Author: ធឿន មករា

  • រឿងដែលស្វាមីគួរដឹង មុននាំភរិយាគ្រប់ខែទៅប្រសូត

    រឿងដែលស្វាមីគួរដឹង មុននាំភរិយាគ្រប់ខែទៅប្រសូត

    ការមើលថែទាំសុខភាពខណៈតាំងគភ៌ក្នុងអំឡុងពេលជិតប្រសូត ស្រ្តីមានគភ៌អាចនឹងមានអារម្មណ៍ធុញថប់តានតឹង និងកង្វល់ក្នុងចិត្តជាច្រើនរឿង តែរឿងនេះលោកប្តីអាចជួយបាន។ ថ្ងៃនេះ ឡារ៉ែនមានគន្លឹះល្អៗក្នុងការមើលថែភរិយាដែលមានផ្ទៃពោះគ្រប់ខែជិតប្រសូត 9 ចំណុចងាយៗ ដែលស្វាមីអាចធ្វើបានយ៉ាងពិតប្រាកដ។

    1 . ចំណីអាហារ ៈ ស្វាមីត្រូវមើលថែទាំរឿងអាហារការហូបចុកសម្រាប់ភរិយាមានគភ៌តាំងពីអំឡុងពេលដំបូងៗ ជាពិសេសការជួយឱ្យភរិយាបានញ៉ាំអាហារគ្រប់ 5 ប្រភេទក្រុមយ៉ាងគ្រប់គ្រាន់ ហើយក្នុងអំឡុងត្រីមាសចុងក្រោយ ត្រូវមើលថែទាំរឿងអាហារយ៉ាងស័ក្តិសម ព្រោះអំឡុងពេលចុងក្រោយនៃការតាំងគភ៌ ស្រ្តីមានគភ៌ត្រូវប្រយ័ត្នរឿងទម្ងន់ខ្លួនឡើងខ្លាំងជ្រុល។ គួរញ៉ាំអាហារដែលស្អាត ប្រយ័ត្នមេរោគ និងការឆ្លងមេរោគ រឹតតែបើឆ្លងមេរោគខាងផ្លូវអាហារផងនោះ វាអាចនឹងជំរុញឱ្យប្រសូតមុនកំណត់បាន។

    2 . ការហាត់ប្រាណ ៈ មុនពេលប្រសូតស្រ្តីមានគភ៌អាចមិនសូវជាស្រួលសប្បាយខ្លួនប៉ុន្មានឡើយ តែក៏នៅតែអាចហាត់ប្រាណស្រាលៗដើម្បីសម្រាលអាការចុករួយបានដែរ ដោយស្វាមីអាចនឹងហាត់ប្រាណកំដរជាមួយ ឬនៅចាំធ្វើម៉ាស្សាខ្នងផ្នែកក្រោមធ្វើម៉ាស្សា-ក ស្មា ដើម្បីសម្រាលភាពតានតឹងរបស់សាច់ដុំ ជួយត្រៀមទឹកក្តៅឧណ្ហៗសម្រាប់ត្រាំបាតជើង ធ្វើម៉ាស្សាជើង ក៏នឹងជួយកាត់បន្ថយអាការហើមជើងរបស់ភរិយាបានយ៉ាងល្អដែរ។

    3 . នៅចាំសង្កេតមើលអាការខុសប្រក្រតីដែលត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ ៈ ស្រ្តីមានគភ៌ថ្មីថ្មោងដែលនៅមិនទាន់មានបទពិសោធ ត្រូវអាស្រ័យការសង្កេតមើលពីសំណាក់ស្វាមីផងដែរ ដោយអាការខុសប្រក្រតីដែលបញ្ជាក់ប្រាប់អំពីការប្រសូតមានដូចជា ពោះឡើងរឹង ឈឺពោះជិតប្រសូត បែកទឹកភ្លោះជាដើម។ ស្វាមីអាចប្រឹក្សាជាមួយគ្រូពេទ្យឱ្យដឹងច្បាស់ថា តើអាការបែបណាទើបហៅថា បែកទឹកភ្លោះ ឬមានទឹករំអិលឈាមចេញតាមរន្ធស្បូន បញ្ជាក់ពីសភាវដែលមាត់ស្បូនបើក ជាដើម។ ក្រៅពីនេះស្វាមីត្រូវនៅចាំសង្កេតមើល បើកូនក្នុងផ្ទៃមិនសូវរើ ឬមិនរើតែម្តង ឬភរិយាមានអាការខុសប្រក្រតីពាក់ព័ន្ធនឹងរោគជ្រៀតជ្រែក ឬជំងឺប្រចាំកាយផង ព្រោះអំឡុងពេលចុងក្រោយរបស់ការមានគភ៌នេះមានភាពប្រថុយប្រថានខ្ពស់ ការប្រែប្រួលខាងរាងកាយ ឬអ័រម៉ូនប្រែប្រួល បើរោគទាំងនោះកម្រើកឡើងអាចហុចផលប៉ះពាល់ដល់ជីវិតរបស់ភរិយា និងកូនបាន។

    4 . យកចិត្តទុកដាក់យ៉ាងល្មមសមរម្យ ៈ ក្រៅពីនៅចាំសង្កេតមើលអាការខុសប្រក្រតីហើយនោះ គួរសួរនាំពីអាការ និងបបួលភរិយាធ្វើកិច្ចការងាររួមគ្នាដើម្បីបន្ធូរបន្ថយខាងអារម្មណ៍ ដូចជា ធ្វើម្ហូបម្ហា មើលកុន ស្តាប់ភ្លេងជាមួយគ្នានៅនឹងផ្ទះ (ព្រោះភរិយាអាចនឹងមិនងាយស្រួលក្នុងការចេញទៅក្រៅ) ជាដើម។

    5 . និយាយលេងជាមួយភរិយា និងកូនក្នុងផ្ទៃភរិយា ៈ ក្រៅពីបន្ធូរបន្ថយអារម្មណ៍ភរិយាហើយ នៅជាវិធីជំរុញវិវឌ្ឍនាការរបស់កូនតូចបានទៀតផង។

    6 . ត្រៀមខ្លួនមុនប្រសូត ៈ ចាប់ផ្តើមពីការប្រឹក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងវិធីការប្រសូត ទោះជាភរិយាចង់ជ្រើសរើសយកការវះប្រសូត ឬប្រសូតតាមធម្មជាតិក៏ដោយ ព្រោះទាំង 2 បែបមានការត្រៀមខ្លួន និងការមើលថែទាំខុសប្លែកពីគ្នា។

    7 . ស្វាមីគួរមានចំណែករួមក្នុងការពិចារណាជ្រើសរើសមន្ទីរពេទ្យ ៈ មិនថាតែរឿងរបស់ភរិយាដែលមានជំងឺប្រចាំកាយ ឬ រឿងរបស់កូនតូចក្រោយពេលប្រសូតនោះឡើយ។ ការពិចារណាពីមន្ទីរពេទ្យដែលមានអ្វីៗគ្រប់ ជ្រើសរើសក្រុមគ្រូពេទ្យដែលមានអារម្មណ៍ជឿជាក់ក្នុងចិត្ត នឹងជួយឱ្យមានអារម្មណ៍សប្បាយនឹងធូរស្រាលបាន។

    8 . ជាអ្នកមើលថែទាំភរិយាពេលជិតប្រសូត ៈ ស្វាមីគួរនៅមើលថែទាំភរិយាយ៉ាងជិតដិតគ្រប់ពេលវេលា តែបើមានធុរៈប្រញាប់បន្ទាន់ ឬមិនអាចនៅមើលបាន គួរឱ្យសាច់ញាតិជិតស្និទ្ធ ដូចជា ឪពុកក្មេកម្តាយក្មេក បងប្អូនខាងខ្លួនឯង ឬសាច់ថ្លៃ មកជួយមើលថែទាំភរិយាយ៉ាងជិតដិតផង។

    9 . រៀបចំចាត់ត្រៀមសភាពបរិស្ថានជុំវិញខ្លួនសម្រាប់កូនតូច ៈ មិនថាជាឧបករណ៍ របស់របរប្រើប្រាស់សម្រាប់កូនតូច បន្ទប់គេងរបស់កូន ទីកន្លែងសម្រាប់កូនតូច ចាត់ចែងរៀបចំសភាពខាងក្នុងផ្ទះឱ្យរួចជាស្រេច 2 ខែមុននឹងដល់កំណត់ប្រសូត៕

  • ប៉ាឡៅ សមុទ្រស្រស់ ផ្ទៃមេឃថ្លា ទស្សនាកោះថ្មចម្លែក ហ្វ៊ីលីពីន

    ប៉ាឡៅ សមុទ្រស្រស់ ផ្ទៃមេឃថ្លា ទស្សនាកោះថ្មចម្លែក ហ្វ៊ីលីពីន

    សាធារណរដ្ឋ ប៉ាឡៅ​ ( Republic of Palau ) ជាប្រទេសប្រជុំកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ស្ថិតនៅប៉ែកខាងកើតនៃប្រទេសហ្វីលីពីនចម្ងាយប្រមាណជា 500 ម៉ាយល៍ ដោយមាន មេឡេខេអុក ( Melekeok ) ជាទីក្រុងចម្បងរបស់ប្រទេស និង ខូរ័រ ( Koror ) ជាទីក្រុងធំមួយទៀត និងធ្លាប់ជាទីក្រុងចាស់របស់ប្រទេសនេះកាលពីមុន។

    ទីក្រុង មេឡេខេអុក ជាចំណុចចាប់ផ្តើមនៃដំណើរទេសចរណ៍ក្នុងប្រទេស ប៉ាឡៅ ដោយទីក្រុងចម្បងនេះស្ថិតនៅទិសខាងកើតនៃកោះ បាបេលដាអុប ( Babeldaob ) ជាកោះដែលធំបំផុតរបស់ប្រទេសប៉ាឡៅ។

    សម្រាប់ដំណើរទេសចរណ៍កម្សាន្តនៅក្នុងប៉ាឡៅវិញ ភាគច្រើននឹងសង្កត់ធ្ងន់លើរឿងរបស់ការទេសចរខាងសមុទ្រ។ កិច្ចការកម្សាន្តចម្បងៗច្រើនតែជាការមុជទឹកទស្សនាផ្កាថ្ម ដោយសារតែទីនេះមានបណ្តុំផ្កាថ្មដ៏ស្រស់ស្អាត និងមានឈ្មោះល្បីល្បាញមួយដែររបស់ពិភពលោក។ បច្ចុប្បន្ន ប៉ាឡៅ បានក្លាយជាគោលដៅចុងក្រោយរបស់គុស្នេហ៍ដែលនឹងរៀបចំពិធីមង្គលការ ឬកំពុងស្វែងរកទីកន្លែងក្រេបរាត្រីច័ន្ទទឹកឃ្មុំដ៏សែនរ៉ូមែនទិកទៀតផង។

    រឿងដំបូងដែលលោកអ្នកត្រូវដឹង គឺ ការធ្វើដំណើរទេសចរណ៍កម្សាន្តនៅក្នុងប៉ាឡៅនេះ គឺអាចធ្វើដំណើរទេសចរណ៍បានទាំងខាងអាកាស ឬតាមការដឹកជញ្ជូនជើងគោក និងតាមសមុទ្រ ដោយរដូវកាលទេសចរណ៍របស់ប៉ាឡៅ នឹងចាប់ផ្តើមនៅអំឡុងដើមខែតុលា រហូតដល់ចុងខែកុម្ភៈតែប៉ុណ្ណោះ។

    ក្រៅពីមុជទឹកសមុទ្រទស្សនាបណ្តុំផ្កាថ្មហើយនោះ ប៉ាឡៅនៅមានបណ្តុំកោះ រ៉ក់ ដែលមានកិច្ចការងារទេសចរណ៍កម្សាន្តជាច្រើនទៀតសម្រាប់ភ្ញៀវទេសចរ មិនថាតែការហែលទឹក ស្ទូចត្រី អុំទូកខាយ៉ាក់ ឬបោះជំរំសម្រាកនៅលើឆ្នេរខ្សាច់ពណ៌សស្គុះ ដែលស៊ីគ្នាជាមួយពណ៌ពងក្រសាចាស់របស់ទឹកសមុទ្រដ៏ស្រស់ស្អាត។

    សាធារណរដ្ឋ ប៉ាឡៅ គឺជាជម្រើសមួយសម្រាប់អ្នកដែលនិយមចូលចិត្តដើរលេងតាមសមុទ្រ ដោយសារតែជាប្រទេសបណ្តុំកោះដែលមានសក្តានុពលខាងសេដ្ឋកិច្ច និងកម្រឹតជីវភាពដែលល្អប្រសើរ។ ដោយការធ្វើដំណើរដែលងាយស្រួលសប្បាយ ទើបការទៅទេសចរកម្សាន្តប៉ាឡៅមិនមែនជារឿងដែលគួរឱ្យកង្វល់សម្រាប់អ្នកទេសចរណ៍ឡើយ៕

  • ការចេះជ្រើសរើសទទួលទានអាហារតាមវ័យ នឹងធ្វើឱ្យមានសុខភាពល្អ

    ការចេះជ្រើសរើសទទួលទានអាហារតាមវ័យ នឹងធ្វើឱ្យមានសុខភាពល្អ

    មានឈ្មោះថាអាហារ មិនថាតែអាហារពេលចម្បង ឬបង្អែមនោះឡើយ ឡារ៉ែនជឿថានរណាៗក៏ត្រូវតែបរិភោគដែរ តែតើមានប៉ុន្មានអ្នកទៅដែលចេះជ្រើសរើសអាហារដែលលោកអ្នកត្រូវទទួលទាននោះសក្តិសមនឹងវ័យ និងមានប្រយោជន៍ មានគុណតម្លៃដល់រាងកាយរបស់ខ្លួនឯង? ។ យើងគួរតែយកចិត្តទុកដាក់ក្នុងការជ្រើសរើសទទួលទានអាហារតាមអំឡុងពេលរបស់អាយុ ឬវ័យ ព្រោះក្នុងអំឡុងពេលនៃវ័យនីមួយៗ មានភាពខុសផ្លែកពីគ្នាខាងការវិវឌ្ឍន៍របស់រាងកាយ និងលក្ខណះការរស់នៅ ។

    ក្នុងអំឡុងអាយុចាប់ពី 20 ឆ្នាំឡើងទៅ

    គឺជាអំឡុងពេលដែលរាងកាយមានការវិវឌ្ឍន៍ និងចំរើនធំធាត់ពេញទំហឹង មិនថាតែរឿងការរៀនសូត្រ ការធ្វើការងារឡើយ ហើយក៏ជាវ័យដែលសកម្ម មិនចេះនឿយហត់ និងរឹតតែសកម្មក្នុងជីវិតប្រចាំថ្ងៃ​ច្រើនប៉ុន​ណា រាងកាយក៏រឹតតែដុតបំផ្លាញ និងប្រើប្រាស់កម្លាំងថាមពលច្រើនប៉ុននោះដែរ ដូច្នេះគួរជ្រើសរើសទទួលទានអា​ហារ​​ឲ្យ​បានសក្តិសមនឹងតម្រូវ​ការរបស់រាងកាយ ។

    ចូរជ្រើសរើសទទួលទានពពួកសាច់សត្វ និងសណ្តែកផ្សេងៗ រួមទាំងបាយ និងម្សៅជាលំដាប់ទីមួយ តាមដោយបន្លែ ផ្លែឈើជាលំដាប់ទីពីរ ចំណែកឯទឹកដោះគោ និងអាហារជំនួសជាតិកាល់ស្យូមផ្សេងៗដូចជា តៅហ៊ូ ទឹកសណ្តែកលឿង​បង្កើនកាល់ស្យូមជាលំដាប់ទីបី និងផ្តល់ភាពសំខាន់ចំពោះជាតិខ្លាញ់ជាលំដាប់ក្រោយគេបង្អស់ ។

    សាច់ត្រីជាអាហារជំនួយខួរក្បាលដែលជួយរក្សាព្យាបាលជញ្ជាំងកោសិកាប្រសាទក្នុងខួរក្បាលឲ្យរឹងមាំ មិនឆាប់ភ្លេច ។ បន្លែពណ៌បៃតងដូចជា ត្រកួន កញ្ឆែត ខាត់ណា សណ្តែកកួរ ជួយបំប៉នខ្សែភ្នែក សាងឆ្អឹង និងធ្មេញឲ្យរឹងមាំ ។

    វ័យដែលចាប់ផ្តើមដោយលេខ 3

    អាយុឡើងដល់លេខ 3​ មនុស្សជាច្រើនចាប់ផ្តើមភ័យ តែការចេះជ្រើសរើសទទួលទាន នឹងធ្វើឲ្យអ្នកឯទៀតមិនអាចស្មានដឹងពីអាយុរបស់អ្នកតាមរយះរូបរាងមុខមាត់បានឡើយ ។ ក្នុងអំឡុងវ័យចាប់ផ្តើមជាមនុស្សចាស់ តម្រូវការផ្នែកថាមពលនៅតែមាន ព្រោះជាចន្លោះជីវិតនៃការធ្វើការងារ តែត្រូវបន្ថែមការប្រុងប្រយ័ត្នក្នុងរឿងជាតិខ្លាញ់ និងកូលេស្តេរ៉ូល ព្រោះអាចមានផលប៉ះពាល់ដល់រូបរាងមុខមាត់សំបកក្រៅដែលមើលឃើញមានការប្រែប្រួលបានយ៉ាងច្បាស់ ដូច្នេះគួរចៀសវាងអាហារ​ដែល​​​​មានជាតិខ្លាញ់ និងកូលេស្តេរ៉ូលខ្ពស់ដូចជា សាច់ជ្រូកបីជាន់ ប៊័រដុំ ខ្ទិះ ជាដើម ។

    លោកអ្នកអាចជ្រើសរើសទទួលទានអាហារដែលជួយកាត់បន្ថយជាតិខ្លាញ់ និងកូលេស្តេរ៉ូលបានដូចជា ត្រីសមុទ្ទជួយកាត់បន្ថយសម្ពាធឈាម ពួកគ្រាប់សណ្តែកស្ងួតដូចជា សណ្តែកក្រហម សណ្តែកខៀវ សណ្តែកលឿង ជួយកាត់បន្ថយភាពប្រថុយពីជម្ងឺបេះដូង និងមានប្រូតេអ៊ីនខ្ពស់ និងអាហារដែលមានកាកសសៃខ្ពស់ដែលជួយឲ្យឆ្អែតពោះបានយូរ និងមាន​ផល​​ល្អដល់ប្រព័ន្ធពោះវៀនទៀតផង ។

    វ័យដែលចាប់ផ្តើមដោយលេខ 4

    ដោយសារតែសភាពរាងកាយចាប់ផ្តើមប្រែប្រួល ជាពិសេសចំពោះស្រ្តី ឯបុរសក្នុងវ័យនេះវិញក៏ចាប់ផ្តើមមានរោគផ្សេង​ៗកើតឡើងដែរ តែទាំងអស់នេះការពន្យាវ័យ ឬការការពាររោគផ្សេងៗដែលមកជាមួយវ័យ មិនបានលំបាកលំបឹនហួសពី​យើង​អាច​ធ្វើបាននោះឡើយ ។

    សំរាប់ចន្លោះវ័យនេះតម្រូវការខាងថាមពលនឹងថយចុះ តែតម្រូវការកាល់ស្យូម និងវិតាមីនផ្សេងៗកើនឡើង ដែលរាង​កាយអាចនឹងទទួលបានពីបន្លែផ្លែឈើដែលមានកាកសសៃអាហារខ្ពស់ ហើយថែមទាំងមានសារធាតុប្រឆាំងអនុមូលឥស្សរះទៀតផង ។ ឯវិតាមីន C ពីចំណីអាហារដែលងាយរកទទួលទានបាននោះ មានដូចជា ផ្លែក្រូច ត្របែក ប៉េងប៉ោះ ត្រសក់ស្រូវជាដើម ចំណែកអាហារដែលមានវិតាមីន E គឺ ប្រេងសណ្តែក ប៊័រសណ្តែក សណ្តែកដី និងគ្រាប់អាល់ម៉ុន ។ ក្រៅពីនេះគួរទទួលទានតៅហ៊ូ ប្រូតេអ៊ីនដែលមានជាតិខ្លាញ់ទាបដែលផ្តល់កាល់ស្យូមច្រើនជាងសាច់សត្វផ្សេងៗ និងគួរចៀសវាង​ភេស្ជជះ​​​​​​​​​​​​​​​​​​​​​ដែលមានជាតិអាល់កុល និងកាហ្វេអ៊ីនផង ។

    វ័យដែលចាប់ផ្តើមដោយលេខ 5

    ការឈានចូលដល់វ័យ 50 នោះ មិនមែនមានផលប៉ះពាល់ចំពោះតែរាងកាយម៉្យាងប៉ុណ្ណោះទេ តែនៅមានផលដល់សភាពផ្លូវចិត្តផងដែរ ដើម្បីត្រៀមខ្លួនទប់ទល់ជាមួយនឹងវ័យនេះ លោកអ្នកគួរយល់ដឹងពីការធ្វើការងាររបស់រាងកាយដែលមានប្រ​សិទ្ធភាព​​ថយ​ចុះ ជាពិសេសប្រព័ន្ធការរំលាយ ការបឺតយកសារធាតុអាហារ ធ្វើឲ្យរាងកាយខ្វះសារធាតុអាហារប្រភេទខ្លះ ។

    ក្នុងអំឡុងវ័យនេះអ្នកអាចមិនសូវមានអារម្មណ៍ស្រេកទឹកប៉ុន្មានទេ តែគួរទទួលទានទឹកឲ្យបានទៀងទាត់ យ៉ាងតិចមួយថ្ងៃ​ 8 – 12 កែវ ដើម្បីការពារការខ្វះជាតិទឹកដោយមិនដឹងខ្លួន គួរទទួលទានខាបូហាយដ្រេតឲ្យតិច សង្កត់ធ្ងន់លើអាហារពួក​សាច់ត្រីដើម្បីកុំឲ្យខ្វះជាតិប្រូតេអ៊ីន និងពួកសាច់សត្វណាដែលងាយរំលាយ ។ គួរទទួលបានកាល់ស្យូមឲ្យគ្រប់គ្រាន់ ហើយអា​ហារដែលមានកាល់ស្យូមខ្ពស់គឺនៅក្នុងទឹកដោះ យ៉ាអួប្រភេទក្រែម និងប៊័រដុំជាដើម ។

    រឿងដែលសំខាន់នោះ គឺមិនថាលោកអ្នកស្ថឹតនៅក្នុងវ័យណាក៏ដោយ គួរយកចិត្តទុកដាក់រឿងការហូបចុកឲ្យបាន​គ្រប៉​​ពេលទោះជាមានជម្ងឺ ឬគ្មានក៏ដោយ ក្រៅពីនេះគួរបង្កើនការធ្វើចលនាក្នុង​​​មួយថ្ងៃៗឲ្យបានច្រើន និងញឹកញាប់ នឹងធ្វើឲ្យ​​មានសុខភាពកាន់តែល្អឡើង និងកាត់បន្ថយភាពធុញថប់ តឹងតែងបានទៀតផង៕

  • ស្រ្តីមានគភ៌អានជាបន្ទាន់!! ហេតុអីកូនក្នុងគភ៌មិនរើ?

    ស្រ្តីមានគភ៌អានជាបន្ទាន់!! ហេតុអីកូនក្នុងគភ៌មិនរើ?

    ការរើបម្រះរបស់កូននៅក្នុងពោះបាននាំមកនូវភាពរំភើបរីករាយញាប់ញ័រត្រេកអរចំពោះស្រ្តីមានគភ៌ខ្លាំងណាស់ តែបើសិនជាសុខៗស្រាប់តែបាត់ឈឹងលែងរើបម្រះដោយសារអ្វីម្យ៉ាងក៏មិនដឹងនោះ អាចធ្វើឱ្យស្រ្តីមានគភ៌ដែលជាម្តាយមានកង្វល់មិនតិចឡើយ ដូច្នេះថ្ងៃនេះ ឡារ៉ែនមានព័ត៌មានអំពីរឿងនេះពីលោកគ្រូពេទ្យដើម្បីបំបាត់ក្តីកង្វល់របស់ស្រ្តីមានគភ៌ទាំងឡាយ។

    ស្រ្តីដែលតាំងគភ៌ជាលើកដំបូងក្នុងជីវិតនឹងចាប់ផ្តើមមានអារម្មណ៍ថា កូននឹងរើបម្រះនៅពេលអាយុគភ៌បានប្រមាណជា 18 – 20 សប្តាហ៍ ចំណែកក្នុងការមានផ្ទៃពោះលើកក្រោយទៀត នឹងមានអារម្មណ៍ដឹងនៅពេលមានអាយុគភ៌បានប្រមាណជា 16 – 18 សប្តាហ៍ ដោយអារម្មណ៍នោះនឹងដឹងបែបទឹបៗ ដូចមានត្រីមកចឹក ដោយនឹងមានអារម្មណ៍បែបនេះនៅលើស្បែកម្តុំៗជិតរន្ធផ្ជិត។ ក្នុងអំឡុងខែដំបូងដែលកូនចាប់ផ្តើមរើនោះ អ្នកម្តាយនឹងមានអារម្មណ៍ថា កូននៅមិនទាន់រើបម្រះខ្លាំងឡើយ ជួនកាលរើត្រឹមតែមួយថ្ងៃ 1 – 2 ដង និងត្រឹមតែស្រាលៗតិចៗប៉ុណ្ណោះ ទាំងអស់នេះដោយសារតែ ទារកខ្លួននៅតូចស្ថិតនៅក្នុងថង់ទឹកភ្លោះដែលធំជាងច្រើន និងថង់ទឹកភ្លោះនេះក៏ស្ថិតនៅក្នុងប្រអប់ស្បូនរបស់អ្នកម្តាយមួយជាន់ទៀតហ្នឹងឯង ទើបធ្វើឱ្យទារកអាចបម្រះរើខ្លួនចុះឡើងបានដោយមិនប៉ះនឹងជញ្ជាំងស្បូនឡើយ ធ្វើឱ្យអ្នកម្តាយអាចនឹងមិនមានអារម្មណ៍ដឹងថាកូនរើបានគ្រប់ពេលឡើយ ដូច្នេះបើស្រ្តីមានគភ៌ណាម្នាក់មានកង្វល់ក្នុងចិត្តថា កូនមិនរើ ឬនៅសុខៗក៏ស្ងាត់បាត់នោះ ចូរសាកល្បងសង្កេតមើលជាមុនសិន ព្រោះជាប្រក្រតីទៅក្នុងអំឡុងពេលគភ៌នៅខ្ចី អ្នកម្តាយគួរតែមានអារម្មណ៍ដឹងថាកូនរើរាល់ថ្ងៃ គ្រាន់តែមានចំនួនដងមិនច្រើនប៉ុណ្ណោះឯង តែដោយសារមូលហេតុដូចដែលបានជម្រាបមកខាងលើនោះឯង ទើបធ្វើឱ្យស្រ្តីមានគភ៌ដំបូងខ្លះអាចមិនមានអារម្មណ៍ដឹងថាកូនរើ ហេតុនេះសូមរង់ចាំ និងសង្កេតមើលឱ្យច្បាស់លាស់សិន មុននឹងទៅប្រឹក្សាជាមួយលោកគ្រូពេទ្យជំនាញ។

    តែក្រៅពីនេះបើការមិនរើរបស់កូននៅក្នុងគភ៌ធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថាកង្វល់បារម្ភ និងខ្លាចថាកូននឹងប្រសូតមុនពេលកំណត់ឬក៏អត់ហើយនោះ ឡារ៉ែនមានមូលហេតុ និងអាការ ដែលនឹងធ្វើឱ្យអ្នកម្តាយអាចប្រសូតមុនកំណត់បានមកជម្រាបជូន ដូចតទៅនេះ ៈ

    – ភាពខុសប្រក្រតីរបស់ស្បូន ដូចជា មានស្បូនពីរ

    – មាត់ស្បូនធូររលុងខុសប្រក្រតីមកតាំងពីកំណើត ឬដោយសារការវះកាត់

    – ការធ្វើការងារធ្ងន់ហួសហេតុពេក

    – ថង់ទឹកភ្លោះបែកមុនពេលកំណត់

    – ស្រ្តីមានគភ៌មានរោគជ្រៀតជ្រែកអ្វីម្យ៉ាង ដូចជា លើសឈាម ជាដើម

    – រលាករន្ធស្បូន ឬរលាកនៅក្នុងស្បូន។ ល ៕

  • វត្តមានស្មាតហ្វូនជំនាន់ចុងក្រោយ ស៊េរី Galaxy A01 Core តម្លៃត្រឹមតែ $89 និងពណ៌ថ្មី Galaxy A51& Galaxy A71 បានដាក់លក់ផ្លូវការក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាហើយ…!!

    វត្តមានស្មាតហ្វូនជំនាន់ចុងក្រោយ ស៊េរី Galaxy A01 Core តម្លៃត្រឹមតែ $89 និងពណ៌ថ្មី Galaxy A51& Galaxy A71 បានដាក់លក់ផ្លូវការក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាហើយ…!!

    (ភ្នំពេញ) ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២០៖ ស្មា​ត​ហ្វូ​ន​ស៊េរី A ម៉ូ​ដែល​ចុងក្រោយ Galaxy A01 Core, និង​ពណ៌​ថ្មី Galaxy A51, Galaxy A71 ពណ៌​ប្រាក់ (Metallic Silver) ដែល​កំពុងស៊ី​ផ្លូវ​អារម្មណ៍…អង្រួន​ចិត្ត…និង​សណ្តំ​បេះដូង​អ្នកប្រើប្រាស់​ឱ្យមក​ចាប់​កាន់​ផ្ទាល់​ជាមួយនឹង​រូបរាង​ដ៏​ទាក់ទាញ ទំនើប ទាន់សម័យ និង​មានតម្លៃ​សមរម្យ​បំផុត​សឹងតែ​មិនគួរ​ឱ្យ​ជឿ​នៅពេលនេះ​បាន​ដាក់លក់​ផ្លូវការ​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ!

    ការផ្លាស់ប្តូរ​នៃ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​នៃ​ពិភព​ស្មា​ត​ហ្វូ​ន​សម្រាប់​អនាគត​របស់​ក្រុមហ៊ុន សាម​សុង គឺ​ពិតជា​ផ្តល់នូវ​ភាព​អស្ចារ្យ និង​ភាព​រីករាយ​ដល់​អតិថិជន​ដែល​និយម​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​មែន! ក្រៅពី​ដាក់លក់ Galaxy A01 Core ក្នុងតម្លៃ​ត្រឹមតែ​ជាង $80 ជាមួយនឹង​សមត្ថភាព​មិនធម្មតា​ដែល​អាច​ផ្តល់​ការកម្សាន្ត និង​អនុស្សាវរីយ៍​រីករាយ​ជាច្រើន​តាមរយៈ​កាមេរ៉ា​ថតរូប​បាន​ច្បាស់​ល្អ និង​អាច​លេង Facebook បាន​ម៉ា​អេ​ម, Galaxy A51 តម្លៃ​ត្រឹមតែ​ជាង $300 មាន​លក្ខណៈពិសេស​ថត​ស្អាត​ដូច​តារា, និង Galaxy A71 តម្លៃ​ត្រឹមតែ​ជាង $400 ដែលមាន​លក្ខណៈពិសេស​ម្រា​ប់​ហ្វេនៗចូលចិត្ត​លេង​ហ្គេម​ដោយ​ផ្តល់នូវ​ភាពរលូន​ឥត​ទាក់…ជក់​អារម្មណ៍​អស់​ស្ទះ​តែម្តង!

    ជាមួយនឹង​ការមិន​ផ្តោតលើ​ប្រាក់ចំណេញ​សំខាន់​ធ្វើយ៉ាងណា​ឱ្យ​អតិថិជន​គ្រប់លំដាប់​ថ្នាក់​របស់ខ្លួន…រាល់​ការ​ជាវ Galaxy A01 Core, និង​ពណ៌​ថ្មី Galaxy A51,Galaxy A71 អតិថិជន​ទាំងអស់​នឹង​ទទួលបាន​ការ​ថែម​ជូន​យ៉ាង​ពិសេស​ពី​ក្រុមហ៊ុន សាម​សុង ជាច្រើន​ដូចជា៖

    * Galaxy A01 Core

    – បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី​ក្នុង​រយៈពេល 1ឆ្នាំ​ចាប់ពី​ថ្ងៃ​ដែល​បាន​ទិញ!

    – ផ្តល់​ការធានា​ជូន​រយៈពេល 1 ឆ្នាំ ពេញ​តែម្តង…!!

    * Galaxy A51 & Galaxy A71

  • AFF ប្រកាស មិនរៀបចំធ្វើការប្រកួតពានរង្វាន់ដ៏ធំបំផុតប្រចាំតំបន់អាស៊ានទេ

    AFF ប្រកាស មិនរៀបចំធ្វើការប្រកួតពានរង្វាន់ដ៏ធំបំផុតប្រចាំតំបន់អាស៊ានទេ

    សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) កាលពី​ថ្ងៃទី30 ខែកក្កដា កន្លងទៅនេះ បានប្រកាស​យ៉ាង​តក់ក្រហល់​ថា ការប្រកួត​ពានរង្វាន់ AFF Suzuki Cup 2020 (ឆ្នាំនេះ) នឹងមិន​ត្រូវបាន​រៀបចំ​ធ្វើ​ឡើយ ដោយសារតែ​មេរោគ​កូ​វីដ-19 កំពុងតែ​បង្កើនល្បឿន​នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល ហើយ​សង្ឃឹមថា នឹង​អាច​រៀបចំ​ធ្វើ​ឡើងវិញ នៅ​ឆ្នាំ2021 ប្រសិនបើ​មានលទ្ធភាព។

    តាម​ការបញ្ជាក់​ដោ​យស​ហ​ព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន បា​នស​ង្គ​ត់​ធ្ងន់​ថា សម្រាប់ AFF សុខភាព និង​សុវត្ថិភាព​របស់​កីឡាករ គ្រូបង្វឹក ដៃគូ​សហការ អ្នកគាំទ្រ និង​សាធារណជន​មាន​អាទិភាព​ខ្ពស់​ជាងគេ ហើយ​ការសម្រេច​ពន្យារពេល​ការប្រកួត​ដល់​ឆ្នាំ2021 គឺ​ដើម្បី​ការពារ​សុខុមាលភាព​របស់​មនុស្ស​គ្រប់គ្នា​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup។ គណៈកម្មាធិការ​ក្រុមការងារ​ពិសេស​នៃ​ពាន AFF Suzuki Cup បានធ្វើការ​ពិភាក្សា​យ៉ាង​ល្អិតល្អន់ មុននឹង​ឈានដល់​ការសម្រេចចិត្ត​នេះ។

    គួរ​រំឭក​ដែរ​ថា តាម​កម្មវិធី​ចាស់ ការប្រកួត​ពានរង្វាន់​នេះ នឹងត្រូវ​ធ្វើឡើង​នា​អំឡុង​ខែវិច្ឆិកា ហើយ​បញ្ចប់​ទៅវិញ​នៅ​ចុងខែ​ធ្នូ ដោយ​ប្រទេស​នានា​នឹងត្រូវ​ប្រកួត​គ្នា​ម្នាក់ 2ប្រកួត ដោយ​ប្រទេសនីមួយៗនឹង​ធ្វើជា​ម្ចាស់ផ្ទះ​ប្តូរ​វេន​គ្នា​ម្នាក់ 1ប្រកួត៕

  • ខែនេះ សុខ ធី នឹងប៉ះកីឡាករថ្វីដៃនៅខ្ចី ជនជាតិថៃ លើសង្វៀន ONE Championship

    ខែនេះ សុខ ធី នឹងប៉ះកីឡាករថ្វីដៃនៅខ្ចី ជនជាតិថៃ លើសង្វៀន ONE Championship

    One Championship ស្ថាប័ន​កីឡាប្រដាល់​ដ៏​ល្បី​ប្រចាំ​ទ្វីបអាស៊ី បានប្រកាស​អំពី​ការប្រកួត​នៅលើ​សង្វៀន​ទាំង2 របស់ខ្លួន​ទៀតហើយ គឺ ONE: NO SURRENDER II និង ONE: NO SURRENDER III ដែល​នឹង​ធ្វើឡើង​នៅ​ខែសីហា ឆ្នាំ2020នេះ។

    ដោយ​ក្នុងនោះ​កីឡាករ សុខ ធី ត្រូវបាន​ចាប់​គូ​ឱ្យ​ប្រកួត​សាជាថ្មី​ម្តង​ទៀតហើយ ក្រោយពេល​ខកខាន​ចាប់តាំងពី​ការ​ចាញ់​លើកចុងក្រោយ​កាលពី​ថ្ងៃទី10 ខែឧសភា ឆ្នាំ2019កន្លងមក ដោយ​ត្រូវ​តទល់​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​ថៃ Mongkolpetch Petchyindee Academy  ដែល​ធ្លាប់​ប្រកួត​ទើបតែ​បាន​ម្តងគត់ តែ​ទទួលបាន​ជ័យជម្នះ​លើស​ង្វៀន ONE Championship។ ការប្រកួត​នេះ ត្រូវបាន ONE Championship ចាត់ទុកជា​គូ​ឯក។

    សុខ ធី ធ្លាប់​ប្រកួត​ប្រដាល់​បុរាណ លើស​ង្វៀន ONE Championship ចំនួន 2លើក ចាញ់​ទាំង 2លើក ក្រោម​ថ្វីដៃ​កីឡាករ​ថៃ​ទាំងអស់ ខណៈដែល​គូប្រកួត​របស់គេ ដែលជា​កីឡាករ​ម្ចាស់ផ្ទះ​ថៃ Mongkolpetch វិញ ធ្លាប់​ប្រកួត​បានតែ​ម្តង​ប៉ុណ្ណោះ តែ​ឈ្នះ​កីឡាករ​អ៊ីតាលី ដោយ​ពិន្ទុ៕

  • លេចចេញរូបរាង Huawei ម៉ូដែល Mate 40 និង 40 Pro ឆ្នាំ2020

    លេចចេញរូបរាង Huawei ម៉ូដែល Mate 40 និង 40 Pro ឆ្នាំ2020

    Steve Hemmerstoffer បាន​សហការ​ជាមួយ Pricebaba និង HandsetExpert បញ្ចេញ​នូវ​រូបភាព Render ច្បាស់ៗជាច្រើន​សន្លឹក បង្ហាញ​អំពី​រូបរាង Huawei Mate ជំនាន់​ថ្មី ដែលមាន Mate 40 និង Mate 40 Pro។

    រូបភាព​បាន​បង្ហាញថា Mate 40/40 Pro ទំនងជា​បាន​ប្រើប្រាស់​រចនាប័ទ្ម​លាយ​បញ្ចូល​គ្នា រវាង​ត្រកូល Mate 30 និង​ត្រកូល P40 ដោយ​ផ្នែក​ខាងក្រោយ​មាន​បំពាក់​ដោយ​កាមេរ៉ា​រាង​ជា​រង្វង់​មូល ស្រដៀង​នឹង​ត្រកូល Mate 30 ចំណែក​ផ្នែក​ខាងមុខ​មាន​ចោះ​រន្ធ​អេក្រង់ បំពាក់​កាមេរ៉ា Selfie ភ្លោះ​ដូច​ត្រកូល P40 ដែរ។

    លក្ខណសម្បត្តិ របស់​ស្មា​ត​ហ្វូ​ន​ទាំង 2នេះ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​រំពឹងថា វា​នឹង​ប្រើប្រាស់​បន្ទះ​ឈី​ប Kirin 1020 ដែលជា​ឈី​ប​ជំនាន់​ចុងក្រោយ ហើយ​អាច​ប្រកាស​ចេញ​ក្នុង​ខែតុលា ឬ​ខែវិច្ឆិកា​ខាងមុខនេះ៕

  • Samsung នឹងពិចារណាបើកមន្ទីរធ្វើតេស្តរកមេរោគកូវីដ-19 បន្ថែមទៀត នៅតាមទីតាំងផលិតកម្មរបស់ខ្លួន

    Samsung នឹងពិចារណាបើកមន្ទីរធ្វើតេស្តរកមេរោគកូវីដ-19 បន្ថែមទៀត នៅតាមទីតាំងផលិតកម្មរបស់ខ្លួន

    មន្ទីរ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ-19 របស់​ក្រុមហ៊ុន Samsung ដែលមាន​ទីតាំងនៅ​រោងចក្រ Hwaseong ត្រូវបាន​សាងសង់ឡើង​ក្នុង​គោលបំណង​ជំរុញ​ដល់​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-19 ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ដើម្បី​រក្សា​សុវត្ថិភាព​បុគ្គលិក​រប​ស់​ខ្លួន​ផងដែរ។ Samsung បាន​ក្លាយជា​ក្រុមហ៊ុន​ឯកជន​ដំបូង​គេ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែលមាន​មន្ទីរ​សម្រាប់​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ-19 ផ្ទាល់ខ្លួន។

    បន្ថែម​ពីនេះ​ដែរ ក្រុមហ៊ុន Samsung ក៏​នឹង​ប្រើប្រាស់​មន្ទីរ​ធ្វើតេស្ត​របស់ខ្លួន​នេះ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង Hwaseong ផងដែរ ហើយ​បច្ចុប្បន្ន Samsung ថែមទាំង​កំពុង​ពិចារណា​ថា នឹង​បើក​មន្ទីរ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ-19 បន្ថែមទៀត នៅតាម​ទីតាំង​ផលិតកម្ម​របស់ខ្លួន​នៅ​កូរ៉េខាងត្បូង។ អាជីវកម្ម​ស្មា​ត​ហ្វូ​ន និង​ទូរទស្សន៍​របស់ Samsung បាន​រង​ផលប៉ះពាល់​ដោយសារ​ជំងឺឆ្លង​កូ​វីដ-19 តែ​យ៉ាងណាក្ដី អាជីវកម្ម​ផលិត​បន្ទះ​ឈី​ប នៅតែមាន​លទ្ធផល​ល្អ​ដូច​មុន​ដដែល។

    Samsung រំពឹងថា គ្រប់យ៉ាង​នឹង​វិលត្រឡប់​មករក​សភាព​ដើម​វិញ នៅត្រឹម​ដំណាច់ឆ្នាំ2020 ឬ​នៅ​ត្រីមាស​ដំបូង​នៃ​ឆ្នាំ2021៕

  • ត្រាំ ប្រកាសថា កម្មវិធី TikTok នឹងត្រូវបិទនៅអាមេរិក នៅថ្ងៃទី15 កញ្ញា

    ត្រាំ ប្រកាសថា កម្មវិធី TikTok នឹងត្រូវបិទនៅអាមេរិក នៅថ្ងៃទី15 កញ្ញា

    រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ នឹង​បិទ TikTok លែងឱ្យ​ប្រើ​នៅ​អាមេរិក​តទៅទៀត ប្រសិនបើ​ផែនការ​ទិញយក​ប្រតិបត្តិការ​របស់ TikTok នៅ​អាមេរិក ពី​សំណាក់​ក្រុមហ៊ុនធំៗនៅ​អាមេរិក មិនអាច​សម្រេច​ជា​ស្ថាពរ ត្រឹម​ថ្ងៃទី15 ខែកញ្ញា​ទេនោះ។

    លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ថា លោក​យល់​ព្រមឱ្យ​ក្រុមហ៊ុន Microsoft ឬ​ក្រុមហ៊ុន​អាមេរិក​ដទៃទៀត ទិញយក​ប្រតិបត្តិការ​កម្មវិធី TikTok នៅ​អាមេរិក ដើម្បីឱ្យ​កម្មវិធី​នេះ​អាច​ដំណើរការបាន​តទៅទៀត។ បន្ថែម​ពីនេះ​ដែរ ក្រសួង​រតនាគារ​អាមេរិក​នឹងត្រូវ​ទទួលបាន​ភាគលាភ​មួយចំណែក​ធំ ពី​ការលក់​ប្រតិបត្តិការ TikTok នេះ​ផងដែរ។

    ដូ​ណា​ល់ ត្រាំ​ដដែល​បានលើកឡើង​ដូច្នេះ​ថា៖ “ខ្ញុំ​មិន​ប្រកាន់​ថា Microsoft ឬ​អ្នកផ្សេង​ណា ឬក៏​ក្រុមហ៊ុន​ធំ​របស់​អាមេរិក​ណាមួយ​ទិញយក​វា​នោះទេ  តែ​វា​នឹងត្រូវ​បិទ​នៅ​ថ្ងៃទី15 ខែកញ្ញា លុះត្រាតែ Microsoft ឬ​ក្រុមហ៊ុន​ណាមួយ​អាច​ទិញយក និង​ឯកភាព​លើ​តម្លៃ​សមរម្យ​មួយ ដូច្នេះ​រតនាគារជាតិ​អាមេរិក​នឹង​ទទួលបាន​ចំណែក​ភាគលាភ​ច្រើន។

    គេ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​រតនាគារជាតិ​អាមេរិក នឹង​ទទួលបាន​ចំណែក​ភាគលាភ​ពី​ការ​ទិញយក​ប្រតិបត្តិការ TikTok ដោយ​វិធី​ណា​នោះទេ និង​តើ Microsoft ជា​អ្នកចំណាយ ឬ ByteDance ជា​អ្នកចំណាយ ឬ​ភាគី​ទាំង2 ជា​អ្នកចំណាយ? វា​ច្បាស់​ជា​ធ្វើឱ្យ​ការចរចា​ទិញ​កាន់តែ​ពិបាក ប្រសិនបើ​ចំណែក​ភាគលាភ​ដែល​រតនាគារជាតិ​អាមេរិក​ចង់បាន មាន​ចំនួន​ច្រើន៕