Author: ធឿន មករា

  • លទ្ធផលស្រាវជ្រាវអះអាងថា កូនបែបនេះឯង ដែលធំឡើងនឹងក្លាយជាបង្គោលគ្រួសារ

    លទ្ធផលស្រាវជ្រាវអះអាងថា កូនបែបនេះឯង ដែលធំឡើងនឹងក្លាយជាបង្គោលគ្រួសារ

    អ្នកម្តាយដែលមានកូនតែម្នាក់អាចនឹងមិនចាំបាច់គិតអ្វីច្រើនឡើយ ព្រោះយ៉ាងណាក៏ដោយ គឺកូនមួយនេះឯងដែលឪពុកម្តាយនឹកសង្ឃឹមឱ្យក្លាយជាសសរគោលរបស់គ្រួសារនៅចាំជួយមើលថែទាំឪពុកម្តាយពេលចាស់ ឬឈឺថ្កាត់ផ្សេងៗនោះ តែសម្រាប់ឪពុកម្តាយដែលមានកូន2 កូន3 ឬច្រើនជាងនោះ តើត្រូវសង្កេតមើលយ៉ាងម៉េចនឹងដឹងទៅថា តើកូនមួយណានឹងធំទៅក្លាយជាសសរបង្គោលរបស់គ្រួសារបាននោះ?

    ថ្ងៃនេះ ឡារ៉ែនមានចំណុចពិសោធពីខាងវិទ្យាសាស្រ្តដែលបានអះអាងថា ក្មេងដែលជាកូនច្បងក្នុងគ្រួសារនឹងមានឱកាសក្នុងការក្លាយជា សសរគោលរបស់គ្រួសារច្រើនជាងបងប្អូនឯទៀតរបស់ ព្រោះថា ៈ

    1 – ព្រោះកូនច្បងបានរៀនយល់ដឹងពីរឿងភាពសំខាន់របស់គ្រួសារ មានភាពទទួលខុសត្រូវ និងបានទទួលជោគជ័យក្នុងជីវិតមុនប្អូនៗហ្នឹងឯង។

    លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ ចេហ្វ្រ៊ីយ៍ គ្លូហ្គើរ អ្នកនិពន្ធសៀវភៅ The Sibling Effect បានរកឃើញថា “កូនច្បងនឹងស្តាប់បង្គាប់ និងជឿលើពាក្យប្រៀនប្រដៅរបស់ឪពុកម្តាយខ្លាំងជាងកូនបន្ទាប់ៗ និងតែងធ្វើជាបងដែលមានតួនាទីជួយប៉ាម៉ាក់មើលថែប្អូនៗ ទើបក្លាយជាក្មេងដែលមានភាពទទួលខុសត្រូវតាំងពីអាយុនៅតិច។

    2 – ព្រោះកូនច្បងតែងជឿ និងស្តាប់បង្គាប់ពាក្យប្រៀនប្រដៅ និងធ្វើតាមរបៀបវិន័យនៅក្នុងផ្ទះ ខណៈដែលកូនប្អូនៗច្រើនតែជាក្មេងឌឺលទ្ធផលនៃការងារស្រាវជ្រាវដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំ 2003 របស់អ្នកចិត្តវិទ្យាជនជាតិបែលហ្ស៊ិកបានសរុបថា “កូនច្បងនឹងមានភាពទទួលខុសត្រូវ និងមានទង្វើតាមបែបផែនដើម្បីធ្វើជាគំរូដែលល្អៗសម្រាប់ប្អូនៗ ខណៈដែលកូនប្អូនព្យាយាមសាងភាពខុសប្លែកចេញពីរបៀបវិន័យ និងលក្ខខណ្ឌដោយភាពលេងច្រើន ឡេះឡោះ រពឹស រហូតមើលទៅហាក់ដូចជាក្មេងឌឺ រឹងខ្លាំងជាងកូនច្បង”។

    3 – ព្រោះកូនច្បងកើតមកដើម្បីធ្វើជាអ្នកដឹកនាំពីធម្មជាតិ និងច្រើនតែទទួលបានជោគជ័យក្នុងតួនាទីការងារយ៉ាងងាយដោយភាពជាកូនច្បងដែលត្រូវនៅចាំមើលថែទាំប្អូនៗ ដែលអាចរាប់បានថាជារឿងសំខាន់មួយដែលជួយបង្កើនជំនាញភាពជាអ្នកដឹកនាំជាប់នឹងខ្លួនតាំងពីនៅតូចដែលទាំងអស់នេះនឹងក្លាយជាប្រយោជន៍នាពេលអនាគតទាំងក្នុងរឿងការសិក្សារៀនសូត្រ ការធ្វើការងារ និងហុចផលឱ្យកូនច្បងមានភាពក្លៀវក្លាស្វាហាប់ខ្លាំងជាពិសេសទៀតផង។

    4 – ព្រោះកូនច្បងឆ្លាតជាងកូនប្អូន

    តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រជនជាតិន័រវេសបានរកឃើញថា “កូនច្បងមាន IQ ជាមធ្យមខ្ពស់ជាងកូនប្អូនៗដល់ទៅ 2.3 ចំណុច ដែលវាអាចជាបែបហ្នឹងមែន ព្រោះវាអាចកើតចេញពីអ្វីដែលបងច្បងត្រូវអប់រំប្រដៅ ឬជួយប្អូនរំឭកមេរៀន ឬអ្វីផ្សេងៗទៀតដល់ប្អូនៗ ទើបធ្វើឱ្យកូនច្បងមានសតិបញ្ញាល្អជាង និងឆ្លាតជាងកូនប្អូនហ្នឹងឯង។

    5 – ព្រោះកូនច្បងជាមនុស្សដែលមានចិត្តគំនិតល្អ

    លទ្ធផលពីការងារស្រាវជ្រាវរបស់មហាវិទ្យាល័យ អ៊ីលលិណយស៍ ក្នុងឆ្នាំ 2015 បានរកឃើញថា “និស្ស័យរបស់កូនច្បងនឹងមានភាពទៀងត្រង់ ស្តាប់បង្គាប់ និងហ៊ានប្រឈម ដោយមិនញាប់ញ័រចំពោះរឿងអ្វីៗឡើយ ដែលទាំងអស់នេះវាអាចកើតចេញពីការដែលខ្លួនគេជាកូនច្បងដែលត្រូវតែមើលថែទាំប្អូន នៅចាំជួយដោះស្រាយបញ្ហា ទើបធ្វើឱ្យកូនច្បងក្លាយជាបងធំចិត្តល្អ និងជាទីពឹងពាក់របស់ប្អូនបាន៕

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តចប់)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តចប់)

    96 . ទូទឹកកកដែលប្រើយូរទៅមានស្នាមប្រឡាក់ទាំងក្នុង ទាំងក្រៅ និងក្លិនដែលមិនគួរឱ្យប៉ងប្រាថ្នាពេញនោះទាំងអស់ តែយើងអាចលាងសម្អាតឱ្យស្អាតថ្មីច្រឺងឡើងវិញបាន ដោយប្រើសូដាខាបូណេត ឬបេកឃីងសូដា (អាចរកទិញបាននៅតាមផ្សារទំនើប) 1 ស្លាបព្រាបាយ ដាក់ចូលទៅក្នុងទឹកចំនួន 1 លិត្រ កូរឱ្យរលាយសព្វ រួចយកមកលាងជូតសម្អាត ហើយលាងសម្អាតដោយទឹកស្អាតម្តងទៀត ស្នាមប្រឡាក់ផ្សេងៗ និងក្លិនមិនល្អទាំងឡាយនឹងរលាយបាត់អស់ និងស្អាតគួរឱ្យចង់ប្រើទៀតផង។

    97 . វិធីសម្អាតចាន អាងលាងចាន ឬទូដាក់កែវចានដែលធ្វើពីដែកអ៊ីណុក អាចធ្វើបានដោយងាយៗគឺ ប្រើអាល់កុល ឬថ្នាំដុសធ្មេញដោយយកមកលាបឱ្យសព្វ ទុកចោលមួយស្របក់ រួចទើបដុសខាត់ចេញ និងលាងសម្អាតដោយទឹកស្អាតម្តងទៀត រួចជូតដោយក្រណាត់ទន់ៗឱ្យស្ងួត គ្រប់យ៉ាងនឹងមើលទៅភ្លឺចាំងរលោងដូចថ្មីមិនខាន។

    98 . កែវ ដប ដែលប្រើយូរទៅឡើងល្អក់ លែងភ្លឺស្អាតថ្លា លែងគួរឱ្យប្រើនោះ យើងអាចធ្វើឱ្យភ្លឺថ្លាស្អាតរលោងឡើងវិញបានដោយការដាក់ដីខ្សាច់ចូលទៅបន្តិច តាមដោយទឹកប្រមាណជាត្រឹមពាក់កណ្តាលកែវ ឬដបដែលចង់សម្អាតនោះ រួចក្រឡុកខ្លាំងៗរយៈពេលប្រមាណជា 1 នាទី ហើយចាក់ចោល រួចដុសលាងសម្អាតដោយទឹកលាយជាមួយសាប៊ូម្សៅ និងបញ្ចប់ដោយការលាងឱ្យស្អាតដោយទឹកធម្មតា តែប៉ុណ្ណឹងកែវ ឬដបទាំងនោះនឹងឡើងភ្លឺចាំងថ្លាគួរឱ្យចង់ប្រើឡើងវិញបាត់ទៅហើយ។

    99 . ការលាងភាជនៈ(ចានសំប៉ែត ចានគោម ចានចង្កឹះ -ល-) ដែលប្រឡាក់ម្សៅ ស៊ុត ឬទឹកដោះគោ ចូរលាងដោយទឹកត្រជាក់ធម្មតា ព្រោះអាចលាងចេញបានងាយស្រួលជាងទឹកក្តៅ ដោយសារទឹកក្តៅនឹងធ្វើឱ្យម្សៅ ស៊ុត ឬទឹកដោះគោឆ្អឹន និងរឹតតែតោងជាប់លើភាជនៈទាំងនោះកាន់តែខ្លាំងឡើង ដូច្នេះវិធីដែលល្អបំផុតគឺ គួរប្រើអេប៉ុងសើមៗជូតស្នាមប្រឡាក់ទាំងអស់នោះចេញជាមុនសិន រួចសឹមលាងដោយទឹកសាប៊ូ បន្ទាប់ពីនោះទើបលាងសម្អាតដោយទឹកស្អាតជាក្រោយ។

    100 . ថាសប្រាក់នៅពេលប្រើហើយត្រូវតែលាងសម្អាតភ្លាមៗតែម្តងមុននឹងយកទៅទុកដាក់ តែអ្វីដែលសំខាន់នោះគឺការទុកដាក់ថែរក្សាដើម្បីកុំឱ្យថាសប្រាក់ឡើងស្រអាប់ ឬមានស្នាមអុចខ្មៅៗ ដោយយើងអាចដាក់សាជូរ 1 ដុំនៅលើថាសនោះ ដុំសាជូរនោះនឹងធ្វើឱ្យថាសប្រាក់នៅភ្លឺចាំងស្អាតជាប់ជានិច្ច៕

  • ក្រសួងអប់រំ ចេញសេចក្តីណែនាំពីការបើកដំណើរការឡើងវិញគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូចក្នុងដំណាក់កាលទី2

    ក្រសួងអប់រំ ចេញសេចក្តីណែនាំពីការបើកដំណើរការឡើងវិញគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូចក្នុងដំណាក់កាលទី2

    ក្រសួង​អប់រំ យុវជន និង​កីឡា នៅមុននេះ​បន្តិច​បានចេញ​សេចក្តីណែនាំ​ស្តីពី​ការបើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​ម​ត្តេ​យ្យ​សិក្សា និង​សេវា​អប់រំ​កុមារ​តូច​ក្នុងដំណាក់កាល​ទី2 ដើម្បីឱ្យ​សលា​រៀន​នៅ​ទូទាំងប្រទេស​អនុវត្ត។

    ក្រសួង​បញ្ជាក់ថា ក្រោយ​ការដាក់ឱ្យ​អនុវត្ត​វិស្សមកាល​តូច​មុន​កាលកំណត់ និង​ការដាក់ឱ្យ​បន្ត​វិស្សមកាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 គ្រឹះស្ថាន​ម​ត្តេ​យ្យ​សិក្សា និង​សេវា​អប់រំ​កុមារ​តូច បាន​បន្ត​អនុវត្ត​ការបង្រៀន និង​រៀន​តាម​ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការសិក្សា​ពី​ចម្ងាយ​តាមបែប​ប្រពៃណី ក្រោម​ការជួយ​គាំទ្រ​របស់​មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និង​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​ម​ត្តេ​យ្យ​សិក្សា និង​អ្នកផ្តល់​សេវា​អប់រំ​កុមារ​តូច។

    ដើម្បី​ធានា ការបើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថាន​ម​ត្តេ​យ្យ​សិក្សា និង​សេវា​អប់រំ​កុមារ​តូច ក្នុងដំណាក់កាល​ទី2 ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​សុវត្ថិភាព ក្រសួង​បានធ្វើ​ការណែនាំ​ដល់​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការអនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ។ បន្ថែម​ពីលើ​នេះ ក្រសួង​ក៏បាន​ចេញ​គោលការណ៍សំខាន់ៗជាច្រើន​ទៀតផង​ដែរ ដូចជា​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​គ្រឹះស្ថានសិក្សា, ការលើកកម្ពស់​សុខភាព​ចាំបាច់​សម្រាប់​កុមារ បុគ្គលិក​អប់រំ និង​បុគ្គលិក​ផ្សេងទៀត រួមទាំង​ការអប់រំ​សុខភាព និង​បណ្តុះបណ្តាល​ពី​វិធាន​នៃ​ការបង្ការ​ជំងឺ Covid-19 ជាដើម៕

  • សម័យ Covid-19 បុណ្យភ្ជុំក៏ត្រូវមានលក្ខខណ្ឌ និងរបៀបធ្វើដើម្បីការពារសុវត្ថិភាពដែរ

    សម័យ Covid-19 បុណ្យភ្ជុំក៏ត្រូវមានលក្ខខណ្ឌ និងរបៀបធ្វើដើម្បីការពារសុវត្ថិភាពដែរ

    ស្ថិតក្នុង​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​ក៏ត្រូវ​បានរៀបចំ​ដោយ​កំណត់​លក្ខខណ្ឌ​យ៉ាងច្បាស់​លាស់​ដើម្បី​ធ្វើយ៉ាងណា​ធានា​ពី​សុវត្ថិភាព​របស់​អ្នក​ធ្វើបុណ្យ​ទាំងអស់គ្នា​ដើម្បី​កុំឱ្យ​មាន​ចម្លងជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ចូលក្នុង​សហគមន៍។

    ក្រសួង​ធម្មការ និង​សាសនា​បានកំណត់​លក្ខខណ្ឌ​ចំនួន 6ចំណុច​សម្រាប់​អនុវត្ត​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុងប្រទេស​កម្ពុជា។ លក្ខខណ្ឌ​ទាំងអស់នោះ​មានដូចជា៖

    ទី1. រៀបចំ​វត្ត​អារាម ឱ្យមាន​សណ្ដាប់ធ្នាប់ អនាម័យ​បរិស្ថាន​ល្អ ត្រូវ​ចង​ទង់ បដា ជ្វាលា ពាក្យស្លោក និង​រៀបចំ​ឱ្យមាន​ធុងសំរាម​សាធារណៈ

    ទី2. សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន រៀបចំ​ឱ្យមាន​កម្លាំង​រក្សា​សន្តិសុខ សណ្ដាប់ ធ្នាប់ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដែល​មក​បំពេញ​បុណ្យ​កុសល នៅ​គ្រប់​វត្ត​អារាម

    ទី3. រៀបចំ​ទុកដាក់ បែងចែក​ទេយ្យទាន​ឱ្យបាន​សមរម្យ​ជៀសវាង​ភាព​ខ្លះ​ខ្ជាយ និង​យកទៅ​ជូន​កងកម្លាំងប្រដាប់អាវុធ ចែកទាន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ កុមារកំព្រា និង​ក្មេង​អនាថា​គ្មាន​ទីពឹង

    ទី4. តាមដាន និង​ត្រួតពិនិត្យ​នៅតាម​វត្ត​អារាម ដើម្បី​អនុវត្ត​ឱ្យបាន​នូវ​អនុសាសន៍​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល

    ទី5. ផ្សព្វផ្សាយ​នូវ​រាល់​សារ​អប់រំ​ណែនាំ​នានា ដែល​ផលិត​ដោយ​ក្រសួងសុខាភិបាល ឱ្យបាន​ទូលំទូលាយ ជាប់​ជាប្រចាំ​នៅក្នុង​ទីវ​ត្ត​អារាម និង​ផ្សព្វផ្សាយ​ដល់​សាធារណជន ពុទ្ធបរិស័ទ ឱ្យ​បង្កើន​ការ​ប្រុង ប្រយ័ត្ន​ខ្ពស់ សំដៅ​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ក្នុង​សហគមន៍

    ទី6. រៀបចំ​ឱ្យមាន​ជា​កន្លែង​ពិនិត្យ​សុខភាព មុនពេល​ចូលក្នុង​ទីធ្លា​វត្ត​អារាម ព្រះវិហារ ឬ​សាលាឆាន់ ត្រូវមាន​ឧបករណ៍​វាស់​កម្ដៅ សាប៊ូ ជែ​ល ឬ​ទឹក​អាល់កុល​សម្រាប់​លាង​សម្អាត​ដៃ​ជាប្រចាំ។ ត្រូវ ពាក់​ម៉ាស ក្រមា កន្សែង ឬ​ប្រើ​ក្រដាស​ខ្ទប់មាត់​នៅពេល​ក្អក ឬ​កណ្ដាស់ និង​ត្រូវ​រក្សា​គម្លាត​បុគ្គល ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត​ឱ្យបាន​យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ និង​អនុវត្តតាម​វិធាន​នានា ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល៕

  • “ពន្យារកំណើតហើយ…ម៉េចនៅតែតាំងគភ៌ទៀត?” សំណួរដែលស្រ្តីទាំងឡាយ ចង់ដឹងចម្លើយ

    “ពន្យារកំណើតហើយ…ម៉េចនៅតែតាំងគភ៌ទៀត?” សំណួរដែលស្រ្តីទាំងឡាយ ចង់ដឹងចម្លើយ

    ថ្ងៃនេះយើងនាំគ្នាមកនិយាយលម្អិតអំពីការពន្យារកំណើតតាមវិធីនីមួយថា តើវាមានឱកាស “ភ្លាត់ភ្លាំង” (ដែលយើងតែងបានឮជាញឹកញាប់ថា ពន្យារកំណើតហើយ ម៉េចនៅតែមានកូនទៀត?!) តិច ឬច្រើនប៉ុនណា និងហេតុអ្វីបានជាពន្យារកំណើតហើយ នៅតែមានកូនបានទៀតដោយរៀងតាមវិធីពន្យារកំណើតដែលស្រ្តីទាំងឡាយនិយមប្រើ។

    1 . វិធីដាក់កង

    ការដាក់កងពន្យារកំណើតមានឱកាសភ្លាត់ភ្លាំងធ្វើឱ្យតាំងគភ៌ 0.8 % អាចដាក់បានយូរដល់ទៅ 10 ឆ្នាំ(អ្នកខ្លះដាក់រហូតភ្លេចក៏មាន ដល់ពេលនឹកឃើញ ត្រូវឱ្យចៅៗនាំទៅមន្ទីរពេទ្យដើម្បីយកចេញក៏មាន)។ កងពន្យារកំណើតបែបមានអ័រម៉ូន មានឱកាសតាំងគភ៌តិចបំផុតគឺត្រឹមតែ 0.2% ប៉ុណ្ណោះ ដោយកងនឹងបញ្ចេញអ័រម៉ូនមកពន្យារកំណើត និងអាចដាក់បានយូរដល់ទៅ 5 ឆ្នាំ។

    2 . ពន្យារកំណើតបែបប្រើអ័រម៉ូន

    ការចាក់ថ្នាំពន្យារកំណើតកាលពីសម័យមុនដែលយើងធ្លាប់ឃើញមានការចាក់ជាច្រើនម្ជុលនោះ បច្ចុប្បន្នយើងមានថ្នាំចាក់តែមួយម្ជុលប៉ុណ្ណោះនឹងពន្យារកំណើតបាន 3 ឆ្នាំ។

    ឯការចាក់ថ្នាំពន្យារកំណើត ចាក់ម្តងមួយម្ជុលរៀងរាល់ 3 ខែម្តងនោះ មានឱកាសភ្លាត់ភ្លាំងធ្វើឱ្យតាំងគភ៌ 6% ឯការលេបថ្នាំពន្យារកំណើតប្រភេទអ័រម៉ូនរួម ឬប្រភេទប្រូចេស្ទីនវិញ មានឱកាសភ្លាត់ភ្លាំងធ្វើឱ្យតាំងគភ៌បានដល់ទៅ 9%ឯណោះ ព្រោះអ្នកខ្លះក៏ភ្លេចលេបខ្លះទៅ អ្នកខ្លះទៀតថ្ងៃខ្លះមិនបានលេបក៏មាន ដូច្នេះហើយទើបធ្វើឱ្យយើងចេះតែឆ្ងល់ថា ញ៉ាំថ្នាំពន្យារកំណើតហើយ ម៉េចនៅតែតាំងគភ៌បានទៀតហ្នឹងឯង។

    3 . ការពន្យារកំណើតបែបប្រើឧបករណ៍បន្ថែមដើម្បីរារាំង

    ស្រោមអនាម័យរបស់មនុស្សប្រុស មានឱកាសភ្លាត់ស្នៀតធ្វើឱ្យមនុស្សស្រីតាំងគភ៌បានដល់ទៅ 18% ឯណោះ(ឈប់ៗ កុំអាលបោះស្រោមអនាម័យចោលអី ព្រោះបើប្រើប្រាស់បែបត្រឹមត្រូវ ឱកាសភ្លាត់ភ្លាំងធ្វើឱ្យមនុស្សស្រីតាំងគភ៌មានត្រឹមតែ 2 – 3 ភាគរយប៉ុណ្ណោះ)។ ដែលអាចភ្លាត់ភ្លាំងធ្វើឱ្យមានឱកាសក្នុងការតាំងគភ៌ច្រើនបែបនេះ ក៏ដោយសារតែពាក់ខុសផង ត្រូវផង អ្នកខ្លះក៏យកស្រោមដែលទើបប្រើហើយថ្មីមកប្រើម្តងទៀត និងប្រើប្រេងរំអឹលដែលជាហេតុធ្វើឱ្យស្រោមបាត់បង់ភាពរឹងមាំ ទៅជារហែក ឬលិចជាដើមក៏មាន។

    ស្រោមអនាម័យសម្រាប់ស្រ្តី ពីមុនក៏ធ្លាប់មានដែរ តែដោយសារការការពារមិនឱ្យមានគភ៌មិនសូវមានប្រសិទ្ធភាព ព្រោះមានឱកាសភ្លាត់ភ្លាំងក្នុងការតាំងគភ៌ដល់ទៅ 28 % ឯណោះ ទើបបច្ចុប្បន្នលែងមានអ្នកប្រើតែម្តង។

    4 . វិធីពន្យារកំណើតបែបធម្មជាតិ

    ការរាប់ថ្ងៃ (7 ថ្ងៃមុន និងក្រោយពេលមានវដ្ដរដូវ មិនធ្វើឱ្យតាំងគភ៌ឡើយ) អាចមានឱកាសភ្លាត់ភ្លាំងធ្វើឱ្យតាំងគភ៌ខ្ពស់ដល់ទៅ 24% ឯណោះ ឯការបញ្ចេញទឹកកាមនៅខាងក្រៅ អាស្រ័យលើជំនាញរបស់ខាងប្រុសក្នុងការដកប្រដាប់បន្តពូជចេញមកក្រៅមុនពេលបាញ់ទឹកអសុចិ(ទឹកកាមមេជីវិត)នោះ អាចមានឱកាសភ្លាត់ភ្លាំងធ្វើឱ្យតាំងគភ៌ខ្ពស់ដល់ទៅ 22% ឯណោះ។

    ឥឡូវឃើញហើយឬនៅថា វិធីពន្យារកំណើតតាមបែបធម្មជាតិ មានឱកាសភ្លាត់ស្នៀតធ្វើឱ្យស្រ្តីតាំងគភ៌ខ្ពស់ណាស់ ដូច្នេះបើនៅមិនទាន់ត្រៀមខ្លួនក្នុងការមានបុត្រទេនោះ ចូរជ្រើសរើសប្រើវិធីណាដែលមានឱកាសភ្លាត់ភ្លាំងតិចបំផុតទើបជាការប្រសើរ៕

  • កម្ពុជាផ្តល់សិទ្ធវិនិយោគដល់ក្រុមហ៊ុន 5បន្ថែមទៀតក្នុងខែនេះ លើទុនវិនិយោគជិត 60លានដុល្លារ

    កម្ពុជាផ្តល់សិទ្ធវិនិយោគដល់ក្រុមហ៊ុន 5បន្ថែមទៀតក្នុងខែនេះ លើទុនវិនិយោគជិត 60លានដុល្លារ

    ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (CDC) នាពេលថ្មីៗនេះ​ទើបតែ​បានប្រកាស​ផ្តល់​សិទ្ធ​វិនិយោគ​ដល់​ក្រុមហ៊ុន​ចំនួន 5 លើ​ទីតាំងផ្សេងៗគ្នា​ក្នុងប្រទេស​កម្ពុជា ក្នុង​ទំហំ​សាច់ប្រាក់​ប្រមាណ 57.6លាន​ដុល្លារ​អាមេរិក។

    ក្រុមហ៊ុន​ទាំង5 ដែ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​បានសម្រេច​ចិត្ត​វ​ញ្ញាប​នប​ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​មានដូចជា៖

    1-“TOKYO HAPPY ICE CREAM CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ការ៉េម ដែលមាន​ទីតាំង វិនិយោគ​ស្ថិតនៅ​ភូមិ​វត្តភ្នំ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ 3.1លាន​ដុល្លារ អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 156កន្លែង។

    2-“ RONG XING PAPER INDUSTRIAL CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ 3.6លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 117កន្លែង។

    3-“K&K PIPE (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ទុយោ​ទឹក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​លេខ130 ភូមិ​ស្រែ​ដូន​តូច សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ 6លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 131កន្លែង។

    4-“RAY POWER SUPPLY CO., LTD” គម្រោង​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ អានុភាព 30មេ​ហ្គា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ឫស្សី​ខាង​និង​ភូមិ​សំរោង​ធំ ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មាន​ទុនវិនិយោគ​ប្រមាណ 39.8លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 20កន្លែង។

    1. តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​វ៉ែនតា និង​ប្រអប់​វ៉ែនតា របស់​ក្រុមហ៊ុន CAM-ICARE CO., LTD. គណ:ក​ម្មា​ធិ​ការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន 5.5លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 380កន្លែង៕
  • បាក់ទូក ជាវិទ្យាល័យរដ្ឋដំបូងបំផុតដែលក្រសួងអប់រំត្រូវបើកឱ្យសិក្សាឡើងវិញសម្រាប់ថ្នាក់ទី9 និងថ្នាក់ទី12

    បាក់ទូក ជាវិទ្យាល័យរដ្ឋដំបូងបំផុតដែលក្រសួងអប់រំត្រូវបើកឱ្យសិក្សាឡើងវិញសម្រាប់ថ្នាក់ទី9 និងថ្នាក់ទី12

    ក្រោយពេល​ស្ថានភាព​ជំងឺ Covid-19 នៅ​កម្ពុជា​ស្ងប់ស្ងាត់​បន្តិច ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​អនុញ្ញាតឱ្យ​សាលារៀន​រដ្ឋ និង​ឯកជន​នានា​ចាប់ផ្តើម​ដំណើរការ​សាលារៀន​ឡើងវិញ​ទៅតាម​ដំណាក់កាល និង​ប្រុងប្រយ័ត្ន​បំផុត។

    ក្រសួង​ធ្លាប់បាន​បញ្ជាក់ថា នឹង​អនុញ្ញាតឱ្យ​សាលារៀន​សាធារណៈ​បើក​បង្រៀន​ឡើងវិញ​សម្រាប់​ថ្នាក់​ទី9 និង​ថ្នាក់​ទី12 មុនគេ ព្រោះ​ជា​ថ្នាក់​ប្រឡង ជាពិសេស​គឺ​សិស្ស​ត្រៀមប្រឡង​មធ្យមសិក្សា​ទុតិយភូមិ។ ថ្មីៗនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា វិទ្យាល័យ​បាក់​ទូក ត្រូវបាន​ជ្រើសរើស​ជា​សាលា​រដ្ឋ​ដំបូង​បំផុត​ដែល​ត្រូវ​បើក​ឡើងវិញ​សម្រាប់​កម្រិត​ថ្នាក់​ទី 9 និង​ថ្នាក់​ទី12។

    ឯកឧត្តម រឿន ប៊ុន​ណាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា វិទ្យាល័យ​បាក់​ទូក ត្រូវបាន​ជ្រើសរើស​ជា​សាលារៀន​ដំបូង​ដែល​ត្រូវ​បើក​ឡើងវិញ ដោយសារ​មាន​ចំនួន​សិស្ស​ថ្នាក់​ទី12 ច្រើនជាងគេ​ទូទាំងប្រទេស។ លទ្ធភាព​នៃ​ការបើក​សាលារៀន​ឡើងវិញ បាន​សិក្សា​ទៅលើ​ការសិក្សា​ក្នុង​ថ្នាក់រៀន​ដោយផ្ទាល់ និង​ការសិក្សា​ពី​ចម្ងាយ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា ហើយ​មាន​ចំនួន​សិស្ស​ចន្លោះ​ពី15 ទៅ20នាក់​ក្នុង​មួយ​ថ្នាក់ ការរៀបចំ​កាលវិភាគ​សិក្សា ការសិក្សា​លើ​ធនធាន​ដែល​វិទ្យាល័យ​មាន​ស្រាប់​ដូចជា បន្ទប់​សិក្សា​ចំនួន​គ្រូបង្រៀន និង​វិធានការ​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។

    គួរ​បញ្ជាក់ថា កម្ពុជា​នឹង​រៀបចំ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ នៅក្នុង​ខែធ្នូ ដោយ​ការរៀបចំ​នឹងត្រូវ​ធ្វើឡើង​ដោយ​ហ្មត់ចត់ និង​តឹងតែង​ដូចជា​រៀងរាល់ឆ្នាំ​បើទោះបី​ជាមាន​បញ្ហា Covid-19 ក៏ដោយ៕

  • វ៉ាវ! ប្រយោជន៍ថ្មីៗទៀតរបស់ថ្នាំ អាស្ពីរីន ដែលបងៗស្ត្រីមេផ្ទះមិនធ្លាប់ដឹង

    វ៉ាវ! ប្រយោជន៍ថ្មីៗទៀតរបស់ថ្នាំ អាស្ពីរីន ដែលបងៗស្ត្រីមេផ្ទះមិនធ្លាប់ដឹង

    របស់ប្រើប្រាស់នៅក្នុងផ្ទះនីមួយៗអាចមានប្រយោជន៍ច្រើនជាងដែលយើងធ្លាប់ដឹងទៅទៀត ដូចជាថ្នាំអាស្ពីរីន( Aspirin )ជាដើម ដែលក្រៅពីសម្រាប់លេបព្យាបាលជំងឺហើយនោះ នៅអាចនាំយកមកច្នៃប្រើជាមួយនឹងការងារក្នុងផ្ទះបានទៀតផង មិនថាតែជួយកម្ចាត់ស្នាមកខ្វក់ ជួយឱ្យផ្កាក្នុងថូនៅស្រស់បានយូរ ការពារមេរោគផ្សិតនៅក្នុងសួនច្បារ និងផ្សេងៗទៀតជាច្រើន ដូច្នេះបើបងៗស្រី្តមេផ្ទះចង់ដឹងថា តើអាថ្នាំគ្រាប់តូចៗនោះអាចប្រើការអ្វីបានទៀតនោះ សូមតាមដានជាបន្តជាមួយឡារ៉ែនដូចតទៅ។

    1 – កម្ចាត់ស្នាមញើសជាប់នៅលើអាវពណ៌ស

    សម្រាប់អ្នកដែលមិនហ៊ានទាញយកអាវពណ៌សមកពាក់ ព្រោះតែមានប្រឡាក់ស្នាមញើសរហូតធ្វើឱ្យបាត់បង់ទំនុកចិត្តលើខ្លួនឯងនោះ ចូរកិនថ្នាំអាស្ពីរីន2គ្រាប់ឱ្យម៉ដ្ឋ លាយជាមួយទឹកក្តៅឧណ្ហៗកន្លះពែង រួចយកមកបៀកលាបលើបរិវេណដែលមានស្នាមប្រឡាក់ញើសនោះ ទុកចោលប្រមាណជា 2 – 3 ម៉ោង រួចហើយសឹមបោកសម្អាតតាមធម្មតា។

    2 – រក្សាភាពស្រស់ថ្មីរបស់ផ្កា

    ចំណែករឿងបញ្ហាផ្កាដែលដោតតាំងលម្អនៅក្នុងថូឆាប់រុះរោយស្រពោននោះ មិនពិបាកទេ គ្រាន់តែកិនថ្នាំអាស្ពីរីន 2 – 3 គ្រាប់ឱ្យម៉ដ្ឋ ហើយលាយជាមួយទឹកនៅក្នុងថូដាក់ផ្កានោះទៅ ផ្កាស្រស់ទាំងនោះនឹងនៅស្រស់បានយូរមិនខាន តែសូមកុំភ្លេចប្តូរទឹករៀងរាល់ 2 – 3 ថ្ងៃម្តងផង។

    3 – កម្ចាត់មេរោគផ្សិតនៅក្នុងដីដំណាំ

    ថ្នាំប្រភេទនេះមិនមែនត្រឹមតែជួយព្យាបាលជំងឺរបស់មនុស្សប៉ុណ្ណោះទេ តែនៅជួយកម្ចាត់មេរោគផ្សិតនៅក្នុងដីបានទៀតផង

    ដោយគ្រាន់តែលាយថ្នាំអាស្ពីរីនជាមួយទឹកក្នុងបរិមាណ 1 គ្រាប់ក្នុងទឹក1 លិត្រ ហើយយកទៅស្រោចនៅលើដីដែលសម្បូរដោយមេរោគផ្សិតដាំអ្វីក៏មិនបាននោះទៅជាការស្រេច។ តែសូមប្រយ័ត្នក្នុងការប្រើថ្នាំនេះបន្តិច ព្រោះបើមានជាតិថ្នាំច្រើនពេកនឹងធ្វើឱ្យដំណាំងាប់ដើមបាន។

    4 – សម្អាតស្នាមច្រែះ

    ស្នាមច្រែះក៏ជាបញ្ហាមួយដែលពិបាកកែដែរ តែក៏មិនមែនថាគ្មានវិធីសម្អាតបាននោះដែរ បងៗស្រ្តីមេផ្ទះអាចសម្អាតបានដោយយកថ្នាំអាស្ពីរីនមកកិនឱ្យម៉ដ្ឋ(ប្រមាណជា 2 – 3 គ្រាប់) បន្ទាប់មកយកទឹកមកស្រោចពីលើបរិវេណដែលមានស្នាមច្រែះនោះ រួចហើយរោយកម្ទេចថ្នាំនោះពីលើឱ្យសព្វ ទុកចោលប្រមាណ 10 នាទី រួចយកក្រណាត់អេប៉ុងជ្រលក់ទឹកដុសចេញ តែប៉ុណ្ណឹងជាការស្រេច។

    5 – ញ៉ុករន្ធ ឬស្នាមចោះរន្ធតូចៗនៅលើជញ្ជាំង

    ការលុបបំបាត់ស្នាមចោះរន្ធតូចៗនៅលើជញ្ជាំងជារឿងងាយបំផុត មិនចាំបាច់ទៅទិញស៊ីម៉ងត៍សមួយបាវមកប្រើទេ គ្រាន់តែយកថ្នាំអាស្ពីរីន 4 – 5 គ្រាប់មកកិនឱ្យក្លាយជាម្សៅ ហើយលាយជាមួយទឹកឱ្យខាប់ៗ រួចយកទៅបៀកបិទពីលើរន្ធ ឬស្នាមចោះរន្ធតូចៗនោះ ហើយទុកចោលរហូតដល់ស្ងួត យើងនឹងបានជញ្ជាំងរាបស្មើស្អាតដូចមុនបាត់ទៅហើយ។

    6 – ជាជំនួយការលាងសម្អាតបន្ទប់ទឹកពេលបន្ទាន់ៗ

    បើសិនជាថ្ងៃនេះដល់ពេលត្រូវលាងសម្អាតបន្ទប់ តែ ទឹកសាប៊ូលាងបន្ទប់ទឹកស្រាប់តែអស់រលីងនោះ បងៗស្រ្តីមេផ្ទះមិនចាំបាច់ចេញទៅទិញភ្លាមៗទេ ព្រោះអាចប្រើថ្នាំអាស្ពីរីនជំនួសមួយគ្រាក៏បាន។ ចាប់ផ្តើមដោយការកិនថ្នាំអាស្ពីរីន 2 – 3 គ្រាប់ ហើយលាយជាមួយទឹកក្តៅឧណ្ហៗ រួចលាងសម្អាតបន្ទប់ទឹកតាមវិធីធម្មតា នោះបន្ទប់ទឹកនឹងស្អាតឡើងវិញ គ្មានទាំងបន្សល់នូវកំណកសាប៊ូ ឱ្យឃើញទៀតផង។

    7 – បោកសម្អាតស្នាមប្រឡាក់ស៊ុតមាន់នៅលើខោអាវ

    បងៗស្រ្តីមេផ្ទះកុំអាលគិតថា ពិបាកបោកឱ្យជ្រះណាស់ បើមិនទាន់បានសាកល្បងប្រើវិធីនេះ ដំបូងគឺកិនគ្រាប់ថ្នាំអាស្ពីរីនឱ្យម៉ដ្ឋ(ប្រមាណ 1 – 2 គ្រាប់) ហើយលាយជាមួយ ក្រែម អហ្វ ថារ៍ថារ៍( Cream of Tartar ម្សៅដែលគេលាយជាមួយស៊ុតក្រឡុកដើម្បីឱ្យចៀនទៅឡើងប៉ោងល្អ។ អាចរកទិញបានតាមហាងផ្សារទំនើប)បន្តិច រួចចាក់ទឹកចូលទៅបន្តិច លាយឱ្យចូលគ្នាសព្វ ហើយយកទៅលាបពីលើស្នាមប្រឡាក់ស៊ុតលើខោអាវនោះ ទុកចោលប្រមាណ 30 នាទី។ នៅពេលគ្រប់កំណត់ម៉ោងហើយ ចូរស្រោចទឹកក្តៅឧណ្ហៗលាងល្បាយនោះចេញឱ្យអស់ មុននឹងយកទៅបោកគក់តាមប្រក្រតី៕

  • មើមខ្ញី អាហារឱសថបុរាណដ៏ល្អដែលស្រ្តីមានគភ៌គួរទទួលទាន

    មើមខ្ញី អាហារឱសថបុរាណដ៏ល្អដែលស្រ្តីមានគភ៌គួរទទួលទាន

    ក្នុងខណៈតាំងគភ៌ មានអាហារច្រើនប្រភេទណាស់ដែលស្រ្តីមានគភ៌គួរទទួលទាន និងមិនគួរទទួលទាន ដូច្នេះទើបស្រ្តីមានគភ៌ត្រូវផ្ចិតផ្ចង់ក្នុងការជ្រើសរើសមុខម្ហូបអាហារខ្លាំងជាពិសេស ហើយមុខម្ហូបឱសថបុរាណដ៏ល្អមួយដែលស្រ្តីមានគភ៌ហាមខកខាននោះគឺ មើមខ្ញីហ្នឹងឯង។ ប្រហែលជានឹកឆ្ងល់ហើយមែនទេថា តើគុណប្រយោជន៍ និងគុណសម្បត្តិរបស់ខ្ញីចំពោះស្រ្តីមានគភ៌មានយ៉ាងណាខ្លះទៅ? កុំបង្អង់យូរ យើងនាំគ្នាមកមើលដូចតទៅ…។

    គុណប្រយោជន៍របស់ខ្ញីចំពោះស្រ្តីមានគភ៌

    សម្រាប់គុណប្រយោជន៍ដែលស្រ្តីមានផ្ទៃពោះនឹងបានទទួលពីការទទួលទានខ្ញីនោះ មានច្រើនណាស់ តែដែលមើលឃើញលទ្ធផលច្បាស់ៗបំផុតនោះមាន 3 ចំណុចដូចតទៅ ៈ

    1 . សម្រាលអាការចាញ់កូន

    ដោយសារតែខ្ញីមានជាតិប្រេងក្រអូបរសាយដែលនឹងជួយធ្វើឱ្យកើតភាពធូរស្រាលក្នុងរាងកាយបានល្អនោះ ទើបអាចសម្រាលអាការក្អួតចង្អោរ វិលមុខដែលបណ្តាលពីការចាញ់កូនបាន និងមើមខ្ញីថែមទាំងសម្បូរទៅដោយសារធាតុប្រឆាំងអនុមូលឥស្សរៈដែលនឹងកម្ចាត់មេរោគផ្សេងៗដែលចូលទៅក្នុងរាងកាយរបស់ស្រ្តីមានគភ៌បានយ៉ាងល្អទៀតផង។

    2 . ជួយបណ្ដេញខ្យល់ កែបញ្ហាឆ្អល់ពោះ

    ខ្ញីមានចំណែកក្នុងការបណ្ដេញខ្យល់ និងសម្រាលអាការចុកឆ្អល់ពោះរបស់ស្រ្តីមានគភ៌បានយ៉ាងមានប្រសិទ្ធភាព ល្អសម្រាប់ស្រ្តីមានគភ៌ដែលមានអាយុគភ៌ច្រើន(ជិតគ្រប់ខែ) ព្រោះអំឡុងពេលនោះ កូនដែលនៅក្នុងស្បូននឹងទៅច្រានផ្អឹបក្រពះរហូតធ្វើឱ្យកើតអាការចុកឆ្អល់ពោះឡើងជាញឹកញាប់ហ្នឹងឯង។

    3 . ជំរុញការផលិតទឹកដោះ

    ការទទួលទានខ្ញីញឹកញាប់តាំងពីអំឡុងពេលតាំងគភ៌នឹងជួយជំរុញការផលិតទឹកដោះបានយ៉ាងល្អ ធ្វើឱ្យស្រ្តីមានទឹកដោះសម្រាប់ឱ្យកូនបៅច្រើនឡើង ដោយអាចទទួលក្នុងរូបបែបជាខ្ញីស្រស់ក្នុងការច្នៃជាម្ហូបអាហារ ឬទទួលទានក្នុងរូបបែបជាទឹកខ្ញីក៏បាន។ ក្រៅពីនេះ ក្រោយពេលប្រសូតហើយ ស្រ្តីក៏គួរតែនៅញ៉ាំទឹកមើមខ្ញីជាបន្ត ដើម្បីឱ្យមានទឹកដោះយ៉ាងគ្រប់គ្រាន់ពេញមួយអំឡុងវ័យនៃការបៅទឹកដោះរបស់កូនតូច។

    មុខម្ហូបណែនាំសម្រាប់ស្រ្តីមានគភ៌

    សម្រាប់ស្រ្តីមានគភ៌ដែលនៅមិនទាន់នឹកឃើញមុខម្ហូបដែលមានលាយផ្សំដោយខ្ញីនោះ ឡារ៉ែនសូមណែនាំមុខម្ហូបងាយៗអំពីខ្ញី ងាយស្រួលធ្វើ និងថែមទាំងឆ្ងាញ់ទៀតផង។ តើមានអ្វីខ្លះនោះ តោះ នាំគ្នាតាមដានជាបន្ត…។

    1 . ញាំខ្ញី-ត្រីប្លាធូ

    ជាមុខម្ហូបងាយៗដែលនឹងជួយបង្កើនទឹកដោះ និងវីតាមីន C ដល់រាងកាយរបស់ស្រ្តីមានគភ៌បានយ៉ាងល្អ ឯវិធីការញាំវិញ គឺដូចម្ហូបញាំធម្មតាហ្នឹងឯង គ្រាន់តែដាក់ខ្ញីហាន់វែងៗល្អិតៗដាក់ចូលទៅប្រមាណជា 1 ស្លាបព្រាបាយ បន្ថែមរសជាតិជូរដោយក្រូចឆ្មារ… តែប៉ុណ្ណឹងក៏ឆ្ងាញ់ត្រូវចិត្តទៅហើយ។ អូ! ភ្លេចប្រាប់ អាចបន្ថែមរសជាតិផ្អែម ជូរ ប្រៃតាមចំណង់ចំណូលចិត្ត។

    2 . ទឹកខ្ញី

    សម្រាប់ភេសជ្ជៈមួយនេះក៏អាចញ៉ាំដើម្បីសម្រាលអាការចាញ់កូន និងជួយជំរុញការផលិតទឹកដោះបានល្អដែរ ដោយយកមើមខ្ញីមកស្ងោររយៈពេលប្រមាណជា 2 – 5 នាទី រង់ចាំឱ្យនៅក្តៅឧណ្ហៗ ហើយចាក់ដាក់ពែងយកមកក្រេបឱ្យបានញឹកញាប់ ឬចង់ដាក់ស្ករចូលបន្តិចក៏បាន។

    ឃើញពីគុណសម្បត្តិរបស់ខ្ញីល្អបែបនេះហើយមិនអាចខកខានបានទេ ស្រ្តីដែលកំពុងមានគភ៌ទាំងឡាយចូរសាកល្បងធ្វើមុខម្ហូបណាដែលមានលាយផ្សំដោយខ្ញីទទួលទានសាកមើល(ខត្រីដាក់ខ្ញី ឆាខ្ញីសាច់គៅ-ល-) ធានាថា នឹងទទួលបានគុណប្រយោជន៍យ៉ាងគ្រប់គ្រឿងពិតប្រាកដ និងថែមទាំងល្អដល់សុខភាពរបស់កូនតូចក្នុងផ្ទៃទៀតផង៕

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    91 . វិធីកម្ចាត់ក្លិនថ្នាំកន្លាតដែលដិតជាប់លើខោអាវ អាចធ្វើបានយ៉ាងងាយៗគឺ យកខោអាវដែលធំក្លិនថ្នាំកន្លាតនោះទៅប្រោះទឹកដាក់ល្មមតែសើមៗ ហើយយកទៅដាក់ព្យួរហាលនៅក្នុងកន្លែងដែលមានខ្យល់ចេញចូលល្អ ត្រឹមតែមួយយប់ប៉ុណ្ណោះ ក្លិនថ្នាំកន្លាតដែលដិតជាប់លើខោអាវនោះនឹងរលាយបាត់អស់តែម្តង។

    92 . វិធីសម្អាតថូ ដប ឬកែវដែលមានមាត់តូចៗពិបាកលូកដៃចូលទៅជូតសម្អាត ចូរវាយបំបែកសម្បកស៊ុតឱ្យបែកជាបំណែកល្អិតៗដាក់ចូលទៅ ហើយចាក់ទឹកខ្មេះចូលទៅតាមក្រោយបន្តិច រួចក្រឡុកថូ ដប ឬកែវនោះ ហើយត្រាំទុកចោលមួយស្របក់ រួចសឹមចាក់សម្បកស៊ុតចេញ លាងដោយទឹកស្អាតមួយដងទៀត ថូ ដប ឬកែវទាំងនោះនឹងមើលទៅស្អាត ថ្លា លែងមានស្នាមកំណកកខ្វក់ និងក្លិនមិនល្អទៀតហើយ។

    93 . វិធីសម្អាតចានដែកលាងបន្លែដែលប្រឡាក់ស្នាម ពែម៉ង់ហ្កាណាត ក្រហមៗ(ថ្នាំសម្រាប់លាងបន្លែ) លាងសម្អាតមិនចេញនោះ ចូរយកសម្បកផ្លែក្រូចឆ្មារមកជូត ព្រោះសម្បកផ្លែក្រូចឆ្មារនឹងបឺត និងទាញយកកំណកស្នាមពណ៌ក្រហមៗរបស់ថ្នាំពែម៉ង់ហ្កាណាតនោះចេញអស់។

    94 . វិធីសម្អាតស្នាមប្រឡាក់នៅលើទូរស័ព្ទលើតុពណ៌សៗ អាចធ្វើបានដោយងាយៗគឺ យកក្រណាត់ជ្រលក់ទឹកថ្នាំលាងក្រចកជូតដុសសម្អាតឱ្យសព្វ មួយស្របក់ក្រោយ ស្នាមប្រឡាក់ផ្សេងៗ និងកំណកធូលីដីនឹងរលាយបាត់អស់មិនខាន។

    95 . វិធីកម្ចាត់រោមសត្វឆ្កែចេញពីលើកម្រាលព្រំ មានវិធីធ្វើបែបងាយៗគឺ យកដុំអេប៉ុងជ្រលក់ទឹកឱ្យជោក រួចពូតចេញខ្លះឱ្យនៅសើមៗ រួចយកមកប្តិតៗលើកម្រាលព្រំនៅត្រង់កន្លែងដែលមានរោមសត្វឆ្កែជ្រុះជាប់នៅលើនោះ អេប៉ុងសើមៗនោះនឹងប្តិតយករោមទាំងនោះចេញអស់ពីលើកម្រាលព្រំ។

    (នៅមានត)