Author: ធឿន មករា

  • ក្រសួងសាធារណការ និងដឹកជញ្ជូនចេញវិធានការចំពោះការធ្វើដំណើរក្នុងថ្ងៃឈប់សម្រាកសងចូលឆ្នាំ ដើម្បីការពារ Covid-19

    ក្រសួងសាធារណការ និងដឹកជញ្ជូនចេញវិធានការចំពោះការធ្វើដំណើរក្នុងថ្ងៃឈប់សម្រាកសងចូលឆ្នាំ ដើម្បីការពារ Covid-19

    ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ព្រឹក​ថ្ងៃទី 08 ខែសីហា ឆ្នាំ2020 នេះ​បានចេញ​សេចក្តីណែនាំ​ឱ្យមាន​វិធានការ​ការពារ​ជំងឺ Covid-19 ក្នុងអំឡុងពេល​ឈប់សម្រាក​រយៈពេល 5ថ្ងៃ ដើម្បី​សង​ថ្ងៃ​ឈប់សម្រាក​ការងារ​សម្រាប់​បុណ្យចូលឆ្នាំថ្មី។

    នៅក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា ក្រសួង​សូម​ធ្វើការ​ណែនាំ​ឱ្យ​អ្នកដំណើរ ម្ចាស់​ក្រុមហ៊ុន ម្ចាស់​យានយន្ត​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន អ្នកដំណើរ អ្នកបើកបរ និង​អ្នក​បម្រើភ្ញៀវ​លើ​រថយន្ត​ដឹក​អ្នកដំណើរ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​រថយន្ត​ដឹក​អ្នកដំណើរ​ទាំងអស់ សូម​គោរព និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ទៅតាម​គោលការណ៍​ណែនាំ និង​វិធាន​ការការពារ​រាតត្បាត​ជំងឺ Covid-19។

    វិធានការ​ទាំងអស់នោះ​មានដូចជា៖

    • ជៀសវាង​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ ដែលមាន​ផ្ទុក​មនុស្ស​ច្រើន
    • បើ​ចាំបាច់​ត្រូវធ្វើ​ដំណើរ​តាម​មធ្យោបាយ​សាធារណៈ លោកអ្នក​ត្រូវ​ពាក់​ម៉ាស់​ជានិច្ច រក្សា​គម្លាត​ពី​ម្នាក់​ទៅ​ម្នាក់​ឱ្យបាន​យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ និង​ត្រូវ​យកតាម​ខ្លួន​នូវ​ទឹក​អាល់កុល ឬ​ទឹក​ជែ​ល​សម្រាប់​លាងដៃ។
    • ជៀសវាង​ការធ្វើដំណើរ ប្រសិនបើ​មាន​អាកា​រៈ​ក្តៅខ្លួន ក្អក ឬ​ពិបាក​ដកដង្ហើម ឬ​មាន​បញ្ហា​សុខភាព
    • សម្រាប់​អ្នកបើកបរ​ត្រូវ៖
      • បើក​បង្អួច​រថយន្ត ឱ្យមាន​ខ្យល់​ចេញចូល ជៀសវាង​ការប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក
      • លើកទឹកចិត្ត​ឱ្យ​អ្នកដំណើរ​ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា​ខ្ទប់មាត់ និង​ច្រមុះ ដើម្បី​ជៀសវាង​ការចម្លង​ជាយថាហេតុ​នៃ​ជំងឺ​ផ្តាសាយផ្សេងៗ រួមទាំង Covid-19 ផងដែ
      • ត្រូវ​សម្អាត​រថយន្ត​ជាប្រចាំ
      • ម្ចាស់​រថយន្ត​ត្រូវ​មានទឹក​អាលកុល ឬ​ជែ​ល​លាងដៃ ដើម្បីឱ្យ​អ្នកដំណើរ​លាង​សម្អាត​ដៃ
      • ចំពោះ​អ្នក​បើ​រថយន្ត​ដែលមាន​រោគសញ្ញា​ក្រុនក្តៅ ផ្តាសាយ ឈឺបំពង់ក ពិបាក​ដកដង្ហើម ត្រូវ​ផ្អាក​បើកបរ​ជា​បណ្តោះអាសន្ន និង​ត្រូវ​ទៅ​មន្ទីរពេទ្យ​រដ្ឋ ដើម្បី​ពិនិត្យ​សុខភាព៕
  • ចង់មាន E.Q. ខ្ពស់ត្រូវតែអាន…5 តិចនិក ការអភិវឌ្ឍ ភាពឆ្លាតវៃខាងអារម្មណ៍

    ចង់មាន E.Q. ខ្ពស់ត្រូវតែអាន…5 តិចនិក ការអភិវឌ្ឍ ភាពឆ្លាតវៃខាងអារម្មណ៍

    បច្ចុប្បន្ននេះដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ក្រៅពីសមត្ថភាពក្នុងការគិតវិភាគ ការប្រើហេតុផល និងការគិតគណនាដែលហៅថា I.Q. ហើយនោះ មនុស្សយើងគួរមានភាពឆ្លាតវៃខាងអារម្មណ៍ ឬដែលហៅថា E.Q. គួបគូគ្នាជាមួយផង ដែលវានឹងជួយឱ្យការដំណើរការជីវិតរស់នៅប្រព្រិត្តទៅយ៉ាងចម្រើន និងមានសេចក្តីសុខ។

    អ្នកដែលមាន E.Q. (Emotional Quotient) ខ្ពស់នឹងមានថាមពលផ្លូវចិត្តដែលល្អ ពឹងពាក់លើខ្លួនឯងបាន មានឥស្សរភាពអាចទទួលដឹង និងយល់ទាំងពីអារម្មណ៍របស់ខ្លួនឯង និងរបស់អ្នកដទៃ រហូតដល់អាចសម្រួល ឬគ្រប់គ្រងអារម្មណ៍បានស័ក្តិសមនឹងស្ថានការណ៍ ដូច្នេះការអភិវឌ្ឍភាពឆ្លាតវាងវៃខាងអារម្មណ៍ជារឿងសំខាន់មួយ ដែលយើងអាចធ្វើបានដោយប្រើតិចនិកដូចខាងក្រោមនេះ ៈ

    ដឹងទាន់ : ហ្វឹកហាត់ឱ្យដឹងទាន់ពីអារម្មណ៍របស់ខ្លួនឯងឱ្យបានញឹកញាប់ ដោយការប្រាប់ខ្លួនឯងឱ្យបានថា ខណៈនេះកំពុងមានអារម្មណ៍យ៉ាងម៉េច និងទទួលដឹងឱ្យបានពីភាពប្រែប្រួលខាងអារម្មណ៍ដែលកំពុងកើតឡើង។

    ចាត់ការអារម្មណ៍ខ្លួនឯង : នៅពេលកើតអារម្មណ៍អវិជ្ជមាន ដូចជា មួម៉ៅ មិនពេញចិត្ត សោកសៅ ខូចចិត្ត ចូរដឹងទាន់ពីអារម្មណ៍ទាំងនោះ និងរិះរកវិធីចាត់ការដែលស័ក្តិសម។

    យល់ពីអារម្មណ៍អ្នកដទៃ : ផ្តល់នូវការយកចិត្តទុកដាក់ ចាប់អារម្មណ៍ចំពោះអារម្មណ៍អ្នកដទៃ រួមទាំងតបស្នងឱ្យដឹងថា យល់ និងយល់ចិត្តអាណិតមេត្តា។

    សាងកម្លាំងដឹកនាំផ្លូវចិត្តដល់ខ្លួនឯង : រំលឹកឡើងវិញនូវអ្វីដែលសំខាន់ចំពោះជីវិត ស្វែងរកប្រយោជន៍ពីឧបសគ្គ សម្លឹងពិភពលោកក្នុងន័យវិជ្ជមាន សាងអត្ថន័យក្នុងជីវិត និងផ្តល់កម្លាំងចិត្តដល់ខ្លួនឯង។

    ស្គាល់ពីសាងសម្ព័ន្ធភាពដែលល្អ : មានទឹកចិត្តល្អ មេត្តាអនុគ្រោះ ចែករំលែក ហ៊ានសម្តែងចេញយ៉ាងស័ក្តិសម និងរៀនយល់ដឹងពីការបង្ហាញគំនិតយោបល់ជំទាស់យ៉ាងរីកចម្រើន។

    អ្នកដែលមានភាពឆ្លាតវៃខាងអារម្មណ៍ នឹងមានប្រៀបជាងអ្នកដទៃក្នុងការរស់នៅ និងដំណើរជីវិតដែលនឹងប្រកបទៅដោយសេចក្តីសុខ សន្តិភាព និងសម្បូរទៅដោយសម្ព័ន្ធមិត្ត និងមានអ្នកគោរពស្ងើចសរសើរច្រើន៕

  • គួរទិញដី ឬមាស ដើម្បីឱ្យជីវិតបានប្រសើរ?

    គួរទិញដី ឬមាស ដើម្បីឱ្យជីវិតបានប្រសើរ?

    ប្រជាជន​ខ្មែរ​យើង​ទាំងពី​អតីតកាល និង​បច្ចុប្បន្ន​មួយចំនួន ចូលចិត្ត​ទិញ​គ្រឿងអលង្ការ ឬ​ទិញ​មាស​ទុក ដើម្បី​ធ្វើជា​ទ្រព្យសម្បត្តិ ក៏ដូចជា​ដើម្បី​ទុកឱ្យ​ទទួលបាន​ផលចំណេញ។ ឥរិយាបទ​បែបនេះ ត្រូវបាន​អ្នកជំនាញ​ហិរញ្ញវត្ថុ មើលឃើញថា​មិនបាន​ផ្តល់​ផលចំណេញ​ប៉ុន្មាន​នោះទេ។

    ជាក់ស្តែង លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញវត្ថុ បាន​លើកឡើងថា តម្លៃ​មាស​ក្នុង​ទីផ្សារ​ពិភពលោក​ចាប់ផ្តើម​ឡើងថ្លៃ​ខ្ពស់​រហូតដល់​ជិត 2,000ដុល្លារ​អាមេរិក​ក្នុង​មួយ​ដំឡឹង។ មនុស្ស​ជាច្រើន​វិនិយោគ​ដោយ​ទិញ​មាស​ទុក​ដើម្បី​ជាការ​ទប់ទល់​នឹង​អតិផរណា​ភាពមិនប្រាកដប្រជា​នៃ​ទីផ្សារ និង​ការកាត់បន្ថយ​ហានិភ័យ​តាមរយៈ​ពិពិត​កម្ម​នៃ​ការវិនិយោគ (Investment diversification)។

    ដោយឡែក​កំពូល​អ្នកវិនិយោគ​អាមេរិក លោក Warren Buffett តែងតែ​លើកឡើងថា​ការទិញ​មាស​ទុក​មិនមែនជា​ការល្អ​នោះទេ ព្រោះ​វា​មិនបាន​ផ្តល់​ជា​ផលចំណេញ​ដូចជា​ការទទួលបាន​ភា​គ​លាភ (dividend) ពី​ការវិនិយោគ​លើ​ប​ណ្ណ័​ភាគហ៊ុន​ឡើយ។ ក្នុង​គោល​គំនិត​ប្រហាក់ប្រហែលគ្នា​នេះដែរ តើ​យើង​គួរ​វិនិយោគ​ដោយ​ទិញ​ដី​ទុក​យកចំណេញ​ដែរ ឬទេ? បើ​គួរ ហេតុអ្វី? ហើយ​គួរ​វិនិយោគ​យ៉ាងដូចម្តេច? ចម្លើយ​គឺ​គួរតែ​វិនិយោគ​ដោយ​ទិញ​ដី​ទុក​ព្រោះ​ទីផ្សារ​ដីធ្លី​នឹង​កាន់​តែមាន​ភាពប្រសើរ តម្លៃនឹង​បន្ត​កើនឡើង​បន្ទាប់ពី​ការ​រសាត់​បាត់ទៅ​នៃ​វិបត្តិ​Covid-19។ ប៉ុន្តែ​គួរ​វិនិយោគ​តែ​លើដី​ធ្លី​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ​បាន​ហើយ​ព្រោះ​នៅ​តំបន់​ទាំងនោះ​នឹង​បន្ត​មាន​តម្រូវការ​ខ្ពស់។ ម្យ៉ាងទៀត​បើ​អាច​គួរ​ច្នៃ​ជា​អចល​ទ្រព្យ​ដែល​អាច​រក​ប្រភព​ចំណូល​បាន​ដូច​អ្វីដែល​លោក Warren Buffett លើកឡើង​ពី​ចំណូល​ដែលជា​ភាគលាភ​បាន​ពី​ការវិនិយោគ​លើ​ប​ណ្ណ័​ភាគហ៊ុន​អញ្ចឹង​ដែរ។ ការច្នៃ​ដី​ជាយក្រុង​អោយក្លាយ​ជា​ប្រភព​ចំណូល​បានរួម​មានដូចជា ការធ្វើជា​ឃ្លាំង​ជួល ផ្សារ ឬ​ប្រកប​របរ​កសិកម្ម​ជាដើម៕

     

  • កម្ពុជាត្រៀមនាំត្រីដំរី បង្កង ខ្យង និងអន្ទង់ចូលទីផ្សារចិន

    កម្ពុជាត្រៀមនាំត្រីដំរី បង្កង ខ្យង និងអន្ទង់ចូលទីផ្សារចិន

    កម្ពុជា ជា​ប្រទេស​ដែលមាន​សក្តានុពល​មួយផ្នែក​កសិកម្ម ដែល​បាន​នាំចេញ​ផលិតផល​កសិកម្ម​ជាច្រើន​ទៅកាន់​ទីផ្សារ​អន្តរជាតិ។ ថ្មីៗនេះ ការរៀបចំ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ចិន ក៏ត្រូវ​បាន​គេ​មើលឃើញថា​នឹងធ្វើ​ឱ្យ​លំហូរ​នៃ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា កាន់​តែមាន​ទីផ្សារ​សំបូរបែប​សម្រាប់​នាំចេញ។

    ឯកឧត្តម អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​លើកឡើងថា​កម្ពុជា​យើង​កន្លងមក​បាន​នាំចេញ​ត្រី​យ៉ាងច្រើន​ទៅកាន់​ទីផ្សារ​ចិន ហើយថ្មីៗនេះ​ចិន​បាន​ឯកភាព​ឱ្យ​នាំចូល​នូវ​ផលិតផល​កសិកម្ម 4មុខ​បន្ថែមទៀត។ ផលិតផល​ទាំងអស់នោះ​គឺ ត្រី​ដំរី បង្កង ខ្យង និង​អន្ទង់ ដែល​ផលិតផល​ទាំងអស់នេះ​សុទ្ធ​តែមាន​គុណភាព​ខ្ពស់ និង​តម្លៃ​ថ្លៃ​ផងដែរ។ ការនាំចេញ​ផលិតផល 4មុខ​បន្ថែម​នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ​សម្រាប់​ទីផ្សារ​ចិន ព្រោះ​នៅពេល​ខាងមុខ​ចិន អាចនឹងទទួល​ទិញ​ផលិតផល​កម្ពុជា​ច្រើន​មុខ​បន្ថែមទៀត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​របស់គេ។

    ឯកឧត្តម​បានបញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល 2ឆ្នាំ​មកនេះ កម្ពុជា​បាន​ចរចារ​នាំ​ត្រី​ប្រា​ទៅកាន់​ទីផ្សារ​ចិន ដោយ​រហូតមក​ដល់ពេលនេះ ក្រសួង​ក៏​កំពុង​ខិតខំ​យ៉ាងខ្លាំង​ក្នុងកា​ជំរុញ​ការងារ​នេះ​ឱ្យ​កាន់តែ​ឆាប់រហ័ស​ដើម្បី​នាំ​ផលប្រយោជន៍​សម្រាប់​អ្នក​ចិញ្ចឹម​ត្រី​កម្ពុជា។ កន្លងមក ពាក់ព័ន្ធ​នឹង​ការចិញ្ចឹម​ត្រី​នេះ ប្រជាជន​យើង​មានបទពិសោធន៍​ច្រើន​ក្នុងការ​ចិញ្ចឹម​ត្រី​ប្រា ហេតុនេះ​កាលណា​ចិន​ទទួល​ទិញ នោះ​យើង​នឹង​អាច​ជំរុញ​ការផលិត​ឱ្យបាន​កាន់តែច្រើន៕

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    51 . ការខាត់ក្តារកម្រាលផ្ទះឱ្យភ្លឺរលោងបែបបុរាណគឺ រកផ្លែដូងទុំមកពុះបំបែកជាបំណែក ហើយយកមកដាក់ផ្កាប់យកខាងសាច់ដូងមកដុសខាត់ក្តារកម្រាលផ្ទះឱ្យបានញឹកញាប់ ក្តារកម្រាលផ្ទះនោះនឹងភ្លឺរលោងចាំងមិនខាន។

    52 . ស្នោ (ហ្វូម) អាចប្រើជាប្រយោជន៍បានច្រើនយ៉ាងណាស់ ដូចជា យកមកធ្វើជាជ័រកាវស្អិតសម្រាប់បិទស្នាមប្រេះលេចរបស់វត្ថុប្រើប្រាស់ផ្សេងៗបានយ៉ាងល្អគឺ មុននឹងយកមកប្រើ ត្រូវយកបំណែកដុំស្នោមកកាច់បំបែកជាកំទេចតូចៗទៅដាក់ត្រាំក្នុងប្រេងសាំងធិននើរ៍ ឱ្យវារលាយទៅជាល្បាយខាប់ៗស្អិតៗ ហើយយកទៅបិទភ្ជិតស្នាមបែកប្រេះលេចរបស់វត្ថុប្រើប្រាស់ផ្សេងៗ ដូចជា ចានដែកជ័រសម្រាប់បោកខោអាវ ជាដើម ទុកឱ្យស្ងួតល្អ របស់របរទាំងនោះនឹងអាចប្រើប្រាស់បានយូរតទៅទៀតមិនខាន។

    53 . វិធីកំចាត់ស្នាមច្រែសនៅលើស្នួដែកហាលខោអាវគឺ រកកំទេចក្រណាត់មកជ្រលក់ទឹកខ្មេះ រួចយកទៅដុសលើស្នួច្រែសនោះឱ្យសព្វ ហើយយកទឹកសាប៊ូមកដុសសម្អាតពីលើថែមទៀត បន្ទាប់ពីនោះជូតសម្អាតដោយក្រណាត់ជ្រលក់ទឹកស្រពាប់ៗ តាមដោយក្រណាត់ស្ងួតមួយសាទៀត ស្នាមច្រែសនៅលើស្នួហាលខោអាវនោះនឹងបាត់អស់រលីង។

    54 . ការសម្អាតផ្លែកាំបិតប្រើប្រាស់ក្នុងចង្រ្កានបាយដែលមានឡើងស្នាមច្រែសនោះគឺ យកកាំបិតនោះទៅដុសជាមួយក្រូចឆ្មារ ឬមើមខ្ទឹមក្រហមក៏បាន ហើយលាងចេញដោយទឹកស្អាត រួចជូតឱ្យស្ងួត ធានាថា កាំបិតធ្វើម្ហូបរបស់បងៗស្រ្តីមេផ្ទះយើងនឹងលែងមានស្នាមច្រែសឡើងទៀតមិនខាន។

    55 . ការសំលៀងកាំបិតដែលប្រើក្នុងចង្រ្កានបាយឱ្យមុតបានយូរ អាចធ្វើបានដោយការបន្តក់ប្រេងកាតប្រមាណជា 2 – 3ដំណក់នៅលើថ្មសំលៀងកាំបិត ហើយសំលៀងតាមធម្មតា ធានាថាកាំបិតរបស់បងៗនឹងមុតយ៉ាងល្អ និងប្រើបានយូរទៀតផង។

    (នៅមានត)

  • ក្រសួងការងារបង្កើតប្រព័ន្ធបណ្តុះបណ្តាលតាមអនឡាញសម្រាប់គ្រឹះស្ថាន TVET លើកដំបូង ក្រោមជំនួយពីទីភ្នាក់ងារស្វីស SDC

    ក្រសួងការងារបង្កើតប្រព័ន្ធបណ្តុះបណ្តាលតាមអនឡាញសម្រាប់គ្រឹះស្ថាន TVET លើកដំបូង ក្រោមជំនួយពីទីភ្នាក់ងារស្វីស SDC

    ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ (SDC) បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​គាំទ្រ​លើ​គម្រោង​បង្កើត​ប្រព័ន្ធ​បណ្ដុះបណ្ដាល​ពី​ចម្ងាយ ឬ​ប្រព័ន្ធ​អន​ឡាញ សម្រាប់​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ដែល​គម្រោង​អភិវឌ្ឍន៍​ថ្មី​មួយ​សម្រាប់​ជួយ​ដល់​យុវជន​កម្ពុជា កំលុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ និង​ថ្ងៃ​អនាគត។

    ការចុះហត្ថលេខា​លើ​កិច្ចសន្យា​នេះ​ត្រូវបាន​ធ្វើឡើង​រវាង​លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការងារ ជាមួយ​លោកស្រី ណា​ឌី​យ៉ា អូត​ធី​ហ្គឺ​រ (Nadia Ottiger) នាយិកា​ស្ដីទី​នៃ​ទីភ្នាក់ងារ​ស្វី​ស SDC នៅ​ទីស្ដីការក្រសួង​ការងារ នា​ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២។

    លោក ពេ​ជ សោភ័ន បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា នេះ​ជា​គម្រោង​អភិវឌ្ឍន៍​ថ្មី​មួយទៀត​របស់​ទីភ្នាក់ងារ​ស្វី​ស SDC ដែលមាន​រយៈពេល១០ខែ ចាប់ពី​ខែសីហា ឆ្នាំ២០២០ ដល់​ខែឧសភា ឆ្នាំ២០២។

    លោក ពេ​ជ សោភ័ន បានបង្ហាញ​នូវ​ការរំពឹងទុក​ថា ក្នុង​រយៈពេល១០ខែ​នេះ ភាគី​ទាំងពីរ​នឹង​សម្រេច​ឱ្យបាន​ប្រព័ន្ធ​បណ្ដុះបណ្ដាល​ពី​ចម្ងាយ ឬ​អន​ឡាញ​មួយ​សម្រាប់​គ្រឹះស្ថាន TVET ដោយ​លោក​បាន​អះអាងថា ទោះបី​កម្ពុជា​ឆ្លង​ផុត​ដំណាក់កាល​ជំងឺ​កូ​វីដ​ក៏ដោយ ក៏​ការ​អនុវត្តតាម​យន្តការ​បណ្ដុះបណ្ដាល​ពី​ចម្ងាយ​នេះ​នៅតែ​បន្ត​ទៅមុខ។

    លោក​រដ្ឋលេខាធិការ​ប្រចាំការ​បាន​បន្តថា យន្តការ​បណ្ដុះបណ្ដាល​ពី​ចម្ងាយ​នេះ គឺ​គិត​ទាំង​ការចុះឈ្មោះ​ចូលរៀន ការរៀន​និង​បង្រៀន ក៏ដូចជា​ការគ្រប់គ្រង​និង​ចែកចាយ​ឯកសារ​បង្រៀន​ទៅដល់​សិក្ខាកាម សិស្ស និស្សិត​ផងដែរ ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​ពួកគាត់​ឱ្យទទួល​បាន​ចំណេះ​ជំនាញ​ខ្ពស់ ទោះបីថា​ពួកគាត់​ខ្លះ​រស់នៅ​ទីជនបទ​ឆ្ងាយ​យ៉ាងណាក៏ដោយ។

    យន្តការ​ថ្មី​នេះ​មាន​ភាពខុសគ្នា​ទៅនឹង​ការបណ្ដុះបណ្ដាល​ពីមុន​ត្រង់​ថា កាលពីមុន ប្រសិនបើ​សិក្ខាកាម សិស្ស និស្សិត​ស្ដាប់​មិនទាន់ ឬ​មិន​ច្បាស់​ត្រង់ចំណុច​ណាមួយ​នោះ មិន​ងាយ​នឹង​ឱ្យ​គ្រូបង្រៀន​ឡើងវិញ​បានឡើយ ប៉ុន្តែ​ការរៀន​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ គេ​នឹង​ផលិត​ជា​ឃ្លី​ប​វីដេអូ​សម្រាប់​បង្រៀន ហើយ​ចែកចាយ​ទៅគ្រប់​សិក្ខាកាម ដូច្នេះ​ទោះបី​ពួកគាត់​មើល​មិនទាន់ ឬ​មិន​ច្បាស់​ត្រង់​កន្លែង​ណា ក៏​ពួកគេ​អាច​មើល​ឃ្លី​ប​វីដេអូ​នោះ​ឡើងវិញ​ច្រើនដង​បាន។

    លោក ពេ​ជ សោភ័ន បាន​គូសបញ្ជាក់ថា ចាប់ពី​ដំណាក់កាល​បដិវត្ត​ឧស្សាហកម្ម ៤.០ នេះ​តទៅ ប្រជាពលរដ្ឋ​ទាំងឡាយ​ត្រូវតែ​ទម្លាប់ខ្លួន​រស់នៅក្នុង​បរិបទ​សង្គម​ថ្មី សង្គម​ឌីជីថល ដែល​ទាមទារ​ឱ្យមាន​ការអភិវឌ្ឍ​សមត្ថភាព ចំណេះ​ជំនាញ និង​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ក្នុងការ​សម្រួល​មធ្យោបាយ​ប្រកបការងារ និង​មុខរបរ​ប្រចាំថ្ងៃ។ ដូច្នេះ​ការជំរុញ​ឱ្យមាន​ការរៀន និង​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ក៏​ជាការ​បង្រៀន​ប្រជាពលរដ្ឋ​ជា​សិក្ខាកាម​ឱ្យ​ចេះ​ប្រើប្រាស់ និង​ស្វែងយល់​បន្ថែម​អំពី​ឌីជីថល​ផងដែរ៕

  • និយាយជាមួយកូនយ៉ាងណា នៅពេលកូនភ័យខ្លាច ឬមានកង្វល់?

    និយាយជាមួយកូនយ៉ាងណា នៅពេលកូនភ័យខ្លាច ឬមានកង្វល់?

    អាការវិតក្កកង្វល់ ឬភ័យខ្លាចនេះ គឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវតែធ្លាប់ជួបទាំងអស់ តែនឹងតិច ឬច្រើនប៉ុនណា ត្រង់នេះអាស្រ័យលើករណីរបស់មនុស្សម្នាក់ៗ រឹតតែជាក្មេងផងនោះ ពេលដែលភ័យខ្លាច ឬមានកង្វល់ តើមនុស្សចាស់ ឬឪពុកម្តាយនឹងជួយកុមារឱ្យឆ្លងកាត់អារម្មណ៍មិនសប្បាយចិត្តនេះបានយ៉ាងដូចម្តេច?

    មានពាក្យសំដីជាច្រើនដែលឪពុកម្តាយនិយាយជាមួយកូនដោយបំណងប្រាថ្នាល្អ ចង់ឱ្យកូនសម្លាញ់បាត់ភ័យខ្លាច តែពាក្យខ្លះ ក័មិនអាចជួយអ្វីបានដែរ និងអាចនឹងធ្វើឱ្យកូនរឹតតែភ័យខ្លាចឡើងក៏មានដែរ ដូច្នេះតើមានពាក្យសំដីអ្វីខ្លះដែលមិនគួរ និងគួរនិយាយ?

    “មិនបាច់ខ្លាចទេណា៎ មិនអីទេកូន…”

    ក្មេងៗពេលដែលភ័យខ្លាច ឬមានកង្វល់ វាមិនមែនត្រឹមតែជាអារម្មណ៍ដែលភ័យខ្លាចនោះទេ តែជារាងាកាយដែលសម្តែងចេញមក បេះដូងលោតញាប់ ដៃត្រជាក់ស្រេប ញ័រ ចង់មិនភ័យខ្លាចដែរ តែធ្វើមិនបាន ព្រោះរាងកាយមិនធ្វើតាម។

    – រឿងដែលឪពុកម្តាយគួរធ្វើ

    បើកូនភ័យខ្លាច មានកង្វល់ខ្លាំង នឹងមានអាការបេះដូងលោតញាប់ ញ័រខ្លួន ដៃជើងត្រជាក់ ចូរឱ្យកូនដកដង្ហើមចេញចូលវែងៗ (ធ្វើឱ្យកូនមើលជាគំរូ) ព្រោះនៅពេលដែលរាងកាយល្អប្រសើរឡើង កូននឹងដឹងថា ចាប់ផ្តើមលែងអីហើយ។

    ” ប៉ា និងម៉ាក់មិនយល់សោះថា ហេតុអីបានកូនត្រូវភ័យខ្លាចដល់ថ្នាក់ហ្នឹង?”

    ក្មេងដែលភ័យខ្លាច ឬមានកង្វល់ នឹងមានអារម្មណ៍មិនល្អ មានអារម្មណ៍ដូចមិនអាចជួយខ្លួនឯងបានស្រាប់ទៅហើយ ដូច្នេះការយល់ចិត្ត ការអាណិតអាសូរគឺជារឿងដែលកូនត្រូវការពីមនុស្សដែលគេស្រឡាញ់ និងទុកចិត្តដូចជាឪពុកម្តាយនេះ។

    – រឿងដែលឪពុកម្តាយគួរធ្វើ

    សាកល្បងនឹកគិតទៅដល់ពេលដែលឪពុកម្តាយខ្លួនឯងភ័យខ្លាច ឬមានកង្វល់វិញ តើមានអារម្មណ៍យ៉ាងណាខ្លះ? ដូច្នេះពាក្យសំដីដែលនឹងជួយកូនបានខ្លាំងបំផុតនោះគឺ “ប៉ាយល់” “ម៉ាក់ដឹងថាវាយ៉ាងម៉េច” ដើម្បីឱ្យកូនដឹងថា ឪពុកម្តាយយល់ចិត្តគេ ដឹងពីអារម្មណ៍របស់គេ។

    ការស្គាល់កូនច្បាស់ ការយល់ចិត្ត ការអាណិតអាសូរ និងក្តីស្រឡាញ់ គឺជាចំណុចសំខាន់បំផុតក្នុងការជួយកូនឱ្យឆ្លងផុតពីក្តីភ័យខ្លាច និងក្តីកង្វល់បារម្ភទាំងឡាយ ព្រោះនៅពេលកូនមានអារម្មណ៍ភ័យខ្លាច ឬមានកង្វល់គេតែងនឹងឃើញឪពុកម្តាយមុនអ្វីៗទាំងអស់៕

  • 5 វិធីមើលថែទាំខ្លួនឯងឱ្យចៀសឆ្ងាយពីជំងឺគ្រុនផ្តាសាយ

    5 វិធីមើលថែទាំខ្លួនឯងឱ្យចៀសឆ្ងាយពីជំងឺគ្រុនផ្តាសាយ

    វិធីដំបូងៗដែលជួយឱ្យរួចផុតពីជំងឺគ្រុនផ្តាសាយ និងគ្រុនផ្តាសាយធំមានច្រើន ដែលអាចធ្វើបានដោយខ្លួនឯងមានដូចតទៅ:

    1 . ចៀសវាងពីការប៉ះពាល់ ឬនៅជិតដិតនឹងអ្នកជំងឺ រួមទាំងមិនប្រើរបស់របរផ្ទាល់ខ្លួនរួមជាមួយអ្នកជំងឺ ដូចជា ចាន សមស្លាបព្រា កែវទឹក កន្សែងជូតមាត់ កន្សែងជូតខ្លួន-ល- បើមានអ្នកជំងឺគ្រុនផ្តាសាយ ឬគ្រុនផ្តាសាយធំនៅក្នុងផ្ទះ គួរណែនាំឱ្យគាត់រកក្រណាត់ម៉ាស់មកពាក់បាំងច្រមុុះ និងមាត់ ឬគួរយកក្រណាត់ ឬក្រដាស់ជូតដៃបាំងមាត់ពេលកណ្តាស់ ឬក្អកជាដើម។

    2 . លាងដៃឱ្យបានញឹកញាប់ដោយទឹក និងសាប៊ូ ឬប្រើអាល់កុលជេលជូតសំអាតដៃបន្ទាប់ពីប៉ះពាល់អ្នកជំងឺ ឬរបស់របរប្រើប្រាស់ក្នុងទីសាធារណៈហើយ ដូចជាការប៉ះពាល់ដៃទ្វារ បង្កាន់ដៃរថយន្តក្រុង ឬបង្កាន់ដៃជណ្តើរជាដើម។

    3 . ក្នុងខណៈដែលមានការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្តាសាយធំ គួរចៀសវាងការចូលទៅនៅក្នុងទីកន្លែងដែលមានមនុស្សច្រើនៗ និងគ្មានខ្យល់អាកាសចេញចូលរយៈពេលយូរ។

    4 . ឧស្សាហ៍មើលថែទាំសុខភាពរាងកាយឱ្យរឹងប៉ឹងជាប់ជានិច្ច ដោយការបរិភោគអាហារដែលមានប្រយោជន៍ ហាត់ប្រាណឱ្យបានជាប់លាប់ សម្រាកឱ្យបានគ្រប់គ្រាន់ រក្សារាងកាយឱ្យនៅកក់ក្តៅជាប់ជានិច្ច។

    5 . ពេលចាប់ផ្តើមមានអាការគ្រុនផ្តាសាយធំ គួរគេងសម្រាកឱ្យបានច្រើន និងញ៉ាំទឹកញឹកញាប់ បើក្តៅខ្លួនខ្លាំង ចូរលេបថ្នាំបញ្ចុះកម្តៅ និងយកក្រណាត់ជ្រលក់ទឹកក្តៅឧណ្ហៗជូតខ្លួន ឬបើអាការមិនល្អប្រសើរឡើង ចូរប្រញាប់ទៅមន្ទីពេទ្យ។

    រឿងសំខាន់យើងគួរយកចិត្តទុកដាក់សិក្សា និងតាមដានព័ត៌មានដែលពាក់ព័ន្ធនឹងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្តាសាយ ជាពិសេសគ្រុនផ្តាសាយធំដែលមានការឆ្លងរាលដាល និងក្លាយពូជជាប្រចាំរៀងរាល់ឆ្នាំ៕

  • «បណ្តុំទស្សនៈ» របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី បានដាក់សម្ពោធជាផ្លូវការ

    «បណ្តុំទស្សនៈ» របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី បានដាក់សម្ពោធជាផ្លូវការ

    ភ្នំពេញ៖ ព្រឹក​ថ្ងៃ​សុក្រ ទី៧ ខែសីហា ឆ្នាំ២០២០ លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី និង​ក្រុមការងារ​បានរៀបចំ​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​សៀវភៅ «បណ្តុំ​ទស្សនៈ» ឬក៏​ភាសា​អង់គ្លេស​មានឈ្មោះ​ថា “The Philosophy Collection” នៅឯ​ម៉ូ​នូ​មែន​ប៊ុ​ក ជាមួយ​វត្តមាន​បងប្អូន​អ្នកសារព័ត៌មាន ភ្ញៀវកិត្តិយស​មកពី​បណ្តាល បណ្ណាគារ បណ្ណាល័យ និង​បងប្អូន​ដែល​និយម​ចូលចិត្ត​អាន​សៀរ​ភៅ អី្វ​ដែល​កាន់តែ​ពិសេស គឺ​វត្តមាន​ហ្វេនៗ របស់លោក​ឧកញ៉ា​តែម្តង។

    ខ្លឹមសារ​នៅក្នុង​សៀវភៅ​បណ្ដុំ​ទស្សនៈ​បាន​រៀបរាប់​អំពី​ដំណើរ​ជីវិត បទពិសោធ និង​ភាពជោគជ័យ ដែល​អ្នកនិពន្ធ​បាន​ឆ្លងកាត់​កន្លងមក។ រៀបរាប់​អំពី​គន្លឹះ​ក្នុង​ការកសាង​សុភមង្គល ការអប់រំ ការជំរុញ​លើកទឹកចិត្ត ភាពជា​អ្នកដឹកនាំ មាគ៌ា​បុគ្គល​ជោគជ័យ និងគំនិតល្អៗ សម្រាប់​អាជីវកម្ម។

    វា​គឺជា​វណ្ណ​កម្មនេះ​កើតចេញពី​ទស្សនៈ និង​គំនិត​ផ្ទាល់​របស់លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ដោយ​មិន​ឆ្លុះបញ្ចាំង ឬ​ពាក់ព័ន្ធ​នឹង​គោលការណ៍​នៃ​ទស្សនៈ ឬ​គំនិត​របស់​ទ្រឹស្ដី​ណាមួយ​នោះឡើយ។ មិនតែប៉ុណ្ណោះ សៀវភៅ​នេះ​ជា​ចំណែក​មួយ​ជួយ​ធ្វើ​ឲ្យ​អ្នកអាន​ចេះ​កសាង​សុភមង្គល​ក្នុង​គ្រួសារ ចេះ​តស៊ូ​ក្នុង​ដំណើរ​ជីវិត និង​ចេះ​ជំរុញ​លើកទឹកចិត្ត​ខ្លួនឯង។

    បន្ថែម​ពីនេះ​ទៅទៀត​សៀវភៅ​នេះ​គឺជា​ចំណែក​មួយ​ជួយ​ធ្វើ​ឲ្យ​មិត្ត​អ្នកអាន​យល់ដឹង​កាន់តែច្បាស់​អំពី​ភាពជា​អ្នកដឹកនាំ និង​ធ្វើ​ឲ្យ​មិត្ត​អ្នកអាន​ស្គាល់ផ្លូវ​ទៅកាន់​ភាពជោគជ័យ រួមទាំង​យល់ដឹង​ពី​ការធ្វើ​អាជីវកម្ម​ផងដែរ។ កាន់តែ​ពិសេស​ជាងនេះទៅទៀត សៀវភៅ​នេះ​នឹង​អាចជួយ​ធ្វើ​ឲ្យ​មិត្ត​អ្នកអាន សិស្ស និស្សិត បាន​យល់ដឹង​ពី​គន្លឹះ​រៀនសូត្រ ថា​គួរ​រៀន​យ៉ាងដូចម្តេច​ដើម្បី​ទទួលបាន​សមត្ថភាព ចំណេះដឹង និង​ផ្លែផ្កា​ពិតប្រាកដ​នាពេល​អនាគត។

    គួរ​បញ្ជាក់ថា​សៀវភៅ​បណ្ដុំ​ទស្សនៈ​ដែលមាន​កម្រាស់ ៣០៦ទំព័រ គឺជា​ស្នាដៃ​ទី៧ របស់លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ដែល​បាន​បោះពុម្ព​ចែកចាយ​នៅលើ​ទីផ្សារ ក៏ដូចជា​ចែកជូន​បងប្អូន​មិត្ត​អ្នកអាន​ជា​សាធារណៈ ហើយ​សៀវភៅ​បណ្ដុំ​ទស្សនៈ​បាន​បោះពុម្ពផ្សាយ​ជា​លើកទីមួយ​មាន​ចំនួន ៣០០០ក្បាល ហើយ​ថវិកា​ដែល​ប្រមូល​បានមកពី​ការលក់​សៀវភៅ នឹង​បរិច្ចាគ​ទៅ​មូលនិធិ ម៉េង​លី ជេ. គួច។

    រូបភាព​ដោយ៖ សាគូ​រ៉ា