Author: ធឿន មករា

  • នៅស្ងៀមៗ ហូរឈាមច្រមុះ អាចមានន័យពីសញ្ញាអាក្រក់របស់ជំងឺដែលបង្កប់នៅខាងក្នុង

    នៅស្ងៀមៗ ហូរឈាមច្រមុះ អាចមានន័យពីសញ្ញាអាក្រក់របស់ជំងឺដែលបង្កប់នៅខាងក្នុង

    ហូរឈាមច្រមុះបណ្តាលមកពីអ្វី? បើអ្នកណានៅរកមូលហេតុដែលឈាមហូរចេញពីច្រមុះមិនទាន់ឃើញ សូមកុំធ្វើព្រងើយឱ្យសោះ ព្រោះអាការហូរឈាមច្រមុះដោយគ្មានមូលហេតុនេះអាចប្រាប់ពីសភាវរបស់ជំងឺ ឬភាពខុសប្រក្រតីរបស់រាងកាយក៏អាចថាបានដែរ បើអ៊ីចឹងយើងនាំគ្នាមកមើលថា ការពិតទៅការនៅសុខៗហូរឈាមច្រមុុះហ្នឹងបណ្តាលមកពីអ្វីខ្លះ?។

    1. គ្រុនផ្តាសាយ អាការប្រតិកម្ម ឬអាការរលាកផ្សេងៗ

    អាការនេះអាចបណ្តាលមកពីការបែកសរសៃឈាមតូចៗនៅក្នុងច្រមុះ ដោយការញើសសំបោខ្លាំងជ្រុលពេក ឬអាការរលាកផ្សេងៗនៅខាងក្នុងច្រមុះ ដែលពេលព្យាបាលអាការទាំងនោះឱ្យជាសះទៅវិញហើយនោះ ឈាមក៏នឹងលែងហូរចេញមកទៀតដែរ។

    2. បញ្ហាសុខភាព

    American Heart Association បានបង្ហើបឱ្យដឹងថា បើសិនអាការហូរឈាមតាមច្រមុះរបស់លោកអ្នកចេញមកព្រមជាមួយអាការឈឺក្បាល ធ្ងន់ក្បាលយ៉ាងខ្លាំង ដកដង្ហើមញាប់ និងមានអាការញ័រដើមទ្រូងនោះ អាចបង្ហាញអំពីសភាវជំងឺបេះដូង ជំងឺថ្លើម រោគក្រលៀន រោគពិសសុរារ៉ាំរ៉ៃ ឬជំងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធឈាមផ្សេងៗ ដូចជា ជំងឺលើសឈាម និងជំងឺបេះដូង ព្រោះសភាវរបស់ជំងឺទាំងនេះអាចធ្វើឱ្យកើតសម្ពាធឈាមឡើងខ្ពស់លើសពីប្រក្រតី រហូតដល់ឈាមត្រូវតែហូរចេញមកតាមរន្ធច្រមុះដើម្បីបញ្ចុះសម្ពាធឈាមទាំងនោះ។ អាការហូរឈាមច្រមុះបែបនេះ មិនគួរឱ្យទុកចិត្តជាទីបំផុត ព្រោះមានន័យពីអាការរបស់ជំងឺដែលកំពុងកើតចាប់ផ្តើមកម្រើកឡើងហើយ។

    3. ធាតុអាកាសដែលស្ងួតជ្រុលខ្លាំងពេក

    ធាតុអាកាសដែលស្ងួតរហូតជ្រុលពេកអាចធ្វើឱ្យសរសៃឈាមតូចៗនៅក្នុងច្រមុះឡើងស្រួយ និងបែក នាំមកនូវឈាមដែលហូរចេញមកក្រៅឱ្យឃើញ ដែលយើងអាចការពារបានដោយការបន្ថែមសំណើមនៅក្នុងអាកាស ដោយនៅពេលគេងចូរយកទឹកមួយផ្តឹលមកដាក់នៅលើតុក្បាលដំណេកជិតក្បាល ឬទទួលទានផ្លែឈើដែលមានវីតាមីន C ខ្ពស់ ដូចជា ផ្លែក្រូច ត្របែក ប៉េងប៉ោះ ឬម្នាស់ជាប្រចាំ វាអាចជួយការពារការហូរឈាមច្រមុះបាន។

    4. ថ្នាំប្រភេទខ្លះ

    ជាពិសេសថ្នាំបន្ថយការបង្កកខ្លួនរបស់ឈាម ឬថ្នាំប្រឆាំងការលាកដែលអាចជាមូលហេតុរបស់អាការហូរឈាមច្រមុះបាន។

    5. ការក្រហាយផ្សារ ឬអាការរងរបួសក្នុងបរិវេណសាច់ភ្នាសច្រមុះ

    មិនថាតែការខ្វេះច្រមុះ ញីច្រមុះខ្លាំងៗ ការញើសសំបោ ឬការប្រែប្រួលរបស់អាកាសធាតុយ៉ាងឆាប់រហ័ស ដូចជា ខណៈពេលជិះយន្តហោះ ឬកប៉ាល់មុជទឹក ជាដើម។ លក្ខណៈបែបនេះអាចធ្វើឱ្យកើតអាការហូរឈាមច្រមុះបានងាយជាងប្រក្រតី។

    ការបថមព្យាបាលចំពោះអ្នកដែលហូរឈាមច្រមុះ

    1 . ឱ្យអ្នកជំងឺងើយមុខឡើង ឬឱនមុខចុះខ្លាំង ហើយយកដៃច្របាច់ច្រមុះឱ្យយូរប្រមាណជា 5 – 10 នាទី ក្នុងអំឡុងពេលនោះឱ្យអ្នកជំងឺដកដង្ហើមវែងៗតាមមាត់ជំនួសសិន និងអាចដាក់កន្សែងត្រជាក់ ឬថង់ទឹកកកនៅលើក្តោងច្រមុះផងក៏បាន។

    2 . ក្រោយពីមានហូរឈាមច្រមុះក្នុងរយៈពេល 24 – 48 ម៉ោងដំបូង គួរចៀសវាងការញើសសំបោខ្លាំងៗ ការកេះ ឬខ្វេះរន្ធច្រមុះ ការបញ្ចេញកម្លាំងខ្លាំងៗ ការហាត់ប្រាណខ្លាំងៗធ្ងន់ៗ ឬធ្វើកិច្ចការងារណាដែលអាចកើតផលប៉ះពាល់ដល់បរិវេណច្រមុះគ្រប់ប្រភេទ។

    3 . នៅពេលឈាមឈប់ហូរហើយ គួរតែគេងសម្រាក ដោយដាក់ក្បាលឱ្យខ្ពស់ បន្ទាប់ពីនោះយកទឹកកកមកដាក់ស្អំនៅលើថ្ងាស់ ឬបំពង់ក ឬមិនទេក៏អាចបៀមទឹកកក ដើម្បីឱ្យឈាមឈប់ហូរក៏បាន តែការស្អំ ឬបៀមទឹកកកនេះគួរប្រើពេលវេលាត្រឹមតែ ម្តងៗ 10 នាទីបានហើយ ដោយសម្រាក 10 នាទី បន្ទាប់មកសឹមដាក់ស្អំ ឬបៀមទឹកកកជាថ្មីម្តងទៀត។

    4 . ក្នុងករណីដែលធ្វើការបថមព្យាបាលហើយ តែឈាមនៅតែមិនឈប់ហូរ គួរតែប្រញាប់នាំអ្នកជំងឺទៅមន្ទីពេទ្យភ្លាមតែម្តង ភាពខុសប្រក្រតីខាងរាងកាយ ដូចជាការហូរឈាមច្រមុះនេះជាដើម អាចបញ្ជាក់អំពីសភាវជំងឺដង្កាត់របស់រាងកាយបានច្រើនយ៉ាងណាស់ ដូច្នេះគួរតែនាំគ្នាយកចិត្តទុកដាក់មើលថែទាំសុខភាព កុំភ្លេចភ្លាំងឱ្យសោះ ទាំងអស់នេះគឺដើម្បីសុខភាពដ៏ល្អ និងរាងកាយដ៏រឹងប៉ឹងមាំមួន ប្រាសចាករោគភ័យរបស់យើងទាំងអស់គ្នា៕

  • តាំងគភ៌ដំបូងៗ ជាមួយអារម្មណ៍ប្រែប្រួល

    តាំងគភ៌ដំបូងៗ ជាមួយអារម្មណ៍ប្រែប្រួល

    បញ្ហាស្រ្តីមានគភ៌ នៅពេលដែលអនាគតអ្នកម្តាយថ្មោងថ្មីចាប់ផ្តើមតាំងគភ៌ដំបូងៗ ច្រើនតែមានអាការឆាប់ខឹងមួម៉ៅ និងមានអារម្មណ៍ប្រែប្រួល តែស្រ្តីមានគភ៌ទាំងឡាយកុំអាលកង្វល់ចិត្តអី ព្រោះអាការទាំងនេះនឹងកើតឡើងក្នុងអំឡុង 3 ខែដំបូងប៉ុណ្ណោះឯង តែត្រូវអាស្រ័យកម្លាំងចិត្តអ្នកដែលនៅក្បែរខ្លួន ជាពិសេសអនាគតលោកឪពុក គឺជាកម្លាំងសំខាន់បំផុត។ ថ្ងៃនេះ ឡារ៉ែនមានគន្លឹះល្អៗក្នុងការត្រៀមទប់ទល់ក្នុងអំឡុងពេលមានគភ៌ដំបូងៗមកជម្រាបអនាគតអ្នកម្តាយ និងលោកឪពុកដូចតទៅ។

    នៅពេលដែលដឹងពិតប្រាកដហើយថា មានគភ៌…ក្តីត្រេកអរតែងតែចេញមកលាយឡំជាមួយក្តីកង្វល់ រឹតតែនៅក្នុងសង្គមព័ត៌មានផងនោះ រឹតតែអាន រឹតមានអារម្មណ៍ថាភ័យព្រួយឡើង​ ដូចជា “តើខ្ញុំនឹងធ្វើបានទេ?” “តើខ្ញុំនឹងធ្វើយ៉ាងណាតទៅទៀត” ជាដើម។

    គួបផ្សំជាមួយការប្រែប្រួលរបស់រាងកាយ និងផ្លូវចិត្តរបស់ស្រ្តីមានគភ៌ខ្លួនឯងដែលត្រូវប្រឈមទៀតផង តែមិនចាំបាច់កង្វល់ទេអនាគតអ្នកម្តាយថ្មោងថ្មីទាំងឡាយ គ្រាន់តែតាំងស្មារតី ហើយដកដង្ហើមវែងៗ យល់ដឹងអំពីកម្មវិធីការប្រែប្រួលរបស់រាងកាយ និងផ្លូវចិត្ត និងដឹងពីបញ្ហាច្បាស់ ក៏អាចកែខៃបានដែរ។

    តាំងគភ៌ដំបូងៗ ជាមួយអារម្មណ៍ប្រែប្រួល

    នៅពេលចាប់ផ្តើមមានផ្ទៃពោះក្នុង 3 ខែដំបូងភាពប្រែប្រួលផ្សេងៗ មិនថាតែអាការនឿយល្វើយ ក្អួតចង្អោរ រមាស់ក្បាលដោះ និងអារម្មណ៍ដែលផ្លាស់ប្តូរខុសពីមុនយ៉ាងស្រឡះ ជួនកាលមានអារម្មណ៍ថា មានសេចក្តីសុខតែមួយភ្លែត ក៏សោកសៅវិញភ្លាមតែម្តង ដោយសារតែមានការកង្វល់ពីការតាំងគភ៌របស់អ្នកម្តាយថ្មោងថ្មី និងបញ្ហាជាច្រើនដែលខ្លួនបារម្ភ ដូចជា មិនដឹងជាប្រសូតបុត្រយ៉ាងណា មើលថែទាំកូនយ៉ាងណា -ល- ក្នុងអំឡុងពេលនេះត្រូវអាស្រ័យកម្លាំងចិត្តពីអ្នកដែលនៅក្បែរខ្លួន ជាពិសេសស្វាមីគឺជាមនុស្សដែលសំខាន់បំផុត។

    ប្រើពេលវេលាមិនយូទេនឹងសម្របសម្រួលខ្លួនបានមិនខាន

    បន្ទាប់ពីការសម្របសម្រួលខ្លួនពេញមួយរយៈពេល 3 ខែមកហើយ និងឈានចូលខែទី 3 – 6 ស្រ្តីមានគភ៌នឹងចាប់ផ្តើមស៊ាំធ្លាប់ជាមួយតួនាទី “ខ្ញុំគឺជាស្រ្តីមានគភ៌” ហើយ។ ស្រ្តីមានគភ៌ភាគច្រើនចាប់ផ្តើមមានអារម្មណ៍ធូរស្រាលឡើង ចាប់ផ្តើមរៀនយល់ដឹងពីភាពផ្លាស់ប្តូរដែលកើតឡើងបានងាយជាងមុន មានអារម្មណ៍ដឹងពីជីវិតតូចមួយដែលនៅក្នុងគភ៌របស់ខ្លួន ពេលកូនរើបំរះគឺជាវិនាទីដែលអស្ចារ្យបំផុតដែលពិបាកនឹងបរិយាយអំពីអត្ថន័យរបស់ភាពជាម្តាយ និងកូនខ្លាំងណាស់។

    ជិតប្រសូត សុំឱបម្តងទៀត

    នៅពេលភាពអ៊ីកអ៊ាកមកដល់ រាងកាយរបស់ស្រ្តីមានគភ៌ចាប់ផ្តើមមានសាច់មានឈាម និងមានទម្ងន់ខ្លួនច្រើនឡើង ដើរ​ហើរ ចាប់កាន់អ្វីលែងងាយស្រួល ជួយខ្លួនឯងលែងសូវបានដូចមុន រឹតតែជីតប្រសូត ក៏រឹតតែមានកង្វល់រឿងការប្រសូត ខ្លាចកូនមិនរឹងប៉ឹង និងកង្វល់ជាច្រើនរឿងទៀត។

    ការយកចិត្តទុកដាក់ និងកម្លាំងចិត្តគឺជារឿងសំខាន់ មនុស្សនៅជុំវិញខ្លួនគឺជាថ្នាំលើកកម្លាំងដែលធ្វើឱ្យស្រ្តីមានគភ៌អាចសម្របសម្រួលអារម្មណ៍ក្នុងមួយថ្ងៃៗបានយ៉ាងមានសេចក្តីសុខ ជាពិសេសស្វាមីគួរយកចិត្តទុកដាក់ថែទាំភរិយាមានគភ៌ជាពិសេស កុំឱ្យមានការតូចចិត្តជាដាច់ខាត គួរប្រើពាក្យសំដីដែលផ្តល់នូវភាពជឿជាក់ថា នឹងនៅក្បែរគ្នាជាកម្លាំងថាមពលវិជ្ជមានដល់អ្នកម្តាយឱ្យឆ្លងផុតអ្វីៗគ្រប់យ៉ាងទៅបានយ៉ាងសុវត្ថិភាព។

    បើសិននៅពេលណាដែលស្រីមានគភ៌មានអារម្មណ៍មិនសប្បាយចិត្ត ឬមានកង្វល់នោះ សាកល្បងប្រើវិធីរៀនបែបងាយៗ ដែលអាចធ្វើបានដោយខ្លួនឯងគ្រប់ពេលវេលា ដូចជាការអង្គុយសម្រាកបន្ធូរអារម្មណ៍ឱ្យសប្បាយៗនៅក្នុងទីកន្លែងដែលខ្លួនចូលចិត្ត ក្នុងបន្ទប់ដែលមានខ្យល់អាកាសចេញចូលល្អ សម្រាកបន្ធូរសាច់ដុំគ្រប់ផ្នែក បិទភ្នែកយឺតៗ ដកដង្ហើមចេញចូលវែងៗយឺតៗ នឹកដល់តែរឿងរ៉ាវល្អៗ ទិដ្ឋភាពដែលស្អាតៗ ម្តងៗប្រមាណជា 5 – 10​ នាទី ព្រមជាមួយសំឡេងបទភ្លេងស្រាលៗ នោះស្រ្តីមានគភ៌នឹងបានជួបនឹងសេចក្តីសុខដែលមាននៅក្បែរៗខ្លួនមិនខាន៕

  • រឿងសំខាន់ក្នុងការច្នៃម៉ូដផ្ទះសម្រាប់មនុស្សចាស់ ឬទុកនៅក្រោយពេលចូលនិវត្តន៍

    រឿងសំខាន់ក្នុងការច្នៃម៉ូដផ្ទះសម្រាប់មនុស្សចាស់ ឬទុកនៅក្រោយពេលចូលនិវត្តន៍

    ការច្នៃម៉ូដផ្ទះសម្រាប់ក្រុមគ្រួសារដែលមានមនុស្សចាស់ ឬកំពុងចង់សាងសង់ផ្ទះជូនឪពុកម្តាយ ឬទុកស្នាក់នៅក្នុងអំឡុងពេលចុងក្រោយរបស់ជីវិត ដែលទោះជាវាជាផ្ទះរបស់យើងខ្លួនក៏ដោយ ក៏ត្រូវតែរៀបផែនការយ៉ាងល្អិតល្អន់ និងគិតទុកជាមុនសម្រាប់ការស្នាក់នៅ និងភាពងាយស្រួលរបស់បណ្តាមនុស្សចាស់ក្នុងផ្ទះផងដែរ ជាពិសេសរឿងសំខាន់ខាងក្រោមនេះគឺជារឿងដែលគួរយកចិត្តទុកដាក់ជាពិសេសក្នុងការច្នៃម៉ូដ និងការតុបតែងផ្ទះដែលមានមនុស្សចាស់រស់នៅជាមួយ។

    1. ផ្ទះត្រូវមានសីតុណ្ហភាពដែលស័ក្តិសម

    ដោយរាងកាយរបស់មនុស្សចាស់ដែលមិនអាចស៊ូទ្រាំចំពោះសភាពធាតុអាកាសដែលប្រែប្រួលយ៉ាងឆាប់រហ័សបាននោះ ទើបយើងចាំបាច់ត្រូវតែនឹកដល់សីតុណ្ហភាពក្នុងផ្ទះជាចម្បង ទាំងទិសខ្យល់ ប្រឡោះខ្យល់ ឌីហ្សាញខាងក្នុង និងការជ្រើសរើសប្រើសម្ភារៈដែលមានគុណសម្បត្តិជួយសម្រួលសីតុណ្ហភាពក្នុងផ្ទះឱ្យសក្តិសមល្ម មិនក្តៅ ឬត្រជាក់រហូតជ្រុលពេកទោះជាធាតុអាកាសខាងក្រៅប្រែប្រួលយ៉ាងណាក៏ដោយ។

    2. ពន្លឺភ្លើងភ្លឺល្មមគ្រប់គ្រាន់

    ដោយសារតែការមើលឃើញរបស់មនុស្សចាស់មិនសូវជាល្អប៉ុន្មាននោះ ដូច្នេះចំណុចផ្សេងៗនៅក្នុងផ្ទះ មិនថាតែបន្ទប់គេង បន្ទប់ទឹក បន្ទប់អង្គុយលេង ប្រឡោះផ្លូវដើរ និងផ្លូវចូលផ្ទះនោះឡើយ គួរតែមានកម្រឹតនៃភាពភ្លឺ និងពន្លឺភ្លើងដែលភ្លឺល្មមគ្រប់គ្រាន់ដើម្បីការពារឧបត្តិហេតុ។

    3. កម្រាលឥដ្ឋគឺជាការងារដែលត្រូវប្រយ័ត្ន

    ឌីហ្សាញដែលសំខាន់សម្រាប់ផ្ទះដើម្បីមនុស្សចាស់នោះក៏គឺ កម្រាលឥដ្ឋ ដូច្នេះយើងគួរតែជ្រើសរើសប្រើកម្រាលឥដ្ឋដែលមានភាពប្រថុយប្រថានក្នុងការរអឹលតិចបំផុត កុំឱ្យមានកម្រាលឥដ្ឋដែលខ្ពស់ទាបជាងគ្នាច្រើនពេក ក្រៅពីនេះបើចង់ក្រាលកម្រាលព្រំ បន្ថែមពីលើផងនោះ នឹងធ្វើឱ្យមនុស្សចាស់ដើរបានកាន់តែងាយស្រួលខ្លាំងឡើងទៀតផង តែត្រូវមិនភ្លេចបិទបន្ទះការពាររអឹលនៅពីក្រោមកម្រាលព្រំដើម្បីការពារឧបត្តិហេតុផ្សេងៗនោះឡើយ។

    4. ឌីហ្សាញបន្ទប់ចង្រ្កានបាយដែលធ្វើឱ្យមនុស្សចាស់ជួយខ្លួនឯងបានងាយស្រួល

    មនុស្សចាស់ច្រើនតែធ្វើការងារក្នុងចង្រ្កានបាយមិនសូវបានពេញទំហឹងឡើយ ដូចជាមានបញ្ហារឿងទូជាប់ជញ្ជាំងខ្ពស់ពេក កម្ពស់របស់តុត្រៀមម្ហូបអាហារមិនសមល្មមជាមួយការប្រើការ ជាដើម ដូច្នេះបើចង់ច្នៃម៉ូដបន្ទប់ចង្រ្កានបាយឱ្យសក្តិសមជាមួយមនុស្សចាស់នោះ យើងចាំបាច់ត្រូវតែរៀបកម្ពស់របស់ទូជាប់ជញ្ជាំងឱ្យមានកម្ពស់សមល្មមនឹងកម្ពស់របស់មនុស្សចាស់ ធ្វើតុត្រៀមអាហារឱ្យមនុស្សចាស់អាចឈរធ្វើការបានយ៉ាងងាយស្រួល មិនបាច់ឱន ឬជំទើត។

    5. សុវត្ថិភាពក្នុងបន្ទប់ទឹកគឺជារឿងសំខាន់បំផុត

    បន្ទប់ទឹកនេះឯង គឺជាផ្នែកសំខាន់មួយដែលយើងត្រូវតែផ្តល់ភាពប្រយ័ត្នប្រយែងខ្ពស់បំផុត ដោយត្រូវបំពាក់បង្កាន់ដៃឱ្យពេញក្នុងទីកន្លែងដែលប្រើការ បំបែកបន្ទប់ងូតទឹកចេញពីបរិវេណផ្សេងៗដោយឡែក ត្រៀមកៅអីអង្គុយងូតទឹកទុកជាស្រេច បំពាក់ពន្លឺឱ្យភ្លឺគ្រប់គ្រាន់ បំពាក់កញ្ចក់ផ្ទាំងធំៗដែលមើលពីត្រង់ណាក៏មើលឃើញច្បាស់ ដើម្បីកុំឱ្យមនុស្សចាស់ត្រូវដើរចូល-ចេញបន្ទប់ទឹកញឹកញាប់ និងពិសេសបំផុតគឺក្រាលកម្រាលឥដ្ឋដែលការពារការរអឹលផង៕

  • តើអ្នកម្តាយត្រូវធ្វើយ៉ាងណា នៅពេលមូសខាំកូន?

    តើអ្នកម្តាយត្រូវធ្វើយ៉ាងណា នៅពេលមូសខាំកូន?

    រដូវភ្លៀងបែបនេះ បញ្ហាដែលចាំតែរំខានចិត្តលោកឪពុកអ្នកម្តាយនោះ ប្រហែលជាគេចមិនផុតពីសត្វមូសចង្រៃដែលចាំតែខាំកូនជាទីស្រឡាញ់គ្រប់ពេលវេលា។ មូសដែលខាំកូនៗយើង ភាគច្រើនៗតែជាមូសរំខានភេទញី ដែលវាត្រូវតែប្រើឈាមក្នុងការបង្កើតស៊ុត ហើយនៅពេលវាខាំ វានឹងបញ្ចេញទឹកមាត់ចេញមក ដែលជាមូលហេតុរបស់អាការកន្ទួលរមាស់ និងប្រតិកម្មចាញ់ហ្នឹងឯង ស្បែករបស់កុមារតូចៗដែលនៅស្តើង នៅពេលត្រូវមូសខាំក៏ក្លាយជាកន្ទួលពណ៌ក្រហមតូចមួយ មានអាការរមាស់ និងនៅលើក្មេងខ្លះដែលមានប្រតិកម្មចាញ់ទឹកមាត់មូសផងនោះ អាចឡើងកន្ទួលរឹងពណ៌ក្រហម ដែលវានឹងប្រើពេលវេលាយូរទំរាំនឹងស្រករាបទៅវិញ។ គឺជាបញ្ហាមួយដែលធ្វើឱ្យលោកឪពុកអ្នកម្តាយពិបាកចិត្តខ្លាំង ថែមទាំងធ្វើឱ្យកូនតូចយំរករឿង មិនស្រួលខ្លួន និងអាចបន្សល់ទុកស្លាកស្នាមនៅលើស្បែកទៀតផង។

    ការមើលថែទាំព្យាបាលនៅពេលមូសខាំកូន និងមានអាការប្រតិកម្មចាញ់មូសខាំ

    – នៅពេលកូនត្រូវមូសខាំ ចូរលាងសម្អាតដោយទឹកស្អាត ឬទឹកលាយសាប៊ូតិចៗនៅត្រង់កន្លែងដែលមូសខាំនោះ

    – ស្អំទឹកកក ឬជេលត្រជាក់ ដើម្បីកាត់បន្ថយអាការរមាស់

    – បើមានអាការធ្ងន់ធ្ងរខ្លាំង ចាំបាច់ត្រូវតែនាំកូនតូចទៅជួបគ្រូពេទ្យ

    – កាត់ក្រចកដៃកូនឱ្យខ្លីៗ ព្រោះកូនអាចនឹងអេះ ខ្វាច កន្លែងមូសខាំនោះរហូតក្លាយជាដំបៅ

    ការមើលថែទាំកូនតូចក្នុងរដូវភ្លៀងបែបនេះ គឺជារឿងសំខាន់ណាស់ ព្រោះក្រៅពីមូសហើយនោះ នៅមានជំងឺ និងរោគចង្រៃជាច្រើនទៀតដែលមកជាមួយទឹកភ្លៀង វិធីដែលល្អបំផុតនោះគឺ ត្រូវស្លៀកពាក់ឱ្យកូនតូចឱ្យបានជីតគត់មត់ និងឱ្យនៅក្នុងទីកន្លែងដែលភ្លឺស្រឡះ ដើម្បីសុវត្ថិភាពរបស់កូន៕

  • ដឹងឬទេ បន្លែ និង ផ្លែឈើអ្វីខ្លះ រឹតតែញ៉ាំ រឹតតែក្តៅ?

    ដឹងឬទេ បន្លែ និង ផ្លែឈើអ្វីខ្លះ រឹតតែញ៉ាំ រឹតតែក្តៅ?

    ប្រធានបទសន្ទនានៅក្នុងក្រុមមិត្តភ័ក្តិមួយរយៈនេះ យ៉ាងណាៗក៏ចៀសមិនផុតពីរឿងធាតុអាកាសក្តៅហប់នៅក្នុងប្រទេសយើងឡើយ ជាពិសេសក្នុងអំឡុងពេលសម្រាកថ្ងៃត្រង់ ដែលយើងគ្រប់គ្នាត្រូវដើរទៅរកកន្លែងលក់បាយ អ្នកខ្លះចៀសវាងពីការប្រយុទ្ធជាមួយកម្តៅថ្ងៃដ៏ក្តៅចង់ឆេះដោយការដាក់បាយពីផ្ទះមកញ៉ាំ ឬទិញអាហារត្រៀមសម្រាប់ពេលថ្ងៃត្រង់ទុកតាំងពីព្រឹក តែសម្រាប់អ្នកដែលគ្មានជម្រើស ឬត្រៀមមិនទាន់ ក៏ត្រូវតែញើសជោកខ្លួន ក្តៅហប់រហូតមុខឡើងក្រហម រឹតតែញ៉ាំអាហារក្តៅចូលទៅទៀតផងនោះសឹងតែនិយាយមកចេញអណ្តាតភ្លើងឯណោះ។

    ហើយនឹងរឹតតែយ៉ាប់ខ្លាំងទៅទៀតបើសិនជាធាតុអាកាសខាងក្រៅក្តៅស្រាប់ហើយ យើងថែមទាំងទទួលទានអាហារដែលប្រកបដោយបន្លែផ្លែឈើដែលមានឬទ្ធិក្តៅចូលទៅទៀតផងនោះ ដល់អ៊ីចឹងវានឹងរឹតតែក្តៅទាំងខាងក្នុង និងខាងក្រៅតែម្តង។ តើមានបន្លែ និងផ្លែឈើប្រភេទណាខ្លះដែលក្នុងអំឡុងពេលធាតុអាកាសក្តៅៗបែបនេះ យើងគួរតែផ្អាកញ៉ាំសឹន?

    បន្លែដែលមានឬទ្ធិក្តៅ

    មើមខ្ជាយ ស្លឹកម្រះព្រៅ ស្លឹកគុយឆាយ ខ្ទឹមស ខ្ញី ម្តេង រមៀត ស្លឹកជីនាងវង ម្ទេស ម្រេច គ្រឿងទេស។

    ផ្លែឈើដែលមានឬទ្ធិក្តៅ

    ផ្លែចេក ផ្លែប៉ាស្យុង ផ្លែខ្នុរទុំ សាវម៉ាវ ត្របែក ធុរេន ទទឹម ទៀប ព្នៅ មៀន ឡុងកុង ម៉ាក់ប្រាង ស្វាយទុំ។

    មូលហេតុដែលត្រូវទទួលទានបន្លែផ្លែឈើទាំងអស់នេះឱ្យតិចជាងមុន

    ដោយសារតែបន្លែផ្លែឈើទាំងនោះ ពេលខ្លះអាចធ្វើឱ្យយើងញ៉ាំហើយមានអារម្មណ៍ថាហឹរ រស់ជាត់ផ្អែមខ្លាំង រហូតធ្វើឱ្យយើងរឹតតែស្រេកទឹកខ្លាំងឡើង ក្រៅពីនេះបើទទួលទានអាហារហឹរ ប៉ះធាតុអាកាសក្តៅ អាចធ្វើឱ្យរាងកាយបាត់បង់ញើសច្រើនជាងប្រក្រតី បើសិនមិនញ៉ាំទឹកឱ្យគ្រប់គ្រងទេនោះ អាចនឹងធ្វើឱ្យរាងកាយខ្វះជាតិទឹកបាន។

    រដូវក្តៅ ញ៉ាំអាហារដែលមានឬទ្ធិត្រជាក់

    បើចង់សម្រួលតុល្យភាពរបស់រាងកាយមិនឱ្យក្តៅតាមធាតុអាកាសខ្លាំងពេក គួរទទួលទានអាហារដែលមានឬទ្ធិត្រជាក់ក្នុងបរិមាណដែលសមរម្យ។

    បន្លែដែលមានឬទ្ធិត្រជាក់

    ផ្កាខាត់ណា ស្ពៃចង្កឹះ ស្ពៃបូកគោ សាលាដ ស្នៀតពោត ស្លឹកតើយ សណ្តែកបណ្តុះ ព្រលឹត ប្រខូលី ត្រប់ ម្រុំ ត្រឡាច។

    ផ្លែឈើដែលមានឬទ្ធិត្រជាក់

    ស្រកានាគ បំពេញរាជ ត្រសក់ស្រូវបារាំង ជម្ពូ ឈើរី ឥឡឹក ត្រសក់ស្រូវ មង្ឃុត កន្ទួត ដូងខ្ចី ទឹកក្រូចឆ្មារ ម្នាស់ សារី ផ្លែប៉ោម។

    ទាំងអស់នេះមិនមែនមានន័យថា ហាមទទួលទានបន្លែផ្លែឈើដែលមានឬទ្ធិក្តៅយ៉ាងដាច់ខាតនោះទេ ចំណុចសំខាន់គឺ ការទទួលទានអាហារដែលសម្បូរបែប ដើម្បីសាងតុល្យការក្នុងរាងកាយ និងឱ្យរាងកាយបានទទួលគុណតម្លៃខាងសារធាតុអាហារដែលសម្បូរបែបដែរ។ សម្រាប់ពេលណាដែលធាតុអាកាសក្តៅនេះ កុំភ្លេចញ៉ាំទឹកឱ្យបានច្រើនៗ ចៀសវាងពីកម្តៅថ្ងៃខ្លាំងៗ ទីកន្លែងដែលធាតុអាកាសក្តៅខ្លាំង និងខ្យល់អាកាសមិនបក់ចេញចូល៕

  • 4 រឿងដែលធ្វើឱ្យកូន happy ក្លាយជាក្មេងល្អ ពូកែ ងាយស្រួលចិញ្ចឹម

    4 រឿងដែលធ្វើឱ្យកូន happy ក្លាយជាក្មេងល្អ ពូកែ ងាយស្រួលចិញ្ចឹម

    ឪពុកម្តាយជាច្រើននាក់ចង់ចិញ្ចឹមមើលថែកូនឱ្យធំធាត់ឡើងក្លាយជាក្មេងល្អ ពូកែ និងឆ្លាត ដូច្នេះទើបថ្ងៃនេះ ឡារ៉ែនមានពាក្យណែនាំងាយៗក្នុងការបណ្តុះនិស្ស័យល្អៗដល់កូន។ រឿងទាំងអស់នេះគឺជារឿងដែលនឹងធ្វើឱ្យបេះដូងរបស់កូនរីកស្គុះស្គាយ មានអារម្មណ៍ល្អ និងមានសេចក្តីសុខ នៅពេលដែលលោកអ្នកអាចប្រគល់រឿងល្អៗទាំងនោះទៅឱ្យកូនបានហើយនោះ ឡារ៉ែនសូមប្រាប់ទៅចុះថា ការចិញ្ចឹមកូននឹងដំណើរការទៅយ៉ាងងាយស្រួលភ្លាមតែម្តង និងថែមទាំងធ្វើឱ្យកូនៗក្លាយជាក្មេងដែលចេះស្តាប់បង្គាប់ ទន់ភ្លន់ និងពូកែតាមបែបរបស់គេយ៉ាងដែលលោកអ្នកនឹកស្មានមិនដល់ទៀតផង។

    1. ឱ្យគេបានធ្វើនូវអ្វីដែលគេចង់ធ្វើ

    ក្មេងគ្រប់គ្នាកើតមកព្រមជាមួយទេពកោសល្យ ការចូលចិត្ត ឬភាពថ្នឹកចំណានដែលខុសប្លែកពីគ្នា ដូច្នេះទើបគេមានសិទ្ធិក្នុងការជ្រើសរើសចង់ក្លាយជាអ្វីមួយ ឬចង់ធ្វើអ្វីក៏បាន ជាពិសេសការរៀនសូត្រ បើគេចូលចិត្តរៀនអ្វី ក៏គួរតែបណ្តោយឱ្យគេបានទទួលសិទ្ធិជ្រើសរើសរៀនអ្វីមួយនោះដោយខ្លួនឯង ឪពុក និងម្តាយមានតួនាទីត្រឹមតែផ្តល់នូវសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងផ្តល់ឱកាសឱ្យគេបានសិក្សានូវអ្វីដែលថ្នឹកចំណានយ៉ាងល្អបំផុត តែប៉ុណ្ណឹងក៏ល្អណាស់ទៅ។

    2. ប៉ា និងម៉ាក់លេងជាមួយកូន

    លោកឪពុកអ្នកម្តាយដឹងទេថា របស់លេងដែលល្អបំផុតសម្រាប់កូននោះគឺ ខ្លួនលោកឪពុកអ្នកម្តាយហ្នឹងឯង ដូច្នេះចូរព្យាយាមឧស្សាហ៍រកពេលវេលាលេងជាមួយកូនខ្លះ ទោះជានៅក្នុងផ្ទះអាចនឹងមិនមានរបស់លេងអ្វីច្រើនណាស់ណាក៏ដោយ តែសុំត្រឹមតែលោកអ្នកទៅអង្គុយប្រឡែងលេង នាំគេសើចសប្បាយយ៉ាងរីករាយ មិនថាតែចង់លេងអ្វីក៏ដោយដែលមានលោកអ្នករួមសប្បាយជាមួយគេដែរ នោះគឺជាអ្វីដែលកូនៗត្រូវការខ្លាំងបំផុត លើសពីរបស់លេងល្អៗតម្លៃថ្លៃៗដែលលោកអ្នកបានទិញមកឱ្យគេទៅទៀត។ បានដឹងបែបនេះហើយ ក៏កុំមើលរំលងអំឡុងពេលនេះជាដាច់ខាត ចូរផ្តល់នូវអ្វីដែលមានតម្លៃនេះដល់រៀងរាល់ថ្ងៃ នោះកូនរបស់លោកអ្នកនឹងមានអារម្មណ៍សប្បាយរីករាយ មានវិវឌ្ឍនាការខាងខួរក្បាល និងសតិបញ្ញា និងថែមទាំងជាក្មេងដែលមានអារម្មណ៍ល្អ ងាយស្រួលចិញ្ចឹមទៀតផង។

    3. និយាយថា ស្រឡាញ់កូនរាល់ថ្ងៃ

    អ្វីដែលកូនៗគ្រប់គ្នាត្រូវការអំពីឪពុកម្តាយខ្លាំងបំផុតនោះគឺ សេចក្តីស្រឡាញ់ហ្នឹងឯង ដូច្នេះការនិយាយថា ស្រឡាញ់កូនរៀងរាល់ថ្ងៃគឺជាការបង្ហាញចេញដែលងាយស្រួលបំផុត ដែលលោកអ្នកអាចធ្វើឱ្យគេបានដឹងថា តើលោកអ្នកស្រឡាញ់គេប៉ុនណា ក្រៅពីនោះក៏គឺ ការសម្តែងចេញដែលលោកអ្នកមានចំពោះគេយ៉ាងទន់ភ្លន់ យកចិត្តទុកដាក់ ការឱបថើប ការនិយាយស្តីពិរោះពិសា និងការផ្តល់នូវការយល់ចិត្តដល់គេបានគ្រប់ៗរឿង នឹងធ្វើឱ្យគេកក់ក្តៅក្នុងចិត្តជាមួយលោកអ្នកខ្លាំងបំផុត។ រឿងនេះនឹងធ្វើឱ្យគេបានទទួលការបណ្តុះតែរឿងល្អៗតាំងពីក្មេង ហើយធ្វើឱ្យគេធំធាត់ក្លាយជាមនុស្សល្អរបស់គ្រួសារបានយ៉ាងពិតប្រាកដ។

    4. និយាយជាមួយកូនពិរោះៗ និងត្រូវតែនិយាយក្នុងន័យវិជ្ជមានតែប៉ុណ្ណោះ

    ជឿឬទេថា ការប្រើពាក្យសំដីដែលល្អជាមួយកូន អាចធ្វើឱ្យគេបានដឹងអំពីភាពកក់ក្តៅក្នុងចិត្ត និងធ្វើឱ្យគេដឹងថា ប៉ាម៉ាក់ស្រឡាញ់គេយ៉ាងអស់ពីចិត្តពិតប្រាកដ គេនឹងគ្មានអារម្មណ៍ថា ខ្លួនឯងខ្វះ ឬបានទទួលសេចក្តីស្រឡាញ់ពីលោកអ្នកកាន់តែតិចទៅឡើយ ក្នុងខណៈដែលការប្រើពាក្យសំដីបែបអវិជ្ជមាននឹងរឹតតែធ្វើបាបផ្លូវចិត្តកូនខ្លាំងឡើង ក្លាយជាចំណុចអាក្រក់ ឬដំបៅដែលដក់ជាប់នៅក្នុងចិត្តកូនយ៉ាងស្ងាត់ៗ ដូច្នេះហើយទើបឪពុកម្តាយមិនគួរបន្ទោស ជេស្តី និងវាយកូនជាដាច់ខាត ព្រោះវាអាចនឹងធ្វើឱ្យគេមានអារម្មណ៍មិនល្អ និងក្លាយជាក្មេងមានសម្ពាតក្នុងចិត្ត លែងនិយាយស្តី និងលែងហ៊ានសម្តែងចេញ។ ចូរប្រើពាក្យសំដីពិរោះៗ ផ្អែមទន់ភ្លន់ជាមួយកូន និងគួរឧស្សាហ៍និយាយអប់រំប្រដែប្រដៅដោយពាក្យសំដីបែបវិជ្ជមានតែប៉ុណ្ណោះ ឡារ៉ែនធានាថា រឿងតូចៗងាយៗប៉ុណ្ណឹង គឺជាការបណ្តុះបណ្តាលឱ្យកូនធំធាត់ឡើងក្លាយជាក្មេងល្អ និងសម្លឹងពិភពលោកក្នុងន័យវិជ្ជមានបានយ៉ាងពិតប្រាកដ។

    ចង់ចិញ្ចឹមកូនឱ្យបានល្អ គ្រាន់តែលោកឪពុកអ្នកម្តាយធ្វើតាមរឿងទាំង 4 យ៉ាងនេះឱ្យបានជាប់ជាប្រចាំ ធានាថាគេនឹងមិនមែនជាក្មេងធម្មតាទូទៅយ៉ាងពិតប្រាកដ ហើយលោកអ្នកនឹងមានអារម្មណ៍មោទនភាពបំផុតដែលបានអប់រំប្រដែប្រដៅ និងអាចផ្តល់សេចក្តីស្រឡាញ់ ក្តីយល់ចិត្តកូនក្នុងផ្លូវដែលស័ក្តិសមត្រឹមត្រូវបានយ៉ាងពិតប្រាកដ៕

  • រដ្ឋាភិបាលបញ្ចុះថ្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់ក្នុងវិស័យកសិកម្ម

    រដ្ឋាភិបាលបញ្ចុះថ្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់ក្នុងវិស័យកសិកម្ម

    ដើម្បី​លើកស្ទួយ​វិស័យ​កសិកម្ម​ក្នុងស្រុក រដ្ឋាភិបាល​បានប្រកាស​លើកទឹកចិត្ត​ដល់​កសិករ​តាមរយៈ​ការបិទ​ការនាំ​ចូល​ផលិតផល​កសិកម្ម​មួយចំនួន ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​រយៈពេល​ចុងក្រោយ​នេះ​គឺ​បញ្ចុះតម្លៃ​អគ្គិសនី​សម្រាប់​ការប្រើប្រាស់​ដើម្បី​បូ​ប​ទឹក​ដាក់​កសិផល​ជាដើម។

    ក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ជាក់ថា ក្រសួង​បានដាក់​ចេញ​ផែនការ​បន្ថយថ្លៃ​លក់​អគ្គិសនី​ឱ្យ​អ្នកប្រើប្រាស់ និង​ផែនការ​កែទម្រង់​ការបង់​ថ្លៃ​អគ្គិសនី​របស់​អ្នកប្រើប្រាស់​សម្រាប់​ឆ្នាំ 2020-2021។ ក្នុង​ផែនការ​ខាងលើនេះ អ្នកប្រើប្រាស់​អគ្គិសនី​ក្នុង​វិស័យ​កសិកម្ម​នឹង​ទទួលបាន​ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី​សម្រាប់​បូមទឹក​ធ្វើ​កសិកម្ម​នៅ​ពេលយប់​ចាប់ពី​ម៉ោង 9យប់ ដល់​ម៉ោង 7ព្រឹក ដោយ​ក្នុង​រយៈពេល​នេះ​កសិករ​ត្រូវបាន​អនុគ្រោះ​ឱ្យ​បង់​ត្រឹមតែ 480រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង។

    តាម​ការបញ្ជាក់​របស់​ស្ថាប័ន​ជាតិ​ខាងលើ​បានឱ្យដឹងថា ក្នុង​ក្របខណ្ឌ​នៃ​ផែនការ​កាត់បន្ថយ​អគ្គិសនី អ្នកប្រើប្រាស់​អគ្គិសនី​ក្នុង​វិស័យ​កសិកម្ម សំដៅលើ​ទីតាំង​ទាំងឡាយណា​ដែល ធ្វើ​កសិកម្ម​ដាំ​ដុះ ចិញ្ចឹម និង​នេសាទ។ បន្ថែម​ពីលើ​នេះ ការធ្វើសកម្មភាព​កែច្នៃ​ផលិតផល​ចេញពី​សកម្មភាព​ខាងលើ​ដូចជា​ការបូមទឹក កា​រស​ម្ងួ​ត ការ​បង្កក និង​ការផលិត​ជី​កសិកម្ម​ទាំងឡាយ​ក៏​ទទួលបាន​ការអនុគ្រោះ​ផងដែរ។ ចំណុច​សំខាន់​មួយទៀត​ដែល​ត្រូវ​អនុគ្រោះ គឺ​ការធ្វើសកម្មភាព​កែច្នៃ​ផលិតផល​ដូចជា ម៉ាស៊ីនកិនស្រូវ រោងចក្រ​ផលិត​ជា​គ្រឿង​កំប៉ុង​លើ​ផលិតផល​កសិកម្ម និង​រោច​ក្រ​ផលិត​ចំណី​សត្វ​ជាដើម៕

  • (សូមប្រុងប្រយ័ត្ន)៖ សារទទួលបានលុយកំពុងតែវាយលុកអ្នកប្រើប្រាស់កម្មវិធី Telegram!!!

    (សូមប្រុងប្រយ័ត្ន)៖ សារទទួលបានលុយកំពុងតែវាយលុកអ្នកប្រើប្រាស់កម្មវិធី Telegram!!!

    នាយកដ្ឋាន​ព័ត៌មានវិទ្យា៖ កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ មានការ​ចែករំលែក​សារ​បន្ត​គ្នា​ក្នុង​កម្មវិធី Telegram អំពី​ការទទួលបាន​ប្រាក់​ចន្លោះ​ពី ១០០ ទៅ ១៥០ ដុល្លារ​អាមេរិក ដោយ​គ្រាន់តែ​ចុច​តំណ​ភ្ជាប់ និង​ធ្វើតាម​ការណែនាំផ្សេង។ សារ​នោះ​មាន​ខ្លឹមសារ​ថា “Hi. I am earning from $100 to $150 on “myxfreelance.cc” You need log in via Telegram and do what written in site”។

    បន្ទាប់ពី​ការស្រាវជ្រាវ​របស់​ក្រុមការងារ​បច្ចេកទេស​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា បាន​រកឃើញថា សារ​ដែល​បាន​ចែករំលែក​នោះ​គឺជា​ល្បិចបញ្ឆោត​របស់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា ក្នុង​គោលបំណង​ដូចខាងក្រោម៖

    – អូសទាញ​ជនរងគ្រោះ​ចុច​លើ​តំណ​ភ្ជាប់ និង​ធ្វើការ Login ចូលក្នុង​កម្មវិធី Telegram ដោយ​ប្រើប្រាស់​គណនី Telegram ផ្ទាល់​របស់​ជនរងគ្រោះ

    – ប្រើប្រាស់ Session នៃ​កម្មវិធី Telegram របស់​ជនរងគ្រោះ​ដើម្បី​ធ្វើការ​ចែករំលែក​សារ​ឆបោក​បន្ត ទៅកាន់​មិត្ត​ភ័​ក្រ និង​ជាពិសេស​ទៅកាន់ Group ទាំងអស់​ដែល​ជនរងគ្រោះ​នៅក្នុង​នោះ

    – ណែនាំ​ជនរងគ្រោះ​ធ្វើ​ការទាញយក​កម្មវិធី​កុំព្យូទ័រ ដើម្បី​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ១៥ ដុល្លារ​អាមេរិក​បន្ថែម ដែល​កម្មវិធី​នោះ​មាន​ឈ្មោះថា “apc_apcsite-apcsite.exe” ដែលជា​ប្រភេទ​មេរោគ TrojanHorse។ បន្ទាប់ពី​ចុច​លើ File មេរោគ​នេះ ជនអនាមិក​នឹងធ្វើ​ការ​គ្រប់​គ្រង់​ម៉ាស៊ីន​កុំព្យូទ័រ​របស់​ជនរងគ្រោះ​ពី​ចម្ងាយ​តែម្តង

    – ឧក្រិដ្ឋជន​ក៏បាន​បញ្ឆោត​ជនរងគ្រោះ បញ្ចូល​លេខ​គណនី Credit/Debit Card ដើម្បី​ភ្ជាប់​គណនី​ទទួល​ប្រាក់រង្វាន់ តាមពិត​គឺជា Phishing លួច​ព័ត៌មាន Credit / Debit Card របស់​ជនរងគ្រោះ​ប៉ុណ្ណោះ។

    ដើម្បី​ការពារ​ខ្លួន​ពី​ល្បិចបញ្ឆោត​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​កុំ​ចុច​តំណ​ភ្ជាប់​ដែល​ទទួលបាន ជៀសវាង​ការទាញយក File មេរោគ និង​មេត្តា​កុំ​បញ្ចូល​ព័ត៌មាន Credit / Debit Card របស់ខ្លួន។

    ក្នុងករណី​អ្នក​បាន Login ចូល​កម្មវិធី Telegram តាម​តំណ​ភ្ជាប់​របស់​ឧក្រិដ្ឋជន សូម​អនុវត្ត​វិធានការ​មួយចំនួន​ដូចខាងក្រោម៖

    – ចូល​កម្មវិធី Telegram -> Settings -> Privacy and Security -> លុប Sessions ដែល​សង្ស័យ

    – ធ្វើការ​កំណត់ 2FA ដោយ​ចូល Settings -> Privacy and Security -> Two-Step Verification -> Turn On -> វាយ​បញ្ចូល​លេខ​សម្ងាត់​របស់​អ្នក ដើម្បី​ការពារ​គណនី Telegram៕

    ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ

  • អ៊ីស្ត្រាអែល ឱ្យប្រជាជនឱបដើមឈើដើម្បីកាត់បន្ថយអារម្មណ៍ឯកកាដោយសារគម្លាតសង្គម

    អ៊ីស្ត្រាអែល ឱ្យប្រជាជនឱបដើមឈើដើម្បីកាត់បន្ថយអារម្មណ៍ឯកកាដោយសារគម្លាតសង្គម

    ដោយសារតែ​មេរោគ Covid-19 បានធ្វើឱ្យ​មនុស្ស​លើ​ពិភពលោក​ចាប់ផ្តើម​មាន​អារម្មណ៍​កាន់តែ​ឯក​កា​ខ្លាំងឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ។

    ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ប្រទេស​អ៊ី​ស្ត្រា​អែល បានអនុញ្ញាត​ឱ្យ​ប្រជាជន​ឱប​ដើមឈើ​ដើម្បី​កាត់បន្ថយ​ភាព​ឯក​កា​ដោយសារតែ​ការរក្សា​គម្លាត​សង្គម។ តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​ធម្មជាតិ និង​សួន​សាធារណៈ​នៃ​ប្រទេស​នេះ​បានបង្ហាញ​លើ​បណ្តាញ​សង្គម​ថា មនុស្សម្នាក់ៗគួរ​ចំណាយ​ពេលវេលា​លើ​ធម្មជាតិ​ឱ្យបាន​កាន់តែច្រើន​ដើម្បី​កាត់បន្ថយ​អារម្មណ៍​ស្មុគស្មាញ​នានា។

    តាម​អ្នក​ចិត្តសាស្ត្រ​បានឱ្យដឹងថា ការរក្សា​គម្លាត​សង្គម​នេះ​បានធ្វើឱ្យ​មនុស្ស​មិនដែល​ប៉ះគ្នា​សោះ ដែល​កត្តា​នេះ​ធ្វើឱ្យ​មនុស្ស​មួយចំនួនធំ​កាន់តែ​មាន​ភាព​ឯក​កា ហើយ​ត្រូវការ​ការ​ថ្នាក់ថ្នម។ ភាគច្រើន​នៃ​អ្នក​ដែលមាន​អារម្មណ៍មិនល្អ​ក្នុង​រយៈពេល​ដែល​ត្រូវធ្វើ​គម្លាត​សង្គម គឺ​មនុស្ស​ចាស់។ អ្នកជំនាញ​ថា វ័យ​នេះ​ជា​វ័យ​ដែលមាន​អារម្មណ៍​ប្រែប្រួល​ច្រើន ត្រូវការ​ថ្នាក់ថ្នម និង​ត្រូវការ​ក្តី​ស្រឡាញ់​ពី​មនុស្ស​ជុំវិញខ្លួន។

    តាម​ការបង្ហាញ​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​ឱ្យដឹងថា មនុស្ស​ចាស់​ជាច្រើន​បង្ហាញ​អារម្មណ៍​ថា គាត់​ត្រូវ​នៅ​ឆ្ងាយ​ពី​មនុស្ស​ដែល​គាត់​ស្រឡាញ់ មិនបាន​ឱប​កូន​របស់គាត់ និង​ចៅ​ជាដើម។ ហេតុនេះ​ការ​នៅ​ជាមួយ​ធម្មជាតិ​ដ៏​ស្រស់ស្អាត អាច​រំសាយ​អារម្មណ៍​បាន​មួយចំណែក។ មនុស្ស​វ័យ​ចំណាស់​ជាច្រើន​បានបង្ហាញ​អារម្មណ៍​ថា ការ​ឱប​ដើមឈើ និង​ដាក់​ក្តី​ស្រឡាញ់​លើ​ធម្មជាតិ អាចធ្វើឱ្យ​អារម្មណ៍​ពួកគាត់​ប្រសើរឡើង៕

  • Twitter របស់បុគ្គលល្បីៗ នៅអាមេរិក ដេលត្រូវបាន Hack នោះ ពេលនេះដឹងពីមូលហេតុហើយ…

    Twitter របស់បុគ្គលល្បីៗ នៅអាមេរិក ដេលត្រូវបាន Hack នោះ ពេលនេះដឹងពីមូលហេតុហើយ…

    បណ្ដាញ​សង្គម​Twitter ថ្មីៗនេះ​បានឱ្យដឹងថា ការដែល Hacker អាច​លុកលុយ​គណនីល្បីៗជាច្រើន​បែបនេះ​បាន គឺ​ដោយសារតែ​បុគ្គលិក​របស់ខ្លួន បាន​ធ្វេសប្រហែស ធ្វើ​លេច​ធ្លាយ Tool សម្រាប់​ប្រើប្រាស់​ផ្ទៃក្នុង។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រុមហ៊ុន Twitter។

    ក្នុង​សប្ដាហ៍​នេះ គេ​សង្កេតឃើញថា គណនី​លោក Elon Musk និង​លោក Bill Gates ត្រូវ​រងគ្រោះ​មុនគេ បន្ទាប់មក​គឺ Apple ក៏​ស្ថិតក្នុង​ចំណោម​គណនី Twitter ល្បីៗ ដែល​ត្រូវ​ជនអនាមិក​ចូលលុកលុយ​បានដែរ។

    សម្រាប់​រឿង Hack ចូល Apple ជា​ដំណឹង​ភ្ញាក់ផ្អើល​ជាងគេ ដោយសារតែ​ជា​សារ​បោក​យកប្រាក់​អំពី Bitcoin ដោយ​សរសេរថា “សុំឱ្យ​ផ្ញើ Bitcoin ទៅកាន់​អាសយដ្ឋាន​មួយ​ដែល​ដាក់​ក្នុង​សាររ​បង្ហោះ” តែ​សារ​បោកប្រាស់​នេះ ត្រូវបាន​គេ​លុបចេញភ្លាមៗ ពី​គណនី ក្រោយពេល​បង្ហោះ​រួច។

    គួរ​រំឭក​ដែរ​ថា Apple បាន​បង្កើត​គណនី Twitter ជា​ផ្លូវការ​ក្នុង​ឆ្នាំ2016 ដែល​ក្រុមហ៊ុន​អាច​ប្រើប្រាស់​វា​សម្រាប់​ផ្សព្វផ្សាយ​ផលិតផល​របស់ខ្លួន។ ប៉ុន្តែ​តាំងពី​ពេល​បង្កើត រហូតមកដល់​បច្ចុប្បន្ន​នេះ Apple មិនដែល​ធ្វើការ​បង្ហោះ​អ្វី សូម្បី​តែម្ដង នៅលើ​គណនី​នេះឡើយ៕