Author: ធឿន មករា

  • រយៈពេល4ឆ្នាំចុងក្រោយនេះ កម្ពុជាលក់ឥណទានកាបូនក្នុងទីផ្សាររស្ម័គ្រចិត្តបាន 11.6លានដុល្លារ

    រយៈពេល4ឆ្នាំចុងក្រោយនេះ កម្ពុជាលក់ឥណទានកាបូនក្នុងទីផ្សាររស្ម័គ្រចិត្តបាន 11.6លានដុល្លារ

    កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​នានា​ក្នុង​តំបន់​ដែលមាន​លទ្ធភាព​លក់​ឥណទាន​កាបូ​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត ដោយ​គម្រោង​នេះ​ជា​គម្រោង​យ៉ាង​ល្អ​ដើម្បី​ជំរុញឱ្យមាន​ការអភិរក្ស​ព្រៃឈើ និង​ទទួលយក​ផលប្រយោជន៍​ប្រកបដោយ​និរន្តរភាព។

    ឯកឧត្តម នេ​ត ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា ចាប់ពី​ឆ្នាំ 2016 រហូតដល់​ឆ្នាំ 2020 កម្ពុជា​បាន​លក់​ឥណទាន​កា​បោ​ន​ក្នុង​ទីផ្សារ​ស្ម័គ្រ​ចិត្តបាន​ចំនួន​ប្រមាណ 11.6លាន​ដុល្លារ បើ​គិត​ជា​បរិមាណ​កា​បោ​ន​វិញ​គឺ​ជិត 10លាន​តោន។ ឯកឧត្តម​ថា ថវិកា​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការអភិរក្ស​ធនធានធម្មជាតិ និង​ការចូលរួម​នៅក្នុង​ការអភិវឌ្ឍ​សហគមន៍​ការពារ​ធនធានធម្មជាតិ។

    មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​ខាងលើ​បានបញ្ជាក់​ផងដែរ​ថា តំបន់​ដែល​កម្ពុជា​បាន​លក់​ឥណទាន​កាបូន​នេះ​មាន​ចំនួន 3កន្លែង​គឺ ដែនជម្រកសត្វព្រៃ​កែវ​សីមា ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង និង​ដែនជម្រកសត្វព្រៃ​តា​តៃ។ ការលក់​ឥណទាន​កាបូន​នេះ មានន័យថា​យើង​ប្រើប្រាស់​អស់​លទ្ធភាព​នូវ​សក្តានុពល​របស់​ព្រៃឈើ ព្រោះ​ជាធម្មតា​ព្រៃ​បាន​បញ្ចេញ​អ៊ី​ស៊ី​សែន និង​ស្រូប​ទៅវិញ​នូវ​កាបូន ដែល​ការ​ស្រួប​នេះហើយ​ដែល​យើង​អាច​វាស់ និង​ទាញយក​សម្រាប់​លក់​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត។ ហេតុនេះ​ដើម្បី​អាច​លក់​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រ​ចិត្តបាន លុះត្រាតែ​យើង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិ​រក្សា និង​ថែរក្សា​ធនធានធម្មជាតិ ជាពិសេស​ប្រព័ន្ធ​អេកូឡូស៊ី៕

  • ការមើលថែទាំអញ្ចាញធ្មេញ និងធ្មេញយ៉ាងត្រឹមត្រូវតាមវិធី

    ការមើលថែទាំអញ្ចាញធ្មេញ និងធ្មេញយ៉ាងត្រឹមត្រូវតាមវិធី

    មានមនុស្សជាច្រើនៗតែព្រងើយកន្តើយនឹងការដុសសម្អាតធ្មេញ ដោយមិនដឹងឡើយថា ភាពស្អាតនៅក្នុងប្រអប់មាត់ក៏មានចំណែកសំខាន់ខ្លាំងដែរ ព្រោះវាអាចហុចផលដល់អវយវៈផ្នែកដទៃទៀតបាន ដោយគួរដុសសម្អាតធ្មេញយ៉ាងតិចក្នុងមួយថ្ងៃឱ្យបាន 2ដង ចូរប្រើច្រាសដុសធ្មេញសរសៃទន់ មិនមែនជាច្រាសដែលមានសរសៃរឹងខ្លាំងពេកនោះទេ ព្រោះវាអាចធ្វើឱ្យធ្មេញងាយឆាប់សឹក។

    ទំហំរបស់ក្បាលច្រាសដុសធ្មេញក៏គួរមានខ្នាតដែលសមល្មមក្នុងការចូលទៅដល់គ្រប់កន្លុកកន្លៀតរបស់ធ្មេញបានយ៉ាងងាយស្រួល និងត្រូវផ្តល់ភាពសំខាន់របស់ការដុសសម្អាតធ្មេញដែលត្រឹមត្រូវតាមវិធី និងគ្រប់ៗទីតាំងរបស់ធ្មេញនីមួយៗ ដូច្នេះហើយទើប ឡារ៉ែន មានវិធីដុសសម្អាតធ្មេញដែលត្រឹមត្រូវមកជម្រាបជូនដូចតទៅ ៖

    1 . គួរដុសសម្អាតធ្មេញឱ្យត្រូវវិធីក្រោយពេលបរិភោគអាហាររួចគ្រប់ពេល តែបើមិនមានភាពងាយស្រួលក្នុងការដុសសម្អាតធ្មេញទេនោះ ក៏គួរតែខ្ពុរមាត់ខ្លាំងៗដោយទឹកស្អាតគ្រប់ពេល និងត្រូវដុសសម្អាតធ្មេញយ៉ាងតិចក្នុងមួយថ្ងៃ 2 ដង គឺ ភ្ញាក់ពីដំណេក និងមុនចូលគេង។

    2 . ក្រោយពេលដុសធ្មេញ អាចប្រើម្រាមដៃដុសធ្វើម៉ាស្សាលើសាច់អញ្ចាញធ្មេញស្រាលៗគ្រប់កន្លែង ដើម្បីជួយឱ្យអញ្ចាញធ្មេញរឹងមាំ។

    3 . ទទួលទានបន្លែ និងផ្លែឈើដែលជួយថែបំប៉នអញ្ចាញ និងជួយសម្អាតធ្មេញបែបងាយៗ ដូចជា ផ្លែក្រូច ប៉ិគក់ ត្របែក ជម្ពូ ជាដើម។

    4 . ចៀសវាងពីការខាំហែកវត្ថុរឹងៗដោយធ្មេញ ដូចជា ហែកថង់ប្លាស្ទិក ខាំខ្សែចំណងឱ្យដាច់ ប្រើធ្មេញគាស់បើកគម្របដបជាដើម ព្រោះអាចធ្វើឱ្យធ្មេញជំពើស បែក ឬរង្គើបាន។

    5 . សង្កេតមើលធ្មេញ និងអញ្ចាញបន្ទាប់ពីដុសសម្អាតធ្មេញរួច ដោយការឆ្លុះកញ្ចក់មើលក្នុងប្រអប់មាត់ម្តងម្កាល បើឃើញមានចំណុចខ្មៅៗ ស្នាមហើមក្រហមៗនៅលើសាច់អញ្ចាញ ឬមានកំណកកំបោររឹងៗនៅតាមជើងធ្មេញ គួរតែទៅជួបទន្តពេទ្យដើម្បីពិនិត្យព្យាបាលជាបន្ទាន់។

    6 . មិនគួរកេះធ្មេញដោយមិនចាំបាច់នោះទេ ព្រោះនឹងធ្វើឱ្យជើងធ្មេញមានប្រហោង និងអាចឆ្លងមេរោគបានទៀតផង។

    7 . ក្នុងករណីដែលធ្មេញទឹកដោះ(សម្រាប់ក្មេងតូចៗ)រង្គើធ្វើឱ្យឈឺខណៈពេលញ៉ាំអាហារ ឬពេលដុសសម្អាតធ្មេញ ឬក៏មានធ្មេញពុកផុយរបេះអស់នៅសល់តែគល់ លែងមានធ្មេញហើយនោះ គួរតែទៅប្រឹក្សាជាមួយទន្តពេទ្យដើម្បីដកចេញភ្លាម។

    វិធីដុសសម្អាតធ្មេញ

    ការដុសសម្អាតធ្មេញ​ គួរដុសសម្អាតឱ្យសព្វគ្រប់លើធ្មេញ និងគ្រប់ផ្នែករបស់ធ្មេញដែលច្រាសដុសធ្មេញចូលដល់ ពេលដុស មិនចាំបាច់ប្រើកម្លាំងសង្កត់ខ្លាំងៗទេ ការដុសសម្អាតធ្មេញម្តងៗគួរប្រើពេលវេលាពី 2 – 3 នាទី ការចាប់កាន់ច្រាសដុសធ្មេញ គួរចាប់កាន់ដងច្រាសដោយម្រាម 4 ចំណែកម្រាមមេដៃដាក់សង្កត់នៅលើដងច្រាស ដែលធ្វើឱ្យអាចកម្រើកម្រាមដៃឱ្យច្រាសដុសធ្មេញវាសចុះ ឬវាសឡើងបានពេញដៃ៕

  • មណ្ឌលទេសចរណ៍ដ៏ចម្លែកអស្ចារ្យមួយក្នុងប្រទេស យេមែន

    មណ្ឌលទេសចរណ៍ដ៏ចម្លែកអស្ចារ្យមួយក្នុងប្រទេស យេមែន

    គឺជាភូមិតូចមួយស្ថិតនៅជ្រងោរលើផ្ទាំងថ្មខ្នាតយក្សមួយដុំ កណ្តាលជ្រលងភ្នំ និងដងអូរ ដ៏សែនស្រស់ស្អាត និងហ្វ៊ែនតាស៊ី ដូចនៅក្នុងខ្សែភាពយន្តអ៊ីចឹង។

    បើនិយាយអំពី យេមែន មនុស្សជាច្រើនអាចនឹងនឹកទៅដល់ប្រទេសមួយដែលស្ងួតហួតហែងក្នុងភូមិភាគមជ្ឈឹមបូពា៌ ដែលវាពិតជាប្រទេសមួយដែលស្ងួតហួតហែងមែនហ្នឹងឯង ព្រោះយេមែនមិនសូវមានប្រភពទឹកដូចជាទន្លេ ឬជ្រលងដងអូរអ្វីប៉ុន្មានឡើយ ទើបប្រជាជនយេមែនត្រូវពឹងលើទឹកភ្លៀងដែលហូរមករួមគ្នានៅក្នុងអាងតាមជ្រលងភ្នំ និងដោយសារហេតុនេះឯង ទើបធ្វើឱ្យពួកគេត្រូវបង្កើតជាភូមិមួយដែលនឹងប្រើប្រយោជន៍ពីប្រភពទឹកដ៏មានកំណត់ទាំងនោះឱ្យបានច្រើនបំផុត។

    ភូមិមួយក្នុងចំណោមភូមិដែលចាប់កំណើតឡើងដោយគំនិតប្រាជ្ញារបស់ពួកអ្នកស្រុកនោះគឺ ភូមិ Haid Al-Jazil ដែលតាំងឡើងជ្រងោរនៅលើផ្ទាំងថ្មដ៏ធំប៉ុនយក្សមួយ ដែលស្ថិតនៅលើជ្រលងភ្នំ និងប្រភពទឹកមួយកន្លែងទៀត មើលឃើញហើយជាទិដ្ឋភាពហ្វ៊ែនតាស៊ីដ៏គួរឱ្យនឹកស្ងើចបំផុត។

    ចំណែកផ្ទះវិញសុទ្ធតែត្រូវសាងសង់ឡើងអំពីឥដ្ឋ ដីឥដ្ឋ និងឈើ តែក៏ធ្វើឱ្យអ្នកស្រុកពិបាកមិនស្ទើរឡើយនៅក្នុងរដូវភ្លៀង ព្រោះភ្លៀងដែលធ្លាក់មកយ៉ាងខ្លាំងនោះ នឹងលាងជម្រះផ្ទះរបស់ពួកគេឡើងរឡេករឡាក់អស់ រហូតដល់ត្រូវខាតពេលសង់ឡើងជាថ្មីម្តងទៀត។

    ទោះជាមើលទៅរាងក្តៅខ្លាំងរហូតដល់ចង់ខ្យល់គមែន តែក៏គួរឱ្យស្ងើច និងគួរឱ្យទៅទស្សនាកំសាន្តមិនតិចឡើយ អ៎…សូមខ្សឹបប្រាប់បន្តិចចុះថា សម្រាប់អ្នកដែលខ្លាចទីខ្ពស់ៗនោះ អាចមានរឿងស្រៀវស្រើបខ្លះតិចតួច ព្រោះផ្ទាំងថ្មយក្សមួយដុំនេះមានកម្ពស់ប្រមាណជា 150 ម៉ែត្រឯណោះ៕

  • កម្ពុជាទើបនឹងអនុញ្ញាតឱ្យក្រុមហ៊ុន 4បន្ថែមទៀតវិនិយោគលើទំហំទឹកប្រាក់ជិត 40លានដុល្លារអាមេរិក

    កម្ពុជាទើបនឹងអនុញ្ញាតឱ្យក្រុមហ៊ុន 4បន្ថែមទៀតវិនិយោគលើទំហំទឹកប្រាក់ជិត 40លានដុល្លារអាមេរិក

    ទោះបី​ស្ថិតក្នុង​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 ក៏ដោយ ក៏​កម្ពុជា​ជានិច្ចកាល​នៅតែ​បន្ត​ទទួល​គម្រោង​អភិវឌ្ឍ​នានា​ពី​ក្រុមហ៊ុន​ឯកជន​នានា​លើ​វិស័យ​ជាច្រើន​សម្រាប់​នាំចេញ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក។

    នៅក្នុងពេលថ្មីៗនេះ ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ហៅ​កាត់​ថា CDC បាន​អនុ​ម័​ត្ត​គម្រោងសំខាន់ៗចំនួន4 លើ​ទំហំ​ទឹកប្រាក់​ប្រមាណ 38.6លាន​ដុល្លារ​អាមេរិក។ ក្រុមហ៊ុន​ទាំងនោះ​មានដូចជា៖

    1.ក្រុមហ៊ុន HE CHENG XING PACKAGING (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោមចៅ​ទី2 ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ 2.3លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 180កន្លែង។

    2.ក្រុមហ៊ុន KANG HWA E & C (CAMBODIA) CO., LTD គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ (គោ មាន់ ទា) និង​រោងចក្រ​កែច្នៃ និង​បង្កើត​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​កម្លាំង 4.5មេ​ហ្គា​វ៉ា​ត់ (សម្រាប់​ប្រើប្រាស់​ក្នុង​កសិដ្ឋាន) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កកោះ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ 31.7លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 144កន្លែង។

    1. ក្រុមហ៊ុន CORIUM LEATHER (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ស្បែក​សត្វ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃខ្លា ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ 2.5លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 291កន្លែង។
    2. ក្រុមហ៊ុន IGTM (CAMBODIA) CO., LTD. គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ 2.1លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 396កន្លែង៕
  • ថ្ងៃប្រឡងបាក់ឌុបផ្លូវការសម្រាប់សាលាឯកជនត្រូវលើកទៅថ្ងៃទី 27សីហា ឆ្នាំ2020

    ថ្ងៃប្រឡងបាក់ឌុបផ្លូវការសម្រាប់សាលាឯកជនត្រូវលើកទៅថ្ងៃទី 27សីហា ឆ្នាំ2020

    ក្រោយពេល​លើក​ថ្ងៃ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ចំពោះ​សិស្សានុសិស្ស​សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជន ដោយសារតែ​ថ្ងៃ​ប្រឡង​ចាស់​ត្រូវ​ចំពេល​ឈប់សម្រាក​ដែល​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យ​ឈប់​សង​ថ្ងៃ​ចូលឆ្នាំ នៅពេលនេះ ក្រសួង​អប់រំ​បានបញ្ជាក់​ជាថ្មី​នូវ​ថ្ងៃ​ជាក់លាក់​សម្រាប់​ការរៀបចំ​ប្រឡង។

    ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា ក្រសួង​សម្រេច​កំណត់​យក​ថ្ងៃទី 27-28 ខែសីហា ឆ្នាំ200ខាងមុខនេះ​ជា​ថ្ងៃ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ។ ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ត្រូវ​រៀបចំ​រយៈពេល2ថ្ងៃ ដោយ​ក្នុងនោះ​គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវដាក់​ពាក្យ ស្នើសុំ​រៀបចំ​ការប្រឡង​បាក់​ឌុប​មក​ក្រសួង​អប់រំ យុវជន និង​កីឡា​តាមរយ:មន្ទីរអប់រំ យុវជន និង​កីឡា​ឱ្យបាន​មុន​ដំណាច់ខែ​កក្កដា ឆ្នាំ2020 ដើម្បី​ពិនិត្យ និង​ទទួលស្គាល់។

    គ្រឹះស្ថាននីមួយៗក៏​ចាំបាច់​ផងដែរ​ក្នុងការ​អនុវត្តតាម​កា​រ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា ជុំវិញ​បញ្ហា​សុវត្ថិភាព​របស់​បេក្ខជន៕

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    21 . វិធីកំចាត់ក្លិនអាប់ដែលជាប់នៅក្នុងធុងទឹកកកអាចធ្វើបានដោយ យកម្សៅប៊ែកឃីងសូដាមកលាយជាមួយទឹកក្តៅ ហើយយកមកដុសលាងធុងទឹកកកនោះឱ្យសព្វ រួចហើយលាងនឹងទឹកស្អាតមួយសាទៀត ក្លិនអាប់មិនគួរឱ្យបេតីនោះនឹងបាត់អស់ជាមិនខាន។

    22 . វិធីទុកដាក់ទុយយោទឹកជ័រដែលវែងដោយមិនឱ្យស៊ីទីកន្លែងច្រើន អាចធ្វើបានយ៉ាងងាយស្រួលដោយការរុំវាចូលទៅក្នុងកង់ឡានដែលឈប់ប្រើហើយ តែប៉ុណ្ណឹងឯងនឹងធ្វើឱ្យមើលទៅឃើញស្អាត មានរបៀប និងមិនស៊ីទីកន្លែងទៀតផង។

    23 . វិធីកំចាត់បញ្ហាក្លិនលូបង្គន់ភាយក្លិនស្អុយពេញផ្ទះ គឺប្រើប្រេងកាតប្រហែលជា 1 ដបធំ ចាក់ចូលទៅក្នុងបង្គន់បត់ជើងហើយចាក់ទឹកចូលទៅតាមក្រោយ ដើម្បីកុំឱ្យនៅសល់ក្លិនប្រេងកាត តែប៉ុណ្ណឹងធានាថា បញ្ហាក្លិនបង្គន់នឹងលែងរំខានច្រមុះលោកអ្នកទៀតហើយ។

    24 . វិធីការពារសត្វចិញ្ចឹម ដូចជា ឆ្មា ឆ្កែ ជាដើមកុំឱ្យមកខាំកកេរគ្រឿងសង្ហារិមនៅក្នុងផ្ទះគឺ យកប្រេងយូខាលិបតាស់(ក្លិនម៉ង់តុល) ឬប្រេងណាដែលមានក្លិនឈួលមកលាបលើគ្រឿងសង្ហារិមទាំងនោះ ក្លិនឈួលនោះនឹងធ្វើឱ្យពួកវាមិនហ៊ានចូលមកខាំកកេរទៀតលើយ។

    25 . វិធីកំចាត់ស្នាមប្រឡាក់ខ្មៅៗនៅលើឧបករណ៍ប្រើប្រាស់ដែលធ្វើអំពីស្បែកគឺ បន្តក់ប្រេងសាលាដ 2 – 3 តំណក់ក្នុងទឹកសាប៊ូ ហើយយកច្រាសជ្រលក់ក្នុងទឹកល្បាយនោះមកដុសខាត់ថ្នមៗ បន្ទាប់មកទើបយកមកបោកក្នុងទឹកសាប៊ូធម្មតាម្តងទៀត រួចលាតសម្អាតដោយទឹកត្រជាក់ បន្តដោយការជូតឱ្យស្ងួត ហើយយកទៅដាក់ហាលឱ្យស្ងួត។

    (នៅមានត)

  • Leicester City សម្ពោធរដូវកាលក្រោយ ដោយមានពាក្យស្លោកថា Smile With Thailand

    Leicester City សម្ពោធរដូវកាលក្រោយ ដោយមានពាក្យស្លោកថា Smile With Thailand

    Leicester City ក្លិប​បាល់ទាត់​ក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស English Premier League បានប្រកាស​ចេញ​នូវ​ឯកសណ្ឋាន​ថ្មី​របស់ខ្លួន​ហើយ កាលពី​ចុង​សប្តាហ៍​កន្លងទៅ ដោយមាន​ការចូលរួម​សម្ពោធ​ពី​សំណាក់​នាយក​ក្រុមហ៊ុន King Power របស់​ថៃ ដែលជា​ម្ចាស់​ក្លិប​នេះ​ផ្ទាល់​តែម្តង ថែមទាំង​មានការ​ចូលរួម​ពី​សំណាក់​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុ​ធ ចាន់​អូ​ឆា ទៀតផង។

    ក្រៅពីនេះ ឯកសណ្ឋាន Leicester ចំនួន 1ម៉ឺន​ឈុត នឹងត្រូវ​ដាក់លក់​នៅក្នុង​ប្រទេស​ថៃ ក្នុងតម្លៃ 2,500បាត ហើយ​ទឹកប្រាក់​ទាំងនោះ នឹងត្រូវ​យកទៅ​ទ្រទ្រង់​ដល់​ការស្រាវជ្រាវ​រក​វ៉ាក់សាំង​ប្រឆាំងនឹង​កូ​វីដ-19 នៅក្នុង​ប្រទេស​ថៃ។ គួរ​បញ្ជាក់ដែរថា គម្រោង​នេះ​ត្រូវបាន​ក្រសួងសុខាភិបាល​ថៃ សហការ​ជាមួយនឹង​ម្ចាស់​ក្លិប​នេះ​ដែលជា​ជនជាតិ​ថៃ ដោយបាន​យល់ព្រម​ដាក់​នូវ​ពាក្យស្លោក Smile With Thailand ជំនួស​ឱ្យ​ការដាក់​និមិត្តសញ្ញា​របស់​ក្រុមហ៊ុន​ថៃ​មួយ​នេះ​នៅលើ​ឯកសណ្ឋាន​របស់ខ្លួន៕

  • ទើបបើកវិញបានជិត 2ខែ លីកកំពូលវៀតណាម បានប្រកាសផ្អាកវិញ ជាលើកទី2

    ទើបបើកវិញបានជិត 2ខែ លីកកំពូលវៀតណាម បានប្រកាសផ្អាកវិញ ជាលើកទី2

    អាជ្ញាធរ​វៀតណាម បានប្រកាស​ពី​ករណី​ឆ្លង​កូ​វីដ-19 ដែល​បាន​កើន​ដល់ 420នាក់​ហើយ មាន​អ្នកជា​សះស្បើយ​ចំនួន 350នាក់ និង​មិនទាន់មាន​អ្នកស្លាប់​ម្នាក់​នៅឡើយ តែ​ទោះបីជា​បែបនេះ​ក្តី ក៏​ការប្រកួត​កីឡា និង​សកម្មភាព​ជួបជុំ​នានា​រួមទាំង​ការប្រកួត​បាល់ទាត់​ផង​នោះ ត្រូវបាន​អាជ្ញាធរ​ប្រកាស​ផ្អាក​សាជាថ្មី ក្រោយពី​ការរកឃើញ​ករណី​ឆ្លង​ថ្មី​នៅក្នុង​ប្រទេស​វៀតណាម ទៅលើ​បុរស​ម្នាក់​ដែល​មិនបាន​ឆ្លងកាត់​ព្រំដែន និង​ប៉ះពាល់​ជាមួយ​អ្នកមាន​សញ្ញា​កូ​វីដ-19 អ្វី​បន្តិច​ឡើយ។

    គណៈកម្មការ​លី​កបាល់​ទាត់​អាជីព​របស់​វៀតណាម (VPF) បានធ្វើ​ការប្រជុំ​បន្ទាន់​មួយ​នៅ​ព្រឹក​ថ្ងៃទី២៦ ខែកក្កដា។ ខ្លឹមសារ​នៃ​កិច្ចប្រជុំ គឺ​ទាក់ទង​ទៅនឹង​ការព្យួ​រលីក​បាល់ទាត់​វៀ​ត​ណា​ម ទាំង​លី​ក​កំពូល V.League, លី​ក​ទី2 National First Division និង​ពានរង្វាន់​លំដាប់​ទី2 ប្រចាំ​ប្រទេស National Cup។

    គួរ​បញ្ជាក់ថា ការប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​លី​ក​កំពូល​វៀតណាម (V-League 1) បាន​ឈាន​មកដល់​សប្តាហ៍​ទី12ហើយ ដោយ​នឹងត្រូវ​ប្រកួត​នៅ​ថ្ងៃទី29 និង30 ខែកក្កដា ឆ្នាំ2020ខាងមុខនេះ។ ឆ្លងកាត់ 11ប្រកួត​មកនេះ ក្លិប Sái Gon នៅ​ឈរលើ​កំពូល​តារាង ខណៈដែល Viettel នៅ​លេខ2 ហើយ Than Quán Ninh នៅ​លេខ3៕

  • វិវឌ្ឍនាការក្មេងវ័យ 2 ខួប តើអំឡុងពេលហ្នឹងគួរជំរុញឱ្យកូនរៀនយល់ដឹងអ្វីខ្លះ?

    វិវឌ្ឍនាការក្មេងវ័យ 2 ខួប តើអំឡុងពេលហ្នឹងគួរជំរុញឱ្យកូនរៀនយល់ដឹងអ្វីខ្លះ?

    នៅពេលកូនតូចរបស់អ្នកម្តាយអាយុឈានចូលដល់វ័យ 2 ខួប អំឡុងពេលនេះអាចរាប់បានថាជាចំណុចផ្លាស់ប្តូរសំខាន់ដែលអ្នកម្តាយត្រូវតែទប់ទល់ និងជំរុញវិវឌ្ឍនាការរបស់គេ ព្រោះកូនតូចរបស់អ្នកចាប់ផ្តើមចាប់អារម្មណ៍លើអ្វីៗជុំវិញខ្លួនច្រើនឡើងហើយ និងចាប់ផ្តើមមានភាពចង់រៀនយល់ដឹងពីអ្វីថ្មីៗ ដែលអាចនឹងធ្វើឱ្យអ្នកម្តាយត្រូវតែមើលថែទាំខ្លាំងជាពិសេសជាងមុន។ ថ្ងៃនេះ ឡារ៉ែន សូមនាំយកព័ត៌មានពាក់ព័ន្ធនឹងវិវឌ្ឍនាការរបស់ក្មេងវ័យ 2 ខួប និងវិធីជំរុញវិវឌ្ឍនាការរបស់ក្មេងក្នុងវ័យនេះមកជម្រាបជូនអ្នកម្តាយទាំងអស់ឱ្យបានជ្រាប…។

    ផ្នែករាងកាយ

    ក្មេងវ័យនេះនឹងចាប់ផ្តើមហ្វឹកហាត់ជំនាញខាងកាយបែបពិតប្រាកដហើយ ដោយពួកគេគួរតែចាប់ផ្តើមហាត់រត់ ឡើង និងចុះជណ្តើរបានដោយខ្លួនឯង ទាត់ ឬបោះ និងទទួលកូនបាល់ ឬអាចហាត់តោងឡើងទីខ្ពស់បានហើយ តែត្រូវតែស្ថិតនៅក្រោមការមើលថែទាំរបស់អ្នកម្តាយ និងត្រូវតែប្រាកដក្នុងចិត្តថា នៅត្រង់ចំណុចដែលកូនហាត់លេងតោងឡើងនោះមានសុវត្ថិភាព។ អំឡុងពេលនេះគេនឹងព្យាយាមរៀនយល់ដឹងក្នុងការធ្វើអ្វីៗច្រើនឡើង ដែលវាអាចនឹងធ្វើឱ្យអ្នកម្តាយមានការកង្វល់ច្រើន តែចូរកុំទៅបញ្ឈប់ការរៀនយល់ដឹងរបស់គេធ្វើអី តែចូព្យាយាមតាមសង្កេតមើល កុំឱ្យមានគ្រោះថ្នាក់តែប៉ុណ្ណឹងទៅបានហើយ។

    ផ្នែកសង្គម

    អំឡុងអាយុ 2 ខួបនេះឯង គឺជាវ័យដែលទើបតែចាប់ផ្តើមស្គាល់សង្គមជុំវិញខ្លួន ពួកគេអាចនឹងចាប់អារម្មណ៍នូវអ្វីដែលក្មេងៗដទៃទៀតធ្វើ ឬអាចនឹងមានអារម្មណ៍រំភើបញាប់ញ័រខ្លាំងដែលបានមកនៅរួមជាមួយក្មេងដទៃទៀត ដូច្នេះអ្នកម្តាយគួរតែនាំគេចេញទៅជួបក្មេងៗឯទៀតនៅក្រៅផ្ទះ តែកុំអាលនឹកសង្ឃឹមថា កូនត្រូវតែទៅលេងជាមួយពួកម៉ាកឱ្យបានក្នុងវ័យនេះនោះ គួរបណ្តោយឱ្យគេរៀនយល់ដឹង និងធ្វើតាមចិត្តខ្លួនឯង កុំអាលទៅបង្ខំគេខ្លាំងជ្រុលពេក តែបើគេលេងរពឹសរញេរញ៉ៃខ្លាំងពេក ក៏ត្រូវតែប្រញាប់បង្រៀនដែរថា តើបែបណាគួរធ្វើ និងបែបណាដែលមិនគួរធ្វើ។

    ផ្នែកការទំនាក់ទំនង

    នៅពេលកូនជាទីស្រឡាញ់ចូលដល់វ័យ 2 ខួបហើយ គួរបង្ហាត់ឱ្យគេនិយាយបានយ៉ាងតិចបំផុត 50 ពាក្យជាមធ្យម ឬបង្ហាត់ឱ្យគេរៀននិយាយ 2 – 3 ពាក្យ តែជាប្រយោគ។ វិធីនេះនឹងធ្វើឱ្យគេនិយាយបានពូកែ និងមិនចាំបាច់ហ្វឹកហាត់ច្រើននៅពេលចូលវ័យ 3ឆ្នាំ និងមិនគួរនិយាយពាក្យណាដែលមិនល្អចេញមកឡើយ ព្រោះក្មេងក្នុងវ័យនេះកំពុងតែចូលចិត្តនិយាយត្រាប់តាមខ្លាំងណាស់។

    ផ្នែកកម្មវិធីការគិត

    ក្មេងវ័យនេះនឹងចាប់ផ្តើមស្គាល់អារម្មណ៍ខឹង មួម៉ៅ និងបញ្ចេញទង្វើច្រងេងច្រងាងចេញមកហើយ ដោយអាចកើតឡើងពីការមិនពេញចិត្ត ការខកបំណង ឬអាចកើតចេញពីការងងុយគេង ធុញ ឬអផ្សុក តែមិនអាចប្រាប់ចេញមកជាពាក្យសំដីឱ្យមនុស្សធំយល់បាន ដូច្នេះអ្នកម្តាយគួរផ្តល់ពេលវេលាឱ្យគេបានហាត់រៀន ឱ្យគេចេះរង់ចាំចំពោះអ្វីដែលខ្លួនត្រូវការ ដោយមិនបញ្ចេញអាការខឹងមួម៉ៅច្រឡោតតោតតូងជាមុនសិន។ ពេលគេរៀនយល់ដឹង និងធ្វើតាមបានហើយ សឹមនាំចេញទៅលេងនៅក្នុងទីសាធារណៈ ក្រៅពីនេះ អ្នកម្តាយគួរបង្ហាត់ឱ្យចេះធ្វើតាមបញ្ជាងាយៗ ដំបូងៗដល់គេផង ដូចជា ការដាក់ស្បែកជើងឱ្យត្រូវកន្លែង ឬចាប់យកពណ៌ផ្សេងៗដែលអ្នកម្តាយបង្ហាត់ជាដើម។

    ការបង្ហាត់កូនសម្លាញ់ឱ្យល្អតាំងពីពេលនេះទៅ តទៅមុខនៅពេលគេធំធាត់ឡើងចូលដល់វ័យ 3 ឆ្នាំ អ្នកម្តាយនឹងមិនចាំបាច់បង្ហាត់បង្រៀនអ្វីច្រើននាំតែហត់នឿយទៀតទេ និងថែមទាំងជាការហ្វឹកហាត់ភាពត្រៀមខ្លួនជាស្រេចដល់កូនមុនចូលសាលារៀនទៀតផង៕

  • 5 អាហារចាំបាច់ដែលនារីៗវ័យ 30 + មិនអាចខ្វះបាន

    5 អាហារចាំបាច់ដែលនារីៗវ័យ 30 + មិនអាចខ្វះបាន

    អាហារចាំបាច់ចំពោះរាងកាយជានិច្ច អ្នកណាៗក៏ដឹងដែរ ទើបថ្ងៃនេះយើងមាន 5 អាហារសុខភាពមកផ្ញើរនារីៗ ជាស៊ុបភើរ៍ហ្វូ៊ដដែលមិនអាចខ្វះបាន ដើម្បីមើលថែទាំសុខភាព និងការពាររោគដែលតែងកើតច្រើននៅក្នុងក្រុមនារីៗយើងពេលអាយុកាន់តែច្រើនឡើង ដូច្នេះយើងនាំគ្នាទៅមើលថា តើមានអ្វីខ្លះ? ។

    1 . យ៉ាអួជាតិខ្លាញ់តិច រសជាតិធម្មជាតិ ជួយកាត់បន្ថយការកើតមហារីកសុដន និងការឆ្លងមេរោគក្នុងរន្ធស្បូន ក្រៅពីនេះនៅមានកាល់ស្យូមខ្ពស់ ការពារបញ្ហាពុកឆ្អឹងបានទៀតផង។

    តើអាចញ៉ាំច្រើនបានប៉ុនណា ៈ ទទួលទានក្នុងមួយសប្តាហ៍ 3 – 5 ដង

    2 . ត្រីដែលមានខ្លាញ់ ដូចជា ត្រីសាលម៉ន់ ត្រីមែកឃើរេល ត្រីសាឌីន មានជាតិអាស៊ីតអូមេហ្កា 3 ជួយការពារជំងឺរលាកសន្លាក់ឆ្អឹងរូម៉ាតយដ៍ ជំងឺអេសអឹលអ៊ី ដែលកើតច្រើននៅលើស្រ្តីច្រើនជាងបុរស។

    តើអាចញ៉ាំច្រើនបានប៉ុនណា ៈ ទទួលទានក្នុងមួយសប្តាហ៍ 2 – 3 ដង

    3 . សណ្តែក ទាំងសណ្តែកដែលញ៉ាំបានទាំងកួ ដូចជា ពពាយ សណ្តែកកួ សណ្តែកហោឡាន់តៅ សណ្តែកអង្គុយ សណ្តែកក្រហម សណ្តែកខ្មៅ មានហ្វៃប៊ើរខ្ពស់ មានសារធាតុដែលមានឬទ្ធិទប់ស្កាត់អង់ហ្ស៊ីមប្រូទិអេស ដែលជួយការពារ និងកាត់បន្ថយការបំបែកខ្លួនរបស់កោសិកាមហារីក ជួយការពារមហារីកសុដន និងដែលសំខាន់គឺ ហុចផលល្អដល់អ័រម៉ូនភេទស្រី។

    តើអាចញ៉ាំច្រើនបានប៉ុនណា ៈ ទទួលទានក្នុងមួយសប្តាហ៍ 2 – 3 ដង

    4 . ផ្លែប៉េងប៉ោះ និងឪឡឹក មានសារធាតុឡៃខូពីន ជួយការពារមហារីកសុដន មានសារធាតុអ៊ែនទីអុកស៊ីដេនត៍ ធ្វើឱ្យមើលទៅឃើញនៅក្មេងវ័យ ព្រោះជួយការពារស្បែកមិនឱ្យត្រូវកាំរស្មីអ៊ុលត្រាវីយ៉ូឡេបំផ្លាញ។

    តើអាចញ៉ាំច្រើនបានប៉ុនណា ៈ ទទួលទានក្នុងមួយសប្តាហ៍ 3 – 5 ដង

    5 . ប៊ើរី ដូចជា ប្លូ៊ប៊ើរី ស្រ្តប៊ើរី រ៉ាសប៊ើរី មានអ៊ែនថូសៃអ៊ែនស៍( anthocyans ) ដែលមានតួនាទីសំខាន់ក្នុងការជួសជុលកោសិកាក្នុងរាងកាយរបស់យើង ក្រៅពីនេះនៅមានការងារស្រាវជ្រាវមួយដែលអះអាងថា វាជួយកាត់បន្ថយភាពប្រថុយប្រថានក្នុងការកើតមហារីកបានច្រើនប្រភេទ ដូចជា មហារីកសុដន មហារីកប្រព័ន្ធរំលាយអាហារ ជាដើម។

    តើអាចញ៉ាំច្រើនបានប៉ុនណា ៈ ទទួលទានក្នុងមួយសប្តាហ៍ 3 – 4 ដង

    ចង់ក្លាយជានារីរូបស្អាតសុខភាពល្អ ចូរកុំខកខាន 5 ស៊ុបភើរហ្វូ៊ដខាងលើនេះ និងត្រូវនាំគ្នាមើលថែទាំខ្លួនតាំងពីថ្ងៃនេះតទៅ៕