Author: ធឿន មករា

  • 6 វិធីបង្ហាត់កូនឱ្យចេះអានចេះសរសេរមុនពេលចូលរៀន

    6 វិធីបង្ហាត់កូនឱ្យចេះអានចេះសរសេរមុនពេលចូលរៀន

    គ្រួសារជាច្រើនមានកង្វល់ថា ហេតុអីបានកូនអាយុ 5 ឆ្នាំហើយ​ នៅមិនទាន់អានអក្សរកើត ឬមិនទាន់ចេះសរសេរបានទៀត ដូច្នេះពេលនេះយើងនាំគ្នាមកមើលពីតិចនិកដើម្បីជំរុញឱ្យកូនអភិវឌ្ឍជំនាញការអាន និងសរសេរ។

    1 . រឿងនិទានជាតួអក្សរ ៖ ដោយសារធម្មជាតិរបស់ខួរក្បាលនឹងរៀនយល់ដឹងបានល្អនៅពេលមានសេចក្តីសុខ និងមិនធុញថប់តានតឹងនោះ ការអានរឿងនិទានតាមតួអក្សរក្នុងសៀវភៅរឿងនិទានដែលចូលចិត្ត អាចនឹងបំប្លែងរាងទៅជាសៀវភៅហ្វឹកហាត់អាន ក ខ តែមិនទាន់ចាំបាច់ត្រូវរៀងតាមតួរអក្សរទេ ចូរបង្ហាត់ឱ្យកូនតូចរៀនយល់ដឹងពីពាក្យ និងប្រយោគក្នុងរឿងនិទាន ដែលសប្បាយ និងគួរឱ្យចង់រៀនខ្លាំងជាង។

    2 . សៀវភៅគំនូរផាត់ពណ៌សំណព្វចិត្ត ៖ នាំកូនទៅសួនសត្វ សួនសាធារណៈ ឬសួនកម្សាន្ត គួរយកសៀវភៅគំនូរផាត់ពណ៌ទៅជាមួយផង ការគូររូបភាព ហើយចាប់ផ្តើមសរសេរពាក្យបរិយាយបណ្តើរៗតាមរូបភាពដែលគូរ។ បរិយាកាសការរៀនយល់ដឹងដែលល្អ នឹងជួយបង្កើនឱ្យការរៀនយល់ដឹងកាន់តែល្អប្រសើរឡើង។

    3 . ក្រដាសរូបភាពនាំឱ្យសប្បាយរីករាយ ៖ ប្រើក្រដាសរូបភាពជាជំនួយការ ក្រដាសរូបភាពស្មើនឹងពាក្យព្យញ្ជនៈមួយពាក្យ នៅពេលត្រូវប្រកបជាពាក្យ ចូរចាប់ផ្តើមពីពាក្យស្រួលៗងាយៗជាមុនសិន ប្រើរូបភាពជាតួតុក្កតាដែលកូនចូលចិត្ត វានឹងជួយជំរុញឱ្យកូនសប្បាយជាមួយការរៀនយល់ដឹង និងកើតការចងចាំបានល្អ។

    4 . ចាប់ផ្តើមពីឈ្មោះខ្លួនឯង និងមនុស្សក្នុងគ្រួសារ ៖ អាចនឹងចាប់ផ្តើមពីឈ្មោះរបស់កូនខ្លួនឯង ដោយសរសេរឱ្យកូនមើលញឹកញាប់ វានឹងជួយឱ្យកាន់តែឆាប់ចាំឡើង អាចនឹងបង្ហាត់កូនឱ្យរៀនសរសេរតាមនៅពេលដំបូងៗ ហាត់សរសេរញឹកញាប់ អាចនឹងសរសេរបានដោយខ្លួនឯង រួចហើយសឹមរៀនសរសេរឈ្មោះរបស់ឪពុក និងម្តាយម្តង។ ការចាប់ផ្តើមពីមនុស្សដែលខ្លួនស្រឡាញ់ និងនៅក្បែរខ្លួន នឹងធ្វើឱ្យកូនកាន់តែចាប់អារម្មណ៍ឡើង ព្រោះវ័យនេះ ចំណុចកណ្តាលនៃចំណាប់អារម្មណ៍នៅស្ថិតនៅលើឪពុកម្តាយ។

    5 . ឆ្លើយសំណួរបែបវែងៗ ៖ មានន័យថា នៅពេលកូនសួរមួយសំណួរ គួរបបួលកូននិយាយ និងអធិប្បាយបន្ថែមអំពីអ្វីដែលកូនសួរ អាចនឹងបបួលសួរអំពីពាក្យដែលនិយាយដល់នោះថា មានព្យញ្ជនៈអ្វីខ្លះ ដើម្បីជំរុញឱ្យកូនគិត និងរំលឹកការចងចាំផង។

    6 . រៀនយល់ដឹងតាមរយ.ៈរបស់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ៖ ប្រើប្រយោជន៍ពីការធ្វើដំណើរ ដូចជា ប៉ាយផ្សាយពាណិជ្ជកម្ម ឬប្រអប់ទឹកដោះគោ ចង្អុលឱ្យកូនមើលពាក្យ ប្រយោគ ព្យញ្ជនៈ និងតួអក្សរ។ ក្នុងពេលអានមួយពាក្យៗ អ្នកម្តាយគួរតែប្រកបពាក្យនីមួយៗឱ្យផង ដើម្បីឱ្យកូនចងចាំ និងជាការរៀនយល់ដឹងកណ្តាលបរិយាកាសដែលធូរស្រាលសប្បាយ វានឹងជួយឱ្យចងចាំបានយ៉ាងងាយដោយមិនដឹងខ្លួន។

    គ្រប់វិធីការ អ្នកម្តាយគួរបង្ហាត់ឱ្យកូនធ្វើញឹកញាប់ កូននឹងរៀនយល់ដឹងបានល្អ និងនៅពេលកូនបានធ្វើដដែលៗយ៉ាងជាប់លាប់ កូនក៏នឹងចងចាំ និងធ្វើបានល្អមិនខាន៕

  • World Vision បង្ហាញវិធីសាស្ត្រដែលអាណាព្យាបាលអាចគាំទ្រកូននៅពេលរៀនពីចម្ងាយនៅផ្ទះ

    World Vision បង្ហាញវិធីសាស្ត្រដែលអាណាព្យាបាលអាចគាំទ្រកូននៅពេលរៀនពីចម្ងាយនៅផ្ទះ

    ស្ថិតក្នុង​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 នេះ មាន​សិស្សានុសិស្ស​ជាច្រើន​លាន​នាក់​លើ​ពិភពលោក​កំពុង​ប្រឈម​នឹង​ការសិក្សា ដោយសារ​សាលា​របស់​ពួកគេ​ត្រូវបាន​បិទ ដែល​តម្រូវឱ្យ​ពួកគេ​ត្រូវ​សិក្សា​ពី​ចម្ងាយ​តាម​គ្រប់​មធ្យោបាយ​នៅផ្ទះរៀងៗខ្លួន។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អង្គការ World Vision បាន​ណែនាំ​ឱ្យ​អាណាព្យាបាល​ទាំងអស់​អនុវត្ត​នូវ​វិធីសាស្ត្រសំខាន់ៗមួយចំនួន​ដើម្បី​ជួយ​ឱ្យ​កុមារ​អាច​សិក្សា​បានល្អ​ពី​ចម្ងាយ។ ចំណុចសំខាន់ៗទាំងអស់នោះ​មានដូចជា៖

    • ចាំបាច់​ត្រូវ​រក​ពេលវេលា​ជួយ​បង្រៀន​ដល់​កូន
    • បង្រៀន​ដោយ​ផ្តល់​ក្តី​ស្រឡាញ់​ដល់កូនៗ
    • ព្យាយាម​កាត់បន្ថយ​នូវ​ភាព​តានតឹង​របស់ខ្លួន កុំ​ស្រែក​កំហក ឬ​ប្រើ​ហិង្សារ​ទៅលើ​កុមារ
    • ត្រូវ​ដឹង និង​តាមដាន​កាលវិភាគ​នៃ​ការបង្រៀន​តាម​ទូរទស្សន៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា
    • ត្រូវយក​ឯកសារ​មេរៀន​របស់​កូន​នៅតាម​សាលា​ទុក​បង្រៀន​ដល់​កូន
    • មើលសៀវភៅ​មេរៀន និង​លំ​ហាត់​ឱ្យបាន​យល់​ដើម្បី​ជួយ​បង្រៀន​កូន​បន្ថែម
    • បង្រៀន​កូន​ឱ្យ​ចេះ​អនាម័យ និង​ការពារ​ខ្លួន​ពី​ជំងឺ Covid-19
    • ណែនាំ​ឱ្យ​កុមារ​ចេះ​រក្សា​គម្លាត​សុ​វត្តិភាព៕
  • រដ្ឋាភិបាលបើកភ្លើងខៀវឱ្យសាលាឯកជនចំនួន 20បើកដំណើរការសាកល្បង

    រដ្ឋាភិបាលបើកភ្លើងខៀវឱ្យសាលាឯកជនចំនួន 20បើកដំណើរការសាកល្បង

    ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ម្សិល​ម៉ិ​ញ​នេះ បាន​អនុញ្ញាតឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​មាន​ស្តង់ដា​ខ្ពស់​ចំនួន20 បើក​ដំណើរការ​សាកល្បង​ឡើងវិញ​ក្នុងដំណាក់កាល​ដែល​កម្ពុ​ជា​អាច​គ្រប់គ្រង​បាន​នូវ​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ Covid-19។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា​គ្រឹះស្ថានសិក្សា​ដែល​អនុញ្ញាត​ទាំង20នោះ នឹងត្រូវ​រៀបចំ​តាម​គោលការណ៍សំខាន់ៗចំនួន6ចំណុច​ដូចជា៖

    1. ការរៀបចំ​បរិស្ថាន​សាលា អគារសិក្សា និង​ការរៀបចំ​ថ្នាក់រៀន (ចំនួន​សិស្ស​ក្នុង​ថ្នាក់រៀន ដែល​គោរព​បាន​នូវ​គម្លាត​សុវត្ថិភាព) ដោយ​ត្រូវ​អនុវត្តតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ជាពិសេស​គ្រឹះស្ថានសិក្សា​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ ជា​ទៀងទាត់ និង​ត្រូវ​បំពាក់​ឧបករណ៍ សម្រាប់​សម្លាប់​មេរោគ​តាម​ស្តង់ដា។
    2. គ្រូបង្រៀន សិស្ស និង​បុគ្គលិក​គ្រឹះស្ថានសិក្សា​ត្រូវធ្វើ​តេស្ត​រក​មេរោគ​Covid-19មុន​ដំណើរការ​សាលា។
    3. ក្នុងករណី​គ្រឹះស្ថានសិក្សា​ទាំងនេះ មានការ​ធ្វេសប្រហែស ឬ​ល្មើ​សនឹង​អនុស្សរណៈ​យោគយល់​គ្នា គ្រឹះស្ថានសិក្សា​ទាំងនោះ​នឹងត្រូវ​ទទួល​ការព្រមាន និង​ឈានទៅ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន។
    4. គ្រឹះស្ថានសិក្សា​ទាំងនេះ ត្រូវ​បន្ត​អនុវត្ត​នូវ​វិធីសាស្ត្រ​សិក្សា​តាមបែប​ចម្រុះ គឺ ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក រួម​ជាមួយនឹង​ការសិក្សា​នៅក្នុង​ថ្នាក់រៀន ព្រមទាំង​គោរព​នូវ​ពិធីសារ​សុវត្ថិភាព​សុខភាព​សិក្សា។
    5. ក្រសួង​នឹង​ចេញ​គោលការណ៍​ណែនាំ ស្តីពី លក្ខខណ្ឌ​តម្រូវ​នៃ​ការលើកកម្ពស់​សុខភាព​សិក្សា​ក្នុង​បរិបទ​កូ​វីដ ជា​មូលដ្ឋាន​គោល​សម្រាប់​ការរៀបចំ ពិធីសារ​សុវត្ថិភាព​សុខភាព សិក្សា​របស់​គ្រឹះស្ថានសិក្សា។
    6. គ្រឹះស្ថានសិក្សា​ត្រូវអនុវត្ត​វិធានការ​តម្រូវ​នានា៕
  • ប្រយោជន៍ដ៏អស្ចារ្យ 7 យ៉ាងរបស់ “ផ្លែពោតបារាំងខ្ចី” ដែលយើងអាចមិនដឹង

    ប្រយោជន៍ដ៏អស្ចារ្យ 7 យ៉ាងរបស់ “ផ្លែពោតបារាំងខ្ចី” ដែលយើងអាចមិនដឹង

    បើនឹងប្រាប់ថា ជនជាតិជប៉ុននិយមញ៉ាំផ្លែពោតបារាំងខ្ចី តើមិត្តអ្នកអានជឿដែរឬទេ? ញ៉ាំស្រស់ៗ ស្រុះហើយជ្រលក់ទឹកជ្រលក់ញ៉ាំ និងយកទៅធ្វើជាម្ហូបអាហារផ្សេងៗជាច្រើនមុខទៀតផង ឯនៅប្រទេសវៀតណាមវិញ នៅមានលើកផ្លែពោតបារាំងស្រស់ៗមកញ៉ាំលេងទៀតផង។ មិនមែនត្រឹមតែមានរសជាតិដែលឆ្ងាញ់នោះទេ តែនៅមានគុណប្រយោជន៍ល្អៗដ៏ច្រើនទៀតដែលធ្វើឱ្យអ្នកណាៗក៏នាំគ្នាទិញយកមកញ៉ាំយ៉ាងច្រើន តើផ្លែពោតបារាំងមានគុណប្រយោជន៍ក្នុងផ្នែកណាខ្លះ យើងនាំគ្នាមកមើលដូចតទៅ…។

    គុណប្រយោជន៍ដ៏អស្ចារ្យរបស់ “ផ្លែពោតបារាំងខ្ចី”

    1 . ជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាម ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលកំពុងគ្រប់គ្រងជាតិស្ករ និងទម្ងន់ខ្លួន

    2 . កាត់បន្ថយអាការទល់លាមក ព្រោះមានរំអឹលដែលជួយធ្វើឱ្យលាមកឡើងទន់ និងនៅមានកាកសរសៃអាហារដែលល្អដល់ការបន្ទោបង់ទៀតផង។

    3 . បញ្ចុះកូលេស្តេរ៉ូលក្នុងរាងកាយ។

    4 . កាត់បន្ថយភាពប្រថុយប្រថានក្នុងការកើតជំងឺក្រពះ រលាកសាច់ភ្នាសក្នុងក្រពះ និងរលាកពោះវៀន។

    5 . អ្នកណាដែលកំពុងកើតជំងឺក្រពះស្រាប់ហើយនោះ ការទទួលទានផ្លែពោតបារាំងខ្ចី ដែលមានទឹករំអឹលស្អិតៗថ្លាៗ នឹងចូលទៅស្រោបភ្ជិតដំបៅនៅក្នុងក្រពះបាន។

    6 . ផ្លែពោតបារាំងខ្ចីស្ងោរដាក់អំបិលតិចៗ ពេលញ៉ាំចូលទៅហើយ អាចការពារអាការអាស៊ីតក្នុងក្រពះហូរបញ្ច្រាស់បាន។

    7 . មានហ្វូលេតខ្ពស់ ជួយបង្កើនគ្រាប់ឈាមក្រហម និងជាវត្ថុចាំបាច់ចំពោះវិវឌ្ឍនាការរបស់កូនតូចក្នុងគភ៌ ដូច្នេះទើបផ្លែពោតបារាំងសក្តិសមសម្រាប់ស្រ្តីមានគភ៌ទទួលទានបំផុត។

    វិធីបរិភោគផ្លែពោតបារាំង

    ការពិតទៅផ្លែពោតបារាំងអាចទទួលទានទាំងឆៅបាន ដោយនៅប្រទេសជប៉ុនគេនិយមបរិភោគបែបឆៅៗដោយកាត់ជាកង់​ៗជ្រលក់ជាមួយទឹកឃ្មុំ ទឹកក្រូចឆ្មារ និងអៃស្រ្គីមទៀតផង តែនៅក្នុងប្រទេសយើងវិញគេនិយមយកផ្លែពោតបារាំងមកធ្វើជាម្ហូប ឬដែលពេញនិយមបំផុតនោះគឺ យកមកស្រុសនឹងទឹកក្តៅ ឬអាំងនៅលើភ្លើងហើយជ្រលក់នឹងទឹកជ្រលក់ពិសា៕

  • ក្រសួងកសិកម្មចេញវិធានការ6ចំណុចជំរុញឱ្យប្រជាជនបង្កើត និងពង្រឹងអាជីកម្មកសិកម្ម

    ក្រសួងកសិកម្មចេញវិធានការ6ចំណុចជំរុញឱ្យប្រជាជនបង្កើត និងពង្រឹងអាជីកម្មកសិកម្ម

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្តីណែនាំ​ស្តីពី​ការបង្កើត និង​ពង្រឹង​បណ្តុះ​អាជីវកម្ម​កសិកម្ម ក្រុម​ក​សិ​ផលិត និង​សហគមន៍​កសិកម្ម ដើម្បីឱ្យ​វិស័យនេះ​មាន​កម្លាំង​កាន់តែខ្លាំង​ក្នុង​ការផលិត និង​ការ​ចរាចរណ៍​ផលិតផល​កសិកម្ម​ក្នុង​ទីផ្សារ។

    នៅក្នុង​សេចក្តីណែនាំ​នោះ ក្រសួង​បានដាក់​នូវ​ផែនការ ក៏ដូចជា​វិធានការ​ចំនួន6ចំណុច ដើម្បី​ធ្វើយ៉ាងណា​ទាញយក​ផលប្រយោជន៍​ជា​វិជ្ជមាន​សម្រាប់​វិស័យ​កសិកម្ម និង​ជាពិសេស​សម្រាប់​កសិករ​នៅក្នុង​ប្រទេស។ វិធានការ​ទាំងអស់នោះ​មានដូចជា៖

    1. ត្រូវ​រៀបចំ​បង្កើត​បន្ថែម​នូវ​បណ្ដុំ​អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម ឱ្យបាន​កាន់ តែ​ច្រើនឡើង​ថែមទៀត ក្នុងន័យ​បង្កើនបាន​ពេញលេញ នូវ​សមត្ថភាព​ផ្គត់ផ្គង់ ជាពិសេស​បង្កើន​នូវ​សមត្ថភាព​ចរចា​ថ្លៃ ជាមួយ​អ្នកប្រមូល​ទិញ​ផលិតផល​កសិកម្ម ដែល​វិធានការ​នេះ​នឹង​លើកទឹកចិត្ត​ប្រជាកសិករ ឱ្យធ្វើ​ការដាំដុះ​ដំណាំ​ស្បៀង ការចិញ្ចឹម​សត្វ និង​វារីវប្បកម្ម​កាន់តែ​សកម្ម និង​មិនមាន​ការព្រួយបារម្ភ​អំពី​បញ្ហា​ទីផ្សារ។
    2. ត្រូវខិតខំ​បន្តទៀត​នូវ​ផែន​ការផលិត របស់​ក្រុម​បណ្ដុំ​អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍ កសិកម្ម​ឱ្យ​ផលិត​ស្របទៅតាម​តម្រូវការ និង​ពេលវេលា​ដែល​ត្រូវ​ចុះ ទៅ​ប្រមូល​ទិញ​របស់​ក្រុមហ៊ុន ឬ​អ្នកប្រមូល​ទិញ ផលិតផល​កសិកម្ម ដែល​អាច​ជៀសវាង​បាន​នូវ​ការផលិត​ជន់​ជោរ និង​មិនមាន​ទីផ្សារ​ច្បាស់លាស់។
    3. ត្រូវ​សហការ​ឱ្យបាន​ល្អប្រសើរ​ជាមួយ គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​រៀបចំ​បង្កើត និង​អនុវត្ត​ផលិតកម្ម​កសិកម្ម តាម​កិច្ចសន្យា​រវាង​ក្រុម​បណ្ដុះ​អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម សំដៅ​ផ្គត់ផ្គង់​ស្បៀងអាហារ អង្ករ ត្រី សាច់ ប្រកបដោយ​ភាពជឿជាក់ និង​មាន​ប្រសិទ្ធភាព។
    4. ត្រូវ​រៀបចំ​បង្កើត​ផ្សារ​កសិករ ឬ​ទីតាំង​សមស្រប​ណាមួយ ដែល​អាចឱ្យ​កសិករ​យក​ផលិតផល​សុវត្ថិភាព មក​តាំង​លក់ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ទីផ្សារ ធានាបាន​នូវ​ការផ្គត់ផ្គង់ និង​រក្សាបាន​តុល្យភាព​តម្លៃ​ទីផ្សារ។
    5. ត្រូវ​ពិចារណា​ធ្វើ​ហិរញ្ញប្បទាន និង​បណ្ដុះបណ្ដាល ណែនាំ​ផ្សព្វផ្សាយ​បច្ចេកទេស ឱ្យបាន​សកម្ម​ដល់​ក្រុម​ប​ណ្ដុ អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម ដើម្បី​ពង្រឹងសមត្ថភាព​បច្ចេកទេស និង​ការគ្រប់គ្រង​ឱ្យមាន ប្រសិទ្ធភាព​ខ្ពស់។
    6. ត្រូវ​សហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ក្រសួង ស្ថាប័ន និង​អង្គភាព​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​សម្រួល​ដល់ ក្រុម​បណ្ដុំ​អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម ឱ្យទទួល​បាន​ឥណទាន​មាន​អត្រា​ការប្រាក់​ទាប សមរម្យ​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម និង​ប្រើប្រាស់​អគ្គិសនី ក្នុង​វិស័យ​កសិកម្ម​ប្រកបដោយ​ភាពអនុគ្រោះ។
    7. រដ្ឋបាល​ជលផល​ត្រូវ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ នូវ​សំណើសុំ​នាំចូល​ផល ផលិតផល​ជលផល​ពី​បរទេស ដោយ​មិនត្រូវ​អនុញ្ញាតឱ្យ​នាំចូល​នូវ​ផល ផលិតផល​ជលផល ដែលមាន​ការប្រកួតប្រជែង​ខ្លាំង​ជាមួយ​ផល​ផលិតផល​វារីវប្បកម្ម​ក្នុងស្រុក៕
  • កម្ពុជាអាចនឹងសម្រេចគោលដៅនាំចេញអង្ករ1លានតោននៅឆ្នាំក្រោយ

    កម្ពុជាអាចនឹងសម្រេចគោលដៅនាំចេញអង្ករ1លានតោននៅឆ្នាំក្រោយ

    កម្ពុជា​ជា​ប្រទេស​កសិកម្ម ដែល​យើង​បាន​នាំចេញ​កសិផល​ជាច្រើន​ប្រភេទ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ដោយ​ក្នុងនោះ​ដំណាំ​ស្រូវ​ជា​ដំណាំ​យុទ្ធសាស្ត្រ​យ៉ាងសំខាន់​មួយ​ដែល​រដ្ឋាភិបាល​បានចេញ​គោលនយោបាយ​នាំចេញ​ឱ្យបាន 1លាន​តោន​ក្នុង​មួយឆ្នាំ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា តាម​ការព្យាករណ៍​នៅ​ឆ្នាំ2021 ឬ​ឆ្នាំ2022 កម្ពុជា​អាច​នឹង​សម្រេចការ​នាំចេញ​បាន1លាន​តោន​ក្នុង​មួយឆ្នាំ។ ការលើកឡើង​បែបនេះ​ដោយសារតែ​កន្លងមក​យើង​ឃើញ​ហើយ​ថា​នៅ​ឆ្នាំមុន​យើង​សល់​ស្រូវ​ប្រមាណ 6លាន​តោន ហើយ​បើ​គិត​ជា​អង្ករ​វិញ​គឺ​ជាង 4លាន​តោន។

    សម្តេចនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ផងដែរ​ថា កម្ពុជា​ជា​ប្រទេស​តូច​ដែលមាន​កសិកម្ម​មិនទាន់​លូតលាស់​ខ្លាំង តែ​កម្ពុជា​សល់​ស្រូវ​រហូតដល់​ជាង 6លាន​តោន ដែល​វា​ជា​ទំហំ​ធំ​មួយ​សម្រាប់​កម្ពុជា។ យើង​បាន​បង្កើន​ផល​ស្រូវ​ពី​ភាពខ្វះខាត មក​ក្លាយជា​ប្រទេស​ដែល​សល់​ស្រូវ​ជាច្រើន​លាន​តោន។ ទោះជា​យ៉ាងនេះ​ក្តី យើង​នៅ​មិនទាន់​សម្រេច​គោលដៅ​នាំចេញ​ឱ្យបាន 1លាន​តោន​នៅឡើយ ព្រោះ​កន្លងមក​យើង​នាំចេញ​បាន​តិច​ណាស់ ទើបតែ​ឆ្នាំ2020នេះ​ទេ​ដែល​យើង​អាច​នាំចេញ​បាន​រហូតដល់​ទៅ 40ម៉ឺន​តោន​ក្នុង​រយៈពេល 6ខែ​ដើម​ឆ្នាំនេះ។ ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​ការនាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​ចំនួន1លាន​តោន យើង​ត្រូវធ្វើ​ស្រូវ​តាម​បច្ចេកវិទ្យា​ទំនើប មិន​ធ្វើ​ស្រូវ​របៀប​ចាស់​ទៀតឡើយ៕

  • គិតដល់សុខភាពមនុស្សជាទីស្រលាញ់ សូមជ្រើសរើសយកម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ដែលមានមុខងារបោកគក់ច្រើនជម្រើសព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់!

    គិតដល់សុខភាពមនុស្សជាទីស្រលាញ់ សូមជ្រើសរើសយកម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ដែលមានមុខងារបោកគក់ច្រើនជម្រើសព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់!

    (ភ្នំពេញ) ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០៖ មិនមែន​ឱ្យតែ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​សុទ្ធតែ​ដូចគ្នា និង​គ្រាន់តែ​អាច​បោក​ខោអាវ​បាន​ដូចគ្នា​នោះទេ! ថ្ងៃនេះ សាម​សុង សូម​ណែនាំ ម៉ាស៊ីន​បោក​សម្លៀកបំពាក់ Add-Wash ស៊េរី​ថ្មី​ចុងក្រោយ​បំផុត​ម៉ូ​ឌែ​ល WW90K54E0UW/ST ដែល​បំពាក់​មុខងារថ្មីៗ ទំនើប​យ៉ាងច្រើន​សម្បូរបែប និង​មាន​សារៈសំខាន់​បំផុត​សម្រាប់​ធានា​ជូន​នូវ​ផាសុកភាព​មនុស្ស​ជាទី​ស្រឡាញ់ និង​សមាជិកគ្រួសារ​របស់លោក​អ្នក!

    ឥឡូវនេះ សាម​សុង នឹង​បង្ហាញជូន​នូវ​មុខងារ​មួយចំនួន​ដែល​បំពាក់​លើ ម៉ាស៊ីន​បោក Add-Wash ម៉ូ​ឌែ​ល WW90K54E0UW/ST នេះ​ដោយ​អាច​ផ្តល់នូវ​ទំនុកចិត្ត និង​ភាពងាយស្រួល​កាន់តែច្រើន​ជូន​លោកអ្នក​ដូចជា៖

    * Steam Cycles

    នេះ​គឺជា​មុខងារ​បោក​ដោយ​ចំហាយ​ទឹក​ក្តៅ​ដែល​អាច​សម្លាប់​មេរោគ, បាក់តេរី, អាឡែកហ្ស៊ីផ្សេងៗបាន 99.90% ដែល​មុខងារ​នេះ​ល្អ​បំផុត​សម្រាប់៖

    • Baby Care សម្លៀកបំពាក់​ក្មេង

    មុខងារ​នេះ​គឺមាន​ភាព​ឆ្លាត​វៃ​បំផុត​ក្នុង​ការបោក​សម្អាត និង​ថែរក្សា​សម្លៀកបំពាក់កូនៗជាទី​ស្រឡាញ់​បាន​ស្អាត​ល្អ ដោយ​សម្លាប់​អស់​មេរោគ និង​មិន​ធ្វើឱ្យ​ខូច​សាច់​ក្រណាត់ និង​មិន​ធ្វើឱ្យមាន​ប្រតិកម្ម​ស្បែ​កកូន​របស់​លោកអ្នក!

    • Bedding

    មុខងារ​នេះ​មាន​សមត្ថភាព​អាច​បោក​សម្ភារៈ​បន្ទប់​គេង​ដូចជា៖ កម្រាលពូក ស្រោមខ្នើយ​ឱ្យមាន​អនាម័យ​ស្អាត​ល្អ មាន​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់ ។ល។

    ងាយ…ដើម្បី​ប្រើប្រាស់​នូវ​មុខងារ​ទាំង​អស់នេះ​លោកអ្នក​គ្រាន់តែ​អនុវត្តតាម​ការណែនាំ​ដូចខាងក្រោម​ជាការ​ស្រេច!

    * របៀប​ប្រើ៖

    1. ចុច​ប៊ូ​តុង​បើកភ្លើង (Power on)
    2. មួល​រើសយក​មុខងារ​បោក​ណាមួយ​ដែល​លោកអ្នក​ត្រូវការ

    (អាច​រើស​មុខងារ​បន្ថែ​ម​តាម​ការចង់បាន​ដូចជា៖ សីតុណ្ហភាព​ទឹក​ក្តៅ, ចំនួន​ដង​នៃ​ការជម្រះ​ទឹក, ប៊ូ​តុង​រើស​កម្លាំង​ពូត, ប៊ូ​តុង​កំណត់​រយៈពេល​បោក, ប៊ូ​តុង​បន្ថែម​មុខងារ​ត្រាំ​មុន​បោក​ជាដើម……)

    1. ចុច​ប៊ូ​តុង Start ឱ្យ​ដំណើរការ​ជាការ​ស្រេច!

    ថា​លោកអ្នក​ទៅ​ដែល​គិតពី​សុខភាព, ផាសុកភាព និង​ភាពងាយស្រួល តែ​បច្ចេកវិទ្យា​ក្រុមហ៊ុន សាម​សុង គិតគូ​ជាង​លោកអ្នក​រាប់រយ​ដង​ទៅទៀត!

    សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់​តាម​ហាង​ទំនើប​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​អាចធ្វើ​ការទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន​តាមរយៈ​ទូរស័ព្ទ​លេខ៖ 1800-20 32 32 !

    * បញ្ជាក់៖ រាល់​ការ​ជាវ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ សាម​សុង Add-Wash ម៉ូ​ឌែ​ល ww90K54E0UW/ST តាម​បណ្តា​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​កុំ​ភ្លេច​សួររក​ប័ណ្ណធានា​ផង​ណា៎…!

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    6 . វិធីកម្ចាត់កំណកខ្លាញ់នៅក្នុងបំពង់លូអាងលាងចាន ដែលបើសិនជាទុកចោលយូរ វាអាចនឹងធ្វើឱ្យបំពង់លូនោះណែនស្ទះបាន ចំណែកវិធីសម្អាតនោះគឺ យកអំបឹល 2 – 3 ស្លាបព្រាដាក់ចូលទៅ បន្ទាប់មកយកម្សៅប៊ែកគីងសូដាមកដាក់ស្ងោជាមួយទឹកឱ្យពុះ ហើយចាក់ចូលទៅបំពង់លូដែលចង់សម្អាតនោះ កំណកខ្លាញ់ដែលណែនស្ទះនោះនឹងរបូតចេញអស់បាត់មិនខាន។

    7 . វិធីកម្ចាត់ពពួកសត្វស្រមោច និងសត្វល្អិតតោងឡើងធុងសម្រាម យើងអាចធ្វើបានដោយងាយ ដោយគ្រាន់តែបន្តក់ទឹកអាម៉ូនីញ៉ាក់នៅក្បែរធុងសម្រាម​បន្តិច ក្លិនរបស់អាម៉ូនីញ៉ាក់នឹងធ្វើឱ្យស្រមោច និងសត្វល្អិតទាំងឡាយលែងហ៊ានមកជិតធុងសម្រាមទៀតហើយ។

    8 . ការថែរក្សាឧបករណ៍ធ្វើចំការ ដូចជាកន្រ្តៃកាត់ស្មៅ ចបកាប់ ចបជីក ជាដើម មិនឱ្យច្រែះចាប់រហូតធ្លុះធ្លាយបាននោះ អាចធ្វើបានយ៉ាងងាយ ដោយគ្រាន់តែយកប្រេងវ៉ាស្ល៊ីនមកលាបលើលោហៈគ្រប់ពេលដែលប្រើប្រាស់វារួចជាការស្រេច។

    9 . ការប្រើប្រាស់ចង្រ្កានហ្កាស់បែបសន្សំសំចៃ អាចធ្វើបានដោយការមួលសេរេឱ្យអណ្តាតភ្លើងឡើងពណ៌ខៀវជានិច្ច និងមិនគួរបើកភ្លើងហ្កាស់ឱ្យខ្ពស់លិចគូថឆ្នាំងឡើយ ព្រោះនឹងធ្វើឱ្យឆ្នាំងក្រក្តៅ គួរមួលសេរេឱ្យល្មមនឹងគូទឆ្នាំង ទើបជាការសន្សំសំចៃហ្កាស់។

    10 . វិធីបំបាត់ក្លិនស្អុយរបស់ធុងសម្រាម មិនថាតែធុងសម្រាមមុខផ្ទះ ឬក្នុងផ្ទះនោះទេ បងៗស្រ្តីមេផ្ទះអាចធ្វើបានដោយការដាក់សំបកផ្លែក្រូចឆ្មារ ឬសំបកផ្លែក្រូចឃ្វិច ក្រូចពោធិ៍សត្វ ឬក្រូចថ្ុងក៏បាន ចូលទៅក្នុងធុងសម្រាមនោះ ក្លិនសំបកក្រូចទាំងនោះនឹងធ្វើឱ្យក្លិនស្អុយថយចុះ។

    (នៅមានត)

  • កូនមិនព្រមគេងថ្ងៃ ធ្វើយ៉ាងណាស្រួលទៅ?

    កូនមិនព្រមគេងថ្ងៃ ធ្វើយ៉ាងណាស្រួលទៅ?

    បញ្ហាកូនមិនព្រមគេងថ្ងៃអាចប្រទះឃើញទាំងនៅលើក្មេងតូច និងក្មេងក្នុងវ័យរៀន ការគេងគឺជារឿងសំខាន់សម្រាប់កុមារ ព្រោះការគេងលក់ស្រួលពេញលេញជួយបង្កើនវិវឌ្ឍនាការផ្នែកផ្សេងៗរបស់រាងកាយ និងវិវឌ្ឍនាការផ្នែកខួរក្បាល។ ក្មេងក្នុងវ័យ​នីមួយៗមានរយៈពេលគេង និងអំឡុងពេលគេងខុសប្លែកពីគ្នា ឥលូវសូមអ្នកម្តាយនាំគ្នាមកមើលថា តើការគេងលក់ក្នុងវ័យនីមួយៗរបស់កូនយ៉ាងណាខ្លះ? ដូចតទៅ។

    អាថ៌កំបាំងនៃការគេងរបស់ក្មេងដែលមនុស្សធំគួរដឹង

    ជាទូទៅយើងនឹងឃើញថា ទារកទើបនឹងកើតនេះគេងលក់ស្ទើរតែគ្រប់ពេលវេលា តែជឿទេថា ដែលយើងឃើញថា ទារកកំពុងគេងលក់នោះ ការពិតទៅ កូនតូចមិនបានគេងលក់ពេញលេញមែនទែននោះទេ ព្រោះមិនថាពេលគេងលក់ ឬពេល​​ភ្ញាក់​​នោះទេ ខួរក្បាលតូចៗរបស់ទារកបែរជាស្វាហាប់ក្លៀវក្លាគ្រប់ពេលវេលា ដោយអ្នកស្រាវជ្រាវ និងអ្នកជំនាញការបានណែនាំលោកឪពុកអ្នកម្តាយថ្មោងថ្មីថា មិនចាំបាច់ធ្វើឱ្យបន្ទប់គេងស្ងប់ស្ងាត់ជ្រុលពេកទេ អាចបើកបទភ្លេងកំដរស្រាលៗ បើកភ្លើងភ្លឺព្រាលៗ ឬមានសំឡេងជជែកគ្នារវាងឪពុកម្តាយស្ងាត់ៗ វានឹងហុចផលល្អ ព្រោះកូនតូចអាចនឹងកំពុងផ្អៀងត្រចៀកចាំស្តាប់សំឡរងរបស់លោកអ្នកក៏អាចថាបានដែរ រឹតតែសំឡេងរបស់លោកឪពុកអ្នកម្តាយផងនោះ រឹតតែធ្វើឱ្យគេមានអារម្មណ៍កក់ក្តៅក្នុងចិត្តខ្លាំងឡើងទៀតផង។

    បន្ទាប់មកលោកឪពុកអ្នកម្តាយគួរយល់ដឹងអំពីរយៈពេលដែលក្មេងត្រូវការគេងសម្រាកក្នុងអំឡុងវ័យរបស់គេ អ្នកជំនាញការខាងពេទ្យកុមារ បានអធិប្បាយអំពីអំឡុងពេលនៃការគេងសម្រាករបស់កុមារដូចតទៅ ៈ

    កុមារវ័យ 1 – 2 ឆ្នាំ ៈ នឹងគេងក្នុងមួយថ្ងៃប្រមាណជា 12 ម៉ោង ដោយគេងនៅពេលថ្ងៃប្រមាណជា 1 ម៉ោង។

    កុមារវ័យមត្តេយ្យ 3 – 5 ឆ្នាំ ៈ នឹងគេងប្រមាណជា 8 – 12 ម៉ោង ឯការគេងលក់នៅពេលថ្ងៃវិញ អាស្រ័យលើកុមារម្នាក់ៗ និងកិច្ចការងារដែលបានធ្វើក្នុងមួយថ្ងៃៗថា តើវាសាងនូវភាពនឿយហត់ អស់កម្លាំងខ្លាំងប៉ុនណា?។

    កុមារវ័យ 5 – 6 ឆ្នាំ ៈ កុមារក្នុងវ័យនេះមានចំនួនច្រើនណាស់ដែលមិនព្រមគេងថ្ងៃ ដូច្នេះមិនចាំបាច់កង្វល់ទេ បើនៅពេលយប់ក្មេងបានគេងលក់គ្រប់គ្រាន់ តែកិច្ចការងារនៅពេលរសៀលគួរតែជាកិច្ចការងារស្រាលៗ ដើម្បីឱ្យកុមារមានអារម្មណ៍ធូរស្រាល។

    ពាក្យណែនាំសម្រាប់លោកឪពុកអ្នកម្តាយ ៈ ដំបូងគេ គឺមិនគួរឱ្យកូនចូលគេងយប់ជ្រៅទេ គួរបង្ហាត់ឱ្យភ្ញាក់ពីព្រឹករហូតក្លាយជារឿងប្រក្រតី សម្រាប់ថ្ងៃឈប់សម្រាកដែលមិនបានទៅរៀន គួរនាំកូនតូចធ្វើកិច្ចការងារផ្សេងៗ ឬនាំហាត់ប្រាណនៅពេលព្រឹក ឬពេលថ្ងៃៗបន្តិច ដើម្បីឱ្យក្មេងបានប្រើប្រាស់កម្លាំងថាមពល លុះដល់ពេលរសៀលកូននឹងបានងងុយ និងគេងលក់បានស្រួលហ្នឹងឯង៕

  • សុខភាពល្អ 100 % ផ្លូវចិត្តស្រស់ស្រាយ រាងកាយរឹងមាំ

    សុខភាពល្អ 100 % ផ្លូវចិត្តស្រស់ស្រាយ រាងកាយរឹងមាំ

    ប្រហែលមិនមែនជារឿងរបស់សំណាងល្អនោះទេ តែជារឿងរបស់ការមើលថែទាំយកចិត្តទុកដាក់របស់បុគ្គលម្នាក់ៗទៅវិញទេ ព្រោះការមានសុខភាពល្អ យើងត្រូវតែមើលថែទាំ ទើបវានៅជាមួយយើងបានយូរ។ សុខភាពនឹងល្អបានត្រូវប្រកបដោយ 2 បច្ច័យសំខាន់ៗគឺ “បច្ច័យសួនបុគ្គល” និង “បច្ច័យបរិស្ថានជុំវិញខ្លួន”។

    បច្ច័យសួនបុគ្គល

    មានដូចជា ពូជអម្បូរ ភេទ អាយុ និងវិធីការរស់នៅ។ យើងនឹងមើលឃើញថា ពូជអម្បូរគឺជាអ្វីដែលយើងមិនអាចជ្រើសរើសបានទេ ព្រោះបុព្វបុរសឱ្យជាប់ខ្លួនមកតាំងពីកំណើត ភេទ និងអាយុត្រូវដំណើរការទៅតាមធម្មជាតិ ឯ “វិធីការរស់នៅ” គឺជារឿងដែលមានឥទ្ធិពលចំពោះ ពូជអម្បូរ ភេទ អាយុ និងភាពឥតខ្ចោះរបស់សុខភាពខ្លាំងបំផុត ព្រោះថា បើមានវិធីការរស់នៅល្អ ក៏អាចជួយពន្យាររោគភ័យពីពូជអម្បូរ ពន្យារភាពទ្រុឌទ្រោមតាមវ័យបានដែរ និងដែលសំខាន់នោះគឺ យើងអាចកំណត់រូបបែបការរស់នៅបានផ្លាស់ប្តូរបាន និងគ្រប់គ្រងបានដោយខ្លួនឯង។

    បច្ច័យបរិស្ថានជុំវិញខ្លួន

    មិនថាតែធាតុអាកាស ទឹក ប្រព័ន្ធសុខាភិបាល បរិស្ថានខាងសរីរៈ បរិស្ថានខាងសង្គម នោះឡើយ សុទ្ធតែហុចផលដល់សុខភាពរបស់យើងដូចៗគ្នា និងក៏មានទាំងចំណែកដែលយើងអាចគ្រប់គ្រងបាន និងមិនអាចគ្រប់គ្រងបាន។

    មនុស្សយើងនឹងមានសុខភាពល្អបាន ត្រូវមានតុល្យភាពក្នុងអង្គប្រកបផ្សេងៗរបស់ជីវិត

    មិនថាតែរឿងការជ្រើសរើសអាហារការហូបចុក ការហាត់ប្រាណ ការគេងសម្រាក សម្ព័ន្ធភាពក្នុងសង្គម រហូតដល់វិធីការគិតដែលមានផលដល់សុខភាពផ្លូវចិត្តនោះឡើយ ដូច្នេះយើងមើលឃើញថា រឿងទាំងអស់នេះគឺជា “វិធីការរស់នៅ” ដែលមានតួនាទីចំពោះសុខភាពទាំងរាងកាយ និងផ្លូវចិត្តដែលយើងអាចគ្រប់គ្រងបានស្ទើរតែទាំងអស់ ឧទាហរណ៍ដូចជា ឧស្សាហ៍ហាត់ប្រាណជាប់ជាប្រចាំក្នុងមួយអាទិត្យ 3 – 5 ដង គេងលក់ឱ្យគ្រប់គ្រាន់រាល់ថ្ងៃ ការចាត់ការសភាពបរិស្ថានជុំវិញខ្លួន (ដែលអាចគ្រប់គ្រងបាន) ឱ្យល្អ កែសម្រួលទស្សនៈ និងវិធីគិតបែបវិជ្ជមាន បង្កើនផ្លូវចិត្តផ្នែកល្អ រួមទាំងកាត់បន្ថយភាពធុញថប់តានតឹងដោយវិធីផ្សេងៗទៀតផង ទាំងអស់នេះយើងអាចផ្លាស់ប្តូរ និងកែប្រែដើម្បីឱ្យមានគុណភាពជីវិតល្អឡើងបាន។ បើកែសម្រួលវិធីការរស់នៅក្នុងផ្នែកផ្សេងៗបានល្អហើយ តែមិនយកចិត្តទុកដាក់រឿងអាហារការហូបចុក និងនៅតែញ៉ាំតាមចិត្តចង់នោះ ក៏មិនមែនជារឿងល្អដែរ ព្រោះការមានសុខភាពដែលល្អត្រូវរួមទាំងការមានភោជនាហារដែលមានតុល្យការផងដែរ។

    អាហារការហូបចុកនឹងជួយ “ថែរក្សា បង្កើន ការពារសុខភាពរបស់យើងឱ្យមានភាពរឹងប៉ឹងពេញ 100 %

    រក្សា សុខភាពមូលដ្ឋានឱ្យស្ថិតនៅក្នុងកម្រឹតមាត្រដ្ឋាន ដើម្បីប្រព័ន្ធផ្សេងៗរបស់រាងកាយអាចធ្វើការងារបានយ៉ាងមានប្រសិទ្ធភាព។

    បង្កើន ដើម្បីឱ្យមានភាពរឹងមាំខ្លាំងឡើង និងពន្យារភាពចុះខ្សោយឱ្យថយចុះ។

    ការពារ ដើម្បីមិនឱ្យកើតរោគាព្យាធិផ្សេងៗមកបៀតបៀន។

    ទាំងអស់នេះ ការនឹង “រក្សា បង្កើន កាពារសុខភាពរបស់យើង” ឱ្យល្អរហូតទៅបាននោះ ត្រូវតែបានទទួលសារធាតុអាហារ ខាងភោជនាហារយ៉ាងគ្រប់គ្រាន់។ សារធាតុអាហារដែលរាងកាយត្រូវការក្នុងមួយថ្ងៃៗមាន 5 ប្រភេទក្រុម គឺ ប្រូតេអ៊ីន ខ្លាញ់ ខាបូហាយដ្រេត វីតាមីន និងសារធាតុរ៉ែ ព្រមទាំងទឹកផងដែរ៕