Author: ធឿន មករា

  • ត្រូវធ្វើតាំងពីក្មេង! 5 វិធីបង្កើនក្តីមោទនភាពដល់កូន

    ត្រូវធ្វើតាំងពីក្មេង! 5 វិធីបង្កើនក្តីមោទនភាពដល់កូន

    នៅពេលត្រូវទទួលតួនាទីជាឪពុកម្តាយ ឬអាណាព្យាបាល ក្រៅពីការចិញ្ចឹមមើលថែទាំដ៏ស័ក្តិសមល្អហើយនោះ ការបង្កើនក្តីមោទនភាពដល់កូនចៅក៏ជារឿងមួយសំខាន់មិនតិចតួចឡើយ។

    ក្តីមោទនភាពលើខ្លួនឯង ( Self-esteem ) ជារឿងសំខាន់ក្នុងការរស់នៅ និងជារឿងដែលត្រូវតែសាងបណ្តើរៗតាំងពីក្មេងៗ។ ក្មេងដែលមានមោទនភាពលើខ្លួន នឹងក្លាយជាក្មេងដែលមានភាពជឿជាក់ក្នុងចិត្ត អាចដោះស្រាយបញ្ហា មានភាពអត់ទ្រាំចំពោះសម្ពាធផ្សេងៗ និងជម្លោះទាំងឡាយបានយ៉ាងល្អ និងជាមនុស្សដែលសម្លឹងពិភពលោកក្នុងន័យវិជ្ជមាន។

    ក្តីមោទនភាពលើខ្លួនឯងត្រូវចាប់ផ្តើមតាំងពីអាយុខួបឆ្នាំដំបូង ក្មេងនឹងមានអារម្មណ៍ថា “ខ្លួនឯងធ្វើបាន” បន្ទាប់ពីព្យាយាមមកជាច្រើនដងរហូតទទួលបានជោគជ័យ និបបង្រៀនខ្លួនឯងថា “យើងធ្វើបាន បើយើងព្យាយាម”។

    ចំណែកឯតួនាទីរបស់ឪពុកម្តាយ និងអាណាព្យាបាលក្នុងការបង្កើនក្តីមោទនភាពដល់កូនៗនោះមានដូចតទៅ ៖

    1 . ចាប់តាំងពីកើតដំបូង ជាពិសេសក្នុងអំឡុងខួបឆ្នាំដំបូង ឪពុកម្តាយគួរផ្តល់ពេលវេលា សេចក្តីស្រឡាញ់ ភាពកក់ក្តៅ ភាពជិតដិតស្និទ្ធស្នាល ដូចជា ឱ្យបៅទឹកដោះនៅពេលកូនឃ្លាន លួងលោមនៅពេលកូនមួម៉ៅ ឬមិនស្រួលខ្លួន លេងជាមួយនៅពេលកូនត្រូវការ ទាំងអស់នេះជួយឱ្យក្មេងមានអារម្មណ៍ល្អជាមួយខ្លួនឯងដែលបានទទួលការតបស្នង ឬបានទទួលសេចក្តីស្រឡាញ់ពីអ្នកដទៃ។

    2 . វ័យ 1 – 3 ខួប ក្មេងចាប់ផ្តើមហ្វឹកហាត់ និងត្រូវការធ្វើអ្វីម្យ៉ាងដោយខ្លួនឯងហើយ ឪពុកម្តាយគួរផ្តល់ឱកាសឱ្យកូនបានចាប់ផ្តើមធ្វើដោយខ្លួនឯង ព្រោះនៅពេលធ្វើបានសម្រេច គេនឹងកើតភាពជឿជាក់លើខ្លួនឯង មោទនភាពលើខ្លួនឯង និងមើលមកខ្លួនឯងថាជាមនុស្សមានសមត្ថភាព។

    3 . វ័យមត្តេយ្យ និងវ័យរៀន ឪពុកម្តាយគួរប្រគល់ការងារងាយៗដែលស័ក្តិសមនឹងវ័យ ឱ្យក្មេងធ្វើដោយខ្លួនឯង ឬឱ្យក្មេងមានការងារល្អៗ ដូចជា មានទឹកចិត្តចែករំលែក និងធ្វើការរួមជាមួយអ្នកដទៃ ជាដើម។

    4 . ការទំនាក់ទំនង និងបរិយាកាសដែលល្អក្នុងគ្រួសារសំខាន់សម្រាប់កុមារគ្រប់វ័យ ឪពុកម្តាយគួរសម្តែងអាកប្បកិរិយា ឬផ្តល់នូវពាក្យកោតសរសើយ៉ាងល្មមសមរម្យនៅពេលក្មេងធ្វើរឿងដែលល្អ។ តែបើកូនធ្វើរឿងដែលមិនល្អ គួរតែណែនាំចង្អុលបង្ហាញ និងផ្តល់កម្លាំងចិត្តយ៉ាងល្អប្រសើរ គួរចៀសវាងការទិតៀនតវ៉ាក្មេងដដែលៗ ព្រោះនឹងធ្វើឱ្យគេមើលមកខ្លួនឯងថាមិនល្អរហូតលែងមានកម្លាំងជំរុញចិត្ត។

    5 . ចុងក្រោយ គឺការធ្វើជាគំរូល្អដល់ក្មេងៗ។ ក្នុងខណៈដែលឪពុកម្តាយកោតសរសើ មើលឃើញចំណុចល្អរបស់កូន ឬរបស់អ្នកដទៃនោះ ក្មេងៗនឹងរៀនយល់ដឹងជាបណ្តើរៗ ជ្រួតជ្រាបពីការមើលឃើញគុណតម្លៃរបស់អ្នកដទៃដែរ។ ផ្ទុយទៅវិញ ក្មេងដែលខ្វះភាពជឿជាក់ក្នុងចិត្ត និងក្តីមោទនភាពលើខ្លួនឯង ច្រើនតែជាមនុស្សដែលវិតក្កកង្វល់ កើតមានភាពថុញថប់តានតឹងចំពោះបញ្ហាផ្សេងៗ មិនអាចដោះស្រាយបញ្ហាបាន ក្មេងទាំងនេះច្រើនតែមានគំនិតពាក់ព័ន្ធនឹងខ្លួនឯងថា “យើងជាមនុស្សមិនពូកែ” ឬ “យើងមិនដែលធ្វើអ្វីត្រូវឡើយ” ធ្វើឱ្យក្លាយជាក្មេងដែលស្ងាត់ស្ងៀម មិនសូវមានមិត្តភ័ក្តិ ឬអាចដល់ថ្នាក់ក្លាយជាក្មេងមានសម្ពាធក្នុងចិត្តបានទៀតផង។

    សម្រាប់ក្មេងក្រុមខ្លះ ចាំបាច់ត្រូវតែបានទទួលការអភិវឌ្ឍដើម្បីឱ្យចម្រើនធំធាត់ទាំងរាងកាយ និងផ្លូវចិត្ត តែបើហួសពីសមត្ថភាពរបស់អាណាព្យាបាលនោះ ក៏គួរតែនាំកូនទៅជួបនឹងគ្រូពេទ្យចិត្តសាស្រ្តកុមារ ដើម្បីគ្រូពេទ្យ នឹងរួមគ្នាជាមួយក្រុមគ្រួសាររិះរកផ្លូវកែខៃដែលស័ក្តិសម ឱ្យក្មេងសម្លឹងមើលពិភពលោកក្នុងន័យវិជ្ជមានតាមសភាពការពិត ស្គាល់ និងយល់ពីខ្លួនឯង ស្រឡាញ់ និងមានមោទនភាពលើខ្លួនឯងកាន់តែខ្លាំងឡើង៕

  • 8 ដំបូន្មានរបស់អ្នកដែលមានស្នេហាស្ថិតស្ថេរយូរអង្វែង

    8 ដំបូន្មានរបស់អ្នកដែលមានស្នេហាស្ថិតស្ថេរយូរអង្វែង

    សេចក្តីស្នេហា ជារឿងដែលស្រស់ស្អាត តែតាមមកដោយការទទួលខុសត្រូវជាច្រើនយ៉ាង មិនថាតែ អារម្មណ៍របស់គូស្នេហ៍ ស្ថានភាពរស់នៅដ៏ល្អរបស់គូស្នេហ៍ ក្រុមគ្រួសាររបស់គូស្នេហ៍ ជាដើម។ ឃើញទេថា សេចក្តីស្នេហាមិនមែនជារឿងតូចតាចនោះទេ ដូច្នេះទើបមិនមែនជារឿងប្លែកឡើយដែលគូស្នេហ៍ជាច្រើនគូត្រូវបញ្ចប់គ្នា ព្រោះតែមិនអាចទប់ប្រគងសេចក្តីស្នេហារហូតដល់ទីបញ្ចប់បាន។ ខាងក្រោមនេះគឺជាមេរៀនល្អៗដែលធ្លាយចេញពីមាត់របស់អ្នកដែលស្រឡាញ់គ្នាបានគង់វង្សយូរអង្វែង តើពួកគេធ្វើយ៉ាងណាខ្លះ?។

    1 . មើលថែទាំខ្លួនឯងឱ្យបានល្អជាមុនសិន មុននឹងគិតចង់មានស្នេហា ៈ រៀនយល់ដឹងពីការរស់នៅម្នាក់ឯងឱ្យបានច្បាស់ល្អជាមុនសិន ធ្វើអ្វីៗដើម្បីខ្លួនឯងឱ្យបានឱ្យអស់សិន ដូចជា បោសជូតសម្អាតផ្ទះ ឬបន្ទប់ ធ្វើចំណីអាហារញ៉ាំ បោកអ្៊ុតខោអាវ ទិញរបស់របរប្រើប្រាស់មកផ្ទះ-ល- ពេលអ្នកធ្វើបានល្អហើយ គូស្នេហ៍របស់អ្នកនឹងគ្មានផ្លូវរអ៊ូរទាំរឿងដែលអ្នកខ្វះខាតអ្វីទាំងអស់នោះឡើយ។

    2 . ធ្វើអ្វីដែលខ្លួនឯងចូលចិត្តឱ្យដូចដើម ៈ ការងារបន្ទាប់បន្សំដែលខ្លួនឯងស្រលាញ់ ដែលខ្លួនឯងចូលចិត្តធ្វើជាប្រចាំ កុំគិតតែពីបបួលគេ(ឬនាង)ឱ្យចូលរួមធ្វើ ព្រោះរឿងខ្លះ កិច្ចការងារខ្លះ អាចនឹងស័ក្តិសមចំពោះតែរូបអ្នកតែម្នាក់ប៉ុណ្ណោះ មិនដូច្នោះទេ អាចជារូបអ្នកហ្នឹងឯងដែលមួម៉ៅនោះ។

    3 . រៀនយល់ដឹងក្នុងការអភ័យទោសក្រោយពេលឈ្លោះគ្នាហើយ ៈ អ្នកសរសេរអត្ថបទម្នាក់នៅក្នុងវេបសាយមួយបានសរសេរថា “រឿងនេះជារឿងសំខាន់ណាស់ ខ្ញុំនឹងគូដណ្តឹងរបស់ខ្ញុំឈ្លោះគ្នា 4 – 5 ដងក្នុងអំឡុងពេល 7 ឆ្នាំ តែគ្មាននរណាចងចាំរឿងទាំងនោះឡើយ ព្រោះយើងមានការតាំងចិត្តក្នុងការបំភ្លេចវាចោល យើងទាំងពីរនាក់នៅតែស្រឡាញ់គ្នា និងមានសេចក្តីសុខគ្រប់ពេលដែលនៅជាមួយគ្នា”។

    4 . ជ្រើសរើសរឿងណាដែលជាបញ្ហាពិតៗ ៈ កុំនិយាយរឿងតូចតាចឱ្យក្លាយជាបញ្ហាធំរហូតធ្លាប់ខ្លួន ព្រោះវាអាចនឹងបំផ្លាញអារម្មណ៍ និងសម្ព័ន្ធភាពបាន ជ្រើសរើសយករឿងណាដែលជាប្រធានបទដែលស័ក្តិសមក្នុងការជជែកតវ៉ាគ្នាពិតៗ ឬមុននឹងហាមាត់ប្រកែកតវ៉ាគ្នា ចូរគិតឱ្យបានល្អជាមុនសិនថា តើរឿងនេះគួរលើកយកមកប្រកែកគ្នា ឬក៏បញ្ចប់វាទៅប្រសើរជាង?។

    5 . កុំខឹងគ្នា ដោយគ្រាន់តែគេ (ឬនាង) ធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នកមិនបាន ៈ មនុស្សម្នាក់អាចមានចំណុចល្អជាច្រើន តែអាចគ្មានចំណុចល្អគ្រប់យ៉ាងត្រូវប៉ាច់ៗទៅនឹងអ្វីដែលអ្នកត្រូវការនោះឡើយ ត្រឹមតែគេ (ឬនាង) មានអ្វីម្យ៉ាងដែលធ្វើឱ្យអ្នកមានសេចក្តីសុខក៏គ្រប់គ្រាន់ណាស់ទៅហើយ កុំបង្ខំរុញច្រានសេចក្តីសង្ឃឹមដែលមិនអាចកើតឡើងបានទៅឱ្យគូស្នេហ៍ជ្រុលហួសហេតុពេក ព្រោះនឹងធ្វើឱ្យគេ(ឬនាង)មានអារម្មណ៍តានតឹងធុញថប់ ដែលជាដើមហេតុរបស់ក្តីស្នេហ៍ដែលដួលរលំ។

    6 . កុំប្រជែងគ្នា តែចូរដោះស្រាយបញ្ហារួមគ្នា ៈ នេះគឺជាកូនសោសំខាន់ អ្នកទាំងពីរគឺជាក្រុមតែមួយ កុំគិតថា ត្រូវតែជារូបអ្នកតែម្នាក់ឯងគត់ដែលត្រូវកែបញ្ហា ក្រុមត្រូវតែជួយគ្នា កុំបណ្តោយឱ្យអ្នកណាម្នាក់ជួបបញ្ហាតែម្នាក់ឯង។

    7 . រៀនយល់ដឹងក្នុងការអត់ទោសយ៉ាងស្មោះស្ម័គ្រ ៈ កុំបណ្តោយឱ្យរឿងវាកន្លងទៅដោយមិនបាននិយាយអ្វីមួយម៉ាត់ សូម្បីតែពាក្យសុំទោសឱ្យសោះ ចូរនិយាយពាក្យថាសុំទោសឱ្យបានញឹកញាប់ ព្រោះមនុស្សទាំងអស់គ្មានអ្នកណាឥតខ្ចោះនោះទេ ទទួលស្គាល់កំហុសទាំងនោះ និងធ្វើឱ្យស៊ាំធ្លាប់បើអ្នកបារម្ភពីអារម្មណ៍របស់អ្នកនៅក្បែរខ្លួននោះ។

    8 . តាំងគោលដៅនៅក្នុងជីវិតគូជាប់ជានិច្ច ៈ នៅពេលអ្នកមានគោលដៅ គ្រប់យ៉ាងក្នុងជីវិតក៏គូនឹងក្លាយជា ភាពស្រុះស្រួលគ្នា ភាពយោគយល់គ្នា និងមានសេចក្តីសុខរាល់ថ្ងៃក្នុងជីវិត ដូច្នេះចូរញញឹមដាក់វា មានសេចក្តីសុខជាមួយវា នេះគឺជារឿងវិសេសបំផុតដែលកើតឡើងចំពោះជីវិតគូហ្នឹងឯង៕

  • មេ Samsung បង្ហើបថា នឹងមានរបស់ថ្មីៗ 5ទៀត ក្នុងថ្ងៃប្រកាសចេញស្មាតហ្វូន Note 20…

    មេ Samsung បង្ហើបថា នឹងមានរបស់ថ្មីៗ 5ទៀត ក្នុងថ្ងៃប្រកាសចេញស្មាតហ្វូន Note 20…

    ក្នុងអំឡុង​កម្មវិធី Galaxy Unpacked ដែលនឹងប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី5 ខែ​សីហា​ ខាង​មុខ​នេះ Samsung ​នឹង​ប្រកាស​​ផលិតផល​ថ្មី​ចំនួន​5 មាន ​កាស​​​ស្ដាប់​ឥត​ខ្សែ និង​នាឡិកា​វៃ​ឆ្លាត បន្ថែម​ពី​លើ​ស្មាតហ្វូនថ្មីៗទៀត។ នេះ​បើ​យោង​តាមសម្ដីរបស់​ប្រធាន​ផ្នែក​ទូរស័ព្ទ Samsung គឺលោក TM Roh ​ តែ​លោក​មិន​បាន​ផ្ដល់​​ព័ត៌មាន​លម្អិត​បន្ថែមទៀតទេ ដោយគ្រាន់​តែ​​ប្រាប់​តម្រុយ​ខ្លះៗប៉ុណ្ណោះ។

    Galaxy Note20 នឹងក្លាយ​ជា​តួ​ឯក ​នៅក្នុង​កម្មវិធី Galaxy Unpacked ដែលមាន​ Galaxy Note20 ធម្មតា និង Galaxy Note20 Ultra។ ចំណែក​ផលិតផល​ 2​ទៀត ​ទំនង​ជា​ Galaxy Z Fold 2 អ្នក​ស្នង​តំណែង​ Galaxy Fold និង Galaxy Tab S7។

    កម្មវិធី Galaxy Unpacked ​ដែលនឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​នេះ នឹង​​រៀបចំ​ឡើង​ជា​លក្ខណៈ​អនឡាញ ​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​គណនី​ផ្លូវ​ការ​របស់ Samsung ដោយ​មិន​មាន​មនុស្ស​ចូល​រួម​ផ្ទាល់​ដូចពេល​មុនៗ​ឡើយ៕​​​

  • Xiaomi ជាអ្នកលក់ស្មាតហ្វូនបានច្រើនជាងគេ ជាង 5.3លានគ្រឿង ទោះជាមានមេរោគកូវីដ-19

    Xiaomi ជាអ្នកលក់ស្មាតហ្វូនបានច្រើនជាងគេ ជាង 5.3លានគ្រឿង ទោះជាមានមេរោគកូវីដ-19

    Xiaomi ជា​អ្នក​លក់​ស្មាតហ្វូន​បាន​ច្រើន​ជាង​គេ ដោយ​លក់​បានចំនួន 5.3លាន​គ្រឿង កាន់​កាប់​ចំណែក​ទីផ្សារ 30.9%។ ចំនួន​លក់​នេះ ​គឺ​ថយ​ចុះ ៤៨% បើ​ធៀប​នឹង​ឆ្នាំ​មុនដែល​លក់​បាន 10.3​លាន​គ្រឿង។

    ក្រុមហ៊ុន​លំដាប់លេខ​2 បាន​ទៅ​លើ vivo លក់​បាន 3.7​លាន​គ្រឿង (-36%) ឯលេខ3 គឺ Samsung លក់​បាន 2.9​លាន​គ្រឿង (-60%) និង OPPO លក់​បាន 2.2​លាន​គ្រឿង (-27%) និង realme លក់​បាន 1.7​លាន​គ្រឿង (-35%)។ នេះបើតាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Canalys ដែលបាន​បង្ហាញតួលេខ​ប្រចាំ​ត្រីមាស​ទី2 ឆ្នាំ2020 អំពី​ទីផ្សារ​ស្មាតហ្វូន​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ជា​ទីផ្សារ​ធំ​លំដាប់លេខ2​ ក្នុងពិភព​លោក។

    នៅ​​ក្នុង​ត្រីមាស​ទី​2​ ពេល​ដែល​ប្រទេស​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-19 ដែលបាន​អនុវត្ត​វិធានការ​បិទ​ខេត្ត/ក្រុង​នោះ ទីផ្សារ​ស្មាតហ្វូន​នៅ​ឥណ្ឌា​បាន​ធ្លាក់​ចុះ 48% ធៀប​នឹង​ឆ្នាំ​មុន ពោល​គឺធ្លាក់​ចុះ​ពី 33​លាន​គ្រឿង មក​នៅ​ត្រឹម 17.3​លាន​គ្រឿង៕

  • ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    3.ស្ថានភាពពន្លឺថ្ងៃ និងម្លប់ ៖ អាចរាប់បានថាមានភាពចាំបាច់ណាស់នៅក្នុងក្បួនការកែច្នៃពន្លឺរបស់រុក្ខជាតិ ដើម្បីសាងវាជាអាហារ។ បរិមាណពន្លឺថ្ងៃដែលបានទទួលនៅក្នុងទីកន្លែងដាំដុះក្នុង 1ថ្ងៃៗនោះ នឹងមានផលប្រយោជន៍ចំពោះប្រភេទបន្លែដែលយើងដាំនោះ ដោយជាទូទៅ គេអាចបែងចែកដំណាំបន្លែទៅតាមតម្រូវការពន្លឺថ្ងៃដូចតទៅ ៖

    3/1.កន្លែងដែលមិនបានទទួលពន្លឺថ្ងៃរហូតពេញ 1ថ្ងៃ គួរដាំរុក្ខជាតិបន្លែណាដែលអាចលូតលាស់ធំធាត់ឡើងនៅក្នុងម្លប់បាន ដូចជា ដើមស្លឹកឆះភ្លូ ជីអង្កាម ស្លឹកគ្រៃ ជីនាងវង ខ្ញី ម្តេង និងដើមម្រះព្រៅ ជាដើម។

    3/2.កន្លែងដែលបានទទួលពន្លឺថ្ងៃរហូតពេញ 1ថ្ងៃ គួរជ្រើសរើសដាំបន្លែណាដែលអាចលូតលាស់ធំធាត់ឡើងបាននៅក្នុងកន្លែងដែលមានពន្លឺថ្ងៃប្រក្រតី ដូចជា ដើមសណ្តែកកួរ ខាត់ណា ស្ពៃខ្មៅ ស្ពៃចង្កឹះ ម្ទេសផ្សេងៗ លើកលែងតែម្ទេសអាចម៍ចាប។

    4.ប្រភេទ ៖ ការដាំបន្លែ គួរជ្រើសរើសយកប្រភេទបន្លែឱ្យបានច្រើនប្រភេទ ដើម្បីឱ្យទទួលបានគុណតម្លៃខាងអាហារ ដែលសម្បូរបែប ដែលសម្រាប់ចម្ការបន្លែគ្រួសារនេះ គេអាចបែងចែកចេញជា 4ប្រភេទធំៗដូចតទៅ៖

    1.យកផ្លែធ្វើជាអាហារ ដូចជា ត្រសក់ ប៉េងប៉ោះ ម្ទេស ត្រប់។ល។

    2.យកស្លឹក និងដើមធ្វើជាអាហារ ដូចជា ត្រកួន ខាត់ណា ស្ពៃ ជីនាងវង ស្លឹកម្រះព្រៅ។ល។

    3.យកផ្កាធ្វើជាអាហារ ដូចជា ផ្កាខាត់ណា ផ្កាអង្គារដី ផ្កាគុយឆាយ ផ្កាស្រឡឹត។ល។

    4.យកមើម ឬឫសដែលនៅក្នុងដីធ្វើជាអាហារ ដូចជា ខ្ទឹមស ខ្ទឹមក្រហម ខ្ញី ម្តេង ឆៃថាវ ការ៉ុត។ល។

    5.ប្រភេទរបស់បន្លែ ៖ បន្លែប្រភេទនីមួយៗមានភាពខុសប្លែកពីគ្នាក្នុងរឿងវិធីការដាំដុះ និងអាយុ ក្នុងការប្រមូលផល ដូច្នេះទើបគេអាចបែងចែកប្រភេទបន្លែទៅតាមអាយុនៃការប្រមូលផល ដូចខាងក្រោមនេះ ៖

    5/1.បន្លែអាយុខ្លី (តិចជាង 2 ខែ)៖ ដូចជា ជីវ៉ាន់ស៊ុយ សាលាដ ស្ពៃខ្មៅ ខាត់ណា ត្រកួនចិន ស្ពៃបូកគោ ត្រសក់​។ល។

    5/2.បន្លែអាយុកណ្តាល(2 – 5 ខែ) ៖ ដូចជា ផ្កាខាត់ណា ស្ពៃក្តោប សណ្តែកកួរ ខ្ទឹមបារាំង ប៉េងប៉ោះ ម្ទេស ននោង ល្ពៅ។ល។

    5/3.បន្លែដើមខ្ពស់(យូរជាង 1ឆ្នាំ)៖ ដូចជា ត្រប់ ស្អំ ជីនាងវង ម្រះព្រៅ ខ្ញី ទំពាំងបារាំង ខ្ជាយ ម្តេង។ល។

    6.ដាំបន្លែ គួរដាំឱ្យត្រូវរដូវកាល ៖ ដើម្បីឱ្យទទួលបានបន្លែដែលមានគុណភាព និងរសជាតិល្អ ងាយស្រួលថែទាំ មិនសូវមានសត្វល្អិត និងជំងឺមករុកកួន ទើបយើងគួរពិចារណាជ្រើសរើសដាំបន្លែតាមរដូវកាលដែលត្រឹមត្រូវ ដូចតទៅនេះ ៖

    បន្លែដែលគួរដាំក្នុងរដូវក្តៅ ៖ មានដូចជា បន្លែដែលស៊ូនឹងកម្តៅបានល្អ និងធន់ជាមួយភាពស្ងួតក្រៀមក្រោះបានល្មមគួរសម។ ទោះបីជាបន្លែទាំងនោះធន់នឹងកម្តៅ និងភាពហួតហែងបានមែនក៏ដោយ តែបើចង់ដាំនៅក្នុងរដូវក្តៅនោះ បន្លែមួយចំនួនក៏ត្រូវតែស្រោចទឹកព្រឹក-ល្ងាច ត្រូវតែជ្រួយដី ហើយគ្របគល់ដោយចំបើងដើម្បីរក្សាសំណើមឱ្យបានគ្រប់គ្រាន់ ដូចជា ពោត ននោង ម្រះ សណ្តែកកួរ ឃ្លោក ល្ពៅ ពពាយ ខាត់ណា ស្ពៃចង្កឹះ សាលាដ ជីវ៉ាន់ស៊ុយ (សាលាដ និងជីវ៉ាន់ស៊ុយនេះគួរធ្វើដំបូលបាំងកម្តៅឱ្យផង) ស្ពៃខ្មៅ ត្រប់ពុតលំញង ជាដើម។ល។

    បន្លែដែលគួរដាំក្នុងរដូវភ្លៀង ៖ បន្លែណាដែលដាំនៅដើមរដូវភ្លៀង ក៏អាចដាំបានផលល្អនៅចុងរដូវភ្លៀងបានដែរ ខ្លាំងជាងនោះទៅទៀត​ ថែមទាំងអាចដាំបន្លែទាំងនោះនៅក្នុងរដូវរងាបានផងដែរ ដូចជា ស្ពៃក្តោប ផ្កាខាត់ណា ប្រូកខូលី សណ្តែកហោឡាន់តៅ ខ្ទឹមបារាំងប៉េងប៉ោះ ស្លឹកឃឹនឆាយ ម្ទេសប្លោក។ល។

    (នៅមានត)

  • ខាងក្រោមនេះគឺហេតុផលថា ហេតុអីបានត្រូវទៅជួបទន្តពេទ្យរៀងរាល់ 6 ខែម្តង

    ខាងក្រោមនេះគឺហេតុផលថា ហេតុអីបានត្រូវទៅជួបទន្តពេទ្យរៀងរាល់ 6 ខែម្តង

    កាលពីអតីតកាលមនុស្សទូទៅច្រើនតែមានជំនឿថា នៅពេលអាយុច្រើនឡើងធ្មេញធម្មជាតិក្នុងប្រអប់មាត់នឹងជ្រុះចេញម្តងមួយៗទៅតាមពេលវេលា តែក្នុងយុគសម័យបច្ចុប្បន្ន​ ជំនឿនោះបានផ្លាស់ប្តូរទាំងស្រុង ធ្មេញធម្មជាតិនឹងនៅតែស្ថិតនៅក្នុងប្រអប់មាត់រហូតទៅ មិនថាអាយុរបស់ម្ចាស់ធ្មេញទាំងនោះនឹងច្រើនឡើងប៉ុនណាក៏ដោយ បើសិនជាម្ចាស់ធ្មេញចេះមើលថែទាំធ្មេញយ៉ាងល្អនោះ​។ បច្ចុប្បន្នមូលហេតុចំបងដែលធ្វើឱ្យកើតការបាត់បង់ធ្មេញធម្មជាតិអស់នោះគឺ ជំងឺពុកធ្មេញ និងជំងឺរលាកអញ្ចាញធ្មេញ។

    ជំងឺពុកធ្មេញ ៖ ក្នុងរយៈដំបូងៗនឹងគ្មានអាការអ្វីបង្ហាញចេញមកឡើយ ទើបអ្នកជំងឺច្រើនតែមិនដឹងថា កំពុងមានស្នាមពុកធ្មេញ តែបើបណ្តែតបណ្តោយទុកចោលរហូតស្នាមពុកនោះស៊ីជ្រៅចូលទៅជិត ឬធ្លុះដល់រន្ធសរសៃប្រសាទធ្មេញ នឹងមានអាការឈឺដែលមនុស្សទូទៅហៅថា ធ្មេញពុកដល់សរសៃប្រសាទធ្មេញ ដែលអាចព្យាបាលឱ្យជាបានដោយការព្យាបាលគ្របឬសធ្មេញ ជាវិធីដែលលំបាកជាងការបិទប្រហោងធ្មេញធម្មតាច្រើនណាស់ ដូច្នេះដើម្បីការពារគួរតែទៅជួបទន្តពេទ្យ ដើម្បីពិនិត្យមើលស្នាមពុកធ្មេញ និងសម្អាតធ្មេញរៀងរាល់ 6 ខែ។ បើរកឃើញស្នាមធ្មេញពុក គួរតែភ្ជិតស្នាមពុក និងព្យាបាលភ្លាមៗ មិនគួររង់ចាំឱ្យមានអាការឈឺចាប់សិននោះទេ។

    ការដុសសម្អាតធ្មេញ

    ការដុសសម្អាតធ្មេញ ជាការមើលថែទាំសុខភាពក្នុងប្រអប់មាត់ដែលល្អបំផុត និងអាចធ្វើបានដោយខ្លួនឯង ទាំងងាយស្រួលទាំងសន្សំសំចៃ ដោយការដុសសម្អាតធ្មេញដែលត្រឹមត្រូវតាមវិធីនោះគឺ ការដុសធ្មេញបែប Modified bass technic រួមជាមួយការប្រើច្រាសដុសធ្មេញដែលស័ក្តិសម ថ្នាំដុសធ្មេញដែលលាយហ្វ្ល័រអូរ៉ាយដ៍។ គួរដុសធ្មេញយ៉ាងតិចក្នុងមួយថ្ងៃ 2 ដង គឺពេលព្រឹក និងមុនគេង ម្តងៗ 2 – 3 នាទី។

    បរិវេណដែលត្រូវដុសសម្អាត

    1 . ធ្មេញថ្គាមលើខាងស្តាំផ្នែកក្រៅ ធ្មេញមុខលើផ្នែកក្រៅ ធ្មេញថ្គាមលើខាងឆ្វេងផ្នែកក្រៅ ។

    2 . ធ្មេញថ្គាមលើខាងឆ្វេងផ្នែកក្នុង ធ្មេញមុខលើផ្នែកក្នុង ធ្មេញថ្គាមលើខាងស្តាំផ្នែកក្រៅ។

    3 . ធ្មេញថ្គាមក្រោមខាងស្តាំផ្នែកក្រៅ ធ្មេញមុខក្រោមផ្នែកក្រៅ ធ្មេញថ្គាមក្រោមខាងឆ្វេងផ្នែកក្នុង។

    4 . ធ្មេញថ្គាមក្រោមខាងឆ្វងផ្នែកក្នុង ធ្មេញមុខក្រោមផ្នែកក្នុង ធ្មេញថ្គាមក្រោមខាងស្តាំផ្នែកក្នុង។

    5 . ធ្មេញថ្គាមកន្លែងទំពារអាហារ ៕

  • រៀបផែនការរឿងម៉ឺនុយអាហារ ដើម្បីការអភិវឌ្ឍរបស់កូនតូច

    រៀបផែនការរឿងម៉ឺនុយអាហារ ដើម្បីការអភិវឌ្ឍរបស់កូនតូច

    សម្រាប់កូនតូចជាទីស្រឡាញ់ក្នុងអំឡុងវ័យ 3 ខួបដំបូងនៃជីវិត លោកឪពុកអ្នកម្តាយអាចនឹងជួបប្រទះនឹងបញ្ហាពាក់ព័ន្ធនឹងទស្សនគតិក្នុងការញ៉ាំអាហាររបស់កូនតូចដែលមិនសូវជាអំណោយផលចំពោះសុខភាពប៉ុន្មានឡើយ ដូច្នេះការមានផែនការច្បាស់​លាស់ក្នុងការរៀបចំម៉ឺនុយអាហារក្នុងមួយថ្ងៃៗសម្រាប់កូនក្នុងវ័យនេះគឺជារឿងសំខាន់ណាស់ ព្រោះវាពាក់ព័ន្ធនឹងសុខភាពរាងកាយ សមាធិ និងបទពិសោធន៍ក្នុងការញ៉ាំអាហាររបស់កូនតូច។

    ទង្វើរើសច្រើន ញ៉ាំតែអាហារណាដែលខ្លួនឯងចូលចិត្ត បើមិនចូលចិត្ត ដូចជាបន្លែ ឬសាច់ត្រី ជាដើម នឹងមិនព្រមញ៉ាំទាល់តែសោះ ឬញ៉ាំបាយមួយម៉ាត់ប្រើពេលជិតកន្លះម៉ោង ថែមទាំងត្រូវមានអ្នកនៅចាំលេងជាមួយទៀត ចំណែកអ្នកម្តាយវិញ ក៏ត្រូវរត់ដេញចាប់បញ្ចុកបាយរហូតអស់កម្លាំង ដូច្នេះសម្រាប់គន្លឹះល្អៗក្នុងការបណ្តុះទម្លាប់ឱ្យកូនមាននិស្ស័យញ៉ាំអាហារដែលមានប្រយោជន៍ដល់រាងកាយដែលលោកឪពុកអ្នកម្តាយអាចសាកល្បងនាំយកទៅប្រើបានយ៉ាងងាយៗនោះគឺ ៖

    រៀបផែនការរឿងមុខម្ហូបរួមគ្នា

    ឱ្យកូនតូចជួយគិតជាមួយអ្នកម្តាយផងថា តើមួយពេលៗគួរគួរញ៉ាំម្ហូបអាហារអីល្អ និងឱ្យកូនមានចំណែកក្នុងការជួយត្រៀមរៀបចំអាហារផង ព្រោះវិធីនេះកូននឹងមានអារម្មណ៍សប្បាយជាមួយនឹងការញ៉ាំមួយពេលនោះកាន់តែខ្លាំងឡើង។

    អាហារមួយពេលៗ កុំដាច់ឆ្ងាយពីគ្នាយូរពេក

    អ្នកម្តាយគួរនាំយកអាហារមកឱ្យកូនញ៉ាំឱ្យត្រូវវេលាក្នុងមួយពេលៗ ព្រោះបើកូនឃ្លាន ហើយត្រូវរង់ចាំអាហារយូរជ្រុលពេកវានឹងក្លាយជាឱកាសឱ្យគេងាកទៅញ៉ាំអាហារសម្រន់ដែលគ្មានប្រយោជន៍ចំពោះសុខភាពវិញ។

    អាហារញ៉ាំពេលទំនេរដែលមានប្រយោជន៍

    លោកឪពុកអ្នកម្តាយគួរតែមានអាហារញ៉ាំលេងពេលទំនេរប្រភេទដែលមានគុណតម្លៃខាងភោជនាហារទុកនៅក្នុងផ្ទះឱ្យកូនញ៉ាំលេងជាប់ជានិច្ច ដូចជា ផ្លែឈើ នំប៉័ង ជាដើម និងមិនគួរមានតែស្ករគ្រាប់ ឬនំបង្អែមតែម្យ៉ាងនោះឡើយ។

    បង្ហាត់កូនតាំងពីថ្ងៃនេះ

    លោកឪពុកអ្នកម្តាយគួរបង្រៀនឱ្យកូនចេះញ៉ាំអាហារដែលមានគុណប្រយោជន៍ដល់រាងកាយរបស់គេតាំងពីថ្ងៃនេះ ដោយអាចនឹងត្រូវប្រើភាពអត់ធន់ក្នុងការអធិប្បាយពីហេតុផលឱ្យកូនបានដឹងថា អាហារប្រភេទនីមួយៗដែលគេញ៉ាំចូលទៅនោះនឹងមានប្រយោជន៍ចំពោះរាងកាយយ៉ាងណាខ្លះ ដូចជា បើកូនញ៉ាំអាហារគ្រប់ទាំង 5 ប្រភេទក្រុមរាល់ថ្ងៃ និងថែមទាំងញ៉ាំបន្លែផ្លែឈើផងនោះ នឹងធ្វើឱ្យកូនមានសតិបញ្ញាឆ្លាតវៃសមនឹងវ័យ និងមានរាងកាយរឹងមាំស្រស់ថ្លាមើលមកឃើញគួរឱ្យស្រឡាញ់។ ដូច្នេះទើបកូនមិនគួរជ្រើសរើសក្នុងការញ៉ាំតែអាហារណាដែលឆ្ងាញ់ត្រូវមាត់តែម្យ៉ាងនោះទេ។ ដោយសារវិធីទាំងនេះ លោកឪពុកអ្នកម្តាយនឹងបានឃើញថា កូនតូចរបស់អ្នកមានភាពត្រៀមជាស្រេចទាំងផ្នែករាងកាយ សតិបញ្ញា អារម្មណ៍ និងសង្គម មុននឹងឈានចូលទៅក្នុងសង្គមក្នុងសាលារៀនបានយ៉ាងជឿជាក់ខ្លាំងឡើង។

    ព្រោះកូនតូចរបស់យើងនៅតូចខ្លាំងណាស់ ដូច្នេះលោកឪពុកអ្នកម្តាយចាំបាច់ត្រូវជ្រើសរើសយកតែអ្វីដែលល្អៗឱ្យដល់កូន ដើម្បីឱ្យកូនបានរៀនយល់ដឹងពីអ្វីផ្សេងៗជុំវិញខ្លួនបានយ៉ាងឆ្លាតវៃតទៅទៀត៕

  • អារ៉ាប់រួម បាញ់បង្ហោះយានអវកាស ឆ្ពោះទៅពិភពផ្កាយព្រះអង្គារ ជាបេសកកម្មរុករកពិភពក្រៅផែនដីដំបូងបំផុត

    អារ៉ាប់រួម បាញ់បង្ហោះយានអវកាស ឆ្ពោះទៅពិភពផ្កាយព្រះអង្គារ ជាបេសកកម្មរុករកពិភពក្រៅផែនដីដំបូងបំផុត

    ប្រទេស​អារ៉ាប់​រួម បានធ្វើ​ការបាញ់​បង្ហោះ​យានអវកាស​របស់ខ្លួន​មួយ ដែល​នឹងធ្វើ​ដំណើរ​ឆ្ពោះទៅ​ពិភព​ផ្កាយ​ព្រះ​អង្គារ។

    យានអវកាស​ដំបូង​មួយ​នេះ ត្រូវបាន​បាញ់​បង្ហោះ​ចេញពី​កោះ Tanegashima ប្រទេស​ជប៉ុន នា​ព្រឹក​ថ្ងៃទី20 ខែកក្កដា ឆ្នាំ2020។ នេះ​ជា​បេសកកម្ម​រុករក​ពិភព​ក្រៅ​ផែនដី លើកដំបូង​ហើយ របស់​ពិភព​អារ៉ាប់។

    យានអវកាស​នេះ នឹងមិន​ចុះចត​លើ​ផ្ទៃដី​ពិភព​ផ្កាយ​ព្រះ​អង្គារ​ទេ ដោយ​គ្រាន់តែ​ហោះ​នៅលើ​គន្លង​ផ្លូវ ក្នុង​រយៈពេល 1ឆ្នាំ​នៃ​ពិភព​ផ្កាយ​ព្រះ​អង្គារ ឬ​ស្មើនឹង 687ថ្ងៃ​របស់​ផែនដី​ប៉ុណ្ណោះ។

    យានអវកាស​ដែលមាន​ឈ្មោះថា «Amal ឬ HOPE» គ្រោង​នឹងធ្វើ​ដំណើរ​រយៈពេល 7ខែ ចម្ងាយ 500លាន​គីឡូម៉ែត្រ ដើម្បី​ទៅដល់​ពិភព​ផ្កាយ​ព្រះ​អង្គារ ពោលគឺ​រំពឹងថា នឹង​ទៅដល់​ទីនោះ​ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ2021 ដែល​ត្រូវ​នឹង​ខួប 50ឆ្នាំ​នៃ​ការបង្កើត​ប្រទេស​អារ៉ាប់​រួម។

    យាន HOPE ត្រូវបាន​បាញ់​បង្ហោះ​តាមរយៈ​គ្រាប់​រ៉ុក្កែត H-IIA F42 របស់​ក្រុមហ៊ុន​ជប៉ុន Mitsubishi។ ដើមឡើយ បេសកកម្ម​នេះ គ្រោង​បាញ់​បង្ហោះ​តាំងពី​ថ្ងៃទី14 កក្កដា ប៉ុន្តែ​ត្រូវ​ពន្យារពេល​មកដល់​ថ្ងៃ​ម្សិលមិញ(ទី20កក្កដា)នេះ ដោយសារ​បញ្ហា​អាកាសធាតុ។

    បេសកកម្ម​របស់​វា គឺ​ដើម្បី​ផ្តិត​យក​រូបភាព​អាកាសធាតុ បរិយាកាស​លើ​ពិភព​ផ្កាយ​ព្រះ​អង្គារ ដើម្បី​ធ្វើជា​មូលដ្ឋាន​សម្រាប់​ស្រាវជ្រាវ​បន្ថែម ក្នុងការ​បញ្ជូន​មនុស្ស​ទៅ​ពិភព​នោះ ក្នុង​រយៈពេល 100ឆ្នាំក្រោយ។ អារ៉ាប់​រួម ក៏​ចង់ឱ្យ​គម្រោងការ​នេះ ក្លាយជា​ប្រភព​ជំរុញ​យុវជន​អារ៉ាប់​ផងដែរ៕

  • ក្រុមហ៊ុន OnePlus ឱ្យតម្រុយថា នឹងចេញលក់ កាស Wireless តម្លៃ 99ដុល្លារ

    ក្រុមហ៊ុន OnePlus ឱ្យតម្រុយថា នឹងចេញលក់ កាស Wireless តម្លៃ 99ដុល្លារ

    OnePLus Buds ជា​ប្រភេទ​កាស​ឥត​ខ្សែ(wireless earphone) លើកដំបូង​របស់​ក្រុមហ៊ុន​មួយ​នេះ។ ថ្មីៗនេះ នៅលើ​បណ្ដាញ​សង្គម Twitter របស់​ក្រុមហ៊ុន បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​អំពី​ផលិតផល​មួយ​នេះ។

    បើ​យោងតាម​ប្រភពពី GSM arena បានឱ្យ​តម្រុយ​ថា កាស​ឥត​ខ្សែ​ដំបូង​របស់ OnePlus មួយ​នេះ គ្រោង​នឹង​លក់​ក្នុងតម្លៃ​តែ 99ដុល្លារ​ប៉ុណ្ណោះ។ តម្លៃ​នេះ​បើ​គិត​លើ​ទីផ្សារ​កាស​ឥត​ខ្សែ​របស់​ក្រុមហ៊ុន​ដទៃទៀត ឃើញថា អាច​ស៊ីសង​គ្នា​បាន។

    លក្ខណ​ស​ម្ប​តិ្ត​របស់​កាស OnePlus Buds នេះ ត្រូវបាន​គេ​បញ្ចេញ​ឱ្យដឹងខ្លះៗដែរ ដូចជា ស្ដាប់ភ្លេង​បានយូរ​បំផុត​ដល់​ទៅ 30ម៉ោង​ពេញ, អាច​សាក​ថ្ម​បាន​ដោយ Wireless ជាមួយនឹង​បច្ចេកវិទ្យា​សាក​លឿន Wrap Charge Technology តែ 10នាទី​អាច​ប្រើ​បាន 10ម៉ោង។ ជាពិសេស​នោះ វា​មាន​ដុំ​សាក​កម្លាំង 10វ៉ា​ត់​មកជា​មួយ ក្នុង​ប្រអប់​ថែម​ទៀតផង៕

  • Real Madrid លើកពាន La Liga ខណៈដែល Messi ឈ្នះស្បែកជើងមាសទាំងមិនសូវសប្បាយចិត្ត

    Real Madrid លើកពាន La Liga ខណៈដែល Messi ឈ្នះស្បែកជើងមាសទាំងមិនសូវសប្បាយចិត្ត

    ការប្រកួត​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga បាន​រកឃើញ​ក្រុម​ដែល​គ្រង​ជើងឯក​ហើយ ដោយបាន​ទៅលើ​ក្រុម Real Madrid ក្រោយ​យកឈ្នះ Villarreal ក្នុង​លទ្ធផល 2ទល់នឹង1 គិត​ត្រឹមតែ​សប្តាហ៍​ទី37 ពោលគឺ មុន​បញ្ចប់​រដូវ​កាល​ចំនួន 1សប្តាហ៍។

    ចំណែកឯ Lionel Messi បានឈ្នះ​ស្បែកជើង​មាស​នៅ La Liga ជា​លើក​ទី7 ហើយក៏​ជា​លើក​ទី4 ជាប់​គ្នា​ដែរ បន្ទាប់ពី​រកបាន 2គ្រាប់​ជួយ Barcelona ឈ្នះ Alaves នៅ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​បញ្ចប់​លី​ក កាលពី​យប់មិញ។

    ទោះជា​បែបនេះ​ក្តី Lionel Messi បាន​បញ្ជាក់ថា ក្រុម FC Barcelona នៅមាន​ឱកាស​ឈ្នះ​ពានរង្វាន់ UEFA Champions League ប្រសិនណាបើ​ផ្លាស់ប្ដូរ​ទម្រង់​លេង និង​ទំនុកចិត្ត​ក្រុម​ឱ្យបាន​ទាន់ពេលវេលា៕