Author: ធឿន មករា

  • អេ យ៉ានុត ភ្ជាប់ពាក្យជាមួយនឹងមន្ត្រីនគរបាលម្នាក់

    អេ យ៉ានុត ភ្ជាប់ពាក្យជាមួយនឹងមន្ត្រីនគរបាលម្នាក់

    កូនស្រី​របស់លោក អេ ភូ​ថង គឺ​កីឡាការិនី​ក្បាច់គុន​ខ្មែរ អេ យ៉ា​នុត បានរៀបចំ​ពិធី​ភ្ជាប់ពាក្យ ជា​មួយគូ​អនាគត ហើយ នៅ​គេហដ្ឋាន​ខាង​ស្រី ក្រោយពី​បាន​ស្វែងយល់​ចិត្ត​គ្នា អស់​រយៈពេល​យ៉ាងយូរ ហើយ​ឪពុកម្តាយ​ទាំងសងខាង​ក៏បាន​ឯកភាពគ្នា ដើម្បី​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​តាម​ប្រពៃណី​ខ្មែរ មុនពេល​រៀបចំ​ពិធីមង្គលការ។

    ជាមួយនឹង​ការរៀបចំ​ពិធី​នេះ លោក អេ ភូ​ថង បានរៀបចំ​ជា​លក្ខណៈ​សាច់ញាតិ ដោយ​មិនសូវមាន​អ្នក​នៅក្នុង​វិស័យ​កីឡា​បានដឹង​ប៉ុន្មាន​ឡើយ តែ​ទោះបីជា​បែបនេះ​ក្តី នៅ​មិនទាន់មាន​ព័ត៌មាន​ជាក់លាក់​នៅឡើយ​ទេ​ថា តើ​ពួកគេ​នឹង​ក្រាប​ផ្ទឹម​រៀបការ​នៅ​ថ្ងៃ​ណា​ឱ្យ​ប្រាកដ​នៅឡើយ។

    ជាមួយគ្នានេះដែរ អេ យ៉ា​នុត ដែលជា​កូនស្រី​របស់​អតីត​កំពូល​អ្នក​ប្រដាល់​គុន​ខ្មែរ អេ ភូ​ថង បានឱ្យដឹងថា នាង​បាន​ស្គាល់គ្នា និង​ស្វែង​យល់ចិត្ត​គ្នា​ជាមួយនឹង​ខាង​ប្រុស អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​គាត់​មានមុខ​ងារ​ជា​មន្ត្រីនគរបាល៕

  • ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តកម្ចី 250លានដុល្លារ ដើម្បីគាំទ្រកម្ពុជា តាមរយៈការពង្រឹង ប្រព័ន្ធគាំពារសុខភាព និងសេដ្ឋកិច្ច

    ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តកម្ចី 250លានដុល្លារ ដើម្បីគាំទ្រកម្ពុជា តាមរយៈការពង្រឹង ប្រព័ន្ធគាំពារសុខភាព និងសេដ្ឋកិច្ច

    ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានអនុម័ត​កម្ចី​ចំនួន 250លាន​ដុល្លារ ដើម្បី​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​ដែល​បង្កដោយ​វីរុស​កូ​រ៉ូ​ណា (COVID-19)តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​គាំពារ​សុខភាព​ក្នុងប្រទេស បង្កើន​ជំនួយ​សង្គម​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រង គ្រោះ ព្រមទាំង​ផ្តល់​ការគាំទ្រ​សេដ្ឋកិច្ច​សម្រាប់​អាជីវកម្ម ដែល​រួមមាន សហគ្រាស​ខ្នាតតូច និង​មធ្យម ផងដែរ។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី។

    លោក Masatsugu Asakawa ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​មានប្រសាសន៍ថា៖       «កម្ពុ​ជាមាន​កំណត់ត្រា នៃ​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ល្អ ប៉ុន្តែ​COVID-19 បាន​គំរាម​ធ្វើឱ្យ​ថយចុះ​នូវ​ការរីកចម្រើន​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​ក្នុងចំណោម​ក្រុម​ងាយ​រងគ្រោះ ដូចជា​ស្ត្រី និង​កម្មករ​ចំណាកស្រុក»។

    លោក​បាន​បញ្ជាក់ថា៖«ការគាំទ្រ​នេះ នឹង​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កាត់បន្ថយ​ឥទ្ធិ ពល​អវិជ្ជមាន​នៃ​ជំងឺ​រាតត្បាត​នេះ​លើ​សុខភាព សង្គម និង​សេដ្ឋកិច្ច។ កម្ចី​នេះ​ជា​ផែនការ​ចូលរួម​រយៈពេល​វែង​របស់ ADB ដែល​ផ្តោតទៅលើ​ការគាំទ្រ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​និរន្តរភាព​ហិរញ្ញវត្ថុ សាធារណៈ​របស់​កម្ពុជា»។

    លោក​បាន​បន្ដថា ប្រទេស​កម្ពុជា​ងាយ​រងគ្រោះ​ខ្លាំង​ពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ COVID-19 ដោយសារ​សេដ្ឋកិច្ច​បើកចំហ មូលដ្ឋាន​សេដ្ឋកិច្ច​ចង្អៀត និង​ប្រជាពលរដ្ឋ​ចល័ត​ច្រើន។ ទន្ទឹមនេះ ADB រំពឹងថា សេដ្ឋកិច្ចកម្ពុជា​អាច​ធ្លាក់ចុះ​ក្នុង​រង្វង់ -5.5%ក្នុង​ឆ្នាំ2020 ដោយសារ​ការថយចុះ​នៃ​វិស័យ​ទេសចរណ៍ ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារ​ធ្វើដំណើរ តិចជាង​មុន និង​ការ​ចុះថយ​នៃ​សកម្មភាព​សំណង់។ ហានិភ័យ​នៃ​ការធ្លាក់ចុះ​នេះ អាច​នឹង​នាំឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ 1,3លាន​នាក់ ធ្លាក់​ក្នុង​ភាពក្រីក្រ។

    សូម​រំឭកថា កាលពី​ខែមីនា ឆ្នាំ2020នេះ កម្ពុជា​បានប្រកាស​ដំណើរការ​ការឆ្លើយតប​ស៊ីជម្រៅ​ទៅនឹង COVID-19 ជាមួយនឹង​កញ្ចប់​ថវិកា វិធានការ​ដំបូង​សរុប 815.7លាន​ដុល្លារ ដែល​ស្មើនឹង 3.2% នៃ​ផលិតផល​ក្នុងស្រុក​សរុប រំពឹងទុក​សម្រាប់​ឆ្នាំ2020។ ទាំងនេះ​រួមបញ្ចូល នូវ​ការគាំទ្រ ទៅលើ​ប្រព័ន្ធ​សុខាភិបាល ដើម្បី​ត្រៀម​បង្ការ​ការកើនឡើង​នៃ​ករណី​COVID-19។ សម្រាប់​កម្មករ និង សហគ្រាស ដែល​រួមមាន​ការចាក់​បញ្ចូល​ដើមទុន 150លាន​ដុល្លារ ដើម្បី​គាំទ្រ​ធនាគារ ដែល​ផ្តល់​ដល់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម។

    កញ្ចប់​ថវិកា​គាំទ្រ​នេះ រួមមាន 300លាន​ដុល្លារ សម្រាប់​ការ​ផ្តល់ជំនួយ​ជា​សាច់ប្រាក់​ដល់ គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​ក្នុង​បញ្ជី​ទិន្នន័យ​របស់​រាជរដ្ឋាភិបាល។ ចំពោះ​បញ្ជី​ទិន្នន័យ(IDPoor)នេះ មាន​បញ្ចូល​គ្រួសារ​ក្រីក្រ 2.4លាន​គ្រួសារ ហើយ​កំពុង​ត្រូវបាន​បញ្ចូល​បន្ថែម​គ្រួសារ ដែល​រង​ប៉ះពាល់​ដោយ​COVID-19។

    កម្មវិធី​គាំទ្រ​ការចំណាយ និង​ឆ្លើយតប​សកម្មភាព​ទៅនឹង COVID -19 របស់​ADB (ដែល​ហៅ កាត់​ថា CARES) ត្រូវបាន​ផ្តល់​ថវិកា​តា​មរយៈ​ជម្រើស ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​COVID-19 (ហៅ កាត់​ថា CPRO)ក្រោម​ការ​ជ្រោមជ្រែង​របស់​ADB ដើម្បី​ដោះស្រាយ​ដំណើរ​សេដ្ឋកិច្ច​មិន​ប្រក្រតី។

    CPRO ផ្តួចផ្តើមឡើង​តាមរយៈ​ជំនួយ​របស់​ADB ដែល​ត្រូវបាន​ពង្រីក​រហូតដល់ 20ពាន់​លាន ដុល្លារ កាលពី​ថ្ងៃទី13 ខែមេសា ឆ្នាំ2020 សម្រាប់​សមាជិក​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ក្នុងការ​ឆ្លើយ តប​នឹង​ជំងឺ​រាតត្បាត។

    ក្រៅពីនេះ កម្មវិធី​នេះ​ក៏​រួមបញ្ចូល​នូវ​ក្របខ័ណ្ឌ​ចូលរួម​របស់​ប្រទេស ដែល​ទទួលបាន​ការគាំទ្រ ដើម្បី​ធានាថា រាជរដ្ឋាភិបាល និង​ADB បន្ត​កិច្ចពិភាក្សា​គោលនយោបាយ​ជុំវិញ​ការអនុវត្ត និង​តាម ដាន​ការឆ្លើយតប​ទៅនឹង COVID-19 របស់​កម្ពុជា។ ក្របខ័ណ្ឌ​នេះ​ក៏​រួមមាន​ការប្រឹក្សា​យោបល់ ជា មួយ​វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល។

    កម្មវិធី​នេះ ក៏បាន​ផ្សារភ្ជាប់​ទៅនឹង​សកម្មភាព​គាំទ្រ​បច្ចុប្បន្ន របស់​ADB សម្រាប់​កំណែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដើម្បី​ពង្រឹង​អភិបាលកិច្ច និង​តម្លាភាព​ព្រមទាំង​បង្កើន​ប្រសិទ្ធ​ផល ក្នុងការ​បង្កើត​គោលនយោបាយ និង​ថវិកា ការតាមដាន​ការចំណាយ និង​សវនកម្ម។

    កម្មវិធី CAREនេះ ត្រូវបាន​បង្កើតឡើង​ដោយមាន​ការសម្របសម្រួល​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នា នា និង​បំពេញបន្ថែម​ទៅនឹង​ការគាំទ្រ​របស់​ADB បច្ចុប្បន្ន ដើម្បី​ផ្គត់ផ្គង់​ឧបករណ៍​ត្រួតពិនិត្យ សី​តុ​ណ្ហ ភាព សម្រាប់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អន្តរជាតិ និង​ធានា​ការផ្តល់​បច្ចុប្បន្ន​ភាពទៀងទាត់​ដល់​វេ​ប​សាយ ក្រសួងសុខាភិបាល ដែល​បង្ហាញ​របាយការណ៍​តាមដាន​COVID-19 និង​ព័ត៌មាន​ពាក់ព័ន្ធផ្សេងៗ រៀងរាល់ថ្ងៃ។

    នេះ គឺជា​ផ្នែក​មួយ​នៃ​សក្តានុពលភាព​ដ៏​រឹងមាំ​នៃ​គម្រោង​វិនិយោគ និង​ជំនួយ​បច្ចេកទេស​ដែល​ផ្សារភ្ជាប់​ទៅនឹង​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​សម្រាប់​កម្ពុជា​របស់​ADB ចាប់ពី​ឆ្នាំ2019-2023ហើយ​គាំទ្រ​ដល់​ការ​ស្តារឡើងវិញ ក្រោយពី​ការ​រាតត្បាត​នៃ​COVID-19។

    លោក Masatsugu Asakawa បានបញ្ជាក់​បន្ថែមថា ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញា​នាំមក​នូវ វិបុលភាព​បរិ​យា​ប័ន្ន ភាព​ធន់ និង​និរន្តរភាព​សម្រាប់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ហើយ​ស្របពេល​ជា មួយ​គ្នា​នេះ ក៏​នឹង​បន្ត​រក្សា​ចីរភាព​នៃ​កិច្ចខិតខំ​របស់ខ្លួន ក្នុងការ​លុបបំបាត់​ភាព​ទីទ័លក្រ​ផងដែរ៕

  • បើមិនប្រយ័ត្នកុមារ អាចក្លាយជាជនរងគ្រោះ ពីការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធើណិត

    បើមិនប្រយ័ត្នកុមារ អាចក្លាយជាជនរងគ្រោះ ពីការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធើណិត

    បច្ចុប្បន្ននេះ ដោយសារតែ​បច្ចេកវិទ្យា​មាន​ភាព​រីកចម្រើន​ខ្លាំង បានធ្វើឱ្យ​មនុស្ស​គ្រប់គ្នា រួមទាំង​កុមារ​តូច​ផង​មានប្រើ​ប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ និង​ឧបករណ៍​អេឡិចត្រូនិក​ដែល​អាច​ភ្ជាប់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​បាន។

    លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​លើកឡើងថា កុមារ​កម្ពុជា ងាយ​នឹង​ក្លាយជា​ជនរងគ្រោះ ដោយសារ​ការរំលោភបំពាន និង​កេងប្រវ័ញ្ច​ផ្លូវភេទ​តាមរយៈ​ការប្រើប្រាស់​ទូរស័ព្ទដៃ​វៃឆ្លាត។ លោ​ជំទាវ​បញ្ជាក់ថា ការរំលោភបំពាន និង​ការកេងប្រវ័ញ្ច​ផ្លូវភេទ តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត កាន់​តែមាន​ភាពស្មុគស្មាញ និង​កាន់តែ​អាក្រក់ទៅៗ ដូចជា ការចាប់​ជម្រិត ការជួញដូរ​មនុស្ស និង​ពេ​ស្សា​ចា​ជាដើម។ លើសពីនោះ កុមារ​រងគ្រោះ​ពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ បាន​បន្សល់​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​ផ្លូវកាយ និង​ផ្លូវ កុមារ​រងគ្រោះ​ទាំងនោះ​ភាគច្រើន មាន​អារម្មណ៍​ពិបាក​ក្នុងការ​ទុកចិត្ត​អ្នកដទៃ អស់​ស​ង្ឈឹ​ម បាក់​ទឹកចិត្ត ឯកា ច្របូកច្របល់ ខកចិត្ត ស្តីបន្ទោស​ខ្លួនឯង និង​ឆាប់​ភ័យខ្លាច​ជាដើម។

    ហេតុនេះ​អាណាព្យាបាល​គួរ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​កូន​ជាទី​ស្រឡាញ់​ក្នុងការ​ប្រើប្រាស់​ឧ​បរ​កណ៍​បច្ចេកវិទ្យា ធ្វើយ៉ាងណា​បញ្ចៀស​ពួកគេ​ពី​ផលប៉ះពាល់​អវិជ្ជមាន​ដែល​អាច​នឹង​កើតមានឡើង​ដោយសារតែ​គុណវិបត្តិ​របស់​វា៕

  • ស្ថានភាពនៃការនាំចេញរបស់កម្ពុជានៅមានស្ថានភាពនឹងនរនៅឡើយក្នុងឆមាសទី1នេះ

    ស្ថានភាពនៃការនាំចេញរបស់កម្ពុជានៅមានស្ថានភាពនឹងនរនៅឡើយក្នុងឆមាសទី1នេះ

    ស្ថិតក្នុង​ផលប៉ះពាល់​នៃ​ជំងឺ Covid-19 សេដ្ឋកិច្ចពិភពលោក​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹងមាន​កំណើន​អវិជ្ជមាន​សម្រាប់​ឆ្នាំ 2020 នេះ ក្នុងនោះ​កម្ពុជា​ក៏ត្រូវ​បាន​គេ​មើលឃើញថា​នឹងមាន​កំណើន​អវិជ្ជមាន​ផងដែរ។

    ទោះជា​យ៉ាងនេះ​ក្តី​បើ​មើល​លើ​ស្ថានភាព​នៃ​ការនាំចេញ​របស់​កម្ពុជា​ជាក់ស្តែង ក្នុង​រយៈពេល 5ខែ​ដើមឆ្នាំ 2020 នេះ ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញថា​ការនាំចេញ​របស់​កម្ពុជា​នៅមាន​ស្ថានភាព​វិជ្ជមាន​នៅឡើយ។ ក្នុងនោះ​វិស័យ​កាត់ដេរ​កម្ពុជា​មានការ​ធ្លាក់ចុះ​ខ្លាំង ដោយហេតុថា ទីផ្សារ​អឺរ៉ុប និង​អាមេរិក​មួយចំនួន​បាន​ផ្អាក​ការទិញ​សិន តែបើ​យើង​មើលទៅ​ទំនិញ​ផ្សេងទៀត គឺ​មិនទាន់​ធ្លាក់​នោះទេ។ ផ្ទុយទៅវិញ ទំនិញ​មួយចំនួន​ដែល​មិនមែន​កាត់ដេរ​ដូចជា​កសិកម្ម កង់ និង​គ្រឿង​អេឡិចត្រូនិក​ជាដើម មានការ​កើនឡើង​ទៅវិញ។

    ឯកឧត្តម​ថា ក្នុង​រយៈពេល 5ខែ​ដើម​ឆ្នាំនេះ ការនាំចេញ​របស់​កម្ពុ​ជា​មិនទាន់​អវិជ្ជមាន​នោះទេ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន គឺ​យើង​នៅ​មើលឃើញ​ពី​កំណើន​នៅឡើយ។ ឆ្លើយតប​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាតិប្រមាណ​ជាង 1,000លាន​ដុល្លារ​អាមេរិក ដើម្បី​ទប់ទល់​ជាមួយនឹង​វិបត្តិ​ដែល​កើតឡើង​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19នេះ៕

  • U22 វៀតណាម ចេញទៅបារាំង ប្រកួតជាមួយជើងខ្លាំង 10ប្រទេស ដើម្បីត្រៀមការពារមេដាយមាសស៊ីហ្គេម

    U22 វៀតណាម ចេញទៅបារាំង ប្រកួតជាមួយជើងខ្លាំង 10ប្រទេស ដើម្បីត្រៀមការពារមេដាយមាសស៊ីហ្គេម

    ឈុត​យុវជន​អាយុ​ក្រោម 21ឆ្នាំ ដែលជា​ឈុត​ត្រៀមខ្លួន​ការពារ​មេដាយមាស​ស៊ី​ហ្គេម វៀតណាម ដែល​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម នា​ឆ្នាំ​ក្រោយនេះ នឹងចូលរួម​ក្នុង​ពានរង្វាន់​ក្រៅផ្លូវការ​មួយ ដែល​ត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​ក្រុមខ្លាំងៗទាំង10 មកពី​ជុំវិញ​ពិភពលោក។

    វៀតណាម ត្រូវបាន​ប្រទេស​បារាំង​អញ្ជើញ ក្នុងចំណោម​ក្រុមផ្សេងៗទៀត​ចំនួន9 ដែលជា​ក្រុម​ខ្លាំង​បំផុត តំណាងឱ្យ​តំបន់នីមួយៗមកពី​ជុំវិញ​ពិភពលោក ហើយ​វៀតណាម គឺជា​ក្រុម​ខ្លាំង​បំផុត​តំណាងឱ្យ​តំបន់​អាស៊ាន។ ខណៈដែល​ប្រទេស9 ផ្សេងទៀត​រួមមាន អង់គ្លេស បារាំង អូស្ត្រាលី ជប៉ុន ម៉ិ​ក​ស៊ិ​ក កុង​ហ្គោ រ៉ូ​ម៉ា​នី កូ​ឌី​វ័រ និង ម៉ូ​រ៉ូ​កូ។

    គួរ​បញ្ជាក់ដែរថា នៅ​ខែធ្នូ ក្រុម​នេះ​នឹង​ចេញទៅ​ប្រទេស​បារាំង ដើម្បី​ហ្វឹកហាត់ និង​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ ដែល​នេះ គឺជា​ឱកាស​ដ៏​មានតម្លៃ​សម្រាប់ U22វៀតណាម ព្រោះ​ពួកគេ​នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម​អឺរ៉ុប និង​អាមេរិក ហើយនឹង​ក្លាយជា​ការរៀបចំ​ដ៏​ល្អ​សម្រាប់​ការប្រកួត​ជម្រុះ (AFC U-23 Championship) នៅ​ឆ្នាំ2022 និង​ស៊ី​ហ្គេម លើក​ទី31 ឆ្នាំ2021ផងដែរ៕

  • Zlatan អួតខ្ទរ និងតាំងខ្លួនថា ជាអ្នកជួយក្រុមឱ្យឈ្នះ Juventus

    Zlatan អួតខ្ទរ និងតាំងខ្លួនថា ជាអ្នកជួយក្រុមឱ្យឈ្នះ Juventus

    ក្នុងការ​ប្រកួត​លី​ក​កំពូល​អ៊ីតាលី (Italia Seria A) រវាង​ក្រុមបាល់ទាត់ AC Milan និង Juventus បានបញ្ចប់​ទៅដោយ​លទ្ធ​ផល AC Milan ឈ្នះ Juventus 4ទល់នឹង2។

    ក្រុម Juventus ជា​អ្នករក​គ្រាប់​បាល់​បាន 2គ្រាប់​មុន​ដោយ​Adrien Rabiot និង Cristiano Ronaldo។ តែ​បន្ទាប់ពី Zlatan ទទួលបាន​បាល់​ប៉េ​ណា​ល់​ទី 1គ្រាប់​ឱ្យ AC Milan មក ការប្រកួត​ហាក់ដូចជា​មានការ​ប្រែប្រួល​ខ្លាំង​មែនទែន។ AC Milan កាន់តែ​ធ្វើ​បានល្អ​ដោយ​បន្ថែម​បាន 3គ្រាប់​ទៀត ខណៈដែល​ក្រុម Juventus វិញ កីឡាករ​នៅ​តំបន់​ការពារ ហាក់ដូចជា​មិនមាន​អារម្មណ៍​លេង​ក្នុង​ខ្លួន​សោះឡើយ។ ចប់​ការប្រកួត AC Milan យកឈ្នះ Juventus បាន​ក្នុង​លទ្ធផល 4-2។

    ក្រោយ​បញ្ជ​ប់​ការប្រកួត Zlatan Ibrahimovic ដែល​បាន​ជាប់​ជា​កីឡាករ​ល្អ​បំផុត​ក្នុងការ​ប្រកួត​នេះ (MVP) បានផ្តល់​បទ​សម្ភាស​ថា គ្រប់ពេល​ប្រកួត គេ​តែងតែ​បំពេញ​តួនាទី​ជាច្រើន​ដូចជា គ្រូបង្វឹក​ផង ប្រធាន​ក្រុម​ផង អ្នករក​គ្រាប់​បាល់​ផង ហើយក៏​ជា​អ្នក​ជួយ​ឱ្យ​ក្រុម​ឈ្នះ​ផងដែរ តែ AC Milan ហៅ​គេ​មក​យឺត​បន្តិច និង​បាន​បន្ថែមទៀតថា បើ​គេ​បានមក​តាំងពី​ដើមរដូវ​កាលនោះ ម្ល៉េះ​ក្លិប​មួយ​នេះ ឈ្នះ​ជើងឯក​បាត់ទៅហើយ៕

  • 6ចំណុចដែលក្រសួងតម្រូវឱ្យសាលាដែលស្នើរសុំបើកឡើងវិញនៅខែក្រោយអនុវត្ត

    6ចំណុចដែលក្រសួងតម្រូវឱ្យសាលាដែលស្នើរសុំបើកឡើងវិញនៅខែក្រោយអនុវត្ត

    ថ្មីៗនេះ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុង​កថា ក្រសួង​នឹង​ស្នើរ​ទៅ​នាយករដ្ឋមន្ត្រី​ដើម្បី​សុំ​គោលការណ៍​បើក​សាលារៀន​សាកល្បង​នៅ​ដំណាក់កាល​ទី1 ក្នុង​ដើមខែ​សីហា​ខាងមុខនេះ។

    ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ក្រសួង​អប់រំ បាន​ពិភាក្សា​ជាមួយ​ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ភាគី​ពាក់ព័ន្ធ ដើម្បី​សុំ​ការសម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​ក្នុងនោះ​យើង​នឹងមាន​វិធានការ​ចាំបាច់​មួយចំនួន​ដើម្បី​ដាក់ឱ្យ​ដំណើរការ​សាលារៀន​នៅ​ដំណាក់កាល​ទី1នេះ។

    ចំណុចសំខាន់ៗទាំងអស់នោះ​រួមមាន៖

    1. គ្រឹះស្ថានសិក្សា​ត្រូវ​ចុះកិច្ចសន្យា​ទទួលខុសត្រូវ លើ​ការអនុវត្តន៍​វិធានការ​សុវត្ថិភាព​សិក្សា​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ដូចជា​ការអនុវត្តន៍​លក្ខខណ្ឌ​តម្រូវ​នៃ​ការលើកកម្ពស់​សុខភាព​សិក្សា​ក្នុង​បរិបទ Covid-19 ការរៀបចំ​បរិស្ថាន​សាលារៀន និង​ថ្នាក់រៀន​ឱ្យ​ស្របតាម​ស្តង់ដា​សុវត្ថិភាព​សុខភាព​សិក្សា ការរក្សា​គម្លាត​សុវត្ថិភាព ការ​វាស់​កម្តៅ​បុគ្គល​ជាប្រចាំ និង​ការ​លាងដៃ​ជាប្រចាំ​ជាដើម។
    2. គ្រឹះស្ថានសិក្សា​ត្រូវអនុវត្ត​ការអប់រំ​តាម​គន្លង​ថ្មី ការរៀន​ក្នុង​ថ្នាក់​ខ្លះ រៀន​អន​ឡាញ​ខ្លះ តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​ការយល់ព្រម​ពី​មាតាបិតា។
    3. គ្រឹះស្ថានសិក្សា​ត្រូវ​រៀបចំ​ក្រុមការងារ​ទទួលបន្ទុក​សុវត្ថិភាព​សុខភាព​សិក្សា ដើម្បី​ត្រួតពិនិត្យ​ជាប្រចាំ​ក្រោម​ការដឹកនាំ​របស់​ប្រធាន​គ្រឹះស្ថានសិក្សា និង​ម្ចាស់​ភាគហ៊ុន។
    4. គ្រឹះស្ថានសិក្សា​ត្រូវតម្រូវ​ឱ្យមាន​ការធ្វើ​តេស្ត​ពិនិត្យ​សុខភាព និង​រក​មេរោគ Covid-19 សម្រាប់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស។
    5. គ្រឹះស្ថានសិក្សា​ត្រូវអនុវត្ត​វិធានការ​តម្រូវ​នានា។
    6. ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ចុះ​ត្រួតពិនិត្យ​វាយតម្លៃ​យ៉ាង​ម៉ឹងម៉ាត់​លើ​ការអនុវត្ត​របស់​គ្រឹះស្ថានសិក្សា៕
  • លេបថ្នាំ ជាមួយទឹកភេសជ្ជះផ្សេងៗដែលមិនមែនជាទឹកសុទ្ធបានឬទេ?

    លេបថ្នាំ ជាមួយទឹកភេសជ្ជះផ្សេងៗដែលមិនមែនជាទឹកសុទ្ធបានឬទេ?

    ថ្ងៃមុនឃើញអ្នកនៅក្បែរខ្លួនម្នាក់លបយកថ្នាំប៉ារ៉ាសេតាម៉ុលដាក់ចូលមាត់ ហើយអកតែទឹកកកតាមក្រោយភ្លែត ខ្ញុំរកតែលើកដៃហាមក៏មិនទាន់ ព្រោះអ្នកណាគេលេបថ្នាំជាមួយទឹកតែ? តែអ្នកលេបមិនដឹងអ្វីទាំងអស់ លេបធ្វើព្រងើយ ធ្វើដូចជារឿងប្រក្រតីធម្មតាអ៊ីចឹង។ ការពិតទៅបែបហ្នឹងមិនមែនជារឿងប្រក្រតីនោះទេ ថ្នាំគេលេបជាមួយទឹកសុទ្ធទើបត្រូវ ហើយបើលេបជាមួយទឹកភេសជ្ជៈដទៃទៀត តើនឹងមានផលយ៉ាងណាចំពោះរាងកាយ? បើចង់ដឹង សូមតាម ឡារ៉ែនមកមើលចម្លើយទាំងអស់គ្នា។

    1. ទឹកតែ កាហ្វេ

    សូមលើកឧទាហរណ៍ពី ភេសជ្ជៈ 2 មុខនេះជាមុន ព្រោះមនុស្សជាច្រើនគិតថាអាចញ៉ាំជាមួយថ្នាំបាន មិនអីទេ តែការពិតវិញ បើយើងលេបថ្នាំជាមួយទឹកតែ ឬកាហ្វេនោះ នឹងរឹតតែជាការបន្ថែមបរិមាណកាហ្វេអ៊ីនដល់រាងកាយ ដែលជាប្រក្រតី នៅក្នុងថ្នាំបំបាត់ជំងឺគ្រុនផ្តាសាយផ្សេងៗដែលមានចំណែកផ្សំរបស់ pseudoephedrine នឹងមានឬទ្ធិជំរុញប្រព័ន្ធប្រសាទស្រាប់ហើយ ដូច្នេះបើទទួលកាហ្វេអ៊ីនចូលថែមទៅទៀត អាចធ្វើឱ្យកើតអាការឡេះឡះរសាប់រសល់ ញ័រទ្រូង ឬគេងមិនលក់បាន។

    2. ទឹកដោះគោ

    ឃើញថាជាភេសជ្ជះដែលល្អ មានប្រយោជន៍បែបនេះ ការពិតវិញមិនអាចយកមកញ៉ាំជាមួយថ្នាំបានទេ ព្រោះទឹកដោះគោមានសារធាតុអាហារដែលសំខាន់ គឺ កាល់ស្យូម ដែលនឹងចូលទៅទប់ស្កាត់ការបឺតជ្រាបរបស់ថ្នាំបដិបក្ខប្រាណដែលលេបចូលទៅហ្នឹងឯង ឬហៅខ្លីៗថា អាចនឹងធ្វើឱ្យថ្នាំដែលយើងលេបចូលទៅបានផលថយចុះហ្នឹងឯង។

    3. ទឹកផ្លែឈើ (ដែលមានរសជាតិជូរ)

    ទឹកផ្លែឈើភាគច្រើនតែងមានរសជាតិជូរ ដូចជា ទឹកក្រូច ទឹកក្រូចឆ្មារ ជាដើម ក្នូងអំឡុងពេលទទួលទានអាហារអាចនឹងស្រវាយកមកញ៉ាំជំនួសទឹកសុទ្ធ ហើយបញ្ច្រកថ្នាំចូលតាមក្រោយ ប៉ុន្តែវាក្លាយជាទឹកផ្លែឈើដែលមានឬទ្ធិជាអាស៊ីតនោះ អាចចូលទៅផ្លាស់ប្តូរការរំលាយរបស់ថ្នាំ ប្រឆាំងការបឺតជ្រាបរបស់ថ្នាំ ធ្វើឱ្យថ្នាំមានប្រសិទ្ធភាពថយចុះ និងធ្វើឱ្យបរិមាណថ្នាំក្នុងរាងកាយប្រែប្រួលបាន។

    4. ទឹកផេសជ្ជៈដែលមានជាតិហ្កាស(ភេសជ្ជៈកំប៉ុង) ទឹកសូដា

    អ្នកណាគេខ្លះដែលទៅលេបថ្នាំជាមួយទឹកភេសជ្ជៈកំប៉ុង? ឃើញច្បាស់ៗស្រាប់ហើយថា ទឹកភេសជ្ជៈកំប៉ុងមានជាតិហ្កាសដែលក្រៅពីនឹងចូលទៅខាំកកេរក្រពះហើយនោះ នៅទៅរារាំងការធ្វើការរបស់ថ្នាំ និងធ្វើឱ្យថ្នាំបឺតជ្រាបចូលក្នុងរាងកាយបានតិចចុះទៅទៀតផង។

    5. ភេសជ្ជះដែលមានជាតិអាល់កុល

    ចំណុចនេះយ៉ាប់យ៉ឺនបំផុត ព្រោះជាតិអាល់កុលមានឬទ្ធិសង្កត់ប្រព័ន្ធប្រសាទ បើសិនលេបថ្នាំណាដែលមានសារធាតុសង្កត់ប្រព័ន្ធប្រសាទ ដូចជា ថ្នាំបំបាត់ប្រតិកម្មចាញ់(ដែលធ្វើឱ្យងងុយគេង) ថ្នាំបំបាត់កង្វល់ ឬថ្នាំប្រឆាំងអាការសោកសៅផងនោះ អាចនឹងមិនមែនត្រឹមតែងងុយគេងខ្លាំងនោះទេ តែអាចដល់ថ្នាក់បាត់សមាធិ និងអាចខ្យល់គបាត់ស្មារតីបានទៀតផង។ ក្រៅពីនេះជាតិអាល់កុលនៅមានផលជាមួយថ្នាំប៉ារ៉ាសេតាម៉ុល ដោយអាចធ្វើឱ្យកើតអាការក្រលៀនគាំងលែងធ្វើការទាន់ហន់បានទៀតផង។

    ដូច្នេះភេសជ្ជះដែលគួរទទួលទានជាមួយថ្នាំខ្លាំងបំផុត គឺទឹកបរិសុទ្ធធម្មតាៗហ្នឹងឯង បើចង់ឱ្យល្អថែមទៀតនោះត្រូវតែជាទឹកដែលមានសីតុណ្ហភាពត្រូវនឹងកម្តៅពោះផង ហើយទោះជាទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់គ្មានរបាយការណ៍មួយណាបញ្ជាក់ច្បាស់ថា ធ្វើឱ្យកើតមានគ្រោះចំពោះរាងកាយក៏ដោយ តែយ៉ាងហោចណាស់ទឹកញ៉ាំដែលមានសីតុណ្ហភាពធម្មតាក៏មិនធ្វើឱ្យការរលាយរបស់ថ្នាំប្រែប្រួលដូចទឹកផ្សេងទៀតដែរ។

    លើកក្រោយ បើចង់ឆាប់ជាពីជំងឺនោះ កុំភ្លេចលេបថ្នាំជាមួយទឹកសុទ្ធណា៎ មិត្តអ្នកអាន៕

  • ADB ផ្តល់កម្ចី 250លានដុល្លារដល់កម្ពុជាដើម្បីទប់ទល់ជាមួយបញ្ហាដែលកើតឡើងដោយ Covid-19

    ADB ផ្តល់កម្ចី 250លានដុល្លារដល់កម្ពុជាដើម្បីទប់ទល់ជាមួយបញ្ហាដែលកើតឡើងដោយ Covid-19

    ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បានប្រកាស​អនុម័ត​កម្ចី 250លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុ​ជា ដើម្បី​ពង្រឹង​ប្រព័ន្ធ​គាំពារ​សុខភាព បង្កើន​ជំនួយ​សង្គម​ដល់​ប្រជាជន​ក្រីក្រ-ងាយ​រងគ្រោះ និង​គាំទ្រ​សេដ្ឋកិច្ច​សម្រាប់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម (SME) ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ Covid-19។

    លោក Masatsugu Asakawa ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​លើកឡើងថា កម្ពុជា​មានកំណត់​ត្រា​នៃ​ការ​គ្រ​ប៉​គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ល្អ តែ Covid-19 បាន​បង្កើត​ការគំរាមកំហែង និង​ធ្វើឱ្យមាន​ការថយចុះ​នូវ​ភាព​រីកចម្រើន​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ជាពិសេស​ក្នុងចំណោម​ក្រុម​ងាយ​រងគ្រោះ ដូចជា​ស្ត្រី និង​កម្មករ​ចំណាកស្រុក​ជាដើម។ កម្ចី​នេះ​ជា​ផែនការ​ចូលរួម​រយៈពេល​វែង​របស់ ADB ដែល​ផ្តោតលើ​ការគាំទ្រ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​និរន្តរភាព​ហិរញ្ញវត្ថុ​សម្រាប់​កម្ពុជា។

    ADB បញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​ងាយ​រងគ្រោះ​ខ្លាំង​ពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ Covid-19 ដោយសារ​សេដ្ឋកិច្ច​បើកចំហ មូលដ្ឋាន​សេដ្ឋកិច្ច​ចង្អៀត និង​ប្រជាជន​ចល័ត​ច្រើន។ ស្ថាប័ន​ខាងលើ​រំពឹងថា​សេដ្ឋកិច្ច​អាច​ធ្លាក់ចុះ​ក្នុង​រង្វង់ -5.5% ក្នុង​ឆ្នាំ 2020 ដោយសារ​ការថយចុះ​នៃ​វិស័យ​ទេសចរណ៍ ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារៈ​ធ្វើដំណើរ​តិចជាង​មុន និង​ការថយចុះ​នៃ​សកម្មភាព​សំណង់។ ហានិភ័យ​នៃ​ការធ្លាក់ចុះ​នេះ អាច​នឹង​ឱ្យ​ប្រជាជន​ប្រមាណ 1.3លាន​នាក់​ទៀត​ធ្លាក់​ក្នុង​ភាពក្រីក្រ៕

  • ហេតុអីបានក្រោយពេលចាក់វ៉ាក់សាំងហើយ កូនតូចក្តៅខ្លួន?

    ហេតុអីបានក្រោយពេលចាក់វ៉ាក់សាំងហើយ កូនតូចក្តៅខ្លួន?

    បើអ្នកម្តាយធ្លាប់នឹកឆ្ងល់នៅក្នុងចិត្តថា តើហេតុអីបានកូនតូចជាទីស្រឡាញ់ក្តៅខ្លួន ក្រោយពេលចាក់វ៉ាក់សាំងហើយនោះ ខាងក្រោមនេះគឺជាចម្លើយ សូមតាមដានទាំងអស់គ្នា។

    – វ៉ាក់សាំងគឺអ្វី?

    វ៉ាក់សាំង គឺ ជីវវត្ថុដែលផលិតចេញមកពីមេរោគ ឬពិសរបស់មេរោគដែលត្រូវបានធ្វើឱ្យមិនអាចបង្កជាជំងឺបាន ដោយចាក់ចូលទៅក្នុងរាងកាយមនុស្សដើម្បីជំរុញប្រព័ន្ធការពារជំងឺចំពោះមេរោគ ដែលវាមានផលការពារការកើតជំងឺ ឬធ្វើឱ្យកម្រឹតភាពធ្ងន់ធ្ងររបស់ជំងឺនោះថយចុះ។

    – ហើយចុះហេតុអីបានក្រោយពេលចាក់វ៉ាក់សាំងហើយ កូនតូចក្តៅខ្លួន?

    នៅពេលវ៉ាក់សាំងចូលទៅក្នុងរាងកាយ ប្រព័ន្ធការពារជំងឺរបស់យើងនឹងបញ្ជូន ” Antibody ” ដែលមានតួនាទីចាត់ការពួកមេរោគ(វ៉ាក់សាំង)ដែលចូលមកខាងក្នុងរាងកាយ ហើយក្នុងអំឡុងពេលដែលប្រព័ន្ធរាងកាយកំពុងចាត់ការជាមួយអ្វីដែលប្លែកនេះឯងដែលវាជាមូលហេតុធ្វើឱ្យកើតអាការក្តៅខ្លួន។ នៅពេល antibody ចាត់ការជាមួយវ៉ាក់សាំងរួចរាល់ហើយ រាងកាយក៏នឹងវឹលត្រឡប់ទៅរកភាពប្រក្រតីវិញ និងបន្ទាប់ពីនោះទៅ បើមានមេរោគដូចគ្នានោះចូលមកទៀត រាងកាយនឹងចាត់ការភ្លាមតែម្តង ព្រោះរាងកាយរបស់យើងស្គាល់មេរោគនោះមុនរួចមកហើយតាមរយៈការចាក់វ៉ាក់សាំងហ្នឹងឯង តែ…តែប្រតិកម្មដែលរាងកាយរបស់កូនតូចម្នាក់ៗមានចំពោះវ៉ាក់សាំងនោះ មានច្រើនតិចមិនដូចគ្នាទេ ៖

    – វ៉ាក់សាំងដែលគ្រូពេទ្យប្រាប់ថា “ចាក់ហើយ កូនអាចនឹងក្តៅខ្លួនណា៎” ក៏មិនចាំបាច់ត្រូវតែក្តៅខ្លួនគ្រប់គ្នានោះទេ ព្រោះវ៉ាក់សាំងតែមួយដូចគ្នានោះ ក្មេងខ្លះក្រោយពីចាក់ហើយ ក្តៅខ្លួន តែក្មេងខ្លះនៅប្រក្រតីធម្មតា។

    – “មិនមែនទេ!” ដែលថា វ៉ាក់សាំងគ្រប់ប្រភេទ ពេលចាក់ហើយត្រូវតែក្តៅខ្លួននោះ។

    – ក្មេងដែលមានអាការក្តៅខ្លួន មិនបានមានន័យថា កើតប្រតិកម្មចាញ់វ៉ាក់សាំងនោះទេ។

    ចុងក្រោយបំផុតដែល ឡារ៉ែនចង់ផ្តាំផ្ញើនោះគឺ ប្រហែលជាគ្មានឪពុកម្តាយម្នាក់ណាចង់ឃើញកូនឈឺថ្កាត់ ឬមិនស្រួលខ្លួនសូម្បីតែបន្តិចណាឡើយ ដូច្នេះហើយទើបការសាងប្រព័ន្ធការពារជំងឺដល់រាងកាយតូចមួយរបស់កូនដោយវិធីការចាក់វ៉ាក់សាំងនេះ គឺជាវិធីការមួយដែលល្អបំផុតក្នុងការការពារជំងឺ ជាពិសេសបំផុតនៅលើក្មេងតូចដែលប្រព័ន្ធការពារជំងឺនៅមិនទាន់ល្អឥតខ្ចោះ។

    បានដឹងបែបនេះហើយ កុំភ្លេចនាំកូនតូចទៅទទួលយកវ៉ាក់សាំងតាមដែលក្រសួងសុខាភិបាលបានកំណត់ទុកតាមពេល​​វេលាដែលត្រឹមត្រូវស័ក្តសមផង៕