Author: ធឿន មករា

  • Ronaldo ប្រកាសរៀបការជាមួយមិត្តស្រី ក្រោយទាក់ទងគ្នាបានជិត 4ឆ្នាំ

    Ronaldo ប្រកាសរៀបការជាមួយមិត្តស្រី ក្រោយទាក់ទងគ្នាបានជិត 4ឆ្នាំ

    កីឡាករ​ខ្សែប្រយុទ្ធ​ដ៏​ល្បីឈ្មោះ Christiano Ronaldo របស់​ក្លិប Juventus បាន​ស្គាល់គ្នា​ជាមួយនឹង​នាង Georgina Rodriguez កាលពី​ចុងឆ្នាំ2016 នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ខណៈដែល​នាង គឺជា​អ្នកបម្រើ​នៅក្នុង​ហាង​មួយ តែមាន​រូបរាង​សិច​ស៊ី​គួរឱ្យ​ក្នាញ់។

    សព្វថ្ងៃនេះ​កីឡាករ​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ Christiano Ronaldo កំពុងតែ​រួមរស់​ជាមួយនឹង​មិត្តស្រី​របស់ខ្លួន គឺ​នាង Georgina Rodriguez យ៉ាង​សុខសាន្ត​នៅក្នុង​ទីក្រុង មី​ឡាន នៃ​ប្រទេស​អ៊ីតាលី ខណៈដែល​សព្វថ្ងៃ​ខ្លួន​កំពុង​ប្រកប​អាជីព​នៅ​ក្លិប Juventus។

    កីឡាករ​លេង​ឱ្យ​ក្លិប Juventus ខាងលើ បាន​ហៅ Georgina ថា​ជា​ស្រី​ស្អាត​ជាងគេ​នៅលើ​លោក​នេះ និង​ចាត់ទុក​ការ​បាន​រួមរស់​ជាមួយ​នាង គឺជា​រឿង​ដ៏​អស្ចារ្យ​មួយ ជាង​ការរកបាន​គ្រាប់​បាល់​ល្អ​បំផុត​ក្នុង​អាជីព​បាល់ទាត់​ទៅទៀត។ ខណៈដែល​ថ្ងៃ​អនាគត Ronaldo ចង់​មានបំណង​សម្រេច​តាម​ចាស់ទុំ រៀបការ​ជាមួយ Georgina ផងដែរ ព្រោះ​នាង​ជា​អនាគត​កូនប្រសា​ដែល​ម្ដាយ​អតីត​កីឡាករ Real Madrid រូបនេះ ពេញចិត្ត​យ៉ាងខ្លាំង៕

  • វគ្គផ្តាច់ព្រ័ត្រពានសម្តេចហ៊ុន សែន ដែលក្រុមព្រៃវែង ត្រូវប៉ះនឹងក្រុមត្បូងឃ្មុំ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ

    វគ្គផ្តាច់ព្រ័ត្រពានសម្តេចហ៊ុន សែន ដែលក្រុមព្រៃវែង ត្រូវប៉ះនឹងក្រុមត្បូងឃ្មុំ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ

    ការប្រកួត​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថ្នាក់​ខេត្ត2020 បានបញ្ចប់​ការប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ ដោយ​ក្រុម​ព្រៃវែង​បាន​បំបាក់​ក្រុម​ខេត្តសៀមរាប​ដោយ​លទ្ធផល 9ទល់នឹង0 ហើយ​ត្បូងឃ្មុំ​មក​យកឈ្នះ​ខេត្ត​កែប ដោយ​លទ្ធផល 5ទល់នឹង2 ដូច្នេះ​គេ​បាន​រកឃើញ​ក្រុម​ដណ្តើម​ជើងឯក​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ គឺ​ក្រុម​ខេត្ត​ត្បូងឃ្មុំ និង​ក្រុម​ខេត្តព្រៃវែង​ហ្នឹងឯង។

    គួរ​បញ្ជាក់ដែរថា ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថ្នាក់​ខេត្ត វគ្គ​ផ្ដាច់ព្រ័ត្រ រដូវ​កាល2020 នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ពុធ ទី29 ខែកក្កដា នា​ពហុ​កីឡដ្ឋាន​ជាតិ។ សម្រាប់​ដំណើរការ​នៃ​ការប្រកួត គឺ​គូ​ដណ្ដើមយក​ចំណាត់ថ្នាក់​លេខ3 នឹង​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង 3រសៀល និង​គូ​ផ្ដាច់ព្រ័ត្រ នឹង​ធ្វើឡើង​នៅវេលា​ម៉ោង៦ល្ងាច៕

  • ចង់ធ្វើជាអ្នកម្តាយគេ ត្រូវតែត្រៀមខ្លួនឱ្យរួចជាស្រេច

    ចង់ធ្វើជាអ្នកម្តាយគេ ត្រូវតែត្រៀមខ្លួនឱ្យរួចជាស្រេច

    នៅពេលដល់ថ្ងៃដែលព្រមក្នុងការធ្វើជាអ្នកម្តាយគេហើយនោះ មានច្រើនរឿងណាស់ដែលស្រ្តីយើងត្រូវត្រៀមខ្លួន និងត្រូវជឿជាក់ក្នុងចិត្តយ៉ាងពេញ 100 ភាគរយ ដើម្បី 40 សប្តាហ៍ដែលកូនតូចនៅក្នុងគភ៌នោះក្លាយជាអំឡុងពេលគុណភាពបំផុតរបស់ទារក អនាគតអ្នកម្តាយជាច្រើននាក់អាចនឹងធ្វើអ្វីមិនត្រូវ ឬមិនដឹងថាត្រូវចាប់ផ្តើមពីត្រង់ណាល្អនោះឡើយ តែសូមកុំបារម្ភអី ចំពោះរឿងនេះគ្រូពេទ្យមានដំបូន្មានល្អៗមកជម្រាបជូន ដូចជា នៅពេលមានគភ៌ តើអ្នកម្តាយគួរមើលថែទាំរឿងភោជនាហារយ៉ាងណា និងមុនមានគភ៌ត្រូវត្រៀមខ្លួនឱ្យរួចជាស្រេចយ៉ាងណាខ្លះ?។

    ពិនិត្យរាងកាយមើលភាពត្រៀមខ្លួនជាស្រេច ៈ មុនតាំងគភ៌ ទាំងស្វាមី និងភរិយាគួរតែទៅពិនិត្យរាងកាយជាមុន គ្រូពេទ្យនឹងសាកសួរពីប្រវត្តិដើម្បីវាយតម្លៃភាពប្រថុយប្រថានទាំងស្វាមី និងភរិយា និងប្រវត្តិខាងពូជអម្បូ រួមទាំងការពិនិត្យឈាម និងពិនិត្យរាងកាយ ឬភាពខុសប្រក្រតីក្នុងខ្លួនស្វាមី និងភរិយាដើម្បីរៀបផែនការក្នុងការមានបុត្រ និងត្រៀមចាំទប់ទល់ ឬកែខៃភាពប្រថុយប្រថានដែលអាចនឹងកើតឡើងក្នុងពេលមានគភ៌ និងកើតមានចំពោះកូន។

    ហាត់ប្រាណបង្កើនភាពរឹងប៉ឹង ៈ បើចង់ឱ្យការតាំងគភ៌រហូតពេញមួយរយៈពេល 40 សប្តាហ៍នោះស្រួលរៀបរយ និងរលូនល្អនោះ ស្រ្តីមានគភ៌ចាំបាច់ត្រូវមានរាងកាយដែលរឹងប៉ឹងល្អដោយការហាត់ប្រាណជាប់ជានិច្ច ដើម្បីឱ្យសរីរៈរបស់ស្រ្តីមានគភ៌មានភាពត្រៀមជាស្រេច និងចាំទប់ទល់ជាមួយភាពឈឹចាប់ផ្សេងៗបានល្អឡើង ជាពិសេសបំផុតការគ្រប់គ្រងភាពរឹងមាំរបស់សាច់ដុំ និងសន្លាក់ផ្សេងៗដែលនឹងជួយដល់បញ្ហាការឈឺខ្នង ឈឺក្បាលជង្គង់ ឬការឈរមិនបានស្រួលខណៈពេលមានគភ៌ហ្នឹងឯង។

    ជ្រើសរើសទទួលទានអាហារឱ្យត្រូវតាមគោលភោជនាហារ ៈ ការទទួលទានអាហារក្នុងអំឡុងពេលតាំងគភ៌អាចទទួលទានបានតាមប្រក្រតី គ្រាន់តែគួរតមអាហារក្នុងក្រុមដែលប្រថុយប្រថានមួយចំនួន ព្រោះអាហារក្នុងក្រុមនេះអាចមានគ្រោះថ្នាក់ចំពោះទារកនៅក្នុងគភ៌បាន ដូចជា អាហារ និងភេសជ្ជៈដែលមានជាតិអាល់កុល អាហារត្រាំជ្រក់ អាហារស្ទើរឆៅស្ទើរឆ្អិន និងគួរទទួលអាហារឱ្យគ្រប់ 5 ប្រភេទក្រុម និងសម្បូរបែបច្រើនយ៉ាង និងមិនគួរទទួលទានអាហារតែមួយប្រភេទច្រើនជ្រុលពេកទេ។

    វីតាមីនដែលចាំបាច់ចំពោះរាងកាយ ៈ រាងកាយគួរបានទទួលសារធាតុអាហារយ៉ាងគ្រប់គ្រាន់ រឹតតែក្នុងអំឡុងរយៈពេលមានគភ៌ផងនោះ សារធាតុអាហារផ្សេងៗរឹតតែជារឿងចាំបាច់ទៅទៀត។ វីតាមីន និងសារធាតុរ៉ែគួរបានទទួលក្នុងបរិមាណដែលសមរម្យ និងគ្រប់គ្រាន់ ដោយសារធាតុអាហារចម្បងដែលមានភាពសំខាន់ចំពោះស្រ្តីមានគភ៌ និងកូនក្នុងផ្ទៃនោះគឺ ហ្វូលេត អ៊ីយ៉ូដ DHA សារធាតុដែក វីតាមីន B1 B2 B3 B6 E និង C សារធាតុស័ង្កសី កាល់ស្យូម។

    ក្រៅពីការត្រៀមរាងកាយឱ្យរួចជាស្រេចហើយ សភាវផ្លូវចិត្ត និងអារម្មណ័ក៏សំខាន់មិនតិចជាងគ្នាប៉ុន្មានឡើយ។ អ្នកម្តាយត្រូវធ្វើចិត្តឱ្យធូរស្រាល មិនធុញថប់តានតឹង មានអារម្មណ៍រីករាយជានិច្ច ដើម្បីកូនតូចដែលនឹងប្រសូតចេញមកល្អឥតខ្ចោះគ្រប់ផ្នែកទាំងរាងកាយ និងចិត្តគំនិត៕

  • វ័យធ្វើការ…វ័យដែលត្រូវយកចិត្តទុកដាក់រឿងសុខភាពមាត់ធ្មេញ

    វ័យធ្វើការ…វ័យដែលត្រូវយកចិត្តទុកដាក់រឿងសុខភាពមាត់ធ្មេញ

    មនុស្សក្នុងវ័យធ្វើការដូចជាយើងៗទាំងអស់គ្នាក៏មានវិធីមើលថែទាំសុខភាពប្រអប់មាត់ និងធ្មេញផ្សេងៗពីគ្នាដែរ ថ្ងៃនេះយើងមានពាក្យណែនាំមកជម្រាបជូន ព្រោះកូនសោរសំខាន់ឆ្ពោះទៅរកការមានស្នាមញញឹមដែលស្រស់ស្រាយ និងរឹងមាំពេញមួយអំឡុងអាយុនៃភាពជាមនុស្សធំនោះគឺ ការរក្សាសុខអនាម័យរបស់មាត់ និងធ្មេញយ៉ាងស័ក្តិសម។ ទោះជាមនុស្សធំក៏អាចកើតជំងឺពុកធ្មេញ និងរោគអញ្ចាញបានដែរ ដែលវានឹងនាំឆ្ពោះទៅរកបញ្ហាដែលធ្ងន់ធ្ងរទៅៗពេញមួយអំឡុងអាយុរបស់យើង។

    ក្នុងឋានៈជាមនុស្សធំ តើយើងនឹងមើលថែទាំធ្មេញឱ្យល្អបំផុតយ៉ាងណា?

    . ដុសសម្អាតធ្មេញក្នុងមួយថ្ងៃយ៉ាងតិច 2 ដង ដោយថ្នាំដុសធ្មេញដែលមានផ្សំផ្លួអ័ររ៉ាយដើម្បីកម្ចាត់កំណកមេរោគបាក់តេរី ឬបន្ទះកខ្វក់ដែលតោងស្រោបជាប់នៅលើធ្មេញដែលនឹងធ្វើឱ្យធ្មេញពុក។

    . ប្រើអំបោះខាត់ធ្មេញរាល់ថ្ងៃដើម្បីកម្ចាត់កំណកមេរោគបាក់តេរីក្នុងចន្លោះធ្មេញ និងប្រឡោះអញ្ចាញ ព្រោះនៅពេលណាដែលវាក្នាយជាកំណកកំបោរហើយនោះ មានតែទន្តពេទ្យប៉ុណ្ណោះដែលអាចយកវាចេញបាន។

    . កំណត់ការទទួលទានអាហារប្រភេទម្សៅ និងស្ករ ជាពិសេសអាហារដែលមានភាពស្វិតជាប់ ព្រោះរឹតតែទទួលទានញឹកញាប់ប៉ុនណា រឹតតែធ្វើឱ្យមានឱកាសដែលជាតិអាស៊ីតនៅក្នុងកំណកបាក់តេរីចូលទៅបំផ្លាញធ្មេញប៉ុននោះដែរ។

    . ទៅជួបពេទ្យទន្តពេទ្យជាប្រចាំដើម្បីធ្វើការត្រួតពិនិត្យ និងសម្អាតប្រអប់មាត់។

    គ្រប់ពេលដែលលោកអ្នកទទួលទានអាហារ និងភេសជ្ជៈដែលមានម្សៅ និងស្ករ មេរោគបាក់តេរីនឹងធ្វើឱ្យកើតអាស៊ីតដែលអាចបំផ្លាញធ្មេញបានក្នុងរយៈពេល 20 នាទី ឬយូរជាងនោះទៅទៀត ដូច្នេះដើម្បីកាត់បន្ថយភាពខូចខាតចំពោះស្រទាប់ធ្មេញ គួរតែកំណត់ភាពញឹកញាប់ក្នុងការទទួលទានអាហារពេលទំនេរ និងគួរជ្រើសរើសទទួលទានអាហារពេលទំនេរណាដែលមានប្រយោជន៍ ដូចជា ប៊័ររឹង បន្លែស្រស់ យ៉ាអួ និងផ្លែឈើស្រស់ជាដើម៕

    ការរៀបផែនការមើលថែទាំសុខភាពខ្លួនឯង និងសមាជិកគ្រួសារ

    ការរៀបចំផែនការមើលថែទាំសុខភាពខ្លួនឯង និងសមាជិកគ្រួសារគឺជារឿងដែលមានគុណតម្លៃជាទីបំផុត ព្រោះក្រៅពីជារឿងដែលជួយជំរុញឱ្យយើងខ្លួនឯង និងសមាជិកក្នុងគ្រួសារកើតភាពក្លៀវក្លាស្វាហាប់ក្នុងការមើលថែទាំសុខភាពហើយនោះ វាថែមទាំងជារឿងដែលជួយឱ្យកើតមានសម្ព័ន្ធភាពដ៏ល្អរវាងសមាជិកគ្រប់គ្នាក្នុងក្រុមគ្រួសារ កើតសេចក្តីស្រឡាញ់ក្នុងក្រុមគ្រួសារ ដែលនឹងជួយដោះស្រាយបញ្ហាផ្សេងៗបានយ៉ាងល្អ និងនាំឆ្ពោះទៅរកការមានគុណភាពជីវិតដែលល្អនាពេលអនាគតបាន។

    គុណតម្លៃរបស់ការរៀបផែនការមើលថែទាំសុខភាពរបស់សមាជិកក្នុងគ្រួសារ

    ពាក្យថា “សុខភាពល្អ” នៅលើមនុស្សម្នាក់នោះអាចនឹងខុសប្លែកពីគ្នាតាមតែសភាវសង្គម ឬរូបបែបរបស់ជីវិតដែលខុសប្លែកពីគ្នា តែជារួមទៅសុខភាពល្អយ៉ាងហោចណាស់ក៏ត្រូវតែមានន័យពី ភាពឥតខ្ចោះរបស់ទាំងរាងកាយ និងផ្លូវចិត្ត ដោយរឿងដែលកើតឡើងនេះនឹងកើតបានដោយសារការមើលថែទាំយកចិត្តទុកដាក់លើប្រព័ន្ធផ្សេងៗដែលសំខាន់របស់រាងកាយ។

    ការដែលនឹងមានសុខភាពល្អបាននោះ មិនថាតែជាសុខភាពរបស់ខ្លួនឯង ឬសមាជិកក្នុងគ្រួសារនោះឡើយ មិនមែនជារឿងដែលកើតឡើងបានដោយក្តីចៃដន្យនោះទេ តែចាំបាច់ត្រូវមានការរៀបផែនការក្នុងការមើលថែទាំសុខភាពជាមុនដែលនឹងជួយឱ្យកើតផលល្អដូចតទៅនេះ ៖

    – អាចនឹងកំណត់វិធីការ ឬជ្រើសរើសរូបបែបដែលស័ក្តិសមជាមួយការដំណើរការជីវិតរបស់យើងខ្លួនឯង ឬសមាជិកក្នុងក្រុមគ្រួសារបានយ៉ាងស័ក្តិសម។

    – អាចនឹងកំណត់អំឡុងពេលក្នុងការមើលថែទាំសុខភាពបានយ៉ាងស័ក្តិសម អាចនឹងមានកិច្ចការងារហាត់ប្រាណនៅពេលព្រឹក ឬចំពោះគ្រួសារខ្លះអាចនឹងមានពេលទំនេរនៅពេលល្ងាច ក៏អាចនឹងកំណត់កិច្ចការងារបង្កើនសុខភាពនៅពេលល្ងាចក៏បាន ឬអាចនឹងកំណត់អំឡុងពេលក្នុងការពិនិត្យសុខភាពរបស់សមាជិកក្នុងគ្រួសារប្រចាំឆ្នាំបានយ៉ាងស័ក្តិសម។

    – ជាការប្រុងប្រយ័ត្នសុខភាពទាំងរបស់ខ្លួនឯង និងសមាជិកគ្រួសារ មិនឱ្យឈឺថ្កាត់ដោយជំងឺផ្សេងៗ ជាការសាងសុខភាព ដែលនឹងល្អជាងត្រូវមកជួសជុលសុខភាព ឬព្យាបាលនៅពេលក្រោយ។

    – ជួយក្នុងការរៀបផែនការរឿងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងគ្រួសារបានយ៉ាងល្អប្រសើរ ដោយសារតែមិនចាំបាច់ត្រូវចាយវាយប្រាក់ទៅលើការព្យាបាលខ្លួន។

    – ធ្វើឱ្យគុណភាពជីវិតទាំងរបស់ខ្លួនឯង និងសមាជិកក្នុងក្រុមគ្រួសារល្អប្រសើរឡើង។

    គោលការណ៍ក្នុងការរៀបផែនការថែទាំសុខភាពរបស់សមាជិកក្នុងក្រុមគ្រួសារ

    – ពិនិត្យមើលរូបបែបការរស់នៅរបស់សមាជិកក្នុងក្រុមគ្រួសារថា តើយ៉ាងណាដែរ? ដោយសារតែការមើលថែទាំសុខភាពរបស់សមាជិកគ្រួសារនេះ មិនមែនជាការធ្វើឡើងដោយសមាជិកណាម្នាក់តែម្នាក់នឹងទទួលបានជោគជ័យនោះទេ ប៉ុន្តែត្រូវអាស្រ័យលើការសហការរួមដៃពីសមាជិកគ្រួសារទាំងអស់ជាសំខាន់។

    – តាមរយៈព័ត៌មានដែលទទួលបាន នាំមកកំណត់ជាផែនការក្នុងការមើលថែទាំសុខភាពរបស់សមាជិកក្នុងគ្រួសារ ដែលអាចធ្វើឡើងចំពោះសមាជិកណាម្នាក់ ឬអាចនឹងធ្វើឡើងជារួមទាំងអស់។

    – នៅពេលកំណត់ផែនការក្នុងការមើលថែទាំសុខភាពរបស់សមាជិកគ្រួសារបានហើយ ត្រូវដំណើរការទៅតាមនោះ និងវាយតម្លៃជាដំណាក់ៗថា តើសមាជិកទាំងអស់ក្នុងគ្រួសារអាចប្រតិបត្តិការតាមផែនការនោះបានដែរឬទេ ឬក៏យ៉ាងណា?៕

  • សេចក្តីប្រកាសព័ត៌មាន៖ អាជីវកម្មខ្នាតតូចនៅកម្ពុជា នៅតែមានសុទិដ្ឋិនិយមលើអនាគតរបស់ខ្លួន ទោះបីជាមានវត្តមានជំងឺកូវីដ-19 ក្ដី

    សេចក្តីប្រកាសព័ត៌មាន៖ អាជីវកម្មខ្នាតតូចនៅកម្ពុជា នៅតែមានសុទិដ្ឋិនិយមលើអនាគតរបស់ខ្លួន ទោះបីជាមានវត្តមានជំងឺកូវីដ-19 ក្ដី

    ទោះបីជា​អាជីវកម្ម​ខ្នាតតូច និង​មធ្យម ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដែល​កើតចេញពី​ការ​រាតត្បាត​ជាស​កល​នៃ​វីរុស​កូ​វីដ-19ក៏ដោយ ក៏​ម្ចាស់​អាជីវកម្ម​នៅ​កម្ពុជា​ភាគច្រើន​ទាំងនោះ នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​អាជីវកម្ម​របស់​ពួកគេ។ នេះ​បើ​យោងតាម​ការរកឃើញរ​បស់​របាយការណ៍​ស្ទង់​មតិ​មួយ ដែល​បានចេញ​ផ្សាយ​នាពេលថ្មីៗនេះ។

    52ភាគរយ នៃ​ម្ចាស់​អាជីវកម្ម​ដែល​បាន​ស្ទង់​មតិ​នៅ​កម្ពុជា​បានឱ្យដឹងថា ថ្វី​ដ្បិត​ពួកគេ​នៅតែ​ប្រឈម​នឹង​បញ្ហា​អាជីវកម្ម ជាពិសេស​បញ្ហា​លំហូរ​សាច់ប្រាក់​វិនិយោគ​ក្ដី  ក៏​ពួកគេ​នៅតែមាន​សុទិដ្ឋិនិយម ចំពោះ​អាជីវកម្ម​របស់​ពួកគេ​ដែរ។ នេះ​បើ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​មួយ ឈ្មោះថា « ស្ថានភាព​អាជីវកម្ម​ខ្នាតតូច »  ដែលចេញផ្សាយដោយក្រុម​ហ៊ុន Facebook ជា​កិច្ចសហប្រតិបត្តិការ​ដែល​កំពុង​ធ្វើឡើង​ជាមួយ​អង្គ​ការដើ​ម្បី​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ហៅ​កាត់​ថា OECD  និង​ធនាគារពិភពលោក។

    របាយការណ៍​ស្រាវជ្រាវ​ដដែល បានធ្វើ​ការស្ទង់មតិ​ជាមួយ​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម នៅក្នុង 50ប្រទេស និង​ក្នុង​តំបន់ រួមទាំង ប្រទេស​កម្ពុជា​ផងដែរ  ដើម្បី​សិក្សា​អំពី​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច និង​កំណែទម្រង់ផ្សេងៗ ដែល​កំពុង​ត្រូវ​បានដាក់​អនុវត្ត ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​កូ​វីដ-19។

    នៅ​កម្ពុជា របាយការណ៍​ស្ទង់​មតិ​នេះ​បាន​ធ្វើឡើង​ក្នុងចំណោម​ម្ចាស់​អាជីវកម្ម និង​និ​យោ​ជិ​ក តាមរយៈ​បណ្តាញ​សង្គម Facebook  នៅ​ចន្លោះ​ពីថ្ងៃ​ទី28 រហូតដល់​ថ្ងៃទី31 ខែឧសភា ឆ្នាំ2020។ យ៉ាងហោចណាស់  មាន​អ្នកស្ម័គ្រចិត្ត​ចំនួន 222នាក់ បាន​ចូលរួម​ក្នុង​ការស្ទង់មតិ​នេះ ដែល​សុទ្ធតែជា​អ្នកគ្រប់គ្រង​គេហទំព័រ​អាជីវកម្ម Facebook យ៉ាងសកម្ម​នៅ​កម្ពុជា ហើយ​ការចូលរួម​ចែករំលែក​មតិយោបល់​នេះ គឺ​មិនមាន​ការផ្ដល់​ប្រាក់កម្រៃ ក្រោមរូបភាព​ណាមួយ​ឡើយ។

    គោលបំណង​នៃ​ការស្រាវជ្រាវ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ការយល់ឃើញ​របស់​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម ជូន​សាធារណជន​បាន​ជ្រាប ក៏ដូចជា​ដើម្បី​វាយតម្លៃ​ឱ្យដឹងថា តើ​ស្ថានភាព​អាជីវកម្ម​របស់​ពួកគេ កំពុង​ប្រែប្រួល​យ៉ាងដូចម្តេចខ្លះ?។

    លោកស្រី Sheryl Sandberg នាយិកា​ផ្នែក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន Facebook បាន​រៀបរាប់​នៅក្នុង​សេចក្តី​ផ្ដើម​នៃ​របាយការណ៍​នេះ​ថា៖ «អាជីវកម្ម​ខ្នាតតូច គឺជា​បេះដូង ជា​ស្នូល​ដ៏​សំខាន់​របស់​សហគមន៍​យើង។ ពួកគេ​ប្រៀបបាន​ដូចជា​ឆ្អឹងខ្នង​នៃ​លំហូរ​សេដ្ឋកិច្ចពិភពលោក​អ៊ីចឹង​ដែរ។ មិន​ថា​អាជីវកម្ម​ជា​លក្ខណៈ​ហាង​កាហ្វេ បណ្ណាគារ​លក់​សៀវភៅ ភោជនីយដ្ឋាន ជាង​ជួសជុល​ប្រព័ន្ធ​ទឹក អ្នករៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ឬ​អ្នក​រចនា​ក្រាហ្វិក​នោះទេ អាជីវកម្ម​ខ្នាតតូច​ទាំងអស់នេះ គឺ​សុទ្ធតែ​រួមចំណែក​បង្កើត​ការងារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​គ្រប់​បណ្ដា​ប្រទេស​ទាំងអស់ ជួយ​កាត់បន្ថយ​ភាពក្រីក្រ និង​វិសមភាព​ប្រាក់ចំណូល។ ប៉ុន្តែ​សព្វថ្ងៃនេះ ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​ដ៏​ធំ​សម្បើម  ដែល​ពួកគេ​មិន​ធ្លាប់បាន​ជួប​ពីមុនមក។ ការ​រាតត្បាត​ជាស​កល​នៃ​វីរុស​កូ​វីដ-19 មិនមែន​គ្រាន់តែ​ជា​គ្រោះអាសន្ន​ផ្នែក​សុខាភិបាល​សាធារណៈ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​ដែល​កំពុង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ផងដែរ»

    របាយការណ៍​ដដែល​នេះ​បានឱ្យដឹងថា 59ភាគរយ​នៃ​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា ដែល​បាន​ស្ទង់​មតិ បាន​និយាយថា ការលក់ដូរ​របស់​ពួកគេ បាន​ធ្លាក់ចុះ​នា​អំឡុងពេល​កូ​វីដ-19  ហើយ​អាជីវកម្ម 39ភាគរយ បាន​កាត់បន្ថយ​បុគ្គលិក។

    ការស្ទង់មតិ​បានបង្ហាញ​ថា វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង ពី​ការ​រឹតត្បិត​លើ​ការរក្សា​អនាម័យ​ពាក់ព័ន្ធ​នឹង​កូ​វីដ-19 និង​ការដែល​ប្រជាជន​ទូទៅ​កាត់បន្ថយ​ចំណាយ​ផ្ទាល់ខ្លួន។ ក្នុងចំណោម​នោះ ស្ទើរ​ពាក់កណ្ដាល​នៃ​អាជីវកម្ម​ក្នុង​វិស័យ​ទាំងអស់នេះ​នៅ​ទូទាំង​ពិភពលោក បាន​បិទទ្វារ។ បើ​ប្រៀបធៀប​ទៅនឹង​អាជីវកម្ម​ដ៏ទៃទៀត អាជីវកម្ម​ខ្នាតតូច​បំផុត ដែលមាន​បុគ្គល​តែ​ម្នាក់ ធ្វើជា​ម្ចាស់​ផង និង​ជា​អ្នកគ្រប់គ្រង​ផង ត្រូវបាន​បិទទ្វារ​ច្រើនជាង ដែល​នេះ​ក៏​បង្ហាញ​ពី​គម្លាត​សមភាព​យេនឌ័រ​យ៉ាងខ្លាំង​ផងដែរ។ នេះ​បើ​យោងតាម​របាយការណ៍​ដ​ដែល។

    នៅ​ទូទាំង​ពិភពលោក បើ​ប្រៀបធៀប​នឹង​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​បុរស អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី បាន​បិទទ្វារ​ច្រើនជាង ហើយ​ក្នុងករណី​របស់​ប្រទេស​កម្ពុជា​វិញ អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី បាន​បិទទ្វារ​ច្រើនជាង​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​បុរស ចំនួន 4ភាគរយ។ ម្យ៉ាងទៀត ភាគច្រើន​នៃ​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី ស្ថិតក្នុង​វិស័យ​ដែល​រង​ផលប៉ះពាល់​ច្រើន​បំផុត ពី​ការ​រឹតត្បិត​លើ​ការរក្សា​គម្លាត​សុវត្ថិភាព​ក៏ដូចជា​អនាម័យ។

    ប៉ុន្តែ​បើទោះបី​ជាមាន​បញ្ហា​ប្រឈម​យ៉ាងណាក៏ដោយ ក៏​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ជាច្រើន​នៅ​កម្ពុជា បាន​ព្យាយាម​បត់បែន​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​របស់​សេដ្ឋកិច្ច និង​សង្គម។ ក្នុងនោះ មាន​អាជីវកម្ម​ជាច្រើន បាន​ងាក​ទៅ​ចាប់យក​ការគ្រប់គ្រង​អាជីវកម្ម​តាម​ប្រព័ន្ធ​ឌីជីថល ដើម្បី​ជួយ​ឱ្យ​អាជីវកម្ម​របស់​ពួកគេ​អាច​បន្ត​ដំណើរការបាន​យូរអង្វែង ត​ទៅមុខទៀត។

    បើ​និយាយ​អំពី​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ដែល​កំពុងបើក​ដំណើរការ​ធម្មតា​តាម Facebook នៅ​កម្ពុជា​វិញ 41ភាគរយ​នៃ​ពួកគេ​បាន​និយាយថា 1ភាគ4 នៃ​ប្រាក់ចំណូល​សរុប​ដែល​គេ​រកបាន​នា​អំឡុងពេល 2-3ខែ​កន្លងទៅនេះ គឺ​បានមកពី​ការលក់ទំនិញ​តាម​អន​ឡាញ។

    លោកស្រី Sheryl Sandberg មានប្រសាសន៍ថា៖ «សហគ្រិន​គឺជា​មនុស្ស​ដែល​ចេះ​អត់ធន់ ហើយ​របាយការណ៍​បាន​បង្ហាញថា សហគ្រិន​នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​របស់​ពួកគេ។ មកដល់​ម៉ោង​នេះ គេ​មិនទាន់​ដឹង​ច្បាស់​ទេ ថា​តើ​គេ​ត្រូវ​ដើរ​ផ្លូវ​ណា ដើម្បី​ក្រោកឈរ​ឡើងវិញ ហើយ​អាជីវកម្ម​ជាច្រើន​ក៏​នឹងត្រូវ​ការ​ជំនួយ​គាំទ្រ​ពី​រដ្ឋាភិបាល ឬ​ស្ថាប័នផ្សេងៗ ដើម្បី​អាច​ក្រោកឈរ​ឡើងវិញ​បាន។ យើង​សង្ឃឹមថា របាយការណ៍​នេះ នឹង​ជួយ​ឆ្លុះ​បង្ហាញ​ឱ្យ​ស្ថាប័ន​ទាំង​នោះបាន​ឃើញថា តើ​ពួកគេ​គួរផ្ដល់​ជំនួយ​គាំទ្រ​ទៅលើ​វិស័យ​ណាខ្លះ ដើម្បីឱ្យ​ការជួយ​នោះ ទទួលបាន​លទ្ធផល​ល្អ​បំផុត។ នេះ​គឺជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​អាជីវកម្ម​ជាច្រើន​នៅ​ពាសពេញ​ពិភពលោក ប៉ុន្តែ​ក្រុមហ៊ុន Facebook ប្តេជ្ញា​ថា នឹងធ្វើ​គ្រប់យ៉ាង​ដែល​អាច​ធ្វើបាន ដើម្បី​ជួយ​ឱ្យ​ពួកគេ​អាច​ឆ្លង​ផុត​ឧបសគ្គ​នេះ»៕

  • សាលារៀនវ៉េស្ទឡាញន៍ សាខាខេត្តបាត់ដំបង ចាប់ផ្តើមដំណើរការដោយអនុវត្តរបៀបជាសាលារៀនឆ្លាតវៃ

    សាលារៀនវ៉េស្ទឡាញន៍ សាខាខេត្តបាត់ដំបង ចាប់ផ្តើមដំណើរការដោយអនុវត្តរបៀបជាសាលារៀនឆ្លាតវៃ

    នៅក្នុង​របត់​នៃបដិ​វដ្ត​ឧស្សាហកម្ម 4.0 នេះ​ពិភពលោក​បាន​ផ្លាស់ប្តូរ​យ៉ាង​លឿន ដែល​ក្នុងនោះ​ប្រព័ន្ធ​អប់រំ ក៏​ទាមទារ​ឱ្យមាន​ការឆ្លើយតប​នឹង​របត់​បច្ចេកវិទ្យា​ផងដែរ ដើម្បី​អាច​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ប្រកបដោយ​សក្តានុពល​សម្រាប់​ទីផ្សារការងារ​នៅ​បច្ចុប្បន្ន និង​អនាគត។

    លោក ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើកឡើងថា នៅ​ឆ្នាំនេះ យើង​បាន​ដំណើរការ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ ថ្មី និង​សំខាន់​មួយ​នៅ​ខេត្តបាត់ដំបង ដោយ​យកចិត្តទុកដាក់​ខ្លាំង​លើ​ការបណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​ឆ្លើយតប​ទៅនឹង​របត់​នៃ​បច្ចេកវិទ្យា 4.0 និង​ការអប់រំ​តាមបែប​សតវត្ស​ទី21។ លោក​ថា សាខា​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ នៅ​ចំការ​សំរោង នៃ​ខេត្តបាត់ដំបង​នេះ នឹង​ក្លាយជា​សាលារៀន​ឆ្លាត​វៃ​ដំបូង​គេ ដោយសារតែ​ទី1 យើង​បាន​បញ្ចូល​នូវ​បច្ចេកវិទ្យា​ក្នុង​ការអប់រំ​ជាច្រើន ដែលជា​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​សិស្ស ក្នុងការ​សិក្សា ការងារ អាជីវកម្ម និង ការរស់នៅ​ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា ទី2 មេរៀន​សិក្សា យើង​បាន​បញ្ចូល​នូវ​ប្រព័ន្ធ​ទំនាក់ទំនង​ជាមួយ​អាណាព្យាបាល វេទិកា​បង្រៀន​អន​ឡាញ និង​ការគាំទ្រ​សិក្សា​ពី​ចម្ងាយ​ដោយ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អប់រំធំៗចំនួន6 ដូចជា Edemy, E-School, Sangapac, Maxbit, VConnect, DTP និង ប្រព័ន្ធ​គ្រប់​គ្រង់​សាលារៀន​ផងដែរ ដែល​មាតាបិតា​សិស្ស និង សិស្ស អាច​ពិនិត្យមើល​វត្តមាន​របស់​សិស្ស ទទួលបាន​នូវ​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតាភ្លាមៗជាមួយនឹង​ទូរស័ព្ទ​ឆ្លាត​វៃ និង អាចធ្វើ​ការបង់ថ្លៃ​សិក្សា​បាន​ដោយ​ពុំ​ចាំបាច់​មក​បញ្ជរ​បង់ប្រាក់​របស់​សាលារៀន។

    លោក ប៉ិច បូ​ឡែ​ន បាន​និយាយថា៖ «នៅក្នុង​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​ថ្មី​នេះ យើង​នឹង​បញ្ចូល​នូវ​ឧបករណ៍​បរិក្ខា​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​សម្រាប់​បង្រៀន​សិស្ស ដូច​ជាមាន​រោងភាពយន្ត​ខ្នាតតូច​ទំនើប​សម្រាប់​បម្រើឱ្យ​គោលបំណង​អប់រំ និង​មាន​ប្រើប្រាស់​បច្ចេកវិទ្យា Interactive Whiteboard, AR និង​បច្ចេកវិទ្យា VR ជាដើម​ដើម្បីឱ្យ​សិ​ស្សាបាន​សិក្សា និង​ប្រើប្រាស់» មិន​ត្រឹមតែ​ប៉ុណ្ណោះ​សាលារៀន​ក៏បាន​រៀបចំ​កន្លែង​សម្រាក​របស់​សិស្ស​បន្ទាប់​ពី​ការសិក្សា ហើយក៏​ជា​កន្លែង​ដែល​សិស្ស​អាចធ្វើ​ការពិភាក្សា​កិច្ចការងារ​ជា​ក្រុម​បាន​ផងដែរ និង សាលារៀន​បាន​បង្កើត​នូវ​បន្ទប់​ត្រួតពិនិត្យ​សុវត្ថិភាព ដើម្បី​ធានា​ឱ្យបាន​នូវ​សុខ​សុវត្ថិភាព​ពេញលេញ​ជូន​សិស្សានុសិស្ស និង បុគ្គលិក​របស់​សាលារៀន​ផងដែរ ជាពិសេស​ជាងនេះទៅទៀត​នោះ សាលារៀន​បានដាក់​នូវ​បច្ចេកវិទ្យា​ថ្មី​មួយទៀត ជាមួយនឹង​កាត​សម្គាល់​របស់​សិស្ស គឺអាច​ចេញចូល​ក្នុង​អគា​សិក្សា ចូល​បណ្ណាល័យ និង ទិញ​ទំនិញ​នៅក្នុង​អាហារ​ដ្ឋា​ន​ដោយ​មិនចាំបាច​ប្រើប្រាស់​សាច់ប្រាក់​នោះទេ ហើយ​មាតាបិតា​សិស្ស​ក៏​អាច​គ្រប់គ្រង និង មើល​របាយការណ៍​ប្រើបាស់​ថវិកា​របស់​បុត្រ​ធីតា​បាន​ទៀតផង។

    លោក បូ​ឡែ​ន បានលើកឡើង​ផងដែរ​ថា បន្ថែម​ពីលើ​នេះ យើង​ក៏បាន​បញ្ចូល​នូវ​ការបង្រៀន​តាមបែប​ឆ្លាត​វៃ​ជាច្រើន​ផ្សេងទៀត​បន្ថែម​ពីលើ​កម្មវិធីសិក្សា​គោល​ជា​ភាសា​ខ្មែរ ដូចជា​ការបង្រៀន​ពី​ការធ្វើ​ស្វ័យប្រវត្តិកម្ម (Automation) រួមទាំង​កម្មវិធី​មួយចំនួនទៀត​ស្របតាម​របត់​នៃ​បច្ចេកវិទ្យា 4.0 និង​ដាក់ឱ្យ​សិក្សា​កម្មវិធី​ដែល​ឆ្លើយតប​ជាមួយនឹង​សតវត្ស​ទី21។ អ្វីដែល​កាន់តែ​ពិសេស​ទៅទៀត​នោះ គឺ​សាលារៀន​បាន​បញ្ចូល​កម្មវិធី សិក្សា​បន្ថែម ក្រៅ​កម្មវិធីសិក្សា​គោល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា មានដូចជា៖

    • កម្មវិធី​អប់រំ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ដែល​បាន​ទិញ Franchise ពី​ប្រទេស​សិង្ហ​បុរី
    • កម្មវិធី​កម្មវិធី​ទម្លាប់​ល្អ​ទាំង7ដ៏​មាន​ប្រសិទ្ធភាព​របស់​បុគ្គល​ឆ្នើម ដែល​បាន​ទិញ​សិទ្ធ​ពី​សហរដ្ឋអាមេរិក
    • កម្មវិធី​បណ្តុះ​គំនិត​ត្រិះ​រិ​ពិចារណា ចេះ​វិភាគ បង្កើត​គំនិត​ថ្មី ស្វែងរក​ដំណោះ​ស្រាស (PRITS) មកពី​ប្រទេស​ម៉ាឡេស៊ី
    • កម្មវិធី​ពិសោធន​លើ​ផ្នែក​គណិតវិទ្យា បច្ចេកវិទ្យា វិស្វកម្ម និង​វិទ្យាសាស្ត្រ ដើ​ម្បើ​បង្កើន​ការ គិត​បែប​ស៊ីជម្រៅ​លើ​មុខវិជ្ជា​ដទៃ (KIDDO Science ) មកពី​ប្រទេស​ម៉ាឡេស៊ី ។
    • កម្មវិធី​ពិសោធ​បែប​វិទ្យាសាស្ត្រ​ជាមួយនឹង​ឧបករណ៍​ពិសោធន៍ទំនើបៗ ដើម្បី​បង្កើន​ជំនាញ​ទាំង5 ការគិត​បែប​ស៊ីជម្រៅ ការសហការ ការទំនាក់ទំនង ការច្នៃប្រឌិត និង​ទំនុកចិត្ត (Frastrackids) មក​ពីស​ហក​រដ្ឋ​អាមេរិក
    • ក្លឹប​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង ដែល​សិស្ស​រៀន​កម្មវិធី​សរសេរ Code សម្រាប់​បញ្ជារ​មនុស្សយ​ន្ត និង​កម្មវិធីផ្សេងៗទៀត​ដែលជា​ជំនាញ​តម្រូវការ ក្នុង​សម័យកាល​បច្ចេក​វិទ្យា ដោយ​សហការ​ជាមួយនឹង KOOMPI មកពី​ប្រទេស​កម្ពុជា
    • កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍រ​ស់​នៅ​របស់​សិស្ស​រវាង​សាលារៀន និង​សាលារៀន ដើម្បី​ជួយ​ឱ្យ សិស្ស​មាន​ភាពម្ចាស់ការ រស់នៅ​ឯករាជ្យ និង​ទទួលបាន​ចំណេះដឹងថ្មីៗ ក្នុងចំណោម​ប្រទេស​ជា សមាជិក​លើក​ពិភពលោក (ISSE) មកពី​សហរដ្ឋអាមេរិក
    • កម្មវិធី​ប្រឹក្សា​យោបល់​អប់រំ និង ការងារ ជូន​សិស្ស និង មាតាបិតា​សិស្ស
    • កម្មវិធី​សិល្បៈ និង កីឡា
    • កម្មវិធីសិក្សា​សម្រាប់​មាតាបិតា​សិស្ស ដើម្បី​ជួយ​ដល់​មាតាបិតា​សិស្ស​ក្នុងការ​អភិវឌ្ឍ​អាជីព​ការងារ មុខ​ជំនួញ និង ជំនាញ​ភាពជា​មាតាបិតា
    • កម្មវិធី​ទូរទស្សន៍​អប់រំ​អន​ឡាញ WEG Education TV
    • កម្មវិធី​បណ្តុំ​មេរៀន​ក្នុង​យូ​ធូប WEG Education YouTube Channel

    សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​ថ្មី​នេះ​នឹង​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​សម្រាប់​ការពារ​សិស្សានុសិស្ស ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​ឆ្លើយតប​ជាមួយនឹង​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង អប់រំ យុវជន និង​កីឡា ផងដែរ។

    ដើម្បី​អបអរសាទរ ការបើក​សាខា​ថ្មី ទី11 នៅ​ក្រុង​បាត់ដំបង​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ ផ្តល់ជូន​អាហារូបករណ៍​សិក្សា​រហូត​ដល់ 40% ជាមួយនឹង​ធានារ៉ាប់រង​គ្រោះថ្នាក់ និង ការពារ​ការសិក្សា​បុត្រ​ធីតា​រហូតដល់ 5ឆ្នាំ សម្រាប់​ការចុះឈ្មោះ​ចូលរៀន​ត្រឹម​ថ្ងៃទី 15 ខែ សីហា ឆ្នាំ 2020 (កម្មវិធី​ម​ត្តេ​យ្យ​ខ្មែរ ភាសា​អង់គ្លេស និង ភាសា​ចិន) និង ថ្ងៃទី 15 ខែ កញ្ញា ឆ្នាំ 2020 (កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ទី1 ដល់ ទី12) (លក្ខខណ្ឌផ្សេងៗត្រូវបាន​អនុវត្ត)៕

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    16 . ទឹកម៉ាស៊ីន(ទឹករបស់រដ្ឋាករទឹក)ដែលមានធុំក្លិនជាតិខ្ល័រខ្លាំង យើងអាចកម្ចាត់ក្លិននេះឱ្យអស់ទៅបាន ដោយចិត្តផ្លែក្រូចឆ្មារជាបន្ទះស្តើងៗដាក់ចូលទៅក្នុងទឹក ក្រូចឆា្មរនឹងជួយបឺតយកក្លិនជាតិខ្ល័រនោះបាត់អស់ និងអាចធ្វើឱ្យទឹកនោះញ៉ាំបានទៀតផង។

    17 . ជ័រគែមទ្វាទូទឹកកកមានមេរោគផ្សឹតកខ្វក់ដុះឡើងខ្មៅៗនោះ យើងមានវិធីសម្អាតចេញបាន ដោយប្រើក្រណាត់ជ្រលក់ទឹកខ្មេះ ហើយយកទៅដុសជូតលើជ័រគែមទ្វាទូទឹកកកដែលមានមេរោគផ្សឹតដុះឡើងនោះ មេរោគផ្សឹតកខ្វក់ទាំងនោះនឹងរលាយបាត់អស់មិនខាន។

    18 . យើងអាចកម្ចាត់បញ្ហាសត្វចិញ្ចឹម ដូចជា ឆ្កែ ឆ្មារ ជាដើម ដើរនោម និងជុះមិនដឹងកន្លែងនោះបាន ដោយការរោយម្រេចបុកនៅលើកន្លែងដែលវាធ្លាប់មកនោម ឬជុះនោះ តែប៉ុណ្ណឹង ឆ្កែ និងឆ្មារនឹងលែងមកនោម និងជុះនៅលើទីនោះទៀតហើយ តែវិធីដែលល្អបំផុត គួរតែបង្ហាត់ឱ្យវាចេះនោមក្នុងបន្ទប់ទឹក និងជុះនៅលើក្រដាសដែលយើងដាក់ទុកឱ្យវាជុះ រហូតទាល់តែវាមានទម្លាប់វិញទើបជាការប្រសើរ។

    19 . ការថែរក្សាឈើអំបោសដែលធ្វើពីផ្កាត្រែង ដែលទើបទិញមកថ្មីឱ្យទុកប្រើការបានយូរនោះ យើងអាចធ្វើបានដោយការជ្រលក់ឈើអំបោសទៅក្នុងទឹកអំបឹលក្តៅៗ ផ្កាត្រែងរបស់អំបោសនោះនឹងតោងស្អឹតជាប់គ្នា ធ្វើឱ្យយើងអាចប្រើការបានយូរ មិនដាច់របូតនាំឱ្យរំខានអារម្មណ៍ឡើយ។

    20 . ដែកគោលដែលវាយជាប់នឹងជញ្ជាំងស៊ីម៉ង់ត៍សម្រាប់ព្យួររូបថត ឬរូបភាពផ្សេងៗចាប់ផ្តើមរលុងលែងជាប់ណែនដូចពីមុន មានវិធីកែខៃយ៉ាងងាយៗ ដោយគ្រាន់តែយកសំលីរុំដែកគោល ហើយលាបកាវវិទ្យាសាស្រ្ត រួចវាយចូលទៅជាថ្មី កាវវិទ្យាសាស្រ្តដែលជាប់នឹងសំលីនឹងតោងជញ្ជាំងជាប់យ៉ាងណែន។

    (នៅមានត)

  • ឆ្នាំនេះ សាលាឯកជនជាអ្នកចេញវិញ្ញាសាប្រឡងបាក់ឌុបខ្លួនឯង តែត្រូវទទួលខុសត្រូវចំពោះមុខក្រសួង

    ឆ្នាំនេះ សាលាឯកជនជាអ្នកចេញវិញ្ញាសាប្រឡងបាក់ឌុបខ្លួនឯង តែត្រូវទទួលខុសត្រូវចំពោះមុខក្រសួង

    នៅ​ឆ្នាំ​សិក្សា 2019-2020នេះ ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ Covid-19 ក្រសួង​អប់រំ យុវជន និង​កីឡា បានអនុញ្ញាត​ឱ្យ​សាលារៀន​ឯកជន​ទាំងអស់​សិក្សា​ពី​ចម្ងាយ និង​រៀបចំ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ដោយ​ខ្លួនឯង។

    តាម​ការបញ្ជាក់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នាពេលថ្មីៗនេះ​បានឱ្យដឹងថា ការតាក់តែង រៀបចំ វិញ្ញាសា​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ គឺ​គ្រប់គ្រង​ដោយ​គ្រឹះស្ថានសិក្សានីមួយៗ ដោយ​គោរព​ទៅតាម​គោលការណ៍​របស់​ក្រសួង​អប់រំ។

    គោលការណ៍​ដែល​ក្រសួង​អប់រំ បានកំណត់​សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជននីមួយៗគឺ ការតាក់តែង​វិញ្ញាសា​ប្រឡង ត្រូវ​យកតាម​កម្មវិធី​សិក្សា​មធ្យមសិក្សា​ទុតិយភូមិ និង​យក​វិញ្ញាសា​ដែល​ក្រសួង​បានចេញ​កន្លងមក​ធ្វើជា​ស្តង់ដា​គោល ហើយ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ក្រសួង​ក្នុងការ​គ្រប់គ្រង​វិញ្ញាសារ។ បន្ថែម​ពីលើ​នេះ ចំពោះ​វិញ្ញាសារ​សម្រាប់​ចែក​ឱ្យ​បេក្ខជន ត្រូវ​រៀបចំ​ទៅតាម​បេក្ខជន និង​វិញ្ញាសារ​សម្រាប់​ចម្លង​ដាក់​ក្តារខៀន ត្រូវ​រៀបចំ​ទៅតាម​ចំនួន​បន្ទប់​ប្រឡង។ បន្ទាប់ពី​ដំណើរការ​វិញ្ញាសាសរសេ​រ​នៃ​វិញ្ញាសានីមួយៗ ត្រូវ​រៀបចំ​ដាក់​ក្នុង​ស្រោម​បិទ​សម្ងាត់ sceller រួច​ផ្តល់ជូន​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដោយផ្ទាល់​ដើម្បី​ពិនិត្យ​លើ​កម្រិត​វិញ្ញាសារ។ ដោយឡែក​មណ្ឌល​ដែល​នៅតាម​ខេត្ត​អាច​បញ្ជូនមក​ក្រសួង​នៅពេល​បញ្ចប់​ដំណើរការ​វិញ្ញាសាសរសេ​រ៕

  • កម្ពុជាមានទុនបម្រុងអន្តរជាតិចំនួន 19.5ពាន់លានដុល្លារ

    កម្ពុជាមានទុនបម្រុងអន្តរជាតិចំនួន 19.5ពាន់លានដុល្លារ

    ធនាគារជាតិ​នៃ​កម្ពុជា កាលពីពេលថ្មីៗនេះ​បានចេញ​សេចក្តី​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា មាន​មាស និង​រូបិយប័ណ្ណ​បរទេស ដែល​ហៅថា​ទុនបម្រុង​ប្រមាណ 19.5ពាន់​លាន​ដុល្លារ។

    ស្ថាប័ន​ជាតិ​ដ៏​សំខាន់​ខាងលើ​បាន​បញ្ជាក់ថា ធនាគារជាតិ​នៃ​កម្ពុជា មាន​តួនាទី​បោះពុម្ព​រូបិយវត្ថុ​ជាតិ ហើយ​ត្រូវ​ធានា​តម្លៃ​រូបិយវត្ថុ​ទាំងនោះ។ ដូច្នេះ​រាល់​ការបោះពុម្ពផ្សាយ​ត្រូវមាន​បដិភាគ ជា​ទ្រព្យ​ដែលមាន​តម្លៃ។ ទ្រព្យ​ទាំងអស់នោះ​រួមមាន រូបិយប័ណ្ណ​បរទេស និង​មាស​ដែល​ហៅថា «ទុនបម្រុង​អន្តរជាតិ» ហើយ​ត្រូវបាន​រក្សាទុក​ឱ្យមាន​សុវត្ថិភាព។

    បច្ចុប្បន្ននេះ ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​មាន​ចំនួន 19.5ពាន់​លាន​ដុល្លារ គិត​ត្រឹម​ខែមិថុនា ឆ្នាំ2020នេះ។ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់ថា ខ្លួន​គ្រប់គ្រង​យ៉ាង​ប្រុងប្រយ័ត្ន​នូវ​ទ្រព្យ​បម្រុង​ទាំងអស់នោះ ដើម្បី​រក្សា​សុវត្ថិភាព។ ហេតុនេះហើយ​ទើប​ធនាគារជាតិ​នៃ​កម្ពុជា វិនិយោគ​លើ​ឧបករណ៍​ដែលមាន​ស្ថិត​ភាព​ខ្ពស់​ដូចជា​រូបិយប័ណ្ណ​ខ្លាំង និង​មាស។

    បច្ចុប្បន្ន ធនាគារជាតិ​នៃ​កម្ពុជា រក្សា​មាស​ចំនួន 36.5តោន ដែល​ក្នុងនោះ​មាន​មាស​ដែលជា​កេរ្តិ៍មរតក​តាំង​ពីមុន​សម័យ​សង្គ្រាម​មាន​ចំនួន 12.4តោន ដែល​រក្សាទុក​នៅ​ប្រទេស​ស្វី​ស និង​មាន​មាស​ចំនួន 14.1តោន​កំពុង​វិនិយោគ​នៅ​ធនាគារកណ្តាល​អង់គ្លេស។ បន្ថែម​ពីនេះ ធនាគារជាតិ​ក៏បាន​រក្សាទុក​មាស​ចំនួន 10តោន​ផងដែរ​នៅ​កម្ពុជា៕

  • ក្រសួងអប់រំ លើកថ្ងៃប្រឡងបាក់ឌុបសម្រាប់សាលាឯកជនទៅថ្ងៃក្រោយវិញ

    ក្រសួងអប់រំ លើកថ្ងៃប្រឡងបាក់ឌុបសម្រាប់សាលាឯកជនទៅថ្ងៃក្រោយវិញ

    តាម​ការប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កន្លងមក​បានឱ្យដឹង​ថា ពេលវេលា​សម្រាប់​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ចំពោះ​សាលា​ឯកជន​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី 17-18 ខែសីហា​ខាងមុខនេះ តែ​មុននេះ​បន្តិច​អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​បញ្ជាក់ថា​ក្រសួង​លើក​ថ្ងៃ​ប្រឡង​វិញ។

    ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា កាលបរិច្ឆេទ​ប្រឡង​បាក់​ឌុប សម្រាប់​សាលា​ឯកជន​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី 17-18 ខែសីហា​នេះ ត្រូវ​លើក​ទៅ​ថ្ងៃ​ផ្សេង​វិញ ព្រោះ​ចំ​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​ឈប់សម្រាក។

    ឯកឧត្តម​អ្នកនាំពាក្យ​បាន​លើកឡើងថា សម្រាប់​ការប្រឡង​បាក់​ឌុប​នៅ​គ្រឹះស្ថាន​ឯកជន មាន​រយៈពេល2ថ្ងៃ ក្រសួង​នឹង​ជម្រាបជូន​បច្ចុប្បន្នភាព នៃ​កាលបរិច្ឆេទ​សម័យ​ប្រឡង​នាពេល​ក្រោយ។ ដោយសារតែ​ការកំណត់​បរិច្ឆេទ​ក្នុង​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី 14 ខែកក្កដា ឆ្នាំ2020 ដោយ​កំណត់​យក​ថ្ងៃទី 17-18 ខែសីហា ចំ​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ឈប់សម្រាក​រយៈពេល5ថ្ងៃ ដើម្បី​សង​ថ្ងៃ​សម្រាក​ចូលឆ្នាំថ្មី៕