Author: ធឿន មករា

  • ធនាគារជាតិនៃកម្ពុជា បង្កើតវគ្កសិក្សា Online ដើម្បីអភិវឌ្ឍសមត្ថភាពធនធានមនុស្សផ្នែកធនាគារ

    ធនាគារជាតិនៃកម្ពុជា បង្កើតវគ្កសិក្សា Online ដើម្បីអភិវឌ្ឍសមត្ថភាពធនធានមនុស្សផ្នែកធនាគារ

    វិស័យ​ធនាគារ​ជា​ផ្នែក​យ៉ាងសំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដោយ​ជា​រៀងរាល់ឆ្នាំ​បាន​បង្កើត​ផលចំណេញ​ជា​វិជ្ជមាន​ជាច្រើន​សម្រាប់​សេដ្ឋកិច្ចកម្ពុជា។ ហេតុនេះហើយ​ទើប​ធនធានមនុស្ស​នៅក្នុង​វិស័យ​ដ៏​សំខាន់​មួយ​នេះ​កំពុង​ក្លាយជា​ផ្នែក​ដែល​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ដើម្បី​អភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរឡើង។

    ថ្មីៗនេះ ដើម្បី​ជំរុញឱ្យមាន​ការអភិវឌ្ឍ​ធនធានមនុស្ស​កាន់តែខ្លាំង ធនាគារជាតិ​នៃ​គ​ម្ពុ​ជា បាន​បង្កើត​វគ្គ​សិក្សា​តាមរយៈ Online ដោយ​វគ្គ​សិក្សា​នេះ​មាន​ឈ្មោះថា NBC-FSI Connect។ វគ្គ​សិក្សា NBC-FSI Connect ជា​វគ្គ​សិក្សា​ដែល​តម្រូវឱ្យ​សិក្ខាកាម​ទាំងអស់​រៀន​ពី​ចម្ងាយ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ក្នុង​គោលបំណង​ធ្វើ​ឯកទេសកម្ម​ផ្នែក​ត្រួតពិនិត្យ​ធនាគារ ដើម្បី​ឆ្លើយតប​ទៅតាម​ការប្រែប្រួល​នៃ​និម្មាបនកម្ម​ហិរញ្ញវត្ថុ​និង​និយាម​អន្តរជាតិ និង​សម័យកាល​រីក​ច​ម្រើ​នៃ​ប្រព័ន្ធ​ធនាគារ​នាពេល​បច្ចុប្បន្ន។

    វគ្គ​សិក្សា​ដ៏​មាន​សារៈសំខាន់​នេះ​ត្រូវបាន​បែងចែក​ជា 3កម្រិត គឺ​កម្រិត​បឋម កម្រិត​មធ្យម និង​កម្រិត​ខ្ពស់ ដែលមាន​រយៈពេល​សិក្សា​ជាង3ឆ្នាំ។ បើតាម​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់ថា នៅ​ឆ្នាំ2020 នេះ​ធន​គារ​ជាតិ​នៃ​កម្ពុជា បាន​ទិញ​សិទ្ធ​សិក្សា​វគ្គ​នេះ​សម្រាប់​បណ្តុះបណ្តាល​បុគ្គលិក​ប្រមាណ​ជាង 300នាក់ ដែល​នឹង​ដាក់ឱ្យ​ប្រឡង​តាម​អន​ឡាញ​ជា​បន្តបន្ទាប់៕

  • គន្លឺះ 6 យ៉ាងងាយៗធ្វើឱ្យផ្ទះភ្លឺស្រឡះគួរឱ្យចង់រស់នៅ

    គន្លឺះ 6 យ៉ាងងាយៗធ្វើឱ្យផ្ទះភ្លឺស្រឡះគួរឱ្យចង់រស់នៅ

    បន្ទប់ដែលភ្លឺស្រឡះជួយឱ្យមានអារម្មណ៍ធូរស្រាលស្រឡះ មានជិវិតរស់រវើក និងត្រៀមជាស្រេចក្នុងការធ្វើតែរឿងល្អៗសម្រាប់ជីវិត។ សម្រាប់មិត្តអ្នកអានជាច្រើនដែលកំពុងគិតមិនចេញ ចង់រកវិធីគេចចេញពីបន្ទប់ដែលនៅក្នុងទីតាំងអាប់ពន្លឺ មិនភ្លឺស្វាងនោះ ថ្ងៃនេះឡារ៉ែនមានអៃឌៀ 6 វិធីដែលនឹងជួយផ្លាស់ប្ដូរបន្ទប់ដែលងងឹតអាប់ឱ្យប្រែកាយជាបន្ទប់ថ្មីឆើតឆាយជាមុនបាន។ តើមានវិធីអ្វីខ្លះទៅ សូមតាមដានជាបន្ត…។

    1 . ប្រើវាំងននថ្លាចាំងពន្លឺ

    វាំងនន និងមាត់បង្អួចមានផលយ៉ាងខ្លាំងក្នុងការជួយនាំពន្លឺឱ្យចូលមកក្នុងបន្ទប់ ការជ្រើសរើសប្រើវាំងននដែលស័ក្តិសម អាចបង្កើនពន្លឺដល់បន្ទប់បាន។ បើត្រូវការសន្សំសំចៃការចំណាយ ក៏គ្រាន់តែរកផ្ទាំងក្រណាត់ដែលថ្លាៗទំហំប៉ុនផ្ទាំងវាំងនននៅផ្ទះ មកបិទជាប់ជាមួយក្រណាត់វាំងននចាស់នោះ ហើយរូតបើកវាំងននក្រណាត់ តែទុកផ្ទាំងក្រណាត់ថ្លានោះនៅបាំងមាត់បង្អួច តែប៉ុណ្ណឹងក៏អាចធ្វើឱ្យបន្ទប់មានពន្លឺចាំងចូលមកគ្រប់គ្រាន់ទៅហើយ។

    2 . ភ្លើងចង្កៀងគោមលើតុបែបភ្លឺច្បាស់

    ភ្លើងចង្កៀងគោមក៏ជាបច្ច័យមួយទៀតក្នុងការជួយកំណត់ពន្លឺដែលនឹងចេញមកយ៉ាងណាបានដែរ។ បើត្រូវការឱ្យបន្ទប់ភ្លឺខ្លាំងឡើង គួរជ្រើសរើសប្រើចង្កៀងគោមដែលជាក្រណាត់ពណ៌សស្តើង ព្រោះវាអាចជួយជះពន្លឺបានល្អ និងធ្វើឱ្យមានពន្លឺច្រើនឡើង។

    3 . ប្រើគ្រឿងសង្ហារិមដែលជាកញ្ចក់

    សម្រាប់បន្ទប់ដែលល្មមអាចមានពន្លឺពីធម្មជាតិចាំងចូលមកដល់ខ្លះដែរនោះ ការជ្រើសរើសប្រើគ្រឿងសង្ហារិមដែលជាកញ្ចក់អាចលើកកម្រិតភាពភ្លឺស្រឡះរបស់ពន្លឺខ្លាំងឡើងបាន ជាពិសេសបើយកទៅដាក់នៅជិតចំណុចទទួលពន្លឺ ដូចជា ជិតមាត់បង្អួច ឬផ្លូវដើរ ជាដើម វានឹងជួយបង្កើនមន្តស្នេហ៍​ដល់ពន្លឺដែលចាំងចូលមកប៉ះនឹងកញ្ចក់នៅក្នុងបន្ទប់បាន។

    4 . ជ្រើសរើសប្រើទ្វារកញ្ចក់

    ជាវិធីដ៏ឆ្លាតវៃមួយ គ្រាន់តែប្ដូរផ្ទាំងទ្វារនៅក្នុងផ្ទះពីទ្វារបែបបាំងជិតមើលមិនឃើញមកជាទ្វារផ្ទាំងកញ្ចក់វិញក៏អាចបញ្ជូនពន្លឺពីធម្មជាតិពីបន្ទប់មួយទៅបន្ទប់មួយបានយ៉ាងល្អ និងជួយឱ្យខាងក្នុងផ្ទះភ្លឺ និងមានអារម្មណ៍ថាស្រឡះឡើងទៀតផង។

    5 . ប្ដូរអំពូលភ្លើងថ្មី

    មិត្តអ្នកអានមួយចំនួនអាចនឹងធ្លាប់កើតមានអាការងឿងឆ្ងល់ថា ហេតុអីបានជាចង្កៀងគោមដដែលរបស់យើងដែលធ្លាប់ប្រើពីមុនមក មកដល់ថ្ងៃនេះបែរជាមិនផ្ដល់ពន្លឺគ្រប់គ្រាន់ដូចពេលកន្លងមកអ៊ីចឹង? ដល់ពេលត្រូវប្ដូរអំពូលថ្មីហើយចា៎ស…គឺជាវិធីងាយៗបំផុត ដែលនឹងធ្វើឱ្យចង្កៀងគោមរបស់យើងត្រឡប់មកភ្លឺស្វាងល្អដូចមុនវិញ។

    6 . បំពាក់ប្រព័ន្ធដំឡើង និងបន្ថយពន្លឺភ្លើង

    គឺជាវិធីមួយទៀតដែលអ្នកច្នៃម៉ូដខាងក្នុងផ្ទះភាគច្រើននិយមប្រើ និងបានច្នៃម៉ូដទុកជាស្រេចដើម្បីបំពាក់នៅក្នុងផ្ទះសម័យថ្មី នេះ ព្រោះវាជួយឱ្យអាចសម្រួលកម្រិតពន្លឺដែលស័ក្តិសមដល់បន្ទប់នីមួយៗបានក្នុងពេលវេលាដែលខុសប្លែកពីគ្នានៅអំឡុងពេលថ្ងៃបាន។

    បានដឹងពីគន្លឹះងាយៗក្នុងការជួយបង្កើនពន្លឺនៅក្នុងផ្ទះរួចហើយ បន្ទាប់ពីនេះទៅ ចូរសាកល្បងសង្កេតមើលថា តើនៅខាងក្នុងផ្ទះរបស់យើងមានបន្ទប់ណា ឬជ្រុងណាមួយនៅអាប់ពន្លឺដែរឬទេ? រួចហើយសាកល្បងនាំយកវិធីងាយៗនៅក្នុងអត្ថបទនេះទៅកែសម្រួលប្រើ បន្ទប់ដែលធ្លាប់តែធុញថប់ បរិយាកាសដែលធ្លាប់តែងងឹតស្រទំ នឹងប្លែកខុសពីមុនមិនខាន៕

  • ហាងអណ្ដែតទឹក Apple Store ដំបូងគេបំផុត សង់នៅសិង្ហបុរី

    ហាងអណ្ដែតទឹក Apple Store ដំបូងគេបំផុត សង់នៅសិង្ហបុរី

    ថ្មីៗនេះ មាន​រូបភាព និង​វីដេអូ​ប៉ុន្មាន​សន្លឹក ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​រូបរាង​របស់ Apple Store ដែល​ស្ថិតនៅ​លើទឹក​ដំបូង​គេ​បំផុត​នៅ​ប្រទេស​សិង្ហ​បុរី និង​ជា​លើកដំបូង​គេ​នៅលើ​ពិភពលោក​ផងដែរ។

    ហាង អណ្ដែត​ទឹក Apple Store មួយ​នេះ គ្រោង​នឹង​សម្ពោធ​បើក​ដំណើការ​នាពេលឆាប់ៗខាងមុខនេះ។ វា​ស្ថិតនៅ​ទល់នឹង​មុខ Marina Bay Sands ដែលជា​សណ្ឋាគារ​ដ៏​ល្បី​បំផុត​ប្រចាំ​ប្រទេសមួយ​នេះ។ រយៈពេល​នៃ​ការសាងសង់ បាន​ដំណើរ​ការប្រមាណ​ជា 2ឆ្នាំ​មកហើយ។

    ជម្រាបជូន​ដែរ​ថា Apple Store បើក​ដំបូង​នៅ​សិង្ហ​បុរី ក្នុង​ឆ្នាំ2017 នៅលើ​វិថី Orchard Road និង​កំពុង​ដំណើការ​រហូតមកដល់​បច្ចុប្បន្ន៕

    សូម​ទស្សនា​រូបភាព និង​វីដេអូ

  • វេស​ឡាញ​នឹង​បើកទ្វារ​ទទួល​សិស្ស​ចូល​វិញ​នៅ​ដើមខែ​កញ្ញា

    វេស​ឡាញ​នឹង​បើកទ្វារ​ទទួល​សិស្ស​ចូល​វិញ​នៅ​ដើមខែ​កញ្ញា

    បណ្តាញ​គ្រឹះស្ថាន​អប់រំ​វេស​ឡាញ​នឹង​បើកទ្វារ​ទទួល​សិស្ស​ចូលរៀន​ឡើងវិញ​នៅ​ដើមខែ​កញ្ញា​ខាងមុខនេះ ដោយ អនុវត្តតាម​គោលការណ៍​ប្រតិបត្តិ​ស្តងដារ​សុវត្ថិភាព​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បន្ទាប់ពី​ការដាក់ អនុវត្ត​វិ​ស្សកាល​តូច​មុន​កាលកំណត់ និង​ដាក់ឱ្យ​បន្ត​វិ​ស្សកាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​Covid-19 ចាប់តាំងពី​ពាក់កណ្តាល​ខែមីនា។ នេះ​ជាការ​លើកឡើង​របស់​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ក្នុង​ពិធី​ណែនាំ​ពី​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​ចំការ​សំរោង ខេត្តបាត់ដំបង។

    ឧកញ៉ា ប៉ិច បូ​ឡែ​ន បាន​មានប្រសាសន៍ថា បណ្តាញ​គ្រឹះស្ថាន​អប់រំ​របស់​វេស​ឡាញ​បាន​ត្រៀមលក្ខណៈ​រួច​ជា ស្រេច ដើម្បី​បើក​ដំណើរ​សាលារៀន​ឡើងវិញ​ដោយ​អនុវត្តតាម​គោលការណ៍ និង​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ជាពិសេស​វិធាន​ការបង្ការ​ទប់ស្កាត់​ជំងឺ​Covid-19 របស់​ក្រសួងសុខាភិបាល។ ឧកញ៉ា​មាន ប្រសាសន៍​បន្ថែមទៀតថា សិស្ស​កម្មវិធី​ម​ត្តេ​យ្យ ចំណេះ​ទូទៅ​ខ្មែរ​ថ្នាក់​ទី1 ដល់ទី12 និង​កម្មវិធី​ភាសា​អង់គ្លេស នឹង​ចូលរៀន​ដើមខែ​កញ្ញា ដោយ​រក្សា​គម្លាត​សុវត្ថិភាព និង​ចំនួន​សិស្ស​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ ដោយ​សិស្ស ត្រូវ​ពាក់​ម៉ាស់ ឬ​របាំងមុខ​រួមទាំង​មាន​វិធាន​ការពារ​ជាច្រើន​ផ្សេងទៀត។ សិស្ស​ត្រូវ​សិក្សា​នៅ​ថ្នាក់រៀន2 ឬ3ថ្ងៃ តាម​កម្រិត ហើយ​សិស្ស​ក៏ត្រូវ​សិក្សា​តាម ប្រព័ន្ធ​អន​ឡាញ និង​ពី​ចម្ងាយ ក្រោម​ការជួយ​គាំទ្រ​របស់​អ្នកអាណាព្យាបាល និង គ្រូបង្រៀន​ផងដែរ។

    បណ្តាញ​គ្រឹះស្ថាន​អប់រំ​វេស​ឡាញ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ2008 រួមមាន សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ 9សាខា សាលារៀន​ណ​ត្ស​ឡា​ញន៍1សាខា សាលា​អន្តរជាតិ អេប​ផល​ទ្រី 1សាខា សាលា​អន្តរជាតិ ហ្វ​រ៉េ​ស​ហ៊ា​ល 1សាខា សាលា​ភាសា​អង់គ្លេស លី​ឌឺ​លែ​ន 1សាខា និង​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ 1សាខា។ នៅ​ខែកញ្ញា ឆ្នាំ2020 ខាងមុខនេះ សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​ទី11 ខេត្តបាត់ដំបង​នឹង​ចាប់ផ្តើម​ដំណើរការ។ រហូតមក ដល់ពេល​បច្ចុប្បន្ននេះ ក្រុមហ៊ុន​មាន​សិស្ស សរុប​ជាង13,000នាក់ និង​បុគ្គលិក​មាន​ជាង1,300នាក់។

    ម្ចាស់​គ្រឹះស្ថាន​អប់រំ​ខាងលើ​បាន​បន្ថែមទៀតថា ក្នុងអំឡុងពេល​ទប់ស្កាត់​ជំងឺ​Covid-19 សិស្ស​គ្រប់​កម្មវិធី​បាន សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ និង​ពី​ចម្ងាយ ហើយ​សាលារៀន​បាន​ផលិត​វីដេអូ​មេរៀន​ដាក់បញ្ចូល​កម្មវិធី​ទូរទស្សន៍ អប់រំ​អន​ឡាញ (WEG Education TV) និង​កម្មវិធី​យូ​ធូប (WEG Education Youtube Channel) ព្រមទាំង​បាន សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អប់រំ ដើម្បី​បង្កើត​វេទិកា​អប់រំ (App) ផ្សេងៗ សម្រាប់​ជំនួយ​ដល់​ការសិក្សា របស់​សិស្ស ប្រព័ន្ធ​ទំនាក់ទំនង​ជាមួយ​អ្នកអាណាព្យាបាល ប្រព័ន្ធគ្រប់គ្រង​សាលារៀន ប្រព័ន្ធ​បង់ប្រាក់(App) តាម​ធានា​គារ​ដៃគូ ដើម្បី​កាត់បន្ថយ​ពេលវេលា​រងចាំ​របស់​អ្នកអាណាព្យាបាល នៅពេល​ខាងមុខ។

    សម្រាប់​ប​វេន​សកាល​ឆ្នាំ​សិក្សា​ខាងមុខនេះ សាលារៀន​នឹង​ផ្តល់ជូន​អាហារូបករណ៍​រហូតដល់40% និង​ធានារ៉ាប់រង​គ្រោះថ្នាក់ ព្រមទាំង​ការពារ​ការសិក្សា​របស់​សិស្សានុសិស្ស​រហូតដល់5ឆ្នាំ៕

  • វិវឌ្ឍនាការរបស់កូនតូច

    វិវឌ្ឍនាការរបស់កូនតូច

    -រាងកាយ

    • សាច់ដុំករឹងប៉ឹងខ្លាំងឡើងជាបណ្តើរៗ អាចងើបក្បាលត្រង់ និងងាកទៅមកបាន អ្នកម្ដាយពកូនតូចបានកាន់តែងាយស្រួលឡើង។
    • នៅពេលចាប់ដាក់ឱ្យគេងផ្កាប់ អាចងើបក្បាលឡើងបានស្ទើរតែត្រង់ហើយ និងថែមទាំងអាចលើកដៃ លើកជើងបានទៀតផង។
    • បើដាក់ឱ្យគេងផ្ងារវិញ នឹងយកដៃចាប់ជើងខ្លួនឯងបាន។
    • ចេះក្រឡាប់ខ្លួនបាន ដំបូងៗនឹងក្រឡាប់ពីផ្កាប់ទៅផ្ងារបានតែម្ខាងៗជាមុនសិន លុះមួយរយៈក្រោយមកពេលកូនចេះក្រឡាប់ពូកែហើយ មិនថាផ្កាប់ ឬផ្ងារនោះទេ អាចក្រឡាប់បានទាំងអស់។
    • ចេះប្រើដៃក្នុងការចាប់របស់របរបានកាន់តែច្រើនឡើង តែមិនសូវជាចំណានប៉ុន្មានទេ។ ចាប់ផ្ដើមចេះប្រើម្រាមមេដៃ និងម្រាមចង្អុលដៃ ចូលចិត្តចាប់វត្ថុផ្សេងៗដាក់ចូលមាត់។

    – ចូលចិត្តលេងទឹកមាត់ បញ្ចេញសំឡេង អ អេ ចង់និយាយ ចង់ឆ្លើយឆ្លងជាមួយគេឯង។

    សង្គមជុំវិញខ្លួន

    – ចេះចំណាំមុខមនុស្សដែលនៅជាមួយបានច្រើនហើយ។

    – ចេះចង់លេងរបស់លេងណាមួយជាពិសេសហើយ តែក្មេងខ្លះអាចមិនបង្ហាញអាការនេះក៏មានដែរ។

    – បញ្ចេញសំឡេងសម្ដែងពីអារម្មណ៍របស់ខ្លួនបានច្បាស់លាស់ច្រើនឡើង ដូចជា អារម្មណ៍ពេញចិត្ត សប្បាយនឹងសើចសប្បាយឡើង។

    – ចាប់ផ្ដើមសម្លឹងមើល និងញញឹមដាក់ខ្លួនឯងនៅក្នុងកញ្ចក់។

    – ចេះលេងជាមួយមនុស្សជុំវិញខ្លួន។

    លេងជាមួយកូនញឹកញាប់

    – ពេលលេងជាមួយកូន ចូរអ្នកម្ដាយបញ្ចេញកាយវិការ និងទឹកមុខលើសពីការពិតបន្តិច ព្រោះជាការតបស្នងចំណាប់អារម្មណ៍របស់កូនតូចបានល្អ។ ក្មេងតូចក្នុងវ័យនេះថែមទាំងចូលចិត្តសំឡេងច្រៀងបំពេររបស់អ្នកម្ដាយជាប់ជានិច្ចទៀតផង។

    – រករបស់លេងឱ្យបានច្រើនប្រភេទ តែសង្កត់ធ្ងន់លើសុវត្ថិភាពឱ្យកូនបានរៀនយល់ដឹងពីសំឡេង ការប៉ះពាល់តាមរយៈរបស់លេង និងការលេងជាមួយម្ដាយ៕

  • Chocolate Hills បណ្ដុំកូនភ្នំចម្លែកនៃកោះ បូហល ហ្វ៊ីលីពីន

    Chocolate Hills បណ្ដុំកូនភ្នំចម្លែកនៃកោះ បូហល ហ្វ៊ីលីពីន

    ហ្វ៊ីលីពីន ប្រទេសជិតខាងក្នុងតំបន់អាស៊ានរបស់យើងមួយទៀតដែលមានតំបន់ស្អាតៗ គួរឱ្យចង់ទៅកម្សាន្តជាច្រើនកន្លែង មិនថាតែ ឆ្នេរ បូរ៉ាហ្គាយ ដ៏ស្រស់ស្អាត និងល្បីល្បាញ ជាដើម តែក៏នៅមានទីកន្លែងដែលចម្លែកភ្នែកមួយទៀតដែលកើតឡើងពីការបង្កើតរបស់ធម្មជាតិ ថែមទាំងមានឈ្មោះដូចគ្នានឹងស្ករគ្រាប់ទៀតផង គឺ សូកូឡា ហៀល។ តើទីនោះមានអ្វីខ្លះទៅ ទំព័រទេសចរណ៍ឡារ៉ែននឹងនាំមិត្តអ្នកអានទៅទស្សនាទាំងអស់គ្នា…។

    សូកូឡា ហៀល (Chocolate Hills) ស្ថិតនៅលើកោះ បូហល ប៉ែកខាងកើតទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន។ កោះនេះមានឈ្មោះថាជាកោះដែលធំជាងគេបំផុតរបស់ហ្វ៊ីលីពីន មានភាពស្រស់ស្អាតតាមធម្មជាតិដែលល្អឥតខ្ចោះ។ ឆ្នេរសមុទ្រត្រូវបានក្រាលដោយខ្សាច់ពណ៌សក្បុស មានសម្បត្តីធម្មជាតិក្រោមសមុទ្រដ៏សែនស្រស់ស្អាតដែលអ្នកមុជទឹកទាំងឡាយតែងនឹកស្រមៃចង់ទស្សនា តែទីកន្លែងដែលធ្វើឱ្យបូហលមានលក្ខណៈឯក លេចធ្លោខុសពីទីកន្លែងផ្សេងទៀតនោះគឺ ដែនដីមួយនេះឯង។

    ទ្រង់ទ្រាយរបស់ សូកូឡា ហៀល គឺជាកូនភ្នំតូចៗ ជារាងសាជីផ្កាប់ ដែលមានលក្ខណៈហាក់ដូចជាប៉ុនៗគ្នា រៀងគ្នាជាជួរក្នុងបរិវេណដ៏ធំទុូលាយ គ្របដណ្ដប់លើផ្ទៃដីជាង 50 គីឡូម៉ែត្រការ៉េ ដែលគេប៉ាន់ស្មានថា មានចំនួនប្រមាណជា 1,260 ទៅ 1,776 កូនភ្នំ។ កម្ពស់ជាមធ្យមគឺប្រមាណ 30 – 50 ម៉ែត្រ ចំណែកកូនភ្នំដែលធំជាងគេបំផុតមានកម្ពស់ 120 ម៉ែត្រ។ គ្រោងសាងកូនភ្នំទាំងនេះគឺជាថ្មកំបោរ ដែលគ្របដណ្ដប់ដោយដើមស្មៅ ដោយកូនភ្នំទាំងនេះកើតពីស្នាដៃរបស់ធម្មជាតិដ៏គួរឱ្យអស្ចារ្យពន់ពេក។ ចំណែកប្រភពនៃឈ្មោះដែលហៅថា ភ្នំ ស្ករសូកូឡានេះ គឺមកពីវាមានរូបរាងលក្ខណៈស្រដៀងនឹងគ្រាប់ស្ករសូកូឡាមូលៗតូចៗជាច្រើនដុំដែលមករួមគ្នានៅក្នុងកន្លែងតែមួយហ្នឹងឯង។

    ចំណែកប្រវត្តិដែលធ្វើឱ្យកើតជាកូនភ្នំតូចធំឡើងចំនួនច្រើនបែបនេះ គេនាំគ្នានិយាយថា កាលពីអតីតជាតិ ច្រើនលានឆ្នាំមុននៅបរិវេណនោះគឺជាផ្ទៃមហាសមុទ្រ ហើយនេះគឺជួរផ្កាថ្មដ៏សែនសម្បូរបែប ក្រោយមកទឹកសមុទ្របានកើតការរីងស្ងួតហួតហែងអស់បន្ទាប់ពីនោះមកក៏កើតមានការកកើតការពូនគររបស់ថ្មកំបោរឡើងរហូតក្លាយជាកូនភ្នំទាំងនោះ។

    តែបើតាមរឿងរ៉ាវនិទានរបស់អ្នកស្រុកភូមិក្បែរៗនោះវិញ គេនាំគ្នាតំណាលថា កាលពីច្រើនលានឆ្នាំមុន មានយក្ស 2 ក្បាលតែងតែឈ្លោះគ្នាជាប្រចាំ ពេលខឹងសម្បា ក្រេវក្រោធម្ដងៗ តែងតែលើកដុំថ្មធំៗគប់ដាក់គ្នា។ ឈ្លោះគ្នាគ្មានលស់ថ្ងៃរហូតដល់ធុញទ្រាន់ ក៏បែរមកចរចាត្រូវរ៉ូវគ្នា និងបានក្លាយមិត្តសម្លាញ់នឹងគ្នាវិញនៅទីបំផុត។ បន្ទាប់ពីនោះមកមហាយក្សទាំង 2 មិនព្រមបោសសម្អាតទីកន្លែងដែលខ្លួនធ្លាប់លើកដុំថ្មគប់ដាក់គ្នានោះឡើយ ទើបវាក្លាយជាគំនរថ្ម និងដីដែលមានចំនួនដ៏ច្រើនមហាសាលឱ្យយើងបានទស្សនានៅថ្ងៃនេះហ្នឹងឯង៕

    ឯរឿងមួយទៀតបានតំណាលថា គឺជាសោកនាដកម្មរ៉ូមែនស៍ ដែលបង្កឡើងដោយមហាយក្សមួយក្បាលដែលលង់ស្នេហ៍នារីម្នាក់ តែក្រោយមកនារីម្នាក់នោះបានស្លាប់ចោល ធ្វើឱ្យមហាយក្សខូចចិត្តសោកស្ដាយ ក៏ស្រែកទួញសោកទ្រហោយំ រហូតទឹកភ្នែកក្លាយជាកូនភ្នំទាំងនោះរហូតមកដល់សព្វថ្ងៃ។

    ទោះជាមានរឿងតំណាលពីប្រវត្តិដែលពាក់ព័ន្ធនឹងបណ្ដុំភ្នំ សូកូឡា ហៀល នេះជាច្រើនរឿងក៏ដោយ តែទីបំផុតទៅ ទ្រឹស្ដីខាងធរណីវិទ្យា មើលទៅហាក់ដូចជាមានភាពពិតត្រឹមត្រូវជាមួយនឹងចម្លើយខ្លាំងបំផុត តែក៏នៅតែមានចំណុចសង្ស័យដដែលថា តើវាគរពីលើគ្នាយ៉ាងណា បានក្លាយជារូបសាជីផ្កាប់ដែលមានទំហំសឹងតែប៉ុនៗគ្នាដល់ថ្នាក់នេះ? ដែលសូម្បីតែអ្នកជំនាញការក៏មិនទាន់រកចម្លើយច្បាស់លាស់ឃើញនៅឡើយដែរ…៕

  • ចំណុចល្អ និងចំណុចមិនល្អរបស់ការមានកូនពេលអាយុច្រើន

    ចំណុចល្អ និងចំណុចមិនល្អរបស់ការមានកូនពេលអាយុច្រើន

    ក្នុងពេលបច្ចុប្បន្ននេះមានស្រ្តីចំនួន 1 ភាគ 5 ដែលពន្យារការមានគភ៌ទៅដល់អាយុ 35 ឆ្នាំឡើង និងចំនួនស្រ្តីដែលមានកូនក្នុងវ័យ 40 បានកើនឡើងទ្វេដងខុសកាលពី 20 មុន។ ការកើនឡើងនៃចំនួនស្រ្តីដែលក្រយកកូនបែបនេះ ធ្វើឱ្យកើតមានជាសំណួរមួយឡើងថា តើអាយុប៉ុន្មានទើបហៅថា ចាស់ហួសនឹងមានកូន? និងតើការមានកូននៅពេលអាយុច្រើន មានចំណុចល្អ និងមិនល្អយ៉ាងណាខ្លះ? ឡារ៉ែនមានចម្លើយសម្រាប់សំណួរនេះមកជូនមិត្តអ្នកអាននៅពេលនេះ…។

    ចំណុចល្អនៃការមានកូននៅពេលអាយុច្រើន

    – មានប្រាក់ចំណូលច្រើនឡើង និងស្ថិតស្ថេរហើយ។

    – យល់ដឹងពីការមើលថែទាំសុខភាពច្រើនឡើងហើយ។

    – អាយុច្រើន ចេះគិតគូរបានច្រើនឡើងហើយ។

    – ចេះដំណើរការជីវិតយ៉ាងប្រយ័ត្នប្រយែងខ្លាំងឡើងហើយ។

    – មានអារម្មណ៍ថា ត្រៀមខ្លួនជាស្រេចក្នុងធ្វើជាម្ដាយគេរួចរាល់ហើយ។

    – មានការសោកស្ដាយតិចបំផុត នៅពេលដែលបាត់បង់សេរីភាព ឬការស្វែងរកភាពកម្សាន្តសប្បាយ(មិនអាចដើរលេងបានតាមចិត្ត ព្រោះមានកូនត្រូវមើលថែ)។

    – មានភាពរឹងមាំឡើង និងដឹងពីតួនាទីនៃភាពជាម្ដាយ។

    – ចិត្តធ្ងន់ និងអាចចាត់ការភាពរញ៉េរញ៉ៃ វីវក់បានយ៉ាងមានស្មារតីនឹងនរ។

    ចំណុចមិនល្អនៃការមានកូននៅពេលអាយុច្រើន

    – មិនសូវមានកម្លាំងលេងជាមួយកូន ឬដេញតាមចាប់កូន។

    – គ្មានឱកាសបានឃើញដំណើរជីវិតរបស់កូននៅវ័យកណ្ដាលមនុស្ស។

    – គ្មានឱកាសបានជួយមើលថែចៅ។

    – ក្មេងខ្លះខ្មាសមិត្តភ័ក្តិដែលខ្លួនមានឪពុកម្ដាយជាមនុស្សចាស់។

    – អាចនឹងពិបាកមានកូន ឬប្រើពេលវេលាយូរទម្រាំនឹងមានកូនតាមវិធីធម្មជាតិ ព្រោះឱកាសក្នុងការតាំងគភ៌ក្នុងវ័យ 30 ឆ្នាំឡើងគឺ ប្រមាណ 25 % ចំណែកក្នុងវ័យ 40 ឆ្នាំឡើង ឱកាសតាំងគភ៌ថយចុះមកនៅត្រឹមតែ 5 % ប៉ុណ្ណោះ។

    – អ្នកដទៃនឹងច្រឡំហៅអ្នកថាជា លោកយាយ ច្រើនជាងហៅថា ម្ដាយរបស់កូន៕

  • ហេតុអី កូនក្រមុំចាំបាច់បោះបាច់ផ្កាឱ្យគេក្នុងថ្ងៃរៀបការ?

    ហេតុអី កូនក្រមុំចាំបាច់បោះបាច់ផ្កាឱ្យគេក្នុងថ្ងៃរៀបការ?

    ក្នុងពិធីអាពាហ៍ពិពាហ៍ម្តងៗ មានរឿងមួយដែលយើងមើលឃើញជាប្រចាំរហូតក្លាយជាទម្លាប់ ឬប្រពៃណីទៅហើយនោះគឺ ការឱ្យកូនក្រមុំបោះបាច់ផ្កាក្នុងថ្ងៃរៀបការ។ ចា៎ស មនុស្សជាច្រើនប្រហែលជានឹកឆ្ងល់ហើយមែនទេថា ហេតុអីចាំបាច់ត្រូវតែបោះបាច់ផ្កានោះទៅឱ្យគេដណ្តើម? មិនបាច់បោះមិនបានទេឬ? និងហេតុអីពេលកូនក្រមុំបោះមក ស្រីក្រមុំៗទាំងឡាយត្រូវតែដណ្តើមយកមកធ្វើជារបស់ខ្លួនឱ្យបានធ្វើអី?។ ចម្លើយមានដូចខាងក្រោមនេះ។

    ការពិតទៅ ការបោះបាច់ផ្កាក្នុងថ្ងៃអាពាហ៍ពិពាហ៍នេះ គឺជាទំនៀមទម្លាប់ប្រពៃណីការរៀបការរបស់ជនជាតិលោកខាងលិចដែលមានមកតាំងពី 500 ឆ្នាំមកហើយ ដោយពីដំបូង កូនក្រមុំច្រើនតែគិតថា ខ្លួនប្រហែលជាលែងត្រូវការប្រើឈុតសម្លៀកបំពាក់កូនក្រមុំទៀតហើយ និងនាំគ្នាជឿថា ឈុតសម្លៀកបំពាក់កូនក្រមុំនេះគឺជាវត្ថុនាំជោគសំណាងសម្រាប់នារីដទៃ ដូច្នេះនូវពេលពិធីមង្គលការចប់សព្វគ្រប់ហើយនោះ កូនក្រមុំច្រើនតែប្រគល់ឈុតអាពាហ៍ពិពាហ៍នេះទៅឱ្យអ្នកដទៃ តែដោយសារមាននារីក្រមុំៗច្រើននាក់ និងឈុតមានតែមួយសម្រាប់ ទើបក្លាយជាការនាំគ្នាហែកឈុតកូនក្រមុំនោះម្នាក់មួយបន្ទះយកទៅទុកធ្វើជាវត្ថុនាំគូព្រេង ជោគសំណាង និងអនុស្សាវរីយ៍។

    លុះពេលវេលាកន្លងទៅ ឈុតអាពាហ៍ពិពាហ៍របស់កូនក្រមុំមានតម្លៃកាន់តែថ្លៃឡើង និងចាប់ផ្តើមមានប្រពៃណីក្នុងការថែរក្សាឈុតអាពាហ៍ពិពាហ៍ទុកផងនោះ ទើបមានការផ្លាស់ប្តូរមកជាការបោះបាច់ផ្កាជំនួសវិញម្តង ព្រោះថា ផ្កាគឺជានិមិត្តរូបនៃភាពរីកលូតលាស់ និងដោយសារផ្កាស្រស់នឹងត្រូវស្រពោនរុះរោយផងនោះ ទើបកូនក្រមុំមិននិយមរក្សាទុក (តែគូអាពាហ៍ពិពាហ៍ខ្លះមិននិយមបោះបាច់ផ្កាឱ្យគេដណ្តើមទេ តែនឹងដើរចែកផ្កាជូនស្រ្តីក្រមុំៗម្នាក់1ទងៗជំនួសវិញ)។

    សម្រាប់ចម្ងល់ដែលថា ហេតុអីពេលកូនក្រមុំប្រុងបោះបាច់ផ្កា ត្រូវតែមាននារីក្រមុំៗមករង់ចាំទទួលយកនោះ ក៏ព្រោះតែវាជាជំនឿដែលគេនាំគ្នាជឿថា បើស្រីក្រមុំណាម្នាក់ទទួលបានបាច់ផ្កាពីកូនក្រមុំ  ស្រីក្រមុំនោះនឹងបានរៀបការបន្ទាប់ពីនោះទៅ ហ្នឹងឯង!។

    សម្រាប់ផ្កាស្រស់កូនក្រមុំក្នុងថ្ងៃមង្គលការដែលគេនិយមប្រើគឺ ផ្កាកុលាបពណ៌ក្រហម តែក៏អាស្រ័យលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់កូនក្រមុំដែរ និងខាងក្រោមនេះគឺ អត្ថន័យរបស់ផ្កាដែលប្រើក្នុងថ្ងៃមង្គលការៈ

    – បាច់ផ្កាកុលាប មានន័យពី សេចក្តីស្នេហាដ៏រ៉ូមែនទិក ភាពស្រស់ស្អាត មន្តស្នេហ៍ដ៏ទាក់ទាញ និងស្នេហាស្មោះរវាងកូនកំលោះ និងកូនក្រមុំ។

    – បាច់ផ្កាលីលលី អហ្វ ឌឹ វ៉ាលលេយ៍ ( Lilly of the valley ) មានន័យពី ភាពទន់ភ្លន់ផ្អែមផ្ហែម សេចក្តីសុខរបស់កូនក្រមុំ និងដំណើរផ្លូវដែលនឹងនាំឆ្ពោះទៅជួបនឹងសេចក្តីសុខ ប្រៀបដូចនៅលើស្ថានសូគ៌។

    – បាច់ផ្កាខាលឡា លីលលី ( Kalla lilly ) មានន័យពីភាពមានមន្តស្នេហ៍ ភាពស្រស់ស្អាតសង្ហា ភាពទំនើបខ្ពង់ខ្ពស់របស់កូនក្រមុំ ដែលនឹងលេចធ្លោដិតជាប់នៅក្នុងដួងចិត្តរបស់កូនកំលោះរហូតទៅ។

    – បាច់ផ្កាធីវលីប ( Tulip ) មានន័យពី ភាពស្រស់ថ្លា សេចក្តីសុខ សេចក្តីសមបំណង ជាតំណាងរបស់សេចក្តីស្នេហាដែលពេញប្រៀបរវាងគូអាពាហ៍ពិពាហ៍ និងជំនួសឱ្យសេចក្តីសុខដែលស្រស់ថ្មីរបស់សេចក្តីស្នេហារហូតទៅ៕

  • នៅពេលកូនតូចឈានចូលខែទី 4

    នៅពេលកូនតូចឈានចូលខែទី 4

    ខែទី 4

    លក្ខណៈរបស់កូនតូច

    មកដល់ខែទី 4 នេះ កូនជិតនឹងឆ្លងផុតឈ្មោះថា ទារក មែនទែនហើយ ព្រោះកូនតូចចាប់ផ្តើមលែងនៅស្ងៀមដូចមុនទៀតហើយ កូនកំពុងសប្បាយជាមួយការក្រឡាប់ខ្លួនដែលជាការហ្វឹកហាត់សាច់ដុំខ្នងឱ្យរឹងប៉ឹង ត្រៀមជាស្រេចក្នុងការនឹងចេះអង្គុយនៅក្នុងខែបន្តទៀត។ តាមរយៈពីពេលមុនដែលដល់ពេលផ្ងូតទឹកឱ្យកូនពេលណា អ្នកម្តាយនឹងញាប់ដៃញាប់ជើងប្រញាប់ងូតទឹកឱ្យកូនឱ្យហើយព្រោះតែសំឡេងស្រែកយំរបស់កូន តែមកដល់ខែនេះ ដល់ពេលផ្ងូតទឹកម្តងៗ អ្នកម្តាយតែងតែបានឮសំឡេងសើចសប្បាយវិញម្ដង ព្រោះកូនតូចចូលចិត្តលេងទះទឹកយ៉ាងសប្បាយរីករាយ និងក្មេងខ្លះថែមទាំងស្រែកយំទៀតផងនៅពេលត្រូវម្តាយលើកពីទឹកឡើង។ អ្នកម្តាយនឹងសង្កេតឃើញថា នៅលើខ្នើយកើយរបស់កូននឹងមានសរសៃសក់តូចៗរបស់កូនដាច់ជ្រុះនៅលើនោះ(បើមិនបានកោរសក់កំណើតចេញ) ព្រោះក្នុងអំឡុងពេលនេះ ជាអំឡុងពេលដែលសក់ថ្មីត្រូវដុះឡើង ដែលទាំងពណ៌ និងលក្ខណៈរបស់សរសៃសក់ដែលដុះឡើងថ្មីនេះនឹងមានលក្ខណៈជាពិសេសដោយឡែករបស់ក្មេងតែម្តង។

    អាការដែលអាចកើតឡើង

    – ទម្ងន់ខ្លួនមិនកើនឡើង

    កាលពី 3 ខែកន្លងមក ពេលថ្លឹងទម្ងន់ខ្លួនកូនម្តងៗ អ្នកម្តាយតែងញញឹមពព្រាយគ្រប់ពេល ព្រោះទម្ងន់ខ្លួនកូនកើនឡើងល្អខ្លាំងណាស់ តែមកដល់ចុងខែទី 4 នេះ អ្នកម្តាយមួយចំនួនអាចកើតក្ដីវិតក្កកង្វល់ថា កូនមានកើតអីទេដឹង ហេតុអីបានជាទម្ងន់កើនឡើងតែបន្តិចដូច្នេះ?។ សម្រាប់បញ្ហានេះ អ្នកម្តាយត្រូវបែរទៅមើលថា កូនជាក្មេងពូកែបៅ ជាពិសេសក្មេងដែលបៅទឹកដោះម្ដាយ ចូរសង្កេតមើលថា បើកូននៅតែជុះ និងនោមធម្មតា លេងសប្បាយ និងគេងបានល្អជាងមុន ទោះជាទម្ងន់ខ្លួនកើនឡើងតែបន្តិចមែន តែកូននៅតែរឹងមាំនោះ អ្នកម្ដាយមិនបាច់បារម្ភ ឬភ័យព្រួយអ្វីឡើយ ព្រោះអ្នកម្ដាយអាចមើលនៅលើគំនូរក្រាហ្វិកបញ្ជាក់ពីទម្ងន់កូនថា តើស្ថិតក្នុងកម្រិតល្អដែរឬទេ? និងអ្នកម្តាយនៅមិនទាន់ចាំបាច់រកវីតាមីនមកញ៉ាំបំប៉នទេ។

    – ស្រែកយំឡើងភ្លាមៗ

    ការស្រែកយំចំពោះក្មេងតូចគឺជារឿងប្រក្រតី តែអាការស្រែកយំវ៉ាឡើងមួយចំនួនក៏អាចខុសប្រក្រតីបានដែរ ដូចជា ការស្រែកយំបែបខ្ទរខ្លាំងឡើងភ្លាមៗ និងរើបម្រះទៅមកយូរប្រហែលជា 5 នាទី រួចហើយក៏ស្ងាត់ទៅវិញពេលបានលេងរបស់លេង ឬក្រោយបៅទឹកដោះរួចប្រមាណជា 5 នាទីក៏ស្រែកយំឡើងទៀត ស្រែកយំបែបលើកជើងចំកោងឡើង ស្រែកយំបែបនេះ 2 – 3 ដងហើយក៏ក្អួតទឹកដោះចេញមក និងក្មេងខ្លះក្អួតទឹកដោះចេញមកហើយស្រែកយំទៀតនោះ អាការបែបនេះបញ្ជាក់ថា កូនអាចកើតអាការពោះវៀនព័ន្ធគ្នា ត្រូវប្រញាប់នាំទៅមន្ទីរពេទ្យជាបន្ទាន់ តែបើស្រែកយំ ក្អួត ហើយគេងលក់ មិនបានស្រែកយំជាដំណាក់ៗទេនោះ បញ្ជាក់ថា កូនមិនមានកើតជំងឺអ្វីប្លែកទេ។

  • សន្និសីទសារព័ត៌មាន ស្តីពីការបើកវគ្គបណ្តុះ​បណ្តាលលើកទី៣ ពីរបៀបធ្វើនំ របស់ក្រុមហ៊ុន ដាវ ដឹ ខេក និងការ​ចុះអនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន ដាវ ដឹ ខេក ជាមួយក្រុមហ៊ុន Bliss Weeding, Home Photography និងMetro Catering & Event

    សន្និសីទសារព័ត៌មាន ស្តីពីការបើកវគ្គបណ្តុះ​បណ្តាលលើកទី៣ ពីរបៀបធ្វើនំ របស់ក្រុមហ៊ុន ដាវ ដឹ ខេក និងការ​ចុះអនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន ដាវ ដឹ ខេក ជាមួយក្រុមហ៊ុន Bliss Weeding, Home Photography និងMetro Catering & Event

    ក្រុមហ៊ុន ដាវ ដឹ ខេក មាន​កិត្តិយសសូមជម្រាប​ជូន​សា​ធារ​ណជន ជា​ពិ​សេស​អ្នក​សារ​ព័ត៌​មានឱ្យបានជ្រាបថា ក្រុមហ៊ុន ដាវ ដឹ ខេក នឹង​រៀប​ចំ​សន្និសីទសារព័ត៌មានមួយស្តីពី «ការបើកវគ្គបណ្តុះបណ្តាលធ្វើនំលើកទី3 ដ៏ធំមួយ​​នៅកម្ពុជា របស់ក្រុមហ៊ុន ដាវ ដឹ ខេក និងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុន ដាវ ដឹ ខេក ជាមួយក្រុមហ៊ុន Bliss Weeding, Home Photography និង Metro Catering & Event » ដើម្បី​បណ្ដុះ​បណ្ដាល​​ជំនាញ​វិជ្ជា​ជីវៈ ដល់​សា​ធារ​ណជន ​ដែល​មាន​​ការ​គាំ​ទ្រ​ច្រើន​ពី​សំ​ណាក់​សា​ធារ​ណ​ជន ​ដែលធ្លាប់ទទួលបានជោគជ័យ 2លើករួចមកហើយ លើ​ការ​បណ្តុះ​បណ្តាលអំពីរ​បៀប​ធ្វើ​នំនាពេលកន្លងមក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង​ក្រសួង​ទេស​ចរណ៍ លើវិស័យចំណីអាហារ។

    សន្និ​សីទនេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី27 ខែសីហា ឆ្នាំ​2020 ចាប់ពីវេលាម៉ោង 1រសៀលតទៅ ​នៅ Factory Phnom Penh ។

    ចំពោះវគ្គបណ្ដុះបណ្តាលអំពីវិធីធ្វើនំ នឹង​រៀប​ចំឡើង ចាប់ពីថ្ងៃទី​4 ដល់ថ្ងៃទី8 ខែកញ្ញា ឆ្នាំ2020 ​ក្នុង​គោល​បំ​ណង​លើកកម្ពស់ វិស័យម្ហូបអាហានៅកម្ពុជា ​ព្រមទាំងផ្តល់ចំណេះដឹងដល់​សិក្ខាកាម ​ដែល​ចង់​សិក្សា​ជំនាញធ្វើនំច្រើន​ប្រភេទ ដែល​ជាជំនាញ​កំពុងពេញ​និយម នាពេល​បច្ចុប្បន្ន និងសម្រាប់អ្នកដែល​ចង់​បង្កើត​មុខ​របរ​ផ្ទាល់​ខ្លួន ដោយ​ស្រប​តាម​ការអំពាវនាវរបស់រាជរដ្ឋាភិបាល ​និងក្រសួងទេសចរណ៍ ជាមួយ​នឹង​តម្លៃ​សិក្សា​យ៉ាង​ពិ​សេស​ ព្រម​ទាំង​មាន​គ្រូ​បណ្តុះ​បណ្តាល​​ដែល​មាន​ជំ​នាញ​ច្បាស់​លាស់ទៀតផង។

    សូមបញ្ជាក់ថា ​ វគ្គបណ្តុះបណ្ដាលនេះ នឹងធ្វើតាមវិធានសុវត្តិភាព ក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺ​កូវីដ​-19 ក្នុងវិស័យទេសចរណ៍ ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍។

    យើង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ដែល​ខិតខំ​ទប់ស្កាត់ជំងឺកូវីដ-19 បាន​ជោគជ័យ ធ្វើ​ឱ្យ​កម្ម​វិធី​នេះ ​ដំណើរទៅការបាន និង​អរគុណដល់ដៃគូសហការនិង​ភ្ញៀវកិត្តិយស ជា​ពិ​សេស​អ្នក​សារព័ត៌មានទាំងអស់ ដែល​នឹង​អញ្ជើញ​​ចូល​រួមនៅក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​ស្តី​ពីការ​«ការបើកវគ្គបណ្តុះបណ្តាល​​​ធ្វើនំលើកទី3 របស់ ក្រុមហ៊ុន ដាវ ដឹ ខេក និងចុះអនុស្សរណៈយោគយល់ រវាងក្រុមហ៊ុន ដាវ ដឹ ខេក ជាមួយក្រុមហ៊ុនBliss Weeding, Home Photography និងMetro Catering & Event» និងទទួល​យក​នូវ​ព័ត៌​មាន ព្រម​ទាំង​​ចូល​រួម​ផ្សព្វ​ផ្សាយ​ឱ្យបាន​ទូលំទូលាយ ដើម្បី​ជា​ប្រ​យោជន៍ដល់​សាធារណជន។

    សម្រាប់ព័ត៌មាន​បន្ថែម សូម​ទាក់​ទងតាមទូរស័ព្ទលេខ៖ 012 535 686