Author: ធឿន មករា

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    46 . វិធីកែបញ្ហាបង្អួចកញ្ចក់ពិបាកទាញអូសបើកបិទនោះគឺ យកប្រេងម៉ាស៊ីនមកបន្តក់លើផ្លូវសម្រាប់ទាញអូសអាលុយមីញ៉ូមឱ្យសព្វ តែប៉ណ្ណឹងក៏នឹងធ្វើឱ្យងាយស្រួលទាញអូសបើកបិទជាងមុនបាត់ទៅហើយ។

    47 . វិធីការពារមិនឱ្យសត្វស្រមោចឡើងទូដាក់ម្ហូបអាហារនោះគឺ យកកំទេចក្រណាត់ ឬខ្សែដែលជាក្រណាត់ ទៅជ្រលក់ប្រេងម៉ាស៊ីន ហើយពូតចេញល្មមៗ រួចយកទៅចងនៅនឹងជើងទូដាក់ម្ហូបអាហារនោះទាំងបួនខាង ស្រមោចនឹងលែងហ៊ានឡើងទៀតជាមិនខាន។

    48 . វិធីការបណ្តេញសត្វមូសចង្រៃបែបងាយៗគឺ រកកាបូរមួយដុំមកខ្ចប់ដោយក្រណាត់ ហើយយកទៅចងជាប់ជាមួយអំពូលភ្លើងដែលនៅខាងក្នុងផ្ទះ កំដៅរបស់ភ្លើងអគ្គីសនីនឹងធ្វើឱ្យ ដុំកាបូរបញ្ចេញក្លិនមក ហើយក្លិនរបស់កាបូរនឹងជួយការពារមិនឱ្យសត្វមូសចូលមករំខានមនុស្សឡើយ។

    49 . វិធីការកំចាត់សត្វកណ្តុរឱ្យចេញពីផ្ទះបែបងាយៗ និងសន្សំសំចៃប្រាក់បំផុតនោះគឺ យកមែកដើមយឹតថូ(ដែលមានស្លឹក)ទៅហាលថ្ងៃឱ្យស្ងួត ហើយយកមកបុកឱ្យហ្មត់ក្លាយជាកំទេចតូចៗ រួចហើយយកទៅរោយនៅតាមកន្លុកកន្លៀតដែលសត្វកណ្តុរចូលចិត្តនៅ ត្រឹមតែប៉ុណ្ណឹងសត្វកណ្តុរនឹងនាំគ្នារើអីវ៉ែអីវ៉ាន់រត់ចេញពីផ្ទះរបស់លោកអ្នកអស់មិនខាន។

    50 . វិធីការកំចាត់សត្វកណ្តៀរចង្រៃដែលចូលចិត្តឡើងផ្ទះរបស់យើងបែបសន្សំសំចៃប្រាក់នោះគឺ យកប្រេងម៉ាស៊ីនដែលប្រើហើយទៅលាបគ្រប់ទីកន្លែងជុំវិញផ្ទះ ត្រឹមតែប៉ុណ្ណឹងក៏អាចបណ្តេញសត្វកណ្តៀរលែងឱ្យមករុកគួនផ្ទះរបស់យើងបានទៅហើយ។

    (នៅមានត)

  • មើលថែទាំផ្នែកផ្លូវចិត្តរបស់កូនតូចវ័យកំពុងធំ

    មើលថែទាំផ្នែកផ្លូវចិត្តរបស់កូនតូចវ័យកំពុងធំ

    នៅពេលកូនឈានចូលខួប 1 ឆ្នាំដំបូង ជាវ័យដែលគេលែងជាក្មេងទារកទៀតហើយ ក្នុងវ័យនេះកូនតូចដឹងក្តីច្រើនជាងដែលលោកឪពុកអ្នកម្តាយគិតទៅទៀត តែអ្វីដែលលោកឪពុកអ្នកម្តាយគ្រប់រូបតាំងចិត្តរួចហើយនោះគឺ ចង់ឱ្យកូនក្លាយជាក្មេងល្អ មានសុខភាពកាយ និងចិត្តដែលល្អ ដើម្បីឱ្យមានអនាគតដែលភ្លឺថ្លា អ្នកខ្លះដល់ថ្នាក់រៀបផែនការជីវិតឱ្យកូនតាំងពីវ័យនេះក៏មានដែរ។

    តែមិនថាជាមានក្តីតាំងចិត្តយ៉ាងណាក៏ដោយ រឿងដែលលោកឪពុកអ្នកម្តាយមិនគួរភ្លេចនោះគឺ ផ្លូវចិត្តរបស់កូន ទោះជាគេមើលទៅនៅក្មេងក៏ដោយ តែពេលខ្លះក៏ដឹងអ្វីៗច្រើនលើសពីមនុស្សចាស់គិតទៅទៀត ដូច្នេះយើងមកដឹងទាំងអស់គ្នាវិញប្រសើរជាងថា តើចំណុចគួរប្រយ័ត្នក្នុងការចិញ្ចឹមមើលថែកូនឱ្យគេគ្មានបញ្ហាផ្នែកផ្លូវចិត្តមានអ្វីខ្លះ?។

    1 . លោកឪពុកអ្នកម្តាយ កុំឈ្លោះគ្នានៅនឹងមុខកូន : ព្រោះការដែលលោកឪពុកអ្នកម្តាយឈ្លោះគ្នានៅចំពោះមុខកូន នឹងធ្វើឱ្យកូនកើតអារម្មណ៍ទើសទាល់ វិលវល់ ឬមានភាពមិនយល់ពីឪពុកម្តាយរបស់ខ្លួន មិនដឹងថាកាន់ជើងខាងណាល្អ ដែលវាប្រាកដណាស់!…ព្រោះទាំងគូសុទ្ធតែជាមនុស្សដែលកូនស្រឡាញ់។ បើស្ថានការណ៍បែបនេះកើតឡើងញឹកញាប់ វាមានតែធ្វើឱ្យកូនកើតទុក្ខ គិតថាឪពុកម្តាយមិនស្រឡាញ់គ្នា ឬឈ្លោះគ្នាដោយសារតែកូនជាដើមហេតុ ដូច្នេះកុំគិតថាកូននៅតូចមិនដឹងថា ឪពុកម្តាយកំពុងឈ្លោះគ្នាឱ្យសោះ។ បើសិនជាមានបញ្ហាទាស់ទែងគ្នា ក៏ព្យាយាមឱ្យកើតឡើងយូរៗម្តង និងកុំឈ្លោះគ្នាឱ្យកូនឃើញតែម្តងប្រសើរជាង។

    2 . គិតផែនការជីវិតឱ្យកូនខ្លះផង ៈ មិនបានមានន័យពីការកំណត់ប្រកាសថា កូននឹងត្រូវធំឡើងហើយត្រូវតែបែបនេះ បែបនោះតាមដែលឪពុកម្តាយគិតនោះទេ តែមានន័យថា គួររៀបផែនការបែបត្រួសៗថា តើចង់ឱ្យកូនរៀននៅឯណា រៀនអ្វីបន្ថែមជាពិសេសឬក៏អត់? ឬមើលទៅហាក់ដូចជាកូនចាប់អារម្មណ៍លើអ្វីជាពិសេសរហូតដល់ចង់ជំរុញបន្ថែមដែរទេ? រួមទាំងប្រាក់សន្សំ ដែលឪពុកម្តាយអាចនឹងផ្ញើប្រាក់មួយចំនួនទុកក្នុងធនាគារសម្រាប់កូនជាពិសេស ដើម្បីទុកជាទុនសម្រាប់ពេលអនាគតក៏បាន។

    3 . កុំបង្ខំកូនមុនវ័យសមល្មម ៈ កូនក៏គួរតែមានសេចក្តីសុខទៅតាមវ័យ និងវិវឌ្ឍនាការរបស់កូន។ អាចនឹងមិនដូច ឬលឿនជាងក្មេងដទៃ តែបើសិនជាមិនមានអ្វីខុសប្រក្រតីទេនោះ អ្នកម្តាយក៏មិនគួរកង្វល់ ឬបង្ខំកូនខ្លាំងជ្រុលពេកដែរ រួមទាំងបើកូនធំឡើងបន្តិចទៀត កូនក៏គួរតែបានលេងសប្បាយតាមវ័យ ច្រើនជាងការគិតតែពីរៀន ឬបង្កើនចំណេះដឹង។

    4 . កុំតឹងរ៉ឹងនឹងរបៀបវិន័យខ្លាំងពេក ៈ ដោយសារតែអ្នកម្តាយគិតថាកូនមិនមែនជាក្មេងតូចទេ តែការពិតកូនក៏នៅក្មេងខ្លាំងណាស់ ដូច្នេះអ្នកម្តាយកុំតឹងរ៉ឹងជាមួយរឿងរបៀបវិន័យឱ្យច្រើនខ្លាំងពេកអី ព្រោះបើសិនជាតឹងតែងខ្លាំងពេកតាំងពីពេលនេះទៅ ដល់ធំឡើងកូនអាចនឹងក្លាយជាមនុស្សខ្លាចឪពុកម្តាយ ព្រោះខ្លាចការដាក់ទោស ក្លាយជាមនុស្សខ្វះភាពជឿជាក់ក្នុងចិត្ត ឬមិនទេក៏អាចក្លាយជាមនុស្សឈ្លើយច្រងេងច្រងាងតែម្តងក៏អាចថាបានដែរ ដូច្នេះយកត្រឹមតែមានរបៀបវិន័យឱ្យកូនស្គាល់ច្បាប់ទម្លាប់គោលៗសិនទៅបានហើយ។

    5 . កុំគិតថា កូនអ្នកដទៃល្អជាងកូនខ្លួនឯង ៈ អាចនឹងទៅរួចបានដែរដែលថា អ្នកម្តាយអាចនឹងឃើញកូនរបស់អ្នកដទៃក្នុងវ័យនេះទាំងឆ្លាត ទាំងប៉ឹននិយាយ ក៏អត់សរសើរមិនបានថា កូនគេពូកែមែន ដែលវាក៏មិនមែនជារឿងប្លែក និងមិនអីទេ បើសិនជាអ្នកម្តាយនឹកកោតសរសើរ និងលាក់ទុកនៅក្នុងចិត្តនោះ តែការយកមកនិយាយប្រៀបធៀបកូនខ្លួនឯង និងកូនគេឱ្យកូនខ្លួនឯងឮនោះ វាមិនមែនជារឿងល្អចំពោះផ្លូវចិត្តរបស់កូនប៉ុន្មានឡើយ និងក៏មិនបានធ្វើឱ្យកូនពូកែឡើងដែរ។ អ្នកម្តាយគួរយល់ពីវិវឌ្ឍនាការរបស់កូន និងជំរុញដោយការផ្តល់កម្លាំងចិត្តវិញប្រសើរជាង។

    6 . កុំធ្វើជាគំរូមិនល្អឱ្យកូនឃើញ ៈ ការពិតទៅអ្នកម្តាយគ្រប់រូបប្រហែលជាតាំងចិត្តចង់ធ្វើជាគំរូដ៏ល្អស្រេចទៅហើយ តែនៅក្នុងពេលដែលភ្លេចខ្លួន ឬរឿងដែលអ្នកម្តាយគិតថាជារឿងបន្តិចបន្តួចប្រហែលជាមិនអ្វីទេនោះ ក៏គួរតែត្រូវប្រយ័ត្នដូចគ្នាដែរ ដូចជា ការបោះសំរាមចោលនៅលើថ្នល់ ការទៅឈរកាត់មុខគេដោយមិនតម្រង់ជួរតាមលេខរៀង ជាដើម កុំគិតថាកូនមិនដឹងនោះ ព្រោះការពិតទៅគ្រប់យ៉ាងដែលអ្នកម្តាយធ្វើឱ្យកូនឃើញ កូនចាំបានយ៉ាងច្បាស់តែម្តង ដូច្នេះបើអ្នកម្តាយធ្វើឱ្យកូនឃើញ មិនយូរប៉ុន្មានអាចនឹងបានចម្លែកចិត្តមិនខាន ដែលបានឃើញកូនធ្វើដូចដែលអ្នកម្តាយធ្លាប់ធ្វើក៏អាចថាបានដែរ៕

  • Safe Folder របស់កម្មវិធី Files by Google នឹងបង្កើនសុវត្ថិភាពក្នុងការរក្សាទុកឯកសារ

    Safe Folder របស់កម្មវិធី Files by Google នឹងបង្កើនសុវត្ថិភាពក្នុងការរក្សាទុកឯកសារ

    ស្ទើរតែ​គ្រប់​ទីកន្លែង​ទៅហើយ​ជុំវិញ​ពិភពលោក ដែល​ប្តី-ប្រពន្ធ បងប្អូន ឬក៏កូនៗប្រើប្រាស់​របស់​រួមគ្នា​ដូចជា​ទូរ​សព្ទ​ជាដើម ហើយ​រឿងនេះ​វា​សឹងតែ​ក្លាយទៅជា​វប្បធម៌​ទៅហើយ ដែល​មនុស្ស​គ្រប់គ្នា​នឹង​គិតបែបនេះ ជាពិសេសនារី។ ថ្វីត្បិតតែ​ការចែក​គ្នា​ប្រើ​បែបនេះ​វា​មាន​ប្រយោជន៍​ក៏ពិតមែន ផ្ទុយទៅវិញ​វា​ក៏​ជា​បញ្ហា​មួយ​ដែរ ទាក់ទង​ទៅនឹង​ឯកសារ​ផ្ទាល់ខ្លួន​ដែល​អាច​ឱ្យគេ​ចូល​មើល​បាន។

    ដើម្បី​រក្សា​ឯកសារ​ផ្ទាល់ខ្លួន​ឱ្យ​កាន់​តែមាន​សុវត្ថិភាព​ជាង​មុន ក្រុមហ៊ុន Google កំពុងធ្វើការ​កែសម្រួល​កម្មវិធី Files by Google ដោយ​បន្ថែម Safe Folder។ Files by Google ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១៧ ដើម្បី​ជួយ​កាត់បន្ថយ​តម្រូវការ​នៃ​ទំហំ​ផ្ទុក​នៅក្នុង​ទូរ​សព្ទ​របស់​លោកអ្នក​ក្នុងការ​រក្សាទុក​ឯកសា​រ ម្យ៉ាងវិញទៀត​ដោយសារ​ឯកសារ ត្រូវបាន​ផ្ទុក​នៅលើ​អុ​ិ​ន​ធឺ​ណិ​ត វា​ក៏មាន​ភាពងាយស្រួល​ក្នុងការ​ទាញយក​ឯកសា​រទាំង​នោះមក​ប្រើ​វិញ​ដែរ។

    ចំពោះ​ការបន្ថែម​មុខងារ Safe Folder គឺ​ប្រៀបបាន​ដូចជា​ទូរ​សុវត្ថិភាព​មួយ​ដែល​អាច​ចាក់​សោបាន ដោយ​ប្រើ​លេខ​កូដ ៤ខ្ទង់ ហើយ​អាច​ទុក ឯកសារ រូបភាព វីដេអូ ឯកសារ​ជា​សំឡេង​ជាដើម ដើម្បី​ការពារ​ពី​ការ​លួច​ចូល​របស់​អ្នកដទៃ។ Folder នឹងត្រូវ​ចាក់សោ​ដោយ​ស្វ័យប្រវត្តិ​នៅពេល​យើង​ចាក​ចេញពី​កម្មវិធី​នេះ ដែល​មិន​អាចឱ្យ​អ្នកណា​ចូល​មើល​ឯកសារ​ដែលមាន​នៅក្នុង Folder នេះ​បានទេ ហើយ​វា​នឹង​ទាមទារ​ឱ្យ​វាយ​លេខ​សម្ងាត់​នៅពេលដែល​យើង​ចង់​ចូល​ម្តងទៀត។ សូមបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន Google កំពុង​ដាក់​ប្រើប្រាស់​សាកល្បង (beta) នូវ​មុខងារ Safe Folder ហើយនឹង​ដាក់ឱ្យ​ប្រើប្រាស់​ជាទូទៅ​ក្នុង​ពេលអនាគត៕

    ប្រភព៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • ភាពចន្លោះប្រហោងរបស់កម្មវិធីទ្វីតធ័រ សម្រាប់ Android អាចធ្វើឱ្យបែកធ្លាយសារផ្ញើផ្ទាល់ (Direct Messages)

    ភាពចន្លោះប្រហោងរបស់កម្មវិធីទ្វីតធ័រ សម្រាប់ Android អាចធ្វើឱ្យបែកធ្លាយសារផ្ញើផ្ទាល់ (Direct Messages)

    កាលពី​ម្សិលមិញ​នេះ​ក្រុមហ៊ុន​ទ្វី​ត​ធ័​រ បាន​ទទួលស្គាល់ថា ភាព​ចន្លោះប្រហោង​របស់​កម្មវិធី ពួកគេ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android អាចឱ្យ​ជនអនាមិក​បញ្ចូល​កម្ម​វិធី​មេរោគ​ដើម្បី​ធ្វើការ​វាយប្រហារ និង​លួច​យក​ទិន្នន័យ​ដូចជា​សារ​ផ្ញើ​ផ្ទាល់ (Direct Messages) ជាដើម។

    បច្ចុប្បន្ន​បញ្ហា​នេះ​ត្រូវបាន​កែសម្រួល​ដោយ​ក្រុមហ៊ុន​រួចហើយ និង​វា​មានការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រតិបត្តិការ Android ៨ និង៩ តែប៉ុណ្ណោះ។ ប៉ុន្តែ​អ្វីដែល​ល្អ​នោះ គឺ​ក្រុមហ៊ុន​បាន​បញ្ជាក់ថា មានតែ​អ្នកប្រើប្រាស់​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​កំពុង​ប្រើប្រាស់​កម្មវិធី​ជំនាន់​ចាស់​ដែល​អាច​រង​ការប៉ះពាល់​នេះ។

    ដើម្បី​ការពារ​ទិន្នន័យ​របស់លោក​អ្នក នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​អ្នកប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ទ្វី​ត​ធ័​រ ឱ្យបាន​ឆាប់រហ័ស ម្យ៉ាងវិញទៀត លោកអ្នក​គួរតែ​បន្ត​ការធ្វើ​បច្ចុប្បន្នភាព​លើ​គ្រប់​កម្មវិធី​ទាំងអស់​មិនថាតែ​កម្មវិធី​ទ្វី​ត​ធ័​រ​នោះទេ ហើយ​សូម​បន្ត​តាមដាន​ផេ​ក​របស់​នាយកដ្ឋាន ដើម្បី​ទទួលបាន​ព័ត៌មានថ្មីៗទាក់ទង​ទៅនឹង បទល្មើស​បច្ចេកវិទ្យា ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ក៏​ដូច​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា រួមទាំង​កម្មវិធីផ្សេងៗដទៃទៀត៕

    ប្រភព៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • 4 រឿងគួរចៀសវាងក្នុងការញ៉ាំផ្លែឈើ ព្រោះនឹងផ្តល់នូវគុណវិបត្តិ…

    4 រឿងគួរចៀសវាងក្នុងការញ៉ាំផ្លែឈើ ព្រោះនឹងផ្តល់នូវគុណវិបត្តិ…

    មនុស្សភាគច្រើនមើលឃើញថា ផ្លែឈើដែលយើងនាំគ្នាទទួលទាននោះសុទ្ធផ្តល់តែប្រយោជន៍ ព្រោះមានវីតាមីនផ្សេងៗដែលជួយបង្កើនឱ្យរាងកាយរឹងមាំ និងយល់ថា ញ៉ាំផ្លែឈើហើយនឹងធ្វើឱ្យយើងមិនធាត់ និងមានសុខភាពល្អ។

    តែនៅក្នុងការពិតវិញ អ្នកដឹងឬទេថា ផ្លែឈើក៏អាចផ្តល់គុណវិបត្តិដល់រាងកាយរបស់មនុស្សយើងបានដូចគ្នា។ យើងគួរបែងចែកប្រភេទរបស់ផ្លែឈើ ព្រោះផ្លែឈើប្រភេទខ្លះក៏មិនស័ក្តិសមសម្រាប់អ្នកជំងឺដែលកើតរោគផ្សេងៗដែរ ដូចជា ៈ

    – អ្នកកើតជំងឺទឹកនោមផ្អែម គួរចៀសវាងផ្លែឈើដែលមានរសជាតិផ្អែម ឬផ្លែឈើដែលមានរសជាតិជូរអែម ឬអាចទទួលទានបានត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។

    – ស្រ្តីកំពុងមានគភ៌ គួរចៀសវាងការទទួលទានផ្លែឈើដែលផ្លែខុសរដូវកាល ព្រោះថាមានភាពប្រថុយប្រថានខ្ពស់ណាស់ក្នុងការបានទទួលសារធាតុគីមី ការប្រើអ័រម៉ូន ជី ឬថ្នាំសម្លាប់សត្វល្អិតក្នុងកម្រិតដែលខ្លាំងជាងប្រក្រតី រហូតអាចហុចផលអាក្រក់ដល់កូននៅក្នុងផ្ទៃបាន។ ក្រៅពីនេះ នៅគួរចៀសវាងការទទួលទានផ្លែឈើខ្ចី និងផ្លែឈើដែលឆ្លងកាត់ការកែច្នៃផងដែរ។

    – ក្នុងរដូវក្តៅ គួរចៀសវាងការទទួលទានផ្លែឈើណាដែលមានឬទ្ធិក្តៅ ជាពិសេសជាមួយមនុស្សចាស់ ព្រោះនឹងធ្វើឱ្យសីតុណ្ហភាពក្នុងរាងកាយឡើងខ្លាំងជ្រុល ដូចជា ផ្លែមៀន ធុរេន រួមទាំងម្ហូបអាហារដែលមានរសជាតិហឹរផងដែរ។

    – អ្នកដែលកំពុងទទួលការព្យាបាលពាក់ព័ន្ធរោគក្រលៀន គួរចៀសវាងការទទួលទានផ្លែស្ពឺ ព្រោះអាចកើតមានការជ្រៀតជ្រែកពីអាការដទៃបាន ព្រោះក្នុងផ្លែស្ពឺមានសារធាតុមួយប្រភេទដែលហៅថា អុកសាលេត ដែលអាចធ្វើឱ្យកើតសភាវគាំងក្រលៀនទាន់ហន់ បណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតបាន។

    ទោះជាក្នុងផ្លែឈើប្រភេទនីមួយៗមានវីតាមីនដែលផ្សេងពីគ្នា ទាំងវីតាមីន A . C . E . B1 B2 B6 បេតាឃែរ៉ូទីន កាល់ស្យូម ផូស្វ័រ និងសារធាតុដែកមែន តែប្រភេទខ្លះក៏មានបរិមាណជាតិស្ករ និងម្សៅខ្ពស់ រួមទាំងរសជាតិដែលខុសប្លែកពីគ្នាដែរ។ អ្វីទាំងអស់នេះអាចជាបច្ច័យធ្វើឱ្យកើតរោគផ្សេងៗកើតឡើងបាន បើទទួលទានមិនបានល្មមសមរម្យ។

    ផ្លែឈើផ្តល់ឱ្យទាំងគុណប្រយោជន៍ និងគុណវិបត្តិ ដូច្នេះមុននឹងអ្នកញ៉ាំអ្វីគួរនឹកដល់សុខភាពខ្លួនឯងជាមុន និងដែលសំខាន់គឺការទទួលទានក្នុងបរិមាណដែលសមល្មមនឹងតម្រូវការរាងកាយ៕

  • គណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យសេចក្តីព្រាងយុទ្ធសាស្ត្រដើម្បីបើកសាលារៀនឡើងវិញ

    គណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យសេចក្តីព្រាងយុទ្ធសាស្ត្រដើម្បីបើកសាលារៀនឡើងវិញ

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់ថា គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានដឹង​ប្រជុំពិភាក្សា​យ៉ាង​ហ្មត់ចត់​លើ​សេចក្តីព្រាង​យុទ្ធសាស្ត្រ​ស្តីពី​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច ក្រសួង​អប់រំ និង​ក្រសួងសុខាភិបាល។

    តាម​ការបញ្ជាក់​របស់​ស្ថាប័ន​យ៉ាងសំខាន់​ខាងលើ​បាន​បញ្ជាក់ថា គ្រឹះស្ថានសិក្សា​ត្រូវ​សម្រប​តាម​ជីវិត​រស់នៅ​ធម្មតា​បែប​គន្លង​ថ្មី (New Normal Life) តាមរយៈ​ការអនុវត្ត​វិធានការ​សុវត្ថិភាព​សិក្សា ដើម្បី​ការពារ​សុវត្ថិភាព​អ្នកសិក្សា បុគ្គលិក​សិក្សា បុគ្គលិក​បម្រើការ​ផ្សេងទៀត និង​ផ្តល់​ទំនុកចិត្ត​ដល់​មាតាបិតា។ ក្នុងស្ថានភាព​នេះ ក្រសួង​អប់រំ បានរៀបចំ​យុទ្ធសាស្ត្រ​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ដោយ​ឈរលើ​អភិក្រម2 គឺ​ទី1 ការបើក​ដំណើរការ​ឡើងវិញ​តាម​ដំណាក់កាល​នូវ​គ្រឹះស្ថាន​ដែល​បាន​អនុវត្ត​ត្រឹមត្រូវ​តាម ស្តង់ដារ​សុវត្ថិភាព​សុខភាព និង​ទី2 គឺ​ការអនុវត្ត​វិធីសាស្ត្រ​នៃ​ការសិក្សា​តាមបែប​ចម្រុះ គឺ​ការសិក្សា​ក្នុង​ថ្នាក់រៀន ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​តាមបែប​ប្រពៃណី (សន្លឹក​កិច្ចការ​ជំនួយ) រួមទាំង​ការធ្វើ​ស្វ័យ​សិក្សា (សម្រាប់​សិស្ស​នៅ​ទីជនបទ)។

    ផ្អែក​លើក​គោលការណ៍​ទាំង2 ខាងលើនេះ ក្រសួង​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ស្តីពី​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ ដោយ​ផ្អែកលើ​ចំណុចសំខាន់ៗចំនួន5 គឺ៖

    1. ក្រសួង​រៀបចំ​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ​ជា 3 ដំណាក់កាល បន្តបន្ទាប់​គ្នា ។
    2. គ្រឹះស្ថានសិក្សា​មិនទាន់​អាច​ដំណើរការ​ឡើងវិញ ពេញលេញ​នៅឡើយ និង​ត្រូវអនុវត្ត​នូវ​វិធីសាស្ត្រ​ចម្រុះ​គឺ ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​តាម​ប្រព័ន្ធ​ប្រពៃណី (សម្រាប់​ទីជនបទ) រួម​ជាមួយនឹង​ការសិក្សា​នៅក្នុង​ថ្នាក់រៀន ។
    3. ការអនុញ្ញាតឱ្យ​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ តាម​ដំណាក់កាលនីមួយៗ បន្ទាប់ពី​គ្រឹះស្ថានសិក្សា ទាំង​នោះបាន​ត្រៀមខ្លួន​រួចរាល់ និង​អនុវត្តបាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​តម្រូវ​សុវត្ថិភាព ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល និង​លក្ខខណ្ឌ​តម្រូវ​បច្ចេកទេស​នៃ​ការសិក្សា និង​ការបង្រៀន ដែល​កំណត់ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ។
    4. ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ គឺ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត ដោយមាន​ការទទួលខុសត្រូវ ខ្ពស់ និង​ការប្តេជ្ញាចិត្ត​ក្នុងការ​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ព្រមទាំង​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់។
    5. ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ក៏​ឈរលើ​គោលការណ៍​នៃ​ទីតាំង​ភូមិសាស្ត្រ នៃ​កម្រិត​ហានិភ័យ របស់​ការ​រាលដាល​នៃ​ជំងឺ​Covid-19៕
  • សិង្ហបុរី មាន GPS ដាក់ជាប់ខ្លួនអ្នកធ្វើចត្តាឡីស័ក ប្រសិនបើតេស្តរកឃើញផ្ទុកកូវីដ-19

    សិង្ហបុរី មាន GPS ដាក់ជាប់ខ្លួនអ្នកធ្វើចត្តាឡីស័ក ប្រសិនបើតេស្តរកឃើញផ្ទុកកូវីដ-19

    សិង្ហ​បុរី​ចាប់ផ្ដើម​បើក​ឱ្យ​អ្នកដំណើរ ចូលមកក្នុង​ប្រទេសរ​បស់​ខ្លួន​ហើយ  តែ​តម្រូវឱ្យមាន​លិខិតបញ្ជាក់​ពី​សុខភាព និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​នៅផ្ទះ ឬ​ខុន​ដូ ពោលគឺ គ្មាន​ទីតាំង​សម្រាប់​ដាក់​ជារួម ដូច​នៅ​ប្រទេសមួយ​ចំនួន​ទេ។

    វិធានការ​មួយទៀត​ដែល​ប្រទេស​ដែន​កោះ​នេះ​ប្រើ គឺ​បំពាក់​ឧបករណ៍​តាមដាន GPS និង Bluetooth លើ​មនុស្ស​ចំណូល​ថ្មី​ទាំងនោះ ដើម្បី​ធានាថា ពួកគេ​ពិតជា​បាន​នៅផ្ទះ​ធ្វើ​ច​ត្តា​ឡី​ស័ក​ពិតប្រាកដ​មែន ពោលគឺ មិនអាច​ដើរលេង​ពាសវាល​ពាសកាល តាមចិត្ត​ចង់បាន​ឡើយ។

    អ្នកដំណើរ​ដែល​ស្ថិតក្នុង​អំឡុងពេល​ធ្វើ​ច​ត្ត​ឡី​ស័ក អាច​ដោះ​ឧបករណ៍​តាមដាន GPS ចេញ​បាន ក្រោយ​រយៈពេល 14ថ្ងៃ នៅពេល​ធ្វើតេស្ត​លើកចុងក្រោយ​ឃើញថា​ពួកគេ​ពិតជា​គ្មាន​ផ្ទុក​កូ​វីដ-19។ ក្នុងករណី​បំពាន​ការធ្វើ​ច​ត្តា​ឡី​ស័ក អ្នកដំណើរ​នឹងរង​ការពិន័យ​ជាង 7ពាន់​ដុល្លារ​អាមេរិក និង​ជាប់ពន្ធនាគារ កន្លះ​ឆ្នាំ៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • អាហារដែលមិនគួរឱ្យកូនតូចញ៉ាំ…

    អាហារដែលមិនគួរឱ្យកូនតូចញ៉ាំ…

    អាហារប្រភេទខ្លះញ៉ាំហើយមានប្រយោជន៍ដល់រាងកាយ តែប្រភេទខ្លះទៀតញ៉ាំហើយធ្វើឱ្យខួរក្បាលយើងល្ងង់ឡើងបាន ឥលូវយើងនាំគ្នាមកមើលថា តើអាហារប្រភេទណាខ្លះដែលមិនគួរឱ្យកូនជាទីស្រឡាញ់របស់យើងញ៉ាំ?។

    ស្ករ : ក្រៅពីនឹងធ្វើឱ្យធាត់ហើយ ស្ករនៅអាចបំផ្លាញខួរក្បាលរបស់មនុស្សយើងបានទៀតផង។ អ្នកស្រាវជ្រាវពីមហាវិទ្យាល័យ កាលីហ្វ័រនៀ ឡូសអេនជើលេស បានធ្វើការពិសោធឱ្យសត្វកណ្តុរសាកល្បងស៊ីអាហារដែលលាយផ្សំហ្រ្វុកតូសក្នុងមួយអំឡុងពេល រួចហើយស្គែនខួរក្បាលរបស់វាមើល ក៏រកឃើញថា សរសៃប្រព័ន្ធប្រសាទក្នុងខួរក្បាលធ្វើការរអាក់រអួល ធ្វើឱ្យមានបញ្ហារឿងការរៀនយល់ដឹង និងបាត់បង់ការចងចាំ។ ក្រៅពីនេះអ្នកស្រាវជ្រាវនៅតែតាំងចំណុចសង្កេតថា ដែលខួរក្បាលធ្វើការចុះខ្សោយនេះដោយសារតែជាតិស្ករហ្រ្វុកតូសដែលមានច្រើនជ្រុលពេកមិនជំរុញការបញ្ចេញអ៊ិនស៊ូលីន ធ្វើឱ្យខួរក្បាលវាយតម្លៃលទ្ធផលខុសឆ្គង ដែលហុចផលដល់អារម្មណ៍ និងការគិតយ៉ាងពិតប្រាកដ។

    សាច់ក្រហម (សាច់សុទ្ធ) និងប៊័រ : មនុស្សជាច្រើនអាចនឹងគិតថាសាច់ក្រហម (សាច់សុទ្ធ) មិនជាប់ខ្លាញ់ហ្នឹងមានសុវត្ថិភាព តែសូមជម្រាបថា អ្នកគិតខុសហើយ ព្រោះនៅក្នុងសាច់ក្រហមមានជាតិខ្លាញ់ដែលបង្កកខ្លួននៅក្នុងនោះច្រើនណាស់។ ទង្វើនៃការញ៉ាំអាហារបានរកឃើញថា ស្រ្តីដែលញ៉ាំអាហារដែលមានជាតិខ្លាញ់បង្កកខ្លួនច្រើនបំផុត (សាច់ក្រហម សាច់ហ៊ែម សាច់បេកខន់ ប៊័រ ទឹកដោះគោ) ខួរក្បាលនឹងមានប្រសិទ្ធភាពថយចុះ ដែលវាផ្ទុយគ្នាពីស្រ្តីដែលញ៉ាំអាហារដែលមានជាតិខ្លាញ់ល្អ ដូចជា ប្រេងម្កាក់ ឬអាវ៉ូខាដូ (ផ្លែប៊័រ) ជាដើម ខួរក្បាលនឹងវាយតម្លៃលទ្ធផលបានល្អ និងធ្វើបទបែបប្រឡងបានពិន្ទុខ្ពស់ជាង។

    ដំឡូងបារាំងចៀន នំភីហ្សា និងអាហារ Junk Food : កុមារភាគច្រើនចូលចិត្តញ៉ាំអាហារ ចាំងក៍ហ្វូដ ជាចម្បង ជាពិសេសក្នុងអំឡុង 3 ខួបដំបូង។ ក្មេងៗត្រូវតែបានទទួលភោជនាហារដែលល្អដើម្បីបង្កើនការរីកចម្រើនធំធាត់របស់ខួរក្បាល តែបើក្មេងៗញ៉ាំអាហារដែលឥតប្រយោជន៍ច្រើនជ្រុលពេក គេនឹងបានទទួលជាតិខ្លាញ់ អំបិល ស្ករដែលច្រើនជ្រុលពេក និងសារធាតុអាហារមួយចំនួនមិនគ្រប់គ្រាន់ដល់ការអភិវឌ្ឍខួរក្បាល វានឹងហុចផលដល់ការរៀនយល់ដឹងក្នុងរយៈពេលវែងរបស់កុមារបាន។

    ស្ករកៅស៊ូ : ការទំពារស្ករកៅស៊ូនឹងជួយឱ្យខួរក្បាលក្លៀវក្លាស្វាហាប់ កើតមានសមាធិល្អ តែថ្មីៗបំផុតនេះ ព្រឹត្តិបត្រចិត្តវិទ្យា Experimental Psychology របស់អង់គ្លេសបានប្រាប់ថា ការទំពារស្ករកៅស៊ូមានចំណែកធ្វើឱ្យការចងចាំរយៈពេលខ្លីរបស់មនុស្សយើងថមថយចុះ តែទាំងអស់នេះ បើយើងញ៉ាំអាហារដែលមានប្រយោជន៍ សម្រាកឱ្យបានគ្រប់គ្រាន់ ឬក្រេបទឹកស្អាតក្នុងអំឡុងរាល់ពេលថ្ងៃនោះ ការទំពារស្កកៅស៊ូច្បាស់ជាមិនមានផលអ្វីជាមួយខួរក្បាលរបស់យើងឡើយ។

    អាហារឡូខាបូហាយដ្រេត ( Low Carbohydrate ) : មនុស្សជាច្រើនយល់ថា អាហារដែលជាប្រភេទម្សៅច្រើនតែធ្វើឱ្យធាត់ ទើបប្រើវិធីបន្ថយខាបូហាយដ្រេត ឬញ៉ាំអាហារដែលធ្វើពីម្សៅឱ្យតិច តែដឹងឬទេថា បើបានទទួលខាបូហាយដ្រេតតិចជ្រុលពេកនោះ រាងកាយមនុស្សយើងនឹងខ្វះកម្លាំងថាមពលសន្សំទុក

    ធ្វើឱ្យឆាប់មួម៉ៅ និងកើតក្តីតានតឹងធុញថប់បាន ដូច្នេះបើមិនចង់ធាត់ និងខួរក្បាលចុះខ្សោយទៅដំណាលគ្នានោះ យើងនាំគ្នាចៀសមកញ៉ាំបាយអង្ករសំរូប ឬនំប៉័ងហូលវិធជំនួសវិញក៏បាន៕

  • ប្រជាជននឹងលែងលំបាកទាក់ទងសួរព័ត៌មានពីឯកសារអត្តសញ្ញាណកម្ម ក្រោយអគ្គនាយដ្ឋានបង្កើត App និង Hotline

    ប្រជាជននឹងលែងលំបាកទាក់ទងសួរព័ត៌មានពីឯកសារអត្តសញ្ញាណកម្ម ក្រោយអគ្គនាយដ្ឋានបង្កើត App និង Hotline

    កន្លងមក ប្រជាជន​ជាច្រើន​តែងតែមាន​ចម្ងល់​ពាក់ព័ន្ធ​នឹង​នីតិវិធី ឬ​បញ្ហា​នានា​ជុំវិញ​បញ្ហា​អត្តសញ្ញាណ ដូចជា​បញ្ហា​អត្រានុកូលដ្ឋាន សញ្ញា​តិ អត្តសញ្ញាណ​បណ្ណ និង​លិខិតឆ្លងដែន​ជាដើម តែ​មិនដឹង​ជា​ត្រូវ​សួរ​ទៅខាង​ណា​ដើម្បីឱ្យ​ទទួលបាន​ព័ត៌មាន​ឆាប់រហ័ស។

    ដើម្បី​សម្រួល​ដល់​ការផ្តល់​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ អគ្គនាយដ្ឋាន​អត្តសញ្ញាណ​កម្ម ក៏បាន​បង្កើត​គេហទំព័រ និង​ផ្តល់​លេខ​ទូរស័ព្ទ​ជា​សាធារណៈ​ដើម្បី​ជូន​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ដែរ តែ​ប្រជាជន​ជាច្រើន​នៅតែ​ត្រូវការ​ព័ត៌មាន និង​ភាព​ឆាប់រហ័ស​កាន់​ចំពោះ​សេវា​ផ្តល់ព័ត៌មាន​នេះ។

    ជា​ដំណឹង​ល្អ ថ្មីៗនេះ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បានចេញ​សេចក្តីជូនដំណឹង​ពាក់ព័ន្ធ​នឹង​ការបង្កើត​កម្មវិធី​ទូ​ស័ព្ទ​ដៃ​ឆ្លាត​វៃ ដែលមាន​ឈ្មោះថា កម្មវិធី​សេវាកម្ម​អត្តសញ្ញាណ​កម្ម (GDI eServices) ដែល​អាច​ទាញ​យកបាន​ដោយ​ឥតគិតថ្លៃ​តាមរយៈ​កម្មវិធី App Store និង Google Play។ បន្ថែម​ពីលើ​នេះ អគ្គនាយកដ្ឋាន ក៏បាន​បង្កើត​ទូរស័ព្ទ​ប្រចាំការ​លេខ 1271 ដោយ​ឥតគិតថ្លៃ​ដើម្បី​ឆ្លើយតប​ផងដែរ។

    អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​បញ្ជាក់ថា ការរៀបចំ​នូវ​ប្រព័ន្ធ​ទាំងនេះ គឺ​ដើម្បី​ឆ្លើយតប​តាម​សំណូមពរ មតិយោបល់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ការងារ​ផ្តល់​សេវា​អត្តសញ្ញាណ​កម្ម​គ្រប់​ប្រភេទ៕

  • កម្ពុជាបិទជើងហោះហើរភ្នំពេញ ណារីតាបណ្តោះអាសន្នដើម្បីបង្ការជំងឺ Covid-19

    កម្ពុជាបិទជើងហោះហើរភ្នំពេញ ណារីតាបណ្តោះអាសន្នដើម្បីបង្ការជំងឺ Covid-19

    មួយរយៈ​ពេល​ចុង​ក្រោយនេះ ចំនួន​អ្នកជំងឺ Covid-19 នៅ​កម្ពុជា​បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយ 100% នៃ​អ្នកជំងឺ​រលាក​សួត​ថ្មី​នេះ កើតឡើង​ចំពោះ​អ្នក​ដែល​ធ្វើដំណើរ​ពី​ក្រៅប្រទេស។ ហេតុនេះហើយ​ទើប​រាជរដ្ឋាភិបាល​កម្ពុ​ជា បានសម្រេច​ចាត់វិធានការ​នានា ដោយ​រួមទាំង​បិទ​ជើងហោះហើរ​ពី​តំបន់​មួយចំនួន​ដែល​ប្រឈម​ខ្លាំង​នឹង​ការឆ្លង​ជំងឺ Covid-19 ថែម​ទៀតផង។

    នៅ​ថ្ងៃទី 5 ខែសីហា ឆ្នាំ2020 នេះ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន បាន​បញ្ជាក់ថា ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ Covid-19 ក្រុមហ៊ុន​អាកាសចរណ៍ ALL NIPPON AIRWAYS (ANA) បាន​ផ្អាក​ជើងហោះហើរ ណា​រីតា-ភ្នំពេញ និង​ភ្នំពេញ-ណា​រីតា រហូតដល់​ថ្ងៃទី 30 ខែកញ្ញា​ឆ្នាំ2020។ ក្រុមហ៊ុន​នឹង​ប្រកាស​អំពី​ការហោះហើរ​ឡើងវិញ​នៅពេល​សមស្រប។

    គួរ​បញ្ជាក់ថា កន្លងមក​កម្ពុជា​ក៏​ធ្លាប់បាន​ប្រកា​សបិទ​ជើងហោះហើរ​ពី​ប្រទេស​ម៉ា​លេ​ស៊ី និង​ឥណ្ឌូណេស៊ី​ផងដែរ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19៕