Author: ធឿន មករា

  • កម្ពុជា ចាប់ផ្តើមហ្វឹកហាត់ ខណៈដែល អ៊ូបេគីស្ថាន ប្រកាសបិទប្រទេស

    កម្ពុជា ចាប់ផ្តើមហ្វឹកហាត់ ខណៈដែល អ៊ូបេគីស្ថាន ប្រកាសបិទប្រទេស

    ការប្រកួត​ដណ្ដើម​ពានរង្វាន់ ជើងឯក​យុវជន​អាយុ​ក្រោម 19ឆ្នាំ (AFC U-19 Championship) ទំនងជា​អាច​នឹងមិន​ធ្វើទៅ​បានឡើយ​នៅ​ឆ្នាំ2020 នេះ បន្ទាប់ពី​ប្រទេស​ដែល​ត្រូវ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ គឺ​អ៊ូ​បេ​គី​ស្ថាន បានប្រកាស​បិទ​ប្រទេស​ជា​លើក​ទី2 កាលពីពេលថ្មីៗនេះ ក្រោយ​ជំងឺ​កូ​វីដ-19 នៅក្នុង​ប្រទេស​កំពុង​ឆ្លង​រាលដាល​ជាថ្មី។

    គូរ​បញ្ជាក់ដែរថា ការប្រកួត​ពានរង្វាន់ AFC U19 Championship 2020 គ្រោង​នឹងធ្វើ​ឡើង​នៅក្នុង​ប្រទេស អ៊ូ​បេ​គី​ស្ថាន ចាប់ពី​ថ្ងៃទី14 ដល់ 31 ខែតុលា ចុងឆ្នាំ2020 នេះ ដោយមាន​ប្រទេសខ្លាំងៗចំនួន16ក្រុម​មកពី​ជុំវិញ​ទ្វីបអាស៊ី៕

  • ធ្លាប់នឹកឆ្ងល់ទេថា កូននៅក្នុងផ្ទៃម្តាយដកដង្ហើមយ៉ាងណា?

    ធ្លាប់នឹកឆ្ងល់ទេថា កូននៅក្នុងផ្ទៃម្តាយដកដង្ហើមយ៉ាងណា?

    ការដកដង្ហើមគឺជារឿងចាំបាច់បំផុតក្នុងការមានជីវិត រួមទាំងទារកដែលនៅក្នុងគភ៌របស់អ្នកម្តាយផងដែរ ជាប្រក្រតីមនុស្សយើងដកដង្ហើមបានព្រោះមានសួតជាអវយវៈសំខាន់ដែលធ្វើឱ្យអាចដកដង្ហើមបាន តែសម្រាប់ទារកដែលនៅក្នុងគភ៌មាតាវិញ ទម្រាំតែសួតចាប់ផ្តើមអភិវឌ្ឍ ក៏ប្រមាណជា ខែទី 7 ឬប្រមាណជា 28 សប្តាហ៍ឡើងទៅ ដែលក៏នៅតែមិនទាន់អាចដកដង្ហើមបានដោយខ្លួនឯងបានដែរ រហូតទាល់តែប្រសូតចេញមក។ តើនៅក្នុងអំឡុងពេលដែលទារកស្ថិតនៅក្នុងគភ៌មាតាដកដង្ហើមយ៉ាងណានោះ យើងនាំគ្នាមកមើលដូចតទៅ។

    1 . ក្នុងអំឡុងអាយុគភ៌ 14 សប្តាហ៍ ទារកក្នុងគភ៌របស់អ្នកម្តាយនឹងបានទទួលអុកស៊ីហ្ស៊ែន ដែលត្រូវបានដឹកជញ្ជូនតាមរយៈខ្សែភ្ជឹតដោយសរសៃឈាមក្រហមខ្នាតធំដែលបំពេញតួនាទីដឹកនាំអាហារ និងអុកស៊ីហ្ស៊ែនពីម្តាយឆ្ពោះទៅទារកហ្នឹងឯង។

    2 . ក្នុងអំឡុងអាយុគភ៌ 18 សប្តាហ៍ សួតចាប់ផ្តើមអភិវឌ្ឍហើយ តែកូនតូចនៅមិនទាន់ដកដង្ហើមបានតាមរយៈទងសុកនៅឡើយទេរហូតទាល់តែជិតប្រសូត។

    3 . ក្នុងអំឡុងអាយុគភ៌ 26 សប្តាហ៍ សួតកំពុងអភិវឌ្ឍទៅក្នុងផ្លូវដែលស្ទើរតែល្អឥតខ្ចោះហើយ បំពង់ខ្យល់នៅក្នុងសួតកំពុងរីកចម្រើនធំធាត់បានយ៉ាងល្អ ថង់ខ្យល់នៅក្នុងសួតរបស់កូននឹងចាប់ផ្តើមកខ្លួនឡើងជាបណ្តើរៗតាំងតែពីពេលនេះទៅរហូតដល់ពេលដែលកូនមានអាយុគ្រប់ 8 ឆ្នាំ។ ច្រមុះរបស់កូនចាប់ផ្តើមហ្វឹកហាត់ដកដង្ហើមហើយ តែនៅមិនអាចដកដង្ហើមបានដោយខ្លួនឯងឡើយ​

    4 . ក្នុងអំឡុងអាយុគភ៌ 34 សប្តាហ៍ ពេលនេះថង់ខ្យល់តូចៗក្នុងសួតរបស់កូនកើនបរិមាណច្រើនឡើងជារឿយៗ តែសួតក៏នៅតែអភិវឌ្ឍមិនទាន់ពេញទំហឹងនៅឡើយដែរ។ នៅក្នុងសួតពេលនេះនឹងមានទឹករំអឹលនៅជុំវិញថង់ខ្យល់ដើម្បីការពារការពង្រីកខ្លួនរបស់សួតនៅពេលកូនចាប់ផ្តើមដកដង្ហើមបានដោយខ្លួនឯងលើកដំបូងក្រោយពិកើតចេញមក។ ពេលនេះទោះជាសួតនៅមិនទាន់ធ្វើការបានល្អឥតខ្ចោះមែន តែបើជាទារកដែលប្រសូតមុនពេលកំណត់ នៅក្នុងខែនេះក៏មានឱកាសក្នុងការនៅរស់ខ្ពស់ដូចគ្នាដែរ។

    5 . ក្នុងអំឡុងអាយុ 40 សប្តាហ៍ សួតរបស់កូនអភិវឌ្ឍរហូតល្អឥតខ្ចោះហើយ និងត្រៀមរួចជាស្រេចក្នុងការដកដង្ហើមដោយខ្លួនឯងហើយ លុះដល់ប្រសូតចេញមកហើយ កូនក៏អាចដកដង្ហើមបានដោយខ្លួនឯងតែម្តង។

    សួតជាអវយវៈដែលអភិវឌ្ឍក្នុងអំឡុងពេលក្រោយៗរបស់ការរីកចម្រើនធំធាត់របស់ទារក ដូច្នេះអ្នកម្តាយត្រូវទប់ប្រគងការថែរទាំគភ៌នេះឱ្យល្អឥតខ្ចោះ និងឱ្យដល់ពេលវេលាស័ក្តិសមដែលទារកអាចដកដង្ហើមបានដោយខ្លួនឯងក្រៅពីប្រសូតចេញមកហើយនោះគឺអំឡុងអាយុគភ៌ 38 – 40 សប្តាហ៍ហ្នឹងឯង៕

  • រឿងគ្រាប់សណ្តែក និងសុខភាព

    រឿងគ្រាប់សណ្តែក និងសុខភាព

    អ្នកណាចូលចិត្តញ៉ាំសណ្តែកខ្លះ លើកដៃឡើង! ថ្ងៃនេះយើងមកនាំគ្នានិយាយអំពីរឿងសណ្តែកៗម្តង សរុបថា យើងមកនាំគ្នាស្គាល់អំពីគុណប្រយោជន៍របស់គ្រាប់សណ្តែកដែលយើងញ៉ាំលេងវិញម្តងប្រសើរជាងថា តើវាមានផលដល់រាងកាយយើងយ៉ាងណាខ្លះ?។

    សណ្តែកលឿង

    ជាធញ្ញជាតិដែលមានសារធាតុអាហារខ្ពស់បំផុតក្នុងចំណោមគ្រាប់ធញ្ញជាតិទាំងអស់ និងអាចយកមកទទួលទានបានច្រើនរូបបែប មិនថាតែជាសណ្តែកបណ្តុះ តៅហ៊ូ យ៉ាអួ ម្សៅ ទឹកសណ្តែក និងទឹកស៊ីអ៊ីវឡើយ។ សណ្តែកលឿងជួយគ្រប់គ្រងអាការដែលពាក់ព័ន្ធនឹងការអស់វដ្តរដូវ ថែមទាំងនៅជួយការពារមហារីកទៀតផង។ នៅក្នុងសណ្តែកលឿងសម្បូរទៅដោយវីតាមីន E ដែលនៅចាំប្រឆាំងអនុមូលឥស្សរៈ និងវីតាមីន B មានតួនាទីក្នុងការថែបំប៉នប្រព័ន្ធប្រសាទ និងជួយរាងកាយតស៊ូនឹងភាពតានតឹងក្នុងអារម្មណ៍។

    សណ្តែកហោឡាន់តៅ

    ជាសណ្តែកដែលមានច្រើនដោយបរិមាណវីតាមីន B ជួយរក្សាកម្រឹតថាមពល និងសាងសាច់ភ្នាសប្រសាទ និងសាច់ដុំ មានសសៃអាហារខ្ពស់ជួយបញ្ចុះកម្រឹតកូលេស្តេរ៉ូល និងការរំលាយមានប្រសិទ្ធភាព និងថែមទាំងមានវីតាមីន B5 ដែលជួយជំរុញប្រព័ន្ធការពារជំងឺ និងវីតាមីន C ប្រឆាំងអនុមូលឥស្សរៈទៀតផង។

    គ្រាប់ស្វាយចន្ទី

    ជាប្រភពរបស់វីតាមីន B ដែលជួយព្យាបាលសរសៃប្រសាទ និងសាច់ភ្នាសសាច់ដុំរបស់រាងកាយ រហូតដល់បង្កើនភាពប្រឆាំងនឹងភាពតានតឹងធុញថប់ និងនៅមានសារធាតុរ៉ែសំខាន់សម្រាប់សុខភាពការពារជំងឺ រួមទាំងសារធាតុប្រឆាំងអនុមូលឥស្សរៈស៊ី លីនៀមដែលចាំបាច់ចំពោះការផលិតអ៊ែនទី បឌី និងសង្កសីដែលប្រើសម្រាប់តស៊ូជាមួយវីរុស ទប់ស្កាត់កោសិកាមហារីក ថែមទាំងនៅជួយកាត់បន្ថយកូលេស្តេរ៉ូលបានទៀត។

    សណ្តែកអាល់ម៉ន់ដ៍

    អាល់ម៉ន់ដ៍ជាប្រភពដែលមានសារធាតុប្រឆាំងអនុមូលឥស្សរៈខ្ពស់ ជួយការពារមហារីក។ នៅក្នុងសណ្តែកអាល់ម៉ន់ដ៍ 100 ក្រាមមានវីតាមីន E 24មីល្លីក្រាម និងថែមទាំងជាប្រភពរបស់សារធាតុរ៉ែកាល់ស្យូមដែលការពារមេរោគវីរុសបានទៀតផង។ សណ្តែកអាល់ម៉ន់ដ៍នៅមាន លេធ្រីល ដែលជឿថាជាសារធាតុផ្សំដែលប្រឆាំងសាច់ដុះបានយ៉ាងមានប្រសិទ្ធភាព ក្រៅពីនេះនៅមានជាតិសង្កសីខ្ពស់ ជួយសាងភាពរឹងមាំដល់ប្រព័ន្ធប្រឆាំងជំងឺ និងធ្វើឱ្យមុខរបួស ឬដំបៅឆាប់ជាសះ។ សណ្តែកអាល់ម៉ន់ដ៍ពេញទៅដោយជាតិខ្លាញ់មិនបង្កកខ្លួនដែលផ្តល់នូវគុណតម្លៃខាងអាហារ និងជួយបញ្ចុះកូលេស្តេរ៉ូលបាន។

    សណ្តែក និងជំងឺធាត់

    ទោះជាសណ្តែកមានចំណែកប្រកបដែលសំខាន់គឺ ប្រេងក៏ដោយ តែការបរិភោគសណ្តែកដោយប្រកាន់ខ្ជាប់គោលការណ៍ញ៉ាំអាហារឱ្យគ្រប់ 5 ប្រភេទក្រុម និងកំណត់មិនឱ្យបានទទួលថាមពលលើសតម្រូវការនោះ បរិមាណជាតិខ្លាញ់ដែលមាននៅក្នុងសណ្តែក និង fiber ដែលនៅក្នុងសណ្តែកនឹងធ្វើឱ្យអ្នកដែលទទួលទានអាហារឆ្អែត លែងចង់ទទួលទានអាហារផ្សេង។ មានការស្រាវជ្រាវអំពីលទ្ធផលនៃការទទួលទានសណ្តែកអាល់ម៉ន់ដ៍មួយ បានរកឃើញថា ការទទួលទានសណ្តែកនេះមិនធ្វើឱ្យទម្ងន់ ឬកម្រឹតកូលេស្តេរ៉ូលក្នុងឈាមកើនឡើងនោះទេ ដោយសារតែជាតិខ្លាញ់មួយផ្នែកមិនត្រូវបានបឺតជ្រាបយកឡើយ។

    តើយើងនឹងបង្កើនការបរិភោគសណ្តែកយ៉ាងណាបាន?

    ការបរិភោគសណ្តែកច្រើនល្មមគ្រប់គ្រាន់នឹងជួយការពារមិនឱ្យកើតជំងឺធាត់ និងជំងឺបេះដូង ដូច្នេះការរៀបចំផែនការទទួលទានអាហារពពួកសណ្តែកនេះមានភាពចាំបាច់ ទាំងអស់នេះគឺដើម្បីការពារមិនឱ្យធាត់ ដោយយើងអាចញ៉ាំសណ្តែកជាអាហារពេលទំនេរ។ យើងចាត់ទុកសណ្តែកជាអាហារដែលផ្តល់ប្រូតេអ៊ីន ដូច្នេះបើទទួលទានអាហារពពួកសណ្តែក ត្រូវតែបន្ថយអាហារពពួកសាច់សត្វ បន្ថយជាតិខ្លាញ់ដែលមិនចាំបាច់ ចៀសវាងអាហារចៀនបំពង និងអាហារដែលមានខ្ទិះ។

    នោះគឺមានន័យថា ការទទួលទានសណ្តែក ឬសូម្បីតែការទទួលទានអ្វីគ្រប់យ៉ាងក៏ដោយ គួរតែស្ថិតនៅក្នុងភាពសមល្មម ញ៉ាំក្នុងបរិមាណដែលសមរម្យ វានឹងផ្តល់ប្រយោជន៍ខ្ពស់បំផុត តែបើទទួលទានច្រើនជ្រុលពេកនិងធ្វើឱ្យមានគុណវិបត្តិហ្នឹងឯង៕

  • អឺរ៉ុបឱ្យលុយទៅប្រជាជនដែលជិះកង់ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃ Covid-19 និងបរិស្ថាន

    អឺរ៉ុបឱ្យលុយទៅប្រជាជនដែលជិះកង់ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃ Covid-19 និងបរិស្ថាន

    ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប បាន​ចំណាយលុយ​ឱ្យ​ប្រជាជន​ដែល​ជិះ​កង់​ទៅធ្វើ​ការ ឬ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​បរិស្ថាន និង​កាត់បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19។

    វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​បញ្ជាក់ថា នៅ​ទីក្រុង​ប៉ារីស រដ្ឋ​បានផ្តល់​លុយ​ឱ្យ​ប្រជាជន​ណា​ដែល​ជិះ​កង់ ដោយសារតែ​ការធ្វើ​បែបនេះ នឹង​អាច​កាត់បន្ថយ​ការបំពុល​ខ្យល់​ដែល​កើតចេញពី​ឥន្ធនៈ និង​អាច​កាត់បន្ថយ​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​រួម ដូចជា​ការ​ជិះ​រថយន្តក្រុង និង​ជិះ​រថភ្លើង​ជាដើម។ ការធ្វើ​បែបនេះ​ត្រូវបាន​គេ​ជឿថា​អាចជួយ​បាន​មួយផ្នែកធំ​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការឆ្លង​រលក​ទី2 នៃ​ជំងឺ Covid-19 ព្រោះ​មនុស្សម្នាក់ៗចាប់ផ្តើម​ប្រើប្រាស់​មធ្យោបាយ​ផ្ទាល់ខ្លួន ហើយ​កាត់បន្ថយ​ការជួបជុំ​តាមរយៈ​មធ្យោបាយ​ធ្វើដំណើរ​រួម។

    បន្ថែម​ពីលើ​នេះ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ចាប់ផ្តើម​ជិះ​កង់​សារជាថ្មី រដ្ឋាភិបាល​លើកទឹកចិត្ត​ដោយ​ផ្តល់​ថវិកា​ប្រមាណ 50អឺរ៉ូ ដល់​អ្នក​ទាំងឡាយណា​ដែល​យក​កង់​ទៅ​ជួសជុល​សម្រាប់​ប្រើប្រាស់​ឡើងវិញ។ ទន្ទឹមនឹង​នេះដែរ តាម​ដងផ្លូវ​សាធារណៈ​ក៏​មានការ​តម្លើង​ចំណត​សម្រាប់​កង់​កាន់តែច្រើនឡើងៗ ដើម្បី​បង្កើន​ភាពងាយស្រួល​សម្រាប់​ប្រជាជន​ក្នុង​ទីក្រុង​ផងដែរ៕

  • រដ្ឋាភិបាលអនុញ្ញាតឱ្យគ្រឹះស្ថានអប់រំក្រោមក្រសួងការងារដំណើរការការងារមួយចំនួនរបស់ខ្លួនឡើងវិញ

    រដ្ឋាភិបាលអនុញ្ញាតឱ្យគ្រឹះស្ថានអប់រំក្រោមក្រសួងការងារដំណើរការការងារមួយចំនួនរបស់ខ្លួនឡើងវិញ

    ក្រោយពី​មានការ​ស្នើសុំ​ពី​គ្រឹះស្ថានសិក្សា​នានា​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជុំវិញ​បញ្ហា​បើក​ស្ថាប័ន​របស់ខ្លួន​ឡើងវិញ រាជរដ្ឋាភិបាល បានចេញ​សេចក្តីសម្រេច​អនុ​ញ្ញា​ឱ្យ​បើក​ឡើងវិញ​នូវ​ដំណើរ​ការងារសំខាន់ៗមួយចំនួន​ឡើងវិញ។

    តាមរយៈ​លិខិត​ដែល​ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បើក​ឡើងវិញ​នូវ​រោង​ជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព និង​ការប្រឡង​បញ្ចប់​ការពារ​សារ​ណា ឬ​និក្ខេបបទ​បញ្ចប់​ការសិក្សា នៅ​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្រោម​ឱវាទ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

    តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ទាំងអស់ ត្រូវ​អន​វុត្ត​វិធាន​អនាម័យ និង​ការពារ តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល និង​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ជំងឺ Covid-19៕

  • កម្ពុជាចេញគោលការណ៍អ្វីខ្លះដើម្បីដោះស្រាយបញ្ហា SMEs?

    កម្ពុជាចេញគោលការណ៍អ្វីខ្លះដើម្បីដោះស្រាយបញ្ហា SMEs?

    សហគ្រាស​ខ្នាតតូច និង​មធ្យម (SME) គឺជា​ផ្នែក​យ៉ាងសំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ព្រោះ​វិស័យនេះ​បាន​នាំមក​នូវ​ចំណូល រួមទាំង​ទីផ្សារការងារ​យ៉ាងច្រើន​សម្រាប់​ប្រជាជន​ក្នុងប្រទេស។

    កន្លងមក​អ្នកជំនាញ​បាន​បញ្ជាក់ថា សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុ​ជាមាន​បញ្ហា​ប្រឈម​មួយចំនួន3 សំខាន់ៗគឺ​ទី1 ការ​អនុវត្ដ​បទ​ប្ប​ញ្ញ​ត្ដិ​នៅ​មិនទាន់​ស៊ីចង្វាក់​រវាង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ។ ទី2 ភាព​នៅមានកម្រិត​ក្នុង​ការផ្ដល់សេវា​គាំទ្រ​ធុរកិច្ច និង​សមត្ថភាព SMEs ក្នុងការ​គ្រប់គ្រង​បច្ចេកទេស ផលិតកម្ម ធុរកិច្ច និង​ហិរញ្ញវត្ថុ​នៅមានកម្រិត​ទាប និង3 ការទទួលបាន​ហិរញ្ញវត្ថុ នៅមាន​គម្លាត​ធំ។

    ឆ្លើយតប​នឹង​បញ្ហា​នេះ គណៈកម្មការ​សកម្មភាព​គោលនយោបាយ លើកស្ទួយ​សហគ្រាស​ធន​តូច និង​មធ្យម បានចេញ​ជាគោលការណ៍​ជា​វិធានការសំខាន់ៗចំនួន2ចំណុចធំៗគឺ៖

    ទី1 វិធានការ​បន្ទាន់ ដែល​វិធានការ​នេះ ផ្តោត​ការកាត់បន្ថយ និង​សម្រួល​នូវ​បន្ទុក​អនុលោមភាព​សម្រាប់​សហ​គ្រាស​ធន​តូច និង​មធ្យម ក៏ដូចជា​ការពិនិត្យ​លទ្ធភាព​ក្នុង​ការផ្តល់​សេវាកម្ម​គាំទ្រ ដូចជា​ប្រឹក្សា​យោបល់​ធុរកិច្ច សេវា​មេធាវី និង​ប្រឹក្សា​ច្បាប់ ការចុះបញ្ជី គណនេយ្យ ទីផ្សារ និង​បច្ចេកទេស​ជាដើម។ នៅក្នុង​វិធានការ​បន្ទាន់​នេះដែរ ក៏មាន​ការជំរុញ​ឱ្យមាន​ការគាំទ្រ ការផ្ដល់​ហិរញ្ញប្បទាន​ដល់ SMEs តាមរយៈ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​ធនាគារ អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ផងដែរ។

    ទី2 វិធានការ​រយៈពេល​ខ្លី និង​មធ្យម គឺ​ផ្តោតទៅលើ​ការគាំទ្រ​ប្រព័ន្ធ​អេកូឡូស៊ី រួមមាន​ការបន្ត​កំណែទម្រង់​ក្របខណ្ឌ​បទបញ្ញត្តិ និង​ការអនុវត្ត ការលើកកម្ពស់ សេវា​គាំទ្រ​ធុរកិច្ច ការផ្តល់​ហិរញ្ញវត្ថុ ការលើកកម្ពស់​ទីផ្សារ​សម្រាប់ SMEs ជំរុញ​លើកកម្ពស់​ធនធានមនុស្ស និង​ការស្រាវជ្រាវ​និង​អភិវឌ្ឍ (R&D) និង​លើកកម្ពស់​ផ្នត់គំនិត​សហគ្រិនភាព៕

  • សម័យប្រឡងបាក់ឌុបសម្រាប់សាលាឯកជនឆ្នាំនេះ ចំថ្ងៃដែលរដ្ឋាភិបាលប្រកាសឱ្យឈប់សម្រាកសងថ្ងៃចូលឆ្នាំ

    សម័យប្រឡងបាក់ឌុបសម្រាប់សាលាឯកជនឆ្នាំនេះ ចំថ្ងៃដែលរដ្ឋាភិបាលប្រកាសឱ្យឈប់សម្រាកសងថ្ងៃចូលឆ្នាំ

    ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ ដោយ​បញ្ជាក់ថា​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា 2019-2020 នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 17 ខែសីហា ឆ្នាំ2020 ដែល​ថ្ងៃនេះ​ចំ​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​អ្នកធ្វើការងារ​ទាំងអស់​ឈប់សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ។

    ក្រសួង​អប់រំ​បាន​បញ្ជាក់ថា ដោយសារ​តែមាន​ការរីក​រាលដាល​ជំងឺ Covid-19 ក្រសួង​អប់រំ យុវជន និង​កីឡា អនុញ្ញាតឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​បង្រៀន និង​រៀន​តាម​ការសិក្សា​ពី​ចម្ងាយ និង​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដោយ​ខ្លួនឯង។

    ជា​នីតិវិធី គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវដាក់​ពាក្យស្នើសុំ​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយ​ភ្ជាប់​បញ្ជីរាយនាម​បេក្ខជន​ត្រូវ​ប្រឡង​មក​ក្រសួង តាមរយៈ​មន្ទី​អប់រំ យុវជន និង​កីឡា​រាជធានី​ខេត្ត​ឱ្យបាន​មុន​ដំណាច់ខែ​កក្កដា ឆ្នាំ2020 ជា​កំហិត ដើម្បី​ពិនិត្យ និង​ទទួលស្គាល់។

    ក្នុងករណី​គ្រឹះស្ថានសិក្សា​ឯកជន​ណា​ដែល​មិនមាន​លទ្ធភាព​រៀបចំ​កា​រ​ប្រឡង​ដោយ​ខ្លួនឯង ត្រូវ​រង់ចាំ​ចូលរួម​ជាមួយ​សិស្ស​នៃ​គ្រឹះស្ថានសាធារណៈ​នៅពេល​ក្រោយ តាម​ការជូនដំណឹងរ​បស់​ក្រសួង៕

  • ឡាវ ជាប្រទេសអាស៊ានទី3 ដែលបើកលីកកំពូលឡើងវិញ បន្ទាប់ពីវៀតណាម និងកម្ពុជា

    ឡាវ ជាប្រទេសអាស៊ានទី3 ដែលបើកលីកកំពូលឡើងវិញ បន្ទាប់ពីវៀតណាម និងកម្ពុជា

    លីកកំពូលឡាវ បានប្រកាសត្រឡប់មកវិញហើយ កាលពីថ្ងៃទី11 ខែកក្កដា ឆ្នាំ2020 កន្លងទៅ ដោយយកថ្ងៃចុងសប្តាហ៍មុន ធ្វើជាថ្ងៃចាប់ផ្តើមរបស់ខ្លួនតែម្តង ហើយការប្រកួត បានទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានអ្នកទស្សនាយ៉ាងច្រើនទៀតផង។

    ក្នុងការត្រឡប់មកវិញនេះ សហព័ន្ធកីឡាបាល់ទាត់ឡាវ បានអនុញ្ញាតឱ្យមានអ្នកគាំទ្រ ចូលរួមទស្សនាការប្រកួតដោយសេរី ខណៈដែលព្រឹត្តិការណ៍នេះ អាចហៅថា ជាការចាប់ផ្តើមលីកកំពូលឡាវ ក៏ថាបានដែរ ក្រោយពេលដែលលីកកំពូលរបស់ប្រទេសនេះ បានពន្យារពេលបើកឡើងវិញ តាំងពីខែមីនាមកម្ល៉េះ។

    សូមបញ្ជាក់ថា លីកកំពូលរបស់ប្រទេសឡាវ ជាធម្មតា គឺប្រកួតចំនួន 3ជើង ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ-19 សហព័ន្ធបាល់ទាត់នៃប្រទេសឡាវ​ បានបង្រួមមកនៅត្រឹមតែ 2ជើងវិញ ដោយបានចាប់ផ្ដើមចាប់ពីថ្ងៃទី11 ខែកក្កដា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី3 ខែតុលា ឆ្នាំ2020៕

  • សហព័ន្ធកោះហៅយុវជន 38រូប ត្រៀមចេញទៅអ៊ូបេគីស្ថាននាចុងឆ្នាំនេះ

    សហព័ន្ធកោះហៅយុវជន 38រូប ត្រៀមចេញទៅអ៊ូបេគីស្ថាននាចុងឆ្នាំនេះ

    កាលពី​ព្រឹក​មិញ​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​យុវជន អាយុ​ក្រោម 19ឆ្នាំ ចំនួន38រូប ដើម្បី​ហ្វឹកហាត់​ត្រៀម​ទៅ​ចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់ AFC U19 Championship 2020 ដែល​អ៊ូ​បេ​គី​ស្ថាន​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃទី14 ដល់31 ខែតុលា ចុងឆ្នាំ​នេះ ដោយ​កម្ពុជា​បាន​ស្ថិតនៅក្នុង​ពូ​ល​A ដែលជា​ពូ​លម​រណៈ ដែលមាន​សុទ្ធតែ​ប្រទេស​ជើង​ខ្លាំង​គឺ ម្ចាស់ផ្ទះ​អ៊ូ​បេ​គី​ស្ថាន ឥណ្ឌូនេស៊ី និង​អ៊ីរ៉ង់។

    កម្ពុជា បាន​ឡើង​មកលេង​ក្នុង​ពានរង្វាន់​ដ៏​ធំ​បំផុត​លំដាប់​ទ្វីបអាស៊ី AFC U19 Championship នេះ ជា​លើក​ទី1 ក្នុង​រយៈពេល 60ឆ្នាំ​ចុងក្រោយ បន្ទាប់ពី​ជាប់​ជា​ក្រុម​លេខ2 ល្អ​បំផុត​ក្នុង​វគ្គ​ជម្រុះ AFF U19 Championship 2020 ដោយបាន​យកឈ្នះ​ថៃ ប្រ៊ុយណេ និង​កោះ​ម៉ា​រី​ណា​ខាងជើង៕

  • នេះគឺអារម្មណ៍របស់អ្នកម្តាយ ដែលទើបប្រសូតបុត្រថ្មីៗ ពេលមានអ្នកមកបីកូនរបស់ខ្លួន

    នេះគឺអារម្មណ៍របស់អ្នកម្តាយ ដែលទើបប្រសូតបុត្រថ្មីៗ ពេលមានអ្នកមកបីកូនរបស់ខ្លួន

    ខាងក្រោមនេះគឺជារឿងរ៉ាវដែលអ្នកម្តាយម្នាក់ចង់ផ្ញើជូនអ្នកម្តាយថ្មោងថ្មីទាំងឡាយ ក្នុងរឿងការទៅសួរសុខទុក្ខ និងមើលទារកទើបនឹងកើតថ្មីៗថា មិនគួរបណ្តោយឱ្យទារកត្រូវបានគេមកមើល ឬប៉ះពាល់ពីសំណាក់បុគ្គលដែលមកសួរសុខទុក្ខនោះឡើយ គួរតែរង់ចាំឱ្យគ្រប់ 1 សប្តាហ៍បន្ទាប់ពីប្រសូតរួចសិន។

    ឡូរ៉ា ហ្គ្រេស វេលដន អ្នកម្តាយម្នាក់បានលះបង់ពេលវេលាពាក់ព័ន្ធនឹងរឿងនេះ នាងតែងតែដាស់តឿនមនុស្សនៅក្នុងក្រុមគ្រួសារ និងសាច់ញាតិបងប្អូនថា មិនគួរទៅសួរសុខទុក្ខ ឬធ្វើរបស់របរទៅផ្ញើទារកដែលមានអាយុមិនទាន់លើស 1 សប្តាហ៍ឡើយ ព្រោះអាចធ្វើឱ្យទារកកើតមានគ្រោះថ្នាក់ ឬឈឺបាន តែក៏មិនសូវមានអ្នកណាយកចិត្តទុកដាក់ស្តាប់ប៉ុន្មានឡើយ ជាពិសេសលោកយាយរបស់ស្វាមីនាង។

    អ្នកម្តាយម្នាក់នេះបានរៀបរាប់ថា ពេលដែលខ្ញុំឆ្លងទន្លេកូនដំបូងហើយថ្មីៗ ក៏មានអ្នកមកសួរសុខទុក្ខ និងមានលោកយាយរបស់ស្វាមីផងដែរ។ គាត់មកដល់ ក៏ចូលមកចាប់ឱប និងថើបថ្ពាល់ទារក ហើយលើកពយកចេញពីដើមទ្រូងខ្ញុំភ្លាមតែម្តង គាត់យកទារកទៅឱបរឹត និងបលេងយ៉ាងគ្មានក្រែងចិត្តខ្ញុំបន្តិចណាឡើយ។

    “ខ្ញុំខឹងខ្លាំងណាស់ ព្រោះកើតចេញពីអារម្មណ៍ និងទើបតែឆ្លងផុតអំឡុងពេលក្រោយប្រសូតដ៏សែននឿយល្វើយ ខ្ញុំមិនចង់ឱ្យទារកទើបនឹងកើតប៉ះបាល់ជាមួយសារធាតុគីមីផ្សេងៗ ដូចជា ទឹកអប់ គ្រឿងសម្អាង សម្លៀកបំពាក់ដែលមានក្បាច់ក្បូរផ្សេងៗនោះទេ ព្រោះអាចធ្វើឱ្យស្បែកទារករលាកក្រហាយបាន ដូច្នេះពេលខ្ញុំឃើញលោកយាយរបស់ស្វាមីពកូនខ្ញុំយកទៅបែបនោះ ខ្ញុំចង់តែទៅកញ្ឆក់យកកូនមកវិញ តែក៏មិនអាចធ្វើបានឡើយ ពេលនោះខ្ញុំមានអារម្មណ៍ចង់តែលោតទៅខាំដៃលោកយាយឱ្យព្រលែងដៃចេញពីកូនរបស់ខ្ញុំមែនទែន” ឡូរ៉ា ហ្រ្គេស វេលដន និយាយ។

    បន្ទាប់ពីនាងបានកូនមកវិញ កូនរបស់នាងក៏មានស្លាកស្នាមនៅលើផ្ទៃមុខបាត់ទៅហើយ នាងប្រញាប់បីកូនចូលទៅក្នុងបន្ទប់គេងផ្ទាល់ខ្លួនភ្លាមតែម្តង។ ប្តីរបស់នាង និងអ្នកជំនួយការគ្រូពេទ្យបើកទ្វាបន្ទប់ឡើងយឺតៗ ចូលទៅមើលនាង ព្រោះយល់ពីអារម្មណ៍របស់នាងថា នាងមានអារម្មណ៍យ៉ាងណា គេជួយលួងលោមនាងថា គួរតែទប់ទល់នឹងស្ថានការណ៍បែបនេះយ៉ាងណា។

    ឡូរ៉ា ហ្រ្គេស វេលដន អ្នកម្តាយកូន 3 ម្នាក់នេះនៅបានប្រាប់ទៀតថា មិនមែនត្រឹមតែរឿងសុវត្ថិភាពរបស់ទារកដែលអាចកើតការឆ្លងមេរោគនោះទេ តែវាជារឿងអារម្មណ៍របស់អ្នកម្តាយក្រោយពេលប្រសូតទៀតផងដែលមានផលប៉ះពាល់។ អ្នកម្តាយក្រោយពេលប្រសូតមួយចំនួនមានអាការនឿយល្វើយ និងមានអារម្មណ៍សោកសៅបន្ទាប់ពីប្រសូតរួច ហើយនៅពេលជួបនឹងហេតុការណ៍បែបនេះរឹតតែហុចផលប៉ះពាល់ដល់ផ្លូវចិត្តធ្វើឱ្យកាន់តែយ៉ាប់យ៉ឺនជាងមុនទៅទៀត។

    ដូច្នេះហើយទើបឡូរ៉ាចង់មនុស្សម្នាទាំងឡាយបានដឹងពីអារម្មណ៍ និងសុជីវធម៌ក្នុងការទៅសួរសុខទុក្ខទារកក្រោយពេលប្រសូតដែលនៅមិនទាន់បាន 1 សប្តាហ៍នោះថា តើអ្នកម្តាយមានអារម្មណ៍ដូចម្តេច និងបាននាំគ្នាប្រយ័ត្នប្រយែងខ្លាំងជាងនេះហ្នឹងឯង៕