Author: ធឿន មករា

  • ការភ័យខ្លាចនៃជំងឺកូវីត-១៩ បានក្លាយជាឱកាសសម្រាប់ជនខិលខូចយកទៅបោកបញ្ឆោតអ្នកប្រើប្រាស់តាមប្រព័ន្ធអនឡាញ

    ការភ័យខ្លាចនៃជំងឺកូវីត-១៩ បានក្លាយជាឱកាសសម្រាប់ជនខិលខូចយកទៅបោកបញ្ឆោតអ្នកប្រើប្រាស់តាមប្រព័ន្ធអនឡាញ

    ប្រហែល​ជាជាង​កន្លះ​ឆ្នាំ​ហើយ​ដែល​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីត-១៩ បាន​រីក​រាលដាល​យ៉ាងខ្លាំង​ស្ទើរតែ​ពាសពេញ​ពិភពលោក រីឯ​ជនខិលខូច​ខ្លះ​ក៏​នៅតែ​ឆ្លៀតឱកាស​ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ភាពវឹកវរ​នៃ​ជំងឺ​រាតត្បាត​មួយ​នេះ។ យោងតាម​ការផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​សន្តិសុខ​លើ​ប្រព័ន្ធ​អុ​ី​ន​ធឺ​ណិ​ត Bitdefender បានឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែថ្មីៗនេះ មាន​ការបោក​បញ្ឆោត​ដោយ​ការផ្ញើ​អុ​ី​ម៉ែ​ល​បាន​កើនឡើង​កាន់តែខ្លាំង ដើម្បី​លួច​ព័ត៌មាន​ផ្ទាល់ខ្លួន និង​លេខ​សម្ងាត់​ធនាគារ​របស់​អ្នកប្រើប្រាស់ ឬ​ដើម្បី​បញ្ចូល​មេរោគ។

    ភាគច្រើន​នៃ​ការផ្ញើ​អុ​ី​ម៉ែ​ល​ឆបោក​ទាំងនោះ ត្រូវបាន​បន្លំ​ធ្វើជា​ផ្ញើ​ចេញពី​ប្រភព​ដែល​អាច​ទុកចិត្តបាន​ដូចជា អង្គការ រដ្ឋាភិបាល ក្រសួងសុខាភិបាល មជ្ឈមណ្ឌល​សុខភាព​សាធារណៈ ឬ​ធនាគារ​ជាដើម តាមរយៈ​អុ​ី​ម៉ែ​ល ដើម្បីឱ្យ​អ្នកប្រើប្រាស់​មានការ​ជឿទុកចិត្ត។ ជា​ឧទាហរណ៍ ជនខិលខូច​បានធ្វើកា​រ​បោក​បញ្ឆោត​បន្លំ​ជា​អង្គការ​សុខភាព​ពិភពលោក (WHO) ផ្សព្វផ្សាយ​ព័ត៌មានថ្មីៗ ឬ​ជា​ធនាគារ HSBC ជូនដំណឹង​អំពី​ការដាក់បញ្ចូល​ប្រាក់ ដើម្បីឱ្យ​អ្នកប្រើប្រាស់​ទាញយក​ឯក​សារ​ដែលមាន​បង្កប់​ជាមួយ​មេរោគ។

    ទោះជា​នៅ​ប្រទេស​កម្ពុជា​យើង​មិនសូវ​ជាមាន​អ្នកប្រើប្រាស់​អុ​ី​ម៉ែ​ល ដែល​មានតែ​នៅតាម​ក្រុមហ៊ុនធំៗមួយចំនួន​នោះ​ក្តី នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆបោក​ទាំងនេះ ព្រោះ​ជនខិលខូច​អាច​ប្តូរ​យុទ្ធសាស្ត្រ​ពី​ការផ្ញើ​អុ​ី​ម៉ែ​ល ទៅជា​ការផ្ញើ​សារ​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​កំពុងមាន​ការពេញនិយម​នៅ​ប្រទេស​យើង​នោះ។ កន្លងមក​នាយកដ្ឋាន​ក៏បាន​ណែនាំ​អ្នកប្រើប្រាស់​សូមកុំ​ទាញយក​ឯកសារ​ពី​ប្រភព​ដែល​មិន​ស្គាល់​ច្បាស់ ចៀសវាង​ការឆ្លង​មេរោគ ក៏ដូចជា​បាត់បង់​ទិន្នន័យ​ផ្ទាល់ខ្លួន ហើយ​ក៏បាន​ផ្សព្វផ្សាយ​ពី​ល្បិចកល​របស់​ជនខិលខូច​ដែល​អាច​ប្រើប្រាស់​ដើម្បី​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ក្នុងសម័យ​កូ​វីត​កាលពី​ខែមីនា​ហើយ​ផងដែរ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • ក្រុមហ៊ុន Zoom បានធ្វើបច្ចុប្បន្នភាពកម្មវិធីសម្រាប់ Windows ដើម្បីការពារពីការវាយប្រហារ zero-day

    ក្រុមហ៊ុន Zoom បានធ្វើបច្ចុប្បន្នភាពកម្មវិធីសម្រាប់ Windows ដើម្បីការពារពីការវាយប្រហារ zero-day

    កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​ក្រុមហ៊ុន Zoom បានធ្វើ​បច្ចុប្បន្នភាព​កម្មវិធី Video conferencing សម្រាប់ Windows ដើម្បី​ការពារ​ពី​ការវាយប្រហារ zero-day បន្ទាប់ពី​ក្រុមហ៊ុន​សន្តិសុខ​បច្ចេកវិទ្យា ACROS បានធ្វើការ​ផ្សព្វផ្សាយ​ពី​ភាព​ចន្លោះប្រហោង​មួយចំនួន​ដែល​អាចឱ្យ​ជនអនាមិក​បើក​ដំណើរការ​កូដ នៅពេលដែល​ពួកគេ​បោក​បញ្ឆោត​អ្នកប្រើប្រាស់​ឱ្យ​បើក​ឯកសារ នៅលើ​ប្រព័ន្ធ​កុំព្យូទ័រ​ដោយ​ពុំ​ដឹងខ្លួន។ ការធ្វើ​បច្ចុប្បន្នភាព​នេះ​គឺ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 ហើយ​វា​មិនមាន​ការប៉ះពាល់​ជាមួយ Windows 8 ឬ Windows 10 នោះទេ។

    គួរ​រំឭក​ផងដែរ​ថា កាលពីពេលថ្មីៗនេះ Zoom ត្រូវបាន​រង​ការរិះគន់ ពី​អ្នកប្រើប្រាស់ និង​សមាជិកសភា​នៅ​សហរដ្ឋអាមេរិក ក្រោយពី​ការប្រកាស​ថា​ប្រព័ន្ធ encryption ពួកគេ​គឺ​សម្រាប់តែ​អតិថិជន​ដែល​បាន​បង់លុយ​ប៉ុណ្ណោះ។ ប៉ុន្តែ​ដោយសារ​មានប្រតិកម្ម​យ៉ាងខ្លាំង​ទាក់ទង​នឹង​សុវត្ថិភាព និង​ឯកជន​ភាព របស់​អ្នកប្រើប្រាស់​នោះ ទើប​ក្រុមហ៊ុន Zoom បានប្រកាស​ឡើងវិញ​ថា អ្នកប្រើប្រាស់​ទាំងអស់​នឹង​អាច​ប្រើ​មុខងារ end-to-end encryption បាន។

    ដោយសារតែ​ក្រុមហ៊ុន Zoom បាន​ព្យាយាម​ធ្វើការ​កែសម្រួល ហើយ​ដាក់ឱ្យ​ប្រើប្រាស់ភ្លាមៗ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​អ្នកប្រើប្រាស់​ដែល​កំពុង​ប្រើប្រាស់ Windows 7 ជាមួយ​កម្មវិធី Zoom គួរតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​នេះ​ឱ្យបាន​ឆាប់រហ័ស (Version 5.1.3) ដើម្បី​ចៀសវាង​ពី​ការវាយប្រហារ​ជាយថាហេតុ​ណាមួយ​នោះ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • សមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈស្នើក្រសួងការងារសុំបើកគ្រឹះស្ថានបណ្តុះបណ្តុះបណ្តាលឡើងវិញ

    សមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈស្នើក្រសួងការងារសុំបើកគ្រឹះស្ថានបណ្តុះបណ្តុះបណ្តាលឡើងវិញ

    គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាល់ទាត់​ថៃ ដែលជា​អ្នកកាន់កាប់​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​កំពូល​ថៃ​ទាំងអស់ (Thai League) បានប្រកាស​ពី​គម្រោង​ដាក់ឱ្យ​គ្រប់​ក្លិប និង​ប្រព័ន្ធ​ផ្សព្វផ្សាយ (អ្នកសារព័ត៌មាន) ទាំងអស់​ត្រូវធ្វើ​តេស្តរ​ក​មេរោគ​កូ​វីដ-19 រៀងរាល់​ការប្រកួត និង​ចេញថ្លៃ​ធ្វើតេស្ត​ដោយ​ខ្លួនឯង។

    មកទល់នឹង​ពេលនេះ ថៃ​បានដាក់​ផែនការ​ចាប់ផ្តើម​ប្រកួត​ឡើងវិញ​នៅ​ខែកញ្ញា​ខាងមុខនេះ ប្រសិនបើ​មានការ​ធូរស្បើយ​មែនទែន។ ជុំវិញ​រឿង​ការ​ត្រឡប់មកវិញ​នៃ​ក្របខ័ណ្ឌ​លី​ក​កំពូល​ថៃ​នេះដែរ សហព័ន្ធ​កីឡាបាល់ទាត់​ថៃ បានទទួល​ការណែនាំ​ពី​គណៈកម្មការ​គ្រប់គ្រង​ជំងឺ​កូ​វីដ-19 ថៃ ដោយ​តម្រូវឱ្យ​កីឡាករ​ត្រូវ​ពិនិត្យ​រក​ជំងឺ​នេះ ៣ថ្ងៃមុន​ការប្រកួតនីមួយៗ ពោលគឺ​រៀងរាល់​សប្តាហ៍​ទៅលើ​កីឡាករ និង​អ្នក​ដែល​នឹង​ត្រូវមាន​វត្តមាន​គ្រប់រូប​នៅ​កី​ឡ​ដ្ខា​ន។

    ការពិនិត្យ​នេះ​ផងដែរ សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​ក៏បាន​ប្រកាស​ផងដែរ​ថា វា​មិនមែនជា​បន្ទុក​ចំណាយ​របស់​សហព័ន្ធ​ឡើយ វា​គឺជា​ការចំណាយ​ផ្ទាល់ខ្លួន​របស់​បុគ្គលនីមួយៗ ដែល​នៅក្នុង​ការពិនិត្យ​ម្តង មានតម្លៃ​ប្រហែល 30ដុល្លារ៕

  • កសិដ្ឋានចិញ្ចឹមគោយកទឹកដោះទំនើបបំផុតនៅកម្ពុជា ចាប់ផ្ដើមផលិតកម្មរបស់ខ្លួន ទោះបីជាប្រឈមបញ្ហា កូវីដ-១៩ ក៏ដោយ

    កសិដ្ឋានចិញ្ចឹមគោយកទឹកដោះទំនើបបំផុតនៅកម្ពុជា ចាប់ផ្ដើមផលិតកម្មរបស់ខ្លួន ទោះបីជាប្រឈមបញ្ហា កូវីដ-១៩ ក៏ដោយ

    ភ្នំពេញ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ – ទោះបីជា​អាជីវកម្ម និង​វិនិយោគ​នៅ​កម្ពុជា​ខ្លះ​ប្រឈម​នឹង​បញ្ហា​វីរុស        កូ​វីដ-១៩ក៏ដោយ ក៏​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន​នៅតែ​បន្ត​ចំណាយ​ពេលវេលា និង​ធនធាន​របស់ខ្លួន​ទៅលើ​គម្រោង​អាជីវកម្ម​ដែល​ខ្លួន​បាន​គ្រោងទុក​មុនពេល​មានការ​ផ្ទុះឡើង​នៃ​វីរុស​នេះ។

    ដូចជា គម្រោង​អាជីវកម្ម​របស់​កសិដ្ឋាន​គិរី​សួគ៌ (Kirisu Farm) ដែលជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ និង​ជា​រោងចក្រ​កែច្នៃ​ទឹកដោះគោ​ដែល​ប្រើ​បច្ចេកវិទ្យា​ទំនើប​ថ្មី​ចុងក្រោយ​គេ​បង្អស់ ក្នុង​ខេត្តតាកែវ ដែល​បាន​ឆ្លងកាត់​ការអភិវឌ្ឍន៍ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។ កសិដ្ឋាន​មាន​ផែនការ​ព​ន្លឿ​ន​សកម្មភាព​ផលិត​នា​ដើមឆ្នាំ ២០២០ ក្នុង​គោលដៅ​ផ្គត់ផ្គង់​ទឹកដោះគោ​សុទ្ធ​បំផុត​ពី​ធម្មជាតិ សម្រាប់​ពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​នៅ​ចុង​ឆ្នាំនេះ។

    ឈរ​នៅក្បែរ​សត្វ​គោ​ញី​ផើម ប្រភេទ Holstein heifers ចំនួន ៥៥០ ក្បាល ដែល​បាន​នាំចូល​ពី​ប្រទេស​អូស្ត្រាលី កាលពី​ខែ កុម្ភៈ មិនា និង មេសា​កន្លងមក លោក ឈរ រិទ្ធី  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និង ជា​ប្រតិបត្តិ​ករ​កសិដ្ឋាន​នេះ​បាន​ពន្យល់ថា៖

    «យើង​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បាន​នាំចូល​សត្វ​គោ​លំដាប់​ពិភពលោក ប្រភេទ Holstein heifers ចំនួន៥៥០ ក្បាល មក​កម្ពុជា​ពី​អូស្ត្រាលី។ បើ​គិត​មកដល់ពេលនេះ គោ​ដែល​យើង​បាន​នាំចូល បា​នប​ន្សុំ​ា​ខ្លួន​បាន​យ៉ាង​ល្អ​ទៅ នឹង​បរិយាកាស​ថ្មី ហើយ​មាន​សុខភាព​ល្អ នៅក្នុង​កសិដ្ឋាន​របស់​យើង​ដែល​បាន​សាងសង់ តាម​បច្ចេកវិទ្យា​ទំនើប»

    លោក រិទ្ធី  បាន​បន្ថែមទៀតថា ៖ “យើង​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​យើង​ក្នុងការ​នាំចូល​សត្វ​គោ​ទាំងអស់​ចូលមក​កម្ពុជា។ ដោយសារ​បញ្ហា​កូ​វីដ-១៩ យើង​បាន​ជួបប្រទះ​ភាពស្មុគស្មាញ​មួយចំនួន នៅពេលដែល​ក្រុម​អ្នកជំនាញ​ផ្នែក​ដាំ​ដុះ និង​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​អន្តរជាតិកំពូលៗចូលមក​ប្រទេស​កម្ពុជា។ យើង​ក៏​សូម​អរគុណ​ដល់ រាជរដ្ឋាភិបាល ដែល​បាន​សម្រួល​ការផ្ដល់​ទិដ្ឋាការ​ដល់​ក្រុមការងារ​អន្តរជាតិ​របស់​យើង។  យើង​សប្បាយចិត្ត​ណាស់ ដែល​ការងារ​របស់​យើង នៅតែ​សម្រេចបាន​តាម​ផែនការ ហើយ​ពិត​ជាមាន​មោទនភាព ដែល​យើង​អាច​សម្រេច​ការងារ​ស្ទើរតែ​ទាំងស្រុង ទៅតាម​ផែនការ​ដែល​យើង​បាន​គ្រោងទុក​មុនពេល​មាន​កូ​វីដ-១”

    កសិដ្ឋាន​ទំហំ ៣០០ ហិច​តា​នេះ មាន​ទីតាំង​ស្ថិតនៅ​ជ្រលង​ភ្នំ​តា​ម៉ៅ នៅ​ខេត្តតាកែវ ចម្ងាយ​ជាង ៣០ គីឡូម៉ែត្រ ពី​ភាគខាងត្បូង រាជធានី​ភ្នំពេញ។

    កសិដ្ឋាន​នេះ មាន​ខ្យល់អាកាស​បរិសុទ្ធ ដី​សំបូរ​ជីវជាតិ និង​ភាពស្ងប់ស្ងាត់​ល្អ   ដែល​អំណោយផល​ដល់​ការចិញ្ចឹម​គោ​ដែល​បាន​នាំចូល​ថ្មី​ទាំងអស់នោះ។ គោ​ទាំងនេះ​ស៊ី ពោត សណ្ដែក   និង​ស្មៅ​ប្រភេទផ្សេងៗ          ដូចជា​ស្តៃ​ឡូ (Stylo) មូ​ម​បា​សា (Mombasa) ដែល​ដាំ និង​កែច្នៃ​ដោយ​កសិដ្ឋាន​ផ្ទាល់​តែម្តង។

    ក្រុមហ៊ុន Khmer Fresh Milk បានក​កើតចេញពី​ការចាប់​ដៃគូ​រវាង Cambodia-Laos-Myanmar Development Fund II ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី តំណាង​ដោយ​ក្រុមហ៊ុន Emerging Markets Investment Advisers (EMIA), មូលនិធិ Nexasia របស់​ជប៉ុន ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី និង ក្រុម​ស្ថាបនិក​ដែល​ទទួលបាន​ជោគជ័យ​ខ្ពស់ រួមមាន សហគ្រិន​កម្ពុជា និង​សហគ្រិន​មកពី​ប្រទេស​អ៊ីស្រាអែល។

    ដៃគូ​ផ្នែក​បច្ចេកវិទ្យា​គឺ​ក្រុមហ៊ុន  Afimilk របស់​ប្រទេស​អ៊ីស្រាអែល។ Afimilk ជា​ក្រុមហ៊ុន មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធំ​បំផុត​ខាង​បច្ចេកវិទ្យា និង​គ្រប់គ្រង​កសិដ្ឋាន​គោ​ទឹកដោះ នៅលើ​ពិភពលោក។

    ក្រុមហ៊ុន Afimilk បានទទួល​ជោគជ័យ​ជាច្រើន​មកហើយ ក្នុងការ​បង្កើត និង​គ្រប់គ្រង​គម្រោង​អាជីវកម្ម​ស្រដៀង គ្នា​នេះ​នៅ​ទូទាំង​ពិភពលោក  ក៏ដូចជា​គម្រោង​នៅ​ប្រទេស វៀតណាម បង់​ក្លា​ដែ​ស និង ចិន។

    ក្រុមហ៊ុន​នេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត និង​គោលការណ៍​ការពារ​បរិ​ស្ថាន ដើម្បី​ធានាថា              កសិដ្ឋាន​របស់ខ្លួន ដំណើរការ​ប្រកបដោយ​ចីរភាព និង​ផលិតផល​ទឹកដោះគោ​របស់ខ្លួន ត្រូវបាន​ផលិតឡើង​ស្របទៅតាម​ស្តង់ដារ​អន្តរជាតិ​ខ្ពស់បំផុត ដើម្បី​ធានា​ទាំង​អនាម័យ និង​គុណភាព​ផលិតផល។

    លោក ជី សិលា ដៃគូ​សហ​ស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk បាន​ឲ្យ​ដឹងថា ទោះបី​មានការ​ព្រួយបារម្ភ អំពី​ផលប៉ះពាល់ នៃ​វីរ​សុ​កូ​វីដ-១៩ ទៅលើ​សុខភាព និង​វិបុលភាព​នៅ​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​ក្រុមការងារ​កសិដ្ឋាន​នេះ មិនដែល​គិត​ចង់​ពន្យារពេល​បើក​ដំណើរ​គម្រោង​អាជីវកម្ម​នេះឡើយ សូម្បី​តែម្ដង ហើយ ការបង្កើត​ស្តង់ដារ​ថ្មី​សម្រាប់​កសិកម្ម និង​ផ្ដល់​អាហារូបត្ថម្ភ​កាន់តែ​ល្អ នៅ​កម្ពុជា។

    លោក សិលា បាន​មានប្រសាសន៍ថា ៖  «កសិដ្ឋាន​គិរី​សួគ៌ (Kirisu Farm) មាន​ចក្ខុវិស័យ​យូរអង្វែង ក្នុង​ការនាំយក​ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ បច្ចេកទេស​កសិកម្ម និង​ការកែច្នៃ​ចំណីអាហារ​លំដាប់​ពិភពលោក មកកាន់​កម្ពុជា ហើយ​យើង​មិន​គិត​អំពី​ផលចំណេញ​មួយភ្លែតៗនោះទេ។ យើង​បាន​នាំយក​បច្ចេកវិទ្យាទំនើបៗ  ហើយ​យើង​កំពុងធ្វើការ​ជាមួយ​អ្នកជំនាញ​កសិកម្ម​ជនជាតិ​អ៊ីស្រាអែល  លើ​ផ្នែក​ចិញ្ចឹម​គោ​យក​ទឹកដោះ និង​ផ្នែក​ដាំ​ដុះល្បីៗនៅលើ​ពិភពលោក  ដើម្បី​ជួយ​ពួកយើង​លើ​ការដាំដុះ របៀប​មើលថែរក្សា​សុខភាព​គោ  និង​កែច្នៃ​ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ ១០០ ភាគរយ ពី​កសិដ្ឋាន​គិរី​សួគ៌ (Kirisu Farm)  ឲ្យ​មាន​គុណភាព ខ្ពស់​តាម​ស្ដង់ដារ​អន្តរជាតិ​នេះ»

    បុគ្គលិក​ភាគច្រើន​របស់​កសិដ្ឋាន​នេះ គឺជា​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផ្ទាល់​តែម្ដង ហើយ​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា​ខ្លួន​នឹង​ចែកចាយ​ទឹកដោះគោ​សុទ្ធ​ដោយ​ឥតគិតថ្លៃ​ពី​កសិដ្ឋាន​នេះ​ជូន​ដល់​ក្រុមគ្រួសារ និង​មន្ត្រីរាជការ​ក្នុង​មូលដ្ឋាន ដើម្បី​ចូលរួម​ជា​ជំនួយ​ពី​ផលប៉ះពាល់​នៃ​វិបត្តិ កូ​វីដ-១៩ និង​ដើម្បី​ជាការ​តបស្នង​សងគុណ​ចំពោះ​ប្រជាពលរដ្ឋ​មូលដ្ឋាន ដែល​បាន​គាំទ្រ​ដល់​កសិដ្ឋាន​នេះ។

    លោក ជី សិលា  បាន​និយាយថា៖ “សម្រាប់​ខ្ញុំ​នេះ​គឺជា​សុភមង្គល និង​ជា​ក្ដី​ស​ង្ឈឹ​ម​មួយ ហើយ​ខ្ញុំ​ពិតជា​ចង់ឃើញ ស្នាមញញឹម​របស់ក្មេងៗ នៅពេលដែល ពួកគេ​ភ្លក្ស​រសជាតិ​ទឹកដោះគោ​សុទ្ធ​ជា​លើកដំបូង។ ទឹកដោះគោ​នេះ​មាន​រសជាតិ​ខុសពី​ទឹកដោះគោ​ដែលមាន​លក់​នៅ​ស្រុក​ខ្មែរ​យើង​កន្លងមក”

    លោក សិលា បាន​និយាយថា៖ “យើង​អោយ​គោ​ទាំងនេះ​ស៊ី​ចំណីអាហារ​ដែលជា​គ្រាប់​ធញ្ញជាតិ​ដែល​ដាំ​ក្នុងស្រុក ដើម្បី​បំប៉នបន្ថែម ទៅលើ​ចំណី ដែល​ដាំ​នៅក្នុង​កសិដ្ឋាន​ផ្ទាល់ ហើយ​ទឹកដោះគោ​នៅទីនេះ ត្រូវបាន​កែច្នៃ​នៅឯ​រោងចក្រ​ដ៏​ទំនើប​របស់​យើង។ ដូច្នេះ​យើង​អាច​ផលិត​បាន​នូវ​ទឹកដោះគោ​សុទ្ធ​បំផុត​ដែល​ប្រជាជន​កម្ពុជា​មិន​ធ្លាប់ បាន​ភ្លក្ស​ពីមុនមក ហើយ​យក​វា​ទៅ​លក់​នៅ​ភ្នំពេញ និង​នៅ​ទូទាំងប្រទេស​តែម្ដង ដោយ​ចំណាយពេល​ត្រឹមតែ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ”

    ផលិតផល​ពី​កសិដ្ឋាន​គិរី​សួគ៌ (Kirisu) នឹង​គ្រោង​ដាក់លក់​ទឹកដោះ​សុទ្ធ​ធម្មជាតិ និង​យ៉ា​អួរ​ស្រស់​របស់ខ្លួន នៅតាម​ផ្សារ​ទំនើប មី​នី​ម៉ា​ត ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​នានា នាពេល​ខ្លី​ខាងមុខនេះ។

  • វិធីកែសម្រួលបន្ទប់គេងរបស់កូនឱ្យស្អាត និងអស់ប្រាក់តិច

    វិធីកែសម្រួលបន្ទប់គេងរបស់កូនឱ្យស្អាត និងអស់ប្រាក់តិច

    វិធីកែសម្រួលបន្ទប់គេងរបស់កូន ប្តូរបន្ទប់គេងចាស់ៗរបស់កូនឱ្យក្លាយជាបន្ទប់ថ្មីដ៏គួរឱ្យចង់នៅ ដោយប្រើថវិកាតិចបំផុត ដូច្នេះយើងនាំគ្នាមកមើលថា តើវិធីទាំងនោះមានអ្វីខ្លះដូចខាងក្រោម។

    1 . កែសម្រួលម៉ូដបន្ទប់ឱ្យមើលទៅសប្បាយរីករាយ បន្ទប់គេងរបស់ក្មេងដែលយើងឃើញច្រើនតែលាបដោយពណ៌ស ពណ៌គ្រីម និងពណ៌លឿងជាដើម តែយើងអាចប្រើពណ៌រាងចាស់ដឹតៗឡើងបន្តិចបាន តែកុំភ្លេចប្រើពណ៌ណាដែលធ្វើឱ្យមើលទៅស្រស់ស្រាយសមនឹងវ័យរបស់កុមារផង និងកុំភ្លេចយកស្ទិកឃើរ៍រូបសត្វផ្សេងៗមកបិទតុបតែងដើម្បីបង្កើនចំណេះដឹងដល់កូនផង។

    2 . គ្រឿងសង្ហារិមដែលប្រើមកយូរហើយ ច្រើនតែមានការខូចខាត បាក់បែក សឹករេចរឹល ស្លកពណ៌ទៅតាមពេលវេលា លែងស្អាតដូចកាលពីនៅថ្មីៗហើយ តែកុំបោះវាចោលអី ព្រោះយើងអាចយកវាមកជួសជុលកែកុនលាបពណ៌ជាថ្មី និងគួរជ្រើសរើសប្រើពណ៌ដែលភ្លឺស្អាត និងមានសុវត្ថិភាពសម្រាប់ក្មេង។

    3 . ធ្វើជញ្ជាំងបន្ទប់ឱ្យក្លាយជាក្តារខៀន យើងអាចកែច្នៃក្តារបន្ទះ ឬក្តារវ៉ាយបតចាស់ៗដែលលែងប្រើហើយ យកមកបំពាក់លើជញ្ជាំងក្នុងបន្ទប់គេងរបស់កូន រៀបចំតុប​តែងឱ្យស្រស់ស្អាត ដើម្បីឱ្យកូនបានសរសេរ គូសវាស តាមចិត្តចង់ និងងាយស្រួលក្នុងការលប់ចេញវិញទៀតផង។

    4 . គ្រឿងសង្ហារិមម៉ាល់ធីហ្វាំងស្សឹន វត្ថុដែលសំខាន់ក្នុងបន្ទប់គេងរបស់កូននោះគឺ គ្រឿងសង្ហារិម យើងគួរជ្រើសរើសប្រើគ្រឿងសង្ហារិមណាដែលអាចប្រើការបានច្រើនយ៉ាង ទាំងអស់នេះគឺជាការសន្សំសំចៃទីកន្លែង និងសន្សំសំចៃថវិកាទៀតផង តែកុំភ្លេចថា គួរទិញរបស់ណាដែលស័ក្តិសមនឹងវ័យរបស់កូនផង។

    សម្រាប់លោកឪពុកអ្នកម្តាយដែលមិនសូវមានថវិកាក្នុងការរៀបចំបន្ទប់របស់កូនឱ្យស្អាតឡើងវិញនោះ គួរតែប្រើវិធីដូចខាងលើ តែក៏គួរកុំភ្លេចថា ភាពស្អាតមានអនាម័យ និងសុវត្ថិភាពរបស់កូនគឺជារឿងសំខាន់បំផុត៕

  • រដ្ឋាភិបាលកំណត់ថ្ងៃឈប់សម្រាកច្បាស់ហើយសម្រាប់សងបុណ្យចូលឆ្នាំថ្មី

    រដ្ឋាភិបាលកំណត់ថ្ងៃឈប់សម្រាកច្បាស់ហើយសម្រាប់សងបុណ្យចូលឆ្នាំថ្មី

    ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 រដ្ឋាភិបាល​កម្ពុជ​បានសម្រេច​ផ្អាក​មិនឱ្យ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ដោយ​ឱ្យ​បុគ្គលិក​ទាំង​រដ្ឋ និង​ឯកជន​ធ្វើការ​ជាធម្មតា រង់ចាំ​ស្ថានភាព​ធូរស្រាល​ទើប​សង​វិញ​ចំនួន 5ថ្ងៃ។

    រហូតមកដល់​ពេលនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជា​ផ្លូវការ​ហើយ​ថា​យើង​កំណត់​ថ្ងៃ​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ ចំនួន5ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី17 ខែសីហា រហូតដល់​ថ្ងៃទី21 ខែសីហា ឆ្នាំ2020។ តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ រដ្ឋាភិបាល​បានស្នើ​ឱ្យ​ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អាជ្ញាធរ​ដែនដី ព្រមទាំង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធសំខាន់ៗ សហការ និង​ពង្រឹង​ការអនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព វិធានការ​សុខាភិបាល និង​អនាម័យ ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ប្រជាជន ក៏ដូចជា ម្ចាស់​អាជីវកម្ម ដោយ​តម្រូវឱ្យ​អនុវត្ត​ដាច់ខាត​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​ដើម្បី​កាត់បន្ថយ​ហានិភ័យ នៃ​ការឆ្លង​រាល​ល​ជំងឺ​ Covid-19 នៅក្នុង​អំឡុងពេល​នៃ​ថ្ងៃ​ឈប់សម្រាក។

    សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការជ្រើសរើស​ពេលវេលា​ឈប់សម្រាក នៅ​ចុងខែ​ក្រោយ​បែបនេះ គឺ​ទុក​ពេលវេលា​ឱ្យ​ក្រសួងសុខាភិបាល និង​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់​ជាដើម រៀបចំ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​សុខាភិបាល​ទុកជាមុន៕

  • សមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈស្នើក្រសួងការងារសុំបើកគ្រឹះស្ថានបណ្តុះបណ្តុះបណ្តាលឡើងវិញ

    សមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈស្នើក្រសួងការងារសុំបើកគ្រឹះស្ថានបណ្តុះបណ្តុះបណ្តាលឡើងវិញ

    ក្រោយពេល​រីក​រាលដាល​នៃ​ជំងឺ Covid-19 គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវបាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ តែ​ទន្ទឹមនឹង​យើង​អាច​ទប់ស្កាត់​បញ្ហា​ដែល​កើតឡើង​ដោយសារតែ​ជំងឺ វា​ក៏បានផ្តល់​ផលប៉ះពាល់​ផងដែរ​ដល់​គ្រឹះស្ថាន​បណ្តុះបណ្តាល​នានា​ដែល​ផ្អាក​ដំណើរការ​នេះ។

    ឯកឧត្តម ណុប នរិន្ទ ប្រធាន​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​បច្ចេកទេស និង​វិជ្ជាជីវៈ​កាលពីពេលថ្មីៗនេះ​បាន​ស្នើសុំ​ទៅ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​ចំពោះ​វិទ្យាស្ថាន​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង និង​ស្នើសុំ​ជ្រើសរើស​និស្សិត​ឱ្យចូល​រៀន​វិញ​ដោយ​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​ការងារ។ ឯកឧត្តម​ថា ការស្នើសុំ​នេះ​ធ្វើឡើង​ដោយសារតែ​សមាជិក​នៃ​សមាគម​កំពុង​ជួប​នូវ​បញ្ហា​ថ្លៃ​ជួល​អគារសិក្សា ក៏ដូចជា​ចំណាយផ្សេងៗក្នុង​កិច្ចដំណើរការ​របស់​វិទ្យាស្ថាន ជាពិសេស​ការផ្តល់សេវា​នានា​របស់ខ្លួន​ក្នុងដំណាក់កាល​នៃ​វិបត្តិ​ជាស​កល​នេះ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ចា​ក់ថា រាល់​សំណើរ​របស់​សមាជិក​នៃ​សមាគម​ឯកឧត្តម​ទទួលយក និង​ដាក់​ស្នើ​បន្ត​ទៅសុំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល តែ​ប្រសិនបើ​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ហើយ គឺ​ត្រូវតែ​ធានា​ឱ្យបាន​នូវ​លក្ខខណ្ឌ​អនាម័យ​ខ្ពស់ ហើយ​បង្កើតឱ្យមាន​ក្រុមការងារ​ចុះ​អង្កេត​គ្រប់​សាលា​ទាំង​រដ្ឋ និង​ឯកជន។ បើ​រកឃើញថា​មិនបាន​អនុវត្តតាម​គោលការណ៍​ណែនាំ​បានល្អ​ទេ នឹងត្រូវ​ផ្ទា​ក​វិញ​ជាបន្ទាន់៕

  • អ្នកជំនាញថា សាលាទាំងអស់គួរតែបើកឡើងវិញពេលចូលឆ្នាំសិក្សាថ្មី

    អ្នកជំនាញថា សាលាទាំងអស់គួរតែបើកឡើងវិញពេលចូលឆ្នាំសិក្សាថ្មី

    បច្ចុប្បន្ននេះ ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 បានធ្វើឱ្យ​សិស្សានុសិស្ស​ជាច្រើន​ត្រូវ​រង​ផលប៉ះពាល់​ដោយសារតែ​ការបិទ​សាលារៀន ហើយ​ត្រូវ​សិក្សា​តាមរយៈ​បច្ចេកវិទ្យា​នៅ​ទូទាំងប្រទេស។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកជំនាញ​សេដ្ឋកិច្ច បណ្ឌិត ចាន់ សុផល បាន​លើកឡើងថា ហានិភ័យ​នៃ​ការឆ្លង​មេរោគ​ Covid នៅតាម​សាលារៀន មាន​មែនហើយ ក៏ប៉ុន្តែ​ការបង់​ខាត​ដោយ​សង្គម​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត ដោយសារ​ការបិទ​សាលារៀន​យូរ ទំនង​ជាមាន​ទំហំ​ធំ​ដែល​ពិបាក​វាស់​បាន។ សិស្សានុសិស្ស​រាប់លាន​នាក់ អាច​ត្រូវបាន​ប្តូរ​ឥរិយាបថ​ទៅជា​មិនល្អ ដោយសារ​ទម្លាប់​លេង​ហ្គេម​ជ្រុល សម្រាប់​អ្នកមាន​កុំព្យូទ័រ​ឬ​ស្មា​ត​ហ្វូ​ន និង​ទម្លាប់​ដើរលេង​ជ្រុល​សម្រាប់​អ្នក​គ្មាន​ឧបករណ៍​ទាំងនេះ ជាពិសេស​អ្នកក្រ។

    ប្រសិនបើ​មាន​មេរោគ​ Covid នៅក្នុង​សហគមន៍ ហានិភ័យ​ចម្លង​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ឃុំ​មួយ​មួយ​ទៅ​ឃុំ​មួយ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ លោក​យល់ថា​អាចមាន​អត្រា​ឆ្លង​ខ្ពស់​នៅតាម​ការធ្វើដំណើរ​រប​ស់កម្មករ និង​អ្នក​ចរាចរណ៍​តាម​មធ្យោបាយ​សាធារណៈផ្សេង។ រថយន្ត​មួយ អាច​ប្រមូល​កម្មករ​រោងចក្រ​ពី​ច្រើន​ភូមិ ជិះ​ប្រជ្រៀត​គ្នា ក្នុង​មួយ​ឡាន​អាច​ដល់50នាក់ ហើយ​ចូលទៅ​ធ្វើការ​នៅក្នុង​រោងចក្រ​មួយ​ឬ​ច្រើន ដែលមាន​មនុស្ស​រាប់ពាន់​នាក់មក​ពី​រាប់សិប​ភូមិផ្សេងៗគ្នា។

    នៅ​សាលារៀន​បឋមសិក្សា​តាម​ជនបទ​ភាគច្រើន មាន​សិស្ស​មកពី​ឃុំ​តែមួយ។ សាលារៀន​មធ្យមសិក្សា អាចមាន​សិស្ស​មកពី​ស្រុក​តែមួយ​ប៉ុណ្ណោះ ដែល​អាច​ត្រូវបាន​គ្រប់គ្រង ប្រសិន​ដឹងថា​មាន​ឆ្លង​មេរោគ។ ក្រៅពីនេះ សាលារៀន​ក៏​អា​ចរក​វិធី​គ្រប់គ្រង​ហានិភ័យ ដូចជា​តាមរយ:ការបើក​ឱ្យ​រៀន​នៅ​ថ្ងៃ​ឆ្លាស់គ្នា​ដើម្បី​បន្ថយ​ចំនួន​សិស្ស​នៅក្នុង​ថ្ងៃ​តែមួយ រួមទាំង​ការ​ស្ទង់កំដៅ និង​ការ​មាន​អាល់កុល​លាងដៃ​ជាដើម។

    លោក​បញ្ជាក់ថា ប្រសិនបើ​រកឃើញថា​សាលារៀន​ជា​កន្លែង​ចម្លង​មេរោគ​ Covid ពិតប្រាកដ​នៅក្រោយពេល​បើក​វិញ​មែន​នោះ រដ្ឋាភិបាល​នឹង​បិទ​វិញ។ វា​ទំនងជា​មិន​បង្ក​អន្តរាយ​នោះទេ ដោយហេតុថា​នៅ​ប្រទេស​កម្ពុជា អត្រា​ជាសះស្បើយ​ពី​ជំងឺ​ Covid មាន​ដល់​ទៅ100%។ ម្យ៉ាងវិញទៀត ការមិន​តិ​ទ​រោងចក្រ ការដឹក​កម្មករ​ចង្អៀត​គ្នា​តាម​ឡាន ការបើក​ផ្សារ​និង​ទីកន្លែង​ប្រជុំជនផ្សេងៗ ប៉ុន្តែ​បិទ​សាលារៀន អាច​ស្រដៀង​គ្នា​នឹង​ការលាង​សំអាត​ដៃ​តែមួយ​ខាង។ ប្រសិនបើ​មាន​មេរោគ វា​នឹង​ឆ្លង​ដូច​តែ​គ្នា។

    បណ្ឌិត ចាន់ សុផល បង្ហាញ​ការ​ជឿជាក់ថា រដ្ឋាភិបាល​ប្រាកដជា​ដឹង​វិធីងាយៗទាំងនេះ និង ការបង់​ខាត​ដល់​សង្គម​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ដោយសារ​ការកើត​ទម្លាប់​មិនល្អ​របស់​សិស្សានុសិស្ស​រា​ប់​លាន​នាក់​នៅក្រៅ​សាលា​ច្រើន​ខែ។ លោក​ក៏​បញ្ជាក់​ផងដែរ​ថា ៖«ខ្ញុំ​ពិតជា​មិនដឹង​អំពី​ជម្រៅ​នៃ​ការវិភាគ​និង​ការថ្លឹងថ្លែង​របស់​អ្នកសម្រេច​គោលនយោបាយ​នោះទេ។ ទាំងនេះ​គ្រាន់តែ​ជា​មតិ​របស់ខ្ញុំ​ប៉ុណ្ណោះ»៕

  • OPPO គ្រោងនឹងបញ្ចេញសាច់ដុំ ពីបច្ចេកវិទ្យាល្បឿនសាកថ្មខ្លាំងបំផុត 125W

    OPPO គ្រោងនឹងបញ្ចេញសាច់ដុំ ពីបច្ចេកវិទ្យាល្បឿនសាកថ្មខ្លាំងបំផុត 125W

    បច្ចេកវិទ្យា​សាក​ថ្ម​ស្មា​ត​ហ្វូ​ន​មាន​ល្បឿន​លឿន ដែលមាន​ការវិវឌ្ឍ​កាន់តែ​លឿនទៅៗ ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ គេ​សង្កេតឃើញ ក្រុមហ៊ុន OPPO ត្រូវបាន​គេ​ដឹងថា ជា​អ្នក​នាំមុខគេ ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម 65W SuperVOOC 2.0 ជាពិសេស​ឃើញ​បង្ហាញមុខ​លើ​ស៊េរី OPPO Find X2។

    បច្ចុប្បន្ននេះ​ល្បឿន​សាក​ថ្ម​ខ្លាំង​បំផុត គឺមាន​ត្រឹម 65W ប៉ុន្តែ​ក្រុមហ៊ុន​កំពុង​ត្រៀម​បង្ហាញ​ចេញ​បច្ចេកវិទ្យា​ថ្មី​នៅ​ថ្ងៃទី15 ខែកក្កដា ដែលមាន​កម្លាំង​សាក​ដល់ 125W។

    OPPO នឹង​បង្ហាញ​ចេញ​បច្ចេកវិទ្យា​នេះ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ(ទី15កក្កដា) ហើយ​អាច​នឹង​បង្កើត​ស្ថានីយ​សាកល្បង​មួយ​សម្រាប់​សមាជិក​អ្នកកាសែត​នៅ​ប្រទេស​ចិន អាច​សាកល្បង​បច្ចេកវិទ្យា​ថ្មី​នេះ​ផងដែរ។

    គួរ​រំឭក​ផងដែរ​ថា កាលពី​ខែមិថុនា ឆ្នាំ2018 ក្រុមហ៊ុន​បានបង្ហាញ​ចេញ​មុនគេ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 50W SuperVOOC ពេល​ប្រកាស​ចេញ OPPO Find X។ និយាយ​ឱ្យ​ខ្លី ខាង​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​របស់ OPPO តែងតែ​ជា​ក្រុមហ៊ុន​នាំមុខគេ​តែមួយគត់៕

  • Galaxy Note 20 ជិតប្រកាសចេញហើយ តែរឿងតម្លៃ ព័ត៌មានពីកូរ៉េបានបង្ហើបឱ្យដឹងរួចជាមុនហើយ

    Galaxy Note 20 ជិតប្រកាសចេញហើយ តែរឿងតម្លៃ ព័ត៌មានពីកូរ៉េបានបង្ហើបឱ្យដឹងរួចជាមុនហើយ

    នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាងមុខនេះ ក្រុមហ៊ុន​នឹងធ្វើ​ការប្រកាស​បង្ហាញ​ចេញ​ស្មា​ត​ហ្វូ​ន​កម្លាំង​ខ្លាំង​បំផុត ក្នុង​ស៊េរី Galaxy គឺ Note 20 ដែល​ឆ្នាំនេះ តម្លៃ​របស់ Galaxy Note ជំនាន់​ថ្មី នឹងមាន​ការចុះ​ថ្លៃ​បន្តិចបន្តួច។

    សារព័ត៌មាន​កូរ៉េ Naver បានឱ្យដឹងថា Note20 និង Note20+ នឹងមាន​តម្លៃ​ធូរ​ជាង​មុន​ប្រមាណ 5ម៉ឺន​វ៉ុ​ន ដែល​ស្មើនឹង​ប្រមាណ 40ដុល្លារ​អាមេរិក។ តម្លៃ​នេះ​បើ​ធៀប​នឹង​ពេលមុន​ប្រកាស​ចេញ កាលពី​ឆ្នាំមុន Samsung បាន​បញ្ចេញ​លក់ Galaxy Note10 ក្នុងតម្លៃ 1.25លាន​វ៉ុ​ន និង Note10+ តម្លៃ 1.5លាន​វ៉ុ​ន នៅក្នុង​ទីផ្សារ​កូរ៉េខាងត្បូង។

    ដោយឡែក ទីផ្សារ​ពេលចេញ​លក់​នៅ​អាមេរិក Galaxy Note10 មានតម្លៃ 950ដុល្លារ និង Note10+ មានតម្លៃ 1,100ដុល្លារ។

    បើទោះជា​យ៉ាងនេះ​ក៏ដោយ ប្រភព​មិនបាន​បញ្ជាក់ថា ការចុះ​ថ្លៃ​នេះ នឹងមាន​នៅលើ​ទីផ្សារ​ប្រទេសផ្សេងៗ អ៊ីចឹង​ដែរ​ឬ​យ៉ាងណា​នោះទេ។

    Samsung បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​ដែល​បញ្ជាក់​អំពី​កាលបរិច្ឆេទ​ប្រារព្ធ​នូវ​កម្មវិធី Galaxy Unpacked ដោយ​នឹង​ធ្វើឡើង​នា​ថ្ងៃទី5 ខែសីហា​ខាងមុខ ដែលមាន​ការផ្សាយ​បន្ត​ផ្ទាល់​លើ​គណនី YouTube ផ្លូវការ​របស់ Samsung និង​លើ​វេ​ប​សាយ​របស់​ក្រុមហ៊ុន​ផងដែរ៕

     

    សូម​ទស្សនា​វីដេអូ TVC ខាងក្រោម៖