Author: ធឿន មករា

  • ឡូយណាស់! ហ្គេមមួយរបស់ Microsoft មានដាក់រូបអង្គរវត្តច្បាស់ៗតែម្ដង

    ឡូយណាស់! ហ្គេមមួយរបស់ Microsoft មានដាក់រូបអង្គរវត្តច្បាស់ៗតែម្ដង

    ហ្គេម Flight Simulator ជំនាន់​ថ្មី​ស៊េរី​ឆ្នាំ2020 ដែលជា​ហ្គេម​ល្បីល្បាញ​មួយ​របស់​ក្រុមហ៊ុន Microsoft ដែល​អាចឱ្យ Gamer ទាំងឡាយ រៀន​បើកបរ​យន្តហោះ និង​បំពេញ​សកម្មភាពផ្សេងៗទៀត។

    អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ នៅក្នុង​ហ្គេម​នេះ មាន​បញ្ចូល​នូវ​ទីតាំងល្បីៗជាច្រើន​លើ​ពិភពលោក ដែលមាន​រូបភាពច្បាស់ៗ ហើយ​ក្នុងនោះ​ក៏មាន​ប្រាសាទអង្គរវត្ត​ផងដែរ។

    ពេល​ចូលដល់​ក្នុង​ហ្គេម វា​មាន​ផ្ទាំង​ធំ​មួយ ដែល​បង្ហាញ​ពី​ផែនទី​ពិភពលោក ឯ​នៅត្រង់​ផ្នែក Profile វិញ អ្នក​អាច​គ្រប់គ្រង​លើ​ទិន្នន័យ​ដែល​បាន​ទាញយក គ្រប់គ្រង​លើ​យន្តហោះ និង​ជាពិសេស​ព័ត៌មាន​នៃ​ការហោះហើរ​ទៀតផង។

    Gamer នឹង​ទទួលបាន​បទពិសោធ​ដ៏​អស្ចារ្យ​នៃ​រូបភាព​ដែល​បង្ហាញ​ចេញមក​ក្នុង​ហ្គេម។ ហ្គេម​ថ្មី​នេះ​មាន Database រហូតដល់ 2លាន​GB នឹង​ទាញយក​អំឡុងពេល​លេង​តាមរយៈ​បច្ចេកវិទ្យា Azure Cloud ។ ហ្គេម​នេះ​មាន​ដាក់លក់​លើ​សេវាកម្ម Steam (ផ្សាយ​ផ្ទាល់) ក្នុង​កញ្ចប់​ចំនួន 3ប្រភេទ​ដែលមាន​តម្លៃ 60ដុល្លារ 90ដុល្លារ និង 120ដុល្លារ។ ក្រៅពី Steam វា​ក៏មាន​ដាក់លក់​នៅលើ Microsoft Store និង Xbox Game Pass ផងដែរ៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • 5 រឿងគួរចៀសវាង បើចង់ឱ្យកូនធំឡើងក្លាយជាយុវជនល្អក្នុងសង្គម

    5 រឿងគួរចៀសវាង បើចង់ឱ្យកូនធំឡើងក្លាយជាយុវជនល្អក្នុងសង្គម

    តើអាណាព្យាបាល និងលោកឪពុកអ្នកម្តាយដឹងទេថា សភាពបរិស្ថានជុំវិញខ្លួនកូន សុទ្ធតែមានឥទ្ធិពលដែលហុចផលដល់ការចម្រើនធំធាត់របស់ក្មេងទាំងអស់ ដែលរឿងនេះគឺជារឿងដែលអាចកំណត់បានថា កូនតូចរបស់លោកអ្នកនឹងធំធាត់ឡើងក្លាយជាយុវជនដ៏ល្អដែរឬទេ?។ បើអ្នកណាចង់ឱ្យកូនៗធំធាត់ឡើងក្លាយជានុស្សល្អ និងមានអនាគតល្អស្រស់ស្រាយនោះ គួរចៀសវាងឱ្យកូនតូចរបស់លោកអ្នកស្ថិតនៅឱ្យឆ្ងាយពីសភាពបរិស្ថានដូចខាងក្រោមនេះ។

    1 . ការជេរស្តីបន្ទោស ទិតៀន

    ការស្តីបន្ទោស ជេរបញ្ចោរ ទិតៀន អាចមានខ្លះដែរពេលដែលកូនធ្វើខុស តែបើសិនជាញឹកញាប់ជ្រុលពេកក៏ប្រហែលជាមិនល្អនោះទេ ព្រោះរឿងនោះនឹងធ្វើឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សច្រងេងច្រងាង និងកើតមានអារម្មណ៍មិនចង់ធ្វើអំពើល្អនៅទីបំផុត ដូច្នេះវិធីដែលល្អបំផុត គឺព្យាយាមប្តូរពីការជេរស្តីបន្ទោសមកជាការនិយាយប្រាប់ ឬប្រដៅបែបស្រួលៗ ល្អៗដើម្បីឱ្យកូនបានយល់ និងបានទទួលដឹងថា ខ្លួនឯងធ្វើខុសវិញប្រសើរជាង។

    2 .​ថែទាំថ្នាក់ថ្នមជ្រុលពេក

    ការចិញ្ចឹមកូនដោយការថ្នាកថ្នមជ្រុលហួសហេតុពេក គឺជាការបំផ្លាញកូនដោយមិនដឹងខ្លួន ព្រោះការធ្វើបែបនោះនឹងធ្វើឱ្យគេធំធាត់ឡើងក្លាយជាមនុស្សអត្មានិយម គិតតែពីចិត្តខ្លួនឯង និងចូលចិត្តតែភាពងាយស្រួលសប្បាយហួសហេតុវានឹងចូលទំនងដែលថា ធ្ងន់មិនប្រឹង តឹងមិនស៊ូ ដែលវានឹងហុចផលមិនល្អដល់ការរស់នៅក្នុងសង្គមមិនតិចតួចឡើយ។ ដូច្នេះ ទោះជាលោកអ្នកស្រឡាញ់ និងបារម្ភកូនខ្លាំងប៉ុនណាក៏ដោយ ក៏គួរតែបង្ហាត់បង្រៀនគេឱ្យចេះធ្វើអ្វីដោយខ្លួនឯងខ្លះ មិនមែនគិតតែពីធ្វើឱ្យគ្រប់យ៉ាង រហូតដល់គេមិនអាចធ្វើអ្វីបានសោះនោះឡើយ។

    3 . ការជេរដាក់ទំនាយ

    គ្មានកូនណាម្នាក់ចង់ឮការជេរដាក់ទំនាយ ឬដាក់បណ្តាសាពីឪពុកម្តាយឡើយ ទោះជាការនិយាយនោះមិនមែនជាការតាំងចិត្តក៏ដោយ ព្រោះនៅពេលដែលនិយាយចេញទៅហើយ ក្មេងៗនឹងចាំជាប់ក្នុងចិត្ត និងធ្វើឱ្យគេធំធាត់ឡើងក្លាយជាមនុស្សអាក្រក់បាន ដូច្នេះហើយ ក្នុងការបង្ហាត់បង្រៀនកូន ឪពុកម្តាយចូរកុំប្រើអារម្មណ៍ កំហឹង ឬភ្លេចខ្លួននិយាយពាក្យដាក់ទំនាយ ឬដាក់បណ្តាសាកូនឱ្យសោះ។

    4 . ការធ្វើត្រាប់តាម

    ការធ្វើត្រាប់តាម ទោះវាគ្រាន់តែជាការបន្លំលេងបែបសប្បាយៗក៏ដោយ តែវាក៏អាចហុចផលប៉ះពាល់នៅពេលកូនតូចធំធាត់ឡើងបានដូចគ្នា ដែលនឹងធ្វើឱ្យគេក្លាយជាមនុស្សអៀនខ្មាសច្រើន និងពិបាកក្នុងការចូលរួមសង្គមជាមួយអ្នកដទៃ ដូច្នេះបើឪពុកម្តាយមិនចង់ឱ្យកូនក្លាយជាមនុស្សដែលប៉ឹនអៀនខ្មាសជ្រុលហួសហេតុនោះ ចូរកុំបណ្តោយឱ្យកូនស្ថិតនៅក្នុងកណ្តាលការត្រូវធ្វើត្រាប់ចំអកយ៉ាងដាច់ខាត។

    5 . ការខ្វះហេតុផល

    កណ្តាលបរិស្ថានជុំវិញខ្លួនដែលខ្វះនូវហេតុផល ម្នាក់ៗប្រកាន់យកតែគំនិតខ្លួនឯងជាធំ ច្រើនតែធ្វើឱ្យកុមារធំធាត់ឡើងក្លាយជាមនុស្សប៉ឹនឆាប់ខឹងមួម៉ៅ និងគ្មានហេតុផលបានដូចគ្នា ហើយដោយភាពជាមនុស្សប៉ឹនឆាប់ខឹងមួម៉ៅនេះនឹងហុចផលអាក្រក់ដល់ការរស់នៅនាពេលអនាគតរបស់ពួកគេយ៉ាងខ្លាំង ដូច្នេះដើម្បីឱ្យកូនធំធាត់ឡើងយ៉ាងមានប្រសិទ្ធភាព និងគុណភាពល្អបំផុតនោះ ឪពុកម្តាយត្រូវតែចាប់ផ្តើមពីការធ្វើឱ្យខ្លួនឯងជាមនុស្សមានហេតុផលឱ្យកូនៗមើលជាគំរូជាមុនសិនទើបជាការល្អប្រសើរបំផុត។

    តាមរយៈទាំង 5 ចំណុចដែលឡា​ រ៉ែនបានរៀបរាប់មក សុទ្ធតែជាសភាពបរិស្ថានជុំវិញខ្លួនដែលសាងនូវទម្លាប់ និងនិស្ស័យមិនល្អៗដល់កូនតូចនៅពេលដែលគេធំធាត់ឡើងបានទាំងអស់ និងរឿងទាំងអស់នេះភាគច្រើនគឺកើតចេញឪពុកម្តាយទាំងអស់ ដូច្នេះដើម្បីឱ្យកូនៗធំធាត់ឡើងយ៉ាងមានគុណភាពល្អបំផុតនោះ ចូរកុំភ្លេចខ្លួនសាងសភាពបរិស្ថានទាំងអស់នេះឡើងមកធ្វើបាបកូនៗឱ្យសោះ៕

  • មែនឬទេ ដែលពាក្យចាស់លោកថា ម្តាយជ្រុះសក់ក្រោយពេលឆ្លងទន្លេរួច ព្រោះតែកូនចាំមុខម្តាយបានហើយ?

    មែនឬទេ ដែលពាក្យចាស់លោកថា ម្តាយជ្រុះសក់ក្រោយពេលឆ្លងទន្លេរួច ព្រោះតែកូនចាំមុខម្តាយបានហើយ?

    ស្រ្តីកូនខ្ចីស្ទើរតែគ្រប់រូបតែងជួបនឹងបញ្ហា​ សក់ជ្រុះក្រោយពេលឆ្លងទន្លេរួច តែនឹងជ្រុះច្រើនឬតិចនោះ អាស្រ័យលើបច្ច័យផ្សេងៗរបស់រាងកាយ ឬក៏កើតឡើងដោយសារតែទារកចំណាំមុខម្តាយបានហើយ ទើបធ្វើឱ្យសក់ជ្រុះដូចដែលចាស់បុរាណបាននិយាយ?។ ភាពមិនច្បាស់លាស់ និងក្តីសង្ស័យមួយនេះអាចនិយាយបានថាមានគ្រប់យុគគ្រប់សម័យ ព្រោះអំឡុងពេលដែលសក់ក្បាលរបស់អ្នកម្តាយជ្រុះគឺស្ថិតក្នុងអំឡុងពេលប្រមាណជា 3 – 4 ខែក្រោយប្រសូត ចំពេលដែលកូនតូចអាចនឹងចំណាំមុខម្តាយបានហើយ ហ្នឹងឯង អ៊ើ…តើវាជារឿងចៃដន្យ ឬជារឿងពិត យើងនាំគ្នាមកអានបន្តទាំងអស់គ្នា។

    ក្នុងផ្នែកវេជ្ជសាស្ត្រ សក់ជ្រុះក្រោយពេលឆ្លងទន្លេរួចបណ្តាលមកពីកម្រឹតអ័រម៉ូនអេសត្រូជេនដែលថយចុះក្រោយពីសម្រាលបុត្ររួច ហុចផលឱ្យបរិមាណនៃការហូរវិលរបស់លោហិតថយចុះដែរ ឈាមដែលទៅចិញ្ចឹមស្បែកក្បាលក៏ថយចុះទៅតាមនោះដែរ ទើបធ្វើឱ្យសរសៃសក់ដែលធ្លាប់តែខ្មៅក្រាស់តាំងពីពេលតាំងគភ៌នោះរបូតជ្រុះមកច្រើនជាងប្រក្រតី។

    ការពិតទៅ ជាប្រក្រតីមនុស្សយើងនឹងជ្រុះសក់ក្នុងមួយថ្ងៃប្រមាណជា10 សរសៃ តែក្នុងអំឡុងពេលជ្រុះសក់ក្រោយពេលសម្រាលបុត្ររួចនេះអាចនឹងកើនឡើងដល់ 40 – 50 សរសៃក្នុងមួយថ្ងៃ តែមិនបានជ្រុះច្រើនបែបនេះរហូតនោះទេ ព្រោះនៅពេលអ័រម៉ូនចាប់ផ្តើមដំណើរការស្រួលបួលឡើងវិញ(រយៈពេលប្រមាណជា 6 – 12 ខែ) គ្រប់យ៉ាងនឹងវិលទៅរកសភាពប្រក្រតីវិញមិនខាន។ សក់របស់អ្នកនឹងបន្ថយការជ្រុះ ហើយសក់ថ្មីនឹងដុះឡើងជំនួសវិញ តែទាំងអស់នេះអាស្រ័យលើសភាពរាងកាយរបស់ស្រ្តីជាម្តាយម្នាក់ៗដែរ មិនកំណត់ថា ត្រូវតែ 6 – 12 ខែនោះទេ អ្នកខ្លះជ្រុះតែមួយខែហើយឈប់ជ្រុះទៀតក៏មានដែរ។

    សម្រាប់ជំនឿដែលថា ជ្រុះសក់ដោយសារតែកូនចាំមុខម្តាយបានហើយនោះ ប្រហែលជាវាចៃដន្យទៅត្រូវគ្នានឹងអំឡុងពេលដែលវិវឌ្ឍនាការតាមវ័យរបស់ទារកដែលចាប់ផ្តើមចេះចំណាំផ្ទៃមុខម្តាយ ឬអ្នកនៅជិតដិតបានហើយ និងចំពេលដែលម្តាយស្ថិតក្នុងអំឡុងពេលសក់ជ្រុះក្រោយពេលឆ្លងទន្លេរួចដែរ ទើបក្លាយជាប្រភពនៃជំនឿដែលថា ជ្រុះសក់ក្រោយពេលសម្រាលកូនរួច ព្រោះតែកូនចំណាំមុខម្តាយបានហើយហ្នឹងឯង។

    មើលថែទាំអាការជ្រុះសក់ក្រោយពេលសម្រាលកូនរួចយ៉ាងណាស្រួល?

    1 – អ្នកម្តាយមួយចំនួនប្តូរម៉ូដសក់ថ្មី កែសម្រួលលក្ខណៈផ្ទាល់ខ្លួនទៅជាអ្នកម្តាយស្រស់ស្អាតក៏ល្អម្យ៉ាងដែរ ព្រោះម៉ូដសក់ខ្លីងាយស្រួលមើលថែទាំ និងធ្វើឱ្យមើលមកឃើញសក់រាងក្រាស់ទៀតផង។

    2 – ការមើលថែទាំសរសៃសក់ដែលសំខាន់គឺ ជ្រើសរើសប្រើផលិតផលបែបធម្មជាតិដើម្បីថ្នមសរសៃសក់ ចៀសវាងការធ្វើម៉ាស្សាស្បែកក្បាល ឬសិតសក់ខ្លាំងៗ។ ក្រោយពេលកក់សក់រួច ត្រូវជូតសក់ក្បាលយ៉ាងថ្នមដៃ ព្រោះសក់ដែលកំពុងទទឹកសើមមានឱកាសជ្រុះបានងាយណាស់ ការធ្វើបែបនេះនឹងជួយថ្នមសរសៃសក់បានកាន់តែល្អឡើង។

    3 – ទទួលទានអាហារដែលជួយបំប៉នសរសៃសក់ ដែលមានដូចជា ៈ

    -ស៊ុត មានចំណែកជួយបំប៉នសរសៃសក់ឱ្យភ្លឺរលោង ព្រោះក្នុងស៊ុតមានសារធាតុបៃអូឌីន និងវីតាមីន B។

    -មើមការ៉ុត មានវីតាមីន A កាត់បន្ថយការជ្រុះរបស់សរសៃសក់ និងបំប៉នស្បែកក្បាល។

    -បន្លែស្លឹកបៃតង សម្បូរទៅដោយវីតាមីន A និងC ដូចជា ស្លឹកផ្ទី ប្រូខូលី ស្ពៃក្តោប ជួយបំប៉នសរសៃសក់ និងស្បែកក្បាល។

    -សាច់ត្រី ជាពិសេសត្រីសាល់ម៉ុន ជាប្រភពប្រូតេអ៊ីន និងវីតាមីនD និងថែមទាំងមានសារធាតុអាស៊ីតខ្លាញ់អូមេហ្កា3ដែលជួយបំប៉នស្បែកក្បាល កាត់បន្ថយការកើតអង្គែបានទៀតផង៕

  • ការិយាល័យធ្វើការចម្រុះពណ៌របស់ Google នៅតាមប្រទេសនានា ល្អ និងប្លែកយ៉ាងណាខ្លះទៅ?

    ការិយាល័យធ្វើការចម្រុះពណ៌របស់ Google នៅតាមប្រទេសនានា ល្អ និងប្លែកយ៉ាងណាខ្លះទៅ?

    ឡារ៉ែន សូមនាំមិត្តអ្នកអានទៅជួបនឹងភាពប្លែកថ្មីនៃអៃឌៀក្នុងការតុបតែងការិយាល័យធ្វើការរបស់ក្រុមហ៊ុន Google នៅតាមបណ្តាប្រទេសនានាទូទាំងពិភពលោកដើម្បីឱ្យបានដឹងថា តើហេតុអ្វីបានជាបុគ្គលិកទាំងអស់ស្រឡាញ់ការិយាល័យធ្វើការរបស់ពួកគេម្ល៉េះ?។

    Google ល្បីល្បាញយ៉ាងខ្លាំងក្នុងការរចនាតុបតែងការិយាល័យធ្វើការឱ្យមានភាពប្រណីត សាមញ្ញ និងច្រើនស្ទីលបានយ៉ាងល្អហួសពីការគិត សាងសេចក្តីសុខដល់បុគ្គលិកដែលអំណោយផលដល់ការសាងផលិតផលផ្នែកតិចណូឡូជីដ៏មានប្រសិទ្ធភាពដូចដែលយើងបានឃើញរួចមកហើយសព្វថ្ងៃនេះ។

    ទីស្នាក់ការ Google នៅក្នុងទីក្រុង ហ្សូ៊រិក ( Zurich )ប្រទេសស្វ៊ីស

    បានទទួលការចនាតុបតែងដោយក្រុមហ៊ុនស្ថាបនិក Camenzind Evolution ដោយមានបន្ទប់ប្រជុំរូបស៊ុតបក្សី បន្ទប់ប្រជុំក្នុងរូងក្រោមដី និងទីលានសម្រាប់លេងបាល់ទាត់ និងបាល់បោះទៀតផង។

    ទីស្នាក់ការរបស់ Google នៅទីក្រុង ដាប់លីន (Dublin ) សាធារណរដ្ឋ អៃលែនដ៍

    មានទីកន្លែងធ្វើការចម្រុះពណ៌ ដើម្បីឱ្យបុគ្គលិកមានអារម្មណ៍ធូរស្រាល និងបង្កើនសក្តានុពលក្នុងការធ្វើការងារបានព្រមៗគ្នា ក្រៅពីនេះ បន្ទប់ប្រជុំថែមទាំងរចនាតុបតែងឱ្យចូលគ្នាជាមួយនឹងធម្មជាតិ និងបណ្ណាល័យក៏ហាក់ដូចជារបូតចេញមកពីវណ្ណកម្មរឿង Harry Potter ក៏មិនស្មើ។

    ទីស្នាក់ការរបស់ Google នៅទីក្រុង វ៉ាស៊ីនតោន ឌីស៊ី(Washington DC ) ប្រទេសសហរដ្ឋអាមេរិក

    មានទាំងចង្រ្កានបាយ និងចម្រាក់ភ្នំសិប្បនិម្មិតសម្រាប់ឱ្យបុគ្គលិកបានបន្ធូរអារម្មណ៍បែបពេញទំហឹង និងថែមទាំងមានផែនទីរបស់ប្រទេសទំហំយក្សទៀតផង។

    ទីស្នាក់ការរបស់ Google នៅទីក្រុង ឈិកាហ្គោ (Chicago ) ប្រទេសសហរដ្ឋអាមេរិក

    មានតារាងបាល់ហ្វុ៊តសាល និងទូហ្គេមឱ្យបុគ្គលិកលេង ឬហ្វឹកហាត់ខួរក្បាលដោយការតរូបនៅលើជញ្ជាំង និងមានកន្លែងសម្រាប់ឱ្យបុគ្គលិកសម្រាកបន្ធូរអារម្មណ៍យ៉ាងពេញទំហឹង។

    ទីស្នាក់ការរបស់ Google ក្នុងទីក្រុង តូរ៉ន់តូ (Toronto ) ប្រទេស កាណាដា

    មានទីលានវាយកូនហ្គោលខ្នាតតូចមួយសម្រាប់ឱ្យបុគ្គលិកបានលេងបន្ធូរអារម្មណ៍នៅលើដំបូលទីស្នាក់ការ និងបើចុះមកខាងក្រោមក៏មានបន្ទប់តន្រ្តីដែលមានប្រដាប់ចាក់ថាសចម្រៀងឱ្យបុគ្គលិកបានកម្សាន្តយ៉ាងសប្បាយទៀតផង។

  • វិវឌ្ឍនាការដ៏ល្អរបស់កូន ចាប់ផ្តើមពីឪពុកម្តាយ

    វិវឌ្ឍនាការដ៏ល្អរបស់កូន ចាប់ផ្តើមពីឪពុកម្តាយ

    កូនគឺជាចំណងដៃដ៏មានតម្លៃបំផុតរបស់ជីវិត ដូច្នេះហើយទើបឪពុកម្តាយត្រូវយកចិត្តទុកដាក់ និងមើលថែទាំយ៉ាងដិតដល់ដើម្បីធ្វើឱ្យកូនធំធាត់ឡើងយ៉ាងស្ថិតស្ថេរ និងជឿជាក់។ តើយើងគួរបង្កើនវិវឌ្ឍនាការល្អៗយ៉ាងណាដល់កូនតូចជាទីស្រឡាញ់របស់យើង?

    កូនតូចវ័យទើបនឹងកើត – 1ខួប ៈ កូនតូចនឹងចូលចិត្តបញ្ចេញសំឡេងប្លែកៗ ដូច្នេះឪពុកម្តាយគួរតែនិយាយទៅរកកូនឱ្យបានច្រើន ដោយបញ្ចេញសំនៀងតាមកូន លុះដល់វ័យចេះវារគួរប្រើរបស់លេងជន្លលេងជាមួយកូនដើម្បីឱ្យកូនមានជំនាញខាងរាងកាយដោយការវារតាមវត្ថុ ឬរបស់លេងនោះ។

    កូនតូចវ័យ 2 ខួប ៈ កូនចេះទប់លំនឹងខ្លួនបានល្អហើយ ចេះចូលចិត្តស្តាប់រឿងនិទានហើយ ដូច្នេះគួរឱ្យគេបានស្គាល់ពីពិភពលោកដ៏ធំទូលាយនេះយ៉ាងពេញទំហឹងដោយការនាំគេចេញទៅដើរលេងក្រៅផ្ទះ ក្នុងសួនច្បារ អានរឿងនិទានផ្សេងៗឱ្យស្តាប់ ព្រមទាំងធ្វើសំឡេង និងកាយវិការគួបផ្សំតាមសាច់រឿងផង។

    កូនតូចវ័យ 3 ខួប ៈ ប្រើដៃបានល្អហើយ ចូលចិត្តគូរវាស ដូច្នេះឪពុកម្តាយគួរបង្កើនវិវឌ្ឍនាការរបស់កូនដោយបង្ហាត់ឱ្យចេះជួយខ្លួនឯង ដូចជា ស្លៀកពាក់ខោអាវដោយខ្លួនឯងបែបងាយៗ ជួយធ្វើការងារផ្ទះតូចតាច និងបណ្តោយឱ្យគេលេងគូររូបផ្សេងៗតាមការនឹកស្រមៃ ឬបង្ហាត់កូនដោយការចាប់កាន់ដៃឱ្យរៀនគូររូបគំនូរផ្សេងៗជាដើម។

    កូនតូចវ័យ 4 ឆ្នាំ ៈ ចេះកាន់ខ្មៅដៃសរសេរបានល្អហើយ ចេះនិយាយប្រយោគវែងៗបានហើយ ចូលចិត្តលេងហក់លោត តោងឡើង និងអាចញ៉ាំអាហារបានដោយខ្លួនឯងហើយ ដូច្នេះឪពុកម្តាយគួរបើកឱកាសឱ្យកូនបានលេងសប្បាយយ៉ាងពេញទំហឹង ដូចជា លេងតោងឡើងនៅក្នុងទីកន្លែងដែលមានសុវត្ថិភាព និងចង្អុលបង្ហាញឱ្យគេបានឃើញអ្វីផ្សេងៗជុំវិញខ្លួន ព្រមទាំងដាក់ជាសំណួរដើម្បីឱ្យកូនបានឆ្លើយតបផង។

    កូនតូចវ័យ 5 – 6 ឆ្នាំ ៈ ចូលចិត្តនិយាយ ឬស្រែកឮៗ ចូលចិត្តលេងក្រៅផ្ទះ ចេះដុសធ្មេញខ្លួនឯង ចេះស្លៀកពាក់ និងដោះចេញវិញបានដោយខ្លួនឯងហើយ ដូច្នេះឪពុកម្តាយគួរនាំកូនចេញទៅលេងក្រៅផ្ទះឱ្យបានច្រើនដើម្បីឱ្យគេបានរៀនយល់ដឹងពីរឿងរ៉ាវផ្សេងៗកាន់តែច្រើនឡើង។

    ការបង្កើនវិវឌ្ឍនាការដោយមានឪពុកម្តាយជាអ្នកជួយរុញច្រាន នឹងធ្វើឱ្យកូនធំធាត់ឡើងយ៉ាងស័ក្តិសមនឹងវ័យ មានភាពឆ្លាតវាងវៃ និងអាចរស់នៅបានយ៉ាងមានសេចក្តីសុខ៕

  • 5 ទង្វើរបស់ក្មេងៗដែលបញ្ជាក់ថា ពួកគេគឺ Albert Einsteinតូច

    5 ទង្វើរបស់ក្មេងៗដែលបញ្ជាក់ថា ពួកគេគឺ Albert Einsteinតូច

    លោកឪពុកអ្នកម្តាយដែលមានកូនតូចក្នុងអំឡុងវ័យបឋម ច្រើនតែនឹកកង្វល់ពីការរៀនយល់ដឹងរបស់ពួកគេមែនទេ? ព្រោះកុមារក្នុងវ័យនេះចាប់ផ្តើមចេះចាប់អារម្មណ៍លើរឿងជាច្រើនហើយ ដូចជា ចេះហាត់អានហាត់សរសេរ មានសង្គមមិត្តភ័ក្តិនៅសាលា ហើយខួរក្បាលរបស់កុមារនឹងវិវឌ្ឍពេញទំហឹង ដែលបើសិនជាពួកគេមានទង្វើ និងឥរិយាបទអ្វីប្លែកៗ អាណាព្យាបាលក៏មិនចាំបាច់កង្វល់ចិត្តនោះទេ ព្រោះនោះគឺជាសញ្ញាដែលបង្ហាញថា កូនរបស់អ្នកជាក្មេងឆ្លាត វាងវៃល្អ និងរៀនយល់ដឹងបានលឿនសមនឹងវ័យហើយ តែ…តើនឹងមានទង្វើអ្វីខ្លះដែលក្មេងឆ្លាតច្រើនតែនាំគ្នាធ្វើ? សូមតាមដានជាបន្ត។

    ប៉ិនសួរដេញដោល

    ក្មេងៗដែលប៉ិនសួរ ប៉ិនឆ្ងល់គ្រប់យ៉ាង ទោះជារឿងអត់ប្រយោជន៍ក៏ដោយនោះ គឺពួកគេកំពុងតែរៀនយល់ដឹងពីអ្វីដែលថ្មីៗហើយ។ បើសិនជាពួកគេសួរក្នុងរឿងដែលពិបាកអធិប្បាយប្រាប់ ឪពុកម្តាយអាចនឹងឆ្លើយបែបឱ្យក្មេងងាយយល់ និងបង្កប់ភាពកំប្លែង ឬមានសំណួរទៅវិញ ឱ្យក្មេងៗបានយកទៅគិតដោយខ្លួនឯង ដែលទង្វើបែបនេះល្អចំពោះក្មេង និងឪពុកម្តាយខ្លាំងណាស់ ព្រោះនឹងធ្វើឱ្យសម្ព័ន្ធភាពក្នុងគ្រួសារស្អិតល្មួតកក់ក្តៅខ្លាំងឡើងទៀតផង។

    ចងចាំរឿងរ៉ាវផ្សេងៗបានល្អ

    មិនចាំបាច់ត្រូវទន្ទេញពាក្យ ឬចាំតម្រាមេរៀនបានតែម្យ៉ាងនោះទេ តែអាចជាការចងចាំអតីតកាល ឬរឿងដែលកូនតូចរបស់អ្នកធ្លាប់បានឃើញពីមុន ហើយថ្ងៃនេះនាំយកមកសួរអ្នកឡើងវិញ នោះបញ្ជាក់ថា កូនតូចរបស់អ្នកមានការចងចាំដែលល្អ និងអាចចេះគិតកែខៃដោះស្រាយបញ្ហាបានតាមរយៈព័ត៌មានដែលស្ថិតនៅក្នុងការចងចាំរបស់គេហ្នឹងឯង។

    ចេះចាប់អារម្មណ៍អានសៀវភៅ

    អានសៀវភៅនៅទីនេះ មិនបានមានន័យថា គិតតែពីអានមែនទែននោះទេ សុំត្រឹមតែបើកសៀវភៅមើលលេងក៏គ្រប់គ្រាន់ណាស់ទៅហើយ ដូចជាពពួកសៀវភៅរឿងនិទានដែលមានរូបភាពពណ៌ល្អៗស្អាតៗ ក្មេងៗនឹងចាប់អារម្មណ៍ជាមួយរូបភាពទាំងនោះ និងបើសិនជាពួកគេចង់ដឹងពីសាច់រឿងផងនោះ លោកឪពុកអ្នកម្តាយត្រូវអាស្រ័យចង្វាក់នេះបង្រៀនអក្សរឱ្យកូនតូចចេះអានបានដោយខ្លួនឯង ដោយមិនត្រូវបង្ខំក្មេងឡើយ។

    ចេះប្រមូលសន្សំរបស់របរផ្សេងៗ

    ធ្លាប់សង្កេតដែរទេថា ពេលនាំកូនៗទៅលេងតាមឆ្នេរសមុទ្រ ពួកគេច្រើនតែរើសសម្បកងាវគ្រំ ឬដុំក្រួសតូចៗស្អាតៗយកមកទុកក្នុងហោប៉ៅ ឬទិញនំមួយកញ្ចប់ 1000 រៀលមក តែបែរជាមិនញ៉ាំនំនោះទេ គ្រាន់តែត្រូវការតែរបស់ថែមដែលនៅក្នុងថង់នំនោះប៉ុណ្ណោះ នេះគឺដោយសារតែកូនរបស់អ្នកមានសេចក្តីសុខជាមួយនឹងអ្វីដែលគេបានធ្វើ ហុចផលឱ្យគេមានអារម្មណ៍ល្អ និងខួរក្បាលក៏អភិវឌ្ឍបានល្អតាមនោះដែរ។

    មាននិស្ស័យចូលចិត្តចាត់ចែងរៀបចំ

    ក្មេងៗនឹងមានអារម្មណ៍ជក់ចិត្ត និងសប្បាយជាមួយការចាត់ចែងរៀបចំរបស់របរផ្សេងៗឱ្យមានរបៀប ដូចជា រៀបខ្មៅដៃពណ៌ក្នុងប្រអប់ ចាត់រៀបចំពីរបស់លេងតូចៗទៅរករបស់ធំៗ ជាដើម ដែលទង្វើទាំងនេះបង្ហាញថា កូនតូចរបស់អ្នកចាប់ផ្តើមចេះញែកបំបែក និងបែងចែកប្រភេទនៃវត្ថុហើយ និងនេះថែមទាំងជាការហ្វឹកហាត់ពីការមានរបៀបរៀបរយទៀតផង។

    បានដឹងបែបនេះហើយ ចូរសាកល្បងសង្កេតមើលកូនតូចរបស់លោកអ្នកទៅមើលថា តើពួកគេមានទង្វើដូចដែលបានរៀបរាប់មកខាងលើដែរឬទេ? បើមាន…នោះបញ្ជាក់ថា កូនតូចរបស់អ្នកចាប់ផ្តើមជះពន្លឺនៃភាពអច្ឆរិយៈហើយ មិនប្រាកដដែរ នៅពេលធំឡើងគេអាចនឹងស្រាវជ្រាវរកឃើញទ្រឹស្តីថ្មីណាមួយរហូតបានទទួលរង្វាន់ណូបេលផងក៏មិនដឹង៕

  • ទិន្នន័យរបស់អ្នកប្រើប្រាស់គេហទំព័រ Freepik ជាង ៨លាននាក់ត្រូវបានលួច

    ទិន្នន័យរបស់អ្នកប្រើប្រាស់គេហទំព័រ Freepik ជាង ៨លាននាក់ត្រូវបានលួច

    កាលពីពេលថ្មីៗនេះ​ក្រុម​អ្នកគ្រប់គ្រង​គេហទំព័រ Freepik បាន​ជូនដំណឹង​ដល់​អ្នកប្រើប្រាស់ ពី​ការ​ជ្រៀតចូល​របស់​ជនអនាមិក ដែល​បាន​លួច​យក​អុ​ី​មែ​ល ឬ​លេខ​សម្ងាត់​ដែល​បាន​អុ​ិ​ន​គ្រីប (Hashed Password) របស់​អ្នកប្រើប្រាស់​ប្រមាណ​ជា ៨.៣លាន​នាក់។ សម្រាប់​លោកអ្នក​ដែល​មិន​ធ្លាប់បាន​ប្រើប្រាស់​គេហទំព័រ Freepik វា​ជា​កម្មវិធី​ដ៏​ពេញនិយម​មួយ​ដែល​អាចឱ្យ​លោកអ្នក​ទាញយក​រូបភាព ឬ​ក្រា​ហ្វិ​ច​ឌី​ហ្សា​ញស្អាតៗ ដែលមាន​គុណភាព​ច្បាស់​ដើម្បីឱ្យ​លោកអ្នក​បង្កើត​រូបភាព​ផ្ទាល់ខ្លួន​បាន។

    ទាក់ទង​នឹង​ការ​ជ្រៀតចូល​នេះ ក្រុមហ៊ុន​បាន​ប្រាប់ថា ជនអនាមិក​បានធ្វើកា​រ​វាយប្រហារ​តាមរយៈ SQL injection ដោយ​បញ្ចូល​កូដ​ដែលមាន​មេរោគ​តាមរយៈ​នៃ​ភាព​ចន្លោះប្រហោង​របស់​គេហទំព័​រ​នេះ ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន​បញ្ជាក់​ពី​ពេលវេលា​ដែល​ត្រូវ​រង​ការវាយប្រហារ ឬ​ពេលវេលា​ដែល​ក្រុមហ៊ុន​បាន​រកឃើញ​ពី​បញ្ហា​នេះ​ទេ។ ក្នុងចំណោម​អ្នកប្រើប្រាស់​ប្រមាណ ៨.៣លាន​នាក់ មាន ៤.៥លាន​នាក់ បាន​ប្រើ​គណនី​ពី​ក្រុមហ៊ុនផ្សេងៗទៀត ដូចជា Google, Facebook ឬ Twitter ដើម្បី login ដូច្នេះ​មានតែ​អុ​ី​មែ​ល​របស់​ពួកគេ​ប៉ុណ្ណោះ ដែល​ត្រូវបាន​លួច​យក ចំណែកឯ​លេខ​សម្ងាត់​វិញ ពុំ​ត្រូវបាន​លួច​យក​នោះទេ។

    ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​លោកអ្នក​គួរតែ​ប្ដូរ​លេខ​សម្ងាត់ ប្រសិនបើ​លោកអ្នក​ប្រើ​គេហទំព័រ​នេះ ហើយ​ពុំបាន​ប្រើ​គណនី​ពី​ក្រុមហ៊ុនផ្សេងៗទៀត​ដូចជា Google, Facebook ឬ Twitter ដើម្បី login នោះ។ ជាងនេះទៅទៀត​ប្រសិនបើ​លោកអ្នក​បាន​ប្រើ​លេខ​សម្ងាត់​នេះ​ជាមួយ​គេហទំព័រ​ផ្សេងទៀត​នោះ លោកអ្នក​គួរតែ​ធ្វើការ​ផ្លាស់ប្ដូរ​លេខ​សម្ងាត់​នៅក្នុង​គេហទំព័រ​ទាំងនោះ​ផងដែរ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    81 . វិធីសម្អាតឧបករណ៍ Tupperware (គ្រឿងទុកដាក់ចំណីអាហារធ្វើពីជ័រប្លាស្ទិក)ឱ្យលែងមានក្លិនអាប់នោះគឺ ចូរលាយម្សៅវ៉ានីឡា 2 ស្លាបព្រាបាយជាមួយទឹកក្តៅ 1 ពែងរង្វាល់ ហើយយកក្រណាត់ជ្រលក់ជូតសម្អាតឱ្យសព្វ រួចហើយលាងសម្អាតចេញដោយទឹកស្អាត តែប៉ុណ្ណឹងក្លិនអាប់ផ្សេងៗទាំងឡាយនឹងរលាយអស់បាត់ទៅហើយ។

    82 . វិធីសម្អាត និងកម្ចាត់កំណកកករដីដែលជាប់នៅក្នុងថូផ្កាឱ្យចេញអស់បានយ៉ាងងាយនោះគឺ ប្រើថ្នាំគ្រាប់សម្រាប់សម្អាតធ្មេញក្លែងក្លាយ(អាចរកទិញបាននៅតាមឱសថស្ថាន)ដាក់ចូលថូផ្កានោះដោយមានទឹកនៅក្នុងនោះបន្តិច ដើម្បីធ្វើឱ្យកើតជាពពុះ រួចហើយសឹមលាងដុសសម្អាតតាមក្រោយ កំណកកករដីទាំងនោះនឹងរបូតចេញមកអស់មិនខាន។

    83 . វិធីបោកគក់សម្អាតក្រណាត់វាំងននបង្អួច អាចធ្វើបានតាមពាក្យណែនាំដែលបិទភ្ជាប់មកជាមួយប្រអប់ក្រណាត់វាំងនននោះ តែបើចង់ឱ្យស្អាតហ្មត់ចត់មែនទែននោះ ចូរជ្រលក់ក្រណាត់វាំងនននោះទៅក្នុងចានដែកទឹកក្តៅឧណ្ហៗដែលមានលាយអំបិលមួយពែង និងនៅពេលស្រង់ឡើងមក ចូរព្យួរហាលដោយលាសន្ធឹងឱ្យអស់សាច់ក្រណាត់វានឹងធ្វើឱ្យក្រណាត់វាំងនននោះស្អាត និងមិនជ្រីវជ្រួញទៀតផង។

    84 . វិធីលាងសម្អាតទូកែវចិញ្ចឹមត្រី ឬអាងចិញ្ចឹមត្រី ចូរប្រើអេប៉ុងជ្រលក់អំបិលហ្មត់ ដុសជូតសម្អាតឱ្យសព្វកន្លែង ព្រោះអំបិលនឹងជួយសម្លាប់មេរោគដែលជាប់នៅក្នុងទូត្រី ឬអាងចិញ្ចឹមនោះ និងធ្វើឱ្យទូកញ្ចក់ចិញ្ចឹមត្រីនោះស្អាតហ្មត់ចត់ទៀតផង។

    85 . វិធីសម្អាតស្នាមកំណកខ្លាញ់ដែលជាប់រអិលៗនៅលើចានថ្ម ចោនគោម ឆ្នាំង និងភាជនៈក្នុងផ្ទះបាយគឺចូរលាងសម្អាតដោយទឹកក្តៅឧណ្ហៗជាមួួយទឹកសាប៊ូលាងចាន វានឹងធ្វើឱ្យការលាងសម្អាតនោះដំណើរការទៅយ៉ាងងាយស្រួល។

    (នៅមានត)

  • ទោះមានការគំរាមពី Covid ក៏ក្នុងរយៈពេលឈប់សម្រាក 5ថ្ងៃនេះ មានអ្នកដើរលេងជាង 1លាននាក់នៅទូទាំងប្រទេស

    ទោះមានការគំរាមពី Covid ក៏ក្នុងរយៈពេលឈប់សម្រាក 5ថ្ងៃនេះ មានអ្នកដើរលេងជាង 1លាននាក់នៅទូទាំងប្រទេស

    ប៉ុន្មាន​ថ្ងៃមុន​នេះ ប្រជាជន​ទូទាំងប្រទេស​កម្ពុជា​ត្រូវបាន​អនុញ្ញាតឱ្យ​ឈប់សម្រាក​រយៈពេល 5ថ្ងៃ ដើម្បី​សង​ថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំថ្មី​កាលពី​ខែមេសា។ នៅក្នុង​រយៈពេល​នេះ ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា មាន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស​ប្រមាណ 1.4លាន​នាក់។

    យោងតាម​របាយការណ៍​បឋម​របស់​មន្ទីរ​ទេស​ចរណ៍​រាជធានី​ខេត្ត ភ្ញៀវទេសចរ​ដែល​បានធ្វើ​ដំណើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស​ចាប់ពី ថ្ងៃទី 17-21 ខែសីហា ឆ្នាំ2020 មាន​ចំនួន​ប្រមាណ 1,459,386នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ 1,445,238 នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ 14,148 នាក់។

    ក្រសួងទេសចរណ៍​បានបញ្ជាក់​ផងដែរ​ថា រាជធានី​ខេត្ត​ទាំងអស់​បាន​ខិតខំ​រៀបចំ​គោលដៅ​ទេសចរណ៍ និង​បង្ហាញ​ផលិតផល​ទេសចរណ៍ថ្មីៗ ដួច​នៅ​ខេត្តសៀមរាប រដ្ឋបាលខេត្ត​បាន​ខិតខំ​រៀបចំ​បង្កើតអោយមាន​ព្រឹត្តិការណ៍ “សម្រាក​សៀមរាប” ទាំង​ព្រឹត្តិការណ៍​កីឡា ទេសចរណ៍ វប្ប​ធ​ម៍ ប្រពៃណី ។ល។ ដែល​បាន​ទាក់ទាញ​ទេសចរ​រាប់ម៉ឺន​នាក់​ទៅ​កម្សាន្ត​នៅ​ខេត្តសៀមរាប។ ក្នុង​ដំណើរ​ការរៀប​ចំនេះ រដ្ឋបាលខេត្ត​បាន​សហការ​ជាមួយ​គ្រប់ផ្នែក​ពាក់ពាន់ និង​វិស័យ​ឯកជន ខិតខំ​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ក៏ដូចជា​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុងការ​ទប់ស្កាត់​ជំងឺ​Covid-19 ពិសេស​នៅ​កន្លែង​ប្រារព្វ​ពិធី។

    ភ្ញៀវទេសចរ​ភាគច្រើន​បាន​ដើរ​កម្សាន្ត​ជា​ក្រុមគ្រួសារ និង​ជាច្រើន​គោលដៅ​ដោយ​ភ្ជាប់​គ្នា​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ហើយ​ខ្លះ​បានរៀបចំ​ម្ហូបអាហារ​ដោយ​ខ្លួនឯង​សម្រាប់​ហូបចុក​ក្នុង​ដំណើរ​កម្សាន្ត។ តាម​ការអង្កេត​ជាក់ស្តែង មិនមាន​បញ្ហា​ធំដុំ​ណាមួយ​កើតឡើង​ទេ មិនមាន​ការតំឡើងថ្លៃ​ហួសហេតុ​លើ​សេវា​ស្នាក់នៅ និង​ម្ហូបអាហារ​ទេ ទោះបី​នៅតាម​គោលដៅ​ទេសចរណ៍​មួយចំនួន មានការ​ខ្វះខាត​បន្ទប់​ស្នាក់នៅ ដោយសារ​លំហូរ​ភ្ញៀវ​មាន​ច្រើន​ក្នុងពេល​តែមួយ​ក៏ដោយ។ ភ្ញៀវទេសចរ​មួយចំនួន​បានជ្រើសរើស​ការបោះ​តង់ និង​ការ​ស្នាក់​នៅផ្ទះរ​បស់បង​ប្អូន ឬ​ជួល​ផ្ទះ​របស់​បងប្អូន​ប្រជាជន​ក្នុង​ខេត្ត​ផ្ទាល់។ ប៉ុន្តែ បញ្ហា​សំរាម ទោះបី​រដ្ឋបាលខេត្ត និង​ជំនាញ​ពាក់ព័ន្ធ​មានការ​ខិតខំ​ច្រើន តែ​នៅតែ​ជា​បញ្ហា​ស្មុ​គ្រ​ស្មាញ​នៅឡើយ​ដោយ​នៅតាម​គោលដៅ​មួយចំនួន ភ្ញៀវទេសចរ​មានការ​ទុកដាក់​សំរាម​មិនបាន​ត្រឹមត្រូវ ជាពិសេស​បោះចោល​សំរាម ឬ​ទុកចោល​នៅ​កន្លែង​ដែល​ពួកគាត់​បានទទួល​ទាន​អាហារ។

    គ្រប់​គោលដៅ​ទេសចរណ៍​បាន​ខិតខំ​អនុវត្តតាម​គោល​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​Covid-19 ក្រោម​ការណែនាំ និង​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​មូលដ្ឋាន​របស់​គណៈ​អភិបាល​រាជធានី​ខេត្ត ដែលមាន​មន្ទីរ​ទេសចរណ៍​ជា​សេនាធិការ ជាពិសេស​ការ​ស្កេ​ន​កំដៅ លាងដៃ និង​ការកត់ត្រា​ពត៌មាន​ភ្ញៀវ។ យ៉ាងណាក៏ដោយ ការពាក់​ម៉ាស់​របស់​ភ្ញៀវ​នៅ​មិនទាន់មាន​ភាព​ពេញលេញ ហើយ​ការរក្សា​គំលាត​សុវត្ថិភាព​នៅ​ពុំទាន់​អនុវត្តបាន​ល្អប្រសើរ ជាពិសេស​នៅតាម​គោលដៅ​ទេសចរណ៍​ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ​ច្រើន។

    ជារួម ប្រជាជន​នៅតាម​មូលដ្ឋាន និង​វិស័យ​ឯកជន មាន​ភាព​រីករាយ​ជាមួយ​លំហូរ​ភ្ញៀវទេសចរ​នៅ​គ្រប់​គោលដៅ​ទេសចរណ៍ ខណៈដែល​ការចំណាយ​របស់​ភ្ញៀវ​បាន​ហូរ​ចូល​ដោយផ្ទាល់​ទៅក្នុង​ចរន្ត​សេដ្ឋកិច្ច​មូលដ្ឋាន។ មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ភាគច្រើន​បាន​បើកទទួល​ភ្ញៀវ រាប់​តាំងពី​សេវា​ស្នាក់នៅ និង​ម្ហូបអាហារ ខណៈដែល​ម​គ្គុ​ទេ្ទ​ស​ក៏​ទេសចរណ៍​មួយចំនួន​ក៏បាន​ទទួល​ការងារ​ពី​លំហូរ​ភ្ញៀវទេសចរ​ដ៏​ច្រើន​នេះ ប៉ុន្តែ​សណ្ឋាគារ​កំរិត​ខ្ពស់​ដែល​ធ្លាប់​ទទួលភ្ញៀវ​អន្តរជាតិ ពុំទាន់​បើក​ដំណើរការ​នៅឡើយ ជាពិសេស​នៅ​ខេត្តសៀមរាប៕

  • រឿងត្រូវដឹងមុនរៀបចំពិធីមង្គលការៈ បង្កើនរាសីស្នេហាតាមក្បួនហុងស៊ុយឱ្យសុខសមប្រាថ្នា

    រឿងត្រូវដឹងមុនរៀបចំពិធីមង្គលការៈ បង្កើនរាសីស្នេហាតាមក្បួនហុងស៊ុយឱ្យសុខសមប្រាថ្នា

    សេចក្តីស្នេហាជារឿងដ៏គួរឱ្យអស្ចារ្យមួយដែលធ្វើឱ្យមនុស្សប្លែកមុខពីរនាក់សម្រេចចិត្តមករស់នៅរួមសុខរួមទុក្ខជាមួយគ្នា។

    នៅពេលសេចក្តីស្នេហាកើតមានឡើងរហូតក្លាយជាភាពជឿជាក់ថា ខ្លួនឯងបានជួបនឹងស្នេហាពិតហើយនោះ ទើបការរៀបចំពិធីមង្គលការឡើងប្រៀបប្រដូចទៅនឹងសម្ព័ន្ធសន្យាដែលនឹងប្រាប់គ្នាទៅវិញទៅមកថា យើងនឹងនៅមើលថែទាំគ្នារហូតតទៅអស់មួយជីវិត។ តែសម្រាប់គូខ្លះដែលចង់ឱ្យសេចក្តីស្នេហារបស់ខ្លួនពោរពេញទៅដោយសេចក្តីសុខជារៀងរាល់ថ្ងៃ ទោះជាឆ្លងផុតអំឡុងពេលនៃពិធីមង្គលការរួចមកហើយក៏ដោយនោះ សូមសាកល្បងមកសិក្សាពីភាពពាក់ព័ន្ធរវាងសេចក្តីស្នេហា និងហុងស៊ុយដែលនឹងជួយបង្កើនភាពផ្អែមល្ហែមឱ្យស្នេហារឹងមាំគង់វង្សស្ថិតស្ថេររហូតតទៅដូចខាងក្រោម។

    “បុប្ផា” និមិត្តសញ្ញានៃភាពក្រអូបផ្អែមឆ្អិត

    តាមជំនឿរបស់ជនជាតិចិន បុប្ផាជាមួយសេចក្តីស្នេហាជាវត្ថុគូគ្នា ជានិមិត្តសញ្ញាដែលមិនអាចខ្វះបានឡើយសម្រាប់ការរៀបចំពិធីមង្គលការ ដែលបង្ហាញពីសេចក្តីស្រឡាញ់ដែលផ្អែមក្រអូប ភាពស្រស់ស្រាយ ភាពល្អស្អាត និងថែមទាំងជាវត្ថុបង្កើនសិរីមង្គលមួយផងដែរ។ ក្នុងអំឡុងពេលដែលកូនកំលោះនឹងដឹកដៃកូនក្រមុំចូលបន្ទប់ មានទំនៀមទម្លាប់មួយដែលគេនាំគ្នាជឿថា កូនកំលោះត្រូវតែប្រគល់បុប្ផាពណ៌ក្រហមមួយបាច់ធំទៅកូនក្រមុំមុននឹងក្លាយជាប្តីប្រពន្ធនឹងគ្នា ប្រៀបដូចជាសេចក្តីស្នេហាដែលកូនកំលោះបានប្រគល់ទៅឱ្យកូនក្រមុំបានដឹងថា រូបគេបានត្រៀមខ្លួនរួចរាល់ហើយក្នុងការមើលថែទាំនាងរហូតតទៅ។

    បេះដូងសំខាន់របស់ហុងស៊ុយជាមួយសេចក្តីស្នេហា

    សេចក្តីស្នេហាតាមគោលការណ៍ជំនឿរបស់ហុងស៊ុយ ជនជាតិចិននឹងមានថ្ងៃមួយដែលគេហៅថា ជាថ្ងៃនៃសេចក្តីស្នេហាតាមប្រវត្តិដែលបាននិទានតៗគ្នាអំពី នាងទេពអប្សរមួយរូប ជាមួយបុរសឃ្វាលគោម្នាក់។ សេចក្តីស្នេហារវាងអ្នកទាំងពីរបានកើតឡើង ដោយរៀងរាល់មួយឆ្នាំម្តង ពួកគេនឹងបានជួបគ្នាតែម្តងប៉ុណ្ណោះ គឺនៅរៀងរាល់ថ្ងៃទី7 ខែ7។ ទាំងគូបានសន្យានឹងគ្នាថា ទោះជាពេលវេលាកន្លងផុតទៅយូរប៉ុនណាក៏ដោយ ក៏ពួកគេទាំងពីរនឹងធ្វើដំណើរត្រឡប់មកជួបគ្នា និងនៅជាមួយគ្នាមួយថ្ងៃ។ ពួកគេប្រើពេលវេលានៅជាមួយគ្នាយ៉ាងមានតម្លៃបំផុត។ ជំនឿនេះគឺជាចរិតរ៉ូមែនទិករបស់ជនជាតិចិនដែលប្រកាន់ថា ថ្ងៃនោះជាថ្ងៃមង្គលដែលស័ក្តិសមសម្រាប់រៀបចំពិធីអាពាហ៍ពិពាហ៍ ឬបន្ថែមភាពផ្អែមល្ហែមដល់គូស្នេហ៍ក៏បាន។

    ការរៀបចំបន្ទប់ឱ្យស័ក្តិសមនឹងសេចក្តីស្នេហា

    ពេលរួមរស់នៅជាមួយគ្នា ការរៀបចំផ្ទះសំបែងឱ្យស័ក្តិសម ឱ្យក្លាយជាទ្រនំនៃសេចក្តីស្នេហាដ៏គង់វង្សនោះ រឿងសំខាន់ដែលយើងគួរយកចិត្តទុកដាក់ខ្លាំងបំផុត គឺបរិវេណដែលគូស្វាមីភរិយាត្រូវស្នាក់អាស្រ័យ និងនៅជាមួយគ្នាច្រើនបំផុត ទីនោះគឺទីតាំងរបស់គ្រែដំណេកឱ្យស្ថិតនៅក្នុងបន្ទប់ផ្នែកកណ្តាលៗរបស់ផ្ទះ ដែលនឹងជួយឱ្យគេងលក់បានស្រួល មិនសុបិនអាក្រក់ ភ្ញាក់ឡើងព្រមជាមួយភាពស្រស់ស្រាយ ភ្លឺថ្លា ថែមទាំងជួយបង្កើនសេចក្តីស្នេហា លុយកាក់ និងជីវិតការងារឱ្យល្អឡើងទៀតផង។

    យ៉ាងណាក៏ដោយ ជំនឿរឿងហុងស៊ុយជាជំនឿដែលកើតឡើងចំពោះតែតួបុគ្គលម្នាក់ៗប៉ុណ្ណោះ។ អ្នកណាដែលចង់ឱ្យសេចក្តីស្នេហាស្ថិតស្ថេរគង់វង្សយូរអង្វែង ចង់ជួយឱ្យពិធីមង្គលការរបស់ខ្លួនឯងមានសិរីមង្គល និងដើម្បីក្តីសប្បាយចិត្តនោះ ការចាប់យកហុងស៊ុយមកច្នៃប្រើនៅក្នុងជីវិតគូអាចនិយាយបានថា មិនមែនជារឿងដែលខូចខាតអ្វីឡើយ តែថែមទាំងជួយឱ្យកើតមានសេចក្តីសុខកាយសប្បាយចិត្ត ពោរពេញដោយបរិយាកាសនៃសេចក្តីស្នេហាប្រកបដោយសុភមង្គលទៀតផង៕