Author: ធឿន មករា

  • 5 រឿងដែលគួរជៀសវាងនៅពេលមានកូន…ឪពុកម្តាយថ្មោងថ្មីគួរតែដឹង!

    5 រឿងដែលគួរជៀសវាងនៅពេលមានកូន…ឪពុកម្តាយថ្មោងថ្មីគួរតែដឹង!

    អាចហៅបានថា ជាការចាប់ផ្តើមក្លាយជាលោកឪពុកអ្នកម្តាយថ្មោងថ្មីហើយ នៅពេលមានសមាជិកថ្មីតូចមួយទៀតមកនៅក្នុងផ្ទះជាមួយដែរ គឺជាការផ្លាស់ប្តូរដ៏ធំមួយក៏អាចថាបានដែរ ព្រោះអ្វីដែលធ្លាប់ធ្វើរហូតធ្លាប់ខ្លួន ឬអ្វីដែលចូលចិត្តធ្វើជាប្រចាំរាល់ថ្ងៃនោះ នឹងលែងបានធ្វើ ព្រោះគ្មានពេលវេលាដូចមុន ទើបមិនចាំបាច់នឹកចម្លែកចិត្តឡើយដែលមនុស្សជាច្រើនខ្លាចការមានកូននោះ

    តែបើថ្ងៃណាមួយចាប់ផ្តើមក្លាយខ្លួនជាឪពុកគេ ម្តាយគេហើយ ឡារ៉ែនសូមណែនាំថា គួរតែចៀសវាង 5 រឿងខាងក្រោមនេះឱ្យបានដាច់ខាត ព្រោះរឿងទាំងអស់នោះ ជារឿងដែលឪពុកម្តាយថ្មោងថ្មីច្រើននាំគ្នាតែធ្វើជាប្រចាំក៏អាចថាបានដែរ។

    1 . ចូលគេងយប់ជ្រៅ

    ក៏ដឹងហើយថា ពេលមានកូនហើយ ពេលវេលាផ្ទាល់ខ្លួន ឬពេលវេលាដែលមានរួមគ្នាបែបស្វាមីភរិយានោះនឹងបាត់អស់ខ្លះមិនខាន តែបើលោកអ្នកគិតថា នឹងប្រើពេលវេលានៅពេលយប់ ពេលកូនគេងលក់ហើយដើម្បីធ្វើការងារផ្ទាល់ខ្លួននោះ សូមប្រាប់ទៅចុះថា នេះគឺជារឿងដែលលោកអ្នកមិនគួរធ្វើជាដាច់ខាត ព្រោះបើសិនលោកអ្នកចូលគេងយប់ជ្រៅ ហើយត្រូវងើបឡើងនៅពេលកូនស្រែកយំទារផ្លាស់កន្ទប ឬត្រូវភ្ញាក់ពីព្រលឹមដោយសំឡេងកូនស្រែកយំនោះ ធានាថារឿងនេះច្បាស់ជាមានការខឹងមួម៉ៅយ៉ាងពិតប្រាកដ បើត្រូវការមានពេលវេលាផ្ទាល់ខ្លួន គួរតែជួលមេដោះមកមើលថែទាំកូនតូច ទើបជាការប្រសើរ។

    2 . ដាស់កូនតូចឱ្យភ្ញាក់ឡើង

    ឪពុកម្តាយជាច្រើនអាចនឹងខ្លាចអាការ SIDS ឬអាការគេងមិនព្រមភ្ញាក់របស់ទារក ទើបធ្វើឱ្យលោកអ្នកត្រូវដាស់ឱ្យកូនតូចភ្ញាក់ឡើងជាញឹកញាប់ ដែលរឿងនេះគឺជាទង្វើដែលគួរចៀសវាងដូចគ្នាមួយដែរ ព្រោះបើកូនតូចភ្ញាក់ឡើងហើយ លោកអ្នកអាចនឹងត្រូវហត់នឿយជាមួយនឹងការត្រូវលួង និងស្តាប់សំឡេងស្រែកយំរាប់ម៉ោងរបស់កូនតូចមិនខាន ដូច្នេះរឿងដែលល្អគួរសាកល្បងប្រើវិធីការផ្សេងណាដែលមិនមែនជាការរុកគួនរំខានគេវិញប្រសើជាង ដូចជា សង្កេតមើលនៅត្រង់ខ្នង ឬក្បាលពោះថា នៅតែកម្រើកឡើងចុះផឺតផត ឬយកម្រាមដៃទៅដាក់ក្រោមច្រមុះរបស់កូនដើម្បីពិនិត្យខ្យល់ដង្ហើមក៏បាន។

    3 . មិនចែករំលែកឱ្យប្តី ឬប្រពន្ធជួយមើលថែកូនផង

    លោកឪពុកអ្នកម្តាយថ្មោងថ្មីអាចនឹងគិតថា ចង់មើលថែទាំកូនតែម្នាក់ឯង ដើម្បីឱ្យស្វាមី ឬភរិយារបស់ខ្លួនមើលឃើញថា អ្នកអាចធ្វើបាន ព្រោះជួនកាលស្វាមី ឬភរិយាអាចត្រូវចេញទៅធ្វើការនៅពេលព្រឹក ទើបមិនចង់ឱ្យគាត់ ឬនាងត្រូវមកនឿយហត់ក្នុងការមើលថែទាំកូនម្នាក់ទៀត តែសូមប្រាប់ទៅចុះថា​ រឿងនេះជារឿងដែលមិនគួរទាល់តែសោះ ព្រោះអ្នកមិនព្រមចែករំលែកឱ្យស្វាមី ឬភរិយាមើលថែទាំកូនតូចផងដែរនោះ អ្នកនឹងត្រូវធ្វើតែម្នាក់ឯងទាំងអស់ តាំងពីប្តូរកន្ទប លាងដបទឹកដោះគោ បញ្ចុកបាយ ងូតទឹក ជូតសម្អាតលាមក ដែលវាមិនត្រឹមតែនឹងធ្វើឱ្យអ្នកនឿយហត់ប៉ុណ្ណោះទេ តែនៅធ្វើឱ្យស្វាមី ឬភរិយារបស់អ្នកមានអារម្មណ៍ថា មិនបានបំពេញតួនាទីជាឪពុកម្តាយល្អទៀតផង ដូច្នេះវិធីដែលល្អគួរបែងចែកតួនាទីឱ្យគ្នាខ្លះទើបជាការប្រសើរ។

    4 . មិនពកូន

    លោកឪពុកអ្នកម្តាយអាចនឹងធ្លាប់បានឮមនុស្សជាច្រើននិយាយថា មិនគួរពកូនញឹកញាប់ពេកទេ ព្រោះខ្លាចកូនតូចធ្លាប់ខ្លួនឱ្យពមិនព្រមឈប់ តែឡារ៉ែនសូមប្រាប់ការពិតទៅចុះថា បើលោកអ្នកត្រូវការចង់ពកូនតូចរបស់ខ្លួនឯងនោះ ក៏ពទៅចុះ មិនបាច់ទៅខ្វល់ខ្វាយអីនឹងពាក្យអ្នកឯទៀតនោះទេ និងវាថែមទាំងជារឿងល្អទៀតផងដែលបាននៅជិតដឹតជាមួយគ្នាបែបកក់ក្តៅ ប្រសើរជាងមកអង្គុយសោកស្តាយនៅថ្ងៃដែលគេធំឡើងរហូតពលែងកើតនោះ។

    5 . ដាក់សម្ពាធខ្លួនឯង

    ពិតប្រាកដស្រាប់ទៅហើយថា ការធ្វើជាឪពុកម្តាយរបស់គេលើកដំបូង គឺជារឿងមួយដែលពិបាក និងសែនរញេរញៃ៉បំផុត តែសូមប្រាប់ទៅចុះថា មនុស្សគ្រប់គ្នាមានសញ្ជាតិញាណនៃភាពជាឪពុកម្តាយស្រាប់ហើយ អ្នកនឹងស្គាល់កូនរបស់អ្នកខ្លួនឯងល្អបំផុត ឬបើសិនគេមិនសប្បាយខ្លួន ឬអ្វីម្យ៉ាងនោះ អ្នកនឹងបានដឹងដោយសញ្ជាតិញាណតែម្តង ដូច្នេះអ្នកមិនចាំបាច់ត្រូវដាក់សម្ពាធខ្លួនឯង ឬគិតថាការចិញ្ចឹម និងថែទាំកូនគឺជារឿងពិបាកនោះឡើយ។ ត្រឹមតែប៉ុណ្ណឹងក៏នឹងធ្វើឱ្យអ្នកមានសេចក្តីសុខ ហើយការចិញ្ចឹមមើលថែកូនក៏នឹងធ្វើឱ្យលោកអ្នកសប្បាយ និងហុចផលល្អដល់សុខភាពផ្លូវចិត្តរបស់កូនទៀតផង។

    ឃើញទេ ថាការធ្វើជាឪពុកម្តាយគេមិនមែនជារឿងដែលគួរឱ្យតានតឹងធុញថប់អារម្មណ៍នោះទេ គ្រាន់តែផ្លាស់ប្តូរនូវអ្វីដែលខ្លួនឯងធ្វើឡើងធ្លាប់ខ្លួនមួយចំនួន ត្រឹមតែប៉ុណ្ណឹងក៏ធ្វើឱ្យការចិញ្ចឹមមើលថែទាំកូនក្លាយជារឿងងាយ និងសប្បាយបានបាត់ទៅហើយ៕

  • (ពាក់ព័ន្ធនឹងបុរស) រឿងដែលនារីវៃឆ្លាតត្រូវតែដឹងថា…

    (ពាក់ព័ន្ធនឹងបុរស) រឿងដែលនារីវៃឆ្លាតត្រូវតែដឹងថា…

    នារីវៃឆ្លាតរឿងស្នេហាត្រូវតែស្គាល់បុរសក្នុងច្រើនទស្សនៈ តែដែលត្រូវស្គាល់ឱ្យច្បាស់បំផុតនោះគឺ ចិត្តរបស់យើង(នារីៗ)ខ្លួនឯង ស្គាល់ពីសក្តានុពល និងគុណតម្លៃរបស់ខ្លួនឯងឱ្យច្បាស់ ដឹងថាគួរលះបង់ចិត្តរបស់ខ្លួនឯងប៉ុនណា និងសមល្មមបានទទួលក្តីស្នេហាមកវិញប៉ុនណា… ថ្ងៃនេះ ឡារ៉ែនមានគន្លឹះល្អៗផ្សេងៗដែលនារីៗយើងគួរតែដឹងមកជម្រាបជូន។

    1 . ដឹងថា…ត្រូវស្គាល់ពីគុណតម្លៃរបស់ខ្លួនឯង

    នៅពេលមានគូស្នេហ៍ ចូរចេះកែសម្រួលជាពិសេសដោយឡែកលើផ្នែកដែលធ្វើឱ្យជីវិតគូរបស់អ្នកមានសេចក្តីសុខ បើអ្នកផ្លាស់ប្តូរគ្រប់យ៉ាងអស់រលីង ក្លាយជានារីម្នាក់ផ្សេងទៀតដែលគេ(គូស្នេហ៍)លែងស៊ាំធ្លាប់ជាមួយ គេក៏នឹងអស់ចំណាប់អារម្មណ៍បន្តិចម្តងៗអំពីរូបអ្នក ដូច្នេះអ្នកគ្រូឆវីចង់ប្រាប់ថា បើអ្នកមើលមិនឃើញពីគុណតម្លៃរបស់ខ្លួនឯងផងនោះ តើអ្នកណានឹងមើលឃើញគុណតម្លៃរបស់អ្នក?។

    2 . ដឹងថា…សិចមិនមែនជារឿងងាយ និងចេះតែធ្វើបាននោះទេ

    មិនថាអ្នកលង់ស្នេហ៍គេប៉ុនណា មិនថាសម្ព័ន្ធភាពនឹងដំណើរការតទៅមុខទៀតយ៉ាងណាក៏ដោយ កុំភ្លេចថា មនុស្សប្លែកមុខ ក៏នៅតែជាមនុស្សប្លែកមុខដដែលហ្នឹង ទោះជាប្រវត្តិផ្ទាល់ខ្លួនរបស់គេល្អយ៉ាងណាក៏ដោយ តែអ្វីដែលច្បាស់ប្រាកដនោះគឺ អ្នកគ្មានឱកាសដឹងថា តើគេមានជំងឺឆ្លងខាងផ្លូវភេទឬក៏អត់នោះទេ ដូច្នេះអ្នកគ្រូឆវីចង់ប្រាប់ថា មិនចាំបាច់ដល់អ្នកត្រូវតែមានអីៗជាមួយគេនោះឡើយ បើអ្នកនៅមិនទាន់ត្រៀមខ្លួនរួចជាស្រេចលើគ្រប់ផ្នែកទេនោះ សំខាន់បំផុតគឺ យើងត្រូវចេះស្រឡាញ់មនុស្សប្រុសដោយមិនចាំបាច់មានសិចឱ្យបាន។

    3 . ដឹងថា…បុរសដ៏សែនល្អមិនចាំបាច់ត្រូវតែរូបសង្ហានោះទេ

    បើបុរសម្នាក់នោះធ្វើឱ្យអ្នកមានសេចក្តីសុខកក់ក្តៅ សើចសប្បាយ មានចំណង់ចំណូលចិត្តដូចគ្នាច្រើនយ៉ាង ថែមទាំងឆ្លាតវាងវៃទៀត តែបែរជារូបមិនសង្ហាសោះនោះ សូមនារីៗយើងទាំងឡាយសាកល្បងទៅដើរសង្កេតមើលតាមហាងផ្សារទំនើបចុះ បុរសដែលមកទិញទំនិញជាមួយក្រុមគ្រួសារ ឬលេងជាមួយកូនៗនៅតាមឆ្នេរសមុទ្រ សួរថាតើហ្វាមីលីមែនទាំងនោះមានរូបសង្ហាស្អាតដូចតារាបង្ហាញម៉ូដដែរឬទេ? តែផ្ទុយទៅវិញគឺគេ(បុរសម្នាក់នោះខាងដើម)ហ្នឹងឯងដែលស័ក្តិសមធ្វើជាមេគ្រួសារដ៏ល្អរបស់អ្នក។

    4 . ដឹងថា…ការងារផ្ទះមិនមែនសម្រាប់តែនារីៗទេ

    សម្ព័ន្ធភាពនឹងយូរអង្វែងបានត្រូវតែអាស្រ័យលើមនុស្សពីរនាក់មានតួនាទីរួមគ្នា បច្ចុប្បន្នស្រ្តីមិនត្រូវបានកំណត់ឱ្យធ្វើការនៅតែក្នុងផ្ទះនោះទេ ត្រូវដឹងពីវិធីបែងចែកការងារក្នុងផ្ទះឱ្យរួមគ្នាធ្វើបានទាំងពីរនាក់ ដោយមិនខូចអារម្មណ៍ ហើយម្យ៉ាងទៀតបុរសដែលចេះធ្វើការផ្ទះ គឺជាបុរសដែលសិចស៊ី និងគួរឱ្យស្រឡាញ់បំផុត។

    5 . ដឹងថា…គូស្នេហ៍មិនមែនជាអ្នកបម្រើទេ

    ការពិតទៅ បុរសដែលមានភាពទទួលខុសត្រូវខ្ពស់ គេនឹងមិនចូលចិត្តនារីដែលទន់ជ្រាយ និងជាអ្នកចុះញ៉មគេរហូត ឬខ្លាចចិត្តអ្នកដទៃរហូតមិនចេះបដិសេធអ្នកណានោះទេ យើងត្រូវចេះបដិសេធ និងឆ្លើយតបទៅវិញខ្លះ។ ការបដិសេធចំណុចទាមទាររបស់អ្នកដទៃខ្លះ វាមិនមែនជារឿងអាក្រក់នោះទេ តែជាការបង្ហាញពីឆន្ទៈរបស់យើង៕

     

    អ្នកគ្រូ ឆវី

  • ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    ត្រូវបំប៉នដី…មុននឹងឱ្យដីបំប៉នបន្លែ

    បេះដូងសំខាន់ក្នុងការដាំបន្លែឱ្យធំធាត់លូតលាស់ល្អ គឺត្រូវស្គាល់ពីដីនៅកន្លែងដែលត្រូវដាំដុះនោះ ឬស្គាល់ពីការត្រៀមដីឱ្យស័ក្តិសមជាមួយបន្លែប្រភេទនីមួយៗ ដោយដីដែលស័ក្តិសមចំពោះការដាំបន្លែ គឺដីដែលមានលក្ខណៈម៉ដ្ឋធូរ មិនហាប់ណែន បង្ហូរទឹកចែកចាយបានល្អ សម្បូរទៅដោយជីអតិសុខុមប្រាណ(ជីធម្មជាតិ) និងសារធាតុអាហារបន្លែ។

    ប្រភេទរបស់ដី និងការរៀបចំចាត់ការ

    ដីខ្សាច់ និងដីល្បាយខ្សាច់ ៈ លក្ខណៈជាដីមានខ្សាច់លាយឡំច្រើន ចាប់មកពូតជាដុំៗបាននៅពេលត្រូវទឹក ចែកចាយបង្ហូរទឹកបានល្អ តែភាពឧត្តមសម្បូរជីជាតិ ហាក់ដូចជាមានតិច។ ការរៀបចំចាត់ការចំពោះដីបែបនេះ ចូរប្រើប្រាស់ជីធម្មជាតិគ្របពីលើ លាយច្របល់ឱ្យចូលគ្នា គួរទុកដាំចំពោះតែបន្លែដែលមានអាយុខ្លី និងប្រើសម្ភារគ្របលើដី ដូចជា ចំបើង ដើម្បីរក្សាសំណើមមុខដី។

    ដីម៉ដ្ឋធូរ ៈ ម៉ដ្ឋធូរអាចពូតជាដុំ ជារូបរាងផ្សេងៗបានល្អ មានភាពស្អិតបន្តិចបន្តួច តែមានភាពឧត្តមសម្បូរខាងជីជាតិហាក់ដូចជាខ្ពស់។ ជាដីដែលស័ក្តិសមសម្រាប់ការដាំបន្លែស្រាប់ហើយ តែគួរប្រើជីអាចម៍គោ ជីធម្មជាតិ និងអង្កាមលាយច្របល់ចូលជាមួយផង នឹងជួយឱ្យគ្រោងសាងរបស់ដីរឹតតែល្អឡើង។

    ដីស្អិត(ដីឥដ្ឋ) ៈ ស្អិតតតាត់ ទទឹកទឹកអាចពូតធ្វើជារូបរាងផ្សេងៗបាន នៅពេលស្ងួតនឹងក្លាយជាដុំរឹង ចែកចាយ និងជ្រាបទឹកអាក្រក់បំផុត តែបៀមទឹកបានល្អ។ ការរៀបចំចាត់ការដីប្រភេទនេះ យើងគួរប្រើដីខ្សាច់ ផេះអង្កាម អង្កាម កំបោរ (បើដីមានជាតិអាស៊ីត) ជីធម្មជាតិ ជីអាចម៍គោ កម្ទេចចំបើងលាយច្របល់ឱ្យចូលគ្នាល្អ។ គួរធ្វើការលើកជារង ធ្វើចង្អូរបង្ហូរទឹកដើម្បីជួយក្នុងការចែកចាយទឹក។

    រឿងដែលគួរដឹងពាក់ព័ន្ធនឹងគ្រាប់ពូជ

    នៅពេលសម្រេចចិត្តថា នឹងធ្វើចម្ការបន្លែគ្រួសារហើយ ដំណាក់កាលសំខាន់ដែលមិនគួរមើលរំលងនោះគឺ រឿងរបស់ការរៀបចំរកគ្រាប់ពូជ ដោយក្នុងពេលបច្ចុប្បន្ននេះ គ្រាប់ពូជបន្លែអាចចែកចេញជា 2ប្រភេទធំៗគឺ ៈ

    1.គ្រាប់ពូជបន្លែក្នុងស្រុកធម្មតា ៈ ជាគ្រាប់ពូជមែនទែន ដែលមានការថែរក្សាទុកតៗគ្នាមក ជាគ្រាប់ពូជដែលល្អឥតខ្ចោះ

    ផ្តល់ផលបានល្អបំផុតក្នុងការដាំដុះក្នុងតំបន់នោះ ព្រោះមានភាពរឹងមាំ ធន់នឹងរោគ និងសត្វល្អិត ត្រូវនឹងសភាពដីធ្លីក្នុងតំបន់ សភាពអាកាស អាចសម្របសម្រួលខ្លួនចូលជាមួយសភាពបរិស្ថានបានល្អ ដោយគ្រាប់ពូជមែនទែនទាំងនេះ​ អាចប្រមូលបានពីដើមដែលដាំទុកជាមេពូជតទៅទៀតបានក្នុងជុំនៃការផលិត។ ធ្វើឱ្យអ្នកដាំដុះមិនចាំបាច់ត្រូវប្រើសារធាតុគីមី ឬជីថ្នាំគីមីក្នុងការផលិតច្រើន ដែលធ្វើឱ្យកើតមានសុវត្ថិភាពដល់អ្នកផលិត និងអ្នកបរិភោគ កឱ្យកើតភាពស្ថិតស្ថេរខាងអាហារ និងរក្សាភាពសម្បូរឥតខ្ចោះខាងសរីរាង្គ។ តែដោយ​សារក្នុងពេលបច្ចុប្បន្ន ការដាំដុះបន្លែនៅក្នុងផ្ទះ យើងមានការសង្កត់ធ្ងន់លើការដាំបែបឧស្សាហកម្ម ធ្វើឱ្យគ្រាប់ពូជខាងជំនួញមានច្រើនឡើង ទើបគ្រាប់ពូជបន្លែក្នុងស្រុកធម្មតាបាត់បង់អស់ជាបណ្តើរៗ។

    2.គ្រាប់ពូជបន្លែខាងជំនួញ ៈ ចែកចេញជា 2ប្រភេទ

    2/ 1.គ្រាប់ពូជលាយផ្សំបើក ( Open-Polli Nated ) ពេលជ្រើសរើសទិញ ចូរសង្កេតមើលខាងៗកញ្ចប់ដែលមានសរសេរពាក្យកាត់ថា (OP) ជាពូជបន្លែបែបកេសរបើកចំហ៖ អត្រាការលូតលាស់មធ្យម ផលបានមកមធ្យម តែធន់នឹងសភាពបរិស្ថាន អាចថែរក្សាគ្រាប់ទុកដាំបន្តបាននៅរដូវកាលបន្ទាប់ទៀតបាន ដោយផ្តល់ផលផលិតដូចដើម។

    2/ 2.ពូជកូនកាត់ ( Hybrid Variety ) ឬដែលមានលេខកូដថា “F1” មានន័យថា គ្រាប់ពូជកូនកាត់ជួរទី1 របស់ពូជ 2 ពូជដែលមានលក្ខណៈខាងពូជអម្បូរផ្សេងពីគ្នា។ បច្ចុប្បន្នជាគ្រាប់ពូជបន្លែដែលប្រើប្រាស់ច្រើនបំផុតក្នុងការធ្វើឧស្សាហកម្មគ្រាប់ពូជ ព្រោះកូនកាត់ច្រើនតែមានផលផលិតខ្ពស់ និងគុណភាពល្អជាមេពូជ ដែលជាលក្ខណសម្បត្តិដែលហៅថា “ភាពលេចធ្លោរបស់កូនកាត់” តែកសិករអ្នកប្រើប្រាស់ ចាំបាច់ត្រូវតែទិញគ្រាប់ពូជកូនកាត់ថ្មីមកដាំគ្រប់រដូវកាលដាំដុះ(មិនអាចយកគ្រាប់ដែលបានមកពីការទុកផ្លែធ្វើពូជមកដាំបានទេ ព្រោះវានឹងមិនមានផ្លែឱ្យទេ)។

    (សូមរង់ចាំអានលេខបន្ត)

  • សង្កេតមើលខ្លួនឯងមុនហួសពេល…12 អាការដែលប្រាប់ថា ថ្លើមរបស់អ្នកជិតខ្ទេចហើយ

    សង្កេតមើលខ្លួនឯងមុនហួសពេល…12 អាការដែលប្រាប់ថា ថ្លើមរបស់អ្នកជិតខ្ទេចហើយ

    ថ្លើមស្ថិតនៅផ្នែកស្តាំខាងលើនៃក្បាលពោះរបស់អ្នក វាត្រូវបានគ្របដោយឆ្អឹងជំនីរបស់អ្នក ជាអវយវៈដែលមានទំហំធំបំផុតក្នុងរាងកាយមនុស្ស មុខនាទីសំខាន់ចម្បងរបស់ថ្លើមគឺ ជួយកម្ចាត់សារធាតុពុលដែលជាគ្រោះថ្នាក់ចេញពីរាងកាយ បើទុកចោលវានឹងធ្វើឱ្យប្រព័ន្ធរបស់រាងកាយខូចខាត ទើបវាជារឿងសំខាន់ណាស់ដែលយើងគួរតែដឹងអំពីសញ្ញាចាប់ផ្តើមរបស់ថ្លើមថា នឹងកើតបញ្ហាធ្ងន់ធ្ងរ។

    ក្នុងខណៈដែលថ្លើមមានភាពប្រថុយជាមួយនឹងជំងឺផ្សេងៗច្រើនជាង 100 ប្រភេទ និងជំងឺរបស់មនុស្សម្នាក់ៗអាចមានអាការខុសប្លែកពីគ្នានោះ យ៉ាងណាក៏ដោយ ទាំងអស់នេះមានផលដល់ថ្លើមក្នុងលក្ខណៈដែលស្រដៀងគ្នាក្នុងរយៈចាប់ផ្តើម។

    ជំងឺផ្សេងៗដែលពាក់ព័ន្ធជាមួយថ្លើមប្រកបដោយ ៈ

    • ជំងឺរលាកថ្លើម
    • ជំងឺរឹងថ្លើម
    • ជំងឺខ្លាញ់ក្នុងថ្លើម
    • ជំងឺថ្លើមដោយសារជាតិអាល់កុល
    • និងខាងក្រោមនេះគឺ 12 អាការចាប់ផ្តើមរបស់ភាពខូចខាតរបស់ថ្លើមដែលអ្នកគួរប្រយ័ត្ន ៈ

    1 . ឈឺពោះញឹកញាប់ ៈ នៅពេលអ្នកកើតអាការឈឺពោះញឹកញាប់ មានអាការរមួលពោះ និងពេលខ្លះមានការក្អួតចង្អោររួមជាមួយផងនោះ អ្នកគួរតែទៅពិនិត្យរាងកាយជាបន្ទាន់ ព្រោះអាការក្អួតចង្អោរនេះគឺជាលទ្ធផលមកពីការប្រមូលសន្សំសារធាតុពុលក្នុងរាងកាយ និងមិនងាយក្នុងការកម្ចាត់វាចេញបានទេ។

    2 . មិនឃ្លានអាហារ ៈ ថ្លើមផលិតទឹកប្រមាត់ដែលជួយក្នុងការរំលាយអាហារ នៅពេលថ្លើមរបស់អ្នកខុសប្រក្រតី ការផលិតទឹកប្រមាត់នឹងថយចុះ ហើយការដុតបំផ្លាញអាហារក៏នឹងថយចុះដែរ ដូច្នេះអ្នកនឹងមានអាហារថាឆ្អែតរហូត និងធ្វើឱ្យអ្នកមិនឃ្លានអាហារ។

    3 . រាងកាយមានអារម្មណ៍ថានឿយហត់ អស់កម្លាំង និងល្វើយ ៈ ពេលមានការប្រមូលសន្សំសារធាតុពុលច្រើនជ្រុលពេកនៅក្នុងរាងកាយ អ្នកលនឹងមានអារម្មណ៍នឿយហត់ញឹកញាប់ឡើង ទោះបីជាក្រោយពីបានពេញលេញហើយក៏ដោយ។

    4 . មានបញ្ហាក្នុងការរំលាយអាហារ ៈ ដូចដែលបានរៀបរាប់រួចហើយថា ថ្លើមផលិតទឹកប្រមាត់ដែលជួយរំលាយអាហារ នៅពេលវាចុះខ្សោយ ការផលិតទឹកប្រមាត់ក៏នឹងថយចុះ និងជាផលធ្វើឱ្យអាហារដែលអ្នកញ៉ាំចូលទៅ មិនត្រូវបានរំលាយយ៉ាងឥតខ្ចោះ នាំឆ្ពោះទៅរកបញ្ហាទល់លាមក។

    5 . ការប្រែប្រួលលើពណ៌លាមក ៈ ទឹកប្រមាត់ដែលផលិតដោយថ្លើមនឹងជួយឱ្យលាមករបស់អ្នកក្លាយជាពណ៌ស្ករចាស់ នៅពេលអ្នកមានបញ្ហាពាក់ព័ន្ធនឹងថ្លើម នឹងធ្វើឱ្យថ្លើមផលិតទឹកប្រមាត់ថយចុះ នឹងធ្វើឱ្យលាមកស្អិត និងមានពណ៌ប្រផេះ ពណ៌ស្លេកនិងពណ៌លឿង។

    6 . កាប្រែប្រួលលើពណ៌ទឹកមូត្រ ៈ នៅពេលទឹកមូត្ររបស់អ្នកប្តូរពណ៌ ទោះជាអ្នកញ៉ាំទឹកយ៉ាងគ្រប់គ្រាន់ហើយក៏ដោយនោះ វាអាចចង្អុលបង្ហាញពីបញ្ហារបស់ថ្លើម ដូចជាកម្រឹត ប៊ិលីរូប៊ីនក្នុងក្រសែឈាមរបស់អ្នកដែលក្រលៀនបានផលិតចេញមកនោះទើបថ្លើមត្រូវកម្ចាត់ចេញ។ ទឹកមូត្រពណ៌ចាស់នៅអាចជាសញ្ញារបស់ការប្រើថ្នាំបដិបក្ខប្រាណ ឬការប្រើផលិតផលបំប៉នអាហារវីតាមីន B ដូច្នេះអ្នកគួរទៅជួបគ្រូពេទ្យដើម្បីការវិនិច្ឆ័យរោគដែលត្រឹមត្រូវ។

    7 . មានភាពអាចទៅរួចខ្ពស់ក្នុងការកើតជំងឺខាន់លឿងនៅពេល ប៊ិលីរូប៊ីននៅក្នុងក្រសែឈាមរបស់អ្នកកើនច្រើនឡើង ជាលទ្ធផលមកពីការធ្វើការដ៏កម្សោយរបស់ថ្លើមដែលមិនអាចកម្ចាត់វាចោលបាន ទើបអ្នកមានសញ្ញាក្នុងការខ្លួនឡើងលឿងដែលច្រើនតែកើតនៅលើស្បែក ចុងម្រាមដៃ ភ្នែក និងអណ្តាតរបស់អ្នក។

    8 . ការឃាំងទុកវត្ថុរាវ ៈ នៅពេលថ្លើមរបស់អ្នកមានបញ្ហាវានឹងឃាំងទុកវត្ថុរាវ ប្រអប់ជើង និងកជើងរបស់អ្នកនឹងរីកហើមអ្នកត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យរកមូលហេតុដែលពិតប្រាកដ។

    9 . ការប្រែប្រួលនៅក្នុងប្រអប់ពោះរបស់អ្នក ៈ នៅពេលថ្លើមមានបញ្ហានឹងមានសភាវកើតទឹកក្នុងប្រអប់ពោះ នេះជាអាការផ្តើមដំបូងរបស់ភាពខូចខាតក្នុងថ្លើមដែលមានការប្រមូលសន្សំរបស់វត្ថុរាវក្នុងប្រអប់ពោះ នឹងធ្វើឱ្យពោះឡើងប៉ោង។

    10 . ការក្រហាយស្បែករ៉ាំរ៉ៃ ៈ ស្បែករបស់អ្នកនឹងឆាប់រហ័សចំពោះវត្ថុជំរុញនៅពេលត្រូវប៉ះពាល់ និងមានសញ្ញាក្នុងការបែកស្រកា និងអាការរមាស់ រួមទាំងមើលឃើញសរសៃឈាមខ្មៅបានយ៉ាងច្បាស់ទៀតផងនៅពេលថ្លើមរបស់អ្នកមានបញ្ហា។

    11 . ជំងឺរាក និងមានឈាមចេញក្នុងពោះវៀន ៈ ពេលថ្លើមរបស់អ្នកមានបញ្ហានឹងមានអាការទល់លាមកលាយឡំនឹងអាការរាករូសជាមួយគ្នា ឬសូម្បីតែមានរហូតដល់មានឈាមចេញក្នុងពោះវៀនធំទៀតផង បើអ្នកជួបអាការទាំងនេះគួរទៅជួបគ្រូពេទ្យភ្លាមតែម្តង។

    12 . រមួលក្រពើញឹកញាប់ និងមានអាការឈឺពោះ ៈ អ្នកនឹងមានអារម្មណ៍ឈឺចាប់នៅម្តុំក្បាលពោះផ្នែកស្តាំខាងលើរបស់អ្នកនៅពេលថ្លើមមានបញ្ហា ព្រោះបរិវេណនោះមានភាពឆាប់រហ័សចំពោះអារម្មណ៍ដឹង។

    ពេលអ្នកជួបអាការផ្សេងៗទាំងនេះ ចូរកុំនៅស្ទាក់ស្ទើរក្នុងការទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញភ្លាមៗឱ្យសោះ៕

  • ទម្ងន់ខ្លួនទារកនៅក្នុងគភ៌ក្នុងត្រីមាសនីមួយៗ រឿងដែលស្រ្តីមានគភ៌គួរតែដឹង

    ទម្ងន់ខ្លួនទារកនៅក្នុងគភ៌ក្នុងត្រីមាសនីមួយៗ រឿងដែលស្រ្តីមានគភ៌គួរតែដឹង

    ទម្ងន់របស់ទារកនៅក្នុងគភ៌ នឹងបញ្ជាក់ប្រាប់ថា កូនក្នុងផ្ទៃរបស់អ្នកនោះរឹងប៉ឹងមាំមួនប៉ុនណា និងគួរបង្កើនការបំប៉នគភ៌យ៉ាងណាដើម្បីឱ្យទារកក្នុងផ្ទៃមានទម្ងន់ខ្លួនត្រឹមត្រូវតាមក្បួន ដូច្នេះទើប រឿងទម្ងន់ខ្លួនរបស់ទារកនៅក្នុងគភ៌ជារឿងសំខាន់មួយដែលស្រ្តីមានគភ៌គួរតែដឹង។

    ទម្ងន់ខ្លួនទារកក្នុងគភ៌ ក្នុងត្រីមាសនីមួយៗដែលស្រ្តីមានគភ៌គួរដឹងមានដូចតទៅ ៖

    ត្រីមាសដំបូង ៈ ចាប់ផ្តើមតាំងពី 8 សប្តាហ៍ – 12 សប្តាហ៍ ទម្ងន់ខ្លួនទារកនឹងស្ថិតក្នុងទម្ងន់ 1 – 15 ក្រាម និងទម្ងន់ខ្លួនរបស់ទារកនឹងចាប់ផ្តើមកើនឡើងជាបណ្តើរៗរហូតដល់សប្តាហ៍ទី 16។

    ត្រីមាសទី 2 ៈ ចាប់ផ្តើមពីអំឡុងសប្តាហ៍ទី 17 – 20 ទម្ងន់ខ្លួនរបស់ទារកនឹងកើនឡើងម្តងៗ 50 ក្រាម និងនៅពេលផុតត្រីមាសនេះ ទារកនឹងមានទម្ងន់ខ្លួនប្រមាណជា 600 ក្រាម។

    ត្រីមាសទី 3 ៈ ក្នុងអំឡុងពេលចុងក្រោយរបស់ការមានគភ៌នេះ ទម្ងន់ខ្លួនរបស់ទារកនឹងចាប់ផ្តើមកើនឡើងខ្លាំងដល់ទៅ 6 ដងនៃត្រីមាសទី 2 ទម្ងន់ខ្លួនរបស់ទារកនឹងកើនឡើងក្នុងមួយសប្តាហ៍ 200 ក្រាម និងកើតឡើងជារឿយៗរហូតដល់ទម្ងន់ប្រមាណជា 3400 – 3700 ក្រាមនៅពេលគ្រប់កំណត់ប្រសូត។

    ទម្ងន់ខ្លួនរបស់ទារកច្រើន ឬតិចជ្រុលពេក ក៏អាចប្រាប់ពីភាពខុសប្រក្រតីរបស់ទារកក្នុងគភ៌បានដូចខាងក្រោមនេះ ៈ

    ទម្ងន់ខ្លួនទារកតិចជ្រុលពេក ៈ អាចបណ្តាលមកពីភាពខុសប្រក្រតីរបស់ខ្រូម៉ូហ្សូម ឬសុកមានបញ្ហា ឬអាចបណ្តាលមកពីទារកខ្លួនឯង ដែលអាចធ្វើឱ្យការបញ្ជូនអុកស៊ីហ្ស៊ែន ឬសារធាតុអាហារឆ្ពោះទៅទារកខុសប្រក្រតី ធ្វើឱ្យទារកបានទទួលសារធាតុអាហារមិនបានគ្រប់គ្រាន់តាមតម្រូវការ ហុចផលឱ្យទារកមានទំហំខ្លួនតូច ទម្ងន់ខ្លួនតិច ដែលបើសិនជាមិនបានទទួលការព្យាបាលយ៉ាងត្រឹមត្រូវតាមវិធីទេនោះ អាចធ្វើឱ្យទារកស្លាប់បាន។ តែបើបណ្តាលមកពីខ្លួនស្រ្តីមានគភ៌វិញ អាចដោយសារតែកើតមានអាការគភ៌មានជាតិពុល លើសឈាម ឬទទួលសារធាតុអាហារមិនគ្រប់គ្រាន់ ជាពិសេសប្រូតេអ៊ីន។

    ទារកមានទម្ងន់ខ្លួនច្រើនជ្រុលពេក ៈ បញ្ហាច្រើនតែបណ្តាលមកពីការដែលស្រ្តីមានគភ៌ញ៉ាំច្រើនជ្រុលពេក ធ្វើឱ្យកូនក្នុងផ្ទៃមានទម្ងន់ខ្លួនច្រើន ហើយស្រ្តីមានគភ៌ខ្លួនឯងថែមទាំងប្រថុយប្រថានក្នុងការកើតរោគទឹកនោមផ្អែមខណៈពេលមានគភ៌ទៀតផង។ ក្រៅពីនេះនៅពេលដល់ពេលប្រសូត អាចនឹងធ្វើឱ្យពិបាកប្រសូត ដោយអាចនឹងត្រូវប្រើឧបករណ៍ផ្សេងៗជួយក្នុងការសម្រាល ដូចជា ប្រដាប់ចាប់គៀប ឬបើទារកខ្លួនធំខ្លាំងពេក អាចនឹងធ្វើឱ្យស្បូនរហែក ឬអាចត្រូវធ្វើការប្រសូតដោយការវះក៏មាន។

    ទារកដែលកើតមកមានទម្ងន់ខ្លួនច្រើនតាំងពីដំបូង នឹងមានឱកាសកើតរោគធាត់នាពេលអនាគតបាន ដោយសារតែកោសិកាខ្លាញ់ក្នុងរាងកាយមានទំហំធំមកតាំងពីទើបនឹងកើតភ្លាមហ្នឹងឯង៕

  • OnePlus Nord ជាស្មាតហ្វូន 5G ដែលនឹងលក់ក្នុងតម្លៃជាង 500ដុល្លារ

    OnePlus Nord ជាស្មាតហ្វូន 5G ដែលនឹងលក់ក្នុងតម្លៃជាង 500ដុល្លារ

    OnePlus Nord បានបង្ហាញ​រូបរាង​ជា​ផ្លូវការ​ហើយ ជា​ស្មា​ត​ហ្វូ​ន​តម្លៃស្រាលៗថ្មី 1ទៀត​របស់​ក្រុមហ៊ុន OnePlus ប៉ុន្តែ​មាន​លក្ខណសម្បត្តិ​មិន​ចាញ់​ស្មា​ត​ហ្វូ​ន​តម្លៃ​ថ្លៃ​ប៉ុន្មាន​ឡើយ។

    OnePlus Nord បានន​ពាំនាំ​ចំណុច​ទាក់ទាញ​របស់ OnePlus 8 ដែល​ក្នុងនោះ​មានដូចជា អេក្រង់ 90Hz Fluid AMOLED និង​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន Warp Charge 30T រួមជាមួយ​កាមេរ៉ា​មេ​ទំហំ 48MP ផងដែរ។

    OnePlus Nord មាន​អេក្រង់​ទំហំ 6.44អ៊ី​ញ ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 1080×2400 ភិ​កសែ​ល ការពារ​ដោយ​កញ្ចក់ Gorilla Glass 5 ហើយ​នៅលើ​អេក្រង់​នេះដែរ ក៏មាន​បង្កប់​ទ្រនាប់​ស្គែ​ន​ម្រាមដៃ​ផងដែរ។ នៅ​ផ្នែក​លើ​ខាងឆ្វេង នៃ​អេក្រង់ គឺមាន​កាមេរ៉ា Selfie ចំនួន 2គ្រាប់ ដែល​កាមេរ៉ា​មួយ​មាន​ទំហំ 32MP និង1ទៀត​មាន​ទំហំ 8MP ជា​ប្រភេទ​កាមេរ៉ា Ultrawide អាច​ថតរូប​ភាព​បាន​ទំហំ 105ដឺ​ក្រេ។

    នៅ​ផ្នែក​ខាងក្រោយ មាន​កាមេរ៉ា​ចំនួន 4គ្រាប់​តម្រៀប​គ្នា​ជា​ជួរ ដែល​កាមេរ៉ា​មេ​ទំហំ 48MP មាន Aperture f/1.75 និង​មាន​មុខងារ OIS/EIS មកជា​មួយ។ កាមេរ៉ា​នេះ គឺ​ដូចគ្នា​នឹង​កាមេរ៉ា​ដែល​គេ​ប្រើ​នៅលើ OnePlus 8ដែរ។ ចំណុច​ខុសគ្នា​ធំ​មួយ គឺ​កាមេរ៉ា​នេះ​អាច​ថត​វីដេអូ 4K បានត្រឹមតែ 30fps ប៉ុណ្ណោះ។ ចូលមក​ដល់​កាមេរ៉ា​បន្ទាប់​ទៀត គឺជា Ultrawide ទំហំ 8MP ដែល​អាច​ថតរូប​ភាព​ទំហំ 119ដឺ​ក្រេ អម​ជាមួយ​កាមេរ៉ា Macro ទំហំ 2MP និង​ចុងក្រោយ​ជា​កាមេរ៉ា​វាស់​ជម្រៅ​ទំហំ 5MP។

    ស្មា​ត​ហ្វូ​ន​នេះ​ដំណើរការ​ដោយ​បន្ទះ​ឈី​ប Snapdragon 765G ដែលមាន​ភ្ជាប់​មកជា​មួយ​នូវ​សេវា 5G ដែល​អម​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android10។ ថ្ម​របស់​វា​មាន​ទំហំ 4115mAh ដែល​អាច​សាក​ត្រឹម 30នាទី នឹង​បាន​ថាមពល​ថ្ម 70%។ យ៉ាងណាក្ដី វា​មិនមាន​អាវ​ក្រោះ​ការពារ​ទឹក និង​ធូលី​ដី ដូច OnePlus 8 ទេ។

    OnePlus Nord នឹង​ដាក់លក់​នៅក្នុង​តំបន់ 2 មុនគេ គឺ​អាស៊ី និង​អឺរ៉ុប ចាប់ពី​ថ្ងៃទី4 ខែសីហា ដែល​នៅ​អាស៊ី (ឥណ្ឌា) មានតម្លៃ​ចាប់ពី​ប្រមាណ 380ដុល្លារ និង​នៅ​អឺរ៉ុប​មានតម្លៃ​ចាប់ពី​ប្រមាណ 461ដុល្លារ ជា​តម្លៃ​សម្រាប់​ប្រភេទ RAM 8GB/ROM 128GB ហើយ​ក៏មាន​ប្រភេទ RAM 12GB/ROM 256GB ដែរ ដែលមាន​តម្លៃ​ប្រមាណ 402ដុល្លារ នៅ​ឥណ្ឌា និង​ប្រមាណ 576ដុល្លារ នៅ​អឺរ៉ុប។

    សូមជម្រាបថា Amazon នៅ​ប្រទេស​ឥណ្ឌា​មាន​លក់​ផ្ដាច់មុខ OnePlus Nord 1ប្រភេទ​ទៀត​មាន RAM 6GB/ROM 64GB ដែលមាន​តម្លៃ​ប្រមាណ 335ដុល្លារ ដែល​នឹង​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុង​ខែកញ្ញា៕

    ទស្សនា​វីដេអូខ្លីៗខាងក្រោម៖

  • មេ Facebook កំពុងបារម្ភ ព្រោះឥណ្ឌា អាចនឹងបិទ Facebook ដូចបិទTikTok អ៊ីចឹងដែរ!

    មេ Facebook កំពុងបារម្ភ ព្រោះឥណ្ឌា អាចនឹងបិទ Facebook ដូចបិទTikTok អ៊ីចឹងដែរ!

    លោក Mark Zuckerber ត្រូវបាន​សារព័ត៌មាន​មួយ​របស់​ឥណ្ឌា​ចុះផ្សាយ​ថា មេ Facebook រូបនេះ​កំពុង​បារម្ភ ព្រោះ​ឥណ្ឌា​ក៏​អាច​នឹង​បិទ Facebook បាន​ដូច​បិទ​TikTok អ៊ីចឹង​ដែរ។

    ស្ថា​និក Facebook វ័យក្មេង​រូបនេះ បាន​ធ្លោយ​អារម្មណ៍​បែប​នោះ​ចេញមក​ដែល​បានធ្វើឱ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល តែ​លទ្ធផល​មែនទែន នឹង​ទៅជា​យ៉ាងណា​នោះ មិនទាន់មាន​នរណាម្នាក់​ដឹង​នៅឡើយ​ទេ។

    TikTok ជា​កម្មវិធី​មួយ​ក្នុងចំណោម 59កម្មវិធី​ទៀត ដែល​ត្រូវបាន​រដ្ឋាភិបាល​ឥណ្ឌា បិទ​ចោល​កាលពីពេល​កន្លងទៅថ្មីៗនេះ និង​បាន​បង្កើត​កម្មវិធីស្រដៀងៗនោះ ផ្ទាល់ខ្លួន និង​ថែមទាំង​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​យុវវ័យ​ឥណ្ឌា​ទៀតផង។

    រំឭក​ផងដែរ​ថា កាល​ឆ្នាំ2016 សេវាកម្ម Facebook’s Free Basics ដែល​អាច​ប្រើ​សម្រាប់​ភ្ជាប់​អ៊ិន​ធើ​ណិ​ត លេង​ហ្វេ​ស​ប៊ុ​កបាន​គ្រប់កន្លែង​នោះ ក៏ត្រូវ​បាន​បិទ​ម្ដង​រួចហើយ ក្រោម​ហេតុផល​ថា សេវាកម្ម​នេះ​ហាក់ដូចជា​ខុស​នឹង​ច្បាប់​របស់​ឥណ្ឌា ដោយបាន​បំពាន​សិទ្ធិ​អ្នកប្រើប្រាស់ និង​អាច​ជ្រៀតចូល​យក​ទិន្នន័យ​អ្នកប្រើប្រាស់ ជាដើម៕

  • ក្រុមហ៊ុន Samsung ប្រកាសចេញទូរស័ព្ទប្រើឈីប Snapdragon 865+ ដំបូងគេក្នុងពិភពលោក

    ក្រុមហ៊ុន Samsung ប្រកាសចេញទូរស័ព្ទប្រើឈីប Snapdragon 865+ ដំបូងគេក្នុងពិភពលោក

    ស្មា​ត​ហ្វូ​ន​ថ្មី 3ម៉ូ​ដែល បានប្រកាស​ចេញ ដែល​សុទ្ធសឹងតែ​ជា​ស្មា​ត​ហ្វូ​ន​ដែល​ប្រើប្រាស់​ឈី​ប Snapdragon 865+ ជា​បន្ទះ​ឈី​ប​ជំនាន់​ចុងក្រោយ​របស់​ក្រុមហ៊ុន Qualcomm។

    ស្មា​ត​ហ្វូ​ន​ដែល​បានប្រកាស​ប្រើ​ឈី​ប Snapdragon 865+ មុនគេ  គឺ​ទី1 **Lenovo Legion Duel** ទី2 គឺ **Galaxy Z Flip 5G** និង​ទី3 **Asus ROG Phone 3** ដែល​ស្មា​ត​ហ្វូ​ន​ទាំងអស់នេះ បានប្រកាស​ចេញ​មុន​ក្រោយ​គ្នា តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

    **Samsung Galaxy Flip 5G**

    ស្មា​ត​ហ្វូ​ន​នេះ គឺជា​ការ​អាប់​ឌែ​ត​ចេញពី Galaxy Z Flip ប្រភេទ 4G ដែល Samsung បានប្រកាស​ចេញ​កាលពី​ខែកុម្ភៈ​កន្លងទៅ។ រូបរាង​របស់​វា មិនមាន​ការផ្លាស់ប្ដូរ ហើយ​លក្ខណសម្បត្តិ​វិញ គឺ​ខុស​តែ​ត្រង់​ការប្ដូរ​មក​ប្រើ​ឈី​ប Snapdragon 865+ ដែលមាន​គាំទ្រ​សេវា 5G ហើយ​វា​ក៏មាន​ជម្រើស​ពណ៌​ខុសពី​មុន​ដែរ គឺមាន​ពណ៌​ទង់ដែង ជាមួយនឹង​ពណ៌​ប្រផេះ។

    Galaxy Z Flip 5G នឹង​ដាក់លក់​ចាប់ពី​ថ្ងៃទី7 ខែសីហា ដោយនៅ​សហរដ្ឋអាមេរិក​មា​នល​ក់តា​មរយៈ AT&T និង T-Mobile ជាមួយ​តម្លៃ 1,450ដុល្លារ ដែល​ថ្លៃ​ជាង​ប្រភេទ​4G 70ដុល្លារ៕

  • សហរដ្ឋអាមេរិកលេងមែនទែន!! បញ្ជាឱ្យបិទស្ថានកុងស៊ុលចិន ក្នុងទីក្រុងហ៊ូស្តុន ជាការផ្ញើសារប្រាប់ក្រុងប៉េកាំងឱ្យ ឈប់លួចការសម្ងាត់របស់អាមេរិក

    សហរដ្ឋអាមេរិកលេងមែនទែន!! បញ្ជាឱ្យបិទស្ថានកុងស៊ុលចិន ក្នុងទីក្រុងហ៊ូស្តុន ជាការផ្ញើសារប្រាប់ក្រុងប៉េកាំងឱ្យ ឈប់លួចការសម្ងាត់របស់អាមេរិក

    មន្ត្រីជាន់ខ្ពស់​ម្នាក់​រប​ស់​ក្រសួងការបរទេស​អាមេរិក បាន​ប្រាប់ឱ្យដឹង​កាលពី​ថ្ងៃ​សុក្រ(ទី24កក្កដា)ម្សិលមិញ​ថា ការបិទ​ស្ថាន​កុងស៊ុល​ចិន​ក្នុង​ទីក្រុង​ហ៊ូ​ស្តុ​ន រដ្ឋ​តិច​សាស់ គឺជា​ការផ្ញើ​សារ​ទៅកាន់​ក្រុង​ប៉េកាំង ឱ្យ​បញ្ឈប់​ប្រតិបត្តិការផ្សេងៗក្នុងការ​លួច​ការសម្ងាត់​ខាង​វិទ្យាសាស្ត្រ និង​តិច​ណូ​ឡូ​ជី​របស់​អាមេរិក។

    មន្ត្រីជាន់ខ្ពស់​ដែល​មិន​បញ្ចេញ​ឈ្មោះ​រូបនោះ បាន​ថ្លែងថា “វា​ដល់​ពេលដែល​អ្នក​ត្រូវតែ​និយាយថា ល្មម​ហើយ! ព្រោះ​ក្រុង​ប៉េកាំង​បាន​ប្រព្រឹត្តល្មើស​យ៉ាង​អាក្រក់​បំផុត​ចំពោះ​សង្គម​អាមេរិក ដែល​អាច​ចូលដល់​បាន​យ៉ាង​ឥស្សរៈ និង​សេរី​បំផុត ដោយ​ការគ្រប់គ្រង​ប្រតិបត្តិការផ្សេងៗ សម្រាប់​លួច​ទ្រព្យសម្បត្តិ​ខាង​បញ្ញា របស់​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់ ហើយ​ការបិទ​ស្ថាន​កុងស៊ុល​ក្នុង​ក្រុង​ហ៊ូ​ស្តុ​ន​នេះ គឺជា​ការបង្ហាញ​ឱ្យដឹង​យ៉ាង​ម៉ឺងម៉ាត់​ថា យើង​នឹងធ្វើ​មែនទែន​ប៉ុនណា”

    កាលពី​ថ្ងៃ​អង្គារ(ទី21កក្កដា) ក្រសួងការបរទេស​អា​មេ​រិ​ក បានចេញ​បញ្ជា បិទ​ស្ថាន​កុងស៊ុល​របស់​ចិន នៅក្នុង​ទីក្រុង​ដ៏​ធំ​បំផុត​របស់​រដ្ឋ​តិច​សាស់ ដោយ​ទុកពេល​ឱ្យ​ក្រុង​ប៉េកាំង​រហូតដល់​ថ្ងៃ​សុក្រ(ទី24កក្កដា) សម្រាប់​ការបិទ​ស្ថាន​កុង​ស៊ុន​នេះ​ជា​ស្ថាពរ។

    ទីភ្នាក់ងារ​ព័ត៌មាន អា អេ​ហ្វ ប៉េ បាន​រាយការណ៍​ថា គេ​បាន​មើលឃើញ​រថយន្ត​ភិ​ក​អាប់​បើក​ចេញ-ចូល​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ដឹកជញ្ជូន​វត្ថុ​របស់រប​រ និង​ឧបករណ៍ផ្សេងៗ ហើយ​នៅ​ថ្ងៃ​ពុធ(ទី22កក្កដា) គេ​មើលឃើញ​មាន​ផ្សែងខ្មៅ​អណ្ដែត​ឡើង​ចេញពី​តួ​អគារ ដែល​គេ​សន្និដ្ឋានថា បណ្ដា​ក្រុមមន្ត្រី​ចិន​កំពុង​ដុត​ឯកសារ​មួយចំនួន​ចោល។

    នៅ​ព្រឹក​ថ្ងៃ​សុក្រ(ទី24កក្កដា) គេ​មើលឃើញ​ក្រុមមន្ត្រី​ចិន​ជាច្រើន​នាក់ ដោយ​ទាំងអស់​មាន​ពាក់​ម៉ាស់​អនាម័យ​ការពារ​វីរុស​ផង កំពុង​លើក​ថង់ធំៗឡើង​រថយន្ត​ដឹកជញ្ជូន តែមាន​មួយចំនួន ត្រូវបាន​បោះចោល​ទៅក្នុង​ធុងសំរាម​ដែល​នៅក្បែរនោះ។

    មន្ត្រី​នៃ​ក្រសួងយុត្តិធម៌​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ក្នុងខណៈដែល​សហរដ្ឋ​អាមេរិក​ធ្លាប់​បានគិត​រួចស្រេច​ទៅហើយ​ថា ប្រហែលជា​ត្រូវ​ជួបនឹង​ការធ្វើ​ចារកម្ម និង​ការ​លួច​ទ្រព្យសម្បត្តិ​ខាង​បញ្ញា ពី​បណ្ដា​អ្នកការទូត​បរទេស​នោះ តែ​សកម្មភាព​របស់​ស្ថាន​កុងស៊ុល​ចិន​នៅ​ទីក្រុង​ហ៊ូ​ស្តុ​ន បាន “ធ្វើ​ល្មើស​ហួសហេតុ​ពេក។

    ក្នុងនោះ​រួមទាំង​ករណី​ដែល​ពួកគេ​បាន​បញ្ជា​ឱ្យ​បណ្ដា​ពួក​និស្សិត និង​អ្នកស្រាវជ្រាវ​របស់​ចិន រិះរក​វិធី​ចូល​ឱ្យដល់​ទិន្នន័យ​ព័ត៌មាន និង​តិច​ណូ​ឡូ​ជី ក្នុង​រូប​បែប​ណាមួយ​ក៏បាន កេណ្ឌ​ប្រមូល​ប្រជាជន​អាមេរិក​ឱ្យ​ចូលរួម​ក្នុង​គ្រោងការ​តិច​ណូ​ឡូ​ជីរ​បស់​ពួកគេ និង​តម្រង់​គោលដៅ​ចាត់ការ​ជន​ជាតិចិន​ក្រុមប្រឆាំង​រដ្ឋាភិបាល ដែល​ស្នាក់នៅ​ក្នុងប្រទេស​អាមេរិក​ទៀតផង។

    ជាការ​ឆ្លើយតប​នឹង​រឿងនេះ កាលពី​ថ្ងៃ​សុក្រ(ទី24កក្កដា) ក្រុង​ប៉េកាំង​បានចេញ​បញ្ជា​ឱ្យ​សហរដ្ឋអាមេរិក បិទ​ស្ថាន​កុងស៊ុល​នៅក្នុង​ទីក្រុង​ឈឹង​ទូ មណ្ឌល​សេ​ឆួ​ន ដូចគ្នា៕

    ប្រភព៖ សារព័ត៌មាន​បរទេស

  • កម្មវិធីកែរូបភាពជាច្រើន នៅក្នុង Play Store ជាកម្មវិធីបោកបញ្ឆោត

    កម្មវិធីកែរូបភាពជាច្រើន នៅក្នុង Play Store ជាកម្មវិធីបោកបញ្ឆោត

    កាលពីពេលថ្មីៗនេះ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​កម្មវិធី​កែ​រូបភាព​ក្លែងក្លាយ​ចំនួន ២៩ នៅក្នុង Google Play Store ដែល​មិនអាច​ប្រើ​បាន​ដូច​អ្វីដែល​បាន​សន្យា ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែមទាំង​ធ្វើឱ្យមាន​បញ្ហាផ្សេងៗមួយចំនួន​ជាមួយ​ទូរ​សព្ទ​របស់​លោកអ្នក​ទៀតផង។ កម្មវិធី​ទាំងនេះ​ត្រូវបាន​អ្នកប្រើប្រាស់ ទាញយក​ប្រមាណ ៣.៥លាន​ដង រួចមកហើយ។

    ពេលដែល​លោកអ្នក​បញ្ចូល​កម្មវិធី​នេះ វា​នឹង​ធ្វើឱ្យ​ឧបករណ៍​របស់លោក​អ្នក​បើក​វេ​ប​សាយ ដែលមាន​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​ស្វ័យប្រវត្តិ។ ការ​ជ្រៀតចូល​នេះ​ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា Chartreuse Blur ព្រោះ​កម្មវិធី​ទាំងអស់នេះ​គឺជា​ប្រភេទ​កម្មវិធី​សម្រាប់​កែ​រូបភាព​ហើយ​ភាគច្រើន​មាន​ពាក្យ Blur ក្នុង​ឈ្មោះ​កម្មវិធី​ផងដែរ។ ឧទាហរណ៍​កម្មវិធី Square Photo Blur គឺជា​កម្មវិធី​ក្លែងក្លាយ ហើយក៏​ត្រូវបាន​លុបចេញ​ពី Play Store រួចហើយ​ដែរ។

    អ្នកស្រាវជ្រាវ​បានបង្ហាញ​ពីរ​ចំណុច ដែល​អាចឱ្យ​អ្នកប្រើប្រាស់​សម្គាល់​បាន​ថា​តើ​កម្មវិធី​នេះ ជា​កម្មវិធី​ក្លែងក្លាយ​នោះ​គឺ ទីមួយ នៅពេលដែល​លោកអ្នក​បញ្ចូល​កម្មវិធី icon របស់​វា​ត្រូវបាន​លុប​ចេញពី Home screen។ ទី​ពីរ គឺ​បន្ទាប់ពី​បញ្ចូល​កម្មវិធី​នោះ​ហើយ លោក​អ្នកនឹង​ចាប់ផ្ដើម​ទទួលបាន​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​ស្វ័យប្រវត្តិ​ជា​ញឹកញាប់។ ដូច្នេះ​ប្រសិនបើ​លោកអ្នក​បាន​បញ្ចូល​កម្ម​វិធី​នេះ ហើយ​មានបំណង​ចង់​លុប​វា​ចោល​វិញ​នោះ លោកអ្នក​ត្រូវ​ចូលទៅក្នុង Settings របស់​ទូរ​សព្ទ​ទើប​លុប​វា​ចោល​បាន៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា