Author: ធឿន មករា

  • អ្នកជំនាញការប្រាប់ថា “ឪពុកម្តាយមិនគួរវាយកូនទេ” ខាងក្រោមនេះគឺជាហេតុផល…

    អ្នកជំនាញការប្រាប់ថា “ឪពុកម្តាយមិនគួរវាយកូនទេ” ខាងក្រោមនេះគឺជាហេតុផល…

    ការវាយកូន គឺជារឿងមួយដែលមិនល្អទាល់តែសោះសម្រាប់ក្មេងៗ ព្រោះក្រៅពីនឹងហុចផលមិនល្អដល់ផ្លូវចិត្តរបស់ក្មេងហើយនោះ ថែមទាំងជាការរារាំងការទទួលបានជោគជ័យក្នុងការរស់នៅ និងការធ្វើការងារនាពេលអនាគតរបស់កូនទៀតផង។ កុមារដែលត្រូវឪពុកម្តាយវាយ នឹងមានសញ្ញាថា នឹងក្លាយជាក្មេងរឹងរូស មិនស្តាប់បង្គាប់ឪពុកម្តាយ និងច្រើនតែសម្តែងទង្វើតតាំងខ្លាំងជាងកុមារដែលមិនត្រូវបានដាក់ទោសដោយវិធីនេះ។

    ចំពោះរឿងនេះ អ្នកវិភាគមកពីខាង University of Texas សហរដ្ឋអាមេរិក បានធ្វើការសិក្សាអំពីរឿងនេះ និងបានប្រមូលរួបរួមព័ត៌មានមកជាង 50 ឆ្នាំ ក្នុងចំនួនកុមារជាង 160.000 នាក់ហើយ ដោយលទ្ធផលរបស់ការវិភាគនោះបានចង្អុលបង្ហាញច្បាស់ទៅក្នុងទិសដៅតែមួយដូចគ្នាថា ក្មេងៗដែលត្រូវឪពុកម្តាយវាយនោះ នឹងមានទង្វើតតាំងនឹងសង្គម មានសញ្ញាថានឹងក្លាយជាក្មេងច្រងេងច្រងាង និងមានបញ្ហាខាងផ្លូវចិត្តទៀតផង។

    ចំណែកខាង Andrew Grogan-Taylor អ្នកវិភាគម្នាក់ទៀតមកពី University of Michigan បាននិយាយថា “ការវាយកូនគឺរឿងដែលផ្ទុយនឹងផ្លូវចិត្តរបស់ឪពុកម្តាយ គ្មានឪពុកម្តាយណាម្នាក់ចង់វាយកូនមែនទែននោះទេ”។

    ការយល់ឃើញក្នុងរឿងនេះមួយទៀតរបស់ Elizabeth Gershoff អ្នកវិភាគពីមហាវិទ្យាល័យ តិចសាស់ អូស្ទីន បាននិយាយថា “ការវាយកូននឹងធ្វើឱ្យមានផលប៉ះពាល់ដល់ផ្លូវចិត្តរបស់កុមារក្នុងផ្លូវដែលកាន់តែអាក្រក់ទៅក្នុងរយៈពេលវែង ឪពុកម្តាយគួរតែអប់រំប្រដែប្រដៅកូនដោយវិធីផ្សេងវិញដែលវានឹងហុចផលល្អបំផុត”។

    រឿងការដាក់ទោសកូនដោយការវាយនេះ គ្រួសារជាច្រើនអាចកំពុងនៅតែប្រើវិធីការនេះនៅឡើយតាមនិស្ស័យឪពុកម្តាយ តែបើសិនជាមានការវិភាគអំពីអ្នកជំនាញចេញមកបែបនេះហើយ ឡារ៉ែនក៏ចង់សុំឱ្យមានការពិចារណាក្នុងការដាក់ទោសកូនដោយវិធីផ្សេងវិញម្តងសាកលមើលដែរ៕

  • ស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈ ជាផ្នែកមិនអាចខ្វះបានសម្រាប់សេដ្ឋកិច្ចកម្ពុជា

    ស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈ ជាផ្នែកមិនអាចខ្វះបានសម្រាប់សេដ្ឋកិច្ចកម្ពុជា

    កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​ទាមទារ​ឱ្យមាន​ធនធានមនុស្ស​ជាច្រើន​ផ្នែក ជាពិសេស​ផ្នែក​បច្ចេកទេស និង​វិជ្ជាជីវៈ ព្រោះ​ស្ថិតក្នុង​ដំណាក់កាល​នេះ​គ្រប់​ក្រុមហ៊ុន សហគ្រាស និង​ចង្វាក់​ផលិតកម្ម​នានា រួមទាំង​វិស័យ​សំណង់​ផង​សុទ្ធតែ​ត្រូវការ​អ្នកជំនាញ​បច្ចេកទេស។

    ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា វិទ្យា​សា្ថ​ន​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ពិតជា​បាន​ដើរតួនាទី​សំខាន់​ណាស់ និង​ជា​ដៃគូ​មិនអាច​ខ្វះ​បាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការជួយ​លើកកម្ពស់​វិស័យ​ការងារ អប់រំ និង​ធនធានមនុស្ស ដែល​រហូតមក​ដល់ពេលនេះ មាន​ធនធានមនុស្ស​ជាច្រើន បានកើត​ចេញពី​វិទ្យាស្ថាន​ក្នុងប្រទេស​កម្ពុជា ជាពិសេស​បានបង្ហាញ​នូវ​លទ្ធផល​ជាក់ស្តែង​ទាំង​បរិមាណ និង​គុណភាព។

    ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

    កន្លងមក​ឯកឧត្តម ក៏​ធ្លាប់​បានលើកឡើង​ផងដែរ​ថា ផ្នែក​បច្ចេកទេស និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចូលរួមចំណែក​យ៉ាងច្រើន​តាមរយៈ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​បំពេញ​ឱ្យ​សេចក្តីត្រូវការ​របស់​ក្រុមហ៊ុន​សហគ្រាស​នានា​ដែល​កំពុង​ដាក់​ការវិនិយោគ​នៅ​កម្ពុជា។ ទោះជា​យ៉ាងនេះ​ក្តី ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក៏​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ​ដោយសារតែ​យុវជន​កម្ពុជា​មិនទាន់​ចាប់អារម្មណ៍​ច្រើន​ក្នុងការ​រើស​ជំនាញ​នេះ។ ជា​យន្តការ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ក៏បាន​យកចិត្តទុកដាក់​ច្រើន​ដើម្បី​ជំរុញ​ឱ្យ​ប្រជាជន​ចាប់ផ្តើម​មានលទ្ធភាព​កាន់តែច្រើន​ក្នុងការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ៕

  • អ្នកជំនាញហិរញ្ញវត្ថុថា មនុស្សមានដើមទុន3ប្រភេទសម្រាប់ធ្វើអាជីវកម្ម

    អ្នកជំនាញហិរញ្ញវត្ថុថា មនុស្សមានដើមទុន3ប្រភេទសម្រាប់ធ្វើអាជីវកម្ម

    មនុស្ស​ជាច្រើន​យល់ថា ទាល់តែ​មាន​លុយ​ជា​ទុន​ច្រើន​ទើប​អាចធ្វើ​អាជីវ​កម្មបាន តែ​សម្រាប់​លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញវត្ថុ​យល់ថា​ទោះ​មនុស្ស​គ្មាន​ប្រាក់​ក៏ដោយ ក៏​ពួកគេ​អាចមាន​ដើមទុន​សម្រាប់ធ្វើ​អាជីវកម្ម​បានដែរ។

    អ្នកជំនាញ​ខាងលើ​បាន​លើកឡើងថា គ្មាន​ប្រាក់​ចាប់ផ្តើម​អាជីវកម្ម​មិនមែន​មានន័យថា​គ្មាន​ដើមទុន​នោះទេ។ អ្នក​ត្រូវ​ដឹងថា​ដើមទុន​មាន3ប្រភេទ​គឺ៖

    1. ដើមទុន​ផ្នែក​ហិរញ្ញវត្ថុ​ឬ​សេដ្ឋកិច្ច (Economic or Financial Capital)៖ រួមមាន​ដូចជា​សាច់ប្រាក់ អចលនទ្រព្យ និង​ទ្រព្យសម្បត្តិ​ដទៃទៀត។
    2. ដើមទុន​ជា​ធនធានមនុស្ស (Human Capital)៖ រូបអ្នក​ក៏​ជាដើម​ទុន​ដែរ អ្នក​អាច​យកចំណេះ-ជំនាញ​ទៅ​បំរើ​ការអោយ​អ្នកដទៃ​ដោយ​ប្តូរ​យក​ជា​ប្រាក់ខែ ហើយ​សន្សំ​ដើម្បី​ធ្វើជា​ដើមទុន​ចាប់ផ្តើម​អាជីវកម្ម។ ហើយ​បើ​ខ្វះ ខ្ចី​អ្នកដទៃ​ដូចជា​ក្រុមគ្រួសារ ឬ​មិត្តភក្តិ​ខ្លះទៅ។
    3. ដើមទុន​សង្គម (Social Capital)៖ ក្រុមគ្រួសារ មិត្តភក្តិ និង​មនុស្ស​ដែល​អ្នក​រាប់អាន​ក៏​ជាដើម​ទុន​ដែរ។ ឧទាហរណ៍ ក្រុមគ្រួសារ​ផ្គត់ផ្គង់​អោយ​អ្នក​បាន​រៀនសូត្រ​ដើម្បី​សន្សំ​ចំណេះ-ជំនាញ រួច​ក្លាយខ្លួនជា​ធនធានមនុស្ស​ក្នុងសង្គម នោះ​ហើយ​គឺជា​ដើមទុន។

    ដូច្នេះ​ពេល​គ្មាន​ប្រាក់​ចាប់ផ្តើម​អាជីវកម្ម​កុំ​និយាយថា​ខ្លួន​បាតដៃ​ទទេ។ អ្នកមាន​ដើមទុន​ទី3 (ដើមទុន​សង្គម) ដើម្បី​ឈានទៅ​កសាង​ដើមទុន​ទី2 (ដើមទុន​ជា​ធនធានមនុស្ស) និង​សន្សំ​ជាដើម​ទុន​ទី1 (ដើមទុន​ផ្នែក​ហិរញ្ញវត្ថុ)។ អ្នក​មិនមែន​បាតដៃ​ទទេ​ទេ គ្រាន់តែ​អ្នកត្រូវការ​ការព្យាយាម ការខិតខំ និង​ប្រើ​ពេលវេលា​អោយមាន​តម្លៃ​ប៉ុណ្ណោះ៕

  • ដុះក្បាលពោះស្អុយ សញ្ញាដាស់តឿនដែលបុរសៗមិនគួរមើលរំលង

    ដុះក្បាលពោះស្អុយ សញ្ញាដាស់តឿនដែលបុរសៗមិនគួរមើលរំលង

    តើអ្នកដឹងទេ…ហេតុអីបានមនុស្សប្រុសវ័យកណ្តាលដែលមានតួនាទីការងារឈានមុខ មានឋានៈរឹងមាំ មានជោគជ័៏យក្នុងជីវិតច្រើនតែដុះក្បាលពោះស្អុយ រកចង្កេះលែងឃើញ សាច់ដុំដែលធ្លាប់មាំមួនមើលទៅថយចុះ ភាពរឹងប៉ឹងថយចុះ យន្តការនៃការធ្វើការងារផ្សេងៗរបស់រាងកាយចាប់ផ្តើមខុសប្រក្រតី បាត់បង់តុល្យការ និងចាប់ផ្តើមមានបញ្ហាសុខភាព?។

    វេជ្ជបណ្ឌិតជំនាញបានបកស្រាយថា ដោយសារតែពេលចូលដល់វ័យ 40 ឆ្នាំឡើង កម្រឹតអ័រម៉ូនភេទប្រុស ឬថេសថូស្ទើរ៉ូននឹងថយចុះក្នុងមួយឆ្នាំប្រមាណជា 1.6 % ដោយវានឹងថយចុះទៅទៀតជារឿយៗ តែមិនមានការឈប់ធ្វើការនោះទេ ដែលវាខុសប្លែកពីមនុស្សស្រីដែលសំបុកស៊ុតនឹងឈប់ផលិតអ័រម៉ូនភេទស្រីទាំងស្រុងតែម្តង ដូច្នេះទើបអាការខុសប្រក្រតីផ្សេងៗដែលកើតនៅលើមនុស្សប្រុសវ័យចំណាស់មិនសូវច្បាស់លាស់ និងធ្ងន់ធ្ងរដូចស្រីវ័យចំណាស់នោះទេ តែសភាវចុះខ្សោយអ័រម៉ូននឹងមានផលប៉ះពាល់ដល់ការធ្វើការងាររបស់អវយវៈផ្សេងៗដែលគ្រប់គ្រងដោយអ័រម៉ូនភេទប្រុស។

    ធាត់ដុះក្បាលពោះស្អុយ អាចរាប់បានថាជាសញ្ញាគ្រោះថ្នាក់លំដាប់ដំបូងៗគេមួយដែលបង្ហាញពីការចុះខ្សោយរបស់អ័រម៉ូនភេទប្រុស ហុចផលឱ្យរាងកាយមានការដុតបំផ្លាញជាតិខ្លាញ់ថយចុះ ទើបធ្វើឱ្យមានខ្លាញ់ប្រមូលសន្សំច្រើនក្នុងបរិវេណជុំវិញចង្កេះ និងផ្នែកផ្សេងៗច្រើនឡើង រឹតតែធ្វើចលនារាងកាយតិច ឬមិនសូវបានហាត់ប្រាណ សម្រាកបានតិច មានអារម្មណ៍តានតឹងធុញថប់ជាប្រចាំផងនោះ បុរសវ័យចំណាស់នឹងរឹតតែមានក្បាលពោះធំឡើង ដែលវាជាបច្ច័យប្រថុយប្រថានសំខាន់មួយរបស់ជំងឺរ៉ាំរ៉ៃផ្សេងៗដូច

    ជា ជំងឺលើសឈាម ជាតិខ្លាញ់ក្នុងឈាមខ្ពស់ ជំងឺសរសៃឈាមបេះដូង និងពិការមួយចំហៀងខ្លួន ឬមួយកំណាត់ខ្លួន។ ខណៈពេលជាមួយគ្នា អ័រម៉ូនភេទដែលថយចុះនេះ នៅធ្វើឱ្យមនុស្សប្រុសមានអាការងាយនឿយហត់ មិនស្វាហាប់ ឆាប់ខឹងមួម៉ៅ អារម្មណ័ប្រែប្រួល ស្រងូតស្រងាត់ ការចងចាំ និងសមាធិថយចុះ គេងមិនលក់ សមត្ថភាពផ្លូវភេទថយចុះ បង្កើនភាពប្រថុយប្រថានដល់សភាវពុកឆ្អឹង ជាដើមទៀតផង។

    បុរសទាំងឡាយគួរតែសង្កេតមើលការដុះក្បាលពោះរបស់ខ្លួនឯងឱ្យល្អ ព្រោះនេះគឺជាសញ្ញាដាស់តឿនសុខភាពលំដាប់ដំបូងគេ ដោយការវាស់ទំហំចង្កេះ គឺបើជាបុរសជនជាតិអាស៊ីដែលមានរង្វង់ចង្កេះលើសពី 90 សង្ទីម៉ែត្រ ឬបុរសជនជាតិអឺរ៉ុបដែលមានរង្វង់ចង្កេះលើសពី 94 សង្ទីម៉ែត្រនោះ គឺអាចរាប់បានថាចាប់ផ្តើមមានសភាវដុះក្បាលពោះហើយ។ សម្រាប់ការវាស់រង្វង់ចង្កេះដែលត្រឹមត្រូវវិញនោះ ចូរវាស់បរិវេណពាក់កណ្តាលឆ្អឹងជំនីចុងក្រោមគេបំផុតជាមួយនឹងឆ្អឹងត្រគាក ដោយមិនកាត់តាមរន្ធផ្ជឹតឡើយ។

    ទោះជាយើងមិនអាចយកឈ្នះភាពចុះខ្សោយរបស់វ័យបានក៏ដោយ តែក៏មិនគួរបណ្តោយឱ្យដុះក្បាលពោះស្អុយនោះដែរ ព្រោះដុំខ្លាញ់ដែលនៅជុំវិញចង្កេះបង្កគ្រោះថ្នាក់ខ្លាំងជាងការមើលមកមិនសង្ហាច្រើនណាស់។ សម្រាប់វិធីងាយៗដែលជួយក្នុងការត្រៀមខ្លួនជាស្រេចចាំទប់ទល់នឹងការប្រែប្រួលដែលនឹងកើតឡើងនោះគឺ ការមើលថែទាំសុខភាពឱ្យរឹងមាំជាប់ជានិច្ចដោយការហាត់ប្រាណជាប្រចាំ ទទួលទានអាហារដែលមានប្រយោជន៍ ដោយសង្កត់ធ្ងន់លើអាហារប្រភេទបន្លែ និងផ្លែឈើឱ្យច្រើនឡើង កាត់បន្ថយភាពតានតឹងធុញថប់ក្នុងអារម្មណ៍ សម្រាកឱ្យបានគ្រប់គ្រាន់ បញ្ឈប់ទង្វើណាដែលបង្កឱ្យកើតជំងឺ ដូចជា ចៀសវាងពីបារី និងភេសជ្ជះដែលមានជាតិអាល់កុល តមអាហារដែលមានខ្លាញ់ពីសត្វ ជាដើម និងដែលសំខាន់នោះ គួរទៅជួបគ្រូពេទ្យដើម្បីពិនិត្យរាងកាយជាប្រចាំ។

    ត្រឹមតែប៉ុណ្ណឹង លោកអ្នកក៏នឹងអាចឈានឆ្លងវ័យចំណាស់របស់ជីវិតទៅបានដោយគ្មានបញ្ហាផ្នែកសុខភាពមករំខានចិត្តបានបាត់ទៅហើយ៕

  • ប្រញាប់ពេក… Gerard Piqué ជិះកង់ទៅប្រកួត

    ប្រញាប់ពេក… Gerard Piqué ជិះកង់ទៅប្រកួត

    ខ្សែការពារ​កណ្តាល​រប​ស់​ក្លិប Bacelona ដ៏​ល្បីល្បាញ លោក Gerard Piqué ត្រូវបាន​គេ​ថត​បាន​ថា កំពុង​ជិះ​កង់​យ៉ាង​លឿន​ទៅកាន់​កីឡដ្ឋាន​របស់ខ្លួន នៅក្នុង​ថ្ងៃ​ប្រកួត​ជាមួយ Espanyol កាលពី​ម្សិលមិញ។

    ទោះបីជា​បែបនេះ​ក៏ពិតមែន តែ​កីឡាករ​រូបនេះ នៅតែ​បង្ហាញខ្លួន​បាន​យ៉ាង​ល្អ ដោយបាន​ជួយ​ឱ្យ​ក្រុម​របស់លោក ឈ្នះ​លើ​ក្រុម Espanyol ដោយ​លទ្ធផល 1ទល់នឹង0 និង​ឈរលើ​កំពូល​តារាង​របស់ La Liga។

    កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ ត្រូវបាន​គេ​ដឹងថា ស្រឡាញ់​កង់​ខ្លាំងណាស់ ដោយ​ថែមទាំង​ធ្លាប់បាន​បបួល Messi ទិញ​កង់​ដូច​ខ្លួន ដើម្បី​ទុក​ជិះ​កម្សាន្ត​ពេលទំនេរ​ទៀតផង៕

  • 9 វិធីងាយៗដែលធ្វើឱ្យកូនបានដឹងពីសេចក្តីស្រឡាញ់របស់ឪពុកម្តាយ

    9 វិធីងាយៗដែលធ្វើឱ្យកូនបានដឹងពីសេចក្តីស្រឡាញ់របស់ឪពុកម្តាយ

    តើលោកឪពុកអ្នកម្តាយដឹងឬទេថា រឿងដែលសំខាន់ជាងការបានរបស់លេងធំៗ ឬបានញ៉ាំនំដ៏សែនចូលចិត្តជាប្រចាំនោះគឺការបានទទួលសេចក្តីស្រឡាញ់អំពីឪពុកម្តាយហ្នឹងឯង និងទោះបីជាលោកអ្នកចង់ប្រាប់ថា លោកអ្នកត្រូវតែស្រឡាញ់កូនរបស់ខ្លួនឯងស្រាប់ហើយក៏ដោយ តែហ្នឹងវាគ្រាន់តែជាពាក្យសំដីដែលកូនៗមិនអាចចាប់ ឬប៉ះពាល់បានឡើយ ដូច្នេះបើចង់ឱ្យកូនបានដឹងពីសេចក្តីស្រឡាញ់របស់ឪពុកម្តាយយ៉ាងពិតប្រាកដនោះ សូមសាកល្បងធ្វើតាម 10 វិធីដែលឡារ៉ែននាំមកជូនខាងក្រោមនេះ ធានាថា កូនៗនឹងមានសេចក្តីសុខ និងមានអារម្មណ៍កក់ក្តៅយ៉ាងអស់ពីចិត្តមិនខាន។

    – ប្រើពេលវេលារួមជាមួយកូន

    បដិសេធមិនបានឡើយថាឪពុកម្តាយសម័យនេះត្រូវខាតបង់ពេលវេលាទៅជាមួយនឹងរឿងការងារ និងរឿងផ្សេងៗទៀតអស់​ជាច្រើន រហូតអាចហៅបានថា ស្ទើរតែគ្មានពេលបាននៅជាមួយកូនឡើយ ដូច្នេះពេលណាដែលដល់ថ្ងៃឈប់សម្រាក ឬថ្ងៃទំនេរ ក៏គួរតែប្រើពេលវេលាដ៏សែនវិសេសនេះនៅជាមួយកូនៗ អាចនឹងរៀបចំពិធីជប់លៀងតូចមួយនៅក្នុងផ្ទះ ឬនាំគេទៅលេងសួនកំសាន្ត ទៅទិញរបស់លេង ឬអ្វីក៏ដោយដែលលោកអ្នកគិតថា កូននឹងមានសេចក្តីសុខ។

    – ស្តាប់គ្រប់យ៉ាងដែលកូននិយាយប្រាប់

    ក្មេង ក៏គឺក្មេងហ្នឹងឯង ពួកគេក៏ចង់និយាយ ចង់រៀបរាប់អ្វីៗឱ្យលោកឪពុកអ្នកម្តាយស្តាប់នូវអ្វីដែលគេបានជួបមក ដែលលោកអ្នកក៏គួរតែទទួលស្តាប់គេយ៉ាងយកចិត្តទុកដាក់ មិនមែនគ្រាន់តែស្តាប់ហើយឆ្លើយឱ្យតែរួចៗពីមាត់តែម្យ៉ាងនោះទេ។

    – និយាយពាក្យថា ស្រឡាញ់ឱ្យបានញឹកញាប់

    ជាវិធីដែលល្អ និងត្រង់ៗបំផុតដែលកូននឹងដឹងបានថា ឪពុកម្តាយស្រឡាញ់គេប៉ុនណា។ បើចង់ឱ្យកូនមានអារម្មណ៍ថាខ្លួនឯងសំខាន់ និងមានអារម្មណ៍កក់ក្តៅនោះ ក៏និយាយប្រាប់គេឱ្យបានញឹកញាប់តាមដែលអាចធ្វើបាន នោះធានាថា គេច្បាស់ជាហេពភីយ៉ាងពិតប្រាកដ។

    – ឱប និង ថើប នៅពេលមានឱកាស

    នៅពេលមានឱកាសបានជិតស្និទ្ធជាមួយកូនហើយ វិធីដែលជាការប្រគល់សេចក្តីស្រឡាញ់បានល្អបំផុតនោះ គឺការឱប និងថើបថ្ពាល់កូនហ្នឹងឯង សាកល្បងធ្វើសាកលមើល ហើយលោកអ្នកនឹងបានឃើញស្នាមញញឹមតូចមួយនៅលើផ្ទៃមុខរបស់គេមិនខាន។

    – សួរនាំពីជីវិតប្រចាំថ្ងៃរបស់គេ

    ក្រោយពីត្រឡប់មកពីសាលារៀនរៀងរាល់ថ្ងៃ ឬថ្ងៃណាក៏ដោយដែលមានឱកាសបាននិយាយលេងជាមួយកូននោះ សាកល្បងសួរនាំពីជីវិតប្រចាំថ្ងៃរបស់គេទៅមើល ឬអាចនឹងសួរនាំពីរឿងរៀន រឿងអនាគត ឬរឿងអ្វីដែលពាក់ព័ន្ធនឹងខ្លួនគេទៅមើល រឿងអស់ហ្នឹងឯងដែលបង្ហាញឱ្យឃើញថា អ្នកយកចិត្តទុកដាក់ និងផ្តល់ភាពសំខាន់ចំពោះគេខ្លាំងប៉ុនណានោះ។

    – នាំគេទៅញ៉ាំបាយនៅតាមហាង

    នៅពេលលោកឪពុកអ្នកម្តាយមានណាត់ចេញទៅញ៉ាំបាយល្ងាចនៅក្រៅផ្ទះ ឬថ្ងៃណាទំនេរៗមិនបានមានធុរៈអ្វីនោះ ក៏អាចនឹងសាកល្បងនាំកូនៗទៅញ៉ាំបាយនៅក្រៅផ្ទះដើម្បីផ្លាស់ប្តូរបរិយាកាសម្តងក៏ល្អម្យ៉ាងដែរ ដើម្បីឱ្យគេបានចេញទៅឃើញគេឃើញឯង និងបានញ៉ាំអ្វីឆ្ងាញ់ៗ និងដែលសំខាន់នោះគឺ បានមានពេលវេលានៅជួបជុំគ្នាហ្នឹងឯង។

    – កោតសរសើរនៅពេលគេធ្វើជាក្មេងល្អ

    នៅពេលណាដែលកូនធ្វើអំពើល្អ ឬធ្វើជាក្មេងល្អ លោកឪពុកអ្នកម្តាយមិនគួរធ្វើព្រងើយនោះទេ តែគួរប្រគល់ពាក្យកោតសរសើរដល់គេជារង្វាន់ ឡារ៉ែនសូមប្រាប់ទៅចុះថា មិនចាំបាច់មានកាដូអ្វីមកឱ្យនោះទេ ត្រឹមតែពាក្យសំដីល្អៗ ពាក្យកោតសរសើរអំពីអ្នកហ្នឹងឯងគឺកាដូដ៏ល្អបំផុតនោះ។

    – រក្សាពាក្យសន្យា

    មិនថាតែការសន្យាក្នុងរឿងតូចតាច ដូចជា នឹងនាំទៅដើរលេងសួនកំសាន្ត ឬនឹងនាំទៅញ៉ាំនំនៅហាងទំនើបៗនោះទេ សូមប្រាប់ទៅចុះថា បើលោកអ្នកសន្យាហើយមិនធ្វើតាមនោះ អាចនឹងបំផ្លាញអារម្មណ៍របស់កូនបាន វិធីដែលល្អនោះគឺ នៅពេលដែលបានសន្យាអ្វីមួយហើយនោះ គួរតែធ្វើតាមអ្វីដែលបានប្រាប់នោះទៅប្រសើរជាង។

    – ធ្វើឱ្យកូនៗញញឹម

    សូមប្រាប់ទៅចុះថា ការធ្វើរឿងកំប៉ិកកំប៉ុកដែលអាចធ្វើឱ្យកូនៗញញឹមបាននេះហើយ គឺជារឿងដែលមានតម្លៃខ្លាំងជាងអ្វីទាំងអស់ មិនថាតែការដាស់គេដោយការថើបថ្ពាល់ ឬមានស៊ើផ្រៃស៍ដ៏គួរឱ្យស្រឡាញ់សម្រាប់គេ ឱ្យគេញញឹម និងសើចបានយ៉ាងមានសេចក្តីសុខនោះ ឡារ៉ែនសូមប្រាប់ទៅចុះថា ត្រឹមតែប៉ុណ្ណឹងកូនៗក៏បានដឹងស្រេចទៅហើយថា អ្នកស្រឡាញ់គេប៉ុនណានោះ៕

  • វិធីសាស្ត្រចំនួន ០៣ ក្នុងការឆបោកប្រាក់ (Money Flipping Scam)

    វិធីសាស្ត្រចំនួន ០៣ ក្នុងការឆបោកប្រាក់ (Money Flipping Scam)

    នាយកដ្ឋាន​ព័ត៌មានវិទ្យា៖ នៅ​មួយរយ:ចុងក្រោយ​នេះ នាយកដ្ឋាន​ព័ត៌មានវិទ្យា​សង្កេតឃើញ​មាន​ករណី​ឆបោក​ប្រាក់ (Money Flipping Scam) ប្រព្រឹត្តិ​ដោយ​ឧក្រិដ្ឋជន​ក្នុងស្រុក និង​ក្រៅប្រទេស ដោយ​ប្រើប្រាស់​មធ្យោបាយផ្សេងៗ ក្នុងការ​អូសទាញ​ជន​រងគ្រោះ​ធ្វើការ​បណ្តាក់ទុន ដោយ​ទទួលផល​ចំណេញ​ទ្វេ​រដង ឬ​បី​ដង​ប្រៀប​នឹង​ទំហំ​ទឹកប្រាក់​ដែល​បាន​វិនិយោគ​ក្នុង​រយ:ពេល​ខ្លី​បំផុត។ ក្រុមការងារ​សូម​ធ្វើការ​ពន្យល់​អំពី​វិធីសាស្ត្រ​ដែល​ឧក្រិដ្ឋជន​ប្រើប្រាស់​ដើម្បី​ឆបោក​ជនរងគ្រោះ ដូចខាងក្រោម៖

    1) ឧក្រិដ្ឋជន​ធ្វើការ​ទំនាក់ទំនង​ជនរងគ្រោះ​ដោយផ្ទាល់ ឬ​ក្នុង​គ្រុប Chat ប្រើប្រាស់​កម្មវិធី​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook Telegram Instagram Line ឬ​កម្មវិធី TikTok ជាដើម អូសទាញ​ជនរងគ្រោះ​ធ្វើការ​វិនិយោគ​លើ​ជំនួញផ្សេង។

    2) ឧក្រិដ្ឋជន​នឹងធ្វើ​ការពន្យល់​អ​ពី​ប្រភេទ​នៃ​ការវិនិយោគ លើ​ជំនួញ​មួយចំនួន ជា​ឧទាហរណ៍​ដូចខាងក្រោម៖

    – រូបិយប័ណ្ណ​អេឡិចត្រូនិក (Cryptocurrency)

    – ភ្នាល់​ល្បែងស៊ីសង (Gambling)

    – ឬ​ផលិតផលផ្សេងៗ

    *បញ្ជាក់៖ ជំនួញ​ដូច​រាយ​នាម​ខាងលើ គ្រាន់តែ​ជា​ឧទាហរណ៍​ដែល​ឧក្រិដ្ឋជន​រមែង​ប្រើប្រាស់​ដើម្បី​បង្ហាញ​ពី​ការវិនិយោគ​របស់​ពួកគេ​ប៉ុណ្ណោះ ហើយ​វា​មិន​ឆ្លុះបញ្ចាំង​អំពី​អ្នក​ដែល​រកស៊ី​ស្របច្បាប់​នោះឡើយ៕

    ប្រភព៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា

  • ក្រុមហ៊ុន Malwarebytes បានរកឃើញទូរសព្ទស្មាតហ្វូនដែលមានតម្លៃទាបខ្លះៗនៅអាមេរិកមានផ្ទុកមេរោគ Malware

    ក្រុមហ៊ុន Malwarebytes បានរកឃើញទូរសព្ទស្មាតហ្វូនដែលមានតម្លៃទាបខ្លះៗនៅអាមេរិកមានផ្ទុកមេរោគ Malware

    ពេលដែល​អ្នកប្រើប្រាស់​ជ្រើស​យក​ទូរ​សព្ទ​ដែលមាន​តម្លៃ​ទាប ពួកគេ​ដឹងថា​ទូរ​សព្ទ​នោះ​នឹង​ពុំមាន​អេក្រង់​ស្អាត ឬ​ថ្ម​ដែល​អាច​ប្រើ​បានយូរ តែ​អ្វីដែល​គេ​ពុំដែល​ស្មាន​ដល់​នោះ​គឺ​ទូរ​សព្ទ​ទាំងនោះ​អាចមាន​ផ្ទុកមេរោគ malware ហើយ​ករណីនេះ​ក៏បាន​កើតមានឡើង​នៅ​សហរដ្ឋអាមេរិក​តែម្ដង។

    កាលពី​ខែមករា​កន្លងទៅ អ្នកស្រាវជ្រាវ​របស់​ក្រុមហ៊ុន Malwarebytes បាន​រកឃើញ​មេរោគ malware ជាមួយ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន Unimax (UMX) U686CL ដែល​មិន​ត្រឹមតែ​ពុំ​អាច​លុបចោល​បាន វា​ថែមទាំង​អាច​បញ្ចូល​កម្មវិធីផ្សេងៗទៀត​ដោយ​មិនចាំបាច់​មានការ​អនុញ្ញាត​ពី​អ្នកប្រើប្រាស់​នោះទេ។ ទូរ​សព្ទ​នេះ​ជា​ប្រភេទ​ទូរ​សព្ទ​ដែលមាន​តម្លៃ​ទាប លក់​ដោយ​ក្រុមហ៊ុន Assurance Wireless ដែលជា​ចំណែក​មួយ​នៃ​ក្រុមហ៊ុន Virgin Mobile ដើម្បី​ជួយ​ដល់​ប្រជាជន​ដែលមាន​កម្រិត​ចំណូល​ទាប​អាច​ប្រើប្រាស់​ទូរ​សព្ទ​ចល័ត​បាន។

    ប៉ុន្តែថ្មីៗនេះ​ក្រុមហ៊ុន Malwarebytes បាន​រកឃើញ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល ANS UL40 ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.1.1 ក៏មាន​ផ្ទុកមេរោគ malware ផងដែរ។ មិន​ខុសពី​ទូរ​សព្ទ​ម៉ូ​ដែល UMX U686CL ទូរ​សព្ទ​នេះ​ក៏មាន​មេរោគ malware ដែល​អាច​បញ្ចូល​កម្មវិធីផ្សេងៗទៀត​បាន​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​វា​ជា​ប្រភេទ​មេរោគ​ខុសគ្នា។

    ទោះបីជា​អ្នកស្រាវជ្រាវ​មិនទាន់បាន​រកឃើញ​មេរោគ​នៅក្នុង​កម្មវិធី​ដែល​បាន​ដំឡើង​បន្ថែម​នាពេល​បច្ចុប្បន្ន​ក៏ដោយ តែ​ក៏​ពុំ​មានន័យថា​វា​នៅតែ​មិនមាន​មេរោគ​នៅ​ថ្ងៃក្រោយ​ទៀត​ដែរ ព្រោះ​គេ​បាន​រកឃើញ​កម្មវិធី Downloader Wotby ដែលជា​ប្រភេទ​មេរោគ Trojan ហើយ​វា​អាចធ្វើ​ការទាញយក​កម្ម​វិធី​ពី​ប្រភពផ្សេងៗបាន​ក្រៅពី Play Store ដោយ​យើង​មិនបាន​ដឹង​នោះ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • គេរកឃើញថា អាមេរិក ជាចំណែកមួយ ជួយឱ្យ TikTok រកបានជាង 90លានដុល្លារ

    គេរកឃើញថា អាមេរិក ជាចំណែកមួយ ជួយឱ្យ TikTok រកបានជាង 90លានដុល្លារ

    កាលពី​ខែមិថុនា​កន្លងទៅ កម្មវិធី TikTok អាច​រកចំណូលបាន​ជា​ង 90.7លាន​ដុល្លារ តាមរយៈ​ការចំណាយ​របស់​អ្នកប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក ក្លាយជា​កម្មវិធី (មិន​រាប់បញ្ចូល​ហ្គេម) ដែល​រកចំណូលបាន​ច្រើនជាងគេ​បំផុត។ នេះ​បើតាម​ទិន្នន័យ​ថ្មី​ដែល​ចេញផ្សាយ​ដោយ Sensor Tower ។

    កម្មវិធី Douyin ដែលជា TikTok សម្រាប់​ប្រើ​នៅ​ប្រទេស​ចិន គឺ​បាន​ប្រមាណ 89% នៃ​ចំណូល​នេះ ហើយ​ក្នុងនោះ​មាន 6% បានមកពី​អ្នកប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក។ ឯ​កម្មវិធី​រកចំណូលបាន​ច្រើនជាងគេ​បន្តបន្ទាប់​ទៀត​មាន Tinder, Tencent Video និង iQIYI ។

    រីឯ YouTube ស្ថិត​លើ​តំណែង​លេខ2 ជា​កម្មវិធី​រកចំណូលបាន​ច្រើនជាងគេ ប្រចាំខែ​មិថុនា ដែល​រកចំណូលបាន 73លាន​ដុល្លារ ដោយ 56% គឺមាន​ប្រភព​ចេញពី​សហរដ្ឋអាមេរិក និង 12% មកពី​ជប៉ុន៕

  • 2021 អាចជាឆ្នាំដំបូង ដែល Samsung នឹងលែងដាក់ឆ្នាំងសាកលឿនក្នុងប្រអប់ឱ្យទៀតហើយ

    2021 អាចជាឆ្នាំដំបូង ដែល Samsung នឹងលែងដាក់ឆ្នាំងសាកលឿនក្នុងប្រអប់ឱ្យទៀតហើយ

    បន្ទាប់ពី iPhone 12 ដែល Apple គ្រោង​ប្រកាស​ចេញ​នា​ចុង​ឆ្នាំនេះ ក៏មាន​ប្រភព​ជាច្រើន​បានលើកឡើង​ថា ក្នុង​ប្រអប់​នឹង​លែងមាន​ដុំ​សាក​ថ្ម និង​កាស​ស្ដាប់ ដូច iPhone កាលពីមុន​ទៀតហើយ។

    ហើយ​ស្រាប់តែថ្មីៗនេះ Samsung ក៏​កំពុងតែ​ពិចារណា​ពី​ការលក់​ស្មា​ត​ហ្វូ​ន​ដោយ​មិនមាន​ដាក់​ដុំ​សាក​ក្នុង​ប្រអប់​ទៀត​ដូចគ្នា​ដែរ ហើយ​អាច​នឹង​ចាប់ផ្ដើម​លឿន​បំផុត ចាប់ពី​ឆ្នាំ​ក្រោយនេះ​ទៅ  ប៉ុន្តែ​គម្រោង​នេះ គឺ​សម្រាប់តែ​ម៉ូ​ដែល​មួយចំនួន​ប៉ុណ្ណោះ។ នេះ​បើ​ផ្អែកលើ​ការចុះផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ ETNews ។

    ទោះជា Samsung មិនទាន់បាន​បញ្ជាក់​អំ​ពី​ដំណឹង​នេះ​នៅឡើយ​ក្ដី តែ​គេ​យល់ថា ការកាត់បន្ថយ​ថ្លៃ​ចំណាយ និង​ការចង់​ទប់​តម្លៃ​ស្មា​ត​ហ្វូ​ន​កុំឱ្យ​ឡើងថ្លៃ​ខ្ពស់​ពេក  អាចជា​ហេតុផល​សំខាន់​មួយ នៅ​ពីក្រោយ​ការសម្រេចចិត្ត​នេះ។

    គេ​សង្កេតឃើញថា ចំពោះ​តម្លៃ​ស្មា​ត​ហ្វូ​ន ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ដោយសារតែ​គ្រឿង​ឧបករណ៍​សម្រាប់​ផលិត​ស្មា​ត​ហ្វូ​ន ចេះតែ​ឡើងថ្លៃ​ឥតឈប់ឈរ ជា​រៀងរាល់ឆ្នាំ៕