Author: ធឿន មករា

  • តុបតែងបន្ទប់ឲ្យស្អាតដោយវាំងនន

    តុបតែងបន្ទប់ឲ្យស្អាតដោយវាំងនន

    ទំព័រតុបតែងផ្ទះលេខនេះ យើង សូមបង្ហាញជូនពីវិធីជ្រើសរើសទិញវាំង​​ននដើម្បីឲ្យសក្តិសមនឹងការប្រើការក្នុងរូប​​បែបផ្សេងៗមកជំរាបជូនប្រីយមិត្តអ្នកអាន រួមទាំងការប្រែប្រួលរូបឆោមបន្ទប់របស់អ្នកឲ្យកាន់តែស្អាតឡើងដោយសាវាំងនន ឲ្យ ត្រូវនឹងយុគសម័យទៀតផង ។

    បើឲ្យបែងចែកប្រភេទក្រណាត់វាំងននតាមការប្រើការនោះ យើងអាចបែងចេញជា 2ប្រភេទគឺ ៖

    1 . វាំងននត្រងពន្លឺថ្ងៃ ៖ មានលក្ខណះជាក្រណាត់ពណ៌ខ្ចី ទម្ងន់ស្រាលដើម្បីឲ្យពន្លឺថ្ងៃ​ចាំងចូលមកតាមសាច់​ក្រណាត់ ពេលមើលទៅនឹងធ្វើឲ្យមានអារម្មណ៏ថា សប្បាយភ្នែក ។

    . ​ ចំណុចអន់ ៖ ក្រណាត់ដែលអាចឲ្យពន្លឺចាំងចូលបាន ច្រើនតែងាយប្តឹតជាប់លំអងធូលីដី ។

    2 . វាំងននការពារពន្លឺថ្ងៃ ៖ មានភាពបិទបាំងពន្លឺ មានន័យថា​ ពន្លឺអាចឆ្លងចូលមកបានតិចបំផុត អាចមកពីសាច់​ក្រណាត់ ឬមានក្រណាត់ច្រើនជាន់ និងមានទម្ងន់ធ្ងន់ ។

    . ចំណុចអន់ ៖ មិនអាចបោកគក់សំអាតបានញឹកញាប់ឡើយ ។

    វាំងននតាមបន្ទប់ផ្សេងៗ ៖

    បន្ទប់គេង

    • សង្កត់ធ្ងន់លើការ : ជួយបាំងពន្លឺថ្ងៃ​ ខ្ទប់សម្លេងពីខាងក្រៅ និងបង្កើតនូវអារម្មណ៏ស្ងប់ស្ងាត់ដល់ម្ចាស់បន្ទប់ ។
    • ណែនាំ : អាចប្រើក្រណាត់បែបណាក៏បាន ឬបើបានបែបវាំងននផងរឹតតែល្អ តែសំណូមពថា ត្រូវប្រើក្រណាត់ដែល
    • ក្រាស ដែលល្មមអាចបាំងពន្លឺថ្ងៃពេលព្រឹកព្រលឹមបាន ។
    • ពណ៌ : គួរតែប្រើពណ៌ត្រជាក់ៗ និងភ្លឺដើម្បីឲ្យមានអារម្មណ៏សប្បាយភ្នែក ។

    បន្ទប់ធ្វើការ

    • សង្កត់ធ្ងន់លើការ : គោលបំណងក្នុងការជ្រើសរើសវាំងនន​ក្នុងបន្ទប់ធ្វើការ គឺការគ្រប់គ្រងពន្លឺពីខាងក្រៅឲ្យចូលមក
    • ក្នុងបន្ទប់ក្នុងកំរឹតដែលសមល្មម ។
    • ណែនាំ : គួរជ្រើសរើសវាំងននដែលមានលក្ខណះសំរួលពន្លឺបាន ឬវាំងននស្លាបព្រឹល ដើម្បីងាយស្រួលតម្លើង ឬបន្ថយពន្លឺបានតាមត្រូវការ ។
    • ពណ៌ : ត្រូវមានភាពស៊ីគ្នាជាមួយពណ៌បន្ទប់ និងពណ៌តុកៅអី ជាពិសេសពណ៌ភ្លឺ​ ឬពណ៌រាងខ្ចីៗដើម្បីឲ្យមានអា រម្មណ៏សប្បាយ មិនធុញថប់ក្នុងពេលធ្វើការ ។

    បន្ទប់ទទួលភ្ញៀវ

    • សង្កត់ធ្ងន់លើការ ៖ តុបតែងបន្ទប់ដើម្បីឲ្យមើលទៅកាន់តែស្រស់ស្អាតឡើង ហើយថែមទាំងអាចជួយការពារពន្លឺ
    • និងត្រងយកពន្លឺថ្ងៃបានក្នុងកំរឹតណាមួយ ដើម្បីសាងនូវទីកន្លែងផ្ទាល់ខ្លួនមួយដល់ម្ចាស់ផ្ទះ និងភ្ញៀវដែលមកលេង ។
    • ​ណែនាំ : សំរាប់បន្ទប់នេះ អ្នកអាចជ្រើសរើសម៉ូតតាមចិត្តស្រឡាញ់ សុំឲ្យតែមានភាពស្រស់ស្អាតទៅបានហើយអាចជាវាំងនន 2ជាន់ ឬវាំងននស្លាបព្រឹលក៏ស្អាតម្យ៉ាងដែរ ។
    • ពណ៌​ : រឿងរបស់ពណ៌ដែលចង់ជ្រើសរើសប្រើក្នុងបន្ទប់នេះ សុំឲ្យមើលភាពស៊ីគ្នារបស់ពណ៌នៅក្នុងបន្ទប់ជាគោល

    បន្ទប់ចង្រ្កានបាយ

    • សង្កត់ធ្ងន់លើការ : ឲ្យមានប្រយោជន៏ក្នុងរឿងបែងចែកទីកន្លែងជាផ្នែកៗ អាចគ្រប់គ្រងពន្លឺ ការពារធូលីដីពេលធ្វើម្ហូបអាហារបានយ៉ាងសមរម្យ ។
    • ណែនាំ : ណែនាំឲ្យប្រើបែបវាំងននស្លាបព្រឹល ព្រោះយើងអាចសំរួលកំរឹតពន្លឺបានតាមតំរូវការ និងបាំងខ្សែភ្នែកពីពន្លឺថ្ងៃ​ខ្លាំងៗបាន និងសំខាន់គឺ អាចជូតសំអាតបានដោយងាយ ។
    • ពណ៌ : គួរជ្រើសរើសយកពណ៌រាងចាស់ល្មម មិនស្រស់ពេក ឬមិនចាស់ជ្រុលពេក ដើម្បីឲ្យស្ត្រីមេផ្ទះមានអារម្មណ៏សប្បាយភ្នែកពេលធ្វើម្ហូបអាហារ តែអាចជំរុញភាពឃ្លានបានដែរ ដូចជាពណ៌ សូកូឡាស្រាល ពណ៌លឿងទុំស្រាលជាដើម៕
  • បងៗស្រ្តីមេផ្ទះគួរតែដឹង…ហេតុផលដែលចាស់បុរាណហាមស្ងោរស៊ុតក្នុងឆ្នាំងបាយ និងវិធីស្ងោរស៊ុតក្នុងឆ្នាំងដាំបាយអគ្គិសនីដ៏សែនងាយស្រួលបំផុត

    បងៗស្រ្តីមេផ្ទះគួរតែដឹង…ហេតុផលដែលចាស់បុរាណហាមស្ងោរស៊ុតក្នុងឆ្នាំងបាយ និងវិធីស្ងោរស៊ុតក្នុងឆ្នាំងដាំបាយអគ្គិសនីដ៏សែនងាយស្រួលបំផុត

    កាលពីសម័យមុន បើកូនស្រី ឬកូនប្រសារស្រីផ្ទះណាស្ងោរស៊ុតនៅក្នុងបាយដែលកំពុងដាំក្នុងឆ្នាំងតែមួយដំណាលគ្នានោះ ច្បាស់ជាត្រូវម្តាយជេរបញ្ចោយ៉ាប់យ៉ឺនមិនខាន ព្រោះចាស់ៗបុរាណមានជំនឿដែលដក់ជាប់នៅក្នុងខួរក្បាលតាំងពីយូរយារមកហើយពាក់ព័ន្ធនឹងរឿងមិនសមរម្យ ប្រផ្នូលមិនល្អ និងក្តីអាក្រក់ស៊យ ជាដើម ទើបនាំគ្នាមានទម្លាប់ប្រតិបត្តិផ្សេងៗដូចដែលធ្លាប់បានឃើញកន្លងមក។

    ស៊យ ចង្រៃ វាសនាអាប់

    ជាជំនឿរបស់អ្នកភូមិភាគឦសាន(សព្វថ្ងៃក៏នៅមានខ្លះៗដែរ)ដែលជឿថា បើកូនក្រមុំផ្ទះណាយកស៊ុតទៅស្ងោរក្នុងបាយដែលកំពុងដាំនោះ ចាស់បុរាណជឿថា នឹងធ្វើឱ្យទេពធិតានៃអាហាររត់គេចបាត់ ព្រោះទេពធិតានៃអាហារនឹងសណ្ថិតនៅក្នុងគ្រាប់អង្ករ ធ្វើឱ្យត្រជាក់ត្រជុំសុខសប្បាយ មានហូបមានចុក មានស្រូវអង្ករពេញជង្រុក មានទឹកពេញពាងពេញអាង តែបើយកស៊ុតទៅដាក់ស្ងោរក្នុងបាយកំពុងដាំនោះមានន័យថា មិនគោរពដល់អង្គទេពធិតា នឹងធ្វើឱ្យសំណាងអាក្រក់ វិនាសហិនហោច និងកើតក្តីចង្រៃក្នុងជីវិតហ្នឹងឯង។

    សម្បកស៊ុតមិនស្អាត បាយនឹងឆាប់ផ្អូមខូច

    តែបើយើងមើលក្នុងផ្លូវវិទ្យាសាស្រ្តវិញ សម្បកស៊ុតដែលមិនស្អាត លាយឡំមកជាមួយនូវកំណកដី ឬលាមកសត្វនោះ អាចធ្វើឱ្យបាយដែលដាំថ្មីៗធំក្លិនមិនល្អ ឆាប់ស្អុយផ្អូម និងបើរឹតតែស៊ុតដែលស្ងោរនោះកើតបែកហៀរចេញមកមុនពេលឆ្អិនផង នឹងរឹតតែធ្វើឱ្យបាយក្រអូបឈ្ងុយនោះ ក្លាយជាបាយជ្រាយប៉ប៉ាច់ និងមានក្លិនឆ្អាបស៊ុតភ្លាមតែម្តង ដូច្នេះជំនឿដែលរៀបរាប់មកខាងលើនោះ អាចជាឧបាយកលរបស់មនុស្សចាស់ក៏អាចថាបានដែរ។

    តិចនិកការស្ងោរស៊ុតក្នុងឆ្នាំងដាំបាយអគ្គិសនីមិនឱ្យបែក

    នៅពេលយើងនឹកដល់ភាពងាយស្រួល និងឆាប់រហ័សក្នុងសម័យបច្ចុប្បន្នដោយមិនខ្វល់ពីជំនឿរបស់ចាស់ៗបុរាណនោះ យើងនឹងឃើញថា ឆ្នាំងដាំបាយអគ្គិសនីសព្វថ្ងៃនេះមានកុងតាក់ជាច្រើនដែលជួយឱ្យយើងងាយស្រួលក្នុងការដាំចម្អិន ទាំងដាំបបរ ធ្វើនំខេក ចំហុយ ស្ងោរ រម្ងាស់ តែហេតុអីបានគ្មានកុងតាក់ចុចសម្រាប់ស្ងោរស៊ុត? បើចុចកុងតាក់ខុស ស៊ុតនឹងផ្ទុះទេដឹង?។ អូខេៗ! បងៗស្រ្តីមេផ្ទះមិនចាំបាច់នាំគ្នាកង្វល់នាំតែវែងឆ្ងាយទេ ថ្ងៃនេះឡា រ៉ែនមានតិចនិកការស្ងោរស៊ុតក្នុងឆ្នាំដាំបាយអគ្គិសនីមិនឱ្យបែក និងមិនចាំបាច់ខ្លាចថា ក្តីចង្រៃនឹងមកសួររកមុខនោះទេ ព្រោះវាមានតែចំណេញពេលវេលា សន្សំសំចៃភ្លើង និងសន្សំសំចៃកម្លាំងទៀតផង ដូច្នេះសូមបងៗស្រ្តីមេផ្ទះនាំគ្នាមើលជាបន្តដូចតទៅ ៈ

    វិធីស្ងោរ

    – ដាក់ក្រដាសជូតដៃទ្រាប់បាតឆ្នាំងប្រមាណជា 2 – 3 បន្ទះ។

    – បន្ទាប់ពីនោះក៏ប្រោះទឹកលើក្រដាស់ជូតដៃនោះឱ្យជោក មិនបាច់ដាក់ទឹកចូលទេ ត្រឹមតែទឹកសើមជោកប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយ។

    – ដាក់ស៊ុតចូលទៅតាមតម្រូវការ។

    – ចុចកុងតាក់ដាំបាយតាមធម្មតា ហើយរង់ចាំរហូតទាល់តែកុងតាក់លោត នោះបានន័យថា ស៊ុតឆ្អិនហើយ។ បើបងៗស្រ្តីមេផ្ទះចូលចិត្តស៊ុតក្រហមបែបឆ្អិនល្មមៗនោះ ចូរយកស៊ុតចេញភ្លាមតែម្តង តែបើចូលចិត្តបែបឆ្អិនខ្លាំង ចូរទុកចោលមួយស្របក់ទៀតក៏បាន។ ត្រឹមតែប៉ុណ្ណឹង បងៗនឹងបានស៊ុតស្ងោរដោយឆ្នាំងដាំបាយអគ្គិសនីដែលលឿន និងងាយស្រួលបំផុតបាត់ទៅហើយ។

    ករណីស្ងោរស៊ុតក្នុងបាយកំពុងដាំ

    បើបងៗស្រ្តីមេផ្ទះកំពុងដាំបាយក្នុងឆ្នាំងដាំបាយស្រាប់ហើយ និងចង់ដាក់ស៊ុតស្ងោរទៅជាមួយដែរ តែខ្លាចស៊ុតនឹងបែកដោយសារតែសម្បកស៊ុតនោះស្តើង និងទប់ទល់នឹងកម្លាំងសម្ពាធរុញពីខាងក្នុងស៊ុតមិនបាន ធ្វើឱ្យបែកប្រឡាក់ពេញបាយនោះ គន្លឹះងាយៗក៏គឺ ហាមដាក់ស៊ុតចូលទៅពេលដែលបាយកំពុងពុះ តែត្រូវដាក់ចូលទៅពេលដែលទឹកកំពុងចាប់ផ្តើមរីងទើបជាការត្រឹមត្រូវ គឺដូចគ្នានឹងគោលការណ៍វិធីស្ងោរដោយដាក់ក្រដាសជូតដៃ ហើយប្រោះទឹកហ្នឹងឯង៕

  • Nissan ចំណាស់ អាយុ 13ឆ្នាំ ជិះ​បាន 1.6លាន​គីឡូម៉ែត្រ ត្រូវបាន​ក្រុមហ៊ុន​ប្តូរ​ឱ្យ​ថ្មី 1វិញ

    Nissan ចំណាស់ អាយុ 13ឆ្នាំ ជិះ​បាន 1.6លាន​គីឡូម៉ែត្រ ត្រូវបាន​ក្រុមហ៊ុន​ប្តូរ​ឱ្យ​ថ្មី 1វិញ

    រថយន្ត Nissan Frontier ដែលមាន​រហស្សនាម​ថា “Million Mile Frontier” នេះ គឺជា​កម្មសិទ្ធិ​របស់លោក Brian Murphy ជា​អ្នក​ដឹកទំនិញ​ម្នាក់​ក្នុង​ទីក្រុង Chicago ដោយ​លោក​បាន​ប្រើ​វា​អស់​រយៈពេល 13ឆ្នាំ​មកហើយ។

    រថយន្ត Nissan ម៉ូ​ដែល Frontier ឆ្នាំ2007 នេះ បានធ្វើ​ដំណើរ​អស់​ចម្ងាយ 1លាន​ម៉ា​យល៍ (1.6លាន​គីឡូម៉ែត្រ) ឥឡូវនេះ វា​ត្រូវ​ចូលនិវត្តន៍​ហើយ។ វា​នឹង​ត្រូវគេ​ដាក់តាំង​នៅឯ​រោងចក្រ Nissan Smyrna Vehicle Assembly Plant ក្នុង​ទីក្រុង Smyrna រដ្ឋ Tennessee សហរដ្ឋអាមេរិក ជាទី​តាំង​ដែល​វា​ចាប់កំណើត។

    អំ​ប្រ៊ី​យ៉ា​លើ​រថយន្ត Frontier របស់លោក Murphy អាចមាន​អាយុកាល​ដល់ 801,000ម៉ា​យល៍ (1.28លាន​គីឡូម៉ែត្រ) ខណៈ​ច្រវាក់ ត្រូវការ​ផ្លាស់ប្តូរ​នៅពេល​កុង​ទ័​រ​វិល​ដល់​លេខ 700,000ម៉ា​យល៍ (1,12លាន​គីឡូម៉ែត្រ) ធុង​ទឹក និង​ដុំ​ភ្លើង អាច​ស៊ូ​បាន 450,000ម៉ា​យល៍ (724,000គីឡូម៉ែត្រ) ខណៈ​កៅអី​អ្នកបើកបរ ធន់​បានត្រឹមតែ 500,000ម៉ា​យល៍ (800,400គីឡូម៉ែត្រ) នឹងត្រូវ​ប្តូរ​ចេញ ដាក់​ថ្មី។

    ក្រោយពេល​មើលឃើញថា រថយន្ត​នោះ​នៅ​ស្អាត​ភ្លឹង​បែបនេះ  ក្រុមហ៊ុន Nissan បាន​ជូន​កាដូ​រថយន្ត Frontier ស៊េរី​ឆ្នាំ2020 ថ្មី 1គ្រឿង​ទៅ​លោក Murphy ដើម្បី​ជាការ​លើកទឹកចិត្ត៕

  • មណ្ឌលទេសចរណ៍ដ៏កម្រ និងសែនអាថ៌កំបាំង 3 កន្លែងក្នុងប្រទេសជប៉ុន

    មណ្ឌលទេសចរណ៍ដ៏កម្រ និងសែនអាថ៌កំបាំង 3 កន្លែងក្នុងប្រទេសជប៉ុន

    បើបានទៅលេងប្រទេសជប៉ុនមួយដង ច្បាស់ជាមានលើកទីពីរ ទីបី ទីបួន…និងទៅហើយទៅទៀតមិនខាន ព្រោះប្រទេសជប៉ុនអាចដើរលេងបានគ្រប់កន្លែង មានអ្វីល្អៗគ្រប់ទិសទី ដូចជាលើកនេះដូច្នោះដែរ ឡារ៉ែនមានទីកន្លែង 3 ដែលនឹងធ្វើឱ្យមិត្តអ្នកអានបានជួបនូវបទពិសោធដ៏មានតម្លៃមកជម្រាបជូនដូចតទៅ ៖

    1 . ប្រាសាទអាថ៌កំបាំង (អាចទៅដល់បានដោយជិះរថភ្លើងក្នុងតំបន់)

    ប្រាសាទ​ ថាខេដៈ (竹田城跡) មានឈ្មោះល្បីល្បាញថាជា ” Machu Pichu របស់ជប៉ុន” ជាប្រាសាទចំណាស់មួយដែលផុសឡើងកណ្តាលដុំពពកដែលគ្របដណ្តប់ពីលើជ្រលងភ្នំ ជាទិដ្ឋភាពមួយដ៏គួរឱ្យអស្ចារ្យខ្លាំងណាស់។

    កំពែងប្រាសាទថ្មដ៏សែនស្អាតទំហំធំបំផុតរបស់ប្រទេស ឆ្លងកាត់ភ្លៀងខ្យល់មក 400 ឆ្នាំហើយ ចាប់តាំងពីក្លាយជាប្រាសាទរហោស្ថានដ៏មានមន្តស្នេហ៍ទាក់ទាញដួងចិត្តអ្នកទេសចរមក នៅទីនោះមានអ្វីម្យ៉ាងដែលស្ថិតនៅក្រៅពីការយល់ឃើញរបស់មនុស្ស។ Machu Pichu ពិតប្រាកដស្ថិតនៅឯប្រទេសប៉េរូ តែ Machu Pichu របស់ជប៉ុនស្ថិតនៅក្នុងខេត្ត ហៀវកុ។ យើងនឹងបានឃើញ “ប្រាសាទនៃផ្ទៃមេឃ” នេះផុសឡើងកណ្តាលក្រុមដុំពពក ដោយមានភាពខុសប្លែកពីគ្នាខ្លាំងណាស់រវាងពេលព្រឹក និងពេលល្ងាច។ ពេលព្រឹកព្រលឹមក្នុងខែកញ្ញា ដល់វិច្ឆិកាដែលមានដុំអ័ព្ទក្រាស់ៗបង្ហាញខ្លួនឡើងយ៉ាងងាយៗនោះ គឺជាអំឡុងពេលដែលល្អបំផុត រឹតតែជាពេលវេលាមុនព្រះអាទិត្យរះឡើងផងនោះ យើងនឹងបានឃើញផ្ទាំងទស្សនីយភាពនៃសមុទ្រអ័ព្ទពណ៌សក្បុស ជាមួយនឹងពិភពលោកពណ៌ផ្ទៃមេឃក្នុងពន្លឺព្រាលៗ ដែលនឹងធ្វើឱ្យបេះដូងយើងរំភើបញាប់ញ័រមិនខាន។

    2 . សមុទ្រអ័ព្ទប្តូរអារម្មណ៍ ផ្ទាំងទស្សនីយភាពដែលត្រូវតែឃើញឱ្យបានម្តងក្នុងមួយជីវិត

    “រានហាលសមុទ្រអ័ព្ទ” សាងឡើងនៅលើកំពូលភ្នំដែលមានកម្រិតកម្ពស់លើនីវ៉ូទឹកសមុទ្រ 1,088 ម៉ែត្រ ស្ថិតនៅក្នុង H oshino Resort Tomamu ជាទីកន្លែងដ៏វិសេសក្នុងការបាននែបនិត្យជាមួយដុំពពកដែលអណ្តែតមកចំពីមុខក្នុងចម្ងាយដែលឈោងដៃចាប់បាន។ យើងអាចជួបនឹងទស្សនីយភាពនេះបានក្នុងអំឡុងពេលមានកំណត់មួយ គឺចាប់តាំងពីឧសភា ដល់ខែតុលា និងចំពោះតែពេលព្រឹកព្រលឹម និងមានភាពអាចទៅរួចត្រឹមតែ 3 – 5% ប៉ុណ្ណោះក្នុងការបានរំភើបញាប់ញ័រផ្សងព្រេងទៅជាមួយនឹងអ្វីដែលយើងមិនអាចឃើញបានដោយងាយៗនោះ។

    មានអ្នកទេសចរធ្វើដំណើរមកទស្សនាភាពស្រស់ស្អាតនៅឯ “រានហាលសមុទ្រអ័ព្ទ” នេះ 7 សែននាក់សម្រាប់រដូវកាលទស្សនាសមុទ្រអ័ព្ទឆ្នាំនេះ។

    3 . នែបនិត្យជាមួយខ្យល់ដង្ហើមនៃធម្មជាតិលើទួលជណ្តើរថ្ម និងដើមស្រល់ធំៗអាយុរាប់រយឆ្នាំ

    Kumano Kodou ដែលយើងនឹងបាននែបនិត្យជាមួយនឹងបរិយាកាសដ៏អាថ៌កំបាំងមួយនេះគឺជាដំណើរផ្លូវស្វែងរកធម៌ដែលតភ្ជាប់ព្រះវិហារ 3 គឺព្រះវិហារ ឃូម៉ាណុ ណាជិថៃឆៈ ព្រះវិហារ ឃូម៉ាណុ ហាយ៉ៈថាម៉ៈថៃឆៈ និងព្រះវិហារ ឃូម៉ាណុ ហុនគូថៃឆៈ។

    ដោយត្រូវបានប្រសិទ្ធនាមឱ្យថា “ឃូម៉ាណុ សាំងហ្សាន់”( Kumano sanzan ) ខ្សែផ្លូវនៃជំនឿដែលបានទទួលការចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនេះ មានដើមស្រល់ធំៗអាយុរាប់រយឆ្នាំចាក់ឬសយ៉ាងជ្រៅនៅលើដែនដីស័ក្តិសិទ្ធិដុះរៀងតាមសងខាងផ្លូវ។

    បរិយាកាសប្រៀបដូចជាត្រូវបានកាត់ផ្តាច់ចេញពីពិភពលោក ទីនេះជាខ្សែផ្លូវដែលមនុស្សម្នាក្នុងយុគសម័យ ហេអាន់ នាំគ្នាដើរឡើងទួលជណ្តើរថ្មដែលហាក់ដូចជាបានឆ្លងកាលវេលាជានិរន្តរ៍។ បើទៅទីនោះ នឹងកើតមានអារម្មណ៍របស់មនុស្សដែលមានសទ្ធា និងជំនឿក្នុងការដើរលើខ្សែផ្លូវនេះ។

    ក្នុងអំឡុងពេលឈានជើងដើរទៅតាមខ្សែផ្លូវនេះម្តងមួយជំហាន ម្តងមួយជំហាន យើងនឹងបានដឹងពីខ្យល់ដង្ហើមរបស់ធម្មជាតិកណ្តាលធាតុអាកាសបរិសុទ្ធ និងក្លិនក្រអូបរបស់ដើមឈើ ដែលនឹងធ្វើឱ្យបេះដូងស្ងប់ស្ងាត់ និងហាក់បានបញ្ចូលថាមពលថ្មីៗ៕

  • គេង…បំបាត់រោគា

    គេង…បំបាត់រោគា

    ការគេងសម្រាកឱ្យលក់ក្រៅពីជាការ​សម្រាកដ៏ល្អបំផុតមួយហើយនោះ ឥរិយាបថដំណេកដែលសក្តិសមនៅអាចបំបាត់អាការឈឺថ្កាត់របស់យើងបានទៀតផង ។

    . ឥរិយាបថគេងផ្ងារ

    គឺជាឥរិយាបថដំណេកដ៏ត្រឹមត្រូវ តែនឹងមិនសក្តិសមជាមួយនឹងអ្នកដែលមានជំងឺបេះដូង និងសួតឡើយ ព្រោះថានៅពេលដែលយើងគេងផ្ងារ សាច់ដុំក្បាំងខ្យល់ដែលឃាំងរវាងប្រអប់ទ្រូង និងប្រហោងពោះនឹងសង្កត់លើសួត ធ្វើឱ្យពិបាកដកដង្ហើម ។

    ចំណែកបេះដូងវិញក៏មិនអាចបឺតបាញ់ឈាមចេញពីបេះដូងបានស្រួលដែរ ធ្វើឱ្យដង្ហក់ និងដកដង្ហើមរាងស្ទះៗ​ តែបើ​សឹនជានៅតែចង់ ឬចាំបាច់ត្រូវតែគេងក្នុងឥរិយាបថនេះ ចូរគេងក្នុងឥរិយាបថស្ទើរគេងស្ទើរអង្គុយ ដោយឱ្យផ្នែកខាងលើនៃ​រាងកាយខ្ពស់ឡើងបន្តិច ។

    . ឥរិយាបថគេងផ្អៀង

    ក្រៅពីជួយកាត់បន្ថយសំឡេងស្រមុកហើយនោះ ឥរិយាបថនេះនៅសក្តិសមជាមួយអ្នកដែលមានអាការឈឺខ្នងទៀតផង ព្រោះបើអ្នកដែលឈឺខ្នងគេងផ្ងារវិញនោះ ច្បាស់ជាបានឈឺឥតឈប់ពេញមួយយប់មិនខាន ។

    តែបើចូលចិត្តគេងផ្អៀងខាងឆ្វេងវិញ គួរឱបខ្នើយឱប និងយកជើងគងពីលើផងនឹងរឹតតែប្រសើរ ព្រោះចំណុចមិនល្អរបស់ឥរិយាបថនេះ គឺធ្វើឱ្យបេះដូងដែលស្ថិតនៅក្នុងប្រអប់ទ្រូងប៉ែកខាងឆ្វេងពិបាកធ្វើការ ហើយអាហារដែលនៅមិនទាន់​រំលាយអស់នឹងសេសសល់នៅក្នុងក្រពះ ធ្វើឱ្យកើតអាការចុកឆ្អល់ឡើងមកចុងដង្ហើមបាន ។ ចំណែកអ្នកដែលចូលចិត្តគេងផ្អៀងខាងស្តាំវិញអាចនិយាយបានថា សំណាងល្អណាស់ ព្រោះជាឥរិយាបថដំណេកដែលល្អបំផុត ព្រោះបេះដូងនឹងធ្វើការបានស្រួល ហើយអាហារក្នុងក្រពះក៏ត្រូវច្របាច់ចុះទៅក្នុងពោះវៀនតូចបានយ៉ាងល្អដែរ និងថែមទាំងជាឥរិយាបថដែលជួយកាត់បន្ថយអាការឈឺខ្នងបានទៀតផង ។

    . ឥរិយាបថគេងផ្កាប់

    មនុស្សភាគច្រើនៗប្រើឥរិយាបថនេះពេលគេងអានសៀវភៅ ចំណុចមិនល្អរបស់ឥរិយាបថនេះគឺ នឹងធ្វើឱ្យឈឺគល់ក តែបើចាំបាច់ត្រូវតែគេងក្នុងឥរិយាបថនេះមែនទែននោះ សូមណែនាំឱ្យរកខ្នើយមកទ្រាប់ក្រោមដើមទ្រូង ដើម្បីកុំឱ្យចុករួយ និងដកដង្ហើមបានស្រួលផង ៕

  • ប្រភពវីតាមីន C ធម្មជាតិសម្រាប់កូនសម្លាញ់

    ប្រភពវីតាមីន C ធម្មជាតិសម្រាប់កូនសម្លាញ់

    ក្មេងៗឧស្សាហ៍ផ្តាសាយញឹកញាប់ណាស់ ជាពិសេសក្នុងវ័យមត្តេយ្យ ព្រោះមេរោគផ្តាសាយអាចផ្សព្វផ្សាយបានឆាប់រហ័សនៅក្នុងខ្យល់អាកាស ក្មេងៗដែលកើតផ្តាសាយគួរតែផ្អាករៀនសិន រហូតទាល់តែជាដាច់។ លោកឪពុកអ្នកម្តាយជាច្រើនជ្រើសរើសឱ្យកូនញ៉ាំវីតាមីន C បន្ថែម ដែលបច្ចុប្បន្នគេមើលឃើញថាមានដាក់លក់យ៉ាងច្រើន ទាំងប្រភេទគ្រាប់ និងប្រភេទទឹកស៊ីរ៉ូ តែលោកឪពុកអ្នកម្តាយដឹងទេថា ប្រភពវិតាមីន C កម្រិតកំពូលនោះ ការពិតចេញមកពីបន្លែ និងផ្លែឈើ ដែលមានគុណតម្លៃខ្លាំងជាងវីតាមីន C បន្ថែមទៅទៀត និងលោកឪពុកអ្នកម្តាយក៏អាចរកទិញមកឱ្យកូនតូចញ៉ាំបានយ៉ាងងាយៗផងដែរ។

    វីតាមីន C គឺអ្វី?

    “វីតាមីន C” ឬអាស្ក័រប៊ិក អាស៊ីដ(Ascorbic Acid )ជាវីតាមីនប្រភេទរលាយក្នុងទឹក។ វីតាមីន C មានប្រយោជន៍ច្រើនណាស់ ដូចជា ប្រើព្យាបាល និងការពាររោគស្លន់ស្លោ និងវីតាមីន C ថែមទាំងជាសារធាតុប្រឆាំងអនុមូលឥស្សរៈ ឬ Antioxidant មានឫទ្ធិប្រឆាំងអនុមូលឥស្សរៈដែលកើតនៅក្នុងរាងកាយ។ ក្រៅពីនេះវីតាមីន C នៅមានចំណែកជួយក្នុងការជួសជុល និងការរីកចម្រើនធំធាត់របស់សាចភ្នាសក្នុងរាងកាយ ជួយឱ្យរបួស ដំបៅកាន់តែឆាប់ជាឡើងទៀតផង តែប្រយោជន៍របស់វីតាមីនដែលគេនាំគ្នានិយាយដល់នោះគឺ ការពារជំងឺគ្រុនផ្តាសាយ។

    ប្រភពវីតាមីន C ធម្មជាតិសម្រាប់កូនសម្លាញ់

    អ្នកម្តាយអាចរៀបចំរកមុខម្ហូប ឬបន្លែផ្លែឈើដែលមានវីតាមីន C សម្រាប់កូនសម្លាញ់បានតាមអំឡុងវ័យ ដោយសង្កត់ធ្ងន់លើ វីតាមីនពីធម្មជាតិដែលមានដូចខាងក្រោមនេះ(ប្រៀបធៀបលើទម្ងន់ 100 ក្រាម មានវីតាមីន C ជាមធ្យម)។

    1 . ផ្លែត្របែក មានវីតាមីន C 200 មីល្លីក្រាម

    2 . ម្នាស់ 1 ដុំធំ មានវីតាមីន C 20 – 30 មីល្លីីក្រាម

    3 . ផ្កាខាត់ណា មានវីតាមីន C 49 មីល្លីក្រាម

    4 . ប្រូខូលី មានវីតាមីន C 67 មីល្លីក្រាម

    5 . ទឹកផ្លែក្រូចឆ្មារ 1 កែវ មានវីតាមីន C 34 មីល្លីក្រាម

    6 . ទឹកក្រូចពោធិ៍សាត់ 1 កែវ មានវីតាមីន C 64 មីល្លីក្រាម

    7 . ស្ពៃក្តោប មានវីតាមីន C 49 មីល្លីក្រាម

    8 . ចេកប្រភេទផ្សេងៗ 1 ផ្លែ មានវីតាមីន C 8,5 មីល្លីក្រាម

    9 . ម្ទេសប្លោក 1 ផ្លែ មានវីតាមីន C 120 មីល្លីក្រាម

    10 . ផ្លែស្រ្តប៊ើរី មានវីតាមីន C 77 មីល្លីក្រាម

    11 . ផ្លែប៉េងប៉ោះ មានវីតាមីន C 21,3 មីល្លីក្រាម

    12 . ល្ហុងទុំ មានវីតាមីន C 60 មីល្លីក្រាម

    វីតាមីន C ដែលមានសុវត្ថិភាព និងល្អសម្រាប់ក្មេងតូច គួរតែជាវីតាមីនដែលបានពីធម្មជាតិ(បន្លែផ្លែឈើ)ច្រើនជាង និងបរិមាណមិនច្រើនលើសភាពចាំបាច់របស់រាងកាយ តែយ៉ាងណាក៏ដោយបើកូនសម្លាញ់កើតជំងឺគ្រុនផ្តាសាយ គួរតែបានទទួលការពិនិត្យវិនិច្ឆ័យពីវេជ្ជបណ្ឌិតជំនាញខាងជំងឺកុមារ៕

  • ឯកឧត្តម ម៉ម ប៊ុនហេង៖ កុំឆាប់ជឿទៅលើព័ត៌មានមិនពិត តាមបណ្ដាសង្គម ចៀសវាងបង្កភាពស្លន់ស្លោរ

    ឯកឧត្តម ម៉ម ប៊ុនហេង៖ កុំឆាប់ជឿទៅលើព័ត៌មានមិនពិត តាមបណ្ដាសង្គម ចៀសវាងបង្កភាពស្លន់ស្លោរ

    មួយរយៈ​ពេល​ចុង​ក្រោយនេះ ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី Covid-19 បាន​ក្លាយជា​មាតិកា​ដ៏​ទាក់ទាញ​បំផុត​សម្រាប់​ប្រជ​ន​ខ្មែរ ដែល​ហេតុនេះហើយ​ទើប​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​ចូលចិត្ត​យក​រឿងរ៉ាវ​ទាំងអស់នេះ​ដើម្បី​បង្កើតជា​ព័ត៌មាន​នានា​ដើម្បី​ទាក់ទាញ​អ្នក​ចូល​មើល។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​លើកឡើងថា សូម​ប្រជាពលរដ្ឋ​កុំ​ឆាប់​ជឿ​ទៅលើ​ព័ត៌មាន​មិន​ពិត​នៅតាម​បណ្តាញ​សង្គម​មួយចំនួន ហើយ​កុំ​ចែករំលែក​បន្ត​គ្នា​ទៀត ដើម្បី​ចៀសវាង​ការបង្ករ​ភាព​ស្លន់ស្លោរ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​ប្រជាជ​ពលរដ្ឋ។

    ឯកឧត្តម​ថា នៅពេលនេះ​ក្រសួង​ខុស​ភិ​បាល​មិន​បន្ធូរដៃ​ឡើយ​ចំពោះ​ការការពារ​ប្រទេស​យើង​កុំឱ្យ​ឆ្លង​ជំងឺ Covid-19 ចូលទៅក្នុង​សហគមន៍។ តែ​ទោះជា​យ៉ាងនេះ​ក្តី រដ្ឋមន្ត្រីក្រសួង​សុខ​ភិ​បាល​ក៏បាន​អំពាវនាវ​ផងដែរ​កុំឱ្យ​ប្រជាជន​ភ្លេចខ្លួន ព្រោះ​កត្តា​សំខាន់បំផុត​ក្នុងការ​ការពារ​ជំងឺ Covid-19 គឺ​ការចូលរួម​របស់​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ដែល​កំពុងស្ថិត​ក្នុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក។ អ្នក​ទាំងអស់នោះ​ចាំបាច់​ត្រូវគោរព​ទៅតាម​ការណែនាំ របស់​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ និង​អនុវត្ត​វិធាន​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់។

    រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ព្រមាន​ថា ហានិភ័យ​អាច​កើតមានឡើង​គ្រប់ពេល ដោយសារ​យើងម្នាក់ៗធ្វើ​ចលនា​គ្រប់​ទីកន្លែង។ ហេតុនេះ​ទើប​ទាមទារ​ឱ្យ​ពលរដ្ឋ​ស្វែងយល់​ឱ្យ​ច្បាស់ ពី​វិធាន​ការការពារ ទប់ស្កាត់ ការចម្លង​ជំងឺ​Covid-19 ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត។ ហើយ​ក្រសួងសុខាភិបាល និង​មន្ដ្រី​ពាក់ព័ន្ធ​ទាំងអស់ នៅតែ​បន្ដ​ពង្រឹង​វិធានការ​ការងារ ការរុករក និង​ចាប់​ឱ្យ​ជាប់ភ្លាមៗនៅនឹងកន្លែង ពិសេស​នៅតាម​ព្រលានយន្ដហោះ និង​ច្រកព្រំដែន​ចេញចូល​ទាំងអស់ ព្រោះ​ករណី​កូ​វីដ១៩កន្លងមកនេះ សុទ្ធតែជា​ករណី​នាំ​ចូល៕

  • កម្ពុជាផ្អាកជើងហោះហើរពីហ្វីលីពីនចាប់ពីថ្ងៃទី13 ខែសីហា តទៅ

    កម្ពុជាផ្អាកជើងហោះហើរពីហ្វីលីពីនចាប់ពីថ្ងៃទី13 ខែសីហា តទៅ

    មួយរយៈ​ពេល​ចុង​ក្រោយនេះ ចំនួន​អ្នក​ផ្ទុក​ជំងឺ Covid-19 ថ្មី​មានការ​កើនឡើង ដោយ​ក្នុងចំណោម​អ្នក​ផ្ទុក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ទាំងអស់​ជា​អ្នក​មកពី​ក្រៅប្រទេស។ ហេតុនេះហើយ ទើបថ្មីៗនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ផ្អាក​ជើងហោះហើរ​ពី​ប្រទេស​ម៉ា​លេ​ស៊ី និង​ឥណ្ឌូណេស៊ី ខណៈ​នៅថ្ងៃនេះ​ក្រសួងសុខាភិបាល​បានប្រកាសថា​នឹង​បិទ​ជើងហោះហើរ​ថ្មី​មួយទៀត​គឺ មកពី​ប្រទេស​ហ្វីលីពីន។

    ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា កម្ពុជា​នឹង​ផ្អាក​ជើងហោះហើរ​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ព្រ​ទេស​ហ្វីលីពីន មួយរយៈ​ចាប់ពី​ថ្ងៃទី13 ខែសីហា ឆ្នាំ2020តទៅ។ កត្តា​ទាំងអស់នេះ​ធ្វើឡើង​ដោយសារ ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី 01 ខែសីហា ឆ្នាំ2020 កន្លងមក បាន​ចូលរួមចំណែក​យ៉ាងខ្លាំង​ដល់​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19។

    ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ក្រសួង​សម្គាល់​ឃើញថា អត្រា​ឆ្លង​បាន​ហក់​ឡើង​យ៉ាងគំហុក​នៅ​ប្រទេស​ហ្វីលីពីន ដែល​ធ្វើឱ្យ​អត្រា​ផ្ទុក​វីរុស Covid-19 ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន។ ដូច្នេះ អ្នកដំណើរ​មកពី​ប្រទេស​ហ្វីលីពីន ក៏មាន​ការព្រួយបារម្ភ​ផងដែរ ម្យ៉ាងវិញទៀត កាលពី​ថ្ងៃទី 08 ខែសីហា ឆ្នាំ2020 ជើងហោះហើរ​ពី​ប្រទេស​ហ្វីលីពីន​មួយ ដែលមាន​អ្នកដំណើរ​សរុប​ចំនួន 119នាក់ ត្រូវបាន​ធ្វើតេស្ត​រកឃើញ​មាន​អ្នក​វិជ្ជមាន​វីរុស Covid-19 រហូតដល់​ទៅ 13នាក់៕

  • កត្តា3យ៉ាងដែលធ្វើឱ្យមានទឹកជំនន់នៅរាជធានីភ្នំពេញ

    កត្តា3យ៉ាងដែលធ្វើឱ្យមានទឹកជំនន់នៅរាជធានីភ្នំពេញ

    បញ្ហា​ទឹកជំនន់​នៅក្នុង​រាជធានី​ភ្នំពេញ ជា​ចំណុច​យ៉ាងសំខាន់​មួយ​ដែល​ប្រជាជន​គ្រប់រូប​កំពុង​យកចិត្តទុកដាក់ ព្រោះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ មាន​បញ្ហា​ច្រើនណាស់​ដែល​កើតឡើង​ដោយសារតែ​ស្ថានភាព​អាក្រក់​នេះ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឯកឧត្ដម ចាន់ យុ​ត្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​លើកឡើងថា រាជធានី​ភ្នំពេញ ជា​តំបន់​ដែលមាន​រៀង​កណ្តក់ ដែល​ងាយ​គំរាមកំហែង​ចំពោះ​ទឹកជំនន់។ បញ្ហា3 ដែលជា​កត្តា​គំរាមកំហែង និង​ជា​ចំណុច​ដែល​ធ្វើឱ្យ​រាជធានី​ភ្នំពេញ​មាន​ទឹកជំនន់​គឺ ដោយសារតែ​ទី1 បញ្ហា​ទឹកភ្លៀង​ដែល​ធ្លាក់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ផ្ទាល់ បញ្ហា​ទី2 ការគំរាមកំហែង​ពី​ទឹកទន្លេ​មេគង្គ និង​បញ្ហា​ទី3 គឺ​ជំនន់​ពី​ស្ទឹង​ព្រែក​ត្នោត។

    ឯកឧត្ដម ចាន់ យុ​ត្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម

    ឯកឧត្តម បាន​បញ្ជាក់ថា ចំពោះ​បញ្ហា​ការគំរាមកំហែង​ពី​ទឹកទន្លេ​មេគង្គ​យើង​បាន​ដោះស្រាយ​រួចរាល់​ហើយ ព្រោះ​យើង​ធ្លាប់មាន​បទពិសោធន៍​កាលពី​ឆ្នាំ 2000 ដែល​កាលនោះ​មាន​ជំនន់​សហសវត្ស​ដែល​ទាំង​ឯកឧត្តម​រដ្ឋមន្ត្រី និង​មន្ត្រី​ទាំងអស់​ត្រូវ​សម្រាក​លើ​ទំ​ន់​កប់​ស្រូវ 22យប់ ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​ទឹកជំនន់។ ដោយ​ឃើញ​ពី​បញ្ហា​នេះ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ក៏បាន​រៀបចំ​ឱ្យ​ឡើងវិញ​ឱ្យមាន​ទំនប់​រឹងមាំ និង​ក្រោយមក​ក៏​រាជធានី​ភ្នំពេញ​បាន​អភិវឌ្ឍ​ទៅជា​មហាវិថីឈ្នះៗរហូតមកដល់​បច្ចុប្បន្ន។ រហូតមកដល់​ពេលនេះ បញ្ហាលំបាក​ខាងលើ​បាន​ដោះស្រាយ​រួចរាល់​ទាំងស្រុង។

    សម្រាប់​ជំនន់​ព្រែក​ត្នោត​វិញ អាច​នៅ​ជា​បញ្ហាលំបាក​ដោយសារ​តែមាន​ការរួម​តូច​នៃ​ផ្នែក​ខាងក្រោម និង​ស្ថានភាព​គោក​រាក់។ ឯកឧត្តម​ថា​ដើមឡើយ​មាន​ផ្លូវ​មួយចំនួន​ដើម្បី​រំដោះ​ទឹក ដោយ​មួយផ្នែក​ហូរ​ទៅកាន់​ដើម​ឫស​នៅ​ខេត្តកណ្តាល និង​មួយផ្នែក​ទៀត​ធ្លាក់​ទៅ​ម្តុំ​ព្រៃ​ស បន្ទាប់មក​ធ្លាក់​ចូលទៅ​បឹង​ជើងឯក ទើប​ចេញទៅ​ស្ទឹង​ជ្រៅ​ដោយ​បែង​ចែកចេញជា2ច្រក​ទៀត​គឺ ច្រក​ចេញទៅ​ទន្លេបាសាក់ និង​មួយ​ច្រក​ទៀត​ហូរ​ទៅ​ព្រែកកំពឹស។

    ស្ទឹង​ព្រែក​ត្នោត​នេះ​មានទឹក​រហូតដល់ 1,200ម៉ែត្រ​គីប​ក្នុង​មួយ​វិនាទី ហេតុនេះហើយ​ទើប​ចាំបាច់​ត្រូវមាន​ចំណាត់ការ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​បញ្ហា។ ជា​ដំណោះស្រាយ ម្សិល​ម៉ិ​ញ​នេះ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បាន​ចរចារ​ជាមួយ​ក្រុមហ៊ុន​ចិន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​បើក​ការស្តារ​ស្ទឹង​ព្រែក​ត្នោត​ឡើងវិញ។ ប្រសិនបើ​ស្តារ​យើង​អាច​នឹង​ចំណាយពេល​ប្រហែលជា 30ខែ តែ​ក្រោយពេល​ស្តា​រហើយ យើង​នឹង​អស់​បារម្ភ​ពី​បញ្ហា​គំរាមកំហែង​ដោយសារ​ស្ទឹង​ព្រែក​ត្នោត​ទៀតហើយ។

    ហេតុនេះ​ជារួម​បច្ចុប្បន្ននេះ​បញ្ហា​គំរាមកំហែង2 បាន​ដោះស្រាយ​ហើយ នៅឡើយ​ង​បញ្ហា​ជំនន់​ទឹកភ្លៀង​ដែល​ឯកឧត្តម​បញ្ជាក់ថា ប្រសិនបើ​ភ្លៀង​ចាប់​ពីមួយ​ម៉ោង​កន្លះ​ឡើងទៅ​តំបន់​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ អាច​នឹង​លេច​ទឹក។ បញ្ហា​នេះ​គឺ​ត្រូវ​ការឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​បានល្អ​ដើម្បី​ដោះស្រាយ។ ទោះជា​យ៉ាងនេះ​ក្តី ឯកឧត្តម​បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​កំពុង​ដោះស្រាយ​ដែរ​ចំពោះ​រឿងនេះ ដោយ​សាលា​រាជធានី​ភ្នំពេញ កំពុងតែ​រៀប​ចំហ​រដ្ឋ​រចនាសម្ព័ន្ធ​ជា​ដំណាក់កាល៕

  • លោកជំទាវ ឱ វណ្ណឌីន ថាអ្នកជំងឺ Covid-19 នៅត្បូងឃ្មុំពិតជាលាប់មែន តែស្ថិតក្រោមការគ្រប់គ្រងរបស់គ្រូពេទ្យយ៉ាងហ្មត់ចត់

    លោកជំទាវ ឱ វណ្ណឌីន ថាអ្នកជំងឺ Covid-19 នៅត្បូងឃ្មុំពិតជាលាប់មែន តែស្ថិតក្រោមការគ្រប់គ្រងរបស់គ្រូពេទ្យយ៉ាងហ្មត់ចត់

    បន្ទាប់ពី​លេចឮ​ព័ត៌មាន​ថា​មាន​អ្នកជំងឺ Covid-19 លាប់​ឡើងវិញ​នៅ​ខេត្ត​ត្បូងឃ្មុំ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល ក៏​ចេញមក​បញ្ជាក់ថា​ករណី​នេះ​ពិតជា​កើតមាន​ពិតប្រាកដ​មែន តែ​ទោះជា​យ៉ាងនេះ​ក្តី​ក៏​អ្នកជំងឺ​នោះ​ត្រូវបាន​គ្រប់គ្រង​យ៉ាង​ហ្ម​ត​ចត់។

    លោកជំទាវ ឱ វណ្ណឌី​ន បាន​លើកឡើងថា ពាក់ព័ន្ធ​នឹងមាន​ករណី​លាប់​ជំងឺ Covid-19 នៅ​ខេត្ត​ត្បូងឃ្មុំ ពិត​ជាមាន​ពិតប្រាកដ​មែន ដោយ​ករណីនេះ​មិនមែន​មានតែ​នៅក្នុង​ប្រទេស​យើង​នោះទេ ប្រទេស​ដទៃទៀត​នៅក្នុង​សកលលោក ក៏​ធ្លាប់មាន​ករណី​ដូចនេះ​ដូចគ្នា ហើយ​ករណី​លាប់​នេះ​ផងដែរ​គឺ​ពុំ​ត្រូវបាន​រាប់​ទៅក្នុង​ករណី​ថ្មី​នោះទេ ព្រោះ​ដើម្បី​ចៀសវៀង​ការភ័ន្តច្រឡំ​អំពី​តួលេខ នៃ​ចំនួន​អ្នក​ដែល​រកឃើញ​ថ្មី និង​ចំនួន​អ្នក​កំពុង​ព្យាបាល។

    លោក​ជំ​ទា​វា​ថា តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក រាល់​ករណី​ដែល​ធ្វើតេស្ត​ពិនិត្យ​ទៅ​ឃើញ​អវិជ្ជមាន​ចំនួន​ពីរដង​ជាប់​គ្នា គឺ​ត្រូវបាន​សន្ម​ត់​ថា​ជាសះស្បើយ​ពី​ជំងឺ​Covid-19ហើយ។ ចំពោះ​បុគ្គល​រូបនេះ​ក៏​ដូចគ្នា ក្រោយ​ពិនិត្យឃើញថា​អវិជ្ជមាន​ចំនួន2ដង នឹងត្រូវ​បានអនុញ្ញាត​ឱ្យទៅ​គេហដ្ឋាន​វិញ តែ​ការ​ត្រលប់​ទៅ​គេហដ្ឋាន​វិញ​នេះ ចាំបាច់​ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ និង​តាមដាន​សុខភាព​ខ្លួនឯង​ជា​បន្តទៀត មិន​អនុញ្ញាតឱ្យ​មានការ​ធ្វើដំណើ​រ​ទៅ​ទីណា​ផ្តេសផ្តាស​នោះទេ។ បុគ្គល​ដែលជា​សះស្បើយ​នេះ ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​ចំនួន14 ថ្ងៃ​បន្តទៀត​នៅ​កន្លែង​ដែល​ខ្លួន​រស់នៅ តាមរយៈ​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ ដោយ​បារម្ភ​អំពី​ករណី​លាប់​ជំងឺ​នេះ។

    បុរស​ដែល​លាប់​ជំងឺ​Covid-19នេះ មាន​អាយុ29ឆ្នាំ រស់នៅក្នុង​ខេត្តកណ្តាល។ គាត់​បាន​វិល​ត្រលប់​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពីពេល​កន្លងមក។ បុរស​រូបនេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ចំនួន14 ថ្ងៃ​បន្ទាប់ពី​មកដល់ ហើយ​ត្រូវបាន​រកឃើញថា​មាន​វិជ្ជមាន​Covid-18 និង​បន្ទាប់ពី​ធ្វើតេស្ត​អវិជ្ជមាន​ចំនួន2លើក គាត់​ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាតឱ្យ​ត្រលប់​ទៅផ្ទះ​នៅ​ខេត្តកណ្តាល​វិញ ប៉ុន្តែ​បុរស​រូបនេះ បាន​សុំ​អនុញ្ញាត​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​បន្ត​នៅផ្ទះ​ឯ​ស្រុកកំណើត នៅ​ខេត្ត​ត្បូងឃ្មុំ​វិញ។  បន្ទាប់មក​គាត់​ត្រូវបាន​ធ្វើតេស្ត​ឃើញថា​មាន​វិជ្ជមាន​Covid-19ឡើងវិញ កាលពី​ថ្ងៃទី08 ខែសីហា។ ក្រសួង​បញ្ជាក់ថា​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​បុរស​រូបនេះ ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំនាញ ប្រមូលយក​សំណាក​ដើម្បី​ទៅធ្វើ​តេស្ត​វិភាគ​រក​មេរោគ​Covid-19 និង​ដាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រួចរាល់​ហើយ៕