Author: ធឿន មករា

  • អនុស្សរណៈយោគយល់ រវាង ក្រុមហ៊ុនជីហ្គ្រៀគ្រុប និង សមាគមអ្នកវិនិយោគកម្ពុជាលើការជំរុញ ការអភិវឌ្ឍភាពជាអ្នកដឹកដល់យុវជនជាអ្នកបន្តវេន

    អនុស្សរណៈយោគយល់ រវាង ក្រុមហ៊ុនជីហ្គ្រៀគ្រុប និង សមាគមអ្នកវិនិយោគកម្ពុជាលើការជំរុញ ការអភិវឌ្ឍភាពជាអ្នកដឹកដល់យុវជនជាអ្នកបន្តវេន

    ភ្នំពេញ៖ ក្រុមហ៊ុន​ជី​ហ្គ្រៀ​គ្រុប (GGear Group) ដែលជា​ក្រុមហ៊ុន​ចែកចាយ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ម៉ាក LG ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង សមាគម​អ្នកវិនិយោគ​កម្ពុជា បានធ្វើការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការអភិវឌ្ឍ​បន្ថែម​លើ កម្មវិធី​យុវជន​បន្តវេន (Young Leader Program) ដែលជា​កម្មវិធី​ផ្ដួចផ្ដើម​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ជី​ហ្គ្រៀ​គ្រុប ក្នុងការ​រៀបចំ និង​ការច្របាច់បញ្ចូលគ្នា​ទៅលើ​អត្ថន័យ ខ្លឹមសារ និង​សកម្មភាពសំខាន់ៗពី​កម្មវិធី​ព​ន្លឿ​ន​ការអភិវឌ្ឍ​អាជីវកម្ម (BIO Program) របស់ សមាគម​អ្នកវិនិយោគ​កម្ពុជា។ ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ខាងលើនេះ​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០ ដោយមាន​ការចុះហត្ថលេខា​ពី លោក​ឧកញ៉ា សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ជី​ហ្គៀ​គ្រុប និង លោក ឡែ​ម ចាន់​សំរេច នាយក​គ្រប់គ្រង​នៃ​សមាគម​អ្នកវិនិយោគ​កម្ពុជា មិន​តែ​បុ​ណ្ណោះ ក៏មាន​ការចូលរួម​ពី​បណ្ដា​ថ្នាក់ដឹកនាំ​ជាច្រើន​នាក់​ទៀត​របស់ អង្គភាព​ទាំងពីរ។

    គួរ​រំលឹក​ផងដែរ​ថា កម្មវិធី​យុវជន​បន្តវេន (Young Leader Programme) គឺជា​កម្មវិធី​អភិវឌ្ឍ​សមត្ថភាព​មួយ ដែល​បង្កើត​ដោយ​ក្រុមហ៊ុន​ជី​ហ្គ្រៀ​គ្រុប (GGear Group) តាំងពី​ឆ្នាំ ២០១៨មក​ម្លេះ ជាមួយនឹង​គោលបំណង​ក្នុង​ការជួយ​កសាង ជំរុញ និង​លើកកម្ពស់​សមត្ថភាព ភាព​អ្នកដឹកនាំ​ទៅដល់​បុគ្គលិក​ដែលមាន​សក្ដានុពល ដែល​កំពុង​នឹង​បម្រើការ​នៅក្នុង​ក្រុមហ៊ុន។ ចំណែកឯ​កម្មវិធី​ព​ន្លឿ​ន​ការអភិវឌ្ឍ​អាជីវកម្ម (BIO Program) គឺជា​កម្មវិធី​ដែល​បង្កើតឡើង​ដោយ​សមាគម​អ្នកវិនិយោគ​កម្ពុជា (CiC) ដែល​បានចាប់ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ២០១៨ មកម្ល៉េះ ជាមួយនឹង​គោលបំណង​ជួយ​ពង្រឹង ពង្រីក និង​ព​ន្លឿ​ន​ការអភិវឌ្ឍ​អាជីវកម្ម​របស់​សហគ្រិន​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការផ្តល់​ជា​កម្មវិធី​ពង្រឹងសមត្ថភាព​ដឹកនាំ & គ្រប់គ្រង​អាជីវកម្ម​ដល់​សហគ្រិន ការធ្វើ​កោសល្យ​វិ​ច្ច័​យ​អាជីវកម្ម ការប្រឹក្សា​យោបល់​អាជីវកម្ម​ពី​អ្នកជំនាញ ការបោះ​ជំរុំ​អាជីវកម្ម​ដើម្បី​បង្កើន​ចំណេះដឹង និង​ការចែករំលែក​បទពិសោធ​ន៍ ក៏ដូចជា​ឱកាស​ក្នុង​ការចាប់យក​ទុនវិនិយោគ​ពី​វិនិយោគិន​ឯកជន និង​ស្ថាប័ន​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស។

    បច្ចុប្បន្ន BIO Program មាន​សមាជិក​ជា​សហគ្រិន ឬ​ម្ចាស់​អាជីវកម្ម ជាង ១៨០នាក់ និង​ចាប់ផ្តើម​ចំនួន២វគ្គ​រួចមកហើយ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ដ​សៀម​រាម ដែល​វគ្គ០៣នឹង​ចាប់​ផ្តើ​ង​នៅ​ចុងខែ សីហា ឆាប់ៗនេះ​ផងដែរ។

    ជាមួយនឹង​បទពិសោធន៍​រយៈពេល ២ ឆ្នាំ ក្នុងការ​ដំណើរការ​កម្មវិធី​ព​ន្លឿ​ន​ការអភិវឌ្ឍ​អាជីវកម្ម​ដល់​សហគ្រិន​ជាច្រើនរូប BIO Program គឺជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ល្អ និង​សាក​សម​បំផុត​ក្នុង​ការជួយ​ពង្រឹង​បន្ថែម​ទៅលើ​អត្ថន័យ ខ្លឹមសារ និង​សកម្មភាព​ឲ្យ​កាន់តែ​សំបូរបែប សម្រាប់​កម្មវិធី​យុវជន​បន្តវេន (Young Leader Programme)

    ដើម្បី​ឲ្យ​អ្នកចូលរួម​កាន់តែ​ទទួលបាន​គុណ​ប្រ​យោ​ជ​ន៏​ជាច្រើន​ទៀត​ពី​កម្មវិធី។ មិនតែប៉ុណ្ណោះ BIO Program នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​នូវ គុណភាព​នៃ​កម្មវិធី ក៏ដូចជា​ការបង្កើត​អោយ​ការចូលរួម​អោយបាន​ច្រើនជាង​មុន​ពី​សំណាក់ គ្រូ​បណ្ដុះបណ្ដាល និង​អ្នក​ប្រឹក្សា​យោ​លប​ល់​ដែលជា​ម្ចាស់​អាជីវកម្ម​ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុងការ​គ្រប់គ្រង និង​ដឹកនាំ​អាជីវកម្ម​មក​ធ្វើការ​ចែករំលែក​ក្នុង​កម្មវិធី។ សម្រាប់​ខ្លឹមសារ​ដែល​នឹងមាន​នៅក្នុង​កម្មវិធី​យុវជន​បន្តវេន (Young Leader Programme)  ដែល​នឹង​បង្កើត​នេះ​នឹង​ផ្តោតទៅលើ​ផ្នែកធំៗចំនួន​បី​រួមមាន៖

    • ការស្វែងយល់​ពី​ទិដ្ឋភាព​រួម​លើ​ការដឹកនាំ​អាជីវកម្ម
    • ជំនាញ​ចាត់ចែង គ្រប់គ្រង​អាជីវកម្ម និង
    • ជំនាញ​ទន់ (Soft Skill) សម្រាប់​អ្នកដឹកនាំ​អាជីវកម្ម

    ដែល​សុទ្ធសឹងតែ​ជា​ជំនាញ​ដែល​យុវជន និង​យុវនារី​កម្ពុជា​ត្រូវការ​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​អាជីវកម្ម​ដ៏​ល្អ​មួយរូប​នាពេល​អនាគត។ សូមបញ្ជាក់​ផងដែរ​ថា កម្មវិធី​យុវជន​បន្តវេន (Young Leader Programme) នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ដោយមាន​ការចូលរួម​ពី​បុគ្គលិក​គ្រប់គ្រង​ជាន់ខ្ពស់ បណ្ដាញ​ចែកចាយ និង អ្នកទិញ​សិទ្ធិ​បន្ត​ដែលមាន​សក្តានុពល​នៃ​ក្រុមហ៊ុន​ជី​ហ្គ្រៀ​គ្រុប។ សកម្មភាព​សំខាន់ៗនៅក្នុង​កម្មវិធី​យុវជន​បន្តវេន (Young Leader Programme) មានដូចជា៖ ១). កម្មវិធី​ពង្រឹងសមត្ថភាព​គ្រប់គ្រង និង​ភាពជា​ដឹកនាំ រួមមាន​វគ្គ​បណ្តុះបណ្តាល និង​សិក្ខារ​សាលា ២). ការប្រឹក្សា​យោបល់​ពី​អ្នកជំនាញ ៣). ការបោះ​ជំរុំ (YLP Boot Camp) និង ៤).វេទិការ​ចែករំលែកផ្សេងៗទៀត។

    បើ​យោងតាម​កម្ម​ពិធី​ចុះហត្ថលេខា​នេះ ភាគី​ទាំងពីរ​សម្តែង​នូវ​ជំនឿ​យ៉ាង​មុតមាំ​លើ​កិច្ចសហប្រតិបត្តិការ​នេះ នឹង​ពិតជា​ផ្តល់​ជា​អត្ថប្រយោជន៍​យ៉ាងខ្លាំង​ក្នុងការ​ចូលរួម​មួយចំណែក​ក្នុង​ការជួយ​អភិវឌ្ឍ​សមត្ថ​ភាពជា​អ្នកដឹកនាំ​ដល់​យុវជន​នៅ​ប្រទេស​កម្ពុជា​យើង។

  • ផ្លែល្ពៅ របស់ឆ្ងាញ់ដែលមានប្រយោជន៍គ្រប់យ៉ាង!

    ផ្លែល្ពៅ របស់ឆ្ងាញ់ដែលមានប្រយោជន៍គ្រប់យ៉ាង!

    ល្ពៅឆាសាច់ជ្រូកចិញ្រ្ចាំ…ល្ពៅឆឹងស្ករ…សង្ខ្យាល្ពៅ…ព្រមទាំងបង្អែម និងម្ហូបអាហារជាច្រើនទៀត អាចជាមុខចំណីដែលមនុស្សជាច្រើនចូលចិត្ត ព្រោះក្រៅពីបានឆ្ងាញ់ និងឆ្អែតពោះហើយ បន្លែសាច់លឿងដូចជា​ “ល្ពៅ” នេះនៅមានគុណប្រយោជន៍ល្អៗចំពោះសុខភាពរាងកាយរបស់យើងច្រើនណាស់ ។ អ្នកណាដែលធ្លាប់ស្អប់មិនចូលចិត្តញ៉ាំល្ពៅនោះប្រហែលជាត្រូវប្រញាប់អានអត្ថបទនេះ រួចងាកមកទទួលទានផ្លែល្ពៅវិញហើយមើលទៅ… ។

    -បំប៉នខ្សែភ្នែកឲ្យភ្លឺមុត

    ឃើញជាបន្លែដែលមានសាច់ពណ៌លឿងបែបនេះ ប្រហែលជាដឹងហើយថានៅក្នុងសាច់ផ្លែល្ពៅសម្បូរទៅ​ដោយវិតាមីន A ច្រើនបំផុត ដោយសាច់ល្ពៅកិនហ្មត់មួយកូនចានមានវិតាមីន A ខ្ពស់ដល់ទៅ 200% នៃបរិមាណដែលគ្រូ​ពេទ្យណែនាំឲ្យពិសាក្នុង 1 ថ្ងៃ ។ វិតាមីន A មានចំណែកជួយថែបំប៉នខ្សែភ្នែក ធ្វើឲ្យអាចមើលឃើញបានច្បាស់នៅក្នុងទី​ងងឹត និងថែមទាំងជួយកាត់បន្ថយការចុះខ្សោយរបស់កោសិកាគ្រាប់ភ្នែកទៀតផង ។

    -តួឯកក្នុងការជួយសំរកទម្ងន់

    អ្នកណាដែលកំពុងសម្លឹងរកមើលអាហារសំរកទម្ងន់នោះ ចូរកុំមើលរំលងផ្លែល្ពៅឲ្យសោះ ព្រោះនៅក្នុង​សាច់ផ្លែល្ពៅមានសារធាតុកាកសរសៃខ្ពស់ដល់ទៅ 3 ក្រាមក្នុង 1 កូនចាន ថែមទាំងប្តល់នូវកាឡូរីត្រឹ​មតែ 49 កាឡូរីប៉ុណ្ណោះដែលនឹងធ្វើឲ្យលោកអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ ក្នុងកាឡូរីតែបន្តិចប៉ុណ្ណោះ ។

    -បង្កើនប្រព័ន្ធការពារជំងឺ

    អ្នកណាថា ផ្លែល្ពៅមានតែវិតាមីន A នោះ? ការពិតទៅផ្លែល្ពៅក៏មានវិតាមីន C ច្រើនគួរសមដែរ ដែលអ្នកណា​ក៏ដឹងដែរថា វិតាមីន C ជួយមើលថែទាំប្រព័ន្ធការពារជំងឺនៅក្នុងរាងកាយរបស់មនុស្សយើង ធ្វើឲ្យមិនងាយកើតជំងឺផ្តា​សាយ ។ សាច់ល្ពៅប្តល់នូវវិតាមីន C ដល់ទៅ 11 មល្លីក្រាម ក្នុង 1 កូនចាន ឬក៏ជិត 20% ដែលគ្រូពេទ្យណែនាំឲ្យស្រ្តីៗបរិភោគក្នុង 1 ថ្ងៃ ។

    -កាត់បន្ថយឱកាសកើតជំងឺមហារីក

    សារធាតុ បេតាឃែរ៉ូធីន ដែលមាននៅក្នុងសាច់ល្ពៅ ក្រៅពីជួយថែរបំប៉នខ្សែភ្នែកហើយ នៅអាចជួយការ​ពារមិនឲ្យកើតរោគមហារីកបានទៀតផង ព្រោះមានលទ្ធផលនៃការស្រាវជ្រាវមួយបានអះអាងថា សារធាតុនេះជួយប្រឆាំងអនុមូលឥស្សរ:ដែលជាប្រភពកំណើតរបស់រោគមហារីក ក្រៅពីនេះនៅមានសារធាតុអាស៊ីត ប្រូផៃអូនិក ដែលមានចំណែក​ជួយធ្វើឲ្យកោសិកាមេរោគមហារីកចុះខ្សោយទៀតផង ។

    -ថែបំប៉នស្បែក

    ដូចដែលបានដឹងហើយថា អនុមូលឥស្សរ: ក្រៅពីធ្វើឲ្យកោសិកាចុះទ្រុឌទ្រោមក្លាយជាមហារីកហើយនោះវាក៏ជាសត្រូវដ៏កំណាចមួយចំពោះស្បែកដែរ ព្រោះវានឹងធ្វើឲ្យស្បែករបស់នារីៗជ្រួញយារ ខ្មៅស្រអាប់ មើលទៅមិនភ្លឺថ្លា តែបើបានញ៉ាំផ្លែល្ពៅដែលមាន ឃែរ៉ូធីណយដ៍ ហើយ វានឹងជួយកាត់បន្ថយភាពចុះខ្សោយរបស់កោសិកាដោយសារអនុមូល ឥស្សរ:បានកាន់តែល្អឡើង ទទួលទានញឹកញាប់ ធានាថាស្បែករបស់នារីៗយើងនឹងមើលទៅស្អាតស្រស់ឡើងមិនខាន ។

    -ការពារបេះដូង

    មិនថាតែគ្រាប់សណ្តែកសំបករឹង គ្រាប់ធញ្ញជាតិ រួមទាំងគ្រាប់ល្ពៅផងដែរ សុទ្ធតែមានសារធាតុពីធម្មជាតិដែលឈ្មោះថា ហ្វ៉ៃតូស្ទើរ៉ូល (Phytosterols)​ ដែលលទ្ធផលនៃការវិភាគបានបញ្ជាក់ច្បាស់ថា សារធាតុនេះជួយកាត់បន្ថយកូ​ឡេស្តេរ៉ូលអាក្រក់ (LDL) ដែលជាប្រភពកំណើតនៃរោគសរសៃឈាម និងបេះដូងហ្នឹងឯង ។

    -បង្កើនថាមពលក្រោយពេលហាត់ប្រាណ

    អ្នកដែលចូលចិត្តហាត់ប្រាណប្រហែលជាធ្លាប់បានឮហើយថា ឲ្យញ៉ាំចេកក្រោយពេលហាត់ប្រាណដើម្បីបង្កើនថាមពលឡើងវិញ តែបើនរណាមិនចូលចិត្តចេក សូមសាកល្បងប្តូរមកទទួលទានល្ពៅចំហុយម្តងវិញលមើល ព្រោះនៅក្នុងសាច់ល្ពៅមាន ប៉ូតាស្យូម ខ្ពស់ដល់ទៅ 564 មិល្លីក្រាម ច្រើនជាងផ្លែចេកទុំដែលមានត្រឹមតែ 422 មិល្លីក្រាមប៉ុណ្ណោះ។

    ដែលប៉ូតាស្យូមនេះ នឹងជួយស្តារស្ថានភាពរាងកាយក្រោយពេលហាត់ប្រាណយ៉ាងខ្លាំងក្លារួចមក ព្រមទាំងមើលថែទាំការធ្វើ​ការ​របស់សាច់​ដុំឲ្យអាចធ្វើការបានល្អដូចដើមទៀតផង ។

    គុណប្រយោជន៍គ្រប់គ្រឿងបែបនេះ បើអ្នកណាមិនទទួលទានផ្លែល្ពៅទៀត ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់ តែក៏សូមដាស់តឿនបន្តិចដែរថា ដោយសារតែសាច់ល្ពៅមានឥទ្ធិពលក្តៅ បើទទួលទានច្រើនពេកអាចនឹងធ្វើឲ្យឆ្អល់ពោះ ក្តៅក្នុង និងមានអារម្មណ៍ថាស្រេកទឹក ដូច្នេះគួរពិសាតែសមល្មមបានហើយ ៕

  • គន្លឹះល្អៗ 6 យ៉ាងធ្វើឱ្យផ្ទះត្រជាក់ស្រួល

    គន្លឹះល្អៗ 6 យ៉ាងធ្វើឱ្យផ្ទះត្រជាក់ស្រួល

    ធាតុអាកាសក្តៅហប់បែបនេះ គ្រាន់តែមើលឃើញកំដៅថ្ងៃតាមមាត់បង្អួច មនុស្សជាច្រើនខ្លាចលែងចង់ចេញទៅ​ណា​បាត់ទៅហើយ តែ ចុះបើនៅក្នុងផ្ទះក៏ក្តៅហប់ ស្អុះស្អាប់ដូចគ្នានឹងខាងក្រៅដែរនោះ តើមានវិធីណាជួយធ្វើឱ្យផ្ទះត្រជាក់ស្រួលគួរឱ្យចង់នៅដែរឬទេ? កុំអាលបារម្ភអី ខាងក្រោមនេះគឺជាវិធី 6 យ៉ាងក្នុងការធ្វើឱ្យផ្ទះត្រជាក់ស្រួល តើមានអ្វីខ្លះនោះយើងនាំគ្នាតាមដានដូចតទៅ ។

    1 . បំពាក់រនាំងបាំងកំដៅនៅពីលើមាត់បង្អួច ឬកន្លែងដែលមានថ្ងៃចាំងចូល ឬក៏ដាំដើមឈើណាដែលឆាប់ធំដើម្បីបាំងកំដៅថ្ងៃ និងដើម្បីឱ្យមានម្លប់ផង។

    2 . បំពាក់វត្ថុការពារកំដៅ ដើម្បីរក្សាសីតុណ្ហភាពឱ្យនៅតែត្រជាក់ស្រួលជានិច្ច និងថែមទាំងជួយខ្ទប់សម្លេងទាំង​ខាងក្នុង និងខាងក្រៅ បង្កើនភាពស្ងប់ស្ងាត់បាត់សម្លេងរំខានទៀតផង។

    3 . បន្ថែមប្រឡោះឱ្យខ្យល់ចេញចូលបានស្រួល ផ្ទះនឹងមានខ្យល់បក់ចេញចូល ធ្វើឱ្យសីតុណ្ហភាពកាន់តែត្រជាក់​ឡើង ដោយការបើកបង្អួចជាន់ខាងក្រោម និងជាន់ខាងលើនៅក្នុងទិសផ្ទុយគ្នា។

    4 . បំពាក់កង្ហារបឺតកំដៅចេញ ដែលវានឹងបឺតយកភាពក្តៅហប់ចេញពីក្នងផ្ទះបានកាន់តែលឿនឡើង ថែមទាំងងាយ​ស្រួល​បំពាក់ និងតម្លៃមិនថ្លៃទៀតផង។

    5 . ប្តូរមកប្រើអំពូលភ្លើង LED ក៏អាចកាត់បន្ថយកំដៅនៅក្នុងផ្ទះបានច្រើនដែរ និងថែមទាំងស៊ីភ្លើ់ងតិចទៀតផង។

    6 . ធ្វើម្ហូបអាហារដោយចង្រ្កាន ម៉ៃក្រូវេហ្វ នៅក្នុងថ្ងៃណាដែលធាតុក្តៅស្អុះស្អាប់ខ្លាំង ដោយផ្អាកការប្រើប្រាស់​ចង្រ្កាន​ហ្កាសមួយរយៈ ព្រោះចង្រ្កានម៉ៃក្រូវេហ្វបញ្ចេញកំដៅតិចជាងចង្រ្កានហ្កាស និងចង្រ្កានខ្សែភ្លើងច្រើនណាស់។

    នៅមានគន្លឹះល្អៗមួយទៀតគឺ ព្យាយាមកុំប្រើប្រាស់គ្រឿងអគ្គិសនីតំណាលគ្នាច្រើនគ្រឿង និងគួរអ៊ុតខោអាវនៅ​ពេល​យប់ ឬពេលព្រលឹមវិញប្រសើរជាង៕

  • 9 អាការរបស់អ្នកចាប់ផ្តើមមានផ្ទៃពោះ ដែលនារីៗទាំងឡាយគួរដឹង

    9 អាការរបស់អ្នកចាប់ផ្តើមមានផ្ទៃពោះ ដែលនារីៗទាំងឡាយគួរដឹង

    សញ្ញានៃការតាំងគភ៌មិនមែនមានត្រឹមតែការក្អួតចង្អោរប៉ុណ្ណោះទេ ព្រោះអាការរបស់អ្នកមានផ្ទៃពោះក្នុងរយៈដំបូងៗអាចមិនដូចគ្នាទាំងអស់នោះទេ អ្នកខ្លះចាញ់ខ្លាំង ឬអ្នកខ្លះសឹងតែគ្មានអាការចាញ់កូនសោះក៏មាន ឯអ្នកខ្លះទៀតកើតអាការប្លែកៗដែលធ្វើឱ្យយល់ច្រឡំថា ជាអាការជំងឺអ្វីមួយទៅវិញ ដូច្នេះនៅពេលនេះ ឡារ៉ែនសូមរួបរួមអាការរបស់អ្នកមានផ្ទៃពោះក្នុងលក្ខណៈផ្សេងៗមកជម្រាបជូនជ្រាប ជាពិសេសសម្រាប់នារីៗដែលមិនទាន់មានបទពិសោធក្នុងការតាំងគភ៌ដូចតទៅ។

    1 . បាត់វដ្តរដូវ

    បើវដ្តរដូវប្រចាំខែដែលធ្លាប់តែមកជាប្រក្រតីមិនដែលបាត់ តែដល់ពេលវេលាហើយនៅតែមិនឃើញមកទៀតនោះ បញ្ជាក់ថា អ្នកអាចកំពុងតាំងគភ៌ហើយ ព្រោះក្រោយពីការចាប់បដិសន្ធិ វដ្តរដូវនឹងបាត់លែងមក ដូច្នេះឡារ៉ែនសូមណែនាំឱ្យទៅទិញប្រដាប់ពិនិត្យការតាំងគភ៌មកមកធ្វើការពិនិត្យមើលទើបប្រាកដ។

    2 . ក្អួតចង្អោរ

    ជាអាការដែលជួបញឹកញាប់រហូតក្លាយជានិមិត្តសញ្ញារបស់ការតាំងគភ៌ក៏អាចថាបានដែរ។ អាការក្អួតចង្អោរច្រើនតែកើតឡើងក្រោយពីតួកំណើតចាប់បដិសន្ធិបាន 1 ខែ តែអាការនេះនឹងថមថយទៅវិញពេលចូលដល់ត្រីមាសទី 2។

    3 . ធុំក្លិននេះ ធុំក្លិននោះ

    អាការនេះបណ្តាលមកពីអ័រម៉ូន អេសត្រូជេនកើនឡើង នារីៗដែលកំពុងតាំងគភ៌អាចក្លាយជាមនុស្សពូកែច្រមុះ ធុំក្លិនអ្វីក៏ស្អុយរហូតដល់ចង់តែក្អួតទាំងអស់។ ពេលហ្នឹងហើយដែលតឱ្យសាច់គោឆាខាត់ណាដែលជាអាហារសំណព្វចិត្តក៏លែងភិសវង់ដែរ។

    4 . ដើមទ្រូងហើម និងឈឺ

    ដើមទ្រូងរបស់អនាគតអ្នកម្តាយត្រីមាសដំបូងអាចនឹងហើម ព្រោះមានឈាមរត់ចូលទៅចិញ្ចឹមនៅបរិវេណនោះច្រើនរហូតមានអារម្មណ៍ថាឈឺអួល រួមទាំងមានអារម្មណ៍ថាឆាប់ដឹងនៅពេលប៉ះនឹងអ្វីមួយស្រដៀងនឹងអាការមុនមានវដ្តរដូវដែរ។

    5 . ឆាប់នឿយហត់

    មានអារម្មណ៍ថានឿយល្វើយខ្លាំងណាស់ទាំងមិនបានធ្វើអ្វីសោះមែនទេ? មានអារម្មណ៍ងងុយងោកស្ងាបចង់គេងពេញមួយថ្ងៃមែនទេ? នេះអាចជាលទ្ធផលបណ្តាលពីកម្រិតអ័រម៉ូនប្រូជេស្ទើរ៉ូនដែលកើនឡើងយ៉ាងឆាប់រហ័ស តែមិនចាំបាច់កង្វល់ទេ ព្រោះចូលដល់ត្រីមាស2 កម្លាំងថាមពលរបស់អ្នកនឹងត្រឡប់មកវិញមិនខាន។

    6 . មានឈាមចេញមកតាមរន្ធស្បូន

    អំឡុងពេលដែលតួកំណើតទម្លាក់ខ្លួនចូលទៅក្នុងស្បូន អនាគតអ្នកម្តាយមួយចំនួនអាចនឹងមានឈាមហូរចេញមកតាមរន្ធស្បូន។ អាការនេះច្រើនកើតឡើងក្រោយពីតួកំណើតចាប់បដិសន្ធិបាន 11-12 ថ្ងៃ(ពេលជាមួយគ្នានឹងពេលដែលអ្នកចាប់ផ្តើមសង្កេតដឹងថាបាត់វដ្តរដូវ)។ ឈាមដែលហូរចេញមកច្រើនតែមានពណ៌ស្លេកៗ ឬពណ៌ផ្កាឈូក ហើយនឹងឈប់ហូរចេញមកក្នុរយៈពេល 1-2 ថ្ងៃ។ យ៉ាងណាក៏ដោយ បើស្រ្តីដឹងខ្លួនថា តាំងគភ៌ហើយ និងឃើញថាមានឈាមហូរចេញមកតាមរន្ធស្បូនរួមជាមួយអាការឈឺពោះផងនោះ គួរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះអាចជាសញ្ញានៃសភាវកូនក្រៅស្បូនក៏អាចថាបានដែរ។

    7 . ពោះឡើងប៉ោង

    ឈប់ៗ! កុំអាលភ្ញាក់ផ្អើលអី អ្នកនៅមិនទាន់ក្លាយជាស្រ្តីតាំងគភ៌ពោះប៉ោងមូលតាំងពីត្រីមាសដំបូងនោះទេ ក្បាលពោះដែលរាបស្មើរបស់អ្នកគ្រាន់តែរាងធំចេញមកបន្តិច និងមានអារម្មណ៍ថា ចង្កេះខោរាងណែនជាងមុនបន្តិចប៉ុណ្ណោះ។

    8 . បត់ជើងតូចញឹកញាប់

    អាការឈឺបត់ជើងតូចញឹកញាប់ ជារឿងប្រក្រតីរបស់ស្រ្តីដែលចាប់ផ្តើមមានគភ៌ ព្រោះរាងកាយនឹងផលិតឈាមទៅចិញ្ចឹមផ្នែកផ្សេងៗកាន់តែច្រើនឡើង ធ្វើឱ្យក្រលៀនបញ្ចេញកាកសំណល់ក្នុងរូបភាពជាវត្ថុរាវច្រើនឡើងតាមនោះដែរ។

    9 . មានអាការទល់លាមក

    មូលហេតុបណ្តាលមកពីការប្រែប្រួលរបស់រាងកាយនៅពេលមានការតាំងគភ៌ ធ្វើឱ្យការច្របាច់ខ្លួនរបស់ពោះវៀនថយចុះ ស្បូនអាចនឹងទៅសង្កត់លើពោះវៀនធំ។ ការកែបញ្ហារឿងទល់លាមកនៅពេលតាំងគភ៌នេះគឺ ព្យាយាមទទួលទានអាហារដែលមានជាតិកាកសរសៃច្រើន(បន្លែផ្លែឈើ) ញ៉ាំទឹកច្រើនៗ និងហាត់ប្រាណបន្តិចៗល្មមសមរម្យ នឹងជួយកែបញ្ហារឿងទល់លាមកនេះបាន។

    បើវដ្តរដូវរបស់អ្នកមកមិនប្រក្រតីស្រាប់ហើយ ឬភ្លេចចាំថា មានវដ្តរដូវលើកចុងក្រោយនៅពេលណានោះ អាការទាំងអស់ខាងលើគឺជាកត្តាជួយបញ្ជាក់ប្រាប់ថា អ្នកអាចកំពុងតាំងគភ៌ហើយ ចូរសាកល្បងទៅទិញប្រដាប់ពិនិត្យគភ៌មកពិនិត្យមើល បើលទ្ធផលចេញមកវិជ្ជមាន សូមកុំអាលស្រែកប្រកាសប្រាប់នរណា តែចូរទូរស័ព្ទទៅណាត់គ្រូពេទ្យដើម្បីពិនិត្យឱ្យប្រាកដម្តងទៀតទើបជាការល្អ៕

  • គូស្វាមីភរិយា និងរឿង 7 យ៉ាងដែលធ្វើហើយ នឹងគ្មានពាក្យថាឈ្លោះគ្នា

    គូស្វាមីភរិយា និងរឿង 7 យ៉ាងដែលធ្វើហើយ នឹងគ្មានពាក្យថាឈ្លោះគ្នា

    យើងជឿថា មនុស្សជាច្រើនប្រហែលជាធ្លាប់ឆ្លងកាត់ហេតុការណ៍ ឈ្លោះទាស់ទែង ជាមួយអ្នកនៅជុំវិញខ្លួនខ្លះមិនខាន មិនថាតែឈ្លោះជាមួយពួកម៉ាក មនុស្សក្នុងក្រុមគ្រួសារ ឬសូម្បីតែគូស្នេហ៍ក៏ដោយ សួរថា តើអ្នកមានវិធីសំរាប់ទប់ទល់ជាមួយនឹងហេតុ​ការណ៍នេះបែបណាខ្លះដែរទៅ? ថ្ងៃនេះយើងមានគន្លឹះល្អៗសំរាប់ទប់ទល់ និងបង្រ្កាបអារម្មណ៍ខ្លួនឯង​កុំឱ្យកើតមានជម្លោះមកជំរាប​ជូន​ដូចខាងក្រោម :

    1 . ស្តាប់គេនិយាយ និងកុំនិយាយកាត់សម្តីគេ

    សូមជឿចុះថា គ្មាននរណាម្នាក់ចូលចិត្តឱ្យគេនិយាយកាត់ពេលដែលខ្លួនកំពុងនិយាយនោះឡើយ ដូច្នេះសាកល្បងផ្លាស់ប្តូរ​ឥរិយាបថមកធ្វើជាអ្នកអង្គុយចាំស្តាប់គេនិយាយតាំងពីដើមរហូតដល់ចប់ម្តងទៅមើល៍ ក្រៅពីនឹងធ្វើឱ្យគេមានអារម្មណ៍ល្អឡើងវិញ​ដែលអ្នកនៅស្ងៀមមិនតមាត់ហើយនោះ នៅជួយឱ្យគេបាត់ខឹង និងត្រជាក់ចិត្តវិញបានទៀតផង ។

    2 . គិតឱ្យយល់ពីអ្វីដែលគេចង់និយាយ

    ក្រៅពីការចាំស្តាប់ហើយនោះ រឿងដែលអ្នកគួរធ្វើជាបន្តនោះគឺ ព្យាយាមគិតឱ្យយល់នូវអ្វីដែលគេនិយាយ ទោះជាស្តាប់ទៅវាមិនសូវមានហេតុផលត្រឹមត្រូវក៏ដោយ តែសូមជឿចុះថា បើគេមានអារម្ុមណ៍ថា អ្នកយល់ពីគេហើយនោះ ការឈ្លោះគ្នានឹងពិតជា​ត្រូវ​​បញ្ចប់យ៉ាងឆាប់រហ័សជាងអ្នកនឹកស្មានទៅទៀត ។

    3 . ទប់សង្កត់កុំឱ្យពាក្យសម្តីអាក្រក់ៗរបូតចេញមកឱ្យសោះ

    ជាញឹកញាប់ណាស់ដែលក្នុងពេលខឹងក្តៅក្រហាយ យើងច្រើនតែភ្លេចខ្លួនរបូតចេញនូវពាក្យសម្តីដែលមិនបានគិតចេញមករួចហើយទើបមកអង្គុយនឹកសោកស្តាយនៅពេលក្រោយ ដូចនេះចូរកុំបណ្តោយឱ្យហេតុការណ៍បែបហ្នឹងវាកើតឡើងចំពោះខ្លួនអ្នកឱ្យសោះ ព្រោះនៅពេលដែលនិយាយចេញទៅហើយ វាជារឿងពិបាកណាស់ក្នុងការលុបលាងពាក្យសម្តីនោះឱ្យបាត់ទៅវិញនោះ គួរធ្វើចិត្តឱ្យត្រជាក់ៗ និងដាស់សតិស្មារតីខ្លួនឯងគ្រប់ពេលមុននឹងបញ្ចេញពាក្យសម្តីអាក្រក់ៗទាំងនោះចេញទៅ ដើម្បីកុំឱ្យហេតុការណ៍​ដែលកំពុងតែអាក្រក់ស្រាប់ហើយនោះ វាកាន់តែអាក្រក់ខ្លាំងឡើងទៀត ។

    4 . បំភ្លេចអតីតកាលចោលខ្លះទៅ

    អតិតកាល គឺជា អតីតកាល គ្រវាត់វាចោលទៅ ព្រោះបើអ្នកនៅតែលង់នៅក្នុងរឿងរ៉ាវដែលខុសឆ្គងកាលពីគ្រាមុនៗ ហើយ​​នៅតែលើកយកមកប្រកែកប្រណាំងក្នុងពេលឈ្លោះគ្នានោះ ក្រៅពីនឹងធ្វើឱ្យអ្នកមិនអាចដោះស្រាយបញ្ហារបស់អ្នកជាមួយគេបាន​​ហើយនោះ នៅធ្វើឱ្យការឈ្លោះគ្នានេះកាន់តែរីកធំឡើងទៀតផង ។ ចូរនឹកជានិច្ចថា គ្នានរណាម្នាក់មិនធ្លាប់ធ្វើខុសនោះទេ ផ្តល់​ឱកាសឱ្យគេបានកែប្រែខ្លួន និងធ្វើជាភ្លេចៗកុំនិយាយដល់វាគឺជារឿងមួយល្អបំផុត ។

    5 . ហាត់រៀនសម្របសម្រួល

    សាកល្បងផ្លាស់ប្តូរមកប្រើវិធីការសម្របសម្រួលជំនួសឱ្យការព្យាយាមយកឈ្នះគ្នាវិញម្តងមើល៍ នោះអ្នកនឹងបានឃើញថាការប្រកែកទាស់ទែងគ្នានឹងថយចុះយ៉ាងមិនគួរឱ្យជឿ តែបើសឹននៅមានរឿងអ្វីម្យ៉ាងដែលទោះជាយ៉ាងណាក៏អ្នកមិនយល់ស្របដែរ​នោះ ក៏សាកល្បងប្រើវិធីជួបគ្នាពាក់កណ្តាលផ្លូវម្នាក់(ថយម្នាក់បន្តិច) ប្រហែលជាមិនធ្វើឱ្យអ្នកបាត់បង់កិត្តិយសច្រើនប៉ុន្មានទេមើល​ទៅ។

    6 . ទទួលយកគំនឹតយោបល់របស់គេ

    ការឈ្លោះប្រកែកគ្នាភាគច្រើន ច្រើនតែជាការឈ្លោះប្រកែកដែលត្រូវការឱ្យម្ខាងទៀតយល់ស្របតាមគំនឹតរបស់ខ្លួន ដែលប្រហែលជាមិនអាចទៅរួចឡើយដែលអ្នកដទៃគេមានគំនឹតយោបល់ដូចចិត្តអ្នកគ្រប់តែរឿងនោះ ទោះជាអ្នកខំព្យាយាមហើយព្យា​យាម​ទៀត ចង់អធិប្បាយឱ្យគេយល់ស្របតាមអ្នកយ៉ាងណាក៏ដោយ ។ ផ្ទុយទៅវិញ បើអ្នកសាកល្បងផ្លាស់ប្តូរមកធ្វើជាអ្នកទទួលយកគំនឹតយោបល់របស់គេមកសឹក្សាយល់វិញនោះ ក្រៅពីអ្នកបានសម្តែងឱ្យគេឃើញពីការទទួលយកគំនឹតយោបល់របស់អ្នកដទៃរបស់អ្នកហើយ នៅធ្វើឱ្យអាចកាត់បន្ថយបញ្ហាដែលនឹងនាំទៅរកការឈ្លោះទាស់ទែងគ្នាបានទៀតផង ។

    7 . នឹកដល់សម្ព័ន្ធភាពល្អៗជានិច្ច

    ពេលខ្លះ អារម្មណ៍ក្នុងគ្រាឈ្លោះទាស់ទែងគ្នា ច្រើនតែធ្វើឱ្យអ្នកភ្លេចអស់នូវសម្ព័ន្ធភាពជាមួយគូជម្លោះអស់រលីង ដោយគិតតែពីខំរកនឹកពាក្យសម្តីអាក្រក់់ៗដែលធ្វើគេឈឺចាប់មកឆ្លើយតបទៅវិញ ដូច្នេះចូរសាកល្បងផ្លាស់មកជានាំយកសម្ព័ន្ធភាពល្អៗដែលអ្នក និងគេធ្លាប់មានពីមុន មកគឹតមុនគេបង្អស់ក្នុងពេលមានជម្លោះម្តងលមើល ទោះជាមើលទៅហាក់ដូចជាអ្នកត្រូវក្លាយជាអ្នកចុះញ៉មគេមែន តែវាក៏មានតម្លៃល្អជាងការដែលត្រូវមកអង្គុយធ្វើបាបផ្លូវចិត្តគ្នាទៅវិញទៅមកដែរ ។

    អានហើយសាកល្បងនាំគ្នាយកទៅប្រើប្រាស់លមើល៍   ពេលនេះអ្នកអាចនឹងគិតថាមិនចាំបាច់ឡើយ ព្រោះមានទាន់ទៅ​ឈ្លោះអី​ជាមួយអ្នកណាឯណា?!   តែសូមជឿចុះថា មនុស្សយើងវាច្បាស់ជាត្រូវតែមានម្តងណាមួយដែលទាស់ចិត្តនិងគ្រួសារ ដែល​អាចមិនមែនជារឿងអីធំដុំមែន តែបើយើងស្គាល់ពីវិធីសំរាប់ទប់ទល់នឹងហេតុការណ៍រួចជាស្រេចហើយនោះ តឱ្យហេតុការណ៍នោះធ្ងន់ធ្ងរខ្លាំងក្លាប៉ុនណា ក៏អ្នកអាចឆ្លងកាត់បានយ៉ាងងាយស្រួលប្រកបដោយសេចក្តីសុខ និងការយល់ចិត្តយល់ថ្លើមគ្នាដែរ៕

  • បន្តិចទៀតសង្កាត់ចំនួន 10នៅរាជធានីភ្នំពេញនឹងអាចធ្វើអត្តសញ្ញាណបណ្ណបាននៅមូលដ្ឋានផ្ទាល់

    បន្តិចទៀតសង្កាត់ចំនួន 10នៅរាជធានីភ្នំពេញនឹងអាចធ្វើអត្តសញ្ញាណបណ្ណបាននៅមូលដ្ឋានផ្ទាល់

    ឯកសារ​អត្តសញ្ញាណ ឬ​អត្រានុកូលដ្ឋាន ជា​ឯកសារ​យ៉ាងសំខាន់​ដែល​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវការ ហេតុនេះហើយ​ទើប​ប្រជាជន​គ្រប់រូប​តែងតែ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​បំពេញ​លក្ខខណ្ឌ​ទាំងអស់នោះ​ឱ្យបាន​ត្រឹមត្រូវ។

    នៅពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ​បានសម្រេច​ថា​នឹង​បង្កើត​ច្រកចេញ-ចូល​តែមួយ ក្នុង​ការផ្តល់សេវា​អត្តសញ្ញាណ​កម្ម​ជូន​ប្រជាពលរដ្ឋ​ចំនួន 10សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ ដោយ​គម្រោង​នេះ​ជា​គម្រោង​សាកល្បង។ ប្រសិនបើ​ការងារ​នេះ​ទទួលបាន​ជោគជ័យ និង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ​នឹង​ពង្រីក​សេវា​កម្មនេះ​ឱ្យបាន​ទូទាំងប្រទេស​តែម្តង។

    នាយ​ឧ​ត្ត​មេស​នី​យ៍ កង សុខន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការផ្តល់សេវា​ផ្នែក​អត្តសញ្ញាណ​កម្ម​នៅ​ថ្នាក់​សង្កាត់​ចំនួន 10នៅ​រាជធានី​ភ្នំពេញ​នេះ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី 13 ខែសីហា ឆ្នាំ2020នេះ​តទៅ។

    មុននឹង​អនុវត្ត​គម្រោង​នេះ ក្រសួងមហាផ្ទៃ​បានធ្វើ​កិច្ចការ​នេះ​សាកល្បង​រួចរាល់​ផងដែរ​នៅក្នុង​ខេត្ត​កែប និង​ខេត្តកំពត ដោយ​បច្ចុប្បន្ននេះ​យើង​បាន​ពង្រីក​ចូលមកក្នុង​ក្រុងភ្នំពេញ​ម្តង។ លោ​កថា​ការធ្វើ​បែបនេះ គឺ​ដើម្បី​បង្ខិត​សេវា​រដ្ឋបាល​ឱ្យនៅ​ជិត​ប្រជាជន៕

  • រដ្ឋមន្ត្រីឱ្យមន្ទីរសុខាភិបាលយកចិត្តទុកដាក់បន្ថែមក្នុងការព្យាបាលជំងឺ Covid-19 និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងថ្ងៃឈប់សម្រាក

    រដ្ឋមន្ត្រីឱ្យមន្ទីរសុខាភិបាលយកចិត្តទុកដាក់បន្ថែមក្នុងការព្យាបាលជំងឺ Covid-19 និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងថ្ងៃឈប់សម្រាក

    ចាប់ពី​ចុង​សប្តាហ៍​នេះ​ទៅ ប្រទេស​កម្ពុជា​យើង​នឹង​ដល់​ថ្ងៃ​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នៅ​ទូទាំងប្រទេស​ចំនួន 5ថ្ងៃ។ នៅក្នុង​រយៈពេល​នេះ មន្ត្រីរាជការ បុគ្គលិក​និយោជិត និង​ប្រជាជន​ទាំងអស់​ត្រូវបាន​អនុញ្ញាត​ឱ្យ​ឈប់សម្រាក ដែល​អាច​នឹងធ្វើ​ដំណើរ​ទៅ​គ្រប់ទិសទី​ក្នុងប្រទេស​កម្ពុជា។

    នៅ​ក្នុងឱកាស​ឈប់សម្រាក​នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខ​ភិ​បាល បានចេញ​លិខិត​ចំពោះ​អភិបាល​រាជធានី​ខេត្ត ឱ្យ​ជំរុញ​ដល់​មន្ទីរ​សុខាភិបាល យកចិត្តទុកដាក់​បន្ថែ​ម​ដើម្បី​ជួយសង្គ្រោះ ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ Covid-19 គ្រោះថ្នាក់​ចរាចរណ៍ និង​ហានិភ័យផ្សេងៗ ក្នុងអំឡុងពេល​ឈប់សម្រាក​ចំនួន 5ថ្ងៃ ដើម្បី​សង​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខាងមុខនេះ។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​កោតសរសើរ​ផងដែរ​ដល់​ក្រុមគ្រូពេទ្យ​នៅ​ទូទាំងប្រទេស​ដែឡ​បាន​ខិតខំ​យកចិត្តទុកដាក់​សង្គ្រោះ ពិនិត្យ ថែទាំ និង​ព្យាបាល​ជំងឺ​នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ជាពិសេស​ចាប់តាំងពី​ដើម​ឆ្នាំ 2020 នៃ​ការ​រាតត្បាត​វីរុស Covid-19 នៅក្នុង​ប្រទេស ក្នុង​តំបន់ និង​នៅលើ​សកលលោក៕

  • Bidaut Derek អ្នកថែរក្សាក្បាច់គុនបុរាណខ្មែរ ពេលនេះបានសញ្ជាតិខ្មែរហើយ

    Bidaut Derek អ្នកថែរក្សាក្បាច់គុនបុរាណខ្មែរ ពេលនេះបានសញ្ជាតិខ្មែរហើយ

    បុរស​សម្បុរ ស ជា​កូន​បារាំង​សុទ្ធសាធ Bidaut Derek ត្រូវបាន​ប្រជាជន​ខ្មែរ អ្នក​ស្នេហា​វិស័យ​ប្រដាល់​ក្បាច់គុន​ខ្មែរ​ជាច្រើនរូប ស្គាល់​តាមរយៈ​ការលើកស្ទួយ​កីឡាករ​គុន​ខ្មែរ និង​ល្បុ​ក​ត្តោ​ខ្មែរ ឱ្យមាន​ដង្ហើម​បន្ត ដោយ​លោក​បាន​ហ្វឹកហាត់ ចូលរួម​ប្រកួត និង​បង្ហាញ​ក្បាច់គុន​ខ្មែរ​ទាំងនេះ ទៅកាន់​ពិភពលោក​តាមរយៈ​គ្រប់​មធ្យោបាយ ហើយ​លោក​ក៏បាន​បើក​ក្លិប​ប្រដាល់​មួយ​ផងដែរ ដែលមាន​ឈ្មោះថា «ប្រដាល់» កាលពី​ឆ្នាំ2018 កន្លងទៅ។

    បើ​និយាយ​អំពី​ខ្ទង់ចំណាយ​លើ​ការបើក​ក្លិប និង​សម្ភារ គឺ​ប្រហែលជា កន្លះ​លាន​ដុល្លារ​អាមេរិក ព្រោះ​មាន​សម្ភារ​ស្ដង់ដា ហើយ​ស្ថិតនៅក្នុង​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ។ ទំហំ​ក្លិប​នេះ គឺ​ធំ​ទូលាយ ដែល​ស្ថិតនៅលើ​ផ្ទៃដី​ជាង 1,500ម៉ែត្រការ៉េ។ ក្នុង​ក្លិប​មាន​សម្ភារ​ទំនើប ដូចជា​សង្វៀន​ថ្មី1 សម្រាប់​ហ្វឹកហាត់ បាវ​សាក់ថ្មីៗចំនួន10 ហ្ក​ង់(ស្រោមដៃ​ប្រដាល់) ស៊ី​ប​ជន្ល​ដៃ ស៊ី​ប​ជន្ល​ជើង កង្ហារ​ធំ2 នៅ​ខាងលើ សម្ភារ​Gym ដុំ​ដែក រទេះរុញ កង់ឡាន មាន​កន្លែង​រត់​ទូលាយ មាន​ភោជនីយដ្ឋាន ស្ទី​ម សូ​ណា និង​កន្លែង​ហ្វឹកហាត់​យ៉ូ​ហ្គា​ជាដើម។

    មកទល់នឹង​ពេលនេះ មាន​រយៈពេល 10ឆ្នាំ​ហើយ ដែល​លោក​បានមក​នៅ​ស្រុក​ខ្មែរ និង​ជួយ​ជ្រោមជ្រែង​វិស័យ​ក្បាច់គុន​បុរាណ​ខ្មែរ ហើយ​ពេលនេះ​លោក​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​តាម​ការស្នើសុំ ដោយមាន​ឈ្មោះ​ខ្មែរ​ថា «ចាន់ ឫទ្ធី​ស័ក្តិ»៕

  • វគ្គជម្រុះ បាល់ទាត់ពិភពលោក និងជើងឯកប្រចាំទ្វីបអាស៊ី ត្រូវលើកទៅធ្វើនៅឆ្នាំ2021

    វគ្គជម្រុះ បាល់ទាត់ពិភពលោក និងជើងឯកប្រចាំទ្វីបអាស៊ី ត្រូវលើកទៅធ្វើនៅឆ្នាំ2021

    ក្នង​សេចក្តីប្រកាស​មួយ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី ឬ AFC កាលពី​ថ្ងៃទី5 ខែសីហា ឆ្នាំ2020 បានប្រកាស​ជា​ផ្លូវ​ការជូន​ដល់់​សហព័ន្ធ​កីឡាបាល់ទាត់​នានា ដែល​ពាក់ព័ន្ធ ដើម្បី​ជូន​ជា​ដំណឹង សម្រាប់​ការលើក​ពេល​ការប្រកួត​វគ្គ​ជម្រុះ ពានរង្វាន់ AFC ASIAN CUP និង FIFA WORLD CUP ទៅ​ឆ្នាំ2021 ខាងមុខ  ដោយសារតែ​រលក​ទី2 នៃ​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ-19 មានការ​កើនឡើង​នៅក្នុង​ទ្វីបអាស៊ី។

    សហព័ន្ធ​បាល់ទាត់ FIFA និង AFC បាន​ប្រជុំគ្នា​ជាច្រើនលើក ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ការប្រកួត​សំខាន់​ទាំង2 ខាងលើនេះ។ ដោយសារតែ​មេរោគ Covid-19 នៅ​បន្ដ​កើតមានឡើង ឬ​អាច​និយាយបានថា ជា​រលក​ទី2 ផង​នោះ ទើប​ថ្នាក់ដឹកនាំ សម្រេច​លើក​ការប្រកួត​នៅ​ខែតុលា ឆ្នាំ2020នេះ ទៅធ្វើ​នៅ​ឆ្នាំ2021 វិញ ដោយ​កាលវិភាគ នឹង​បញ្ជាក់​នៅពេល​ក្រោយ។

    គួរ​បញ្ជាក់ដែរថា មុននេះ ពានរង្វាន់​ដ៏​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup ក៏បាន​សម្រេច​លើក​ពេល​ទៅ​ឆ្នាំក្រោយ​ដែរ បន្ទាប់ពី​ស្ថានភាព​មិនទាន់​ធូរស្បើយ ដែលជា​ហេតុ​ធ្វើឱ្យ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​របស់​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន ដែល​រួមមាន​ទាំង​កម្ពុជា​ផង​នោះ ត្រូវ​សម្រាក​គ្មាន​ការប្រកួត​សម្រាប់​ឆ្នាំនេះ៕

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    71 . វិធីសម្អាតកំណកកករដែលជាប់នៅក្នុងក្បាលរ៉ូប៊ីណេផ្កាឈូកគឺ សម្រាប់បែបមិនអាចដោះចេញបាន ចូរយកទឹកខ្មេះសាជូរច្រើនសមល្មមដាក់ក្នុងថង់ រួចយកទៅចងភ្ជាប់ក្បាលទឹកផ្កាឈូកនោះដាក់ត្រាំក្នុងថង់ទឹកសាជូរនោះ ទុកចោលមួយយប់ រួចសឹមស្រាយយកថង់ទឹកសាជូរចេញ ហើយលាងសម្អាតក្បាលទឹកផ្កាឈូកនោះដោយទឹកស្អាត ក្បាលទឹកផ្កាឈូកនោះនឹងស្អាត និងលែងមានកំណកកករ ធ្វើឱ្យទឹកហូរចេញមកស្រួលជាមុន។

    72 . វិធីសម្អាតកំណកថ្នាំលាបផ្សេងៗដែលប្រឡាក់នៅលើបង្អួចដែលបណ្តាលមកពីការលាបជញ្ជាំងផ្ទះ ចូរប្រើទឹកសាជូរលាយជាមួយទឹកធម្មតាក្នុងអត្រា 2 / 1 ហើយយកទៅដាក់ដាំនៅលើភ្លើងឱ្យក្តៅខ្លាំង រួចយកជក់ដែលស្អាតជ្រលក់ល្បាយដែលកំពុងក្តៅនោះមកដុសសម្អាតលើស្នាមប្រឡាក់ទាំងនោះ។ ស្នាមប្រឡាក់ទាំងនោះនឹងរបូតចេញមកដោយឯកឯង។

    73 . វិធីសម្អាតស្នាមប្រេងដែលប្រឡាក់ជាប់នៅលើក្រដាស់បិទជញ្ជាំងវ៉លផេភើរ៍ គឺប្រើម្សៅហុយលាយជាមួយទឹកសាប៊ូ ហើយយកមកលាបបៀកនៅត្រង់កន្លែងដែលកខ្វក់ ទុកចោលឱ្យស្ងួត រួចយកក្រណាត់ទន់ៗមកជូតចេញ មួយស្របក់ស្នាមប្រេងដែលប្រឡាក់នោះនឹងជាប់ទៅជាមួយក្រណាត់អស់មិនខាន។

    74 . វិធីសម្អាតកម្រាលព្រំដែលប្រឡាក់ស្នាមប្រេង ចូរយកម្សៅបេកឃីងសូដា(រកទិញបាននៅក្នុងផ្សារទំនើប) មកចាក់លាបពីលើកន្លែងដែលប្រឡាក់ប្រេងនោះ ទុកចោលប្រមាណជា 12 ម៉ោង ហើយប្រើម៉ាស៊ីនបឺតធូលីដីមកបឹត​សម្អាតត្រង់កន្លែងប្រឡាក់ប្រេងនោះ ម្សៅបេកឃីងសូដានឹងបឺតយកជាតិប្រេងទាំងនោះចេញអស់ពីកម្រាលព្រំមិនខាន​

    75 . វិធីសម្អាតស្នាមច្រែសចេញពីធុងទឹក អាចធ្វើបានដោយប្រើទឹកក្រូចឆ្មារដាក់ចូលទៅក្នុងម្តុំដែលមានច្រែសស៊ីនោះ ទុកចោលប្រមាណជា 2 – 3 ម៉ោង រួចលាងចេញ ស្នាមច្រែសទាំងនោះនឹងរបូតចេញអស់។

    (នៅមានត)