Author: ធឿន មករា

  • Maurizio Sarri ចង់ប្រើឈុតយុវជនលេងជាមួយ Róma ចុងសប្តាហ៍នេះ

    Maurizio Sarri ចង់ប្រើឈុតយុវជនលេងជាមួយ Róma ចុងសប្តាហ៍នេះ

    អ្នកចាត់ការ​ក្រុមបាល់ទាត់ Juventus លោក Maurizio Sarri បាន​បង្ហើប​ពី​គម្រោង​ថា​លោក​កំពុងតែ​សិក្សា ហើយ​ត្រៀម​អនុវត្ត​ផែនការ ដាក់​ឈុត​យុវជន​ឱ្យ​លេង នៅក្នុង​ការប្រកួត​ចុងក្រោយ​ដែល​នៅ​សេសសល់។

    ឈុត​យុវជន​ដែល​លោក​និយាយ​នេះ គឺ​សំដៅ​ទៅលើ​ឈុត U23 របស់​ក្លិប Juventus ជា​ឈុត​ដែល​លោក​បាន​ត្រៀម និង​សម្រាំង​មើល​កីឡាករឆ្នើមៗ ដើម្បី​ដំឡើង​ទៅលេង​នៅក្នុង​ឈុត​ធំ នា​រដូវ​កាល​ក្រោយនេះ។ សម្រាប់​ប្រកួត​ដែល​នៅ​សេសសល់​ចុងក្រោយ​នេះ Juventus នឹងត្រូវ​ប៉ះ​ជាមួយ​ក្លិប​ខ្លាំង AS Roma នៅ​យប់​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ។

    គួរ​បញ្ជាក់ដែរថា នៅ​ដើមខែ​ក្រោយនេះ Juventus ត្រូវ​ប្រកួត​ជាមួយ​ក្រុម Lyon វគ្គ 16ក្រុម​ចុងក្រោយ UCL ជើង​ទី2។ ដោយ​កាលពី​ជើង​ទី1 កន្លងទៅ Juventus ចាញ់ Lyon ក្នុង​លទ្ធផល 1-0៕

  • អាការខុសប្រក្រតី 3 យ៉ាងដែលមនុស្សយើងមិនគួរហាត់ប្រាណ

    អាការខុសប្រក្រតី 3 យ៉ាងដែលមនុស្សយើងមិនគួរហាត់ប្រាណ

    ការហាត់ប្រាណមិនមែនសុទ្ធតែជារឿងល្អទាំងអស់នោះទេ យើងគួរតែត្រូវដឹងអំពីស្ថានភាពរបស់រាងកាយ កាលទេសៈ និងវិធី​ដែល​​សមស្របសំរាប់ការហាត់ប្រាណ ព្រោះបើមិនដូច្នោះទេ វាអាចហុចលទ្ធផលមិនល្អដល់រាងកាយបាន ដូចជា ធ្វើឲ្យ​សាច់ដុំរងរបួស ឬភ្លាត់សន្លាក់ឆ្អឹង ជាដើម ដូច្នេះហើយទើបការហាត់ប្រាណមានចំណុចគួរប្រុងប្រយ័ត្ន 3 ចំណុចដូចខាងក្រោម ៖

    1 . សីតុណ្ហភាពរបស់រាងកាយ ៖ ចូរសង្កេតមើលខ្លួនឯង បើមានអាការគ្រុនក្តៅខ្លួន មានអាការភាំងៗ និងឈឺ​ក្បាល គួរតែពន្យាពេលក្នុងការហាត់ប្រាណ ព្រោះបើយើងនៅតែចេញទៅហាត់ប្រាណទៀត វាស្មើនឹងការបន្ថែមកំដៅដល់រាងកាយ​ទ្វេដងឡើងទៀត អាចធ្វើឲ្យខួរក្បាលទ្រាំលែងបាន នឹងកើតអាការប្រកាច់ ឬខ្យល់គដួលបាត់ស្មារតីតែម្តងក៏មានដែរ ។

    2 . ការបន្ទោបង់ ៖ បើមានការបត់ជើងធំលើសពី 3 ដងឡើងទៅ ថ្ងៃនោះអ្នកគួរតែផ្អាកការហាត់ប្រាណសឹនទៅ ​ដោយសារ​តែរាងកាយរបស់យើងបាត់បង់សារធាតុ Dietary mineral ច្រើនពេក អាចមានផលប៉ះពាល់ដល់ការទទួលដឹង និងការ​បញ្ជារបស់​​ សាច់ដុំខុសប្រក្រតី ។

    3 . ការអត់ងងុយ ៖ អ្នកដែលមានទម្លាប់ជាមួយការចូលគេងពេលយប់ជ្រៅ នៅម៉ោង 3 – 4 ភ្លឺ ឬគេងសំរាកមិនបានគ្រប់គ្រាន់(អត់ងងុយ) ឬសេពគ្រឿងស្រវឹងច្រើន ថ្ងៃនោះគួរតែផ្អាកការហាត់ប្រាណសឹន ។

    ប្រការហាមឃាត់ផ្សេងៗទាំងនេះ គឺហាមដើម្បីមិនឲ្យរាងកាយរងរបួសកាន់តែខ្លាំងឡើង ព្រោះផលអាក្រក់ដែលកើត​មកពីការហាត់ប្រាណពេលដែលរាងកាយមានសភាពមិនប្រក្រតីនោះ វាអាក្រក់ជាងការនៅស្ងៀមទៅទៀត ហើយទាំងអស់ខាងលើនេះគឺ ជាមូលហេតុមួយទៀតដែលមនុស្សជាច្រើនអាចនឹងជួបប្រទះរួចមកហើយថា ហេតុអ្វីបានជាពេលខ្លះ យើងហាត់ប្រាណរួចហើយក៏នៅតែទន់ល្វើយ គ្មានកម្លាំងកំហែង ឬមានអារម្មណ៏ថាមិនស្រស់ស្រាយសោះហ្នឹងឯង…៕

  • តម្លៃសាំងនៅពាក់កណ្តាលខែសីហានៅនៅទ្រឹងខណៈម៉ាស៊ូតឡើងថ្លៃបន្តិច

    តម្លៃសាំងនៅពាក់កណ្តាលខែសីហានៅនៅទ្រឹងខណៈម៉ាស៊ូតឡើងថ្លៃបន្តិច

    តម្លៃ​ប្រេងសាំង​ចាប់ពី​ថ្ងៃទី01 ដល់​ថ្ងៃទី 15 ខែសីហា ឆ្នាំ2020នេះ ស្ថិតក្នុង​ស្ថានភាព​ទ្រឹង តែ​តម្លៃ​ប្រេងម៉ាស៊ូត​ក្នុង​ទីផ្សារ​ហាក់​ឡើង​ខ្ពស់​បន្តិច​បើ​ប្រៀបធៀប​នឹង​រយៈពេល 15ថ្ងៃ​ចុងខែ​កក្កដា។

    ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់ថា ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ឥន្ធនៈ​ចាប់ពី​ថ្ងៃទី01 ដល់​ថ្ងៃទី 15 ខែសីហា ឆ្នាំ2020 នឹងត្រូវ​លក់ 3,160រៀល​ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា និង 2,860រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត។ ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការចូលរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា រាជរដ្ឋាភិបាល​បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន 4សេន​ដុល្លារ​ក្នុង​មួយ​លីត្រ។

    ហេតុនេះ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី01 ដល់​ថ្ងៃទី15 ខែសីហា​ឆ្នាំ2020 នឹង​ចុះមក​ត្រឹម 3,000រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​សាំង​ធម្មតា និង 2,800រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត៕

  • ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិឆ្នាំនេះកើនឡើងខ្លាំងបើប្រៀបធៀបនឹងឆ្នាំមុន

    ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិឆ្នាំនេះកើនឡើងខ្លាំងបើប្រៀបធៀបនឹងឆ្នាំមុន

    កម្ពុជា ជា​ប្រទេស​ដែលមាន​សក្តានុពល​មួយ​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​ដែល​នាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​អន្តរជាតិ។ ក្នុងចំណោម​ដំណាំ​យុទ្ធសាស្ត្រសំខាន់ៗ ស្រូវ​ជា​ផ្នែក​យ៉ាងសំខាន់​ដែល​ប្រទេស​យើង​បាន​នាំចេញ ដោយ​ក្នុងមួយឆ្នាំៗយើង​បាន​នាំចេញ​ស្រូវ​ជាច្រើន​លាន​តោន​ទៅកាន់​ទីផ្សារ​នានា។

    ជា​លទ្ធផល​ក្នុង​ឆ្នាំ 2020នេះ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​បញ្ជាក់ថា លទ្ធផល​នៃ​ការនាំចេញ​អង្ករ​ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ ក្នុង​រយៈពេល 7ខែ​ដើមឆ្នាំ2020 សម្រេចបាន 426,073 តោន កើនឡើង​ប្រមាណ 118,060 តោន ស្មើនឹង 38.30% ដែល​ធៀប​ទៅនឹង​រយៈ7ខែ​ដើមឆ្នាំ2019 មាន​ចំនួន 308,013 តោន ។ ដោយឡែក​សម្រាប់​ខែកក្កដា ឆ្នាំ2020 នេះ សម្រេចការ​នាំចេញ​អង្ករ​បាន ចំនួន 28,413តោន កើនឡើង​ចំនួន 1,938តោន ស្មើនឹង 7.32% ធៀប​ទៅនឹង​ខែឧសភា ឆ្នាំ2019 ដែល​ក្នុងនេះ​មាន៖ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន 18,523 តោន អង្ករ​ចម្រុះ​គ្រប់​ប្រភេទ​មាន​ចំនួន 9,208 តោន អង្ករ​ចំ​ហ៊ុយ​មាន​ចំនួន 682តោន និង​អង្ករ​ក្រហម​មាន​ចំនួន 28.41 តោន ។

    ប្រទេស​ដែល​បាន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​រយៈពេល 7ខែ​នេះ មាន​ចំនួន 57ប្រទេស៖ នៅក្នុង​សហភាព​អ៊ឺរ៉ុប​មាន​ប្រទេស​ចំនួន24 ក្នុងចំណោម28ប្រទេស ប្រទេស​ចិន ប្រទេស​សមាជិក​អាស៊ាន​ចំនួន6 ហើយ​និង​នៅ​ទ្វិ​ប​ដ៏ទៃទៀត​ចំនួន 26ប្រទេស ។ ទន្ទឹមនឹងនេះ​ក៏មាន​ក្រុមហ៊ុន​ចំនួន5 ក្នុងចំណោម 70ក្រុមហ៊ុន ដែល​បាន​នាំចេញ​អង្ករ​ច្រើនជាងគេ ។

    សូមបញ្ជាក់ថា ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល 7ខែ​ដើមឆ្នាំ​ដូចគ្នា​ប្រៀបធៀប​ទៅនឹង​ឆ្នាំ2019 មាន​កំណើន​នៅ​គ្រប់​គោលដៅ​នាំចេញ​ទាំងអស់ សហភាព​អ៊ឺរ៉ុប​កើន​ចំនួន 37.70%, ប្រទេស​ចិន​កើន​ចំនួន 25.91%, បណ្តា​ប្រទេស​សមាជិក​អាស៊ាន​កើន​ចំនួន 44.03%, និង​គោលដៅ​ដ៏ទៃទៀត​បាន​កើនឡើង​ចំនួន 72.4% ។ចំណែកឯ​ការនាំចេញ​ស្រូវ​នៅតាម​ច្រក​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​វៀតណាម ក្នុង​រយៈពេល 7ខែ​ដើមឆ្នាំ2020 មាន​ចំនួន​ជាង 1,115លាន​តោន៕

  • ក្រសួងអប់រំ គ្រោងបង្កើតមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍

    ក្រសួងអប់រំ គ្រោងបង្កើតមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍

    ក្រសួង​អប់រំ យុវជន និង​កីឡា ថ្មីៗនេះ​បានប្រកាសថា ក្រសួង​គ្រោង​នឹង​បង្កើត​មូលនិធិ​ស្រាវជ្រាវ គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍ ដើម្បី​ជំរុញឱ្យមាន​ការអភិវឌ្ឍ​កាន់តែខ្លាំង​លើ​សមត្ថភាព​របស់​ប្រជាជន និង​ជាពិសេស​គឺ​យុវជន​ខ្មែរ។

    ក្រសួង​អប់រំ បាន​បញ្ជាក់ថា យើងទាំងអស់គ្នា​តែង​សង្ឃឹមថា គង់​មាន​ថ្ងៃ​ណាមួយ​នឹង​មានកូន​ខ្មែរ​ណា​ម្នាក់​អាច​នាំ​ទង់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​បង្ហោះ​លើ​ទី​អវកាស ឬ​បង្កើត​រថភ្លើង​ល្បឿន​លឿន​ជាងគេ​បំផុត ឬ​អាចបង្កើត​ពូជស្រូវ​ដែលមាន​ទិន្នផល​ខ្ពស់​ជាងគេ​បំផុត​ឡើង។ ប្រសិនបើ​យើង​មិន​អាចជា​កូន​ខ្មែរ​ម្នាក់​នោះទេ យើង​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​បង្កើត​បរិស្ថាន​នៃ​ការ​ដុះដាល​សម្រាប់​កូន​ខ្មែរ​ម្នាក់​នោះ។

    ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ប្រកាស​ជា​ផ្លូវការ​នូវ មូលនិធិ​ការស្រាវជ្រាវ គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍ (Research Creativity and Innovation Fung-RCI Fund) នាពេលឆាប់ៗខាងមុខនេះ ដើម្បី​បង្កើត​បរិស្ថាន​នៃ​ការ​ដុះដាល​នេះ។ មូលនិធិ​នេះ នឹង​ក្លាយជា​ជំហាន​ថ្មី​មួយទៀត​នៃ​បំណងប្រាថ្នា​កម្ពុជា ក្នុងការ​អប់រំ​ឌីជីថល និង​ការអប់រំ​បែប​សតវត្ស​ទី21 ក្នុង​ដំណើរ​ឆ្ពោះទៅរក​សង្គម​មួយ​ដែល​ប្រកបដោយ​ពុទ្ធិ និង​ប្រជាជាតិ​មួយ​ដែល​រស់​រវើក៕

  • 5 យ៉ាងដែលត្រូវចៀសវាងជាដាច់ខាត ដើម្បីគ្រួសារមានសេចក្តីសុខ

    5 យ៉ាងដែលត្រូវចៀសវាងជាដាច់ខាត ដើម្បីគ្រួសារមានសេចក្តីសុខ

    បើការសាងគ្រួសារឱ្យមានសេចក្តីសុខជាចំណោទដែលងាយស្រួលដែលអ្នកណាៗក៏អាចធ្វើបានដែរនោះ ប្រហែលជាគ្មានបញ្ហា ឬហេតុនៃការលែងលះគ្នានោះឡើយ ដូច្នេះភាពជោគជ័យនៅក្នុងគ្រួសារគឺ ភាពអត់ធ្មត់ និងការអភ័យទោសឱ្យគ្នា បើប្រាសចាករឿងទាំងពីរនេះពេលណា ខ្សែចំណងនៃគ្រួសារក៏នឹងដាច់ដោចអស់ជាមិនខាន។

    ប្រាកដណាស់ថា ការដែលនឹងសាងក្រុមគ្រួសារឱ្យមានសេចក្តីសុខឥតខ្ចោះបាននោះ បុគ្គលដែលសំខាន់បំផុតក៏គឺ ស្វាមី-ភរិយា ឬឪពុក-ម្តាយរបស់កូនៗ ព្រោះទាំងពីរនាក់គឺជាអ្នកដែលមានតួនាទីក្នុងការសាងមនុស្ស សាងក្រុមគ្រួសារ ឱ្យដើរទៅក្នុងទិសដៅតែមួយ។

    បញ្ហាមួយដែលមានភាពសំខាន់ដល់ការសាងសេចក្តីសុខក្នុងគ្រួសារ គឺការទាស់ទែងរវាងស្វាមីភរិយាដែលនឹងហុចផលប៉ះពាល់មកដល់ខ្លួនកូន និងសមាជិកគ្រប់រូបក្នុងក្រុមគ្រួសារ ដូច្នេះទើបយើងគួរតែសិក្សា និងរិះរកវិធីកែបញ្ហារួមគ្នាដើម្បីកុំឱ្យភាពទាស់ទែងនេះកើតឡើងក្នុងគ្រួសារបាន។

    ភាពទាស់ទែងផ្សេងៗដែលកើតឡើងក្នុងគ្រួសារ អាចញែកបានថា មកពីមូលហេតុផ្សេងៗដូចខាងក្រោមនេះ។

    1 . និស្ស័យ និងទម្លាប់ផ្ទាល់ខ្លួន ៈ ជារឿងដែលពិបាកនឹងផ្លាស់ប្តូរខ្លាំងណាស់ ព្រោះវាជានិស្ស័យដែលជាប់នឹងខ្លួនមកយូរហើយ ធ្លាប់ប្រតិបត្តិដដែលៗមកហើយកាលពីអតីត ទោះបីជាផ្លាស់ប្តូរបានមែន តែក៏បានត្រឹមតែមួយខណៈពេលប៉ុណ្ណោះ ដូច្នេះស្វាមីភរិយាត្រូវតែទទួលស្គាល់ និងធ្វើចិត្តឱ្យបាន ហើយកែសម្រួលខ្លួនចូលរកគ្នា ចេះបន្ធូរបន្ថយ ទើបអាចរស់នៅជាមួយគ្នាបានយូរអង្វែង។

    2 . ខ្វះភាពដឹងខ្លួនក្នុងតួនាទី និងកាតព្វកិច្ច ៈ សម័យមុនស្វាមីមានតួនាទីជាអ្នកដឹកនាំ ជាមេគ្រួសារ រកប្រាក់ចិញ្ចឹមគ្រួសារបច្ចុប្បន្នស្រ្តីមានតួនាទីក្នុងការធ្វើការងារ រកប្រាក់មកចិញ្ចឹមក្រុមគ្រួសារដូចគ្្នា តែស្រ្តីក៏នៅតែត្រូវមកទទួលខុសត្រូវការងារក្នុងផ្ទះ និងអប់រំប្រដៅបុត្រធីតាទៀតដែរ ទើបធ្វើឱ្យពេលខ្លះភរិយាមានអារម្មណ៍មួម៉ៅ និងនិយាយច្រើន ធ្វើឱ្យកើតការទាស់ទែងឡើងបាន និងស្វាមីខ្លះក៏មិនទទួលខុសត្រូវតួនាទីរបស់ខ្លួនឯង នៅចាំតែបន្ទោស ស្តីឱ្យភរិយាថា មិនអប់រំប្រដៅកូន ទាំងដែលការងារចិញ្ចឹមថែទាំអប់រំប្រដៅកូនក៏ជាតួនាទីដោយត្រង់របស់ទាំងឪពុក និងម្តាយ ដូច្នេះទាំងពីរនាក់ត្រូវជួយគ្នាក្នុងការអប់រំមើលថែបុត្រធីតា រហូតដល់កិច្ចការងារក្នុងផ្ទះដែលត្រូវតែជួយគ្នាទៅវិញទៅមកទៀតផង។

    3 . គ្មានពេលវេលាឱ្យគ្នាទៅវិញទៅមក ៈ ដោយសារតែម្នាក់ៗសុទ្ធតែមានភារកិច្ចត្រូវធ្វើការងារ ពេលខ្លះក៏បែកគ្នារស់នៅ ធ្វើឱ្យគ្មានពេលវេលាជជែកនិយាយគ្នា មិនបានដឹងពីសុខទុក្ខរបស់គ្នាទៅវិញទៅមក ទើបក្រុមគ្រួសារគួរតែមាន “ទិវានៃគ្រួសារ” មួយសប្តាហ៍មួយថ្ងៃ ឬពេលណាមួយស្រេចតែឯកភាពគ្នា មានពេលវេលានៅជួបជុំគ្នា ប៉ា ម៉ាក់ កូន និងមានកិច្ចការងារធ្វើរួមគ្នា។

    4 . ប្រើអំពើហិង្សាសម្រេចក្តីក្នុងគ្រួសារ ៈ ការឈ្លោះប្រកែក ជេរបញ្ចោ ស្តីបន្ទោស គំរាមកំហែង រហូតដល់ថ្នាក់វាយតប់គ្នារាប់បានថាជាដំណោះស្រាយដែលហៅបានថាជាការប្រើអំពើហិង្សា កម្លាំងបាយ ដោយប្រាសចាកសតិបញ្ញា ដែលភាគច្រើនកើតចេញពីការនិយាយពន្យុះរបស់ខាងណាម្នាក់ ធ្វើឱ្យម្នាក់ទៀតខឹងខ្លាំងរហូតទ្រាំលែងបាន ចាប់ផ្តើមប្រើអំពើហិង្សាដើម្បីរម្ងាប់ហេតុការណ៍។

    5 . មិនស្មោះត្រង់ ៈ ការក្បត់ចិត្តគ្នារបស់ស្វាមី ឬភរិយា រាប់បានថាជាមូលហេតុមួយដែលធ្វើឱ្យក្រុមគ្រួសារជាច្រើនដួលរលំបាក់បែករួចមកហើយរាប់មិនអស់។

    យ៉ាងណាក៏ដោយ បើមនុស្សក្នុងគ្រួសារមានបញ្ហានឹងគ្នា មិនថាតែស្វាមីភរិយា ឬសមាជិកដទៃទៀតនោះទេ មិនគួរបណ្តោយទុកចោលឱ្យវានៅរ៉ាំរ៉ៃរហូតក្លាយជាបញ្ហារីករាលដាលព្រោះតែការមិនយល់គ្នានោះឡើយ គ្រប់គ្នាគួរបែរមុខមកនិយាយគ្នា រិះរកវិធីកែខៃបញ្ហារួមគ្នា និងរឿងដែលចាំបាច់មួយទៀតក្នុងការរស់នៅរួមគ្នា គឺការគោរពសិទ្ធិរបស់គ្នាទៅវិញទៅមកទើបគ្រួសារមានសេចក្តីសុខទាំងផ្លូវកាយ និងចិត្តយូរអង្វែង៕

  • ទិញ ១…បានដល់ទៅ ២…! SAMSUNG Exclusive Day មហាប្រូម៉ូសិនធំបំផុតប្រចាំឆ្នាំពី សាមសុង បានមកដល់ហើយ…!!

    ទិញ ១…បានដល់ទៅ ២…! SAMSUNG Exclusive Day មហាប្រូម៉ូសិនធំបំផុតប្រចាំឆ្នាំពី សាមសុង បានមកដល់ហើយ…!!

    (ភ្នំពេញ) ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០៖ ពិតជា​អស្ចារ្យ…! ឱកាស​ប្រូ​ម៉ូ​សិន​ទិញថែម…! ទិញ​បញ្ចុះតម្លៃ​ពិសេស…! ទិញ​ជូន​ប្រាក់​មកវិញ…បាន​មកដល់​ទៀតហើយ!!   អេ​ម​អស់​ស្ទះ​ម៉​ង…! ចំណាយ​រឹតតែ​តិច…ចំណេញ​មកវិញ​កាន់តែច្រើន​បំផុត​នឹកស្មាន​មិន​ដល់…!!

    ចាប់ពី​ថ្ងៃ​ទីនេះ​រហូតដល់ ៣១ ខែសីហា ឆ្នាំ ២០២០ អតិថិជន​ទាំងអស់​នឹង​ទទួលបាន​ការ​ថែម​ជូន​កាដូ​ពិសេស និង​ការ​បញ្ចុះតម្លៃ​ដ៏​សម្បើម​អស្ចារ្យ​ប្រចាំឆ្នាំ​ពី​ក្រុមហ៊ុន សាម​សុង យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដូចជា៖

    * ទិញ​ទូរទស្សន៍៖ ជូន​ប្រាក់​វិញ​ចាប់ពី ($10 ដល់ $200) + ថែម​ជូន ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ សាម​សុង 1គ្រឿង!

    * ទិញ​ម៉ាស៊ីនបោកខោអាវ៖ ជូន​ប្រាក់​វិញ​ចាប់ពី ($15 ដល់ $20) + ថែម​ជូន ម៉ាស៊ីន​បូម​ធូលី សាម​សុង 1 គ្រឿង!

    * ទិញ​ទូទឹកកក៖ ជូន​ប្រាក់​វិញ​ចាប់ពី ($20 ដល់ $50)!

    * ទិញ​ទូទឹកកក៖ ថែម​ជូន ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ សាម​សុង 1 គ្រឿង!

    មិនតែប៉ុណ្ណោះ យើង​នៅមាន​ប្រូ​ម៉ូ​សិនពិសេសៗ និង​កាដូ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៅលើ​ផលិតផលផ្សេងៗទៀត​របស់ សាម​សុង ផងដែរ!

    សូម​រំ​ឮ​កម្ត​ង​ទៀតថា “១ ឆ្នាំ មានតែ​ម្តង​ប៉ុណ្ណោះ!” ចំណាយ​កាន់តែ​តិច​បាន​បរិក្ខារ​អេ​ឡិច​ត្រូ​និ​ច​ប្រើប្រាស់​ដ៏​ទំនើប​ទាន់សម័យ​ពេញ​ផ្ទះ​កាន់តែច្រើន​តែម្តង! ចំណេញ​ខប់ៗម៉​ង!! ទាន់​ឱកាស​ដ៏​ល្អ និង​កម្រ​នេះ​បានមក​ដល់…អ៊ីចឹង​សូម​ប្រញាប់​មក​ទទួលយក​ការផ្តល់ជូន​ដ៏​អស្ចារ្យ​នេះ​ទាំងអស់គ្នា​ភ្លាម​ទៅ!

    * បញ្ជាក់៖ ការផ្តល់ជូន​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ​គឺ​សម្រាប់តែ​ការ​ជាវ​ផលិតផល សាម​សុង ចាប់ពី​ថ្ងៃទី ០១ ដល់ ៣១ ខែសីហា ឆ្នាំ ២០២០ តែប៉ុណ្ណោះ និង​សម្រាប់តែ​នៅ​ហាង​ដែលមាន​បដា​ប្រូ​ម៉ូ​សិន​នេះ​តែប៉ុណ្ណោះ!!

    សម្រាប់​ព័ត៌មាន​លម្អិត​សូម​អ​ញ្ចើ​ញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់​នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​បន្ត​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​មកកាន់​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ​ឥតគិតថ្លៃ៖ 1800 203 232 !

    * លក្ខខណ្ឌផ្សេងៗត្រូវបាន​អនុវត្ត!

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    36 . វិធីលប់ស្នាមអុចៗដែលជាប់នៅលើគ្រឿងសង្ហារិមនោះគឺ ចូយកស្នោឈើឆ្នុកដបមកដុសខាត់ តែបើដុសខាត់ហើយមិនបាត់នោះ ចូរប្រើម្រាមដៃបៀកថ្នាំដុសធ្មេញលាយជាមួយកំទេចបារីដុសខាត់ម្តងទៀត បន្ទប់មកយកក្រណាត់សើមជូតស្នាមប្រឡាក់នោះចេញម្តងទៀត ស្នាមអុចៗទាំងនោះនឹងរលប់បាត់អស់មិនខាន។

    37 . វិធីសម្អាតកម្រាលឥដ្ឋធ្វើអំពីជ័រដែលមានស្នាមប្រឡាក់សម្អាតមិនស្អាតនោះគឺ យកច្រាសដុសធ្មេញប្តិតថ្នាំដុសធ្មេញ ហើយយកទៅដុសខាត់លើបរិវេណស្នាមប្រឡាក់នោះឱ្យខ្លាំងៗ នឹងធ្វើឱ្យស្នាមប្រឡាក់ទាំងនោះរបូតចេញអស់យ៉ាងងាយ។

    38 . វិធីវាយដែកគោលលើជញ្ជាំងដោយមិនឱ្យកោង-ងនោះគឺ ចូរលាបចុងដែកគោលដោយទឹកខ្មេះ ឬប្រេងឆា មុននឹងយកទៅដំលើជញ្ជាំង នឹងធ្វើឱ្យដែលគោលមុតចូលទៅស្រួល និងមិនកោង-ងឡើយ (ធានា!)។

    39 . វិធីលាបថ្នាំជញ្ជាំងផ្ទះឱ្យជាប់ធន់បានយូរមិនងាយសឹករបកនោះគឺ មុននឹងលាបពណ៌លើជញ្ជាំង ចូរលាងសម្អាតជញ្ជាំងឱ្យស្អាតដោយប្រេងស្រល់ដើម្បីកំចាត់ស្នាមកខ្វក់ចេញ បន្ទាប់មកសឹមលាប តែប៉ុណ្ណឹងពណ៌ដែលលាបនោះនឹងជាប់ធន់បានយូរមិនងាយសឹករបកទៅណាឡើយ។

    40 . វិធីកែបញ្ហាគ្រឿងសង្ហារិមធ្វើអំពីឈើប៉ោងចេញមកនោះគឺ ដាក់ក្រណាត់សើមៗពីលើស្នាមប៉ោងនោះ រួចយកឆ្នាំងអ៊ុតក្តៅៗមកដាក់សង្កត់ពីលើក្រណាត់សើមនោះ វិធីនេះនឹងធ្វើឱ្យកន្លែងដែលប៉ោងឡើងនៅលើគ្រឿងសង្ហារិមឈើនោះរាបស្មើស្អាតដូចដើមវិញ។

    (នៅមានត)

  • វិន័យរបស់កូនដែលឪពុកម្តាយអាចចាត់ការបានតាំងពីនៅតូច

    វិន័យរបស់កូនដែលឪពុកម្តាយអាចចាត់ការបានតាំងពីនៅតូច

    ក្មេងនាយុគសម័យថ្មីនេះច្រើនតែមិនសូវស្តាប់បង្គាប់ឪពុកម្តាយប៉ុន្មានឡើយ ដោយសារតែភាពឌឺរឹង និងភាពរពឹសរបស់គេខ្លួនឯងមួយផ្នែកដែរ តាមរយៈទង្វើការធ្វើត្រាប់តាមបែបផ្សេងៗទាំងពីសង្គមជុំវិញខ្លួន ទូរទស្សន៍ ឬពីមិត្តភ័ក្តិ ដែលបើសិនជាឪពុកម្តាយចេះតែបណ្តោយឱ្យកូនតូចខ្វះខាតរបៀបវិន័យរហូតទៅនោះ ក៏ច្បាស់ជានឹងរឹតតែក្លាយទៅជាការបណ្តុះបណ្តាលឱ្យគេប្រមូលសន្សំទម្លាប់និស្ស័យដែលមិនល្អនេះរហូតក្លាយជាក្មេងច្រងេងច្រងាង ក្លាយជាបញ្ហារបស់សង្គមតទៅថ្ងៃមុខដែលសុទ្ធតែជាផលអាក្រក់ដល់ឪពុកម្តាយ និងរូបគេខ្លួនឯងដោយត្រង់នាពេលអានាគតទាំងអស់។

    និងបើសិនជារឹតតែបានទទួលការចិញ្ចឹមមើលថែបែបបណ្តោយតាមចិត្តពីឪពុកម្តាយផងនោះ ក៏នឹងរឹតតែធ្វើឱ្យកើតបញ្ហាក្នុងការរស់នៅរួមក្នុងសង្គម ដោយសារតែខ្លួនឯងមិនអាចប្រតិបត្តិតាមរបៀបវិន័យរបស់សង្គមបាន។ ក្មេងទាំងនេះច្រើនតែមិនសូវមានមិត្តភ័ក្តិ ចូលចិត្តនៅតែម្នាក់ឯង ឬច្រើនតែជាមនុស្សដែលត្រូវមិត្តភ័ក្តិធ្វើបាប ដូច្នេះហើយ ពាក្យណែនាំ និងដំបូន្មានខាងក្រោមនេះ នឹងជួយលោកអ្នកឱ្យសាងរបៀបវិន័យមូលដ្ឋានដល់កូនបាន ដែលវានឹងធ្វើឱ្យគេរស់នៅរួមជាមួយមនុស្សក្នុងសង្គមនៅពេលធំធាត់ឡើងបានល្អប្រសើរឡើងមិនខាន។

    វិធីសាងរបៀបវិន័យដល់កូន

    1 . ដាស់តឿនប្រាប់ដោយពាក្យសម្តី

    ពាក្យសម្តីអាចរាប់បានថាជាគ្រឿងដាស់តឿនចិត្តដំបូងគេដែលយើងអាចប្រាប់កូនបានយ៉ាងងាយៗខ្លាំងបំផុត តែត្រូវប្រើពាក្យសម្តីដែលទន់ភ្លន់ ចិត្តត្រជាក់ មិនស្តីបន្ទោសថាឱ្យគេខ្លាំងៗ គេក៏នឹងកើតក្តីទន់ភ្លន់ និងស្តាប់បង្គាប់យើងមិនខាន។

    2 . ធ្វើជាគំរូដ៏ល្អដល់កូន

    ព្រោះឪពុកម្តាយគឺគ្រូដំបូងគេ មានន័យថា ទង្វើរបស់ឪពុកម្តាយជាឧទាហរណ៍ដែលល្អបំផុតរបស់កូន ដូច្នេះទើបយើងត្រូវធ្វើគំរូដែលល្អជាមួយកូន ត្រូវយកចិត្តទុកដាក់នឹងរបៀបវិន័យរបស់ខ្លួនឯងដូចជា ទុកដាក់របស់របរឱ្យត្រូវកន្លែង បើក-បិទភ្លើង ឬទូរទស្សន៍ឱ្យមានពេលមានវេលា ដើម្បីឱ្យកូនតូចមើលឃើញគំរូល្អៗ និងប្រតិបត្តិតាមបានយ៉ាងងាយស្រួល។

    3 . ការទិតៀន

    យើងគួរតែទិតៀនចំពោះតែទង្វើណាដែលមិនត្រឹមត្រូវ ទិតៀនយ៉ាងមានហេតុ មានផល មិនពាក់ព័ន្ធវែងឆ្ងាយដោយយករឿងដទៃមកពាក់ព័ន្ធ ឬម៉ៅរួមថា គេជាក្មេងដែលមិនល្អនោះឡើយ។

    4 . មិនគួរសម្លុតកូនឱ្យខ្លាច

    បើយើងប្រើការសម្លុតជាប្រចាំនោះ ក៏នឹងធ្វើឱ្យក្មេងមានទស្សនគតិក្នុងន័យអវិជ្ជមានចំពោះយើងកាន់តែខ្លាំងឡើង ដូច្នេះគួរផ្តល់ភាពសំខាន់ទៅលើការបង្ហាត់បង្រៀនពីរបៀបវិន័យដល់កូនយ៉ាងសន្សឹមៗ និងជាប់លាប់វិញប្រសើរជាង។ មិនគួរសម្លុតដោយពាក្យសម្តីដែលធ្ងន់ធ្ងរ អាក្រក់ស្តាប់ ដើម្បីឱ្យកូនមានអារម្មណ៍ភ័យខ្លាចនោះទេ ព្រោះវានឹងក្លាយជាចំណុចខ្សោយដែលបង្កប់នៅក្នុងជម្រៅចិត្ហគេហ្នឹងឯង។

    5 . បង្កើនសុខភាពផ្លូវចិត្តបែបវិជ្ជមានដល់កូន

    អាចនឹងរកអ្វីដែលជាកម្លាំងជំរុញចិត្តដល់កូន ដូចជា ឱ្យអ្វីតបស្នងទៅវិញបើកូនប្រតិបត្តិតាមរបៀបវិន័យបានល្អគ្រប់មួយអាទិត្យ ឬគ្រប់មួយខែ អាចនឹងនាំទៅដើរលេង ឬទិញរបស់លេងឱ្យជារង្វាន់ក៏បាន។

    6 . បង្រៀនអំពីតិចនិកក្នុងការចាត់ការខ្លួនឯងដល់កូន

    ពោលគឺ នៅពេលមានអារម្មណ៍ធុញថប់តានតឹង ឬក្រោធខឹង ក៏ណែនាំឱ្យកូននៅម្នាក់ឯងស្ងាត់ៗ ស្ងប់សតិអារម្មណ៍ដើម្បីឱ្យចិត្តត្រជាក់ទៅវិញដោយខ្លួនឯង ឬក៏រកបទចម្រៀងស្តាប់ មើលទូរទស្សន៍ដើម្បីបន្ធូរអារម្មណ៍មួហ្មងទាំងនោះឱ្យល្អឡើង។ នៅពេលអ្នកបង្ហាត់កូនបានបែបនេះ ក៏នឹងធ្វើឱ្យកូនធំធាត់ឡើងមកព្រមជាមួយវិធីគ្រប់គ្រងចាត់ការអារម្មណ៍ខ្លួនឯងបានយ៉ាងល្អ និងធ្វើឱ្យគេរស់នៅរួមជាមួយសង្គមជាមួយអ្នកដទៃបានយ៉ាងគ្មានបញ្ហាទៀតផង។

    ការបង្ហាត់បង្រៀនវិន័យទាំងនេះដល់កូន នឹងមានផលជោគជ័យច្រើនក៏នៅពេលណាដែលវាកើតឡើងយ៉ាងជាប់លាប់ មិនខ្វះចន្លោះ ប្រៀបដូចជាការធ្វើការងារអ៊ីចឹងដែរ បើមិនឈប់ធ្វើការងារទេ ក៏នឹងកើតមានប្រសិទ្ធភាពយ៉ាងច្រើនមិនខាន បើសិនមានលើកលែង ឬការអនុលោម ឬឪពុកម្តាយនឿយហត់ ព្រងើយកន្តើយចំពោះទង្វើកូនវិញនោះ វានឹងលែងធ្វើឱ្យវិន័យក្លាយជាវិន័យទៀត​​​ហើយ ហើយកូនរបស់យើងក៏នឹងគ្មានផ្លូវមានរបៀបវិន័យយ៉ាងពិតប្រាកដ ដូច្នេះចូរឧស្សាហ៍បង្កើនឧបនិស្ស័យនេះដល់កូនតាំងពីគេនៅតូចៗប្រសើរជាង ព្រោះបើមានឈ្មោះថា ឈើខ្ចីហើយនោះ ពិតជាងាយស្រួលពត់ជាងឈើចាស់ប្រាកដណាស់៕

  • កណ្តាស់ញឹកញាប់ កុំកន្តើយ អាការនេះបង្ហាញពីរោគសញ្ញាច្រើនណាស់

    កណ្តាស់ញឹកញាប់ កុំកន្តើយ អាការនេះបង្ហាញពីរោគសញ្ញាច្រើនណាស់

    ក្នុងអំឡុងពេលដែលអាកាសធាតុប្រែប្រួល រដូវកាលផ្លាស់ប្តូរ មនុស្សជាច្រើនតែងមានអាការកណ្តាស់ហាច់ឈីសៗ!ជាញឹកញាប់ ដែលប្រាកដណាស់ ច្បាស់ជានឹកភ្លែតឡើងថា ប្រហែលជាកើតផ្តាសាយមិនខាន។ អា៎…កុំអាលគិតថា អាការកណ្តាស់របស់យើងនេះ វាបញ្ចប់ត្រឹមតែជំងឺផ្តាសាយនោះ ព្រោះការពិតទៅ អ្នកណាដែលកណ្តាស់ញឹកញាប់ ព្រឹកក៏កណ្តាស់ ល្ងាចក៏កណ្តាស់ កណ្តាស់ពេញមួយថ្ងៃនេះ អាចបណ្តាលមកពីរាងកាយរបស់យើងមានលាក់បង្កប់ភាពខុសប្រក្រតីអ្វីម្យ៉ាង ឬច្រើនយ៉ាងក៏អាចថាបានដែរ។

    1 . រោគប្រតិកម្មចាញ់អាកាសធាតុ

    ក្នុងករណីដែលមិនមែនជាជំងឺផ្តាសាយ គឺមិនបានកណ្តាស់ និងមានទឹកសំបោរខាប់ស្អិត រួមទាំងគ្មានអាការឈឺក្បាលឡើយ ដូច្នេះវាអាចទៅរួចថា អាការកណ្តាស់ញឹកញាប់របស់អ្នកនេះ អាចបណ្តាលមកពីសភាវរបស់រោគប្រតិកម្មចាញ់ធាតុអាកាស រឹតតែនៅលើមនុស្សដែលមានអាការកណ្តាស់ញឹកញាប់ជាប់ៗគ្នា ឬមានអាការរមាស់ក្នុងភ្នែក ហៀរទឹកភ្នែករួមជាមួយផងនោះ ក៏រឹតតែសង្ស័យថាអាចនឹងកើតរោគប្រតិកម្មចាញ់អាកាធាតុ ឬជំងឺច្រមុះបានដែរ ព្រោះរោគនេះជាអាការដែលកើតឡើងនៅលើសាច់ភ្នាសក្នុងច្រមុះ ដែលសាច់ភ្នាសក្នុងច្រមុះរបស់អ្នកកើតរោគនេះនឹងឆាប់រហ័សមានប្រតិកម្មជាមួយនឹងកត្តាជំរុញជាច្រើនដូចជា សភាពអាកាសធាតុ ធូលីដី លំអងទឹកភ្លៀង កេសរបស់ផ្កា មេរោគផ្សិត រោមសត្វ ឬសូម្បីតែក្លិន និងវត្ថុដែលធ្វើឱ្យរលាកក្រហាយផ្សេងៗរហូតបង្កឱ្យកើតជាអាការកណ្តាស់ហាច់ឈីសៗហ្នឹងឯង។

    2 . រលាកសាច់ភ្នាសច្រមុះ

    សភាវរលាកសាច់ភ្នាសច្រមុះក៏អាចជាមូលហេតុរបស់អាការកណ្តាស់ញឹកញាប់នេះបានដែរ ដោយសាច់ភ្នាសក្នុងច្រមុុះដែលរលាកនោះច្រើនតែបណ្តាលមកពីការឆ្លងមេរោគវីរុសនៅលើប្រព័ន្ធដកដង្ហើម ឬអាចជាការឆ្លងមេរោគបាក់តេរីដែលច្រើនតែកើតនៅលើមនុស្សដែលមានប្រព័ន្ធប្រឆាំងជំងឺទាប ។ ទាំងអស់នេះយើងអាចសង្កេតអាការរលាកសាច់ភ្នាសច្រមុះនេះបានតាមរយៈអាការកណ្តាស់ញឹកញាប់ មិនព្រមបាត់ អ្នកខ្លះអាចមានក្តៅខ្លួនស្ទិញៗរួមជាមួយផង មានទឹកសំបោរពណ៌ប្រផេះ លឿង ដែលបង្ហាញពីអាការឆ្លងមេរោគ ហើយអ្នកខ្លះអាចមានអាការឈឺករួមជាមួយផងដែរ។

    3 . ជំងឺឬសដូងច្រមុះ

    ឬសដូងច្រមុះគឺ សភាវដែលសាច់ភ្នាសក្នុងច្រមុះមានអាការរលាក និងហើម រហូតមានលក្ខណៈលយពកចេញមកដូចជាខ្នែង ដែលច្រើនតែបណ្តាលមកពីការរលាក ឬការឆ្លងមេរោគនៅលើសាច់ភ្នាសច្រមុះរ៉ាំរ៉ៃ ភាពខុសប្រក្រតីរបស់ការតបស្នងចំពោះប្រព័ន្ធប្រសាទដែលគ្រប់គ្រងការធ្វើការរបស់សរសៃឈាមក្នុងផ្នែកដែលចិញ្ចឹមសាច់ភ្នាសច្រមុះ ដែលជាហេតុធ្វើឱ្យកើតអាការហើមលើសាច់ភ្នាសច្រមុះ។ ភាពខុសប្រក្រតីទាំងនោះអាចបង្ហាញចេញមកដោយអាការតឹងណែនច្រមុះ កណ្តាស់ញឹកញាប់ មានទឹកសំបោរថ្លាៗ ឬសំបោរមានពណ៌ព្រមជាមួយក្លិន រួមទាំងមានអាការឈឺពើតនៅត្រង់ក្តោងច្រមុះ និងថ្ពាល់ ឈឺករ៉ាំរ៉ៃ និងអាការឈឺងឿងក្បាលទៀតផង។

    4 . សភាវឌឺថ្នាំ

    ការប្រើថ្នាំប្រភេទដដែលៗជាប់ៗគ្នាយូរ អាចបង្កឱ្យកើតប្រតិកម្មអវិជ្ជមានចំពោះរាងកាយបាន ដោយច្រើនប្រទះឃើញថា ថ្នាំដែលអ្នកជំងឺលេបជាប់ៗគ្នារយៈពេលយូរ ជាហេតុនាំឱ្យកើតអាការរលាក ហុចផលឱ្យកើតអាការកណ្តាស់ញឹកញាប់មិនបាត់បានដូចគ្នា ដោយនឹងមានចំណុចសង្កេតបន្តិចថា អ្នកជំងឺនឹងមានអាការកណ្តាស់ក្រោយពីប៉ះពាល់នឹងអ្វីដែលជាកត្តាជំរុញ ដូចជា ផ្សែងបារី ក្លិនឈួលខ្លាំង ឬផ្សេង និងធូលីជាដើម ៕