Author: ធឿន មករា

  • សំណួរ – ចម្លើយ ដែលយើងគួរដឹងអំពីសុខភាពមាត់ – ធ្មេញ

    សំណួរ – ចម្លើយ ដែលយើងគួរដឹងអំពីសុខភាពមាត់ – ធ្មេញ

    មិនថាថ្ងៃមួយណាឡើយ រៀងរាល់ព្រឹកនៃការចាប់ផ្តើមភារកិច្ច រហូតដល់អំឡុងពេលចុងក្រោយមុនពេលចូលគេងសម្រាករឿងសុខភាពក្នុងប្រអប់មាត់ អញ្ចាញ និងធ្មេញនៅតែជារឿងសំខាន់ដែលយើងត្រូវតែយកចិត្តទុកដាក់មើលថែទាំយ៉ាងជាប់ជានិច្ច ដើម្បីការពារទុកជាមុន មុននឹងកើតរោគភ័យផ្សេងៗ។ ខាងក្រោមនេះគឺជាសំណួរ – ចម្លើយដែលយើងគួរតែដឹងអំពីសុខភាពមាត់ – ធ្មេញដែលមានចំណុចខ្លះយើងអាចនៅមិនទាន់ដឹងនៅឡើយ។

    – ធ្មេញពីធម្មជាតិរបស់មនុស្សមានប៉ុន្មានឈុត?

    ឆ្លើយ ៈ មាន 2 ឈុត គឺ ធ្មេញទឹកដោះ និងធ្មេញពិតប្រាកដ

    – ធ្មេញទឹកដោះចាប់ផ្តើមដុះឡើងពេលអាយុប៉ុន្មាន?

    ឆ្លើយ ៈ ពេលអាយុ 2 ខួប – 2 ខួបកន្លះ

    – ធ្មេញទឹកដោះមានប៉ុន្មានគ្រាប់?

    ឆ្លើយ ៈ 20 គ្រាប់

    – ហេតុអីទើបត្រូវមើលថែទាំធ្មេញទឹកដោះឱ្យល្អ?

    ឆ្លើយ ៈ ព្រោះវាប្រៀបដូចជាធ្មេញនាំអាទិ៍ បើមើលថែទាំបានល្អ ធ្មេញពិតប្រាកដដែលដុះឡើងមកជំនួសនោះនឹងមានភាពល្អឥតខ្ចោះ និងស្ថិតក្នុងសភាពល្អដូចគ្នា

    – ធ្មេញពិតប្រាកដមានប៉ុន្មានគ្រាប់?

    ឆ្លើយ ៈ 32 គ្រាប់

    – ធ្មេញថ្គាម 4 គ្រាប់ចុងក្រោយនឹងចាប់ផ្តើមដុះឡើងពេលណា?

    ឆ្លើយ ៈ ពេលអាយុប្រមាណ 18 ឆ្នាំឡើងទៅ

    – ធ្មេញពិតប្រាកដនឹងនៅបានយូរប៉ុនណា?

    ឆ្លើយ ៈ បើមើលថែទាំល្អ ធ្មេញពិតប្រាកដអាចនៅជាមួយយើងអស់មួយជីវិត

    – អ្វីគឺមូលហេតុរបស់ជំងឺធ្មេញ និងអញ្ចាញ?

    ឆ្លើយ ៈ កំណកអតិសុខុមប្រាណ

    – កំណកអតិសុខុមប្រាណគឺអ្វី?

    ឆ្លើយ ៈ កំណកអតិសុខុមប្រាណកើតពីមេរោគ រួមជាមួយស្ករ និងប្រូតេអ៊ីននៅក្នុងស្ករច្រើនតែតោងជាប់ស្អិតនៅលើស្រទាប់ធ្មេញ

    – វិធីកម្ចាត់កំណកអតិសុខុមប្រាណដែលល្អបំផុតគឺ…

    ឆ្លើយ ៈ ការដុសសម្អាតធ្មេញ គួបផ្សំជាមួយការប្រើខ្សែអំបោះខាត់ធ្មេញ

    – បើកម្ចាត់កំណកអតិសុខុមប្រាណមិនអស់ តើនឹងមានលទ្ធផលយ៉ាងណា?

    ឆ្លើយ ៈ នឹងកើតការប្រមូលសន្សំ និងក្លាយជាកំណកកំបោរនៅជាប់ណែននឹងធ្មេញ

    – វិធីកម្ចាត់កំណកកំបោរដែលល្អបំផុតគឺធ្វើយ៉ាងណា?

    ឆ្លើយ ៈ ទៅជួបគ្រូពេទ្យធ្មេញ (ទន្តពេទ្យ) ដើម្បីកោសកំណកកំបោរទាំងនោះចេញ

    – តើត្រូវទទួលទានយ៉ាងណាដើម្បីឱ្យសុខភាពធ្មេញល្អ?

    ឆ្លើយ ៈ . កាត់បន្ថយចំណីកំប៉ិកកំប៉ុក

    . ជ្រើសរើសទទួលទានសណ្តែក និងផ្លែឈើជំនួសម្សៅ និងស្ករក្នុងអាហារពេលទំនេរ

    . កាត់បន្ថយបរិមាណ និងភាពញឹកញាប់ក្នុងការទទួលទានអាហារដែលមានស្ករ ទឹកតែ និងកាហ្វេ។

    . ដុសសម្អាតធ្មេញគ្រប់ពេលញ៉ាំអាហាររួច

    . សារធាតុរ៉ែដែលជួយបង្កើនឆ្អឹង និងធ្មេញមានអ្វីខ្លះ?

    ឆ្លើយ ៈ កាល់ស្យូម និងផូស្វ័រ

    – អាហារដែលមានកាល់ស្យូមខ្ពស់មានអ្វីខ្លះ?

    ឆ្លើយ ៈ ទឹកដោះ ប៊័រ ស៊ុតក្រហម ត្រីតូចៗ បង្គាក្រៀម គ្រាប់ល្ងខ្មៅ បន្លែស្លឹកបៃតង ជាដើម-ល-

    – ការញ៉ាំទឹកផ្លែឈើមានផលប៉ះពាល់ដល់ធ្មេញដែរឬទេ?

    ឆ្លើយ ៈ ទឹកផ្លែឈើធ្វើឱ្យធ្មេញសឹករឹលបាន ព្រោះក្នុងទឹកផ្លែឈើមានអាស៊ីត ស៊ីទ្រិក អាចរំលាយកាលស្យូមក្នុងស្រទាប់ស្រោបធ្មេញបាន ដូច្នេះពេលញ៉ាំទឹកផ្លែឈើហើយ គួរញ៉ាំទឹកតាមក្រោយ ឬខ្ពុរមាត់គ្រប់ពេល។

    (នៅមានត)

  • នាំគ្នាមកដឹង ពីរបៀបនៃការលួចយកលេខសម្ងាត់របស់ Hacker និងការការពារខ្លួន កុំឱ្យគេលួចបាន

    នាំគ្នាមកដឹង ពីរបៀបនៃការលួចយកលេខសម្ងាត់របស់ Hacker និងការការពារខ្លួន កុំឱ្យគេលួចបាន

    អ្នកស្រាវជ្រាវ​បាន​រកឃើញ​វិធីសាស្ត្រ​បោក (phishing) ប្រាស់​បែប​ថ្មី 1ទៀត ដែលមាន​លទ្ធភាព អាច​បោក​បញ្ឆោត (trick) អ្នកប្រើប្រាស់​ដែលមាន​បទពិសោធ​យូរ​ឆ្នាំ ឱ្យ​ចាញ់​បញ្ឆោត​បាន​យ៉ាង​ងាយ និង​អាច​ផ្ដល់​លទ្ធភាព​ឱ្យ​ពួក​ហេ​គ​ឃ័​រ ចូលទៅ​កាន់​គណនី Facebook របស់​អ្នក​បាន​ទៀតផង។

    បច្ចេកទេស​ថ្មី​នេះ គឺ​ការប្រើប្រាស់​មុខងារ “Trusted Contact” លើ Facebook ដែលជា​មុខងារ​ថ្មី​មួយ សម្រាប់​ធ្វើការ​ស្រោចស្រង់​គណនី Facebook ដោយ​ការផ្ញើ Secret access code ទៅកាន់​មិត្តភក្តិ​របស់​អ្នក ដើម្បីឱ្យ​អ្នក​ទាំងអស់នោះ ជួយ​អ្នកទទួលយក​គណនី​ហ្វេ​ស​ប៊ុ​ក​មកវិញ ប្រសិនបើ​អ្នក​ភ្លេច​ពាក្យ​សម្ងាត់ ឬ​មិនអាច​ភ្ជាប់​ចូលទៅ​កាន់​គណនី​របស់​អ្នក​បាន។ ខាងក្រោម​នេះ គឺជា​របៀប​នៃ​ការ​លួច​យក​លេខ​សម្ងាត់ របស់ Hacker ។

    1. នៅសុខៗ ស្រាប់តែ​អ្នក​បានទទួល​សារ​ពី​នរណាម្នាក់​តាមរយៈ Facebook Messenger ដែល​ផ្ញើ​ដោយ​គណនី​មិត្តភក្តិ​របស់​អ្នក។
    2. ហេ​គ​ឃ័​រ នឹង​ស្នើ​សុំឱ្យ​អ្នក​ជួយ​ស្រោចស្រង់​គណនី​របស់គេ​មកវិញ ដោយ​ធ្វើការ​ពន្យល់​អ្នក​ថា អ្នក​គឺ​ត្រូវ​បានដាក់ Trusted Contacts នៅក្នុង​ហ្វេ​ស​ប៊ុ​ក ហើយ​ប្រាប់​អ្នក​ទៀតថា អ្នកនឹង​ទទួលបាន​លេខ​កូដ សម្រាប់​ជួយ​ស្រោចស្រង់​គណនី​ហ្វេ​ស​ប៊ុ​ក​របស់គេ។
    3. បន្ទាប់មក ហេ​គ​ឃ័​រ​នឹងធ្វើ​ការ​ចុច​ទៅលើ​ពាក្យ “I forgot my password” នៅលើ​គណនី​របស់​អ្នក​ផ្ទាល់​តែម្ដង​ដែល​ធ្វើឱ្យ​អ្នកទទួលបាន​លេខ​កូដ។
    4. ដោយ​ដឹងថា មិត្ត​ភ័ក្តិ​ជួប​បញ្ហា​ហើយ​នោះ ជាទូទៅ​អ្នកនឹង​ផ្តល់​លេខ​កូដ​នោះ ដោយ​មិនបាន​គិតគូរ​បាន​លិ្អ​ត​ល្អន់​ឡើយ។
    5. ដោយ​ប្រើប្រាស់​លេខ​កូដ​នោះ ហេ​គ​ឃ័​រ​នឹងធ្វើ​ការ​លួច​យក​គណនី​របស់​អ្នក និង​ប្រើប្រាស់​វិធី​ដដែល​នេះ ធ្វើ​បន្ត​ទៅលើ​មិត្តភក្តិ​ដទៃ​ផ្សេងទៀត ដើម្បី​លួច​យក​លេខ​សម្ងាត់។

    *វិធីសាស្ត្រ​ការពារ​ខ្លួន​ពី​ការ​លួច​យក​លេខ​សម្ងាត់ Facebook៖ ដើម្បី​ការពារ​ខ្លួន​អ្នក ខាងក្រោម​នេះ គឺជា​ចំណុច​ដែល​អ្នក​គួរ​ប្រកាន់យក៖

    1. សូមកុំ​ចាប់អារម្មណ៍​សារ​ដែលមាន​លក្ខណៈ​បន្ទាន់ ឬ​ប្រញាប់​បែប Phishing messages ជាទូទៅ គឺ​មើលទៅ​ហាក់ដូចជា មកពី​មិត្តភក្តិ​ដែល​យើង​ទុកចិត្ត ប៉ុន្តែ​បើសិនជា​សារ​មាន​លក្ខណៈ​ប្លែក សូម​សួរ​ខ្លួនឯង​ជាមុនសិន​ថា តើ​អ្នកមាន​ដឹងថា ខ្លួន​អ្នក ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី “Trusted Contacts” នៃ​មិត្តភក្ដិ​របស់​អ្នក​ពីមុនមក​ដែរ​ទេ?
    2. សូម​ធ្វើការ​ផ្ទៀងផ្ទាត់​បញ្ជាក់​ពី​មិត្តភក្តិ​របស់​អ្នក ដោយ​ទូរស័ព្ទ​ទៅ​សាកសួរ ឬ​ជួប​មុខ​ដោយផ្ទាល់​ពី​បញ្ហា​នេះ។
    3. សូម​ធ្វើការសន្សឹមៗ ដោយ​ប្រុងប្រយ័ត្ន ព្រោះ​ការវាយប្រហារ​មាន​លក្ខណៈ​ស្មុគស្មាញ​ណាស់។ ជាទូទៅ សូម​ធ្វើការ​តាំងចិត្ត​ឱ្យ​ស្ងប់ នៅពេលដែល​អ្នក​បានទទួល​សារ ដែល​មើលទៅ វា​ធ្វើឱ្យ​អ្នកមាន​ការភ្ញាក់ផ្អើល ខឹង​ឬ​ភ័យ​ជាដើម។ បញ្ហា​នេះ​វា​នឹង​ធ្វើឱ្យ​អ្នក​គិតថា អ្នក​ត្រូវតែ​ប្រញាប់ ដែល​វា​អាច​ជះឥទ្ធិពល​ដល់​ការសម្រេចចិត្ត​របស់​អ្នក។ សូមកុំ​ភ័យ ហើយ​គិត​ឱ្យបាន​ច្បាស់​ថា តើ​មានរឿង​អ្វី​កើតឡើង​ឱ្យបាន​ពិតប្រាកដ មុន​ពេលដែល​អ្នកធ្វើ​សកម្មភាព​ណាមួយ។
    4. សូម​សិក្សា​អំពី​ដំណើរការ​នៃ​មុខងារ “Trusted Contacts” ដែល​បង្ហាញ​នៅ​ខាងក្រោម​នេះ៖

    មុខងារ Trusted Contacts គឺជា​មុខងារ​មួយ​ដែល​ប្រើប្រាស់​សម្រាប់​ធ្វើការ​ស្រោចស្រង់​គណនី​ហ្វេ​ស​ប៊ុ​ក​ណាមួយ​មកវិញ ដោយមាន​ជំនួយ​ពី​មិត្តភក្តិ​របស់​អ្នក។ ដើម្បី​ដំណើរការ​នូវ​មុខងារ​មួយ​នេះ អ្នក​ត្រូវតែ​ជ្រើស​រើសយក​មិត្តភក្តិ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ពី  3នាក់​ទៅ 5នាក់​ពី​ក្នុង​បញ្ជី​មិត្តភក្តិ​ទាំងអស់។ បើសិនជា​អ្នក​មិនអាច​ចូលទៅ​កាន់​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នក​បាន ដោយ​ប្រការ​ណាមួយ​នោះ មិត្តភក្តិ​ទាំងអស់នេះ​អាចធ្វើ​ការបង្កើត​នូវ​លេខ​កូដ​សម្ងាត់​ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​ពួកគេ ហើយ​បញ្ជូនបន្ត​ទៅឱ្យ​អ្នក ដើម្បី​ជួយ​ស្រង់​យក​លេខ​សម្ងាត់​នោះមក​វិញ៕

  • វិធីការពារមេរោគ ឆ្លងចូលកុំព្យូទ័រ នៅលើ Windows ដែលអ្នកគួរតែដឹង

    វិធីការពារមេរោគ ឆ្លងចូលកុំព្យូទ័រ នៅលើ Windows ដែលអ្នកគួរតែដឹង

    ប្រព័ន្ធ​សុវត្ថិភាព​គ្រប់​ឧបករណ៍ប្រើប្រាស់ ជា​កត្តាចាំបាច់​ដែល​អ្នក​រាល់គ្នា​ត្រូវ​ខ្វាយខ្វល់​ជាប្រចាំ ដើម្បី​បញ្ចៀស​ការវាយប្រហារ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត រហូត​ឈានដល់​ការបាត់បង់​ទិន្នន័យ ឬ​ទង្វើ​គំរាមកំហែង​បែបណា​មួយ។ ខាងក្រោម​នេះ គឺជា​ចំណុចងាយៗ ដែល​អ្នក​អាចអនុវត្ត​បាន ដើម្បី​ទប់ស្កាត់​ការឆ្លង Malware ចូល​កុំព្យូទ័រ​ដែល​ដំណើរការ​ដោយ Windows។

    1.ដំឡើង និង Update កម្មវិធី​សម្លាប់​មេរោគ

    ដើម្បី​ទប់ស្កាត់ Malware កុំឱ្យ​ឆ្លង​ចូល​កុំព្យូទ័រ អ្នកប្រើប្រាស់​មាន​ជម្រើស​ច្រើន​ក្នុង​ការដំឡើង​កម្មវិធី Anti-virus ប្រភេទ​ណាមួយ ប៉ុន្តែ Microsoft បានផ្តល់​ជម្រើស​ឥតគិតថ្លៃ គឺ Windows Defender Security។ យ៉ាងណាមិញ អ្នកប្រើប្រាស់​ក៏ត្រូវ​តែ​ធ្វើការ Update ជាប្រចាំ​ដែរ ដើម្បី​ទទួលបាន​ការបន្ថែម​មុខងារ​ថ្មី និង​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ឱ្យ​កាន់តែ​ខ្ពស់​ពី​សំណាក់ Developers។

    2.Update ជំនាន់ Windows ជាប្រចាំ

    Hacker រមែង​រុករក​មធ្យោបាយ​ថ្មី ក្នុងការ​បំបែក​ចន្លោះប្រហោង​សុវត្ថិភាព​នៃ​ប្រព័ន្ធ Windows នេះ​ជា​មូលហេតុ​ដែល Microsoft ព្យាយាម​ទប់ស្កាត់​តាម​ការបញ្ចេញ​ជំនាន់ Update តូចៗរៀងរាល់ថ្ងៃ​អង្គារ ក៏ដូចជា​ការ Update ធំ​រៀងរាល់ 1 ឬ2ដង ក្នុង 1ឆ្នាំ។ សូម​ចុច​ស្វែងរក Windows Update ត្រង់​ទីតាំង Start Menu និង​បើក Check for updates ដើម្បី​ដំឡើង​ជំនាន់​ថ្មី។

    3.បើកមុខ​ងារ Windows Firewall

    មុខងារ​មាន​ស្រាប់​មកពី​នាយ Firewall នេះ អាច​ការពារ PC របស់​អ្នក​ពី​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បាន ដូច្នេះ​ដើម្បី​បើក​ដំណើរការ​សូម​ចូលទៅ​កាន់ Windows Firewall ហើយ​បើក Turn On ប្រសិនបើ​ឃើញ​ពណ៌​បៃតង នោះ​មានន័យថា ដំណើរការ​ធម្មតា។

    4.ប្រើប្រាស់ Browser ជំនាន់​ចុងក្រោយបង្អស់

    កុំ​ថា​តែ​អ្វី​នោះ Browserក៏មាន​ផ្ទុក Bugs ដូចគ្នា ចំណុច​នេះហើយ​អ្នក​ត្រូវ​ជ្រើសរើស​កម្មវិធី​ណា​ដែល​គួរឱ្យ​ទុកចិត្តបាន។ អាច​ថា Google Chrome ឬ Firefox ប៉ុន្តែ​កុំ​ភ្លេច​ស្វែងរក​ជំនាន់​ថ្មី​ចុងក្រោយ ព្រោះ​វា​មាន​មុខងារ​ការពារ​សុវត្ថិភាព​ខ្ពស់ ឬ​បើក​មុខងារ Automatically Update បាន​កាន់តែ​ប្រសើរ។

    5.កុំ​ធ្លាក់​ក្នុង​ល្បិចកល​ឱ្យ​វាយ​បញ្ចូល Email

    ការ​សួរ​ឱ្យ​អ្នក​វាយ​បញ្ចូល Login គណនី Email ចូលទៅ​កាន់​គេហទំព័រ​ណាមួយ ដើម្បី​បញ្ជាក់​ពី​ព័ត៌មាន​ផ្ទាល់ខ្លួន​នោះ សុទ្ធសឹងតែ​ជា​ល្បិចកល​បោក​បញ្ឆោត​របស់ Hacker ទាំងអស់។ ចំណុច​នេះ Website ដែល​មិន​ប្រាកដប្រជា​មួយចំនួន ក៏​នឹងត្រូវ​ចាប់បាន​ពី Browser ភ្លាមៗ ប្រសិន​ណា​ជា​ប្រភេទ Spam Link ជាហេតុ​ដែល​អ្នក​ត្រូវអនុវត្ត​ចំណុច​ទី4 បាន​ល្អិតល្អន់។

    6.ប្រើប្រាស់ Windows Malicious Software Removal Tool

    ក្រៅពី Windows Defender អ្នក​ក៏មាន​ជម្រើស​សាមញ្ញ​មួយទៀត មានឈ្មោះ Malicious Software Removal Tool របស់​ក្រុមហ៊ុន Microsoft ដូចគ្នា។ ជា​កម្មវិធី​ដែល​ត្រួតពិនិត្យ និង​ចាប់បានភ្លាមៗនូវ​ប្រភេទ Malware មួយចំនួន ពោលគឺ​ងាយស្រួល​ប្រើ ប៉ុន្តែ​មិនបាន​ពេញលេញ​ដូច​កម្មវិធី Anti-virus ធំៗឡើយ៕

  • រឿងដែលអ្នកម្តាយត្រូវដឹង…តើរាងកាយកូនតូចត្រូវការទឹកច្រើនប៉ុនណា?

    រឿងដែលអ្នកម្តាយត្រូវដឹង…តើរាងកាយកូនតូចត្រូវការទឹកច្រើនប៉ុនណា?

    ក្មេងតូចៗខ្លះបៅទឹកដោះហើយមិនញ៉ាំទឹក ក្មេងខ្លះញ៉ាំទឹកតែបន្តិចបន្តួច មួយថ្ងៃមិនទាំងដល់មួយកែវផង រហូតអ្នកម្តាយអាចនឹកកង្វល់ថា បើបែបហ្នឹង តើកូននឹងបានទទួលជាតិទឹកគ្រប់គ្រាន់ដែរឬទេ?

    ទឹក នៅក្នុងទីនេះមានន័យអំពីវត្ថុរាវដែលរាងកាយត្រូវការ ដែលក៏រួមទាំងទឹកដោះ និងទឹកផ្លែឈើផងដែរ។ ក្នុងមួយថ្ងៃៗកូនត្រូវការវត្ថុរាវប្រមាណជា 15 ភាគរយនៃទម្ងន់ខ្លួន ដូចជា កូនតូចមានទម្ងន់ខ្លួន 10 គីឡូក្រាម ដូច្នេះកូននឹងត្រូវការវត្ថុរាវ ៎៎= 0 . 15 X 10 = 1 លិត្រកន្លះ ដូច្នេះស្មើនឹងក្នុង 1 ថ្ងៃកូនគួរបានទទួលទឹកដោះ 960 មីល្លីលិត្រ ទឹកផ្លែឈើ 60 – 120 មីល្លីលិត្រ និងទឹកបរិសុទ្ធ 60 មីល្លីលិត្រ និងចំណែកដែលនៅសល់ កូននឹងបានទទួលអំពីអាហារបន្ថែមក្នុងពេលនីមួយទៀតផង។

    ដូច្នេះបើរាប់ទឹកដោះជាចំណែកមួយរបស់ជាតិទឹកដែលរាងកាយកូនត្រូវការហើយនោះ ក៏មិនចាំបាច់ទៅបារម្ភថា កូននឹងបានទទួលជាតិទឹកមិនគ្រប់គ្រាន់នោះទេ តែមូលហេតុដែលពេលឱ្យកូនមឹមទឹកដោះហើយ គួរឱ្យកូនមឹមទឹកផងនោះ គឺជាការបង្ហាត់ឱ្យកូនចេះញ៉ាំទឹកស្អាតបរិសុទ្ធ និងដែលសំខាន់នោះ ជាការលាងសម្អាតកំណកទឹកដោះដែលប្រឡាក់ជាប់នៅក្នុងប្រអប់មាត់ហ្នឹងឯង។

    ទឹកស្អាត…ចាប់ផ្តើមនៅពេលណាល្អ?

    គួរចាប់ផ្តើមតាំងពីពេលកើតដំបូង ចូរឱ្យមឹមក្រោយពេលបៅទឹកដោះរួច ឬក្នុងអំឡុងពេលបៅទឹកដោះក៏បាន ជាពិសេសក្នុងអំឡុងពេលចាប់ផ្តើមឱ្យអាហារបន្ថែម គួរបញ្ចុកទឹកស្អាតឱ្យកូនញ៉ាំក្នុងអំឡុងពេលបញ្ចុកអាហារផង ដោយចាប់ផ្តើមឱ្យញ៉ាំប្រមាណជា 1 ស្លាបព្រាកាហ្វេជាមុនសិន និងបន្ទាប់ពីញ៉ាំអាហាររួច (និងមុនឱ្យបៅទឹកដោះ) រួចហើយសឹមបង្កើនជាបណ្តើរៗឱ្យបានបរិមាណ 120 – 180 មីល្លីលិត្រក្នុងមួយថ្ងៃ។ អ្វីដែលសំខាន់នោះ គួរឱ្យកូនតូចញ៉ាំទឹកដែលដាំឆ្អិនល្អបំផុត និងគួរប្តូរទឹកញឹកញាប់មុននឹងឱ្យកូនបៅ។ ទឹកដាំឆ្អិនដែលឱ្យកូនបៅគួររក្សាទុកក្នុងទូទឹកកក ព្រោះនឹងជួយបញ្ឈប់ការរីកធំធាត់របស់មេរោគបាក់តេរីបាន តែមិនគួររក្សាទុកលើសពី 1 – 2 ថ្ងៃទេ។

    ទឹកផ្លែឈើ…ក៏សំខាន់ប៉ុនៗគ្នាដែរ

    ទឹកផ្លែឈើជាចំណែកមួយរបស់ជាតិទឹកដែលចាំបាច់ដល់រាងកាយរបស់កូន គួរចាប់ផ្តើមឱ្យកូនតូចញ៉ាំទឹកផ្លែឈើនៅពេលមានអាយុ 6 – 7 ខែឡើងទៅ។ គួរជ្រើសរើសផ្លែឈើដែលមានរសជាតិស្រាលៗជាមុនសិន ដូចជា ផ្លែប៉ោម ទំពាំងបាយជូរ ល្ហុងទុំ ជាដើម ហើយរឿងភាពស្អាតមានអនាម័យគឺជារឿងសំខាន់ ចូរប្រយ័ត្នថ្នាំសម្លាប់សត្វល្អិតដែលនៅជាប់សេសសល់លើផ្លែឈើនោះឱ្យបានខ្លាំងផង (គួរយកទៅត្រាំទឹកទុកចោលប្រមាណជា 15 – 20 នាទី មុននឹងយកទៅច្របាច់ ឬក្រឡុកឱ្យកូនញ៉ាំ) និងនៅពេលច្របាច់ ឬក្រឡុកហើយភ្លាមៗថ្មីៗ គួរឱ្យកូនញ៉ាំតែម្តង បន្ទាប់ពីនោះចូរឱ្យញ៉ាំទឹកស្អាតតាមក្រោយគ្រប់ពេល ដើម្បីលាងកំណកជាតិស្ករដែលនៅជាប់តាមជើងធ្មេញ និងក្នុងប្រអប់មាត់។

    សូមកុំភ្លេចថា បរិមាណរបស់ទឹកផ្លែឈើដែលឱ្យកូនតូចញ៉ាំក្នុងមួយថ្ងៃៗនោះ មិនគួរលើសពី 90 – 120 មីល្លីលិត្រ បើសិនជាច្រើនជាងនោះ នឹងមានផលមិនល្អតាមមក គឺនឹងធ្វើឱ្យកូនតូចបៅទឹកដោះបានតិច ព្រោះទឹកដោះមានគុណប្រយោជន៍ចំពោះរាងកាយរបស់កូនតូចខ្លាំងជាងទឹកផ្លែឈើច្រើនណាស់ និងមិនអាចជំនួសគ្នាបានឡើយ។ មានលោកឪពុកអ្នកម្តាយខ្លះប្រើវិធីដាក់ស្ករ-សទៅក្នុងទឹកសម្រាប់ឱ្យកូនតូចញ៉ាំ ដើម្បីជួយឱ្យកូនញ៉ាំទឹកស្អាតឱ្យបានច្រើនឡើង តែវិធីនេះត្រូវបានហាមដាច់ខាត ព្រោះក្រៅពីនឹងធ្វើឱ្យកូនញៀនជាតិផ្អែមហើយ មេរោគក៏ចូលចិត្តស្ករដូចគ្នាដែរ ធ្វើឱ្យវាមានឱកាសបង្កើនចំនួនច្រើនឡើងយ៉ាងឆាប់រហ័សក្នុងពេលដ៏ខ្លី ។

    ពេលឱ្យកូនញ៉ាំទឹកផ្លែឈើ គួរឱ្យញ៉ាំពីកែវ ព្រោះការឱ្យកូនបឺតជញ្ជក់ពីដបទឹកដោះគោនឹងធ្វើឱ្យភាពផ្អែមនៅសេសសល់ក្នុងប្រអប់មាត់ និងជាប់តាមកន្លុកកន្លៀតធ្មេញរបស់កូនរយៈពេលយូរ ធ្វើឱ្យមានឱកាសធ្មេញពុកបានដោយងាយ៕

  • ARU RESSHA រថភ្លើងស្អាតបំផុតក្នុងពិភពលោក

    ARU RESSHA រថភ្លើងស្អាតបំផុតក្នុងពិភពលោក

    ដូចដែលយើងបានដឹងហើយថា នៅក្នុងប្រទេសជប៉ុនការធ្វើដំណើរត្រូវពឹងលើរថភ្លើងជាចម្បង ដែលប្រព័ន្ធចរាចរណ៍រថភ្លើងនោះទាន់សម័យខ្លាំងណាស់ គ្រប់ដណ្តប់លើការធ្វើដំណើរទាំងក្នុងទីក្រុងធំៗ និងទៅទីរួមខេត្តផ្សេងៗ ក្រៅពីនេះនៅមានអៃឌៀថ្មីៗត្រូវបានដាក់បញ្ចូលមកដើម្បីបន្ថែមចំណាប់អារម្មណ៍លើរថភ្លើងជាច្រើនយ៉ាងទៀតផង ដូចជា រថភ្លើងបែបតុក្កតា និងពេលនេះ JR Kyushu បានបើកបង្ហាញក្បួនរថភ្លើងថ្មីសន្លាងមួយខ្សែគឺ ARU RESSHA (Sweet Train ) ដើម្បីតម្រូវតាមចំណង់ចំណូលចិត្តនារីៗ និងអ្នកចូលចិត្តញ៉ាំបង្អែម។

    JR Kyushu ជាក្បួនរថភ្លើងដែលរត់លើខ្សែផ្លូវលើកោះ ឃីវឈូ មានប្រវត្តិដំណើរការមកយូរយារណាស់មកហើយ ឥឡូវនេះបានបង្ហាញ ARU RESSHA ក្បួនរថភ្លើងផ្អែមល្ហែម ( Sweet Train )មួយខ្សែថ្មីទៀត ដែលនឹងនាំយើងជិះទស្សនាទេសភាពស្អាតៗរបស់ធម្មជាតិ សមុទ្រ ព្រៃភ្នំ រហូតពេញមួយខ្សែផ្លូវ ព្រមជាមួយការក្រេបយកភាពឈ្ងុយឆ្ងាញ់របស់បង្អែមដែលចម្អិនឡើងយ៉ាងផ្ចិតផ្ចង់បម្រើឱ្យទទួលទានពេញមួយពេលធ្វើដំណើរ។

    ARU RESSHA ឬភាសាអង់គ្លេសហៅថា Sweet Train ឬក្បួនរថភ្លើងផ្អែមល្ហែមនេះបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ 2015 រត់រវាងទីក្រុង សាសេបូ ទៅដល់ទីរួមខេត្ត ណាង៉ាសាគិ ហើយនៅឆ្នាំ 2017 នេះក៏នឹងបើកផ្លូវមួយខ្សែថ្មីទៀតដែលនឹងធ្វើដំណើររវាងទីក្រុង Oita-Hita ក្នុងខេត្ត អូអ៊ីតៈ ដោយនឹងចាប់ផ្តើមនៅខែមេសា និងរដូវស្លឹកឈើជ្រុះនឹងចាប់ផ្តើមផ្តល់សេវាកម្មរវាង Sasebo – Nagasaki ក្នុងខេត្ត ណាង៉ាសាគិ។

    ARU RESSHA ជារថភ្លើងស្ទីលទំនើបបង្កប់ដោយភាពក្លាសស៊ិក តុបតែងដោយពណ៌ខ្មៅ-ក្រហម ច្នៃម៉ូដដោយ “Eiji Mitooka ” ឌីហ្សាញនើរ៍ល្បីឈ្មោះ ដោយបានកម្លាំងជំរុញចិត្តមកពីរថភ្លើងបុរាណសម័យឆ្នាំ 1908 និងចង់ធ្វើឱ្យទៅជា “ក្បួនរថភ្លើងក្នុងក្តីស្រមៃ” ជារថភ្លើងបែបស៊ីប្រេងម៉ាហ្សូ៊ត មិនមែនអគ្គិសនី។

    ហាយឡាយល្អបំផុតរបស់ ARU RESSHA រថភ្លើងផ្អែមល្ហែមនេះ គឺ បង្អែមស្ទីលបារាំងសែសដ៏សែនឆ្ងាញ់ ផ្សំតែងដោយវត្ថុធាតុដើមក្នុងតំបន់ពីកោះ ឃីវឈូ ឬតាមរដូវកាល និងចម្អិនដោយថ្វីដៃមេចុងភៅខាងបង្អែមលំដាប់ Michelin Star របស់ជប៉ុនឈ្មោះ “Yoshihiro Narisawa ” ។

    តម្លៃសំបុត្រសម្រាប់ជិះកម្សាន្ត និងញ៉ាំបង្អែម ចាប់ផ្តើមពី 20.000 យ៉េន (ប្រមាណជា 150 ដុល្លារ) សម្រាប់ 2 នាក់ និងអាចទិញតាមរយៈតំណាងលក់ ឬក្រុមហ៊ុនទេសចរណ៍តែប៉ុណ្ណោះ៕

  • 5 រោគចង្រៃនឹងសួររកមុខ បើមិនញ៉ាំអាហារពេលព្រឹក…

    5 រោគចង្រៃនឹងសួររកមុខ បើមិនញ៉ាំអាហារពេលព្រឹក…

    អាហារពេលព្រឹក ជាពេលអាហារដែលមនុស្សជាច្រើនចូលចិត្តព្រងើយកន្តើយជាញឹកញាប់រហូតក្លាយជាទម្លាប់ មិនថាតែប្រញាប់ទៅធ្វើការ ទៅរៀន ឬភ្ញាក់ពីដំណេករាងថ្ងៃជ្រុល បើអ្នកណាដឹងខ្លួនថាស្ថិតនៅក្នុងក្រុមមនុស្សប្រភេទនេះ ឡា រ៉ែន សូមឱ្យអ្នកប្រញាប់ផ្លាស់ប្តូរទង្វើរបស់ខ្លួននេះយ៉ាងប្រញាប់ប្រសើរជាង ព្រោះមានភាពប្រថុយប្រថានក្នុងការកើតរោគចង្រៃបាន ដែលរោគនីមួយៗ សូមប្រាប់ទៅចុះថា សុទ្ធតែគួរឱ្យខ្លាចទាំងអស់។

    5 រោគចង្រៃនឹងសួររកមុខ បើមិនញ៉ាំអាហារពេលព្រឹក

    1 . រោគធាត់

    មនុស្សជាច្រើនអាចនឹងនឹកឆ្ងល់ថា បើមិនញ៉ាំអាហារ វាមានតែស្គម ម៉េចបានធាត់ទៅកើត? ធាត់បានតើ ហើយធាត់ខ្លាំងទៀតផង! ព្រោះបើយើងមិនញ៉ាំអាហារពេលព្រឹក ប្រព័ន្ធដុតបំផ្លាញក្នុងរាងកាយនឹងធ្វើការយឺត ហេវញឹកញាប់ ហើយភាពឃ្លានដែលមិនបានញ៉ាំអីនៅពេលព្រឹកក៏នឹងទៅទម្លាក់លើពេលអាហារដទៃទៀត ធ្វើឱ្យញ៉ាំច្រើនលើសពីតម្រូវការរបស់រាងកាយ ដែលវាបណ្តាលឱ្យធាត់ និងមិនមែនជារឿងប្លែកឡើយ។

    2 . រោគទឹកនោមផ្អែម

    អាហារពេលព្រឹក ជាអាហារពេលសំខាន់បំផុត ដែលរាងកាយត្រូវការយ៉ាងខ្លាំង ព្រោះរាងកាយត្រូវការថាមពលធ្វើការ ហើយសារធាតុអាហារចូលទៅជំរុញប្រព័ន្ធដុតបំផ្លាញ រួមទាំងអាចកាត់បន្ថយសភាវខុសប្រក្រតីរបស់អ័រម៉ូន អ៊ីនស៊ូលីន ដែលអាចរាប់បានថាជាមូលហេតុនៃការកើតរោគទឹកនោមផ្អែមជាង 40 – 50 % ដូច្នេះមិនមែនចំពោះតែមនុស្សចាស់ប៉ុណ្ណោះទេ តែគ្រប់ភេទគ្រប់វ័យមិនគួរព្រងៀយកន្តើយអាហារពេលព្រឹកជាដាច់ខាត។

    3 . រោគអាស៊ីតហូរបញ្រ្ចាស់

    ក្រពះអាហាររបស់យើង នៅពេលដល់វេលា វានឹងបញ្ចេញទឹករំលាយចេញមកដើម្បីរំលាយអាហារតាមពេលវេលាប្រក្រតី តែបើយើងបែរជាអត់អាហារពេលព្រឹក ឬមិនព្រមញ៉ាំវិញនោះ ទឹករំលាយទាំងនោះនឹងមិនត្រូវបានប្រើការ និងត្រូវដក់ឃាំងនៅក្នុងរាងកាយរបស់យើង ធ្វើឱ្យបំពង់អាហារ និងសាច់ភ្នាសក្រពះកើតអាការរលាកក្រហាយ រឹតតែយើងបណ្តោយឱ្យពេលវេលាកន្លងផុតទៅយូរខ្លាំងឡើង អាស៊ីតទឹករំលាយទាំងនោះក៏អាចនឹងហូរបញ្រ្ចាស់ពីបំពង់អាហារឡើងមកដល់បំពង់កបាន។

    4 . រោគអាល់ហ្សៃមើរ

    មិនញ៉ាំបាយព្រឹក ម៉េចបានទៅពាក់ព័ន្ធអីនឹងខួរក្បាល? ព្រោះថាជាតិស្ករនៅក្នុងឈាមជាអាហារដែលសំខាន់សម្រាប់ខួរក្បាលហ្នឹងឯង។ ក្រោយភ្ញាក់ពីដំណេក រាងកាយរបស់យើងមិនបានទទួលសារធាតុអាហារមករយៈពេលយូរជាង 10 – 12 ម៉ោងទៅហើយ បើយើងមិនញ៉ាំអាហារពេលព្រឹកទៀត នឹងធ្វើឱ្យជាតិស្ករក្នុងឈាមយើងធ្លាក់ចុះ ធ្វើឱ្យមានជាតិស្ករទៅចិញ្ចឹមខួរក្បាលតិច ហុចផលឱ្យខួរក្បាលផ្នែកការចងចាំធ្វើការមិនពេញទំហឹង ស្ពឹកស្រពន់ និងចុះខ្សោយ។

    5 . រោគបេះដូង និងសរសៃឈាម

    ពេលមិនបានញ៉ាំអាហារពេលព្រឹករហូតក្លាយជាទម្លាប់ នឹងធ្វើឱ្យកើតរោគធាត់ ទឹកនោមផ្អែម និងរោគជាច្រើនទៀត ដែលនៅពេលរោគធាត់ និងទឹកនោមផ្អែមមកសួរសុខទុក្ខ បរិមាណកូលេស្តេរ៉ូលក្នុងរាងកាយយើងក៏នឹងឡើងខ្ពស់ នោះនឹងធ្វើឱ្យមានភាពប្រថុយប្រថានក្នុងការកើតជំងឺបេះដូង និងសរសៃឈាមតាមមក មានលទ្ធផលនៃការពិនិត្យស្រាវជ្រាវនៅក្នុងប្រទេស អាមេរិកបានរកឃើញថា អ្នកដែលមិនញ៉ាំអាហារពេលព្រឹកមានឱកាសកើតជំងឺបេះដូង និងសរសៃឈាមច្រើនដល់ទៅ 20 % ឯណោះ។

    ឃើញជំងឺនីមួយៗហើយ ប្រហែលជានាំគ្នាភ្ញាក់ផ្អើលមិនតិចទេមើលទៅ ដូច្នេះសូមងាកមកមើលថែទាំសុខភាពរបស់យើងទាំងអស់គ្នាវិញ ដោយចាប់ផ្តើមពីការទទួលទានអាហារពេលព្រឹកនេះឯង និងបើអាចទទួលទានបានគ្រប់ទាំងបីពេល ទទួលទានរបស់ដែលមានប្រយោជន៍ និងហាត់ប្រាណឱ្យបានជាប់ជាប្រចាំផងនោះ អាចលើកដៃលារោគចង្រៃទាំងប៉ុន្មាននោះបានតែម្តង៕

  • វិធីទប់ទល់ជាមួយកូនប៉ឹន-ង

    វិធីទប់ទល់ជាមួយកូនប៉ឹន-ង

    កូនស្រីអាយុ 4 ឆ្នាំមាននិស្ស័យប៉ឹន-ងខ្លាំងណាស់ បើមិនទៅអង្វរទេ នឹងនៅតែ-ងបែបនោះ ហើយទៅពួននៅឯជ្រុងបន្ទប់ ឬអង្គុយផ្អែកនឹងទ្វាររហូតដល់គេងលក់តែម្តងក៏មាន។ ដូច្នេះតើគួរអង្វរកូនយ៉ាងណាមិនឱ្យមាននិស្ស័យមិនល្អនេះ?

    ក្មេងវ័យ 4 ឆ្នាំប៉ឹន-ងនេះ ដោយសារតែគេត្រូវការការយកចិត្តទុកដាក់ ក្មេងវ័យនេះ តាមវិវឌ្ឍនាការគេចាប់ផ្តើមត្រូវការភាពទទួលស្គាល់ថាជាមនុស្សពិសេសអំពីមនុស្សជិតដិតក្បែរខ្លួនហើយ ការយល់ដឹងពីហេតុផលនៅមិនទាន់មានច្រើនឡើយ ព្រោះគេនៅប្រកាន់ខ្លួនឯងថាជាចំណុចកណ្តាល ងង៉ក់ ឬឌឺរឹងខ្លះក៏ដើម្បីពិសោធន៍សេចក្តីស្រឡាញ់ថា តើប៉ា និងម៉ាក់ស្រឡាញ់គេប៉ុនណា? ដូច្នេះវិធីងាយៗក្នុងការកែសម្រួលទង្វើរបស់កូនតូចសែន-ងង៉ក់នេះគឺ លោកឪពុក អ្នកម្តាយត្រូវតែធ្វើធម្មតា កុំប្រើអារម្មណ៍ ឬជ្រួលច្របល់នៅពេលនោះ រហូតទាល់តែកូនមានអារម្មណ៍ល្អឡើងវិញ នោះសឹមចូលទៅនិយាយជាមួយ សាកសួរពីមូលហេតុ និងតម្រូវការអាចប្រើពាក្យសំដីក្នុងលក្ខណៈថា “ចង់កូនមហាសែន-ងក៏ម៉ាក់ស្រឡាញ់ ចង់កូនឌឺក៏ម៉ាក់ស្រឡាញ់” និយាយឱ្យកូនជឿជាក់លើក្តីស្រឡាញ់ និងកុំភ្លេចឱបកូនឱ្យបានញឹកញាប់ផង ជាពិសេសពេលដែលកូន-ង មិនគួរនិយាយថា “ម៉ាក់នឹងឈប់ស្រឡាញ់ហើយ” នោះឡើយ ព្រោះនឹងធ្វើឱ្យកូនមានអារម្មណ៍តតាំង។

    ក្មេងក្នុងវ័យនេះនឹងព្រមធ្វើតាមពាក្យណែនាំគ្រប់យ៉ាងជាមួយមនុស្សដែលគេជឿទុកចិត្ត និងប្រាកដក្នុងចិត្តថា ស្រឡាញ់រូបគេ។ យល់ថាលោកឪពុក អ្នកម្តាយស្រឡាញ់កូនគ្រប់គ្នា តែសម្រាប់ក្រុមគ្រួសារខ្លះដែលមានកូនច្រើនជាងមួយនាក់នោះ កូនក៏គ្រាន់តែអាចនឹងពិសោធន៍សេចក្តីស្រឡាញ់របស់ឪពុកម្តាយប៉ុណ្ណោះ ដូច្នេះការបង្ហាញសេចក្តីស្រឡាញ់តាមរយៈការឱបរឹត ការពោលពាក្យសរសើសម្រាប់កូនក្នុងវ័យនេះ ប្រាកដជាល្អជាងការប្រើពាក្យសំដី និងនៅពេលកូនច្បាស់ប្រាកដក្នុងចិត្តថា ទោះជាគេសែន-ងង៉ក់ ឬធ្វើខុសក៏ដោយ ម៉ាក់អាចនឹងស្តីបន្ទោសមែន តែម៉ាក់ក៏ស្រឡាញ់ និងអត់ទោសឱ្យជានិច្ច ទង្វើល្អៗក៏នឹងកើតឡើងជាមួយកូនមិនខាន៕

  • ភោជនីយដ្ឋានលំដាប់ថ្នាក់អន្តរជាតិ The Cut Steak House បើកលក់ជាផ្លូវការហើយ!

    ភោជនីយដ្ឋានលំដាប់ថ្នាក់អន្តរជាតិ The Cut Steak House បើកលក់ជាផ្លូវការហើយ!

    កាលពី​ថ្ងៃទី01 ខែសីហា ឆាំ្ន2020 កន្លងទៅនេះ ភោជនីយដ្ឋាន​លំដាប់ថ្នាក់​អន្តរជាតិ​មួយ​ដែលមាន​ឈ្មោះថា ដឹ ខាត់ (The Cut Steak House) បានរៀបចំ​កម្មវិធី​សម្ពោធ​បើក​ដំណើរ​ការលក់​ជា​ផ្លូវការ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ  ភ្ញៀវ​អន្តរជាតិ និង​បណ្តាញសារព័ត៌មាន​ជាច្រើន​នាក់។

    ភោជនីយដ្ឋាន The Cut Steak House គឺជា​ភោជនីយដ្ឋាន​សាច់​អាំង​កូនកាត់​បែប​អឺរ៉ុប (Steak) និង​បែប​ជប៉ុន ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ជនជាតិខ្មែរ​ដែល​មានប​ទ​ពិសោធន៍ និង​គំនិត​ច្នៃប្រឌិត​ខ្ពស់​ខាង​វិស័យ​ម្ហូបអាហារ និង​ភេសជ្ជៈ ព្រមទាំង​មាន​ចុងភៅ​ចម្អិន​អាហារ​ដែលមាន​ជំនាញ​ឯកទេស​ច្បាស់លាស់​ទទួលបាន​នូវ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ក្នុងការ​ចម្អិន​អាហារ​គ្រប់​ប្រភេទ​តាមបែប​អាស៊ី និង​បែប​អឺរ៉ុប។ ជាពិសេស​គឺ​ការ​ចម្អិន Steak សាច់គោ​ដែល​ផ្តល់នូវ​បទពិសោធ​ក្នុងការ​ទទួលទាន​អាហារ​ដែល​ល្អ​បំផុត ជាមួយនឹង​គ្រឿងផ្សំ និង​សាច់គោ ដែល​ត្រូវបាន​នាំចូល​មកពី​បណ្តា​ប្រទេសល្បីៗនានា​ដូចជា ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក និង​ប្រទេស​ជប៉ុន​ជាដើម។

    The Cut Steak House គឺជា​ភោជនីយដ្ឋាន​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​បាន​ធើ្វ​ការ​រចនា​ម៉ូដ​ទំនើប​ទាន់សម័យ និង​បំពាក់​ទៅដោយ​គ្រឿង​បរិក្ខា​ល្អ​ប្រណីត ស្អាត​ប្លែក​ភ្នែក ហើយ​អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ​គឺ បច្ចេកទេស​នៃ​ការ​ចម្អិនម្ហូប និង​រសជាតិ​ដែល​ធ្វើឱ្យ​គ្រប់គ្នា​ជក់ចិត្ត​សរសើរ​មិន​ដាច់​ពី​មាត់​ពី​គុណភាព និង​រសជាតិ​ម្ហូប​នៅទីនេះ។ The Cut Steak House មានមុខ​ម្ហូប​ដែល​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត ជាមួយនឹង​វត្ថុធាតុដើមថ្មីៗ ស្រស់ៗ និង​គ្រឿងផ្សំ​ដ៏​ល្អឥតខ្ចោះ​ដែលមាន​គុណភាព​ខ្ពស់​សម្រាប់​បំពេញ​គ្រប់​តម្រូវការ​របស់​អតិថិជន។

    នៅ​ក្នុងឱកាស​បើកសម្ពោធ​ជា​ផ្លូវការ​ភោជនីយដ្ឋាន The Cut Steak House នេះដែរ លោក ស៊ាន វណ្ណ​ថា​ន ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ភោជនីយដ្ឋាន The Cut Steak House បាន​មានប្រសាសន៍ថា “ភាព​ច្នៃប្រឌិត​នៃ​រសជាតិ​អាហារ គុណភាព​នៃ​វត្ថុធាតុដើម និង​គ្រឿងផ្សំ សេវាកម្ម និង​បទដ្ឋាន​អនាម័យ គឺជា​អ្វីដែល​យើង​យកចិត្តទុកដាក់​បំផុត ដើម្បី​ផ្តល់នូវ​អាហារ​ដែលមាន​ស្តង់ដារ​អន្តរជាតិ និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​បំផុត​ជូន​ដល់​អតិថិជន និង​ដើម្បី​ក្លាយខ្លួនជា​ភោជនីយដ្ឋាន​មួយ​ដែល​ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ថ្ងៃ​អនាគត។

    ដោយឡែក​មុខម្ហូបពិសេសៗ និង​ល្បី​ប្រចាំ​ភោជនីយដ្ឋាន The Cut Steak House មានដូចជា Steak សាច់គោ​កណ្តាល​ខ្នង​ចម្អិន​បែប​អឺរ៉ុប, Black Angus Tomahawh, សាច់​ចំឡក​គោ និង​ថ្លើម​ក្ងាន​ចៀន ទំពាំងបាយជូរ, Cut Salad, សាច់​ខ្នង​អាំង​បែប​ជប៉ុន និង​ឆ្អឹងជំនី​ចៀម​តេ​រី​យ៉ា​គិ ជាមួយនឹង​ទឹកជ្រលក់​រសជាតិ​ពិសេស3ប្រភេទ​ផ្សេងគ្នា ដែល​ធ្វើឱ្យ​រសជាតិ​នៃ​សាច់គោ Steak ទាំងនោះ​កាន់​តែមាន​រសជាតិ​ឆ្ងាញ់​ប្លែក​ថែម​មួយកម្រិត​ទៀត។

    លក្ខណៈពិសេសៗទាំងអស់នេះ គឺមាន​តែ​នៅ​ភោជនីយដ្ឋាន The Cut Steak House តែប៉ុណ្ណោះ!

    លោក ម៉ៃ វ៉ុ​ង (Mike Wong) ប្រធាន​គ្រប់គ្រង​ផ្នែក​ចម្អិនម្ហូប (មេ​ចុងភៅ​ធំ) និង​ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​ប្រតិបត្តិការ​នៃ​ភោជនីយដ្ឋាន The Cut Steak House បាន​មានប្រសាសន៍ថា “ប្រភេទ​សាច់គោ និង​គ្រឿងផ្សំ​គ្រប់​ប្រភេទ​ដែល​យើង​ប្រើប្រាស់​ក្នុងការ​ចម្អិន​នៅទីនេះ សុទ្ធសឹងតែ​ត្រូវបាន​សម្រិតសម្រាំង​យក​ប្រភេទ​ដែលមាន​គុណភាព​ខ្ពស់ គួបផ្សំ​និង​គំនិត​ច្នៃប្រឌិត ព្រមទាំង​បច្ចេកទេស​ចម្អិន​ដែល​ផ្តល់នូវ​បទពិសោធ​នៃ​ការទទួល​ទាន​អាហារ​មួយ​កាន់តែ​ប្លែក​ជាង Steak ដែល​ចម្អិន​នៅ​ហាង​ដទៃទៀត។

    សូមបញ្ជាក់​ផងដែរ​ថា លោក ម៉ៃ វ៉ុ​ង (Mike Wong) គឺជា​ចុងភៅ​ឯកទេស​ដែល​ធ្លាប់​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​ផ្នែក Steak និង​អាហារផ្សេងៗទៀត​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ជប៉ុន មាន​បទពិសោធ​ចម្អិន​អាហារ​បែប​បស្ចិមប្រទេស និង​បែប​ជប៉ុន​ជាង20ឆ្នាំ​មកហើយ។

    ក្រៅពីនេះ ភោជនីយដ្ឋាន The Cut Steak House ក៏មាន​អាហារ​សមុទ្រថ្មីៗដូចជា ស្កា​លុប (Scallop) អយ​ស្ទ័​រ (Oyster) ត្រី​សាល​ម៉ុ​ន (Salmon) ព្រមទាំង​ម្ហូប​ច្នៃប្រឌិត​ជាច្រើន​មុខ​ទៀត។

    The Cut Steak House ក៏មាន​សេវាកម្ម​រៀបចំ​អាហារ VIP សម្រាប់​ពិធី​ខួបកំណើត ពិធីជប់លៀងផ្សេងៗ ការទទួល​ទាន​អាហារ​បែប​អ្នកជំនួញ និង​ការជួបជុំ​ក្រុមការងារ​ផងដែរ ដើម្បី​បង្កើត​នូវ​បរិយាកាស ពេលវេលា និង​អនុស្សាវរីយ៍​ដ៏​រ៉ូ​មែន​ទិ​ក​ជូន​ដល់​អតិថិជន។

    ភោជនីយដ្ឋាន The Cut Steak House មាន​ទីតាំង​ស្ថិតនៅ​ផ្សារ ខា​លែ​ឌែ​ល ម៉​ល (Khalandale Mall) តំបន់​បឹងកក់ ហើយ​លោកអ្នក​ក៏​អាចធ្វើ​ការទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ 023 883 484 ឬ 096 888 5598 សម្រាប់​ការ​កក់​ទុកជា​មិន និង​សាកសួរ​ព័ត៌មាន​បន្ថែម៕

  • ចាប់ពីពេលនេះទៅកម្ពុជាមានប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងសារ ទីតាំង និងទិន្នន័យ Covid-19 កាន់តែខ្លាំង

    ចាប់ពីពេលនេះទៅកម្ពុជាមានប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងសារ ទីតាំង និងទិន្នន័យ Covid-19 កាន់តែខ្លាំង

    ក្រោយពេល​ជំងឺ Covid-19 រីក​រាលដាល​កាន់តែខ្លាំង​ក្នុង​ពិភពលោក បណ្តា​ប្រទេស​នានា​បានរៀបចំ​បច្ចេកវិទ្យា និង​វិធីសាស្ត្រ​ជាច្រើន​ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​កុំឱ្យ​មានការ​ឆ្លង​នៅក្នុង​ប្រទេស។ សម្រាប់​កម្ពុជា​យើង​វិញ ថ្មីៗនេះ​បាន​ដាក់ឱ្យ​ដំណើការ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​មួយ​ដើម្បី​គ្រប់គ្រង​បញ្ហា​ទាំងអស់នេះ។

    ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​ទើបនឹង​ដាក់ឱ្យ​ដំណើរការ​នេះ​មាន​ឈ្មោះថា «ប្រព័ន្ធគ្រប់គ្រង​សារ និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន និង​ទិន្នន័យ​ប្រជាពលរដ្ឋ​អំពី​ជំងឺ Covid-19»។

    ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ បាន​បញ្ជាក់ថា ប្រព័ន្ធ​នេះ មាន​សារៈសំខាន់​ខ្លាំងណាស់​ប្រជាជន​ទូទៅ​ព្រោះ​ប្រព័ន្ធ​នឹង​ផ្ញើរ​សារ​ជា​សំឡេង​ដោយ​ស្វ័យប្រវត្តិ​ទៅកាន់​គ្រប់​បុគ្គល​គោលដៅ​ដែល​សង្ស័យថា​ខ្លួន​មាន​ផ្ទុក​ជំងឺ Covid-19 ដើម្បី​តាមដាន​សុខភាព។ បន្ថែម​ពីលើ​នេះ ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ ក៏​អាច​បង្ករ​ភាពងាយស្រួល​ផងដែរ​ដល់​អាជ្ញាធរ​ក្នុងការ​កំណត់​អត្តសញ្ញាណ​ប្រជាជន​ណា​ដែល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ Covid-19 និង​ទទួលបាន​ព័ត៌មាន ក៏ដូចជា​ទិន្នន័យ​ចាំបាច់​មួយចំនួន​ដើម្បី​ឈានទៅ​កំណត់​អត្តសញ្ញាណ​នៃ​ក្រុម​បុគ្គល​ដែល​អាចមាន​ហានិភ័យ​ខ្ពស់។

    ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ផងដែរ​ថា ប្រព័ន្ធ​នេះ​ក៏​អាចជួយ​បញ្ចៀស​ការកកស្ទះ​ដល់​ប្រព័ន្ធ 115 ដែលមាន​ស្រាប់​ផងដែរ។ តាមរយៈ​ប្រព័ន្ធ​នេះ​យើង​សង្ឃឹមថានឹង​អាចជួយ​សម្រួល​ដល់​ការប្រឹងប្រែង​របស់​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​រលក​ទី2៕

  • កម្ពុជា និងចិន ដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មរួមគ្នាឱ្យដល់ 1ម៉ឺនលានដុល្លារនៅឆ្នាំ2021

    កម្ពុជា និងចិន ដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មរួមគ្នាឱ្យដល់ 1ម៉ឺនលានដុល្លារនៅឆ្នាំ2021

    ចិន ជា​ដៃគូ​យ៉ាងសំខាន់​មួយផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​កម្ពុជា ដោយពេលថ្មីៗនេះ​ប្រទេស​ទាំងពីរ​កំពុង​ខិតខំ​ប្រឹងប្រែង​រៀបចំ​ឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ទូលាយ។

    បន្ថែម​ពីលើ​នេះ នៅ​ចុងខែ​កក្កដា​នេះ កម្ពុជា-ចិន ក៏បាន​ប្តេជ្ញា​រួមគ្នា​បង្កើន​កិច្ចសហការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វា​ភាគី​ឱ្យបាន 1ម៉ឺន​លាន​ដុល្លារ​នៅ​ឆ្នាំ 2021 ដោយ​ព្យាយាម​ព​ន្លឿ​ន​សកម្មភាព​មួយចំនួន​ដូចជា​ការចរចារ​ពិធីសារ អានា​ម័​យ និង​ភូតគាម​អនាម័យ​លើ​ផលិតផល​កសិកម្ម​មួយចំនួន​របស់​កម្ពុជា​ដើម្បី​នាំចូល​ក្នុង​ទីផ្សារ​ចិន។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើងថា កម្ពុជា និង​ចិន​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​នៅ​ឆ្នាំ 2013 និង​ឈានដល​ការបង្កើត​សហគមន៍​វាសនា​រួម​នៅ​ឆ្នាំ 2019។ ទំនាក់ទំនង​នេះ​បានផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ភាគី​ទាំងសងខាង។ ជាក់ស្តែង​យើង​បានឃើញ​ហើយ​ថា នៅ​ឆ្នាំ 2018 ប្រទេស​ទាំង2សម្រេចបាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ជាង 6ពាន់​លាន​ដុល្លារ។ ហេតុនេះហើយ​ទើប​មកដល់ពេលនេះ​ប្រទេស​ទាំងពីរ​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ពង្រឹង​ទំហំ​ពាណិជ្ជកម្ម​ឱ្យដល់ 10ប៊ី​លាន​ដុល្លារ​នាពេលខាងមុខ។

    ឯកឧត្តម​បាន​បញ្ជាក់ថា នៅ​ដំណាក់កាល​នេះ​ភាគី​កម្ពុជា​បានស្នើ​សុំ​ភាគី​ចិន​ជួយ​ព​ន្លឿ​ន​ការ ចរចា​ពិធីសារ​អនាម័យ និង​ភូតគាម​អនាម័យ លើ​ផលិតផល​កសិកម្ម​មួយចំនួនទៀត ដើម្បី​ឈានទៅ​ចុះហត្ថលេខា​សម្រាប់​នាំចេញ​ដូចជា ផ្លែ​មៀន ស្រកានាគ ម្នាស់ ទុរេន ម្រេច គ្រាប់ស្វាយចន្ទី ស្កសរ ដូង និង​សំបុក​ទឹកមាត់​ត្រចៀកកាំ​ជាដើម។ កន្លងទៅ កម្ពុជា និង​ចិន បាន​ចុះ​ពិធីសារ​អនាម័យ និង​ភូតគាម​អនាម័យ​ជា​បន្តបន្ទាប់ ក្នុងការ​នាំចេញ​កសិផល ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន រួមមាន អង្ករ ដំឡូង​មី ពោត ចេក និង​ផ្លែស្វាយ​រួចមកហើយ៕