Author: ធឿន មករា

  • កម្ពុជា-ជប៉ុន ដោះស្រាយបញ្ហាប្រឈមក្នុងវិស័យពាណិជ្ជកម្ម និងរិះរកវិធីឆ្លើយតបតាមសំណើររបស់អ្នកវិនិយោគ

    កម្ពុជា-ជប៉ុន ដោះស្រាយបញ្ហាប្រឈមក្នុងវិស័យពាណិជ្ជកម្ម និងរិះរកវិធីឆ្លើយតបតាមសំណើររបស់អ្នកវិនិយោគ

    ជប៉ុន និង​កម្ពុជា ជា​ប្រទេស​ដែលមាន​ទំនាក់ទំនង​គ្នា​ជា​យូរណាស់​មកហើយ ដោយ​ក្នុងនោះ​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​ក៏បាន​ដាក់​វិនិយោគ​នៅ​កម្ពុជា ដើម្បី​រកស៊ី និង​ភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន និង​ប្រជាជន។

    បើតាម​ការបញ្ជា​ក់រប​ស់​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា គិត​ត្រឹម​ដំណាច់ខែ​កក្កដា ឆ្នាំ2020 នេះ ជប៉ុន​វិនិយោគ​នៅ​កម្ពុ​ជាមាន​ទំហំ​ទឹកប្រាក់ 2.8ពាន់​លាន​ដុល្លារ​អាមេរិក។

    ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សកម្មភាព​វិនិយោគ​របស់​អ្នកវិនិយោគ​ជប៉ុន​ទាំងអស់ ជាពិសេស​ការវិនិយោគ​ក្នុង​វិស័យ​កម្មន្តសាល​មិនមែន​វាយ​ន​ភណ្ឌ ដែល​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួមចំណែក​ដល់​ការធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា និង​ការអភិវឌ្ឍ​ធនធានមនុស្ស ស្របតាម គោលនយោបាយ​អភិវឌ្ឍ​ន៍ វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ2015-2025 ដែលមាន​ចក្ខុវិស័យ​កែប្រែ​រចនាសម្ព័ន្ធ ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅជា​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ ឱ្យបាន​ត្រឹម​ឆ្នាំ2025។

    ដើម្បី​ជំរុញ​ឱ្យ​ទំនាក់ទំនង និង​ការវិនិយោគ​រវាង​កម្ពុ​ជា-ជប៉ុន មាន​លក្ខណៈ​កាន់តែ​ប្រសើរ កម្ពុជា និង​ជប៉ុន បាន​លើកយក​បញ្ហា​មួយចំនួន​ដើម្បី​ពិភាក្សា​ដូចជា បញ្ហា​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា បញ្ហា​កាតព្វកិច្ច​សារពើពន្ធ បញ្ហា​បទបញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​រថយន្ត បញ្ហា​វឌ្ឍនភាព​នៃ​ការត្រៀម​បើក​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​នៅ​ក្រុង​ប៉ោយប៉ែត និង​ការសម្រួល​និតិ​វិធី​បញ្ចេញ​ទំនិញ​ពី​គយ។

    ក្នុងនោះដែរ ភាគី​កម្ពុជា​ក៏បាន​បង្ហាញ​ក្តី​សង្ឃឹមថា ក្រុមហ៊ុន​អាកាសចរ ANA នឹង​ចាប់ផ្តើម​ការហោះហើរ​ផ្ទាល់ រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​ឡើងវិញ​នាពេលឆាប់ៗខាងមុខ ដែល​នឹង​ជួយ​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​មានការ​កើនឡើង៕

  • ការអប់រំកូនដោយមិនស្រែកគំហក នឹងធ្វើឱ្យកូនក្លាយជាមនុស្សល្អ និងស្ដាប់បង្គាប់

    ការអប់រំកូនដោយមិនស្រែកគំហក នឹងធ្វើឱ្យកូនក្លាយជាមនុស្សល្អ និងស្ដាប់បង្គាប់

    ធ្លាប់នឿយហត់ដែរឬទេ នៅពេលដែលកូនធ្វើឱ្យយើងខឹងមួម៉ៅ? ដូច្នេះសូមអាណាព្យាបាលទាំងឡាយបែរមកសាកល្បងមើលពីគន្លឹះល្អៗក្នុងការអប់រំកូនដោយមិនចាំបាច់ស្រែកគំហកដាក់កូន ឬខឹងមួម៉ៅវិញប្រសើរជាង។

    អ្នកគ្រូ Leah Koenig គ្រូបង្វឹកការចិញ្ចឹមមើលថែទាំក្មេងតូចបានប្រាប់ថា រឿងដំបូងគេដែលយើងគួរធ្វើគឺ គិតជាមុនសិនថា តើរឿងដែលអ្នកចង់បាននោះគឺអ្វី? បើអ្នកខឹងក្រេវក្រោធ និងដាក់ទោសកូនភ្លាមៗតែម្ដងនោះ អាចនឹងធ្វើឱ្យកើតផលអាក្រក់ច្រើនជាងផលល្អដល់រូបអ្នកខ្លួនឯង តែបើសិនមនុស្សជាឪពុកម្ដាយអាចរម្ងាប់អារម្មណ៍ខឹងសម្បាបាន ហើយគិតរកវិធីកែបញ្ហាយ៉ាងចម្រើនវិញនោះ ពីការដាក់ទោសដែលអាក្រក់ៗ អាចនឹងក្លាយជារឿងល្អៗដែលបានអប់រំប្រដៅកូន និងថែមទាំងទទួលបានលទ្ធផលល្អហួសពីការនឹកគិតទៀតផង។

    អប់រំកូនងាយៗឱ្យបានលទ្ធផលល្អដោយការឱប!

    បងប្អូនឈ្លោះគ្នា ឪពុកម្ដាយធ្វើយ៉ាងណាល្អ?

    បើលោកអ្នកឃើញថា កូនៗកំពុងតែវាយតប់គ្នា ចូរប្រញាប់បំបែកកូនៗចេញពីគ្នា។ ប្រាប់កូនថា ចូរទៅឈរនៅឱ្យឆ្ងាយពីគ្នា ដើម្បីឱ្យស្ងប់សតិអារម្មណ៍ បន្ទាប់ពីនោះ ចាប់ទាំងពីរនាក់ឱ្យបែរមុខរកគ្នា ហើយប្ដូរពាក្យសូមទោសគ្នាទៅវិញទៅមក ដូចជា ៈ

    – ឱ្យបង(ឬអូន)សូមទោសសម្រាប់…(រឿងដែលធ្វើខុស)។

    – បង(ឬអូន) ធ្វើឡើងដោយសារតែ…(អធិប្បាយថា ហេតុម៉េចបានធ្វើ) និង

    – ចាប់ពីពេលនេះទៅ បង(ឬអូន)នឹង…(និយាយពីអ្វីដែលខ្លួនគួរធ្វើ)

    លុះកូននិយាយចប់ ចូរឱ្យកូនឱបគ្នា។ ពេលនោះពួកគេអាចនឹងមានអារម្មណ៍ប្លែកៗក្នុងពេលដំបូងៗ តែនៅពេលៗវេលាកន្លងទៅ ក៏នឹងអស់សំណើចឃឹកៗ ហើយអ្វីគ្រប់យ៉ាងក៏នឹងត្រឡប់មកប្រក្រតីឡើងវិញ។ គឺជាវិធីងាយៗក្នុងការជួយបង្រ្កាបបងប្អូនដែលឈ្លោះគ្នាឱ្យត្រឡប់មកស្រឡាញ់គ្នាដូចដើមវិញ។

    ចាប់ផ្ដើមប្រដៅ! (មិនមែនចាប់ផ្ដើមវាយទេណា៎!)

    មុននឹងភ្លេចខ្លួនលើកដៃវាយកូនពេញមួយទំហឹងនោះ មនុស្សជាឪពុកម្ដាយគួរចេះហាមចិត្តខ្លួនឯង មិនវាយកូនដោយដៃ ឬដោយរំពាត់នោះទេ តែចូរជ្រើសរើសយកការអធិប្បាយពន្យល់ឱ្យកូនយល់។ មិនមែនជាការហាមកូនទេ ព្រោះថា រឹតតែហាមដូចរឹតតែពន្យុះ កូនរឹតតែធ្វើ ឪពុកម្ដាយរឹតតែខឹងឡើង ក្លាយទៅជា កូនខ្វះភាពជឿជាក់លើខ្លួនឯង និងថែមទាំងប៉ះពាល់ដល់សម្ព័ន្ធភាពឪពុកម្ដាយកូននាំឱ្យកើតស្នាមប្រេះឆាទៀតផង។

    តិចឱ្យប៉ូលិសចាប់! ឌឺពេក តិចឱ្យពេទ្យចាក់ថ្នាំ!

    ឪពុកម្ដាយជាច្រើនចូលចិត្តប្រើពាក្យសម្ដីទាំងនេះ ដែលក្រៅតែពីសាងនូវក្ដីភ័យខ្លាចដល់ក្មេងៗហើយ វាថែមទាំងមិនអាចជួយអ្វីបានសោះឡើយ។ ដូច្នេះជំនួសឱ្យការកុហកឱ្យខ្លាច ឬសម្លុតកូន ចូរសាកល្បងសម្ដែងតាមតួនាទីវិញ ដូចជា នៅពេលកូនធ្វើខុស ក៏សរសេរក្រដាសដែលមានបញ្ជាក់ពីកំហុសរបស់កូន ប្រាប់ពីលទ្ធផលដែលកូននឹងទទួលបាន អធិប្បាយឱ្យស្ដាប់ថា ការធ្វើខុស ជាមនុស្សមិនល្អ មានការដាក់ទោសតាមច្បាប់យ៉ាងណា ឬកូននឹងត្រូវជួបនឹងអ្វីខ្លះនៅពេលធ្វើខុសជាដើម។

    ឱ្យកូនជូតសម្អាត ឬរៀបចំឡើងវិញ ពេលធ្វើអ្វីមួយកខ្វក់ ឬមិនរៀបរយ

    កូនប្រុសរបស់អ្នកសរសេរអត្ថបទនេះ(អ្នកគ្រូ ឆវី)អាយុ 5 ឆ្នាំ ចូលទៅលេងក្នុងទូដាក់ខោអាវរបស់នាង ហើយភ្លាមនោះ សំពត់អាវខាងលើក៏ធ្លាក់ចុះមករាយប៉ាយអស់រលីង។ ស្មេរប៊ិះតែនឹងចូលទៅរៀបចំបត់ខោអាវ និងសម្អាតទូនោះវិញទៅហើយ តែក៏នឹកឃើញឡើងថា ហេតុអីមិនឱ្យកូនប្រុសកំពូលរពឹសរបស់ខ្លួនធ្វើទៅ?!។

    ធ្វើបែបនោះ កូនប្រុសរបស់នាងក៏បានរៀនយល់ដឹងពីការរៀបចំបត់ខោអាវយ៉ាងត្រឹមត្រូវ និងអ្វីដែលសំខាន់ជាងនោះទៅទៀតនោះគឺ គេរៀនបានយល់ដឹងថា តើវានឿយហត់ប៉ុនណាក្នុងការរៀបចំទុកដាក់ឡើងវិញនូវអ្វីដែលគេបានធ្វើឱ្យរាយប៉ាយនោះ។ ទីបំផុតកូនប្រុសរបស់នាងក៏រៀបចំទុកដាក់ឡើងវិញយ៉ាងស្អាតបាត និងថែមទាំងបាននិយាយអរគុណម្ដាយដែលបានធ្វើឱ្យគេមានអារម្មណ៍ថា ខ្លួនគេប្រៀបដូចជាមនុស្សធំម្នាក់ទៀតផង។

    ល្មមបញ្ឈប់ហើយ សម្រាប់ការដាក់ទោសបែបដាក់គុកនោះ!

    ជំនួសឱ្យការបញ្ជាឱ្យកូនទៅឈរស្ងៀមនៅត្រង់ជ្រុងណាមួយនៅក្នុងបន្ទប់ ព្រមទាំងឱ្យគិតឡើងវិញថា បានធ្វើអ្វីខុសនោះហេតុអីមិនប្រគល់ភារកិច្ចអ្វីមួយឱ្យកូនធ្វើវិញ? អាចនឹងឱ្យធ្វើកិច្ចការផ្ទះ ធ្វើលំហាត់ ហាត់សរសេរអក្សផ្ចង់ ឬអានសៀវភៅជាដើម ដែលក្រៅពីនឹងធ្វើឱ្យកូនមានអារម្មណ៍ត្រជាក់ឡើងហើយ នៅជួយឱ្យគេផ្ចង់ស្មារតីលើការធ្វើរឿងល្អៗឱ្យសម្រេចច្រើនឡើងទៀតផង។

    វិធីអប់រំកូនដោយមិនស្រែកគំហកដាក់ គឺជារឿងដែលល្អ ព្រោះកូននឹងមិនខូចចិត្ត តែក៏កុំភ្លេចអប់រំប្រៀនប្រដៅកូនដោយវិធីផ្សេងៗទៀតផង ដើម្បីឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សល្អ និងស្ដាប់បង្គាប់ឪពុកម្ដាយ៕

  • ឆ្នាំ2019 កម្ពុជានាំទំនិញទៅអាមេរិកជាង 5ពាន់លានដុល្លារ

    ឆ្នាំ2019 កម្ពុជានាំទំនិញទៅអាមេរិកជាង 5ពាន់លានដុល្លារ

    ក្នុងចំណោម​ទីផ្សារ​នាំចេញសំខាន់ៗរបស់​កម្ពុជា​ទៅកាន់​តំបន់​នានា​លើ​ពិភពលោក អាមេរិក ជាទី​ផ្សារ​ធំ​មួយ​ដែល​ទទួល​ទិញ​ផលិតផល​របស់​កម្ពុជា ដែល​ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​បាន​បោះទុន​វិនិយោគ​សម្រាប់ធ្វើ​ការផលិត និង​នាំចេញ​ផងដែរ។

    លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើងថា សហរដ្ឋអាមេរិក ជាទី​ផ្សារ​នាំចេញ​ធំជាងគេ​មួយ​ក្នុងចំណោម​ទីផ្សារសំខាន់ៗរបស់​កម្ពុជា។ នៅ​ឆ្នាំ2019 កម្ពុជា​បាន​នាំ​ផលិតផល​ចេញទៅ​អាមេរិក​ក្នុងតម្លៃ​ប្រមាណ 5.36ពាន់​លាន​ដុល្លារ​អាមេរិក។ លោ​កថា​ទំនាក់ទំនង​សេដ្ឋកិច្ច​នៃ​សហរដ្ឋអាមេរិក និង​កម្ពុជា​កំពុងមាន​កំណើន​ជា​វិជ្ជមាន ដោយ​ក្នុងនោះ​ផលិតផល និង​អ្នកវិនិយោគថ្មីៗរបស់​អាមេរិក​បាន​ចូលមកក្នុង​ទីផ្សារ​កម្ពុជា​ក៏បាន​កើនឡើង​ផងដែរ​ជា​រៀងរាល់ឆ្នាំ។

    លោក Patrick Murphy បាន​និយាយថា៖ «ក្រុមហ៊ុន​អាមេរិក កំពុង​នាំមក​នូវ​ការវិនិយោគ​ប្រកបដោយ​តម្លាភាព និង​គុណភាព​ជាមួយនឹង​បច្ចេកវិទ្យា​លំដាប់ថ្នាក់​ពិភពលោក។ បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន​ទាំងអស់នោះ​ក៏បាន​បង្កើត​កម្មវិធី​ប​ណ្តុះ​បណ្តាល​ស្តង់ដា​ការងារ និង​បង្កើត​បរិយាកាស​បរិស្ថាន​ខ្ពស់ ដើម្បី​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​ផងដែរ»។

    លោក Patrick Murphy បាន​បន្ថែមទៀតថា សហរដ្ឋអាមេរិក​ផ្តល់ឱ្យ​កម្ពុជា​នូវ​ការអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម នៅក្រោម​កម្មវិធី​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) ដែលជា​ការធ្វើ​ឲ្យ​កម្ពុជា អាច​នាំចេញ​ទៅកាន់​សហ​រដ្ឋ​អាមេរិក ដោយ​មិន​បង់​ពន្ធគយ​នូវ​ទំនិញ ចំនួន​ជាង5,000មុខ៕

  • “បែកគ្នាមួយរយៈ”…អាចមិនមែនអាក្រក់ដូចការគិតឡើយ

    “បែកគ្នាមួយរយៈ”…អាចមិនមែនអាក្រក់ដូចការគិតឡើយ

    ការដែលគូស្នេហ៍មួយគូសម្រេចចិត្តថា នឹងឃ្លាតគ្នាមួយរយៈនោះវាបង្ហាញថា ច្បាស់ជាមានបញ្ហាអ្វីម្យ៉ាងរ៉ាំរ៉ៃមកយូរគួរសមរហូតដល់នាំឆ្ពោះមករកដំណើរផ្លូវកែបញ្ហាតាមរបៀបនេះមិនខាន។

    ខ្ញុំខ្លួនឯងក៏ធ្លាប់ជួបអំឡុងពេល “បែកគ្នាមួយរយៈ” នៅក្នុងជីវិតដែរ តែខ្ញុំទទួលយកវាបាន និងសម្លឹងឃើញថា វាជារឿងមួយដែលគូស្នេហ៍ទាំងអស់គួរតែត្រូវជួបយ៉ាងតិច 1 ដង ព្រោះវានឹងមានប្រយោជន៍ក្នុងរយៈពេលវែង និងប្រហែលជាជួយឆ្លើយនឹងសំណួរជាច្រើនដល់សម្ព័ន្ធភាពស្នេហារបស់អ្នកបានទៀតផង។

    ពីបទពិសោធផ្ទាល់ដែលខ្ញុំបានជួបប្រទះមក នៅពេលយើងបានសាកល្បងរស់នៅដោយមិនមានរូបគេ សម្រេចចិត្តធ្វើអ្វីមួយដោយមិនមានរូបគេ ទៅណាមកណាដោយមិនមានរូបគេ យើងនឹងបានសិក្សាពីខ្លួនឯងថា តើយើងទទួលយកសភាពបែបហ្នឹងបានទេ? ហើយវានឹងធ្វើឱ្យយើងទទួលបានចម្លើយថា “ការពិតទៅ តើយើងនៅត្រូវការរូបគេនៅក្នុងជីវិតដែឬទេ?”។

    ក្រៅពីនេះ នៅពេលអ្នកទាំងពីររស់នៅឆ្ងាយពីគ្នាហើយ ក៏អាចនឹងបានជួបស្គាល់នឹងមនុស្សម្នាផ្សេងៗ ជួបមនុស្សថ្មីៗដែលដើរចូលមកក្នុងជីវិត និងមានអ្នកខ្លះអាចនឹងនឹកបារម្ភថា គូស្នេហ៍របស់ខ្លួនអាចនឹងមានអ្នកណាចូលមកទំនាក់ទំនង ចូលមកសុំស្គាល់ក៏មានដែរ។

    តែចំពោះរូបខ្ញុំ ខ្ញុំមិនដែលនឹកខ្លាចរឿងនោះឡើយ មិនមែនដោយសារភាពជឿជាក់លើខ្លួនឯងនោះទេ តែខ្ញុំមើលឃើញថា វាជាបទសាកល្បងដ៏ល្អមួយដែលយើងនឹងបានដឹងថា តើយើងស័ក្តិសមជាមួយគេឬទេ? តើយើងល្អគ្រប់គ្រាន់សម្រាប់គេឬទេ?។ បើយើងនៅមិនទាន់ល្អគ្រប់គ្រាន់ គេក៏ប្រហែលទៅមានអ្នកថ្មី វាជាសិទ្ធិរបស់គេ យើងប្រហែលជាទៅបញ្ជា ឬបង្ខំគេមិនបានទេ ព្រោះមនុស្សម្នាក់ៗតែងតែស្វែងរកអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯងជានិច្ច។

    ដូចគ្នានឹងខ្លួនអ្នកដែរ បើមានឱកាសជួបអ្នកថ្មីខណៈដែលស្ថិតក្នុងអំឡុងពេល “បែកគ្នាមួយរយៈ” នេះ អ្នកក៏គួរប្រើឱកាសនេះពិចារណាមើលឱ្យច្បាស់លាស់ថា តើអ្នកត្រៀមជាស្រេចក្នុងការបោះស្នេហ៍ចាស់ចោលដើម្បីចាប់ផ្ដើមជាថ្មីដែរឬទេ? ឬអ្នកនៅតែត្រូវការត្រឡប់ទៅរកមនុស្សដដែលរបស់អ្នកវិញ?។

    សម្រាប់រូបខ្ញុំវិញ “ការបែកគ្នាមួយរយៈ” ក៏សំខាន់មិនចាញ់ពេលដែលរស់នៅជាមួយគ្នាដែរ ព្រោះខ្ញុំជឿថា យើងនឹងបានដឹងថា តើអ្វីសំខាន់ អ្វីមិនសំខាន់នៅពេលបានសាកល្បងរស់នៅតែម្នាក់ឯងមួយរយៈមក៕

    អ្នកគ្រូ ឆវី

  • ទីបំផុត ឪពុក Messi យល់ព្រមជាមួយ Barcelona ហើយ

    ទីបំផុត ឪពុក Messi យល់ព្រមជាមួយ Barcelona ហើយ

    ក្រោយពី​ត្រឡប់​មកដល់​អេ​ស្ប៉ា​ញ​វិញ​ភ្លាម កាលពី​ថ្ងៃទី2 ខែកញ្ញា ឆ្នាំ2020 លោក Jorge Messi ដែលជា​ឪពុក​របស់​កីឡាករ Lionel Messi បានផ្តល់​បទ​សម្ភាស​ប​ន្តិ​ច​ថា៖ «វា​ជា​រឿង​ដ៏​លំបាក​បំផុត ដែល Messi នឹង​បន្ត​នៅ​ក្លិប​នេះ»។

    ទោះជា​បែបនេះ​ក្តី ក៏ប៉ុន្តែ​ពាក្យ​ទាំងនេះ គឺ​វា​គ្រាន់តែ​ជាស​ម្ដី មុនពេល​ចូល​តុ​ចរចារ​តែប៉ុណ្ណោះ។ ក្រោយពី​បាន​ចូល​ចរចា​អស់​រយៈពេល 1ម៉ោង​កន្លះ​នៅ​ថ្ងៃទី3 ខែកញ្ញា ឆ្នាំ2020 រួចមក ស្រាប់តែ​លោក​បាន​ប្តូរ​ចិត្ត​វិញ ដោយបាន​និយាយថា លោក​ពិតជា​ពេញចិត្ត​នូវ​អ្វីដែល​ក្លិប​ផ្តល់ឱ្យ Messi ជាខ្លាំង។ លោក​មិនទាន់​អាច​និយាយថា​យ៉ាងណា​បានឡើយ អំពី​ជោគជតា​របស់ Messi ព្រោះ​លោក​ត្រូវ​ទៅ​បញ្ចុះបញ្ចូល​កូនប្រុស​ជាមុនសិន។

    គួរឱ្យ​ដឹង​ដែរ​ថា Barcelona បាន​បង្ហើប​កាលពីមុន​ជំនួប​ចរចា​នេះ​ថា ក្លិប​នឹង​ផ្តល់​កុងត្រា​រយៈពេល 2ឆ្នាំ​បន្ថែមទៀត​ដល់ Messi ដែល​នឹងមាន​អត្ថប្រយោជន៍​ជាច្រើន​ដល់ Messi មិន​ឱ្យគេ​ខកចិត្ត​ឡើយ៕

  • Higuaín អាចនឹងទៅលេងឱ្យក្លិបរបស់ Zidane នៅអាមេរិក

    Higuaín អាចនឹងទៅលេងឱ្យក្លិបរបស់ Zidane នៅអាមេរិក

    បើ​យោងតាម​លោក Nicolas អ្នកចាត់ការ​ក្លិប Juventus បាន​និយាយថា កីឡាករ​ខ្សែប្រយុទ្ធ Gonzalo Gerardo Higuaín វ័យ 32ឆ្នាំ នឹងមិន​បន្ត​លេង​ឱ្យ​ក្លិប​របស់លោក​ទៀត​ទេ។

    ទោះជា​ក្លិប Juventus ក៏​លែង​ត្រូវការ​រូបគេ​ដែរ​ក៏ដោយ ក៏ប៉ុន្តែ​កីឡាករ​រូបនេះ ត្រូវបាន​គេ​ដឹងថា ជា​កម្លាំង​ថ្មី​មួយ ដែល​អាច​ច្នៃ​ឱ្យ​ក្លាយជា​គ្រាប់ពេជ្រ​សម្រាប់​ក្លិបផ្សេងៗទៀត​បាន។ ក្នុងនោះដែរ មាន​របាយការណ៍​ចេញមក​ថា មាន​ក្លិប​ជាច្រើន កំពុងតែ​រៀបចំ​ធ្វើ​កុងត្រា ដើម្បី​យក Gonzalo Gerardo Higuaín ទៅលេង​ជាមួយ ក្នុងនោះ​មាន​ក្លិប​មកពី​លី​កកំពូលៗ របស់​ប្រទេសល្បីៗជាច្រើន ដូចជា Ligue1 (បារាំង), Premier League (អង់គ្លេស), La Liga (អេ​ស្ប៉ា​ញ), China Super League (ចិន) និង​លី​ក​កំពូល​អាមេរិក​ទៀតផង។

    គួរ​ជម្រាប​ដែរ​ថា ក្លិប Inter Miami ស្ថិតក្នុង​លី​ក​កំពូល​អាមេរិក ដែលជា​ក្លិប​របស់​អ្នកចាត់ការ Real Madrid លោក Zidane កំពុងតែ​ខិតជិត​ដល់​ការចុះ​កុងត្រា​ផ្ទេរ​យក​ខ្សែប្រយុទ្ធ Gonzalo Higuain ហើយ ក្រោយពី​មានការ​ពិភាក្សាគ្នា​រវាង​ភាគី​ទាំង2 រួចមក៕

  • តើត្រូវញ៉ាំយ៉ាងណាឱ្យ “ថ្លើម” រឹងប៉ឹង?

    តើត្រូវញ៉ាំយ៉ាងណាឱ្យ “ថ្លើម” រឹងប៉ឹង?

    មិត្តអ្នកអានដឹងឬទេថា “ថ្លើម” ជាអវយវៈមួយក្នុងរាងកាយដែលត្រូវបានបំផ្លាញខ្លាំងបំផុត។ តាមរយៈការរស់នៅដែលមិនសូវជាសមរម្យរបស់មនុស្សយើង ទើបធ្វើឱ្យអត្រាផ្នែកនៃការកើតជំងឺដែលពាក់ព័ន្ធនឹងថ្លើមកើនឡើងខ្ពស់ជារឿយៗ ទាំងជំងឺក្រិនថ្លើម ខ្លាញ់រុំថ្លើម មហារីកថ្លើម ជាពិសេសជំងឺខ្លាញ់រុំថ្លើមតែងជួបប្រទះច្រើនបំផុតនៅលើប្រជាជនក្នុងភូមិភាគអាស៊ីអាគ្នេយ៍កាន់តែច្រើនឡើងជារឿយៗរៀងរាល់ឆ្នាំ។ មូលហេតុមួយ គឺបណ្ដាលមកពីការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុល ដែលអាចធ្វើឱ្យកើតការរលាក ហើយអាចនាំឆ្ពោះទៅរកជំងឺក្រិនថ្លើម ឬថ្លើមធ្វើការខុសប្រក្រតី ដែលបើមិនប្រញាប់ចូលទៅទទួលការព្យាបាលទេនោះ អាចមានផលប៉ះពាល់ដល់ជីវិតបាន។

    អាហារបំផ្លាញថ្លើម ដែលគួរចៀសវាង

    ចម្បងៗមុនគេគឺ អាល់កុល អាហារជ្រក់ត្រាំដែលនឹងមានសារធាតុក្នុងក្រុមណៃត្រេត និងផ្សេងៗទៀតដែលបង្កគ្រោះថ្នាក់ដល់ថ្លើម រួមទាំងអាហារស្ទើរឆៅ ស្ទើរឆ្អិន ដូចជាប្រហុក សាច់ត្រីឆៅ ជាដើម ដែលសុទ្ធតែជាមូលហេតុរបស់ជំងឺសត្វល្អិតនៅក្នុងថ្លើម ដែលអាចនាំឆ្ពោះទៅរកការកើតរោគមហារីកថ្លើម និងរលាកថ្លើមបានដូចគ្នាទាំងអស់។

    ក្រៅពីនេះនៅមានអាហារដែលមានជាតិខ្លាញ់ខ្ពស់ អាហារខ្លាញ់ៗ អាហារចៀនបំពង ដែលនឹងធ្វើឱ្យកើតការប្រមូលសន្សំរបស់ជាតិខ្លាញ់ រួមទាំងអាហារដែលមានការប្រឡាក់ប្រឡូសមេរោគផ្សិត ដូចជា Aflatoxin ជាមេរោគផ្សិតនៅក្នុងសណ្ដែកដែលនឹងធ្វើឱ្យកើតមហារីកថ្លើមបាន។

    អាហារបំប៉នថ្លើម ដែលយើងគួរទទួលទាន

    អាហារដែលយើងគួរទទួលទានគឺ អង្ករសំរូប ព្រោះនៅក្នុងអង្ករសំរូបនឹងមានសារធាតុអាហារច្រើនជាងអង្ករសធម្មតា ជាពិសេសកាកសរសៃអាហារ អាស៊ីតហ្វូលិក វីតាមិនផ្សេងៗ ដូចជា Gamma, Orissanol (សារធាតុប្រឆាំងអនុមូលឥស្សរៈពីគ្រាប់ធញ្ញជាតិ) វីតាមីនE រួមទាំងសារធាតុ Gaba ដែលសុទ្ធជាសារធាតុដែលមានប្រយោជន៍ដល់រាងកាយទាំងអស់។

    ក្រៅពីនេះថែមទាំងគួរទទួលទានរុក្ខជាតិបន្លែផ្លែឈើ ដូចជាស្ពៃក្ដោប មើមការ៉ុត ផ្លែឪឡឹក ទំពាំងបារាំង-ល- ព្រោះបន្លែ និងផ្លែឈើនឹងមានសារធាតុប្រឆាំងអនុមូលឥស្សរៈខ្ពស់ ជួយកាត់បន្ថយការរលាកដែលអាចបណ្ដាលមកពីបំផ្លាញរបស់អនុមូលឥស្សរៈ និងនៅមានកាកសរសៃអាហារច្រើនដែលជួយកាត់បន្ថយការកើតជាតិពុលចំពោះថ្លើមបាន។

    ញ៉ាំថ្លើមសត្វ ជួយបំប៉នថ្លើមមនុស្សឬ?

    ថ្លើមជាប្រភពប្រមូលសន្សំរបស់វីតាមីន A និងមានសារធាតុដែកទៀតផង។ សារធាតុទាំងនេះមានប្រយោជន៍ចំពោះរាងកាយស្រាប់ទៅហើយ តែថ្លើមក៏មានកូឡេស្តេរ៉ូលខ្ពស់ដែរ ដូច្នេះការញ៉ាំថ្លើមសត្វដើម្បីសង្ឃឹមលទ្ធផលក្នុងការបំប៉នថ្លើមមនុស្សយើងជាប់ជាប្រចាំនោះ អាចមានផលមិនល្អក្នុងរឿងជាតិខ្លាញ់ដែលនឹងវិលចូលមកក្នុងរាងកាយ ឬចូលទៅរុំថ្លើមវិញ ដូច្នេះត្រូវទទួលទានយ៉ាងប្រយ័ត្នប្រយែង។

    ញ៉ាំភេសជ្ជៈផ្អែមៗ គឺព្យាបាលថ្លើមឬ?

    អ្នកដែលកើតរោគថ្លើម មានន័យថា ការធ្វើការងាររបស់ថ្លើមនឹងខុសប្រក្រតី ធ្វើឱ្យថ្លើមមិនអាចប្រមូលរក្សាជាតិគ្លុយខូស(ជាតិស្ករ)ទុក និងនាំយកទៅរំលាយឱ្យក្លាយជាកម្លាំងថាមពលបានទេ ទើបធ្វើឱ្យអ្នកមានជំងឺថ្លើមអាចកើតអាការទន់ល្វើយគ្មានកម្លាំង និងចង់តែទទួលទានអាហារផ្អែមៗ ដូច្នេះនៅពេលទទួលទានអាហារផ្អែមៗចូលទៅ ក៏នឹងមានអារម្មណ៍ថាធូរស្រាលឡើង តែគ្រាន់តែជាអាការល្អប្រសើរឡើងបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនជាការព្យាបាលដែលត្រឹមត្រូវនោះទេ។ ក្រៅពីនេះការទទួលទានភេសជ្ជៈផ្អែមៗជាប្រចាំ អាចធ្វើឱ្យកើតជំងឺទឹកនោមផ្អែមតាមក្រោយ ឬជំងឺផ្សេងៗជាច្រើនទៀតផង៕

  • ចង់ឱ្យកូនងើបពីព្រឹកទៅរៀនទាន់ពេល មិនមែនជារឿងពិបាកទេ

    ចង់ឱ្យកូនងើបពីព្រឹកទៅរៀនទាន់ពេល មិនមែនជារឿងពិបាកទេ

    កូនអ៊ើយក្រោកឡើង ដល់ម៉ោងទៅរៀនហើយណា៎!។ យើងដឹងថា រៀងរាល់ពេលព្រឹក អ្នកម្ដាយនឹងនឿយហត់ខ្លាំងណាស់ទាំងចិត្តទាំងកាយបើកូនមិនព្រមក្រោកពីគេងដើម្បីត្រៀមខ្លួនទៅសាលាទេនោះ។ បើកូនរបស់អ្នកចូលចិត្តភ្ញាក់យឺតពេល ពិបាកក្នុងការដាស់ឱ្យភ្ញាក់ទៅរៀននោះ សូមនាំគ្នាមកអត្ថបទខាងក្រោមនេះវិញប្រសើរជាងថា តើវិធីធ្វើឱ្យកូនក្រោកពីគេងនៅពេលព្រឹកទាន់ពេល ត្រូវធ្វើយ៉ាងណាខ្លះ?។

    តិចនិកជំរុញឱ្យកូនភ្ញាក់ពីគេងនៅពេលព្រឹកបានយ៉ាងងាយស្រួល ចាប់ផ្ដើមពីពេលយប់ ៈ

    – ឱ្យកូនចូលគេងក្នុងម៉ោងពេលប្រហាក់ប្រហែលគ្នារៀងរាល់យប់។ កូនអ្នកនឹងងាយស្រួលភ្ញាក់ បើពួកគេបានគេងលក់យ៉ាងគ្រប់គ្រាន់។ ការធ្វើបែបនេះ មិនត្រឹមតែនឹងធ្វើឱ្យការភ្ញាក់ពីគេងនៅពេលព្រឹកដំណើរការបានយ៉ាងងាយស្រួលនោះទេ តែកូននៅមានអារម្មណ៍ថា បានគេងយ៉ាងឆ្អែតទៀតផង។ ក្រៅពីនេះ ការបានគេងលក់យ៉ាងគ្រប់គ្រាន់ នឹងធ្វើឱ្យខួរក្បាលរបស់គេភ្លឺថ្លាស្រឡះ និងគិតរឿងផ្សេងៗបានល្អ មានថាមពលក្នុងការរៀន និងអាចមានសមាធិជាមួយនឹងអ្វីដែលគេកំពុងធ្វើទៀតផង។ តែការដែលអ្នកឱ្យកូនក្រចូលគេង ឬឱ្យចូលគេងពេលយប់ជ្រៅនាយប់ថ្ងៃសុក្រ-សៅរ៍នោះ នឹងធ្វើឱ្យកូនគេងមិនងាយភ្ញាក់ ហើយនឹងក្លាយជាទម្លាប់ឱ្យកូនភ្ញាក់យឺតពេល នាថ្ងៃទៅរៀនមួយថ្ងៃទៀត។

    – ត្រៀមខោអាវទាំងរបស់អ្នក និងកូនសម្រាប់ថ្ងៃស្អែកទុកពីយប់ជាស្រេច។ ការធ្វើបែបនេះនឹងជួយកាត់បន្ថយពេលវេលានៅពេលព្រឹក ហើយជួយឱ្យអ្នកបានដឹងជាមុនទៀតផងថា អាវដាច់ឡេវ ឬស្រោមជើងនៅហាលមិនទាន់ស្ងួត ជាដើម។ រឿងកំប៉ិកកំប៉ុកតូចតាចបែបនេះនឹងធ្វើឱ្យអ្នកមានពេលចាកចេញពីផ្ទះបានលឿនទៀតផង។

    – ត្រៀមកាបូបទៅរៀនឱ្យរួចជាស្រេចសម្រាប់ព្រឹកស្អែក។ ប្រហែលជាល្អ និងកាត់បន្ថយភាពមួម៉ៅតានតឹងបានមិនតិចទេ បើអ្នកបានត្រៀមកាបូបដែលត្រូវប្រើនៅថ្ងៃបន្ទាប់ឱ្យរួចជាស្រេចនោះ ដូច្នេះអ្នកគួរឱ្យកូនត្រៀមរៀបចំកាតាបទៅរៀនរបស់គេឱ្យរួចជាស្រេច យកសៀវភៅកិច្ចការផ្ទះដែលគេធ្វើរួចហើយដាក់ចូលកាតាបដើម្បីត្រៀមខ្លួនទៅសាលានាពេលព្រឹកស្អែក។

    គោលការណ៍ងាយៗត្រឹមតែមិនប៉ុន្មានចំណុចទាំងនេះអាចផ្លាស់ប្ដូរកូនរបស់អ្នកឱ្យចេះធ្វើជាមនុស្សដែលមានវិន័យ ចូលគេង និងភ្ញាក់ទៀងម៉ោងបានល្អមិនខាន។ ចូរសាកល្បងធ្វើតាមហ្នឹងទៅមើល៍…៕

  • ចំណុចខ្លាំងអស្ចារ្យដែលនឹកស្មានមិនដល់នៅលើ Galaxy Note 20 | Galaxy Note 20 Ultra ជាមួយនឹងកម្មវិធីប្រូម៉ូសិនដ៏ភ្ញាក់ផ្អើលបំផុតមិនធ្លាប់មាន…!!

    ចំណុចខ្លាំងអស្ចារ្យដែលនឹកស្មានមិនដល់នៅលើ Galaxy Note 20 | Galaxy Note 20 Ultra ជាមួយនឹងកម្មវិធីប្រូម៉ូសិនដ៏ភ្ញាក់ផ្អើលបំផុតមិនធ្លាប់មាន…!!

    (ភ្នំពេញ) ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២០៖  កាន់តែ​ពិសេស…!! រាល់​ការទិញ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ចាប់ពី​ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២០ ដល់​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ អតិថិជន​ទាំងអស់​នឹង​ទទួលបាន​ការ​ថែម​ជូន​គូ​ប៉ុង​ចាក់​ប្រេង​ឥ​ន្ធៈ​តម្លៃ ៥០ ដុល្លារ ភ្លាម…!!

    និយាយ​ទៅ​គឺ​គ្មាន​អ្វីដែល​ត្រូវ​ច្រឡំ​នោះទេ…ក្រឡេកឃើញ​តែមួយ​ភ្លែត​ក៏​ដឹង និង​ស្គាល់​យ៉ាងច្បាស់​ថា​ជា​មហាអំណាច​ស្មា​ត​ហ្វូ​ន​ប៊ិក Samsung Galaxy Note 20 និង Galaxy Note 20 Ultra ដែរ! ព្រោះ ទាំង​កាមេរ៉ា…ស៊ុម​ព័ទ្ធជុំវិញ…ពណ៌…កញ្ចក់​ស្រោប​មុខក្រោយ និង​អេក្រង់ លើក​នេះ​ត្រូវបាន​រចនា​ឡើង​យ៉ាង​យកចិត្តទុកដាក់​បំផុត​ដោយ​ផ្តោតទៅលើ​ការផ្តល់ជូន​នូវ​ការកម្សាន្ត​ឥត​ដែន​កំណត់…ជម្រុញ​ដល់​ការសម្រេច​ការងារ​កាន់​តែ​ច្រើន​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​វៃឆ្លាត​បំផុត (The Power to Work and Play)…!

    ឥឡូវនេះ​ក្រុមហ៊ុន សាម​សុង នឹង​ធ្វើការ​បង្ហាញជូន​នូវ​ចំណុចខ្លាំង​បំផុត​ដែល​ទាក់​អារម្មណ៍​ស្អំ​បេះដូង​អ្នក​និយម​ប្រើប្រាស់​ស៊េរី Note ទាំងអស់…ដែល​ផ្តល់នូវ​ភាព​អស្ចារ្យ​សម្រាប់​ការងារ និង​ការកម្សាន្ត​ជាមួយនឹង​លក្ខណៈពិសេស​ដូចជា៖

    * ភាព​អស្ចារ្យ​សម្រាប់​ការងារ​ជាមួយ​កម្មវិធី Samsung Note (The Power to Work)

    ជាមួយនឹង​កម្មវិធី Samsung Note ដែលមាន​នៅលើ Galaxy Note 20 /Note 20 Ultra ពិតជា​ផ្តល់​ឲ្យ​លោកអ្នក​នូវ​ភាពងាយស្រួល​សម្រាប់​ការងារ​ប្រចាំថ្ងៃ។

    – ប៊ិក​វេទមន្ត S-Pen ៖ ត្រូវបាន​រចនា និង​អភិវឌ្ឍ​ឡើង​កាន់តែ​ប្រសើរ និង​វៃឆ្លាត​ជាង​មុន…កាន់តែ​ស្និទ្ធ​ជាង​មុន…កាន់តែ​រអិល​រលូន​ជាង​មុន និង​កាន់​តែមាន​អារម្មណ៍​ដូច​កាន់​ប៊ិក​សរសេរពិតៗតែម្តង!

    – Microsoft PPT Conversion (PDF, PPT, WORD…) ៖ លោកអ្នក​អាចធ្វើ​ការ​បំ​លែង ឬ Save file ជា​ប្រភេទ PDF, Power Point ឬ Microsoft Word ដែល file ទាំងអស់នេះ​គឺ​សុទ្ធតែ file ដែល​លោ​អ្នកត្រូវការ​ប្រើ​សម្រាប់​ការងារ​ប្រចាំថ្ងៃ និង​ការសិក្សា​ស្រាវជ្រាវផ្សេងៗបាន​យ៉ាង​ងាយស្រួល​បំផុត!ហើយ​អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ​លោកអ្នក​ក៏​អាច​សរសេរ​បន្ថែម ឬក៏​លុប​នៅលើ PDF File បាន​ផងដែរ!

    -Audio Bookmark៖ធ្វើ​ឲ្យ​ការកត់ត្រា​របស់លោក​អ្នក​កាន់តែ​ប្រសើរ​ជាង​មុន​ដោយ​គ្រាន់តែ​ជ្រើសរើស​មុខងារ​ថត​សំឡេង​នៅពេលដែល​អ្នក​កំពុង​សរសេរ។

    – Link to Windows៖ លោកអ្នក​ក៏​អាចធ្វើ​ការភ្ជាប់​កម្មវិធី​ក្នុង​ទូរស័ព្ទដៃ (Mobile Apps) ទៅកាន់​កុំព្យូទ័រ​បាន​យ៉ាង​ងាយស្រួល និង​រហ័ស​បំផុត!

    – Auto Straighten ៖ ជាមួយនឹង​បច្ចេកវិទ្យា AI នឹងធ្វើ​ការតម្រង់…កែតម្រូវ អ្វីដែល​លោកអ្នក​បានធ្វើការ​កត់​ចំណាំ​នោះ​ឱ្យមាន​ភាព​ស្អាត…ត្រង់…មាន​របៀបរៀបរយ…និង​ងាយស្រួល​អាន​ជាង​មុន!!

    * ភាព​អស្ចារ្យ​សម្រាប់​ការកម្សាន្ត​ឥត​ដែន​កំណត់ (The Power to Play)

    – ជាមួយនឹង​បច្ចេកវិទ្យា Studio Quality Sound Recording លោកអ្នក​អាច​ភ្ជាប់ Galaxy Bud Live តាម Bluetooth ធ្វើជា Mic ដើម្បី​ថត​សំឡេង​ពី​ចម្ងាយ​បាន​យ៉ាងច្បាស់ និង​រលូន​ទៀតផង…! អ្នក​អាជីព​សុំ​ខ្មាស!

    – លោកអ្នក​អាច​ថត​វីដេអូ ឬ Vlog បាន​ដូច​អ្នក​អាជីព​ជាមួយនឹង Pro Video Mode ក្នុង​កម្រិត 8K 24fps (UHD 7680 X 4320) ជាមួយនឹង Natural motion blur ដោយ​ផ្តល់នូវ​គុណភាព​រូបភាព​ច្បាស់​ខ្លាំង…ប្លែក និង​ទាក់ទាញ​ជាទីបំផុត!!

    – អ្វីដែល​កាន់តែ​ពិសេស​អស្ចារ្យ​ដែលមាន​តែមួយ​គ្មាន​ពីរ​នោះ​គឺ វីដេអូ កម្រិត 8K អាច snap ចាប់យក​ឈុត​ណាមួយ​ក្នុង​វីដេអូ​ដែល​អ្នក​ពេញចិត្ត ឬ​ចង់បាន ហើយ​បំ​លែង​ទៅជា​រូបភាព​ក្នុង​កម្រិត 33 MP បាន​ថែម​ទៀតផង!

    * មាន​បំពាក់​ស៊ីម​អេ​ឡិច​ត្រូ​និ​ច (e-Sim)

    – មាន​ជម្រើស​ច្រើន​សម្រាប់​អ្នកប្រើប្រាស់!  លោកអ្នក​អាច​ប្រើ Nano SIM Card ទាំង 2 ក៏បាន ឬ​ប្រើ Nano SIM 1 + e-SIM ដោយ​អាចឱ្យ​យើង​បន្ថែម​មេម៉ូរី​បាន​ផងដែរ)! ដូច្នេះ​មិនចាំបាច់​ចំណាយពេល​កាត់ SIM និង​ញាត់ SIM ចេញចូល​ច្រើន​ដែលនាំឱ្យ​ខាត​ពេល ឬ​គួរឱ្យ​ធុញទ្រាន់​នោះទេ!

    អ្វីដែល​លើកមកបង្ហាញ​ខាងលើនេះ​គឺ​គ្រាន់តែ​ចំណុច​ពិសេសខ្លះៗមួយចំនួន​ប៉ុណ្ណោះ…! ហើយក៏​អាច​សន្មត​បាន​ថា​លោកអ្នក​ជាប់ចិត្ត​លង់​ស្រឡាញ់ និង​ចង់​ប្រើ​បាត់ទៅហើយ…! ក្រុមហ៊ុន សាម​សុង នឹងធ្វើ​ការ​លើកយក​ចំណុច​ពិសេស​អស្ចារ្យ​បន្ថែមទៀត​មក​បង្ហាញ​នៅពេល​ក្រោយ​ទៀត…តែបើ​ទ្រាំ​មិន​បានទេ…ប្រញាប់​ទៅជា​វ​ដើម្បី​ទទួលយក​បទពិសោធន៍​ផ្ទាល់​ភ្លាម​ទៅណា៎​ទាន់​មាន​ប្រូ​ម៉ូ​សិន…!!

    Samsung Galaxy Note 20 | Galaxy Note 20 Ultra ស្តែង​ចេញពី​ភាព​អស្ចារ្យ​សម្រាប់​ការងារ…និង​កាន់តែ​អស្ចារ្យ​បំផុត​សម្រាប់​ការកម្សាន្ត…!!

    សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​អញ្ជើញ​ទៅ​ប៉ះ​ផ្ទាល់ ឬ​ធ្វើការ​សាកសួរ​នៅតាម​ហាង​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​ធ្វើការ​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ​ឥតគិតថ្លៃ៖ 1800-203232!

  • 5 កន្លែងទេសចរណ៍បែប Fasion ស័ក្តិសមសម្រាប់ការថតរូប ក្នុងប្រទេស សាំងហ្កាពួ

    5 កន្លែងទេសចរណ៍បែប Fasion ស័ក្តិសមសម្រាប់ការថតរូប ក្នុងប្រទេស សាំងហ្កាពួ

    បើនឹកដល់ប្រទេសដែលអាចទៅដើរលេងកម្សាន្តបានគ្រប់រដូវកាលនោះ ប្រហែលជាគេចមិនផុតពីប្រទេសសាំងហ្កាពួឡើយ ព្រោះសាំងហ្កាពួ ជាប្រទេសមួយដែលមានភាពសម្បូរបែបខាងផ្នែកវប្បធម៌ និងស្ថាបត្យកម្ម ធ្វើឱ្យកើតមានភាពខុសប្លែកពីគ្នាច្រើនជាងប្រទេសដទៃទៀត។ ថ្ងៃនេះ ទំព័រឡារ៉ែនដំណើរកម្សាន្តនឹងនាំមិត្តអ្នកអានទៅដើរលេងកម្សាន្តនៅក្នុងប្រទេសសាំងហ្កាពួក្នុងបែបដែលមិត្តអ្នកអានមិនដែលធ្លាប់ស្គាល់ ហើយអ្នកណាដែលនិយមចូលចិត្តថតរូបស្អាតៗបែបហ្វាស្សិន ស្អាតៗ ឡូយៗមិនដូចគេទុកស៊ែរនៅក្នុងបណ្ដាញសង្គមនានា ក៏សូមតាមមកទស្សនាទាំងអស់គ្នា…។

    1 . តំបន់ “ Little India

    ទីប្រជុំជនតូចមួយក្នុងប្រទេសសាំងហ្កាពួ តែពោរពេញទៅដោយភាពចម្រុះពណ៌ ស្អាតស្រស់ស្រាយរបស់អគារផ្ទះសំបែង និងមន្តស្នេហ៍នៃសិល្បៈរបស់ប្រទេសឥណ្ឌា ធ្វើឱ្យមិត្តអ្នកអានអាចបញ្ចេញស្ទីលថតរូបបែបឡូយៗ និងថតបានគ្រប់ជ្រុង គ្រប់ទីកន្លែង ដែលទោះជាថតបែបណាក៏សុទ្ធតែស្អាតទាំងអស់។

    2 . សារមន្ទីរសិល្បៈ និងវិទ្យាសាស្រ្ត Art Science Museum

    ស្ថិតនៅក្នុងអគារដែលមានរូបបែបស្ថាបត្យកម្មដែលមិនធម្មតា រហូតបានទទួលរង្វាន់ផ្នែកខាងការច្នៃប្រឌិតម៉ូដ និងការតុបតែជាច្រើន ​ស្ថិតនៅលើឆ្នេរ ម៉ារីណា ( Marina Bay) សាំងហ្កាពួ។ ឡារ៉ែនសូមខ្សឹបប្រាប់ទៅចុះថា ទីនេះគឺជាទីកន្លែងទេសចរណ៍ដែលត្រូវតែទៅថតរូបបែបសិល្បៈ និងសេពសោយជាមួយនឹងសិល្បៈ និងវិទ្យាសាស្រ្តដែលលាយផ្សំចូលគ្នាបានយ៉ាងសមសួន និងល្អប្រណីត ជាពិសេសក្នុងហ្សូន Cristal Universe។ ពិតជាគួរឱ្យចង់ទៅសាកល្បងមែន។

    3 . Garden by The Bay

    ទីកន្លែងមួយទៀតដែលត្រូវតែទៅឱ្យបានក្រៅពីសួនច្បារសត្វតោបាញ់ទឹក( Merlion)សាំងហ្កាពួ ដែលអ្នកណាៗក៏ចំហមាត់ចង់ថតរូបដែរនោះគឺ Garden by The Bay ជាទីកន្លែងដ៏ប្រណីតមួយសម្រាប់អ្នកណាដែលចង់ផ្ដិតយករូបភាពស្អាតៗ តែឡារ៉ែនសូមណែនាំឱ្យទៅទីនោះនៅពេលព្រលប់ៗវិញ ព្រោះនៅពេលនោះផ្ទៃមេឃមានពណ៌ប្រផេះ ស៊ីគ្នាជាមួយពណ៌ចម្រុះរបស់អំពូលភ្លើងធ្វើឱ្យរូបភាពដែលថតចេញមកស្រស់ស្អាតយ៉ាងចម្លែក និងបង្កប់ទៅដោយភាពអាថ៌កំបាំងនៃទីកន្លែងមួយនេះ។

    4 . Clarke Quay

    សម្រាប់អ្នកដែលចូលចិត្តជប់លៀង ផារធី ត្រូវតែមកបញ្ចប់ដំណើរកម្សាន្តក្នុងមួយថ្ងៃៗនៅទីកន្លែងនេះ។ ហាយឡាយរបស់ទីនេះក៏គឺ មានភាពចម្រុះពណ៌របស់ភ្លើងដែលឆ្លុះស្រមោលជាមួយនឹងផ្ទៃទឹក ដែលមានទាំងហាងសម្រាប់អង្គុយបែបសប្បាយៗសម្រាប់ក្រុមអ្នកដែលចង់អង្គុយជជែកគ្នា និងទស្សនាបរិយាកាសជុំវិញ តែអ្នកណាដែលចូលចិត្តរាំរែក ក៏មានរង្គសាល និងផាប់ដ៏សែនជក់ចិត្តសម្រាប់ឱ្យរាំបញ្ចេញចលនាបានដូចគ្នា។

    5 . Dream Cruises កប៉ាលទេសចរណ៍កំពូលទំនើប

    ចំណែកអ្នកដែលធ្លាប់ទៅដើរលេងកម្សាន្តនៅប្រទេសសាំងហ្កាពួម្ដងហើយម្ដងទៀតឡើងធុញហើយនោះ កប៉ាល់ទេសចរណ៍មួយគ្រឿងនេះក៏ជាជម្រើសថ្មីមួយទៀតដែលនឹងធ្វើឱ្យលោកអ្នកបានជួបផ្ទាល់ជាមួយនឹងបទពិសោធថ្មី បានសម្រាកបែបសប្បាយៗ ជាមួយក្រុមគ្រួសារ ឬគូស្នេហ៍។ នៅលើនោះមានកន្លែងកម្សាន្តដ៏ច្រើនឱ្យជ្រើសរើស តែដែលគួរឱ្យរីករាយបំផុតនោះគឺ មានអាងហែលទឹកនៅលើកប៉ាលដែលពេលបានឃើញហើយ ច្បាស់ជាត្រូវស្រែកថា វ៉ាវ! ខ្លាំងៗមិនខាន និងនៅមានកន្លែងសប្បាយៗសម្រាប់ថតរូបស្អាតៗនៅលើកប៉ាល ជាពិសេសក្នុងអំឡុងពេលល្ងាចៗដែលព្រះអាទិត្យកំពុងអស្តង្គតដ៏សែនរ៉ូមែនទិកបំផុតទៀតផង៕