Author: ធឿន មករា

  • ទិញស្មាតហ្វូន Galaxy A51 ឥឡូវនេះថែមជូនដងថតទប់លំនឹងតម្លៃ $59 មួយគ្រឿងភ្លាម…!!

    ទិញស្មាតហ្វូន Galaxy A51 ឥឡូវនេះថែមជូនដងថតទប់លំនឹងតម្លៃ $59 មួយគ្រឿងភ្លាម…!!

    (ភ្នំពេញ) ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០៖ កាន់តែ​រំភើប​រីករាយ​ជាមួយនឹង​ប្រូ​ម៉ូ​សិន​ថែម​ជូន​ដ៏​អស្ចារ្យ​បំផុត​ពី សាម​សុង…!! រាល់​ការទិញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​ម៉ូ​ឌែ​ល Samsung Galaxy A51 ចាប់ពី​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២០ ដល់​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ នឹង​ទទួល​បានការ​ថែម​ជូន​ដង​ថត​ទប់​លំនឹង Smooth X តម្លៃ $59 មួយគ្រឿងភ្លាមៗតែម្តង…!

    អី​ក៏​ជួន​គ្នា​ល្អ​ម្លេះ…! ថ្ងៃ​ឈប់សម្រាក​ច្រើន​ថ្ងៃ​នឹង​ខិតជិត​មកដល់ឆាប់ៗនេះហើយ…អ៊ីចឹង​គឺជា​ពេល​ដ៏​ល្អ និង​រីករាយ​បំផុត​ក្នុងការ​សម្រាក​លំ​ម្ហែ​កាយ និង​ជួបជុំ​ក្រុមគ្រួសារ! ទិញ​ស្មា​ត​ហ្វូ​ន Galaxy A51 ដែលមាន​កាមេរ៉ា​មុខ​ថត Selfie ច្បាស់​ល្អ​ទំហំ 32 មេ​ហ្គា​ភិ​ច​ស៊ែ​ល និង​កាមេរ៉ា​ក្រោយ​ចំនួន 4 គ្រាប់​ជាមួយ​កាមេរ៉ា​គោល​ទំហំ​ដល់​ទៅ 48 មេ​ហ្គា​ភិ​ច​ស៊ែ​លអាច​ថត និង​ចាប់​ប្លង់​ច្បាស់​ល្អ​ខ្លាំង…ហើយ​ថែមទាំង​ទទួលបាន​ការ​ថែម​ជូន​ដង​ទប់​លំនឹង Smooth X មួយគ្រឿង​ថែមទៀត​គឺ​ដឹង​តែ​សប្បាយ​ខប់ៗតែម្តង!

    ជាមួយនឹង​ប្រូ​ម៉ូ​សិន​ថែម​ជូន​ដ៏​ពិសេស​នេះ​គឺ​ប្រាកដជា​មិនឱ្យ​អតិថិជន​ទាំងអស់​ខកខាន​ពេលវេលា​ដ៏​សប្បាយរីករាយ​ឡើយ…! ជាពិសេស​លោកអ្នក​អាច​ផ្តិត​យក​អនុស្សាវរីយ៍​ជួបជុំ​ដ៏​កក់ក្តៅ​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​បាន​ដោយ​រីករាយ! សូមបញ្ជាក់ថា Samsung Galaxy A51 គឺជា​ស្មា​ត​ហ្វូ​ន​ដែលមាន​គុណភាព​ខ្ពស់…រូបរាង​ស្អាត​ទាក់ទាញ…ថតរូប​បាន​ស្អាត​ល្អ…និង​មានតម្លៃ​សមរម្យ​បំផុត​ផងដែរ!

    * បញ្ជាក់៖ កម្មវិធី​ប្រូ​ម៉ូ​សិន​ថែម​ជូន​ដ៏​អស្ចារ្យ​នេះ​គឺ​សម្រាប់តែ​ការទិញ Samsung Galaxy A51ចាប់ពី​ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២០ ដល់​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ តែប៉ុណ្ណោះ…! រាល់​ការទិញ​ទូរស័ព្ទ​Samsung Galaxy A51 នឹងមាន​ប័ណ្ណធានា​រយៈពេល 1 ឆ្នាំ​ជា​ផ្លូវការ​ពី​ក្រុមហ៊ុន សាម​សុង …!!

    សម្រាប់​ព័ត៌មាន​លម្អិត​សូម​អ​ញ្ចើ​ញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់​នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​មកកាន់​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ​ឥតគិតថ្លៃ៖ 1800 203 232 !

    * លក្ខខណ្ឌផ្សេងៗត្រូវបាន​អនុវត្ត…!!

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    76 . វិធីសម្អាតកម្រាលរោងឡានដែលប្រឡាក់ប្រេងម៉ាស៊ីនឱ្យស្អាតឡើងវិញនោះ គឺចូររោយដីខ្សាច់ហ្មត់ឱ្យសព្វពេញទីនោះ ទុកចោលមួយយប់ រួចហើយបោសដីខ្សាច់ទាំងនោះចេញ ស្នាមប្រឡាក់ប្រេងម៉ាស៊ីនទាំងនោះនឹងរបូតចេញអស់ទៅជាមួយដីខ្សាច់នោះឯង។

    77 . បងៗស្រ្តីមេផ្ទះអាចសម្អាតកញ្ចក់បង្អួចផ្ទះឱ្យសភ្លឺថ្លាស្អាតឡើងវិញ ដោយការលាយផ្សំទឹកជាមួយនឹងទឹកខ្មេះក្នុងអត្រា 1 ៈ 2 ចំណែក ហើយយកទៅចាក់ចូលក្នុងដបបាញ់ស្រ្បៃយ៍ រួចយកទៅបាញ់លើកញ្ចក់បង្អួចដែលត្រូវការសម្អាត ហើយយកក្រដាសកាសែតជូតសម្អាតឱ្យស្អួត កញ្ចក់បង្អួចនឹងភ្លឺថ្លាឡើងវិញដូចថ្មីមិនខាន។

    78 . វិធីសម្អាតព្យ៉ាណូ(ឧបករណ៍តន្រ្តីម្យ៉ាងដែលអ្នកខ្លះចូលចិត្តដាក់តាំងលម្អនៅក្នុងផ្ទះ)ឱ្យស្អាតឡើងវិញ គួរប្រើថ្នាំវេកស៊ី(ថ្នាំប៉ូលាពូកឡាន)មកសម្អាតគឺល្អបំផុត ព្រោះសារធាតុសម្អាតបែបផ្សេងទៀតអាចនឹងធ្វើឱ្យឈើកោងងបាន។

    79 . វិធីសម្អាតគ្រឿងប្រើប្រាស់ដូចជា ពែង កែវ ចានដែលធ្វើពីកែវគ្រីស្តាល់ឱ្យភ្លឺរលោងចាំងល្អនោះគឺ ចូរយកក្រណាត់ស្បែកសត្វជូតខាត់សម្អាត ព្រោះស្បែកសត្វនឹងកម្ចាត់ស្នាមកំណកទឹក និងធូលីដីចេញយ៉ាងងាយស្រួលជាងក្រណាត់ដទៃទៀត។

    80 . វិធីសម្អាតស្នាមកំណកតំណក់ទៀនដែលជាប់ណែនស្អិតចេញពីទម្រជើងទៀន មានវិធីធ្វើងាយៗបំផុតគឺ ដាក់ទម្រជើងទៀននោះនៅក្នុងកន្លែងកកទុកចោលមួយសន្ទុះ ដល់ពេលយកចេញមកវិញ បងៗស្រ្តីមេផ្ទះអាចបេះយកកំណកតំណក់ទៀនចេញបានយ៉ាងងាយ និងស្អាតយ៉ាងហ្មត់ចត់តែម្តង។

    (នៅមានត)

  • ញ៉ាំថ្នាំខ្លាញ់ត្រីអំឡុងពេលតាំងគភ៌ កូនក្នុងគភ៌នឹងឆ្លាតមែនឬ?

    ញ៉ាំថ្នាំខ្លាញ់ត្រីអំឡុងពេលតាំងគភ៌ កូនក្នុងគភ៌នឹងឆ្លាតមែនឬ?

    ញ៉ាំថ្នាំខ្លាញ់ត្រីក្នុងអំឡុងពេលតាំងគភ៌ ចាំបាច់ឬទេ? កូនក្នុងគភ៌នឹងឆ្លាតមែនឬ?។ ស្រ្តីមានគភ៌គ្រប់រូបប្រហែលជាស្គាល់ច្បាស់ហើយសម្រាប់ថ្នាំខ្លាញ់ត្រី ព្រោះមានព័ត៌មានជាច្រើននិយាយថា គួរតែញ៉ាំក្នុងអំឡុងពេលមានគភ៌ធ្វើជាអាហារបន្ថែមម្យ៉ាងសម្រាប់ស្រ្តីមានគភ៌។ ចំពោះរឿងនេះ យើងនាំគ្នាមកមើលថា តើថ្នាំខ្លាញ់ត្រីចាំបាច់ត្រូវទទួលទានឬទេក្នុងអំឡុងពេលតាំងគភ៌?។

    ថ្នាំខ្លាញ់ត្រី គឺជាអ្វី? ថ្នាំខ្លាញ់ត្រី ឬ Fish oil ជាខ្លាញ់ដែលបានមកអំពីត្រី មិនមែនជាខ្លាញ់ថ្លើមត្រីទេ គឺម្នាក់មួយប្រភេទ។ ខ្លាញ់ត្រី ជាខ្លាញ់ដែលបានពីត្រី ដែលមានអាស៊ីតខ្លាញ់មិនបង្កកខ្លួនដែលចាំបាច់ដល់រាងកាយមនុស្ស គឺជាអាស៊ីតខ្លាញ់ក្នុងក្រុម អូមេហ្កា 3( Omega-3 ) ដែលត្រីសមុទ្រនៅក្នុងប្រទេសដែលមានធាតុអាកាសត្រជាក់នោះនឹងមានអាស៊ីតខ្លាញ់ចាំបាច់ក្នុងបរិមាណខ្ពស់ និងមានខ្លាញ់ប្រភេទកូលេស្តេរ៉ូល និងត្រៃគ្លីស៊ើរ៉ៃដ៍(ខ្លាញ់មិនល្អ)ក្នុងបរិមាណទាប ទើបគេនិយមនាំយកត្រីសមុទ្រពពួកនេះមកចម្រាញ់យកខ្លាញ់។

    សម្រាប់ស្រ្តីមានគភ៌ដែលត្រូវការអាហារបំប៉ន ហើយត្រូវការញ៉ាំថ្នាំខ្លាញ់ត្រីផង ក៏អាចញ៉ាំបានដែរ ព្រោះនឹងទទួលបានប្រយោជន៍ខ្ពស់ តែបានចំពោះតែខ្លួនម្តាយប៉ុណ្ណោះ មិនបានធ្វើឱ្យទារកក្នុងគភ៌ឆ្លាតឡើងដូចពាក្យដែលគេផ្សព្វផ្សាយនោះទេ ព្រោះអ្នកវិភាគជនជាតិអូស្រ្តាលីបានបញ្ជាក់ហើយថា ការញ៉ាំខ្លាញ់ត្រី មិនបានធ្វើឱ្យក្មេងឆ្លាតឡើងទេ និងថា ការញ៉ាំថ្នាំខ្លាញ់ត្រីពេលតាំងគភ៌ មិនមានផលដល់ភាពឆ្លាតរបស់ទារកក្នុងគភ៌ឡើយ។

    របាយការណ៍របស់ BBC ក៏បានអះអាងដែរថា លទ្ធផលនៃការស្រាវជ្រាវវិភាគច្បាប់ថ្មីបានប្រាប់ថា ការញ៉ាំខ្លាញ់ត្រីខណៈពេលតាំងគភ៌ គ្មានផលដល់ការជួយអភិវឌ្ឍខួរក្បាលរបស់ទារកក្នុងគភ៌ឱ្យឆ្លាតឡើងនោះទេ៕

  • Atalanta ក្អួតឈាម ពេល PSG ដាក់ 2គ្រាប់ចុងម៉ោង បានឡើងវគ្គ 4ក្រុមចុងក្រោយ ក្នុង Champions League

    Atalanta ក្អួតឈាម ពេល PSG ដាក់ 2គ្រាប់ចុងម៉ោង បានឡើងវគ្គ 4ក្រុមចុងក្រោយ ក្នុង Champions League

    កាលពី​យប់​រំលងអធ្រាត្រ​ថ្ងៃទី13 ខែសីហា ឆ្នាំ2020 នេះ ក្លិប​បាល់ទាត់ Paris Saint Germaint (PSG) បាន​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៃ​ពានរង្វាន់ UEFA Champions League ហើយ ក្រោយពី​បាន​វាយបក​យកឈ្នះ​ក្រុម Atalanta របស់​អ៊ីតាលី ដោយ​លទ្ធផល 2ទល់នឹង1។

    តាមរយៈ​ជ័យជម្នះ​នេះ PSG នឹង​ឡើងទៅ​ជួប RB Leipzig ឬ Atletico Madrid ក្នុង​វគ្គ 4ក្រុម​ចុងក្រោយ ដែល​ត្រូវ​លេង​នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​ក្រោយ ដើម្បី​ដណ្តើម​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ និង​ឈាន​ទៅលើ​កពាន​នេះ ក្រោយ​ខកខាន​អស់​ជិត 3ទសវត្សរ៍៕

  • តើគ្រូបង្វឹកថ្មី Juventus បានប្រាក់ខែប៉ុន្មាន?

    តើគ្រូបង្វឹកថ្មី Juventus បានប្រាក់ខែប៉ុន្មាន?

    កាលពីពេល​កន្លងទៅនេះ លោក Andrea Pirlo ត្រូវបាន​ក្លិប Juventus ប្រកាស​ដំឡើង​ឋានៈ ពី​គ្រូបង្វឹក​ឈុត B របស់ Juventus មកជា​គ្រូបង្វឹក​ឈុត​ធំ ក្រោយ​ពេលដែល​ក្លិប ធ្លាក់​ចេញពី​ពាន UEFA Champions Legue ត្រឹម​វគ្គ 1/8 ក្រោម​ថ្វី​ជើង​ក្រុម Lyon របស់​លី​ក​កំពូល​បារាំង។

    ទោះជា​លោក ត្រូវបាន​កោះហៅ និង​តែងតាំងភ្លាមៗមែន​ក៏ដោយ ក៏ប៉ុន្តែ​ចំពោះ​ប្រាក់​ឈ្នួល​សម្រាប់​រូបលោក​វិញ គឺមាន​តម្លៃ​តិចតួច​មែនទែន ប្រសិនបើ​ប្រៀបធៀប​ជាមួយនឹង​លោក Maurizio Sarri ដោយ​ទទួលបាន​ប្រមាណ​ជា 2លាន​ដុល្លារ​តែប៉ុណ្ណោះ។

    លោក Andrea Pirlo មាន​បទពិសោធ ជា​អ្នកចាត់ការ​ក្រុមយុវជន អាយុ​ក្រោម 23ឆ្នាំ របស់ Juventus ឬ Juventus B ហើយ​បើ​និយាយ​ពី​អាជីព​ជា​កីឡាករ​វិញ លោក​ពិតជា​ជោគជ័យ​ខ្លាំងណាស់ ដោយ​ធ្លាប់ពាន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី និង​ជា​កីឡាករ​ជោគជ័យ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប Juventus ទៀតផង៕

  • ក្រុមហ៊ុនចិន ZTE គ្រោងផលិតទូរស័ព្ទ បង្កប់កាមេរ៉ាមុខ ក្រោមអេក្រង់ដំបូងគេបំផុត

    ក្រុមហ៊ុនចិន ZTE គ្រោងផលិតទូរស័ព្ទ បង្កប់កាមេរ៉ាមុខ ក្រោមអេក្រង់ដំបូងគេបំផុត

    ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ZTE បានប្រកាស​បង្ហាញ​ចេញ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី ដោយមាន​ការ​រចនា​ស្ដើង​បំផុត និង​បង្កប់​កាមេរ៉ា​ខាងមុខ នៅក្រោម​អេក្រង់ ដំបូង​គេ​បំផុត។

    បច្ចេកវិទ្យា​ដ៏​ទំនើប មិន​ធ្លាប់មាន​ពីមុនមក​បែបនេះ ជាមួយនឹង​បន្ទះ​អេក្រង់ Visionox display ដែលជា​ក្រុមហ៊ុន​ផលិត​បន្ទះ​អេក្រង់​បង្កប់​កាមេរ៉ា​ដ៏​ធំ​មូ​យ​គឺ ត្រូវបាន​គេ​ដឹង​តាមរយៈ​លោក Ni Fei ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​ផលិតផល​របស់ ZTE ដែល​បាន​ផូ​ស្ត​នៅលើ​បណ្ដាញ​សង្គម Weibo។

    បើទោះជា បច្ចុប្បន្ន​វា​កំពុង​នៅ​ជា Prototype ក្ដី តែ​វា​អាច​នឹង​លេចចេញ​រូបរាង​មក​នាពេលឆាប់ៗនេះ ដោយសារតែ​គេ​ឃើញ​មាន​លេខ​កូដ​សម្គាល់ model number គឺ ZTE A2121 រួចហើយ។ ស្មា​ត​ហ្វូ​ន​នោះ អាច​នឹងមាន​ឈ្មោះថា ZTE A20 និង​មាន 5G ផងដែរ។ រីឯ​ថ្ងៃ​ប្រកាស​ចេញលក់ នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ៕

    Visionox ready for mass production of screens with under-display camera solution
  • ការរៀបចំតុបតែងផ្ទះឱ្យគួរស្នាក់នៅ

    ការរៀបចំតុបតែងផ្ទះឱ្យគួរស្នាក់នៅ

    ការរៀបចំតុបតែងផ្ទះឱ្យគួរស្នាក់នៅ មានបច្ច័យជាច្រើនយ៉ាងរួមប្រកបចូលគ្នា ដោយបែងជាគោលការណ៍សំខាន់ៗ​ត្រួសៗដូចខាងក្រោម…។

    1 . សុវត្ថិភាព

    ជ្រើសរើសប្រើគ្រឿងតុបតែងផ្ទះណាដែលគ្មានជ្រុងមុតស្រួច មិនងាយបាក់បែក មិនទើសទែងផ្លូវដើរ មិនដុស​ខាត់កម្រាលឥដ្ឋ ឬកាំជណ្តើររលោងជ្រុលពេករហូតអាចបណ្តាលឱ្យក្មេងៗដើររអឹល រួមទាំងការបំពាក់ឧបករណ៍គ្រឿង​អគ្គិសនី និងខ្សែភ្លើងឱ្យស្ថិតក្នុងសភាពមានសុវត្ថិភាពផង។

    2 . ត្រូវនឹងសុខលក្ខណៈ និងស្អាតបាត

    រៀបចំឱ្យមានខ្យល់អាកាសបក់ចេញចូល និងមានពន្លឺភ្លឺគ្រប់គ្រាន់ រួមទាំងជូតសម្អាតគ្រឿងតុបតែងផ្ទះឱ្យបានស្អាតជាប់ជានិច្ចផង។

    3 . ងាយស្រួលក្នុងការប្រើប្រាស់

    ត្រូវគិតដល់ភាពងាយស្រួលក្នុងការរៀបចំធ្វើពិធីផ្សេងៗ រៀបចំឱ្យមានទីកន្លែងទំនេរ ​និងទុកដាក់របស់របរ​ឱ្យត្រូវ​តាម​កន្លែងដើម្បីងាយស្រួលចាប់យកមកប្រើប្រាស់។

    4 . ភាពស្រួល សប្បាយ

    រៀបចំផ្ទះឱ្យមានប្រដាប់ការពារភាពចាំងខ្លាំងរបស់ពន្លឺថ្ងៃ ដូចជា វាំងនន មានប្រឡោះបញ្ចេញកំដៅ និងឱ្យខ្យល់អាកាសចេញចូលបានងាយស្រួល អាចមើលឃើញទេសភាពខាងក្រៅផ្ទះដែលនឹងធ្វើឱ្យសប្បាយរីករាយចិត្តបានផង។

    5 . មានរបៀបរៀបរយ និងស្រស់ស្អាត

    របស់របរតុបតែងមានច្រើនជ្រុលពេក និងទុកដាក់គ្មានរបៀប នឹងធ្វើឱ្យភាពស្រស់ស្អាតថយចុះ ហើយជាពិសេសរឿងពណ៌ក៏មានភាពសំខាន់ក្នុងការតុបតែងផ្ទះដែរ ក្រៅពីនោះ គួរនាំយកផ្កាស្អាតៗ និងរូបភាពផ្សេងៗមកតុបតែងលម្អដើម្បីភាពស្រស់ស្អាតផង។

    6 . សន្សំសំចៃ

    ត្រូវនឹកដល់ការសន្សំសំចៃផង ទាំងពេលវេលា កម្លាំង និងលុយកាក់ រួមទាំងការមើលថែទាំសម្អាត តម្លៃវត្ថុ របស់​របរដែលនឹងទិញយកមកតុបតែងផងតាមរយៈការច្នៃប្រឌិត ឬយករបស់ដែលមានស្រាប់មកជូតសម្អាត ដុសខាត់ លាបពណ៌ជាថ្មីឱ្យស្អាតមកដាក់តាំងលម្អឡើងវិញជាដើមផងដែរ៕

  • ក្រុមហ៊ុន Motorola ត្រៀមផលិតស្មាតហ្វូនបត់បានម្ដងទៀត តែលើកនេះមាន 5G

    ក្រុមហ៊ុន Motorola ត្រៀមផលិតស្មាតហ្វូនបត់បានម្ដងទៀត តែលើកនេះមាន 5G

    ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន Motorola គ្រោង​នឹង​បង្ហាញ​ចេញ​ជា​ផ្លូវការ នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី គឺ Motorola Razr5G ឬ Rar2020 ។ ដំណឹង​នេះ បាន​លេចឡើង​ក្រោយពេល​ក្រុមហ៊ុន បាន​បង្ហោះ​រូបភាព 1ផ្ទាំង​ដែល​សរសេរថា រង់ចាំ​មើល! ថ្ងៃទី9 ខែសីហា ឆ្នាំ2020 ខាងមុខនេះ។

    យោងតាម​ដំណឹងផ្សេងៗ បានឱ្យដឹងថា ស្មា​ត​ហ្វូ​ន​ដែលមាន​រូបរាង​បត់​បាន​ជំនា​ន់ទី2 នេះ នឹង​បំពាក់​ឈី​ប Snapdragon 765 មាន RAM 8GB មេម៉ូរី 256GB ថ្ម​ទំហំ 2845 mAh មាន​កាមេរ៉ា​ក្រោយ​ទំហំ 48MP និង​កាមេរ៉ា​មុខ 20MP និង​ដំណើការ​ដោយ Android 10។

    សូម​ជម្រាបជូន​ថា ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​កាលពី​អតីត​មួយ​នេះ បាន​ផលិត​ចេញ​ស្មា​ត​ហ្វូ​ន​បត់​បាន​ជំនា​ន់ទី1 និង​ចេញលក់​ម្ដង​រួចហើយ កាលពីដើមឆ្នាំ2019 មានតម្លៃ​ចាប់ផ្តើម​ប្រមាណ​ជា 1,500ដុល្លារ​អាមេរិក៕

  • 6 វិធីជួយសម្រាលអាការឈឺថ្កាត់របស់កូន តើត្រូវធ្វើយ៉ាងណាខ្លះទៅ?

    6 វិធីជួយសម្រាលអាការឈឺថ្កាត់របស់កូន តើត្រូវធ្វើយ៉ាងណាខ្លះទៅ?

    ឪពុកម្តាយស្ទើរតែទាំងអស់សុទ្ធតែមានក្តីភ័យបារម្ភ និងកង្វល់ចិត្តខ្លាំងណាស់នៅពេលកូនតូចជាទីស្រឡាញ់កើតជំងឺឈឺថ្កាត់ឡើង ដែលបើសិនជាអាចឈឺជំនួសបាន នឹងសុខចិត្តឈឺជំនួសកូនមិនខាន ទន្ទឹមនឹងនោះក៏នឹងខិតខំឱ្យកូនបានញ៉ាំថ្នាំយ៉ាងត្រឹមតាមវេជ្ជបញ្ជាដើម្បីឱ្យកូនឆាប់ជាសះស្បើយឡើងវិញទៀតផង តែខាងក្រោមនេះគឺ វិធី 6 យ៉ាងទៀតក្នុងការជួយសម្រាល ឬបន្ធូរអាការឈឺថ្កាត់របស់កូនបាន តើមានអ្វីខ្លះនោះ សូមលោកឪពុកអ្នកម្តាយទាំងអស់តាមដានដើម្បីទុកជាចំណេះដឹងតទៅ។

    1 . ឱបកូន និងនៅជិតៗកូន

    ព្រោះការឱប និងលួងលោមពេលកូនមិនស្រួលខ្លួន ឬឈឺថ្កាត់នឹងធ្វើឱ្យកូនកក់ក្តៅក្នុងចិត្ត មានកម្លាំងចិត្ត រាងកាយនឹងត្រឡប់មកមានកម្លាំងឡើងវិញ ចង់ធ្វើនេះធ្វើនោះ ខ្លាំងជាងការបណ្តោយទុកឱ្យកូនគេងក្តៅសន្ធំព្រោះកម្ដៅខ្លួនតែម្នាក់ឯង។ ក្រៅពីនេះការឱបកូននៅធ្វើឱ្យក្មេងមានអាការស្ងប់ និងសម្ងំយ៉ាងស្រួលបានយ៉ាងមិនគួរឱ្យជឿទៀតផង។

    2 . ធ្វើម្ហូបអាហារដែលផ្តល់នូវគុណតម្លៃខាងភោជនាហារខ្ពស់ឱ្យកូនញ៉ាំ

    ពេលឈឺថ្កាត់ ឬមិនស្រួលខ្លួន កូនតែងតែមិនចង់ញ៉ាំអាហារឡើយ ឬញ៉ាំដែរ តែញ៉ាំបានតិច ដូច្នេះម្ហូបអាហារគ្រប់យ៉ាងដែលកូនញ៉ាំបានបន្តិចបន្តួចនៅពេលឈឺថ្កាត់នោះ គួរតែជាអាហារដែលមានគុណប្រយោជន៍ខ្ពស់ ដើម្បីឱ្យរាងកាយបានទទួលកម្លាំងថាមពលច្រើនៗ អាចជាពពួកបបរត្រីក្តៅឧណ្ហៗ ឬពួកទឹកផ្លែឈើច្របាច់ស្រស់ៗដែលមានប្រយោជន៍ ជាដើម។

    3 . ចេះបញ្ចុះបញ្ចូលចិត្តកូន

    ក្មេងដែលមានអាការឈឺថ្កាត់នឹងមិនចង់ញ៉ាំអាហារឡើយ ឬញ៉ាំបានតិច ហើយក្មេងខ្លះទៀតមិនចង់ញ៉ាំថ្នាំតែម្តង ឬពិបាកឱ្យញ៉ាំថ្នាំខ្លាំងណាស់ ដូច្នេះឪពុកម្តាយ ឬអាណាព្យាបាលត្រូវចេះបញ្ឆោតឱ្យកូនបានលេងសប្បាយ ឬធ្វើកិច្ចការងារអ្វីមួយដើម្បីឱ្យកូនភ្លេចខ្លួន ហើយអាស្រ័យឱកាសដែលកូនភ្លេចខ្លួននោះក៏បញ្ចុកថ្នាំឱ្យញ៉ាំតែម្តង និងអ្វីដែលសំខាន់នោះ គឺត្រូវឱ្យកូនញ៉ាំថ្នាំឱ្យបានទៀងទាត់ពេលវេលា រហូតដល់ជាសះស្បើយ។

    4 . ឱ្យកូនគេងលក់ឱ្យបានច្រើនបំផុត

    ការគេងលក់ គឺការសម្រាកដែលល្អបំផុត ដែលវានឹងធ្វើឱ្យរាងកាយរបស់កូនត្រឡប់មករឹងប៉ឹងឡើងវិញ និងជាពីជំងឺបានលឿនបំផុត​។ នៅពេលកូនគេងលក់ ឪពុកម្តាយគួរធ្វើអ្វីគ្រប់យ៉ាងឱ្យស្ងាត់ស្ងៀមបំផុត កុំធ្វើអ្វីដែលជំរុញ និងធ្វើឱ្យកូនភ្ញាក់កណ្តាលទីឱ្យសោះ។ ក្មេងដែលបានគេងលក់ទាំងពេលថ្ងៃ និងពេលយប់ នឹងឆាប់ជាសះស្បើយ ហើយថ្នាំដែលកូនញ៉ាំចូលទៅនោះនឹងធ្វើការបានលទ្ធផលល្អបំផុតគឺពេលគេងហ្នឹងឯង។

    5 . ឱ្យញ៉ាំថ្នាំឱ្យបានត្រឹមត្រូវ និងស័ក្តិសមនឹងអាយុរបស់កូន

    ឪពុកម្តាយភាគច្រើន ច្រើនតែមិនយល់ពីការឈឺថ្កាត់របស់កូន និងឱ្យកូនញ៉ាំថ្នាំបែបមិនសូវជាត្រូវតាមវិធីប៉ុន្មានឡើយ។ បើឱ្យកូនញ៉ាំថ្នាំត្រូវតាមខ្នាត តាមអាយុុ និងទៀងពេល នឹងធ្វើឱ្យកូនកាន់តែឆាប់ជាឡើង និងគ្មានផលប៉ះពាល់ដែលនឹងធ្វើឱ្យសុខភាពរបស់កូនចុះខ្សោយទៀតផង។

    6 . មើលថែទាំកូនតាមដែលគ្រូពេទ្យណែនាំ

    ភាគច្រើនលោកគ្រូពេទ្យនឹងណែនាំឱ្យឪពុកម្តាយមើលថែទាំពេលកូនមិនស្រួលខ្លួនឱ្យបានដិតដល់ ដូចជា ឱ្យញ៉ាំថ្នាំតាមពេលម៉ោងដែលពេទ្យបានប្រាប់ យកក្រណាត់សើមជូតខ្លួនឱ្យកូនពេលកូនក្តៅខ្លួនខ្លាំង និងនាំកូនទៅជួបគ្រូពេទ្យតាមការណាត់ ដើម្បីពិនិត្យអាការយ៉ាងជាប់លាប់ ជាដើម។

    ក្មេងគ្រប់រូបត្រូវតែធ្លាប់ឈឺថ្កាត់ទាំងអស់ ដូច្នេះឪពុកម្តាយមិនចាំបាច់មានកង្វល់បារម្ភខ្លាំងពេកទេ គ្រាន់តែត្រូវស្គាល់ពីវិធីមើលថែទាំកូន ព្យាបាលកូន និងចេះសង្កេតមើលអាការឈឺថ្កាត់របស់កូនឱ្យបានល្អ អាការឈឺថ្កាត់ទាំងនោះនឹងជាសះស្បើយទៅវិញយ៉ាងឆាប់រហ័សមិនខាន៕

  • រឿង 10 យ៉ាងដែលនារីៗនឹកសង្ឃឹមចង់ឃើញនៅក្នុងខ្លួនអនាគតស្វាមី

    រឿង 10 យ៉ាងដែលនារីៗនឹកសង្ឃឹមចង់ឃើញនៅក្នុងខ្លួនអនាគតស្វាមី

    នារីៗគ្រប់រូបសុទ្ធតែមានក្តីស្រមៃក្នុងការមានក្រុមគ្រួសារដែលល្អ មានកូន និងដែលសំខាន់បំផុតនោះគឺ “ស្វាមីដែលល្អ ឬឪពុករបស់កូនដែលល្អ”។ ការបានជួបគូស្នេហ៍ដែលល្អ អាចមិនមែនជារឿងពិបាកនោះទេ តែការបានជួបនឹងស្វាមីដែលល្អនោះ មិនមែនជារឿងងាយឡើយ ឡារ៉ែនជឿថា នារីៗយើងច្បាស់ជាមានសេចក្តីសង្ឃឹមទាំងអស់ដូចខាងក្រោមនេះនៅក្នុងខ្លួនអនាគតស្វាមី ឬមេគ្រួសារមិនខាន តើមានអ្វីខ្លះនោះ សូមអានជាបន្តទៀតប្រសើរជាងថា តើអនាគតស្វាមីដ៏ល្អ ដែលនារីៗយើងនឹកសង្ឃឹមចង់បាននោះត្រូវតែជាមនុស្សបែបណា?។

    1 – គេត្រូវតែមានចំណែករួមជាមួយកូន : យើងសង្ឃឹមថា បុរសម្នាក់នោះនឹងលេងជាមួយកូន យកចិត្តទុកដាក់លើកិច្ចការងារផ្សេងៗរបស់កូន ដូចជា លេងបាល់ លេងឧបករណ៍តន្រ្តីផ្សេងៗ ឬអ្វីក៏ដោយ គេត្រូវតែមិនព្រងើយកន្តើយ​ឬបណ្តោយកូន និងផ្តល់នូវភាពសំខាន់ចំពោះអ្វីដែលកូនចូលចិត្ត។

    2 – គេត្រូវតែធ្វើជាគំរូដ៏ល្អសម្រាប់គ្រួសារ និងកូនៗ : កូនរបស់យើងនឹងមានគំរូដែលល្អ ហើយសម្រាប់មេគ្រួសារវិញនោះ ការធ្វើជាគំរូដ៏ល្អពិតជាសំខាន់ចំពោះកូនខ្លាំងណាស់។

    3 – គេត្រូវតែមិនធ្វើអ្វីលាក់កំបាំង : យើងមិនចង់ឱ្យកើតហេតុការដែលពេលកូនមកសុំការអនុញ្ញាតយើងហើយ យើងឆ្លើយថា ទេ តែកូនបែរជានិយាយថា “ទៅសុំប៉ាល្អជាង ប៉ាអាចនឹងឱ្យ” នោះកើតឡើងឡើយ យើងសង្ឃឹមថា យើងពីរនាក់ត្រូវតែប្រកាន់ខ្ជាប់ និងមានភាពនឹងនរគ្រប់គ្រាន់។

    4 – គេត្រូវតែបំពេញតួនាទីរបស់គេបានល្អ : យើងមិននឹកសង្ឃឹមថា​អ្វីៗគ្រប់យ៉ាងត្រូវតែជាតួនាទីរបស់យើង ដូចជា ប្តូរក្រណាត់កន្ទបកូន ងូតទឹកឱ្យកូន ឬភ្ញាក់ឡើងពេលយប់ជ្រៅដើម្បីលួងលោមកូនឱ្យបាត់យំនៅពេលយប់តែម្នាក់ឯង យើងនឹកសង្ឃឹមថា គេត្រូវតែជួយយើងបាន បើមិនច្រើនក៏តិចដែរ។

    5 – យើងសង្ឃឹមថា គេនឹងមិនទម្រើសកូន : ក្នុងខណៈដែលយើងក្លាយជានាងយក្ខិណីក្នុងកែវភ្នែកកូន ហើយគេប្រែក្លាយជាលោកឪពុកចិត្តល្អដែលឱ្យអ្វីគ្រប់យ៉ាងដល់កូននោះ យើងនឹកសង្ឃឹមថា គេគួរតែជាឪពុកដែលកាចនៅពេលដែលត្រូវកាច និងស្លូតនៅពេលដែលគួរស្លូត។

    6 – យើងសង្ឃឹមឱ្យគេបើកចិត្តទូលាយ : បញ្ហាក្នុងក្រុមគ្រួសារ យើងសង្ឃឹមថា យើងពីរនាក់ត្រូវតែជួយគ្នា ហើយគេត្រូវតែហ៊ានសម្តែងគំនិតយោបល់ ហ៊ានសម្រេចចិត្ត និងអាចកែបញ្ហាចំពោះមុខបាន។

    7 – យើងសង្ឃឹមឱ្យគេស៊ូទ្រាំ : កូន គឺ កែវភ្នែក និងបេះដូងរបស់យើងទាំងពីរនាក់ ហើយយើងក៏សង្ឃឹមថា គេនឹងស៊ូទ្រាំជាមួយអាការងង៉ក់ ឌឺរឹង រពឹស និងអ្វីផ្សេងៗទៀតរបស់កូន និងរឿងដែលយើងត្រូវចាំទប់ទល់ជានិច្ចនោះបានមិនខាន។

    8 – យើងសង្ឃឹមថា គេនឹងមិនឈ្លោះជាមួយយើងនៅមុខកូន : អ្វីដែលយើងនឹកសង្ឃឹមនោះគឺ យើងនឹងមិនមួម៉ៅដាក់កូនជាដាច់ខាត រឹតតែការឈ្លោះនៅនឹងមុខកូនផងនោះ រឹតតែជារឿងមួយដែលត្រូវហាមឃាត់ជាដាច់ខាត ព្រោះគ្មានហេតុផលណាមួយដែលក្មេងម្នាក់ត្រូវមកចាំទទួលរងអារម្មណ៍ក្រេវក្រោធ ធុញថប់ មួម៉ៅរបស់ឪពុកម្តាយនោះទេ។

    9 – យើងសង្ឃឹមថា គេនឹងមិនធ្វើឱ្យកូនត្រូវជ្រើសរើសថា តើត្រូវទៅនៅជាមួយប៉ា ឬម៉ាក់ នោះទេ : សម្រាប់ឪពុកម្តាយ យើងគឺមនុស្សតែមួយ។ ការចែកបក្ស ចែកពួកនៅក្នុងផ្ទះ ឬការបែកបាក់ លែងលះគ្នា នឹងធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។

    10 – យើងសង្ឃឹមថា គេនឹងផ្តល់កម្លាំងចិត្តដល់កូន : យើងនឹកសង្ឃឹមថា គេនឹងផ្តល់កម្លាំងចិត្តដល់កូនដោយឈរលើមូលដ្ឋានរបស់ពាក្យថា “ពេញចិត្តបំផុត” មិនមែន “ឥតខ្ចោះបំផុត” នោះទេ៕