេហ្កា 3 ដូចជា សាច់ត្រីផ្សេងៗ និងដល់ថ្នាក់ទទួលទានវីតាមីនគ្រាប់ទៀតផង តែមានមនុស្សតិចណាស់ដែលស្គាល់ “អូមេហ្កា 6” ដែលមានប្រយោជន៍ និងមានភាពសំខាន់ចំពោះរាងកាយមិនចាញ់អូមេហ្កា 3 ដូចគ្នា។

    អូមេហ្កា 6 គឺអ្វី?

    អូមេហ្កា 6 គឺអាស៊ីតខ្លាញ់បែបមិនបង្កកខ្លួនដូចអាស៊ីត លិណូឡេអ៊ិក និងអាស៊ីតអៈរ៉ាឃិដូនិក ដែលរាងកាយមិនអាចសាងដោយខ្លួនឯងបានឡើយ ទើបយើងត្រូវទទួលទានចូលទៅដូចអូមេហ្កា 3 ដែរ ដោយភាពសំខាន់របស់អូមេហ្កា 6 គឺជាអ្នកថែរក្សាតុល្យភាពរបស់អូមេហ្កា 3 មួយជាន់ទៀត ដូច្នេះបើលោកអ្នកទទួលទានអូមេហ្កា 3 ចូលទៅនោះ ក៏ត្រូវទទួលទានអូមេហ្កា 6 ដើម្បីឱ្យជួយរក្សាតុល្យភាពក្នុងរាងកាយផងដែរ ដូចជា គុណសម្បត្តិរបស់អូមេហ្កា 3 គឺជួយឱ្យប្រព័ន្ធឈាមរត់ហូរវឹលបានល្អឡើង តែបើសិនទទួលទានច្រើនជ្រុលពេក នឹងមានបញ្ហាដូចជានៅពេលត្រូវវះកាត់ ដកធ្មេញ ជាដើម ដូច្នេះគួរទទួលទានអូមេហ្កា 6 គួបទៅជាមួយផងព្រោះនឹងជួយឱ្យឈាមបង្កកខ្លួនបានល្អឡើង ដើម្បីការពារបញ្ហាឈាមក្រឈប់ហូរក្រោយពេលវះកាត់ ឬដកធ្មេញហ្នឹងឯង។

    តើអូមេហ្កា 6 សំខាន់យ៉ាងណា?

    ដូចដែលបានប្រាប់ទៅហើយថា អូមេហ្កា 6 នឹងជួយរក្សាតុល្យភាពការធ្វើការងាររបស់អូមេហ្កា 3។ អូមេហ្កា 3 ជួយឱ្យប្រព័ន្ធឈាមរត់ហូរវឹលងាយស្រួលឡើង ខណៈដែលអូមេហ្កា 6 នឹងជួយឱ្យឈាមបង្កកខ្លួនបានលឿនឡើង ទើបធ្វើឱ្យរាងកាយមានប្រព័ន្ធឈាមរត់ដែលល្អឥតខ្ចោះបាន ដូច្នេះបើអ្នកណាកំពុងទទួលទានអូមេហ្កា 3 ក៏ត្រូវទទួលទានអូមេហ្កា 6 រួមជាមួយផង ទើបធ្វើឱ្យរាងកាយរឹងមាំឥតខ្ចោះពិតៗ។

    ប្រយោជន៍របស់អូមេហ្កា 6

    1 . ជួយកាត់បន្ថយខូលេស្តេរ៉ូលក្នុងរាងកាយ កាត់បន្ថយខ្លាញ់ញ៉ុកណែនក្នុងសរសៃឈាម ហុចផលល្អដល់សរសៃឈាម និងបេះដូង។

    2 . ជួយកាត់បន្ថយអាការរលាក និងអាការឈឺចុកចាប់ផ្សេងៗតាមរាងកាយ។

    3 . ថែរក្សាភាពស្រស់ស្រាយឱ្យស្បែក បន្ថយបញ្ហាស្បែកស្ងួត ប្រេះបែក ក្រឹន របក រួមទាំងអង្គេនៅលើស្បែកក្បាល ជ្រុះសក់ ឬជំងឺស្បែកប្រភេទខ្លះបានទៀតផង។

    4 . ប្រឆាំងអនុមូលឥស្សរៈ ជួយពន្យាភាពចុះខ្សោយរបស់កោសិកាផ្សេងៗក្នុងរាងកាយ និងកាត់បន្ថយភាពប្រថុយប្រថានក្នុងការកើតមហារីកទៀតផង។

    5 . បន្ថយអាការជ្រៀតជ្រែកពីសភាវផ្សេងៗនៅលើអ្នកជំងឺទឹកនោមផ្អែម ដូចជា អាការស្ពឹកតាមចុងម្រាមដៃ ម្រាមជើង។

    6 . គ្រប់គ្រងកម្រឹតអ័រម៉ូនក្នុងរាងកាយឱ្យប្រក្រតី។

    តើអូមេហ្កា 6 រកបានពីអាហារប្រភេទណាខ្លះ?

    អូមេហ្កា 6 មាននៅក្នុងប្រេងរុក្ខជាតិផ្សេងៗ ដូចជា ប្រេងសណ្តែកលឿង គ្រាប់ផ្កាឈូករ័ត្ន កន្ទក់ ពោត ឬអាចជាប្រេងរុក្ខជាតិពិសេស ដូចជា ប្រេងភ្រីមរ៉ូស ប្រេងម្កាក់មានអូមេហ្កា 6 ក៏មានអូមេហ្កា 6 ដូចគ្នាដែរ តែតិចជាងប្រេងដែលមកពីរុក្ខជាតិផ្សេងៗ និងល្អសម្រាប់ទទួលទានស្រស់ៗ លាយនៅក្នុងញាំ ឬឆ្លងកាត់កំដៅតិចៗដូចជាឆាជាដើម។

    តើរក្សាតុល្យភាពរបស់អូមេហ្កា 3 និង 6 យ៉ាងណាបាន?

    1 . ក្នុងករណីដែលទទួលទានអូមេហ្កា 3 ពីសាច់ត្រី គួរតែទទួលទានត្រីទឹកសាប និងត្រីសមុទ្រក្នុងបរិមាណប៉ុនៗគ្នា កុំទទួលទានត្រីតែណាមួយឱ្យសោះ ដើម្បីឱ្យបានសារធាតុអាហារដែលសម្បូរបែប។

    2 . គួរទទួលទានត្រីឱ្យបានជាប់លាប់ ទទួលទានឱ្យបានយ៉ាងតិចរៀងរាល់សប្តាហ៍ តែមិនចាំបាច់ទទួលទានគ្រប់ពេលក៏បានដែរ។

    3 . ជ្រើសរើសទទួលទានទាំងប្រេងរុក្ខជាតិសម្រាប់ឆា ឬចៀន និងប្រេងម្កាក់សម្រាប់ទទួលទានជាមួយញាំ ឬឆាបែបឆាប់រហ័ស។

    4 . កុំភ្លេចហាត់ប្រាណឱ្យបានជាប់លាប់ គ្រប់គ្រងទម្ងន់ខ្លួនឱ្យស្ថិតក្នុងកម្រឹតម្រក្រតី។

    គោលការណ៍សំខាន់គឺ ជ្រើសរើសទទួលទានអាហារឱ្យបានសម្បូរបែប មិនមែនអ្វីដែលថាល្អ ក៏គិតតែពីទទួលទានតែមួយមុខនោះទេ ដើម្បីឱ្យយើងបានទទួលទានសារធាតុអាហារគ្រប់ចំនួន មិនខ្វះសារធាតុអាហារប្រភេទណាមួយ ព្រោះរាងកាយរបស់យើងនឹងមានតុល្យភាពបាន ក៏ចាំបាច់ត្រូវតែចាប់ផ្តើមពីការទទួលទានអាហារ និងទង្វើរបស់យើងហ្នឹងឯង៕

  • 5 សំណួរ-ចម្លើយ អំពីទីក្រុងប៉េកាំង និងកូវីដ-19 រលកទី2

    5 សំណួរ-ចម្លើយ អំពីទីក្រុងប៉េកាំង និងកូវីដ-19 រលកទី2

    ក្រុង​ប៉េកាំង បាន​រាយការណ៍​ថា មាន​អ្នក​បានទទួល​ការអះអាង​រួចហើយ​ថា បាន​ឆ្លង​មេរោគ​កូ​វីដ-19 ចំនួន 106នាក់ គិត​ត្រឹម​ពេលមុន​អធ្រាត្រ​នៃ​ថ្ងៃ​ចន្ទ(ទី29 មិថុនា)…សួរថា តើ​ហេតុអ្វី​បានជា​ការឆ្លង​រាលដាល​របស់​មេរោគ កើតឡើង​នៅក្នុង​ក្រុង​ប៉េកាំង និង​ថា តើ​ទីក្រុង​នេះ បានធ្វើ​អ្វីខ្លះ ក្រោយពី​ការឆ្លង​រាលដាល​ចាប់​ផ្ដើមឡើង?

    សំណួរ​ទី1៖ តើន​រណា​ជា​អ្នក​ឆ្លង​មេរោគ​ដំបូង​គេ?

    ក្រោយពី​ក្រុង​ប៉េកាំង​ស្ងប់ស្ងាត់​ពី​វិបត្តិ​ការឆ្លង​រាតត្បាត កន្លងផុតទៅ 56ថ្ងៃ ក្រុង​ប៉េកាំង​បាន​រាយការណ៍​ថា រកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី នៅក្នុង​តំបន់ ជា​មនុស្ស​ប្រុស អាយុ 52ឆ្នាំ ឈ្មោះ ថាំង ជា​អ្នក​រស់នៅក្នុង​តំបន់​ស៊ី​ឈឹង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី11 មិថុនា។

    លោក​ថាំង បាន​ចូលទៅ​ទទួល​ការពិនិត្យ​នៅក្នុង​មន្ទីរពេទ្យ​ក្នុង​តំបន់ នៅ​ថ្ងៃទី10 មិថុនា ដោយសារ​តែមាន​អាការ​គ្រុនក្ដៅ​ជា​បន្តបន្ទាប់ ដោយ​គាត់​មិនបាន​ធ្វើដំណើរ​ចេញ​ក្រៅ​ក្រុង​ប៉េកាំង​ឡើយ ក្នុងអំឡុងពេល 2សប្ដាហ៍​មុន​ហ្នឹង។

    ក្រោយពី​នោះ​តែ 1ថ្ងៃ​គត់ ក្រុង​ប៉េកាំង បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី​ថែមទៀត 6នាក់ ក្នុងចំណោម​ពួកគេ មាន 2នាក់​រស់នៅក្នុង​តំបន់​ហ្វឹ​ង​ថៃ ជា​មិត្តភក្តិ​រួម​ការងារ​នៅក្នុង​ស្ថាប័ន​ត្រួតពិនិត្យ​ផលិតផល​សាច់សត្វ ហើយ​លោក​លីវ ម្នាក់​ក្នុងចំណោម 2នាក់​នោះ បាន​រៀបរាប់ថា គាត់​បានធ្វើ​ដំណើរ​ទៅ​ស៊ី​ង​តៅ ក្នុង​មណ្ឌល​សាន​តុង​របស់​ចិន ក្នុងអំឡុងពេល 2សប្ដាហ៍​កន្លងទៅ។

    ការសាកសួរ​ខាង​ជំងឺឆ្លង​វិទ្យា បាន​រកឃើញថា លោក​លីវ និង​លោក​ថាំង ធ្លាប់​ទៅ​ស៊ីន​ហ្វា​ទី ផ្សារ​លក់​បោះ​ដុំ​ទំនិញ​កសិកម្ម ដ៏​សំខាន់​មួយ​នៅក្នុង​តំបន់​ហ្វឹ​ង​ថៃ ដោយ​លោក​ថាំង បាន​ទៅ​ទីនោះ​នៅ​ថ្ងៃទី3 មិថុនា និង​លោក​លីវ បាន​ទៅ​ទីនោះ នៅ​ថ្ងៃទី5 មិថុនា។

    លោក អ៊ូ ជុន​យ៉ូ​វ៍ ប្រធាន​ផ្នែក​ជំងឺឆ្លង​វិទ្យា​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​រោគ នៃ​ប្រទេស​ចិន បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ(ទី29មិថុនា)ថា លោក​ថាំង ចាប់ផ្ដើម​មាន​អាការ នៅ​ថ្ងៃទី6 មិថុនា។

    ដោយសារតែ​នៅ​មិនទាន់​ប្រាកដ​ច្បាស់​ថា រកឃើញ​អ្នកក្រុង​ប៉េកាំង​មួយណា​ដែលមាន​អាការ​មុន​លោក​ថាំង​នោះ ទើប​អះអាង​តាមរយៈ​ទិន្នន័យ​ដែលមាន​នៅពេលនេះ​បាន​ថា លោក​ថាំង គឺជា​អ្នក​ឆ្លង​មេរោគ​មុនគេ។

    សំណួរ​ទី2៖ តើ​ត្រី​សាល់​ម៉ុ​ន ជា​ភ្នាក់ងារចម្លងមេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី មែនឬ​យ៉ាងណា?

    ការពិនិត្យ​រក​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ត្រូវបាន​រកឃើញ នៅលើ​ជ្រញ់​ពន្លះ​ត្រី​សាល់​ម៉ុ​ន​នាំចូល នៅក្នុង​ផ្សា​រលក់​ផលិតផល​បោះ​ដុំ​ស៊ីន​ហ្វា​ទី ក្រុង​ប៉េកាំង ហើយ​តាំងពី​ពេល​នោះមក ផ្សារ​ជាច្រើន​ទៀត បាន​ឈប់​លក់​ផលិតផល​សត្វ។

    លោក អ៊ូ ជុន​យ៉ូ​វ៍ ប្រធាន​ផ្នែក​ជំងឺឆ្លង​វិទ្យា នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​រោគ នៃ​ប្រទេស​ចិន បាន​ថ្លែងថា មិនអាច​សរុប​បាន​ថា ត្រី​សាល់​ម៉ុ​ន គឺជា​ដើមហេតុ​នៃ​ការចម្លង​មេរោគ ដោយ​គ្រាន់តែ​ពិនិត្យឃើញ​វីរុស​នៅលើ​ជ្រញ់​នោះទេ។ លោក​ប្រាប់ថា ត្រី​ដែល​រស់​នៅតាម​ធម្មជាតិ គ្មាន​ផ្លូវ​ឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​បានទេ តែ​យ៉ាងណាក៏ដោយ ត្រី​អាច​ប្រឡាក់ប្រឡូស​មេរោគ តាមរយៈ​ដំណាក់កាលផ្សេងៗ ក្នុងអំឡុងពេល​ចាប់ ឬ​ដឹកជញ្ជូន។

    លោក​អ៊ូ បាន​បន្ត​ប្រាប់ទៀតថា ការឆ្លង​រាលដាល​ជាថ្មី​នេះ អាចមាន​ការអធិប្បាយ ដែល​អាចទៅរួច 2ប្រការ។ ប្រការ​ដំបូង អាចជា​ការនាំ​ចូល​សាច់ និង​អាហារ​សមុទ្រ​ទៅក្នុង​ផ្សារ ពី​គ្រប់​ប្រទេស​ទូទាំង​ពិភពលោក។ មួយចំណែក អាច​មានការ​ប្រឡាក់ប្រឡូស​ពី​ក្រុមកម្មករ ក្នុងអំឡុងពេល​ការកែច្នៃ​សាច់សត្វ និង​ការដឹកជញ្ជូន ហើយ​បន្ទាប់ពីនោះ វីរុស​ក៏​ត្រូវបាន​បញ្ជូនបន្ត​ពី​ផលិតផល ឆ្ពោះ​មក​មនុស្ស។

    ភាព​អាចទៅរួច​ទី2 គឺ​ការ​បញ្ជូនបន្ត រវាង​បុគ្គល។ លោក​ថ្លែងថា “អ្នក​ឆ្លង​មេរោគ ដែល​នាំ​មេរោគ​វីរុស​ចូលទៅក្នុង​ផ្សារ អាច​មិនមាន​អាការ ឬ​មាន​អា​ការមិន​ធ្ងន់ធ្ងរ ហើយ​ភាព​ប្រញាប់ប្រញាល់ និង​ច្របូកច្របល់​នៅក្នុង​ផ្សារ បាន​នាំ​ឆ្ពោះទៅរក​ការចម្លង​ជា​ក្រុម នៃ​ការឆ្លង​មេរោគ​ជាថ្មី។

    តាមរយៈ​ការរកឃើញ​របស់​ក្រុម​អ្នកស្រាវជ្រាវ​របស់ University College Lodon បាន​រកឃើញថា វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ចម្លង​មេរោគ​តែ​នៅក្នុង​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ប៉ុណ្ណោះ និង​មាន​ភ័ស្តុតាង​បង្ហាញថា អាច​ឆ្លងទៅ​សត្វ​ឆ្មា និង​ឆ្កែ​បាន តែ​មិនមែន​ត្រី សត្វ​ស្លាប ឬ​ឧរង្គសត្វ​ឡើយ។

    សំណួរ​ទី3៖ តើ​វីរុស មកពី​អឺរ៉ុប មែន​ឬទេ?

    លោក ស៊ឹង កួង អ្នកស្រាវជ្រាវ​ជើងចាស់ នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​រោគ នៃ​ប្រទេស​ចិន បាន​ថ្លែងថា ប្រភេទ​វីរុស​ក្នុង​ការចម្លង​រាលដាល​ថ្មី​ចុងក្រោយ​បំផុត​នេះ ខុសប្លែក​ពី​វីរុស​ដែល​រកឃើញ​នៅក្នុង​ប្រទេស​ចិន​កាលពី​ពេលមុន ហើយ​ទិន្នន័យ​ដំបូង បាន​បញ្ជាក់ថា ជា​ប្រភេទ​ដែល​ក្លាយ​ពូជ​មកពី​អឺរ៉ុប។ តែ​យ៉ាងណាក៏ដោយ លោក​ស៊ឹង បាន​សង្កត់ធ្ងន់ថា នៅ​ត្រូវ​ពិនិត្យមើល​បន្ថែមទៀត ដើម្បី​អះអាង​ពី​ប្រភព​របស់​វីរុស​នេះ។

    លោកស្រី យ៉ាង ភឹង អ្នកជំនាញ​មកពី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​រោគ នៃ​ទីក្រុង​ប៉េកាំង ថ្លែងថា “ការវិភាគ​បឋម តាមរយៈ​ការរក​កម្រិត​ជី​ណូ​ម បានបង្ហាញ​ឱ្យឃើញថា វីរុស​ត្រូវបាន​នាំចូល មិនមែនជា​វីរុស​ក្នុង​តំបន់​ទេ”

    ប្រភព​កំណើត​របស់​វីរុស នៅតែ​ស្ថិត​ក្នុងអំឡុង​ការត្រួតពិនិត្យ និង​មិនដឹងថា តើ​វីរុស​នេះ ហេតុ​ម៉េច​បានមក​ដល់ទី​ក្រុង​ប៉េកាំង​បាន?

    ទាំងអស់នេះ ការរក​កម្រិត​ជី​ណូ​ម​ទាំងអស់ នឹង​ជួយ​ឱ្យ​អ្នកស្រាវជ្រាវ រៀន​យល់ដឹង​ពាក់ព័ន្ធ​នឹង​ការ​ក្លាយ​ពូជ​របស់​វីរុស​នៅក្នុង​កន្លែងផ្សេងៗ និង​បញ្ជាក់បាន​ពី​ដំណើរ​ផ្លូវ​នៃ​ការចម្លង​សាយភាយ ឧទាហរណ៍​ដូចជា នៅឯ​ប្រ៊ី​ធី​ស​ខូ​ឡាំ​បៀ ប្រទេស​កាណាដា បានប្រកាស​កាលពីពេលថ្មីៗនេះ​ថា វីរុស​ដែល​ចម្លង​សាយភាយ​នៅក្នុង​ប្រទេស ជា​វីរុស​មកពី​សហរដ្ឋអាមេរិក និង​អឺរ៉ុប ជាដើម។

    វីរុស​ក្នុង​ក្រុង​ប៉េកាំង ជា​ប្រភេទ​ក្លាយ​ពូជ​មកពី​អឺរ៉ុប តែ​មិនបាន​ពិសោធ​ច្បាស់​ថា មកពី​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​ដោយផ្ទាល់​នោះទេ ព្រោះ​នៅ​ត្រូវការ​ទិន្នន័យ​បន្ថែមទៀត ដោយសារតែ​គ្មាន​កម្រិត RNA ដែល​ដូចគ្នា​នៅក្នុង​ប្រភព​ទិន្នន័យ​វីរុស​ក្នុង​តំបន់​របស់​ចិន។

    សំណួរ​ទី4៖ តើ​ត្រូវ​បិទ​ទីក្រុង ដើម្បី​ការពារ​ការឆ្លង​រាលដាល ឬទេ?

    នៅពេល​មាន​របាយការណ៍ អ្នកជំងឺ​ដែល​បានទទួល​ការអះអាង​ហើយ នៅក្នុង​ខណ្ឌ​ជាច្រើន​ក្នុង​ក្រុង​ប៉េកាំង និង​ក្នុង​មណ្ឌល​ហ៊ើ​ពេ​យ ដែល​នៅ​ជិតខាង លោក ចាង វឹ​ន​ហុង អគ្គនាយក​ផ្នែក​ជំងឺឆ្លង​របស់​មន្ទីរពេទ្យ​ហួ​សាន ក្នុង​ក្រុង​ស៊ា​ង​ហៃ បាន​ថ្លែងថា គ្រប់​ករណី​ដែល​បានទទួល​ការអះអាង​ក្នុង​ការឆ្លង​រាលដាល​ថ្មី​នេះ មាន​ត​ភ្ជាប់​នឹង​ផ្សារ​ស៊ីន​ហ្វា​ទី ដែល​នេះ​ជា​ទិន្នន័យ​សំខាន់ ដែល​ជួយ​ក្នុងការ​ពិចារណា​សម្រេច ដោយ​ទិន្នន័យ​បាន​បង្ហាញថា ការឆ្លង​រាលដាល​នោះ កំពុងស្ថិត​នៅក្នុង​រយៈ​ចាប់ផ្ដើម​ប៉ុណ្ណោះ។ លោក​ថ្លែងថា “ដរាបណា​ដែលមាន​ការរកឃើញ​ទាន់ពេលវេលា ការឆ្លើយតប​ដែល​ឆាប់រហ័ស និង​ការគ្រប់គ្រង​ដែល​ជាក់ច្បាស់ចំៗគោលដៅ ការឆ្លង​រាលដាល​របស់​ជំងឺ នឹងត្រូវ​គ្រប់គ្រង​បាន​ក្នុងពេល​ដ៏​ខ្លី ហើយ​ក្រុង​ប៉េកាំង នឹងមិន​ដូច​វូ​ហាន​ឡើយ”

    សំណួរ​ទី5៖ តើ​មន្ទីរពេទ្យ​បន្ទាន់ សៀវ​ថាំង​សាន ចាំបាច់​ត្រូវ​បើក​ជាថ្មី ឬទេ?

    មន្ទីរពេទ្យ​ប៉េកាំង​សៀវ​ថាំង​សាន ត្រូវបាន​សាងសង់ឡើង​ក្នុង​ឆ្នាំ2003 ដើម្បី​ព្យាបាល​អ្នកជំងឺ​ដែល​ឆ្លង​មេរោគ​សារស៍ និង​ចាប់ផ្ដើម​ទទួល​អ្នកជំងឺ​កូ​វីដ-19 នៅ​ថ្ងៃទី23 ខែមករា ឆ្នាំ2020 មុននឹង​បិទ​ទៅវិញ នៅពេល​អ្នកជំងឺ​កូ​វីដ-19 ចុងក្រោយ​គេ​បានទទួល​ការព្យាបាល​ជាសះស្បើយ និង​ចាក​ចេញពី​មន្ទីរពេទ្យ​នេះ​កាលពី​ថ្ងៃទី28 ខែមេសា ឆ្នាំ2020។

    លោក​អ៊ូ បាន​ថ្លែងថា “ការមើល​ពិភពលោក​ក្នុងន័យ​វិជ្ជមាន​របស់​យើង​នេះ អាស្រ័យ​លើ​ការត្រៀម​ការ​យ៉ាង​ពេញ​រូប​បែប និង​ការ​ដំណើរការ​តាម​វិធានការ​ការពារ​ការឆ្លង​រាលដាល​យ៉ាង​ពេញ​រូប​បែប​ដូចគ្នា”

    លោក ឡេ ហៃ​ឆៅ ប្រធាន​គណៈកម្មការ​សុខ​ភាព​ជាតិ​ប៉េកាំង បាន​ថ្លែង​កាលពី​ថ្ងៃទី17 ឧសភា​ថា ក្រុង​ប៉េកាំង នឹង​តែ​រក្សាទុក​ប្រព័ន្ធ​បម្រើសេវា​កម្ម​ព្យាបាល “3 + 2” ដែល​ពាក់ព័ន្ធ​ជាមួយ​មន្ទីរពេទ្យ​ទី​ថា​ន មន្ទីរពេទ្យ​យ៉ូ​អាន មន្ទីរពេទ្យ​ទាហាន302 មន្ទីរពេទ្យ​សៀវ​ថាំង​សាន និង​មន្ទីរពេទ្យ​មិត្តភាព​ចិន-ជប៉ុន ក្នុងអំឡុង​ការឆ្លង​រាលដាល​របស់​កូ​វីដ-19 ឱ្យនៅ​ដដែល៕

    ប្រភព៖ សារព័ត៌មាន​បរទេស

    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • ចិន អនុម័តច្បាប់សន្តិសុខជាតិសម្រាប់ហុងកុង…ចូសួ វ៉ង់ លាឈប់ពីបក្ស…សកម្មជនមួយចំនួនគេចចេញពីហុងកុង

    ចិន អនុម័តច្បាប់សន្តិសុខជាតិសម្រាប់ហុងកុង…ចូសួ វ៉ង់ លាឈប់ពីបក្ស…សកម្មជនមួយចំនួនគេចចេញពីហុងកុង

    សភា​ប្រជាជន​ចិន បាន​បោះឆ្នោត​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ក្រុង​ហុងកុង​កាលពី​ព្រឹក​ថ្ងៃទី30 មិថុនា ខណៈដែល​សេចក្ដីលម្អិត​របស់​ច្បាប់​នេះ រហូតដល់​ការទទួល​ទោសទណ្ឌ​រប​ស់​អ្នកប្រព្រឹត្ត​ខុស​នឹង​ច្បាប់​នេះ នៅតែ​ជា​រឿង​សម្ងាត់​នៅឡើយ។

    របាយការណ៍​ព័ត៌មាន​បានឱ្យដឹងថា ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ក្រុង​ហុងកុង​នេះ មាន​មាត្រា​កំណត់​ទោសទណ្ឌ​សម្រាប់​បុគ្គល​ដែលមាន​ទង្វើ​បំពាន​សន្តិសុខ​ជាតិ បែងចែក​ប្រទេស ផ្ដួលរំលំ​អំណាច​រដ្ឋ បង្ក​ភេរវកម្ម និង​រួម​ឃុបឃិត​ជាមួយ​បរទេស។

    ក្រោយពី​រដ្ឋសភា​ចិន មានមតិ​ឯកច្ឆន្ទ 162សំឡេង អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ក្រុង​ហុងកុង​រួចមក លោក ចូ​សួ វ៉ង់ មេដឹកនាំ​សកម្មជន​ទាមទារ​ប្រជាធិបតេយ្យ​ហុងកុង ក៏បាន​ប្រកាស​លាឈប់​ពី​គណបក្ស ដេ​ម៉ូ​ស៊ី​តូ ភ្លាមៗដែរ។

    លោក​ចូ​សួ វ៉ង់ បានប្រកាស​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា សូម​លាឈប់​ពី​តំណែង​អគ្គលេខាធិការ​បក្ស និង​សមាជិក​បក្ស ដេ​ម៉ូ​ស៊ី​តូ ដែល​លោក​បាន​បង្កើតឡើង តែ នឹង​នៅតែ​ផ្សព្វផ្សាយ​ឧត្ដមគតិ​របស់ខ្លួន​ក្នុងនាម​ជា​ប្រជាជន​តទៅទៀត។

    ក្រៅពី​លោក ចូ​សួ វ៉ង់ ហើយ នៅមាន​សកម្មជនផ្សេងៗទៀត​របស់​គណបក្ស​ដេ​ម៉ូ​ស៊ី​តូ ដូចជា លោក​ណា​ថា​ន លួ សកម្មជន​ម្នាក់ទៀត​ដែល​បានប្រកាស​លាឈប់​ពី​បក្ស រួមទាំង​មេដឹកនាំ​ការប្រឆាំង​តវ៉ា​នៅ​ហុងកុង​មួយចំនួន ក៏បាន​ប្រកាសប្រាប់​ពី​ការធ្វើដំណើរ​ចាក​ចេញពី​ក្រុង​ហុងកុង​ជា​បន្តបន្ទាប់​ដែរ៕

    ប្រភព៖ សា​ព័ត៌មាន​បរទេស

  • ការផ្ទេរសិទ្ធយានយន្តដែលរកម្ចាស់មិនឃើញនឹងត្រូវពន្យារពេល3ខែទៀត

    ការផ្ទេរសិទ្ធយានយន្តដែលរកម្ចាស់មិនឃើញនឹងត្រូវពន្យារពេល3ខែទៀត

    ថ្មីៗនេះ​ប្រជាជន​មួយចំនួន​បានបង្ហាញ​ក្តី​ព្រួយបារម្ភ​ចំពោះ​ថ្ងៃ​កំណ​ត់នៃ​ការផ្ទេរ​កម្ម​សិទ្ធ​យានយន្ត (កាត់ឈ្មោះ) ដែល​បាន​ទិញ​ត​គ្នា​ហើយ​រក​ម្ចាស់​ដើម​មិនឃើញ ដែល​កំណត់ថា​ត្រូវផុត​ត្រឹម​ថ្ងៃទី 30 ខែមិថុនា ឆ្នាំ2020នេះ។

    ក្រោយពេល​មាន​កិច្ចប្រជុំ​សម្របសម្រួល​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ព្រឹក​ថ្ងៃទី 01ខែកក្កដា ឆ្នាំ2020នេះ ក្រសួង បានប្រកាស​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់ខ្លួន​ថា ការផ្ទេរ​សិទ្ធ​យានយន្ត​ដែល​រក​ម្ចាស់​មិនឃើញ​នឹងត្រូវ​ពន្យារពេល 03ខែ​ទៀត រហូតដល់​ចុងខែ​កញ្ញា ឆ្នាំ2020។

    គួរ​បញ្ជាក់ថា ថ្មីៗនេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបង្ហាញ​លំហូរ​នីតិវិធី​ក្នុងការ​ផ្តល់ សេវា​ផ្ទេរកម្មសិទ្ធិ​យានយន្ត និង​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិ​យានយន្ត​រួមគ្នា តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម របស់​ក្រសួង ដោយ​ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ។ គំនិត​ផ្តួចផ្តើម​នេះ​ត្រូវ បានធ្វើ​ឡើង ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ ក្នុង​ដាក់ពាក្យ​ផ្ទេរកម្មសិទ្ធិ​យានយន្ត បង់​សេវា និង​បង់ពន្ធ​ប្រថាប់ត្រា​ក្នុងពេល​តែមួយ នៅ​ទីតាំង​ផ្តល់​សេវា​តែមួយ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឱ្យបាន​លឿន​រហ័ស៕

  • តំបន់រង្វង់មូលកួរស្រូវ ផ្លូវជាតិលេខ6 និងតំបន់ជាយក្រុង1កន្លែងអាចនឹងត្រូវវិនយោគធ្វើចំណតរថយន្តក្នុងតម្លៃ 160លានដុល្លារ

    តំបន់រង្វង់មូលកួរស្រូវ ផ្លូវជាតិលេខ6 និងតំបន់ជាយក្រុង1កន្លែងអាចនឹងត្រូវវិនយោគធ្វើចំណតរថយន្តក្នុងតម្លៃ 160លានដុល្លារ

    តំបន់​ជិត​រង្វង់​មូល​កួរស្រូវ តំបន់​ផ្លូវជាតិ​លេខ6 និង​តំបន់​ជាយក្រុង​ភ្នំពេញ​មួយកន្លែង​ទៀត អាច​នឹងត្រូវ​បង្កើតជា​ចំណតរថយន្ត​សម្រាប់​ដោះស្រាយ​បញ្ហា​កង្វះ​ចំណត​នៅក្នុង​ទីក្រុង។

    ការ​បង្ហើប​គម្រោង​នេះ គឺធ្វើឡើង​ក្នុងពេលដែល​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជួប​ជាមួយ​ក្រុមហ៊ុន Good Car Investment របស់​ចិន ដោយ​ឯកឧត្តម​បញ្ជាក់ថា ចំណត​ដែល​នឹង​ក្រុមហ៊ុន​កំពុង​សិក្សា​ដើម្បី​សាងសង់​នេះ ជា​ចំណត​ស្តង់ដា​ស្របតាម​គោលបំណង​របស់​រដ្ឋបាល​រាជា​ធានី​ភ្នំពេញ ដែល​កំពុង​ចាត់ទុក​ចំណតរថយន្ត​ជា​ចំណុច​អាទិភាព​ក្នុង​ទីក្រុង​នាពេល​បច្ចុប្បន្ននេះ។

    ចំណតរថយន្ត​ទាំង3នេះ អាច​នឹងត្រូវ​ចំណាយ​ថវិកា​វិនិយោគ និង​សាងសង់​ប្រមាណ 160លាន​ដុល្លារ​អាមេរិក ដោយ​ក្រុមហ៊ុន​បាន​ពិនិត្យ​តំបន់​រង្វង់​មូល​កួរស្រូវ​ជាប់​ព្រំដែន​ខេត្តកណ្តាល និង​តំបន់​ផ្លូវជាតិ​លេខ6រួចរាល់​ហើយ នៅឡើយ​តែ​តំបន់​ជាង​ក្រុង​មួយកន្លែង​ទៀត​ដែល​មិនទាន់​កំណត់​ច្បាស់​ថា​នឹងដាក់​នៅ​ទីកន្លែង​ណា៕