Author: ធឿន មករា

  • Suarez មានភាគរយខ្ពស់ទៅលេងនៅ អ៊ីតាលី

    Suarez មានភាគរយខ្ពស់ទៅលេងនៅ អ៊ីតាលី

    លោក Ronald Koeman បាន​ប្រាប់​ទៅ Suarez ឱ្យ​រក​ក្លិប​ថ្មី​លេង បន្ទាប់ពី​មិន​ស្ថិតក្នុង​បញ្ជី​ត្រូវ​ប្រើប្រាស់​របស់​ក្រុម​សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខ។

    ក្រោយ​ការប្រកាស​ដើរចេញ និង​ស្វែងរក​ក្លិប​ថ្មី​កន្លងមក Juventus បាន​ចាប់អារម្មណ៍​លើ​រូបគេ ដោយបាន​ទាក់ទង​មក​គេ​ផ្ទាល់ ហើយ​មាន​គម្រោង​ចរចារ ក្នុងការ​នាំយក​កីឡាករ​រូបនេះ​មកជួយ​ក្រុម ស្រប​ពេលដែល​ក្លិប Juventus កំពុងតែ​ខ្វះ​ខ្សែការពារ​ស្រាប់​ផង។

    ដើម្បី​ដក​កីឡាករ​រូបនេះ​ចេញ Barcelona បាន​ចំណាយលុយ​អស់ 14លាន​ដុល្លារ ដើម្បី​រំលាយ​កុងត្រា​របស់គេ នៅ Barcelona។ សម្រាប់ Juventus វិញ ប្រហែលជា​សប្បាយចិត្ត ដោយសារតែ​អាច​ចាប់យក​ខ្សែការពារ​ល្អ 1រូប​មកជួយ​ក្រុម ដោយ​មិនចាំបាច់​ចំណាយលុយ សូម្បីតែ 1សេន៕

  • កូននឹងងាយជោគជ័យក្នុងជីវិត គ្រាន់តែឪពុកម្ដាយចេះបង្ហាត់ឱ្យចេះជួយធ្វើការងារផ្ទះ

    កូននឹងងាយជោគជ័យក្នុងជីវិត គ្រាន់តែឪពុកម្ដាយចេះបង្ហាត់ឱ្យចេះជួយធ្វើការងារផ្ទះ

    បច្ចុប្បន្ននេះ បញ្ហារឿងរបស់ការចិញ្ចឹមកូនបានក្លាយជារឿងដែលធំទៅៗជារឿយៗហើយនៅក្នុងសង្គម ព្រោះឪពុកម្ដាយខ្លួនឯងក៏នឹកសង្ឃឹមទុកដែរថា កូននឹងត្រូវតែទទួលជោគជ័យក្នុងជីវិតដែលល្អឱ្យបាន ទើបត្រូវមានការរៀបចំផែនការផ្សេងៗរួមទាំងជ្រើសរើសអ្វីដែលល្អបំផុតឱ្យដល់កូន សូម្បីតែសាលារៀនទៀតផង ដែលការពិតទៅ មិនចាំបាច់ត្រូវធ្វើដល់ថ្នាក់ហ្នឹងក៏បានដែរ ត្រឹមតែបង្ហាត់បង្រៀនពីគ្រឹះសំខាន់ៗដល់កូន ក៏គេមានឱកាសទទួលជោគជ័យក្នុងជីវិតបានទៅហើយ។

    បង្ហាត់កូនធ្វើការងារផ្ទះ គឺជាគ្រឹះរបស់ការទទួលជោគជ័យក្នុងជីវិត

    គ្រឹះរបស់ការចិញ្ចឹមកូនងាយៗដែលមនុស្សជាច្រើនមើលរំលងនោះគឺ រឿងរបស់ការបង្ហាត់ឱ្យចេះធ្វើការងារផ្ទះដល់គេហ្នឹងឯង ដោយអាចនឹងចាប់ផ្ដើមពី ចោលសំរាម បោសជូតសម្អាតលើកន្លែងដែលគេបានធ្វើឱ្យកខ្វក់ រំកិលជាបណ្ដើរៗរហូតទៅដល់លាងចានដែលគេញ៉ាំខ្លួនឯងរួចហើយ ជាដើម។ ដំបូងៗអាចនឹងមានការតតាំងខ្លះហើយថា ហេតុអីត្រូវធ្វើ? ដែលរឿងនេះឪពុកម្ដាយក៏ត្រូវព្យាយាមប្រើហេតុផលដើម្បីឱ្យកូនបានយល់ច្រើនបំផុតយ៉ាងចិត្តត្រជាក់។ នៅពេលធ្វើបែបនេះយូរៗទៅ ក៏នឹងក្លាយទៅជាទម្លាប់និស្ស័យរបស់ក្មេងដែលនឹងក្លាយជារឿងល្អដិតជាប់ខ្លួនទៅថ្ងៃមុខ។

    យកអ្វីមកវាស់ថា ពិតជាទទួលជោគជ័យក្នុងជីវិតមែន?

    មានការងារស្រាវជ្រាវមួយពីមហាវិទ្យាល័យ ហាវ៉ាដ ដែលបានធ្វើការសិក្សារយៈពេលវែងតាំងពីឆ្នាំ 1938 រហូតមកដល់បច្ចុប្បន្នដែលអាចសរុបបានថា រឿងដែលធ្វើឱ្យមនុស្សអាចទទួលបានភាពជោគជ័យក្នុងជីវិតបានមាន 2 ប្រការ គឺ សេចក្ដីស្រឡាញ់ និងការធ្វើការងារ។ ក្រៅពីនេះ Julie Haims អតីតអ្នកដឹកនាំក្រុមនិស្សិតពីមហាវិទ្យាល័យ ស្ទែនហ្វ៉ដ ថែមទាំងបានបញ្ជាក់ទៀតផងថា បើសិនចាប់ផ្ដើមបង្ហាត់ឱ្យកុមារធ្វើការងារផ្ទះតាំងពីតូចៗ ពួកគេនឹងអាចរៀនយល់ដឹងរឿងផ្សេងៗបានល្អឡើង ហុចផលឱ្យគេមានភាពទទួលខុសត្រូវចំពោះសង្គមសួនរួមបានរឹតតែល្អឡើងទៀតផងនាពេលអនាគត។

    ចំណុចល្អរបស់ការឱ្យកូនហ្វឹកហាត់ធ្វើការងារផ្ទះតាំងពីតូចៗ

    ព្រោះការឱ្យក្មេងៗបានហ្វឹកហាត់ធ្វើការងារផ្ទះទាំងក្នុងផ្នែករបស់ខ្លួនឯង និងសួនរួមនោះ នឹងធ្វើឱ្យពួកគេមើលឃើញភាពសំខាន់របស់ការធ្វើការងាររឹតតែខ្លាំងឡើង និងមានអារម្មណ៍ថា ខ្លួនឯងគឺជាផ្នែកមួយដ៏សំខាន់របស់គ្រួសារ រួមទាំងបទពិសោធនៃភាពលំបាកលំបិនដែលកាន់តែពិបាកឡើងជារឿយៗ នឹងធ្វើឱ្យគេមានអារម្មណ៍យល់ចិត្តអាណិតអាសូរអ្នកឯទៀតដោយខ្លួនឯង ដែលរាប់បានថា ជាការរៀនយល់ដឹងពីបទពិសោធពិត ដោយមិនចាំបាច់រកតម្រាពីទីណាមកបង្រៀនឱ្យនាំតែពិបាកនោះឡើយ។

    ការងារផ្ទះអ្វីខ្លះដែលគួរបង្ហាត់ឱ្យកូនធ្វើ

    ដូចដែលបានរៀបរាប់រួចហើយ នោះគឺ ឱ្យចាប់ផ្ដើមពីការចោលសំរាម រៀបចំរបស់របរដែលខ្លួនឯងរើយកមកលេង ជាដើម។ នៅពេលកូនចាប់ផ្ដើមធំឡើងបន្តិច ក៏អាចនឹងឱ្យលាងចានដែលខ្លួនឯងញ៉ាំរួចហើយ បោកខោអាវតូចៗរបស់ខ្លួនឯង រួចហើយសឹមរំកិលទៅរកការដុសខាត់ស្បែកជើង បោសផ្ទះ ជូតផ្ទះ ដែលក៏មិនពិបាកជ្រុលពេកឡើយសម្រាប់ក្មេងវ័យ 4 – 8 ឆ្នាំនោះ។

    នេះគឺជា គន្លឹះងាយៗដែលមិនចាំបាច់អស់ប្រាក់ច្រើនៗក្នុងការចិញ្ចឹមកូនដើម្បីរៀបចំគ្រឹះសាងភាពជោគជ័យក្នុងជីវិតដល់កូនរបស់លោកអ្នក គ្រាន់តែលោកអ្នកអាចនឹងត្រូវប្រើពេលវេលា ជាមួយនឹងហេតុផលខ្លះៗក្នុងការអធិប្បាយពន្យល់កូនប៉ុណ្ណោះ។ មានឪពុកម្ដាយជាច្រើននាក់ចូលចិត្តទម្រើសកូន មិនព្រមឱ្យកូនធ្វើអ្វី ដែលលទ្ធផលនឹងទទួលបាននោះគឺ ការខ្វះនូវភាពទទួលខុសត្រូវទាំងចំពោះខ្លួនឯង និងសង្គមសួនរួមហ្នឹងឯង ដូច្នេះអ្នកណាដែលមានកូនស្ថិតនៅក្នុងអំឡុងវ័យនេះមិនគួរខកខានប្រើតិចនិកនេះជាដាច់ខាត៕

  • កម្រិត​សញ្ញប​ត្រ​សំខាន់​ប៉ុណ្ណា​ចំពោះ​ការងារ?

    កម្រិត​សញ្ញប​ត្រ​សំខាន់​ប៉ុណ្ណា​ចំពោះ​ការងារ?

    រាល់ពេល​សម្ភាសន៍​ការងារ ឬ​និយាយ​ពី​ការសិក្សា គេ​និយាយ​ពី​សញ្ញាបត្រ​ទៅតាម​កម្រិតសិក្សា ដូចជា​មធ្យមសិក្សា កម្រិត​បរិញ្ញាបត្រ កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់ ឬ​កម្រិត​បណ្ឌិត​ជាដើម។ ជាក់ស្តែង ពេលខ្លះ​កម្រិត​ចំណេះដឹង​មិនអាច​វាស់​បាន​ទាំងស្រុង​នោះទេ​លើ​សញ្ញាបត្រ ព្រោះ​មាន​អ្នកមាន​សមត្ថភាព​ជាច្រើន​ក៏​មិនមាន​សញ្ញាបត្រ​ខ្ពស់​ខ្លាំង​ដែរ។ តែ​ទោះជា​យ៉ាងណាក្តី នៅពេល​សម្ភាសន៍​ការងារ​គេ​តែងតែ​ត្រូវ​ការមើល​លើ​ប្រវត្តិរូប​សង្ខេប ដោយ​ក្នុងនោះ​ក៏មាន​បញ្ចូល​ទាំង​សញ្ញាបត្រ​ផងដែរ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គីម ដា​រ៉ា ស្ថាបនិក​គ្រឹះស្ថាន​អប់រំ Start Up Cambodia បាន​លើកឡើងថា តាមពិតទៅ សញ្ញាប័ត្រ​មិនអាច​បញ្ជាក់​ពី​ទេពកោសល្យ​ក្នុង​ការធ្វើការងារ​នោះទេ ព្រោះ​ជាក់ស្ដែង​គឺ​ការងារ​ជា​អ្នក​បង្រៀន​យើង អ្នកណា​ខំ​ជាង អ្នក​ហ្នឹង​ពូកែ​ជាង តែ​ហេតុអ្វី​នៅតែ​ត្រូវការ​សញ្ញាប័ត្រ?

    លោក​ថា អ្វីដែល​សាលា​ផ្តល់ឱ្យ​យើង​គឺ​ក្រមសីលធម៌ ហើយ​ក្រមសីលធម៌​នេះហើយ​ដែល​ក្រុមហ៊ុន​ត្រូវការ។ ពេល​អ្នក​បាន​ចូល​សាលា រៀន​បាន​ច្រើន អ្នកនឹង​ខ្មាសអៀន​ក្នុងការ​ជេរប្រទិច​អ្នកដទៃ អ្នក​ខ្មាសអៀន​ក្នុងការ​លួច​របស់​អ្នកដទៃ ខ្មាសអៀន​ក្នុងការ​ធ្វើ​ឲ្យ​អ្នកដទៃ​ឈឺចាប់ ហើយ​អ្នកចេះ​អាណិត​និង​សណ្តោស​អ្នកដទៃ។

    លោក គីម ដា​រ៉ា បាន​និយាយថា៖ «យើង​កម្រ​ឃើញ​បទល្មើស​កើតចេញពី​បុគ្គល​ដែល​រៀន​ចប់​បរិញ្ញាបត្រ​ឬ​អនុបណ្ឌិត​ឬ​បណ្ឌិត​ណាស់ ព្រោះ​ក្រមសីលធម៌​ដែល​សាលា​បាន​បញ្ជ្រាប​ចូលក្នុង​ខួរក្បាល​ថា ទង្វើ​ដែល​ខុសឆ្គង មិនត្រូវ​ធ្វើ​ឡើយ»។

    អ្នក​អប់រំ​ខាងលើ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ផ្ទុយ​មកវិញ ពេល​មិនបាន​ចូល​សាលារៀន​ច្រើន យើង​ក៏​មិនសូវ​ទទួលបាន​ការបង្រៀន​ពី​ក្រមសីលធម៌​ឡើយ ហើយ​ពេលខ្លះ​យើង​ទទួល​មនោគមន៍​ពី​រឿងកុន ហើយក៏​ចង់​ធ្វើតាម ភ្លេចខ្លួន​ក៏​ធ្វើតាម ហើយក៏​ក្លាយខ្លួនជា​អ្នកទោស។ ដើម្បី​កាត់បន្ថយ​អ្នកទោស អ្វីដែល​ត្រូវធ្វើ​មុនគេ បញ្ជូន​កូន​ទៅ​រៀន​ឱ្យបាន​ច្រើន ជំរុញ​យុវជន​ឱ្យ​រៀន​ឲ្យ​បាន​ខ្ពស់ យ៉ាងហោច​ក៏​ចប់​បរិញ្ញាបត្រ​ដែរ ពេលនោះ​បទល្មើស​នឹងត្រូវ​បានកា​ត់​បន្ថយ៕

  • ក្រសួងអប់រំ ចេញសេចក្តីណែនៃស្តីពីការរៀបចំប្រឡងមធ្យមសិក្សាទុតិយភូមិ

    ក្រសួងអប់រំ ចេញសេចក្តីណែនៃស្តីពីការរៀបចំប្រឡងមធ្យមសិក្សាទុតិយភូមិ

    ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ 2020នេះ នឹងធ្វើ​ឡើង​នៅ​ចុងខែ​ធ្នូ ដោយសារតែ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​បញ្ហា​ជំងឺ Covid-19 ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា។

    នៅពេលថ្មីៗនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ​ផ្លូវការ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​សម្រាប់​ឆ្នាំ​សិក្សា 2019-2020 ដោយ​ក្នុងនោះ​ក្រសួង​បាន​បញ្ជាក់ថា ក្នុង​ស្មារតី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ដែល​អាច​ប៉ះពាល់​ដល់​ដំណើរការ​ប្រឡង ក្រសួង​អប់រំ បានចេញ​សេចក្តី​ណែ​នៃ​ឱ្យ​ពន្យារពេល​នៃ​ការប្រឡង។

    ដោយមាន​ការយល់ព្រម​ជាគោលការណ៍​ពី​រាជរដ្ឋាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម្រាប់​ឆ្នាំ​សិក្សា 2019-2020 នៅក្នុង​ខែធ្នូ​ឆ្នាំ 2020។ ហើយ​ដើម្បីឱ្យ​ការរៀបចំ​ការប្រឡង​ប្រព្រឹត្តិ​ទៅដោយ​រលូន មាន​គុណភាព​ស្របតាម​គោលការណ៍​ប្រឡង ក្រសួង​បានធ្វើ​ការណែនាំ​ជាច្រើន​ដូចជា​ការកំណត់​សម័យ​ប្រឡង​នៅ​ថ្ងៃទី 21 ខែធ្នូ ឆ្នាំ2020 របៀប​កំណត់​មណ្ឌល​ប្រឡង បេក្ខភាព​ប្រឡង ដំណើរការ​នៃ​ការធ្វើ​សំណេរ​ប្រឡង និង​គោលការណ៍សំខាន់ៗជាច្រើន​ផ្សេងទៀត៕

  • តុបតែងបន្ទប់អង្គុយលេងឱ្យអារម្មណ៍សប្បាយ សម្រាប់គ្រប់គ្នាក្នុងគ្រួសារ

    តុបតែងបន្ទប់អង្គុយលេងឱ្យអារម្មណ៍សប្បាយ សម្រាប់គ្រប់គ្នាក្នុងគ្រួសារ

    ផ្ទះណាៗក៏ដោយ មិនថាតូច ឬធំនោះទេ តែងតែមានបែងទីកន្លែងមួយជ្រុងទុកធ្វើជាកន្លែងសម្រាប់អង្គុយលេងសម្រាកលម្ហែ ដែលហៅថា “បន្ទប់អង្គុយលេង”។

    បន្ទប់នេះមិនមែនត្រឹមតែជាចំណុចកណ្ដាលរបស់ផ្ទះដែលគ្រប់គ្នានឹងមកប្រើប្រាស់រួមគ្នា ដើម្បីអង្គុយសម្រាក ជជែកគ្នាលេងក្រោយពេលត្រឡប់មកផ្ទះវិញរាល់ថ្ងៃនោះទេ តែវាមានអត្ថន័យក្នុងន័យជាទីកន្លែងនៃសេចក្ដីសុខរបស់មនុស្សគ្រប់គ្នានៅក្នុងផ្ទះទៀតផង ដូច្នេះទើបគួរតែផ្ចិតផ្ចង់ក្នុងការតុបតែង និងមើលថែបន្ទប់អង្គុយលេងនេះឱ្យស្រស់ស្អាត ស្រឡះសប្បាយ ដើម្បីឱ្យគ្រប់វិនាទីដែលសមាជិកគ្រួសារមកអង្គុយនៅក្នុងបន្ទប់នេះបានទទួលបរិយាកាសដែលល្អ និងមានអារម្មណ៍ធូរស្រាលបំផុត។ ថ្ងៃនេះ ឡារ៉ែនមានគំរូបន្ទប់អង្គុយលេងដែលពេញទៅដោយអារម្មណ៍មិត្តភាព គួរឱ្យអង្គុយលេងដែលរៀបចំតុបតែងយ៉ាងងាយៗមកជម្រាបជូន។

    ការរៀបចំបន្ទប់អង្គុយលេងក្នុងផ្ទះនាយុគសម័យថ្មីនេះ គេនឹងសង្កត់ធ្ងន់លើភាពសាមញ្ញ តែបង្កប់ដោយភាពលម្អិត ជាមិនិម៉លស៍ស្តាយល៍ដែលពេញបរិបូរណ៍ ដោយដាក់គ្រឿងសង្ហារិមគោលត្រឹមតែមួយប៉ុណ្ណោះ ដូចជា ឈុតកៅអីសាឡុងស្អាតៗ និងបន្ថែមដោយវត្ថុតុបតែងផ្ទះផ្សេងៗតាមតែចាំបាច់ ធ្វើឱ្យបរិយាកាសក្នុងបន្ទប់មើលទៅងាយៗសប្បាយៗ មានឱកាសដកដង្ហើមស្រួល មិននាំឱ្យស្អុះស្អាប់ ធុញថប់។

    អង្គប្រកបដែលជាតួកំណត់បរិយាកាសដល់បន្ទប់អង្គុយលេងមាន 5 ផ្នែកចម្បងៗគឺ

    – ពន្លឺដែលសមល្មម

    – ឆាកខាងក្រោយដ៏គួរឱ្យចាប់អារម្មណ៍

    – សម្ភារក្រាលកម្រាលផ្ទះ

    – គ្រឿងសង្ហារិមដែលស៊ីគ្នានឹងស្ទីលបន្ទប់

    – និងប្រឡោះខ្យល់ដែលជួយឱ្យខ្យល់អាកាសចេញចូលបានស្រួល

    ទាំងអស់នេះសុទ្ធតែជាបេះដូងគ្រឹះសំខាន់ៗដែលប្រើការបានល្អជាមួយគ្រប់បន្ទប់ មិនថាតែបន្ទប់តូច ឬធំ ឬស្ទីលបែបណាក៏ប្រើបានដែរ។ បើធុញទ្រាន់បន្ទប់ដដែលៗ ក៏អាចផ្លាស់ប្ដូរអង្គប្រកបក្នុងបន្ទប់ ដែលនឹងផ្លាស់ប្ដូរអារម្មណ៍ក្នុងទិដ្ឋភាពរួមបានដែរ ដូចជា ប្ដូរកៅអីសាឡុង បិទវ៉លផេភើរថ្មី ឬចោះប្រឡោះពន្លឺបន្ថែម ជាដើម។ល៕

  • កូនបៅឈ្លក់ទឹកដោះញឹកញាប់ តើមានគ្រោះថ្នាក់ដែរឬទេ? និងត្រូវកែបញ្ហានេះយ៉ាងណា?

    កូនបៅឈ្លក់ទឹកដោះញឹកញាប់ តើមានគ្រោះថ្នាក់ដែរឬទេ? និងត្រូវកែបញ្ហានេះយ៉ាងណា?

    មានជាច្រើនដងណាស់ដែលការចិញ្ចឹមកូនតូចរបស់លោកឪពុកអ្នកម្ដាយច្រើនតែសង្កេតឃើញថា កូនមានអាការឈ្លក់ទឹកដោះនៅពេលបៅ ដែលអ្នកខ្លះក៏មិនសូវជាផ្ដល់ការចាប់អារម្មណ៍លើរឿងនេះប៉ុន្មានទេ ព្រោះគិតថា ជារឿងធម្មតាដែលអាចកើតឡើងបានចំពោះក្មេងតូចៗ តែដឹងឬទេថា មានព័ត៌មានញឹកញាប់ណាស់ដែលពាក់ព័ន្ធនឹងការស្លាប់បាត់បង់ជីវិតរបស់ក្មេងទារកដែលបណ្តាលមកពីការឈ្លក់ទឹកដោះនេះ ព្រោះបណ្តាលមកពីការដកដង្ហើមដែលខុសប្រក្រតី ដូច្នេះហើយទើបឪពុកម្ដាយហាមមើលរំលងរឿងនេះជាដាច់ខាត និងគួរការពារមិនឱ្យកើតឡើងដោយវិធីខាងក្រោមនេះ។

    គួរឱ្យបៅទឹកដោះម្ដាយជាបន្តបន្ទាប់រហូតដល់អាយុ 6 ខែឡើងទៅ

    មានឪពុកម្ដាយមួយចំនួនដែលឱ្យកូនតូចបៅទឹកដោះគោម្សៅដោយការឆុងដាក់ដបទឹកដោះគោឱ្យមឹម តែអាចនឹងភ្លេចថា កូនរបស់លោកអ្នកមិនបានបៅទឹកដោះនោះជាប់រហូតនោះទេ ទើបអាចធ្វើឱ្យមានបញ្ហាទឹកដោះហូរចេញពីដបចូលទៅក្នុងបំពង់ករបស់កូនខណៈដែលគេកំពុងលង់លក់បាន ដែលបើសិនជាបៅទឹកដោះចេញពីដោះម្ដាយវិញ នឹងមិនសូវមានបញ្ហានេះកើតឡើងទេ។ រឹតតែឱ្យទឹកដោះគោឆុងទៅកូនបៅខណៈដែលកូនកំពុងតែហាមាត់ស្រែកយំផងនោះ រឹតតែប្រថុយក្នុងការធ្វើឱ្យកូនកើតការឈ្លក់ទឹកដោះខ្លាំងឡើងថែមទៀត។

    ឱ្យកូនតូចគេងផ្អៀងបន្ទាប់ពីបៅទឹកដោះហើយ

    ដើម្បីជាការការពារការឈ្លក់ទឹកដោះ គួរលើកកូនពពាក់លើស្មាដើម្បីឱ្យកូនតូចបានភើចេញមករៀងរាល់ពេលបំបៅទឹកដោះហើយ និងដាក់ឱ្យគេគេងផ្អៀងជំនួសការដាក់ឱ្យគេងផ្ងារ ដើម្បីការពារមិនឱ្យកើតមានការហូរទឹកដោះបញ្ច្រាសចេញមកពីបំពង់អាហាររហូតក្លាយជាហេតុឱ្យកើតការឈ្លក់ទឹកដោះបាន។

    ក្បាលដបទឹកដោះខុសខ្នាត ឬយ៉ាងណា?

    បើទោះជាកន្លងផុតអំឡុង 6 ខែហើយក៏ដោយ តែក៏ត្រូវមានការយកចិត្តទុកដាក់លើការបំបៅទឹកដោះកូនមិនអន់ជាងអំឡុងខែដំបូងៗដែរ ជាពិសេសក្បាលដបទឹកដោះដែលអាចនឹងមានខ្នាតធំរហូតធ្វើឱ្យទឹកដោះហូរចេញមកពីក្នុងដបច្រើនធ្វើឱ្យក្មេងមិនអាចលេបទាន់ ទើបបណ្ដាលឱ្យកើតជាការឈ្លក់ទឹកដោះក៏មាន។

    កុំបញ្ចុកទឹកដោះច្រើនជ្រុលពេក

    ដោយសារតែក្មេងតូចមិនទាន់ចេះនិយាយប្រាប់បានថា មានអ្វីខុសប្រក្រតីចំពោះខ្លួនឯងនោះ ទើបគេត្រូវប្រើការស្រែកយំជាសញ្ញាប្រាប់នៅពេលមានរឿងអ្វីម្យ៉ាងកើតឡើងនៅក្នុងខ្លួនគេ ដែលឪពុកម្ដាយមួយចំនួនអាចនៅថ្មីថ្មោងជាមួយនឹងការចិញ្ចឹមថែទាំកូន បែរជាយល់ថា កូនយំព្រោះឃ្លានបៅ ក៏ចាប់ដបទឹកដោះគោដាក់ឱ្យកូនបៅគ្រប់ពេលដែលកូនតូចស្រែកយំ រហូតកើតបញ្ហាទឹកដោះពេញហៀរក្រពះ និងធ្វើឱ្យក្មេងក្អែចេញមកវិញរហូតក្លាយជាការឈ្លក់ទឹកដោះក៏មាន។

    អាចបណ្ដាលពីភាពខុសប្រក្រតីរបស់អវយវៈណាមួយ

    បើសិនជាកូននៅតែកើតមានអាការឈ្លក់ទឹកដោះញឹកញាប់ និងមានសញ្ញាថាកាន់តែធ្ងន់ធ្ងរឡើងជារឿយៗនោះ ឪពុកម្ដាយគួរតែនាំកូនតូចទៅជួបលោកគ្រូពេទ្យដើម្បីធ្វើការពិនិត្យវិនិច្ឆ័យថា តើមានអាការខុសប្រក្រតីអ្វីដែរឬទេ? ដោយរោគដែលពាក់ព័ន្ធជាមួយការឈ្លក់ទឹកដោះនេះ គឺការដែលអវយវៈដែលពាក់ព័ន្ធនឹងការបឺតលេបមានភាពខុសប្រក្រតី ឬសួត និងបេះដូងមានបញ្ហា ជាដើម។

    បានដឹងបែបនេះហើយ ឡារ៉ែនសង្ឃឹមថា លោកឪពុកអ្នកម្ដាយនឹងប្រយ័ត្នប្រយែងខ្លាំងឡើងក្នុងការចិញ្ចឹមថែទាំកូនតូចក្នុងវ័យទារកនេះ និងគួរឧស្សាហ៍សង្កេតមើលអាការរបស់កូនតូចឱ្យបានគ្រប់ពេលថា តើមានការឈ្លក់ទឹកដោះដល់ថ្នាក់មុខឡើងក្រហម ឬស្លេកស្លាំងដែរឬទេ? បើសិនជាមិនស្រួល ក៏គួរតែប្រញាប់នាំកូនទៅជួបគ្រូពេទ្យភ្លាមៗតែម្ដងដើម្បីសុវត្ថិភាពរបស់កូនសម្លាញ់៕

  • វីតាមីនគឺជាអ្វី? និងជំនឿខុសៗពាក់ព័ន្ធនឹងវីតាមីន

    វីតាមីនគឺជាអ្វី? និងជំនឿខុសៗពាក់ព័ន្ធនឹងវីតាមីន

    នៅពេលនិយាយអំពីវីតាមីន មនុស្សភាគច្រើនតែងតែនឹកដល់ថ្នាំគ្រាប់ និងច្រើនតែយល់ខុសថា វីតាមីនគឺជាថ្នាំសម្រាប់ព្យាបាលជំងឺ។ ទោះជាវីតាមីននឹងបំពេញតួនាទីបានដូចថ្នាំក៏ដោយ តែក៏វីតាមីនមិនមែនជាថ្នាំព្យាបាលរោគដែេ។ វិតាមីន គឺជា​សារធាតុសរីរាង្គដែលចាំបាច់ចំពោះជីវិត ព្រោះវាជួយឱ្យរាងកាយបំពេញតួនាទីបានតាមប្រក្រតី តែទាំងអស់នេះរាងកាយមិនអាចសាងវីតាមីនឡើងមកដោយខ្លួនឯងបានទេ។

    បើរាងកាយគឺជាគ្រឿងយន្ត វីតាមីនគឺជាប៊ូហ្ស៊ី ដោយវាជាផ្នែកមួយក្នុងប្រព័ន្ធអង់ហ្ស៊ីមដែលធ្វើការស្រដៀងនឹងប៊ូហ្ស៊ីរបស់គ្រឿងយន្តដែរ វាផ្តល់ថាមពល និងគ្រប់គ្រងទហនកម្ម(ការបញ្ឆេះ)ខាងក្នុងរាងកាយ ធ្វើឱ្យយើងមានថាមពល មានកម្លាំងកំហែងក្នុងការធ្វើការងារ។ បើប្រៀបធៀបជាមួយ ប្រូតេអ៊ីន ខ្លាញ់ កាបូហាយដ្រេតវិញ បរិមាណការទទួលបានរបស់វីតាមីនអាចរាប់បានថា តិចខ្លាំងណាស់ តែកុំភ្លេចថា បើសិនជាខ្វះវីតាមីនមួយណាដែលចាំបាច់ចំពោះរាងកាយ ក៏អាចនឹងធ្វើឱ្យកើតមានគ្រោះថ្នាក់ដល់រាងកាយគ្រប់ផ្នែកបានទាំងអស់។

    វិតាមីនមានចំណែកជួយក្នុងការចម្រើនធំធាត់ និងការមានសុខភាពរឹងប៉ឹង ប៉ុន្តែវីតាមីននឹងមាននៅក្នុងអាហារតាមធម្មជាតិត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ ដែលនេះហើយជាហេតុផលថា ហេតុអីបានយើងត្រូវទទួលទានអាហារបំប៉ននោះ។ វីតាមីនដែលស្ថិតនៅក្នុងរូបភាពជាផលិតផលអាហារបំប៉នមានច្រើនបែប ដូចជា បែបគ្រាប់ ទឹក ចាហួយ ម្សៅ ឬបែបចាក់ និងទោះវាជាសាធាតុដែលច្នៃចម្រាញ់ឡើងក៏ដោយ តែក៏បានមកពីរុក្ខជាតិ ឬសត្វក្នុងធម្មជាតិដែរ។

    “រាងកាយមនុស្សយើងប្រហែលជាមិនអាចរស់នៅបានទេ បើខ្វះវីតាមីនដែលចាំបាច់គ្រប់ប្រភេទ”

    ជំនឿខុសៗពាក់ព័ន្ធនឹងវីតាមីន

    – វីតាមីនមិនអាចជំនួសអាហារបានទេ

    – វីតាមីនមិនអាចបឺតជ្រាបទៅក្នុងរាងកាយបានទេ បើមិនបានទទួលទានរួមជាមួយអាហារ

    – អ្នកមិនអាចទទួលទានតែវីតាមីន ហើយឈប់ទទួលទានអាហារផ្សេងទៀត ដោយសង្ឃឹមថា នឹងមានសុខភាពល្អបានទេ

    – វីតាមីនមិនមែនជាផ្នែកប្រកបរបស់គ្រោងសាងក្នុងរាងកាយមនុស្សទេ

    – វីតាមីនមិនអាចជំនួសដោយប្រូតេអ៊ីន អំបិលរ៉ែ ទឹក កាបូហាយដ្រេត ឬសូម្បីតែជំនួសគ្នាឯងក៏ដោយ!

    – វីតាមីនមិនមែនជាថ្នាំរម្ងាប់សរសៃប្រសាទទេ និងមិនបានផ្ដល់កម្លាំងថាមពល ឬកាឡូរីដល់រាងកាយឡើយ៕

  • ដំណាំ ខាត់ណា

    ដំណាំ ខាត់ណា

    ខាត់ណា ​ឬឈ្មោះខាងវិទ្យាសាស្រ្តហៅថា Brassica alboglabra មានដើមកំណើតនៅក្នុងទ្វីបអាស៊ី ដែលគេនិយមនាំគ្នាដាំច្រើនណាស់នៅក្នុងប្រទេសចិន តៃវ៉ាន់ ម៉ាឡេស៊ី ថៃ និងប្រទេសកម្ពុជាយើង។ ជាបន្លែដែលអាចរស់បាន 2 ឆ្នាំ តែអាចដាំបានរហូតពេញមួយឆ្នាំ ជាពិសេសក្នុងអំឡុងខែតុលា ដល់ខែមេសានឹងដាំដុះបានផលល្អបំផុត។ អាចដុះលូតលាស់បាននៅក្នុងសភាពដីស្ទើរតែគ្រប់ប្រភេទ និងដែលសំខាន់គឺ ជាប្រភេទបន្លែដែលអាចទទួលទានបានទាំងស្លឹក និងដើម។

    ខាត់ណាដែលគេនិយមដាំមានទាំងអស់ 3 ពូជគឺ ៖

    1 . ពូជស្លឹកមូល ដែលមានលក្ខណៈស្លឹកធំ ដើមខ្លី ចុងស្លឹក និងបន្ទះស្លឹកមានរាងទឹករលកតិចៗ។

    2 . ពូជស្លឹកស្រួច មានលក្ខណៈស្លឹកតូចវែងជាងពូជស្លឹកមូល ចុងស្លឹករាងស្រួច ដើមវែង ស្លឹកមានផ្ទៃរាប។

    3 . ពូជត្រួយ ឬមែក មានលក្ខណៈស្លឹកដូចខាត់ណាស្លឹកស្រួច តែចំនួនស្លឹកតិចជាង និងមានដើមវែងជាង។

    ការដាក់ដាំ

    ការត្រៀមដី ៈ ភ្ជួរដាស់ដីជម្រៅប្រមាណជា 20 – 30 សង់ទីម៉ែត្រ រួចហាលដីចោលពី 7 – 10 ថ្ងៃ ហើយកិនដីលម្អិត ដាក់ជីលាមកគោ ឬជីធម្មជាតិក្នុងអត្រា 2,000 គីឡូក្រាមក្នុងទំហំដី 15 គុណ 100 ម៉ែត្រ មុននឹងពង្រាបដីឱ្យរាប ព្រមទាំងលើកជារងកម្ពស់ 20 សង់ទីម៉ែត្រ ទទឹង 1.20 ម៉ែត្រ និងបណ្ដោយតាមប្រវែងដី។

    វិធីការដាំ ៈ យកចំបើងមកគ្របពីលើរងឱ្យសព្វកន្លែង ព្រមទាំងស្រោចទឹកឱ្យជោក បន្ទាប់ពីនោះក៏ព្រោះគ្រាប់ខាត់ណាឱ្យសព្វលើរង(ប្រើគ្រាប់ពូជអស់ប្រមាណជា 1.5 – 2 គីឡូក្រាមក្នុងទំហំផ្ទៃដីដូចខាងលើ បន្ទាប់មកស្រោចទឹកឱ្យជោក។ នៅពេលកូនខាត់ណាអាយុបាន 15 – 20 ថ្ងៃ ទើបដកបំបែកយកដើមដែលមិនសូវល្អចេញ ដោយទុកចន្លោះពីមួយដើមទៅមួយដើមប្រមាណ 20 – 30 សង់ទីម៉ែត្រ។

    ការមើលថែទាំ

    ការស្រោចទឹក ៈ បើត្រូវការឱ្យដើមខាត់ណាមានការលូតលាស់ល្អ និងឆាប់រហ័ស គួរស្រោចទឹកព្រឹក និងល្ងាច ព្រោះខាត់ណាជារុក្ខជាតិដំណាំដែលត្រូវការទឹកយ៉ាងគ្រប់គ្រាន់ និងជាប់លាប់។

    ការដាក់ជី ៈ នៅពេលអាយុគ្រប់ 7 ថ្ងៃ ចូរដាក់ជីរូបមន្ត 46 – 0 – 0 ឬ25 – 7 – 7 ក្នុងអត្រា 30 គីឡូក្រាមក្នុងទំហំដីដូចខាងលើ។ បន្ទាប់ពីនោះនៅពេលអាយុគ្រប់ 10 – 15 ថ្ងៃ ចូរដាក់ជីរូបមន្តស្មើ 15 – 15 – 15 ក្នុងអត្រា 30 – 40 គីឡូក្រាមក្នុងទំហំដីដូចខាងលើ និងស្រោចទឹកតាមក្រោយភ្លាមបន្ទាប់ពីដាក់ជីហើយគ្រប់ពេល។

    ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ គួរថែបំប៉នដើមដំណាំឱ្យរឹងមាំដោយការកម្ចាត់សត្រូវដំណាំ។ បើមានរោគសត្វល្អិតរាតត្បាត គួរប្រើសារធាតុធម្មជាតិ ឬប្រើវិធីការផ្សេងៗ ក្នុងការកម្ចាត់ ដូចជា សត្វដង្កូវផ្សេងៗចូរប្រើដៃចាប់ចេញ ប្រើសារធាតុស្លឹកស្ដៅពីធម្មជាតិលាយជាមួយទឹក រួចបាញ់ពីក្រោមស្លឹក ចំណែកសត្វស្រមោច ខ្យងទាក ចូរប្រើកំបោរសរោយពីលើស្ដើងៗ។

    ការប្រមូលផល

    ខាត់ណាជាដំណាំដែលរីកលូតលាស់ធំធាត់លឿន អាយុប្រមាណ 45 – 55 ថ្ងៃ ក្រោយពីដាក់ដាំក៏អាចប្រមូលផលបានហើយ ដែលអាចនិយាយបានថា ជាអំឡុងពេលដែលធំពេញទំហឹងហើយ។ ចំណែកកូនខាត់ណា ឬហៅថាត្រួយខាត់ណាវិញ អាចប្រមូលផលបានក្នុងអំឡុងអាយុប្រមាណ 30 ថ្ងៃ៕

  • នៅពេលកូនតូចឈានចូលខែទី 5

    នៅពេលកូនតូចឈានចូលខែទី 5

    ខែទី 5

    លក្ខណៈរបស់កូនតូច

    កូនតូចចាប់ផ្ដើមលេងកាន់តែពូកែឡើងជារៀងរាល់ថ្ងៃ ក្មេងខ្លះអាចមានសញ្ញារពឹសចេញមកឱ្យអ្នកម្ដាយត្រៀមចាំទប់ទល់រួចជាស្រេចហើយ។ កូនតូចតូចចេះសើចកក្អឹកបានពូកែជាងមុន តែទាំងអស់នេះក៏ត្រូវស្ថិតនៅលើមនុស្សជុំវិញត្រូវយកចិត្តទុកដាក់ជាពិសេសគឺ និយាយលេង ឬលេងជាមួយឱ្យបានញឹកញាប់។ ពេលខ្លះកូនក្នុងវ័យនេះក៏ហាក់ដូចជាមានពិភពផ្ទាល់ខ្លួនរបស់គេដែរ គឺចាប់អារម្មណ៍សម្លឹងមើល ឬលេងជាមួយរបស់អ្វីមួយជាពិសេស អាចជារបស់លេង បាតដៃ ម្រាមដៃ ឬជើងទាំងសងខាងរបស់ខ្លួនឯងជាដើម។ នោះគឺដោយសារតែកូនកំពុងរៀនយល់ដឹងថា ខ្លួនឯងគឺជាចំណែកមួយផ្សេងពីអ្វីជុំវិញខ្លួន។

    ថ្ងៃនេះអ្នកម្ដាយត្រូវមានការលាង ឬជូតសម្អាតរបស់លេងឱ្យកូនតូចយ៉ាងជាប់លាប់ ព្រោះកូនតូចច្រើនតែចាប់យកដាក់មាត់ លិទ្ធ បឺត ដែលអ្នកម្ដាយមិនគួរទៅហាមគ្រប់យ៉ាងនោះទេ ព្រោះការធ្វើបែបនេះជាការរៀនយល់ដឹងមួយវិធីរបស់កូនដែរ។ ក្មេងខ្លះអាចនឹងចូលចិត្តជញ្ជក់ម្រាមដៃខ្លាំង ដែលការជញ្ជក់ម្រាមដៃរបស់ក្មេងក្នុងវ័យនេះអាចជាការសម្ដែងចេញឱ្យដឹងថា កូនកំពុងតានតឹង ព្រោះការបានឃើញអ្វីផ្សេងៗនៅពិភពខាងក្រៅនេះច្រើនឡើង។ អ្នកម្ដាយនៅមិនទាន់ចាំបាច់ត្រូវប្រញាប់ចាប់ម្រាមដៃកូនចេញទេ តែចូរប្រើវិធីលេងជាមួយកុនដោយយករបស់លេងមកកាន់ឱ្យកូន ជាការបង្វែរចំណាប់អារម្មណ៍។

    អាការដែលអាចកើតឡើង

    អាចម៍ត្រចៀកហៀរចេញ

    អ្នកម្ដាយអាចនឹងទើបតែសង្កេតឃើញថា អាចម៍ត្រចៀកកូនហៀរចេញ និងនៅចាំជូតចេញ ដោយអ្នកម្ដាយគ្រាន់តែយកដុំសំឡីកូតុង បាត់(ដុំសំឡីតូចៗមានដងកាន់)មកជូតជុំវិញរន្ធត្រចៀកបានហើយ មិនត្រូវជូតចូលទៅក្នុងរន្ធត្រចៀកកូនឡើយ។ វាមិនមែនជារឿងខុសប្រក្រតីទេ វាជាលក្ខណៈដោយឡែករបស់ក្មេងខ្លួនឯង តែបើអាចម៍ត្រចៀកហៀរចេញមកតែម្ខាងណាមួយ រួមទាំងមានគ្រុនក្ដៅខ្លួន ស្រែកយំរករឿងនៅពេលយប់ផងនោះ អាចជាអាការរបស់ជំងឺរលាករន្ធត្រចៀកខាងក្នុង ចូរអ្នកម្ដាយប្រញាប់នាំកូនតូចទៅមន្ទីរពេទ្យកុមារ។

    គ្រុនក្ដៅកំណើត

    ជាទូទៅគ្រុនក្ដៅកំណើតនេះនឹងកើតនៅលើក្មេងដែលមានអាយុ 6 ខែឡើងទៅ តែក៏មានមិនតិចដែរដែលកើតក្នុងអំឡុងខែនេះ។ អាការគឺ មានឡើងកម្ដៅខ្លួន 3 ថ្ងៃដោយគ្មានអាការក្អក តែមានហៀរសំបោរ និងរាក។ លុះដល់ថ្ងៃទី 4 កម្ដៅខ្លួនថយចុះ តែមានឡើងស្នាមអុចៗតូចៗក្រហមៗដូចជាស្នាមមូសខាំច្រើន អំឡុងពេលនេះកូនអាចនឹងស្រែកយំរំខានខ្លះដែរ តែដល់ថ្ងៃទី 5 ស្នាមអុចៗក្រហមៗទាំងនោះក៏រលុបបាត់អស់ទៅវិញ។

    វិវឌ្ឍនាការរបស់កូន

    រាងកាយ

    – កូនតូចអាចគ្រប់គ្រងការធ្វើចលនាផ្នែកផ្សេងៗបានកាន់តែល្អឡើង សាច់ដុំក និងខ្នងរឹងមាំ ក្បាលបញ្ឈរត្រង់បានយ៉ាងល្អ

    – អាចអង្គុយបានបើសិនមានអ្វីមកកល់ទប់ពីក្រោយខ្នង ក្មេងខ្លះអាចអង្គុយបានយូរជាង 30 នាទី។

    – ប្រើម្រាមមេដៃ និងម្រាមចង្អុលដៃក្នុងការចាប់អ្វីៗបានកាន់តែជំនាញឡើង។

    – ប្រើដៃកាន់របស់លេងបានទាំងដៃម្ខាង និងទាំងពីរខាង។

    – ប្ដូររបស់លេងកាន់ពីដៃម្ខាងទៅដៃម្ខាងទៀតបាន។

    – កាន់របស់លេង ហើយអង្រួនឱ្យកើតមានសំឡេងលាន់ឮឡើងបានដោយដៃទាំងពីរ និងចូលចិត្តចាប់របស់ផ្សេងៗដាក់ចូលមាត់ ដើម្បីសាកល្បងភ្លក្ស។

    – ដៃ និងខ្សែភ្នែកធ្វើការរួមគ្នាបានយ៉ាងល្អ។

    សង្គមជុំវិញខ្លួន

    – ចេះមើលដឹងថាជាឪពុកម្ដាយ ចាស់ៗ​ដែលនៅជិតដិត និងមនុស្សប្លែកមុខដទៃទៀតបាន។

    – ចេះមើលដឹងពីភាពខុសប្លែករវាងរូបមែនទែន និងរូបនៅក្នុងកញ្ចក់។

    – ចេះលើកដៃឡើងប្រាប់ថា ចង់ឱ្យព បានហើយ

    – ចូលចិត្តបញ្ចេញសំឡេងតាម នៅពេលបានឮសំឡេងនិយាយ ឬតាមសម្លឹងមើលមាត់អ្នកដទៃដែលកំពុងនិយាយ ជាការរៀនយល់ដឹងពីភាសា។

    – បង្ហាញចេញផ្នែកខាងអារម្មណ៍ច្រើនឡើង មិនថាតែការភ័យខ្លាច ក្ដីកង្វល់ ខឹង ឬបញ្ចេញអាការតតាំងនៅពេលត្រូវធ្វើឱ្យ​ទាស់ចិត្ត ឬត្រូវគេដណ្ដើមរបស់លេងពីដៃ ជាដើម។

    លេងជាមួយកូនឱ្យបានញឹកញាប់

    – ក្នុងអំឡុងពេលកើតដំបូង – 1 ឆ្នាំ ក្មេងមានវិវឌ្ឍនាការទាំងផ្នែករាងកាយ និងចិត្តគំនិតលឿនណាស់ ដូច្នេះ ការនៅជិតដិត ការជំរុញបង្កើនដែលស័ក្តិសមល្អត្រឹមត្រូវនឹងក្លាយជាគ្រឹះដែលធ្វើឱ្យកូនតូចរីកចម្រើនធំធាត់បានល្អបំផុត ដូច្នេះទើបឪពុកម្ដាយគួរតែលេងជាមួយកូន និងតបស្នងតម្រូវការរបស់កូនឱ្យបានគ្រប់គ្រាន់ល្អ។

    – ក្នុងអំឡុងពេលនេះអាចនឹងចាប់ផ្ដើមលេង “វាក់អើុ!” ជាមួយកូនបានហើយ។ កូននឹងរៀនយល់ដឹងនូវអ្វីដែលមានជាបណ្ដើរៗ និងឧស្សាហ៍ហៅឈ្មោះកូនឱ្យបានញឹកញាប់។ មិនយូរប៉ុន្មានទៀតទេ កូននឹងបានដឹងថា គេគឺជានរណា៕

  • បងៗស្រ្តីមេផ្ទះដឹងទេថា ទឹកលាងអង្ករមានប្រយោជន៍យ៉ាងណាខ្លះ?

    បងៗស្រ្តីមេផ្ទះដឹងទេថា ទឹកលាងអង្ករមានប្រយោជន៍យ៉ាងណាខ្លះ?

    ផ្ទះណាដែលដាំបាយបរិភោគដោយខ្លួនឯង ពេលលាងសម្អាតគ្រាប់អង្ករតែងតែមានទឹកអង្ករនៅសល់ ដែលជាធម្មតាបងៗស្រ្តីមេផ្ទះនឹងចាក់វាចោលជានិច្ច តែឥឡូវឈប់សិន! តើបងៗដឹងទេថា យើងអាចយកទឹកលាងអង្ករនេះទៅប្រើឱ្យកើតជាប្រយោជន៍បានច្រើនយ៉ាងណាស់ ជាពិសេស 5 ចំណុចខាងក្រោមនេះ ឡារ៉ែនជឿថា នៅពេលដែលបងៗបានដឹងហើយ បងៗនឹងលែងចាក់ទឹកលាងអង្ករចោលទៀតហើយ…។

    1 . ទឹកអង្ករអាចកម្ចាត់មុនបាន ៈ ស្រ្តីជនជាតិឥណ្ឌូនេស៊ី និងជប៉ុនមានវិធីថែទាំស្បែកមុខដោយទឹកលាងអង្ករ។ ពួកគាត់ប្រាប់ថា ទឹកលាងអង្ករជួយសម្អាតស្បែកមនុស្សយើងបានល្អណាស់។ បន្ទាប់ពីលាងអង្ករហើយ ចូរយកទឹកនោះមកចាក់ដាក់កែវទុក បន្ទាប់មកយកទៅទុកនៅក្នុងទូទឹកកក ហើយយកសំលីមកជ្រលក់ជូសម្អាតផ្ទៃមុខ និងបំពង់ក។

    2 . យកទឹកលាងអង្ករស្រោចដើមផ្កា ៈ នៅក្នុងទឹកលាងអង្ករមានសារធាតុអាហារដែលមានប្រយោជន៍ច្រើនណាស់ ដែលល្អ និងស័ក្តិសមបំផុតក្នុងការយកទៅស្រោចដើមផ្កា ឬដំណាំហូបផ្លែតូចៗ ដូចជា ដើមម្ទេស ដើមជីរ ឬដើមត្រប់ ជាដើម។ បើបានស្រោចដើមផ្កាដោយទឹកលាងអង្ករមួយសប្ដាហ៍មួយដង ដើមផ្កាទាំងនោះនឹងរីកលូតលាស់ និងមាំមួន បែកមែកខៀវខ្ចី និងចេញផ្កាល្អស្រស់បំព្រង។

    3 . ជួយឱ្យសរសៃសក់រឹងប៉ឹង ៈ ទឹកលាងអង្ករមានប្រូតេអ៊ីនដែលនឹងជួយធ្វើឱ្យសរសៃសក់រឹងមាំ ភ្លឺរលោង ដោយបន្ទាប់ពីកក់សក់ដោយសាប៊ូកក់សក់រួច ចូរយកទឹកលាងអង្ករមកលាប ហើយផ្អាប់ទុកចោលប្រមាណជា 10 នាទី បន្ទាប់មកលាងសម្អាតចេញដោយទឹកស្អាតធម្មតា សរសៃសក់នឹងមានសុខភាពល្អឡើង។

    4 . ជួយឱ្យផ្ទាំងក្រណាត់ផ្សេងៗមិនងាយខ្ទេចញក់ញី ៈ គ្រាន់តែយកផ្ទាំងក្រណាត់ទាំងនោះមកដាក់ត្រាំក្នុងទឹកលាងអង្ករប្រមាណជា 5 នាទី ហើយយកទៅបោកលាងសម្អាតចេញ នៅពេលស្ងួតហើយ ផ្ទាំងក្រណាត់ទាំងនោះមិនខ្ទេចញក់ញី និងថែមទាំងងាយស្រួលអ៊ុតទៀតផង។

    5 . ជួយឱ្យស្បែករាងកាយរលោង បន្ថយការផ្សារក្រហាយ ៈ សម្រាប់អ្នកដែលងាយមានអាការប្រតិកម្មចាញ់នឹងអ្វីមួយ ដែលបណ្ដាលឱ្យនៅលើស្បែកមានឡើងកន្ទាលត្រអាក ឬរមាស់ផ្សា គ្រាន់តែយកសំលីជ្រលក់នឹងទឹកលាងអង្ករមកដុសថ្នមៗចុះឡើងនៅត្រង់កន្លែងមានបញ្ហានោះ និងទុកចោលមួយស្របក់ វានឹងជួយកាត់បន្ថយអាការរមាស់ផ្សា និងធ្វើឱ្យស្បែកទន់រលោងទៀតផង៕