Author: ធឿន មករា

  • ចំពោះមុខពាណិជ្ជកម្មសេរីជាមួយចិន គួរកុំប្រឹងខ្លាំងពេកលើបន្លែ តែអាចពង្រឹងអង្ករ និងចិញ្ចឹមសត្វបាន

    ចំពោះមុខពាណិជ្ជកម្មសេរីជាមួយចិន គួរកុំប្រឹងខ្លាំងពេកលើបន្លែ តែអាចពង្រឹងអង្ករ និងចិញ្ចឹមសត្វបាន

    ថ្មីៗនេះ​ប្រទេស​កម្ពុជា​យើង​បានបង្ហាញ​ពី​ការធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន ដែល​ធ្វើឱ្យ​ទីផ្សារ​ផលិតផល​គ្រប់យ៉ាង ដោយ​ក្នុងនោះ​រួមទាំង​កសិកម្ម​ផង​កាន់តែ​មាន​ភាព​ធំ​ទូលាយ។

    ទោះជា​យ៉ាងនេះ​ក្តី បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា បាន​លើកឡើងថា ចំពោះមុខ​ពាណិជ្ជកម្ម​សេរី​ជាមួយនឹង​ចិន កម្ពុជា​អាចនឹងទទួល​ផលចំណេញ​ច្រើន ឬ​មិនសូវ​ចំណេញ អាស្រ័យ​លើ​ការខិតខំ​ប្រឹងប្រែង​លើ​គ្រប់ផ្នែក​ទាំងអស់។ លោក​ថាបើ​និយាយ​ពី​ការធ្វើ​ពាណិជ្ជកម្ម​សេរី គេ​មិន​និយាយ​រឿង​ជួយ​នោះទេ តែ​គេ​និយាយ​ពី​ផលចំណេញ​ទៅវិញទៅមក។ ហេតុនេះ​បើ​យើង​ចេះ​ចាប់​ឱកាស​យើង​នឹង​អាច​ចំណេញ ហើយ​ការចាប់​ឱកាស​នេះ​ទៀតសោត​ក៏​គួរតែ​មើល​ឱ្យ​ច្បាស់លាស់​ផងដែរ​ពីអ្វី​ដែល​ចិន​មាន និង​អ្វីដែល​យើង​មាន។

    បណ្ឌិត សុខ ទូច បាន​បញ្ជាក់ថា ឃើញ​ឱកាស​ទីផ្សារ​ច្រើន​ក្នុង​ពាណិជ្ជកម្ម​សេរី​កុំ​ខំ​ដាំ​ស្ពៃ ដាំ​ខ្ទឹម ឬ​ខាង​បន្លែ​ខ្លាំងពេក។ រឿង​បន្លែ​នេះ កម្ពុជា​យើង​ធ្វើ​មិន​ឈ្នះ​ចិន​ទេ ព្រោះ​នៅ​ប្រទេស​ចិន​គេ​ដាំ​គ្រប់កន្លែង។ រាជបណ្ឌិតសភា​ក៏​ធ្លាប់បាន​ស្រាវជ្រាវ​ផងដែរ​ថា ស្ពៃ​មួយចំនួន​ដូចជា​ស្ពៃបូកគោ​ជាដើម ដែល​យើង​នាំចូល​ពី​វៀតណាម តាមពិត​មិនមែនជា​របស់​វៀតណាម​ទេ តែ​វារ​បស់​ចិន ដែល​ឆ្លងកាត់​វៀតណាម​ទើប​មកដល់​កម្ពុជា។ ក្រោយ​មាន​ពាណិជ្ជកម្ម​សេរី វា​នឹង​ចាប់ផ្តើម​មានតម្លៃ​ថោក ហើយ​នាំចូល​ដោយផ្ទាល់​មក​កម្ពុជា។ ហេតុនេះ​បើ​និយាយ​រឿង​បន្លែ ចិន​ពូកែ​ណាស់ យើង​គួរ​ចាប់​ផ្នែក​ផ្សេង​ទើបបាន។

    លោក​បណ្ឌិត សុខ ទូច បាន​និយាយថា៖ «បើ​យើង​សំឡឹង​ទៅ​ចិន យើង​អាច​ចាប់យក​ផ្នែក​អង្ករ កៅស៊ូ ម្រេច និង​សាច់​ជាដើម»។

    អ្នកជំនាញ​ខាងលើ​បានបញ្ជាក់​ផងដែរ​ថា អ្វីដែល​អាចធ្វើ​បាន​គឺ​ចិញ្ចឹមសត្វ។ ហើយ​ការ​ចិញ្ចឹមសត្វ​នោះ​ទៀតសោត ក៏​ចាំបាច់​ត្រូវមាន​គោលការណ៍​ឱ្យបាន​ច្បាស់លាស់ កុំឱ្យ​ត្រី​ដែល​នាំ​ចេញពី​កម្ពុជា​សុទ្ធតែ​ចិន​ជា​អ្នក​មក​ជួល​ដី​ខ្មែរ​ចិញ្ចឹម​ហើយ​នាំចេញ​ទៅវិញ​ដដែល។ ចំណែកឯ​អ្នកជំនាញ​កសិកម្ម ក៏​ដូចគ្នា ត្រូវតែ​ពង្រឹងសមត្ថភាព និង​វិជ្ជាជីវៈ​ឱ្យបាន​ល្អ៕

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    31 – វិធីកំចាត់ស្នាមកខ្វក់ស្អឹតៗនៅលើជញ្ជាំងទូទឹកកកនោះគឺ យកប្រេងឆាមកចាក់លើក្រដាសជូតដៃ ហើយយកទៅដុសខាត់លើស្នាមកខ្វក់នោះរហូតទាល់តែស្អាត ធ្វើឱ្យបាន 2 – 3 ដង និងកុំបារម្ភអី ប្រេងឆាមិនបំផ្លាញភាពភ្លឺរលោងរបស់ជញ្ជាំងទូទឹកកទេ

    32 . វិធីកំចាត់ក្លិនស្អុយរបស់បំពង់បង្ហូរទឹកអាងលាងចានឱ្យក្រអូបស្រស់ស្រាយឡើងវិញនោះ អាចធ្វើបានដោយការចាក់ម្សៅបេកឃីងសូដា 1 ពែងចូលទៅក្នុងបំពង់បង្ហូរទឹកនោះ ទុកចោល 5 នាទី រួចចាក់ទឹកខ្មេះចូលទៅតាម 1 ពែងទៀត ក្លិនស្អុយដែលភាយចេញមកពីក្នុងបំពង់បង្ហូរទឹកអាងលាងចាននោះនឹងបាត់ឈឹងអស់តែម្តង។

    33 . ក្នុងការប្រើថ្នាំដុសខាត់គ្រឿងសង្ហារិម មិនគួរប្រើប្រភេទ ប្រេង ឬក្រមួនញឹកញាប់នោះទេ ព្រោះអាចនឹងធ្វើឱ្យគ្រឿងសង្ហារិមនោះងាយនឹងខូចខាត។

    34 . ក្នុងការសម្អាតគ្រឿងសង្ហារិមដែលជាក្រណាត់កូតុងឱ្យបានល្អស្អាត 100%នោះ ចូរប្រើជក់សម្រាប់លាបពណ៌ដែលនៅថ្មីមកបោសសម្អាតតាមកន្លុកកន្លៀតរបស់គ្រឿងសង្ហារិមនោះ ដំណាលគ្នានឹងការជូតសម្អាតវាគ្រប់ពេល។

    35 . ការសម្អាតតាមកន្លុកកន្លៀតតូចៗរបស់ចង្កៀងភ្លើងគោម បងៗស្រ្តីមេផ្ទះអាចធ្វើបានដោយការប្រើប្រដាប់ផ្លុំសក់ ផ្លុំបាញ់ខ្យល់ទៅតាមកន្លែងដែលមានប្រឡាក់ធូលីដី ហើយជូតសម្អាតដោយក្រណាត់សើមម្តងទៀត ចង្កៀងភ្លើងគោមនោះនឹងនៅតែមើលទៅឃើញនៅថ្មីរហូត។

    (នៅមានត)

  • ចិន ជាទីផ្សារថ្មី និងល្អមួយសម្រាប់អង្ករកម្ពុជា

    ចិន ជាទីផ្សារថ្មី និងល្អមួយសម្រាប់អង្ករកម្ពុជា

    កម្ពុជា ជា​ប្រទេស​ដែល​ផលិត និង​នាំចេញ​អង្ករ​យ៉ាងសំខាន់​មួយ​សម្រាប់​ទីផ្សារ​នានា​ទាំង​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក។ ហេតុនេះហើយ ទើប​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​តែងតែ​ខិតខំ​ប្រឹងប្រែង​ពង្រីក​ទីផ្សារ​បន្ថែម​សម្រាប់​វិស័យនេះ ឱ្យ​កាន់តែ​ទូលំទូលាយ និង​បង្កើន​ចំនួន​នាំចេញ។

    លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើកឡើងថា ចិន​ជា​ប្រទេស​ដែល​ទទួល​ទិញ​អង្ករ​ច្រើន​ពី​កម្ពុជា ដែល​វិស័យ​ស្រូវ​អង្ករ​នៅតែមាន​សក្តានុពល​ខ្លាំង​សម្រាប់​ទីផ្សារ​នៅ​ប្រទេស​នេះ។ ទោះជា​យ៉ាងនេះ​ក្តី ទីផ្សារ​អង្ករ​នៅ​ប្រទេស​ចិន​បច្ចុប្បន្ន គឺ​កំពុង​វាយលុក និង​កាន់កាប់​ដោយ​ទីផ្សារ​អង្ករ​មកពី​វៀតណាម និង​ថៃ។ ហេតុនេះ​ដើម្បី​ពង្រឹង​សក្តានុពល​បន្ថែម​សម្រាប់​អង្ករ​កម្ពុជា គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ធ្វើយ៉ាងណា​ជំរុញ​ការផ្សព្វផ្សាយ​ពី​ផលិតផល​អង្ករ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ទៅកាន់​ទីផ្សារ​ចិន។

    សហគ្រិន​ខាងលើ​ក៏បាន​លើកឡើង​ផងដែរ​ថា អ្នករកស៊ី​ផ្នែក​អង្ករ​នៅ​កម្ពុជា ក៏​គួរតែ​បង្កើន​កិច្ចសហការ​ល្អជា​មួយ​ភាគី​ចិន​ដើម្បី​ជំរុញ​ឱ្យ​ពួកគាត់​បន្ត​ផ្សព្វផ្សាយ​បន្ថែម​ពី​សក្តានុពល​របស់​អង្ករ​កម្ពុជា​នៅក្នុង​ទីផ្សារ​នៃ​ប្រទេស​របស់គាត់។

    បច្ចុប្បន្ននេះ បើ​មើ​លពី​កម្រិត​នៃ​ការនាំ​ចូលទៅក្នុង​ប្រទេស​ចិន អង្ករ​កម្ពុជា​នៅមាន​ចំនួន​តិចតួច​នៅឡើយ​បើ​ប្រៀបធៀប​ជាមួយ​អង្ករ​ថៃ និង​វៀតណាម ព្រោះ​ប្រទេស​គេ​បាន​នាំចូល​មុន​កម្ពុជា តែ​អ្វី​ដែលជា​លក្ខណៈសម្បត្តិ​ល្អ​របស់​អង្ករ​កម្ពុជា គឺ​យើង​មានតម្លៃ និង​គុណភាព​អាច​ប្រកួតប្រជែង​បាន។ ហ​តុ​នេះ​ដើម្បី​ជំរុញ​ផ្នែក​នេះ​ឱ្យ​កាន់តែ​ប្រសើរ អ្នក​ផលិត​នៅ​កម្ពុជា​ចាំបាច់​ខិតខំ​បន្ថែម​ក្នុងការ​ពង្រឹង​ទាំង​បរិមាណ និង​គុណភាព​បន្ថែមទៀត៕

  • ស្ពឹកដៃ…បញ្ហាដែលជួបប្រទះញឹកញាប់ (អាការ មូលហេតុ ការការពារ និងការព្យាបាល)

    ស្ពឹកដៃ…បញ្ហាដែលជួបប្រទះញឹកញាប់ (អាការ មូលហេតុ ការការពារ និងការព្យាបាល)

    ស្ពឹកដៃ ឬដៃស្ពឹក បញ្ហាដែលជួបប្រទះញឹកញាប់នៅលើមនុស្សវ័យកណ្តាល ដោយច្រើនតែកើតនៅលើភេទស្រីច្រើនជាប្រុស បណ្តាលមកពីការប្រើការងារដោយដៃក្នុងលក្ខណៈដែលត្រូវមានការកន្រ្តាក់កដៃ ឬក្តាប់ម្រាមដៃពេញមួយថ្ងៃៗ ដោយក្រុមដែលជួបប្រទះគឺ ស្រ្តីមេផ្ទះ ជាងធ្វើសក់ អ្នកធ្វើអនាម័យ(បោសសម្អាត) ឬអ្នកធ្វើការក្នុងការិយាល័យដែលត្រូវទទួលទូរស័ព្ទ ប្រើកុំព្យូទ័រយូរៗ និងក្នុងក្រុមអ្នកជំងឺទឹកនោមផ្អែម ជំងឺរលាកសន្លាក់ឆ្អឹង រូម៉ាតយដ៍ ស្រ្តីមានគភ៌ អ្នកជំងឺក្រលៀនរ៉ាំរ៉ៃ រួមទាំងការខ្វះវីតាមីន B ដែលមានបច្ច័យជំរុញឱ្យកើតអាការស្ពឹកស្រពន់ដៃបានផងដែរ។

    អាការ ៈ នឹងចាប់ផ្តើមស្ពឹកនៅលើបាតដៃ និងម្រាមដៃ ក្នុងខណៈដែលប្រើដៃធ្វើការងារជាបន្តបន្ទាប់ ហើយបើកើតខ្លាំង អាចមានអាការស្ពឹករហូតឡើងឈឺស្រពន់ក្នុងខណៈដែលមិនបានប្រើការដៃ និងមានអាការឈឺនៅពេលយប់ រហូតដល់ត្រូវភ្ញាក់នៅពេលយប់ដើម្បីកម្រើកដៃ ឬធ្វើម៉ាស្សាច្របាច់បាតដៃទៀតផង ហើយបើបណ្តោយទុកយូរនឹងកើតអាការទន់ចុះខ្សោយកម្លាំងដៃ ចាប់កាន់វត្ថុអ្វីមួយនឹងរបូតជ្រុះ រហូតឈានទៅដល់មានការរួញស្វិតរបស់សាច់ដុំដៃនៅទីបំផុត។

    មូលហេតុរបស់អាការស្ពឹកដៃ ៈ ភាគច្រើនបណ្តាលមកពីការពង្រីកខ្លួនរបស់សរសៃវៀវតោងឆ្អឹងម្តុំកដៃ ឬបរិវេណសន្លាក់ឆ្អឹងបាតដៃ សរសៃវៀវនេះនឹងទៅសង្កត់រឹតសរសៃប្រសាទដែលទៅចិញ្ចឹមសាច់ដុំលើបាតដៃ និងសរសៃប្រសាទដែលបំពេញតួនាទីទទួលអារម្មណ៍ដឹងនៅលើបាតដៃ ទើបធ្វើឱ្យការធ្វើចលនារបស់កដៃច្រើនៗដងញឹកញាប់ នឹងធ្វើឱ្យកើតការផ្សារក្រហាយខ្លាំងឡើង។

    ការមើលថែទាំ និងការពារ ៈ ត្រូវចាប់ផ្តើមពីការកាត់បន្ថយការប្រើការកដៃដែលធ្វើការធ្ងន់ៗ កែសម្រួលឥរិយាបថធ្វើការងាររបស់ដៃឱ្យស័ក្តិសម។ ក្នុងអំឡុងការធ្វើការ កដៃមិនត្រូវបត់-ងខ្លាំងជ្រុលពេក និងប្រើឧបករណ៍ជួយប្រគងកដៃសម្រាប់អ្នកដែលប្រើកុំព្យូទ័រ ដើម្បីឱ្យកដៃមានកន្លែងសម្រាក។ ម៉ៅស៍ដែលប្រើក៏ត្រូវមានទំហំល្មមប៉ុននឹងបាតដៃ មិនតូចជ្រុលពេក ព្រោះនឹងធ្វើឱ្យប្រឹងកដៃខ្លាំងឡើង។

    ការរក្សាព្យាបាល ៈ បើអ្នកកើតអការនេះមិនសូវជាធ្ងន់ធ្ងរប៉ុន្មាន អាចប្រើថ្នាំប្រឆាំងការរលាករបស់សរសៃវៀវ និងសរសៃប្រសាទ ការញ៉ាំវីតាមីន B រហូតទៅដល់ដំណាក់កាលចុងក្រោយគឺ ការវះកាត់សរសៃវៀវដែលទៅសង្កត់រឹតសរសៃប្រសាទនោះ ដូច្នេះការមើលថែទាំ ការពារ និងថ្នមកដៃ ដើម្បីឱ្យយើងបានប្រើការបានយូរៗ គឺជារឿងដែលគួរតែប្រតិបត្តិ ព្រោះការប្រើការកដៃដែលខុសឥរិយាបទ ខុសវិធី អាចនាំឆ្ពោះទៅរកការព្យាបាលដែលស្មុគ្រស្មាញខ្លាំងឡើង៕

  • សញ្ជាតិញាណរបស់ទារកទើបតែកើតដំបូង

    សញ្ជាតិញាណរបស់ទារកទើបតែកើតដំបូង

    អ្នកម្តាយត្រូវតែហ្វឹកហាត់រៀនយល់ដឹង និងស្គាល់អំពីតម្រូវការរបស់កូនតូច តែរឿងដែលអ្នកម្តាយមិនអាចដឹងនោះគឺ ទារកនោះមានសមត្ថភាពក្នុងការទទួលដឹង ទង្វើ និងការឆ្លើយតបមកវិញចំពោះរឿងមួយចំនួនបាន ដោយមិនចាំបាច់មានការរៀនយល់ដឹង ឬឆ្លងកាត់បទពិសោធន៍ពីមុនមកឡើយ ដែលយើងហៅរឿងទាំងអស់នោះថា “សញ្ជាតិញាណ (ការដឹងដោយខ្លួនឯង)” ជាប្រតិកម្មឆ្លើយតបតាមសញ្ជាតិញាណ នឹងជួយឱ្យកូនតូចមានសុវត្ថិភាពបានដោយខ្លួនឯងនៅពេលកើតមានសភាវអាសន្នណាមួយកើតឡើង។

    សញ្ជាតិញាណរបស់ទារកទើបកើតដំបូង

    1 . ការមើលឃើញ

    បន្ទាប់ពីប្រសូត ទារកនៅមិនទាន់បើកភ្នែកភ្លាមៗឡើយ ព្រោះកែវភ្នែកនៅសម្រួលសភាពជាមួយពន្លឺខាងក្រៅមិនទាន់បាន ដោយសារការស្ថិតនៅគភ៌ម្តាយមិនកើតមានប្រតិកម្មចំពោះការមើលឃើញ តែក្នុងអំឡុងពេលមិនលើស 3 ថ្ងៃ កូនតូចនឹងចាប់ផ្តើមបើកភ្នែក អាចនឹងព្រិចភ្នែកញឹកញាប់ ព្រោះកែវភ្នែកនៅសម្រួលជាមួយសភាពពន្លឺមិនទាន់ល្អប៉ុន្មាន។ ការធ្វើចលនាកែវភ្នែកគឺជាប្រតិកម្មឆ្លើយតបដើម្បីការពារកែវភ្នែកដែលសែនផុយស្រួយរបស់ខ្លួនពីពិភពខាងក្រៅហ្នឹងឯង។

    2 . ប្រព័ន្ធដកដង្ហើម

    នៅពេលទារកប្រសូតហើយ គ្មានថង់ទឹកភ្លោះនៅជុំវិញខ្លួន រាងកាយរបស់ទារកនឹងបញ្ជាឱ្យប្រព័ន្ធការដកដង្ហើមធ្វើការភ្លាមតែម្តង ចំណែកអត្រាការដកដង្ហើមរបស់ទារកម្នាក់ៗក៏ខុសប្លែកពីគ្នាទៅតាមតម្រូវការរបស់ទារកខ្លួនឯងដែរ លើកលែងតែទារកដែលមានបញ្ហាក្រោយពេលប្រសូតភ្លាមតែប៉ុណ្ណោះ។

    3 . ការបឺតជញ្ជក់លេបវត្ថុផ្សេងៗ

    នៅពេលដែលអ្នកបំបៅទឹកដោះពីដោះម្តាយ រឿងដែលទារកធ្វើ គឺបឺត និងលេបទឹកដោះដោយស្វ័យប្រវត្តិ អំឡុងពេលនេះសូមអ្នកម្តាយប្រុងប្រយ័ត្នវត្ថុ ឬរបស់របរដែលបង្កគ្រោះថ្នាក់ បើសិនជាកូនតូចភ្លាត់ភ្លាំងលេបចូលទៅក្នុងរាងកាយ អាចនឹងមានគ្រោះថ្នាក់ភ្លាមៗតែម្តង។

    4 . ការស្រវាចាប់ដោយដៃ

    នៅពេលអ្នកម្តាយយកម្រាមដៃទៅដាក់ប៉ះលើបាតដៃរបស់ទារក គេនឹងស្រវាចាប់ម្រាមដៃរបស់អ្នកភ្លាម តែបើសិនមានអ្វីដែលធ្វើឱ្យភ្ញាក់ ទារកនឹងបង្ហាញសញ្ជាតិញាណដោយការភ្ញាក់ព្រើត ដោយបាតដៃនឹងលាចេញ លែងម្រាមដៃអ្នកម្តាយចេញភ្លាមដែរ

    5 . ការបែរមុខរកក្បាលដោះ

    ការបង្ហាត់ទារកឱ្យងាកបែររកក្បាលដោះ អ្នកម្តាយសាកល្បងយកម្រាមដៃប៉ះថ្ពាល់កូនថ្នមៗ សញ្ជាតិញាណរបស់ទារកនឹងងាកបែរមករកភ្លាមតែម្តង អ្នកម្តាយមិនចាំបាច់ចាប់បង្វិលក្បាលកូនតូចឡើយ គ្រាន់តែប៉ះថ្ពាល់គេថ្នមៗ ទារកនឹងកើតមានក្តីចង់ដឹងចង់ឃើញ ហើយនិងបែរក្បាលចូលមករកបានយ៉ាងងាយ។

    រឿងទាំងអស់នេះគឺជារឿងធម្មជាតិរបស់ទារកទើបកើតដំបូង ដែលអ្នកម្តាយអាចមិនដឹងថាវាគឺជា សញ្ជាតិញាណដើម្បីការមានជីវិតរស់នៅក្នុងអំឡុងវ័យនេះ និងអ្នកម្តាយក៏គួរយកចិត្តទុកដាក់មើលថែទាំកូនតូចយ៉ាងល្អ ព្រោះត្រូវមិនភ្លេចថា ការដែលកូនតូចចេញឆ្ពោះមកពិភពខាងក្រៅនេះ វាខុសប្លែកពីការនៅក្នុងផ្ទៃរបស់អ្នកច្រើនណាស់៕

  • ធ្លាប់ដែរឬទេ? គ្រាន់តែភ្ញាក់ឡើង ក៏នឿយបាត់ទៅហើយ…ជាជំងឺ ឬគ្រាន់តែជាអាការខ្ជិល?

    ធ្លាប់ដែរឬទេ? គ្រាន់តែភ្ញាក់ឡើង ក៏នឿយបាត់ទៅហើយ…ជាជំងឺ ឬគ្រាន់តែជាអាការខ្ជិល?

    តើមិត្តអ្នកអានធ្លាប់ដែរឬទេ? មិនទាន់ទាំងបានធ្វើអ្វីផង គ្រាន់តែបើកភ្នែកឡើងពីកន្លែងគេង ក៏មានអារម្មណ៍ថា ហត់នឿយបាត់ទៅហើយ។ បើអ្នកមានអាការបែបនេះ ចូរនាំគ្នាមកមើលថា តើមូលហេតុដែលពិតប្រាកដនោះបណ្តាលមកពីអ្វីខ្លះ និងតើយើងអាចកម្ចាត់អាការទាំងនេះចេញពីរាងកាយយើងយ៉ាងម៉េចបាន?

    1 . ញ៉ាំទឹកមិនគ្រប់គ្រាន់ ៈ វិធីកែ យកទឹកមកញ៉ាំភ្លាមទៅ!

    2 . មានរឿងពិបាកចិត្ត ឬមានរឿងធុញថប់តានតឹងប្រមូលសន្សំក្នុងខួរក្បាលមកគ្រប់ពេលវេលា ៈ ដល់ពេលដែលអ្នកត្រូវបោះវាចោលហើយ។

    3 . មិនញ៉ាំអាហារពេលព្រឹក ៈ ជាអាហារពេលសំខាន់ចំពោះការធ្វើការងាររបស់ប្រព័ន្ធរាងកាយ យ៉ាងហោចណាស់ទឹកដោះគោមួយកែវក៏គ្រាន់ដែរ តែបើឱ្យល្អបំផុត គួរញ៉ាំអាហារឱ្យឆ្អែត។

    4 . ធ្វើការក្នុងថ្ងៃឈប់សម្រាក ៈ មិនបាច់សង្ស័យឡើយថា ហេតុអីបានរាងកាយនឿយហត់ខ្លាំងម្ល៉េះ? ដល់ព្រឹកថ្ងៃធ្វើការបែរជានៅស្ទឹកមួយកន្លែង។

    5 . លេងប្រព័ន្ធសង្គមអនឡាញមុនពេលគេងច្រើនពេក ៈ ធ្វើឱ្យខួរក្បាលសម្រាកមិនបានគ្រប់គ្រាន់ វិធីដែលល្អបំផុតគឺ មុនគេងគួរបណ្តោយឱ្យខួរក្បាលបានសម្រាកឱ្យធូរស្រាល ដើម្បីឱ្យបានធ្វើការគេងសម្រាកយ៉ាងល្អឥតខ្ចោះ។

    6 . រាងកាយខ្វះសារធាតុដែក ៈ សាកល្បងញ៉ាំអាហារពពួក ស្លឹកបាស់ ផ្ទី សណ្តែកក្រហម សណ្តែកខ្មៅ ឱ្យបានច្រើនឡើង។

    7 . នឿយហត់ពីការធ្វើការងារ ទើបមិនហាត់ប្រាណ ៈ ជាការសម្រេចចិត្តដែលខុសយ៉ាងស្រឡះ ការហាត់ប្រាណហើយហត់ចេញញើស សារធាតុអេនដូហ្វ៊ីន ឬសារធាតុនៃសេចក្តីសុខហូរចេញមក នឹងជួយឱ្យគេងលក់ស្រួល និងថែមទាំងជួយជំរុញប្រព័ន្ធការធ្វើការងារក្នុងរាងកាយឱ្យល្អឡើងទៀតផង។

    8 . កន្លែងធ្វើការរញេរញ៉ៃគ្មានសណ្តាប់ធ្នាប់ តុធ្វើការអត់របៀប ៈ វាហុចផលប៉ះពាល់ខាងចិត្តវិទ្យា ដោយអ្នកមិនបានដឹងខ្លួនឡើយ។ វាប្រៀបដូចជាថា គ្រាន់តែនឹកដល់កន្លែង និងតុធ្វើការ ចិត្ត និងអារម្មណ៍ក៏នឿយហត់ និងគិតរួចស្រេចទៅហើយថា ការងាររវល់វីវក់អ្វីម្ល៉េះហ្ន៎។

    តែបើធ្វើ និងកែបញ្ហាគ្រប់ចំណុចដូចខាងលើនេះហើយ នៅតែមានអារម្មណ៍ថានឿយហត់ទៀតនោះ អាចទៅរួចហើយថា អ្នកកើតអាការខ្ជិលច្រអូសហើយ ដូច្នេះកុំទៅបន្ទោសអ្នកណា៕

  • 10 ឧបត្តិហេតុដែលស្រ្តីមានគភ៌គួរតែប្រយ័ត្ន!!

    10 ឧបត្តិហេតុដែលស្រ្តីមានគភ៌គួរតែប្រយ័ត្ន!!

    សម្រាប់ស្រ្តីដែលកំពុងតាំងគភ៌ អាចនឹងត្រូវបន្ថែមការប្រុងប្រយ័ត្នឱ្យកាន់តែខ្លាំងជាងមុនបន្តិចហើយ ព្រោះអាចនឹងកើតមានឧបត្តិហេតុឡើងបានក្នុងអំឡុងពេលមានគភ៌នេះ ដូច្នេះយើងនាំគ្នាមកមើលពី 10 ឧបត្តិហេតុដែលស្រ្តីមានគភ៌ច្រើនតែមិនបានប្រុងប្រយ័ត្ន និងដែលគួរតែបង្កើនការប្រុងប្រយ័ត្នឱ្យកាន់តែខ្លាំងឡើង។

    1 . ត្រូវគេដើរបុកខ្លាំងៗនៅក្នុងកន្លែងដែលមានមនុស្សច្រើនកុះករ

    នឹងហាមមិនឱ្យស្រ្តីមានគភ៌ដើរទៅណាមកណាសោះ ក៏ប្រហែលជាមិនអាចទៅរួចឡើយ និងជួនកាលក៏អាចនឹងរឹតតែពិបាកទៅទៀតក្នុងការចៀសពីទីប្រជុំជន កន្លែងដែលមានមនុស្សច្រើនកុះករ ដែលអាចនឹងធ្វើឱ្យមានឱកាសដែលស្រ្តីមានគភ៌ត្រូវប៉ះ ឬបុកចំក្បាលពោះខណៈ​ពេលដើរបញ្រ្ចាស់នឹងអ្នកដទៃកាន់តែច្រើនឡើងដែរ។

    2 . ធ្លាក់ពីកាំជណ្តើរ ឬក្រឡាច់ស្បែកជើងកែងចោត

    ស្រ្តីមានគភ៌ដែលស្រឡាញ់ភាពស្រស់ស្អាតតែងតែមានកង្វល់ថា ខ្លាចនឹងមិនស្អាត រួមទាំងស៊ាំធ្លាប់ និងប្រាកដក្នុងចិត្តថាអាចនៅពាក់បានគ្មានបញ្ហាទៀតផង ទើបនៅតែពាក់ស្បែកជើងកែងចោតដូចធម្មតា ដូច្នេះសូមប្រាប់ថា មួយអំឡុងពេលនេះប្រហែលជាត្រូវផ្អាកមួយរយៈសិនហើយ ព្រោះការពាក់ស្បែកជើងកែងចោត ស្រ្តីមានគភ៌ត្រូវតែខំពង្រឹងជើងទាំងមូល និងក្បាលពោះដើម្បីព្យាយាមទប់លំនឹងខ្លួនឱ្យដើរបានស្រួល ដែលអាការទាំងនេះនឹងក្លាយជាលទ្ធផលធ្វើឱ្យស្រ្តីមានគភ៌ឈឺជើង ឈឺខ្នង ដែលនឹងហុចផលអាក្រក់ដល់សុខភាពកាយ និងដែលសំខាន់កែងស្បែកជើងដែលរាវតូច និងខ្ពស់នោះ ប្រហែលជាមិនអាចទ្រទម្ងន់ខ្លួនដែលកើនឡើងជាបន្តបន្ទាប់របស់ស្រ្តីមានគភ៌បានឡើយ ទើបអាចធ្វើឱ្យស្រ្តីមានគភ៌ក្រឡាច់ជើង និងធ្លាក់លើពីស្បែកជើងកែងចោតរហូតធ្វើឱ្យ​រងរបួសបាន។

    3 . ពោះបោកប៉ះនឹងដៃចង្កូតឡាន

    ស្រ្តីមានផ្ទៃពោះដែលបើកឡានដោយខ្លួនឯង ទោះជាមិនកើតមានឧបត្តិហេតុមែន តែក៏អាចពេលខ្លះដែលឡានត្រូវជាន់ហ្វ្រាំងបន្ទាន់ និងខ្លាំង រហូតពោះដែលមានទំហំធំនោះអាចនឹងបោកប៉ះនឹងដៃចង្កូតឡានបាន ដែលទោះជាមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរមែន តែបើសិនជាបោកប៉ះញឹកញាប់ ឬខ្លាំងៗ ក៏ច្បាស់ជាកើតមានគ្រោះថ្នាក់ដល់ទាំងខ្លួនអ្នកម្តាយ និងកូនក្នុងផ្ទៃមិនខាន។

    4 . ជិះម៉ូតូ ឬបើកម៉ូតូ ឡានធ្លាក់ជង្ហុករណ្តៅញឹកញាប់

    បើស្រ្តីមានគភ៌ត្រូវជិះម៉ូតូ ឬបើកឡានដោយខ្លួនឯងនោះ ការបើកធ្លាក់ជង្ហុក ឬការបោកប៉ះរញ្ជួយគឺជារឿងដែលពិបាកនឹងចៀសវាងបានណាស់ តែបើបានទទួលរងការបោកប៉ះរញ្ជួយយ៉ាងធ្ងន់ធ្ងរ ដូចជា ធ្លាក់ជង្ហុកជ្រៅៗ និងខ្លាំងៗនោះ ក៏ជាគ្រោះថ្នាក់មិនតិចតួចឡើយ។

    5 . ខ្សែក្រវាត់សុវត្ថិភាពរថយន្តរឹតពោះ

    បើស្រ្តីមានគភ៌ពាក់ខ្សែក្រវាត់សុវត្ថិភាពមិនបានត្រឹមត្រូវ ក្រៅពីនឹងមិនអាចជួយការពារពីគ្រោះថ្នាក់ដែលកើតឡើងហើយនោះ នៅទទួលរងអាការឈឺចាប់ដែលកើតឡើងបាន និងអាចបណ្តាលឱ្យមានបញ្ហាដល់គភ៌ទៀតផង។

    6 . អង្គុយហើយក្រោកឈរឡើងលឿនពេក

    អាការធ្វើអ្វីលឿនៗ រហ័សៗនេះ គឺជាឥរិយាបថដែលសន្សំធ្លាប់មកយូរហើយ បើចង់ឱ្យផ្លាស់ប្តូរក្នុងអំឡុង 2 – 3 ខែដំបូងនោះ ប្រហែលជាត្រូវប្រើពេលវេលាបន្តិចហើយ ហើយភាគច្រើនការងើបក្រោកឈររហ័សៗនេះ ច្រើនតែកើតឡើងចំពោះស្រ្តីមានគភ៌ដំបូងៗនេះឯង។

    7 . ជំពប់ជើង នឹងកៅអី វត្ថុរបស់របរផ្សេងៗ ជាយសំពត់ ជើងខោ .ល .

    ឧបត្តិហេតុដែលច្រើនតែជួបញឹកញាប់នៅក្នុងក្រុមនេះគឺ ដើរបុកតុ បុកកៅអី ទាត់ឡាំងដែលដាក់នៅលើឥដ្ឋ ឬបើស្លៀកខោ ឬសំពត់វែងៗ ស្រ្តីមានគភ៌អាចនឹងទាក់ជើង ឬជំពប់ជើងនឹងជើងខោ ឬជាយសំពត់ខ្លួនឯងហ្នឹងឯង។

    8 . រអឹលដួល (ក្នុងបន្ទប់ទឹក ជណ្តើរ)

    ដោយទម្ងន់ខ្លួនដែលកើនឡើង បូកជាមួយការធ្វើចលនាដែលមិនសូវជារហ័សរហួនដូចកាលពីមិនទាន់មានគភ៌ ស្រ្តីមានគភ៌អាចនឹងភ្លេចខ្លួនដើរលឿនៗ ឈានជើងទៅយ៉ាងមិនបានប្រយ័ត្ន និងមិនបានមើលផ្លូវ អាចធ្វើឱ្យការប៉ាន់ស្មានរយៈចម្ងាយខុសឆ្គងបាន បើក្នុងអំឡុងពេលដែលមិនបានតាំងគភ៌នោះ ក៏ប្រហែលជាអាចនឹងចាប់កាន់ តោង ឬទប់ខ្លួននឹងអ្វីៗជុំវិញខ្លួនមិនឱ្យដួលបាន តែបើក្នុងពេលមានគភ៌វិញ រឹតតែពោះធំឡើងនៅពេលណា ភាពរហ័សរហួនក៏នឹងថយចុះពេលនោះដែរ ដូច្នេះស្រ្តីមានគភ៌ទាំងឡាយគួរប្រយ័ត្នលើចំណុចនេះឱ្យបានខ្ពស់។

    9 . ក្បាលពោះបុកនឹងតុ បុកនឹងទ្វា .ល.

    ពីដើមដែលក្បាលពោះធ្លាប់តែរាបសំប៉ែត តែពេលមានគភ៌ដែលពោះកាន់តែធំឡើងក្នុងមួយខែៗ និងដោយភាពដែលមិនទាន់ស៊ាំធ្លាប់ ជាពិសេសស្រ្តីមានគភ៌ថ្មោងថ្មីផងនោះ អាចនឹងធ្វើឱ្យការប៉ានស្មានចម្ងាយពីក្បាលពោះរបស់ខ្លួននឹងវត្ថុផ្សេងៗមានការខុសឆ្គង ទើបធ្វើឱ្យយើងធ្លាប់ឃើញស្រ្តីមានគភ៌ជាច្រើនដើរបុកនេះបុកនោះជាប្រចាំ ដោយសារតែមិនទាន់ស៊ាំធ្លាប់ហ្នឹងឯង។

    10 . ភ្លេចខ្លួនលើករបស់ធ្ងន់ៗ លើសកម្លាំង ឬភ្លេចខ្លួនឱនចុះទាំងក្បាលពោះធំ

    ច្រើនតែកើតឡើងចំពោះស្រ្តីមានគភ៌ដែលសម្បូរកម្លាំងដែលស៊ាំធ្លាប់ជាមួយទង្វើការលើកនេះលើកនោះដោយខ្លួនឯង តែនៅពេលមានគភ៌ហើយ ស្រ្តីមានគភ៌មិនគួរលើករបស់របរធ្ងន់ៗដោយខ្លួនឯងឡើយ គួរហៅលោកប្តី ឬមិត្តរួមការងារដែលជាមនុស្សប្រុសឱ្យមកជួយវិញទើបប្រសើរជាង ចំណែកការភ្លេចខ្លួនឱនពាក់ស្បែកជើង ឬធ្វើអ្វីមួយភ្លែតៗលឿនៗជ្រុលហួសហេតុពេកនោះ ភាគច្រើនៗកើតចេញពីភាពស៊ាំធ្លាប់កាលពីពេលមិនទាន់មានផ្ទៃពោះ និងច្រឡំធ្វើឡើងដោយស្វ័យប្រវត្តិ៕

  • ទទួលបានទស្សនីយភាព និងការកម្សាន្តដ៏មហស្ចារ្យនឹកស្មានមិនដល់ពីកំពូលបច្ចេកវិទ្យា ថ្មីចុងក្រោយបំផុតនៃកំពូលទូរទស្សន៍ដ៏អច្ឆរិយល្អផ្តាច់គេ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020!!

    ទទួលបានទស្សនីយភាព និងការកម្សាន្តដ៏មហស្ចារ្យនឹកស្មានមិនដល់ពីកំពូលបច្ចេកវិទ្យា ថ្មីចុងក្រោយបំផុតនៃកំពូលទូរទស្សន៍ដ៏អច្ឆរិយល្អផ្តាច់គេ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020!!

    ស្តេចកំពូលទូរទស្សន៍ដ៏មហស្ចារ្យ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 ផ្តល់ឱ្យលោកអ្នកនូវបទពិសោធន៍ដ៏ស្ញប់ស្ញែងបំផុតមិនអាចពណ៌នាបាន…!!

    (ភ្នំពេញ) ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២០៖ ខ្ញុំគិតថា FHD, QHD, UHD, និង 4K លោកអ្នកប្រាកដជាធ្លាប់បានភ្លក្សនូវរសជាតិនូវការមើលឃើញកម្រិតភាពច្បាស់រួចមកហើយ…ត្រូវអត់? ចុះ 8K វិញ…? លោកអ្នកធ្លាប់បានសាកភ្លក្សហើយឬនៅ…? ខ្ញុំសូមឆ្លើយជំនួសចុះ…គឺប្រាកដជាមិនទាន់បាននៅឡើយទេ!!

    ឥឡូវនេះក្រុមហ៊ុន សាមសុង បាននាំយកនូវស្តេចកំពូលទូរទស្សន៍ដ៏ល្អឯកផ្តាច់គេនៃពិភពទូរទស្សន៍ក្នុងលោកប្រចាំប្រវត្តិសាស្ត្រ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 សម្រាប់អតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជាហើយ! លោកអ្នកអាចរីករាយទស្សនារូបភាពកំពូលច្បាស់…ដ៏សែនរស់រវើក…ត្រជាក់ភ្នែកជាទីបំផុតសូម្បីតែនៅក្នុងឈុតឆាកខ្សែភាពយន្តដែលងងឹត និងភ្លឺបំផុតបានផងដែរព្រោះ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 នេះបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបំផុត Quantum Dot ក្នុងការបង្ហាញបរិមាណពណ៌ 100% ពេញតែម្តង!

    ទោះជាទស្សនាក្បែរអេក្រង់ទូរទស្សន៍យ៉ាងណាក៏ស្ទើរតែមើលមិនឃើញគែមព័ទ្ធជុំវិញ ធ្វើឱ្យផ្ទៃអេក្រង់ទូរទស្សន៍លាតត្រដាងរហូតដល់ 99% អាចឱ្យលោកអ្នកផ្តោតអារម្មណ៍ទៅលើរូបភាពបានច្រើនជាងមុនដោយមិនមានការរំខានភ្នែកពីគែមស៊ុមពណ៌ខ្មៅឡើយ ជាមួយការឌីហ្សាញបែប Infinity Screen ! និយាយពីកម្រាស់វិញស្តើងស៊ីចស៊ីតែម្តង !

    https://www.youtube.com/watch?v=eiNWYp_egeU

    និយាយទៅ OTS+ (Object Tracking Sound Plus) របស់ សាមសុង ធ្វើឱ្យសំឡេងកាន់តែពិរោះ…ព្រឺព្រួចអស្ចារ្យជាទីបំផុត! ធានាថាលោកអ្នកប្រាកដជាជក់ចិត្ត…អណ្តែតអណ្តូង…ស្លុងអារម្មណ៍ជាមួយនឹងសំឡេងដ៏ពិរោះរណ្តំនៃ Speaker បំពងសំឡេងចំនួន 6 គ្រាប់ ដែលបំពាក់នៅខាងលើ…ចំហៀង… និងខាងក្រោម ដោយធ្វើប្រតិបត្តិការតាមលំញ័រសំឡេងគ្រប់ប្រភេទវីឌីអូដែលអាចបង្កើតអារម្មណ៍ក្នុងការទស្សនាកាន់តែអស្ចារ្យជាមួយនឹងសំឡេងដ៏ពិរោះរណ្តំ!! ជាពិសេសម្រាប់លោកអ្នកដែលចូលចិត្តលេងហ្គេម…មើលកុន…ច្រៀងខារ៉ាអូខេ វិញគឺត្រូវម៉ាច់តែម្តង…!!

    អ្វីដែលកាន់តែពិសេសអស្ចារ្យខ្លាំងបំផុតក្រៅពីការទស្សនា និងការកម្សាន្តនានាលោកអ្នកនឹងប្លែកភ្នែក…ប្លែកអារម្មណ៍បំផុតនោះគឺលោកអ្នកអាចកែប្រែអេក្រង់ស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 ដ៏ល្អឯកនេះឱ្យទៅជាផ្ទាំងគំនូរសិល្បៈវេទមន្តដ៏រស់រវើកបានផងដែរ …!!

    https://www.youtube.com/watch?v=eiNWYp_egeU

    អតិថិជនទាំងអស់អាចរកជាវទូរទស្សន៍ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 ដ៏ល្អឥតខ្ចោះនេះបាននៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិច សាមសុង នានា ទូទាំងប្រទេស!

    សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយផលិតផលរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

    បញ្ជាក់៖ រាល់ការជាវទូរទស្សន៍ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 ដ៏ល្អឥតខ្ចោះនេះសូមកុំភ្លេចសួររកប័ណ្ណធានាណា៎!!

  • ថ្នាំ Paracetamol លេបប៉ុន្មានគ្រាប់ទើបមិនមានគ្រោះថ្នាក់ដល់រាងកាយ?

    ថ្នាំ Paracetamol លេបប៉ុន្មានគ្រាប់ទើបមិនមានគ្រោះថ្នាក់ដល់រាងកាយ?

    គឺជារឿងសំខាន់ក្បែរខ្លួនដែលយើងគួរតែដឹង ព្រោះពេលឈឺក្បាល ឬមានគ្រុនក្តៅ មិនស្រួលខ្លួនម្តងៗ រឿងដំបូងគេដែលមនុស្សយើងនឹកដល់គឺ ថ្នាំ ប៉ារ៉ាសេតាម៉ុល ថ្នាំសាមញ្ញធម្មតាៗដែលត្រូវតែមាននៅក្នុងផ្ទះគ្រប់ៗគ្នា តែការញ៉ាំថ្នាំគ្រប់ប្រភេទតែងតែមានកម្រិតកំណត់ បើសិនញ៉ាំច្រើនជ្រុលពេកក៏នឹងហុចផលមិនល្អដល់រាងកាយ។

    ថ្នាំ ប៉ារ៉ាសេតាម៉ុល ជាថ្នាំបំបាត់ការឈឺចាប់ និងបញ្ចុះកម្តៅដែលល្អបំផុតក្នុងពេលបច្ចុប្បន្ននេះ តែគ្រោះថ្នាក់របស់ការប្រើថ្នាំប៉ារ៉ាសេតាម៉ុលគឺ មានផលប៉ះពាល់ចំពោះថ្លើម ( Hepatotoxicity ) ប៉ះពាល់តាំងពីការធ្វើការងាររបស់ថ្លើម រហូតទៅដល់សភាវថ្លើមគាំងយ៉ាងទាន់ហន់( Acute liver failure ) ដែលនាំឆ្ពោះទៅរកការស្លាប់បាត់បង់ជីវិតបាន។

    ប្រើថ្នាំប៉ារ៉ាសេតាម៉ុលឱ្យមានសុវត្ថិភាពត្រូវមើលលើកម្រិតខ្នាត

    វេជ្ជបណ្ឌិតជំនាញបានណែនាំថា គួរញ៉ាំតាមទម្ងន់ខ្លួន គុណជាមួយ 10 ឬ 15 ដង នឹងទទួលបានកម្រិតថ្នាំជាមីល្លីក្រាមដែលត្រូវលេបសម្រាប់ខ្លួនយើង(តែមិនត្រូវលើស 1.000 មីល្លីក្រាមក្នុងមួយដងឡើយ) ឧទាហរណ៍ ទម្ងន់ខ្លួន 50 គីឡូក្រាម កម្រិតថ្នាំដែលស័ក្តិសមត្រូវលេបគឺ 500 ឬ 750 មីល្លីក្រាម ដែលស្មើ 1 គ្រាប់ ឬ 1 គ្រាប់កន្លះ (បើមានមាឌធំ គុណនឹងទម្ងន់ខ្លួនហើយលើស 1.000 តែក៏ត្រូវតែលេបបានមិនលើស 2 គ្រាប់ដែរ)។

    កម្រិតថ្នាំខ្ពស់បំផុតសម្រាប់មនុស្សធំក្នុងមួយថ្ងៃច័ន្ទ 

    – កម្រិតស្តង់ដារទូទៅ មិនលើសពី 4.000 មីល្លីក្រាម រួមទាំងជាតិថ្នាំដែលមានផ្សំក្នុងប៉ារ៉ាសេតាម៉ុលផង ដូចជា ថ្នាំបន្ធូរសាច់ដុំ ថ្នាំសម្រាលអាការផ្តាសាយ ជាដើម។ល។

    – សម្រាប់អ្នកដែលត្រូវលេបបន្តបន្ទាប់ពីក្រៅប្រទេសរយៈពេលវែង ត្រូវស្ថិតនៅក្រោមការមើលថែទាំរបស់គ្រូពេទ្យ និងញ៉ាំមិនលើសពី 2.500 – 2.600 មីល្លីក្រាមឡើយ។

    – អ្នកជំងឺថ្លើម ឬញ៉ាំស្រាជាប្រចាំ ត្រូវលេបមិនលើស 2.000 មីល្លីក្រាម។

    កម្រិតថ្នាំខ្ពស់បំផុតក្នុងមួយថ្ងៃសម្រាប់ក្មេងអាយុពី 0 – 12 ឆ្នាំ

    – មិនលើស 75 មីល្លីក្រាម / មួយគីឡូក្រាម មានន័យថាជាកម្រិតថ្នាំដែលគុណទម្ងន់ខ្លួនរបស់ក្មេងរួចហើយ និងបញ្ចុកថ្នាំមួយថ្ងៃមិនលើស 5 ដង និងអានស្លាកណែនាំឱ្យយល់ជាមុនផង។

    – ការលេបថ្នាំ ប៉ារ់ាសេតាម៉ុល លើសកម្រិត នឹងមិនបង្ហាញអាការឱ្យឃើញឆាប់ៗនោះទេ នឹងបង្ហាញចេញមកក៏នៅពេលដែលដល់រយៈគ្រោះថ្នាក់ ជាអាការរលាកថ្លើម រឹងថ្លើម និងបង្កឱ្យកើតជាមហារីកថ្លើមបាត់ទៅហើយ ដូច្នេះគួរប្រើថ្នាំនេះនៅពេលណាដែលចាំបាច់ប៉ុណ្ណោះ និងបន្ថែមការប្រុងប្រយ័ត្នដោយការអានស្លាកព័ត៌មានឱ្យបានលម្អិតផង៕

  • គន្លឹះល្អៗ 5 យ៉ាង ពិនិត្យសុខភាពដោយខ្លួនឯងខណៈដឹងថា ខ្លួនមានគភ៌

    គន្លឹះល្អៗ 5 យ៉ាង ពិនិត្យសុខភាពដោយខ្លួនឯងខណៈដឹងថា ខ្លួនមានគភ៌

    អាការឈឺថ្កាត់ ខណៈពេលតាំងគភ៌ដោយសាររោគាផ្សេងៗក៏អាចកើតឡើងបានដែរ ដូច្នេះទើបស្រ្តីមានគភ៌គួរតែពិនិត្យមើលសុខភាពក្នុងអំឡុងពេលដែលដឹងថាខ្លួនតាំងគភ៌ហើយដោយខ្លួនឯងជាប់ជានិច្ចដើម្បីនឹងបានងាយស្រួលក្នុងការថែទាំព្យាបាលតាំងពីដំបូងៗ។ ខាងក្រោមនេះគឺជា 5 វិធីក្នុងការពិនិត្យមើលសុខភាពខណៈពេលមានគភ៌យ៉ាងងាយៗដោយខ្លួនឯង ៖

    1 . ពិនិត្យមើលកែវភ្នែក : ជាប្រក្រតី កែវភ្នែកពណ៌សរបស់មនុស្សយើងនឹងមានពណ៌សស្អាត តែបើពណ៌ភ្នែកមិនស្រស់ថ្លា ឬល្អក់ៗចេញពណ៌រាងលឿង​ៗ នោះបង្ហាញថាខុសប្រក្រតីហើយ អាចបណ្តាលមកពីសុខភាពរឿងថ្លើម ឬអាចកើតមានក្រួសក្នុងថង់ទឹកប្រមាត់ ឯការមើលថែទាំខ្លួនវិញនោះគឺ ទទួលទានអាហារឱ្យគ្រប់ 5 ប្រភេទក្រុម ញ៉ាំបន្លែដែលមានពណ៌លឿង ពណ៌បៃតង ចៀសវាងពីអាហារដែលមានជាតិខ្លាញ់ខ្ពស់ និងអាហារដែលមានរសជាតិខ្លាំងៗ(ប្រៃខ្លាំង ហឹរខ្លាំង.ល.) និងគេងសម្រាកឱ្យបានគ្រប់គ្រាន់។

    2 . បបូរមាត់ : បបូរមាត់ស្ងួត មានឡើងកន្ទួលក្រហមៗ អាការទាំងនេះអាចកើតឡើងដោយសារការខ្វះជាតិទឹក ឬប្រតិកម្មចាញ់សារធាតុគីមីប្រភេទខ្លះ អាការនេះស្រ្តីមានគភ៌អាចមើលថែទាំខ្លួនឯងបានដោយការ ញ៉ាំទឹកស្អាតឱ្យបានច្រើនៗ ក្នុងមួយថ្ងៃយ៉ាងតិចណាស់ក៍ 8 កែវ និងគួរចៀសវាងអាហារ ឬសារធាតុគីមីដែលធ្វើឱ្យមានប្រតិកម្មចាញ់។

    3 . ក្រចកដៃ ក្រចកជើង : សាកសង្កេតមើលតាមរយៈក្រចកដៃ ក្រចកជើងរបស់ខ្លួនឯង តើមានពណ៌ស ឬខៀវជាំ ស្នាមឆ្នូតផតចុះ ឬទេ? ព្រោះអាការបែបនេះអាចកើតចេញពីការខ្វះសារធាតុអាហារ ភាពខុសប្រក្រតីរបស់ក្រលៀន ឬអាចកើតពីសភាវលោហិតស្លេក ជាដើម ដូច្នេះនៅពេលចាប់ផ្តើមតាំងគភ៌ ស្រ្តីមានគភ៌មិនគួរលាបថ្នាំក្រចកដែលមានពណ៌ដិតៗខ្លាំងជ្រុលពេក ឬមិនគួរលាបតែម្តងក៏ល្អ ព្រោះងាយស្រួលលោកគ្រូពេទ្យបានសង្កេតមើលដឹងពីជំងឺតាមរយៈពណ៌ក្រចករបស់ស្រ្តីមានគភ៌ហ្នឹងឯង។

    4 . សរសៃសក់ : សក់ស្ងួត សក់ជ្រុះ ផុយឆាប់ដាច់ រឹងច្រងាង អាចកើតពីសភាវថៃរ៉យដ៍ធ្វើការខុសប្រក្រតី ខ្វះវីតាមីន និងសារធាតុរ៉ែ បើមានអាការទាំងនេះ ស្រ្តីមានគភ៌គួរមើលថែទាំសុខភាពដោយការទទួលទានអាហារដែលមានសារធាតុដែកខ្ពស់ ដូចជា ស៊ុតក្រហម បន្លែពណ៌បៃតង និងអាហារគ្រឿងសមុទ្រ និងគួរបញ្ឈប់ការប្រើកម្តៅ និងសារធាតុគីមីប្រភេទខ្លះជាមួយសរសៃសក់ និងកាត់បន្ថយភាពធុញថប់តានតឹង និងក្តីកង្វល់ទាំងឡាយខណៈមានគភ៌។

    5 . ហើមជើង : ជើងខាងណាមួយឡើងហើម ឬអាចហើមទាំងសងខាង គឺជារឿងប្រក្រតីដែលស្រ្តីមានគភ៌ត្រូវតែជួប ភាគច្រើននៅលើស្រ្តីដែលមានអាយុគភ៌ប្រមាណជា 6 ខែឡើងទៅ ដោយសារតែទំហំផ្ទៃរបស់ស្រ្តីមានគភ៌ដែលកាន់តែធំឡើង ទើបធ្វើឱ្យប្រព័ន្ធឈាមរត់ហូរវិលមិនបានល្អ ហុចផលឱ្យកើតអការហើមដៃជើង តែក៏គួរប្រយ័ត្នដែរ ព្រោះអាចបណ្តាលមកពីបញ្ហាជំងឺបេះដូង ជំងឺក្រលៀន ឬរលាកសន្លាក់ ជាដើម ដូច្នេះបើមានអាការហើម ស្រ្តីមានគភ៌គួរបានហាត់ប្រាណតិចៗស្រាលៗ ដើម្បីជំរុញការហូរវិលរបស់លោហិតឱ្យធ្វើការបានល្អឡើង ចៀសវាងអាហារដែលមានរសជាតិប្រៃ និងក្នុងខណៈតាំងគភ៌ស្រ្តីមានគភ៌គួរគ្រប់គ្រងទម្ងន់ខ្លួនកុំឱ្យឡើងខ្លាំងជ្រុលពេក៕