Author: ធឿន មករា

  • គន្លឹះតូចៗ 5យ៉ាង ក្នុងការ​ហូបចុក ដែល​ជួយ​ឱ្យ​អ្នកមាន​រូបរាង​ស្គម ស្វែ​ល ស្អាត

    គន្លឹះតូចៗ 5យ៉ាង ក្នុងការ​ហូបចុក ដែល​ជួយ​ឱ្យ​អ្នកមាន​រូបរាង​ស្គម ស្វែ​ល ស្អាត

    ការកែសម្រួល​ទង្វើ​រឿង​អាហារ​ការហូបចុក​មួយ​ចំនួន មើលទៅ​ហាក់ដូចជា​រឿង​តូចតាច​កំប៉ិកកំប៉ុក​ទេ តែ​វា​ហុច​លទ្ធផល​ឱ្យ​យើង​ក្នុង​រឿង សម្រក​ទម្ងន់ និង​ធ្វើឱ្យ​រូបរាង​ស្អាត​បាន យ៉ាង​ធំធេង។

    1. ពិនិត្យមើល​និស្ស័យ​ការហូបចុក​របស់ខ្លួន​ឯង :  ដូចជា មាន​ចូលចិត្ត​ញ៉ាំ​អាហារ​នៅពេល​យប់ ឬ​ចូលចិត្ត​ញ៉ាំ​អាហារ​ក្នុង​ពេលធ្វើ​ម្ហូប ឬក៏​អត់? ឬក៏​ចូលចិត្ត​ញ៉ាំ​អាហារ ទាល់តែអស់ៗពី​ចាន​ដែរឬទេ?។ ពេល​ពិនិត្យមើល រហូត​ដឹង​ពី​ចំណុចខ្សោយ​របស់ខ្លួន​ឯង​ហើយ អ្នក​ពិតជា​អាច​កាត់បន្ថយ ឬ​តម​អាហារ​ណា ដែលមាន​កាឡូរី​ខ្ពស់ បាន​យ៉ាង​ងាយស្រួល​មិន​ខាន។

    2. ទៅ​ដើរ​ទិញ​ម្ហូបអាហារ នៅពេល​ពោះ​ឆ្អែត :  ទាំងអស់គ្នា​ប្រហែលជា​យល់ស្រប​ដូចគ្នា​មិន​ខាន​ថា បើ​ចេញ​ទៅរក​ទិញ​អីវ៉ាន់​ញ៉ាំ ពេល​ពោះ​ទទេរ មិនទាន់បាន​ញ៉ាំ​អី​នោះ ច្រើនតែ​ធ្វើឱ្យ​យើង​ទិញ​ចំណីអាហារ​មក​ច្រើន​តាម​មាត់​ឃ្លាន តាមចិត្ត​ចង់  តែ​ផ្ទុយទៅវិញ បើ​យើង​ទៅ​ដើរ​ទិញ​ឥ​វ៉ាន់ ពេល​ពោះ​ឆ្អែត​នោះ យើង​នឹង​មានការ​រិះគិត​ច្រើនជាង​មុន ក្នុងការ​ចាប់យក​អីវ៉ាន់​មក​ដាក់​ក្នុង​កន្ត្រក។

    3. អង្គុយ​ញ៉ាំ និង​ញ៉ាំ​អាហារ​នៅក្នុង​ចាន :  មានការ​សិក្សា​ស្រាវជ្រាវ​មួយ បាន​រកឃើញថា ការ​ញ៉ាំ​អាហារ​កញ្ចប់ និង​ឈរ​ញ៉ាំ​ផង​នោះ  នឹងធ្វើ​ឱ្យ​យើង​ញ៉ាំ​អាហារ​បាន​ច្រើនជាង​ការ​អង្គុយ​ញ៉ាំ​អាហារ​នៅក្នុង​ចាន លើ​តុ​បាយ  ព្រោះ​ការ​ឈរ​ញ៉ាំ​អាហារ​នៅក្នុង​កញ្ចប់ ឬ​ក្នុង​ប្រអប់​នេះ នឹងធ្វើ​ឱ្យ​យើង​ញ៉ាំ​យ៉ាង​ភ្លេចខ្លួន(ចូរ​ប្រយ័ត្ន​ចំណុច​នេះ)។

    4. ដួស​អាហារ​ដាក់​ចាន​ផ្ទាល់ខ្លួន :   បើ​អ្នក​កំពុង​គ្រប់គ្រង​ទម្ងន់​ខ្លួន(សម្រក​ទម្ងន់)នោះ ចូរ​សាកល្បង​ដួស​អាហារ​ដែល​បម្រុង​នឹង​ញ៉ាំ ក្នុង​បរិមាណ ដែល​គិតថា​ឆ្អែត​ល្មម មក​ដាក់​ក្នុង​ចាន​របស់ខ្លួន(ដែលមាន​ទំហំ​តូច​ជាង​ចាន​របស់​អ្នក​ឯទៀត) និង​មិន​ដួស​ម្ហូបអាហារផ្សេងៗទៀត មក​ដាក់​ញ៉ាំ​រួមជាមួយ​គេ​ឡើយ។  ព្រោះ​ម្ហូបអាហារ​ដែល​ឃើញ​នៅ​នឹង​មុខ​នេះ នឹងធ្វើ​ឱ្យ​យើង នឹក​ចង់តែ​ដួស​ញ៉ាំ​ជានិច្ច។

    5. រៀប​ផែនការ សម្រាប់​អាហារ​ញ៉ាំ​លេង :  ការ​ញ៉ាំ​ចំណីអាហារ ដែល​បែង​ចេញ​ជា​ពេលតូចៗនោះ ល្អ​ក្នុងការ​ដុតបំផ្លាញ​រប​ស់រាង​កាយ  ដូច្នេះ​យើង​គួររៀបចំ​ចំណីអាហារ ញ៉ាំ​ពេលទំនេរ ដែលមាន​កាឡូរី​ទាប និង​ល្អ​ចំពោះ​រាងកាយ​ទុក​រួចជាស្រេច ដើម្បី​កុំឱ្យ​ទៅ​ស្រវា​យក​ចំណី​ណា ដែលមាន​កាឡូរី​ខ្ពស់ មក​ញ៉ាំ​នៅពេល​ឃ្លាន។

    យើង​មក​នាំគ្នា​ផ្លាស់ប្តូរ និង​កែសម្រួល​រឿង​តូចតាច​ខាងលើនេះ ដើម្បី​លទ្ធផល​ដ៏​គួរ​ជាទី​ពេញចិត្ត​សម្រាប់​រូបរាង​យើងទាំងអស់គ្នា៕

  • ចង់​ញញឹម​ស្អាត កុំ​ភ្លេច​ញ៉ាំ​របស់​ខាងក្រោម​នេះ…

    ចង់​ញញឹម​ស្អាត កុំ​ភ្លេច​ញ៉ាំ​របស់​ខាងក្រោម​នេះ…

    ប្រាកដ​ណាស់​ថា ស្នាមញញឹម​របស់នារីៗ គឺជា​មន្ត​ស្នេហ៍​មួយ សម្រាប់​អ្នក​ដែល​បានឃើញ ដូច្នេះហើយ ទើប​យើង​ត្រូវតែមាន​វិធី​មើលថែទាំ​ធ្មេញ​របស់​យើង​ឱ្យ​ស្អាត ស និង​រឹងមាំ ដើម្បី​ត្រៀម​ជានិច្ច​សម្រាប់​ការ​ញញឹម​យ៉ាង​ស្រស់ស្រាយ ឱ្យ​អ្នក​ដែល​នៅ​ជុំវិញខ្លួន ឈ្លក់​វង្វេង តែ​សួរថា តើ​ត្រូវ​ញ៉ាំ​អ្វីខ្លះ​ដើម្បីឱ្យ​ធ្មេញ ស ស្អាត និង​រឹងមាំ​នោះ សូម​តាមដាន​ជា​បន្ត…។

    .អាហារ​ពពួក ខា​បូ​ហាយ​ដ្រេ​ត

    អាហារ​ពពួក​ខា​បូ​ហាយ​ដ្រេ​ត ដែលមាន​ដូចជា ម្សៅ បាយ នំប៉័ង​នោះ ច្រើនតែ​ជាប់​នៅតាម​ប្រឡោះ​ជើងធ្មេញ ឬ​បរិវេណ​អញ្ចាញ បន្ទាប់ពីនោះ​ម្សៅ​នឹង​បំបែក​ខ្លួន ក្លាយជា​ស្ករ មាន​មេរោគ​បាក់តេរី ធ្វើឱ្យ​កើត​ស្នាម​កំណក និង​អាច​កើត​ជំងឺ​អញ្ចាញធ្មេញ​បាន ដែល​អាចធ្វើឱ្យ​ធ្មេញ​ពុក​បាន។ ដូច្នេះ​សម្រាប់​អាហារ​ប្រភេទ​ខា​បូ​ហាយ​ដ្រេ​ត​នេះ យើង​គួរ​ញ៉ាំ​ចំពោះតែ​ពេល​អាហារចម្បងៗ ដូចជា ពេលព្រឹក ថ្ងៃ និង​ល្ងាច​បាន​ហើយ ចៀសវាង​ញ៉ាំ​លេង នៅ​ចន្លោះពេល​អាហារ​ទាំងនោះ ព្រោះថា នៅក្នុងពេល​អាហារចម្បងៗទាំងនោះ យើង​នឹង​បញ្ចេញ​ទឹកមាត់​មក​ច្រើនណាស់ ទើប​កម្ទេច​កំណក​អាហារ​ទាំងនោះ ត្រូវបាន​លាង​សម្អាត​ចេញ​អស់យ៉ាង​ងាយ។

    .គួរ​ញ៉ាំ​ទឹកតែ​ជាប្រចាំ

    មិនថាតែ តែ​ខ្មៅ ឬ​តែ​បៃតង​នោះទេ សុទ្ធ​តែមាន​សារធាតុ ផូ​លី​ហ្វើ​ណូ​ល ដែលជា​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ពី​រុក្ខជាតិ ដែល​ការពារ​មិនឱ្យ​មាន​កំណក​កខ្វក់លឿងៗ មក​តោង​ជាប់​នៅលើ​ធ្មេញ ជួយ​កាត់បន្ថយ​ឱកាស​ក្នុងការ​កើតរោគ​ធ្មេញ​ពុក ឬ​រោគ​អញ្ចាញ​ឱ្យ​ថយចុះ​បាន។ ក្រៅពីនេះ វា​នៅ​អាច​កាត់បន្ថយ​ក្លិន​មាត់ ដោយមាន​គុណសម្បត្តិ​ទប់ស្កាត់​ការរីក​ធំធាត់​របស់​មេរោគ​បាក់តេរី​ដែលជា​មូលហេតុ​របស់​ក្លិន​មាត់​ទៀតផង ហើយ​ទឹកតែ ភាគច្រើន​នៅមាន ភ្លូ​អូ​រ៉ា​យ​ដ៍ ដែល​បានមកពី​ស្លឹក​តែ​ទៀតផង។

    .ញ៉ាំ​វិ​តា​មីន​C ឱ្យបាន​គ្រប់គ្រាន់

    វីតាមីន​C ប្រៀបដូចជា​ស៊ីម៉ង់ត៍​ដែល​ភ្ជាប់​កោសិកាផ្សេងៗ ឱ្យ​ចូលមក​ជាប់​ជាមួយគ្នា​វិញ វា​ចាំបាច់​ចំពោះ​ស្បែក​ដូចគ្នា​នឹង​សាច់​ភ្នាស​របស់​អញ្ចាញធ្មេញ​ដែរ។ អ្នក​ដែល​ញ៉ាំ​វីតាមីន​C តិចជាង 60មី​ល្លី​ក្រាម​ក្នុង 1ថ្ងៃ នឹងមាន​ឱកាស​កើតរោគ​អញ្ចាញធ្មេញ​ខ្ពស់ជាង​អ្នក​ដែល​ញ៉ាំ 180មី​ល្លី​ក្រាម ឬ​ច្រើនជាង 25% ដូច្នេះហើយ​ទើប​វីតាមីន​C ជា​ចំណែក​មួយ​សំខាន់ ដែល​ជួយ​មើលថែទាំ​ធ្មេញ​ឱ្យ​រឹងមាំ​ឡើង។

    ត្រឹមតែ​វិធី 3យ៉ាងងាយៗនេះ ធានាថា ធ្មេញ​របស់​អ្នកនឹង​ស្រស់ស្អាត ស និង​រឹងមាំ ត្រៀម​ជាស្រេច​សម្រាប់​ការ​ញញឹម​ដ៍​ស្រស់ស្រាយ និង​មាន​មន្ត​ស្នេហ៍​យ៉ាងពិត​ប្រាកដ៕

  • សម្រាប់ស្រីៗយើង ការ​ងូតទឹក​ត្រូវ​តាម​វិធី ធានាថា សាច់​ស្អាត ស្បែក​ភ្លឺរលោង

    សម្រាប់ស្រីៗយើង ការ​ងូតទឹក​ត្រូវ​តាម​វិធី ធានាថា សាច់​ស្អាត ស្បែក​ភ្លឺរលោង

    មាន​សៀវភៅ​តម្រា​មួយ បាន​ណែនាំ​ឱ្យ​ងូតទឹក​ត្រជាក់ ដែល​វា​ជាការ​ធ្វើឱ្យ​មនុស្ស​យើង ស្ថិតក្នុង​វ័យ​កំលោះ​ក្រមុំ​បានយូរ ព្រោះ​នៅពេល​ស្បែក និង​សាច់ ប៉ះ​នឹង​ភាព​ត្រជាក់​របស់​ទឹក ឈាម​នឹង​នាំគ្នា​បាញ់​ស្ទុះ មករក​ស្រទាប់​ស្បែក ដើម្បី​ធ្វើឱ្យ​រាងកាយ​បាន​កក់ក្តៅ​ឡើង និង​អាច​និយាយបានថា ជាការ​បណ្តេញ​វត្ថុ​មិនល្អ ចេញពី​រាងកាយ​ទៀតផង។

    តែ​អ្នកខ្លះ​ចូលចិត្ត​ងូតទឹក​ក្តៅឧណ្ហៗ ដើម្បី​កុំឱ្យ​រងា។ បើ​ក្នុងករណីនេះ សីតុណ្ហភាព​របស់​ទឹក​ក្តៅ​នោះ មិនគួរ​ក្ដៅ​ខ្លាំង​ជាង​សីតុណ្ហភាព​របស់​រាងកាយ លើសពី 2អង្សា​ហ្វា​រេ​ន​ហាយ​ទេ មិន​ដូច្នោះ​ទេ អាច​នឹង​ធ្វើឱ្យ​ស្បែក​ស្ងួត កើត​អាការ​រមាស់។

    ការ​ងូតទឹក មិនថាតែ​ទឹក​ក្តៅ ឬ​ទឹក​ត្រជាក់​ឡើយ ទាំងអស់គ្នា​គួរ​ងូត មុន​ទទួលទាន​អាហារ រយៈពេល ១ម៉ោង ឬ​ក្រោយ​ពេលបាយ​រួច យ៉ាងតិច​បំផុត 2-3ម៉ោង។ ការ​ត្រាំ​ខ្លួន​នៅក្នុង​ទឹក​ក្តៅ មុនពេល​ចូល​គេង នឹង​ជួយ​ឱ្យ​គេង​លក់បាន​ស្រួល។ តាមរយៈ​ការសាកល្បង​នៅលើ​ស្ត្រី​ចំនួន 9នាក់ ដែលមាន​បញ្ហា​រឿង​គេង​មិន​លក់ បាន​សាកល្បង​ឱ្យម្នាក់ៗ ងូតទឹក​ក្តៅ ប្រមាណ​ជា 1ម៉ោង​កន្លៈ មុនពេល​ចូល​គេង ជាប់ៗគ្នា​រយៈពេល 2យប់​ក្នុង 1សប្តាហ៍។ តម​ក ក៏​សាកល្បង​ឱ្យ​ស្ត្រី​ក្រុម​ដដែល​នេះ សាកល្បង​ងូតទឹក​មិនសូវ​ក្តៅ​ដូច​មុន វិញ​ម្តង ដើម្បី​ពិនិត្យមើល​លទ្ធផល​ប្រៀបធៀប និង​បាន​សង្កេតឃើញថា ពេល​ងូតទឹក​ក្តៅ ក្រុម​ស្ត្រី​ទាំងនោះ​គេង​លក់បាន​ស្រួល និង​ស្កប់​ជាង​ពេល​ងូតទឹក​មិនសូវ​ក្តៅ។

    ចំពោះ​សុខភាព​រូប​សម្ផស្ស​វិញ ការ​ងូតទឹក​ក្តៅ ការ​ដុស​សាប៊ូខ្លាំងៗ នឹងធ្វើ​ឱ្យ​ស្បែក​រាងកាយ​ឡើង​ស្ងួត ព្រោះ​ជាតិ​ប្រេង​ដែលមាន​នៅលើ​ស្បែក​តាម​ធម្មជាតិ​នោះ ត្រូវបាន​កម្ចាត់​ចេញ​អស់ ដូច្នេះ​បើ​ស្បែក​របស់​អ្នក​ឡើង​ស្ងួត​នោះ ចូរ​លាយ​ប្រេង​ម្កាក់​ប្រភេទ​ថ្លា 1ស្លាបព្រា​បាយ នៅក្នុង​ទឹក​សម្រាប់​ងូត​នោះ ឬក៏​លាប​លើ​ស្បែក​ឱ្យ​សព្វ​ខ្លួន ដោយ​ប្រេង​ម្កាក់ស្តើងៗ មុនពេល​ងូតទឹក​ក្តៅ​ក៏បាន…នៅពេល​ងូតទឹក​ហើយ ស្បែក​របស់​អ្នកនឹង​ស្រស់ថ្លា មាន​សំណើម និង​ថែមទាំង​ភ្លឺរលោង​ទៀតផង៕

  • ប្រយោជន៍ល្អៗ និងថ្មីៗទៀត​របស់​អាល់កុល​ស​ម្លា​ប់​មេរោគ ដែលបងៗស្ត្រី​មេផ្ទះ​គួរ​ដឹង

    ប្រយោជន៍ល្អៗ និងថ្មីៗទៀត​របស់​អាល់កុល​ស​ម្លា​ប់​មេរោគ ដែលបងៗស្ត្រី​មេផ្ទះ​គួរ​ដឹង

    វិធី​សម្អាត​របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ​ដោយ​ទឹក​អាល់កុល​លាង​របួស។ យើង​នាំគ្នា​មក​មើ​លពី​ប្រយោជន៍​របស់​អាល់កុល​ដែល​យើង​តែងតែ​យកមក​លាង​សម្អាត​មុខរបួស ឬ​ដំបៅ​ផ្សេង​លើ​រាងកាយ​នោះ ជាមួយនឹង​ការងារ​ផ្ទះ ដែលបងៗស្ត្រី​មេផ្ទះ​អាច​យកទៅ​ជូត​សម្អាត​របស់របរ​ប្រើប្រាស់​ក្នុង​បាន​យ៉ាង​ល្អ​ទៀតផង។

    1 . ធ្វើជា​ស្ប្រៃ​យ៍​ជូត​កញ្ចក់​បង្អួច

    បើ​មិន​ចង់​មួម៉ៅ​ដោយសារតែ​ទេសភាពស្អាតៗនៅ​ខាងក្រៅ​ត្រូវ​បិទបាំង​ដោយ​កម្ទេច​ល្អងធូលី និង​ស្នាម​បាតដៃ​នៅលើ​កញ្ចក់​បង្អួច​នោះ បងៗស្ត្រី​មេផ្ទះ​អាច​ចាប់ផ្តើម​ដោយ​ប្រើ​ទឹក​លាង​សម្អាត​ស្នាម​កខ្វក់​នៅលើ​បង្អួច​ផ្នែក​ខាងក្រៅ​ចេញ​សិន រួច​លាយ​អាល់កុល​ជាមួយ​ទឹក​ក្នុង​បរិមាណ​ស្មើគ្នា កូរ​ឱ្យ​ចូលគ្នា​សព្វ​រួច​សឹម​យកទៅ​ជូត​សម្អាត។

    2 . ធ្វើជា​ស្ប្រៃ​យ៍​ជូត​កញ្ចក់​ឆ្លុះ​មុខ

    ចង់ឱ្យ​កញ្ចក់​ឆ្លុះ​មុខ​ភ្លឺ​ថ្លា​ច្បាស់ ចូរ​ផ្សំ​អាល់កុល 2ស្លាបព្រា​បាយ ទឹកខ្មេះ 2ស្លាប​ព្រ​បាយ ម្សៅពោត(អា​ចរក​ទិញ​បាន​នៅក្នុង​ផ្សារ​ទំនើប​ទូទៅ) 1ស្លាប​ព្រ​បាយ និង​ទឹកស្អាត 1ពែង​កន្លះ ចាក់​ចូលទៅក្នុង​ដប​ស្ប្រៃ​យ៍ ក្រឡុក​បន្តិច​មុននឹង​យកទៅ​បាញ់​លើ​កញ្ចក់ បន្ទាប់មក​ប្រើ​ក្រដាស​កាសែត​ជូត​ចេញ 1 – 2 ដង​រហូត​ទាល់តែ​ស្នាម​ប្រឡាក់ផ្សេងៗទាំងនោះ​រលុប​បាត់អស់។

    3 . ជូត​សម្អាត​កៅអី​សា​ឡុង

    បើ​ត្រឡប់មកផ្ទះ​វិញ ហើយ​ឃើញ​មាន​ស្នាម​ប៊ិច​ក្រវេមក្រវាម​ជា​ស្នាដៃ​របស់​កូនតូច​ដែល​គូសវាស​លេង​នៅលើ​កៅអី​សា​ឡុង​ដែល​ក្រាល​ដោយ​ក្រណាត់​ម៉ៃ​ក្រូ​ហ្វៃ​ប៊ើ​រ​នោះ មិនបាច់​កង្វល់​ទេ ព្រោះ​គ្រាន់តែ​ចាក់​អាល់កុល​ចូលទៅក្នុង​ដប​ស្ប្រៃ​យ៍ ហើយ​យកទៅ​បាញ់​លើ​ស្នាម​ប្រឡាក់​នោះ​ឱ្យ​សើម ទុកចោល​មួយស្របក់ រួច​យក​អេ​ប៉ុង​ពណ៌​សមក​ជូត​ប្តិតៗ តែ​ប៉ុណ្ណឹង​ស្នាម​ទឹកប៊ិច​ក្រវេមក្រវាម​ទាំងនោះ​នឹង​ជ្រាប​ចូលមកក្នុង​អេ​ប៉ុង​ព្រមជាមួយ​អាល់កុល​អស់ និង​ធ្វើឱ្យ​កៅអី​សា​ឡុង​ស្អាត​ដូចដើម​វិញ​មិន​ខាន។

    4 . រូបមន្ត​ដុសខាត់​សម្អាត​អាង​លាងចាន​កម្ចាត់​មេរោគ

    អាង​លាងចាន​ពេញ​ទៅដោយ​មេរោគ បន្ទាប់ពី​លាង​សម្អាត​ដោយ​ទឹកស្អាត​ហើយ ចូរ​យក​ក្រណាត់​ស្អាត​ជ្រលក់​អាល់កុល​ជូត​សម្អាត​ឱ្យ​សព្វ​អាង​លាងចាន​នោះ​ម្តងទៀត វា​នឹង​ជួយ​កាត់បន្ថយ​ការប្រមូល​សន្សំ​របស់​ប​ណ្តា​មេរោគ​ទាំងឡាយ ដើម្បី​សុខភាព​អនាម័យ​របស់​សមាជិក​ទាំងអស់​ក្នុង​គ្រួសារ។

    5 . ធ្វើជា​ស្ប្រែ​យ៍​កម្ចាត់​ក្លិន​ក្នុង​ស្បែកជើង

    ការបំបាត់​ក្លិន​ស្បែកជើង​ក៏​មិន​ពិបាក​ដែរ គ្រាន់តែ​ចាក់​អាល់កុល​ដាក់ចូល​ដប​ស្ប្រៃ​យ៍​តូច​មួយ​ប្រមាណ​ជា​កន្លះ​ដប តាម​ដោយ​ទឹកស្អាត​បន្តិច និង​ប្រេង​ក្រអូប​ហើរ​ក្លិន​ដែលបងៗស្ត្រី​មេផ្ទះ​ចូលចិត្ត​ប្រមាណ​ជា 10 ដំណក់ ក្រឡុក​ឱ្យចូល​គ្នា ហើយ​ដាក់​តាម​ខ្លួន​ទុក​បាញ់​ដាក់​ក្នុង​ស្បែកជើង​ពេលណា​ដែល​វា​មាន​ក្លិន​មិនល្អ  តែ​ប៉ុណ្ណឹង​ជាការ​ស្រេច។

    6 . ធ្វើជា​ស្ប្រៃ​យ៍​បាញ់​បំបាត់​ក្លិន​បង្គន់

    បើ​មិន​ចង់​ត្រូវ​រំខាន​ដោយ​ក្លិនស្អុយ​ពី​ចាន​បង្គន់​នោះ ចូរ​លាយ​អាល់កុល 1ស្លាបព្រា​បាយ ទឹក​ប្រេង​ក្រអូប​ហើរ​ក្លិន​ដែល​ចូលចិត្ត​ប្រមាណ​ជា 30 – 40ដំណក់ និង​ទឹកស្អាត ហើយ​ចាក់​ចូល​ដប​ស្ប្រៃ​យ៍ និង​មុននឹង​នាំយក​ទៅប្រើ ចូរ​ក្រឡុក​ដប​ជាមុនសិន រួច​សឹម​បាញ់​ចូលទៅក្នុង​ចាន​បង្គន់​ក្រោយពេល​បន្ទោបង់​រួច និង​ចុច​ទឹក​បង្ហូរ​ចោល 1- 2ដង។

    7 . ទឹក​ថ្នាំ​សម្លាប់​មេរោគ​លើ​ច្រាស​ដុសធ្មេញ

    ច្រាស​ដុសធ្មេញ​ដែល​ដាក់ចូល​មាត់​យើង​រាល់ថ្ងៃ​ពោរពេញ​ទៅដោយ​មេរោគ​ដ៏​ច្រើន តែ​យើង​អាច​កម្ចាត់​វា​បាន​ដោយ​រំលាយ​ម្សៅ​បេ​ក​ឃី​ង​សូ​ដា(មាន​លក់​នៅតាម​ផ្សារ​ទំនើប) 2ស្លាបព្រា​កាហ្វេ ទឹកស្អាត​កន្លះ​ពែង អាល់កុល 1 ស្លាបព្រា​កាហ្វេ និង​ប្រេង​ក្រអូប​ហើរ​ក្លិន 1 – 2 ដណ​ក់លាយ​បញ្ចូល​គ្នា រួច​យក​ច្រាស​ដុសធ្មេញ​មក​ដាក់​ត្រាំ​ក្នុង​ទឹក​ល្បាយ​នោះ​ចោល​មួយសន្ទុះ ហើយ​លាង​សម្អាត​ចេញ​ឱ្យ​ស្អាត  តែ​ប៉ុណ្ណឹង​មេរោគ​ចង្រៃ​ទាំងឡាយ​នឹង​ស្លាប់​បាត់អស់​មួយចំនួនធំ​មិន​ខាន៕

     

    ដោយ អ្នកគ្រូ ឆវី

  • និស្ស័យ និង​ទម្លាប់ ដែល​មិនគួរ​នាំយកមក​ប្រើ នៅ​កន្លែងធ្វើការ

    និស្ស័យ និង​ទម្លាប់ ដែល​មិនគួរ​នាំយកមក​ប្រើ នៅ​កន្លែងធ្វើការ

    ក្នុង​ការធ្វើការងារ ជួនកាល​យើង​ត្រូវ​នៅ​រួមគ្នា​ជាមួយ​ក្រុមមនុស្ស​ដ៏​ច្រើន​ដែល​មកពី​មជ្ឈដ្ឋាន​ផ្សេងគ្នា ក្រុម​គ្រូ​សារ​ផ្សេងគ្នា និង​ទីកន្លែង​ផ្សេងគ្នា ធ្វើឱ្យ​ពេលវេលា​នឹង​បង្ហាញឱ្យឃើញ​ពី​ទម្លាប់​និស្ស័យ

    ដែល​មិនល្អ​របស់​បុគ្គលម្នាក់ៗចេញមក ដូច្នេះហើយ​ទើប​គួរតែ​នាំគ្នា​ប្រយ័ត្នប្រយែង​ពី​ចរិត​និស្ស័យ​មិនល្អ​នោះ​បន្តិច​ក៏​ជា​រឿង​ល្អ​ម្យ៉ាងដែរ ព្រោះ​ពេលខ្លះ​ការងារ​ដែល​នឹង​ដំណើរការ​ទៅ​យ៉ាង​រលូន​ល្អ គ្មាន​រអាក់រអួល​នោះ មិត្ត​រួមការ​ងារ​ក៏មាន​ចំណែក​សំខាន់​ក្នុង​ការជួយ​លើ​ការងារ​ទាំងអស់​នោះដែរ និង​ជួនកាល​ការងារ​ល្អ តែ​យើង​មិនអាច​ចូល​ចុះ​ជាមួយ​អ្នក​រួមការ​ងារ​បាន ក៏​នឹង​ធ្វើឱ្យ​យើង​លែង​ចង់​ធ្វើ​ការងារ​នោះ​តទៅទៀត​តែម្ដង​ក៏មានដែរ ឬ​ជួនកាល​ការងារ​មិនសូវ​ជា​អូ​ខេ​ប៉ុន្មាន​ទេ តែ​មិត្ត​រួម​ការងារ​គ្រប់គ្នា​មាន​ចរិត​និស្ស័យ​ល្អ ក៏​អាច​នឹង​ធ្វើឱ្យ​យើង​ចង់​ធ្វើការ​នោះ​តទៅទៀត​ដែរ ដូច្នេះ​បើសិនជា​ចង់ឱ្យ​មិត្ត​រួមការ​ងារ​គេ​ល្អជា​មួយ​យើង យើង​ក៏​គួរតែ​បង្ហាញ​ពី​ចរិត​និស្ស័យល្អៗទៅ​គេ​វិញ​ដូចគ្នា​ដែរ។ ថ្ងៃនេះ យើង​សាកល្បង​នាំគ្នា​មក​មើល​ពី​និស្ស័យមិនល្អៗដែល​មិនគួរ​បង្ហាញ ឬ​សម្ដែង​ចេញ​នៅក្នុង​កន្លែងធ្វើការ​វិញ​ប្រសើរ​ជាង ដើម្បី​បើ​មាន​នរណា​កំពុងតែ​ប្រព្រឹត្ត នឹង​បាន​កែសម្រួល​ឱ្យ​ល្អប្រសើរ​ឡើងវិញ​ដើម្បី​អនាគត​ការងារ និង​ជីវិត​របស់ខ្លួន​យើង​ផ្ទាល់​ហ្នឹងឯង…។

    1 . ប៉ិន​ខឹង​មួម៉ៅ

    ការ​ប៉ិន​ខឹង​មួម៉ៅ ឆាប់​ច្រឡោតតោតតូង គឺជា​អ្វីមួយ​ដែល​មិនគួរ​សម្ដែង​ចេញ​នៅក្នុង​កន្លែងធ្វើការ​ខ្លាំង​បំផុត លោកអ្នក​ត្រូវ​គិតថា គ្មាន​អ្នកណា​អាចធ្វើឱ្យ​ត្រូវចិត្ត​យើង​គ្រប់​តែ​រឿង​បាន​នោះទេ។ បើ​មាន​អារម្មណ៍​ខឹង​មួម៉ៅ ក៏​គួរតែ​ដើរ​ចេញទៅ​រម្ងាប់ និង​ស្ងប់​អារម្មណ៍​វិញ​ប្រសើរ​ជាង ព្រោះ​ពេលខ្លះ​ការសម្ដែង​អារម្មណ៍​ឆេវឆាវ​ចេញទៅ​នោះ ក្រៅពី​មិនមាន​ផល​ល្អ​ហើយ នៅមាន​ផល​អាក្រក់​ជាច្រើន​តាម​មកទៀត​ផង។

    2 . អួតអាង

    ទោះជា​ចេះ​មែន ឬ​ចេះ​ច្រើនជាង​អ្នកដទៃ​មែន​ក៏ដោយ តែ​ក៏​មិនគួរ​សម្ដែង​ភាព​អួត​ក្អេងក្អាង​ចេញមក​ដែរ ព្រោះ​មនុស្ស​យើង​នឹង​មិនអាច​ពូកែ ឬ​ដឹង​គ្រប់សព្វ​បែបយ៉ាង​នោះឡើយ វា​ត្រូវតែ​មានរឿង​ខ្លះ​ដែល​យើង​មិនដឹង និង​ត្រូវសុំ​គំនិត​យោបល់​ពី​អ្នកដទៃ​ខ្លះ​មិន​ខាន។

    3 . អត់​មក​ធ្វើការ…សុំច្បាប់..មក​ធ្វើការ​យឺត

    ទាំងអស់នេះ បើសិនជាយូរៗម្ដង ប្រហែលជា​មិន​អី​ទេ តែ​បើសិនជា​ញឹកញាប់​ពេក ប្រហែលជា​មិនល្អ​ទេ ព្រោះ​ការងារ​ដែល​យើង​កំពុង​ធ្វើ​អាច​នឹង​កើតការ​ស្ទះ ឬ​រអាក់រអួល ឬ​ជួនកាល​មិត្ត​រួមការ​ងារ​អាច​នឹងត្រូវ​មក​ធ្វើ​ជំនួស ដែល​ភាគច្រើន​គ្រប់គ្នា​គេ​តែងមាន​ការងារ​របស់​គេ​ស្រាប់​ហើយ។

    4 . យក​ការងារ​ក្រៅ​មក​ធ្វើ

    បើ​មិន​ស្ទះ​ដល់​ការងារ​របស់ខ្លួន​ក្នុង​ក្រុមហ៊ុន ឬ​មិន​ខូចខាត​អ្វី​នោះ ប្រហែលជា​មិន​អី​ទេ តែ​ទោះជា​យ៉ាងណា ក៏​មិនគួរ​យក​ការងារ​ក្រៅ​មក​ធ្វើ​នៅក្នុង​កន្លែងធ្វើការ​ដែរ ព្រោះ​វា​នៅតែ​ប្រៀបដូចជា​រូបអ្នក​មិនបាន​យកចិត្តទុកដាក់​លើ​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​ដដែល​ហ្នឹង។

    5 . អែបអប​ចៅហ្វាយនាយ

    ការពិតទៅ ការ​អែបអប​នេះ​ក៏​អាចធ្វើ​បានដែរ តែ​ក៏​មិនគួរ​អែបអប​ហួស​ល្អមើល​ដែរ ឬ​អែបអប​ខ្លាំង​រហូតដល់​មនុស្ស​ជុំវិញ​មាន​អារម្មណ៍​ដឹង​នោះឡើយ ព្រោះ​បើ​យើង​បាន​ឡើង​តំណែង បាន​ឡើង​ប្រាក់ខែ​ព្រោះ​សមត្ថភាព​ក៏ដោយ ក៏​អ្នក​ឯទៀត​នឹង​មើល​មក​យើង​ថា បាន​ព្រោះតែ​ការ​អែបអប​មេកោយ​ច្រើនជាង និង​អាចធ្វើឱ្យ​មិត្ត​រួមការ​ងារ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្តនឹង​គ្នា​បាន។

    6 . និយាយ​មិនចេះ​គិត

    ចង់​និយាយ​អី ក៏​និយាយ ដោយ​មិន​គិតថា សម្ដី​របស់​យើង​ហ្នឹង​វា​នឹង​ទៅ​ប៉ះពាល់​អ្នកណា​ឬក៏​អត់?។ បែបនេះ​ក៏​ជា​មូលហេតុ​មួយ​ដែល​ធ្វើឱ្យ​មិត្ត​រួមការ​ងារ​មិន​ចូលចិត្ត​មុខ​យើង​ដែរ ដូច្នេះ​មុននឹង​និយាយ​អ្វី​ចេញទៅ គួរតែ​គិត​ឱ្យបាន​ច្បាស់​ជាមុនសិន​ថា វា​នឹង​ទៅ​ប៉ះពាល់​នរណា​ឬ​អត់ ព្រោះ​ជួនកាល ក្រៅពី​ប៉ះពាល់​គ្នា​ហើយ អ្នក​ដែល​បានឮ​នឹងមាន​អារម្មណ៍​មិន​សប្បាយចិត្ត​ទៀតផង។ អាច​និយាយបានថា ជាការ​បំផ្លាញ​ទឹកចិត្ត​អ្នកដទៃ​ដោយ​មិនបាន​តាំងចិត្ត​ហ្នឹងឯង៕

     

    ដោយ អ្នកគ្រូ ឆវី

  • ត្រៀមខ្លួន​ជាស្រេច… បើ​អ្នក​ត្រូវ​រៀបការ​ម្តងទៀត

    ត្រៀមខ្លួន​ជាស្រេច… បើ​អ្នក​ត្រូវ​រៀបការ​ម្តងទៀត

    ការព្រម​បើក​បេះដូង ឱ្យ​ឱកាសថ្មីៗ ដើរ​ចូលមកក្នុង​ជីវិត​ម្តងទៀត មិនមែនជា​រឿង​ខាតបង់​នោះទេ តែ​ត្រូវ​គិត​ត្រិះរិះ ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បីឱ្យ​ការសម្រេចចិត្ត​លើក​នេះ​របស់​អ្នក មិន​ប៉ះពាល់​ផ្លូវចិត្ត​របស់ “កូន”។

    រៀបការ​ម្តងទៀត​ល្អ​ដែរ​ទេ? រៀបការ​ពេល​កូន​នៅតូចៗ ឬក៏​រង់ចាំ​ឱ្យ​កូន​ធំ​បន្តិចទៀត​សិន? រៀបការ​ហើយ​កូន​នឹងមាន​បញ្ហា​ដែរឬទេ?  មាន​សំនួរ​ជាច្រើន បាន​សាង​នូវ​ក្តី​លំបាក​ចិត្ត​ចំពោះ​ស្ត្រី ដែល​មានតែ​ខ្លួនឯង និង​កូន ហើយ​គិត​ចង់​កែសម្រួល គ្រោង​សាង​គ្រួសារ​ជាថ្មី។

    រឿង​បែបនេះ ឡា​រ៉ែ​ន​សូម​ប្រាប់​បានតែ 1ម៉ាត់​ទេ​ថា ចូរ​គិត​ឱ្យបាន​ច្រើន គិត​ឱ្យបាន​ល្អិតល្អន់ កុំ​ប្រញាប់​ធ្វើ​អ្វី​តាម​អារម្មណ៍​នឹក​ចង់​ឱ្យសោះ ព្រោះ​ការសម្រេចចិត្ត​លើក​នេះ​របស់​អ្នក ច្បាស់​ជា​ហុច​ផលប៉ះពាល់​ដល់​កូន​ដោយផ្ទាល់​មិន​ខាន។

    រៀបការ​ម្តងទៀត ល្អ​ដែរ​ទេ​ហ្ន៎?

    ទោះ​ជាការ​រៀបការ​ម្តងទៀត ជា​សិទ្ធិ​របស់​អ្នក​ផ្ទាល់​ក៏ដោយ តែ​ប្រាកដ​ណាស់​ថា រឿង​ដំបូង​គេ​ដែល​អ្នក​ត្រូវ​នឹក​ដល់​នោះ គឺ​កូន។ ស្ត្រី​ដែលមាន​តែ​ខ្លួនឯង និង​កូន ច្រើនតែ​ប្រាប់ថា ចាំ​ឱ្យ​កូន​ធំ​បន្តិចទៀត សឹម​គិត​រៀបការ​ម្តងទៀត ដែល​ការនិយាយ​បែបនេះ មួយផ្នែក គឺជា​លទ្ធផល​មកពី ការ​រាងចាល ពី​បញ្ហា​ដែល​ធ្លាប់​ជួប​កាលពី​ជីវិត​គូ​កន្លងមក  ទើបត្រូវ​បិទទ្វារ​បេះដូង លែង​ទទួលយក​អ្នកណា​ទៀត…តែ​ដូច​ថា​អ៊ីចឹង…ដោយសារតែ​ជោគវាសនា​ជតា​ព្រហ្ម​លិខិត នឹង​ចូលមក​បែបណា​នោះ គ្មាន​នរណា​ដឹង​មុន​ឡើយ ហើយ​បើ​ចៃដន្យ​ថ្ងៃ​ណាមួយ ជីវិត​ប្រែប្រួល មានព្រះអង្គ​ម្ចាស់​ជិះ​សេះស ចូលមកក្នុង​ជីវិត រហូតដល់​ត្រូវ​គិតដល់​រឿង​រៀបការ​ម្តងទៀត​នោះ តើ​ឱ្យធ្វើ​ម៉េច​ទៅ?

    ការសម្រេចចិត្ត​រៀបការ​ម្តងទៀត មិនមែនជា​ការខាតបង់​អ្វី​ឡើយ សំខាន់​អ្នក​ត្រូវ​អធិប្បាយ ឱ្យ​អនាគត​ស្វាមី យល់​អំពី​បន្ទុក និង​តួនាទី​នៃ​ភាពជា​ម្តាយ ដែលមាន​ជាប់​នឹង​ខ្លួន​អ្នក​ឱ្យបាន​ច្បាស់​ថា តើ​គេ​អាច​ទទួលយកបាន និង​យល់ព្រម​ក្នុងការ​ស្រឡាញ់ និង​មេត្តា​កូន​របស់​អ្នក ដូចដែល​គេ​ស្រឡាញ់​រូបអ្នក​ដែរឬទេ?។ បើ​គ្រប់យ៉ាង​អូ​ខេ ក៏​អាច​សម្រេច​ចិត្តបាន…តែ សំណួរ​បន្ទាប់​គឺ តើ​នឹង​រៀបការ​ឱ្យ​ហើយ​តាំងពី​ពេល​កូន​នៅ​តូច ឬ​រង់ចាំ​ឱ្យ​កូន​ធំ​សិន​ល្អ​ជាង?

    បើ​កូន​នៅ​តូច​មិនទាន់​ដឹងក្តី​នោះ ចូរ​គិតថា ជា​ឱកាស​ដែល​ស័ក្តិសម​ល្អ ក្នុង​ការឱ្យ “អ្នក​មកដល់​ថ្មី” បាន​ចូលមក​ទទួល​តួនាទី​ជា​ឪពុក​បន្តបាន យ៉ាង​មិនចាំបាច់​អៀនប្រៀន​ឡើយ សុំ​ត្រឹមតែ​ឱ្យគេ​ស្រឡាញ់ និង​មេត្តា​ដល់​កូន​របស់​យើង​យ៉ាងពិត​ប្រាកដ​តែប៉ុណ្ណោះ។

    តែបើ​រៀបការ​ម្តងទៀត ពេលដែល​កូន​ចាប់ផ្តើម​ដឹងក្តី អាច​នឹង​បញ្ចេញ​ប្រតិកម្ម​តបត និង​ឆ្លើយឆ្លង​បាន​យ៉ាង​ល្អ​ហើយ​នោះ អ្នក​ម្តាយ​ចាំបាច់​ត្រូវ​ប្រើ​សិល្បៈ​ក្នុងការ​អធិប្បាយ​ពន្យល់​បន្តិច​ហើយ រួមទាំង​ត្រូវ​ប្រើ​ភាព​អំណត់​អត់ធន់ និង​ផ្តល់​ពេលវេលា​ក្នុង​ការកសាង​សម្ព័ន្ធភាព​រវាង​ឪពុក​ថ្មី ជាមួយ​កូនចិញ្ចឹម​ទៀតផង។

    ត្រៀមខ្លួន​ទប់ទល់​ជាមួយ​រឿងរ​ញេ​រ​ញ៉ៃ​ឱ្យ​រួចជាស្រេច

    ប្រាកដ​ណាស់​ថា ក្រោយពី​អ្នកសម្រេចចិត្ត​រៀបការ​លើក​ទី2 នោះ​មានន័យថា នឹងមាន​មនុស្ស​ម្នាក់ទៀត ដែល​ប្រៀបដូចជា​មនុស្ស​ប្លែក​មុខ(សម្រាប់​កូន) ចូល​មកជា​ផ្នែក​មួយ​របស់​គ្រួសារ ហើយ​បុរស​ម្នាក់​នោះ ហាក់ដូចជា​ស្និទ្ធស្នាល​ជាមួយ​ម៉ាក់​មែនទែន។ ក្នុង​ទស្សនៈ​របស់​កូន កូន​អាច​នឹង​គិតថា ម៉ាក់​នឹង​ស្រឡាញ់​បុរស​ម្នាក់នេះ ខ្លាំង​ជាង​យើង​ទេ​ដឹង? ម៉ាក់​ច្បាស់​ជា​លែង​ស្រឡាញ់​យើង​ទៀតហើយ ម៉ាក់​លែង​ត្រឡប់មក​ជានា​គ្នា ជាមួយ​ប៉ា​វិញ​ហើយ​ឬ?  ចូរ​កុំ​បណ្តោយឱ្យ​សំនួរ​ទាំងនេះ នៅ​ដក់​វិលវល់​ក្នុង​ចិត្ត​កូន​ឱ្យសោះ  អ្នក​គួរតែ…៖

    និយាយ​ជាមួយ​កូន​ឱ្យ​យល់ កុំ​គិតថា កូន​នៅ​តូច​មិនដឹង​រឿងរ៉ាវ​អ្វី​នោះ

    ក្មេង​ខ្លះ​គិត​ច្រើនជាង​មនុស្ស​ធំ​ទៅទៀត អ្វីដែល​សំខាន់ គឺ​ការ​ប្រាប់ ឬ​អធិប្បាយ​ពី​ដំណើររឿង​ដែល​កើតឡើង​នៅក្នុង​ផ្ទះ ឱ្យ​កូន​បានដឹង និង​យល់ ដែល​វា​នឹង​ជួយ​ឱ្យ​កូន​មិនមាន​អារម្មណ៍​ថា ត្រូវបាន​បំបែក​ចេញពី​រូបអ្នក។

    សាង​ភាពជឿជាក់​ដល់​កូន

    រឿង​សំខាន់​គឺ អ្នក​ម្តាយ​ខ្លួនឯង​ត្រូវ​ផ្តល់​ភាពជឿជាក់​ក្នុង​ចិត្ត​ដល់​កូន​ថា អ្នក​នៅតែ​ស្រឡាញ់​គេ​ដូច​មុន​ដដែល ការដែល​ម៉ាក់​មាន​ប៉ា​ថ្មី​នេះ មិនអាច​ផ្លាស់ប្តូរ​អារម្មណ៍ ដែល​ម៉ា​ក់មាន​ចំពោះ​កូន​បានទេ…ក្តី​ស្រឡាញ់​ដែល​ម៉ា​ក់មាន​ចំពោះ​កូន នឹង​នៅ​ស្ថិតស្ថេរ​រហូត​ទៅ។

    ទុកពេល​វេលា​ឱ្យ​ក្នុងការ​សម្របសម្រួល​ខ្លួន

    នៅពេលដែល​អ្នក​ម្តាយ​ចាប់ផ្តើម​ស្គាល់​បុរស​ថ្មី​ម្នាក់ និង​មាន​ផែនការ​ថា អនាគត​អាច​នឹង​រៀបការ​ជាមួយគ្នា​ផង​នោះ អ្នក​ម្តាយ​គួរតែមាន​កិច្ចការងារ​ប្រចាំថ្ងៃ ដែល​អាចធ្វើ​រួមគ្នា​រវាង រូបអ្នក កូន និង​បុរស​ថ្មី​ម្នាក់​នោះ ដើម្បី​ឱ្យបាន​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា និង​មាន​សម្ព័ន្ធភាពល្អៗជាមួយគ្នា និង​ជាពិសេស​ទុក​ឱកាស​ឱ្យ​កូន និង​អ្នកថ្មី​នោះ បាន​សម្របសម្រួល​ខ្លួន​ចូលគ្នា​ផង៕

    ដោយ អ្នកគ្រូ ឆវី

  • ទោះ​ធ្លាប់​គេ​វាយលុក​ក្ដី តែ​ប្រព័ន្ធ Telegram នៅតែ​ជា​កម្មវិធី​ឆាត​ល្អ​ជាងគេ

    ទោះ​ធ្លាប់​គេ​វាយលុក​ក្ដី តែ​ប្រព័ន្ធ Telegram នៅតែ​ជា​កម្មវិធី​ឆាត​ល្អ​ជាងគេ

    Telegram គឺជា​កម្មវិធី ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០១៣ ដោយ​បងប្អូន​ជនជាតិ​រុស្ស៊ី 2រូប ដែលមាន​ឈ្មោះថា Pavel និង Nikolai Durov។ កម្មវិធី​នេះ ក៏​អាច​ប្រើប្រាស់​បាន​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជាច្រើន​ដែរ ដូចជា iOS, macOS, Android, Windows Phone, Windows, និង Linux។

    បច្ចុប្បន្ន​កម្មវិធី​ផ្ញើ​សារ Telegram កំពុង​ពេញនិយម​ប្រើប្រាស់​ជា​សាធារណៈ ឬ​តាម​ក្រុមហ៊ុន​អាជីវកម្ម និង​អង្គភាព​នានា​ជាដើម ហើយ​នោះ ក៏​ព្រោះតែ​ភាពងាយស្រួល​ប្រើប្រាស់​របស់​វា ទាំង​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក ការផ្ទេរ​រូបភាព វីដេអូ ឬ​ឯកសារផ្សេងៗ បាន​ក្នុង​ទំហំ​ធំ​ទៀតផង តែ​ដោយសារតែ​ការនិយម​ប្រើប្រាស់​នេះ ទើប​មានមតិ​ជាច្រើន​បាន​ចោទសួរ​ឡើង​ថា តើ​កម្មវិធី​នេះ​មាន​សុវត្ថិភាព​ដែរឬទេ?

    បើ​និយាយ​ពី​សុវត្ថិភាព Telegram មាន​មុខងារ​ការពារ​ទិន្នន័យ (encryption) 2ស្រទាប់ (two layers encryption) ដើម្បី​ការពារ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ មិនឱ្យ​ជន​ទី3 ប្រើប្រាស់​ទិន្នន័យ​នោះបានទេ បើ​ទោះ​មាន​ករណី​លួច​យក​ទិន្នន័យ​ដោយ​ប្រការ​ណាមួយ​ក៏ដោយ ប៉ុន្ដែ​ចំណុច​ដែល​មិនទាន់មាន​សុវត្ថិភាព​ពេញលេញ​នោះ គឺថា រាល់​ការជជែក​របស់​អ្នកប្រើប្រាស់​ជា​ស្វ័យប្រវត្តិ​លើ Telegram គឺ​មិនមាន​កា​រប​ម្លែ​ង​ទិន្នន័យ​ទេ ទាល់តែ​អ្នក​ប្រើ​បើក​មុខងារ​ជជែក​ជាសម្ងាត់ (secret chat) ទើប​ប្រព័ន្ធ​ចាប់ផ្ដើម​ធ្វើការ​ការពារ​ទិន្នន័យ (client to client encryption) ខុសពី​កម្មវិធី​ផ្ញើ​សារ WhatsApp ដែលមាន​មុខងារ​នេះ​ជា​ស្វ័យប្រវត្តិ​រាល់​ការជជែក​នានា។

    Telegram បាន​ចាប់យក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​មួយចំនួន ដោយ​រក្សាទុក​ត្រឹម​រយៈពេល ១២ខែ ដែល​រួមមាន​ដូចជា អាសយដ្ឋាន​អ៊ីនធឺណិត (IP Address), ឧបករណ៍​ដែល​ចូលទៅ​ប្រើប្រាស់​គណនី, ឈ្មោះ​គណនីចាស់ៗធ្លាប់បាន​ប្ដូរ និង​ទិន្នន័យ​ដទៃ​ផ្សេងទៀត។

    បើជា​ធ្លាប់មាន​គេ​វាយលុក​ប្រព័ន្ធ​នេះ​ខ្លះ​ក្ដី តែ​ទោះយ៉ាងណា ក៏​Telegram នៅតែ​ជា​កម្មវិធី​ល្អ​ជាងគេ​មួយ បើ​ធៀប​នឹង WhatApps ឬ Messenger ជាដើម និង​តាមរយៈ​ការកំណត់​ប្រព័ន្ធ​ការពារ​ឱ្យបាន​ត្រឹមត្រូវ​ជាមុន​នោះ Telegram អាចជា​កម្មវិធី​ផ្ញើ​សារ​ដ៏​ល្អ​មួយ សម្រាប់​ការធ្វើទំនាក់ទំនង​ជាមួយ​មិត្តភក្តិ ក្រុមគ្រួសារ​បាន៕

  • iOS 14.5 នឹងធ្វើ​ឱ្យ Facebook បាត់បង់​ចំណូល​ខ្ទង់ពាន់​លាន​ដុល្លារ

    iOS 14.5 នឹងធ្វើ​ឱ្យ Facebook បាត់បង់​ចំណូល​ខ្ទង់ពាន់​លាន​ដុល្លារ

    ប្រសិនបើ ៨០% នៃ​អ្នក​ប្រើ Facebook លើ iPhone អាប់​ឌែ​ត​ឡើងទៅ iOS 14.5 របស់ Apple នោះ​ក្រុមហ៊ុន Facebookអាច​នឹង​បាត់បង់​ចំណូល​ខ្ទង់ 2ប៊ី​លាន​ដុល្លារ(នៅ​ត្រីមាស2 ឆ្នាំ2021 ខាងមុខនេះ)។ ទឹកប្រាក់​ខាងលើនេះ បានមកពី​លទ្ធផល​នៃ​ការ​គណនា​ចំណូល​សរុប​ហ្វេ​ស​ប៊ុ​ក កាលពី​ត្រីមាស​ទី4 ឆ្នាំមុន។ នេះ​បើ​យោងតាម​ការ​គណនា​ពី​ក្រុម​អ្នកជំនាញ​ផ្នែក​ទិន្នន័យ​អឺរ៉ុប។

    ថ្មីៗនេះ iOS14.5 បានប្រកាស​ចេញ​ផ្លូវការ កាលពី​ថ្ងៃទី27 មេសា​កន្លងទៅ ដែល​នេះ​គឺជា​ចំណុចរសើប​មួយ​របស់ Facebook ដោយសារតែ​ហ្វេ​ស​ប៊ុ​ក​ជា​ក្រុមហ៊ុន​ផ្តល់ជូន​នូវ​សេវាកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន​ឡាញ​ដ៏​ធំជាងគេ។ ទិន្នន័យ​ដែល​ពួកគេ​យកទៅ​ប្រើប្រាស់​ត្រូវបាន Apple បកអាក្រាត​ថា បានមកពី​ការ​លួច​យក ឬ​តាមដាន​ទម្លាប់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក។

    Apple មាន​គោលការណ៍​តាំងពីដើម​មក គឺ​គោរព​សិទ្ធិ​អ្នក​ប្រើ ដូចដែល​ពាក្យស្លោក​ប្រចាំត្រកូល​របស់គេ​ថា  «Privacy, That’s iPhone» ។ ដូច្នេះ Apple សង្ឃឹមថា អ្នក​ប្រើ​នឹង​អាប់​ឌែ​ត ទៅ iOS 14.5 នឹង​ចុច​យកពាក្យ​ថា No ព្រោះ​កាលណា​អ្នក​ប្រើ​អាប់​ឌែ​ត​ឡើងទៅ iOS 14.5 ហើយ​នោះ ពួកគេ​នឹងមាន​ជម្រើស2 គឺ​ចង់ «‍‍បិទ ឬ បើក» មុខងារ App Tracking Transparency ដែល​ក្នុងនោះ Apple ក៏មាន​បង្កប់​ការបិទ​មុខងារ​សម្ងាត់ 1ទៀត​ដែរ គឺ access a device ID ឬ​ពាក្យ​ពេញ Identifier for Advertisers-IDFA ដែល​កន្លងមក​ហ្វេ​ស​ប៊ុ​ក​សម្ងំ​ទាញយក​អស់​ជាច្រើន​ឆ្នាំ​ហើយ។

    សូម​រំឭក​ផងដែរ​ថា អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​កលើ iPhone ច្រើនជាង ៩០% ឯណោះ ដែល​គិតតែ​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​មួយគត់។ សរុបទៅ ចង់ ឬ​មិន​ចង់ ចំណូល Facebook នៅ​ឆ្នាំ2021 នេះ ច្បាស់​ជា​ធ្លាក់ចុះ​ជាមិនខាន ដូច្នេះ តើ Facebook ចេញមុខ​ដោះស្រាយ​យ៉ាងណា សូម​រង់ចាំ​តាមដាន​ភាគ​បន្ត…៕

  • ដោយសារតែ​កូ​វីដ យូ អា​ឡិច​ហ្ស​ង់ បាន​ត្រឹម​សែនព្រេន ហើយ​ចុះ​អេ​តា​ស៊ីវិល​យកតែ​ម្តង    

    ដោយសារតែ​កូ​វីដ យូ អា​ឡិច​ហ្ស​ង់ បាន​ត្រឹម​សែនព្រេន ហើយ​ចុះ​អេ​តា​ស៊ីវិល​យកតែ​ម្តង    

    កាលពី​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ កីឡាករ អា​ឡិច យូ ដែលជា​អ្នកចាំទី​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បានប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​បាន​រៀប​អាពាហ៍ពិពាហ៍​នឹង​កីឡាការិនី​ហែល​ទឹក​ជម្រើសជាតិ​កម្ពុជា ហែម ថុ​ន​វិ​ទិ​នី រួចរាល់​ហើយ។

    មិន​ត្រឹមតែ​ប៉ុណ្ណោះ​គេ​បាន​បញ្ជាក់ថា គេ​ក៏បាន​ស្នើសុំ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​រួចរាល់​ហើយ​ដែរ ដោយ​កំពុងតែ​ដំណើរការ​នៅ​ស្ថានទូត​បារាំង។ ចំពោះ​ការរៀប​អាពាហ៍ពិពាហ៍​កីឡាករ​រូបនេះ បាន​និយាយថា គេ​ធ្វើ​ត្រឹម​ការ​សែន​សិន​តែប៉ុណ្ណោះ ដោយសារតែ​កូ​វីដ ១៩។ ហើយ​ចំពោះ​ការ​ជប់លាង​នឹង​ប្រព្រឹត្តឡើង​នៅពេល​ក្រោយ។

    គួរឱ្យ​ដឹង​ដែរ​ថា អា​ឡិច យូ និង វិ​ទិ​នី បាន​ទាក់ទង​គ្នា​ប្រមាណ​ជា ២ ឆ្នាំ​មកហើយ​មុននឹង​ឈានដល់​ការភ្ជាប់​ពាក្យ​និង​អាពាហ៍ពិពាហ៍​នេះ។ ក្នុងនោះដែរ វិ​ទិ​នី បាន​សរសើរ​គូស្នេហ៍ជារឿយៗថា ពូកែ​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ខ្លួន និង​ថែមទាំង​ស្វី​ត​ទៀតផង៕

  • ធា​រី សប្បាយចិត្ត ពេល​បាន​លេង​រួម​ពូ​ល ទល់នឹង Terengganu

    ធា​រី សប្បាយចិត្ត ពេល​បាន​លេង​រួម​ពូ​ល ទល់នឹង Terengganu

    កាលពីពេល​កន្លងទៅនេះ សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី បាន​បញ្ចេញ​កាលបរិច្ឆេទ និង​បានធ្វើ​បច្ចុប្បន្នភាព នៃ​ការប្រកួត​ពានរង្វាន់ AFC CUP 2021 ក្រោយពី​ក្លិប​មី​យ៉ាន់​ម៉ា2 បាន​ដកខ្លួន​ចេញ។

    ក្នុងនោះដែរ​វិសាខា ដែល​ត្រូវ​លេង​វគ្គ​ជម្រុះ នឹងត្រូវ​ប្រកួត​ជម្រុះ​តែ 1ជើង​គត់ ជាមួយនឹង​ក្រុម  Lalenok United របស់​ទី​ម័​រ​ខាងកើត ។ ខណៈ​ក្រុម​ដែល​ឈ្នះ​នឹង​ឡើងទៅ​វគ្គ​ចែក​ពូ​ល AFC CUP ពូ​ល I ដែលមាន Kaya FC-Iliold (ហ្វីលីពីន) Terengganu (ម៉ាឡេស៊ី) និង Geylang Int (សិង្ហ​បុរី)។

    ក្នុងនោះដែរ កីឡាករ ធា​រី ចន្ថា​ប៊ី​ន បានបង្ហាញ​ចំណាប់អារម្មណ៍​ថា «ខ្ញុំ​ពិតជា​សប្បាយចិត្ត ដែលមាន​ឱកាស​លេង​ទល់នឹង​ក្រុម​ចាស់​របស់ខ្ញុំ តែ​យ៉ាងណា ខ្ញុំ​ក៏​ចង់ឱ្យ​ក្លិប​ចាស់​របស់ខ្ញុំ​ទទួលបាន​លទ្ធផល​ល្អ​ដែរ ។ តែ​អ្វីដែល​ខ្ញុំ​ត្រូវធ្វើ​ដំបូងបង្អស់​នៅពេលនេះ​គឺ ខិតខំ​ប្រឹង​លេង​ក្នុង​វគ្គ​ជម្រុះ​ជាមុនសិន»៕