Author: ធឿន មករា

  • ដំណាំ ស្ពៃក្ដោប

    ដំណាំ ស្ពៃក្ដោប

    ស្ពៃក្ដោប ឬឈ្មោះខាងវិទ្យាសាស្រ្ត Brassica oleracea L var. capitata L. ជាដំណាំបន្លែដែលដាំនៅក្នុងប្រទេសយើងបានល្អក្នុងអំឡុងរដូវរងា ឬតំបន់ត្រជាក់ ឬក្នុងអំឡុងខែវិច្ឆិកា ដល់ខែមករា។ ស្ពៃក្ដោបមានច្រើនប្រភេទណាស់ ដូចជា ស្ពៃក្ដោបពូជកូពេនហាក (ពណ៌ស ធំៗ) ស្ពៃក្ដោបពូជហ្គោលដេន ស្ពៃក្ដោបពណ៌ក្រហប ស្ពៃក្ដោបពណ៌ស្វាយ និងស្ពៃក្ដោបស្លឹករួញ ជាដើម។

    ការដាក់ដាំ

    – ការត្រៀមដី ៖ ភ្ជួរដាស់ដីជម្រៅប្រមាណជា 30 – 40 សង់ទីម៉ែត្រ រួចហាលដីទុកចោលពី 7 – 14 ថ្ងៃ ហើយរាស់បំបែកដីឱ្យបែកល្អិត រួចហើយបាចកំបោរស បន្ទាប់មកដាក់ជីលាមកគោ ឬជីធម្មជាតិផ្អាប់ក្នុងអត្រា 2,000 គីឡូលើផ្ទៃដីកន្លះហិកតា ដាក់ជី 15-15-15 ក្នុងអត្រា 30 គីឡូលើផ្ទៃដីកន្លះហិកតា ភ្ជួរត្រឡប់ដីឱ្យចូលគ្នាសព្វម្តងទៀត មុននឹងពង្រាបដីឱ្យស្មើវិញ រួចលើកជារងកម្ពស់ប្រមាណជា 30 សង់ទីម៉ែត្រ ទទឹង 1.20 ម៉ែត្រ និងបណ្ដោយតាមប្រវែងដី។

    – វិធីដាំ ៖ ចាប់ផ្តើមពីការបណ្ដុះកូន ដោយក្រោយពីត្រៀមរងរួចហើយ ចូរព្រោះគ្រាប់ពូជស្ពៃក្ដោបឱ្យសព្វលើរង ឬអាចធ្វើជាចង្អូរជម្រៅប្រមាណជា 1 សង់ទីម៉ែត្រឆ្ងាយពីគ្នាក្នុងមួយជួរៗ 15 សង់ទីម៉ែត្រ រួចហើយរោយគ្រាប់ចូលទៅក្នុងចង្អូរ ហើយរោយលុបពីលើគ្រាប់ពូជដោយជីលាមកគោ ឬជីធម្មជាតិផ្អាប់ ឬក៏ដីម៉ដ្ឋកម្រាស់ប្រមាណ 0.5 – 1 សង់ទីម៉ែត្រ បន្ទាប់ពីនោះចូស្រោចទឹកឱ្យជោក ហើយគ្របពីលើដោយចំបើងស្ងួត ឬស្មៅស្ងួតក៏បាន។ ក្រោយពីកូនស្ពៃក្ដោបលាស់ចេញមកបាន 15 – 20 ថ្ងៃ ចូរជ្រើសរើសដកកូនស្ពៃក្ដោបណាដែលមិនសូវមាំទាំល្អចោល និងទុកចន្លោះពីមួយគុម្ពទៅមួយគុម្ព 10 សង់ទីម៉ែត្រ និងទុករហូតដល់មានអាយុគ្រប់ 25 – 30ថ្ងៃទើបដកយកទៅដាក់ដាំ។

    ការដាំ ក្រោយពីត្រៀមរងទុកដាំតាមវិធីខាងលើហើយ ចូរចាប់ផ្តើមជីករន្ធដាក់ដាំចម្ងាយពីមួយទៅមួយ 50 – 70 សង់ទីម៉ែត្រនៅលើរង បន្ទាប់មកចូរយកកូនស្ពៃក្ដោបដែលមាំទាំល្អពីរងបណ្ដុះមកដាក់ដាំ។ ចំណុចសំខាន់ គឺខណៈពេលដក គួរឱ្យមានជាប់ដីខ្លះមកជាមួយ និងត្រូវប្រយ័ត្នកុំឱ្យដាច់ឫស ហើយប្រញាប់នាំយកទៅដាក់ដាំ ដោយត្រូវសង្កត់ដីជុំវិញគល់ឱ្យណែនភ្លាមៗ មុននឹងស្រោចទឹកឱ្យជោក។

    វិធីមើលថែទាំ

    – ការស្រោចទឹក គួរស្រោចទឹកឱ្យបានជាប់លាប់ ក្នុងមួយថ្ងៃ 1 – 2 ដង ក្នុងរយៈដំបូងៗចូរស្រោចទឹកដោយការបាញ់ជាដំណក់តូចៗក្នុងអំឡុងពេលព្រឹក និងល្ងាចរៀងរាល់ថ្ងៃ រហូតដល់ស្លឹកស្ពៃចាប់ផ្តើមក្ដោប ទើបត្រូវបន្ថយបរិមាណការស្រោចទឹកដើម្បីការពារមិនឱ្យស្ពៃក្ដោបប្រេះ។

    – ការដាក់ជី ក្រោយពីដាក់ដាំបាន 15 ថ្ងៃ គួរដាក់ជីធម្មជាតិផ្អាប់ 1 ក្ដាប់ដៃក្នុង 1 គុម្ព ស្រោចទឹកលាយជាមួយទឹកជីធម្មជាតិឱ្យជោគដើម្បីឱ្យស្លឹកល្អ។ បន្ទាប់ពីដាំបាន 40 ថ្ងៃ(មុនស្លឹកស្ពៃចាប់ផ្តើមក្ដោប) គួរបន្ថែមជី 13-13-21 និងគួរបាញ់ជីដែលមានសារធាតុបូរ៉ន់ម្ដងម្កាលផង។

    – ការការពារ និងកម្ចាត់សត្រូវដំណាំ ពេលមានស្មៅ ឬរុក្ខជាតិផ្សេងទៀតដុះឡើង ត្រូវតែកម្ចាត់ចោល ព្រោះរុក្ខជាតិផ្សេងទៀតទាំងអស់នោះវានឹងដណ្ដើមទឹក និងជីវជាតិអាហារពីដំណាំស្ពៃ និងបើសង្កេតឃើញមានសត្វដង្កូវចោះស៊ីស្លឹក ចូរប្រើស្លឹកស្ដៅ ឬគ្រាប់ផ្លែស្ដៅបុកល្អិត 1 គីឡូក្រាម មើមម្ដេងចាស់ 1 គីឡូក្រាម គល់ស្លឹកគ្រៃ 1 គីឡូក្រាម ចិញ្ច្រាំទាំងអស់ចូលគ្នា និងបុកឱ្យល្អិត ត្រាំក្នុងទឹក 20 លិត្រ និងផ្អាប់ទុក 1 យប់។ បន្ទាប់ពីនោះក៏ត្រងយកតែទឹកល្បាយនោះមកលាយជាមួយទឹកធម្មតាក្នុងអត្រាស្មើគ្នា​ រួចយកទៅបាញ់លើដំណាំនៅពេលល្ងាច រៀងរាល់ 3 ថ្ងៃម្ដង រហូតដល់សត្រូវដំណាំទាំងនោះស្លាប់បាត់អស់ទៅវិញ។

    ការប្រមូលផល

    អាយុការប្រមូលផលរបស់ដំណាំស្ពៃក្ដោបនេះអាស្រ័យលើលក្ខណៈ និងពូជរបស់វានីមួយៗ ដូចជា ពូជស្រាលអាចប្រមូលផលបាននៅពេលអាយុប្រមាណ 50 – 60ថ្ងៃ ចំណែកពូជធ្ងន់វិញនឹងហុចផលឱ្យអាចប្រមូលបាននៅពេលដែលវាមានអាយុប្រមាណជា 120ថ្ងៃ និងកសិករអាចធ្វើការប្រមូលផលបានដោយការប្រើកាំបិតមុតកាត់ត្រង់គល់ខាងក្រោម ដែលនៅពេលនោះស្ពៃក្ដោបនឹងមានទម្ងន់ចាប់ពី 1/2 ទៅ 1គីឡូក្រាមឡើងក្នុងមួយគុម្ពៗ៕

  • ចម្លើយ 8 យ៉ាងដែលអ្នកនឹងបានទទួល ពេលប្រាប់ឱ្យកូនប្រមូលរបស់លេងទុក

    ចម្លើយ 8 យ៉ាងដែលអ្នកនឹងបានទទួល ពេលប្រាប់ឱ្យកូនប្រមូលរបស់លេងទុក

    ពេលនេះកូនរបស់អ្នកអាយុប៉ុន្មានហើយ? ធំល្មមនឹងចេះសម្អាតផ្ទះ ឬប្រមែប្រមូលរបស់លេងរបស់ខ្លួនឯងឱ្យមានរបៀបរៀបរយហើយឬនៅ?។ ជាប្រក្រតី យើងនឹងត្រូវបង្ហាត់បង្រៀនកូនឱ្យចេះប្រមូលទុកដាក់របស់លេង ឬរបស់ផស់ខ្លួនឯងនៅពេលដែលគេមានអាយុប្រមាណ 18 ខែឡើងទៅ ព្រោះក្មេងក្នុងវ័យនេះងាយស្ដាប់បង្គាប់ និងយល់ពីពាក្យបញ្ជាបានហើយ។ បើយើងឆាប់ចាប់ផ្ដើមបង្រៀនកូន កូននឹងស៊ាំធ្លាប់នឹងការប្រមូលទុកដាក់របស់របរ តែបើចាប់ផ្ដើមបង្ហាត់បង្រៀនកូនពេលគេធំហើយ វានឹងក្លាយជាបញ្ជាដែលកូនមិនចង់ធ្វើតាម នៅពេលនោះតើអ្នកចង់ដឹងទេថា ពេលអ្នកបញ្ជាឱ្យកូនបោសសម្អាត ឬប្រមូលទុកដាក់របស់លេង តើអ្នកនឹងបានជួបនឹងទង្វើ ឬចម្លើយបែបណាខ្លះ?

    1 . ការតវ៉ា ៈ “កូនសុំប្រមូលរបស់លេង ក្រោយពេលញ៉ាំបាយល្ងាចហើយបានទេ? ពេលនេះកូនហត់ខ្លាំងណាស់” នេះគឺការតវ៉ា ហើយចុងក្រោយ គឺអត់ប្រមូលទុក។

    2 . រង់ចាំមួយភ្លែតសិន ៈ “ចាំឱ្យកូនធ្វើត្រង់នេះឱ្យរួចសិន ចាំឱ្យកូនបាត់ហត់បន្តិចសិន ចាំបន្តិចកូននឹងត្រឡប់ទៅលេងទៀតហើយ”

    3 . ធ្វើព្រងើយ ៈ អត់ប្រមូល អត់ធ្វើ អត់បដិសេធ ធ្វើកិច្ចការងារផ្សេងតទៀតយ៉ាងព្រងើយ ទីបំផុតអ្នកម្តាយធុញរំខាន ខ្ជឹល​ចាំ ក៏ប្រមូលទុកដាក់ខ្លួនឯងទៅ។

    4 . បន្តិចទៀតប្រមូល ៈ ទីបំផុតក៏អត់ប្រមូលទុក ងងុយគេង ឡើងទៅបន្ទប់គេងបាត់ហើយចា៎ស។

    5 . កំពុងតែលេង ៈ បើកូនកំពុងតែលេងរបស់លេងច្រើនមុខ កុំអាលឱ្យកូនប្រមូលទុកដាក់អី ព្រោះកូនច្បាស់ជាមិនព្រមប្រមូទុកដាក់របស់លេងទាំងនោះជាដាច់ខាត ព្រោះគេនឹងមានអារម្មណ៍ថា កំពុងត្រូវបង្អាក់ការលេងសប្បាយរបស់គេ។

    6 . អត់! ៈ (ភាគច្រើនជាក្មេងដែលមានអាយុប្រមាណជា 2 ឆ្នាំដែលចូលចិត្តនិយាយពាក្យនេះ) អ្នកម្ដាយនឹងជួបចម្លើយបដិសេធភ្លាមតែម្ដង តែនេះគឺជាវិវឌ្ឍនាការរបស់ក្មេងក្នុងវ័យនេះ។

    7 . សុំលេងឱ្យអស់ចិត្តសិន ហើយនឹងប្រមូលទុក ៈ សន្យាថា នឹងប្រមូលទុកដាក់ឱ្យស្អាតបាតក្រោយលេងរួច ឬប្រើការរួច តែចុងក្រោយក៏មិនបានធ្វើ…។

    8 . ច្រើនតែសុំដូរដោះដោយអ្វីម្យ៉ាង ៈ ដូចជា បើប្រមូលរបស់លេងទុក សុំដូរជាមួយអៃស្រ្គីម ឬបានអង្គុយមើលរឿងតុក្កតា។ បើជារឿងទាំងអស់ហ្នឹង អ្នកម្ដាយក៏គួរតែឱ្យបាន។ អាចរាប់បានថា ជាលក្ខខណ្ឌដូរដោះ ដែលកូននឹងបានរៀនយល់ដឹងថា គ្មានអ្វីមួយដែលនឹងបានមកដោយស្រួលទេ។

    បើអ្នកម្ដាយចង់ឱ្យកូនចេះប្រមូលរៀបចំទុកដាក់របស់លេង ឬរបស់ប្រើប្រាស់ផ្សេងៗរបស់ខ្លួនឯងឱ្យមានរបៀប មានភាពទទួលខុសត្រូវ មិនចាំបាច់ប្រាប់នោះ អ្នកម្ដាយត្រូវបង្ហាត់បង្រៀនឱ្យកូនចេះធ្វើតាំងពីនៅតូចៗ ព្រោះពេលនៅតូច កូននឹងមិនតវ៉ា ឬតតាំងឡើយ តែដល់ធំឡើងបន្តិច សឹមចាប់ផ្ដើមដាក់លក្ខខណ្ឌជាមួយរឿងនេះ ដូចជាមានរង្វាន់ឱ្យជាដើម ដើម្បីកូននឹងបានស៊ាំធ្លាប់ ហើយនឹងធ្វើដោយខ្លួនឯងដោយមិនបាច់ត្រូវប្រាប់តទៅទៀតឡើយ៕

  • ថាមពលថ្ម6000mAhដំបូងគេបង្អស់ជាផ្លូវការនៅប្រទេសកម្ពុជាបានមកដល់ហើយ realme C12 តម្លៃត្រឹមតែ139ដុល្លារ

    ថាមពលថ្ម6000mAhដំបូងគេបង្អស់ជាផ្លូវការនៅប្រទេសកម្ពុជាបានមកដល់ហើយ realme C12 តម្លៃត្រឹមតែ139ដុល្លារ

    realme, ម៉ាក​ស្មា​ត​ហ្វូ​ន​ដែល​រីកលូតលាស់​លឿន​បំផុត​នៅក្នុង​ពិភពលោក ដោយ​គ្រាន់តែ​ចូលក្នុង​ទីផ្សារ​ប្រទេស​ម​កម្ពុជា​នៅក្នុង​រយៈពេល​ខ្លី​ក៏​ទទួលបាន​ចំណាត់ថ្នាក់​លេខ៤ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ហើយ​នៅថ្ងៃនេះ​realmeបានដាក់​ប្រកាស​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​សេ​រ៊ី​ថ្មី​នៃ​ត្រកូល C series ដែលមាន​បំពាក់​ថាមពល​ថ្ម​ធំ​6000mAhគឺ​realme C12 និង​ជា​ស្មា​ត​ហ្វូ​ន​6000mAhដំបូង​គេ​បង្អស់​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា ដែល​អាច​កាន់​ថ្ម57ថ្ងៃ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​អស់​ថ្ម​របស់​យុវវ័យ ។ realme C12 ដែលមាន 3GB RAM + 32GB ROM ដាក់លក់​ក្នុងតម្លៃ139ដុល្លារ។ខាងក្រោម​នេះ​ជា​លក្ខណៈសម្បត្តិ​របស់​realme C12 ដែល​ដាក់​ប្រកាស​លើក​នេះ :

    ថាមពល​ថ្ម​ធំ​6000mAhដែល​អាច​កាន់​ថ្ម​បាន57ថ្ងៃ

    ដើម្បីអោយ​មុខងារ​ស្មា​ត​ហ្វូ​ន​ដំណើរការ​បានល្អ សមត្ថភាព​នៃ​ការ​កាន់​ថ្ម​គឺ​ពិតជា​សំខាន់​ខ្លាំងណាស់។ដោយ​ឃើញ​ពី​តម្រូវការ​របស់​យុវវ័យ​ទៅលើ​ថាមពល​ថ្ម​នៃ​ស្មា​ត​ហ្វូ​ន realme C12 បាន​បំពាក់​នូវ​ថាមពល​ថ្ម​ធំ​6000mAh ដែល​អាច​ស្តាប់​ចំរៀង​បាន 60ម៉ោង ឬ​ការមើល​វីដេអូ​YouTube 28 ម៉ោង និង​អាច​ទុក​standbyបាន​រហូតដល់57ថ្ងៃ ។សម្រាប់​ផ្នែក​កម្មវិធី​នៃ​ស្មា​ត​ហ្វូ​ន realme C12មាន​មុខងារ​សន្សំសំចៃ​ថ្ម ដែល​ថ្ម5%អាច​និយាយ​ទូរស័ព្ទ​បាន​ដល់​ទៅ២ម៉ោង៤៥នាទី  និង​អាច​ទុក​រយៈ​ជិត ៣ ថ្ងៃ ដូច្នេះ​លោកអ្នក​ងាយស្រួល​ក្នុងការ​ស្វែងរក​ឆ្នាំង​សាក​ដើម្បី​សាក​បន្តជីវិត​ទៀត។

    ក្រៅពីនេះ​ថែមទាំង​មានមុខ​ងារ​ដែល​អាច​កា​ត់​បន្ថយ​ការប្រើប្រាស់​ថាមពល​ថ្ម​ដែល​បានមកពី​កម្ម​វី​ធី​មិនចាំបាច់​មួយចំនួន ដោយមាន​ការរួម​ផ្សំ​នៃ​កម្មវិធី គឺអាច​ឆ្លើយតប​យ៉ាង​ល្អឥតខ្ចោះ​នូវ​តម្រូវការ​របស់​អ្នកប្រើប្រាស់​និង​ដោះស្រាយ​នូវ​បញ្ហា​ថាមពល​ថ្ម​របស់​អ្នកប្រើប្រាស់​ផងដែរ។

    ស្មា​ត​ហ្វូ​ន​ដែលមាន​ថាមពល​ថ្ម​ធំ​ត្រូវការ​ប្រព័ន្ធ​សុវត្ថិភាព​កាន់តែ​ខ្ពស់​ទើប​ធ្វើអោយ​អ្នក​ទាំងអស់គ្នា​មាន​អារម្មណ៍​សុវត្ថិភាព។ realme C12 មាន​តួខ្លួន​រឹងមាំ ផ្ទៃ​ខាងក្រោយ​ផលិត​ពី​វត្ថុធាតុដើម​ដែល​អាច​ការពារ​កម្តៅ ។ ហើយ​និង​មានប្រើ​ឧបករណ៍​ចាប់​សញ្ញា​ថាមពល​និង​ឧបករណ៍​ចាប់​សញ្ញា​ត្រួតពិនិត្យ​សីតុណ្ហភាព​ដើម្បី​តាមដាន​ស្ថានភាព​បន្ទាន់​នៃ​ស្មា​ត​ហ្វូ​ន​ដោយ​ស្វ័យប្រវត្តិ​ដូច្នេះ​ធ្វើអោយ​អ្នកប្រើប្រាស់​កាន់តែ​ទុកចិត្ត​ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដោយ​មិនបានរ​ម្ភ​ណ៍​រឿង​ផ្ទុះ​ថ្ម​ទូរស័ព្ទ។

    លើសពីនេះទៅទៀត​ថាមពល​ថ្ម​ធំ​6000mAh realme C12 ថែមទាំង​អាច​ប្រើប្រាស់​ខ្សែ​រសាក​OTGសាក​បន្ត​អោយ​ទុ​រ​ស័ព្ទ​ដទៃ​បាន​ផងដែរ។

    គុណភាព​ល្អ ជាមួយនឹង​ការ​រចនា​ដែល​ពេញនិយម​ឈានមុខ​គេ

    realme C12មាន​ជា​ពណ៍ Marine Blueនិង​Coral Redពីរ​ជម្រើស ដែល​សាក​សម​សម្រាប់​យុវវ័យ​អាច​ជ្រើសរើស​តាម​ចំនូលចិត្ត​របស់ខ្លួន។

    រីឯ​លេខ “ 1 ”  នៃ​ឈ្មោះ​នៃ​realme C12 តំណាងអោយ​ស្មា​ត​ហ្វូ​ន​ថាមពល​ថ្ម​ធំ​6000mAhដំបូង​នៅក្នុង​ប្រទេស​កម្ពុជា លេខ“ 2 ” តំណាងអោយ​ការ​ទុក​Standbyបាន​រយៈពេល​ជិត២ខែ។

    ស្របពេល​នេះដែរ realmeបាន​យល់​ពី​យុវវ័យ​ដែល​តែងតែ​ស្វែងរក​នូវ​ផលិតផល​ដែល​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈពិសេស​និង​មាន​រូបរាង​ទាន់សម័យ ហើយ realme ក៏បាន​ប្រើប្រាស់​ការ​រចនា​នៃ​ផ្ទៃ​ខាងក្រោយ​របស់​realme C12ដោយមាន​លក្ខណៈ​ឆ្នូត និង​មានការ​ប៉ូ​លា និង​ការបាញ់​ឡាស៊ែរ  ដើម្បី​ទទួលបាន​នូវ​ប្រសិទ្ធភាព​កាន់តែ​ល្អ និង​ក្លាយជា​ផលិតផល​ដែលមាន​គុណភាព​ពេញនិយម​ឈានមុខ​គេ ។

    ជាមួយគ្នានេះដែរ realme នៅតែ​បន្ត​ផ្តោត​សំខាន់​ទៅលើ​គុណ​ភាពជា​ចំបង។ realme C12 មានការ​ការពារ​ជម្រាប​ទឹក រន្ធ​សាក​មាន​ជ័រ​ការពារ​យ៉ាង​ល្អ មាន​ប្រសិទ្ធភាព​ការពារ​ការ​សាចទឹក ។រីឯ​រន្ធ​Speakerក៏មាន​ការ​រចនា​ដែលមាន​ការការពារ​ចូល​ធូលី​ដែល​បណ្តាលអោយ​ប៉ះពាល់​ដល់​គុណភាព​សំលេង​ពេល​និយាយ​ទូរស័ព្ទ​ផងដែរ។

    realme C12 សុទ្ធ​តែមាន​ឆ្លងកាត់​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់ និង​មានគុណ​ភាពល្អ។

    អេក្រង់​បែប​ដំណក់ទឹក​លាត​ពេញ ទំហំ 6.5” ប្រភេទ LCD ដែល​លាត​ស​ណ្ឋឹ​ង​រហូតដល់ 88.7% នៃ​តួខ្លួន​ទាំងមូល

    ទាំង​គុណភាព​និង​បទពិសោធន៍​គឺ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជ្រើសរើស​ស្មា​ត​ហ្វូ​ន​ដែល​យុវវ័យ​ចង់បាន។ realme C12 ត្រូវបាន​បំពាក់​ជាមួយនឹង​realme UI ដែលមាន​ល្បឿន​លឿន​និង​ទាន់សម័យ​ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស​សម្រាប់​យុវវ័យ។ ស្មា​ត​ហ្វូ​ន​នេះ​មាន​ថាមពល​ខ្លាំង​បំពាក់​ដោយ​ប្រព័ន្ធ​ដំណើរការ Helio G35 octa-core ដែលមាន​ល្បឿន 2.3GHz ហើយ​វា​ដំណើរការ​បានល្អ​ជានិច្ច។ វា​គាំទ្រ​ការប្រើ​ស៊ីម​កាត ២ Nano និង​កាត microSD ១ និង​អាច​តម្លើង​មេម៉ូរី​រហូតដល់ ២៥៦ ជីកា​បៃ​ដែល​អាច​ផ្ទុក​ហ្គេម​រូបភាព​និង​ឯកសារ​កាន់តែ​ងាយស្រួល។

    ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ព័ត៌មាន​របស់​អ្នកប្រើប្រាស់ realme C12 ប្រើ​ឧបករណ៍​ចាប់​សញ្ញា​ស្នាម​ម្រាមដៃ​ដើម្បី​ការពារ​ព័ត៌មាន​ឯកជន​របស់​អ្នក។

    realme C12 បំពាក់​អេក្រង់​បែប​ដំណក់ទឹក​លាត​ពេញ ទំហំ 6.5” ប្រភេទ LCD ដែល​លាត​ស​ណ្ឋឹ​ង​រហូតដល់ 88.7% នៃ​តួខ្លួន​ទាំងមូល និង ទំហំ​សមាមាត្រ​អេក្រង់ 20:9 ដែល​អាច​ឲ្យ​យើង​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ ការកម្សាន្ត​កាន់តែ​ជក់ចិត្ត ព្រមទាំង​ទទួលបាន​បទពិសោធន៍​កាន់តែ​ល្អ។

    យុវវ័យ​ជាច្រើន​ចង់បាន​ស្មា​ត​ហ្វូ​ន​ដែលមាន​មុខងារ​កាមេរ៉ា​មុខងារ​ច្រើន ដូច្នេះ realme C12 បំពាក់​កាមេរ៉ា​ខាងក្រោយ AI ៣ គ្រាប់ ដែល​កាមេរ៉ា​គោល​ទំហំ 13MP f/2.2  អាច​ស្រូប​ពន្លឺ​បាន​គ្រប់គ្រាន់ និង​ថតរូប​ភាព​បាន​ច្បាស់​ល្អ​ថែមទៀត។ មុខងារ​ថត​ពេល​រាត្រី​ក៏បាន​បំពាក់​ជាមួយ Super The Nightscape Mode ដែល​ជួយ​ក្នុងការ​ថតរូប​កន្លែង​ដែលមាន​ពន្លឺ​មិន​គ្រប់គ្រាន់។ ហើយក៏​មាន​ថត​ព្រាល​ផ្ទៃ​ខាងក្រោយ ដែល​អាច​ឲ្យ​យើង​ថតរូប​បែប​ច្នៃប្រឌិត កាន់តែច្រើន។ មិនតែប៉ុណ្ណោះ realme C12 ក៏​អាច​ថតរូប​ភាព​ប្លង់​ជិត ដែល​យើង​អាច​ថត​បាន​ចំងាយ ៤សម ពី​វត្ថុ​ដែល​យើង​ថត ដូច្នេះ​យើង​អាច​ផ្តិត​យក​ភាពច្បាស់​បាន​យ៉ាង​ល្អ ។ ចំណែក​កាមេរ៉ា​ខាងមុខ ទំហំ  5 MP f / 2.4 មាន​មុខងារ​ជំនួយ​សម្រស់ AI ព្រមទាំង​អាច​ថតរូប​ព្រាល​ផ្ទៃ​ខាងក្រោយ  និង​គាំទ្រ​ដល់​ការប្រើប្រាស់ កាយវិការ​ដើម្បី​ថតរូប វា​ធ្វើ​ឲ្យ​ការថតរូប Selfie កាន់តែ​អស្ចារ្យ។

    realmeត្រូវបាន​ប្រើ​សម្រាប់​បទពិសោធន៍​ប្រើប្រាស់​ប្រសើរ​ជាង​មុន។ realme C12 មិន​ត្រឹមតែ​មានការ​រចនា ស្អាត​មុខងារ​កាមេរ៉ា​ល្អ​និង​មានគុណ​ភាពល្អ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ដោះស្រាយ​បញ្ហា​របស់​អ្នកប្រើប្រាស់​វ័យក្មេង ដែល​ទូរស័ព្ទ​តែងតែ​ឆាប់​អស់​ថ្ម។ ថ្ម​ធំ​6000mAh អាចអោយ​យុវវ័យ​នាំមក​ភាព​អស្ចារ្យ ការជជែក​កំសាន្ត និង​ការមើល​វីដេអូ  ធ្វើអោយ​realme C12 ក្លាយទៅជា​ផលិតផល​មួយ​ដែលមាន​ភាព​ឆ្ពោះទៅមុខ។

    ដោយឡែក ដើម្បី​កាន់តែ​មាន​ទំនាក់ទំនង​ល្អជា​មួយ​យុវវ័យ realme បាន​បង្កើត​នូវ​ព្រឹ​ត្ត​ការណ៍ “ 828 realme Fan Fest” ដែលមាន​ទីតាំងនៅ ផ្សារ​ទំនើប អ៊ី​អន សែន​សុខ ដែល​ចាប់​ថ្ងៃទី ២៨ ដល់ ៣០ សីហា ២០២០ នេះ និង​បាន​ជ្រើស​យក​នូវ​សកម្មភាព​ដែល​យុវវ័យ​បច្ចុប្បន្ននិយម​ចូលចិត្ត ហើយ​បានបង្ហាញ​ពី​បុគ្គលិកលក្ខណៈ និង​លើកទឹកចិត្ត​អោយ​អ្នកប្រើប្រាស់​ទាំងអស់​ចូលរួម​ជាមួយ​realmeហ៊ាន​លេង​ហ៊ាន​ធ្វើជា​ខ្លួនឯង។ និង​មាន​កាដូ​ដូចជា​PowerBank កាបូបស្ពាយ​ក្រោយ​និង​កាដូផ្សេងៗជាច្រើន​ទៀត យើង​រង់ចាំ​ជួបគ្នា​ទាំងអស់គ្នា៕

  • រូបមន្តធម្មជាតិកម្ចាត់ស្នាមច្រែះ សម្រាប់បងៗស្រ្តីមេផ្ទះ

    រូបមន្តធម្មជាតិកម្ចាត់ស្នាមច្រែះ សម្រាប់បងៗស្រ្តីមេផ្ទះ

    ស្នាមច្រែះ ជាស្នាមកខ្វក់ដែលមិនថាកើតនៅត្រង់ណាឡើយ វានឹងធ្វើឱ្យទីត្រង់នោះ ឬឧបករណ៍ប្រើប្រាស់នោះមើលទៅឃើញចាស់ទ្រុឌទ្រោម លែងស្អាត ហើយស្នាមច្រែះអាចរាប់បានថា ជាស្នាមកខ្វក់មួយដែលពិបាកក្នុងការសម្អាត ឬធ្វើឱ្យបាត់ទៅវិញបានណាស់ តែបងៗស្រ្តីមេផ្ទះជឿឡារ៉ែនចុះថា វាមិនបានពិបាកលើសពីសមត្ថភាពរបស់យើងឡើយ បើសិនជាយើងស្គាល់ពីវិធីកម្ចាត់វាដូចខាងក្រោមនេះ។

    1 . រូបមន្ត ក្រូចឆ្មារ + អំបិល

    បងៗស្រ្តីមេផ្ទះអាចយកអំបិលសម្រាប់ស្លស្លុកធម្មតានោះមករោយពីលើស្នាមកំណកច្រែះនោះឱ្យច្រើនសមល្មម បន្ទាប់មកចូរច្របាច់ទឹកក្រូចឆ្មារពីលើចំណុចដែលរោយអំបិលនោះឱ្យជោក រួចទុកចោលប្រមាណជា 2 – 3 ម៉ោង ឱ្យអំបិល និងអាស៊ីតនៅក្នុងទឹកក្រូចឆ្មារបញ្ចេញប្រតិកម្មខាំបណ្ដាច់ស្នាមច្រែះទាំងនោះចេញ រួចហើយយកសម្បកផ្លែក្រូចឆ្មារទាំងនោះមកដុសខាត់ត្រង់កន្លែងស្នាមច្រែះនោះម្តងទៀត។ ត្រឹមតែប៉ុណ្ណឹងស្នាមច្រែះដ៏គួរឱ្យខ្លាចទាំងនោះនឹងរបូតបាត់អស់យ៉ាងងាយស្រួល។

    2 . រូបមន្តទឹកខ្មេះ + ក្រដាសអាលុយមីញ៉ូម(ក្រដាសភ្លឺៗសម្រាប់ខ្ចប់ត្រីដុត)

    គឺជាវិធីមួយទៀតដែលអាចកម្ចាត់ស្នាមច្រែះបានយ៉ាងដាច់ខាត និងក៏ជាវិធីមួយដែលគេនិយមធ្វើជាទូទៅដែរ គឺយកក្រដាសអាលុយមីញ៉ូមជ្រលក់ទៅក្នុងទឹកខ្មេះ បន្ទប់មកយកមកដុសខាត់ឱ្យសព្វកន្លែងដែលមានស្នាមច្រែះ។ ខាត់ទៅជាបណ្ដើរៗរហូតទាល់តែកំណកស្នាមច្រែះទាំងនោះរបូតបាត់អស់។ បងៗស្រ្តីមេផ្ទះឃើញទេ មិនមានពិបាកបន្តិចណាសោះ…។

    3 . រូបមន្តម្សៅបេកឃីងសូដា + ច្រាសដុសធ្មេញ

    បងៗស្រ្តីមេផ្ទះអាចរកទិញម្សៅបេកឃីងសូដាបាននៅតាមផ្សារទំនើប ឬបើមាននៅក្នុងផ្ទះស្រាប់ ក៏អាចយកមកកម្ចាត់កំណកស្នាមច្រែះបានដែរ ដោយយកវាមករោយពីលើកន្លែងដែលមានច្រែះស៊ី បន្ទាប់មកចូរយកច្រាសដុសធ្មេញចាស់ដែលលែងប្រើហើយមកជលក់ទឹកឱ្យជោក ហើយយកមកដុសខាត់កម្ចាត់ស្នាមច្រែះទាំងនោះតែម្ដង តែវិធីនេះគួរប្រើជាមួយវត្ថុណាដែលមិនចាំបាច់បារម្ភថានឹងកើតមានស្នាមឆ្កូតធ្វើឱ្យលែងស្អាត។

    4 . រូបមន្តទឹកខ្មេះ

    សម្រាប់វត្ថុឧបករណ៍ប្រើប្រាស់ធ្វើពីលោហៈតូចៗដែលមានច្រែះស៊ី ដូចជា កន្រ្តៃកាត់ក្រចក ប្រដាប់គាស់គម្របដប-ល- បងៗស្រ្តីមេផ្ទះអាចកម្ចាត់ស្នាមច្រែះបានដោយវិធីងាយៗ គឺគ្រាន់តែយកទៅត្រាំក្នុងទឹកខ្មេះទុកចោលមួយយប់ប៉ុណ្ណោះ។ ព្រឹកស្អែកឡើងបងៗនឹងឃើញថា ស្នាមច្រែះដែលធ្លាប់តែតោងជាប់លើឧបករណ៍ប្រើប្រាស់ទាំងនោះបានរលាយអន្តរធានបាត់អស់យ៉ាងគ្មានសល់ស្លាកស្នាមបន្តិចណាឡើយ(វិធីនេះមិនចាំបាច់ប្រើកម្លាំងដុសខាត់ទៀតផង)។

    5 . រូបមន្តមើមដំឡូងបារាំងឆៅ + ទឹកសាប៊ូលាងចាន

    វិធីចុងក្រោយ បងៗស្រ្តីមេផ្ទះអាចកម្ចាត់ស្នាមកំណកច្រែះបានដោយយកមើមដំឡូងបារាំងឆៅមកពុះជាពីរ ហើយយកទៅជ្រលក់ទឹកសាប៊ូលាងចាន ឬម្សៅបេកឃីងសូដាក៏បាន បន្ទាប់មកយកទៅដុសខាត់លើស្នាមច្រែះទាំងនោះ។ នៅពេលសាច់ដំឡូងបារាំងចាប់ផ្ដើមប្រឡាក់ស្នាមច្រែះ ចូរកៀរសាច់ដែលប្រឡាក់នោះចេញ ហើយយកទៅជ្រលក់នឹងទឹកសាប៊ូលាងចានម្ដងទៀត ហើយយកមកដុសខាត់កន្លែងមានច្រែះនោះបន្ត។ ធ្វើបែបនោះជារឿយៗរហូតទាល់តែស្នាមច្រែះរលាយបាត់អស់។

    មិនថាបងៗស្រ្តីមេផ្ទះនឹងជ្រើសរើសយករូបមន្តណាទៅកម្ចាត់ស្នាមច្រែះនោះទេ តែដំណាក់កាលចុងក្រោយ សូមកុំភ្លេច លាងឧបករណ៍ប្រើប្រាស់ទាំងនោះដោយទឹកឱ្យបានស្អាតហ្មត់ចត់ រួចហើយជូតឱ្យស្ងួតល្អដោយក្រណាត់ស្អាត ឬក៏យកទៅដាក់ហាលថ្ងៃទៀតក៏បាន ព្រោះវាអាចចៀសចេញឆ្ងាយពីការកើតច្រែះស៊ីបានយ៉ាងនិរន្តរ៍ហ្នឹងឯង៕

  • 8 វិធីងាយៗ កាពារការប្រសូតមុនកំណត់

    8 វិធីងាយៗ កាពារការប្រសូតមុនកំណត់

    ស្រ្តីតាំងគភ៌ថ្មីថ្មោង ឬតាំងគភ៌កូនដំបូង អាចនឹងនឹកភ័យៗថា កូនអាចនឹងប្រសូតចេញមកមុនកាលកំណត់នៅពេលដែលអាយុគភ៌ឈានចូលត្រីមាសទី 3 តែអនាគតអ្នកម្ដាយថ្មោងថ្មីទាំងអស់មិនបាច់បារម្ភទេ ថ្ងៃនេះឡារ៉ែនមាន 8 វិធី កាពារការប្រសូតមុនកាលកំណត់មកជម្រាបជូនដូចតទៅ។

    ញ៉ាំញឹកញាប់

    អ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានអាហារឱ្យគ្រប់ទាំង​ 5 ប្រភេទក្រុមនៅមិនទាន់គ្រប់គ្រាន់ទេ តែអនាគតអ្នកម្ដាយគួរទទួលទានឱ្យបានញឹកញាប់ជាមធ្យមប្រមាណ 5 ដងក្នុងមួយថ្ងៃ ដោយទទួលទានអាហារចម្បង 3 ពេល និងអាហារបន្ទាប់បន្សំ 2 ពេលទៀតគឺ អាហារពេលទំនេរ ឬមិនទេក៏ទទួលទានអាហារពេលតូចៗ 5 ពេលតែម្ដង។ បើធ្វើបានបែបនេះ នឹងកាត់បន្ថយឱកាសការប្រសូតមុនកាលកំណត់បាន។

    មិនទ្រាំបត់ជើងតូច

    ការទប់ ឬខំទ្រាំមិនព្រមទៅបត់ជើងតូច ក្រៅពីសាងនូវភាពមិនស្រួលសប្បាយខ្លួនហើយនោះ វាអាចធ្វើឱ្យកើតការឆ្លងមេរោគនៅក្នុងប្លោកនោមបានទៀត។ អាការដែលសង្កេតឃើញ អាចជាការសាងនូវការរលាកដល់ស្បូន និងធ្វើឱ្យស្បូនច្របាច់ខ្លួនញឹកញាប់ និងក្រៅពីនេះនៅអាចធ្វើឱ្យរលាកប្លោកនោមបានទៀតផង។

    ព្យាបាលរោគរលាកស្បូន

    បើអ្នកមានភាពប្រថុយប្រថានក្នុងការកើតរោគរលាកស្បូន គួរប្រញាប់ទៅព្យាបាលជាបន្ទាន់។ សាកល្បងប្រឹក្សាជាមួយគ្រូពេទ្យថា តើការញ៉ាំថ្នាំនឹងស័ក្តិសមចំពោះអ្នកឬទេ? ​ព្រោះការស្រាវជ្រាវមួយផ្នែកបានបញ្ជាក់ថា ស្រ្តីដែលកើតរោគរលាកស្បូន បើបានទទួលការព្យាបាលដោយការញ៉ាំថ្នាំបដិបក្ខប្រាណ( Antibiotic )អាចបន្ថយភាពប្រថុយប្រថានក្នុងការប្រសូតមុនកាលកំណត់បាន តែក៏មានការងារស្រាវជ្រាវមួយទៀតដែលជំទាស់ថា ស្រ្តីដែលកើតរោគរលាកស្បូនត្រូវតែទទួលបានការព្យាបាលយ៉ាងដិតដល់ ទើបអាចជួយកាត់បន្ថយឱកាសប្រសូតបុត្រមុនកំណត់បាន តែយ៉ាងណាក៏ដោយ គ្រូពេទ្យរបស់អ្នកគឺជាអ្នកផ្ដល់ចម្លើយបានល្អបំផុត។

    សុខភាពមាត់ធ្មេញ

    ការមើលថែទាំអនាម័យរបស់ប្រអប់មាត់ជាវិធីដំបូងៗគេដែលងាយស្រួលបំផុត និងល្អបំផុតដែលអាចជួយការពារការប្រសូតបុត្រមុនកាលកំណត់បាន។ រោគរលាកអញ្ចាញធ្មេញជាមូលហេតុមួយរបស់ការប្រសូតមុនកំណត់ ដូច្នេះទើបស្រ្តីមានគភ៌ត្រូវដុសសម្អាតធ្មេញ ប្រើអំបោះខាត់ធ្មេញ និងទៅជួបទន្តពេទ្យយ៉ាងតិចបំផុតឱ្យបាន 1 ដងក្នុងអំឡុងពេលមានគភ៌ ក្រៅពីនេះបើសិនមានអាការអ្វីមួយខុសប្រក្រតីសូម្បីតែបន្តិចបន្តួចក៏ដោយ ក៏គួរប្រញាប់ព្យាបាលថែរក្សាឱ្យប្រក្រតីឡើងវិញមុនពេលវាកាន់តែធ្ងន់ធ្ងរឡើង។

    ញ៉ាំវីតាមីនសម្រាប់ស្រ្តីមានគភ៌

    វីតាមីនក្នុងអំឡុងពេលមានគភ៌ មិនមែនគ្រាន់តែធ្វើឱ្យម្ដាយ និងកូនក្នុងផ្ទៃមានសុខភាពរឹងមាំល្អប៉ុណ្ណោះទេ តែវានៅជួយឱ្យស្រ្តីជាម្ដាយបង្កើនឱកាសពពោះបានរហូតដល់គ្រប់កំណត់ប្រសូតបានទៀតផង។ ការញ៉ាំវីតាមីនមិនអាចនាំមកប្រើជំនួសការទទួលអាហារដែលគ្រប់ទាំង 5 ប្រភេទក្រុមបានទេ តែវាអាចសាងនូវភាពសប្បាយចិត្តបានថា ក្នុងមួយថ្ងៃៗអ្នកបានទទួលសារធាតុអាហារគ្រប់ចំនួនហើយ។

    ញ៉ាំទឹកឱ្យបានច្រើន

    ព្យាយាមញ៉ាំទឹកក្នុងមួយថ្ងៃឱ្យបាន 8 កែវ បើធាតុអាកាសក្ដៅ ឬបានហាត់ប្រាណផងនោះ ក៏គួរញ៉ាំទឹកឱ្យបានច្រើនឡើងដើម្បីរក្សាភាពស្រស់បស់របស់រាងកាយ និងបង្កើនឱកាសឱ្យអ្នកពពោះបានរហូតដល់គ្រប់កំណត់ប្រសូត ព្រោះបើអ្នកខ្វះជាតិទឹក នឹងធ្វើឱ្យកើតការឈឺពោះប្រសូតមុនកាលកំណត់បាន។

    ទទួលទានអាហារដែលមានប្រយោជន៍

    ការទទួលទានអាហារដែលមានប្រយោជន៍ មានផលល្អចំពោះម្តាយ និងកូនក្នុងផ្ទៃ ក្រៅពីនេះនៅមានហេតុផលមួយទៀតដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺ ការទទួលទានអាហារដែលមានសមតុល្យ ជួយការពារការប្រសូតមុនកាលកំណត់បាន។

    ប្រយ័ត្នទម្ងន់ខ្លួន

    ការកើនឡើងនៃទម្ងន់ខ្លួនក្នុងអំឡុងពេលតាំងគភ៌ច្រើនជ្រុលពេក នឹងបង្កើនភាពប្រថុយប្រថាននឹងជំងឺទឹកនោមផ្អែម និងគភ៌មានជាតិពុល ដែលរោគទាំងពីរនេះសុទ្ធតែជាដើមហេតុដែលបង្កឱ្យកើតសភាវប្រសូតមុនកំណត់ទាំងអស់។ ក្នុងផ្លូវផ្ទុយគ្នាវិញ បើស្រ្តីមានគភ៌កើនទម្ងន់ខ្លួនតែបន្តិចបន្តួចវិញនោះ ក៏អាចបង្កើនបច្ច័យប្រថុយប្រថានឱ្យអនាគតអ្នកម្ដាយប្រសូតមុនកាលកំណត់បានដែរ ដូច្នេះទម្ងន់ខ្លួនខណៈពេលមានគភ៌គួរកើនឡើងក្នុងកម្រិតដែលស័ក្តិសមល្មម ដោយជាមធ្យមគឺស្ថិតក្នុងទម្ងន់ 11.3 – 15.8 គីឡូក្រាមដោយទម្ងន់ខ្លួនដែលកើនឡើងក្នុងកម្រិតសមរម្យល្អនេះនឹងមានសញ្ញាល្អថា អ្នកនឹងប្រសូតបុត្រចេញមកដែលមានទម្ងន់ប្រក្រតីល្អនៅពេលគ្រប់កំណត់ប្រសូតទៀតផង៕

  • 5 សញ្ញាគ្រោះថ្នាក់របស់ជំងឺក្រលៀន

    5 សញ្ញាគ្រោះថ្នាក់របស់ជំងឺក្រលៀន

    ជំងឺក្រលៀន គឺជំងឺដែលបណ្ដាលមកពីការដែលក្រលៀនធ្វើការខុសប្រក្រតី មានប្រសិទ្ធភាពថយចុះ បង្កឱ្យកើតការដក់ស្ទះនូវវត្ថុកាកសំណល់នៅក្នុងរាងកាយ រហូតហុចផលប៉ះពាល់ដល់ការធ្វើការងារក្នុងប្រព័ន្ធផ្សេងៗទូទាំងរាងកាយ និងអាចហុចផលឱ្យកើតសភាវគាំងក្រលៀនបាន ដែលការពិតទៅវាអាចកើតឡើងបានពីច្រើនមូលហេតុ ទាំងកើតឡើងតាំងពីកំណើត កើតពីការរលាកក្លាយ ឆ្លងមេរោគ ដក់ស្ទះក្នុងតម្រងនោម ឬមានដុះសាច់ជាដើម ដោយវានឹងបង្ហាញអាការចេញមកខុសប្លែកពីគ្នា ដែលយើងអាចសរុបអាការដែលប្រថុយប្រថាននឹងការកើតជំងឺក្រលៀនបានដូចខាងក្រោមនេះ។

    1 . ទឹកមូត្រមានលក្ខណៈខុសប្រក្រតី

    ទាំងការបន្ទោបង់ទឹកមូត្រចេញមកមានលាយឈាម ទឹកមូត្រមានពពុះច្រើន ឬទឹកមូត្រខាប់ជាដើម អាចសន្និដ្ឋានទុកជាមុនបានតែម្ដងថា អាចនឹងប្រថុយប្រថាននឹងការកើតជំងឺក្រលៀនហើយ គួរតែប្រញាប់ទៅជួបលោកគ្រូពេទ្យជាបន្ទាន់បំផុត ជាពិសេសអ្នកដែលបន្ទោបង់ទឹកមូត្រចេញមកមានឈាមចេញមកជាមួយ ព្រមជាមួយមានសរសៃខាប់ៗ(ដូចស៊ុត-ស) ឬមានប្រូតេអ៊ីនចេញមកលាយឡំជាមួយទឹកមូត្រ ជាដើម។

    2 . ឈឺពោះខ្លាំង

    អាចកើតឡើងរួមជាមួយការបន្ទោបង់ចេញមកមានឈាម ទឹកមូត្រខាប់ ឬមានគ្រាប់ខ្សាច់តូចៗ ដោយអាការទាំងអស់នេះប្រថុយប្រថានក្នុងការកើតក្រួសក្នុងតម្រងនោម និងជំងឺពាក់ព័ន្ធនឹងប្រព័ន្ធតម្រងនោម។

    3 . ឃើញមានដុំអ្វីម្យ៉ាងនៅម្ដុំក្រលៀន

    បើសិនជាស្ទាបទៅហើយឃើញមានដុំសាច់អ្វីម្យ៉ាងនៅត្រង់ម្ដុំចង្កេះទាំងសងខាងរបស់អ្នក នេះអាចជាសញ្ញាគ្រោះថ្នាក់មួយរបស់ជំងឺក្រលៀនដែលបណ្តាលមកពីការស្ទះថង់ទឹកមូត្រ ការណែនស្ទះរបស់ក្រលៀន ឬដុះសាច់នៅក្នុងក្រលៀនជាដើម។

    4 . សម្ពាធឈាមឡើងខ្ពស់

    ដោយសារតែក្រលៀនបំពេញតួនាទីសាងសារធាតុគ្រប់គ្រងសម្ពាធឈាម ប្រកបជាមួយក្រលៀនមានតួនាទីរក្សាតុល្យភាពរបស់ទឹក និងអំបិលរ៉ែក្នុងរាងកាយ ដូច្នេះហើយទើបការដែលសម្ពាធឈាមឡើងខ្ពស់អាចបណ្តាលមកពីជំងឺក្រលៀនដោយត្រង់។

    5 . អាការហើម

    អ្នកដែលកើតជំងឺក្រលៀននឹងមានអាការហើម ជាពិសេសនៅលើស្បែកភ្នែកនៅពេលព្រឹក ឬហើមមុខតែម្ដង ដែលបើសិនជាធ្ងន់ធ្ងរនឹងមានអាការហើមនេះពេញទាំងដងខ្លួនតែម្ដង។ តែយ៉ាងណាក៏ដោយ អាការហើមនេះក៏អាចបណ្ដាលមកពីជំងឺថ្លើម ជំងឺបេះដូង ការខ្វះសារធាតុអាហារ ឬភាពខុសប្រក្រតីពាក់ព័ន្ធនឹងអ័រម៉ូនបានដែរ ដូច្នេះគួរប្រញាប់ទៅជួបលោកគ្រូពេទ្យដើម្បីឱ្យបានដឹងពីមូលហេតុពិតប្រាកដ និងដើម្បីទទួលការព្យាបាលមុនពេលអ្វីៗហួសពេលនឹងកែកុន៕

  • ហេតុអីស្រ្តីមានគភ៌ចាំបាច់ត្រូវញ៉ាំផ្លែឈើស្រស់?

    ហេតុអីស្រ្តីមានគភ៌ចាំបាច់ត្រូវញ៉ាំផ្លែឈើស្រស់?

    ផ្លែឈើគួរតែត្រូវបានរួមបញ្ចូលទៅក្នុងពេលអាហារចម្បងៗរបស់ស្រ្តីមានគភ៌ផងដែរ ព្រោះសារធាតុអាហារសំខាន់ដែលមាននៅក្នុងផ្លែឈើ ដូចជា បេតាឃែរ៉ូធីន មានចំណែកសំខាន់ក្នុងការអភិវឌ្ឍសាច់ភ្នាស និងកោសិកាសម្រាប់ប្រព័ន្ធការពារជំងឺរបស់ទារក រួមទៅដល់ការជួយសាងធ្មេញ និងឆ្អឹងឱ្យរឹងមាំ និងផ្លែឈើដែលសម្បូរទៅដោយអាស៊ីតហ្វូលិកដែលនឹងជួយការពារអាការខុសប្រក្រតីរបស់ទារកនៅក្នុងគភ៌បានទៀតផង។ តើផ្លែឈើអ្វីខ្លះដែលស្រ្តីមានគភ៌គួរតែទទួលទាន សូមតាមដានជាបន្ត៖

    – ផ្លែ អេព្រីខត់( Apricot) សម្បូរទៅដោយវីតាមីន A , C , E បេតាឃែរ៉ូធីន ហ្វូស្វ័រ ស៊ិលិខន កាលស្យូម និងប៉ូតាស្យូម មានចំណែកជួយក្នុងការអភិវឌ្ឍសុខភាពរបស់ទារកក្នុងគភ៌ និងធាតុដែកដែលជួយការពារជំងឺស្លេកស្លាំងទៀតផង។ ស្រ្តីមានគភ៌គួរញ៉ាំផ្លែអេព្រីខត់ 2 – 4 ផ្លែក្នុងមួយថ្ងៃ។

    – ផ្លែប៉ោម សម្បូរទៅដោយវីតាមីន A , E , D និងជាតិស័ង្កសី( Zinc ) ជួយបង្កើនប្រព័ន្ធការពារជំងឺ និងភាពរឹងប៉ឹងមាំមួនរបស់ទារកក្នុងគភ៌ កាត់បន្ថយភាពប្រថុយប្រថានពីការកើតរោគហឺត និងរោគឃ្លង់នៅលើក្មេងបានល្អទៀតផង។

    – ផ្លែស្វាយទុំ សម្បូរទៅដោយវិតាមីន C ជួយគ្រប់គ្រងប្រព័ន្ធការរំលាយអាហាររបស់ស្រ្តីមានគភ៌ កាត់បន្ថយអាការទល់លាមក និងសម្រាលអាការឆ្លងមេរោគក្នុងអំឡុងពេលមានគភ៌។

    – ផ្លែ ស្រ្តប៊ើរី សម្បូរទៅដោយវីតាមីន C , A , B1 , B2 , ហ្វូលេត ធាតុដែក ម៉ាញេស្យូម ហ្វ្លាវ៉ូណយដ៍ ស័ង្កសី និងកាកសរសៃអាហារ ជួយបញ្ចុះសម្ពាធឡើងខ្ពស់របស់ស្រ្តីខណៈមានគភ៌ ការពារអាការខុសប្រក្រតីខាងខួរក្បាលរបស់ទារក។

    – ផ្លែចេកទុំ សម្បូរទៅដោយវីតាមីន C , B6 , ហ្វូលេត ប៉ូតាស្យូម និងម៉ាញេស្យូមដែលជួយការពារការប្រសូតមុនកំណត់របស់ទារក និងជួយការពាររោគសរសៃឈាមក្នុងខួរក្បាល និងសភាវជ្រៀតជ្រែកដែលពាក់ព័ន្ធនឹងការតាំងគភ៌ផ្សេងៗ។

    ចុងក្រោយគេគឺ ផ្លែក្រូច ជាផ្លែឈើសម្រាប់ស្រ្តីមានគភ៌ ព្រោះសម្បូរទៅដោយ វីតាមីន C និងហ្វូលេតដែលជួយបំប៉នឱ្យស្រ្តីមានគភ៌មានទឹកដោះដែលពេញទៅដោយសារធាតុអាហារ និងជួយសាងគ្រាប់ឈាមក្រហម និងជួយការពាររោគផ្សេងៗដែលធ្វើឱ្យទារកពិការតាំងពីកំណើតបានទៀតផង៕

  • 7 ថ្ងៃ 7 ពណ៌ជាមួយការតុបតែងបន្ទប់គេងសម្រាប់គូអាពាហ៍ពិពាហ៍ថ្មោងថ្មី

    7 ថ្ងៃ 7 ពណ៌ជាមួយការតុបតែងបន្ទប់គេងសម្រាប់គូអាពាហ៍ពិពាហ៍ថ្មោងថ្មី

    “បន្ទប់គេង” គឺជាបន្ទប់មួយដែលមានអត្ថន័យសំខាន់ណាស់សម្រាប់គូស្វាមីភរិយាដែលទើបតែរៀបការហើយថ្មីៗ ដូច្នេះដើម្បីឱ្យសេចក្តីស្នេហាក្នុងជីវិតអាពាហ៍ពិពាហ៍មិនសាបរលាប កាន់តែប្លែកថ្មី មិនច្រំដែល ស្រស់ស្រាយ និងរំភើបញាប់ញ័របានរាល់ថ្ងៃនោះ ខាងក្រោមនេះគឺការរៀបចំតុបតែងបន្ទប់គេងឱ្យមានភាពប្លែកថ្មីជារៀងរាល់ថ្ងៃ និងត្រូវចិត្តម្ចាស់បន្ទប់ទាំងពីរនាក់ ដែលគូស្វាមីភរិយាថ្មោងថ្មីគួរតែសិក្សា និងអនុវត្តតាមដើម្បីសុភមង្គល។

    ថ្ងៃច័ន្ទ ពណ៌លឿង

    ចាប់ផ្តើមដើមសប្ដាហ៍នៃក្តីស្នេហាថ្មោងថ្មីដោយថ្ងៃច័ន្ទពណ៌លឿង។ បន្ទប់គេងនេះប្រើជញ្ជាំងពណ៌លឿងស្រាល មើលទៅសប្បាយភ្នែក ប្រើកម្រាលពូក ស្រោមខ្នើយ និងឱបករណ៍ប្រើប្រាស់ផ្សេងៗក្នុងបន្ទប់គេងទាំងអស់មានពណ៌លឿងស្រស់ស្រាយ និងជាពិសេសសម្លៀកបំពាក់គេងយប់របស់ម្ចាស់បន្ទប់ក៏គួរតែមានពណ៌លឿងដែរ។

    ថ្ងៃអង្គារ ពណ៌ផ្កាឈូក

    ស័ក្តិសមជាមួយនឹងភរិយាដែលជានារីផ្អែមល្ហែម រួសរាយទន់ភ្លន់។ សាកល្បងប្រើអៃឌៀជ្រើសរើសប្រើពណ៌ផ្កាឈូកចេញស្វាយបន្តិចដើម្បីឱ្យក្នុងបន្ទប់មើលទៅឃើញកាន់តែទំនើបឡើង ដូចជាកម្រាលពូក ស៊ីគ្នាជាមួយកម្រាលកៅអីសាឡុងអង្គុយលេងក្នុងបន្ទប់ពណ៌ផ្កាឈូកចេញស្វាយតិចៗ និងវាំងននបង្អួចពណ៌ផ្កាឈូកខ្ចីជាដើម។

    ថ្ងៃពុធ ពណ៌បៃតងស្រាល

    ធ្វើឱ្យគូស្នេហ៍ថ្មោងថ្មីមានអារម្មណ៍ថា ភ្លឺត្រជាក់ភ្នែក ដោយអ្នកអាចប្តូរព៌ណជញ្ជាំងបន្ទប់ដោយការរករូបគំនូរ ឬរូបភាពធម្មជាតិដែលមានពណ៌ស្រស់ខៀវខ្ចី ឬរូបថតពេលដើរលេងកម្សាន្តរបស់អ្នកទាំងពីដែលមានផ្ទាំងខាងក្រោយជាផ្ទៃធម្មជាតិយកមកបំពាក់នៅលើជញ្ជាំង ឬនៅលើតុធ្វើការក្នុងបន្ទប់ព្រមជាមួយកៅអីអង្គុយលេងក្នុងបន្ទប់គេងដែលមានពូកពណ៌បៃតងខ្ចី វានឹងធ្វើឱ្យក្នុងផ្ទៃបន្ទប់ទាំងមូលមានពណ៌បៃតងខ្ចីស្រស់ស្រាយ សុខទាំងពេលគេង និងពេលភ្ញាក់យ៉ាងពិតប្រាកដ។

    ថ្ងៃព្រហស្បតិ៍ ពណ៌ទឹកក្រូច

    ការតុបតែងបន្ទប់តាមពណ៌ផ្សេងៗនេះ ជួនកាលមិនចាំបាច់តុបតែងតែពណ៌មួយនោះច្រើនពេកក៏បាន ឧទាហរណ៍ដូចជាពណ៌ទឹកក្រូចនេះ គូស្នេហ៍ថ្មោងថ្មីអាចនឹងគ្រាន់តែរកផ្កាធីវលីបដែលមានពណ៌លឿងទុំស្រស់មួយបាច់មកដាក់ក្នុងថូ រួចដាក់តាំងលម្អនៅលើតុអង្គុយលេងក្នុងបន្ទប់ និងបន្ថែមដោយផ្លែក្រូចចិនពណ៌លឿងទុំមួយកញ្រ្ចែងយ៉ាងស្អាតនៅលើតុសាឡុងក្នុងបន្ទប់ក៏បាន ព្រោះវានឹងលេចធ្លោស៊ីគ្នាជាមួយជញ្ជាំងបន្ទប់ពណ៌ស។

    ថ្ងៃសុក្រ ពណ៌ផ្ទៃមេឃ

    ពណ៌ផ្ទៃមេឃគឺជាពណ៌ដែលស័ក្តិសមនឹងបន្ទប់គេងបំផុត ព្រោះមានភាពស្រទន់សប្បាយភ្នែក និងធ្វើឱ្យមានអារម្មណ៍ថាធូរស្រាល និងសប្បាយ។ គូស្នេហ៍ថ្មោងថ្មីអាចបន្ថែមភាពរ៉ូមែនទិកដោយស្រោមខ្នើយពណ៌ផ្ទៃមេឃ វាំងនន និងខ្នើយកំណល់នៅលើកៅអីសាឡុងពណ៌ផ្ទមេឃជាដើមបាន។

    ថ្ងៃសៅរ៍ ពណ៌ស្វាយ

    ពណ៌ដែលគូគ្នាជាមួយពណ៌ស្វាយគឺពណ៌ប្រផេះ។ គូស្នេហ៍ដែលទើបតែរៀបការហើយថ្មីៗនឹងមានអារម្មណ៍ថា ចង់តែនៅក្នុងបន្ទប់ដែលពោរពេញទៅដោយពណ៌ដែលស្រទុំម្លប់ត្រជាក់ មិនថាតែ បាច់ផ្កាឡាវេនឌើរ៍នៅលើតុ ស្រោមខ្នើយពណ៌ស្វាយ ស៊ីគ្នាជាមួយកម្រាលពូក និងភួយក្រាសពណ៌ប្រផេះ និងសម្លៀកបំពាក់គេងយប់ពណ៌ស្វាយដ៏គួរឱ្យនែបនិត្យ។

    ថ្ងៃអាទិត្យ ពណ៌ក្រហម

    ពណ៌ក្រហមជាពណ៌ដែលចាំងនឹងពន្លឺខ្លាំង តែដោយសារជាថ្ងៃអាទិត្យ គូស្នេហ៍ថ្មោងថ្មីអាចប្តូរស្រោមខ្នើយជាពណ៌ក្រហម ឆ្លាស់គ្នានឹងកម្រាលពូកពណ៌ប្រផេះដដែល និងភួយពណ៌ក្រហមបាន ព្រោះយ៉ាងណាថ្ងៃអាទិត្យទាល់តែពេលរាត្រីទើបត្រឡប់ចូលមកក្នុងបន្ទប់គេងវិញ ដោយសារពេលថ្ងៃអ្នកទាំងពីរអាចនឹងធ្វើដំណើរកម្សាន្តពេញមួយថ្ងៃក៏អាចថាបានដែរ៕

  • សម្រាប់គូស្វាមី ភរិយាថ្មោងថ្មី ម៉ាល់ឌីវ…វីឡាទំនើបកណ្តាលសមុទ្រ ស័ក្តិសមនឹងរាត្រីក្រេបច័ន្ទទឹកឃ្មុំ

    សម្រាប់គូស្វាមី ភរិយាថ្មោងថ្មី ម៉ាល់ឌីវ…វីឡាទំនើបកណ្តាលសមុទ្រ ស័ក្តិសមនឹងរាត្រីក្រេបច័ន្ទទឹកឃ្មុំ

    អ្វីដែលធ្វើឱ្យម៉ាល់ឌីវក្លាយជាស្ថានសួគ៌សម្រាប់គូស្នេហ៍ថ្មោងថ្មីក្រេបរាត្រីច័ន្ទទឹកឃ្មុំក្រោយអាពាហ៍ពិពាហ៍នោះគឺ ទីស្នាក់នៅដែលស្ថិតនៅកណ្តាលផ្ទៃសមុទ្រដែលមានភាពឯកជនដាច់ដោយឡែកពីគេ និងថែមទាំងជាទីកន្លែងដ៏ទំនើបដ៏សម្បូរបែបទៀតផង។ ថ្ងៃនេះឡារ៉ែនសូមណែនាំបន្ទប់ស្នាក់នៅដែលហៅថា Water villa ដ៏ទំនើបៗ និងស្រស់ស្អាតគួរឱ្យចង់សាងនូវក្តីស្និទ្ធស្នាលផ្អែមល្ហែម រវាងគ្នាសម្រាប់គូស្នេហ៍ក្រោយអាពាហ៍ពិពាហ៍មកជម្រាបជូនដូចខាងក្រោម។

    1 . Dusit Thani Maldives

    កន្លែងស្នាក់នៅបែប Water villa ដែលហុចលយទៅក្នុងសមុទ្រ ដែលគូស្នេហ៍ថ្មោងថ្មីអាចលេងទឹកសមុទ្របានតែម្តងនៅក្នុងផ្ទះស្នាក់នៅ និងថែមទាំងមានអាងហែលទឹកឯកជនដោយឡែកដែលមើលឃើញផ្ទៃមេឃដ៏ស្រស់ស្អាតទាំងថ្ងៃទាំងយប់។ សេវាកម្មដ៏សែនកក់ក្តៅ មានបុគ្គលិកជាជនជាតិថៃ និងខាងក្នុងតុបតែងលម្អបែបថៃបុរាណ និងពោរពេញទៅដោយវត្ថុជួយសម្រួលភាពងាយស្រួល។

    2 . Meeru Island Resort & Spa

    Meeru Island Resort & Spa ជារីសតកំពូលទំនើបជាទីពេញនិយមរបស់ជនជាតិអាស៊ីយើង ព្រោះតម្លៃមិនថ្លៃ និងថែមទាំងមានវត្ថុជួយសម្រួលភាពសុខសប្បាយគ្រប់សព្វបែបយ៉ាង។ តាំងនៅលើកោះតូចមួយដ៏ស្ងប់ស្ងាត់ មានឆ្នេរឯកជនផ្ទាល់ខ្លួនមួយដែលមានខ្សាច់ពណ៌សក្បុស ទឹកសមុទ្រសែនថ្លា មានទូកខាយ៉ាក់ឱ្យអុំលេងកម្សាន្តជុំវិញកោះ និងមានបន្ទប់ស្នាក់នៅសម្រាប់ឱ្យភ្ញៀវជ្រើសរើសស្នាក់នៅច្រើនបែប តុបតែងបែបសាមញ្ញ តែផ្តល់នូវអារម្មណ៍កក់ក្តៅ និងធូរស្រាលបំផុត។

    3 . Fihalhohi Island resort

    Fihalhohi Island resort គឺជាកន្លែងស្នាក់នៅក្នុងក្តីស្រមៃរបស់គូស្នេហ៍ក្រោយអាពាហ៍ពិពាហ៍ទូទាំងពិភពលោក។ ស្ថិតនៅក្នុងតំបន់ South Male Atoll ដែលជាកោះឯកជនតូចមួយ មានបន្ទប់ស្នាក់នៅសម្រាប់ឱ្យភ្ញៀវជ្រើសរើសទាំងបែបនៅក្នុងចម្ការ នៅតាមឆ្នេរខ្សាច់ និងបន្ទប់ស្នាក់នៅកណ្តាលសមុទ្រ និងបើចង់ប្រឡែងលេងជាមួយទឹកសមុទ្រម៉ាល់ឌីវ ក៏សាកល្បងជ្រើសរើសស្នាក់នៅបន្ទប់ប្រភេទ Water Villa ។

    4 . Club Med Finolhu Villas

    Club Med Finolhu Villas ឬរីសតសាខាទី 2 របស់បណ្តាញក្លិប មេដ ក្នុងម៉ាល់ឌីវ ដែលអាចហៅបានថា ជាស្ថានសួគ៌នៃការសម្រាកលម្ហែ ព្រោះក្រៅពីស្ថិតនៅលើកោះដ៏សែនស្រស់ស្អាតបំផុតមួយហើយនោះ រីសតនេះនៅមានកិច្ចការងារកម្សាន្តសម្រាប់ឱ្យភ្ញៀវលេងកម្សាន្តជាច្រើនទៀតផង។ បន្ទប់ស្នាក់នៅក្នុងរីសតមានការច្នៃតុបតែងម៉ូដយ៉ាងប្លែកភ្នែក ស៊ីគ្នាជាមួយធម្មជាតិ និងផ្ទៃសមុទ្រពណ៌ផ្ទៃមេឃដ៏សែនថ្លា។

    5 . Nika Island Resort

    ទីនេះស័ក្តិសមបំផុតសម្រាប់គូស្វាមីភរិយាថ្មោងថ្មីក្រេបច័ន្ទទឹកឃ្មុំ ព្រោះគ្រប់បន្ទប់ស្នាក់នៅសុទ្ធតែមានឆ្នេរខ្សាច់ផ្ទាល់ខ្លួន ជាពិសេសបន្ទប់ស្នាក់នៅបែប Water villa ដែលភ្ញៀវអាចចុះទៅហែលមុជទឹកមើលផ្កាថ្ម និងសត្វសមុទ្របានយ៉ាងងាយស្រួលពីវ៉តធើរ វីឡា របស់ខ្លួន។ ទីនេះគឺជាកូនកោះតូចមួយដែលភ្ញៀវអាចដើរទស្សនាជុំវិញកោះបាន មានធម្មជាតិស្រស់ខៀវខ្ចីត្រជាក់ត្រឈៃឆ្នេរខ្សាច់ស្អាតសក្បុស។ ឯខាងក្នុងបន្ទប់ស្នាក់នៅវិញ គ្រប់សព្វទៅដោយវត្ថុជួយសម្រួលភាពសប្បាយងាយស្រួល តុបតែងយ៉ាងស្អាតទំនើប និងមានអាងងូតទឹកក្តៅឧណ្ហៗទៀតផង។

    6 . Amari Havodda Maldives

    Amari Havodda Maldives ជាបណ្តុំបន្ទប់ស្នាក់នៅដ៏សែនស្អាតៗ ដែលឡារ៉ែនមិនចង់ឱ្យគូស្វាមីភរិយាថ្មោងថ្មីខកខានឡើយ។ ស្ថិតនៅលើបណ្តុំកោះផ្កាថ្ម កាហ្វូ៊ ដាលូ ដែលនៅដាច់តែឯង មានឆ្នេរឯកជនផ្ទាល់ខ្លួនដ៏សែនស្អាត មានភោជនីយដ្ឋានឱ្យភ្ញៀវជ្រើសរើសពិសាតាមចំណង់ចំណូលចិត្តដល់ទៅ 5 បែប ព្រមទាំងបន្ទប់ស្ប៉ា ទីលានវាយកូនបាល់ និងហ្វ្រ៊ី Wi-Fi ទៀតផង។

  • នៅពេលកូនតូចឈានចូលខែទី 3

    នៅពេលកូនតូចឈានចូលខែទី 3

    លក្ខណៈរបស់កូនតូច

    អ្នកម្តាយនឹងមានអារម្មណ៍ស៊ាំធ្លាប់នឹងការគេង ការញ៉ាំរបស់កូនតូចវ័យ 3 ខែកាន់តែខ្លាំងឡើងហើយ ព្រោះកូនចេះសម្របខ្លួនបានល្អ(បៅទឹកដោះមានពេលវេលា និងក្មេងខ្លះនៅសល់ពេលមឹមទឹកដោះពេលយប់តែម្តងគត់ និងអាចគេងបានវែងរហូតដល់ 10 ម៉ោង) ព្រមទាំងអ្នកម្តាយដែលដឹងចិត្តកូនតូចច្រើនឡើងដូចគ្នាដែរ។ ក្នុងអំឡុងវ័យនេះ កូនតូចនឹងផ្តល់ចំណាប់អារម្មណ៍ខ្លាំងជាមួយនឹងដៃរបស់ខ្លួនឯង ដូចជា សម្លឹងមើលដៃខ្លួនឯងញឹកញាប់ ដាក់ដៃចូលមាត់ ក្តាប់ដៃខ្លួនឯង ប្រៀបដូចដៃជារបស់លេងប្រភេទថ្មីមួយដែលមានចលនា និងប្លែកថ្មីដូច្នោះដែរ។ នេះព្រោះតែប្រព័ន្ធប្រសាទភ្នែករបស់កូនតូចចាប់ផ្តើមចាប់រូបភាពបានកាន់តែល្អឡើងហ្នឹងឯង ដូច្នេះអ្វីដែលនៅជិតៗខ្លួន និងមើលឃើញច្បាស់បំផុតនោះគឺ ដៃខ្លួនឯងហ្នឹងឯង។

    ទោះជាកូនតូចទើបតែមានអាយុត្រឹម 3 ខែមែន តែការរៀនយល់ដឹងក៏វិវឌ្ឍឡើងខ្លាំងដែរ(ការពិតកូនតូចរៀនយល់ដឹងតាំងពីនៅក្នុងផ្ទៃម្តាយម្ល៉េះ)។ វ័យនេះនឹងរៀនយល់ដឹងពីការប៉ះពាល់ ដូចជា កូនតូចអាចនឹងកំពុងចង់កាន់ ឬស្រវាចាប់វត្ថុដែលនៅជិតៗដៃ និងធ្វើបែបនោះដដែលៗ នោះបង្ហាញថា កូនកំពុងចងចាំពីអ្វីដែលបានរៀនយល់ដឹង និងប៉ះពាល់ និងកត់ត្រាទុកនៅក្នុងអង្គចងចាំដ៏តូចមួយរបស់ខ្លួនហើយ។

    អាការដែលអាចកើតឡើង

    -ឆ្លងជំងឺផ្តាសាយ ៈ បើមនុស្សនៅក្នុងផ្ទះមានអាការផ្តាសាយ អាចនឹងគ្រាន់តែតឹងច្រមុះ ឬកណ្ដាស់ ហើយនៅជិតកូនតូចនោះ ឱកាសដែលកូនតូចនឹងឆ្លងផ្តាសាយអាចកើតឡើងខ្ពស់ណាស់។ បើកើតគ្រុនផ្ដាសាយ ក្តៅខ្លួនខ្លាំង(37 – 37.6 អង្សាC) អាចនឹងមានទឹកសំបោរថ្លាៗហូរចេញមក ហើយនឹងកាន់តែខាប់ឡើងជាបណ្តើរៗ។ ចូរប្រើវិធីជូតខ្លួននឹងក្រណាត់សើមដើម្បីបំភាយ​កម្ដៅ​​ចេញ និងត្រូវតាមដានមើលអាការឱ្យបានដិតដល់។

    -មានអាចម៍ភ្នែក ៈ ពេលព្រឹក ពេលអ្នកម្តាយភ្ញាក់ឡើងអាចនឹងឃើញមានអាចម៍ភ្នែកនៅជាប់នឹងក្រោមភ្នែក និងមានទឹកភ្នែករលីងរលោងតិចៗផងនោះ ចូរអ្នកម្តាយសង្កេតមើលថា តើមានរោមភ្នែកខាងក្រោមបត់ចូលទៅក្នុងភ្នែកកូនឬទេ? ព្រោះក្មេងខ្លះពូកែបៅ ធ្វើឱ្យថ្ពាល់ឆាប់ប៉ោងឡើងក្នុងអំឡុងពេលនោះ សាច់ថ្ពាល់អាចនឹងរុញរោមភ្នែកឱ្យចូលទៅក្នុងភ្នែកបាន។ អ្នកម្តាយអាចនឹងនាំកូនទៅឱ្យគ្រូពេទ្យជំនាញដករោមភ្នែកចេញខ្លះបាន តែបើមានអាចម៍ភ្នែកច្រើន ក្មេងខ្លះដល់ថ្នាក់បើកភ្នែកមិនរួចនោះ អាចនឹងធ្វើឱ្យកើតមានការឆ្លងមេរោគបាក់តេរី រលាកសាច់ភ្នាសកែវភ្នែក គ្រូពេទ្យអាចនឹងបន្តក់ទឹកថ្នាំឱ្យ និងតែប៉ុន្មានថ្ងៃក៏ជាវិញហើយ។

    វិវឌ្ឍនាការរបស់កូនតូច

    -ផ្នែករាងកាយ

    . អាចគ្រប់គ្រងការធ្វើការងាររបស់រាងកាយបានកាន់តែល្អឡើង តែមិនទាន់អាចប្រើសាច់ដុំធំៗបានច្រើននៅឡើយទេ។

    . នៅពេលដាក់ឱ្យគេងផ្កាប់ នឹងងើបកបានយូរជាងមុន តែមិនទាន់អាចងើបខ្លួនបាននៅឡើយ។

    . នៅពេលដាក់ឱ្យគេងផ្ងារ នឹងលើកដៃលើកជើងដំណាលៗគ្នាបាន និងចាប់ផ្តើមស្រវាចាប់នេះចាប់នោះយកមកជិតខ្លួនបាន

    -សង្គម

    .ចេះញែក និងស្គាល់សំឡេងនិយាយ ជាមួយសំឡេងផ្សេងៗបានហើយ ចាំសំឡេងរបស់ម្តាយបាន និងចាប់ផ្តើមឆ្លើយតបនឹងសំឡេងម្តាយ អាចជាការខំព្យាយាមធ្វើសំឡេងអេះអះជជែកជាមួយម្តាយ និងចេះញញឹមហើយ។

    .នៅតែប្រើវិធីស្រែកយំដើម្បីប្រាប់ពីតម្រូវការ ចេះបង្ហាញទឹកមុខកាន់តែពូកែឡើង និងព្យាយាមសម្តែងកាយវិការខាងរាងកាយទៀតផង។

    .ចេះបែរមុខទៅរកសំឡេងដែលធ្លាប់ស្គាល់ ឬតាមមើលវត្ថុដែលមានចលនា។

    .មានប្រតិកម្មតបនឹងអ្វីដែលជំរុញអារម្មណ៍បានច្រើនឡើង។

    លេងជាមួយកូនឱ្យបានច្រើន

    -មានការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ក្មេងដែលបានទទួលការបីពយ៉ាងស្រឡាញ់ថ្នាក់ថ្នម មានការជជែកនិយាយជាមួយ ញញឹមញញែមដាក់ កូនតូចនឹងមានការសម្លឹងមើលបបូរមាត់អ្នកនិយាយដាក់ ដើម្បីអភិវឌ្ឍជំនាញការស្ដាប់។ បើមានវត្ថុដែលមានចលនាជាច្រើនដែលកូនតូចមើលឃើញផងនោះ កូនតូចនឹងមានការអភិវឌ្ឍខាងផ្នែកការរៀនយល់ដឹង ព្រមទាំងកើតមានវិវឌ្ឍនាការខាងការធ្វើចលនាបានកាន់តែល្អប្រសើរឡើង ហើយវត្ថុដែលមានឥទ្ធិពលដល់ការរៀនយល់ដឹងរបស់កូនតូចខ្លាំងបំផុតនោះ គឺ “ខ្លួនអ្នកម្តាយ” ហ្នឹងឯង។

    -វ័យនេះមិនចាំបាច់ត្រូវបីពជាប់រហូតនោះទេ តែឪពុកម្តាយគួរជួយឱ្យកូនបានរៀនយល់ដឹងក្នុងរឿងជាច្រើន ដូចជា លេងរបស់លេងជាមួយកូន ឱ្យកូនបានមើលរូបភាព ឬវត្ថុរបស់របរច្រើនយ៉ាង ច្រៀងឱ្យកូនស្តាប់ ព្រមទាំងបញ្ចេញកាយវិការរួមផ្សំបែបងាយយៗផង។

    -ការពកូនចេញទៅដើរនៅខាងក្រៅផ្ទះ ក្នុងកន្លែងដែលមានខ្យល់អាកាសល្អៗនឹងជួយឱ្យបំពង់ខ្យល់របស់ទារករឹងមាំឡើង និងប្រៀបដូចជាកូនតូចបានហាត់ប្រាណអ៊ីចឹងដែរ ជួយឱ្យគេងលក់បានល្អក្នុងពេលយប់៕