Author: ធឿន មករា

  • ក្រសួងអប់រំ ដាក់ចេញគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ដំណើរការសាលារៀនឡើងវិញ

    ក្រសួងអប់រំ ដាក់ចេញគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ដំណើរការសាលារៀនឡើងវិញ

    នៅ​ដើមខែ​សីហា​នេះ កម្ពុជា​កំពុង​រៀបចំ​គិតគូរ​ពី​ការដាក់ឱ្យ​ដំណើរការ​សាលារៀន​ឡើងវិញ តែ​ទន្ទឹមនឹងនេះ ក្រសួង​អប់រំ ក៏បាន​ផ្តោត​ខ្លាំង​ផងដែរ​លើ​ការការពារ​សុវត្ថិភាព​របស់​សិស្សានុសិស្ស​ទាំងឡាយ​នៅ​ទូទាំងប្រទេស។ ដើម្បី​ឆ្លើយតប​ទៅនឹង​ការការពារ​ជំងឺ Covid-19 មិនឱ្យ​រីក​រាលដាល​ក្នុង​សាលារៀន ក្រសួង​អប់រំ បានចេញ​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ដើម្បី​ដំណើរការ​សាលារៀន​ឡើងវិញ​ក្នុង​បរិបទ​នៃ​ជំងឺ Covid-19។

    ក្រសួង​អប់រំ បាន​បញ្ជាក់ថា ចាប់តាំងពី​ការរកឃើញ​ការឆ្លង​ជំងឺ Covid-19 ក្រសួង​បានចេញ​នូវ​វិធានការ​ជាច្រើន ដូចជា​ចេញ​សេចក្តីជូនដំណឹង និង​សេចក្តីណែនាំ​ជាច្រើន​ពាក់ព័ន្ធ​នឹង​វិធាន​នានា​ដោយ​ក្នុងនោះ ចំណុច​សំខាន់​ទី1 គឺ​វិធានការ​សុខភាព ដោយ​អនុលោម​ទៅតាម​សេចក្តីណែនាំ និង​វិធានការ​បច្ចេកទេស​ចាំបាច់​របស់​អង្គការ​សុខភាព​ពិភពលោក។ ចំណុច​ទី2 គឺ​ការរៀបចំ​រដ្ឋបាល​ឌីជីថល ចំណុច​ទី3 ការលើកកម្ពស់​វិធានការ​គម្លាត​សុវត្ថិភាព និង​ចំនុច​ទី4 គឺ​ការរៀបចំ​ប្រព័ន្ធ​អប់រំ​អេឡិចត្រូនិក និង​ការផ្តល់សេវា​រៀន​ពី​ចម្ងាយ។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​បញ្ជាក់ថា ក្រសួង​អប់រំ បានរៀបចំ​យុទ្ធសាស្ត្រ​ស្តីពី​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ដោយ​ឈរលើ​អភិក្រម​ចំនួន2 គឺ ទី1 ការបើក​ដំណើរការ​ដំណាក់កាល​សម្រាប់​គ្រឹះស្ថានសិក្សា​ណា​ដែល​អាចអនុវត្ត ស្តង់ដា​សុវត្ថិភាព​សុខភាព និង​ទី2 ការអនុវត្ត​សិក្សា​តាមបែប​ចម្រុះ ដោយ​គួបផ្សំ​ការសិក្សា​ក្នុង​ថ្នាក់រៀន និង​ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​តាមបែប​ប្រពៃណី រួមទាំង​ការធ្វើ​ស្វ័យ​សិក្សា សម្រាប់​សិស្ស​នៅ​ទីជនបទ។

    ឯកឧត្តម​ថា គោល​កាណ៍​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ​ក្នុង​បរិបទ​នៃ​ជំងឺ Covid-19 ដែល​បាន​រៀបចំឡើង​នេះ មាន​វត្ថុបំណង​ណែនាំ​អំពី​វិធា​នានា រួមទាំង​វិធាន​សុខភាព ដើម្បី​គ្រឹះស្ថានសិក្សា​អាច​រៀបចំ និង​ត្រៀមលក្ខណៈ​ដំណើរការ​ការបង្រៀន និង​រៀន​ឡើងវិញ ក៏ដូចជា​ការបន្ត​គ្រប់គ្រង​គ្រឹះស្ថានសិក្សានីមួយៗឱ្យមាន​និរន្ត​ភាព ធានា​នូវ​សុវត្ថិភាព សុខភាព​សម្រាប់​បុគ្គលិក​សិក្សា គ្រូបង្រៀន និង​សិស្សានុសិស្ស​ក្នុង​បរិបទ Covid-19 និង​ទៅ​អនាគត៕

  • 9 រឿងមិនគួរធ្វើ បើចង់ឱ្យស្នេហាស្ថិតស្ថេរគង់វង្ស

    9 រឿងមិនគួរធ្វើ បើចង់ឱ្យស្នេហាស្ថិតស្ថេរគង់វង្ស

    រឿងស្នេហានេះ ពេលខ្លះពិបាកយល់ណាស់ បើស្រឡាញ់ហើយ អីៗក៏ព្រមដែរ!! តែបើចង់ឱ្យគូស្នេហ៍ស្រឡាញ់យើងយូរអង្វែងនោះ តើត្រូវធ្វើយ៉ាងណាខ្លះ? ធ្លាប់គិតដែរទេថា ពេលខ្លះហេតុផលដែលឈ្លោះគ្នាញឹកញាប់នោះ អាចដោយសារតែយើងមានចំណែកដែរទេដឹង? ដូច្នេះបើចង់ឱ្យសេចក្តីស្នេហាស្ថិតស្ថេរគង់វង្ស នៅជាមួយយើងយូរអង្វែងរហូតទៅនោះ 10 រឿងខាងក្រោមនេះមិនគួរធ្វើជាដាច់ខាត។

    1 . ប្រចែប្រច័ណ្ឌគ្មានហេតុផល

    រឿងនេះសំខាន់ណាស់សម្រាប់គ្រប់គូស្នេហ៍ បើជឿជាក់ក្នុងចិត្តថា រូបអ្នកមានគុណតម្លៃស័ក្តិសម និងស្រឡាញ់គេតាមដែលអាចស្រឡាញ់បាន ហើយគេក៏ស្រឡាញ់អ្នកវិញដែរនោះ តើហេតុអីអ្នកចាំបាច់ត្រូវប្រចៃប្រច័ណ្ឌរូបគេបែបគ្មានហេតុផលនោះ? គួរតែមានភាពជឿជាក់លើគ្នាទៅវិញទៅមកឱ្យច្រើនទើបល្អ។

    2 . និយាយអាក្រក់ពីបុព្វការី

    ទោះជាគេតវ៉ា ឬរអ៊ូរទាំឱ្យអ្នកស្តាប់នូវរឿងរ៉ាវផ្សេងៗក្នុងក្រុមគ្រួសាររបស់គេក៏ដោយ តែក៏មិនមែនថាអ្នកអាចនិយាយអំពីមនុស្សក្នុងក្រុមគ្រួសាររបស់គេបានដែរ ជាពិសេសនិយាយពីបុព្វការីរបស់គេក្នុងន័យអវិជ្ជមាន ព្រោះវានឹងហុចផលអាក្រក់ដល់រូបអ្នកយ៉ាងប្រាកដ ហើយរូបអ្នកខ្លួនឯងក៏មិនចង់ឱ្យគូស្នេហ៍និយាយ ឬគិតក្នុងន័យអវិជ្ជមានជាមួយក្រុមគ្រួសាររបស់អ្នកដែរ។

    3 . កុំខុសសំដីខ្លួនឯង

    មនុស្សប្រុសក៏មិនត្រូវខុសសំដីខ្លួនឯងដែរ នារីក៏មិនខុសគ្នាដែរ បើណាត់គ្នាពេលណា គួរតែទៅឱ្យត្រូវពេល ឬយឺតបន្តិចបន្តួច ឬបើប្រាប់ថានឹងទូរស័ព្ទរក ក៏គួរតែទូរស័ព្ទទៅ ព្រោះការខុសសំដីខ្លួនឯងអាចបង្ហាញឱ្យដឹងថា អ្នកជាមនុស្សដែលមិនខ្វល់ពីអារម្មណ៍អ្នកដទៃ ហើយវានិងហុចផលមិនល្អដល់សម្ព័ន្ធភាពរបស់អ្នកយ៉ាងពិតប្រាកដ។

    4 . របៀបរបបច្រើនពេក

    រឿងនេះគឺជារឿងធ្ងន់ធ្ងររបស់សម្ព័ន្ធភាពស្នេហ៍ បុរសច្រើនតែមិនសូវចេះទ្រាំចំពោះភាពរបៀបរបបរឿងច្រើនរបស់ស្រ្តី។ ដំបូងៗដែលស្នេហានៅផ្អែមល្ហែម ក៏ធ្វើជាមិនយកចិត្តទុកដាក់ ទទួលយកបានទាំងអស់ តែនៅពេលដែលពេលវេលានៃការសម្របសម្រួលខ្លួនឱ្យចូលគ្នាចប់អស់នោះ ហើយភាពរបៀបរបបច្រើន រឿងច្រើនបែរជាកើនឡើង រអ៊ូឥតឈប់ រអ៊ូគ្រប់រឿង ប្រហែលជាគ្មាននរណាចង់ស្តាប់ និងធ្វើតាមឡើយ។

    5 . ខឹងសម្បាមិត្តភ័ក្តិរបស់គេ

    មុនពេលដែលគេស្គាល់រូបអ្នក គេមានក្រុមមិត្តភ័ក្តិរបស់គេ ភាពជិតដិតស្និទ្ធស្នាលខ្លាំងជាងរូបអ្នកច្រើនណាស់ ដូច្នេះអ្នកគួររៀនយល់ដឹងអំពីវិធីក្នុងការចូលទៅរកក្រុមមិត្តភ័ក្តិរបស់គេ បើសិនជាវាមិនធ្ងន់ធ្ងរពេកទេនោះ និងវិធីដែលល្អបំផុតនោះគឺ ព្យយាមធ្វើខ្លួនឱ្យសប្បាយរីករាយជាមួយអ្វីដែលគេធ្វើវិញប្រសើរជាង។

    6 . បំផ្លាញក្តីជឿទុកចិត្ត

    ការភូតកុហកប្រភេទ White lie ពេលខ្លះក៏បានលទ្ធផលដែរ តែពេលខ្លះបើនិយាយគ្នាត្រង់ៗបាន ក៏គួរតែនិយាយ ព្រោះបុរសៗច្រើនតែមិនគិតច្រើនដូចនារីៗទេ ព្រោះបុរសៗពេលខ្លះមិនបានយកចិត្តទុកដាក់នឹងអ្វីដែលនារីៗធ្វើប៉ុន្មានឡើយ ដូច្នេះបើមានអ្វីនិយាយគ្នាត្រង់ៗទៅប្រសើរជាងការភូតកុហកដែលបើថ្ងៃក្រោយបែកការ វានឹងមានផលប៉ះពាល់ដល់សម្ព័ន្ធភាពស្នេហ៍យ៉ាងប្រាកដ។

    7 . បន្ទោសគេគ្រប់យ៉ាង

    អ្នកខ្លួនឯងអាចនឹងមិនដឹងខ្លួនថា ពេលអ្នកនៅជាមួយគ្នាហើយមានអ្វីខុសឆ្គង អ្នកតែងតែតវ៉ាបន្ទោសគេ និងពេលខ្លះក៏បន្ទោសតវ៉ាហួសហេតុពេកទៀតផង។ សម្ព័ន្ធភាពដែលល្អ គឺការជួយគ្នាដោះស្រាយ កែបញ្ហា មិនថាអ្នកណាខុសក៏ដោយ ចូរខឹងចុះ តែកុំឱ្យយូរពេក បន្ទាប់ពីនោះក៏ងាកមកនិយាយគ្នាដើម្បីកែបញ្ហា នោះគ្រប់យ៉ាងនឹងល្អប្រសើរឡើងមិនខាន។

    8 . ព្យាយាមផ្លាស់ប្តូរ កែចរឹតនិស្ស័យរបស់គេ

    តើអ្នកសេពគប់គេព្រោះអ្វី និងតើគេសេពគប់អ្នកព្រោះអ្វី? ចូរសម្លឹងរកមើលចំណុចនោះឱ្យជាប់ជានិច្ច ព្រោះការសេពគប់គ្នាពិតជាមានការសម្របសម្រួលខ្លួនចូលរកគ្នា តែការសម្របសម្រួលខ្លួនមិនមែនជាការផ្លាស់ប្តូរទាំងអស់នោះទេ និងកុំប្រៀបធៀបគូស្នេហ៍របស់អ្នកទៅនឹងបុរសណាផ្សេងឱ្យសោះ។

    9 . មិនដែលនិយាយល្អជាមួយគេ

    មនុស្សឆ្លាតតែងតែធ្វើជាអ្នកស្តាប់ច្រើនជាង ហើយបើនិយាយ នឹងច្រើនតែមានពាក្យដែលឆ្លាតៗជានិច្ច បើអ្នកឈ្លោះគ្នា ចូរចៀសវាងការនិយាយបន្តជម្លោះ បើអ្នកណាម្នាក់អាចត្រជាក់ចុះបាន រឿងដែលឈ្លោះគ្នានោះនឹងកាន់តែឆាប់ចប់ឡើង ចូរកុំភ្លេចថា ការផ្តល់កិត្តិយសដល់គ្នាទៅវិញទៅមកគឺជារឿងសំខាន់ក្នុងជីវិតគូរបស់មនុស្សគ្រប់គ្នា ការនិយាយជាមួយគ្នាល្អៗ ច្បាស់ជាហុចផលល្អក្នុងរយៈពេលយូរមិនខាន៕

  • “គ្រឿងបន្ថែមរសជាតិអាហារ”…ប្រយោជន៍ និងគុណវិបត្តិដែលគួរដឹង

    “គ្រឿងបន្ថែមរសជាតិអាហារ”…ប្រយោជន៍ និងគុណវិបត្តិដែលគួរដឹង

    ស្រ្តីមេផ្ទះដែលធ្វើម្ហូបអាហារប្រហែលជាស្គាល់គ្រឿងបន្ថែមរសជាតិអាហារយ៉ាងច្បាស់មិនខាន តើបងៗស្រ្តីមេផ្ទះដឹងដែរឬទេថា គ្រឿងបន្ថែមរសជាតិអាហារដែលយើងប្រើក្នុងពេលបច្ចុប្បន្ននេះផ្តល់នូវប្រយោជន៍ និងគុណវិបត្តិអ្វីខ្លះដល់រាងកាយយើង?

    គ្រឿងបន្ថែមរសជាតិអាហារដែលប្រើប្រាស់នាពេលបច្ចុប្បន្ន មិនថាតែទឹកត្រី ទឹកស៊ីអ៊ីវម្សៅស៊ុប (ប៊ីចេង) ឬដុំស៊ុបផ្សេងៗនោះឡើយ សុទ្ធតែមានប្រយោជន៍ និងគុណវិបត្តិអាស្រ័យលើវិធី បរិមាណការប្រើប្រាស់ និងការជ្រើសរើសទិញរបស់ស្រ្តីមេផ្ទះ ដែលអាហារនាពេលបច្ចុប្បន្ននេះភាគច្រើនពេញទៅដោយរសជាតិរបស់ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅស៊ុប និងដុំស៊ុប ធ្វើឱ្យបាត់បង់រសជាតិដើមអស់ និងបើញ៉ាំម្ហូបអាហារដែលដាក់គ្រឿងច្រើនៗ នឹងធ្វើឱ្យសុខភាពរាងកាយចុះទ្រុឌទ្រោមទៀតផង។

    ប្រយោជន៍របស់គ្រឿងបន្ថែមរសជាតិអាហារ

    ទោះជាមនុស្សភាគច្រើនអាចនឹងមើលឃើញតែគុណវិបត្តិរបស់វាក៏ដោយ តែនៅក្នុងការពិតវិញ វាក៏នៅមានប្រយោជន៍ខ្លះដែរដូចជា ជួយតុបតែងបង្កើនរសជាតិអាហារឱ្យល្អឡើង ឆ្ងាញ់ឡើង និងមានក្លិនឈ្ងុយ ក្រៅពីនេះទឹកត្រី ទឹកស៊ីអ៊ីវសុទ្ធតែប្រកបទៅដោយប្រូតេអ៊ីន ឬអាស៊ីតអៈមីណូដែលជាប្រយោជន៍ចំពោះរាងកាយទៀតផង។

    គុណវិបត្តិរបស់គ្រឿងបន្ថែមរសជាតិអាហារ

    នៅក្នុងចំណែកនៃគុណវិបត្តិវិញ អ្នកខ្លះអាចមានអាការប្រតិកម្មចាញ់ម្សៅស៊ុប គឺមានអាការវិលមុខ ដកដង្ហើមមិនស្រួល មានអាការស្ពឹកៗនៅលើផ្ទៃមុខ និងកញ្ចឹងក ចុកដើមទ្រូង ក្អួតចង្អោរ ដែលបើសិនជាមានអាការទាំងនេះកើតឡើង គួរប្រញាប់ទៅជួបគ្រូពេទ្យ និងបើទទួលទានច្រើនៗ ឬទទួលទានញឹកញាប់ក៏អាចធ្វើឱ្យកើតសភាវធាត់ឡើងបានដែរ។

    គ្រឿងបន្ថែមរសជាតិឱ្យអាហារកាន់តែឆ្ងាញ់ឡើងក៏ពិតមែន តែក៏គួរតែដឹងដែរថា នៅក្នុងគ្រឿងបន្ថែមរសជាតិអាហារនោះមានគ្រឿងផ្សំផ្សេងៗដែលអាចបណ្តាលគ្រោះថ្នាក់ដល់យើងបាន បើទទួលទានក្នុងបរិមាណដែលច្រើនជ្រុលពេក ដូច្នេះបើចៀសបាន ក៏គួរតែធ្វើ ឬបន្ថែមរសជាតិក្នុងបរិមាណដែលសមរម្យក៏អាចជួយបានដែរ ដើម្បីប្រយោជន៍របស់សុខភាពអ្នកខ្លួនឯង មិនដូច្នោះទេរោគានឹងសួររកមុខអ្នកមិនខាន៕

  • បច្ច័យសំខាន់ដែលហុចផលដល់ភាពអច្ឆរិយរបស់កូនតូចមានអ្វីខ្លះ?

    បច្ច័យសំខាន់ដែលហុចផលដល់ភាពអច្ឆរិយរបស់កូនតូចមានអ្វីខ្លះ?

    លោកឪពុកអ្នកម្តាយគ្រប់រូបក្រៅពីនឹកសង្ឃឹមឱ្យកូនក្លាយជាក្មេងល្អហើយ ក្នុងជម្រៅចិត្តក៏ចង់ឱ្យកូនមានភាពអច្ឆរិយ និងមានវិវឌ្ឍនាការតាមវ័យ អាចរៀនយល់ដឹងបានឆាប់រហ័ស និងអាចសម្របសម្រួលខ្លួនចូលក្នុសង្គមបាន តែ…តើយើងនឹងធ្វើឱ្យទារកដែលប្រសូតចេញមកហើយក្លាយជាក្មេងអច្ឆរិយនាពេលអនាគតយ៉ាងម៉េចបាននោះ យើងនាំគ្នាមើលទាំងអស់គ្នា។

    1 . បច្ច័យពូជកំណើតពីឪពុក និងម្តាយ

    ទារកកើតចេញពីការរំលាយបញ្ចូលរួមគ្នារវាងកោសិការបស់ខាងឪពុក និងម្តាយ ដោយកោសិកាប្រកបទៅដោយ ខ្រូម៉ូហ្សូម ( Chromosome ) ដែលមានលក្ខណៈជាខ្សែ 2 សរសៃដែលតម្រៀបគ្នាជាគូៗ តោងគ្នាជាប់យ៉ាងណែនប្រៀបដូចជណ្តើរគូទខ្យង និងនៅលើសរសៃខ្រូម៉ូហ្សូមនឹងមានហ្ស៊ែន ដែលហ្ស៊ែននេះបានមកពីការផ្សំគ្នារវាងខាងឪពុក និងខាងម្តាយម្នាក់ពាក់កណ្តាល។

    ហ្ស៊ែនជាអង្គភាពគ្រប់គ្រងគុណភាព និងលក្ខណៈផ្សេងៗរបស់មនុស្ស មិនថាតែមុខមាត់ រូបរាង កម្ពស់ ពណ៌សម្បុរស្បែក ភាពឆ្លាតវៃ-ល- ដែលហ្ស៊ែនក្នុងផ្នែកអវយវៈខួរក្បាលនេះឯងដែលបានទទួលមកពីហ្ស៊ែនរបស់ឪពុក និងម្តាយម្នាក់ពាក់កណ្តាល ដែលមានផលឱ្យទារកនៅពេលធំធាត់ឡើងនឹងមានលក្ខណៈស្រដៀងនឹងមេពូជកំណើតពីឪពុក និងម្តាយ ទើបវាជាផ្នែកមួយដែលមានភាពសំខាន់ដល់គុណភាពរបស់ទារក ព្រោះថាទារកនឹងឆ្លាតច្រើនតិចប៉ុនណា ហ្ស៊ែនដែលបានទទួលពីឪពុក និងម្តាយនោះមានចំណែកពាក់ព័ន្ធយ៉ាងខ្លាំង។ ក្រៅពីហ្ស៊ែនដែលបានទទួលពីឪពុក និងម្តាយហើយនោះ នៅមានបច្ច័យផ្សេងៗទៀតដែលមានផលចំពោះក្មេងទារកដូចគ្នា។

    2 . បច្ច័យផ្នែកភោជនាហារ

    អាហារដែលយើងញ៉ាំចូលទៅក្នុងមួយថ្ងៃៗនឹងត្រូវប្រែក្លាយឱ្យទៅជាសារធាតុអាហារ នាពេលបច្ចុប្បន្នក្នុងពិភពវេជ្ជសាស្រ្តបានផ្តល់នូវការទទួលស្គាល់ហើយថា បើទារកតាំងពីនៅក្នុងផ្ទៃបានទទួលសារធាតុអាហារដែលល្អ និងស័ក្តិសមនោះ នឹងជួយឱ្យរាងកាយរបស់ទារកអាចអភិវឌ្ឍ និងធំធាត់ក្លាយជាក្មេងអច្ឆរិយបានដូចគ្នា ព្រោះសារធាតុច្រើនប្រភេទមានផលល្អក្នុងការសាងរាងកាយរបស់ទារកតាំងតែពីនៅក្នុងគភ៌ ដូចជា ប្រូតេអ៊ីន ជាសារធាតុអាហារដែលរាងកាយត្រូវការប្រើដើម្បីបង្កើនទំហំ និងគុណភាពរបស់ខួរក្បាល។ បើទារកបានទទួលសារធាតុអាហារដែលគ្រប់គ្រាន់ រាងកាយរបស់ក្មេងក៏នឹងអាចអភិវឌ្ឍខួរក្បាលបានយ៉ាងឥតខ្ចោះ។ នៅពេលខួរក្បាលសម្បូរពេញលេញក៏នឹងធ្វើឱ្យការធ្វើការរបស់ខួរក្បាលធ្វើការបានយ៉ាងពេញទំហឹង។ ខួរក្បាលជាអវយវៈដែលសំខាន់ខ្លាំងណាស់ និងខួរក្បាលក៏ប្រកបដោយកោសិកាចំនួនដ៏ច្រើនដូចគ្នាដែរ បើស្រ្តីមានគភ៌បានទទួលសារធាតុអាហារប្រូតេអ៊ីនតិចជ្រុលពេក កោសិកាខួរក្បាលរបស់កូននៅក្នុងផ្ទៃក៏នឹងមានទំហំតូច និងធ្វើឱ្យទារកដែលប្រសូតចេញមកមានកម្រិតសតិបញ្ញាទាបជាងក្មេងដទៃទៀត។ ក្រៅពីប្រូតេអ៊ីនហើយនៅមានសារធាតុអាហារដទៃទៀតដូចគ្នា ដូចជា ក្រុមវីតាមីនផ្សេងៗក៏មានផលដូចគ្នាដែរ ព្រោះវីតាមីនប្រភេទខ្លះក៏មានផលចំពោះប្រព័ន្ធសរសៃប្រសាទរបស់ទារកដែរ ដូច្នេះហើយទើបអាហារដែលស្រ្តីមានគភ៌បានទទួលចូលទៅនោះមានផលយ៉ាងខ្លាំងចំពោះទារកក្នុងគភ៌។

    3 . បច្ច័យផ្នែកបរិស្ថានជុំវិញខ្លួន

    បរិស្ថានជុំវិញខ្លួនក្នុងទីនេះនឹងមានផលតាំងតែពីស្រ្តីជាម្តាយចាប់ផ្តើមតាំងគភ៌មកម្ល៉េះ។ មានលទ្ធផលនៃការវិភាគខាងវេជ្ជសាស្រ្តមួយបានបញ្ជាក់ថា បើស្រ្តីដែលតាំងគភ៌ត្រូវទ្រាំទ្ររស់នៅក្នុងបរិស្ថានជុំវិញខ្លួនដែលមិនល្អ ទាំងរឿងសំឡេងឮក្ឌុងក្ឌាំងខ្លាំងជ្រុលពេក មានក្លិនមិនគួរប្រាថ្នា ឬធ្វើឱ្យស្រ្តីមានគភ៌នោះមានអារម្មណ៍ធុញថប់មួម៉ៅនោះ ទារកក៏នឹងបានទទួលផលប៉ះពាល់ពីបរិស្ថានជុំវិញខ្លួនទាំងនេះដូចគ្នា និងហុចផលប៉ះពាល់ផ្សេងៗដូចជា នៅពេលទារកប្រសូតចេញមកហើយទម្ងន់ខ្លួននឹងតិចជាងប្រក្រតី ឬត្រូវប្រសូតមុនពេលកំណត់ ទារកងាយភ្ញាក់ផ្អើល ពិបាកចិញ្ចើម ឬយំច្រើនជាដើម៕

  • តោះមកដឹង 6 ចំណុចផ្លាស់ប្តូរថ្មីនៅលើរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី

    តោះមកដឹង 6 ចំណុចផ្លាស់ប្តូរថ្មីនៅលើរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី

    Ford Everest គឺជាប្រភេទរថយន្ត SUV ​ខ្នាតធំដែលជាកូនកាត់រវាង SUV នឹងរថយន្ត Pick Up Ranger ដែលផ្នែកខាងមុខ និងប្រព័ន្ធជើងក្រោមហាប់ណែនដូចទៅនឹងរថយន្ត Ranger ដែរ។ ដោយសារតែវាមាន DNA រួមជាមួយរថយន្ត Ford Ranger ហេតុនេះហើយទើបធ្វើអោយរថយន្ត SUV មួយនេះអាចបើកបរបានគ្រប់ស្ថានភាពផ្លូវមិនចាញ់ថយន្ត Pick Up នោះឡើយ។ រថយន្តនេះមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាអស់រយះពេលជាង 10 ឆ្នាំមកហើយ និងត្រូវបានទទួលស្គាល់ពីគុណភាព​ សុវត្ថិភាព បច្ចេកវិទ្យា និងភាពធន់រឹងមាំពីសំណាក់អតិថិជន ហេតុនេះហើយទើបធ្វើអោយរថយន្ត​ Ford Everest មានឈ្មោះបោះសម្លេងរហូតមកដល់សព្វថ្ងៃនេះ។ មានចម្ងល់ជាច្រើនដែលបានសាកសួរមកកាន់ក្រុមហ៊ុន Ford ថាតើពេលណារថយន្តនេះមានការផ្លាស់ប្តូរបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពថ្មី ហើយការទន្ទឹងរង់ចាំរបស់អតិថិជន Ford បានមកដល់ហើយ! នោះគឺ រថយន្ត Ford Everest 2.0L​ Bi-Turbo ជំនាន់ថ្មី ដែលជារថយន្ត SUV ប្រណិត ដែលបំពាក់ជាមួយនឹងម៉ាស៊ីនជំនាន់ចុងក្រោយគឺម៉ាស៊ីន 2.0L Bi-Turbo បូករួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត​។​

    ក្រុមហ៊ុន អ​ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបាននាំចូលរថយន្ត Ford Everest 2.0L Bi-Turbo ជាមួយនឹងតម្លៃពិសេសត្រឹមតែ​ $69,900 ប៉ុណ្ណោះ។  រថយន្តប្រណិតមួយនេះបានភ្ជាប់មកជាមួយនឹងចំណុចផ្លាស់ប្តូរថ្មីពិសេស 6​ យ៉ាងនោះគឺ៖

    1. រថយន្តនេះបានបំពាក់នូវម៉ាស៊ីនជំនាន់ថ្មី 0L Bi-Turbo ដែលមានកម្លាំងសេសរហូតដល់ទៅ 213 PS និងកម្លាំងរមួល 500 Nm ដែលមានកម្លាំងខ្លាំងស៊ីប្រេងតិច។
    2. ​ប្រអប់លេខ 10លេខអូតូ​ ដែលធ្វើអោយការបើកបររបស់លោកអ្នកមានភាពរលូនជាងមុន។
    3. ចំណុចដែលអតិថជនកំពុងតែទន្ទឹងរង់ចាំយូរណាស់ហើយនោះគឺ Push Button Start/ Smart Key ដែលងាយស្រួលដល់អតិថជនអាចបញ្ឆេះរថយន្តដោយគ្រាន់តែចុចប៊ូតុង Engine Start/Stop ព្រមទាំងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងប្រលោះទ្វារ នោះវានឹងដោះសោរ (Unlock) ដោយស្វ័យប្រវត្តិ ហើយលោកអ្នកគ្រាន់តែចុចសេនសឺនៅលើដៃទ្វារដើម្បីធ្វើការ​ចាក់សោរ (Lock)​ ជាការស្រេច។
    4. ផ្នែកខាងក្នុងនៃរថយន្តបានរចនាឡើងជាមួយនឹងពូកស្បែកបែបប្រណិតពណ៍ការ៉ុត ដែលជាពណ៍កំពុងពេញនិយមបំផុតសម្រាប់រថយន្តប្រណិតៗមួយចំនួន។
    5. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីអមជាមួយនឹងអេក្រង់ Touch Screen 8 អ៊ីញដែលផ្តល់នូវរូបភាពច្បាស់ល្អនិងមានភាពរស់រវើកជាង។
    6. ចំណុចពិសេសចុងក្រោយដែលទាក់ទាញនិងផ្តល់នូវភាពឆ្លាតវៃ ដែលរថយន្ត SUV ដែលជាដៃគូប្រកួតប្រជែងរបស់រថយន្ត Everest 2.0L មិនមាននោះ​គឺ បច្ចេកវិទ្យា Hands-Free Lift Gate ដោយលោកអ្នកអាចធ្វើការបើក និងបិទឃ្លុបក្រោយដោយគ្រាន់តែគ្រវាសជើង។

    ចំពោះរថយន្ត Ford Everest 2.0L Bi-Turbo ដែលនាំចូលជាផ្លូវការដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏មានផ្ដល់នូវជម្រើសព៌ណជាច្រើនសំរាប់អតិថិជនជ្រើសរើសដែលរួមមានដូចជា ពណ៍ស ទឹកប្រាក់​ ទឹកមាស ប្រផេះ និងខ្មៅផងដែរ។ រាល់ការទិញរថយន្តពីក្រុមហ៊ុន នោះលោកអ្នកនឹងទទួលបានការធានាផ្ទាល់ពីរោងចក្ររយះពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ ជាពិសេសមានសេវាជួសជុលរថយន្តចល័ត២៤ម៉ោងទូទាំងប្រទេស សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) និងសេវាបង់រំលស់គ្រប់ខេត្តក្រុងប្រកបដោយទំនុកចិត្ត។

    កាន់តែអស្ចារ្យនោះគឺ លោកអ្នកទិញរថយន្ត Everest 2.0L Bi-Turbo នៅថ្ងៃនេះជាមួយតម្លៃពិសេសត្រឹមតែ 69,900$ ប៉ុណ្ណោះ និងមានក្នុងស្តុកស្រាប់មិនចាំបាច់រង់ចាំ លើសពីនេះទៅទៀតលោកអ្នកនឹងទទួលបានសន្លឹកឆ្នោត១សន្លឹក ដែលមានឪកាសឈ្នះរថយន្ត Ford Ecosport ថ្មីស្រឡាង១គ្រឿង ឬ ទទួលបានមាសដ៏ច្រើនសន្ធឹកសន្ធាប់ ដែលការចាប់ឆ្នោតនេះនឹងប្រព្រឹត្តឡើងនៅក្នុងកម្មវីធីសម្ពោធជាផ្លូវការនៃរថយន្តនេះផងដែរ។

  • ក្រមុំៗកុំអាលសម្រេចចិត្តរៀបការ បើមិនទាន់បានអានរឿងនេះ

    ក្រមុំៗកុំអាលសម្រេចចិត្តរៀបការ បើមិនទាន់បានអានរឿងនេះ

    តើក្រោយពេលរៀបការហើយមានសេចក្តីសុខពិតមែនឬ? តាមរយៈដែលមានការធ្វើជំរឿនបានរកឃើញថា គូអាពាហ៍ពិពាហ៍ 10 គូនឹងមានត្រឹមតែ 3 – 4 គូប៉ុណ្ណោះដែលជីវិតគូល្អឥតខ្ចោះ មានសេចក្តីសុខខ្លាំងជាងកាលពីពេលនៅលីវ នេះជាការបង្ហាញឱ្យដឹងថា ឱកាសដែលជីវិតគូបរាជ័យមានច្រើនជាងពាក់កណ្តាលឯណោះ ដូច្នេះតើត្រូវការពារយ៉ាងណា?

    បុរសៗរៀបការប៉ុន្មានដងក៏មិនខាតបង់អ្វីដែរ តែស្រ្តីវិញនឹងឈឺចាប់ និងឈឺខ្លាំងជាង និងឱកាសក្នុងការចាប់ផ្តើមជាថ្មីនឹងកាន់តែតិចទៅជារឿយៗ ខាងក្រោមនេះគឺហេតុផល 8 ចំណុចដែល ឡារ៉ែនបានសរុបយកមកជូននារីៗដែលគិតចង់រៀបការ។

    1 – កុំរៀបការដោយសារតែខ្លាចថាមិនបានរៀបការ ៈ គូគ្រងដែលរកមកបានដោយការមិនបានពិចារណាឱ្យបានល្អិតល្អន់នោះ នឹងមានផលអាក្រក់ចំពោះជីវិត និងរងទុក្ខសោករហូតដល់ស្លាប់។ មានការងារស្រាវជ្រាវវិភាគជាច្រើនបានបង្ហាញថា ការនៅលីវមានសេចក្តីសុខច្រើនជាងការមានគូគ្រងដែលមិនសមនឹងបំណង។

    2 – កុំរៀបការព្រោះតែអ្នកចង់ចាកចេញពីក្រុមគ្រួសារចាស់របស់អ្នក ៈ ព្រោះទោះជាផ្ទះរបស់យើងនឹងមានបញ្ហាច្រើនប៉ុនណាក៏ដោយ តែតើអ្នកនឹងប្រាកដក្នុងចិត្តយ៉ាងណាបានថា ក្រុមគ្រួសារដទៃទៀតគ្មានបញ្ហានោះ?។ ការដែលរៀបការហើយទៅនៅជាមួយក្រុមគ្រួសារមួយផ្សេងដែលអ្នកជាមនុស្សមកពីក្រៅនោះ នឹងមានបញ្ហាដែលអ្នកមិននឹកស្មានដល់ច្រើនណាស់។

    3 – កុំរៀបការនៅពេលដែលអ្នកកំពុងតែខកស្នេហ៍ ឬត្រូវការបញ្ឈឺអតីតគូស្នេហ៍ ៈ អំឡុងពេលនោះជាអំឡុងពេលដែលផ្សែងអ័ព្ទខ្មៅកំពុងគ្របដណ្តប់លើជីវិត ចូររង់ចាំឱ្យអ្វីៗគ្រប់យ៉ាងភ្លឺស្រឡះឡើងវិញសិន នោះអ្នកនឹងមើលអ្វីៗឃើញបានកាន់តែច្បាស់។

    4 – កុំរៀបការព្រោះតែអ្នកអាណិតគេ ៈ បុរសដែលគួរឱ្យអាណិតច្រើនតែមានចំណុចខ្សោយ មានចំណុចអន់ និងមានទង្វើប្តូរផ្លាស់ច្រើនបន្ទាប់ពីរៀបការហើយ។ ក្តីអាណិតមិនស្ថិតស្ថេរយូអង្វែងស្មើនឹងសេចក្តីស្រឡាញ់ទេ ថ្ងៃណាមួយអ្នកអាចគិតមិនដូចមុន។

    5 – កុំរៀបការព្រោះតែឈ្លក់វង្វេងលើរូបកាយ និងទ្រព្យសម្បត្តិរបស់គេតែម្យ៉ាងឱ្យសោះ ៈ រូបរាងមុខមាត់ ទ្រព្យសម្បត្តិជារឿងខាងក្រៅ ជាសំបកក្រៅដែលអ្នកមិនដឹងថា មានសាច់ពិតប្រាកដដែលស្អុយកខ្វក់នៅខាងក្នុងឡើយ។

    6 – កុំរៀបការព្រោះតែចង់គេចចេញពីខ្លួនឯង ៈ ព្រោះការរៀបការមិនបានជួយឱ្យអ្នកគេចពីខ្លួនឯងរួចឡើយ ទោះជារៀបការប៉ុន្មានដងក៏ដោយ។

    7 – កុំរៀបការព្រោះគិតថា នឹងផ្លាស់ប្តូរនិស្ស័យគេបាន ៈ ក្នុងផ្នែកចិត្តវិទ្យាវិញ និស្ស័យពិតប្រាកដរបស់មនុស្សយើងមិនអាចផ្លាស់ប្តូរបានទេ នឹងនៅតែជាដូច្នោះរហូតមួយជីវិត ដូច្នេះការសម្រេចចិត្តរៀបការដោយគិតថា គេប្រហែលជាផ្លាស់ប្តូរនិស្ស័យក្រោយពេលរៀបការហើយនោះ គឺជាការគិតដែលខុសយ៉ាងធំធេង។

    8 – កុំរៀបការព្រោះតែក្តីអផ្សុក ៈ ក្តីអផ្សុកជាឧបករណ៍របស់កម្មម្យ៉ាង បើយើងមិនដឹងពីវិធីចាត់ការជាមួយវាទេនោះ ជីវិតនឹងត្រូវច្បាប់នៃកម្មអូសទាញទៅមិនខាន។ អ្នកខ្លះទៅញៀនថ្នាំញៀន អ្នកខ្លះទៅវក់ល្បែងស៊ីសង ញៀនសុរា អ្នកខ្លះរស់នៅបែបស៊ែរលែជាមួយមិត្តភ័ក្តិ និងប្រាកដណាស់ ការសម្រេចចិត្តរៀបការព្រោះខ្លាចអផ្សុក គឺជាការសម្រេចចិត្តដែលខុសឆ្គង។

    ធ្វើតាមច្បាប់ទាំង 8 ចំណុចនេះយ៉ាងម៉ឺងម៉ាត់ អ្នកអាចនឹងក្លាយជាមនុស្សគិតតែពីប្រយ័ត្ន និងមិនទុកចិត្តអ្នកណាទាំងអស់ តែរឿងស្នេហា ពេលខ្លះក៏គ្មានហេតុផលដែរ បើសិនជាអ្នកបានជួបមនុស្សម្នាក់ មនុស្សដែលអ្នកគិតថា គឺម្នាក់ហ្នឹងហើយ ជាសេចក្តីស្នេហាដែលពិតប្រាកដ មិនមែនជាការឈ្លក់វង្វេង មិនមែនជាភាពរ៉ូមែនទិក និងដែលពិតប្រាកដបំផុតនោះគឺ គេត្រូវតែស្រឡាញ់អ្នកយ៉ាងស្មោះស្ម័គ្រទៀតផង បើសិនជាដូច្នោះមែន សម្រេចចិត្តរៀបការតែម្តងទៅ ព្រោះ…សេចក្តីស្រឡាញ់អាចយកឈ្នះគ្រប់អ្វីៗទាំងអស់…ស្រ្តីច្រើនតែកង្វល់រឿងអនាគត…រហូតទាល់តែនាងមានស្វាមី បុរសមិនដែលកង្វល់ពីអនាគតខាងមុខឡើយ…រហូតទាល់តែគេមានភរិយា៕

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    41 . វិធីកំចាត់ស្នាមឆ្កូតនៅលើគ្រឿងសង្ហារិមដែលធ្វើអំពីឈើនោះគឺ យកក្រណាត់ស្អាតមួយបន្ទះមកបៀកថ្នាំខាត់ស្បែក​ជើងដែលមានពណ៌ដូចឈើ ហើយដុសខាត់ត្រង់ស្នាមឆ្កូតនោះ រួចហើយយកក្រណាត់ស្អាតមួយផ្ទាំងទៀតមកខាត់តម្តងទៀត ស្នាមឆ្កូតទាំងនោះនឹងរលប់បាត់អស់មិនខាន។

    42 . វិធីកែបញ្ហាកៅអីផ្តៅទន់រយីករយាកនោះគឺ បើចង់ឱ្យវាតឹងឡើងវិញ ចូរលាងកៅអីផ្តៅនោះដោយទឹកសាប៊ូក្តៅៗ រួចហើយលាងទឹកសាប៊ូនោះចេញ រួចយកទៅដាក់ហាលថ្ងៃកណ្តាលវាលឱ្យស្ងួត កៅអីផ្តៅដែលទន់រយីករយាកនោះនឹងឡើងតឹងជាប់ណែនដូចដើមមិនខាន។

    43 . វិធីការសម្អាតក្តារកម្រាលផ្ទះឱ្យនៅតែភ្លឺរលោងជាប់ជានិច្ចនោះគឺ ចូរលាយទឹកខ្មេះកន្លះពែងក្នុងទឹក 8 លិត្រ យកមកដុសសម្អាតកម្រាលក្តារផ្ទះ វានឹងជួយកំចាត់កំទេចធូលីដី ហើយកម្រាលក្តារក៏ភ្លឺរលោងទៀតផង។

    44 . ការថែរក្សាគ្រឿងសង្ហារិមធ្វើពីលោហៈមិនឱ្យងាយមានច្រែសចាប់នោះគឺ ចូរស្រោបផ្នែកដែលជាលោហៈនោះដោយក្រមួនប៉ូលាឡាននៅពេលណាដែលចាំបាច់ត្រូវយកគ្រឿងសង្ហារិមដែលធ្វើអំពីដែកនោះទៅប្រើប្រាស់នៅកណ្តាលវាលហាលភ្លៀងហាលខ្យល់ ក្រមួនប៉ូលាឡាននឹងការពារផ្នែកដែលជាលោហៈរបស់គ្រឿងសង្ហារិមនោះមិនឱ្យងាយកើតច្រែសចាប់ឡើយ។

    45 . វិធីការបិទរូបផូស្ទើរ៍នៅលើជញ្ជាំងដោយគ្មានបន្សល់ទុកនូវស្លាកស្នាមនៅពេលបកចេញនោះគឺ ចូរយកថ្នាំដុសធ្មេញមកលាបជំនួសកាវខណៈពេលបិទរូប ហើយនៅពេលដែលបកចេញវិញហើយ ក៏គ្រាន់តែដុសស្នាមកំណកថ្នាំដុសធ្មេញដែលស្ងួតៗទាំងនោះចេញប៉ុណ្ណោះ ជញ្ជាំងក៏ស្អាតដូចដើមបាត់ទៅហើយ។

    (នៅមានត)

  • សត្វល្អិតចូលត្រចៀក គួរធ្វើយ៉ាងណា?

    សត្វល្អិតចូលត្រចៀក គួរធ្វើយ៉ាងណា?

    ត្រចៀកជាអវយវៈដែលមានតួនាទីច្រើនយ៉ាងក្នុងពេលតែមួយ ទាំងទទួលរលកសំឡេងដែលមកពីខាងក្រៅ និងបំប្លែងជាសញ្ញាបញ្ជូនតឆ្ពោះទៅខួរក្បាល និងថែមទាំងនៅជួយគ្រប់គ្រងការទប់លំនឹងខ្លួនខណៈរាងកាយធ្វើចលនាទៀតផង ដែលបើសិនជាមានអ្វីប្លែកចម្លែកចូលទៅក្នុងត្រចៀក យើងអាចប្រថុយប្រថាននឹងការឈឺចាប់ និងកើតការធ្វើការខុសប្រក្រតី ដូចជា បាត់បង់លំនឹងខ្លួន ឬហ៊ឹងត្រចៀកជាដើម ជាពិសេសសត្វល្អិតដែលចូលទៅទាំងនោះអាចនឹងនាំមេរោគចូលទៅជាមួយផងដែរ។ ថ្ងៃនេះយើងមករៀនយល់ដឹងពីធ្វើបឋមព្យាបាលក្នុងករណីដែលមានសត្វល្អិតចូលត្រចៀក ដើម្បីនឹងបានទប់ទល់ជាមួយវាយ៉ាងត្រឹមត្រូវនៅពេលកើតហេតុបន្ទាន់ឡើង៕

    សត្វល្អិតចូលត្រចៀក គ្រោះថ្នាក់ដែរឬទេ?

    ការដែលមានអ្វីប្លែកចម្លែកចូលទៅក្នុងត្រចៀកអាចធ្វើឱ្យកើតគ្រោះថ្នាក់បាន ជាពិសេសសត្វល្អិត ព្រោះសត្វល្អិតអាចនឹងនាំមេរោគដែលបង្កឱ្យកើតរោគរលាក ឬមេរោគផ្សឹតនៅក្នុងរន្ធត្រចៀកបាន រឹតតែបើសិនជាសត្វចៃឆ្កែផងនោះ រឹតតែមានគ្រោះថ្នាក់ខ្លាំងទៅទៀត ព្រោះទឹកមាត់របស់សត្វចៃនឹងបង្កឱ្យកើតអាការរមាស់យ៉ាងខ្លាំង និងថែមទាំងមានមេរោគបាក់តេរីដែលពេលចូលទៅក្នុងក្រសែឈាមហើយ អាចធ្វើឱ្យកើតការឆ្លងមេរោគនៅក្នុងប្រព័ន្ធឈាមដែលជាគ្រោះថ្នាក់ខ្លាំងបំផុតចំពោះសុខភាព។

    សត្វល្អិតចូលត្រចៀក មានអាការយ៉ាងណា និងមានអារម្មណ៍យ៉ាងណា?

    ពេលមានសត្វល្អិតចូលទៅក្នុងត្រចៀកហើយ អាការដែលយើងសង្កេតឃើញបានច្បាស់នោះគឺ នឹងកើតអាការឈឺត្រចៀកយ៉ាងទាន់ហន់ និងមានអារម្មណ៍ថាដូចមានអ្វីម្យ៉ាងនៅក្នុងត្រចៀក បើសត្វល្អិតនោះនៅមិនទាន់ងាប់ផង នឹងមានអារម្មណ៍ថាដូចមានអ្វីដើរ ឬហោះនៅក្នុងត្រចៀក ធ្វើឱ្យកើតក្តីរំខានយ៉ាងខ្លាំង និងបើសិនជាសត្វល្អិតនោះរាងធំផង អាចនឹងមានអារម្មណ៍ថាណែនៗក្នុងត្រចៀក ឬធ្វើឱ្យហ៊ឺងត្រចៀកអស់មួយរយៈ។

    សត្វល្អិតចូលត្រចៀក តើត្រូវធ្វើបឋមសង្រ្គោះយ៉ាងណា?

    សត្វល្អិតដែលអាចចូលទៅក្នុងត្រចៀកបាននោះ មានច្រើនប្រភេទ មិនថាតែសត្វល្អិតខ្លួនតូចៗ ដូចជា ស្រមោច មមង់ ចៃឆ្កែ ឬសូម្បីតែសត្វល្អិតខ្លួនធំ ដូចជា រុយ កូនកន្លាតជាដើម ហើយវិធីធ្វើបឋមសង្រ្គោះមានដូចតទៅ ៈ

    បើមានសត្វល្អិតចូលត្រចៀក គួរប្រញាប់ផ្អៀងក្បាលឱ្យត្រចៀកខាងដែលសត្វល្អិតចូលនោះនៅខាងលើ ហើយយកបេប៊ីអយល៍ ( Baby oil ) ឬប្រេងច័ន្ទ ឬប្រេងម្កាក់ ឬថ្នាំដាក់ត្រចៀក បន្តក់ចូលទៅក្នុងត្រចៀក ដោយទាញស្លឹកត្រចៀកទៅក្រោយដើម្បីឱ្យរន្ធត្រចៀកត្រង់ចុះទៅក្រោម ងាយស្រួលឱ្យសត្វល្អិតអាចវារឡើង ឬអណ្តែតឡើងមកបាន។ បន្ទាប់ពីនោះត្រូវស្ថិតនៅក្នុងឥរិយាបថបែបនោះប្រមាណជា 15 – 30 នាទីដើម្បីឱ្យសត្វល្អិតនោះអណ្តែតឡើងមក តែបើសិនមានសត្វល្អិតចូលត្រចៀកហើយមានអាការឈឺចាប់ក្នុងត្រចៀក មិនគួរបន្តក់ប្រេងអ្វីចូលត្រចៀកទាំងអស់ ព្រោះអាចនឹងធ្វើឱ្យអាការកាន់តែធ្ងន់ធ្ងរឡើង និងថែមទាំងមិនត្រូវយកម្រាមដៃ ឬរបស់អ្វីខ្វេះ ឬខ្វាត្រចៀកឡើយ ព្រោះអាចនឹងធ្វើឱ្យសត្វល្អិតកាន់តែធ្លាក់ទៅជ្រៅជាងមុន និងអាចបណ្តាលឱ្យមានបញ្ហាដល់ក្រដាសត្រចៀកទៀតផង។

    យ៉ាងណាក៏ដោយ បើសត្វដែលចូលត្រចៀកនោះជាសត្វល្អិតតូច ដូចជា ស្រមោច មមង់ ឬមូស និងបើនៅមិនទាន់ស្លាប់ ក៏អាចប្រើវិធីជន្លវាឱ្យចេញមកវិញបានដោយការបញ្ចាំងភ្លើងពិលចូលទៅក្នុងរន្ធត្រចៀកមួយស្របក់ តែវិធីនេះត្រូវស្ថិតនៅក្នុងទីកន្លែងដែលងងឹតគ្មានពន្លឺអ្វីទាំងអស់ទើបមានប្រសិទ្ធភាព។

    តែទាំងអស់នេះ បើធ្វើតាមវិធីខាងលើហើយសត្វល្អិតនៅតែមិនចេញមកទៀត ឬមានអាការផ្សេងទៀតជ្រៀតជ្រែកដូចជា ឈឺត្រចៀកធ្ងន់ធ្ងរ មានឈាម ឬទឹកហូរចេញមកពីត្រចៀក ហ៊ឹងរហូតស្តាប់អ្វីមិនឮនោះ គួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ កុំបណ្តែតបណ្តោយយូរ ព្រោះអាចកើតការឆ្លងមេរោគរហូតបណ្តាលឱ្យមានអាការធ្ងន់ធ្ងរបាន៕

  • 5 រឿងគួរប្រយ័ត្ន សម្រាប់កូនជាទីស្រឡាញ់ទើបនឹងកើត

    5 រឿងគួរប្រយ័ត្ន សម្រាប់កូនជាទីស្រឡាញ់ទើបនឹងកើត

    កូនតូចទើបនឹងកើតដំបូងនៅមានភាពទន់ខ្សោយខ្លាំងណាស់ លោកឪពុកអ្នកម្តាយត្រូវនៅចាំយកចិត្តទុកដាក់មើលថែទាំក្នុងរឿងសុវត្ថិភាពជាពិសេស ដើម្បីសុខភាព និងវិវឌ្ឍនាការដែលល្អរបស់កូនជាទីស្រឡាញ់។ ខាងក្រោមនេះគឺជាទង្វើដែលលោកឪពុកអ្នកម្តាយថ្មោងថ្មីមិនគួរធ្វើជាដាច់ខាតដើម្បីទាំងសុខភាព និងរាងកាយរបស់កូនតូចទើបនឹងកើតដំបូង។

    1 – កុំអាលនាំទៅដើរលេងក្រៅផ្ទះ

    ទារកក្នុងវ័យនេះប្រព័ន្ធការពារជំងឺក្នុងរាងកាយនៅធ្វើការមិនទាន់ពេញលេញឥតខ្ចោះនៅឡើយទេ ថែមទាំងនៅមិនទាន់បានទទួលវ៉ាក់សាំងការពារជំងឺ និងរោគផ្សេងៗឡើយ ការនាំទារកទៅនៅក្នុងទីកន្លែងដែលពេញទៅដោយល្អងធូលីដី ឬខ្យល់អាកាសពុល ជាដើមនោះ នឹងធ្វើឱ្យប្រថុយប្រថាននឹងការដែលរាងកាយនឹងទទួលមេរោគ និងអាចឈឺថ្កាត់បានយ៉ាងងាយ គួរឱ្យនៅក្នុងផ្ទះសិន ដើម្បីសាងប្រព័ន្ធការពារជំងឺឱ្យរឹងមាំមុននឹងចេញប្រឈមនឹងពិភពខាងក្រៅ និងចូរស្ថិតនៅក្នុងទីកន្លែងដែលមានសុវត្ថិភាពផង។

    2 – ហាមឱ្យញ៉ាំអ្វីផ្សេងក្រៅពីទឹកដោះ

    អាហារចម្បងតែមួយប្រភេទគត់សម្រាប់ទារកទើបកើតដំបូងគឺ ទឹកដោះម្តាយ ព្រោះក្រពះអាហារ និងពោះវៀនកូនតូចនៅមិនទាន់ត្រៀមខ្លួនក្នុងការទទួលអាហារប្រភេទផ្សេងឡើយ ព្រោះពេលញ៉ាំចូលទៅអាចនឹងធ្វើឱ្យរាករូស និងឈឺថ្កាត់បាន ចំណែកអាហារបន្ថែមអាចចាប់ផ្តើមឱ្យញ៉ាំបាននៅពេលអាយុគ្រប់ 6 ខែ គឺនៅពេលដែលប្រព័ន្ធរំលាយអាហាររបស់កូនត្រៀមស្រេចហើយ។

    3 . ប្រើផលិតផលសម្រាប់ទារកតែប៉ុណ្ណោះ

    ស្បែករបស់កូនតូចកើតដំបូងមានសភាពស្តើងថ្លាដូចស្លាបសត្វកន្តុំរុយ រហូតអាចមើលឃើញសរសៃឈាមនៅខាងក្នុងបានយ៉ាងច្បាស់ ថែមទាំងនៅលើស្បែកគ្មានមេរោគបាក់តេរីដែលជួយការពារមេរោគពីខាងក្រៅបានដូចមនុស្សធំទៀតផង ទើបស្បែកកូនតូចក្នុងអំឡុងអាយុនេះស្តើងខ្ចីមានឱកាសប្រតិកម្មចាញ់ដោយងាយ និងថែមទាំងងាយកើតដំបៅបានខ្លាំងជាងប្រក្រតីទៀតផង។

    ក្រៅពីត្រូវប៉ះពាល់ និងបីពកូនសម្លាញ់យ៉ាងប្រយ័ត្នប្រយែងហើយ ការជ្រើសរើសប្រើផលិតផលសម្រាប់ទារកក៏ចាំបាច់ណាស់ដែរគឺដើម្បីការពារការរលាកក្រហាយស្បែក ទាំងការប្រើប្រាស់ទឹកសាប៊ូលាងសម្អាតឧបករណ៍របស់ប្រើប្រាស់របស់កូនតូច គួរជាផលិតផលសម្រាប់ទារកដែលគ្មានសារធាតុគីមីនៅសេសសល់ផង។

    4 – ត្រូវប្រគងទប់កពេលបី ឬព

    ឆ្អឹង ឬសន្លាក់របស់កូនតូចទើបកើតដំបូងនៅមិនទាន់រឹងមាំនៅឡើយ អាចនិយាយបានថានៅទន់ស្រួយ និងមានឱកាសងវៀចបានយ៉ាងងាយ ថែមទាំងនៅមិនទាន់អាចទ្រាំទ្របាននឹងកម្លាំងបោកប៉ះ សង្កត់ ឬទាញបានឡើយ ជាពិសេសនៅលើផ្នែកដែលងាយបាក់ និងភ្លាត់គ្រេចញឹកញាប់បំផុតគឺ ឆ្អឹងដៃ ជើង បាតដៃ បាតជើង និងឆ្អឹងស្លាបប្រចៀវ។ ការបីព ឬលេងជាមួយកូនត្រូវតែប្រយ័ត្នប្រយែងកន្លែងដែលមានសន្លាក់ត និងម្តុំកជាពិសេស។ ចំណែកឥរិយាបថគេងសម្រាប់ទារកទើបនឹងកើតវិញ គួរដាក់ឱ្យគេងផ្ងារ ដោយឱ្យដងខ្លួន ដៃ និងជើងព្រលែងសប្បាយៗ មិនឱ្យមានផ្នែកណាមួយត្រូវសង្កត់ ឬកោង-ងឡើយ ឯបញ្ហាដែលច្រើនមានការកង្វល់ថា ក្បាលកូនតូចនឹងសំប៉ែតនោះ ប្រហែលជាមិនគួរឱ្យភ័យខ្លាចស្មើនឹងសុវត្ថិភាពរបស់កូនទេ ដូច្នេះសូមកុំបារម្ភអី។

    5 – ហាមចាប់អង្រួន បោះ ឬចាប់យោលខ្លាំងៗជាដាច់ខាត

    ខួរក្បាលរបស់កូនតូចខួបដំបូងនៅវិវឌ្ឍមិនទាន់បានពេញទំហឹងទេ ទាំងសរសៃឈាមក៏មានឱកាសដាច់រហែកបានយ៉ាងងាយដែរ ទឹកនៅក្នុងប្រអប់ខួរមានទឹកច្រើនជាងសាច់ខួរក្បាល ការបានទទួលការប៉ះរញ្ជួយខ្លាំងៗ ដូចជា ត្រូវអង្រួន ត្រូវយោក ចាប់បោះទៅលើរួចចាំទ្រវិញ អាចធ្វើឱ្យកើតសភាវ Shaken Baby Syndrom (SBS) គឺអាការដែលសាច់ខួរក្បាលទៅបោកប៉ះនឹងឆ្អឹងលលាដ៍ក្បាលរហូតមានឈាមចេញក្នុងខួរក្បាល ដែលអាការនេះនឹងហុចផលប៉ះពាល់ដល់ការរីកចម្រើនធំធាត់របស់កូនបាន៕

  • សំណួរ – ចម្លើយ ដែលយើងគួរដឹងអំពីសុខភាពមាត់ – ធ្មេញ (តពីលេខមុន)

    សំណួរ – ចម្លើយ ដែលយើងគួរដឹងអំពីសុខភាពមាត់ – ធ្មេញ (តពីលេខមុន)

    – តើទឹកភេសជ្ជៈមានផលប៉ះពាល់ចំពោះធ្មេញយ៉ាងណាដែរ?

    ឆ្លើយ ៈ ទឹកភេសជ្ជៈមានចំណែកផ្សំរបស់ស្ករ ដែលជាអាហាររបស់មេរោគអតិសុខុមប្រាណ នៅពេលអតិសុខុមប្រាណយកធ្វើជា  អាហាររួចហើយ វានឹងបញ្ចេញកាកសំណល់ជាអាស៊ីតមកខាំបំផ្លាញអញ្ចាញ និងធ្មេញ។

    – តើគួរដុសសម្អាតធ្មេញក្នុងមួយថ្ងៃប៉ុន្មានដង?

    ឆ្លើយ ៈ គ្រប់ពេលក្រោយពីញ៉ាំអាហាររួច ឬយ៉ាងតិចបំផុតមួយថ្ងៃ 2 ដង។

    -តើការដុសធ្មេញម្តងៗ គួរប្រើពេលយូរប៉ុនណាទើបស្អាតសព្វ?

    ឆ្លើយ ៈ ប្រមាណជា 2 – 3 នាទី តែសម្រាប់អ្នកដែលកើតជំងឺអញ្ចាញធ្មេញ ត្រូវប្រើពេលយូរជាងនេះ។

    – ការដុសសម្អាតធ្មេញបែបទទឹងធ្មេញជាប្រចាំ នឹងមានផលអាក្រក់យ៉ាងណា?

    ឆ្លើយ ៈ ធ្វើឱ្យសឹកសាច់អញ្ចាញ ពុកធ្មេញ និងស្រៀវធ្មេញ។

    – អ្វីជាមូលហេតុដែលធ្វើឱ្យធ្មេញប្តូរពណ៌បណ្តោះអាសន្ន?

    ឆ្លើយ ៈ កើតឡើងដោយសារកំណកផ្សែងបារី ទឹកតែ កាហ្វេ តែការដុសសម្អាតធ្វើឱ្យធ្មេញត្រឡប់ទៅជាប្រក្រតីវិញ។

    – តើកំណកពណ៌ជាប់ស្អិតខ្លាំងលើធ្មេញដែលបណ្តាលមកពីផ្សែងបារី ទឹកតែ និងការហ្វេគួរកែខៃយ៉ាងណា?

    ឆ្លើយ ៈ ការជក់បារី ឬញ៉ាំអាហារ ភេសជ្ជៈដែលមានពណ៌ជាប្រចាំនឹងមានការប្រមូលសន្សំពណ៌នៅលើស្រទាប់ធ្មេញដែលមិនរលោងកើតចេញជាកំណកពណ៌ផ្សេងៗមិនគួរឱ្យចង់ឃើញឡើយ តែអាចកែខៃបានដោយការដុសសម្អាតធ្មេញយ៉ាងត្រឹមត្រូវតាមវិធី និងជាប់លាប់ដោយថ្នាំដុសធ្មេញដែលមានប្រសិទ្ធិភាព។

    – អ្វីជាមូលហេតុដែលធ្វើឱ្យធ្មេញប្តូរពណ៌ជានិរន្តរ?

    ឆ្លើយ ៈ ដោយសារតែធ្មេញត្រូវបានធ្វើឱ្យបុកប៉ះរញ្ជួយ ធ្វើឱ្យធ្មេញស្លាប់ ក្លាយជាពណ៌ស្រអាប់ ឯការព្យាបាលវិញ គឺព្យាបាលពីឬសធ្មេញ។

    – ការជក់បារីក្រៅពីធ្វើឱ្យធ្មេញលឿងហើយ តើនៅមានផលអាក្រក់ចំពោះសុខភាពក្នុងប្រអប់មាត់យ៉ាងណាខ្លះ?

    ឆ្លើយ ៈ ធ្វើឱ្យកើតការរលាកក្រហាយក្នុងប្រអប់មាត់ អញ្ចាញ ក្រអូមមាត់ឡើងជ្រាំងសៗ មានការរលាកនៅក្នុងបំពង់បញ្ចេញទឹកមាត់ផ្នែកខាងក្នុង មានការឡើងកម្រាស់របស់សាច់ភ្នាសក្រអូមមាត់ និងអាចធ្វើឱ្យកើតមហារីកបបូរមាត់បាន។

    – មូលហេតុដែលធ្វើឱ្យកើតអាការស្រៀវធ្មេញគឺអ្វី?

    ឆ្លើយ ៈ បណ្តាលមកពីការដុសធ្មេញខុសវិធី ធ្វើឱ្យធ្មេញសឹក អាចកែខៃបានដោយការដុសធ្មេញឱ្យត្រូវវិធី និងគួរញ៉ុក ឬប៉ះប៉ូវធ្មេញដែលសឹក។

    – តើគួរការពារឧប្បតិ្តហេតុចំពោះធ្មេញដែលបណ្តាលមកពីការលេងកីឡាយ៉ាងណា?

    ឆ្លើយ ៈ ប្រើធ្មេញជ័រដែលជាឧបករណ៍ការពារចំពោះកីឡាវាយបុក មានលក់នៅតាមហាងលក់ឧបករណ៍កីឡា ឬឱ្យទន្តពេទ្យវាស់ធ្វើឱ្យក៏បាន។

    – សុខភាពធ្មេញ និងប្រព័ន្ធរំលាយអាហារ មានភាពពាក់ព័ន្ធគ្នាយ៉ាងណា?

    ឆ្លើយ ៈ អាហារដែលឆ្លងកាត់ការទំពាររឹតតែល្អិតប៉ុនណា ក្រពះ និងពោះវៀនរឹតតែធ្វើការស្រួល និងតិចចុះប៉ុណ្ណោះដែរ និងបឺតយកសារធាតុរ៉ែបានកាន់តែច្រើនឡើងទៀតផង។

    – តើយើងអាចពិនិត្យកំណកអតិសុខុមប្រាណ ក្រោយពេលដុសធ្មេញហើយបានដោយវិធីណា?

    ឆ្លើយ ៈ 1 . ប្រើអណ្តាតប៉ះនៅលើស្រទាប់ធ្មេញ បើមានកំណកអតិសុខុមប្រាណ នឹងមានអារម្មណ៍ថាមានទឹករំអិលគ្រើមៗនៅជាប់នៅលើនោះ។

    2 . មើលដោយភ្នែកទទេនឹងឃើញមានកំណកសៗល្អក់ៗជាប់នៅតាមចន្លោះអញ្ចាញ និងធ្មេញ។

    – ជំងឺពុកធ្មេញគឺអ្វី?

    ឆ្លើយ ៈ គឺការដែលធ្មេញត្រូវបំផ្លាញឱ្យមានរន្ធ ឬប្រហោង ការបំផ្លាញនេះនឹងដំណើរទៅជារឿយៗ ដោយរាងកាយមិនអាចជួសជុលបានឡើយ។

    – វិធីពិសោធថា តើធ្មេញពុកឬក៏អត់នោះ ត្រូវធ្វើយ៉ាងណា?

    ឆ្លើយ ៈ

    • មានចំណុចខ្មៅនៅលើចង្អូរលើធ្មេញ អាចមើលឃើញបានដោយការយកកញ្ចក់មកឆ្លុះជិតៗ។
    • មើលដោយភ្នែកទទេនឹងឃើញមានកំណកល្អក់ៗសៗ ជាប់នៅនឹងចន្លោះអញ្ចាញ និងធ្មេញ។
    • ពេលយកឈើចាក់ធ្មេញមកកៀសៗបរិវេណចង្អូរលើធ្មេញ នឹងមានអាការស្រៀវធ្មេញ។
    • ទទួលទានអាហារត្រជាក់ខ្លាំង ក្តៅខ្លាំង ឬផ្អែមខ្លាំង នឹងមានអារម្មណ៍ស្រៀវរហូតឈឺធ្មេញ។
    • មានក្លិនមាត់គ្រប់ពេលវេលា។

    (នៅមានត)