Author: ធឿន មករា

  • រថយន្ត Lexus LM ត្រូវបានគេប្រទះឃើញ ដាក់លក់នៅវៀតណាម តម្លៃជាង $43ម៉ឺន

    រថយន្ត Lexus LM ត្រូវបានគេប្រទះឃើញ ដាក់លក់នៅវៀតណាម តម្លៃជាង $43ម៉ឺន

    រថយន្ត Lexus LM ត្រូវបាន​ក្រុមហ៊ុន Lexus ប្រកាស​ចេញលក់ កាលពី​ខែមេសា ឆ្នាំ2019 ដោយបាន​ចាប់យក​ទីផ្សារ​ប្រទេស​ចិន និង​ទីផ្សារ​មួយចំនួនទៀត នៅ​អាស៊ី​ជាទី​ផ្សារ​គោលដៅ។

    ថ្មីៗនេះ រថយន្ត​វ៉ែន​ប្រណីត​មួយ​នេះ បាន​លេចមុខ​នៅលើ​ទីផ្សារ​ប្រទេស​វៀតណាម តាមរយៈ​ការនាំ​ចូល​របស់​ហាង​លក់​រថយន្ត​ឯកជន​មួយកន្លែង។ ជា​រថយន្ត​ប្រភេទ Lexus LM 300h មាន​ដាក់លក់ តម្លៃ​រហូតដល់​ជាង 10ពាន់​លាន​ដុង ដែល​ស្មើនឹង​ប្រមាណ​ជាជាង 43ម៉ឺន​ដុល្លារ។

    Lexus LM 300h មាន​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន Hybrid ដែលមាន​ម៉ាស៊ីន​សាំង 2.5លីត្រ 4ស៊ីឡាំង ផលិត​កម្លាំង​បាន 154សេះ។ មាន​ម៉ូ​ទ័​រ​អគ្គិសនី​ចំនួន 2ទៀត ដោយ​ម៉ូ​ទ័​រ​ខាងមុខ​ផលិត​កម្លាំង​បាន 105សេះ និង​ខាងក្រោយ​កម្លាំង 68សេះ។ រថយន្ត​នេះ​អាចមាន​ល្បឿន​ស្ទុះ​ពី 0-100គ.ម/ម៉ ដោយ​ចំណាយពេល 10.5វិនាទី និង​មាន​កម្រិត​ស៊ីប្រេង​ជា​មធ្យម 6.4លីត្រ ក្នុង​ចម្ងាយ 100គ.ម៕

  • ពិតជាមានប្រយោជន៍ច្រើនយ៉ាងមែន ថ្នាំលាបក្រចករបស់បងៗស្រ្តីមេផ្ទះ!

    ពិតជាមានប្រយោជន៍ច្រើនយ៉ាងមែន ថ្នាំលាបក្រចករបស់បងៗស្រ្តីមេផ្ទះ!

    តើបងៗស្រ្តីមេផ្ទះចង់ដឹងទេថា ថ្នាំលាបក្រចករបស់បងៗដែលក្រៅពីនាំយកមកលាបបន្ថែមសម្ផស្សលើក្រចកម្រាមដៃ ម្រាមជើងហើយនោះ តើវាអាចប្រើប្រាស់ជាមួយការងារក្នុងផ្ទះបានយ៉ាងណាខ្លះទៅ?  បើចង់ដឹងពីគុណប្រយោជន៍ល្អៗផ្សេងទៀតរបស់ថ្នាំលាបក្រចកនោះ សូមតាមដានជាបន្ត ៖

    1 . ជួសជុលសំណាញ់ទ្វារបង្អួច

    បញ្ហាសំណាញ់ទ្វារបង្អួចដាច់រហែកជារន្ធតូចៗ មិនចាំបាច់ត្រូវចំណាយលុយប្តូរសំណាញ់ថ្មីនាំតែបង់ប្រាក់ច្រើននោះទេ ព្រោះត្រឹមតែយកថ្នាំលាបក្រចកមកបៀកបិទពីលើរន្ធរហែកធ្លុះតូចៗទាំងនោះ និងទុកចោលរង់ចាំឱ្យវាស្ងួតតែប៉ុណ្ណោះ  តែប៉ុណ្ណឹងសត្វមូស រុយ មមង់នឹងលែងចូលមករំខានបងៗទៀតហើយ។

    2 . បញ្ឈប់ស្នាមដាច់រហែកនៅលើស្រោមជើងបារ៍

    កញ្ញាៗណាដែលនិយមពាក់ស្រោមជើងបារ៍ ប្រហែលជាត្រូវដាក់ដបថ្នាំលាបក្រចកតាមខ្លួនហើយមើលទៅ ព្រោះបើសិនជាស្រោមជើងបារ៍ដែលយើងកំពុងពាក់នោះទៅទាក់ ឬប៉ះនឹងវត្ថុមុតស្រួចអ្វីម្យ៉ាង វានឹងធ្វើឱ្យកើតជាស្នាមរយះជារឿយៗបែបមិនអាចបញ្ឈប់វាបានឡើយ  តែកុំបារម្ភអី យើងអាចបញ្ឈប់ស្នាមដាច់រហែកនោះបានដោយគ្រាន់តែលាបថ្នាំលាបក្រចកបន្តិចពីលើស្នាមរហែកនោះ និងទុកឱ្យវាស្ងួតប៉ុណ្ណោះ ស្នាមដាច់រហែកនោះនឹងលែងរហែកទៀតហើយ។ អាចហៅបានថា ជាការកែបញ្ហាចំពោះមុខបានយ៉ាងល្អ និងឆាប់រហ័សមែនទែន។

    3​ . ធ្វើឱ្យឡេវអាវជាប់ណែន

    អាវដែលទើបទិញមកថ្មីៗ នៅជាប់នឹងឡេវអាវគេតែងឃើញមានចុងខ្សែអំបោះដែលគេដេរឡេវជាប់នឹងអាវ​លេច​ចេញ​មក ជួនកាលយើងអផ្សុកយកដៃទៅទាញវាចេញមកនោះ វានឹងរបូតឡេវអាវនោះមកជាមួយដែរ ដូច្នេះដើម្បីការពារកុំឱ្យកើតមានបញ្ហានេះ ចូរប្រញាប់យកទឹកថ្នាំលាបក្រចកមកបៀកបន្តិចៗពីលើត្រង់កន្លែងអំបោះដេរឡេវនោះ វានឹងជួយឱ្យឡេវអាវនៅជាប់ណែនមិនរបូតជ្រុះដោយងាយៗឡើយ។

    4 . លុបបំបាត់ស្នាមឆ្កូតផ្សេងៗលើគ្រឿងសង្ហារិមធ្វើពីឈើ

    មិនចាំបាច់ហៅជាងមកជួសជុល ឬប៉ូលាឱ្យបាត់ស្នាមឆ្កូតទាំងនោះនាំតែអស់លុយទេ បងៗស្រ្តីមេផ្ទះគ្រាន់តែបៀកថ្នាំលាបក្រចកបែបរលោងថ្លាពីលើស្នាមឆ្កូតទាំងនោះ រួចទុកចោល សាច់ឈើនឹងប្រែជារាបស្មើស្អាតវិញ គ្មានឃើញស្នាមឆ្កូតឱ្យរំខានចិត្តទៀតឡើយ។

    5 . ជួយឱ្យដោតអំបោះចូលរន្ធគូទម្ជុលបានយ៉ាងងាយស្រួល

    ការដោតអំបោះចូលគូទម្ជុលជារឿងមួយដែលពិបាកជាងការដេរប៉ះសំពត់អាវឱ្យល្អឡើងវិញទៅទៀត  តែថ្នាំលាបក្រចកអាចជួយអ្នកបាន គ្រាន់តែលាបថ្នាំលាបក្រចកនៅចុងខ្សែអំបោះតែបន្តិច និងច្បូតឱ្យរាងស្រួច រួចចាំឱ្យស្ងួត​ ចុងខ្សែអំបោះដែលបែករីកនោះ នឹងអាចស៊កចូលរន្ធគូទម្ជុលបានយ៉ាងងាយស្រួលបំផុត៕

  • តើត្រូវមើលថែទាំខ្លួនយ៉ាងណា នៅពេលកើតជំងឺក្រពះ?

    តើត្រូវមើលថែទាំខ្លួនយ៉ាងណា នៅពេលកើតជំងឺក្រពះ?

    ក្នុងសង្គមបច្ចុប្បន្ននេះមានតែការប្រកួតប្រជែង ធ្វើឱ្យការរស់នៅពីមួយថ្ងៃទៅមួយថ្ងៃរបស់មនុស្សគ្រប់រូបត្រូវតែប្រញាប់ប្រញាល់ទៅតាមនោះដែរ ដែលជាហេតុធ្វើឱ្យសុខភាពរបស់មនុស្សនៅក្នុងសង្គមកាន់តែយ៉ាប់ឡើងៗ ហើយបញ្ហាខាងសុខភាពដែលជួបប្រទះញឹកញាប់នោះគឺ ការកើតដំបៅក្នុងក្រពះ ឬពោះវៀនតូចផ្នែកគល់ ដែលជាទូទៅយើងតែងនាំគ្នាហៅថា “ជំងឺក្រពះ”។

    ជំងឺក្រពះ ជាជំងឺមួយដែលជួបប្រទះញឹកញាប់ ប្រៀបដូចថា មនុស្សទូទៅមានឱកាសកើតរោគនេះក្នុងអំឡុងពេលណាមួយរបស់ជីវិតក៏បាន ដោយការកើតដំបៅក្នុងក្រពះច្រើនជួបនៅលើមនុស្សវ័យកណ្តាល ខណៈដែលការកើតដំបៅនៅលើផ្នែកគល់នៃពោះវៀនតូចច្រើនជួបប្រទះនៅលើមនុស្សវ័យកំលោះក្រមុំ។ យ៉ាងណាក៏ដោយការកើតដំបៅនៅក្នុងក្រពះ ឬដំបៅនៅលើគល់ពោះវៀនតូច អាចកើតឡើងបាននៅលើមនុស្សគ្រប់ភេទ និងគ្រប់វ័យ។

    មូលហេតុ បណ្តាលមកពីការហូរចេញមកនៃអាស៊ីតក្នុងក្រពះច្រើនជ្រុលពេក រួមជាមួយភាពទប់ទល់នឹងអាស៊ីតរបស់សាច់ភ្នាសក្រពះ និងពោះវៀនថយចុះ ទើបធ្វើឱ្យមានដំបៅកើតឡើង និងបច្ចុប្បន្ននៅរកឃើញថា មានបច្ច័យបន្ថែមផ្សេងទៀតជាច្រើនដែលធ្វើឱ្យកើតជំងឺក្រពះបានដែរ។

    អាការរបស់ជំងឺក្រពះច្រើនតែមានអាការឈឺផ្សារ ឈឺអួល ចុកណែននៅម្តុំចុងដង្ហើម។ អាការឈឺចុកទាំងនេះអាចកើតឡើងទាំងមុនពេលញ៉ាំអាហារ ឬក្រោយពេលញ៉ាំអាហាររួចថ្មី និងពេលពោះទំនេរ ដូចជា ពេលឃ្លានបាយ ពេលព្រឹកព្រលឹម ឬពេលយប់ជ្រៅក៏អាចឈឺចុកបានដូចគ្នា។ អាការឈឺបាត់ ឈឺបាត់ កើតឡើងក្នុងមួយថ្ងៃច្រើនដង ឬតាមពេលបាយ និងពេលឈឺចុកម្តងៗយូរប្រមាណជា 15 – 30 នាទី ហើយអាការនឹងធូស្រាលទៅវិញ បើបានញ៉ាំអាហារ ញ៉ាំទឹកដោះគោ ឬញ៉ាំថ្នាំបញ្ចុះជាតិអាស៊ីតក្នុងក្រពះ។

    ការមើលថែទាំខ្លួន

    1 . ទទួលទានអាហារឱ្យទៀងពេល។

    2 . ទទួលទានអាហារណាដែលក្រពះងាយស្រួលរំលាយ និងគួរទំពារឱ្យហ្មត់មុននឹងលេបចូលទៅក្នុងក្រពះ។

    3 . ចៀសវាងពីអ្វីដែលធ្វើឱ្យឈឺក្រហាយក្រពះ ដូចជា ថ្នាំបំបាត់ការឈឺចាប់សន្លាក់ ថ្នាំអាស្ពីរីន ទឹកភេសជ្ជៈដែលមានជាតិហ្កាស អាហារដែលមានរសជាតិខ្លាំង(ហឹរខ្លាំង ប្រៃខ្លាំង ជូរខ្លាំង ជាដើម) ភេសជ្ជៈដែលមានជាតិអាល់កុល និងកាហ្វេអ៊ីន ដូចជា សូកូឡា តែ កាហ្វេ ជាដើម។

    4 . តមជក់បារី។

    5 . អាហារដែលត្រូវទទួលទានក្នុងមួយពេលៗ មិនគួរមានបរិមាណច្រើនជ្រុលពេកទេ។

    6 . បើមានអារម្មណ៍ថា ធុញថប់តានតឹង ចូរព្យាយាមកាត់បន្ថយ ដូចជា ដោយការមើលកុន ស្តាប់ចម្រៀង ធ្វើសមាធិ ហ្វឹកហាត់សម្រួលសាច់ដុំ ជាដើម។

    7 . ឧស្សាហ៍ហាត់ប្រាណ។

    8 . ទទួលទានថ្នាំបញ្ចុះអាស៊ីតក្នុងក្រពះ ថ្នាំទឹក 1 – 2 ស្លាបព្រាបាយ ឬថ្នាំគ្រាប់ 1 – 2 គ្រាប់(ទំពាមុនលេប)មួយថ្ងៃ 4 ដង ព្រឹក ថ្ងៃ ល្ងាចក្រោយពេលបាយ 1 ម៉ោង និងមុនចូលគេង។ ករណីមានអាការចុកពោះមុនពេលត្រូវញ៉ាំថ្នាំ អាចញ៉ាំបន្ថែមបាន និងគួរទទួលទានថ្នាំឱ្យបានទៀងទាត់យ៉ាងហោចណាស់ 4 – 8 សប្តាហ៍។

    9 . បើប្រតិបត្តិតាមចំណុចខាងលើហើយ អាការនៅតែមិនប្រសើរឡើងនោះ គួរទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យវិនិច្ឆ័យឱ្យបានច្បាស់លាស់៕

  • ឱ្យលោកប្តីជួយមើលថែទាំកូន ល្អយ៉ាងណាដែរ?

    ឱ្យលោកប្តីជួយមើលថែទាំកូន ល្អយ៉ាងណាដែរ?

    បច្ចុប្បន្ននេះទាំងមនុស្សស្រី ទាំងមនុស្សប្រុសសុទ្ធតែធ្វើអ្វីបានស្មើភាពគ្នា ប្រពន្ធក៏ចេញទៅធ្វើការក្រៅផ្ទះ ក្នុងខណៈប្តីក៏ចេះធ្វើម្ហូបអាហារបានយ៉ាងឆ្ងាញ់ពិសាដែរ តែនៅពេលកូនគឺកូនសោដួងចិត្តដែលកើតចេញពីសេចក្តីស្នេហារបស់អ្នកទាំងពីរនោះ តើហេតុអ្វីបានមិនឱ្យលោកប្តីមកមានចំណែករួមក្នុងការចិញ្ចឹមមើលថែផង?។ ការពិតទៅលោកប្តីជាច្រើនក៏ប្រហែលជាចង់សម្រាលបន្ទុករបស់ម៉ែប្រពន្ធដូចគ្នា គ្រាន់តែនៅមានអារម្មណ៍ថារាងឆ្គងៗ ចង់ចាប់ ចង់កាន់ត្រង់ណាដូចជាមិនត្រូវទំនងសោះ ដូចជាចង់ពកូនក៏ខ្លាចថា នឹងធ្វើឱ្យរបូតកូនពីដៃ ឬខ្លាចបង្កឱ្យកូនមានបញ្ហាអ្វីទេដឹង?ជាដើម តែរឿងទាំងនេះមិនមែនជាបញ្ហាធំនោះទេ គ្រាន់តែម៉ែប្រពន្ធខ្សិបប្រាប់លោកប្តីតែបន្តិចថា ត្រូវធ្វើយ៉ាងណានោះ លោកប្តីក៏នឹងបានជួយមើលថែទាំកូនតូចដោយក្តីស្រឡាញ់មិនខុសប្លែកពីប្រពន្ធបានបាត់ទៅហើយ។

    ចំណុចល្អដែលឱ្យលោកប្តីជួយមើលថែទាំកូនតូច

    1 . កើតមានសេចក្តីស្រឡាញ់ និងភាពពាក់ព័ន្ធស៊ីជម្រៅក្នុងក្រុមគ្រួសារស្អិតល្មួតខ្លាំងជាងមុន។

    2 . លោកប្តីនឹងបានយល់ពីតួនាទីនៃភាពជា “ឪពុក” ច្រើនឡើង និងបានដឹងថា ការចិញ្ចឹមមើលថែកូនម្នាក់មិនមែនជារឿងងាយឡើយ ទើបការជួយសម្រាលបន្ទុកប្រពន្ធកើតឡើងដោយក្តីស្ម័គ្រចិត្ត និងពេញចិត្តពេញថ្លើម។

    3 . ជួយឱ្យម៉ែប្រពន្ធមានពេលទំនេរគ្រប់គ្រាន់ក្នុងការទៅធ្វើធុរៈផ្ទាល់ខ្លួន ឬមើលថែខ្លួនផង។

    4 . កូនចូលចិត្តធ្វើសំឡេងម្តងទាប ម្តងខ្ពស់ ប្លែកៗពេលលោកប្តីនិយាយរឿងនិទានឱ្យស្តាប់ ដែលទោះជាវាអាចនឹងមើលទៅគួរឱ្យអស់សំណើចក្នុងខ្សែភ្នែកម៉ែប្រពន្ធក៏ដោយ តែជឿទេថា សម្រាប់កូនវិញ នោះគឺជាពេលវេលាមាសរបស់គេហើយ។

    5 . ទោះបីជាលោកប្តីមួយចំនួនអាចនឹងមិនសូវថ្នឹក ឬចំណានក្នុងការជួយមើលថែទាំកូនតូចក៏ដោយ តែក៏អាចមានចំណែកជួយដោយប្រយោលដែរ ដូចជា ការធ្វើម្ហូបអាហារឱ្យញ៉ាំ ការចេញទៅទិញរបស់ប្រើប្រាស់ជំនួស ដោយម៉ែប្រពន្ធមិនចាំបាច់ត្រូវទៅគ្រប់ពេលនោះទេ ដូចជា ទៅបង់លុយថ្លៃទឹក ថ្លៃភ្លើង ឬដើរទិញអីវ៉ាន់នៅក្នុងសូភើរម៉ាឃេត ជាដើម ការងារងាយៗបែបនេះ លោកប្តីក៏ធ្វើបានល្អដែរណា៎ អ៊ើ!។

    6 . ក្រៅពីការងារក្រៅផ្ទះហើយ ការងារក្នុងផ្ទះក៏លោកប្តីធ្វើបានល្អមិនចាញ់គ្នាដែរ ដូចជា ការយកខោអាវទៅបោកគក់ ការបោសជូតសម្អាត ច្រកទឹកចូលដប ឬជួយលាងចាន ជាដើម ការងារងាយៗប៉ុនហ្នឹងក៏លោកប្តី “ចាត់ការ” បានដែរ។

    7 . ឱ្យលោកប្តីជួយបញ្ជូនសញ្ញាដាស់តឿនប្រាប់ ពេលជិតដល់ថ្ងៃកំណត់ចាក់វ៉ាក់សាំង ឬកំណត់ការសំខាន់ៗក៏បាន ដើម្បីកុំឱ្យម៉ែប្រពន្ធភ្លេច។

    8 . លោកប្តីអាចនឹងប្រើហេតុផល និងគ្រប់គ្រងអារម្មណ៍បានល្អជាង ដូច្នេះ ពេលដែលកូនធ្វើអ្វីមួយហើយត្រូវយើងជំទាស់ អត់មិនបានចង់តែច្រឡោតនោះ ម៉ែប្រពន្ធអាចនឹងបញ្ជូនការងារហ្នឹងតទៅឱ្យលោកប្តីជួយមើលថែទាំកូនជំនួសបណ្តោះអាសន្ន ក៏ជាការកែខៃបញ្ហាបានល្អមួយដែរ។

    រឿងមួយទៀតដែលលោកប្តីអាចនឹងជួយម៉ែប្រពន្ធបានល្អដែរនោះគឺ ការនិយាយផ្តល់កម្លាំងចិត្ត ដូចជា “ថ្ងៃនេះអូននឿយទេ ចង់ឱ្យបងជួយធ្វើអ្វីខ្លះអត់?” ត្រឹមតែប៉ុនហ្នឹង ម៉ែប្រពន្ធក៏រំភើបចិត្ត និងបាត់នឿយហត់ពីការមើលថែទាំកូនពេញមួយថ្ងៃនោះទៅហើយ៕

  • អ្វីទៅជាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលគេហៅថា “Ghostwriter” នោះ?

    អ្វីទៅជាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលគេហៅថា “Ghostwriter” នោះ?

    ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​តាមរយៈ​បណ្ដាញ​សង្គម​គឺជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ទូទាំង​ពិភពលោក ព្រោះ​ព័ត៌មាន​ទាំងនេះ​វា​នាំឱ្យមាន​ភាពចលាចល​នៅក្នុង​សង្គម ប៉ុន្តែ​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ មួយ​ប្រភេទ​ទៀត​ដែល​គេ​ឱ្យ​ឈ្មោះថា Ghostwriter គឺ​វា​មាន​ភាពគ្រោះថ្នាក់​ខ្លាំង​ជាង​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​តាមរយៈ​បណ្ដាញ​សង្គម​ទៅទៀត។

    យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត GhostWriter គឺ​វា​មិន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ទេ ផ្ទុយទៅវិញ យុទ្ធនាការ​នេះ​បានធ្វើការ​ជ្រៀតចូល​ក្នុង​ប្រព័ន្ធគ្រប់គ្រង​មាតិកា (CMS) នៃ​វេ​ប​សាយ​ព័ត៌មាន ឬ​ប្រើ​គណនី​អុ​ី​មែ​ល​ដែល​មិន​ត្រឹមត្រូវ (Spoofed email ) ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ។ ម្យ៉ាងវិញទៀត “Ghostwriter” ប្រើ​អត្តសញ្ញាណ​របស់​អ្នកដទៃ​ដោយ​ក្លែង​ធ្វើជា ប្រជាជន​ក្នុងស្រុក អ្នកកាសែត និង​អ្នកវិភាគ នៅក្នុង​ប្រទេស​គោលដៅ​ដើម្បី​ធ្វើការ​បង្ហោះ​អត្ថបទ​ក្លែងក្លាយ។

    ជា​ឧទាហរណ៍ថ្មីៗនេះ ក្រុម​អ្នកស្រាវជ្រាវ​ជំនាញ​សន្តិសុខ​មកពី FireEye បាន​រកឃើញ យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​មួយ​ដែលមាន​គោលបំណង​ដើម្បី​បង្អាក់​ដល់ ដំណើរការ​អង្គការ​ណា​តូ តាមរយៈ​ខ្លឹមសារ​ព័ត៌មាន​ក្លែងក្លាយ​ដែល​ចែកចាយ​នៅលើ​វេ​ប​សាយ​ព័ត៌មាន ដែលថា​មាន​ទាហាន​ជនជាតិ​កាណាដា ចំនួន ២១នាក់ ដែល​ឈរជើង​នៅ​ប្រទេស​ឡេ​តូ​នី បាន​ឆ្លង​ជំងឺ​កូ​វីត-១។

    យោងតាម​របាយការណ៍​ដែល​បានចេញ​ផ្សាយ​ដោយ FireEye នោះបាន​និយាយថា “ប្រតិបត្តិការ​នេះ​បាន​ផ្តោត​សំខាន់​លើ​ប្រទេស លី​ទុយ​អា​នី ឡេ​តូ​នី និង​ប៉ូឡូញ ជាមួយ​អង្គការ​ណា​តូ ធ្វើឡើង​តាមរយៈ​វេ​ប​សាយ ឬ គណនី​អុ​ី​មែ​ល ដែល​មិន​ត្រឹមត្រូវ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រតិដ្ឋ​រួមទាំង​ការឆ្លើយ​ឆ្លង​មិន​ត្រឹមត្រូវ​ពី​មន្ត្រី​យោធា។ អ្នក​ដំណើរការ Ghostwriter បានធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រតិដ្ឋ ជា​លិខិត​មួយ​ដែល​ត្រូវបាន​សរសេរ​ដោយ​អគ្គលេខាធិការ​អង្គការ​ណា​តូ គឺ​លោក Jens Stoltenberg ដែលថា​សហព័ន្ធន៍​អា​ត្ល​ង់​ទិច​មា​នក​ម្រោ​ង​ដក​ចេញពី​ប្រទេស​លី​ទុយ​អា​នី​ដោយសារ​ការឆ្លង​ជំងឺ​កូ​វីត-១៩៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • ស្វាយ…ឆ្ងាញ់មានប្រយោជន៍ដល់សុខភាពទាំងខ្ចី ទាំងទុំ

    ស្វាយ…ឆ្ងាញ់មានប្រយោជន៍ដល់សុខភាពទាំងខ្ចី ទាំងទុំ

    ផ្លែឈើមួយដែលត្រូវចិត្តទាំងជនជាតិខ្មែរយើង និងបរទេស តម្លៃមិនថ្លៃ និងថែមទាំងងាយស្រួលរកទិញបំផុតទៀតផងនោះ ប្រហែលជាគេចមិនផុតពី ផ្លែស្វាយ ដែលអាចឆ្ងាញ់បានទាំងបែបនៅខ្ចី ស្រគាល និងទុំនោះឡើយ ហើយថែមទាំងពូជស្វាយនីមួយៗនៅមានរសជាតិឆ្ងាញ់ខុសប្លែកពីគ្នាទៀតផង។

    ប្រយោជន៍របស់ ផ្លែស្វាយខ្ចី ស្រគាល

    ស្វាយខ្ចី និងស្រគាលមានទាំងរសជាតិផ្អែមម្សៅ និងជូរ ដោយហេតុនេះឯងទើបធ្វើឱ្យផ្លែស្វាយពោរពេញទៅដោយវីតាមីន C មានសារធាតុប្រឆាំងអនុមូលឥស្សរៈ ជួយឱ្យសាច់ស្បែកស្រស់ថ្លាភ្លឺរលោង ក្រចាស់ ជួយការពាររោគគ្រុនផ្តាសាយ បំបាត់ការចេញឈាមតាមជើងធ្មេញ និងបំបាត់អាការក្តៅក្នុង និងស្រេកទឹក។

    ប្រយោជន៍របស់ផ្លែស្វាយទុំ

    ផ្លែស្វាយទុំ នឹងមានពណ៌លឿង ទើបពេញទៅដោយវីតាមីន A និងបេតាឃែរ៉ូធីន ដែលជួយបំប៉នខ្សែភ្នែក ការពារការស្រវាំងភ្នែក មើលឃើញមិនច្បាស់នៅពេលយប់ និងនៅមានឬទ្ធិជាថ្នាំបន្ទន់លាមក មានកាកសរសៃអាហារដែលជួយក្នុងការបន្ទោបង់ទៀតផង។

    ចំណុចគួរប្រយ័ត្នក្នុងការបរិភោគផ្លែស្វាយ

    មនុស្សជាច្រើនអាចមានបញ្ហាឆ្អល់ពោះ ធ្ងន់ពោះនៅពេលបរិភោគស្វាយខ្ចីច្រើនជ្រុលពេក ទើបគួរញ៉ាំមួយចំហៀងផ្លែដែលធំ ឬមួយផ្លែតូចក្រោយពេលបាយ មិនគួរញ៉ាំច្រើនជ្រុលពេកទេ ព្រោះអាចធ្វើឱ្យឆ្អល់ពោះ មានអារម្មណ៍លំបាកដូចអាហារមិនរំលាយ។

    សម្រាប់ផ្លែស្វាយទុំ ជាផ្លែឈើដែលមានជាតិស្ករខ្ពស់ អ្នកជំងឺទឹកនោមផ្អែមគួរចៀសវាង ព្រោះជាផ្លែឈើដែលផ្តល់កម្លាំងថាមពលខ្ពស់ រឹតតែញ៉ាំធ្វើជាបង្អែម ជាមួយបាយដំណើបផងនោះ រឹតតែខ្លាំងទៅទៀត។ សម្រាប់មនុស្សប្រក្រតីដែលគ្មានជំងឺប្រចាំកាយអ្វី អាចញ៉ាំស្វាយទុំបាន 3/4 នៃផ្លៃក្រោយពេលបាយ៕

  • គេហដ្ឋានកាន់តែប្រណីត និងស៊ីវីល័យជាមួយមុខងារ Ambient Mode នៅលើទូរទស្សន៍ដ៏ឆ្លាតវៃ SAMSUNG Crystal UHD ថ្មី…!!

    គេហដ្ឋានកាន់តែប្រណីត និងស៊ីវីល័យជាមួយមុខងារ Ambient Mode នៅលើទូរទស្សន៍ដ៏ឆ្លាតវៃ SAMSUNG Crystal UHD ថ្មី…!!

    (ភ្នំពេញ) ថ្ងៃទី 10 ខែសីហា ឆ្នាំ ២០២០៖ ជម្រើស​ទូរទស្សន៍​កាលពីមុន​ឱ្យតែ​មើលឃើញ​រូបភាព និង​ឮ​សំឡេង​គឺ​បាន​ហើយ! ម្យ៉ាងទៀត​ទិញ​ទូរទស្សន៍​មក​ដាក់​ផ្ទះ​គឺ​ត្រូវ​តុបតែង​ថែម​នេះ…ថែម​នោះ…ដាក់​កន្លែង​នេះ​ទូលាយ…ដាក់​កន្លែង​នោះ​ចង្អៀត…ដាក់​ជិត​រូបថត ឬ​បន្ថែម​ផ្ទាំងគំនូរផ្សេងៗទើបបាន​វា​ឡូយ! តែ​ឥឡូវ​សម័យ AI ពី​កំពូល​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និ​ច​របស់​ក្រុមហ៊ុន សាម​សុង សម្រាប់​ទូរទស្សន៍​ដ៏​វៃឆ្លាត​បំផុត SAMSUNG Crystal UHD  ស៊េរី​ឆ្នាំ ២០២០ នេះ​នឹង​ផ្តល់ជូន​នូវ បទពិសោធន៍​អស្ចារ្យ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ស្ទើរ​មិនគួរ​ឱ្យ​ជឿ!!

    ដូច្នេះ​ក្រៅពី​ការកម្សាន្ត​ជាមួយនឹង​កម្រិត​រូបភាព​ភ្លឺ​ច្បាស់​ឥតខ្ចោះ រូបរាង​ស៊ិ​ច​ស៊ី​ទាក់ទាញ​លាត​ស្ទើរតែ​គ្មាន​គែម SAMSUNG Crystal UHD  ស៊េរី​ថ្មី​នេះ​គឺ​ត្រូវបាន​រចនា​ឡើងមក​យ៉ាង​ប្រណីត​ជាទីបំផុត​ដោយមាន​បំពាក់​មក​ជាមួយនឹង​បច្ចេកវិទ្យា​តាំង​រូបភាព​នៅលើ​ជញ្ជាំង​តាមបែប​ស៊ីវីល័យ (Ambient Mode) ដែល​អាច​កែប្រែ​បន្ទប់ទទួលភ្ញៀវ ឬ​កន្លែង​ដែល​លោកអ្នក​ដាក់ SAMSUNG Crystal UHD  ក្លាយជា​កន្លែង​ដែល​ពោរពេញ​ដោយ​សិល្បៈ និង​ភាព​ទាក់ទាញ​ជាមួយនឹង​រូប​ទេសភាពស្អាត, រូប​ជួបជុំ​ក្រុមគ្រួសារ​របស់លោក​អ្នក, ឬក៏​ផ្ទាំង​បង្ហាញ​នូវ​ព័ត៌មានផ្សេងៗបាន​ផងដែរ!

    ម៉េច​ដែរ…! ពិតជា​ឡូយ និង​ទាន់សម័យ​ណាស់​មែន​ទេ…? មាន​ទូរទស្សន៍​ដ៏​វៃឆ្លាត​បំផុត SAMSUNG Crystal UHD  ស៊េរី​ឆ្នាំ ២០២០ នេះ​តែមួយ​គ្រឿង​គឺ​ផ្តល់​ឲ្យ​អ្នក​នូវ​ទស្សនីយភាព, ការកម្សាន្ត និង​រស​និយម​សម្រាប់​ជីវិត​ដ៏​ទំនើប​ទាន់សម័យ​របស់លោក​អ្នក​យ៉ាង​ពេញចិត្ត​តែម្តង! នៅចាំ​អី​ទៀត…ប្រញាប់​ទិញ 1 គ្រឿង​ដាក់​ផ្ទះ​ឥឡូវនេះ ភ្លាម​ទៅ​ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍​នៃ​ពិភព​ដ៏​មហស្ចារ្យ​លើសពី​ការមើលឃើញ និង​លើសពី​ការរំពឹងទុក!

    សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់​តាម​ហាង​ទំនើប​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​អាចធ្វើ​ការទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន​ដោយ​ឥតគិតថ្លៃ​តាមរយៈ​ទូរស័ព្ទ​លេខ៖ 1800-20 32 32 !

    * បញ្ជាក់៖ សូមកុំ​ភ្លេច​សួររក​ប័ណ្ណធានា​រាល់​ការ​ជាវ​ទូរទស្សន៍ សាម​សុង គ្រី​ស្តា​ល់ យូ​អេ​ច​ឌី (Samsung Crystal UHD TV) តាម​បណ្តា​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង …!

  • អ្នកជំនាញសេដ្ឋកិច្ចថា Covid-19 អាចនាំមកនូវរបត់ថ្មីដែលល្អជាងមុន

    អ្នកជំនាញសេដ្ឋកិច្ចថា Covid-19 អាចនាំមកនូវរបត់ថ្មីដែលល្អជាងមុន

    ទន្ទឹមនឹង​គ្រប់គ្នា​មើលឃើញ​ពី​ឧបសគ្គ និង​បញ្ហា​ដែល​កើតឡើង​ដោយសារតែ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ Covid-19 មាន​អ្នកជំនាញ​មួយចំនួន​បាន​មើលឃើញ​ពី​ឱកាស និង​វិធីសាស្ត្រ​ស្តារ​ស្ថានភាព​ឡើងវិញ​ក្រោយពេល​វិបត្តិ​នៃ​បានកើត​ឡើង។

    បណ្ឌិត ចាន់ សុផល អ្នកជំនាញ​សេដ្ឋកិច្ច​បាន​មើលឃើញថា Covid-19 អាច​នាំមក​នូវ​របស់​ថ្មី​ដែល​ល្អ​ជាង​មុន​សម្រាប់​ប្រជាន និង​រដ្ឋ។ លោក​ថា របត់​ថ្មី​ទី1 គឺ មនុស្ស​នឹងមាន​ទម្លាប់​អនាម័យ​ល្អ​ជាង​មុន របត់​ថ្មី​ទី2គឺ ចំណូល​ផ្ទាល់ខ្លួន​ឬ​ចំណូល​គ្រួសារ​ថយចុះ នាំឱ្យមាន​ការចាយវាយ​មិន​ខ្ជះខ្ជាយ​ដូច​មុន និង​ចំណុច​ទី3 គឺ ចំណូល​ថវិការដ្ឋ​ថយចុះ នាំឱ្យ​ចំណាយ​ថវិការដ្ឋ​មិន​ខ្ជះខ្ជាយ​ដូច​មុន។ រដ្ឋ​អាច​ចំណាយ​ថវិកា​តិចជាង​មុន ប៉ុន្តែ​បាន​ប្រសិទ្ធ​ផល​ដូច​មុន ប្រសិនបើ​មានការ​កាត់បន្ថយ​ការបាត់បង់​ដែល​បាន​ទៅលើ​អ្នកមាន​ស្តុកស្តម្ភ​រួចទៅហើយ។

    លោក​បានបញ្ជាក់​ផងដែរ​ថា ការបែងចែក​របាយ​ចំណូល​ប្រកបដោយ​សមធម៌ នឹង​នាំឱ្យមាន​អំណោយផល​មួយ​គឺ ប្រជាពលរដ្ឋ​ច្រើន​គ្នា​មានលទ្ធភាព​ទិញ​ផ្ទះ ដីធ្លី និង​ផលិតផល ដែល​អ្នកមាន​ស្តុកស្តម្ភ​ជា​អ្នកលក់។ ការរំពឹង​លើ​បរទេស​ទិញ​ដូច​មុន ទំនងជា​មិន​ប្រាកដនិយម​ទេ នៅក្នុង​របត់​សេដ្ឋកិច្ច​ថ្មី៕

     

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    56 . វិធីកំចាត់ក្លិនស្អុយរបស់ម្ហូបអាហារនៅក្នុងទូទឹកកកដែលធំជាប់នៅក្នុងទឹកសម្រាប់ញ៉ាំ អាចធ្វើបានដោយការយកកាកកាហ្វេ ឬកាកតែដែលឆុងហើយមកដាក់ចោលនៅក្នុងទូទឹកកក ព្រោះកាកកាហ្វេ ឬកាកតែទាំងនោះនឹងបឺតស្រូបយកក្លិនមិនល្អទាំងនោះចេញពីក្នុងទូទឹកកករបស់បងៗអស់មិនខាន។

    57 . វិធីលាងសម្អាតម៉ាស៊ីនបោកខោអាវឱ្យស្អាតអាចធ្វើបានដោយការប្រើទឹកខ្មេះប្រមាណជា 2 កែវ លាយជាមួយទឹកត្រជាក់ធម្មតាកន្លះលិត្រចាក់ចូលទៅក្នុងម៉ាស៊ីនបោកខោអាវ ហើយបើកម៉ាស៊ីនឱ្យធ្វើការតាមធម្មតា។ ទឹកខ្មេះនឹងជួយបណ្តេញកំណកធូលីដីចេញពីក្នុងម៉ាស៊ីន និងការពារការណែនស្ទះបានទៀតផង។

    58 . វិធីសម្អាតស៊ុំកញ្ចក់ឆ្លុះមុខ ឬស៊ុំរូបថតឱ្យមើលទៅស្អាតដូចថ្មីនោះគឺ ចូរយកបន្ទះក្រណាត់មកជ្រលក់ប្រេងឆា ហើយយកទៅលាបនៅត្រង់ស៊ុំធ្វើពីឈើនោះ ហើយរង់ចាំឱ្យវាស្ងួតល្អ នឹងមើលទៅឃើញដូចថ្មីឡើងវិញមិនខាន។

    59 . វិធីសម្អាតឧបករណ៍សម្ភារប្រើប្រាស់ធ្វើអំពីកែវដោយមិនចាំបាច់ជូតគឺ ប្រើទឹកលាយជាមួយអាល់កុល លាងសម្អាតព្រោះទឹកល្បាយអាល់កុលនេះនឹងជួយចម្កាត់វត្ថុកខ្វក់ចេញបានយ៉ាងងាយ និងចំណុចសំខាន់នោះគឺ វានឹងស្ងួតដោយខ្លួនឯង ដោយមិនចាំបាច់ជូតនឹងក្រណាត់ទៀតឡើយ។

    60 . វិធីកម្ចាត់ក្លិនស្អុយអាប់នៅក្នុងទូដាក់ម្ហូបឱ្យក្រអូបស្រស់ស្រាយឡើងវិញគឺ ប្រើស៊ីម៉ង់ត៏សបន្តិចដាក់ក្នុងចានគោមធំល្មមមួយ យកទៅដាក់នៅត្រង់ជ្រុងណាមួយនៅក្នុងទូដាក់ម្ហូប ទុកចោលប្រមាណជា 2 – 3 ថ្ងៃ ក្លិនអាប់មិនល្អទាំងប៉ុន្មានក៏នឹងរលាយបាត់អស់មិនខាន។

    (នៅមានត)

  • ប្រយោជន៍របស់ការអាំងភ្លើងដែលស្រ្តីប្រសូតបុត្ររួចគួរតែដឹង…

    ប្រយោជន៍របស់ការអាំងភ្លើងដែលស្រ្តីប្រសូតបុត្ររួចគួរតែដឹង…

    ជារឿងដែលស្រ្តីក្រោយប្រសូតនាំគ្នាធ្វើមកតាំងពីបុរាណ ការអាំងភ្លើងនឹងធ្វើឱ្យស្រ្តីក្រោយប្រសូតមានអារម្មណ៍ស្រួលខ្លួនធូរស្រាលអារម្មណ៍ សាច់ស្បែកតឹងណែនភ្លឺថ្លា។ ការអាំងភ្លើង ឬការនៅលើភ្លើង នៅពេលពិចារណាមើលហើយ វាជារឿងល្អសម្រាប់ស្រ្តីទើបឆ្លងទន្លេហើយថ្មីៗ បើសិនជាអាចទៅរួចស្រ្តីទើបឆ្លងទន្លេរួចគួរតែអាំងភ្លើង តែបើមិនត្រូវធាតុគ្នាជាមួយភ្លើង ស្រ្តីឆ្លងទន្លេរួចត្រូវធ្វើឱ្យរាងកាយកក់ក្តៅជាប់ជានិច្ច ដូចជា ងូតទឹកក្តៅឧណ្ហៗ ញ៉ាំទឹកក្តៅឧណ្ហ។ល។

    ប្រយោជន៍របស់ការអាំងភ្លើង

    ពេទ្យបែបផែនបុរាណជឿថា ការអាំងភ្លើង ឬការនៅលើភ្លើងក្រោយពេលឆ្លងទន្លេរួចនេះជួយកាត់បន្ថយអាការឈឺចុករួយ ឬអាការរលាកបរិវេណសាច់ដុំឆ្អឹងខ្នង ឬជើង និងជួយកាត់បន្ថយអាការរងាញ័រញាក់ដោយសារការសម្រួលសីតុណ្ហភាពរបស់រាងកាយដែលកើតពីការបាត់បង់ឈាមច្រើនក្រោយពេលប្រសូត ជួយឱ្យស្បូនឆាប់ជាសះប្រក្រតីឡើងវិញ និងការពារការឆ្លងមេរោគក្នុងប្រអប់ស្បូនក្រោយពេលប្រសូត។

    ការអាំងភ្លើងជួយរឹបពង្រឹត

    តាមរយៈបទពិសោធន៍ដោយផ្ទាល់របស់ចាស់ៗជំនាន់យាយៗសុទ្ធតែបានប្រាប់ថា ការអាំងភ្លើងធ្វើឱ្យប្រព័ន្ធឈាមរត់ហូរវិលបានល្អឡើង និងគ្មានអាការរងាញាក់ ឬឈឺចុករួយអ្វីឡើយ និងជួយពង្រឹតរឹបរាងកាយឱ្យឆាប់ប្រក្រតីឡើងវិញ។

    ការអាំងភ្លើង ឬការនៅលើភ្លើងកាលពីសម័យមុន

    ការអាំងភ្លើងកាលពីសម័យមុនមាន 2 បែប គឺបង្កាត់ភ្នក់ភ្លើងតូចមួយនៅក្បែរខ្លួនម្តុំៗក្បាលពោះ និងការបង្កាត់ភ្នក់ភ្លើងនៅពីក្រោមគ្រែឬស្សីដោយមានស្រ្តីទើបឆ្លងទន្លេរួចគេងពីលើ និងភាគច្រើនចាស់ៗបុរាណនិយមធ្វើតាមបែបទីពីរនេះ ដោយមានសាច់ញាតិ ឬប្តីនៅចាំមើលភ្លើងអុស។ ចាស់ៗបុរាណជឿថា ក្រោយពេលប្រសូតបុត្ររួចស្រ្តីគួរតែបានអាំងភ្លើងពី 7 – 15 ថ្ងៃ។

    ការអាំងភ្លើងសម័យថ្មី

    ការអាំងភ្លើងសម័យនេះងាយស្រួលជាងសម័យមុនច្រើនណាស់ មានទូក្រណាត់ឃ្លុំត្រឹមកដែលអាចធ្វើបានយ៉ាងងាយស្រួលនៅក្នុងផ្ទះដោយមានចង្រ្កានភ្លើង និងក្អមដាក់ឱសថបុរាណសប្រាប់ស្រ្តីទើបឆ្លងទន្លេរួចឆ្ពុងរាងកាយទៀតផង។ អាចនិយាយបានថាជាវិវឌ្ឍនាការថ្មីដែលក្លាយមកពីការបង្កាត់ភ្នក់ភ្លើងនៅក្បែរក្បាលពោះស្រ្តីទើបឆ្លងទន្លេរួចភ្លាមហ្នឹងឯង៕