Author: ធឿន មករា

  • វេបសាយ បោកឱ្យគេចុចតៗគ្នា លើ Telegram កាលពីថ្ងៃមុន ត្រូវបានអ្នកជំនាញបិទបាត់ហើយ!

    វេបសាយ បោកឱ្យគេចុចតៗគ្នា លើ Telegram កាលពីថ្ងៃមុន ត្រូវបានអ្នកជំនាញបិទបាត់ហើយ!

    កាលពី​ចុង​សប្តាហ៍​កន្លងទៅ វេ​ប​សាយ​ដែលមាន​អាសយដ្ឋាន myxfreelance​ ដែល​ជនអនាមិក​ប្រើ ដើម្បី​លួច​អត្តសញ្ញាណ​អ្នកប្រើប្រាស់​ប្រព័ន្ធ Telegram នៅ​កម្ពុជា​នោះ ត្រូវបាន​បិទ​ជា​ស្ថាពរ​ហើយ ដោយមាន​កិច្ចសហការ​ខាង​បច្ចេកទេស​របស់ CamCERT និង​ក្រុមហ៊ុន​បម្រើសេវា Hosting។

    រំឭក​ផងដែរ​ថា  CamCERT ដែលជា​ការិយាល័យ​ឆ្លើយតប​បន្ទាន់​នៃ​បញ្ហា​កុំព្យូទ័រ របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា​របស់​ក្រសួងមហាផ្ទៃ បានធ្វើការ​យ៉ាង​លម្អិត តាមដាន​លើ​សារ​ដែល​បាន​ចែករំលែក​ទាំងនោះ និង​បានដឹងថា នេះ​គឺជា​ល្បិច​បោក​បញ្ឆោត​របស់​ក្រុម​ឧក្រិដ្ឋជន​បច្ចេកវិទ្យា ទើប​ការិយាល័យ CamCERT ចាត់វិធានការ​ជាបន្ទាន់ និង​ឈានទៅដល់​ការបិទ​ចោល​តែម្ដង៕

  • គ្រូ U19 កម្ពុជា ថា យុវជនកម្ពុជា ធ្លាក់ទម្រង់លេងខ្លាំង បើធៀបនឹងកាលពីវគ្គជម្រុះ

    គ្រូ U19 កម្ពុជា ថា យុវជនកម្ពុជា ធ្លាក់ទម្រង់លេងខ្លាំង បើធៀបនឹងកាលពីវគ្គជម្រុះ

    ការប្រកួត​ពានរង្វាន់  AFC U19 Championship នឹងធ្វើ​ឡើង​នា​ចុងឆ្នាំ​នេះ នៅក្នុង​ប្រទេស អ៊ូ​បេ​គី​ស្ថាន ហើយ​ក្រុម​ជម្រើសជាតិ​យុវជន​គោព្រៃ​កម្ពុជា បាន​ប្រមូល​ផ្តុំគ្នា និង​បាន​តេស្ត​សមត្ថភាព​បាន 1លើក​មកហើយ។

    លោក Koji Gyotoku គ្រូបង្វឹក​ក្រុមបាល់ទាត់​បាទី អាយុ​ក្រោម 18ឆ្នាំ និង​ជា​គ្រូ​បង្គោល​ឈុត​យុវជន​គោព្រៃ​កម្ពុជា អាយុ​ក្រោម 19ឆ្នាំ បាន​ថ្លែងថា យុវជន U19 មាន​បញ្ហា​ធ្លាក់​ទម្រង់​លេង​យ៉ាងខ្លាំង ដោយសារតែ​មិនសូវ​បាន​លេង​នៅ​ក្លិប​ថ្មី ដែល​ខុសគ្នា​ស្រឡះ​ពី​កាល​នៅ​ជា​យុវជន​បាទី។

    ទោះបីជា​បែបនេះ​ក្តី លោក​បានបង្ហាញ​សុទិដ្ឋិនិយម​លើ​កូនក្រុម​ថា ពួកគេ​នឹង​ព្យាយាម​ធ្វើឱ្យ​បានល្អ ក្នុងការ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ (វគ្គ 16ក្រុម​ចុងក្រោយ) នៃ​ពានរង្វាន់​បាល់ទាត់​យុវជន​ជើងឯក​អាស៊ី​អាយុ​ក្រោម 19ឆ្នាំ ឆ្នាំ2020 (AFC U-19 Championship Uzbekistan 2020) នៅ​ប្រទេស​អ៊ូ​បេ​គី​ស្ថាន នា​ខែតុលា​ខាងមុខ ដោយ​មិនមែន​គ្រាន់តែ​ចូលរួម​ដើម្បី​បង្គ្រប់កិច្ច​ឡើយ៕

  • ក្តៅក្នុង កើតឡើងដោយសារអ្វី? តើត្រូវព្យាបាល និងការពារយ៉ាងណា?

    ក្តៅក្នុង កើតឡើងដោយសារអ្វី? តើត្រូវព្យាបាល និងការពារយ៉ាងណា?

    បញ្ហា “ក្តៅក្នុង” មនុស្សជាច្រើនប្រហែលជាធ្លាប់ជួបប្រទះខ្លះៗរួចមកហើយ ដោយនៅសុខៗស្រាប់តែមានពងបែកក្លាយជាដំបៅនៅក្នុងមាត់ លើសាច់ខាងក្នុងថ្ពាល់ ឬលើអណ្តាតតែម្តង ហើយភាគច្រើនមិនដឹងថាមកពីមូលហេតុអ្វីឡើយ ដូច្នេះហើយទើបថ្ងៃនេះ ទំព័រសុខភាពរបស់ទស្សនាវដ្តី ឡារ៉ែន ស្វែងរកចម្លើយមកជូនមិត្តអ្នកអានឱ្យបានជ្រាបទាំងអស់គ្នា។

    ក្តៅក្នុងគឺជាអ្វី?

    ក្តៅក្នុង ជាអាការដែលមានពងបែកក្លាយជាដំបៅនៅក្នុងប្រអប់មាត់ ដោយអាចកើតនៅលើសាច់ថ្ពាល់ខាងក្នុង លើអណ្តាត ឬលើផ្នែកណាមួយនៅក្នុងមាត់ក៏មាន។ ខ្នាតរបស់ដំបៅអាចនឹងតូចកម្រឹតតែមិនប៉ុន្មានមីល្លីម៉ែត្រ រហូតទៅដល់សង្ទីម៉ែត្របាន និងអាចកើតច្រើនជាង 1 ដំបៅបានដូចគ្នា ដោយដំបៅទាំងនោះនឹងមានអាការផ្សា ធ្វើឱ្យទទួលទានអាហារមិនស្រួល។

    ក្តៅក្នុងបណ្តាលមកពីអ្វី?

    មូលហេតុរបស់អាការក្តៅក្នុងបណ្តាលមកពីបច្ច័យជាច្រើន តែដែលជួបប្រទះច្រើននោះគឺ ៖

    – ពូជអម្បូរ

    – ភាពតានតឹងធុញថប់

    – ភ្លេចខ្លួនខាំសាច់ថ្ពាល់ខាងក្នុងខ្លួនឯង

    – ប្រតិកម្មចាញ់សារធាតុគីមីផ្សេងៗ ដូចជា សារធាតុគីមីពីថ្នាំដុសធ្មេញ ទឹកថ្នាំខ្ពុរមាត់ ជាដើម

    – ប្រតិកម្មចាញ់អាហារប្រភេទខ្លះ

    – ខ្វះវីតាមីន និងសារធាតុប្រភេទខ្លះ ដូចជា វីតាមីន B សារធាតុដែល និងស័ង្កសី

    – ឆ្លងមេរោគបាក់តេរីប្រភេទខ្លះ

    – ឆ្លងមេរោគវីរុសមួយចំនួន ដូចជា ជំងឺរើម ជាដើម

    – ញ៉ាំទឹកតិច

    – រាងកាយខ្វះសារធាតុអាហារ

    – បរិភោគអាហារដែលមានរសជាតិខ្លាំងៗជ្រុលពេក

    – បរិភោគអាហារចៀនបំពងច្រើនជ្រុលពេក

    – ជក់បារី

    – រាងកាយកើតមានភាពខុសប្រក្រតីក្នុងប្រព័ន្ធប្រឆាំងជំងឺ អាចគេងសម្រាកមិនបានគ្រប់គ្រាន់រហូតបាត់បង់តុល្យការ

    – អំឡុងពេលដែលស្រ្តីកំពុងមានវដ្តរដូវ អាចហុចផលឱ្យអ័រម៉ូនក្នុងរាងកាយប្រែប្រួល និងអាចកើតអាការក្តៅក្នុងបាន

    ក្តៅក្នុង គ្រោះថ្នាក់ដែរឬទេ?

    ការកើតអាការក្តៅក្នុងនេះ ក្រៅពីកើរអាការឈឺផ្សាក្រហាយខ្លាំង ធ្វើឱ្យពិបាកក្នុងការកម្រើកបបូរមាត់ និងទទួលទានអាហារហើយនោះ គេមិនឃើញមានគ្រោះថ្នាក់អ្វីដែលខ្លាំងក្លាជាងនេះឡើយ ព្រោះភាគច្រើនដំបៅក្តៅក្នុងនេះអាចជាបាត់ទៅវិញដោយឯកឯង ឬបើមិនចង់ពិបាកយូរក៏អាចប្រើថ្នាំជួយឱ្យដំបៅក្តៅក្នុងនេះឆាប់ជាបាត់ទៅវិញបានដែរ តែសំខាន់បំផុតគឺ កុំឱ្យដំបៅឆ្លងមេរោគ ព្រោះអាចត្រូវប្រើពេលវេលាព្យាបាលកាន់តែយូរឡើង។

    វិធីកែអាការក្តៅក្នុង

    ដូចដែលបានរៀបរាប់ពីខាងដើមរួចមកហើយ ដំបៅក្តៅក្នុងតូចៗអាចជាបាត់ទៅវិញបានដោយឯកឯងក្នុងរយៈពេល 1 សប្តាហ៍ តែបើជាដំបៅក្តៅក្នុងដែលមានខ្នាតធំ ឬចង់ឱ្យឆាប់ជាបាត់ទៅវិញនោះ អាចព្យាបាលបានដូចតទៅ ៖

    1 . ខ្ពុរមាត់នឹងទឹកសេរ៉ូម ឱ្យទឹកសេរ៉ូមត្រូវបរិវេណដំបៅ ព្រោះទឹកសេរ៉ូមនឹងជួយសម្រាលអាការក្លាយរលាក ហើមក្រហមបាន។

    2 . ថ្នាំលាបបំបាត់អាការក្តៅក្នុង ជាក្រុមរបស់ពពួកថ្នាំ ស្ទៀរ៉យ ប្រភេទលាប ដើម្បីកាត់បន្ថយអាការរលាកក្លាយ ឈឺ ហើមអាចជាថ្នាំទឹក ជាក្រមួន ឬជាទឹកថ្នាំខ្ពុរមាត់ក៏បាន។

    3 . ឱសថបុរាណដែលមានឬទ្ធិត្រជាក់ មានច្រើនយ៉ាងដែលមានឬទ្ធិព្យាបាលអាការក្តៅក្នុង ដូចជា ស្លឹកត្រចៀកក្រាញ់ ផ្លែម្រះអាចម៏ចាប ត្រសក់ ស្ពៃស មើមឈូក ជាដើម ញ៉ាំទឹកឱសថបុរាណទាំងនេះនឹងជួយសម្រាលអាការក្តៅក្នុងបាន(តែកុំលាយស្ករច្រើនពេក)។

    វិធីការពារអាការក្តៅក្នុង

    1 . មិនទទួលទានអាហារដែលមានរសជាតិខ្លាំងៗ និងអាហារចៀនបំពងច្រើនពេក

    2 . ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ក្នុងមួយថ្ងៃ 6 – 8 កែវ

    3 . គេងសម្រាកឱ្យបានគ្រប់គ្រាន់

    4 . ហាត់ប្រាណជាប់ជាប្រចាំ មិនបណ្តោយឱ្យខ្លួនឯងមានអារម្មណ៍តានតឹងធុញថប់ច្រើនជ្រុលពេក

    5 . រក្សាអនាម័យ និងសម្អាតក្នុងប្រអប់មាត់យ៉ាងប្រយ័ត្នប្រយែង កុំដុសធ្មេញខ្លាំងៗពេក

    6 . បរិភោគអាហារឱ្យគ្រប់ 5 ប្រភេទក្រុម

    7 . ឧស្សាហ៍សង្កេតមើលភាពខុសប្រក្រតីរបស់ខ្លួនឯងជាប់ជានិច្ច ដើម្បីប្រញាប់ទៅជួបគ្រូពេទ្យភ្លាម បើមានភាពចាំបាច់

    អាការក្តៅក្នុងមិនមែនជាបញ្ហាធំទេ តែវាសាងនូវក្តីរំខាន និងលំបាកក្នុងការរស់នៅរបស់អ្នកដែលកើតអាការនេះច្រើនយ៉ាងមិននឹកស្មានដល់ ដូច្នេះការការពារខ្លួនឯងពីអាការក្តៅក្នុងក៏ជាវិធីមួយដែលនឹងជួយឱ្យយើងរស់នៅបានយ៉ាងមានសេចក្តីសុខដោយងាយៗដែរ៕

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ

    ខាងក្រោមនេះគឺជាចំណេះដឹងពាក់ព័ន្ធនឹងការមើលថែទាំផ្ទះសម្បែង របស់របរ និងកិច្ចការងារក្នុងចង្រ្កានជើងឆ្នាំងដែល ឡារ៉ែន សូមនាំយកមកជម្រាបជូនមិត្តអ្នកអាន ជាពិសេសបងៗដែលជាស្រ្តីមេផ្ទះ ព្រោះជួនកាលរឿងខ្លះយើងអាចនឹងមិនដឹងពីវិធីកែបញ្ហា ឬថែទាំទុកដាក់វាឱ្យប្រើប្រាស់បានយូរឡើយ បើចង់ដឹងថា តើមានអ្វីខ្លះនោះ សូមតាមដានដូចតទៅ។

    1 . បើរោងឡាន ឬទីកន្លែងទុកដាក់របស់ប្រើប្រាស់ ឬសម្ភារជាងមានធំក្លិនអាប់មិនគួរឱ្យបេត្តីនោះ គ្មានអ្វីពិបាកទេ យើងអាចកម្ចាត់ក្លិនអាប់នោះចេញ ដោយគ្រាន់តែរោយស្មៅដែលទើបនឹងកាត់ថ្មីៗនៅលើកម្រាលបន្ទប់ ឬរោងឡាននោះ ហើយទុកចោលមួយរយៈ ដើមស្មៅទាំងនោះនឹងបឺតយកក្លិនអាប់ទាំងនោះចេញអស់មិនខាន។

    2 . បើត្រូវការពូតសម្ងួតខោអាវ 1 – 2 កុំប្លេឱ្យកាន់តែឆាប់ស្ងួតលឿនឡើងនោះ បងៗស្រ្តីមេផ្ទះអាចធ្វើបានដោយការរកកន្សែងពោះគោស្អាតមួយដាក់ចូលទៅក្នុងម៉ាស៊ីនជាមួយខោអាវដែលចង់ពូតសម្អួតនោះ ព្រោះកន្សែងពោះគោនឹងជួយបឺតយកសំណើម ធ្វើឱ្យខោអាវនោះកាប់តែឆាប់ស្ងួតឡើងទៅទៀត។

    3 . វិធីធ្វើឱ្យស៊ុំកញ្ចក់រូបថត ឬកញ្ចក់ឆ្លុះមុខមើលទៅឃើញថ្មីជាប់ជានិច្ចនោះ អាចធ្វើបានដោយការយកក្រណាត់ជ្រលក់ប្រេងស្រល់ ហើយលាបលើស៊ុំកញ្ចក់ដែលធ្វើអំពីឈើទាំងនោះ ហើយទុកឱ្យស្ងួតមែនទែន ស៊ុំកញ្ចក់ទាំងនោះនឹងមើលទៅឃើញថ្មីឡើងវិញភ្លាមជាមិនខាន។

    4 . វិធីលាងស្នាមកខ្វក់នៅលើកែវចរណៃ អាចធ្វើបានយ៉ាងងាយៗ គឺរកសំបកផ្លែត្របែក មកដាក់ចូលទៅក្នុងកែវចរណៃដែលប្រឡាក់នោះ ត្រាំទឹកទុកចោលប្រមាណជា 2 – 3 ម៉ោង ហើយលាងសម្អាតដោយទឹកស្អាត ត្រឹមតែប៉ុណ្ណឹងកែវនឹងមើលទៅឃើញស្អាតភ្លឺថ្លាមិនខាន។

    5 . វិធីសម្អាតឧបករណ៍ដែលធ្វើដោយស្ពាន់ឱ្យស្អាតភ្លឺរលោងឡើងវិញមិនមែនជារឿងពិបាកឡើយ បងៗស្រ្តីមេផ្ទះអាចធ្វើបានយ៉ាងងាយៗ គឺនាំយកមើមខ្ទឹមក្រហមមកស្ងោរក្នុងទឹកពុះ ហើយយកមកខាត់គ្រឿងស្ពាន់ទាំងនោះ ត្រឹមតែប៉ុណ្ណឹងគ្រឿងស្ពាន់ទាំងនោះនឹងថ្មីស្អាតហ្មត់ចត់ភ្លឺចាំងមិនខាន។

    (នៅមានត)

  • 13 រឿងរបស់កូនតូច ដែលអាចធ្វើឱ្យអ្នកញញឹមខ្ជឹបដោយមិនដឹងខ្លួន

    13 រឿងរបស់កូនតូច ដែលអាចធ្វើឱ្យអ្នកញញឹមខ្ជឹបដោយមិនដឹងខ្លួន

    ជឿថាលោកឪពុកអ្នកម្តាយជាច្រើននាក់ច្បាស់ជាត្រូវជួបនឹងបញ្ហាការរពឹសនៅមិនស្ងៀមរបស់កូនតូចរហូតដល់ថ្នាក់ត្រូវពឹងប្រេងខ្យល់ជាមិនខាន តែក្មេងក្នុងវ័យចង់ចេះចង់ដឹងអ្វីថ្មីៗនេះមានការវិវឌ្ឍផ្នែករាងកាយ សង្គម និងអារម្មណ៍ ដូច្នេះទើបមិនមែនជារឿងចម្លែកឡើយដែលយើងតែងបានឃើញភាពពិសេសរបស់កូនតូច ដែលអាចនឹងធ្វើឱ្យយើងនឹកអស់សំណើច និងឈឺក្បាលដំណាលៗគ្នា។ ថ្ងៃនេះ ឡារ៉ែនសូមនាំយករឿង 13 យ៉ាងរបស់បណ្តាកូនតូចដែលជឿថា ស្ទើរតែគ្រប់ក្រុមគ្រួសារត្រូវតែធ្លាប់ជួបមកជម្រាបជូនដូចតទៅ។

    1 . អំឡុងពេលរបស់ក្មេង និងមនុស្សចាស់ច្រើនតែមិនត្រូវគ្នា អាចសង្កេតបានយ៉ាងងាយគឺ ពេលយើងភ្ញាក់ កូនតូចនឹងគេងលក់ តែពេលយើងគេង កូនតូចនឹងស្រែកចេចចាចទៅវិញ។

    2 . គំនិតរបស់ក្មេងជាអ្វីដែលយើងនឹកស្មានមិនដល់ ព្រោះពួកគេនៅខ្វះការរៀនយល់ដឹង និងបទពិសោធ ដូច្នេះបើកូនតូចជាទីស្រឡាញ់និយាយអ្វីប្លែកៗចេញមក ក៏កុំទៅភ្ញាក់ផ្អើលអី។

    3 . ក្មេងៗច្រើនតែស្រែករកឪពុកម្តាយ ព្រោះលោកអ្នកគឺពិភពលោកទាំងមូលរបស់ពួកគេ។

    4 . មិនចាំបាច់នឹកឆ្ងល់ទេ បើឃើញអូនតូចអង្គុយជក់ចិត្តជាមួយអ្វីម្យ៉ាងនោះ ព្រោះក្មេងៗច្រើនតែធ្វើអ្វីដដែលៗទៅមកៗ និងលង់ជក់នៅជាមួយនឹងអ្វីដែលបានដឹងដើម្បីរៀនយល់ដឹងពីរឿងនោះ។

    5 . រកក្មេងៗមិនឃើញមែនទេ? មិនមែនជារឿងពិបាកឡើយ គ្រាន់តែដើរតាមរបស់លេងដែលអូនតូចលេងហើយទុកចោលរាយប៉ាយនៅតាមផ្លូវនោះទៅ ធានាថានឹងជួបមិនខាន។

    6 . ក្មេងមិនចេះនិយាយកុហកទេ បើមិនជឿសាកសួរទៅមើលថា មានអីជាប់នៅក្រោមភ្នែកអត់? អូនតូចនឹងឆ្លើយភ្លាមថាអត់មានអីណា៎ ឃើញតែស្នាមខ្មៅៗនៅក្រោមភ្នែកប៉ុណ្ណឹងឯង។

    7 . គ្រប់យ៉ាងគឺជារឿងកំប្លែងទាំងអស់នៅក្នុងខ្សែភ្នែកក្មេងៗ ពួកគេសើចបានគ្រប់រឿង មិនថាតែកាផោម ស្រីៗដែលដើរទិញអីវ៉ាន់ក្នុងផ្សារទំនើប ឬសូម្បីតែព័ត៌មានភេរវកម្មក្នុងទូរទស្សន៍ក៏ដោយ។

    8 . ក្មេងៗត្រូវការភាពកក់ក្តៅ ព្រោះទាំងកាយ និងចិត្ត ពួកគេងាយទន់ជ្រាយណាស់។

    9 . កូនតូចកំពូលរពឹសមិនចូលចិត្តងូតទឹកទេ តែកុំឱ្យបានចូលអាងទឹកឱ្យសោះ ព្រះអាទិត្យលិចហើយ ក៏នៅតែមិនទាន់ចង់ឡើងដែរ។

    10 . បើបានធ្វើដំណើរតាមរថយន្តយូរៗផងនោះ អូនតូចយើងនឹងនិយាយប៉ប៉ោចអត់ឈប់ឡើយ ជួនកាលសួរនេះសួរនោះរហូតដល់យើងខ្ជិលនឹងឆ្លើយ តែពេលដល់គោលដៅបែរជាគេងលក់ធ្វើព្រងើយ។

    11 . ធ្វើខ្លួនសុភាពរាបសាត្រឹមត្រូវពេលនៅនឹងមុខលោកតាលោកយាយ តែពេលនៅជាមួយយើងវិញ មហាសែនរពឹសរហូតស្មានថាជាកូនស្វា។

    12 . ចង់ធ្វើជាមេចុងភៅតូច បង្អួតស្នាដៃក្នុងការធ្វើម្ហូបអាហារ តែមិនបានដឹងឡើយថា ពេលចូលទៅនៅក្នុងចង្រ្កានបាយហើយ សភាពប្រឡូកប្រឡាក់ខ្ទេចខ្ទីខ្លាំងជាសង្រ្គាមលោកលើកទីពីរទៅទៀត។

    13 . ក្មេងៗច្រើនតែឆាប់ខឹង និងមួម៉ៅ អាណាព្យាបាលគួរតែសួរអំពីមូលហេតុដោយចិត្តត្រជាក់ វាមិនមែនជាអាការរបស់​ជំងឺអ្វីមួយទេ ដូច្នេះមិនបាច់នាំទៅជួបគ្រូពេទ្យទេ គ្រាន់តែនិយាយ សម្រួលអារម្មណ៍ តែមួយភ្លែតអាអូនតូចនឹងត្រឡប់មករីករាយដូចដើមវិញទៅហើយ។

    នែ…ឃើញទេ អានហើយនាំគ្នាញញឹមខ្ជិបតែម្តង និងសូមកុំភ្លេចថា ក្មេងៗនៅត្រូវធំធាត់ និងរៀនយល់ដឹងពីអ្វីៗជាច្រើនទៀត ដូច្នេះឧទាហរណ៍ដែលល្អបំផុតមិនបានស្ថិតនៅក្នុងសៀវភៅនោះទេ តែគឺស្ថិតនៅលើបរិស្ថានជុំវិញខ្លួនទៅវិញទេ ដើម្បីកូនតូចដែលអ្នកមើលថែទាំនៅថ្ងៃនេះ ពួកគេនឹងបានធំធាត់ឡើងក្លាយជាមនុស្សធំដែលស្រស់ស្រាយនៅថ្ងៃខាងមុខ៕

  • តើមានគ្រោះថ្នាក់ដល់រាងកាយដែរឬទេ បើចៃដន្យច្រឡំញ៉ាំអាហារដែលមានដុះផ្សឹតចូលទៅ?

    តើមានគ្រោះថ្នាក់ដល់រាងកាយដែរឬទេ បើចៃដន្យច្រឡំញ៉ាំអាហារដែលមានដុះផ្សឹតចូលទៅ?

    “នំប៉័ងទើបតែទិញមកសោះ ឥលូវដុះផ្សឹតបាត់ទៅហើយ” រឿងបែបនេះអាចកើតឡើងចំពោះមនុស្សគ្រប់គ្នាបាន ជាពិសេសបំផុតក្នុងអំឡុងពេលដែលធាតុអាកាសទាំងក្តៅផង សើមផងបែបនេះ។ បើមើលឃើញមុនហើយថា នំមួយដុំនោះមានដុះផ្សឹត ហើយបោះវាចោលនោះ មិនអីទេ តែបើញ៉ាំវាចូលទៅក្នុងពោះអស់ទៅហើយ ទើបមើលឃើញជាក្រោយថាមានដុះផ្សឹតនោះ តើនឹងត្រូវធ្វើយ៉ាងណា?។

    អ្នកជំនាញការខាងផ្នែកចំណីអាហាររបស់មហាវិទ្យាល័យ វើម៉ន់ត៍ បានណែនាំថា យើងត្រូវតែចៀសវាងពីការទទួលទាននំប៉័ង និង​អាហារដែលមានលក្ខណៈដូចជាមានដុះផ្សឹត ទោះជាយើងស្ថិតនៅក្នុងយុគសម័យរបស់គ្រប់ចំណីអាហារដែលសុទ្ធតែឆ្លងកាត់កម្មវិធីសម្លាប់​​​មេរោគមកយ៉ាងច្រើនហើយមែនក៏ដោយ តែក៏នៅតែមានឱកាសដែលយើងនឹងជួបមេរោគផ្សឹតនៅក្នុងចំណីអាហារបានដែរ។ បើសង្កេតឃើញថា នៅលើនំប៉័ងមានចំណុចតូចៗដែលអាចជាមេរោគផ្សឹតនោះ ចូរបោះវាចោលទាំងអស់តែម្តងទៅ។

    ព្រោះមេរោគផ្សឹតមានលក្ខណៈជាសរសៃៗដូចសរសៃសក់តូចៗ និងស្តើងខ្លាំងណាស់ វាមានឬស និងរីករាលដាលចេញទៅសូម្បីតែក្នុងស្រទាប់ដែលយើងមើលមិនឃើញទៀតផង ដូច្នេះ បើឃើញមានមេរោគផ្សឹតត្រឹមតែចំណុចតូចមួយនៅលើដុំនំប៉័ង ចូរបោះវាចោលទាំងអស់ទៅ ហើយការចៀសវាងពីការញ៉ាំមេរោគផ្សឹតចូលទៅនោះ មានតែវិធីមួយគត់គឺ ពិនិត្យមើលឱ្យបានច្បាស់។

    តែចុះបើសិនយើងច្រឡំញ៉ាំចំណីអាហារដែលមានមេរោគផ្សឹតចូលទៅបាត់ហើយនោះ តើត្រូវធ្វើយ៉ាងម៉េចស្រួលទៅ?

    មេរោគផ្សឹតនៅលើនំប៉័ងបន្តិចបន្តួច មិនជាគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ អ្នកខ្លះមានកង្វល់ខ្លាំងណាស់ថា មេរោគផ្សឹតគឺជាសារធាតុពុល និងនៅអាចបង្កឱ្យកើតអាការប្រតិកម្មចាញ់ទៀតផង តែមិត្តអ្នកអានជឿដែរទេថា មេរោគផ្សឹតធម្មតាៗមួយប្រភេទដែលហៅថា ផេនីស៊ីលៀម ដែលជាផ្សឹតពណ៌បៃតងៗនៅលើនំប៉័ងនោះ យើងយកវាមកធ្វើជាវត្ថុធាតុដើមរបស់ថ្នាំបដិបក្ខប្រាណដែលមានឈ្មោះថា “ផេនីស៊ីលីន” បានទៀតផង តែសម្រាប់អ្នកដែលមានប្រតិកម្មចាញ់មេរោគផ្សឹត ហើយចៃដន្យច្រឡំញ៉ាំចូលទៅវិញនោះ អាចនឹងមានគ្រោះថ្នាក់បាន អាការប្រតិកម្មចាញ់អាចធ្ងន់ធ្ងរដល់ថ្នាក់សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម រហូតទៅដល់គាំងបេះដូងបានទៀតផង។

    តែបើសិនគ្មានប្រតិកម្មចាញ់ និងច្រឡំញ៉ាំមេរោគផ្សឹតចូលទៅហើយនោះ ក៏មិនចាំបាច់ភ្ញាក់ផ្អើលអ្វីដែរ ព្រោះមេរោគផ្សឹតនឹងធ្វើឱ្យមានគ្រោះថ្នាក់ដល់រាងកាយយើងបាន លុះត្រាណាតែក្នុងករណីដែលញ៉ាំជាបន្តបន្ទាប់រយៈពេលយូរតែប៉ុណ្ណោះ។

    តើយើងនឹងចៀសវាងពីមេរោគផ្សឹតយ៉ាងណាបាន?

    1 . ការឧស្សាហ៍សង្កេតមើលចំណីអាហារដែលប្រុងទិញ និងមុនពេលទទួលទាន ការហឹតមិនអាចជួយអ្វីបានឡើយ ព្រោះមេរោគផ្សឹតគ្មានក្លិនទេ និងសាកល្បងសង្កេតមើលខ្លួនឯងថា តើមានកើតអាការប្រតិកម្មចាញ់ផ្សេងៗដូចជា តឹងច្រមុះ រមាស់ ហូរទឹកភ្នែក ហៀរសំបោរ រមាស់ផ្ទៃមុខដោយសារការញ៉ាំអាហារដែរឬទេ?។

    2 . គួររក្សាអនាម័យខាងក្នុងផ្ទះឱ្យបានល្អ ព្រោះវាជារឿងដំបូងគេដែលត្រូវធ្វើដើម្បីការពារមេរោគផ្សឹត ក្រៅពីនេះមេរោគផ្សឹតនៅអាចរីកធំធាត់ និងបន្សាយស័្ពរចេញទៅលើរបស់របរផ្សេងៗដែលស្ថិតនៅក្នុងបរិវេណនោះទៀតផង ដូច្នេះនៅក្នុងទូទឹកកក ក្រណាត់ជូតចាន ភាជនៈដាក់ចំណីអាហារ ឬសូម្បីតែតុត្រៀមម្ហូបអាហារនៅក្នុងផ្ទះបាយ ក៏អាចនឹងមានស័្ពររបស់មេរោគផ្សឹតតោងជាប់ដែរ ទើបគួរតែលាងជូតសម្អាតឱ្យបានញឹកញាប់។

    3 . មេរោគផ្សឹតរីកធំធាត់បានល្អណាស់នៅក្នុងកន្លែងដែលសើម បើសិនជាអាចទៅរួច គួរតែគ្រប់គ្រងកម្រឹតភាពសើមខាងក្នុងផ្ទះកុំឱ្យលើស 40 %។

    4 . គួរលាងជូតសម្អាតខាងក្នុងទូទឹកកកឱ្យបានញឹកញាប់ យ៉ាងហោចណាស់ក៏មួយខែ ឬពីរខែម្តងដែរ ដោយការយកម្សៅបេកឃីងសូដា មករលាយជាមួយទឹក ហើយជូតសម្អាត និងចំណុចណាដែលគួរឱ្យសង្ស័យថាមានមេរោគផ្សឹតនោះ ចូរយកទឹកខ្មេះលាយជាមួយទឹក មកដុសខាត់ចេញ។ ចំណែកក្រណាត់ជូតចាន បើចាប់ផ្តើមមានក្លិនហើយ ចូរយកទៅបោះចោលតែម្តងទៅល្អជាងយកមកបោកគក់ហើយប្រើម្តងទៀត ព្រោះវាអាចជាការបើកឱកាសឱ្យមេរោគផ្សឹតរីករាលដាលក្នុងផ្ទះបាន៕

  • កាន់ថ្មបានរហូតដល់40ថ្ងៃ realme C11 បានប្រកាសចេញជាផ្លូវការនៅថ្ងៃនេះ ហើយតម្លៃពិសេសត្រឹមតែ 119ដុល្លារ

    កាន់ថ្មបានរហូតដល់40ថ្ងៃ realme C11 បានប្រកាសចេញជាផ្លូវការនៅថ្ងៃនេះ ហើយតម្លៃពិសេសត្រឹមតែ 119ដុល្លារ

    realme C11 ដែល​កំពុង​ផ្ទុះ​ខ្លាំង​នៅលើ​បណ្តាញ​សង្គម ទីបំផុត​បានប្រកាស​ចេញ​ជា​ផ្លូវការ​នៅថ្ងៃនេះ។ realme C11 ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​កំពូល​ដែល​ស្ថិតក្នុង​កម្រិត​ថវិកា វា​មិន​ត្រឹម​តែមាន​ថាមពល​ថ្ម​ធំ5000 mAh ដែល​កាន់​ថ្ម​បាន​រហូតដល់ 40 ថ្ងៃ​ប៉ុណ្ណោះ​ទេ វា​ក៏បាន​បំពាក់​មកជា​មួយ​អេក្រង់​ធំ​ប្រភេទ​ដំណក់ទឹក​ទំហំ 6.5 អ៊ី​ញ ដែល​អាច​អនុញាត​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​ប​ទ​ពិសោធន៍​កាន់តែ​ប្រសើរ​ជាង​មុន ជាមួយគ្នានេះ realme C11 ភ្ជាប់​មកជា​មួយ​ការ​រចនា​យ៉ាង​ស្រស់ស្អាត​ដែល​កំពុង​ពេញនិយម។ realme C11 មានតម្លៃ​ត្រឹមតែ 119 ដុល្លារ​ប៉ុណ្ណោះ ហើយ​វា​ក៏ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ស្មា​ត​ហ្វូ​ន​កម្រិត​ថវិកា ដែលមាន​ថ្ម​ធំ និង​ការ​រចនា​ទាន់សម័យ​បំផុត។

    ថាមពលថ្មធំ 5000 mAh កាន់ថ្មបានរហូតដល់40ថ្ងៃ

    ស្មា​ត​ហ្វូ​ន​ដែល​កាន់​ថ្ម​បានយូរ​គឺ​សំខាន់​ណាស់​សម្រាប់​យុ​វ័យ​បច្ចុប្បន្ន។ realme C11 បំពាក់​ថាមពល​ថ្ម​ធំ 5000mAh ដែល​អាច​កាន់​ថ្ម​បាន​រហូតដល់40ថ្ងៃ។ មិនតែប៉ុណ្ណោះ​ថាមពល​ថ្ម​ធំ​នេះ អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​ស្តាប់​តន្ត្រី​បាន​រហូតដល់ 169.8 ម៉ោង មើល​ភាពយន្ត​បាន 21 ម៉ោង និង​អាច​លេង​ហ្គេម​បាន​រហូតដល់ 12ម៉ោង។ លើសពីនេះទៅទៀត realme C11 ភ្ជាប់​ជាមួយ​មុខងារ APP Freezing និង មុខងារ​សន្សំសំចៃ​ថ្ម ជាមួយ​AI ដូច្នេះ​វា​ធ្វើ​ឲ្យ​ថាមពល​ថ្ម​អាច​ប្រើប្រាស់​បានយូរ។

    ក្រៅពី​ថាមពល​ថ្ម​ធំ​អាច​ប្រើប្រាស់​បានយូរ ផ្នែក​សុវត្ថិភាព​គឺ​សំខាន់​ណាស់។ ឆ្នាំង​សាក​និង​ខ្សែ​សាក​ថ្ម​របស់ realme C11 ទាំងអស់​មាន​បន្ទះ​សៀគ្វី​ត្រួតពិនិត្យ​សុវត្ថិភាព ដើម្បី​ការពារ​គ្រោះថ្នាក់។  ជាមួយនឹង​មុខងារ​ផ្ទេរ​ថាមពល​ថ្ម OTG ពិសេស វា​ថែមទាំង​អាចជួយ​សន្សំសំចៃ​ថាមពល​ថ្ម​របស់​អ្នក និង​សាក​ថ្ម​ផលិតផល AIoT បាន​ទៀតផង។

    ការរចនាដែលពេញនិយមឈានមុខគេ និងបានបំផុសគំនិតដោយការរចនាGeometric របស់ Mondrian

    ដើម្បី​ផ្តល់អោយ​យុវវ័យ​នូវ​ផលិតផល​ដែល​ពេញនិយម​និង​ឈានមុខ​គេ realme តែងតែ​សាកល្បង​ប្រើប្រាស់​នូវ​អ្វីដែលថ្មីៗនៅក្នុង​ការ​រចនា​រប​ស់​ខ្លួន ដើម្បី​ទាក់ទាញ​នូវ​ចំណាប់អារម្មណ៍​និង​នាំមក​នូវ​រូបរាង​ថ្មី ។ ហើយ​ដើម្បី​អបអរ​ផលិតផល C series ដែលមាន​អតិថិជន​ដល់​ទៅ13លាន​នាក់​នៅ​ជុំវិញ​ពិភពលោក realme បាន​ប្រើប្រាស់ ការ​រចនា​ថ្មី ដែល​បានទទួល​ការ​បំផុសគំនិត​ពី​រូប​geometric របស់​Piet Cornelies Mondrian ។

    ដោយសារតែ “ C ” តំណាងអោយ​ភាពសំបូរ​បែប​និង​ភាព​ច្នៃប្រឌិត ដូច្នេះហើយ​realme C11  បានផ្តល់​ជា 2ពណ៍​សម្រាប់​ជ្រើសរើស​គឺ Mint Green និង Pepper Grey ។

    ហើយ​អ្វីដែល​ខុសគ្នា​ជាមួយនឹង​ស្មា​ត​ហ្វូ​ន C series កាលពីមុន​នោះ​គឺ ឆ្នូត​ដែល​នៅ​ផ្នែក​ខាងក្រោយ​គឺ​បាន​ឆ្លងកាត់​ការ​ប៉ូ​លា​ចំនួន300នាទី  និង​មាន​ខ្សែកោង​រហូតដល់​ជាង450 ខ្សែកោង ធ្វើអោយ​កាន់តែ​ងាយស្រួល​ក្នុងការ​ចាប់​កាន់ និង​មិន​ងាយ​ប្រលាក់​ស្នាម​ម្រាមដៃ។

    អេក្រង់ទំហំ ៦.៥ អ៊ីបទពិសោធន៍មើលឃើញកាន់តែច្បាស់

    realme C11 ត្រូវបាន​បំពាក់​ដោយ​អេក្រង់​ទំហំ 6.5 អ៊ី​ញ ដែល​នាំមក​នូវ​ទិដ្ឋភាព​ធំ​ទូលាយ​ផ្តល់ជូន​នូវ​បទពិសោធន៍​លេង​ហ្គេម និង​ការ​ទស្សនា​វីដេអូ​ល្អ​បំផុត ហើយ​អនុញ្ញាតឱ្យ​អ្នក​រីករាយ​នឹង​អេក្រង់​ធំ​លាត​ពេញ ជាមួយ​ការកាត់បន្ថយ​ចំណាំងផ្លាត ធ្វើ​ឲ្យ​អ្នកទទួលបាន​នូវ​បទពិសោធន៍​ពេញ​អេក្រង់​ពិតប្រាកដ។ ។ ជាមួយនឹង​ការ​រចនា​ម៉ូដ​ខ្នាត​បែប​ដំណក់ទឹក ដែល​លាតសន្ធឹង៨៨,៧% នៃ​តួខ្លួន​របស់​វា ។

    បន្ទះឈីខ្លាំងជាងជាមួយតម្លៃ ត្រឹមតែ ១១៩ដុល្លារ

    realme C11 បាន​បំពាក់​បន្ទះ​ឈី​ប Helio G35 ដែលមាន​ដំណើរ​ការល្អ​លំដាប់​ទីមួយ​និង​មាន​ថាមពល​ខ្លាំង​ក្នុងចំណោម​ផលិតផល​ដែលមាន​កម្រិត​តម្លៃ​ប្រហាក់ប្រហែលគ្នា។ Helio G35 វា​ក៏​ជា​បន្ទះ​ឈី​ប​ដែល​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការលេង​ហ្គេម​សំខាន់​មួយ ក្នុងចំណោម​បន្ទះ​ឈី​ប MediaTek ។ ដោយ​បំពាក់​ជាមួយ​នូវ​2GB RAM+32GB ROM និង​ដំណើរការ​ដោយ​LPDDR4X RAM ។បើ​ប្រៀបធៀប​នឹង LPDDR3 កម្រិត​រូបភាព​កើនឡើង20% និង សមត្ថភាព​RAMកើនឡើង​បាន100% ។ វា​មាន​រន្ធ3សម្រាប់​ដាក់​កាត ដែល​អាចដាក់​បាន SIM 2 និង Memory កាត 1 (ដែល​អាច​បន្ថែម​បាន​ដល់  256GB)។

    ស្មាហ្វូកម្រិតថវិកាដែលបំពាក់កាមេរ៉ាភ្លោះ មានមុខងារថតពេលយប់

    realme C11 ត្រូវបាន​បំពាក់​មកជា​មួយ​កាមេរ៉ា​ខាងក្រោយ​ទំហំ ១៣ មេ​ហ្គា​ភិ​ច​ស៊ែ​ល ដែលមាន​មុខងារ​ថត Porttait និង Nightscape ធ្វើឱ្យ​វា​ក្លាយជា​ទូរស័ព្ទ​ឆ្លាត​វៃ​តែមួយគត់​ដែល​អាច​ថត​បាន​នៅពេល​យប់​ក្នុង​កម្រិត​តម្លៃ​ប្រហាក់ប្រហែលគ្នា។

    realme C11 ត្រូវបាន​ចាត់ទុកថា​ជា “ស្មា​ត​ហ្វូ​ន​កម្រិត​ថវិកា ដែលមាន​ថាមពល​ថ្ម​ធំ និង​ការ​រចនា​ទាន់សម័យ​បំផុត” រចនាបថ​របស់​វា អាច​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​នូវ​បទពិសោធន៍​កាន់តែ​អស្ចារ្យ ដោយ​មិន​បារ​ម្មណ៍​ជាមួយ​ការ​អស់​ថ្ម។ រចនាបថ​ដែល​ស្អាត​ប្លែក នៃ realme C11 នឹង​កំណត់​ឡើងវិញ​នូវ​ស្តង់ដារ សោភ័ណភាព របស់​អ្នកប្រើប្រាស់​សម្រាប់​ស្មា​ត​ហ្វូ​ន​កម្រិត​ថវិកា។

    realme C11 នឹងធ្វើ​ការប្រកាស​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៤ ខែកក្កដា នេះ​តទៅ។ ហើយ realme C11 មាន ២ ពណ៌ សម្រាប់​ជ្រើសរើស គឺ ពណ៌​បៃតង (Mint Green) និង ប្រផេះ(Pepper Grey) ដែលមាន អង្គ​ផ្ទុក​ខាងក្នុង​ទំហំ 2GB RAM+32GB ROM ជាមួយ​តម្លៃ​ពិសេស​ត្រឹមតែ ១១៩ ដុល្លារ​តែ​ប៉​ណ្ណោះ។

  • សួរចិត្តខ្លួនឯងហើយឬនៅ? ជាមួយរឿងសំខាន់ដែលត្រូវតែទទួលយកឱ្យបាន…មុនសម្រេចចិត្តរៀបការ

    សួរចិត្តខ្លួនឯងហើយឬនៅ? ជាមួយរឿងសំខាន់ដែលត្រូវតែទទួលយកឱ្យបាន…មុនសម្រេចចិត្តរៀបការ

    “ការរៀបការ” មិនបានមានន័យថា សេចក្តីស្នេហារបស់អ្នកបានធ្វើដំណើរមកដល់ចំណុចដែលទទួលបានជោគជ័យហើយនោះទេ តែវាគឺជា ការចាប់ផ្តើមជីវិតគូទៅវិញទេ។ សេចក្តីស្នេហាមានតួនាទីរុញច្រានឱ្យមនុស្សពីរនាក់សម្រេចចិត្តរួមរស់នៅជាគូនឹងគ្នា តែ..នឹងមានប៉ុន្មានគូទៅដែលនឹងថែប្រគងសម្ព័ន្ធភាពស្នេហ៍ឱ្យរួចទៅដល់ត្រើយនៃសេចក្តីសុខបាននោះ?។

    ដូច្នេះបើអ្នកជាមនុស្សម្នាក់ដែលកំពុងសម្រេចចិត្តចង់រៀបការក្នុងពេលឆាប់ៗនេះ តើមានដែលសាកល្បងសួរចិត្តខ្លួនឯងឱ្យប្រាកដច្បាស់ហើយឬនៅថា អ្នកបានត្រៀមខ្លួនរួចហើយ និងអាចទទួលយករឿងសំខាន់ៗទាំងនោះបានច្រើនតិចខ្លាំងប៉ុនណា? ដូច្នេះពេលនេះយើងនឹងបបួលអ្នកមកគិតត្រិះរិះដោយបេះដូង និងសតិស្មារតីរបស់អ្នកម្តងទៀត ព្រោះបើថ្ងៃណាមួយសេចក្តីស្នេហាមិនបានល្អស្រស់បំព្រងដូចការនឹកសង្ឃឹមនោះ តើអ្នកអាចទទួលយក និងទប់ទល់ជាមួយវាបានឬទេ? យើងនាំគ្នាមកមើលដូចតទៅ ៖

    នៅពេលដែលគូស្នេហ៍អាចនឹងប្រែប្រួលខុសពីមុននៅថ្ងៃណាមួយ

    ពិភពរបស់សេចក្តីស្នេហាមានទាំងសុខ និងទុក្ខ តែវាក៏មិនបានសាហាវឃោឃៅរហូតនោះដែរ បើយើងចេះទទួលយកបាននៅលើលក្ខខណ្ឌនៃសេចក្តីពិតបាន ហើយសង្គមបច្ចុប្បន្ននេះ មនុស្សយើងម្នាក់ៗសុទ្ធតែដង្ហោយរកសេចក្តីសុខមកដាក់ខ្លួន ដោយបោះបង់មនុស្សម្នាក់ទៀតចោលបានយ៉ាងងាយជានិច្ច ដូច្នេះបើថ្ងៃនេះគេប្រាប់ថាស្រឡាញ់អ្នកខ្លាំងណាស់ តែនៅពេលរៀបការហើយ ថ្ងៃមួយគេមានទង្វើខុសពីមុន ព្រងើយកន្តើយ យកចិត្តទុកដាក់រូបអ្នកកាន់តែតិចទៅ ឬអាចលួចមានអ្នកថ្មីនោះ បែបហ្នឹង…តើអ្នកមានបានត្រៀមការណ៍ទុកក្នុងចិត្តយ៉ាងស្ងាត់ៗហើយឬនៅថា នឹងត្រូវទប់ទល់យ៉ាងណា?។

    នៅពេលដែលឋានៈជីវភាព និងភាពរឹងមាំខាងគ្រួសារចាប់ផ្តើមរង្គោះរង្គើ

    នៅពេលជួបស្នេហ៍ថ្មីៗ ឬរៀបការរួចថ្មីៗ ស្រីៗអាចសម្រេចចិត្តយ៉ាងងាយៗដោយសារគ្រាន់តែខាងប្រុសមានឋានៈជីវភាពស្ថិតស្ថេរមាំមួន តែ…ចុះបើរៀបការនឹងគ្នាយូរទៅ ជីវិតការធ្វើការងាររបស់គេដើរមកដល់ចំណុចបរាជ័យ គេលែងមានអ្វីឱ្យអ្នកពឹងពាក់បាន លែងមានប្រាក់ចំណូលល្អៗដែលធ្លាប់តែមើលថែប្រណិប័តន៍រូបអ្នកយ៉ាងល្អ បើគេបរាជ័យខាងផ្នែកហិរញ្ញវត្ថុ និងការងារ តើអ្នកមានបានត្រៀមចិត្តរួចហើយឬនៅថា នឹងត្រូវទប់ទល់យ៉ាងណា?។

    នៅពេលគូស្នេហ៍មានបញ្ហាសុខភាពរហូតធ្វើឱ្យជីវិតគូលែងមានសេចក្តីសុខដូចកាលពីមុន

    មនុស្សយើងនៅពេលអាយុច្រើនឡើង ពេលវេលាពិតជានឹងបំផ្លាញភាពរឹងមាំខាងរាងកាយឱ្យចុះខ្សោយមិនខាន មិនថាដោយ​សារតែគេត្រូវប្រឈមនឹងជំងឺចង្រៃណាមួយ ឬជួបនឹងគ្រោះថ្នាក់ផ្សេងៗរហូតដល់ថ្នាក់ពិការ ទុព្វលភាព ឬមិនថាតែឧបសគ្គណាមួយក៏ដោយដែលធ្វើឱ្យសុខភាពគូស្នេហ៍យ៉ាប់យ៉ឺននោះ ប្រាកដណាស់ថា សភាពរាងកាយ និងផ្លូវចិត្តរបស់គេនឹងត្រូវគ្រាំគ្រាយ៉ាងធ្ងន់ធ្ងរមិនខាន។ បើថ្ងៃនោះមកដល់…តើអ្នកនឹងនៅតែស្រឡាញ់ និងត្រៀមជាស្រេចក្នុងការក្លាយខ្លួនជាមួយកំណាត់ជីវិតទៀតដែលនៅសល់ដល់រូបគេរហូតតទៅបានដែរឬទេ?។

    ដោយសារតែនៅលើដំណើរផ្លូវនៃសេចក្តីស្នេហា មិនបានរោយដោយផ្កាកុលាបជានិច្ចនោះ ទើបការរៀបការមិនបានកើតឡើងព្រមជាមួយសេចក្តីសុខដែលរលូននោះដែរ តែវានឹងសណ្តោងមកជាមួយនូវឧបសគ្គ និងបញ្ហាជាច្រើនក្នុងការរស់នៅរួមគ្នា ធ្វើឱ្យរូបអ្នកទាំងពីរនាក់អាចឈឺក្បាលវឹលមុខរហូតនឿយណាយក្នុងសម្ព័ន្ធភាព និងនៅពេលដែលវាកើតឡើងញឹកញាប់ទៅៗ បើអ្នកមិនរឹងមាំនិងស្ថិតស្ថេរចំពោះគ្នាគ្រប់គ្រាន់ទេនោះ ផ្លូវបំបែកនៃស្នេហ៍ច្បាស់ជាកើតឡើងនៅទីបំផុតមិនខាន ដូច្នេះ ការសម្រេចចិត្តរៀបការនឹងគ្នា ចូរកុំភ្លេចសួរពីភាពសំខាន់នេះទៅបេះដុងរបស់អ្នកឱ្យបានច្បាស់ជាមុនសិន ទើបជីវិតអាពាហ័ពិពាហ៍មិនខកបំណងនៅពេលខាងមុុខ៕

  • រឿងគួរដឹង! ញ៉ាំថ្នាំពន្យារកំណើតហើយ តែវដ្តរដូវបាត់មិនឃើញមក…មូលហេតុមកពីអ្វី?

    រឿងគួរដឹង! ញ៉ាំថ្នាំពន្យារកំណើតហើយ តែវដ្តរដូវបាត់មិនឃើញមក…មូលហេតុមកពីអ្វី?

    ការញ៉ាំថ្នាំពន្យារកំណើតពិតជាជួយការពារការតាំងគភ៌បានល្អជានិច្ច តែឱកាសក្នុងការប្រថុយមានផ្ទៃពោះក៏មានដូចគ្នា បើសិនជានារីៗញ៉ាំបែបខុសៗ ឬញ៉ាំមិនបានជាប់លាប់ តែយ៉ាងណាក៏ដោយ សម្រាប់អ្នកណាដែលញ៉ាំថ្នាំពន្យារកំណើតហើយនៅតែជួបនឹងបញ្ហាវដ្តរដូវមិនមក និងខ្លាចការមានគភ៌នោះ ថ្ងៃនេះយើងនាំគ្នាមកមើលថា តើមូលហេតុអ្វីដែលធ្វើឱ្យបាត់វដ្តរដូវខ្លះ ទោះជាញ៉ាំថ្នាំពន្យារកំណើតហើយក៏ដោយនោះ…។

    ផលបន្ទាប់បន្សំពីការប្រើថ្នាំពន្យារកំណើត

    ការញ៉ាំថ្នាំពន្យារកំណើតយីហោខ្លះក៏អាចបង្កឱ្យកើតផលបន្ទាប់បន្សំឡើងបានដែរ ដូចជា ធ្វើឱ្យវដ្តរដូវបាត់ប្រមាណជា 3 – 4ខែ ជាពិសេសចំពោះនារីៗដែលមានវដ្តរដូវធ្លាក់មកតិច ឬមកបែបមិនជាប់លាប់ជាញឹកញាប់ បើញ៉ាំថ្នាំពន្យាកំណើតហើយឃើញថាវដ្តរដូវមិនមក រហូតដល់ពិនិត្យមើលការតាំងគភ៌ហើយក៏ឃើញថាមិនបានតាំងគភ៌នោះ ក៏អាចប្រឹក្សាគ្រូពេទ្យដើម្បីរិះរកវិធីការពន្យារកំណើតបែបថ្មីដែលស័ក្តិសមនឹងរាងកាយរបស់អ្នកបានល្អបំផុត ឬអាចប្រឹក្សាជាមួយខាងឱសថការីដើម្បីរកថ្នាំពន្យាកំណើតប្រភេទថ្មីដែលស័ក្តិសមជាមួយរាងកាយខ្លាំងជាង។

    ផលពីការប្រើថ្នាំប្រភេទខ្លះដែលប្រឆាំងការបញ្ចេញឬទ្ធិរបស់ថ្នាំពន្យារកំណើត

    ការប្រើថ្នាំប្រភេទខ្លះដើម្បីព្យាបាលជំងឺផ្សេងៗដែលកើតចំពោះរាងកាយក៏អាចមានផលជាមួយការបញ្ចេញឬទ្ធិរបស់ថ្នាំពន្យារកំណើតបានដែរ ដូចជា ការញ៉ាំថ្នាំការពារប្រកាច់ ឬថ្នាំសម្រាប់ព្យាបាលរោគរបេង ជាដើម បើអ្នកញ៉ាំថ្នាំទាំងនេះដំណាលគ្នានឹងការញ៉ាំថ្នាំពន្យារកំណើតផងនោះ ក៏មានសញ្ញាដែលនឹងអាចទៅរួចបានដែរថា ឬទ្ធិពីថ្នាំពន្យារកំណើតនឹងថយប្រសិទ្ធភាពចុះ រហូតហុចផលឱ្យអ័រម៉ូនមានកម្រិតប្រែប្រួល មិនទៀងទាត់ និងអាចធ្វើឱ្យវដ្តរដូវបាត់មិនឃើញមក។ ក្រៅពីនេះ នារីៗនៅមានឱកាសប្រថុយប្រថាននឹងការមានគភ៌ខ្ពស់ទៀតផង ដូច្នេះ ឡារ៉ែន សូមណែនាំឱ្យរង់ចាំមើលប្រមាណជាមួយខែទៀតថា តើវដ្តរដូវមក ឬមិនមក? បើវដ្តរដូវនៅតែមិនមកក៏អាចទិញប្រដាប់ពិនិត្យការមានផ្ទៃពោះមកធ្វើតេស្តមើលបានហើយ។

    ជាអំឡុងពេលដែលរាងកាយនឹងត្រូវសម្រួលអ័រម៉ូនឱ្យល្អឡើងវិញ

    សម្រាប់នារីៗដែលទើបញ៉ាំថ្នាំពន្យារកំណើតថ្មីៗ ច្រើនតែមានអាការបាត់វដ្តរដូវដូចគ្នា ព្រោះរាងកាយរបស់ស្រ្តីខ្លះអាចចាំបាច់ត្រូវប្រើពេលវេលាក្នុងការសម្រួលអ័រម៉ូនឱ្យល្អស្រួលបួលឡើងវិញមួយរយៈ ដោយអាចប្រើពេលវេលាយូររហូតដល់អំឡុងពេលញ៉ាំថ្នាំពន្យារកំណើតបែបបន្តបន្ទាប់គ្នារហូតដល់បន្ទះទី 2 – 3 ឯណោះ។ តែយ៉ាងណាក៏ដោយ ក៏មិនបានមានន័យថាថ្នាំពន្យារកំណើតនឹងមិនត្រូវគ្នាជាមួយរាងកាយមនុស្សយើងនោះដែរ គ្រាន់តែដោយសារកម្រិតអ័រម៉ូនក្នុងរាងកាយទៅវិញទេដែលច្រើនតែមានការប្រែប្រួលនោះ ព្រោះដូច្នោះ បើប្រាកដច្បាស់ក្នុងចិត្តថា បានញ៉ាំថ្នាំពន្យារកំណើតយ៉ាងត្រឹមត្រូវហើយនោះ ក៏គួរតែបណ្តោយខ្លួនឱ្យសប្បាយៗ ដើម្បីរង់ចាំឱ្យរាងកាយធ្វើការសម្រួលកម្រិតអ័រម៉ូនឱ្យស្រួលឡើងវិញប្រមាណជា 2 – 3 ខែ តែបើក្រោយពីឆ្លងផុតរយះពេលនោះហើយ ឃើញថាវដ្តរដូវនៅតែមិនមកទៀត សឹមទៅប្រឹក្សាជាមួយគ្រូពេទ្យដើម្បីពិនិត្យរកមូលហេតុយ៉ាងច្បាស់លាស់ជាបន្ត។

    ភាពថុញថប់តានតឹង

    ពេលណាដែលយើងធុញថប់តានតឹឹង ច្បាស់ជាហុចផលដល់អារម្មណ៍ និងការផលិតអ័រម៉ូនដោយត្រង់មិនខាន ព្រោះក្តីធុញថប់តានតឹងនឹងធ្វើឱ្យការទម្លាក់ស៊ុត និងការមករបស់ប្រចាំខែខុសប្រក្រតីផងដែរ ទោះជាអ្នកបានញ៉ាំថ្នាំពន្យារកំណើតយ៉ាងទៀងទាត់ហើយក៏ដោយ។

    ផលបន្ទាប់បន្សំពីការកើតជំងឺមួយចំនួន

    ទោះជាញ៉ាំថ្នាំពន្យារកំណើតយ៉ាងត្រឹមត្រូវ និងជាប់លាប់ និងថែមទាំងត្រូវភាពធុញថប់តានតឹងវាយប្រហាររហូតវដ្តរដូវបាត់មិនឃើញមកហើយនោះ ផលប៉ះពាល់បន្ទាប់បន្សំពីការកើតជំងឺមួយចំនួនក៏ជាមូលហេតុធ្វើឱ្យបាត់វដ្តរដូវបានដូចគ្នាដែរ ដូចជា ជំងឺសាច់ដុះក្នុងក្រពេញក្រោមខួរក្បាល ថៃរ៉យដ៍ ជំងឺតានតឹងអារម្មណ៍ ជំងឺក្រលៀន ថង់ទឹកក្នុងសំបុកស៊ុត ឬជំងឺ Cysticfibrosis ព្រោះមានលទ្ធផលការសិក្សាស្រាវជ្រាវពី Michigan’s Health Center បានប្រាប់ថា អាការរបស់ជំងឺទាំងនេះអាចមានផលធ្វើឱ្យបាត់វដ្តរដូវ ព្រោះដូច្នេះ បើនារីៗឃើញថាវដ្តរដូវមិនមកអស់រយៈពេលដល់ទៅ 2 ខែ ឬយូរជាងនោះ ឡារ៉ែនសូមណែនាំឱ្យទៅជួបវេជ្ជបណ្ឌិតជំនាញដើម្បីពិនិត្យមើលរាងកាយដោយលម្អិតប្រសើរជាង។

    ការញ៉ាំថ្នាំពន្យារកំណើតក៏កើតមានផលប៉ះពាល់បន្ទាប់បន្សំច្រើនយ៉ាងដែរ ចម្បងៗនោះគឺ វដ្តរដូវមកបែបចច្រេចច្រូចតិចៗ ឬបាត់មិនមកតែម្តង សម្រាប់នារីៗណាដែលមិនសូវសប្បាយចិត្ត បើសិនជាឃើញថាវដ្តរដូវបាត់មិនឃើញមករហូតដល់ខែទី 2 ឬច្រើនជាងនោះ និងបើធ្វើតេស្តពិនិត្យមើលហើយថា មិនបានតាំងគភ៌ទេនោះ ចូរប្រញាប់ទៅពិនិត្យរាងកាយនៅឯមន្ទីរពេទ្យឱ្យបានឆាប់បំផុត៕

  • ចម្ការបន្លែគ្រួសារជុំវិញផ្ទះ

    ចម្ការបន្លែគ្រួសារជុំវិញផ្ទះ

    លក្ខណៈការដាំដុះបន្លែជិតកន្លែងស្នាក់អាស្រ័យ ឬក្នុងទីប្រជុំជន ដោយប្រើប្រាស់ផ្ទៃដីដែលដាំដុះត្រឹមតែបន្តិចបន្តួច ដើម្បីទុកធ្វើជាប្រភពអាហារ ឬដែលហៅថា “ចម្ការបន្លែគ្រួសារ” នេះ មិនត្រឹមតែជាការធ្វើកសិកម្មដែលមានភាពចំណាស់យូររាប់រយឆ្នាំមកហើយនោះទេ តែក្នុងសភាវសេដ្ឋកិច្ចក្នុងសង្គមបច្ចុប្បន្ន ដែលការចាយវាយក្នុងការចិញ្ចឹមជីវិតរបស់ប្រជាជនកំពុងកើនខ្ពស់ឡើងជាបន្តបន្ទាប់នោះ ប្រជាជនជួបប្រទះបញ្ហាប្រាក់ចំណូលមិនគ្រប់គ្រាន់ ជាមួយនឹងប្រាក់ចំណាយនោះ​ ទើប “ការដាំបន្លែគ្រួសារជុំវិញផ្ទះ” ក្លាយជាប្រព័ន្ធការធ្វើកសិកម្មមួយដែលគាំទ្រឱ្យមនុស្សគ្រប់រូបមានភាពស្ថិតស្ថេរខាងអាហារខ្លាំងឡើង ព្រោះការដាំបន្លែគ្រួសារនៅក្នុងផ្ទៃដីតូចមួយ មិនថាតែដើម្បីទុកបរិភោគក្នុងក្រុមគ្រួសារ ចែករំលែកទៅឱ្យអ្នកជិតខាង ឬដើម្បីលក់ជាប្រាក់ចំណូលបន្ថែមដល់គ្រួសារនោះទេ វាសុទ្ធតែសាងនូវផលប្រយោជន៍ដល់អ្នកបរិភោគទាំងអស់ ព្រោះទាំងអ្នកដាំ និងអ្នកទទួលទាននឹងបានបរិភោគបន្លែដែលមានសុវត្ថិភាពពីសារធាតុពុល និងថែមទាំងជាការធ្វើការងារក្រៅម៉ោង ឱ្យសមាជិកគ្រប់គ្នាក្នុងក្រុមគ្រួសារបានប្រើប្រាស់ពេលវេលាទំនេររួមគ្នាយ៉ាងមានប្រយោជន៍ទៀតផង។

    ប្រយោជន៍នៃការដាំបន្លែគ្រួសារ

    – សមាជិកក្នុងគ្រួសារបានទទួលទានបន្លែ ដែលមានគុណតម្លៃខាងអាហារគ្រប់ចំនួន និងមានសុវត្ថិភាពពីសារធាតុពុល។

    – ប្រើប្រាស់ធ្វើជារុក្ខជាតិឱសថបុរាណ សម្រាប់ព្យាបាលរោគ ដូចជា ខ្ទឹមក្រហម ខ្ទឹមស ខ្ញី ជីអង្កាម ជាដើម។

    – ជួយកាត់បន្ថយប្រាក់ចំណាយ និងអាចលក់ដើម្បីសាងប្រាក់ចំណូលបន្ថែមដល់គ្រួសារបាន។

    – ប្រើប្រាស់សម្រាប់តុបតែងលម្អបរិវេណជុំវិញផ្ទះ ឬអាចធ្វើជាព្រំកំណត់(របង)របស់ផ្ទះបានទៀតផង ដូចជា ដើមកន្ទុំទេស ដើមស្អំ ស្លឹកបាស់ និងម្រះ ជាដើម។

    – ជាការប្រើពេលវេលាទំនេរៗ និងផ្ទៃដីទំនេរខាងក្នុងរបងផ្ទះ ឱ្យកើតប្រយោជន៍ដល់សមាជិកក្នុងគ្រួសារ និងថែមទាំងធ្វើឱ្យកើតមានការធ្វើកិច្ចការងាររួមគ្នា ជាការសាងសម្ព័ន្ធភាព និងភាពកក់ក្តៅឱ្យកើតមានក្នុងក្រុមគ្រួសារទៀតផង។

    ចំណុចគួរពិចារណាក្នុងការដាំដុះ

    1 . ទីកន្លែង និងទីធ្លាសម្រាប់ដាំដុះ ៖ ការជ្រើសរើសទីកន្លែងដាំដុះបន្លែបង្ការ គួរតែនៅជិតទីកន្លែងស្នាក់អាស្រ័យ មានប្រភពទឹក ទីធ្លាដាំដុះត្រូវមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ក្នុងករណីដែលគ្មានដីធ្លីសម្រាប់ដាំដុះ លោកអ្នកអាចដាំបន្លែក្នុងភាជនៈផ្សេងៗ ដូចជា ថូ ផើង ពាង ឬធុង(ស្នោ) ជាដើម ដោយដាក់នៅលើកម្រាលឥដ្ឋ ឬព្យួរនៅក្នុងកន្លែងណាដែលមានពន្លឺថ្ងៃចាំងមកដល់ និងមិនគួរស្ថិតនៅឆ្ងាយពីកន្លែងស្នាក់នៅពេកនោះទេ ដើម្បីងាយស្រួលក្នុងការប្រតិបត្តិការងារផ្នែកការដាំដុះ ការរក្សាថែទាំ និងថែមទាំងងាយស្រួលក្នុងការបេះយកមកធ្វើជាម្ហូបអាហារបានភ្លាមៗតាមតម្រូវការទៀតផង។

    2 . ការគណនាទីធ្លា កំណត់ទំហំ និងចំនួនរង ៖ ដោយសភាពទីធ្លាស្នាក់អាស្រ័យក្នុងពេលបច្ចុប្បន្ន ជាពិសេសមនុស្សម្នាក្នុងសង្គមទីក្រុង សុទ្ធតែមានដែនកំណត់ក្នុងរឿងធនធាន ទាំងដីធ្លី ទឹក និងពន្លឺថ្ងៃ ជាពិសេសការដាំបន្លែនៅក្នុងតំបន់ទីក្រុង ត្រូវតែស្គាល់ពីការគ្រប់គ្រងចាត់ចែងទីធ្លាឱ្យកើតប្រយោជន៍ខ្ពស់បំផុត ដោយទំហំរងបន្លែដែលស័ក្តិសមក្នុងគ្រួសារគឺ ទទឹងមិនលើស 1ម៉ែត្រ X 4ម៉ែត្រ ឬបណ្តោយតាមទំហំទីធ្លា ព្រមទាំងលើករងខ្ពស់ឡើងយ៉ាងតិច 30 – 50សង្ទីម៉ែត្រ ចំណែកចំនួនរងដែលស័ក្តិសមស្ថិតក្នុងចំនួនប្រមាណជា 3រង គឺមានបន្លែហូបស្លឹក 2រង និងបន្លែហូបផ្លែបានយូរ 1រង។

    (នៅមានត)