Author: ធឿន មករា

  • តើអាយុគភ៌ប៉ុន្មានខែ ទើបកូនចាប់ផ្តើមរើ? រឿងដែលស្រ្តីមានគភ៌គ្រប់រូបចង់ដឹង

    តើអាយុគភ៌ប៉ុន្មានខែ ទើបកូនចាប់ផ្តើមរើ? រឿងដែលស្រ្តីមានគភ៌គ្រប់រូបចង់ដឹង

    ជាប្រក្រតី បន្ទាប់ពីមានការចាប់បដិសន្ធិ តួកំណើតនឹងចាប់ផ្តើមសាងប្រព័ន្ធប្រសាទផ្នែកកណ្តាលជាមុន និងប្រព័ន្ធសរសៃឈាម តាមដោយប្រព័ន្ធសាច់ដុំច្រើនឡើងជាបណ្តើរៗ។ បើស្រ្តីតាំងគភ៌បានប្រមាណ 6 សប្តាហ៍ ពេលឆ្លុះអេកូមើល នឹងឃើញតួកំណើតតូចមួយទំហំប៉ុនគ្រាប់អង្ករនៅឡើយ តែបើឆ្លុះមើលនៅសប្តាហ៍ទី 8 ដែលបេះដូងរបស់ទារកដំណើរការហើយនោះ អ្នកម្តាយនឹងមើលឃើញថា កូនចាប់ផ្តើមចេះរើហើយ។ អ្នកម្តាយមួយចំនួននឹងមានអារម្មណ៍រំភើបញាប់ញ័ររហូតដល់ស្រក់ទឹកភ្នែកក៏មាន ព្រោះនៅពេលមើលឃើញថា កូនចេះរើបានហើយ ម្តាយនឹងមានអារម្មណ៍ថា ខ្លួនលែងមានតែម្នាក់ឯងទៀតហើយ តែនៅមានកូននៅក្នុងផ្ទៃម្នាក់ទៀត។

    ក្នុងអំឡុងតាំងគភ៌ដំបូងៗ ស្រ្តីមានគភ៌មិនទាន់មានអារម្មណ៍ដឹងថា កូនរើនៅឡើយទេ ព្រោះខ្លួនកូននៅតូចណាស់ លាដៃលាជើងទៅខាងណាក៏មិនទាន់ប៉ះនឹងសាច់ជញ្ជាំងខាងក្នុងពោះដែរ តែពេលបន្ទាប់ពីតាំងគភ៌ចុងខែទី 4 ឡើងទៅហើយ ស្រ្តីមានគភ៌ខ្លះអាចនឹងមានអារម្មណ៍ដឹងថា ដូចមានអី្វម្យ៉ាងរុញនៅក្នុងពោះតិចៗ។ ស្រ្តីមានគភ៌នឹងមានអារម្មណ៍ថា កូនរើយឺតៗ ឬលឿនខ្លាំងខុសៗពីគ្នា។ ស្រ្តីមានគភ៌លើកដំបូងនឹងចាប់ផ្តើមមានអារម្មណ៍ដឹងថា កូនក្នុងផ្ទៃរើ ក៏នៅពេលដែលគភ៌មានអាយុប្រមាណ 18 – 20 សប្តាហ៍ ចំណែកស្រ្តីដែលធ្លាប់តាំងគភ៌ហើយ អាចនឹងមានអារម្មណ៍ដឹងថា កូនរើ ប្រមាណជាក្នុងសប្តាហ៍ទី 16 – 18 ឡើងទៅ។

    រូបរាងកាយរបស់ស្រ្តីមានគភ៌ក៏មានចំណែកក្នុងការរើដោលរបស់កូនដែរ អនាគតអ្នកម្តាយដែលមានរូបរាងកាយស្គមស្តើងក្បាលពោះមិនធំ មិនក្រាស់ ស្បូននឹងឆាប់អណ្តែតមកប៉ះនឹងស្បែកក្បាលពោះ ទើបធ្វើឱ្យឆាប់មានអារម្មណ៍បានដឹងថា កូនចាប់ផ្តើមរើលឿនជាងស្រ្តីមានគភ៌ដែលធាត់ ត្រគាកធំ ក្បាលពោះក្រាស់…រឹតតែស្រ្តីមានគភ៌ដែលមានមាឌធំ ដងខ្លួនក្រាស់នឹងរឹតតែធ្វើឱ្យក្រមានអារម្មណ៍ដឹងថា កូនរើ។

    គិតពេលវេលាជាភាគរយវិញ ក្នុងមួយថ្ងៃៗ កូននឹងរើប្រមាណជា 20% ចំណែក 80%ទៀត កូននឹងគេងលក់។ កូននឹងរើខ្លាំងក្នុងអំឡុងពេលមុន និងក្រោយញ៉ាំអាហាររៀងរាល់ពេល ហើយនឹងរើខ្លាំងក្នុងអំឡុងពេលយប់ តាំងពីម៉ោង 9 រហូតដល់ប្រមាណជាម៉ោង 1 រំលងអាធ្រាត្រ។ ជួនកាលកូនក៏រើខ្លាំងនៅពេលថ្ងៃដែរ គឺរើមិនសូវជាទៀងពេលប៉ុន្មានឡើយ ព្រោះកូនមិនទាន់ស្គាល់ពេលយប់ ឬពេលថ្ងៃនៅឡើយ។ ភ្ញាក់ពេលណា ក៏រើភ្លាមតែម្តង ហើយនឹងរើខ្លាំងនៅពេលដែលម្តាយឃ្លាន ព្រោះសំឡេងកូរពោះរបស់ម្តាយអាចទៅរំខានការគេងរបស់កូន ដោយសារតែពោះវៀនរបស់ម្តាយស្ថិតនៅផ្នែកខាងលើស្បូនដែលជាកន្លែងកូននៅហ្នឹងឯង។

    ការរើរបស់កូននៅក្នុងផ្ទៃ ជាសញ្ញាមួយដែលល្អខ្លាំងណាស់សម្រាប់ស្រ្តីមានគភ៌ ព្រោះនៅពេលកូនរើ វាគឺជាការបញ្ជាក់ពីសញ្ញាជីវិតរបស់កូនហ្នឹងឯង ដូច្នេះស្រ្តីមានគភ៌គួររាប់ការរើរបស់កូនក្នុងមួយថ្ងៃៗផងទើបជាការល្អ៕

  • អាការតាំងគភ៌ថ្មីៗ និង 14 សញ្ញាបញ្ជាក់ថា អ្នកកំពុងជិតក្លាយជាម្តាយគេហើយ

    អាការតាំងគភ៌ថ្មីៗ និង 14 សញ្ញាបញ្ជាក់ថា អ្នកកំពុងជិតក្លាយជាម្តាយគេហើយ

    សម្រាប់អាការរបស់អ្នកតាំងគភ៌រយៈដំបូងៗ តើយើងនឹងដឹងយ៉ាងណាបានថា កំពុងតែមានគភ៌ឬក៏អត់? ព្រោះក្នុងរយៈពេល 1 សប្តាហ៍ដំបូង អាចនិយាយបានថា ជាអំឡុងពេលដែលមិនសូវបង្ហាញអាការប៉ុន្មានឡើយ ហើយបើអ៊ីចឹង តើនារីៗយើងនឹងដឹង និងប្រាកដក្នុងចិត្តយ៉ាងណាបានទៅថា ចាប់ផ្តើមតាំងគភ៌ហើយនោះ?។ សំណួរនេះគឺជាសំណួរមួយដែលស្រ្តីយើងជាច្រើនចង់ដឹងខ្លាំងណាស់ ដូច្នេះកុំបង្អង់យូរអី ឡារ៉ែនសូមនាំនារីៗយើងទាំងអស់មកពិនិត្យមើលសញ្ញារបស់អ្នកចាប់ផ្តើមមានផ្ទៃពោះក្នុងរយៈពេល 1 សប្តាហ៍ដំបូងថា តើ ខ្លួនអ្នកកំពុងមានអាការទាំងនេះដែរឬទេ?

    1 . វដ្តរដូវមកយឺត ឬបាត់មិនឃើញមកតែម្តង នេះគឺបណ្តាលមកពីរាងកាយយើងកើតមានការចាប់បដិសន្ធិហើយហ្នឹងឯង។

    2 . ធ្លាក់-សច្រើនជាងប្រក្រតី កើតពីអ័រម៉ូនអេស្រ្តូជេនមានការប្រែប្រួល ទើបធ្វើឱ្យមានទឹកហូរចេញមកតាមរន្ធស្បូនច្រើនឡើង និងរបូតចេញមកជាធ្លាក់-ស។

    3 . មានឈាមហូរចេញមកតិចៗ ស្រដៀងៗគ្នានឹងពេលជិតអស់វដ្ដរដូវប្រចាំខែដែរ ដែលអាចបណ្តាលមកពីតួកំណើតដែលទៅបង្កប់ខ្លួននៅលើសាច់ជញ្ជាំងស្បូន។

    4 . មានអារម្មណ៍ថាតឹងៗសុដន ដោយសារតែសុដននឹងកើតការប្រែប្រួល អាចនឹងមានអារម្មណ៍តឹងៗណែនៗស្រដៀងៗគ្នានឹងមុនពេលមានវដ្ដរដូវប្រចាំខែដែរ ឬពេលខ្លះឈឺស្រៀវៗតិចៗ ដែលអាការនេះនឹងកើតឡើងបន្ទាប់ពីបាត់វដ្ដរដូវប្រចាំខែប្រមាណជា 1 សប្តាហ៍។

    5 . ដកដង្ហើមញាប់ឡើង ការដកដង្ហើមលឿន ឬញឹកឡើង កើតឡើងដោយសារតួកំណើតនៅក្នុងគភ៌ត្រូវការអុកស៊ីហ្ស៊ែន ទើបធ្វើឱ្យរាងកាយត្រូវដកដង្ហើមញាប់ឡើងទ្វេដងហ្នឹងឯង។

    6 . វិលមុខ ងងឹតមុខ បណ្តាលមកពីអ័រម៉ូន និងសម្ពាធឈាមក្នុងរាងកាយចាប់ផ្តើមមានការប្រែប្រួល អាចនឹងធ្វើឱ្យអ្នកមានអារម្មណ៍វិលមុខ និងងងឹតមុខញឹកញាប់បាន។

    7 . មានអារម្មណ៍ថាខ្លួនប្រាណក្តៅស្ទិញៗ ចង់គ្រុន ដោយសារតែរាងកាយមានសីតុណ្ហភាពខ្ពស់ឡើង។

    8 . ឈឺបត់ជើងតូចញឹកញាប់ ការឈឺបត់ជើងតូចញឹកញាប់ក៏ជាសញ្ញាមួយដែលបញ្ជាក់បានថា អ្នកកំពុងចាប់ផ្តើមតាំងគភ៌ហើយ ព្រោះការតាំងគភ៌ រាងកាយនឹងត្រូវប្រើក្រលៀនធ្វើការខ្លាំង ដោយសាររាងកាយត្រូវផលិតឈាមទៅចិញ្ចឹមផ្នែកផ្សេងៗច្រើនឡើង។

    9 . ងងុយគេងញឹកញាប់ អ្នកដែលកំពុងចាប់ផ្តើមតាំងគភ៌ រាងកាយនឹងមានអារម្មណ៍ទន់ល្វើយ ងងុយគេងញឹកញាប់ និងចង់តែគេងយូរៗ ដែលនេះជាលទ្ធផលមកពីកម្រិតអ័រម៉ូនក្នុងរាងកាយដែលប្រែប្រួលហ្នឹងឯង។

    10 . ចុករួយតាមខ្លួនប្រាណ នឹងមានអារម្មណ៍ថា ខ្លួនប្រាណញ័រជាប់ជានិច្ច ដោយសាររាងកាយនឹងចាប់ផ្តើមប្រែប្រួល ដើម្បីត្រៀមទប់ទល់ជាមួយការតាំងគភ៌ហ្នឹងឯង។

    11 . ទល់លាមក ដោយសារតែអ័រម៉ូនក្នុងរាងកាយដែលប្រែប្រួលធ្វើឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធបន្ទោបង់ធ្វើការងារយឺតទើបជាមូលហេតុនៃការទល់លាមក។

    12 . មានអារម្មណ៍ឆាប់ខឹងមួម៉ៅ ស្រ្តីជាច្រើនអាចនឹងមានអារម្មណ៍មួម៉ៅឡើងបែបគ្មានមូលហេតុ អារម្មណ៍ងាយឆាប់ប្រែប្រួល ដោយសារតែអ័រម៉ូនប្រូជេស្ទើរ៉ូនមានការប្រែប្រួល។

    13 . ច្រមុះឆាប់ធុំក្លិន មិនថាក្លិនអ្វីដែលនៅជុំវិញខ្លួននោះទេ អ្នកដែលកំពុងតាំងគភ៌នឹងអាចដឹងបានលឿនជាងមនុស្សទូទៅដែលជាលទ្ធផលមកពីអ័រម៉ូនអេស្រ្តូជេនដែលកើនឡើងហ្នឹងឯង។

    14 . លក្ខណៈការហូបចុកផ្លាស់ប្តូរ អ្នកខ្លះអាចនឹងចង់ញ៉ាំរបស់ប្លែកៗ ដែលមិនធ្លាប់ញ៉ាំ ឬអ្នកខ្លះក៏អាចនឹងធុញទ្រាន់អាហារដែលខ្លួនធ្លាប់ចូលចិត្ត ឬជួនកាលក៏អាចចង់ញ៉ាំរបស់ជូរៗជាដើម។

    ទាំងអស់នេះគឺ លក្ខណៈអាការទូទៅដែលកំពុងចង់ប្រាប់អ្នកថា អ្នកកំពុងតែជិតបានក្លាយជាអ្នកម្តាយគេហើយ តែទាំងអស់នេះ ម្នាក់ៗអាចនឹងមានអាការដែលបង្ហាញចេញមកមិនដូចគ្នាទេ អ្នកខ្លះអាចមានច្រើនជាង 10 ចំណុច ឬអ្នកខ្លះទៀតមានត្រឹមតែ 2 – 3ចំណុចក៏មាន ដូច្នេះវិធីដែលល្អ បើអ្នកចាប់ផ្តើមមានលក្ខណៈអាការដូចដែលបានប្រាប់ និងសង្ស័យថា កំពុងតាំងគភ៌ឬអត់នោះ ឡារ៉ែនសូមណែនាំឱ្យទៅទិញប្រដាប់ពិនិត្យគភ៌មកពិសោធមើល ឬទៅជួបគ្រូពេទ្យតែម្តងទើបជាការប្រសើរបំផុត៕

  • Barcelona ប្រកាស បង្ហាញគ្រូបង្វឹកថ្មី របស់ខ្លួនហើយ

    Barcelona ប្រកាស បង្ហាញគ្រូបង្វឹកថ្មី របស់ខ្លួនហើយ

    កាលពី​ព្រឹក​ថ្ងៃទី23 ខែសីហា ឆ្នាំ2020 ម្សិលមិញ​នេះ ក្លិប​បាល់ទាត់​អ្នកមាន​បុណ្យ Barcelona បានប្រកាស​តែងតាំង​លោក Ronald Koeman ឱ្យ​ឡើងកាន់តំណែង ជា​គ្រូ​បង្គោល​របស់​ក្លិប​សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខនេះ ខណៈដែល​លោក​ក៏​ធ្លាប់ជា​កីឡាករ របស់​ក្លិប​មួយ​នេះដែរ​កាលពី​ទសវត្សរ៍​ឆ្នាំ2000។

    គួរ​បញ្ជាក់ដែរថា កាលពីពេល​កន្លងទៅនេះ ក្រោយ​ធ្លាក់​ពី​ការប្រកួត​ពានរង្វាន់ UEFA Champions League ក្រុម Barcelona បានសម្រេច​ជា​ផ្លូវ​ការដក​លោក Setien ចេញពី​តំណែងភ្លាមៗ ក្រោយពី​ចាញ់​ក្រុម Bayern Munich ក្នុង​លទ្ធផល 8-2 នៅ​វគ្គ 8ក្រុម​ចុងក្រោយ UEFA Champions League៕

  • Messi សុំចេញពីក្លិប ក្រោយអន់ចិត្ត Barcelona អត់មានឈ្នះពានអីសោះ ឆ្នាំនេះ

    Messi សុំចេញពីក្លិប ក្រោយអន់ចិត្ត Barcelona អត់មានឈ្នះពានអីសោះ ឆ្នាំនេះ

    កាលពីពេល​កន្លងទៅនេះ ក្រោយ​ធ្លាក់​ពី​ការប្រកួត​ពានរង្វាន់ UEFA Champions League ក្រុម Barcelona បានសម្រេច​ជា​ផ្លូវការ ដក​លោក Setien ចេញពី​តំណែងភ្លាមៗក្រោយពី​ចាញ់​ក្រុម Bayern Munich ក្នុង​លទ្ធផល 8-2 នៅ​វគ្គ 8ក្រុម​ចុងក្រោយ UEFA Champions League។

    មិនមែន​ត្រឹមតែ​ដក​អ្នកចាត់ការ​ទូទៅ​ចេញ​ប៉ុណ្ណោះ​ទេ ពេលនេះ ស្រាប់​តែមាន​លេចឮ​ដំណឹង​ថា ប្រធាន​ក្រុម​របស់​ពួកគេ គឺ​កីឡាករ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន Lionel Messi ក៏​ទំនងជា​ត្រូវ​ចាកចេញ​ដែរ ក្រោយពី​មាន​ព័​ត៏​មាន​ថា គេ​បាន​សុំ​ប្រធាន​ក្លិប ចាក​ចេញពី​ក្លិប​ហើយ ក្រោយពី​អន់ចិត្ត​នឹង​ខ្លួនឯង ដែល​មិន​អាចជួយ​ក្រុម​ឱ្យបាន​លើក​ពាន​អ្វី​សោះ​នៅ​ឆ្នាំ2020នេះ៕

  • 5 អគារដែលមានរចនាបទប្លែកបំផុតទូទាំងពិភពលោក

    5 អគារដែលមានរចនាបទប្លែកបំផុតទូទាំងពិភពលោក

    ច្រើនឆ្នាំកន្លងមកនេះយើងបានឃើញនូវការផ្លាស់ប្តូរប្រែប្រួលនៅតាមប្រទេសនីមួយ និងសូម្បីតែនៅក្នុងប្រទេសយើងក៏ដោយក៏មានផុសឡើងនូវរូបបែបម៉ូដអគារដែលមានទ្រង់ទ្រាយប្លែកចម្លែកៗបែបមិនដែលធ្លាប់បានឃើញនៅទីណាពីមុនមកឡើយ។

    ថ្ងៃនេះទំព័រដេគ័រនៃទស្សនាវដ្តី ឡារ៉ែនសូមរួបរួមកំពូលអគារដែលមានរចនាបទ និងរូបរាងប្លែកស្អាតទូទាំងពិភពលោកមកជូនប្រិយមិត្តអ្នកអានបានទស្សនាទាំងអស់គ្នា។

    1 – The sky Pool (London,UK)

    ជាអគារម៉ូដជ្រុងៗធម្មតា តែចំណុចលេចធ្លោគឺ នៅលើដំបូលអគារ The sky Pool នេះមានអាងហែលទឹកដែលសាងពីកញ្ចក់ថ្លាកម្រាស់ 20 សង់ទីម៉ែត្រ និងមានកម្ពស់ពីដីដល់ទៅ 35 ម៉ែត្រ សម្រាប់អ្នកណាចង់សាកល្បងភាពក្លាហានដោយការហែលទឹកនៅក្នុងអាងទឹកដែលសាងពីកញ្ចក់ថ្លានេះ។ អាងហែលទឹកកញ្ចក់នេះតភ្ជាប់អគារចំនួន 2 ឱ្យជាប់គ្នាដោយខាងក្រោមគ្មានសសរទ្រ ឬសំណង់អ្វីទប់ទ្រនៅពីក្រោមឡើយ។

    2 – The Louvre Abu Dhabi (Abu Dhabi, United Arab Emirates)

    សហរដ្ឋអារ៉ាប់ អេមីរេតបានទិញសិទ្ធិពីសារមន្ទី The Louvre ក្នុងតម្លៃ 500 លានដុល្លារ ហើយអគារសារមន្ទី The Louvre នៅក្នុង អាប៊ូ ដាប៊ីនេះថែមត្រូវបានសាងសង់ឡើងដោយការសហការគ្នារវាងអារ៉ាប់ និងបារាំងទៀតផង។ ដោយបានទទួលការរចនាម៉ូដឱ្យក្លាយជាអគារដែលមានរូបរាងជាដូម មានស្នាមបែក និងរន្ធនៅលើដំបូលដែលជួយឱ្យពន្លឺចាំងចុះមក នៅពេលយើងដើរចូលទៅខាងក្នុង ធ្វើឱ្យមានអារម្មណ៍ថា ដូចកំពុងដើរនៅក្រោមទឹក។ គឺជារចនាបទដ៏កំពូលអស្ចារ្យ។

    3 – The San Francisco Museum of Modern Art (San francisco, CA)

    សារមន្ទីសិល្បៈសម័យថ្មីរបស់ San Francisco ឬ SFMOMA ដែលច្នៃម៉ូដអគារឡើងដោយ Snohetta ដែលស្ថិតនៅលើផ្ទៃដីទាំងអស់ 12,000ម៉ែត្រការ៉េ ទាំងផ្ទៃដីក្នុងម្លប់ និងកណ្តាលវាល។ ផ្នែកខាងក្រោមជាបន្ទប់វិចិត្រសាលបំពាក់កញ្ចក់ដែលអាចឱ្យមនុស្សម្នាទូទៅចូលទៅទស្សនាដោយសេរី និងនៅក្នុងជាន់នីមួយៗថែមទាំងមានការរចនាបទតុបតែងខាងក្នុងខុសប្លែកពីគ្នា មានលក្ខណៈពិសេសដោយឡែកពីគ្នា ធ្វើឱ្យអគារមួយនេះត្រូវបានច្នៃម៉ូដឡើងយ៉ាងចម្លែក។

    4 – The Agora Garden (Taipei, Taiwan)

    ជាអគារកម្ពស់ 20 ជាន់ កំពូលទំនើបស្ថិតនៅក្នុងទីក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់ ជាអគារពណ៌បៃតង មានរូបរាងទ្រង់ទ្រាយជារាងអគាររមួល រចនាម៉ូដឡើងដោយ Paris-based Vincent Callebaut Architecture ។ ខាងក្នុងមានទំហំជាង 42,335 ម៉ែត្រការ៉េ ព្រមជាមួយក្លិបហៅស៍ អាងហែលទឹក រោងហាត់ប្រាណ ចំណតរថយន្ត និងកន្លែងស្នាក់នៅលំដាប់ Luxury ហើយផ្នែកខាងក្រៅនៃអគារថែមទាំងមានទឹកធ្លាក់សិប្បនិម្មិត និងសួនច្បារពណ៌បៃតងខ្ចីដែលពោរពេញទៅដោយរក្ខជាតិ បន្លែផ្លែឈើ និងរុក្ខជាតិឱសថបុរាណដែលបញ្ចេញក្លិនក្រអូបនៅជុំវិញនោះទៀតផង។

    5 – Zlota 44 (Warsaw, Poland)

    ជាអគារស្នាក់នៅដ៏សែនទំនើបបំផុតកម្ពស់ 54 ជាន់ ត្រូវបានច្នៃម៉ូដឡើងឱ្យមានរូបលក្ខណៈដ៏ទាន់សម័យ និងប្រើប្រាស់នវានុវត្តន៍ដែលទាន់សម័យបំផុតនៅក្នុងប្រទេសប៉ូឡូញ វាក្លាយជាអគារស្នាក់នៅដ៏សែនទំនើបបំផុត និងជានិមិត្តសញ្ញាដ៏លេចធ្លោរបស់ទីក្រុង វ៉-ស ប្រទេសប៉ូឡូញ។ ផ្នែកខាងក្នុងប្រកបទៅដោយទីកន្លែងទំនើបៗជាច្រើនដើម្បីតបស្នងចំពោះអ្នកដែលមកសា្នក់នៅ ដែលមានទាំងអាងហែលទឹក បន្ទប់ចំហុយសៅណា និងស្ប៉ា ជាដើម។

    អគារមួយនេះថែមទាំងត្រូវបានសាងសង់ និងរចនាម៉ូដឡើងដើម្បីធ្វើជាអគារកម្រិតស្តង់ដារថ្មីដែលឆ្លុះបញ្ចាំងអំពីភាពជោគជ័យ និងកម្លាំងជំរុញចិត្តរបស់ប្រជាជនប៉ូឡូញទៀតផង៕

  • មណ្ឌលទេសចរណ៍ខាងទឹកចម្រុះពណ៌ 5 កន្លែងដែលស្អាតបំផុតលើពិភពលោក

    មណ្ឌលទេសចរណ៍ខាងទឹកចម្រុះពណ៌ 5 កន្លែងដែលស្អាតបំផុតលើពិភពលោក

    អាចរាប់បានថា ជាមណ្ឌលទេសចរណ៍ខាងទឹកដ៏អស្ចារ្យបំផុតដែលកំពុងរង់ចាំឱ្យអ្នកទេសចរណ៍ទូទាំងពិភពលោកបានទៅទស្សនា និងនែបនិត្យជាមួយនឹងបរិយាកាសធម្មជាតិដ៏ស្អាតអស្ចារ្យដែលបានឃើញហើយនឹងធ្វើឱ្យជញ្ជក់មាត់គ្រប់ៗគ្នាមិនខាន។

    Plitvice Lake ប្រទេស Croatia

    ជាមណ្ឌលទេសចរណ៍ដ៏ល្បីល្បាញបំផុតរបស់ប្រទេស ក្រូអាត ដែលឧត្តមសម្បូរទៅដោយភាពស្រស់ស្អាតរបស់ធម្មជាតិ ភាពស្រស់ថ្លាខៀវខ្ចីរបស់ធម្មជាតិ ភាពត្រជាក់ស្រស់បស់របស់ព្រៃព្រឹក្សា និងភាពត្រជាក់ស្រេងនៃទឹកបឹងទន្លេសាប Plitvice Lake។ គឺជាបឹងមួយក្នុងចំណោមបឹងទន្លេសាបទាំង 16ដែលត្រូវបានតភ្ជាប់គ្នាដោយទឹកជ្រោះធ្លាក់ដ៏ស្រស់ស្អាតជាច្រើនរហូតកើតចេញជាបឹងទន្លេសាបដែលឧត្តមសម្បូរទៅដោយធម្មជាតិដែលទាមទារឱ្យអ្នកទេសចរទៅនែបនិត្យ។

    Halong Bay or Bay of Descending Dragons ប្រទេស Vietnam

    ប្រហែលជាមិនចាំបាច់អធិប្បាយអ្វីច្រើនទេសម្រាប់ ហាឡុង បេយ៍ ប្រទេសវៀតណាមនេះ ព្រោះអាចរាប់បានថា ជាមណ្ឌលទេសចរណ៍ខាងទឹកបែបធម្មជាតិមួយទៀតដ៏ស្រស់ស្អាតបំផុត ដែលធ្លាប់ទទួលអ្នកទេសចរអស់ជាច្រើនលាននាក់មកហើយ។

    ជាមួយនឹងដំណើរទេសចរណ៍បែបអនុរក្សធម្មជាតិ និងនែបនិត្យជាមួយនឹងភាពស្រស់ស្អាតរបស់បណ្តាកោះតូចធំជាង 1,600 កោះដែលពោរពេញទៅដោយដើមឈើ និងព្រៃស្រោង ព្រមទាំងបានរៀនយល់ដឹងពីវិថីជីវិតរបស់អ្នករស់នៅទីនោះយ៉ាងស្ងប់សុខ និងងាយស្រួលផងដែរ។

    Wuhua Hai, Five-Flower Lake in China

    ទន្លេសាប វូហួ ហៃ ឬទន្លេសាបនៃបុប្ផាទាំងប្រាំ គឺជាទន្លេសាបមួយក្នុងចំណោមទន្លេសាបដែលស្រស់ស្អាតលំដាប់ជួរមុខគេរបស់ឧទ្យាន ជីវ ចូ កូវ៍ ដោយសារតែមានទឹកដែលថ្លាហួសវិស័យរហូតដល់អាចមើលឃើញបាតបឹងបាន និងពណ៌របស់ទឹកថែមទាំងស្រស់ស្អាតរហូតក្លាយជាទីពេញនិយមសម្រាប់ប្រជាជនចិននាំគ្នាចូលមកថតព្រីវេដឌីងទៀតផង។ បឹងទន្លេសាបមួយនេះមានជម្រៅដល់ទៅ 5 ម៉ែត្រ នឹងមានផ្ទៃក្រឡាដល់ទៅ 9 ម៉ឺនម៉ែត្រការ៉េទៀតផង។

    និងប្រភពរបស់ឈ្មោះដែលគេនាំគ្នាហៅថា បុប្ផាទាំងប្រាំនោះគឺ ព្រោះតែដុំកករ រុក្ខជាតិ និងថ្មកំបោរដែលស្ថិតនៅក្រោមទឹកនោះមានពណ៌ចម្រុះហ្នឹងឯង។

    Cano Cristales, River of Five Colors in Colombia

    បើបានទៅលេងកម្សាន្តនៅទីនោះក្នុងអំឡុងពេលដែលមានទឹកច្រើន ភ្ញៀវទេសចរច្បាស់ជាត្រូវនឹកចម្លែកចិត្តមិនខានថា តើហេតុអីបានទីនេះមានឈ្មោះថា ទន្លេ 5 ពណ៌ ទាំងដែលវាមានតែពណ៌បៃតងចាស់មួយដូចទន្លេទូទៅដែរនោះ តែឈប់សិន…បើសិនលោកអ្នកបានទៅលេងក្នុងអំឡុងខែកញ្ញា និងខែវិច្ឆិកាដែលមានទឹកតិច ឬរដូវប្រាំងវិញនោះ ក៏នឹងបានដឹងថា ហេតុអីបានមានដល់ទៅ 5 ពណ៌? ព្រោះថា ពណ៌ទាំងអស់នោះ គឺរុក្ខជាតិដែលដុះនៅក្រោមទឹកដែលមានឈ្មោះថា Macarenia clavigera ដែលនឹងប្តូរទៅជាពណ៌ក្រហម និងពណ៌ផ្កាឈូក ចៃដន្យជួបនឹងពណ៌ដ៏ស្រស់ស្អាតរបស់ដីខ្សាច់ដែលមានពណ៌លឿង និងពណ៌បៃតង និងផ្ទៃទឹកក្នុងទន្លេក៏មានពណ៌ផ្ទៃមេឃដ៏ស្អាតផងនោះ ទើបមានឈ្មោះថាជា ទន្លេ 5 ពណ៌ ហ្នឹងឯង។

    Abraham Lake in Alberta, Canada

    ភាពស្រស់ស្អាតដ៏គួរឱ្យនឹកចម្លែកចិត្តដែលដូចជាត្រូវបានសាងឡើងដោយកុំព្យូទ័រក្រាហ្វិកខ្លាំងជាងជាស្នាដៃរបស់ធម្មជាតិ តែមិនមែនទេ…នេះគឺជាទន្លេ អាប្រាហាំ នៃប្រទេសកាណាដា នារដូវរងា។ គឺជាបាតុភូតធម្មជាតិដ៏គួរឱ្យនឹកស្ងើច នៅពេលដែលពពុះខ្យល់រាប់លានដុំដែលនៅឯបាតទន្លេអណ្តែតឡើងមកនៅពេលធាតុអាកាសរងាខ្លាំង។ ពពុះខ្យល់ទាំងអស់នេះ ជាហ្កាសដែលកើតឡើងពីបាក់តេរីដែលរលាយពីកម្ទេចរុក្ខជាតិនៅឯបាតទន្លេហ្នឹងឯង៕

  • តើស្រ្តីមានផ្ទៃពោះញ៉ាំកាហ្វេបានឬទេ?

    តើស្រ្តីមានផ្ទៃពោះញ៉ាំកាហ្វេបានឬទេ?

    ជឿថា ស្រ្តីដែលកំពុងតាំងគភ៌ភាគច្រើនចូលចិត្តញ៉ាំកាហ្វេ ដែលចំណុចនេះអាចធ្វើឱ្យមនុស្សជាច្រើនកើតក្តីកង្វល់ថា នៅពេលញ៉ាំកាហ្វេទៅហើយនឹងមានផលប៉ះពាល់ដល់ការតាំងគភ៌ដែរឬទេ? មានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃដែរឬទេ? ព្រោះគ្រាន់តែតាំងចិត្តថាឈប់ញ៉ាំកាហ្វេភ្លាម មានអារម្មណ៍ថាចង់ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ឬចង់ញ៉ាំ ក៏បារម្ភដល់គភ៌ និងកូនក្នុងផ្ទៃ ធ្វើឱ្យកើតមានអារម្មណ៍តានតឹងឡើងទៀត។ ដូច្នេះដើម្បីស្រាយចម្ងល់ជូនស្រ្តីមានគភ៌ដែលចូលចិត្តញ៉ាំកាហ្វេទាំងឡាយ ថ្ងៃនេះ ឡារ៉ែនមានចម្លើយអំពីរឿងនេះមកជម្រាបជូនទុកជាការសិក្សា។

    ចម្លើយសម្រាប់សំណួរដែលសួរថា តើស្រ្តីមានគភ៌ញ៉ាំកាហ្វេបានឬទេ? ចម្លើយគឺ “បាន” តែបាននៅទីនេះគឺ ត្រូវញ៉ាំក្នុងបរិមាណប្រក្រតី ឬគួរ “កំណត់” បរិមាណកាហ្វេមិនឱ្យលើសពីមួយថ្ងៃ 300 មីល្លីក្រាមឡើយ។ ដោយសារតែសារធាតុកាហ្វេអ៊ីននៅក្នុងកាហ្វេអាចត្រូវបានបញ្ជូនបន្តតាមរយៈទងសុកឆ្ពោះទៅកាន់ទារកក្នុងគភ៌ ដែលបើសិនជាញ៉ាំក្នុងបរិមាណច្រើនជ្រុលពេក ក៏អាចនឹងមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃបាន ដូចជា ធ្វើឱ្យទារកចម្រើនធំធាត់យឺត ប្រថុយប្រថាននឹងការរលូត ប្រសូតមុនកំណត់ ឬប្រសូតចេញមកហើយ ទារកមានទម្ងន់ខ្លួនតិច ជាដើម។

    តែទាំងអស់នេះ ស្រ្តីមានគភ៌ដែលញៀនកាហ្វេក៏មិនចាំបាច់ត្រូវកង្វល់ខ្វល់ខ្វាយខ្លាំងជ្រុលពេកដែរ ព្រោះនៅមិនទាន់មានរបាយការណ៍ពីខាងវេជ្ជសាស្រ្តមកថា ការញ៉ាំកាហ្វេធ្វើឱ្យមានគ្រោះថ្នាក់ដល់ទារកក្នុងគភ៌នៅឡើយ តែទោះយ៉ាងណាក៏វាមិនមែនបានន័យថា មានសុវត្ថិភាព 100 % នោះដែរ ដូច្នេះទើបស្រ្តីមានគភ៌គួរញ៉ាំកាហ្វេក្នុងបរិមាណដែលសមរម្យក្នុងមួយថ្ងៃៗ ឬប្រមាណជា 1 – 2 កែវតូចក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយ ឬបើសិនអាចទៅរួច គួរបន្ថយបរិមាណចុះម្តងបន្តិចៗ រហូតដល់លែងញ៉ាំតែម្តងជាការល្អបំផុតរួចងាកមកញ៉ាំទឹកបន្លែ-ផ្លែឈើដែលមានប្រយោជន៍ជំនួសវិញ ព្រោះក្រៅពីមិនបាច់ចាំកង្វល់ព្រួយហើយនោះ ទឹកបន្លែ-ផ្លែឈើទាំងនោះថែមទាំងល្អចំពោះសុខភាពទាំងម្តាយទាំងកូនដែលនៅក្នុងផ្ទៃទៀតផង៕

  • មហាអំណាចស្មាតហ្វូនប៊ិក Galaxy Note 20 | Galaxy Note 20 Ultra ដែលបានអង្រួនពិភពលោកឱ្យកក្រើកបានដាក់លក់ផ្លូវការក្នុងប្រទេសកម្ពុជាហើយជាមួយនឹងកម្មវិធីប្រូម៉ូសិនពិសេសអស្ចារ្យបំផុត…!

    មហាអំណាចស្មាតហ្វូនប៊ិក Galaxy Note 20 | Galaxy Note 20 Ultra ដែលបានអង្រួនពិភពលោកឱ្យកក្រើកបានដាក់លក់ផ្លូវការក្នុងប្រទេសកម្ពុជាហើយជាមួយនឹងកម្មវិធីប្រូម៉ូសិនពិសេសអស្ចារ្យបំផុត…!

    (ភ្នំពេញ) ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០៖ ពិភពលោកទាំងមូលសុទ្ធតែបានដឹងឭ និងឃើញពីភាពអស្ចារ្យក៏ដូចជាអានុភាពដ៏មហិមារបស់ មហាអំណាចស្មាតហ្វូនប៊ិក SAMSUNG Galaxy Note 20 និង Galaxy Note 20 Ultra ដែលបានធ្វើការបង្ហាញខ្លួនកាលពីពេលថ្មីៗនេះរួចមកហើយ!

    ហើយឥឡូវនេះមហាអំណាចស្មាតហ្វូនប៊ិក SAMSUNG Galaxy Note 20 និង Galaxy Note 20 Ultra ដែលគ្រប់គ្នាសុទ្ធតែស្រមៃចង់ប្រើ និងក្រេបយកនូវបទពិសោធន៍ការងារ និងការកម្សាន្តដ៏សម្បូរបែបក៏បានដាក់លក់ផ្លូវការលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាយើងហើយជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏រំភើបអស្ចារ្យមិនធ្លាប់មានពីក្រុមហ៊ុន សាមសុង ផងដែរ!

    សូមរំឮកផងដែរថាក្រោយពីការស្វែងយល់ពីតម្រូវការរបស់អតិថិជនអ្នកប្រើប្រាស់ ស្មាតហ្វូន របស់ខ្លួនទាំងអស់ទូទាំងពិភពលោក…លើកនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានផ្តល់ជូននូវភាពភ្ញាក់ផ្អើលយ៉ាងកក្រើក និងស្ញប់ស្ញែងគួរជាទីមោទនៈបំផុតដោយរចនាឡើងនូវ ពណ៌ថ្មីដ៏ទាក់ទាញ…រូបរាងស៊ិចស៊ី…បំពាក់ស្តេចកំពូលកាមេរ៉ា…បច្ចេកវិទ្យាថ្មីៗ…កម្លាំងម៉ាស៊ីនកាន់តែធំ…និងអ្វីដែលអង្រួនដួងចិត្ត ស្អិតជាប់បេះដូងអ្នកប្រើប្រាស់ស៊េរី Note ក៏ដូចជាអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់នោះគឺ ស្តេចកំពូលប៊ិកវេទមន្ត(S-Pen) នេះតែម្តង!

    ស្តេចកំពូលប៊ិកវេទមន្ត(S-Pen) គឺត្រូវបានរចនា និងអភិវឌ្ឍឡើងកាន់តែប្រសើរ និងវៃឆ្លាតជាងមុន…កាន់តែស្និទ្ធជាងមុន…កាន់តែរអិលរលូនជាងមុន និងកាន់តែមានអារម្មណ៍ដូចកាន់ប៊ិកសរសេរពិតៗដោយឆ្លុះបញ្ចាំងពីអានុភាពសម្រាប់ការងារដែលវាប្រៀបបានទៅនឹងកុំព្យូទ័រដែលមានអានុភាពខ្លាំងបំផុតស្ថិតក្នុងដៃអ្នក!

    ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិពិសេស…ទំនើប…និងកាន់តែអស្ចារ្យរបស់អធិរាជមហាអំណាចស្មាតហ្វូន SAMSUNG Galaxy Note 20 និង Galaxy Note 20 Ultra៖

     

    * Galaxy Note 20 Ultra

    – តម្លៃ៖ $1,199 សម្រាប់ទំហំផ្ទុក (Storage) 256GB និង $1,299 សម្រាប់ទំហំផ្ទុក (Storage) 512GB

    – មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) ៖ មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់!  លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែមមេម៉ូរីបានផងដែរ)!

    – ទំហំអេក្រង់៖ 6.9 អ៊ីញ

    – ប្រភេទកញ្ចក់អេក្រង់៖ Infinity-O Display ប្រភេទ Dynamic AMOLED 2X

    – កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 10 MP

    – កាមេរ៉ាក្រោយ 3 គ្រាប់៖ 108 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide)

    – ប្រព័ន្ធដំណើរការ (CPU)៖ Exynos 990

    – អង្គចងចាំ៖ រ៉េម (RAM) 8 GB, រ៉ូម (ROM) 256 GB ដល់ 512 GB និងអាចបន្ថែមក្រៅបានរហូតដល់ 1 TB

    – ថាមពលថ្ម៖ 4,500 mAh (សាកថ្មល្បឿនលឿនបំផុត)

    – ពណ៌៖ Mystic Black (ខ្មៅ), Mystic White (ស), Mystic Bronze (សំរឹទ្ធ)

     

    * Galaxy Note 20

    – តម្លៃ៖ $949 (256GB)

    – មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) ៖ មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់!  លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែមមេម៉ូរីបានផងដែរ)!

    – ទំហំអេក្រង់៖ 6.7 អ៊ីញ

    – ប្រភេទកញ្ចក់អេក្រង់៖ Infinity-O Display ប្រភេទ Dynamic AMOLED 2X

    – កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 10 MP

    – កាមេរ៉ាក្រោយ 3 គ្រាប់៖ 12 MP (Wide), 64 MP (Telephoto), 12 MP (Ultra-Wide)

    – ប្រព័ន្ធដំណើរការ (CPU)៖ Exynos 990

    – អង្គចងចាំ៖ រ៉េម (RAM) 8 GB, រ៉ូម (ROM) 256 GB

    – ថាមពលថ្ម៖ 4,300 mAh (សាកថ្មល្បឿនលឿនបំផុត)

    – ពណ៌៖ Mystic Green (បៃតង), Mystic Gray (ប្រផះ), Mystic Bronze(សំរឹទ្ធ)

     

    * បញ្ជាក់៖ រាល់ការជាវមហាអំណាចស្មាតហ្វូនប៊ិក Galaxy Note 20 និង Galaxy Note 20 Ultra

    អតិថិជនទាំងអស់នឹងទទួលបានជាមួយនឹងការថែមជូនយ៉ាងពិសេសដូចជា៖

    – ថែមជូនស្រោមទូរស័ព្ទថ្លាហ្ស៊ីន (Back Cover) ដ៏ស្រស់ស្អាត 1 ភ្លាម!

    – បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

    – ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍!

    – បង់រំលស់ដោយគ្មានការប្រាក់ (០%)ចំនួន 0៩ ខែ ជាមួយមីក្រូហិរញ្ញវត្ថុ អ៊ីអន!

     

    សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

     

    * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

  • អ្នកណាខ្លះជារដ្ឋមន្ត្រីក្រសួងអប់រំចាប់តាំងពីឆ្នាំ 1979 រហូតមកដល់បច្ចុប្បន្ន?

    អ្នកណាខ្លះជារដ្ឋមន្ត្រីក្រសួងអប់រំចាប់តាំងពីឆ្នាំ 1979 រហូតមកដល់បច្ចុប្បន្ន?

    ក្រសួង​អប់រំ យុវជន និង​កីឡា ជា​ស្ថាប័ន​យ៉ាងសំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា ព្រោះ​ស្ថាប័ន​នេះ​ជា​អ្នក​បណ្តុះបណ្តាល​ប្រជាជន​គ្រប់រូប​ឱ្យក្លាយ​ជា​បុគ្គល​មាន​សមត្ថភាព​សម្រាប់​ចូលរួម​គ្រប់​វិស័យ​ទាំង​រដ្ឋ និង​ឯកជន​នៅ​កម្ពុជា​រហូតមកដល់​ប​ច្ចុ​ប្បន្ន។

    ថ្មីៗនេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បានបង្ហាញ​ពី​សមាសភាព​របស់​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ចាប់តាំងពី​ការដួលរលំ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ ឆ្នាំ1979 រហូតមកដល់​បច្ចុប្បន្ន​នេះ។ រដ្ឋមន្ត្រី​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​សមាសភាព​ដូចជា៖

    ទី1 សម​មិត្ត ចាន់ វ៉ែន គាត់​បាន​កាន់​ការងារ​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​រយៈពេល 3ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ 1979 ដល់​ឆ្នាំ 1982។

    ទី2 សម​មិត្ត ប៉ែន ណា​វុ​ឍ បាន​កាន់​ការងារ​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​រយៈពេល 8ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ 1982 ដល់​ឆ្នាំ 1990។

    ទី3 ឯកឧត្តម យស់ សុន គាត់​បាន​កាន់​ការងារ​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​រយៈពេល 2ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ 1990 ដល់​ឆ្នាំ 1992។

    ទី4 ឯកឧត្តម អ៊ឹម ឈុន​លីម គាត់​បាន​កាន់​ការងារ​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​ក្នុង​ឆ្នាំ 1992។

    ទី5 ឯកឧត្តម ម៉ុម ជឹម​ហ៊ុយ  គាត់​បាន​កាន់​ការងារ​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​ក្នុង​ឆ្នាំ 1993។

    ទី6 ឯកឧត្តម អ៊ឹង ហួត គាត់​បាន​កាន់​ការងារ​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​រយៈពេល 1ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ 1993 ដល់​ឆ្នាំ 1994។

    ទី7 ឯកឧត្តម តុល ឡោះ គាត់​បាន​កាន់​ការងារ​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​រយៈពេល 9ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ 1994 ដល់​ឆ្នាំ 2003។

    ទី8 ឯកឧត្តម កុល ផេង គាត់​បាន​កាន់​ការងារ​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​រយៈពេល 4ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ 2004 ដល់​ឆ្នាំ 2008។

    ទី9 ឯកឧត្តម អ៊ឹម សិទ្ធី គាត់​បាន​កាន់​ការងារ​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​រយៈពេល 5ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ 2008 ដល់​ឆ្នាំ 2013។

    ទី10 ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន គាត់​បាន​កាន់​ការងារ​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​ចាប់ពី​ឆ្នាំ2013 រហូតដល់​បច្ចុប្បន្ន៕

  • ស្ករត្នោតក្លែងក្លាយជាមេរោគថ្មីសម្រាប់ផលិតផលក្នុងស្រុក

    ស្ករត្នោតក្លែងក្លាយជាមេរោគថ្មីសម្រាប់ផលិតផលក្នុងស្រុក

    ត្នោត គឺជា​ដើមឈើ​មួយ​ដើម​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​យ៉ាងសំខាន់​របស់​កម្ពុជា ព្រោះ​ដើមត្នោត​ជាដើម​ដែលមាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ទាំង​ស្លឹក ឫស ធាង ដើម ផ្លែ និង​ផ្នែកផ្សេងៗទៀត។ បន្ថែម​ពីលើ​នេះ ខ្មែរ​យើង​ខ្លះ​ក៏​ប្រៀបធៀប​ផលិតផល​ពី​ត្នោត ថា​ជា​របស់​សំខាន់​ដែល​ល្អ​ឯក​ប្លែក​គេ​លើ​ពិភពលោក​របស់​កម្ពុជា​ថែម​ទៀតផង។

    ទោះជា​យ៉ាងនេះ​ក្តី មួយរយៈ​ពេលនេះ ស្ករត្នោត ជា​ផលិតផល​ដ៏​ល្បីល្បាញ​របស់​កម្ពុជា ដែល​ប្រជាជន​ទូទាំងប្រទេស និង​ភ្ញៀវទេសចរ​បរទេស​ទទួល​ស្គាល់ កំពុង​ទទួលរង​នូវ​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​ពី​ឈ្មួញ​ទុច្ចរិត និង​ការប្រើប្រាស់​សារធាតុ​គីមី។ មួយរយៈ​ពេល​ចុង​ក្រោយនេះ គេ​ឃើញ​មន្ត្រី​ផ្នែក​កាំកុងត្រូល ដែល​ក្រោយមក​បាន​ប្រែ​ក្លាយខ្លួនជា អាជ្ញាធរ​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​ការ​ក្លែងបន្លំ (កប​ប) ចាប់បាន​ទីតាំង​ផលិត​ស្ក​ត្នោត​ក្លែងក្លាយ​ជាច្រើន​កន្លែង​នៅ​ខេត្តតាកែវ និង​ខេត្តកណ្តាល។

    បញ្ហា​នេះ អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដ​ល់​ចង្វាក់​ផលិតកម្ម និង​ការគាំទ្រ​ផលិតផល​ក្នុងស្រុក ព្រោះ​ដោយសារតែ​របត់​ចុងក្រោយ​នេះ​អាហារ​ពី​បរទេស​សំបូរ​ទៅដោយ​សារធាតុ​គីមី ប្រជាជន​ខ្មែរ​ចាប់ផ្តើម​ងាក​មកប្រើប្រាស់​ផលិតផល​ក្នុងស្រុក​វិញ​ម្តង តែ​ប្រសិនបើ​ផលិតផល​ក្នុងស្រុក​មាន​សារធាតុ​គីមី​ដែរ នោះ​យើង​នឹង​អាច​ជួប​ការលំបាក។ បន្ថែម​ពីលើ​នេះ រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​កំពុង​ជំរុញ​ការផលិត​ផលិតផល​ក្នុងស្រុក ដោយ​ក្នុងនោះ​ស្ករត្នោត​ជា​ផលិតផល​សំខាន់​មួយ​សម្រាប់​ប្រជាជន ប្រសិនបើ​ស្ក​ត្នោត​ដែល​មានតែ​កម្ពុជា​បែរជា​ផលិតឡើង​ដោយ​របស់​ក្លែងក្លាយ​ទៅហើយនោះ អ្នកទិញ​នឹង​អស់​ទំនុកចិត្ត។ ការ​អស់​ទំនុកចិត្ត​នេះ អាច​នឹង​ជះឥទ្ធិពល​អាក្រក់​ផងដែរ​សម្រាប់​ចង្វាក់​ផលិតកម្ម​ជាច្រើន​ផ្សេងទៀត​ជាពិសេស​សហគមន៍​ផលិត​ស្ក​ត្នោត​ធម្មជាតិ​ពិតប្រាកដ។

    កន្លងមក លោក ប៉ោ លាង​គង់ ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​ការ​ក្លែងបន្លំ (កប​ប) ដែល​បាន​ចុះបង្ក្រាប​ទីតាំង​ស្ករត្នោត​ក្លែងក្លាយ​នៅ​ខេត្តតាកែវ​បាន​លើកឡើងថា ស្ក​ត្នោត​ក្លែងក្លាយ​នេះ​ផលិតឡើង​ដោយ​ផលិតផល​ស្ករស លាយ​ជាមួយ​ម្ស៉ៅ និង​ខ្លាញ់ ដែល​សារធាតុ​ទាំងអស់នេះ​អាច​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព។ វា​អាច​បណ្តាលឱ្យមាន​បញ្ហា​ជាច្រើន​មកពី​កង្វះ​អនាម័យ និង​បញ្ហា​មួយចំនួនទៀត​ដល់​ក្រពះ ពោះវៀន និង​អាចឈាន​ទៅដល់​ការកើតមាន​ជា​ជំងឺ​ជាដើម។

    ហេតុនេះ ការចូលរួម​របស់​ប្រជាជន​ក្នុងការ​បញ្ឈប់​ការផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ ជា​ជំហាន​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​សុខភាព​ប្រជាជន​ផង និង​ការជួយ​ដល់​ផលិតផល​ក្នុងស្រុក​ផង៕