Author: ធឿន មករា

  • អាជ្ញាធរក្រុងហុងកុង បញ្ជាឱ្យដកហូតសៀវភៅល្មើសច្បាប់សន្តិសុខថ្មី ចេញពីប្រព័ន្ធការសិក្សា

    អាជ្ញាធរក្រុងហុងកុង បញ្ជាឱ្យដកហូតសៀវភៅល្មើសច្បាប់សន្តិសុខថ្មី ចេញពីប្រព័ន្ធការសិក្សា

    រដ្ឋបាលហុងកុង កាលពីថ្ងៃចន្ទ ទី6 កក្កដា បានចេញបញ្ជាឱ្យស្ថាប័នអប់រំសិក្សាធិការ​នានា ពិចារណាឡើងវិញ និងដកហូតនូវសៀវភៅណាក៏ដោយ ដែលអាចល្មើសនឹងច្បាប់សន្តិសុខថ្មី ដែលខាងក្រុងប៉េកាំង បានកំណត់ឱ្យប្រើនៅលើកោះមួយនេះ កាលពីសប្ដាហ៍កន្លងទៅ។

    នាយកដ្ឋានការអប់រំសិក្សា បានថ្លែងថា “​ដើម្បីឱ្យស៊ីចង្វាក់គ្នានឹងចំណុច 4ប្រការរបស់ការប្រព្រឹត្តកំហុសដែលច្បាប់បានកំណត់ទុកយ៉ាងច្បាស់នោះ គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន គួរពិចារណាឡើងវិញអំពីសារៈខ្លឹមសារការរៀន ការបង្រៀនផ្សេងៗ ក្នុងវិធីសាស្ត្រដែលស័ក្តិសម ក្នុងនោះរួមទាំងសៀវភៅមេរៀនទាំងឡាយផងដែរ”។

    នាយកដ្ឋានខាងលើ បានបន្តទៀតថា “បើរកឃើញថា សៀវភៅមេរៀនទាំងនោះ មានសារៈខ្លឹមសារដែលហួសសម័យ ឬមានសារៈខ្លឹមសារដែលអាចបង្កភាពព្រួយកង្វល់ថា វាអាចជាប់ពាក់ព័ន្ធនឹងចំណុច 4ប្រការនៃការប្រព្រឹត្តខុសខាងលើ ពួកគេក៏គួរតែដកហូតសៀវភៅទាំងនោះ”។

    កាលពីសប្ដាហ៍កន្លងទៅ ចិនបានចេញបទបញ្ជាដាក់ឱ្យប្រើប្រាស់ច្បាប់សន្តិសុខថ្មី ដើម្បីលើកកម្ពស់ការគ្រប់គ្រងកោះហុងកុង ដោយបានកំណត់ឱ្យអំពើឧក្រិដ្ឋកម្មផ្នែកសន្តិសុខជាតិ 4ប្រភេទ ជារឿងខុសច្បាប់ ដែលមានដូចជា ការផ្ដួលរំលំរបបគ្រប់គ្រង ការបែងចែកទឹកដី ការបង្កភេរវកម្ម និងការឃុបឃិតជាមួយកងកម្លាំងបរទេស ថាជារឿងខុសច្បាប់ ក្រោមច្បាប់សន្តិសុខថ្មីច្បាប់នោះ។

    ក្រុមសកម្មជ​នសិទ្ធិមនុស្សទាំងឡាយ និងបណ្ដាអ្នកវិភាគខាងច្បាប់ បានព្រមានថា ពាក្យពេចន៍ដែលមានន័យធំទូលាយខ្លាំងពេករបស់ច្បាប់មួយនេះ ដែលត្រូវបានបិទបាំងជាការសម្ងាត់ រហូតទាល់តែទទួលបានការអនុម័តនោះ នឹងបង្កផលប៉ះពាល់ដ៏គួរឱ្យភ័យខ្លាច ដល់សេរីភាពខាងនយោបាយនៅក្នុងតំបន់គ្រប់គ្រងពិសេសមួយនេះ។

    បទបញ្ជាឱ្យស្ថាប័នការសិក្សានានាពិចារណាឡើងវិញ ​និងដកហូតសៀវភៅដែលមានអត្ថន័យខុសនឹងច្បាប់នេះ បានកើតឡើង 2ថ្ងៃ បន្ទាប់ពីសៀវភៅរបស់ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យនៅក្នុងក្រុងហុងកុង ចាប់ផ្ដើមត្រូវបានគេដកចេញពីបណ្ណាល័យសាធារណៈ និងប្រព័ន្ធស្វែងរកតាមអនឡាញ ក្នុងអំឡុងពេលកំពុងពិចារណាឡើងវិញថា តើសៀវភៅទាំងនោះ ល្មើសនឹងច្បាប់ផ្នែកសន្តិសុខថ្មីនេះ ឬក៏អត់?។

    សៀវភៅមួយ ក្នុងចំណោមសៀវភៅដែលត្រូវបានដកចេញពីបណ្ណាល័យនោះគឺ សៀវភៅរបស់លោក ចូសួ វ៉ង់ សកម្មជនដ៏ល្បីល្បាញ រួមទាំងសៀវភៅរបស់អ្នកស្រី ថាន់យ៉ា ឆាន មេធាវីប្រកាន់លិទ្ធិប្រជាធិបតេយ្យ និងជាច្រើនក្បាលទៀតដែលសរសេរដោយលោក ឈិន វ៉ាន អ្នកជំនាញការល្បីឈ្មោះ ដែលត្រូវបានគេមើលឃើញថា ជាព្រះបរមគ្រូ របស់ក្រុមសកម្មជនក្នុងតំបន់ ដែលទាមទារសិទ្ធិក្នុងការកំណត់វាសនាអនាគតខ្លួនឯងនៅក្នុងក្រុងហុងកុង៕

    ប្រភព៖ សារព័ត៌មានបរទេស

  • កាល់ស្យូម សារធាតុអាហារដែលចាំបាច់ចំពោះស្រ្តីមានគភ៌

    កាល់ស្យូម សារធាតុអាហារដែលចាំបាច់ចំពោះស្រ្តីមានគភ៌

    ស្រ្តីមានគភ៌ដែលទទួលទានអាហារដែលមានកាល់ស្យូមខ្ពស់ខណៈមានគភ៌នោះ នឹងធ្វើឱ្យកូនក្នុងផ្ទៃមានឆ្អឹង និងធ្មេញរឹងមាំ ភាគច្រើនលោកគ្រូពេទ្យដែលពិនិត្យគភ៌នឺងណែនាំឱ្យស្រ្តីមានគភ៌ទទួលទានកាល់ស្យូមឱ្យបានគ្រប់គ្រាន់ ព្រោះបើកូនប្រសូតចេញមកហើយ អាចនឹងទាញយកកាល់ស្យូមពីខ្លួនអ្នកម្តាយទៅសាងបង្កើនផ្នែកផ្សេងៗរបស់រាងកាយទៀតផង។ ក្នុងខណៈតាំងគភ៌វិញ បើស្រ្តីមានគភ៌បានទទួលកាល់ស្យូមមិនគ្រប់គ្រាន់អាចនឹងកើតប្រគ្រីវកាច់ ឬសភាវសាច់ដុំឡើងរឹងក្នុងផ្នែកផ្សេងៗរបស់រាងកាយបាន។

    ប្រភពរបស់កាល់ស្យូមដែលស្រ្តីមានគភ៌គួរដឹង

    1. អាហារដែលធ្វើអំពីទឹកដោះ

    ដូចជា ទឹកដោះគោឆៅ ទឹកដោះគោជូរ យ៉ាអួ ឈីស និងប៊័រស្រស់ អាហារពពួកនេះសម្បូរទៅដោយកាល់ស្យូមច្រើនបំផុត និងជ្រាបចូលទៅក្នុងរាងកាយបានល្អ។ ទឹកដោះគោ 1 កែវនឹងផ្តល់បរិមាណកាលស្យូមប្រមាណជា 200 – 300 មីល្លីក្រាម។

    2. គ្រាប់សណ្តែក និងធញ្ញជាតិ

    សណ្តែកផ្សេងៗ ល្ង និងអាហារដែលធ្វើពីពពួកសណ្តែកលឿង ដូចជា តៅហ៊ូ ពពុះតៅហ៊ូ ទឹកសណ្តែកលឿង ទឹកតៅហ៊ូ -ល- អាហារពពួកសណ្តែកលឿងនេះសម្បូរទៅដោយកាល់ស្យូម និងគ្មានកូលេស្តេរ៉ូល។

    3. បន្លែពណ៌បៃតងចាស់

    ពពួកបន្លែស្លឹកពណ៌បៃតងនឹងមានកាល់ស្យូមខ្ពស់ ដូចជា ប្រូខូលី ស្លឹកផ្ទី ស្លឹកញ ស្លឹកអង្កាញ់ បន្លែផ្អែម ជាដើម ស្រ្តីមានគភ៌អាចយកបន្លែផ្សេងៗដែលចូលចិត្តមកធ្វើជាម្ហូបអាហារពិសាបានច្រើនយ៉ាង ដូចជា ឆាបន្លែរួម ឬស្ងោបន្លែតៅហ៊ូសាច់ជ្រូកចិញ្រ្ចាំ ជាដើម។

    4. សាច់សត្វ

    ភាគច្រើនអាហារធ្វើពីសាច់សត្វដែលមានកាល់ស្យូមនឹងសង្កត់ធ្ងន់លើអាហារពពួកត្រីប្រឡាក់ ត្រីដែលញ៉ាំបានទាំងឆ្អឹង ពួកត្រីដុត ជាដើម តែក៏មិនគួរបរិភោគច្រើនជ្រុលពេកដែរ ព្រោះថា ត្រីពពួកនេះនឹងមានសូដ្យូមខ្ពស់។

    5. វីតាមីន D

    វីតាមីន D នឹងជួយបឺតជ្រាបកាល់ស្យូមចូលទៅក្នុងរាងកាយបានល្អ ដូច្នេះស្រ្តីមានគភ៌គួរបានទទួលវីតាមីន D ឱ្យបានយ៉ាងតិចមួយថ្ងៃ 400 យូនិត។ អាហារដែលមានវីតាមីន D គឺ ទឹកដោះគោ ឈីស ប៊័រ យ៉ាអួ និងពន្លឺថ្ងៃនាពេលព្រឹកក៏ជួយបម្លែងទៅជាវីតាមីន D តាមរយៈស្បែកបានដែរ។

     

    ចំណុចគួរប្រយ័ត្នក្នុងការទទួលទានកាល់ស្យូម

    មិនគួរទទួលទានកាល់ស្យូម និងអាហារដែលមានសារធាតុដែកក្នុងពេលជាមួយគ្នាឡើយ ព្រោះនឹងធ្វើឱ្យប្រសិទ្ធភាពក្នុង​ការបឺតជ្រាបយកសារធាតុអាហាររបស់ទាំងពីរយ៉ាងថយចុះ គួរទទួលទានឆ្ងាយពីគ្នាយ៉ាងតិច 2 ម៉ោងទើបល្អ៕

  • Buffon ក្លាយជាកីឡាករ ដែលបង្ហាញខ្លួននៅលីកកំពូល អ៊ីតាលី បានច្រើនប្រកួតជាងគេបង្អស់

    Buffon ក្លាយជាកីឡាករ ដែលបង្ហាញខ្លួននៅលីកកំពូល អ៊ីតាលី បានច្រើនប្រកួតជាងគេបង្អស់

    កាលពី​យប់មិញ ក្លិប​បាល់ទាត់ Juventus បាន​យកឈ្នះ​លើ​គូប្រកួត Torino ក្នុង​លទ្ធផល 4ទល់នឹង1 ដោយបាន​ពី​Ronaldo 1គ្រាប់ និង 3គ្រាប់​ផ្សេងទៀត រកបាន​ដោយ Paulo Dybala, Juan Cuadrado និង​គ្រាប់​បាល់ own goal(ស៊ុត​ចូល​ខ្លួនឯង) របស់ Torino។

    នៅក្នុង​ការប្រកួត​នោះ អ្នកចាំទី Gianluigi Buffon ក៏បាន​បំបែក​កំណត់ត្រា ក្លាយជា​កីឡាករ​ដែល​បង្ហាញខ្លួន​នៅ Serie A បាន​ច្រើន​ប្រកួត​ជាងគេ​ផងដែរ គឺ 648ប្រកួត បំបែក​កំណត់ត្រា​របស់ Paolo Maldini៕

  • Samsung Galaxy Z Flip ពណ៌មាសចាំងផ្លេកដូចកញ្ចក់ឆ្លុះបញ្ចំងពីគុណតម្លៃនៃភាពទាក់ទាញ និងឡូយឆាយបំផុតមានវត្តមាននៅទីផ្សារកម្ពុជាហើយ!

    Samsung Galaxy Z Flip ពណ៌មាសចាំងផ្លេកដូចកញ្ចក់ឆ្លុះបញ្ចំងពីគុណតម្លៃនៃភាពទាក់ទាញ និងឡូយឆាយបំផុតមានវត្តមាននៅទីផ្សារកម្ពុជាហើយ!

    (ភ្នំពេញ) ថ្ងៃទី ០៧ ខែ​កក្ដ​ដា ឆ្នាំ ២០២០៖ គិត​ទៅ Samsung Galaxy Z Flip ពិតជា​សាហាវ និង​ស្ញប់ស្ញែង​ពេក​ហើយ បន្ទាប់ពី​ទទួលបាន​ការ​គ្រាំទ្រ​យ៉ាងច្រើន​លើសលុប​ដែល​មិនគួរ​ឲ្យ​ជឿ ឥឡូវនេះ កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ដ៏​ទាក់ទាញ និង​សែន​ស៊ីវីល័យ​អស់​ស្ទះ​មួយ​នេះ​បាន​បញ្ចេញ​នូវ​ពណ៌​មាស​ថ្មី​ប្លែក…ចាំងផ្លេកៗដូច​កញ្ចក់…ស្រស់ស្អាត​ទាក់ភ្នែក​មែនទែន​ស្ទើរតែ​មិនគួ​យ​ឱ្យ​ជឿ​ហើយ​នែ៎ក…!!!

    ព្រះ​អើយ…ពិតជា​ពិសេស និង​ឡូយ​ខ្លាំងណាស់​កូនពៅ​មាស…! ឥឡូវនេះ​ចង់ដឹង​ណាស់​ថា​តើ Samsung Galaxy Z flip ដ៏​គួរឱ្យ​ស្រឡាញ់ និង​គួរឱ្យ​ចង់​ចាប់​កាន់​ក្នុង​ដៃ​នេះ មានការ​ថែម​ជូន​កម្មវិធី​ពិសេស​អ្វីខ្លះ​នោះ? ក្រុមហ៊ុន​នឹងមិន​ទុកឱ្យ​ឆ្ងល់ និង​អន្ទះសារ​ទៀត​ទេ…ដូច្នេះ​សូម​មក​មើល​ទាំងអស់គ្នា៖

    * ការផ្តល់ជូន​ពិសេស៖

    – បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី (រយៈពេល 6 ខែ​ចាប់​គិតពី​ថ្ងៃ​ជាវ)!

    – ទទួលបាន​ការ​ថែម​ជូន​លេខ​ពិសេស​ពី Smart ធំ​ហ្មង តម្លៃ 129 ដុល្លារ!

    * បញ្ជាក់៖ ប្រូ​ម៉ូ​សិន​នេះ​សម្រាប់តែ​ពណ៌​មាស​តែប៉ុណ្ណោះ!

    ម៉េច​ដែរ​ប៉ុន​ហ្នឹង…!  ឮ​គេ​និយាយ​រាប់លាន​ដង​ពុំ​ស្មើ​បានឃើញ និង​ចាប់​កាន់​ផ្ទាល់​ម្តង​ឡើយ…! កុំ​នៅ​បង្អង់​យូរ​ទៀត​អី…! ហ៊ាន​ធានាថា​ពេល​លោកអ្នក​បាន​ចាប់​កាន់​នូវ​នឹង​ដៃ​ផ្ទាល់​គឺ​ពិតជា​លង់​ស្រឡាញ់​ខ្លាំង​ជាង​មើលរូប​ទៀត​ហ្ន៎…! ពិតមែន​ណា៎! បើ​មិន​ជឿ…សាក​ទិញ​ប្រើ​ទៅ​ដឹង​ហើយ!

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​ទៅ​សាកសួរ​ដោយផ្ទាល់​តាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ៖ 1800-203232 !

  • ហេតុអ្វីត្រូវសិក្សាគណិតវិទ្យា?

    ហេតុអ្វីត្រូវសិក្សាគណិតវិទ្យា?

    គណិតវិទ្យា​ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ក្នុង​កម្មវិធីសិក្សា និង​ការរស់នៅ​ជាក់ស្តែង ព្រោះ​មិន​ថា​យើង​ធ្វើ​ការងារ​ផ្នែក​វិទ្យាសាស្ត្រ​ពិត ឬ​វិទ្យាសាស្ត្រ​សង្គម​នោះទេ យើង​ចាំបាច់​ត្រូវតែ​ប្រើប្រាស់​គណិតវិទ្យា។ បន្ថែម​ពីលើ​នេះ គណិតវិទ្យា​ក៏​កាន់តែ​សំខាន់​ផងដែរ​សម្រាប់​អ្នកធ្វើអាជីវកម្ម ដែល​ត្រូវ​គ្រប់គ្រង​ទិន្នន័យ ជាពិសេស​ផ្នែក​ហិរញ្ញវត្ថុ។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា គំណិត​វិទ្យា​គឺជា​មុខវិជ្ជា​មួយ​ដ៏​សំខាន់​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវិត​ប្រចាំថ្ងៃ ក្នុងការ​ត្រៀម​រៀន​នៅ​កម្រិត​ឧ​ត្ត​ម​សិក្សា​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ និង​វិស្វកម្ម (STEM) និង​វិទ្យាសាស្ត្រ​សង្គម​ដូចជា​សេដ្ឋកិច្ច និង​ការប្រើប្រាស់​ប្រចាំថ្ងៃ​ជាដើម។ ឯកឧត្តម​ថា ការរៀន​គណិតវិទ្យា អាចជួយ​សិស្ស​ឱ្យ​ចេះ​ត្រិះរិះ​ពិចារណា ដោះស្រាយ​បញ្ហា និង​មានគំនិត​នវានុវត្តន៍។ ប្រសិនបើ​សិស្សានុសិស្ស​ចង់​ក្លាយជា​អ្នកសេដ្ឋកិច្ច វិស្វករ អ្នកវិទ្យាសាស្ត្រ និង​គ្រូបង្រៀន គឺ​ចាំបាច់​ត្រូវតែ​ពង្រឹង​ចំណេះដឹង​ផ្នែក​គ​ណិ​វិទ្យា​នេះ។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ផងដែរ​ពី​វិធីសាស្ត្រ​ក្នុង​ការសិក្សា​គណិតវិទ្យា​ឱ្យបាន​ពូកែ ដោយ​សិស្ស​ទាំងអស់​ត្រូវ​ពង្រឹង​មូលដ្ឋានគ្រឹះ​ពី​ថ្នាក់​ទី7 ឬ​អាច​ចាប់ផ្តើម​ពង្រឹង​ខ្លាំង​ចាប់ពី​ថ្នាក់​ទី10ឡើងទៅ ព្រោះ​មេរៀន​គណិតវិទ្យា​មាន​ទំនាក់​ទំនាក់​គ្នា ហើយ​មិនអាច​ផ្លោះ​ដោយ​មិន​ច្បាស់​ពី​មូលដ្ឋាន​នោះទេ។ ដើម្បី​រៀន​ឱ្យ​ពូកែ​ផ្នែក​គណិតវិទ្យា​ទៅបាន​លុះត្រាតែ អ្នកសិក្សា​ត្រូវ​យល់​ពី​មូលដ្ឋាន និង​មេរៀន​នីមួយ​ឱ្យបាន​ច្បាស់។ មូលដ្ឋានគ្រឹះ​ដែល​ត្រូវតែ​អនុវត្ត​នោះ​គឺ ត្រូវ​ចងចាំ​រូបមន្ត ចំណាយពេល​វេលា​ធ្វើ​លំ​ហាត់​ឱ្យបាន​ច្រើន រំលឹក​មេរៀន និង​សង្ខេប​មេរៀន ធ្វើ​ស្វ័យ​សិក្សា​ឱ្យបាន​ច្រើន និង​ចូលរួម​ក្លិប​សិក្សា៕

  • របរចិញ្ចឹមកង្កែបអាចចំណេញជាង 30លានរៀលក្នុងមួយឆ្នាំ

    របរចិញ្ចឹមកង្កែបអាចចំណេញជាង 30លានរៀលក្នុងមួយឆ្នាំ

    បច្ចុប្បន្ននេះ ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 បានធ្វើឱ្យ​ការហូរចូល​នៃ​ទំនិញ​ពី​បរទេស​ជាពិសេស​ផ្នែក​កសិកម្ម​មានការ​ថយចុះ ដែល​ធ្វើឱ្យ​អ្នក​ផលិត​កសិផល​នៅក្នុង​ស្រុក​ចាប់ផ្តើម​ពង្រីក​ទីផ្សារ​របស់ខ្លួន​បាន​កាន់តែច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

    ចំពោះ​របរ​ចិញ្ចឹម​កង្កែប​ឯណោះ​វិញ ក៏​ចាប់ផ្តើម​មាន​ទីផ្សារ​ល្អ​ផងដែរ​នៅ​ឆ្នាំ 2020នេះ។ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​ថ្លែងថា មិនថាតែ​កសិករ​តាម​បណ្តា​ខេត្ត​ទេ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចិញ្ចឹម​កង្កែប សូម្បីតែ​កសិករ​ក្នុង​រាជធានី​ភ្នំពេញ ក៏​កំពុង​ចាប់អារម្មណ៍ និង​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ផងដែរ។

    កសិករ​ចិញ្ចឹម​កង្កែប​មូ​យ​រូប គឺ​លោក ម៉ម យ៉​ន បច្ចុប្បន្ននេះ​កំពុង​ញាប់ដៃ​ញាប់ជើង​បង្កើន​សមត្ថភាព​ចិញ្ចឹម​កង្កែប​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ និង​បង្កើន​ចំណូល។ កសិករ​ខាងលើ​រស់នៅ​ភូមិ​ស្វាយ​តា​យ៉​ន់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ដោយ​គាត់​មាន​អាង​ចិញ្ចឹម​កង្កែប​សរុប​ចំនួន 63អាង។ អាង​កង្កែបនីមួយៗមាន​ទំហំ​ទទឹង 3ម៉ែត្រ បណ្តោយ 4ម៉ែត្រ និង​កម្ពស់​កន្លះ​ម៉ែត្រ។ លោ​កថា​ក្នុង​អាងនីមួយៗអាចដាក់​ចិញ្ចឹម​មេ​ពូជ​បាន​សរុប 200ក្បាល ដែល​អាច​រក​ចំណូល​សរុប​ចំនួន 50,000,000រៀល​ក្នុង​មួយឆ្នាំ។

    លោក ម៉ម យ៉​ន មាន​សមត្ថភាព​ភ្ញាស់​កូន​កង្កែប​ចំនួន 20,000 ទៅ 30,000ក្បាល​ក្នុង​មួយឆ្នាំ និង​អាច​លក់បាន​ប្រមាណ 15,000,000រៀល​ក្នុង​មួយឆ្នាំ។ ទន្ទឹមនឹងនេះ លោក​បាន​ចិញ្ចឹម​កង្កែប​យក​សាច់​លក់បាន​ប្រមាណ 3.5តោន​ក្នុង​មួយឆ្នាំ ដែល​គិត​ជា​ទឹកប្រាក់​បាន​ប្រមាណ 35,000,000រៀល។ បើ​បូកសរុប​ទាំង​ថ្លៃ​លក់​កូន​កង្កែប​ដែល​ភ្ញាស់​បាន និង​លក់​សាច់​កង្កែប ក្នុង​មួយឆ្នាំ​លោក​អាច​រក​ចំណូល​សរុប​បាន​ប្រហែល 50,000,000រៀល​ក្នុង​មួយឆ្នាំ។

    ចំពោះ​ចំណាយ​វិញ ក្នុង​មួយឆ្នាំ​កសិករ​ខាងលើ​បាន​ចំណាយ​លើ​ចំណី​មេ​ពូជ និង​ចំណាយ​ផ្សេង​អស់​ចំនួន 16,880,000រៀល ហេតុនេះ​បើ​ទូទាត់​ចំណូល និង​ចំណាយ​គាត់​អាច​ចំណេញ​បាន​ប្រហែល 33,120,000រៀល​ដែរ​ក្នុង​មួយឆ្នាំ៕

  • ជំងឺចង្រៃ 4 អាចព្យាបាលបានដោយ ផ្លែ “ត្រប់ពុតលំញង”

    ជំងឺចង្រៃ 4 អាចព្យាបាលបានដោយ ផ្លែ “ត្រប់ពុតលំញង”

    ត្រប់ពុតលំញងនៅគូគ្នាជាមួយជនជាតិខ្មែរយើងយូរមកហើយ ប្រើធ្វើជាគ្រឿងផ្សំរបស់ម្ហូបអាហារបានជាច្រើនមុខ ដូចជា សម្លកកូរ បុកលាយជាមួយទឹកគ្រឿង ស្រុះធ្វើជាអន្លក់ក៏បាន ដែលក្រៅពីភាពឆ្ញាញ់ហើយនោះ នៅមានគុណសម្បត្តិអាចប្រឆាំងនឹងជំងឺផ្សេងៗបានទៀតផង បើមិត្តអ្នកអានចង់ដឹងថា តើមានអ្វីខ្លះនោះ សូមតាមឡារ៉ែនមកចុះ។

    1 . ជំងឺទឹកនោមផ្អែម

    ការស្រាវជ្រាវវិភាគបានរកឃើញថា ទឹកភេសជ្ជៈផ្លែត្រប់ពុតលំញងអាចកាត់បន្ថយកម្រឹតអនុមូលឥស្សរៈនៅក្នុងឈាមរបស់សត្វកណ្តុរសាកល្បងដែលកើតជំងឺទឹកនោមផ្អែមបាន ធ្វើឱ្យជាតិខ្លាញ់មិនល្អ និងកម្រឹតជាតិស្ករនៅក្នុងឈាមថយចុះ ដូច្នេះការឱ្យអ្នកជំងឺទឹកនោមផ្អែមទទួលទានផ្លែត្រប់ពុតញងក្នុងអំឡុងពេលព្យាបាលនឹងជួយឱ្យឆាប់ធូរស្រាលបានច្រើនណាស់។

    2 . ជំងឺលើសឈាម និងបញ្ហាគ្រាប់ឈាម

    ការងារស្រាវជ្រាវមួយនៅក្នុងប្រទេស កាមេរូនបានរកឃើញថា ពេលយកផ្លែត្រប់ពុតលំញងមកចម្រាញ់លាយជាមួយអាល់កុលមកសាកល្បងជាមួយសត្វកណ្តុរ គេសង្កេតឃើញថា អត្រាការលោតរបស់បេះដូង និងសម្ពាធឈាមថយចុះ ព្រមទាំងនៅអាចបញ្ឈប់ការផ្តុំខ្លួនរបស់គ្រាប់ឈាមទៀតផង ដូច្នេះទើបវាជួយឱ្យអ្នកជំងឺលើសឈាម និងបញ្ហាគ្រាប់ឈាមមានអាការល្អប្រសើរឡើងបាន។

    3 . សម្បូរទៅដោយសារធាតុប្រឆាំងអនុមូលឥស្សរៈ

    នៅឆ្នាំ 2007 មានការងារស្រាវជ្រាវវិភាគមួយបាននាំផ្លែត្រប់ 11 ប្រភេទក្នុងប្រទេសថៃទៅចម្រាញ់រកសារធាតុប្រឆាំងអនុមូលឥស្សរៈ លទ្ធផលបានបង្ហាញថា ផ្លែត្រប់ពុតលំញងមានសារធាតុប្រឆាំងអនុមូលឥស្សរៈច្រើនជាងគេបំផុតក្នុងបណ្តាផ្លែត្រប់គ្រប់ប្រភេទ។

    4 . ដំបៅក្នុងក្រពះ

    នៅឆ្នាំ 2007 ដដែលនោះ ក្រុមអ្នកស្រាវជ្រាវក្នុងប្រទេស កាមេរូនបានរកឃើញថា ផ្លែត្រប់ពុតលំញងអាចប្រឆាំងនឹងកាកើតដំបៅក្នុងក្រពះបាន ព្រោះនៅក្នុងផ្លែត្រប់ពុតលំញងមានសារធាតុពពួកហ្ល្វាវ៉ូណយដ៍ និងថ្រៃធើរ៍ភីន ដែលមានឬទ្ធិប្រឆាំងការកើតដំបៅក្នុងក្រពះបាយដែលបណ្តាលមកពីជាតិអាល់កុល ឬភាពតានតឹងធុញថប់បាន។

    ឱសថបុរាណរបស់ខ្មែរយើងនេះមានសុទ្ធតែរបស់ល្អៗទាំងអស់ និងថែមទាំងមានតម្លៃមិនថ្លៃទៀតផង ឯគុណសម្បត្តិវិញក៏លើសលុបដែរ តែគួរឱ្យសោកស្តាយខ្លាំងណាស់ បើសិនជាយើងកៀរផ្លែត្រប់ពុតលំញងតូចៗនេះចេញពីចានបាយនោះ ដូច្នេះអ្នកណាដែលមិនធ្លាប់ញ៉ាំ ឬមិនចូលចិត្តនោះ គួរតែងាកមកសាកល្បងញ៉ាំសាកលមើលបន្តិចទៅមើល ជាពិសេសស្រុះជ្រលក់ជាមួយទឹកគ្រឿង ឬបុកលាយក្នុងទឹកគ្រឿងតែម្តង ធានាថាបានទាំងឆ្ងាញ់មាត់ និងទទួលបានគុណប្រយោជន៍ខាងសុខភាពទៀតផង៕

  • ចំណុច2យ៉ាងដែលធ្វើឱ្យយើងក្លាយជាបុគ្គលិកដែលគេត្រូវការ

    ចំណុច2យ៉ាងដែលធ្វើឱ្យយើងក្លាយជាបុគ្គលិកដែលគេត្រូវការ

    ក្លាយជា​បុគ្គល​សំខាន់​សម្រាប់​ក្រុមហ៊ុន ឬ​ស្ថាប័ន​ជា​អ្វីដែល​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍ តែ​កន្លងមក​មាន​កត្តា​ប្រឈម​ជាច្រើន​ដែល​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ ជា​ពិ​សេ​បញ្ហា​ផ្នត់គំនិត​ក្នុងការ​ចូលរួម​អភិវឌ្ឍ។

    លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញវត្ថុ បាន​លើកឡើងថា បច្ចុប្បន្ននេះ មាន​យុវជន​ជាច្រើន​ចង់​ជោគជ័យ​តាមរយៈ​ការធ្វើ​ខ្លួន​ជា​សហគ្រិន​វ័យក្មេង។ យើង​ត្រូវ​ទទួលស្គាល់ថា​មនុស្ស​ទាំងអស់​មិនអាច​ក្លាយជា​សហគ្រិន​បានទេ។ ម្យ៉ា​វិញទៀត​បើទោះពីជា​យើង​ធ្វើការ​ឱ្យគេ​ក៏​អាច​ជោគជ័យ​បានដែរ​ឱ្យតែ​យើង​មាន​ស្មារតី​ជា​សហគ្រិន​ពិតប្រាកដ។

    ចំនុចសំខាន់ៗចំនួន2 ដែល​អាចធ្វើឱ្យ​យើង​ក្លាយជា​បុគ្គល​សំខាន់​ក្នុង​ស្ថាប័ន​គឺ៖

    1.ធ្វើជា​បុគ្គលិក​ដែលមាន​គំនិត​ផ្តួចផ្តើម និង​ទំនួល​ខុសត្រូវ​ខ្ពស់

    ស្ថាប័ន​ឬ​ក្រុមហ៊ុន​មួយ​មានការ​រីកចំរើន​លុៈ​ត្រាតែ​មានគំនិតថ្មីៗ និង​អនុវត្ត​គំនិត​ទាំងនោះ​ប្រកបដោយ​ប្រសិទ្ធិភាព និង​ប្រសិទ្ធិ​ផល (effective and efficient)។ ការចូលរួម​ផ្តល់នូវ​គំនិត​ផ្តួចផ្តើម​ដែលនាំឱ្យ​ស្ថាប័ន​រីកចំរើន​នឹង​ទទួលបាន​ការឱ្យ​តម្លៃ​ពី​សំណាក់​និយោជក ហើយ​រឹតតែ​ទទួលបាន​ការឱ្យ​តម្លៃ​ទៀត​នោះ​គឺ​ការទទួលខុសត្រូវ​ក្នុងការ​បំពេញការងារ​របស់​បុគ្គលិកម្នាក់។

    2. ចាត់ទុក​ខ្លួន​អ្នកជា​ផលិតផល​ដែល​ត្រូវ​អភិវឌ្ឍ​ជាប់​ជានិច្ច

    បើទោះជា​អ្នក​ចេញពី​មហាវិទ្យាល័យ​មា​នស​ញ្ញាប​ត្រ័​បរិ​ញ្ញា2-3 និង​អនុបណ្ឌិត​ក៏​មិន​គ្រប់គ្រាន់​ដែរ។ អ្នក​ត្រូវ​រៀន​នូវ​ជំនាញខ្លីៗ និង​សិក្សា​ស្រាវជ្រាវ​ជាប់​ជាប្រចាំ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​ត្រូវ​នឹង​សម័យកាល និង​សេចក្តីត្រូវការ​របស់​និយោជក។ ពោលគឺ​ត្រូវធ្វើ​ខ្លួន​ជា​ទ្រព្យ​ដ៏​មានតម្លៃ​ឬ​ជា​គ្រាប់ពេជ្រ​ពិតប្រាកដ​សំរាប់​និយោជក៕

  • មិត្តហ្វូនលើកទឹកចិត្តប្រជាជនជាមួយនិងការអប់រំអំពីព្រះពុទ្ធសាសនាតាមរយៈខ្សែវីដេអូ “មាគ៌ាព្រះធម៌”

    មិត្តហ្វូនលើកទឹកចិត្តប្រជាជនជាមួយនិងការអប់រំអំពីព្រះពុទ្ធសាសនាតាមរយៈខ្សែវីដេអូ “មាគ៌ាព្រះធម៌”

    ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​ដែលមាន​ប្រជាជន​ជាង ៩៧ ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​នៅ​ព្រះរាជាណាចក្រ​នេះ​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា (សៀវភៅ​កំណត់ត្រា​ការពិត​ពិភពលោក​ឆ្នាំ ២០១៣) ដែល​ត្រូវបាន​សាបព្រោះ​និង​ចិញ្ចឹម​បីបាច់​ថែរក្សា​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ដោយ​តម្លៃ​ជា​អចិន្ត្រៃយ៍​នៃ​ព្រះពុទ្ធសាសនា​រាប់ពាន់​ឆ្នាំ​មកហើយ។

    ព្រះធម៌​មិនមែនជា​ទស្សនវិជ្ជា​អរូបី​ឬ​តឹងរឹង​ទេ ប៉ុន្តែ​ព្រះធម៌​គឺជា​ខ្សែសង្វាក់​សកម្មភាព​នៃ​ការ​បំផុសគំនិត​ដ៏​រស់​រវើក ដែលមាន​គោលបំណង​បង្ហាញ​ប្រជាជន​ពី​របៀប​បើក​ចិត្ត​របស់​ពួកគេ​ជាមួយនឹង​សេចក្តី​ជ្រះថ្លា​នៃ​ការយល់ដឹង។ សីលធម៌​របស់​ព្រះពុទ្ធសាសនា​លើកកម្ពស់​ការយល់ឃើញ​នៃ​អំពើ​ល្អ ការអាណិតអាសូរ ការនាំមក​នូវ​សេចក្តីស្រឡាញ់​ដល់​មនុស្ស​គ្រប់រូប ការចិញ្ចឹម​បីបាច់​ព្រលឹង និង​ការកសាង​សង្គម​ប្រកបដោយ​និរន្តរភាព។ ពោលគឺ​តម្រង់​ទិសឧត្ត​ម​គតិ​របស់​មនុស្ស​ឲ្យ​បដិបត្តិ ហើយ​ក្លាយជា​គោលការណ៍​ណែនាំ​ជា​គម្រូ​សម្រាប់​មនុស្ស​គ្រប់គ្នា​ប្រកបដោយ​សច្ចភាព ភាព​បរិសុទ្ធ និង​ភាព​ជ្រះថ្លា។

    ដោយមាន​ការទទួលស្គាល់​ពី​សារៈសំខាន់​នៃ​ការអប់រំ​របស់​ព្រះពុទ្ធសាសនា​សម្រាប់​ប្រជាជន​កម្ពុ​ជាទូទៅ​ជាពិសេស​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ដែល​កំពុង​ឈានទៅរក​សេដ្ឋកិច្ច​សម័យ​ទំនើប​និង​វប្បធម៌​ចំរុះ​នៅលើ​សកលលោក ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ក្រោម​ការពិគ្រោះ​យោបល់​របស់​គណៈសង្ឃ​ជាន់ខ្ពស់​នៃ​ព្រះពុទ្ធសាសនា​នៃ​ប្រទេស​កម្ពុជា បាន​នឹង​កំពុង​បង្កើត​គម្រោង​ខ្សែ​វីដេអូ​អំពី “មាគ៌ា​ព្រះធម៌” ដែលមាន​គោលបំណង​លើកកម្ពស់​ក្នុងការ​តម្រង់ទិស​មនុស្ស​ឱ្យ​ស្គាល់​ពី​តម្លៃពិត​នៃ​ព្រះពុទ្ធសាសនា ពោលគឺ​ដើម្បី​ណែនាំ​មនុស្ស​អំពី​របៀប​រស់នៅ​ប្រកបដោយ​គុណធម៌ ក្តី​ស្រឡាញ់ និង​ភាព​អាណិតអាសូរ​ជាមួយ​មនុស្ស​ដែល​ជួបនឹង​ស្ថានភាព​លំបាក។ នៅទីនេះ ប្រជាជន​រស់នៅ​ជាមួយគ្នា​និង​ឆ្ពោះទៅរក​ការកសាង​សង្គម​ប្រកបដោយ​ការអាណិតអាសូរ មាន​សុខ​ភាពល្អ និង​និរន្តរភាព។

    ខ្សែ​វីដេអូ​ស៊េរី​នេះ គឺជា​គម្រោង​មិន​រកប្រាក់​ចំណេញ ផលិត​និង​រក្សា​សិទ្ធិ​ដោយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​និង​ត្រូវ​បានអនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​គណៈសង្ឃ​ព្រះពុទ្ធសាសនា​នៅ​ប្រទេស​កម្ពុជា រួមមាន​ដំណើររឿង និង​មេរៀន​ជជែក​អំពី​ព្រះធម៌ និង​ការបង្រៀន​របស់​ព្រះពុទ្ធ។ រាល់​មាតិកា​ទាំងអស់​ត្រូវបាន​អនុម័ត​និង​ពិគ្រោះ​យោបល់​ដោយ​គណៈសង្ឃ​ជាន់ខ្ពស់​នៃ​ព្រះសង្ឃ​ពុទ្ធសាសនា។ ភាគ​ដំបូង​នៃ​វីដេអូ​នេះ​នឹង​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​ខែកក្កដាឆាប់ៗនេះ។

    ថ្មីៗនេះ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ក៏បាន​បង្កើត​មាតិកា​ឌីជីថល​ជាមួយនឹង​គុណ​តម្លៃ​អប់រំ​ជាច្រើន​ដែល​ផ្តោតលើ​ទស្សនិកជន​ជាច្រើន​ប្រភេទ​ដូចជា​គំនូរជីវចល​ក្រដាស​ស ឬ​ភាពយន្តខ្លីៗរបស់​មិត្ត​ហ្វូ​ន រួម​ជាមួយនឹង​ការអភិវឌ្ឍ​មាតិកា​ឌីជីថលផ្សេងៗជាច្រើន​ទៀត។ មិត្ត​ហ្វូ​ន​នឹង​បន្ត​នាំមក​នូវ​ផលិតផល​ដែលមាន​អត្ថន័យ និង​មានតម្លៃ​ដោយ​ឥតគិតថ្លៃ​នៅក្នុង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម និង​វេទិកា​ឌីជីថល​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​បន្ថែមទៀត។

    តាមរយៈ​ការកសាង​សង្គម​នៃ​សេចក្ដីស្រឡាញ់ សមភាព និង​អរិយធម៌​ក្នុងចំណោម​ប្រជាជន ព្រះពុទ្ធសាសនា​នៅ​ម្ខាង​ទៀត​ក៏​ជា​កត្តា​ជំរុញ​ដល់​ការអភិវឌ្ឍ​ប្រទេស ពីព្រោះ​ប្រទេស​អភិវឌ្ឍន៍​ធម្មតា​ត្រូវបាន​រៀបចំឡើង​ដោយ​កត្តា​ជាច្រើន​រួមមាន​សង្គម​យុត្តិធម៌ និង​អរិយធម៌ ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅជាប់​នឹង​វឌ្ឍនភាព និង​សមភាព​សង្គម ការថយចុះ​ភាពក្រីក្រ និង​បរិស្ថាន​ដែល​គ្មាន​មនុស្ស​រស់នៅ។ ដោយ​កត្តា​ទាំងនោះ​ហើយ ទើប​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​សហគមន៍​និង​ជីវភាព​រស់នៅ​គ្រប់គ្រាន់​របស់​ប្រជាជន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។

    ក្នុងនាម​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​មិន​ត្រឹមតែ​ជា​អ្នក​បរិច្ចាគ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​តាមរយៈ​ការឧបត្ថម្ភ​កាកបាទក្រហមកម្ពុជា កម្មវិធី​ពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃ កម្មវិធី​ស្វែងរក​បងប្អូន​សាច់ញាតិ​ដែល​បាន​បាត់បង់​ឲ្យ​បាន​ជួបជុំគ្នា​វិញ កម្មវិធី​វះកាត់​បេះដូង​ដោយ​ឥតគិតថ្លៃ​ប៉ុណ្ណោះ​ទេ មិត្ត​ហ្វូ​ន​ក៏​ឧបត្ថម្ភ​ដល់​វិស័យ​អប់រំ ការចាប់ផ្តើម​សហគ្រិន និង​កម្មវិធី​ជាច្រើន​ផ្សេងទៀត។  មិត្ត​ហ្វូ​ន​ក៏​ជា​ប្រតិបត្តិ​ករ​ដែល​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​ដើម្បី​អនុវត្ត​ប្រព័ន្ធ​ឌីជីថល សម្រាប់​ក្រសួង​និង​សហគ្រាស ក្រៅពីនេះ​មិត្ត​ហ្វូ​ន​គាំទ្រ​តាមរយៈ​សាច់ប្រាក់​និង​សេវាកម្ម​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​រោគរាតត្បាត​និង​គ្រោះមហន្តរាយ​រួមគ្នា​ជាមួយ​រដ្ឋាភិបាល​និង​ប្រជាជន។ អំណោយ​សរុប​ពី​មិត្ត​ហ្វូ​ន​រហូតមកដល់​បច្ចុប្បន្ន​មាន​ចំនួន ៨៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ចាប់ពី​ឆ្នាំ ២០២០មក មិត្ត​ហ្វូ​ន កំណត់​បេសកកម្ម​ក្នុង​ការកសាង​សង្គម​ឌីជីថល​និង​ឆ្ពោះទៅរក​វឌ្ឍនភាព​កាន់តែ​ប្រសើរ​សម្រាប់​ប្រជាជន​កម្ពុជា។

    សូមកុំ​ភ្លេច​រង់ចាំ​តាមដាន​ឆា​នែ​ល​យូ​ធ្យូ​ប​របស់​មិត្ត​ហ្វូ​ន និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ទស្សនា​កម្រង​វិ​ដេ​អូ “មាគ៌ា​ព្រះធម៌នាពេលឆាប់ៗនេះ៕

  • ការរៀបផែនការមានផ្ទៃពោះ

    ការរៀបផែនការមានផ្ទៃពោះ

    ការមានគភ៌គឺជារឿងធម្មជាតិរបស់បុរស និងស្រ្តីដែលរស់នៅជាមួយគ្នា តែការមានគភ៌ដោយមានការរៀបផែនការទុកជាមុននោះ ផ្តល់នូវលទ្ធផលផ្សេងពីការដែលមិនបានរៀបផែនការជាមុនយ៉ាងស្រឡះ ជាពិសេសបំផុតជាមួយអ្នកដែលមានរោគប្រចាំកាយ ឬជំងឺសួពូជដែលធ្ងន់ធ្ងរ ដែលវាអាចហុចផលប៉ះពាល់ដល់កូនដោយត្រង់ ដូច្នេះមុនពេលមានគភ៌យើងគួរតែពិនិត្យសុខភាព និងរៀបផែនការឱ្យបានរៀបរយដើម្បីកូនរបស់យើងដែលនឹងកើតមកនាពេលអនាគត។

    លោកឪពុកអ្នកម្តាយគួរតែទៅជួបគ្រូពេទ្យ និងផ្តល់នូវព័ត៌មានដែលសំខាន់ ដូចជា ប្រវត្តិការឈឺថ្កាត់ក្នុងក្រុមគ្រួសារ ការប្រើប្រាស់ថ្នាំ ការញ៉ាំសុរា ការជក់បារី ជំងឺឆ្លងខាងភេទសម្ព័ន្ធ ជំងឺដែលធ្លាប់កើត ការចាក់វ៉ាក់សាំង ការធ្វើការងារ ឬស្ថានភាពបរិស្ថាន រួមទាំងសត្វចិញ្ចឹមផងដែរ។

    តែសម្រាប់ស្រ្តីជាភរិយា គ្រូពេទ្យនឹងសួរនាំអំពីការមានវដ្តរដូវប្រចាំខែថា តើប្រក្រតីដែរឬទេ? ធ្លាប់មានគភ៌ពីមុនមកដែរឬអត់? និងបើអ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយនោះ ត្រូវតែប្រាប់ឱ្យគ្រូពេទ្យដឹង ដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺក្រលៀន រោគហឺត និងគួរយកថ្នាំដែលញ៉ាំនោះទៅឱ្យគ្រូពេទ្យត្រួតពិនិត្យមើលផង ព្រោះរឿងទាំងអស់នេះនឹងធ្វើឱ្យគ្រូពេទ្យណែនាំពីវិធីដែលត្រឹមត្រូវដល់គូស្វាមីភរិយាដែលចង់មានផែនការចង់មានបុត្របាន។

    បន្ទាប់ពីនោះ គ្រូពេទ្យនឹងពិចារណាដើម្បីផ្តល់ការរក្សាព្យាបាល ប្រឹក្សាជាមួយគ្រូពេទ្យជំនាញក្នុងករណីដែលជំងឺរបស់អ្នកនៅគ្រប់គ្រងមិនទាន់បានល្អ និងឱ្យចាក់វ៉ាក់សាំងសំខាន់មុនពេលមានគភ៌ ដូចជា វ៉ាក់សាំងការពារជំងឺកញ្រ្ជឹល តេតាណូស រួមទាំងស្រ្តីដែលចង់បានបុត្រខ្លួនឯងក៏ត្រូវមានការពិនិត្យសុខភាពក្នុងប្រអប់មាត់ដែរ ព្រោះបើសិនជាមានធ្មេញពុកនោះ អាចនឹងហុចផលមិនល្អដល់ការតាំងគភ៌បាន។

    មានការសិក្សាស្រាវជ្រាវមួយបានរកឃើញថា អ្នកដែលមានរោគអញ្ចាញ ឬធ្មេញនឹងមានភាពពាក់ព័ន្ធជាមួយរោគគភ៌មានជាតិពុល ឬប្រសូតមុនកំណត់។ ចុងក្រោយបំផុតគូស្វាមីភរិយាត្រូវត្រួតពិនិត្យសុខភាពផ្លូវចិត្តផង ដោយសារតែការមានគភ៌ជាសភាវដែលជំរុញធ្វើឱ្យកើតភាពធុញថប់តានតឹង និងបើធ្លាប់មានប្រវត្តិកើតជំងឺស្រងូតស្រងាត់សោកសៅក្នុងក្រុមគ្រួសារផងនោះ ក៏អាចនឹងជំរុញឱ្យកើតជំងឺសោកសៅទាំងក្នុងខណៈតាំងគភ៌ និងក្រោយប្រសូត ដែលវាអាចនឹងធ្វើឱ្យមានអារម្មណ៍អស់សង្ឃឹម មានបញ្ហារឿងការគេងជាដើម ដូច្នេះមុនពេលមានគភ៌គួរតែគ្រប់គ្រងសភាវទាំងនេះឱ្យបានជាមុនសិន។

    សូមកុំភ្លេចថា ការតាំងគភ៌ដែលមានគុណភាព យើងគួរតែរៀបផែនការ និងត្រៀមខ្លួនរួចជាស្រេចឱ្យបានល្អបំផុតតាមដែលយើងអាចធ្វើបាន ដើម្បីកូនរបស់យើង និងក្រុមគ្រួសារដែលមានសេចក្តីសុខ៕