Author: ធឿន មករា

  • ស្រ្តីមានគភ៌ដូចយើង…ធ្វើម៉េចដឹងថា កូនក្នុងគភ៌រឹងមាំ?

    ស្រ្តីមានគភ៌ដូចយើង…ធ្វើម៉េចដឹងថា កូនក្នុងគភ៌រឹងមាំ?

    ក្នុងអំឡុងពេលតាំងគភ៌ ក្ដីវិតក្កកង្វល់ ក្ដីតានតឹងក្នុងអារម្មណ៍តែងតែកើតឡើងចំពោះស្រ្តីមានគភ៌បានយ៉ាងងាយជាងប្រក្រតីជាកង្វល់ពាក់ព័ន្ធនឹងកូនថា តើកូននឹងយ៉ាងម៉េចដែរ? រឹងមាំឬទេ? មានអវយវៈគ្រប់ 32 ឬទេ? រាប់សិបរាប់រយកង្វល់ដែលស្រ្តីមានគភ៌នឹកបារម្ភ គឺដោយសារតែសេចក្ដីស្រឡាញ់ដែលមានចំពោះកូនតូចក្នុងផ្ទៃហ្នឹងឯង។ តើស្រ្តីមានគភ៌ទាំងអស់ចង់ដឹងទេថា តើយើងធ្វើម៉េចនឹងដឹងបានទៅថា កូនតូចក្នុងផ្ទៃរបស់យើងហ្នឹងរឹងមាំល្អដែរឬទេ? សូមតាមដានជាបន្ត…។

    ធ្វើម៉េចនឹងដឹងបានទៅថា កូននៅក្នុងផ្ទៃមានសុខភាពល្អ និងរឹងមាំ?

    ទារកតូចនៅក្នុងគភ៌នឹងរឹងប៉ឹងមាំមួនល្អឬទេនោះ មួយផ្នែកមកពីសុខភាពរបស់អ្នកម្ដាយ ដូច្នេះ ពេលទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាព មិនថាតែការពិនិត្យសម្ពាធឈាម ពិនិត្យទឹកមូត្រ ពិនិត្យឈាមមើលថា តើស្លេកស្លាំងឬទេ? ហើមឬទេ? ពិនិត្យមើលទម្ងន់ដែលកើនច្រើនឡើង រួមទាំងការសាកសួរពីអាការខុសប្រក្រតីផ្សេងៗនោះទេ អ្វីដែលសំខាន់លំដាប់ដំបូងៗមុនគេនោះគឺ ការពិនិត្យគភ៌ នៅពេលដែលដឹងថា ខ្លួនឯងច្បាស់ជាមានផ្ទៃពោះហើយ។ ការពិនិត្យគភ៌គឺជាជម្រើសមួយដែលគួរធ្វើខ្លាំងបំផុត បើសិនជាស្រ្តីមានគភ៌ទៅពិនិត្យគភ៌ និងទៅជួបគ្រូពេទ្យតាមការណាត់ជាប់លាប់ នៅពេលមានសញ្ញាដាស់តឿនដែលអាចកើតមានភាពខុសប្រក្រតីណាមួយដែលបង្ហាញថា ទារកអាចនឹងមានសុខភាពមិនរឹងមាំ ដូចជា ទម្ងន់ខ្លួនកើនឡើងតិចជាងប្រក្រតី ទំហំស្បូនរីកធំយឺត កូនលែងសូវរើ ស្រ្តីមានគភ៌ខ្លួនឯងមានអាការហើមខ្លួនខ្លាំង ឬមានសម្ពាធឈាមឡើងខ្ពស់ គ្រូពេទ្យនឹងបានជ្រើសរើសវិធីការត្រួតពិនិត្យព្យាបាលដែលត្រឹមត្រូវស័ក្តិសមនឹងសភាវខុសប្រក្រតីផ្សេងៗដែលកើតឡើងនោះ។

    ការពិនិត្យវិនិច្ឆ័យថា តើកូនក្នុងគភ៌រឹងមាំឬទេ?

    បច្ចុប្បន្ននេះ ឧបករណ៍ដែលប្រើប្រាស់ក្នុងការពិនិត្យមើលទារកក្នុងគភ៌មានភាពទាន់សម័យខ្លាំងណាស់ តាមរយៈការវិវឌ្ឍតិចណូឡូជីខាងផ្នែកវេជ្ជសាស្រ្ត ដូចជា ៈ

    ការពិនិត្យមើលអេកូដែលអាចសាងរូបភាព 4 D របស់ទារកបាន មើលធ្លុះចូលទៅក្នុងផ្ទៃ ទៅដល់ស្បូនដោយផ្ទាល់រហូតអាចមើលឃើញរូបរាងរបស់ទារកច្បាស់លាស់ សឹងតែដឹងតែម្ដងថា ទារកនោះមានមុខមាត់ស្រដៀងឪពុក ឬម្ដាយ និងថែមទាំងអាចពិនិត្យមើលប្រព័ន្ធហូរវិលរបស់ឈាមតាមអវយវៈផ្សេងៗ តាំងពីសុក ទងសុក បេះដូង ឬសូម្បីតែខួរក្បាលទៀតផង ដើម្បីពិនិត្យមើលថា កូនតូចរបស់អ្នករឹងប៉ឹង និងមានសុវត្ថិភាពល្អ។

    ការពិនិត្យស្ដាប់សំឡេងបេះដូងទារក និងកត់ត្រាចេញមកជាគំនូសហ្ក្រាហ្វិកដើម្បីប្រើក្នុងការពិនិត្យសុខភាពរបស់ទារក។

    ក្នុងករណីទូទៅ ការពិនិត្យគភ៌ប្រក្រតី គ្រូពេទ្យពិនិត្យមើលខ្នាតរបស់ស្បូន និងទារកដោយការប្រើដៃស្ទាប រួមជាមួយការស្ដាប់សំឡេងការលោតរបស់បេះដូងដែលទៀងទាត់ក្នុងរយៈពេលខ្លីៗ ក៏អាចប្រាកដក្នុងចិត្តបានទៅហើយថា កូនតូចមានសុខភាពល្អ។

    ករណីដែលពិនិត្យឃើញថា កើតមានភាពខុសប្រក្រតី ឬកូនតូចមានភាពប្រថុយប្រថានក្នុងការកើតមានគ្រោះថ្នាក់ណាមួយ ឬប្រថុយប្រថាននឹងការស្លាប់ គ្រូពេទ្យនឹងប្រញាប់ផ្ដល់ការជួយសង្រ្គោះ និងបើសិនស្ថិតក្នុងរយៈប្រសូតដែលសុវត្ថិភាព គ្រូពេទ្យក៏នឹងអាចជួយដោយការវះកាត់ប្រសូតបានភ្លាមៗទាន់ពេលវេលាដែរ។

    អ្វីដែលសំខាន់ ក្នុងអំឡុងពេលតាំងគភ៌ ក្រៅពីការទៅពិនិត្យគភ៌តាំងពីដំបូងៗហើយ ស្រ្តីមានគភ៌ត្រូវថែរក្សាសុខភាព អនាម័យឱ្យបានរឹងមាំខ្ជាប់ខ្ជួន ទទួលទានអាហារឱ្យគ្រប់ 5 ប្រភេទក្រុម(ប្រូតេអ៊ីន ខាបូហាយដ្រេត(ធញ្ញជាតិ បាយ ម្សៅ ស្ករ-ល-) សារធាតុរ៉ែ(បន្លែផ្លែឈើ) វិតាមីន និងខ្លាញ់) ញ៉ាំទឹក សម្រាកឱ្យបានគ្រប់គ្រាន់ ធ្វើចិត្តឱ្យស្រស់ស្រាយសប្បាយៗ និងមិនធុញថប់តានតឹងអាចធ្វើការងារស្រាលៗ ស្ដាប់បទភ្លេង ឬអានសៀវភៅ។ ការហែលទឹក ការដើរតិចៗ និងហ្វឹកយ៉ូហ្គា គឺជាការធ្វើលំហាត់ប្រាណដែលស័ក្តិសមបំផុតសម្រាប់ស្រ្តីមានផ្ទៃពោះ រួមទាំងការចៀសវាងពីអ្វីដែលបង្កឱ្យកើតមានគ្រោះថ្នាក់ ដូចជា ភេសជ្ជៈដែលមានជាតិអាល់កុល ផ្សែងបារី អាហារដែលមិនល្អ ការអង្គុយ ឬឈរយូរៗ គឺសុទ្ធតែហុចផលអាក្រក់ដល់ស្រ្តីមានគភ៌ និងទារកក្នុងផ្ទៃទាំងអស់ ដូច្នេះហើយទើបគួចៀសវាង ដើម្បីឱ្យទារកតូចក្នុងគភ៌មានសុខភាពរឹងមាំល្អ៕

  • Rakitić ចាកចេញពី Barcelona ទៅក្លិបចាស់វិញ

    Rakitić ចាកចេញពី Barcelona ទៅក្លិបចាស់វិញ

    Barcelona បាន​ផ្ទេរ​កីឡាករ Ivan Rakitić របស់ខ្លួន​ឱ្យទៅ​ក្លិប Sevilla ដោយ​បញ្ជាក់ថា Sevilla នឹង​បង់ប្រាក់​ចំនួន​ជាង 2លាន​ដុល្លារ បូក​បន្ថែមនឹង​ថ្លៃ​រត់ការផ្សេងៗទៀត ចំនួន​ជាង 10លាន​ដុល្លារ ក្នុងការ​នាំយក​កីឡាករ​រូបនេះ​ទៅវិញ។

    Sevilla FC គឺជា​ក្លិប​ស្ថិតនៅ​លី​ក​កំពូល​អេ​ស្ប៉ា​ញ​ដូចគ្នា ហើយ Ivan Rakitić ក៏​ធ្លាប់​លេង​នៅ​ក្លិប​នេះដែរ កាលពី​ឆ្នាំ2011 ដល់​ឆ្នាំ2014 មុននឹង​ផ្លាស់​មកកាន់ FC Barcelona នេះ។ ទោះបីជា​ការចាកចេញ​ដ៏​គូរ​ឱ្យ​សោកស្តាយ​មែន ក៏ប៉ុន្តែ​កីឡាករ​រូបនេះ នៅតែ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ក្លិប Barcelona ដដែល ពោលគឺ​ជាការ​ចាកចេញ​ដោយ​សន្តិភាព។

    Ivan Rakitić អតីត​ខ្សែបម្រើ​របស់​ក្លិប FC Barcelona បាន​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​ក្រូ​អាត​របស់ខ្លួន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ជា​លើកដំបូង​ដ៏​មិន​គួរឱ្យ​ជឿ​កាលពី​ឆ្នាំ2018កន្លងទៅ មុននឹង​ធ្លាក់​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោម​ថ្វី​ជើង​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង៕

  • មន្ទីរអប់រំខេត្តបាត់ដំបងគាំទ្រដំណើរការសាលារៀនវ៉េស្ទឡាញន៍ជាសាលារៀនឆ្លាតវៃ

    មន្ទីរអប់រំខេត្តបាត់ដំបងគាំទ្រដំណើរការសាលារៀនវ៉េស្ទឡាញន៍ជាសាលារៀនឆ្លាតវៃ

    ការបង្កើត វេទិកាអប់រំ(App)ផ្សេងៗ ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង(App)រវាងសាលារៀន​ និងអ្នកអាណាព្យាបាល​ ព្រមទាំងការបញ្ចូលកម្មវិធីសិក្សាបន្ថែម គឺជារបត់ថ្មីមួយក្នុងវិស័យអប់រំ ដែលចូលរួមបង្កើនគុណភាពអប់រំនៅកម្ពុជាឱ្យកាន់ប្រសើរឡើង និងចាត់ទុកថាជាសាលារៀន ឆ្លាតវៃទី1 នៅខេត្តបាត់ដំបង។ នេះលើកឡើងរបស់លោក យី​ សុងគី​ ប្រធានមន្ទីរអប់រំ យុវជន និង កីឡា​​ ខេត្តបាត់ដំបង​ ក្នុងពិធីទស្សនកិច្ចសាលារៀនវ៉េស្ទឡាញន៍ សាខាចំការសំរោង ខេត្តបាត់ដំបង។

    លោកប្រធានមន្ទីរបានបន្តទៀតថា កម្មវិធីសិក្សារបស់សាលារៀនវ៉េស្ទឡាញន៍អនុវត្តតាមការណែនាំ របស់ក្រសួងអប់រំ យុវជននិងកីឡា ហើយលើសពីនេះ​សាលារៀនបន្ថែមកម្មវិធីសិក្សាបន្ថែមមួយទៀត ដូចជាកម្មវិធីទម្លាប់ល្អទាំង7 កម្មវិធីបណ្តុះ បណ្តាលផ្នែកហិរញ្ញវត្ថុ និងកម្មវិធី STEM ដើម្បីអភិវឌ្ឍផ្នែក ឥរិយាបថនិងផ្នត់គំនិត ផ្នែកធុរកិច្ច និងផ្នែកបច្ចេកវិទ្យា​។

    ឧកញ៉ា​ ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យុខេសិន គ្រុប​ បានលើកឡើងថា ការដាក់ បញ្ចូលបច្ចេកវិទ្យា ក្នុងការសិក្សានឹងជួយលើកកម្ពស់ការសិក្សារៀនសូត្រកាន់តែប្រសើរឡើង និង ទទួលបានចំណេះដឹងថ្មីៗ ក្នុងរបត់នៃបដិវដ្តឧស្សាហកម្ម 4.0 ។

    ឧកញ៉ាបានបន្តទៀតថា សាខាសាលារៀនវ៉េស្ទឡាញន៍ នៅចំការសំរោង ខេត្តបាត់ដំបងនេះ នឹងក្លាយ ជា​សាលារៀនឆ្លាតវៃដំបូងគេ ដោយសារតែ​យើងបានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Edemy, E-School, Sangapac, Maxbit, V-Connect, DTP ក្នុងការបង្កើតវេទិកាបង្រៀន(App) ដើម្បី គាំទ្រដល់ការសិក្សាតាមប្រព័ន្ធអនឡាញ និងពីចម្ងាយ ព្រមវាយតម្លៃការសិក្សា តាមរយៈការធ្វើតេស្ត សមត្ថភាព ដែលសិស្សអាចទទួលលទ្ធផល និងកំណែភ្លាមៗ ​ប្រសិនជាលទ្ធផលនៅចំណុចណា មិនសូវប្រសើរនោះ សិស្សអាចសិក្សាឡើងវិញបាន។។ ជាពិសេសសាលារៀនមានប្រព័ន្ធគ្រប់គ្រង និងទំនាក់ទំនងរវាងសាលារៀន និងអ្នកអាណាព្យាបាល ដើម្បីបង្កភាពងាយដល់អ្នកអាណាព្យាបាល តាមដានលទ្ធនៃការសិក្សា និងវត្តមានសិស្សពីចម្ងាយ ក៏ដូចជាការទូទាត់ការចំណាយផ្សេងៗតាម ប្រព័ន្ធអេឡិត្រូនិចដ៏ទំនើបផងដែរ។

    ឧកញ៉ាបន្ថែមពីលើនេះ កាលពីមុន ការធ្វើពិសោធន៍មានតែទ្រឹស្តី មិនផ្សារភ្ជាប់ជាមួយការអនុវត្ត ប៉ុន្តែនៅពេលបច្ចុប្បន្ន យើងមានបន្ទប់ពិសោធន៍ និងឧបរណ៍សម្រាប់អនុវត្តជាក់ស្តែង។ ក្រៅពី កម្មវិធីកុំព្យូទ័រវាយអត្ថបទ Word , Excel សាលារៀនក៏មានបន្ថែមកម្មវិធីសរសរកូដ (Coding & Programing)​ ដើម្បីឱ្យសិស្សបង្កើតរូបភាពស្រមើលស្រមៃ និងគំនិតច្នែប្រឌិតបង្កើតអ្វីមួយថ្មី ព្រមទាំងចំណេះដឹង ជំនាញផ្នែកបច្ចេកវិទ្យាផងដែរ។ សាលាបានប្រើឧបករណ៍ VR (Vitual Reality) ដែលជាវែនតាសម្រាប់មើលវីដេអូមេរៀនឃើញរូបភាពពិតប្រាកដ ទាក់ទងនឹងសកលលោក ភពផែនដី រូបសត្វកាលពី រាប់លានឆ្នាំមុន សត្វរស់នៅក្នុងបាតសមុទ្រ។

    សម្រាប់បវេសនកាលឆ្នាំសិក្សាខាងមុខនេះ សាលារៀននឹងផ្តល់ជូនអាហារូបករណ៍រហូតដល់40% និងធានារ៉ាប់រងគ្រោះថ្នាក់ ព្រមទាំងការពារការសិក្សារបស់សិស្សានុសិស្សរហូតដល់ 5ឆ្នាំ។

    សូមជម្រាបថា ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី2 នឹងចាប់ផ្តើម ថ្ងៃទី07 ខែកញ្ញា ឆ្នាំ2020 សម្រាប់គ្រឹះស្ថានសិក្សាសាធារណ:ខ្លះ និងគ្រឹះស្ថានសិក្សាឯកជនខ្លះ ដោយត្រូវ អនុវត្តតាមលក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀនដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ (រៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញ ខ្លះ អមដោយសន្លឹកកិច្ចការជំនួយខ្លះ និងសៀវភៅសិក្សាគោលខ្លះតាមតម្រូវការជាក់ស្តែង) និងត្រូវ អនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ សម្រាប់ដំណើការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-19។ នេះបើតាមការជូនដំណឹងរបស់ក្រសួងអប់រំ៕

  • Asus ប្រកាសចេញលក់ស្មាតហ្វូន កាមេរ៉ាផុសឡើង រចនាចម្លែកបំផុត មិនធ្លាប់មាន

    Asus ប្រកាសចេញលក់ស្មាតហ្វូន កាមេរ៉ាផុសឡើង រចនាចម្លែកបំផុត មិនធ្លាប់មាន

    ស្មាតហ្វូន​ Asus បាន​ប្រកាស​ចេញ​ម៉ូដែល​ Zenfone 7 និង 7Pro ដែល​​រចនា​ឡើង​យ៉ាង​ចម្លែក​បំផុត ​មិន​ធ្លាប់​មាន​ ជា​ប្រភេទ​កាមេរ៉ា​ផុស​ លើ​អេក្រង់​ផ្នែក​ខាង​មុខ​ ​និង​អាច​ត្រឡប់​បាន​​ទៀត​ផង។ ​ថ្មីៗនេះ​ ទទួល​បាន​ដំណឹង​ថា​ វា​នឹង​អាច​ចេញ​លក់​នៅ​ឆ្នាំ​នេះ ក្នុង​ប្រទេស​តៃវ៉ាន់​ដំបូងគេ ​និង​បន្ត​ទៅ​ទីផ្សារ​អឺរ៉ុប ​និង​អាស៊ី។ ​

    ស្មាតហ្វូន​នេះ​បំពាក់​ឈីប Snapdragon 865+ និង​បច្ចេកវិទ្យា​ទប់​លំនឹង OIS ដោយ​អេក្រង់ AMOLED កម្រិត 90Hz refresh rate ច្បាស់​ត្រជាក់​ភ្នែក។ រី​ឯ​តម្លៃ​វា​ ​តាម​ប្រភេទ Zenfone 7 ប្រមាណ​ជា ​836ដុល្លារ(RAM 6GB មេម៉ូរី 128 GB)​ ឯ​ម៉ូដែល Zenfone 7 Pro ប្រមាណ​ជា 986ដុល្លារ​មាន RAM 8GB មេម៉ូរី 256GB ៕

    សូមទស្សនា​វីដេអូ​ខាងក្រោម៖

  • Microsoft និង Walmart កំពុងប្រជែងទិញ TikTok ក្រោយពេល CEO លាលែងពីតំណែង

    Microsoft និង Walmart កំពុងប្រជែងទិញ TikTok ក្រោយពេល CEO លាលែងពីតំណែង

    លោក Kevin A. Mayer ​ជា​នាយក​ប្រតិបត្តិ TikTok បាន​លា​លែង​ពី​តំណែងដោយ​ខ្លួន​ឯង កាល​ពី​ជាង 1សប្ដាហ៍​មុន ។ ដំ​ណឹង​ដ៏​តក់​ក្រហល់​ភ្លាម​ៗ​បែប​នេះ បានកើតឡើង ​ក្រោយ​ពីរូបលោក​​ឡើង​កាន់​មុខ​តំណែង​នេះ ​បាន​រយៈពេល​មិន​ដល់ 4​ខែ​ផង​។ លោក Kevin បាន​លើក​ឡើង​ពី​សម្ពាធ​​​​នៃ​ជម្លោះ​នយោបាយ ​ជា​មូលហេតុ​នាំ​ឱ្យ​លោក​​លា​លែង​ពី​តំណែងនេះ។

    TikTok គឺ​ជា​បណ្ដាញ​សង្គម​វីដេអូ​ ដ៏​ពេញ​និយម​មួយ​ ​​ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ចិន ByteDance ដែល​រង​ការ​គំរាម​កំហែង​ខ្លាំង​ពី​សំណាក់​រដ្ឋបាលរបស់​លោក​ដូណាល់ ​ត្រាំ។

    លោក ដូណាល់ ត្រាំ បាន​ចេញ​បទ​បញ្ជា​ប្រតិបត្តិ​ ហាម​ឃាត់​មិន​ឱ្យ​ពលរដ្ឋ​អាមេរិក ​ធ្វើ​អាជីវកម្ម​ជា​មួយ​ក្រុមហ៊ុន TikTok ដែល​នឹង​មាន​ប្រសិទ្ធភាព​​ក្រោយ​​ 45​ថ្ងៃ​ (នៅ​រង្វង់​ថ្ងៃ​ទី21 ខែ​កញ្ញា) ។

    ប្រសិន​បើ ByteDance អាច​​លក់​ប្រតិបត្តិការ​​របស់ TikTok នៅ​អាមេរិក​ ​ទៅ​ឱ្យ​ក្រុមហ៊ុន​អាមេរិក មាន​ន័យ​ថា TikTok នឹង​អាច​បន្ត​ដំណើរ​ការ​នៅ​អាមេរិក​បាន។ មក​ទល់​ពេល​នេះ​​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ទំនិញ Walmart និង ​Microsoft កំពុង​ប្រជែង​គ្នា​​ទិញ​យក TikTok មក​កាន់​កាប់៕

  • ខ្សែការពារជប៉ុន Nagatomo ផ្លាស់ទៅលេងនៅ Marseille

    ខ្សែការពារជប៉ុន Nagatomo ផ្លាស់ទៅលេងនៅ Marseille

    កីឡាករ​ជម្រើសជាតិ​ជប៉ុន វ័យ 33ឆ្នាំ Nagatomo ត្រូវបាន​ក្លិប Marseille ប្រកាស​ជា​ផ្លូវការ​ហើយ​ថា បាន​ក្លាយជា​កីឡាករ​របស់ខ្លួន​ហើយ ក្រោយពី​ចែកផ្លូវ​ជាមួយ​ក្លិប​ចាស់ កាលពី​បញ្ចប់​រដូវ​កាល2020 កន្លងទៅ។

    ការប្រកាស​នេះដែរ គឺធ្វើឡើង បន្ទាប់ពី​ការចែក​ផ្លូវ​របស់​កីឡាករ​ជប៉ុន​រូបនេះ ចេញពី​ក្លិប GALATASARAY ក្រោយ​ចំណាយពេល​នៅ​ក្លិប​នេះ អស់​រយៈពេល 2រដូវ​កាល ដោយ​រក​គ្រាប់​បាល់​បាន 2គ្រាប់ ក្នុងការ​បង្ហាញខ្លួន 47ប្រកួត។ កីឡាករ​ជម្រើសជាតិ​ជប៉ុន​រូបនេះ ត្រូវបាន​ក្លិប​ល្បី​បារាំង​ខាងលើ រំពឹងថា​នឹង​ជួយ​ក្រុម​បានល្អ ក្នុងការ​ប្រកួត​លី​ក​កំពូល​បារាំង ក៏ដូចជា​ចូលរួម​ក្នុងការ​ប្រកួត UEFA CHAMPIONS LEAGUE ឆ្នាំ2021។

    គួរ​រំឭក​ដែរ​ថា ខ្សែការពារ​រូបនេះ ទោះជា​មាន​វ័យ 33ឆ្នាំ​ក៏ពិតមែន ក៏ប៉ុន្តែ​រូបគេ​នៅតែ​ជា​កម្លាំង​ស្នូល នៅក្នុង​ក្រុម​ជម្រើសជាតិ​ជប៉ុន ដោយ​នៅតែ​ជាប់​ជា​ជម្រើស​ដំបូង​នៃ​ក្រុម​ជម្រើសជាតិ​ជប៉ុន​ជា​ហូរហែ តាំងពី​ឆ្នាំ2008 មកទល់នឹង​ពេលបច្ចុប្បន្ន៕

  • Barcelona ផ្តល់កុងត្រា 2ឆ្នាំបន្តទៀត ដល់ Messi ដើម្បីបញ្ចប់រឿង

    Barcelona ផ្តល់កុងត្រា 2ឆ្នាំបន្តទៀត ដល់ Messi ដើម្បីបញ្ចប់រឿង

    ក្លិប FC Barcelona នឹងធ្វើ​ការចរចា​ជាមួយនឹង​ឪពុក របស់​កីឡាករ Lionel Messi នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ ដើម្បី​និយាយ​អំពី​កុងត្រា​របស់​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ដោយ​ក្លិប​បាន​ត្រៀម​នូវ​កុងត្រា​បន្ត​ចំនួន 2ឆ្នាំ បូក​រួមទាំង​ផលប្រយោជន៍ កាន់តែ​ច្រើនជាង​មុន​ដល់​រូបគេ។

    ព័​ត៏​មាន​នេះ ត្រូវបាន​ក្លិប​បាល់ទាត់ FC Barcelona ប្រកាស ដោយបាន​បញ្ជាក់ថា ភាគី​ទាំង2 បាន​សម្រុះសម្រួល​គ្នា​រួចហើយ។ ក្នុងនោះ​ភាគី​ទាំង2 រវាង​ក្លិប​និង Messi នឹងត្រូវ​ជួបគ្នា​ក្នុង​តុ​ពិភាក្សា ជជែក​គ្នា​ពី​រឿង​កុងត្រា​ថ្មី​របស់ Messi នៅ​ក្លិប​ដដែល។

    គួរ​បញ្ជាក់ដែរថា កាលពីពេល​កន្លងទៅ កីឡាករ Lionel Messi បានប្រកាសថា ខ្លួន​នឹង​ប្តូរ​ទៅលេង​នៅ ManCity វិញ​នា​រដូវ​កាល​ក្រោយនេះ បន្ទាប់ពី​អស់​ទឹកចិត្ត នៅ Barcelona៕

  • តើត្រូវចាប់ផ្ដើមជីវិតគូយ៉ាងណាឱ្យស្ថិតស្ថេរយូរអង្វែង?

    តើត្រូវចាប់ផ្ដើមជីវិតគូយ៉ាងណាឱ្យស្ថិតស្ថេរយូរអង្វែង?

    ការដែលមនុស្សយើងពីរនាក់នឹងមករួមរស់នៅជាមួយគ្នាជាគូស្វាមីភរិយានោះ មុនដំបូងបង្អស់ អ្នកគ្រូឆវីត្រូវសុំប្រាប់ថា…រឿងបែបនេះវាត្រូវមានវាសនារួមគ្នា ព្រោះបើគ្មានវាសនារួមគ្នាទេនោះ ឱកាសដែលមនុស្សពីរនាក់ដែលមកពីទីកន្លែងផ្សេងគ្នានឹងមកឯកភាពស្ម័គ្រចិត្តក្នុងការធ្វើដំណើរជីវិតរួមគ្នារហូតដល់ទីបំផុតនោះ មិនមែនជារឿងងាយនោះឡើយ។ តែគេនិយាយថា ការដែលមនុស្សមានវាសនាបានមកស្រឡាញ់គ្នារហូតកើតមានសម្ព័ន្ធភាពដែលល្អនោះ វាមិនមែនជារឿងលំបាកទេ តែរឿងដែលនឹងរស់នៅជាមួយគ្នាឱ្យបានយូរអង្វែង មានសេចក្ដីសុខរហូតដល់នាទីចុងក្រោយរបស់ជីវិតនោះ ត្រូវពុះពារឧបសគ្គជាច្រើន និងបើយើងទៅសួរគូសា្វមីភរិយាដែលបានរស់នៅជាមួយគ្នាយ៉ាងមានសេចក្ដីសុខរហូតដល់ចាស់កោងខ្នងដើម្បីស្វែងរកគន្លឹះដែលធ្វើឱ្យជីវិតគូស្ថិតស្ថេរយូរអង្វែងវិញនោះ ចម្លើយភាគច្រើនៗតែដូចគ្នាសឹងតែទាំងអស់…នោះគឺ “សេចក្ដីស្រឡាញ់” “សេចក្ដីប្រាថ្នា និងបំណងល្អដល់គ្នាទៅវិញទៅមក” “ការមើលឃើញពីអំពើល្អរបស់គ្នាទៅវិញទៅមក” និង “ការមើលរំលងចំណុចអន់ខ្សោយរបស់គ្នាទៅវិញទៅមក” ហ្នឹងឯង។

    ដូច្នេះហើយក្នុងអំឡុងពេល “បាយថ្មី ត្រីឆ្ងាញ់” នេះ…ត្រូវព្យាយាមក្នុងការចងចាំទុកនូវរឿងដែលល្អៗរបស់គ្នាទៅវិញទៅមក ព្រោះទាំងអស់នោះគឺជាឫសគល់ឱ្យសម្លឹងមើលគ្នាទៅវិញទៅមកក្នុងផ្លូវដែលល្អនៅពេលដែលកើតមានបញ្ហាឡើងនាពេលអនាគត។

    គូគ្រងដែលចងចាំពីអំពើល្អរបស់គ្នាទៅវិញទៅមកបាននោះ នឹងមានឱកាសបែកបាក់គ្នាខាងគំនិតតិចបំផុត និងព្យាយាមសម្របសម្រួលចរចាឯកភាពគ្នាក្នុងបញ្ហាផ្សេងៗរួមគ្នាបានដោយមិនគិតតែពីអាត្មានិយមខ្លាំងនោះទេ ហើយនឹងជឿលើគ្នាទៅវិញទៅមកខ្លាំងជាងទៅជឿលើអ្នកដទៃដែលមិនមែនជាគូគ្រងរបស់ខ្លួន។

    វាជារឿងពិតដែលថា មានស្វាមីភរិយាជាច្រើនគូត្រូវបែកបាក់គ្នាដោយសារតែគំនិតយោបល់របស់មិត្តភ័ក្តិអ្នកបំណងល្អ តែប្រាថ្នាអាក្រក់។ ការចងចាំរឿងដែលល្អៗរបស់ស្វាមី ឬភរិយារបស់ខ្លួននេះ គឺជាឫសគល់ដ៏រឹងមាំដែលនឹងធ្វើឱ្យជឿទុកចិត្ត និងមិននឹកគិតសង្ស័យលើគូជីវិតរបស់ខ្លួននៅពេលមានបញ្ហាអ្វីម្យ៉ាងកើតឡើង ព្រោះតាមដែលបានដឹងមក គូគ្រង គូស្នេហ៍ទាំងឡាយត្រូវបែកបាក់ឃ្លាតចាកពីគ្នាក៏ព្រោះតែភាពសង្ស័យលើគ្នាទៅវិញទៅមកសឹងតែទាំងអស់។ តពីការមើលឃើញអំពើល្អរបស់គ្នាទៅវិញទៅមកហើយនោះ ក៏ត្រូវមានក្តីមេត្តាដល់គ្នា ធ្វើរឿងល្អៗដល់មនុស្សដែលយើងស្រឡាញ់ និងមិនសាងសេចក្ដីទុក្ខដល់មនុស្សដែលយើងស្រឡាញ់ ព្រោះចំណុចខ្សោយរបស់មនុស្សយើងគឺ “យើងចូលចិត្តយកចិត្តយកថ្លើមអ្នកដទៃខ្លាំងជាងមនុស្សដែលយើងនៅជាមួយជានិច្ច” និង “យើងចូលចិត្តជឿលើអ្នកដទៃខ្លាំងជាងជឿមនុស្សដែលយើងស្រឡាញ់” ដូចគ្នា។ រឿងបែបនេះត្រូវតែយកចេញពីក្នុងចិត្តឱ្យអស់ បើចង់មានជីវិតគូដែលស្ថិតស្ថេរយូរអង្វែង និងមានសេចក្ដីសុខ ព្រោះនៅពេលដែលសេចក្ដីសង្ស័យមិនទុកចិត្តចូលមកតាមមាត់ទ្វារ…សេចក្ដីស្រឡាញ់ទុកចិត្តក៏នឹងហោះហើរចេញទៅតាមមាត់បង្អួចមិនខាន។

    រឿងសិចក៏ជាចំណែកមួយដែលធ្វើឱ្យជីវិតគូស្ថិតស្ថេរយូរអង្វែង និងមានសេចក្ដីសុខដែរ ព្រេាះការរួមរ័កគ្នារវាងបុរស និងស្រ្តីនេះ ការពិតគឺជាការប្រាប់ពីសេចក្ដីស្រឡាញ់ដោយភាសារាងកាយ ដែលសម្ដែងចេញមកឱ្យគ្នាទៅវិញទៅមកដើម្បីនឹងទៅដល់ចំណុចកំពូលនៃសេចក្ដីសុខ និងនៅពេលកើតមានសេចក្ដីសុខរួមគ្នាហើយ ក៏នឹងកើតមានចំណងនៃសម្ព័ន្ធភាពដែលមើលមិនឃើញ តែប៉ះពាល់បាន។ គូស្នេហ៍ គូគ្រងណាដែលអាចរួមរ័កគ្នាបានយ៉ាងមានសេចក្ដីសុខជាប្រចាំជាប់ជានិច្ចនោះ នឹងបានដឹងថា ឱកាសដែលនឹងបែកចែកផ្លូវគ្នានោះ តិចតួចជាងគូដែលគ្មានសេចក្ដីពីការរួមរ័ក។

    សំណួរគឺថា ហេតុអីបានត្រូវតែបែបនោះ? ចម្លើយក៏គឺ…បុរសប្រាប់ពីសេចក្ដីស្រឡាញ់តាមរយៈការមានសិច និងស្រ្តីមានសេចក្ដីសុខពីការមានសិចជាមួយបុរសរបស់នាង ព្រោះនាងដឹងថា គេស្រឡាញ់នាងហ្នឹងឯង។ សិចមិនមែនជាការចាប់អវយវៈអ្វីម្យ៉ាងដាក់ចូលទៅក្នុងអវយវៈរបស់មនុស្សម្នាក់ទៀតទេណា៎ប្អូនៗ!!! តែសិចជាការប្រាប់ថាស្រឡាញ់តាមរយៈការប៉ះពាល់ដោយភាសារាងកាយដែលគួរឱ្យស្រឡាញ់ ទន់ភ្លន់ ស្រទន់ និងផ្ដល់ភាពកក់ក្ដៅយ៉ាងបរិបូរណ៍ហូរហៀរ និងប៉ះពាល់បាន។ បើថ្ងៃនេះ អ្នកគេងលក់ជាមួយគ្នាក្នុងរង្វង់ដៃឱបរបស់គ្នាទៅវិញទៅមក និងថែថើបគ្នាយ៉ាងផ្អែមល្ហែមមួយដងមុនពេលគេង វាគឺជាការមានសិចហើយ។ មានអ្នកខ្លះនិយាយថា គ្រាន់តែមនុស្សកំពូលស្នេហ៍ដែលគេងក្បែរថើបថ្ពាល់ថ្នមៗ និងប្រាប់ថា “បងស្រឡាញ់អូន(ឬអូនស្រឡាញ់បង)ណា៎” តែប៉ុណ្ណឹងជីវិតក៏មានសេចក្ដីសុខទៅហើយ។

    ការបានប៉ះពាល់ខាងរាងកាយជាប្រចាំ មិនថាតែការដឹកដៃគ្នា ការចាប់ដៃគ្នាមុននឹងចេញទៅធ្វើការ ការឱបគ្នាជាប្រចាំ គឺសុទ្ធតែធ្វើឱ្យសេចក្ដីស្នេហាស្ថិតស្ថេរគង់វង្សយូរអង្វែងទាំងអស់។ មានគន្លឹះល្អមួយទៀតដែលនឹងធ្វើឱ្យជីវិតគូស្ថិតស្ថេរយូរអង្វែងយ៉ាងមានសេចក្ដីសុខនោះគឺ នៅពេលបាននៅជាមួយគ្នាថ្មីៗ សូមកុំអាលមានបុត្រ។ គួរប្រើពេលវេលារស់នៅរួមគ្នាយ៉ាងពេញទំហឹងដោយគ្មានអ្វីមកធ្វើឱ្យនឹកបារម្ភ។ គួររកពេលវេលាក្នុងការរៀនយល់ដឹង និងសិក្សាពីគ្នាឱ្យពិតប្រាកដច្រើនឡើង ព្រោះមានឱកាសក្នុងការនោជិតនែបនិត្យច្លើនជាងពេលនៅជាគូសង្សារ។ រកពេលដើរលេង និងធ្វើអ្វីដែលជារឿងរ៉ាវដែលជាចំណាប់អារម្មណ៍រួមគ្នា ដើម្បីនឹងបានមានចំណែករួមក្នុងគ្នាទៅវិញទៅមកឱ្យបានច្រើនឡើង។

    ហើយនេះក៏ជាឫសគល់ក្នុងការគ្រងជីវិតគូដែលស្ថិតស្ថេរយូរអង្វែង និងមានសេចក្ដីសុខមួយដែរ គឺចាត់ការរឿងលុយកាក់របស់គ្នាទៅវិញទៅមកឱ្យល្អ ឯកភាពគ្នាឱ្យរៀបរយរួចរាល់ ដើម្បីកុំឱ្យមានរឿងរ៉ាវអ្វីនៅពេលក្រោយ…សំខាន់បំផុតក៏គឺ “មធុរស វាចា” ការនិយាយស្ដីរកគ្នាដោយពាក្យសម្ដីដែលពីរោះផ្អែមត្រចៀក និយាយគ្នាក្នុងផ្លូវចម្រើន និយាយគ្នាក្នុងផ្លូវដែលផ្ដល់កម្លាំងចិត្តគ្នា យល់ពីគ្នាទៅវិញទៅមកក្នុងរូបបែបដែលជាការពិត មិនបង្ខំចិត្តគ្នាទៅវិញទៅមក តែព្យាយាមប្រើវិធីបែបសន្តិវិធីក្នុងការបបួលនាំឱ្យគូស្នេហ៍ធ្វើតាមអ្វីដែលខ្លួនឯងត្រូវការ ជួយគ្នាក្នុងគ្រប់វិធីតាមដែលអាចធ្វើបាន។

    អ្វីដែលសំខាន់បំផុតក្នុងការធ្វើឱ្យជីវិតគូស្ថិតស្ថេរគង់វង្សយូរអង្វែង និងមានសេចក្ដីសុខនោះគឺ…ត្រូវរៀនយល់ដឹងក្នុងការអភ័យទោសឱ្យមនុស្សដែលយើងស្រឡាញ់យ៉ាងស្មោះស្ម័គ្រដោយគ្មានការក្លែងបន្លំ ហើយមនុស្សដែលបានទទួលការអភ័យទោសឱ្យក៏ត្រូវរៀនយល់ដឹងក្នុងការពោលពាក្យថា “សូមទោស” និងឈប់ធ្វើអ្វីដែលមិនគួរធ្វើ ដែលមនុស្សស្រឡាញ់យើងគេអត់ទោសឱ្យនោះទៀតឡើយ។ ធ្វើបានដូចដែលបានរៀបរាប់មកខាងដើមហើយ នឹងច្បាស់ជាគ្មានផ្លូវដែលគូរបស់អ្នកនឹងបែកចេញទៅណាឆ្ងាយពីគ្នាឡើយ៕

  • ដំណាំ ការ៉ុត

    ដំណាំ ការ៉ុត

    ការ៉ុតជាដំណាំហូបមើម 2 រដូវកាល ដែលក្នុងរដូវកាលដំបូងនឹងលូតលាស់ធំធាត់ផ្នែកដើម ស្លឹក និងឫស ចំណែកក្នុងរដូវកាលទីពីរដំណាំការ៉ុតនឹងលូតលាស់ផ្នែកផ្កា និងគ្រាប់(ដាំទុកយកគ្រាប់ធ្វើពូជ)។ លក្្ខណៈរបស់ដើមការ៉ុតជាស្លឹកបន្ទះដែលនឹងដុះលូតលាស់ចេញពីដើម ជាក្រុមដំណាំដែលមានធាងស្លឹកវែង។ ពូជការ៉ុតដែលមានគុណភាពខ្ពស់នឹងមានបណ្ដូលតូច និងមានពណ៌ដូចគ្នានឹងសាច់ ឬមានផ្នែករបស់សាច់ច្រើនជាផ្នែករបស់បណ្ដូល។

    កាដាំរដូវកាលទីពីរដើម្បីទទួលផលជាគ្រាប់ពូជនោះ ដើមការ៉ុតនឹងឈរឡើងត្រង់ ផលិតធាងស្លឹកវែងៗប្រវែង 2 – 4 ហ្វុ៊ត នៅខាងចុងមានកញ្ចុំផ្កា ដែលកញ្ចុំដំបូងនឹងដុះលូតលាស់ចេញពីផ្នែកកណ្ដាលរបស់ដើម បន្ទាប់ពីនោះកញ្ចុះដទៃទៀតនឹងដុះលូតលាស់មកតាម។ កាផ្សំលម្អងកេសរធ្វើឡើងបែបផ្សំចម្លង ដែលភាគច្រើនប្រើសត្វល្អិតជាអ្នកជួយផ្សំលម្អងកេសរ។

    ការដាក់ដាំ

    – ការត្រៀមដី ៈ ផ្ទៃដីដែលស័ក្តិសមសម្រាប់ការបណ្ដុះដាំ គួរស្ថិតនៅខ្ពស់ជាងកម្រិតកម្ពស់ទឹកសមុទ្រប្រមាណ 600 – 1,300 ម៉ែត្រ ដីគួរតែជាដីល្បាយលាយខ្សាច់។ មិនគួរដាក់ជីលាមកគោស្រស់ទេ ត្រូវធ្វើការលាយផ្សំ រួចដាក់ហាលថ្ងៃចោលមួយរយៈសិន។

    ក្នុងដំណាក់កាលភ្ជួរដីត្រៀមលើកជារង ចូរជីកមុខដីរហូតដល់បែកត្រសុសជម្រៅមិនតិចជាង 40 សង់ទីម៉ែត្រ លើកជារងទំហំទទឹង 1 ម៉ែត្រ អាចដាំបាន 3 ជួរ។ បើជាដីស្អិត ត្រូវតែលាយផ្សំជាមួយជីធម្មជាតិផ្អាប់ 2 គីឡូក្រាម ជាមួយផេះអង្កាម 1 ការ៉ុងដាក់លើផ្ទៃដី 2 ម៉ែត្របួនជ្រុង។ (បន្ថែម ៈ នៅក្នុងផ្ទៃដីដាំដុះ មិនគួរមានកម្ទេចឫសឈើធំៗ ក្រួសថ្មធំៗឡើយ)

    – វិធីដាំ ៈ អាចធ្វើបានដោយវិធីបណ្ដុះគ្រាប់ តែគ្រាប់ពូជការ៉ុតមានទំហំតូច និងទន់ខ្សោយណាស់។ មានការរួចផុតពីការស្អុយងាប់ក្រោយការបណ្ដុះជាកូនត្រឹមតែ 50 ភាគរយប៉ុណ្ណោះ ដូច្នេះគួរនាំយកគ្រាប់ពូជ 3 ចំណែក លាយជាមួយដីខ្សាច់ 1 ចំណែកមុននឹងយកទៅព្រោះ។ ស្រោចទឹកលើរងឱ្យជោកមុននឹងចាប់ផ្ដើមព្រោះគ្រាប់ពូជ ដើម្បីបិទរន្ធដី និងឱ្យដីរួមចូលគ្នាមិនឱ្យគ្រាប់ពូជធ្លាក់ចូលទៅក្នុងដីជ្រៅពេក។ បន្ទាប់ពីនោះបាចជីផ្អាប់ធម្មជាតិលាយផេះអង្កាមរោយតិចៗលើបរិវេណរង ស្រោចទឹកលាយទឹកជីសរីរាង្គ រួចហើយយកចំបើងស្ងួតមកគ្របលើរងមួយជាន់ទៀត។

    ក្រោយពីព្រោះគ្រាប់ពូជ ក្នុងរយៈដំបូងនៅពេលដើមមានខ្នាតកម្ពស់ 5 – 7 សង់ទីម៉ែត្រ ចូរដកដើមដែលដុះឡើងញឹកចេញខ្លះ ទុកចម្ងាយពីដើមមួយទៅដើមមួយប្រមាណ 2 – 3 សង់ទីម៉ែត្រ។ រង់ចាំរហូតដល់មានអាយុ 20 ថ្ងៃ កូនការ៉ុតមានខ្នាតកម្ពស់ប្រមាណ 10 – 15 សង់ទីម៉ែត្រ អាចដកបំបែកដាំបានហើយ ចំណែកដើមដែលនៅតូចៗកម្ពស់ត្រឹមតែ 1 – 1.5 សង់ទីម៉ែត្រ គួរដកចោល។ ក្នុងដំណាក់កាលទីពីរ នៅពេលដើមមានអាយុប្រមាណ 40 – 50 ថ្ងៃ ក្នុងដំណាក់កាលនេះអាចដកយកមើមការ៉ុតមកទទួលទានបានខ្លះហើយ។ សម្រាប់ការដកយកទៅបំបែកដាំ គួរដាក់ដាំឱ្យឆ្ងាយពីគ្នា 12 – 15 សង់ទីម៉ែត្រ ហើយថែទាំបំប៉នតរហូតដល់ពេលប្រមូលផល។

    – វិធីការថែទាំរក្សា

    • ការស្រោចទឹក ៈ ត្រូវឧស្សាហ៍មើលថែស្រោចទឹករៀងរាល់ថ្ងៃ ព្រឹក – ល្ងាច។
    • ការដាក់ជី ៈ នៅពេលកូនការ៉ុតអាយុបាន 10 – 15 ថ្ងៃ ចូរដាក់ជី 46-0-0 ក្នុងអត្រា 3 ស្លាបព្រាបាយក្នុងផ្ទៃដីមួយម៉ែត្រការ៉េ និងនៅពេលអាយុ 30 ថ្ងៃ ចូរដាក់ជីរូបមន្តស្មើ 16-16-16 ឬអាចប្រើជីសរីរាង្គក្នុងចន្លោះជួរដើមការ៉ុតចំនួន 300 ក្រាមក្នុងផ្ទៃដីមួយម៉ែត្រការ៉េ និងដាក់រៀងរាល់ 20 ម្ដង។
    • ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ ការពារសត្វល្អិតសត្រូវដំណាំដោយទឹកត្រាំស្លឹកស្ដៅ និងទឹកត្រាំជីសរីរាង្គ ដោយត្រូវបាញ់ដាក់ដំណាំរៀងរាល់ 3 – 5 ថ្ងៃម្ដងជាបន្តបន្ទាប់។

    – វិធីការប្រមូលផល ៈ ប្រមាណជា 85 – 90 ថ្ងៃ​យើងអាចធ្វើការប្រមូលផលមើមការ៉ុតបានហើយ។ មុនការប្រមូលផល គួរស្រោចទឹកឱ្យដីសើមជោកជាំជាមុនសិន ដើម្បីបង្កើនភាពងាយស្រួលក្នុងការប្រមូលផល បន្ទាប់ពីនោះត្រូវយកដែចាប់បួងស្លឹកទាំងអស់ រួចហើយព្យាយាមដកថ្នមៗជារាងបញ្ឆិត បន្ទាប់មកនាំយកមើមការ៉ុតទៅលាងទឹកសម្អាត ដាក់សំដឹលឱ្យស្ងួត។

    មើមការ៉ុត យើងអាចរក្សាទុកក្នុងទូទឹកកកបានយូរប្រមាណជា 1 – 2 ខែ បើសិនបានរុំដោយថង់ជ័រប្លាស្ទិកខ្ចប់ម្ហូបអាហារ៕

  • ការបង្រៀនកូនឱ្យក្លាយជាមនុស្សមានគុណភាពរបស់ មហាសេដ្ឋី លី កាស៊ីង

    ការបង្រៀនកូនឱ្យក្លាយជាមនុស្សមានគុណភាពរបស់ មហាសេដ្ឋី លី កាស៊ីង

    លី កាស៊ីង មហាសេដ្ឋីដែលចាប់ផ្ដើមពីចំណុចសូន្យ។ ក្នុងវ័យកុមារ កាស៊ីងត្រូវភៀសខ្លួនដោយសារភ្លើងសង្គ្រាមក្នុងប្រទេសមករស់នៅលើកោះហុងកុង ហើយពេលអាយុបាន 15 ឆ្នាំ មេគ្រួសារត្រូវស្លាប់បាត់បង់ជីវិតចោលទៀត។ កាស៊ីងត្រូវឈប់រៀនទាំងកណ្ដាលទី ចេញលក់អីវ៉ាន់រកប្រាក់ចិញ្ចឹមគ្រួសារដោយក្តីឧស្សាហ៍ព្យាយាម ធូរក៏ប្រឹង តឹងក៏ខំគ្រប់យ៉ាង។

    ជីវិតរបស់ លី កាស៊ីង គួរឱ្យសិក្សា និងយកធ្វើជាគំរូខ្លាំងណាស់ ដែលស្ទើរទូទាំងទ្វីបអាស៊ីគ្មាននរណាម្នាក់ដែលមិនស្គាល់គាត់នោះឡើយ។ នាគហុងកុង លី កាស៊ីង មានទ្រព្យសម្បត្តិជាប់លំដាប់លេខ 1 ជាច្រើនឆ្នាំ និងថែមទាំងជាមនុស្សចិត្តបុណ្យបំផុតទៀតផង។ គាត់បរិច្ចាគប្រាក់ដើម្បីសប្បុរសធម៌រាប់ពាន់លានដុល្លារអាមេរិក តែគាត់នៅតែមិនដែលភ្លេចឋានៈខ្លួនឯងកាលពីអតីតកាលដែលធ្លាប់ដើរលក់នាឡិកាដៃនោះឡើយ គាត់នៅតែមានជីវិតរស់នៅយ៉ាងមធ្យ័ត ពាក់នាឡិកាចាស់ដដែល ពាក់ស្បែកជើងគូចាស់ដដែល និងយកបទពិសោធជីវិតកន្លងមកធ្វើជាមេរៀនបង្រៀនកូនចៅបន្ត។

    លី កាស៊ីង មហាសេដ្ឋីលំដាប់លេខ 1 របស់កោះហុងកុងបានកំណត់ច្បាប់វិន័យនៅក្នុងផ្ទះថា មិនថាការងារមមាញឹកប៉ុនណាក៏ដោយ រៀងរាល់ល្ងាចថ្ងៃច័ន្ទ សមាជិកគ្រប់រូបក្នុងគ្រូសារត្រូវតែមកជួបជុំគ្នាញ៉ាំបាយល្ងាចរួមគ្នា។

    សុជីវធម៌ក្នុងពេលបាយរបស់គ្រួសារមួយនេះ បង្ហាញឱ្យឃើញពីគុណភាពរបស់មនុស្សក្នុងត្រកូលនេះ ហើយយើងនឹងមិននឹកចម្លែកចិត្តឡើយដែលកូនប្រុសរបស់គាត់ទាំងពីរនាក់ជាមនុស្សដែលពោរពេញទៅដោយគុណភាព។ គ្រប់គ្នានៅជុំវិញតុបាយនឹងពោលពាក្យអរគុណអ្នកលើកម្ហូបអាហារមកឱ្យ ទោះជាអ្នកទាំងនោះត្រឹមតែជាអ្នកបម្រើនៅក្នុងផ្ទះក៏ដោយ។

    ថ្ងៃនេះយើងនាំគ្នាមកសិក្សាមើលទាំងអស់គ្នាថា តើហេតុអ្វីបានជាមហាសេដ្ឋីលំដាប់ពិភពលោកដូច លី កាស៊ីង អាចចិញ្ចឹមមើលថែ អប់រំកូនៗទាំងពីររបស់គាត់យ៉ាងមានគុណភាពដូច្នេះបាន។

    1 . នាំជិះរថយន្តក្រុង (សុខចិត្តធ្វើខ្លួនជាឪពុកកំណាញ់ស្វិត)

    លី ​កាស៊ីងចិញ្ចឹមកូនយ៉ាងសាមញ្ញ ទោះជាកូនៗរៀនក្នុងសាលាល្អលំដាប់ជួរមុខនៃកោះហុងកុងក៏ដោយ។ កូនអ្នកដទៃមានឡានជូនមករៀន ប្រើរបស់របរសុទ្ធតែប្រ៊េនដ៍ពេញខ្លួន តែលីតែងតែនាំកូនរបស់គាត់ជិះឡានក្រុងទៅសាលារៀន តែងខ្លួន និងប្រើរបស់របរដូចមនុស្សធម្មតាទូទៅ រហូតដល់កូនរអ៊ូថា ហេតុអីបានប៉ាមិនព្រមឱ្យអ្នកបើកឡានជូនពួកគេទៅរៀន។ លីប្រាប់កូនៗថា ពេលនៅលើរថយន្តសាធារណៈ កូននឹងបានជួប ដឹង និងរៀនយល់ដឹងជាមួយនឹងសភាពពិតប្រាកដរបស់មនុស្សគ្រប់ជាន់ថ្នាក់ តែបើនៅក្នុងរថយន្តផ្ទាល់ខ្លួនវិញ កូននឹងមើលមិនឃើញអ្វីឡើយ។ នៅថ្ងៃឈប់សម្រាក លីឱ្យកូនៗទៅធ្វើការងារផាតថាម ជាអ្នករត់តុ ជាអ្នកស្ពាយថង់ដងវាយកូនហ្គោលនៅតាមទីលានវាយកូនហ្គោល ហើយអ្វីដែលធ្វើឱ្យគាត់ត្រេកអរបំផុតនោះគឺ កូនៗប្រាប់ថា នឹងយកប្រាក់ដែលរកបានទាំងអស់ទៅជួយក្មេងៗដែលក្រលំបាក។

    លី កាស៊ីង ជាអ្នកបរិច្ចាគប្រាក់ច្រើនបំផុតដល់មូលនិធិសប្បុរសធម៌ តែនាឡិកាដែលគាត់ពាក់ ជានាឡិកាជប៉ុនមានតម្លៃត្រឹមតែ 26 ដុល្លារអាមេរិកប៉ុណ្ណោះ។ ខោអាវតាំងពីដប់ឆ្នាំមុន ក៏គាត់នៅតែស្លៀករហូតមកដល់សព្វថ្ងៃ។ ផ្ទះក៏ជាផ្ទះកាលពី 30 ឆ្នាំមុន។ អ្វីៗទាំងអស់នេះសុទ្ធតែជាគំរូដែលធ្វើឱ្យកូនៗចងចាំទុករហូតទៅ។

    2 . បង្រៀនកូនឱ្យក្លាយជាមនុស្សល្អ គឺជាតួនាទីសំខាន់បំផុតរបស់មនុស្សជាឪពុកម្ដាយ

    លីប្រាប់ថា ការសិក្សារបស់កូនចៅ 99% ត្រូវបង្រៀនគេឱ្យស្គាល់ពីគោលការណ៍នៃការធ្វើជាមនុស្សល្អជាមុន និងទោះជានៅពេលធំក្លាយជាមនុស្សធំហើយក៏ដោយ 2 ភាគ 3 ក៏នៅតែត្រូវបង្រៀនឱ្យធ្វើជាមនុស្សល្អដែរ និងនៅសល់ 1 ភាគ 3 ទៀត ទើបបង្រៀនពីវិធីធ្វើជំនួញ។ គាត់បង្រៀនកូនជានិច្ចថា កុំគិតតែចង់បាន ត្រូវគិតដល់បេះដូងអ្នកដទៃផង។ មនុស្សនឹងទទួលបានជោគជ័យ ត្រូវឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងគោរពពាក្យសន្យា។

    លី កាស៊ីង កើតក្នុងគ្រួសារក្រក្សត់ គាត់រៀនមិនចប់សូម្បីតែថ្នាក់បឋមផង គាត់ត្រូវខំព្យយាមសិក្សាបន្ថែមដោយខ្លួនឯង ជាពិសេសភាសាបរទេស។ ការងារមមាញឹកប៉ុនណា រៀងរាល់ល្ងាចគាត់នឹងទៅអង្គុយរៀនបន្ថែមចំណេះដឹងយ៉ាងមិនអស់សង្ឃឹម។ នេះជារូបបែបដែលនៅដិតជាប់នឹងភ្នែក និងក្នុងបេះដូងកូនៗរបស់គាត់តាំងពីតូចដល់ធំ(ឪពុកម្ដាយត្រូវធ្វើជាគំរូដល់កូនៗ)។

    គាត់តែងតែនាំយកទស្សនៈ ពាក្យប្រៀនប្រដៅ ចំណុចរិះគិតល្អៗរបស់អ្នកប្រាជ្ញចិនបុរាណមកបង្រៀនកូនរបស់គាត់ជាប្រចាំ។ នេះជាវិធីបណ្ដុះបណ្ដាលកូនៗរបស់គាត់រហូតដល់ក្លាយជាមនុស្សល្អរបស់សង្គម។

    (សូមរង់ចាំអានភាគបន្តនៅលេខក្រោយ)