Author: ធឿន មករា

  • ផ្លូវការ៖ Oppo បញ្ចេញបច្ចេកវិទ្យាសាកថ្មលឿនបំផុត កម្លាំងសាក 125 វ៉ាត់

    ផ្លូវការ៖ Oppo បញ្ចេញបច្ចេកវិទ្យាសាកថ្មលឿនបំផុត កម្លាំងសាក 125 វ៉ាត់

    ក្រុមហ៊ុន OPPO បានប្រកាស​ចេញ​បច្ចេកវិទ្យា​សាក​ថ្ម​ថ្មី កម្លាំង​ដល់ 125W ដោយបាន​អះអាងថា ជា​បច្ចេកវិទ្យា​ឈានមុខ​គេ ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​នេះ។ OPPO ក៏​តែងតែ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ ក្នុង​ការផ្ដល់​ដំណោះស្រាយ​ការ​សាក​ថ្ម​ល្បឿន​លឿន ដែល​បាន​បង្កើត​នូវ​បច្ចេកវិទ្យាទំនើបៗ ដូចជា Dash Charge ជាដើម។

    បើទោះជា OPPO មិនទាន់បាន​ប្រកាស​នៅឡើយ​ថា ស្មា​ត​ហ្វូ​ន​ណា​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​មុនគេ​ក្ដី  តែ​ដើម្បី​បង្កើត​បច្ចេកវិទ្យា​នេះ​បាន មិនមែនជា​រឿងងាយៗ ដែល​គ្រាន់តែ​បង្កើត​ដុំ​សាក​ថ្ម​កម្លាំង​ខ្លាំង រួច​ដោត​ចូលទៅ​ស្មា​ត​ហ្វូ​នធម្មតាៗនោះទេ។ គេ​ត្រូវ​ឌី​ហ្សា​ញ​ដុំ​សាក ខ្សែ​ត​ភ្ជាប់ និង​ថ្ម​ជាថ្មី ដែល​អាច​ទ្រាំទ្រ​នឹង​បច្ចេកវិទ្យា​ថ្មី​នេះ ដើម្បី​ធានា​សុវត្ថិភាព និង​ប្រសិទ្ធភាព។

    យោងតាម​ការអះអាងរ​បស់ OPPO បានឱ្យដឹងថា បច្ចេកវិទ្យា​ថ្មី​កម្លាំង 125Wនេះ អាច​សាក​ថ្ម​ទំហំ 4000mAh ដោយ​ចំណាយពេល​ត្រឹម 20នាទី​ប៉ុណ្ណោះ ហើយ​សាក 5នាទី បាន​ថាមពល​ថ្ម​រហូតដល់ 41%។

    ក្រៅពីនោះ OPPO ក៏បាន​ប្រកាស​ចេញ​បច្ចេកវិទ្យា AirVOOC 65W ដែលជា​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ប្រើ​ខ្សែ អាច​សាក​ថ្ម​ទំហំ 4000mAh ដោយ​ប្រើពេល​ត្រឹម 30នាទី​ប៉ុណ្ណោះ៕

  • ក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ ដាក់ឱ្យដំណើរការ App អប់រំពីចម្ងាយ

    ក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ ដាក់ឱ្យដំណើរការ App អប់រំពីចម្ងាយ

    ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​កម្មវិធី​ទូរស័ព្ទដៃ App សម្រាប់​ការសិក្សា​ពី​ចម្ងាយ ដល់​សិ​ស្សា​នុស្ស​ទូទាំងប្រទេស​បាន​សិក្សា។

    លក្ខណៈពិសេស​នៃ​មុខងារ​របស់ App នេះ គឺ​វា​មាន​មាតិកា​ឌីជីថល​ដែលមាន​ភាពងាយស្រួល​បំផុត ក្នុង​ទម្រង់​ជា​វីដេអូ​បង្រៀន ដែល​រៀបចំ​តាម​ថ្នាក់​ពី​ថ្នាក់​ទី9 ដល់​ថ្នាក់​ទី12 និង​មុខវិជ្ជាផ្សេងៗ ដោយ​សិស្សានុសិស្ស​គ្រាន់តែ​បំពេញ​ព័ត៌មាន​នូវ​ឈ្មោះ​ខេត្ត សាលារៀន និង​កម្រិត​ថ្នាក់រៀន។ បន្ថែម​ពីលើ​នេះ App ខាងលើ​ក៏​ផ្តល់​លទ្ធភាព​ដល់​សិស្សានុសិស្ស និង​អ្នកប្រើប្រាស់ អាច​ចម្លង ឬ Download វីដេអូ​នៃ​ការបង្រៀន​នេះ​មក​រក្សាទុក​ក្នុង​ទូរស័ព្ទ​របស់ខ្លួន ដោយ​ល្បឿន​លឿន​ចេញពី​មជ្ឈមណ្ឌល​ទិន្នន័យ​ក្នុងប្រទេស ហើយ​អាច​បើក​មើល​បាន​នៅ​គ្រប់ពេលវេលា។ លើសពីនេះទៅទៀត​ក្នុង​កម្មវិធី​នេះ​ក៏មាន​ការចូល​រួមសហកា​រ​ពី​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ដៃ និង​ក្រុមហ៊ុន​ផ្តល់​សេវា Internet ដែល​ផ្តល់ជូន​សិស្សានុសិស្ស​ក្នុងការ​លើកលែង​ថ្លៃ​សេវា ឬ​កញ្ចប់​ពិសេស​ណាមួយ​សម្រាប់​ការប្រើប្រាស់​កម្មវិធី​ទូរស័ព្ទដៃ។

    ការរៀបចំ​កម្មវិធី​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ប្រែក្លាយ​វិបត្តិ​នៃ​ជំងឺ Covid-19 ឱ្យ​ក្លាយជា​ឱកាស​ក្នុងការ​បង្កើត​ការអប់រំ​តាមបែប​ឌីជីថល ដើម្បី​រក្សា​គុណភាព សមធម៌ បរិ​យា​ប័ន្ន និង​ការអប់រំ​ពេញ​មួយជីវិត​ដល់​សិស្សានុសិស្ស៕

  • អភិបាលខេត្តមណ្ឌលគិរីថារដ្ឋបាលខេត្តបានត្រៀមដី 600ហិកតាទុកសង់ព្រលានយន្តហោះ

    អភិបាលខេត្តមណ្ឌលគិរីថារដ្ឋបាលខេត្តបានត្រៀមដី 600ហិកតាទុកសង់ព្រលានយន្តហោះ

    ខេត្តមណ្ឌលគិរី ជា​តំបន់​ដែលមាន​សក្តានុពល​ខ្លាំង​ផ្នែក​អេកូ​ទេសចរណ៍ និង​កសិកម្ម ព្រោះ​តំបន់​នេះ​សំបូរ​ទៅដោយ​សម្រស់​ធម្មជាតិ និង​ដី​មាន​ជីរ​ជាតិ​អំណោយផល​ល្អ​សម្រាប់​ការអភិវឌ្ឍ​កសិកម្ម។ ហេតុនេះ​ជា​រៀងរាល់ឆ្នាំ តែងតែមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន​បាននាំគ្នា​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ។

    ឆ្លើយតប​នឹង​តម្រូវការ​នៃ​ការធ្វើដំណើរ​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ខេត្តមណ្ឌលគិរី​បាន​អភិវឌ្ឍ​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​ជា​បន្តបន្ទាប់ ដោយ​ក្នុងនោះ​ក៏មាន​គម្រោង​អាកាសយានដ្ឋាន​ផងដែរ​សម្រាប់​ភ្ជាប់​ការធ្វើដំណើរ​ឱ្យ​កាន់តែ​ឆាប់រហ័ស និង​សំបូរបែប។

    ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​បញ្ជាក់ថា រដ្ឋបាលខេត្ត​បាន​ត្រៀន​ដី​ចំនួន 600ហិកតា​សម្រាប់​ផ្តល់ជូន​រាជរដ្ឋាភិបាល​ក្នុងការ​សាងសង់​ព្រលានយន្តហោះ។ ទីតាំង​គម្រោង​អាកាសយានដ្ឋាន​ថ្មី​នេះ មាន​ចម្ងាយ​ប្រមាណ 20គីឡូម៉ែត្រ​ពី​ទី​រូ​ម​ខេត្ត។ ឯកឧត្តម​បានបញ្ជាក់​ផងដែរ ការជ្រើសរើស​ទីតាំង​ថ្មី​នេះ ដោយសារតែ​ដី​ព្រលានយន្តហោះ​ចាស់​មាន​ត្រឹមតែ 19ហិកតា​ប៉ុណ្ណោះ មិន​គ្រប់​សម្រាប់​អភិវឌ្ឍ​ជា​ព្រលានយន្តហោះ​តាម​តម្រូវការ​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន​នោះទេ៕

  • ក្រុមហ៊ុន Facebook វិនិយោគ លើការពង្រីកបណ្ដាញផ្គត់ផ្គង់ អ៊ិនធើណិត ដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចនៅទូទាំងពិភពលោក

    ក្រុមហ៊ុន Facebook វិនិយោគ លើការពង្រីកបណ្ដាញផ្គត់ផ្គង់ អ៊ិនធើណិត ដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចនៅទូទាំងពិភពលោក

    ការវិនិយោគលើការពង្រីកបណ្ដាញផ្គត់ផ្គង់អ៊ិនធើណិតរបស់ក្រុមហ៊ុន Facebook នឹងផ្ដល់អត្ថប្រយោជន៍ សេដ្ឋកិច្ច ដល់តំបន់អាស៊ីអាគ្នេយ៍ ចំនួនជាង 70ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល 5ឆ្នាំខាងមុខ។ នេះបើយោង តាមរបាយការណ៍ចេញផ្សាយ នាពេលថ្មីៗនេះ ដោយក្រុមហ៊ុន Analysis Mason  ដែលជាក្រុមហ៊ុនស្រាវជ្រាវ លំដាប់ពិភពលោកឈានមុខគេមួយ។

    1ភាគធំនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនេះ គឺបានមកពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន Facebook លើបណ្ដាញ ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ បណ្ដាញទូរគមនាគមន៍ edge networks និងបណ្ដាញទំនាក់ទំនង Open Transport Networks សម្រាប់ផ្គត់ផ្គង់ បច្ចេកវិទ្យាខ្សែកាប្លិ៍អុបទិក ។  កម្មវិធីទាំងនេះ ជួយឱ្យគេអាចចែកចាយអ៊ិនធើណិតដែលមានគុណភាព បានកាន់តែមានប្រសិទ្ធភាព ដូច្នេះក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ទាំងឡាយ នឹងអាចផ្គត់ផ្គង់សេវាអ៊ិនធើណិតរបស់ខ្លួនទៅកាន់អតិថិជន បានកាន់តែទូលំទូលាយ កាន់តែមានប្រសិទ្ធភាព និងចំណាយកាន់តែតិចជាងមុន។

    បើនិយាយពីប្រទេសកម្ពុជាវិញ ហេដ្ឋារចនាសម្ព័ន្ធបណ្ដាញអ៊ិនធើណិតរបស់ក្រុមហ៊ុន Facebook រួមមានដូចជា caching servers ឬបណ្ដាញទូរគមនាគមន៍ edge networks ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា តាមរយៈការអនុញ្ញាតឱ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធើណិតក្នុងស្រុក អាចតភ្ជាប់ទៅកាន់មាតិកា Facebook ពីបណ្ដាញផ្គត់ផ្គង់ដែលកាន់តែជិតជាងមុន។

    កត្តានេះនឹងជួយឱ្យក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក អាចកាត់បន្ថយការចំណាយលើការតភ្ជាប់បណ្ដាញ អ៊ិនធើណិត ពីក្រៅប្រទេស ការចំណាយលើបណ្ដាញឆ្លងកាត់ ជួយឱ្យអ្នកប្រើប្រាស់អាចប្រើអ៊ិនធើណិតបាន កាន់តែមានលំនឹង និងជួយឱ្យមានអ្នកប្រើអ៊ិនធើណិតកាន់តែច្រើនឡើង។

    របាយការណ៍ដដែលបានព្យាករថា បើគិតចាប់ពីឆ្នាំ2020 រហូតដល់ឆ្នាំ2024 កម្ពុជានឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចចំនួន 300លានដុល្លារសហរដ្ឋអាមេរិក ទៅក្នុងផលិតផលសរុបក្នុងស្រុក (GDP) របស់ខ្លួន ពីគម្រោងបណ្ដាញទូរគមនាគមន៍ edge network របស់ក្រុមហ៊ុន Facebook

    នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Facebook កំពុងស្វែងរកគម្រោងថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យអ៊ិនធើណិតនៅកម្ពុជា ពីព្រោះក្រុមហ៊ុននឹងបន្តប្ដេជ្ញា នាំយកសេវាអ៊ិនធើណិតដែលកាន់តែលឿនជាងមុន មកជូនប្រជាពលរដ្ឋបានប្រើប្រាស់ កាន់តែច្រើននាក់។

    លោក Robert Pepper ប្រធានផ្នែកគោលនយោបាយ និងគ្រប់គ្រងបណ្ដាញទំនាក់ទំនងជាសកល ក្រុមហ៊ុន Facebook បានមានប្រសាសន៍ថា៖ «ប្រព័ន្ធអ៊ិនធើណិតដែលមានសុវត្ថិភាព និងមានតម្លៃសមរម្យ  គឺកាន់តែមានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋជាច្រើន ដែលកំពុងសម្របខ្លួនទៅនឹងរបៀបរស់នៅបែបថ្មី នាអំឡុងពេលដែលមានការរាតត្បាតជាសកលនៃវីរុសកូវីដ19នេះ។ ការបំពេញនូវចន្លោះខ្វះខាតនៃប្រព័ន្ធឌីជីថល គឺមានសារៈសំខាន់ណាស់ ដើម្បីធានាឱ្យបានថា ប្រជាពលរដ្ឋទាំងឡាយ ទទួលបានព័ត៌មាន ការអប់រំ និងការថែទាំសុខភាព»

    សម្រាប់ព័ត៌មានបន្ថែម សូមចូលអានរបាយការណ៍ទាំងស្រុងតាមរយៈ Sub-Saharan Africa , ASEAN , Latin America .

  • អាការ 12 យ៉ាងរបស់កូន ដែលឪពុកម្តាយមិនគួរព្រងើយកន្តើយ

    អាការ 12 យ៉ាងរបស់កូន ដែលឪពុកម្តាយមិនគួរព្រងើយកន្តើយ

    ក្មេងៗទោះជាអាយុប៉ុន្មានក៏ដោយ ចេះនិយាយហើយ ឬមិនទាន់ចេះនិយាយក៏ដោយ លោកឪពុកអ្នកម្តាយគួរតែត្រូវចេះសង្កេតមើលអាការកូនឱ្យបានថា តើមានអ្វីខុសប្រក្រតីឬទេ? កុំចាំរហូតដល់កូនហារមាត់ប្រាប់នោះ ព្រោះរឿងខ្លះត្រូវតែសង្កេតមើល និងប្រញាប់កែបញ្ហាភ្លាមមុននឹងអ្វីៗហួសពេលកែ។ ខាងក្រោមនេះគឺជាអាការ 12 យ៉ាងរបស់កូន ដែលលោកឪពុកអ្នកម្តាយមិនគួរព្រងើយកន្តើយ។

    1 . កូនមើលទៅរាងមានអារម្មណ៍ធុញថប់តានតឹង សោកសៅ អាចនឹងគ្មានអាការគ្រុនក្តៅ ឬមិនស្រួលខ្លួនឱ្យឃើញក៏ដោយ តែកូនអាចនឹងបង្ហាញអាការតាមរយៈទឹកមុខ ឬមើលទៅឃើញហាក់ដូចជាកំពុងគិតពីអ្វីម្យ៉ាងគ្រប់ពេលវេលា បើសិនជាឃើញបែបនេះហើយ ឪពុកម្តាយមិនគួរមើលរំលង ឬព្រងើយកន្តើយឡើយ ត្រូវប្រញាប់នាំទៅប្រឹក្សាជាមួយគ្រូពេទ្យភ្លាមល្អជាង។

    2 . ឡើងកម្តៅខ្ពស់ សីតុណ្ហភាពប្រក្រតីរបស់ក្មេងនឹងស្ថិតនៅក្នុងកម្រឹត 36 – 37.5 អង្សាសេលសៀស សម្រាប់ក្មេងដែលមានអាយុទាបជាង 6 ខែបើមានសីតុណ្ហភាពក្នុងកម្រឹត 37.6 – 38.4 អង្សាសេលសៀសនោះ គឺមានន័យថា ឡើងកម្តៅខ្ពស់ហើយចំណែកក្មេងអាយុច្រើនជាង 6 ខែឡើង បើសិនលើស 38.5 អង្សាសេលសៀស មានន័យថា កម្តៅខ្លួនឡើងខ្ពស់ហើយ ត្រូវរកវិធីបញ្ចុះកម្តៅ និងប្រញាប់នាំទៅមន្ទីពេទ្យភ្លាម។

    3 . ក្តៅខ្លួនជាប់ៗគ្នាអត់បាត់រយៈពេល 3 ថ្ងៃឡើងទៅ ដោយញ៉ាំថ្នាំ និងជូតខ្លួនហើយ តែអាការនៅតែមិនល្អប្រសើរឡើងនោះ ត្រូវប្រញាប់នាំទៅជួបគ្រូពេទ្យជាបន្ទាន់។

    4 . គ្រុនក្តៅខ្លួន និងមានអាការផ្សេងទៀតរួមជាមួយផង ដូចជា ឈឺក្បាល មានឡើងកន្ទួលរមាស់នៅលើរាងកាយ ឈឺ-ក អាការបែបនេះត្រូវតែប្រញាប់ទៅជួបលោកគ្រូពេទ្យ។

    5 . មានឡើងកន្ទួលក្រហមតាមខ្លួនប្រាណ និងមានអាការរាលដាលកាន់តែខ្លាំងឡើង ឬមានអាការហើមឡើងក្រហមត្រង់បរិវេណដែលមានឡើងកន្ទួល និងមានអាការដកដង្ហើមមិនស្រួល រាងស្ទះៗជាដើមនោះ កុំបង្អង់យូរ ត្រូវប្រញាប់នាំទៅមន្ទីពេទ្យភ្លាម។

    6 . មានពងបែកឡើងតាមខ្លួនប្រាណក្នុងលក្ខណៈខុសប្រក្រតី ដែលមិនធ្លាប់មានកន្លងមក ត្រូវប្រញាប់យកកូនទៅឱ្យគ្រូពេទ្យពិនិត្យជាបន្ទាន់ ព្រោះអាចកើតរោគមហារីកស្បែកបាន។

    7 . កូនតូចយំរករឿងខ្លាំង ព្រោះឈឺក្បាលបែបទាន់ហន់ភ្លាមៗ ឬអាចឈឺពោះផ្នែកខាងស្តាំចុះមកក្រោម អាចជាអាការរបស់ខ្នែងពោះវៀន ឬបើឈឺពោះហើយមានក្អួតផងនោះ អាចបណ្តាលមកពីអាការរលាកក្រពះ បើរឹតតែមានឈាមចេញមកជាមួយផងនោះត្រូវតែប្រញាប់នាំទៅមន្ទីពេទ្យជាប្រញាប់។

    8 . ឈឺក្បាល និងក្អួត អាចជាអាការចាប់ផ្តើមដំបូងរបស់រោគម៉ៃក្រេន តែបើមានអាការធ្ងន់ធ្ងរខ្លាំងជាងនោះ អាចបណ្តាលមកពីរោគផ្សេងទៀត អាករបែបនេះក៏ត្រូវតែប្រញាប់នាំកូនទៅមន្ទីពេទ្យដែរ។

    9 . បរិមាណទឹកនោមថយចុះ ស្ងួតមាត់ បន្ទូលក្បាលផតចុះ ក្អួត រាក អាការទាំងនេះអាចបណ្តាលមកពីសភាវខ្វះជាតិទឹកបើឃើញកូនមានអាការបែបនេះ​ ត្រូវតែប្រញាប់នាំកូនទៅមន្ទីពេទ្យ។

    10 . ហើមមុខ ហើមខ្លួន ក្អួត ឬមានឡើងរមាស់ អាការនេះអាចបណ្តាលមកពីកើតប្រតិកម្មចាញ់នឹងរបស់អ្វីមួយ បើធ្ងន់ធ្ងរត្រូវនាំទៅជួបគ្រូពេទ្យ។

    11 . ចេញឈាមច្រើនពេក មិនថាតែស្នាមរបួសតូច ឬធំនោះទេ បើឃាត់ឈាមហើយ ឈាមនៅតែហូរចេញមកមិនឈប់ចូរប្រញាប់នាំកូនទៅមន្ទីពេទ្យភ្លាម។

    12 . បបូរមាត់ឡើងស្លេក ខៀវជាំ ដកដង្ហើមអាក់ៗ និងដកដង្ហើមតាមមាត់ អាចជាអាការមានប្រតិកម្មនឹងរបស់អ្វីម្យ៉ាង ឬអាចបណ្តាលមកពីជំងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធដកដង្ហើម ឬរោគសួត។

    អាការរបស់កូន ដែលបានរៀបរាប់មកខាងលើនេះ លោកឪពុកអ្នកម្តាយមិនគួរព្រងើយកន្តើយជាដាច់ខាត ព្រោះអាការមួយចំនួននោះអាចនិយាយបានថា សុទ្ធតែជាសញ្ញារបស់ជំងឺធ្ងន់ធ្ងរផ្សេងទាំងអស់ ៕

  • ស្រុកជើងព្រៃ នឹងមានរោងចក្រមួយថ្មីទៀតតម្លៃជាង 10លានដុល្លារអាមេរិក

    ស្រុកជើងព្រៃ នឹងមានរោងចក្រមួយថ្មីទៀតតម្លៃជាង 10លានដុល្លារអាមេរិក

    ស្រុក​ជើងព្រៃ ដែលជា​ចំណុច​កំពុង​អភិវឌ្ឍ​យ៉ាងខ្លាំង​ក្នុង​ខេត្តកំពង់ចាម បានទទួល​ការវិនិយោគ​ពី​ក្រុមហ៊ុន​ថ្មី​មួយទៀត​នាពេលនេះ។

    តាម​ការបញ្ជាក់​របស់​ក្រុម​ប្រឹក្ស​អភិវឌ្ឍ​កម្ពុជា (CDC) បានឱ្យដឹងថា ស្ថាប័ន​ដ៏​សំខាន់​មួយ​នេះ​បានអនុម័ត​ចេញ​វិញ្ញាបនបត្រ​ឱ្យ​គម្រោង​ថ្មី​មួយ​ដែល​ស្នើសុំ​វិនិយោគ​បង្កើត​ក្រុមហ៊ុន​ផលិត​ស្បែកជើង​ដែលមាន​ឈ្មោះថា Mann Long Shoes Co., Ltd។ គម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ6 ក្នុងភូមិ​ឈើទាល ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម។

    ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​បានបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​ផលិត​ស្បែកជើង​ថ្មី​នេះ​មាន​ទុនវិនិយោគ​ចំនួន 10.3លាន​ដុល្លារ​អាមេរិក ដែល​អាច​ស្រូប​ទាញ​ការងារ​បាន​ចំនួន 3,379កន្លែង៕

  • ចំណូលពន្ធនៅឆមាសទី1 ឆ្នាំនេះធ្លាក់ចុះ 16.2%

    ចំណូលពន្ធនៅឆមាសទី1 ឆ្នាំនេះធ្លាក់ចុះ 16.2%

    អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (អ.គ.រ) កាលពីពេលថ្មីៗនេះ​បាន​បញ្ជាក់ថា ចំណូល​ពន្ធ​រយៈពេល6ខែ​ដើមឆ្នាំ 2020នេះ មានការ​ធ្លាក់ចុះ​ចំនួន 16.2% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំមុន។ ការធ្លាក់ចុះ​នេះ​បណ្តាលមកពី​ផលប៉ះពាល់​នៃ​ជំងឺ Covid-19 ដែល​បាន​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចកម្ពុជា។

    ឯកឧត្តម គុណ ញឹម ប្រិ​ភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ក្នុង​រយៈពេល6ខែ​ដើមឆ្នាំ2020នេះ ចំណូល​សរុប​ដែល​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា មាន​ចំនួន 5,152.6ប៊ី​លាន​រៀល ស្មើនឹង​ប្រហែល 1,272.2លាន​ដុល្លារ​អាមេរិក។ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ 2019 ចំណូល​ឆ្នាំនេះ​មានការ​ធ្លាក់ចុះ​ចំនួន 16.2% ដោយ​ក្នុងនោះ​ចំណូល​ពន្ធ​ដែល​បានមកពី​មុខទំនិញ​យានយន្ត​បាន​ថយចុះ​ចំនួន 31.7% និង​ចំណូល​មកពី​គ្រឿងសំណង់​ថយចុះ 28.2% ស្រប​ពេលដែល​មុខទំនិញ​ប្រេងឥន្ធនៈ​កើនឡើង 5.5% និង​មុខទំនិញ​ចម្រុះ​ផ្សេងទៀត​ក៏​កើនឡើង​ប្រមាណ 3.1% ផងដែរ។

    ឯកឧត្តម​បញ្ជាក់ថា ការធ្លាក់ចុះ​នេះ​កើតឡើង​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ដែល​ធ្វើឱ្យ​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ​របស់​កម្ពុជា​រង​ផលប៉ះពាល់។ ទន្ទឹមនឹងនេះ វា​ក៏​បណ្តាលមកពី​បញ្ហា​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ​រង​ផលប៉ះពាល់ ជាពិសេស​ប្រទេស​ដែលជា​ទីផ្សារសំខាន់ៗរបស់​កម្ពុជា​បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ផ្នែក​សេដ្ឋកិច្ច ហេតុនេះហើយ​ទើប​ធ្វើឱ្យ​យើង​បាត់បង់​ទីផ្សារ​មួយចំនួន​សម្រាប់​ការនាំចេញ៕

  • 5 សំនួរ សួរគូស្នេហ៍ មុនសម្រេចចិត្តរៀបការជាមួយគ្នា

    5 សំនួរ សួរគូស្នេហ៍ មុនសម្រេចចិត្តរៀបការជាមួយគ្នា

    ប្រហែលជាគ្មាននរណានៅទីណាសម្លឹងមើលការរៀបការថា ជារឿងតូចតាចក្នុងជីវិតឡើយ ការរំកឹលឋានៈពីគូស្នេហ៍មកជាគូជីវិត គឺជាជំហានជីវិតមួយទៀតដែលអ្នកទាំងពីរគួរផ្តល់ភាពសំខាន់ ហើយតើអ្នកជឿជាក់ក្នុងចិត្តបានច្រើនតិចប៉ុនណា ថាគូស្នេហ៍របស់អ្នកមានភាពត្រៀមរួចជាស្រេចក្នុងការទប់ប្រគងជីវិតគូរួមជាមួយអ្នក។ ថ្ងៃនេះទើប ឡារ៉ែនរួបរួមសំនួរដែលគូស្នេហ៍របស់អ្នកត្រូវតែឆ្លើយមុននឹងរស់នៅជាមួយគ្នា ដើម្បីឱ្យអ្នក និងគេ(នាង)បានកែសម្រួលទស្សនគតិដែលល្អរួមគ្នា។

    1. ដោយសារអ្វីទើបអ្នកចង់ប្រើជីវិតដែលនៅសល់តទៅមុខទៀតជាមួយខ្ញុំ?

    ដូចដែលបានដឹងហើយថា ការដែលអ្នកទាំងពីរសម្រេចចិត្តរស់នៅរួមគ្នា រឿងដែលតាមមកនោះ គឺការដែលអ្នកទាំងពីរនឹងត្រូវឆ្លងកាត់ពេលវេលានៃសេចក្តីទុក្ខ និងសេចក្តីសុខរួមគ្នា គ្រប់នាទី គ្រប់ម៉ោងរាប់មិនអស់ទៀតបន្ទាប់ពីនេះទៅ និងអ្នកទាំងពីរត្រូវតែប្រឈមមុខ និងកែបញ្ហា ពុះពារទៅជាមួយគ្នា។ នៅពេលដែលសច្ចៈធម៌របស់ជីវិតគូវាដូច្នេះ សាកល្បងស្តាប់ចម្លើយអំពីគេ(នាង)ទៅមើលថា តើដោយសារអ្វីទើបគេ(នាង)នៅតែជ្រើសរើសយកអ្នកមកធ្វើជាគូជីវិត។

    2. តើវិធីណាខ្លះដែលនឹងធ្វើឱ្យជីវិតគូមានសេចក្តីសុខស្ថិតស្ថេរយូរអង្វែង?

    ភាពរ៉ូមែនទិកក្នុងជីវិតគូត្រូវអាស្រ័យទាំងគំនិតច្នៃបង្កើត និងភាពយកចិត្តទុកដាក់ មិនថាតែគូស្វាមីភរិយាថ្មោងថ្មីប៉ុណ្ណោះទេដែលត្រូវការបង្ហាញឱ្យដៃគូដឹងថា តើបងស្រឡាញ់អូនខ្លាំងប៉ុនណា ឬអូនស្រឡាញ់បងខ្លាំងប៉ុនណានោះ សូម្បីតែគូស្នេហ៍ដ៏យូរអង្វែងម្ភៃប្រាំឆ្នាំមកហើយក៏ដោយ ក៏សុទ្ធតែត្រូវការម៉ូមេនត៍បែបនេះដូចគ្នាទាំងអស់។ ការចង់ឱ្យជីវិតគូរបស់ខ្លួនឯងមានសេចក្តីសុខស្ថិតស្ថេរយូរអង្វែង មិនមែនជារឿងឆក់កណ្ឌៀតនោះទេ ប្រាកដណាស់ថា មួយគូៗច្បាស់ជាមានវិធីដែលខុសប្លែកពីគ្នា តែវាស្ថិតនៅត្រង់ថា តើអ្នករកវាឃើញឬក៏អត់ប៉ុណ្ណោះ។

    3. តើអាយុដែលខុសគ្នាមានបញ្ហាអ្វីចំពោះយើងដែរឬទេ?

    មែនទែនទៅ រឿងភាពខុសគ្នារបស់អាយុមិនគួរក្លាយជារឿងដែលអ្នកទាំងពីរមើលរំលងនោះទេ គូស្នេហ៍ជាច្រើនគូត្រូវសម្រេចចិត្តបញ្ចប់សម្ព័ន្ធភាពរវាងគ្នាដោយការលែងលះ ដោយហេតុផលដែលថា អាយុខុសគ្នាច្រើនជ្រុលពេក ទើបធ្វើឱ្យទស្សនគតិខាងការគិតខុសគ្នាទៅដែរ។ នៅពេលដែលរឿងរបស់អាយុដែលមិនអាចកែតម្រូវឱ្យស្មើគ្នាបាននោះ ម្តងនេះក៏ស្ថិតនៅត្រង់ថា តើជីវិតគូរបស់អ្នកត្រៀមជាស្រេចក្នុងការកែសម្រួលទស្សនគតិ ដើម្បីកាត់បន្ថយការយល់ឃើញដែលផ្សេងគ្នារបស់អំឡុងអាយុទៅជាមួយគ្នារហូតមួយជីវិតហើយឬនៅ?។

    4. ត្រៀមរួចជាស្រេចហើយឬនៅក្នុងការធ្វើជាឪពុកម្តាយដ៏ល្អរបស់កូន?

    ប្រាកដណាស់ថា បន្ទាប់ពីអ្នករៀបអាពាហ៍ពិពាហ៍ហើយ អ្នកត្រូវតែចង់មានកូនដើម្បីនឹងក្លាយជាខ្សែច្រវាក់មាសចងចិត្តរវាងអ្នក និងគេ(នាង) បើអ្នកត្រៀមរួចជាស្រេចហើយក្នុងការមានកូន អ្នកចាំបាច់ត្រូវតែមានការរៀបចំផែនការដែលល្អមួយផងដែរ រឿងដែលសំខាន់នោះគឺ អ្នកត្រូវមានភាពអត់ធន់ស៊ូទ្រាំ និងកុំបោះបង់ឱ្យខាងណាម្នាក់ត្រូវចិញ្ចឹមកូនតែម្នាក់ឯងជាដាច់ខាត។

    5. តើអាចទៅរួចទេក្នុងការនិយាយគ្នាត្រង់ៗ?

    ការទំនាក់ទំនងគ្នាយ៉ាងត្រង់ទៅត្រង់មកលើគ្រឹះនៃភាពស្មោះស្ម័គ្រ គឺជាបេះដូងគោលសំខាន់របស់ជីវិតគូ ការជ្រើសរើសយកការប្រមូលសន្សំបញ្ហាកំប៉ិកកំប៉ុកទុកក្នុងខ្លួនដោយមិនព្រមហារមាត់និយាយ ដោយសារតែខ្លាចថា វានឹងប៉ះពាល់ដល់ស្ថានភាព សម្ព័ន្ធភាពនោះ អាចមិនមែនជាដំណោះស្រាយដែលល្អបំផុតជានិច្ចនោះទេ មានតែរឹតតែប្រមូលសន្សំអារម្មណ៍នៃភាពមួហ្មង រក្សាទុកជាចំហេះមួយដែលរង់ចាំតែថ្ងៃផ្ទុះឡើងយ៉ាងមិនដឹងខ្លួននៅពេលណាមួយក៏បានទៅវិញទេ។

    ទាំងអស់ខាងលើនេះ គឺជាសំនួរងាយៗដែលនឹងនាំឱ្យទាំងរូបអ្នក និងគេ(នាង)បានមកអង្គុយទល់មុខគ្នា គិតជាមួយគ្នាថា តើ ត្រៀមជាស្រេចហើយឬនៅដែលអ្នកទាំងពីរយល់ព្រមក្នុងការប្រើជីវិតរួមគ្នានោះ?។ មិនប្រាកដដែរថា សំនួរងាយៗទាំងអស់នេះឯង ដែលនឹងធ្វើឱ្យអ្នកនឹកឃើញរឿងអ្វីបានច្រើនយ៉ាងតាមរយៈចម្លើយរបស់គូស្នេហ៍៕

  • ចាប់ផ្តើមទស្សនានូវអ្វីដែលលោកអ្នកមើលមិនឃើញ និងមិនដែលធ្លាប់បានឃើញជាមួយនឹងកំពូលទូរទស្សន៍ដ៏ឆ្លាតវៃបំផុត សាមសុង Crystal UHD ថ្មី!!

    ចាប់ផ្តើមទស្សនានូវអ្វីដែលលោកអ្នកមើលមិនឃើញ និងមិនដែលធ្លាប់បានឃើញជាមួយនឹងកំពូលទូរទស្សន៍ដ៏ឆ្លាតវៃបំផុត សាមសុង Crystal UHD ថ្មី!!

    (ភ្នំពេញ) ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០៖ ក្រោយពី​បំពេញការងារ​ប្រចាំថ្ងៃ​ដ៏​មមាញឹក​យ៉ាង​នឿយហត់​លោកអ្នក​ប្រាកដជា​ត្រូវការ​សម្រាក និង​លម្ហែ​អារម្មណ៍​ជាក់​ជាពុំខាន…! ពិត​អត់?ឥឡូវនេះ​ជាមួយនឹង​ទូរទស្សន៍​ដ៏​សែន​វៃឆ្លាត​បំផុត សាម​សុង Crystal UHD ថ្មី​មាន​សមត្ថភាព​ពិសេស​អស្ចារ្យ​ក្នុងការ​ផ្លាស់ប្តូរ​គ្រប់​រូបភាព​ទៅជា​កម្រិត 4K និង​មាន​ពណ៌​យ៉ាង​ស្រស់ស្អាត​បំផុត​កម្រិត 16bit 3D ទៀត​នោះ​នឹងធ្វើ​ឱ្យ​លោក​អ្នកមាន​អារម្មណ៍​ប្លែក…ជក់ចិត្ត ស្លុង​ចិត្ត​តែម្តង!

    អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ​លោកអ្នក​នឹងមិន​ចាំបាច់​ចំណាយ​ពេលវេលា​ច្រើន និង​ខ្ជះខ្ជាយ​ថវិកា​ក្នុងការ​ចេញទៅ​ខាងក្រៅ​ជួបជុំ​ជាមួយនឹង​ក្រុមគ្រួសារ…មិត្តភក្តិ ឬ​មនុស្ស​ជាទី​ស្រឡាញ់​ទៀតឡើយ! ទូរទស្សន៍​ដ៏​សែន​វៃឆ្លាត​បំផុត សាម​សុង Crystal UHD ស៊េរី​ថ្មី​នេះ​នឹង​ផ្តល់ឱ្យ​លោកអ្នក​នូវ​ពិភព​កម្សាន្ត​យ៉ាងច្រើន​សម្បូរបែប​ដូចជា៖ ទស្សនា​ខ្សែភាពយន្ត​ជាមួយ​អេក្រង់​ដ៏​ធំ​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក (មិន​ចាញ់​រោងកុន​ប៉ុន្មាន​ទេ), ច្រៀង​ខារ៉ាអូខេ​ដោយ​ស្វែងរក​តាម You Tube តាមរយៈ​ការបញ្ជា​ដោយ​សំឡេង​យ៉ាង​ងាយស្រួល​រហ័ស​ទាន់​ចិត្ត​អមដោយ​កម្រិត​ពណ៌ និង​ពន្លឺ​ត្រូវបាន​បង្ហាញ​ចេញមក​យ៉ាង​ល្អឥតខ្ចោះ​ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ​នឹង​ភ្នែក…! ពិតជា​លង់​ស្រឡាញ់​ដកចិត្ត​មិនបាន…!

    សូមបញ្ជាក់ថា​ទូរទស្សន៍​ដ៏​សែន​វៃឆ្លាត​បំផុត សាម​សុង Crystal UHD ស៊េរី​ថ្មី​នេះ​គឺ​ត្រូវបាន​រចនា​ឡើងមក​យ៉ាង​ប្រណីត​ជាទីបំផុត​ដោយ​បំពាក់​មក​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​របស់​ក្រុមហ៊ុន សាម​សុង ក្នុងការ​ធ្វើឱ្យ​ការ​ទស្សនា និង​ការកម្សាន្ត​របស់លោក​អ្នក​ពោរពេញ​ដោយ​ភាព​រំភើប​ភ្ញាក់ផ្អើល​លើសពី​ការរំពឹងទុក!

    ខាងក្រោម​នេះ​គឺជា​ចំណុច​ពិសេស និង​មុខងារ​ដ៏​វៃឆ្លាត​បំផុត​នៃ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​របស់​ក្រុមហ៊ុន សាម​សុង ក្នុងការ​ធ្វើឱ្យ​ទូរទស្សន៍​វៃឆ្លាត​ម៉ូ​ឌែ​ល សាម​សុង គ្រី​ស្តា​ល់ យូ​អេ​ច​ឌី ( Samsung Crystal UHD TV) ស៊េរី​ថ្មី​ជំនាន់​ចុងក្រោយ​ទទួលបាន​ភាព​ស្ញប់ស្ញែង​គួរ​ជាទី​មោទន​បំផុត​ជុំវិញ​ពិភពលោក!

    • Intelligent Voice Assistants & Voice Command

    ការភ្ជាប់​មក​ជំនួយការ​ប្រើប្រាស់​សំឡេង​ដើម្បី​ធ្វើការ​បញ្ជា​លើ​កម្មវិធី​ទូរទស្សន៍ ស្វែ​ករក​នូវ​កម្មវិធី​កម្សាន្តផ្សេងៗបាន​យ៉ាង​ងាយស្រួល​ជាមួយនឹង​មុខងារ Bixby ។ Voice Command ជាការ​សហការ​ដើម្បី​បញ្ជា​សំឡេង​ទៅលើ​ទូរទស្សន៍​តាមរយៈ Voice សំឡេង​ទៅដល់ 3 ជម្រើស​ដូចជា Airplay, Alexa & Google assistance ។

    • Khmer Voice Support for YouTube

    ជា​មុខងារ​ពិសេស​ក្នុង​ការបញ្ជា Voice សំឡេង​ជា​ភាសា​ខ្មែរ​ដើម្បី​ស្វែងរក​វី​ដី​អូ ឬ​បទ​ចម្រៀង​ក្នុង YouTube ដែល​លោកអ្នក​ត្រូវការ​បាន​ដោយ​យ៉ាង​ងាយស្រួល។

    ម៉េច​ដែរ…? ពេញចិត្ត​នៅ​ប៉ុណ្ណឹង! នៅចាំ​អី​ទៀត…ប្រញាប់​ទិញ​ដាក់​ផ្ទះ​ឥឡូវនេះ​ទាំងអស់គ្នា​ភ្លាម​ទៅ​ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍​នៃ​ពិភព​ដ៏​មហស្ចារ្យ​លើសពី​ការមើលឃើញ!

    សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់​តាម​ហាង​ទំនើប​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​អាចធ្វើ​ការទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន​តាមរយៈ​ទូរស័ព្ទ​លេខ៖ 1800-20 32 32 !

    * បញ្ជាក់៖ រាល់​ការ​ជាវ​ទូរទស្សន៍ សាម​សុង គ្រី​ស្តា​ល់ យូ​អេ​ច​ឌី (Samsung Crystal UHD TV) តាម​បណ្តា​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​កុំ​ភ្លេច​សួររក​ប័ណ្ណធានា​ផង​ណា៎…!

  • UEFA ដកពិន័យចេញពី Manchester City អាចលេង Champions League បាន

    UEFA ដកពិន័យចេញពី Manchester City អាចលេង Champions League បាន

    កាលពីពេល​កន្លងទៅនេះ UEFA បាន​ចោទ​ក្រុម Man City ថា បានធ្វើ​ខុសច្បាប់ “តុល្យភាព​ហិរញ្ញវត្ថុ” ដោយ​ពួកគេ​បាន​ចំណាយលុយ​ច្រើន​លើសលប់ ពី​ចំណូល​របស់ខ្លួន​ដើម្បី​ទិញដូរ​កីឡាករ​នៅ​អំឡុង​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយនេះ ខណៈដែល​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​នេះ ក៏បាន​ពិន័យ​ក្រុម​របស់លោក Pep មិនឱ្យ​លេង UCL រហូតដល់ 2ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រាប់លាន​ផោន​ទៀតផង។

    តែ​ពេលនេះ បម្រាម​មួយ​នេះ​ត្រូវបាន​ដកចេញ​វិញ ក្រោយ​ពេលដែល​ក្លិប​មួយ​នេះ​បានទទួល​ជោគជ័យ​នៅក្នុង​ការប្តឹង​ឧទ្ធរណ៍​ទៅកាន់​តុលាការ​កីឡា កាលពី​ថ្ងៃទី13 ខែកក្កដា ឆ្នាំ2020 កន្លងទៅនេះ។

    បើតាម​ច្បាប់ UEFA បានធ្វើការ​ហាមប្រាម​ដល់​ក្លិប​បាល់ទាត់​អាជីព​ទាំងអស់​នៅក្នុង​ទ្វីបអឺរ៉ុប​ដែល​ភាគច្រើន​សុទ្ធ​តែមាន​មហាសេដ្ឋី​ជា​ម្ចាស់​ក្លិប មិនឱ្យ​ធ្វើការ​ចំណាយ​លើសពី​ចំណូល​របស់ខ្លួន​ឡើយ ដើម្បី​រក្សា​កម្រិត​ប្រកួតប្រជែង​ក្នុង​ពិភព​បាល់ទាត់៕