Author: ធឿន មករា

  • ប្រយ័ត្ន! អាហារពេលព្រឹក 5 យ៉ាង រឹតតែញ៉ាំ រឹតតែបំផ្លាញសុខភាព

    ប្រយ័ត្ន! អាហារពេលព្រឹក 5 យ៉ាង រឹតតែញ៉ាំ រឹតតែបំផ្លាញសុខភាព

    ជីវិតក្នុងទីក្រុងច្រើនតែប្រញាប់ប្រញាល់រហូតធ្វើឱ្យយើងខកខានញ៉ាំអាហារពេលសំខាន់បំផុតនៃថ្ងៃនីមួយៗគឺ អាហារពេលព្រឹក ហ្នឹងឯង។ អ្នកខ្លះជ្រើសរើសក្នុងការញ៉ាំអាហារពេលព្រឹកបែបងាយៗ លឿនរហ័ស និងមិនបានយកចិត្តទុកដាក់លើគុណប្រយោជន៍ខាងអាហារដែលបានទទួលនោះប៉ុន្មានឡើយ ដោយនឹកសង្ឃឹមថាញ៉ាំឱ្យតែឆ្អែតៗប៉ុណ្ណោះ។

    តែការពិតវិញ អាហារពេលព្រឹកសំខាន់ខ្លាំងណាស់ និងគួរតែជាពេលញ៉ាំអាហារមួយដែលសង្កត់ធ្ងន់លើសារធាតុអាហារដែលមានប្រយោជន៍បំផុតទៀតផង ព្រោះយើងត្រូវនាំកម្លាំងថាមពលនេះទៅរៀន ធ្វើការ ធ្វើកិច្ចការងារផ្សេងៗពេញមួយថ្ងៃ តែអាហារពេលព្រឹកដែលមនុស្សជាច្រើនជ្រើសរើសទទួលទាននោះ មិនបានផ្តល់ប្រយោជន៍ដល់រាងកាយតាមដែលរាងកាយត្រូវបានទទួលឡើយ ដូច្នេះយើងនាំគ្នាមកមើលវិញល្អជាងថា នៅក្នុងអាហារពេលព្រឹកទាំងនោះ តើមានអាហារមួយណាដែលអ្នកទទួលទានជាប្រចាំខ្លះដែរទេ? បើមានគួរតែផ្លាស់ប្តូរជាបន្ទាន់ហើយ។

    ទឹកដោះគោ

    អ្នកខ្លះអាចនឹងធ្លាប់បានឮថា ទឹកដោះគោមិនគួរទទួលទានពេលពោះទំនេរឡើយ ហ្នឹងគឺជារឿងមួយដែលត្រឹមត្រូវហើយ ព្រោះបើយើងញ៉ាំទឹកដោះគោពេលពោះទំនេរ អាចធ្វើឱ្យឆ្អល់ពោះបាន ឬអ្នកខ្លះអាចទាំងធ្វើឱ្យមានអាការចុកពោះ កូរពោះ និងរាកបានទៀតផង។ វិធីកែបញ្ហានេះ គឺងាយបំផុត គ្រាន់តែកុំញ៉ាំទឹកដោះគោសុទ្ធតែម្យ៉ាង ត្រូវញ៉ាំគូគ្នាជាមួយអាហារដទៃទៀត ដោយញ៉ាំអាហារពេលព្រឹកចូលទៅមុនសឹន ហើយសឹមញ៉ាំទឹកដោះគោទៅតាមក្រោយ តែប៉ុណ្ណឹងក៏ជួយបានច្រើនទៅហើយ តែបើសឹនអ្នកណាដែលមានបញ្ហាជាមួយការញ៉ាំទឹកដោះគោមែនទែន អាចមានន័យថា ទឹករំលាយអាហារក្នុងក្រពះរបស់អ្នកមិនអាចរំលាយទឹកដោះគោបាននោះ គួរតែសាកល្បងទៅជួបគ្រូពេទ្យដើម្បីវិនិច្ឆ័យរោគយ៉ាងលម្អឹត។

    សាចក្រក សាច់ហ៊ែម សាច់បេកខន

    យើងតែងតែឃើញអាហារទាំងនោះនៅលើតុអាហារបែបអាមេរិកាំង ប្រេកហ្វាស់ត៍ ឬអាហារពេលព្រឹកបែបអាមេរិកាំងហ្នឹងឯង។ ដូចដែលមនុស្សជាច្រើនបានដឹងហើយថា អាហារពពួកនេះមិនបានមានសារធាតុអាហារដែលល្អដល់រាងកាយប៉ុន្មានឡើយ បើយូរៗញ៉ាំម្តង មិនអីទេ តែបើសឹនជាញ៉ាំបែបដដែលៗញឹកញាប់ និងគ្មានអាហារផ្សេងទៀតគួបផ្សំជាមួយផង នោះមានន័យថា យើងបានទទួលសារធាតុអាហារនៅពេលព្រឹកត្រឹមតែម្សៅ ប្រូតេអ៊ីនដែលគ្មានគុណភាព និងខ្លាញ់ប៉ុណ្ណោះ ដូច្នេះទើបមិនគួរទទួលទានញឹកញាប់ ឬនៅពេលណាដែលទទួលទានសាច់ក្រក សាច់ហ៊ែម ឬសាច់បេកខន គួរតែទទួលទានគួបផ្សំជាមួយខាបូហាយដ្រេត ប្រូតេអ៊ីន និងសារធាតុរ៉ែពីបន្លែស្រស់ៗផង។

    នំប៉័ងលាបស្ករសូកូឡា

    ផ្ទះអ្នកណាដែលមានក្មេងតូច ក្មេងជំទង់ ឬជាគ្រួសារដែលចូលចិត្តញ៉ាំស្ករសូកូឡា ប្រហែលជាមានសូកូឡាស្ពេ្រដនៅក្នុងផ្ទះមួយដបធំ ទុកលាបនំប៉័ង ហើយញ៉ាំ ឆ្ងាញ់ឆ្អែតត្រូវចិត្តក្មេងតូចមិនខាន តែសារធាតុអាហារដែលទទួលបានវិញនោះ មានត្រឹមតែម្សៅ និងស្ករប៉ុណ្ណោះ ដូច្នេះ ឡារ៉ែនសូមណែនាំឱ្យយូរៗសឹមញ៉ាំម្តង ឬញ៉ាំគួបផ្សំជាមួយស្ទេកសាច់គោ ស៊ុតចៀនជ័រព្នៅ ឬញាំបន្លែផងទើបជាការប្រសើរ។

    អាហារស៊ីរៀល

    ជាអាហារពេលព្រឹកងាយៗ ស្ទីលបរទេសដែលអាចញ៉ាំបានឆ្អែតក្នុងរយៈពេលតែមិនប៉ុន្មាននាទីប៉ុណ្ណោះ តែពេទ្យបែរជារកឃើញថា នៅក្នុងអាហារស៊ីរៀល ជាពិសេសអាហាររបស់កុមារ មានតែម្សៅ និងស្ករ សារធាតុអាហារបែបហូលហ្ក្រេន ឬធញ្ញជាតិផ្សេងនោះមានបរិមាណតិចខ្លាំងណាស់ និងក្រៅពីនោះថែមទាំងមិនគ្រប់ 5 ប្រភេទក្រុមទៀតផង ដូច្នេះ ឡារ៉ែនសុំឱ្យស៊ីរៀលក្លាយជាអាហារជម្រើសក្រោយៗគេក្នុងថ្ងៃដែលប្រញាប់ប្រញាល់បំផុតទៅចុះ។

    នំចាខ្វៃ ជ្រលក់ទឹកដោះគោខាប់

    មនុស្សធំជាច្រើននាក់ជ្រើសរើសទទួលទាននំចាខ្វៃជាមួយទឹកសណ្តែក ព្រោះទឹកសណ្តែកជាអាហារពេលព្រឹកដែលល្អ និងគួរទទួលទានគូគ្នាជាមួយអាហារផ្សេងៗដែលធ្វើពីម្សៅ តែនំចាខ្វៃជាម្សៅដែលជ្រលក់ខ្លាញ់(ដែលមិនល្អ បើសិនជាខ្លាញ់ជ្រូកដែលចៀនបំពងច្រើនដង ហើយមិនបានផ្លាស់ប្តូរ) និងថែមទាំងបំផ្លាញខ្លួនឯងធ្ងន់ធ្ងរទៅទៀតដោយការញ៉ាំជាមួយទឹកដោះគោខាប់ដែលគ្មានអ្វីច្រើនក្រៅពីស្ករនោះឡើយ ដែលវានឹងធ្វើឱ្យយើងកាន់តែឆាប់ហេវខ្លាំងឡើង ក្រៅពីនេះ អ្វីដែលបាត់បង់ទៅនោះគឺ សារធាតុរ៉ែ និងវីតាមីនពីបន្លែផ្លែឈើហ្នឹងឯង ដូច្នេះយូរៗញ៉ាំម្តងប្រសើរជាង។

    យើងនឹងមើលឃើញថា អាហារពេលព្រឹកដែលងាយៗ ឆាប់រហ័ស ស្រួលរកទទួលទានរបស់មនុស្សជាច្រើននោះ អាចនឹងខ្វះសារធាតុរ៉ែ និងវីតាមីនជានិច្ច ដែលវាជារឿងមួយមិនសូវជាល្អប៉ុន្មានឡើយ ព្រោះធ្វើឱ្យយើងបានទទួលសារធាតុអាហារនៅពេលព្រឹកមិនគ្រប់គ្រាន់ អាចធ្វើឱ្យយើងមានពេលព្រឹកដែលមិនស្រស់ស្រាយ មិនស្វាហាប់បាន ដូច្នេះគួរងាកមកទទួលទានអាហារដែលមានប្រយោជន៍គ្រប់ 5 ប្រភេទក្រុមដូចជា ស៊ុបបន្លែសាច់ជ្រូក បបរសាមចូក បបរ-ស នំស៊ែនវិច(ដាក់បន្លែ)វិញម្តង តែប៉ុណ្ណឹងក៏ឆ្អែតឆ្ងាញ់មិនបំផ្លាញសុខភាពបានបាត់ទៅហើយ៕

  • ស្រ្តីមានគភ៌ បើមិនចង់ប្រថុយនឹងការប្រសូតមុនកំណត់ ត្រូវបញ្ឈប់ទង្វើ 6 យ៉ាងខាងក្រោមនេះ!

    ស្រ្តីមានគភ៌ បើមិនចង់ប្រថុយនឹងការប្រសូតមុនកំណត់ ត្រូវបញ្ឈប់ទង្វើ 6 យ៉ាងខាងក្រោមនេះ!

    ការប្រសូតមុនពេលកំណត់ ក្រៅពីបណ្តាលមកពីភាពខុសប្រក្រតីរបស់ការតាំងគភ៌ហើយនោះ អាចជាលទ្ធផលមកពីទង្វើរបស់ស្រ្តីមានគភ៌ខ្លួនឯងផងដែរ ដោយសារតែទង្វើមួយចំនួនអាចហុចផលប៉ះពាល់ដល់ទារកក្នុងគភ៌រហូតធ្វើឱ្យមានភាពប្រថុយប្រថានក្នុងការប្រសូតមុនពេលកំណត់ហ្នឹងឯង ដូច្នេះ បើអ្នកមិនចង់ប្រសូតមុនកំណត់រហូតដល់ធ្វើឱ្យកូនតូចមានសុខភាពមិនល្អឥតខ្ចោះនោះ ចូរបញ្ឈប់ទង្វើ 6 យ៉ាងខាងក្រោមនេះជាបន្ទាន់។

    1 . ញ៉ាំទឹកតិចជ្រុលពេក

    ព្រោះការញ៉ាំទឹកតិចពេកនឹងធ្វើឱ្យស្រ្តីមានគភ៌មានអាការឈឺពោះប្រសូតមុនពេលកំណត់ និងហុចផលឱ្យស្រ្តីមានគភ៌មានអាការល្វើយអស់កម្លាំង ឆាប់ហត់ ដូច្នេះទើបត្រូវញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃៗ ជាពិសេសនៅថ្ងៃណាដែលមានញើសចេញមកច្រើន ស្រ្តីមានគភ៌គួរញ៉ាំទឹកឱ្យបានច្រើនជាងប្រក្រតី ដើម្បីបំពេញជាតិទឹកដែលបាត់បង់ទៅនោះ។

    2 . ព្រងើយកន្តើយក្នុងការញ៉ាំវីតាមីនបន្ថែម

    ក្នុងខណៈតាំងគភ៌ គ្រូពេទ្យនឹងឱ្យវីតាមីនបន្ថែមមក រួមទាំងថ្នាំបំប៉នលោហិតទៀតផង ដើម្បីថែបំប៉នទារកនៅក្នុងផ្ទៃ និងសុខភាពរបស់ស្រ្តីមានគភ៌ខ្លួនឯងឱ្យរឹងមាំ ហើយវីតាមីនទាំងនោះថែមទាំងជាជំនួយការដែលនឹងជួយឱ្យស្រ្តីមានគភ៌អាចពពោះកូនបានយូររហូតដល់គ្រប់កំណត់ ដូច្នេះទើបមិនគួរព្រងើយកន្តើយ ឬធ្វេសប្រហែសក្នុងការទទួលទានវីតាមីនបន្ថែមតាមវេជ្ជបញ្ជាជាដាច់ខាត៕

    3 . បណ្តោយឱ្យទម្ងន់ខ្លួនធ្លាក់ចុះ ឬកើនឡើងជ្រុលពេក

    ក្នុងអំឡុងពេលកំពុងតាំងគភ៌ ការមានទម្ងន់ខ្លួនតិច ឬច្រើនជ្រុលពេកសុទ្ធតែហុចផលដល់ភាពប្រថុយប្រថានក្នុងការប្រសូតមុនពេលកំណត់ទាំងអស់ ព្រោះដូច្នេះស្រ្តីមានគភ៌គួរតែគ្រប់គ្រងទម្ងន់ខ្លួនឱ្យស្ថិតក្នុងកម្រិតប្រក្រតី គឺកើនឡើងមុនពេលមានគភ៌ប្រមាណជា 11,5 – 15,8 គីឡូក្រាម ដែលក្រៅពីមិនធ្វើឱ្យប្រសូតមុនពេលកំណត់ហើយនោះ នៅជួយឱ្យទារកមានទម្ងន់ខ្លួនស្ថិតក្នុងកម្រិតប្រក្រតីល្អទៀតផង។

    4 . មិនមើលថែទាំសុខភាពមាត់ធ្មេញ

    ដឹងឬទេថា សុខភាពមាត់ធ្មេញ ជាពិសេសអញ្ចាញធ្មេញដែលល្អក៏មានផលដល់ការប្រសូតបុត្រតាមកំណត់បានដែរ នោះក៏ព្រោះថា នៅពេលដែលស្រ្តីមានគភ៌មានបញ្ហារលាកសាច់អញ្ចាញធ្មេញ វានឹងទៅជំរុញឱ្យស្បូនបង្រួញខ្លួន និងអាចប្រសូតមុនពេលកំណត់បានហ្នឹងឯង ដូច្នេះទើបត្រូវមើលថែទាំសុខភាពអញ្ចាញធ្មេញឱ្យល្អជាប់ជានិច្ច រួមទាំងសុខភាពមាត់ធ្មេញផងដែរ។

    5 . មានអារម្មណ៍តានតឹងធុញថប់

    យល់ថា ភាពធុញថប់តានតឹងនេះវាពិបាកចៀសផុតណាស់ តែដោយសារភាពធុញថប់តានតឹងនេះឯង ដែលធ្វើឱ្យស្រ្តីមានគភ៌ភាគច្រើនត្រូវប្រសូតមុនពេលកំណត់ ដូច្នេះក្នុងអំឡុងពេលមានគភ៌ ស្រ្តីទាំងឡាយគួរតែកម្ចាត់អារម្មណ៍ធុញថប់តានតឹងចេញឱ្យអស់ ដោយសាកល្បងស្វែងរកកិច្ចការងារណាសប្បាយៗ បន្ធូរអារម្មណ៍មកធ្វើឱ្យបានញឹកញាប់ នោះភាពធុញថប់តានតឹងនឹងមិនកើតមានឡើយ។

    6 . ទ្រាំទប់មិននោមញឹកញាប់ពេក

    គឺជារឿងមួយដែលគេដឹងច្បាស់ទៅហើយថា ក្នុងអំឡុងពេលមានគភ៌ ស្រ្តីមានគភ៌នឹងឈឺបត់ជើងតូចញឹកញាប់ណាស់ ហើយដោយសារតែត្រូវធ្វើការងារ ទើបស្រ្តីមានគភ៌ច្រើនតែទប់ទ្រាំមិនទៅបញ្ចេញចោលជាញឹកញាប់ ព្រោះតែពិបាកក្នុងការទៅចូលបន្ទប់ទឹក តែដឹងទេថា ការទប់ទ្រាំមិនបត់ជើងតូចនេះឯង ជាមូលហេតុមួយរបស់ការប្រសូតមុនកំណត់ ព្រោះវានឹងធ្វើតួស្បូនច្របាច់ខ្លួនញឹកញាប់ឡើង និងថែមទាំងប្រថុយប្រថាននឹងសភាវរលាកប្លោកនោមទៀតផង ដូច្នេះ បើមិនចាំបាច់ទេ កុំខំទ្រាំទប់មិនទៅបញ្ចេញចោលជាដាច់ខាត។

    មិនចង់ប្រថុយប្រថានក្នុងការប្រសូតមុនពេលកំណត់ដែលវានឹងធ្វើឱ្យកូនសម្លាញ់មានភាពមិនប្រក្រតីនោះ គួរតែបញ្ឈប់ទង្វើ 6 យ៉ាងខាងលើនោះជាបន្ទាន់ នោះធានាថា កូនតូចជាទីស្រឡាញ់របស់អ្នកនឹងប្រសូតចេញមកយ៉ាងល្អប្រក្រតីឥតខ្ចោះមិនខាន៕

  • 5 វិធី កែបញ្ហាកូនខាំក្រចកដៃ គួរតែបញ្ឈប់ទង្វើនេះមុនក្លាយជាទម្លាប់

    5 វិធី កែបញ្ហាកូនខាំក្រចកដៃ គួរតែបញ្ឈប់ទង្វើនេះមុនក្លាយជាទម្លាប់

    គឺជាបញ្ហាមួយទៀតដែល ឡារ៉ែនជឿថាលោកឪពុកអ្នកម្តាយជាច្រើននាក់ត្រូវតែធ្លាប់ជួបមិនខាន គឺបញ្ហាដែលកូនជាទីស្រឡាញ់ចូលចិត្តតែខាំក្រចកខ្លួនឯងជាញឹកញាប់ហ្នឹងឯង ដែលទង្វើនេះអាចនឹងធ្វើឱ្យកូនបាត់បង់សុជីវធម៌ រួមទាំងអាចនឹងធ្វើឱ្យកើតបញ្ហាពាក់ព័ន្ធនឹងធ្មេញ និងប្រថុយប្រថានជាមួយមេរោគបាក់តេរីផ្សេងៗដែលនឹងធ្វើឱ្យឈឺថ្កាត់បានទៀតផង បើដូច្នេះយើងសាកល្បងមកកែបញ្ហានេះទាំងអស់គ្នាមុននឹងកូនធ្វើវាឱ្យក្លាយជាទម្លាប់អាក្រក់ដោយ 5 វិធីដែល ឡារ៉ែននាំយកមកជម្រាបជូនក្នុងថ្ងៃនេះដូចតទៅ។

    1 . កុំធ្វើឱ្យកូនមានកង្វល់ក្នុងចិត្ត

    លោកឪពុកអ្នកម្តាយគួរតែយល់ជាមុនសិនថា ការដែលកូនចូលចិត្តខាំក្រចកដៃនេះដោយសារតែគេកំពុងមានអារម្មណ៍តានតឹង មានសម្ពាធ ឬអាចនឹងអផ្សុកគ្មានអ្វីធ្វើ ទើបបន្ធូអារម្មណ៍ដោយការខាំក្រចកលេងហ្នឹងឯង ដូច្នេះបើលោកឪពុកអ្នកម្តាយណាចូលចិត្តស្តីបន្ទោសកូន ឬចូលចិត្តឈ្លោះទាស់ទែងគ្នាស្រែកឡូឡាជាប្រចាំនោះ សូមប្រាប់ទៅចុះថា ទង្វើរបស់លោកអ្នកហ្នឹងឯងគឺជាប្រភពកំណើតរបស់ការដែលកូនចូលចិត្តខាំក្រចកហ្នឹងឯង តទៅមុខទៀត ពេលមានការអ្វី ក៏និយាយស្តីជាមួយកូនស្រួលៗល្អៗ អធិប្បាយឱ្យកូនស្តាប់យ៉ាងចិត្តត្រជាក់ ឬបើលោកឪពុកអ្នកម្តាយចាប់ផ្តើមមានការប្រកែកគ្នានោះ ក៏សុំឱ្យចិត្តត្រជាក់វិញ ឬទៅជជែកគ្នានៅកន្លែងផ្សេងឱ្យឆ្ងាយពីភ្នែកកូនទៅប្រសើជាង។

    2 . អធិប្បាយឱ្យកូនយល់

    មុននឹងហាមឱ្យកូនសម្លាញ់ឈប់ខាំក្រចកដៃ លោកឪពុកអ្នកម្តាយគួរអធិប្បាយឱ្យគេយល់អំពីចំណុចអាក្រក់ជាមុន បើកូនយល់ហើយថា ការខាំក្រចកដៃលេងនឹងធ្វើឱ្យកូនឈឺថ្កាត់រហូតខានបានទៅជួបពួកម៉ាកនៅឯសាលារៀន ឬនឹងធ្វើឱ្យអ្នកឯទៀតគេចំអកឡកលើយកូនបាន នោះនឹងធ្វើឱ្យគេយល់ថា ហេតុអីទើបគួរបញ្ឈប់ទង្វើហ្នឹង។

    3 . កាត់ក្រចកដៃឱ្យខ្លីជាប់ជានិច្ច

    ជាវិធីងាយៗដែលលោកឪពុកអ្នកម្តាយគួរតែធ្វើស្រាប់ទៅហើយ ព្រោះការដែលបណ្តោយឱ្យកូនទុកក្រចកវែងៗនោះ វាមានតែចំណុចអាក្រក់ទាំងអស់ ទាំងធ្វើឱ្យមានមេរោគជាប់ច្រើន ទាំងអាចនឹងគ្រវាសដៃមកត្រូវមុខខ្លួនឯងទៀតផង តែអ្វីដែលច្បាស់លាស់ពិតប្រាកដនោះគឺ ការកាត់ក្រចកដៃឱ្យខ្លីៗជានិច្ចនោះ នៅជួយបញ្ឈប់ទង្វើចូលចិត្តខាំក្រចកដៃលេងបានផងដែរ។

    4 . ការកិច្ចការងារឱ្យគេធ្វើ

    ជំនួសការដែលឱ្យគេនៅស្ងៀមៗ ទំនេរៗ គ្មានអ្វីធ្វើរហូតរកដំណោះស្រាយដោយការខាំក្រចកដៃលេងនោះ លោកឪពុកអ្នកម្តាយគួរតែសាកល្បងរកកិច្ចការងារសប្បាយៗ ការងារច្នៃបង្កើតណាមួយឱ្យគេធ្វើលមើល មិនថាតែការបបួលទៅជិះកង់ ដើរលេង ទាត់បាល់ ឬអាចជាកិច្ចការងារក្នុងផ្ទះ ដូចជា ការគូររូបផាត់ពណ៌ ឬការលេងតរូបភាពក៏បានដែរ និយាយងាយៗគឺ កុំឱ្យកូនបានទំនេរដៃ នាំគេធ្វើជារឿយៗ ធានាថា ការងារអស់ទាំងនោះ នឹងជួយបំបាត់ទង្វើនេះបានយ៉ាងពិតប្រាកដ។

    5 . កោតសរសើរនៅពេលកូនលែងសូវខាំក្រចកដៃលេងហើយនោះ

    នៅពេលដែលសាកល្បងប្រើវិធីឱ្យកូនឈប់ខាំក្រចកដៃលេងហើយ លទ្ធផលបង្ហាញថា កូនលែងសូវធ្វើទង្វើនោះដូចពីមុនទៀតហើយនោះ ក៏សាកល្បងពោលពាក្យសរសើរគេបន្តិចទៅ ឬអាចនឹងរករង្វាន់ ឬក៏នាំទៅញ៉ាំអ្ីឆ្ងាញ់ៗ រួចប្រាប់គេថា អ្វីដែលប៉ា និងម៉ាក់ឱ្យកូននៅថ្ងៃនេះ គឺជារង្វាន់ដែលកូនឈប់ខាំក្រចកដៃហ្នឹងឯង។

    ដឹងហើយមែនទេថា បញ្ហាដែលកូនចូលចិត្តខាំក្រចកដៃនេះ មិនមែនកើតចេញពីខ្លួនក្មេងតែម្យ៉ាងនោះទេ តែគួរចាប់ផ្តើមកែ​ខៃលើខ្លួនលោកឪពុកអ្នកម្តាយខ្លួនឯងផង ហើយការចង់បញ្ឈប់ទង្វើនេះ លោកឪពុកអ្នកម្តាយគួរតែចិត្តត្រជាក់ៗ និងសង្កេតមើលទង្វើរបស់កូនជាប្រចាំ ធានាថា វាមិនពិបាកជ្រុលពេកនោះទេ៕

  • អង្គការ Plain ថាក្មេងស្រីតាមជនបទប្រឈមខ្លាំងនឹងការបោះបង់ការសិក្សា ក្នុងពេលមាន Covid-19

    អង្គការ Plain ថាក្មេងស្រីតាមជនបទប្រឈមខ្លាំងនឹងការបោះបង់ការសិក្សា ក្នុងពេលមាន Covid-19

    ស្ថិតក្នុង​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 នេះ កុមារ​ជាច្រើន​បាន​ប្រឈម​ជាមួយនឹង​ការបោះបង់​ការសិក្សា ដោយសារ​ពួកគេ​មាន​បញ្ហា​ជីវភាព និង​មិនមាន​ឧបករណ៍​គ្រប់គ្រាន់​ក្នុងការ​សិក្សា​តាម Online។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​អង្គការ Plan International Cambodia បាន​លើកឡើងថា អង្គការ Plan បាន​ពិភាក្សា​ជាមួយ​ក្រុម​ក្មេងស្រី​នៅតាម​តំបន់​ការងារ​របស់ខ្លួន ដោយ​ក្នុង​នោះបាន​រកឃើញថា​ក្មេងស្រី​មួយចំនួន​ជាពិសេស​កុមារី​នៅតាម​តំបន់​ដាច់ស្រយាល​នៃ​ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្តសៀមរៀប បាន​ប្រឈម​នឹង​ការបោះបង់ចោល​ការសិក្សា​នៅក្នុង​អំឡុងពេល​មាន​វិបត្តិ Covid-19នេះ។

    លោក យី គឹម​ថា​ន នាយករង​ប្រចាំ​ប្រទេស​កម្ពុជា​ទទួលបន្ទុក​ក​ម្ម​វិធី​នៃ​អង្គការ Plain International Cambodia បានឱ្យដឹងថា សិស្សស្រី​មួយចំនួន​ប្រឈម​នឹង​ការបោះបង់ចោល​ការសិក្សា និង​បាន​ចំណាកស្រុក​ដើម្បី​ស្វែងរក​ការងារ​ធ្វើ។

    អង្គការ​ខាងលើ​ក៏បាន​លើកឡើង​ផងដែរ​ថា កត្តា​ជីវភាព និង​កង្វះ​មធ្យោបាយ​រៀន​តាម Online ជា​មូលហេតុ​ជំ​រុញឱ្យ​កុមារី​មួយចំនួន​នៅ​តំបន់​ដាច់ស្រយាល​ក្នុងប្រទេស​កម្ពុជា បានសម្រេច​បាន​ងាក​ទៅរក​ការដាំ​បន្លែ ធ្វើ​ចំការ មើល​គោ និង​ក្របី បន្ទាប់ពី​ពួកគេ​សម្រេចចិត្ត​បោះចោល​ការសិក្សា​អំឡុងពេល​នៃ​វិបត្តិ​នេះ៕

  • គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយនៃក្រសួងអប់រំ ប្រកាសទិញស្នាដៃវិភាគអត្ថបទ និងអក្សរសិល្បិ៍ខ្មែរ

    គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយនៃក្រសួងអប់រំ ប្រកាសទិញស្នាដៃវិភាគអត្ថបទ និងអក្សរសិល្បិ៍ខ្មែរ

    គ្រឹះស្ថាន​បោះពុម្ព និង​ចែក​ផ្សាយ ដែលជា​ស្ថាប័ន​បោះពុម្ពផ្សាយ​សៀវភៅ​សិក្សា​គោល និង​ឯកសារ​ជាច្រើន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ដល់​អ្នកនិពន្ធ​ថា​ខ្លួន​ត្រូវ​ការទិញ​ស្នាដៃ​វិភាគ​អត្ថបទ និង​វិភាគ​អក្សរ​សិ​ល្បិ៍​ខ្មែរ។

    ស្ថាប័ន​ខាងលើ​បាន​បញ្ជាក់ថា ស្នាដៃ​វិភាគ​អក្សរ​សិ​ល្បិ៍​ដែល​គ្រឹះស្ថាន​បោះពុម្ព និង​ចែក​ផ្សាយ​ត្រូវការ​មាន​បែង​ចែកជា2កម្រិត​គឺ​សម្រាប់​មធ្យមសិក្សា​បឋម​ភូមិ​គឺ​រឿង​សូផាត រឿង​មាលាដួងចិត្ត រឿង​កូ​លាប​ប៉ៃលិន និង​រឿង​ផ្កា​ស្រពោន។ ចំណែកឯ​សម្រាប់​កម្រិត​មធ្យមសិក្សា​ទូ​តិ​យ​ភូមិ​វិញ មានដូចជា​រឿង​ព្រះអាទិត្យ​ថ្មី​រះ​លើដី​ចាស់ រឿង​តេ​ជោ​យ៉​ត រឿង​ថៅកែ​ចិត្តចោរ រឿង​រាមកេរ្តិ៍ និង​រឿង​ព្រះ​វេសន្ត។

    អ្នកនិពន្ធ ឬ​អ្នកស្រាវជ្រាវ​ដែលមាន​ស្នាដៃ​វិភាគ​អត្ថបទ និង​អក្សរ​សិ​ល្បិ៍​លើ​ស្នាដៃ​ខាងលើ​អាចទាក់ទង​ទៅ​នាយកដ្ឋាន​អភិវឌ្ឍ​សៀវភៅ និង​សម្ភារ​សិក្សា​តាមរយៈ​ទូរស័ព្ទ​លេខ 012 867 897៕

  • គុណវិបត្តិរបស់កាហ្វេ និងផលប៉ះពាល់ចំពោះសុខភាព

    គុណវិបត្តិរបស់កាហ្វេ និងផលប៉ះពាល់ចំពោះសុខភាព

    ជឿថានៅរៀងរាល់ព្រឹករបស់អ្នកដែលនិយមញ៉ាំកាហ្វេច្បាស់ជាមិនខកខានឱកាសក្នុងការស្វែងរកកាហ្វេអ៊ីនមកបន្ថែមភាពស្រស់ស្រាយឱ្យរាងកាយនោះឡើយ។ ដោយភាពក្រអូបឈ្ងុយ និងរស់ជាតិដែលធ្វើឱ្យមានអារម្មណ៍ថាក្លៀវក្លាស្វាហាប់នោះ ទើបវាមិនមែនជារឿងប្លែកឡើយ ដែលកាហ្វេក្លាយជាភេសជ្ជៈកំពូលពេញនិយមដែលមនុស្សជាច្រើនមិនអាចខ្វះបាន។

    តែភេសជ្ជៈដែលមនុស្សមិនអាចខ្វះបាន ដូចជា “កាហ្វេ” នេះ ទោះជាផ្តល់ប្រយោជន៍ក្នុងរឿងភាពស្រស់ស្រាយស្វាហាប់មែន តែបើញ៉ាំច្រើនជ្រុលពេក ក៏ផ្តល់នូវគុណវិបត្តិចំពោះរាងកាយក្នុងរយៈពេលវែងបានដែរ ព្រោះក្រៅពីកាហ្វេមានជាតិ “កាហ្វេអ៊ីន”

    ហើយនោះ លោកអ្នកដឹងឬទេថា តើវានៅមានសារធាតុអ្វីដែលផ្តល់ទោសដល់រាងកាយទៀតដែរឬទេ?។

    សារធាតុដែលផ្តល់នូវគុណវិបត្តិនៅក្នុងកាហ្វេ

    1 . សារធាតុធីអូហ្វ៊ីលលីន ( Theophylline ) ជាសារធាតុនៅក្នុងកាហ្វេអ៊ីនដែលធ្វើឱ្យបំពង់ខ្យល់រីក និងបញ្ចេញឬទ្ធិជំរុញប្រព័ន្ធប្រសាទ។ នៅក្នុងផ្នែកវេជ្ជសាស្រ្តសារធាតុនេះគេប្រើជាមួយអ្នកជំងឺហឺតដង្ហក់ ដើម្បីជំរុញការដកដង្ហើម បើបានទទួលសារធាតុនេះក្នុងបរិមាណច្រើន អាចនឹងហុចផលឱ្យរាងកាយបាត់បង់តុល្យការ ដោយសារតែវាទៅជំរុញប្រព័ន្ធខួរក្បាលផងដែរ ទើបមិនស័ក្តិសមជាមួយអ្នកដែលកើតជំងឺបេះដូងជាទីបំផុត។

    2 . សារធាតុ ស៊ែនធីន អាល់ខាលយដ៍ ( Xanthine Alkaloid ) ជាសារធាតុដែលបញ្ចេញឬទ្ធិជំរុញប្រព័ន្ធប្រសាទផ្នែកកណ្តាល ដែលធ្វើឱ្យមានអារម្មណ៍ក្លៀវក្លា រាងកាយស្វាហាប់ បើសិនបានទទួលក្នុងបរិមាណច្រើន អាចធ្វើឱ្យបេះដូងដើរលឿនខុសប្រក្រតីបាន ទើបសារធាតុនេះត្រូវបានប្រើជាចំណែកផ្សំរបស់ភេសជ្ជៈប៉ូវកម្លាំង និងទឹកភេសជ្ជៈកំប៉ុងផ្សេងៗ។ ជាសារធាតុដែលមាននៅក្នុងកាហ្វេអ៊ីន មានរបាយការណ៍ខ្លះបានប្រាប់ថា សារធាតុនេះប្រើលាយផ្សំនៅក្នុងថ្នាំសម្លាប់សត្វល្អិត ព្រោះកាហ្វេអ៊ីនអាចធ្វើឱ្យសត្វល្អិតស្លាប់បាន។ សារធាតុនេះធ្វើឱ្យប្រព័ន្ធប្រឆាំងជំងឺក្នុងរាងកាយធ្លាក់ចុះខ្សោយ។

    សភាវពុលកាហ្វេអ៊ីន

    សភាវពុលកាហ្វេអ៊ីនកើតនៅលើអ្នកដែលញៀនកាហ្វេអ៊ីនខ្លាំងមែនទែន ដែលហុចផលឱ្យកើតដំបៅនៅក្នុងក្រពះ ទើបធ្វើឱ្យអ្នកដែលមានជំងឺក្រពះស្រាប់ហើយ មានអាការចុកពោះនៅពេលញ៉ាំកាហ្វេពេលពោះទំនេរ។ អ្នកដែលកើតសភាវពុលកាហ្វេអ៊ីន នឹងវឹលមុខ មានអារម្មណ៍រសាប់រសល់ និងហុចផលដល់សុខភាពផ្លូវចិត្ត ធ្វើឱ្យងាយកើតអាការធុញថប់តានតឹង។ អាការបន្ទាប់បន្សំដែលជួបប្រទះញឹកញាប់គឺ ការបត់ជើងតូចញឹកញាប់ខុសប្រក្រតី បេះដូងលោតញាប់ខ្លាំងៗ និងគេលលក់មិនស្រួល គ្រោះថ្នាក់ម្យ៉ាងទៀតដែលអាចកើតឡើងបានចំពោះអ្នកញៀនកាហ្វេអ៊ីននោះគឺ សភាវពុលកាហ្វេអ៊ីននៅក្នុងឈាមខ្ពស់ដែលហុចផលឱ្យកើតសម្ពាធឈាមឡើងខ្ពស់ និងធ្វើឱ្យខ្លាញ់នៅក្នុងឈាមកើនឡើងដែរ ដែលជាលទ្ធផលធ្វើឱ្យក្រពះផលិតអាស៊ីតចេញមកបន្ថែម ធ្វើឱ្យងាយកើតដំបៅក្នុងក្រពះខ្លាំងជាងមនុស្សប្រក្រតី។ ចំណែកផលប៉ះពាល់ដែលកើតនៅលើមនុស្សស្រីវិញ កាហ្វេអ៊ីនក្នុងបរិមាណច្រើននឹងធ្វើឱ្យងាយកើត “ដុំគីស” ជាងមនុស្សប្រក្រតី និងប្រថុយប្រថានក្នុងការកើតមហារីក ឬដុះសាច់នៅក្នុងសុដនទៀតផង។

    ញៀនកាហ្វេអ៊ីនខ្លាំងប៉ុនណា…ក៏អាចឈប់បានដោយវិធីខាងក្រោមនេះដែរ

    1 . បន្ថយបរិមាណ ៈ សម្រាប់អ្នកដែលញៀនកាហ្វេ ហើយត្រូវការចង់ឈប់ញ៉ាំកាហ្វេយ៉ាងដាច់ខាតតែម្តងនោះ ដំបូងៗអាចមានអាការឈឺក្បាល និងមានអារម្មណ៍ឡេះឡះនៅពេលមិនបានញ៉ាំកាហ្វេ។ ដំណាក់កាលដំបូងសុំឱ្យសាកល្បងប្តូរពីកាហ្វេខ្មៅសុទ្ធៗមកជាកាហ្វេទឹកដោះគោប្រមាណជាមួយអាទិត្យ រួចហើយសឹមបញ្ចុះមកជាការញ៉ាំទឹកដោះគោឆៅក្តៅឧណ្ហៗលាយកាហ្វេស្តើងៗ។ ក្នុងអំឡុងពេលថ្ងៃចូរប្តូរពីកាហ្វេមកជាកូកូក្តៅជំនួសវិញ ព្រោះកូកូក៏មានកាហ្វេអ៊ីនដូចគ្នាដែរ តែតិចជាងកាហ្វេ។

    ការឈប់ញ៉ាំកាហ្វេបែបដាច់ខាតភ្លាមៗ នឹងហុចផលអាក្រក់ច្រើនជាងផលល្អ និងអាចធ្វើឱ្យកាន់តែពិបាកបញ្ឈប់ការញ៉ាំកាហ្វេខ្លាំងឡើងទៅវិញទេ ដូច្នេះទើបគួរប្រើវិធីការកាត់បន្ថយបរិមាណ ដែលអាចហៅបានថា ជាការដកខ្លួនថយឆ្ងាយពីគុណវិបត្តិរបស់កាហ្វេបន្តិចម្តងៗទើបជាការប្រសើរ។

    2 . ញ៉ាំទឹកតែឱសថបុរាណ និងភេសជ្ជៈក្លិនខារ៉ាមេល ៈ តែប្រភេទខ្លះគ្មានកាហ្វេអ៊ីនឡើយ និងថែមទាំងក្លិនរបស់ទឹកតែឆុងចាស់ៗ នឹងជួយឱ្យមានអារម្មណ៍ស្រស់ថ្លា អាចជំនួសឱ្យការញៀនកាហ្វេបាន។ តែឱសថបុរាណ ដូចជា តែយឹនស៊ឹន តែព្នៅ តែខ្ញី តែបៃតង មានក្លិនក្រអូប និងជួយបំប៉នសុខភាព ជួយសម្រួលតុល្យការឱ្យរាងកាយ។ ការរកអ្វីផ្សេងមកញ៉ាំជំនួសកាហ្វេក៏អាចជួយបានដែរ បើលោកអ្នកមិនចូលចិត្តទឹកតែ ចូរប្តូរមកញ៉ាំទឹកដោះក្រឡុកលាយក្លិនខារ៉ាមេល ឬបាត់ធើរ៍ ស្កត់ ក័ជាភេសជ្ជៈមួយទៀតដែលអាចជំនួសកាហ្វេបានដែរ ព្រោះទាំងខារ៉ាមេល និងបាត់ធើរ៍ ស្កត់នឹងផ្តល់នូវក្លិនស្រដៀងកាហ្វេខ្លាំងបំផុត។

    នៅពេលដឹងពីគុណវិបត្តិរបស់កាហ្វេហើយ ក៏គួរតែបន្ថយបរិមាណការញ៉ាំឱ្យមានតុល្យភាពជាមួយការញ៉ាំអាហារផ្សេងៗគួបផ្សំជាមួយការញ៉ាំបន្លែផ្លែឈើដែលមានប្រយោជន៍ដល់រាងកាយ និងញ៉ាំទឹកស្អាតឱ្យបានញឹកញាប់ឡើងដើម្បីលាងជម្រះឬទ្ធិរបស់កាហ្វេអ៊ីនឱ្យថយចុះខ្លះ៕

  • រហូតមកដល់ពេលនេះប្រជាជនខ្មែរជាង 10លាននាក់ប្រើ Facebook

    រហូតមកដល់ពេលនេះប្រជាជនខ្មែរជាង 10លាននាក់ប្រើ Facebook

    បច្ចុប្បន្ននេះ បណ្តាញ​សង្គម​បាន​ចូល​កាន់តែ​ជ្រៅ​ទៅក្នុង​ជីវិត​រស់នៅ​របស់​ប្រជាជន​លើ​ពិភពលោក ដោយ​ក្នុងនោះ​នៅ​កម្ពុជា​យើង​ក៏មាន​ចំនួន​មិនតិច​ដែរ​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម ជាពិសេស Facebook។

    តាម​ការបញ្ជាក់​របស់​លោក អ៊ឹម វត្ថា អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ​ប្រជាជន​ខ្មែរ​ប្រមាណ 10,950,000នាក់​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​យក្ស Facebook។ លោក​បានបញ្ជាក់​ផងដែរ​ថា​រហូតមកដល់​ពេលនេះ ប្រជាជន​នៅក្នុង​ប្រទេស​យើង​បាន​ទិញ​ស៊ីម​កាត​ប្រើប្រាស់​ពី​ប្រតិបត្តិ​ករទាំង6 នៅ​កម្ពុជា​ចំនួន 20,481,054ស៊ីម។

    អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ក៏បាន​បញ្ជាក់​ផងដែរ​ថា រហូតមកដល់​ពាក់កណ្តាល​ឆ្នាំ2020នេះ ប្រជាជន​យើង​បាន​ជាវ​សេវា​អ៊ី​ន​ធើ​ណិ​ត​ចល័ត​ពី​ប្រ​ត្តិ​ប​ត្តិ​ករ​ចំនួន7 នៅ​កម្ពុជា​ចំនួន 14,863,435នាក់ ឬ​ស៊ីម​កាត និង​ជួល​សេវា​អ៊ី​ន​ធើ​ណិ​ត​អចល័ត​ប្រតិបត្តិ​ករទាំង37 សរុប​ចំនួន 249,132នាក់៕

     

  • 7 ប្រយោគដែលធ្វើឱ្យស្នេហាស្ថិតស្ថេរគង់វង្សយូរអង្វែង

    7 ប្រយោគដែលធ្វើឱ្យស្នេហាស្ថិតស្ថេរគង់វង្សយូរអង្វែង

    រឿងប្រើពាក្យសំដីជាមួយគូស្នេហ៍គឺជារឿងសំខាន់ខ្លាំងណាស់ ព្រោះគូស្វាមីភរិយាដែលឈ្លោះគ្នាច្រើនតែកើតចេញពីពាក្យសំដីហ្នឹងឯង តើវានឹងល្អដែរទេ បើសិនជាយើងមានពាក្យសំដីដែលល្អៗពិរោះៗដែលសាងសម្ព័ន្ធភាពឱ្យកាន់តែរឹងមាំឡើងនោះ? ចូរនាំគ្នាហ្វឹកហាត់ឱ្យធ្លាប់មាត់ នោះជីវិតស្នេហ៍របស់អ្នកនឹងគ្មានថ្ងៃមានបញ្ហាដោយសារពាក្យសំដីឡើយ ដូច្នេះសូមសាកល្បងមើលប្រយោគដែលគួរនិយាយជាមួយមនុស្សដែលយើងស្រឡាញ់ ដែល ឡារ៉ែនលើកយកមកណែនាំក្នុងលេខនេះម្តងមើល។

    1 . បង(ឬអូន)នៅត្រង់នេះណា៎

    ពាក្យសំដីធម្មតាៗដែលអាចបង្ហាញបានថា អ្នកនឹងមិនព្រមលែងដៃពីគេ(ឬនាង)យ៉ាងពិតប្រាកដ មិនថាមានបញ្ហាអ្វីកើតឡើងនោះឡើយ។ បើអ្នកមិនដឹងថានឹងនិយាយអ្វីនៅពេលដែលគេ(ឬនាង)មានបញ្ហានឿយហត់នោះ សុំឱ្យនិយាយពាក្យនេះសិនទៅ ធានាថាអ្នកស្តាប់នឹងមានអារម្មណ៍សប្បាយចិត្តឡើងវិញមិនខាន។

    2 . បង(ឬអូន)មានអ្វីល្អៗជាងបង(ឬអូន)ខ្លួនឯងគិតទៅទៀត

    ពាក្យសំដីដែលសាងកម្លាំងចិត្តបានយ៉ាងល្អ គឺការជឿជាក់លើមនុស្សដែលយើងស្រឡាញ់បែបនេះឯង ត្រឹមតែប៉ុណ្ណឹងក៏នឹងធ្វើឱ្យផ្ការីកស្គុះស្គាយនៅក្នុងចិត្តអ្នកស្តាប់ និងត្រៀមជាស្រេចក្នុងការក្រោកឡើងធ្វើអ្វីតាមក្តីស្រមៃរបស់ខ្លួនបានបាត់ទៅហើយ។

    3 . សុំទោសណា៎

    បើអ្នកដឹងខ្លួនថាខុស កុំបណ្តោយឱ្យបញ្ហាវារលាយបាត់ទៅដោយខ្លួនឯងដោយគ្មានអ្នកណានិយាយពាក្យថា សុំទោសឱ្យសោះ ពាក្យខ្លីៗមួយនេះមានមានថាមពលខ្លាំងក្លាខ្លាំងណាស់ អ្នកខ្លះគ្រាន់តែបានឮពាក្យថាសុំទោស ដួងចិត្តរបស់គេក៏ទន់ត្រជាក់ភ្លាមបាត់ទៅហើយ ដូច្នេះចូរនិយាយវាចេញមក វាគ្មានទៅខាតបង់អ្វីទេ។

    4 . បង(ឬអូន)បារម្ភណា៎

    បើសង្កេតឃើញថា គេ(ឬនាង)មានបញ្ហា មានរឿងពិបាកចិត្ត ឬកំពុងជួបនឹងបញ្ហាអ្វីមួយនោះ ប្រយោគដែលគួរនិយាយជាមួយគូស្នេហ៍ក៏គឺ “បង(ឬអូន)បារម្ភណា៎” តែប៉ុណ្ណឹងនឹងធ្វើឱ្យគូស្នេហ៍របស់អ្នករំភើបចិត្តបានទៅហើយ ដែលសំខាន់នោះវាថែមទាំងជាពាក្យសំដីដែលធ្វើឱ្យអ្នកស្តាប់ចង់ទម្លាយបញ្ហាប្រាប់យើងកាន់តែខ្លាំងឡើងទៀតផង។

    5 . មានអ្វីអាចឱ្យបង(ឬអូន)ជួយបានទេ?

    កុំបណ្តោយឱ្យបញ្ហារបស់គូស្នេហ៍ ក្លាយជាបញ្ហារបស់គេ(ឬនាង)តែម្នាក់ឯងអី គ្រាន់តែសួរគេយ៉ាងងាយៗថា មានអ្វីអាចឱ្យជួយបានទេ ប៉ុណ្ណឹង ក៏ប្រៀបដូចជាទឹកដ៏ត្រជាក់មកស្រោចស្រប់លើបេះដូងមនុស្សដែលកំពុងតានតឹងក្នុងអារម្មណ៍ឱ្យស្រស់ថ្លាឡើងវិញបានទៅហើយ។

    6 . ខឹងតើ…តែមិនចង់បាត់បង់បង(ឬអូន)ទេ

    ជាមួយសម្ព័ន្ធភាពស្នេហ៍ យ៉ាងណាៗក៏ត្រូវតែមានថ្ងៃដែលអ្នកឈ្លោះគ្នាដែរ តែបើសិនជាអ្នកប្រាប់ទៅគេ(ឬនាង)ថា អ្នកខឹងតែនៅតែស្រឡាញ់ តែប៉ុណ្ណឹងក៏នឹងធ្វើឱ្យអ្នកបានឮធូរស្រាលក្នុងចិត្ត ឬត្រៀមជាស្រេចក្នុងការចាប់ដៃកែខៃបញ្ហាជាមួយគ្នាបាត់ទៅហើយ។

    7 . មនុស្សយើងសុទ្ធតែធ្លាប់ធ្វើខុសទាំងអស់

    ដូចគ្នានោះដែរ បើគូស្នេហ៍របស់អ្នកមានអារម្មណ៍តានតឹងធុញថប់ពីកំហុសឆ្គងរឿងការងារ រឿងផ្សេងៗក្នុងជីវិតប្រចាំថ្ងៃនោះ អ្នកត្រូវតែនិយាយឱ្យអារម្មណ៍គេត្រជាក់វិញ និងកែសម្រួលទស្សនៈរបស់គេ(ឬនាង)ថា មនុស្សគ្រប់រូបលើពិភពលោកនេះសុទ្ធតែធ្លាប់ធ្វើខុសទាំងអស់ហ្នឹង ហើយអ្នកត្រៀមជាស្រេចក្នុងការអត់ទោសឱ្យគេ(ឬនាង)ដូចគ្នានឹងគេ(ឬនាង)ក៏គួរតែអត់ទោសឱ្យខ្លួនឯងដែរ៕

  • អ្នកល្មើសនឹងវិធានការចត្តាឡីស័កនឹងទទួលពិន័យ ឬទោសបញ្ញត្តិជាធរមាន

    អ្នកល្មើសនឹងវិធានការចត្តាឡីស័កនឹងទទួលពិន័យ ឬទោសបញ្ញត្តិជាធរមាន

    ក្រោយពេល​មាន​ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិក​មួយរូប​បាន​លួច​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ក្រសួងសុខាភិបាល មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា រាល់​អ្នក​ដែល​ល្មើស​នឹង​វិធានការ​ច​ត្តា​ឡី​ស័ក​នឹងត្រូវ​ទទួលពិន័យ ឬ​ទោស​បញ្ញត្តិ​ជា​ធរមាន។

    លោកជំទាវ ឱ វណ្ណឌី​ន បាន​លើកឡើងថា បុគ្គល​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​គឺ​ចាំបាច់​បំផុត​ត្រូវតែ​គោរព​តាម​ការអនុវត្ត​វិធាន​នេះ​រយៈពេល 14ថ្ងៃ​ឱ្យបាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​បំផុត មិន​ថា​អ្នកនោះ​ជា​ជនជាតិខ្មែរ ឬ​ជនបរទេស​ដែល​មក​រស់នៅ និង​ចូលមក​កម្ពុជា​នោះទេ។ ប្រសិនបើ​មិន​អនុវត្តតាម​វិធាន​ការដែល​ក្រសួងសុខាភិបាល​ដាក់ចេញ​ឱ្យ​អនុវត្ត​នោះទេ បុគ្គល​ដែល​មិន​គោរព និង​មិន​ប្រតិបត្តិ​តាម​វិធានការ​សុខ​ភិ​បាល ឬ​រត់គេច​ពី​ការអនុវត្ត​វិធានការ​នេះ​ដោយ​ចេតនា​ក្តី និង​អ​ចេតនា​ក្តី នឹងត្រូវ​ទទួលទោស​តាមផ្លូវ​ច្បាប់​ជាធរ​មាននៅ​កម្ពុជា។

    ពាក់ព័ន្ធ​នឹង​បញ្ហា​ពិន័យ ឬ​ដាក់ទោស​លើ​ជន​ដែល​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​គឺមាន​ចែង​ក្នុង​អនុក្រឹត្យ​លេខ 129 អនក្រ.បក ចុះ​ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ2015 ស្តីពី​វិធាន​សុខាភិបាល​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ នៃ​ជំងឺ​តាម​ច្រកចេញចូល រួមទាំង​វិធាន​ច្បាប់​មួយចំនួនទៀត៕

  • របស់លេង 11 ប្រភេទដែលស័ក្តិសមសម្រាប់ក្មេងអាយុ 1 ឆ្នាំឡើង

    របស់លេង 11 ប្រភេទដែលស័ក្តិសមសម្រាប់ក្មេងអាយុ 1 ឆ្នាំឡើង

    ការទិញរបស់លេងឱ្យកូនគឺជារឿងសំខាន់ ព្រោះរបស់លេង បើជ្រើសរើសទិញឱ្យសមនឹងវ័យរបស់កូន វានឹងជួយបង្កើនវិវឌ្ឍនាការរបស់កូនឱ្យក្លាយជាប្រព័ន្ធ និងថែមទាំងជួយក្នុងរឿងការហ្វឹកហាត់សាច់ដុំម្រាមដៃ ការហ្វឹកហាត់ប្រើភ្នែក និងការប្រើសតិបញ្ញាទៀតផង ដូច្នេះអីលូវយើងនាំគ្នាមកមើលថា តើរបស់លេងបែបណាដែលស័ក្តិសមសម្រាប់កូនតូចវ័យ 1 ឆ្នាំឡើងទៅខ្លះ?។

    1 . របស់លេងដែលមានរូបទ្រង់ទ្រាយផ្សេងៗ

    របស់លេងដែលមានរូបទ្រង់ទ្រាយផ្សេងៗ(មូល ជ្រុង ត្រីកោណ -ល-) ជារបស់លេងដំបូងគេដែលកូនគួរបានលេង ព្រោះមិនថាវត្ថុអ្វីដែលនៅជុំវិញខ្លួននោះទេ តែងតែមានរូបរាងទ្រង់ទ្រាយផ្សេងៗទាំងអស់។

    2 . របស់លេងដែលបិទជាប់តៗគ្នា ពីតូចទៅធំ ពីធំមកតូច

    របស់លេងប្រភេទនេះស័ក្តិសមនឹងការប្រើសតិបញ្ញាបំផុត ព្រោះអាចយកមកលេងបានច្រើនយ៉ាង។

    3 . ឡានរុញដើរតាម

    សូមប្រាប់ទៅចុះថា ក្មេងតូចៗគ្រប់គ្នា ចូលចិត្តក្នុងការចាប់កាន់វត្ថុរបស់របរដែលស្ថិតក្នុងកំពស់ដើមទ្រូងរបស់គេ និងរុញ ដើម្បីដើរទៅខាងមុខ បើក្នុងផ្ទះកៅអីមានកញ្រ្ចែងដាក់ខោអាវរាងខ្ពស់ៗ ឬកៅអីនោះ ធានាថា ក្មេងអាយុ 1 ឆ្នាំឡើងនឹងដើរទៅកាន់ រួចរុញដើរទៅមុខទាំងអស់។

    4 . របស់លេងដែលគោះ ឬវាយ ហើយមានឮសំឡេង

    ដូចជា ស្គ សៃឡូហ្វូន(រនាតបារាំង) ឆ្នាំង ធុង ចានដែក កូនតូចនឹងចូលចិត្តខ្លាំងណាស់។

    5 . របស់លេងក្នុងអាងងូតទឹក

    ត្រឹមតែងូតទឹកក៏ធ្វើឱ្យវិវឌ្ឍនាការផ្សេងៗរបស់កូនដំណើរការទៅមុខបានយ៉ាងឆាប់រហ័សដែរ អ្នកម្តាយមិនចាំបាច់ត្រូវងូតទឹកឱ្យកូនលឿនៗ ឱ្យឆាប់រួចនោះទេ គួររបណ្តោយឱ្យកូនបានលេងទឹកក្នុងចានដែកងូតទឹក និងលេងរបស់លេងផ្សេងៗនៅក្នុងទឹក តែអ្នកម្តាយត្រូវនៅមើលកូនជាប់ជានិច្ចផង។

    6 . របស់លេងវាយ

    របស់លេងមួយនេះសម្រាប់ហ្វឹកហាត់សាច់ដុំដៃបានយ៉ាងល្អ និងនៅបានជួយឱ្យកូនសប្បាយពេលបានឃើញដុំពណ៌ផ្សេងៗត្រូវបានវាយ បិងបាត់ទៅទៀតផង។

    7 . ទូរស័ព្ទរបស់លេង

    បើលោកឪពុកអ្នកម្តាយទិញឱ្យកូនលេង កូននឹងចូលចិត្តខ្លាំងណាស់ រឹតតែប្រភេទដែលមានសំឡេងជាបទភ្លេងផងនោះ កូនរឹតតែចូលចិត្តទៅទៀត។

    8 . ដុំពណ៌ផ្សេងៗ

    របស់លេងប្រភេទនេះកូនអាចយកមកដាក់តម្រៀបតគ្នាបានដោយសេរី សាងការនឹកស្រមៃបានល្អ ដោយកូននឹងបានហ្វឹកហាត់សាច់ដុំដៃ និងហាត់រឿងស្គាល់ពណ៌ផងដែរ។

    9 . របស់លេងមានកង់អូស

    មានលក្ខណៈជាកង់មានខ្សែទុកឱ្យដឹកដើរ ក្មេងក្នុងវ័យហាត់ដើរនឹងចូលចិត្តខ្លាំងណាស់។

    10 . កូនបាល់ជ័រលោតផ្លោតៗ

    កូននឹងរត់តាមលេងកូនបាល់ពណ៌ស្អាតៗនេះយ៉ាងសប្បាយរីករាយ រឹតតែមានភ្លើងភ្លឹបភ្លែតនៅខាងក្នុងផង កូនរឹតតែចូលចិត្តខ្លាំងជាពិសេសតែម្តង។

    11 . សៀវភៅ

    សៀវភៅដែលមានរូបភាពធំៗ សង្កេតឃើញបានច្បាស់ៗ ជាវត្ថុចាំបាច់ណាស់សម្រាប់ក្មេងវ័យហាត់និយាយ ហាត់រៀនយល់ដឹង គួរទិញទុកឱ្យកូនបើកមើលឱ្យបានច្រើនក្បាល សង្កត់ធ្ងន់លើរូបភាពដែលមើលទៅឃើញដូចមែនទែនផងនឹងល្អបំផុត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​