Author: ធឿន មករា

  • “មេខាល័យ” រដ្ឋមួយក្នុងប្រទេសឥណ្ឌាដែលមានភ្លៀងធ្លាក់ច្រើនបំផុតក្នុងពិភពលោក

    “មេខាល័យ” រដ្ឋមួយក្នុងប្រទេសឥណ្ឌាដែលមានភ្លៀងធ្លាក់ច្រើនបំផុតក្នុងពិភពលោក

    ពេលរដូវភ្លៀងចូលមកដល់ មានភ្លៀងធ្លាក់សឹងតែរាល់ថ្ងៃ និងយូរប្រមាណត្រឹមតែ 3 – 4 ខែសោះ ក៏ធ្វើឱ្យមនុស្សជាច្រើននាំគ្នាធុញទ្រាន់សឹងតែមិនចង់ចេញពីផ្ទះទៅហើយ ទើបធ្វើឱ្យយើងនឹកសង្ស័យថា នៅលើពិភពលោកយើងនេះ តើមានប្រទេសណាដែលភ្លៀងធ្លាក់ខ្លាំង និងច្រើនបំផុតដែរទេ?។ ដោយសារតែចម្ងល់មួយនេះហើយ ទើបធ្វើឱ្យយើងបានដឹងថា “មេខាល័យ” ដែលជារដ្ឋមួយនៅក្នុងប្រទេសឥណ្ឌា មានភ្លៀងធ្លាក់ច្រើនបំផុតលើពិភពលោក ធ្លាក់ច្រើនដល់ថ្នាក់ជាប់ៗគ្នារហូតសឹងពេញមួយឆ្នាំទល់មួយឆ្នាំ…។

    មេខាល័យ ( Meghalaya ) ជារដ្ឋមួយដែលមាននៅក្នុងប្រវត្តិសាស្រ្តជាយូរលង់រាប់រយឆ្នាំមកហើយ បច្ចុប្បន្នជារដ្ឋមួយក្នុងចំណោមរដ្ឋបីដែលនៅតែគ្របដណ្ដប់ទៅដោយព្រៃឈើដ៏ឧត្ដមសម្បូរ អាចនិយាយបានថា ជាកន្លែងមួយដែលមានភ្លៀងធ្លាក់ច្រើនបំផុតក្នុងពិភពលោក និងជាទីកន្លែងដែលសើមប៉ប៉ិប៉ប៉ាច់បំផុតក្នុងពិភពលោកដែរ។

    មេខាល័យ ជារដ្ឋមួយរបស់ប្រទេសឥណ្ឌា មានផ្ទៃដីរួមទាំងអស់ 22,429 គីឡូម៉ែត្រក្រឡា ស្ថិតនៅប៉ែកខាងកើតឆៀងខាងជើងរបស់ប្រទេសឥណ្ឌា មានព្រំដែនជាប់នឹងប្រទេសបង់ក្លាដែសខាងទិសខាងត្បូង និងខាងកើត និងរដ្ឋអាស់សាំនៅខាងទិសខាងជើង និងខាងកើត។ ដោយសារតែរដ្ឋមេខាល័យជារដ្ឋដែលមានភាពឧត្ដមសម្បូរខាងធម្មជាតិយ៉ាងខ្លាំង ហ៊ុមព័ទ្ធទៅដោយ ដងទន្លេ ស្ទឹងបឹងបួ ព្រៃភ្នំ និងសត្វព្រៃច្រើនប្រភេទនោះ ទើបធ្វើឱ្យទីនេះបានក្លាយជាប្រភពអេកូទេសចរណ៍ដ៏ពេញនិយមបំផុតសម្រាប់បណ្ដាក្រុមអ្នកចូលចិត្តទស្សនាសត្វព្រៃទូទាំងពិភពលោក។

    រដ្ឋមេខាល័យ មានទីក្រុង ឈិលឡង ជាទីក្រុងចម្បង ជាទីក្រុងដែលស្ថិតនៅលើកំពូលភ្នំកណ្ដាលធម្មជាតិដ៏ល្អឥតខ្ចោះ ក្នុងរយៈកម្ពស់ 1496 លើកម្រិតទឹកសមុទ្រ។ ជាមជ្ឈមណ្ឌលកណ្ដាលរបស់ពាណិជ្ជកម្ម ការគ្រប់គ្រងសណ្ឋាគារ និងទីផ្សារជាដើម។ ទីនេះក៏មានតំបន់ទេសចរណ៍ជាច្រើនកន្លែងដែរ ដូចជា សារមន្ទី Don Bosco Centre for Indigenous Cultures។ ឈើរ៉ាពុនជី ( Cherrapunjee ) ជាតំបន់ទេសចរណ៍ 1 ក្នុងចំណោម 10 តំបន់ទេសចរណ៍ដែលល្អ និងស្អាតបំផុតក្នុងទ្វីបអាស៊ី។ ទឹកធ្លាក់ ណូខាលីខៃ (Nohkalikai falls ) និងបឹង Umiam Lake ជាដើម ហើយនៅក្នុងរដ្ឋមួយនេះនៅមាន ភូមិបុរាណ ម៉លីនណុង ( Mawlynnong Village ) ជាភូមិជនកុលសម្ព័ន្ធ ខាស៊ី ( Khasi ) ដែលមានអាយុចំណាស់បំផុតមួយរបស់ប្រទេសឥណ្ឌា មានផ្ទះអ្នកភូមិ 82 ខ្នងដែលហ៊ុមព័ទ្ធទៅដោយធម្មជាតិខៀវខ្ចី និងខ្យល់អាកាសដ៏បរិសុទ្ធ។ ភូមិមួយនេះបានទទួលឈ្មោះកិត្តិយសថា ជាភូមិដែលស្អាតបំផុតក្នុងទ្វីបអាស៊ីនាឆ្នាំ 2003 ពីទស្សនាវដ្តី Discover India ព្រោះទីនេះគ្មានសំរាមសូម្បីតែមួយចម្រៀកណាមួយឡើយ និងមិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផលប្លាស្ទិកគ្រប់ប្រភេទ។

    បើអ្នកណាបានទៅដល់ទីនោះ នឹងបានឃើញពីជីវិតការរស់នៅតាមបែបមនុស្សសម័យបុរាណ ទាំងការសាងសង់ផ្ទះស្នាក់នៅដោយដើមឈើ ស្ពានឆ្លងអូរ ព្រែកពីដើមឫស្សី ហើយនិង “ស្ពានដើមឈើមានជីវិត” ជាស្ពានដែលមានឈ្មោះល្បីល្បាញ និងអាចរាប់បានថា ជាស្ពានដ៏សែនប្លែកបំផុតមួយរបស់ពិភពលោក។ សាងឡើងពីដើមកៅស៊ូឥណ្ឌា ( Ficus Elastica ) ដែលអ្នកភូមិបានជួយគ្នាសាងឡើងពីមួយជំនាន់ទៅមួយជំនាន់តៗគ្នាមក រហូតក្លាយជា “ស្ពានដើមឈើមីជីវិត” មកដល់ពេលបច្ចុប្បន្ននេះ៕

  • មែនឬ? ស្រ្តីមានគភ៌ ស្អប់អ្នកណា ខឹងអ្នកណា កូនកើតមកនឹងដូចម្នាក់នោះ?

    មែនឬ? ស្រ្តីមានគភ៌ ស្អប់អ្នកណា ខឹងអ្នកណា កូនកើតមកនឹងដូចម្នាក់នោះ?

    ជំនឿដែលថា បើស្រ្តីមានផ្ទះពោះខឹងអ្នកណា ឬស្អប់អ្នកណា កូនកើតមកនឹងដូចម្នាក់នោះ វាអាចមើលទៅជារឿងមួយដែលស្រ្តិមានគភ៌មួយចំនួនក៏ជឿ តែខ្លះទៀតនិយាយថា វាមិនមានពាក់ព័ន្ធគ្នាទេ។

    នៅក្នុងការពិតវីញ មូលហេតុដែលធ្វើឱ្យមានការនិយាយតៗគ្នាឡើងថា បើអ្នកមានផ្ទៃពោះស្អប់អ្នកណា កូនកើតមកនឹងស្រដៀងនឹងម្នាក់នោះ វាអាចជាឧបាយកលរបស់មនុស្សសម័យបុរាណដែលមិនចង់ឱ្យស្រ្តីមានផ្ទៃពោះមានសុខភាពផ្លូវចិត្តមិនល្អ និងមិនចង់ឱ្យមានភាពតានតឹង ធុញថប់ មួម៉ៅរហូតហុចផលមិនល្អទៅដល់ទារកនៅក្នុងគភ៌ហ្នឹងឯង។

    – មែនឬអត់? ស្រ្តីមានគភ៌សម្លឹងមើលរូបថតមនុស្សដែលខ្លួនឯងពេញចិត្ត កូនកើតមកនឹងមានមុខមាត់ដូចមនុស្សម្នាក់នោះក្នុងផ្លូវផ្ទុយគ្នាវិញ ជំនឿដែលថា បើអ្នកមានផ្ទៃពោះសម្លឹងមើលរូបថតមនុស្សដែលខ្លួនឯងពេញចិត្ត ឬនឹកឃើញរឿងដែលខ្លួនឯងចូលចិត្ត កូនប្រសូតចេញមកក៏នឹងមានមុខមាត់ដូចមនុស្សម្នាក់នោះ ឬចូលចិត្ត និងមានទេពកោសល្យក្នុងរឿងដែលម្ដាយតែងនឹកឃើញញឹកញាប់កាលពីពេលតាំងគភ៌នោះឯង។ ជំនឿនេះ ក៏អាចជាឧបាយកលមួយទៀតរបស់ចាស់ៗបុរាណដែលចង់ឱ្យស្រ្តីមានគភ៌មានសុខភាពផ្លូវចិត្តដែលល្អ នឹកឃើញតែរឿងល្អៗនឹងបានសប្បាយចិត្តហ្នឹងឯង។

    នៅក្នុងការពិតវិញ លក្ខណៈខាងរូបកាយរបស់កូននៅក្នុងផ្ទៃនោះ ត្រូវបានកំណត់ដោយមានតួហ្ស៊ែនជាច្រើនផ្គុំចូលគ្នា ដោយកូនតូចនឹងបានទទួលហ្ស៊ែនទាំងពីឪពុក និងម្ដាយ មិនមែនបានពីនរណាម្នាក់ផ្សេងឡើយ។ ទោះជាសម្លឹងមើលរូបថតមនុស្សដែលខ្លួនស្រឡាញ់ចូលចិត្តយូរប៉ុនណាក៏ដោយ ក៏មុខមាត់របស់កូនមិនខុសប្លែកពីហ្ស៊ែនដែលបានទទួលពីឪពុក និងម្ដាយដែរ។

    អ៊ីចឹង តើចរិតនិស្ស័យរបស់កូនបានមកពីនរណា?

    ចំណែកឯរឿងចរិតនិស្ស័យរបស់កូនវិញនោះ ទោះជាការចម្លងបន្តខាងពូជអម្បូរនឹងមានចំណែកកំណត់លក្ខណៈចរិតនិស្ស័យរបស់ក្មេងក៏ដោយ តែការចិញ្ចឹមមើលថែ និងសភាពបរិស្ថានជុំវិញខ្លួន ក៏ជាបច្ច័យចម្បងដែលហុចផលដល់ចរិតនិស្ស័យរបស់កូនបានដែរ។ ក្រៅពីនោះហើយ ការរស់នៅប្រចាំថ្ងៃរបស់ឪពុក និងម្ដាយ អ្នកចិញ្ចឹមមើលថែ ឬឧបនិស្ស័យផ្ទាល់ខ្លួនខ្លះៗក៏អាចហុចផលដល់ចរិតនិស្ស័យរបស់ក្មេងបានដែរ។ បើកូនកើតមកហើយ កូនមើលឃើញទង្វើដូចជា ម្ដាយចូលចិត្តរអ៊ូរទាំ ឬនិយាយដើមនរណាម្នាក់ កូនក៏អាចនឹងជ្រួតជ្រាបចរិតនិស្ស័យផ្សេងៗទាំងនោះតាមបានជាបណ្ដើរៗដូចគ្នា។

    ទារកក៏ដូចជាក្រណាត់សដូច្នោះដែរ ការដែលក្មេងនឹងមានចរិតនិស្ស័យល្អ ឆ្លាត វាងវៃបាននោះ ក្រៅពីហ្ស៊ែនពូជរបស់ឪពុក និងម្ដាយហើយនោះ នៅត្រូវអាស្រ័យលើការចិញ្ចឹមមើលថែទាំដែលល្អ បរិស្ថានជុំវិញខ្លួនដែលល្អស័ក្តិសម និងការជំរុញដ៏ល្អពីក្រុមគ្រួសារផងដែរ៕

  • 10 រូបមន្តចងចិត្តស្វាមី ពីភរិយាមហាសេដ្ឋី ជែក ម៉ា ជូនចំពោះស្រ្តីទូទាំងពិភពលោក

    10 រូបមន្តចងចិត្តស្វាមី ពីភរិយាមហាសេដ្ឋី ជែក ម៉ា ជូនចំពោះស្រ្តីទូទាំងពិភពលោក

    តើមិត្តអ្នកអានជឿឬទេថា នៅពីក្រោយភាពជោគជ័យដ៏ធំធេងរបស់ “ជែក ម៉ា” មហាសេដ្ឋីលំដាប់លេខ 1 និងជាម្ចាស់របស់មហាយក្ស អុី-ខំម៊ើកស៍ អាលីបាបា មានភរិយាដ៏ស្រស់ស្អាត “ចាង យីង” ជាអ្នកនៅពីក្រោយខ្នងជួយសាប់ផតផ្នែកកម្លាំងចិត្ត និងនៅក្បែររូបគាត់ក្នុងគ្រប់ស្ថានការណ៍ ធ្វើឱ្យគាត់ទទួលបានភាពជោគជ័យក្នុងអាជីព និងក្លាយជាទីទទួលស្គាល់របស់មនុស្សទូទាំងពិភពលោកដូចសព្វថ្ងៃនេះ។

    ទាំងគូជាមិត្តភ័ក្តិសម័យរៀនមហាវិទ្យាល័យជាមួយគ្នា និងរៀបការនឹងគ្នាភ្លាមតែម្ដងនៅពេលបញ្ចប់ការសិក្សា ដោយ ចាង យីង បានបង្ហើបឱ្យដឹងថា “ជែក ម៉ា មិនមែនជាមនុស្សរូបសង្ហាសោះឡើយ និងថែមទាំងដូចជារាងអាក្រក់បន្តិចទៀតផង តែរឿងដែលខ្ញុំពេញចិត្តចំពោះខ្លួនគាត់នោះគឺ គាត់អាចធ្វើអ្វីបានជាច្រើន ខណៈដែលបុរសរូបសង្ហាទាំងឡាយមិនចាប់អារម្មណ៍នឹងធ្វើ។ ខ្ញុំមិនបានសម្រេចចិត្តខុសឡើយ ធុរកិច្ចអាលីបាបារបស់គាត់ក្លាយជាវត្ថុដ៏មហស្ចារ្យក្នុងពិភពធុរកិច្ចអនឡាញ អ្នកណាៗក៏ហៅគាត់ថា “មហាមនុស្សនៃការបង្កើតមុខជំនួញ” ដែរ ដែលវាបានសាងនូវមោទនភាពចំពោះខ្ញុំខ្លាំងណាស់”។

    ខាងក្រោមនេះគឺ 10 ចំណុចដាស់តឿនចិត្តរបស់ឧត្តមភរិយារបស់ ជែក ម៉ា ដែលត្រូវការប្រាប់ដល់ស្រ្តីទូទាំងពិភពលោក។

    1 . ក្រោយពេលរៀបការ អ្នកនឹងប្ដូរឋានៈទៅជាឧត្ដមភរិយា និងជាម្ដាយរបស់កូនៗ។ ចូរកុំគិតតែពីចិត្តខ្លួនឯងដូចកាលពីសម័យមុនរៀបការ មើលថែទាំស្វាមី ថែទាំកូន ជួយជាកម្លាំងគាំទ្រដល់ស្វាមី។

    2 . បើស្រឡាញ់ស្វាមី ត្រូវស្រឡាញ់ឪពុកម្ដាយរបស់ស្វាមីជាមុន ព្រោះបើគ្មានឪពុកម្ដាយគាត់ ក៏គ្មានរូបគាត់មកឱ្យយើងស្រឡាញ់ដែរ និងកុំយកទស្សនគតិ ឬទង្វើរបស់ឪពុកម្ដាយរបស់ស្វាមីដែលធ្វើចំពោះយើងទៅប្រៀបធៀបជាមួយនឹងអ្វីដែលយើងបានទទួលពីឪពុកម្ដាយបង្កើតរបស់យើងជាដាច់ខាត។

    3 . រួមកាយ រួមចិត្ត កុំសួរដេញដោលគ្រប់រឿងគ្រប់រ៉ាវ រឿងខ្លះជាគោលការណ៍ ឬជាវិធីការផ្ទាល់ខ្លួនក្នុងការធ្វើការងាររបស់គាត់ ដែលមិនចាំបាច់ត្រូវអធិប្បាយឱ្យយើងដឹងគ្រប់រឿងនោះទេ។ នៅចាំផ្ដល់កម្លាំងចិត្ត និងនៅចាំជួយផ្ដល់ការជួយយកអាសា ក៏គ្រប់គ្រាន់ហើយ។

    4 . ស្វាមីដែលត្រូវបានត្រួតត្រា ចុះចាញ់អ្នកតែមាត់ តែស្វាមីដែលត្រូវបានស្រឡាញ់ ចុះចាញ់អ្នកដោយដួងចិត្ត។ ស្រឡាញ់គេទៅ កុំគិតតែពីចង់គ្រប់គ្រងគេឱ្យជាប់អី។ រឹតតែនៅចំពោះមុខក្រុមមិត្តភ័ក្តិស្រីៗដូចគ្នាផងនោះ ភរិយាដែលល្អនឹងមិននិយាយដើមប្ដីឱ្យអ្នកដទៃស្ដាប់ជាដាច់ខាត។

    5 . កុំគិតចង់ផ្លាស់ប្ដូរគាត់ តែអាចសាងកម្លាំងជំរុញចិត្តដល់គាត់ ព្រោះជាទូទៅបុរសៗច្រើនតែខ្ជិល មិនសូវជាស្រឡាញ់ភាពស្អាតបាតប៉ុន្មានទេ។ ការងារតូចតាចនៅក្នុងផ្ទះ មិនចាំបាច់បង្ខំតឿនឱ្យគាត់ធ្វើទេ ទុកឱ្យគាត់ប្រើសមត្ថភាពក្នុងរឿងធ្វើការរកស៊ីឱ្យបានពេញទំហឹងវិញប្រសើរជាង។

    6 . ពេលស្វាមីត្រឡប់មកផ្ទះ ភរិយាគួរនៅផ្ទះ។ ស្វាមីត្រឡប់មកផ្ទះប្រហែលជាចង់ឃើញមុខភរិយា ចង់ឮសំឡេងភរិយា ចង់ជជែកគ្នាដោយក្ដីយល់ចិត្តយល់ថ្លើម តែមិនមែនបានឮតែសំឡេងរអ៊ូរទាំរបស់ភរិយានោះទេ។

    7 . កុំយកក្ដីសង្ស័យរបស់ខ្លួនឯងធ្វើជាចំណុចសម្រេចលើរឿងអ្វីមួយ។ កុំគិតតែម្នាក់ឯង រួចអុឺអើតែម្នាក់ឯងជាដាច់ខាត កុំយកក្ដីសង្ស័យមកគិតធ្វើជារឿងពិតឱ្យសោះ ព្រោះវានឹងក្លាយជារឿងប៉ះពាល់ដែលមិនល្អដល់ស្វាមី ហើយរូបអ្នកនឹងក្លាយជាភរិយាដែលគ្មានភាពជឿជាក់លើខ្លួនឯង។

    8 . កុំធ្វើខ្លួនជាសត្វកាំប្រមា។ បើធ្វើខ្លួនជាសត្វកាំប្រមាដែលចាំតែចាក់ដោតស្វាមី គ្មានស្វាមីណាចង់នៅជិតអ្នកទេ ប្រៀបដូចភ្លើង និងចំបើងស្ងួត នៅជាមួយគ្នាមិនបានទេ។

    9 . កុំព្យយាមប្រកែកតវ៉ានឹងស្វាមីខ្លួនឯង និងហាមជេរប្រមាថស្វាមីជាដាច់ខាត រឹតតែប្រកែកតវ៉ាស្វាមីច្រើនប៉ុនណា ក៏រឹតតែសាងនូវក្ដីមិនពេញចិត្តឱ្យខ្លួនឯងកាន់តែច្រើនប៉ុននោះដែរ ហើយការជេរប្រមាថស្វាមី មិនថាត្រូវ ឬខុសក៏ដោយ នឹងមានផលអាក្រក់ជះត្រឡប់ទៅរកខ្លួនអ្នកវិញយ៉ាងប្រាកដ។

    10 . សេចក្ដីស្រឡាញ់ប្រៀបដូចជាគ្រាប់ខ្សាច់ ចាប់កាន់បាន តែចងភ្ជាប់មិនបាន។ កុំគិតតែព័ទ្ធចាប់ស្វាមី ព្រោះព័ទ្ធចាប់អាចបានតែខ្លួនគាត់ ដូច្នេះស៊ូបានដួងចិត្តគាត់មកគ្រប់គ្រងវិញនឹងប្រាកដច្បាស់ជាង។ បង្រៀនកូននៅមុខអ្នកដទៃបាន តែពេលស្ងាត់ៗចូរប្រឹក្សាជាមួយស្វាមី។ ហាមបំបាក់មុខស្វាមីនៅចំពោះមុខអ្នកដទៃជាដាច់ខាត។

    បុរសដែលជាអ្នកធ្វើការរកស៊ីនៅក្នុងសង្គម រឿងដែលសំខាន់បំផុតនោះគឺ មុខមាត់ និងកិត្តិយសរបស់គាត់ ហើយបុរសគ្រប់រូបក៏ហួងហែង និងថែរក្សារឿងទាំងអស់នេះខ្លាំងណាស់។ ភរិយាដែលចេះរៀបចំដាក់ខ្លួនបានល្អ ជីវិតនឹងមានសេចក្ដីសុខ តែភរិយាដែលមានតែក្ដីមិនពេញចិត្ត រកសេចក្ដីស្ងប់សុខក្នុងជីវិតមិនបានឡើយ៕

  • កម្មវិធីប្រូម៉ូសិនថែមជូននេះពិសេសកប់ខ្លាំងណាស់ …!! តោះ…មកទទួលយកកម្មវិធីប្រូម៉ូសិនដ៏ពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌពី សាមសុង!

    កម្មវិធីប្រូម៉ូសិនថែមជូននេះពិសេសកប់ខ្លាំងណាស់ …!! តោះ…មកទទួលយកកម្មវិធីប្រូម៉ូសិនដ៏ពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌពី សាមសុង!

    (ភ្នំពេញ) ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២០៖ កាន់តែ​រំភើប…និង​កាន់តែ​សប្បាយរីករាយ​ជាមួយនឹង​កម្មវិធី​ប្រូ​ម៉ូ​សិន​ថែម​ជូន​យ៉ាង​ពិសេស​សម្រាប់​ឱកាស​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ! រាល់​ការទិញ​ស្មា​ត​ហ្វូ​ន​ស៊េរី A Samsung Galaxy A31, Galaxy A21s, និង Galaxy A11 ចាប់ពី​ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០ ដល់​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ នៅតាម​ហាង ឬ​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ទូទាំងប្រទេស​អតិថិជន​ទាំងអស់​នឹង​ទទួលបាន​ការ​ថែម​ជូន Power Bank កម្លាំង 10000 mAh ហ្ស៊ី​ន ដ៏​ស្រស់ស្អាត មានគុណ​ភាពខ្លាំង សាក​ទូរស័ព្ទ​ឆាប់​ពេញ​លឿន (Fast Charge) ១ គ្រាប់​ភ្លាម…!!

    ដូច្នេះ​សម្រាប់​អតិថិជន​ដែល​ចង់បាន​ស្មា​ត​ហ្វូ​ន​ដែល​មានគុណ​ភាពល្អ…ថតរូប​បាន​ស្អាត…ម៉ាស៊ីន​ដើរ​លឿន…លេង​ហ្វេ​ស​ប៊ុ​កបាន​ម៉ា​អេ​ម…កម្សាន្ត​វីដេអូ​បាន​យ៉ាង​ត្រជាក់​ភ្នែក​ជាមួយនឹង​អេក្រង់​ធំ​ភ្លឺ​ច្បាស់…ថាមពល​ថ្ម​ធំ និង​មានតម្លៃ​សមរម្យ​បំផុត​នោះ Samsung Galaxy A31, Galaxy A21s, និង Galaxy A11 គឺជា​ជម្រើស​ដ៏​ល្អ​ស័ក្តិសម​បំផុត!

    នៅចាំ​អី​ទៀត…? ថ្ងៃ​ឈប់សម្រាក​ក្នុងឱកាស​ភ្ជុំបិណ្ឌ​កៀក​មកដល់​ហើយ…អ៊ីចឹង​ប្រញាប់​ទិញ​ទាំងអស់គ្នា​ភ្លាម​ទៅ​ដើម្បី​ផ្តិត​យក និង​ចែករំលែក​អនុស្សាវរីយ៍​ផ្អែមល្ហែម​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ និង​ការជួបជុំ​ដ៏​រីករាយ​កក់ក្តៅ​ជាមួយ​ក្រុមគ្រួសារ ដោយ​មិន​ខកខាន ខាត​ពេល​ត្រូវយក​ទូរស័ព្ទ​ទៅ​បញ្ចូល​ថ្ម ឬ​ដណ្តើម​ព្រី​គ្នា​សាក​ថ្ម​ទូរស័ព្ទ​នោះទេ!

    បញ្ជាក់៖ រង្វាន់​ថែម​ជូន​នេះ​គឺ​សម្រាប់តែ​ការទិញ​ចាប់ពី​ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០ ដល់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ តែប៉ុណ្ណោះ!!

    សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​អញ្ជើញ​ទៅធ្វើ​ការសាកសួរ​ដោយផ្ទាល់​នៅតាម​ហាង​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​ធ្វើការ​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ​ឥតគិតថ្លៃ៖ 1800-203232!

    * លក្ខខណ្ឌផ្សេងៗត្រូវបាន​អនុវត្ត!

  • 15 នាទីសំខាន់ ជួយមនុស្សគាំងបេះដូង

    15 នាទីសំខាន់ ជួយមនុស្សគាំងបេះដូង

    មានជាច្រើនដងណាស់ដែលយើងតែងបានឮពីព័ត៌មានមនុស្សដែលស្ថិតក្នុងវ័យកំលោះក្រមុំត្រូវស្លាប់បាត់បង់ជីវិតមុនវ័យដោយអាការគាំងបេះដូង ដែលកាលពីពេលមុនយើងធ្លាប់តែនាំគ្នាជឿថា អាការនេះកើតនៅលើតែមនុស្សដែលមានអាយុច្រើនប៉ុណ្ណោះ តែក្នុងពេលបច្ចុប្បន្ន ស្ថានភាពសង្គមដែលផ្លាស់ប្ដូរ វិធីការហូបចុក ការសម្រាករបស់មនុស្សទីក្រុងបានផ្លាស់ប្ដូរខុសពីអតីតកាលយ៉ាងស្រឡះ។

    ខណៈដែលមនុស្សជាច្រើនលើកបន្ទុកក្នុងការព្យាបាលទៅឱ្យគ្រូពេទ្យទាំងក្នុងការពិតវិញនោះ គ្រូពេទ្យ និងបុគ្គលិកខាងវេជ្ជសាស្រ្តគឺជា ចុងផ្លូវនៃការរក្សាជីវិត ព្រោះដើមផ្លូវនៃការរក្សាជីវិតឱ្យរស់នៅបានយ៉ាងល្អតាមអាយុខ័យនោះត្រូវចាប់ផ្ដើមពីយើងខ្លួនឯង ដូច្នេះយើងនាំគ្នាមកស្គាល់ រៀនយល់ដឹង និងការពារ រួមទាំងការជួយសង្គ្រោះអ្នកដែលត្រូវប្រឈមនឹងជំងឺបេះដូង ឬអាការគាំងបេះដូងទាន់ហន់នៅក្នុងបន្ទាត់ខាងក្រោមនេះ។

    អាការគាំងបេះដូង

    “គាំងបេះដូង” មានន័យពី សរសៃឈាមបេះដូងត្រូវស្ទះដោយទាំងអស់ បន្ទាប់ពីនោះសាច់ដុំបេះដូងនឹងចាប់ផ្ដើមឈប់ធ្វើការ អាការអាចនឹងយូរជាង 15 នាទី និងមិនធូរស្រាលដោយសារកោសិកាសាច់ដុំបេះដូងដែលខ្វះឈាមមកចិញ្ចឹមនោះនឹងចាប់ផ្ដើមស្លាប់ក្នុងរយៈពេលមិនប៉ុន្មាននាទីក្នុងម៉ោងដំបូងដែលកើតអាការឈឺចុកក្នុងបេះដូង។ អាការដែលបង្ហាញឱ្យឃើញគឺ ឈឺចុកដើមទ្រូង រាលមកបំពង់ក ដៃ និងធ្គាម នឹងមានញើសចេញមកច្រើនរហូតមានអារម្មណ៍ថារងាមួយកំណាត់ខ្លួនខាងលើ អាចមានអាការវិលមុខ ដកដង្ហើមមិនពេញរួមជាមួយទៀតផង។

    វិធីជួយសង្គ្រោះនៅពេលជួបមនុស្សដែលមានអាការគាំងបេះដូង

    ការជួយជីវិតបែបដែលហៅថា CARDIO-PULMONARY RESUSCITATION (CPR) មានន័យថា ការជំរុញបេះដូង ឬផ្លុំខ្យល់បញ្ចូលសួតដើម្បីឱ្យជនរងគ្រោះមានជីវិតឡើងវិញ។ អាចរាប់ថា ជាការសង្គ្រោះជីវិតដែលសំខាន់ណាស់ ជាពិសេសក្នុងអំឡុងពេល 15 នាទី ដំបូងដែលអ្នកបានជួបមនុស្សមានអាការគាំងបេះដូង អ្នកមានឱកាសជួយឱ្យគេរស់ឡើងវិញបាន។

    ចាប់ផ្ដើមដំបូង ត្រូវព្យាយាមប្រាប់ឱ្យមនុស្សដែលមកចោមរោមមើលជនរងគ្រោះចេញឱ្យឆ្ងាយសិន បន្ទាប់មកពិនិត្យមើលថា ជនរងគ្រោះនៅដកដង្ហើមដែរឬទេ? ចូរដោះខ្សែក្រវាត់ និងឡេវអាវដើម្បីឱ្យជនរងគ្រោះបាត់ភាពថប់តានតឹងឱ្យបានច្រើនបំផុត បន្ទាប់ពីនោះធ្វើការម៉ាស្សាបេះដូង ដោយប្រើបាតដៃដាក់ពីលើគ្នាសង្កត់ទៅលើឆ្អឹងសន្ទះទ្រូង ខាងលើចុងដង្ហើមបន្តិច សង្កត់ហើយលែងជាចង្វាក់មិនតិចជាង 100 ដងក្នុងមួយនាទី ដើម្បីជាការធ្វើម៉ាស្សាបេះដូងឱ្យធ្វើការឡើងវិញ និងត្រូវប្រញាប់ហៅឡានពេទ្យភ្លាមៗនៅពេលឃើញមនុស្សកើតអាការគាំងបេះដូង។

    បើមានភាពប្រថុយប្រថានក្នុងការគាំងបេះដូង និងនៅតែម្នាក់ឯង គួរធ្វើយ៉ាងណា?

    បើលោកអ្នកជាមនុស្សដែលមានភាពប្រថុយប្រថានក្នុងការគាំងបេះដូងទាន់ហន់ ដែលមានន័យថាអ្នកមានអាការរបស់ជំងឺទឹកនោមផ្អែម លើសឈាម ធាត់ជ្រុល ឬធ្លាប់មានអាការនេះពីមុនមកនោះ ការរៀនយល់ដឹងក្នុងការដោះខ្លួនឱ្យរស់ពេលដែលនៅតែម្នាក់ឯងនោះគឺជារឿងសំខាន់។ ការណែនាំដំបូង បើសិនមានអារម្មណ៍ថា ចុកណែនដើមទ្រូង និងមានអាការស្រដៀងនឹងបេះដូងចង់គាំងនោះ ចូរចាប់ផ្ដើមក្អកបែបដែលហៅថា Cough CPR ភ្លាម ដោយដកដង្ហើមចូលឱ្យវែងគ្រប់ពេលមុនការក្អក និងក្អកឱ្យដូចមានស្លេស្ម៍ក្នុងបំពង់ក។

    កាេដកដង្ហើមចូលវែងៗ និងការក្អកត្រូវធ្វើជាបន្តបន្ទាប់រៀងរាល់ 2 វិនាទី និងក្អកជារឿយៗអាចជួសម្រាលអាការធ្ងន់ធ្ងរបាន និងធ្វើបែបហ្នឹងរហូតទាល់តែមានអ្នកមកជួយ ឬក៏បេះដូងដំណើរការជាប្រក្រតីឡើងវិញ និងក្រោយពីនោះត្រូវប្រញាប់ទៅមន្ទីពេទ្យភ្លាមកុំបង្អង់យូរ។

    បើមានថ្នាំ អាស្ពីរីន នៅក្នុងផ្ទះ នៅពេលចាប់ផ្ដើមមានអាការមិនស្រួល ការលេបថ្នាំអាស្ពីរីនអាចជួយឱ្យចរន្តឈាមរត់ហូរវិលបានល្អ មិនផ្ដុំគ្នាជាដុំ តែទាំងអស់នេះ វាត្រឹមតែជាការណែនាំក្នុងករណីដែលលោកអ្នកនៅតែម្នាក់ឯងប៉ុណ្ណោះ ឯវិធីដែលល្អបំផុតនោះគឺព្យាយាម កុំឱ្យខ្លួនឯងស្ថិតក្នុងសភាវប្រថុយប្រថានអីប្រសើរជាង៕

  • ស្រ្តីមានគភ៌តែងខ្លួនបែបណាឱ្យមើលទៅស្អាត បែប Fashion

    ស្រ្តីមានគភ៌តែងខ្លួនបែបណាឱ្យមើលទៅស្អាត បែប Fashion

    សូមទទួលស្គាល់ទៅថា ស្រ្តីៗយើងទោះជាកាលពីពេលមិនទាន់មានគភ៌ ធ្លាប់មានរូបរាងស្គមស្វែលស្អាតខ្ញង់លំដាប់បវរកញ្ញាខ្លាំងប៉ុនណាក៏ដោយ តែដល់ពេលមានផ្ទៃពោះច្បាស់ជាមើលទៅឃើញធាត់កន្រ្ទល និងថែមទាំងទ្រោមស្រពោនខុសកាលពីមុនទាំងស្រុង។ តែទោះជាយ៉ាងណាក៏ដោយ ក៏ស្រ្តីគ្រប់រូបនៅតែចង់ឱ្យខ្លួនឯងមើលមកស្រស់ស្អាតគ្រប់ពេលវេលាជានិច្ចដែរ ដូច្នេះមិនថាតែពេលមានគភ៌ ឬគ្មានក៏ដោយ និងដើម្បីជាការបន្ថែមភាពជឿជាក់លើខ្លួនឯង សូមស្រ្តីមានគភ៌ទាំងឡាយនាំយកតិចនិកការតុបតែងខ្លួនខាងក្រោមនេះទៅប្រើសាកលមើល ទោះជាក្នុងអំឡុងពេលមានគភ៌ក៏ដោយ ក៏ស្រ្តីយើងនៅតែមើលទៅស្អាតខ្ញង់ដែរ។

    1 . តែងខ្លួនបែបងាយៗ ក្នុងថ្ងៃសប្បាយៗ ៈ ក្នុងថ្ងៃធម្មតាដែលស្រ្តីមានគភ៌ចង់ចេញទៅទិញអីវ៉ាន់នៅខាងក្រៅផ្ទះបន្តិចបន្តួចនោះ ការពាក់យឺតវាលក្លៀកខ្លួនរាងវែងបន្តិច ជាមួយនឹងខោខូវប៊យចង្កេះធូរៗមួយក៏គួរតែល្មមគ្រប់គ្រាន់ហើយ។ ព្រោះឈុតបែបនេះនឹងជួយឱ្យដងខ្លួនរបស់ស្រ្តីមានគភ៌មើលទៅឃើញរាងវែងខ្ពស់ឡើងរហូតមានអារម្មណ៍ថា រាងស្គម និងដើម្បីឱ្យរូបរាងមើលមកឃើញរាងស្វែលឡើងបន្តិចទៀតនោះ អ្នកគួរជ្រើសរើសស្លៀកពណ៌បែបដិតៗបន្តិច ដូចជា ពណ៌ខ្មៅ ឬទឹកប៊ិចចាស់ ព្រោះវានឹងជួយលាក់រូបរាងរបស់អ្នកបានល្អ។

    2 . ស្លៀកសំពត់ដ្រេសខ្លី ៈ ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកក៏អាចយកឈុតដ្រេសមកស្លៀកបានដូចគ្នា ដោយគ្រាន់តែយកសំពត់ដ្រេសនោះមកចាប់គូជាមួយខោសាច់ក្រណាត់យឺតជើងវែង ក៏អូខេបាត់ទៅហើយ ឬចង់ស្លៀកជាមួយសំពត់វែងរាងស្មើចុះក្រោម ក៏មើលមកឃើញស្អាតម្យ៉ាងដែរ។

    3 . ស្អាតស្រទន់ដោយសំពត់រ៉ូបដ្រេសវែង ៈ សំពត់រ៉ូបដ្រេសវែង គឺជាឈុតដែលស្រ្តីមានផ្ទៃពោះគ្រប់រូបគួរមាននៅក្នុងទូសម្លៀកបំពាក់ ព្រោះស័ក្តិសមសម្រាប់មនុស្សមានផ្ទៃពោះបំផុត។ តាមរយៈដែលសំពត់រ៉ូបដ្រេសមានលក្ខណៈវែងចុះក្រោម រីកធំទៅក្រោមចាប់តាំងពីទ្រូងចុះទៅបែបនេះ នឹងជួយលាក់រូបរាងរបស់ស្រ្តីមានគភ៌ឱ្យមើលទៅឃើញស្គមបាន ធ្វើឱ្យមិនមើលឃើញក្បាលពោះ និងត្រគាកបានច្បាស់នោះទេ ហើយឈុតនេះថែមទាំងមិនរឹបណែនរហូតធ្វើឱ្យធុញថប់ដូចឈុតផ្សេងទៀតផង។

    4 . ចាប់គូសំពត់ខោអាវឱ្យត្រូវ ៈ ព្រោះការជ្រើសរើសចាប់គូសំពត់ខោអាវនេះនឹងជួយធ្វើឱ្យរូបរាងរបស់ស្រ្តីមានគភ៌មើលមកមានរាងមានរៅល្អឡើង ដូច្នេះអ្នកគួរតែដឹងអំពីតិចនិកការចាប់គូសំពត់ខោអាវដើម្បីស្លៀកហើយឱ្យរូបរាងមើលហើយឃើញស្អាត ដូចជា ចៀសវាងការពាក់អាវ ជាមួយសំពត់រលុងធំៗ ជាដើម ព្រោះនឹងធ្វើឱ្យរូបរាងរបស់ស្រ្តីមានគភ៌មើលមកឃើញធំណែន។

    5 . គ្រឿងអលង្ការតុបតែងខ្លួនក៏សំខាន់ ៈ ជារឿងប្រក្រតីដែលផ្ទៃមុខរបស់ស្ត្រីនឹងមើលទៅឃើញទ្រោមស្រពោនក្នុងខណៈមានផ្ទៃពោះ ព្រោះស្រ្តីមានគភ៌នឹងមានអារម្មណ៍នឿយល្វើយគ្រប់ពេលវេលា និងថែមទាំងពេលខ្លះនៅអាចកើតអាការចាញ់កូនខ្លាំងរហូតធ្វើឱ្យរាងកាយមើលទៅចុះទ្រុឌទ្រោម តែការបានពាក់គ្រឿងអលង្ការតុបតែងបន្តិចបន្តួច ដូចជា ចិញ្ចៀន ក្រវិល កងដៃ ឬដង្កៀបកៀបសក់ស្អាតៗ ក៏ជួយឱ្យស្រ្តីមានគភ៌មើលទៅស្អាតស្រស់ស្រាយបានដែរ៕

  • Urban Village ជា​គម្រោង​តែមួយគត់​ដែលឈ្នះ​ពានរង្វាន់​នៃ​ការអភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​នៅ​កម្ពុជា ហើយទទួលបានសិទ្ធបន្តទៅប្រកួត​លំដាប់​អន្តរជាតិ​

    Urban Village ជា​គម្រោង​តែមួយគត់​ដែលឈ្នះ​ពានរង្វាន់​នៃ​ការអភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​នៅ​កម្ពុជា ហើយទទួលបានសិទ្ធបន្តទៅប្រកួត​លំដាប់​អន្តរជាតិ​

    បើនិយាយពីគម្រោងខុនដូនៅកម្ពុជា Urban Village ជាគម្រោងដែលលេចធ្លោរមួយក្នុងចំណោម​គម្រោងធំៗនៅកម្ពុជា។ ថ្មីនេះគម្រោង Urban Village បានឈ្នះ​ពានរង្វាន់​ធំជាងគេ ដែលជា​ពាន​នៃ​ការអភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​នៅ​កម្ពុជា​។​ គម្រោងនេះ ជា​គម្រោង​តែមួយគត់​ពី​ប្រទេស​កម្ពុជា​ដែលមាន​ឱកាស​ឈាន​ជើង​បន្តទៅ​ប្រកួត​តំណាង​ឱ្យ​កម្ពុជា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ​។​

    តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍ Urban Village បានបញ្ជាក់ថា គម្រោង Urban Village បានឈ្នះ​ពានរង្វាន់​ធំជាងគេ ដែលជា​ពាន​នៃ​ការអភិវឌ្ឍ​ខុន​ដូ​ល្អ បំផុត​នៅ​កម្ពុជា។ តាមរយៈលទ្ធផលជាវិជ្ជមាននេះ គម្រោង​Urban Village នឹងក្លាយជាជា​គម្រោង​តែមួយគត់​ពី​ប្រទេស​កម្ពុជា ដែលមាន​ឱកាស​ឈាន​ជើង​បន្តទៅ​ប្រកួត​តំណាងឱ្យប្រទេស​កម្ពុជា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្តើមយកពានរង្វាន់​ធំ​ដែល​នឹង​ធ្វើឡើង​នៅ​ដើមខែធ្នូ ​ឆ្នាំ2020​ នៅប្រទេស​ថៃ។

    លោក Ben Li អគ្គនាយក​ក្រុមហ៊ុន Urban Hub Cambodia បានលើកឡើងថា​នៅក្នុង​ពិធី​ទទួល​ពានរង្វាន់​ជាច្រើន​ពី​កម្មវិធី PropertyGuru Award កាលពី​ល្ងាច​ថ្ងៃទី04 កញ្ញា ឆ្នាំ2020 ថា នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ដ៏​អស្ចារ្យ​នេះ វា​ជា​មហា​កិត្តិយស​ខ្លាំងណាស់សម្រាប់យើងខ្ញុំ ព្រោះ​បណ្ដា​ក្រុមហ៊ុន​ធំៗ និង​អ្នកវិនិយោគ​ជាច្រើន​បានចូលរួម។ ​នៅពេលដែល​ក្រុមហ៊ុន​ឬ​គម្រោង​ណាមួយ​ទទួលបាន​ពានរង្វាន់​នោះ វារឹតតែ​ធ្វើឱ្យអ្នក​អភិវឌ្ឍន៍​កាន់​តែមាន​មោទនភាព​បន្ថែមទៀតចំពោះការខិតខំប្រឹងប្រែងដើម្បីធ្វើវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានលក្ខណៈប្រសើរឡើង។

    លោក​ Ben Li បាន​និយាយថា៖ «​​ការអភិវឌ្ឍ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​ក្នុងដំណាក់កាល​នៃ​ការរីករាលដាល​ជំងឺ​Covid-19 ​នេះ​គឺ​នៅតែមាន​ភាពរលូន​ហើយក៏មាន​ក្រុមហ៊ុន​ខ្លះ​ទទួលបាន​នូវ​ឱកាស​ការលក់​គម្រោង​ក៏ដូចជា​ឱកាស​ក្នុងការ​វិនិយោគ​ផងដែរ»​។​
    ​អ្នកអភិវឌ្ឍអចលនទ្រព្យខាងលើបានបញ្ជាក់ផងដែរថា ចាប់តាំងពី​ខែកុម្ភៈ​ដល់​ខែឧសភា ក្នុងឆ្នាំនេះ ការលក់​​អចលនទ្រព្យ​ក្នុ​ង្រ​ទេស​កម្ពុជា ​ពិតជា​មានការ​ធ្លាក់ចុះ​មែន ប៉ុន្តែ​ចាប់តាំងពី​មិថុនា​រហូតដល់​បច្ចុប្បន្ននេះ ទីផ្សារ​ខុន​ដូ ហាក់​កំណើន​ឡើងវិញគួរឱ្យកត់សម្គាល់។ លោក​ថា ការលក់​មានកំណើនជាវិជ្ជមានចាប់​ពី​ខែមិថុនា​រហូតដល់​ខែកញ្ញា​នេះ ដោយសារតែ​អ្នកវិនិយោគ​ដែល​ចង់ទិញ​ខុន​ដូ នៅ​បរទេសមិនអាច​ចេញទៅ​បានឡើយ​ព្រោះ​ប្រទេស​មួយចំនួន​ត្រូវបាន​បិទ។ ហេតនេះពួកគាត់បាន​បង្វែរ​ការវិនិយោគ​រប​ស់​ខ្លួន​មក​ទិញ​ខុន​ដូ នៅក្នុង​ប្រទេស​កម្ពុជា​វិញ ។

    ក្រៅពី​បានឈ្នះ​ពានរង្វាន់​ពានរង្វាន់​នៃ​ការអភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​នៅ​កម្ពុជា ក្រុមហ៊ុន Urban Village បានឈ្នះ​ពានរង្វាន់ផ្នែកអភិវឌ្ឍន៍​ឈានមុខ​ល្អ​បំផុត ពានរង្វាន់ក្រុមហ៊ុន​អភិវឌ្ឍន៍​របៀប​រស់នៅ​ល្អ​បំផុត​ ពានរង្វាន់​ការអភិវឌ្ឍ​ការិយាល័យ​ល្អ​បំផុត​ ​ពានរង្វាន់​ការិយាល័យ​រួម​ល្អ​បំផុត​ និង​ពានរង្វាន់​រចនា​ម៉ូដ​ស្ថាបត្យកម្ម​ការិយាល័យ​ល្អ​បំផុត​។​

    គួររំលឹកថា​កាលពី​ខែឧសភា ឆ្នាំ2019 គម្រោង Urban Village បានឈ្នះ​ពានរង្វាន់​ចំនួន​ប្រាំពី​កម្មវិធី​ប្រ​គួ​ត​ពាន រង្វាន់​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​រៀបចំ​ការ​ប្រ​គួ​ត​ពានរង្វាន់​អចលនទ្រព្យ​មកពី​ប្រទេស​សិង្ហ​បុរី​។ ការ​ឈ្នះ​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​បានធ្វើ​ឲ្យ​គម្រោង Urban Village ក្លាយទៅជា​គម្រោង​តែមួយគត់​ដែល​ឈ្នះ​ពានរង្វាន់​រហូត​ទៅដល់​5ក្នុងពេល​តែមួយ​។

    ពានរង្វាន់​ទាំងនោះ​រួមមាន​ “​គម្រោង​ខុន​ដូ​ល្អ​ដាច់​គេ​នៅក្នុង​ប្រទេស​កម្ពុជា​”, “​គម្រោង​ខុន​ដូ​ល្អ​ដាច់​គេ​នៅក្នុង​ទីក្រុង​ភ្នំពេញ​”, “​គម្រោង​ខុន​ដូ​ដែលមាន​កា​រចនា​ផ្នែក​ស្ថាបត្យកម្ម​ទេសភាព​ខាងក្រៅ​ល្អ​ដាច់​គេ​”, “​គម្រោង​ខុន​ដូ​ដែល​មានការ​រចនា​ផ្នែក​ស្ថាបត្យកម្ម​ល្អ​ដាច់​គេ​” និង​ពានរង្វាន់​ចុងក្រោយ​គឺ “​គម្រោង​ខុន​ដូ​ដែល​មានការ​រចនា​ប្លង់​ផ្នែក​ខាងក្នុង​ល្អ​ដាច់​គេ៕

     

     

  • ពានរង្វាន់ PropertyGuru Cambodia Property Award លើកទី៥ ត្រឡប់មកប្រារព្ធព្រឹត្តិការណ៍រាត្រីស្រមោសនៅរាជធានីភ្នំពេញដោយមានការប្រកាសអ្នកទទួលជ័យលាភីសម្រាប់ពានរង្វាន់ឆ្នាំ២០២០

    ពានរង្វាន់ PropertyGuru Cambodia Property Award លើកទី៥ ត្រឡប់មកប្រារព្ធព្រឹត្តិការណ៍រាត្រីស្រមោសនៅរាជធានីភ្នំពេញដោយមានការប្រកាសអ្នកទទួលជ័យលាភីសម្រាប់ពានរង្វាន់ឆ្នាំ២០២០

    ពន្លឺ​ដ៏​ភ្លឺស្វាង​បំផុត​នៅក្នុង​វិស័យ​អចលនទ្រព្យ​ប្រចាំ​ប្រទេស​នឹង​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ស្ថិតនៅ​រាជធានី​ភ្នំពេញ សម្រាប់​ការប្រគល់​ពានរង្វាន់​អចលនទ្រព្យ PropertyGuru Cambodia Property Awards លើក​ទី៥ ដែល​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​នាំមក​ជូន​ដោយ Hitachi Elevators and Escalators ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សុក្រ​ទី៤ ខែកញ្ញា។

    ពានរង្វាន់​ប្រមាណ​ច្រើនជាង ៣០ និង​គោរមងារ​ខ្ពស់បំផុត​ដែលមានភាពខុសៗគ្នា​ជាង ២៥ ត្រូវបាន​ប្រគល់ជូន​ក្រុមហ៊ុន​ស្ទើរតែ​ទាំងអស់ ដែល​តំណាងឱ្យ​ក្រុមហ៊ុន​និង​គម្រោង​អភិវឌ្ឍន៍​ល្អ​បំផុត​នៅក្នុង​ប្រទេស។

    ក្នុងចំណោម​ក្រុមហ៊ុន​ទទួល​ជ័យលាភី​ចំនួន ៨ ដែល​បានឈ្នះ​ពានរង្វាន់ ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd.  ជា​ក្រុមហ៊ុន​ដែល​បានទទួល​ពានរង្វាន់​ធំ​បំផុត​ប្រចាំ​រាត្រី​ស្រ​មោ​ស។ ក្រុមហ៊ុន​នេះ​ត្រូវ​បានផ្តល់​គោរមងារ​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ល្អ​បំផុត និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ការប្រើប្រាស់​ចម្រុះ​ល្អ​បំផុត (Best Developer and Best Mixed Use Developer) សម្រាប់​ការងារ​ឆ្នើម​លើ​គម្រោង Flatiron របស់ខ្លួន, ដោយ​បានឈ្នះ​ពានរង្វាន់​ចំនួន៤ រួមទាំង ការអភិវឌ្ឍន៍​អាប់​ផាត​មិន​ផ្តល់​សេវាកម្ម​ល្អ​បំផុត និង​ការ​រចនា​ស្ថាបត្យកម្ម​ប្រើប្រាស់​ចម្រុះ​ល្អ​បំផុត (Best Serviced Apartment Development and Best Mixed Use Architectural Design។

    ក្រុមហ៊ុន​ដែល​បានឈ្នះ​ពានរង្វាន់​មួយទៀត គឺ​ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd. ដោយ​ទទួលបាន​ពានរង្វាន់​ក្នុង​ប្រភេទ​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឈានមុខ​ល្អ​បំផុត (Best Breakthrough Developer) ។ ក្រុមហ៊ុន​នេះ​ក៏​ទទួលបាន​នូវ​រង្វាន់​អភិវឌ្ឍន៍​ចម្បង​ចំនួន​ពីរ​ប្រចាំ​ព្រឹត្តិការណ៍​រាត្រី​ស្រ​មោ​ស គឺ​រង្វាន់​សម្រាប់​ការអភិវឌ្ឍន៍​ខុន​ដូ​ល្អ​បំផុត (កម្ពុជា) និង​ការអភិវឌ្ឍន៍​ខុន​ដូ​ល្អ​បំផុត (ភ្នំពេញ) សម្រាប់​គម្រោង Urban Village និង Factory Phnom Penh។

    ក្រុមហ៊ុន ប៉េង​ហួត គ្រុប (Peng Huoth Group) ដែល​បានឈ្នះ​ពានរង្វាន់​ចំនួន​បួន​លើក​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ល្អ​បំផុត បានឈ្នះ​ពានរង្វាន់​ថ្មី​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​របៀប​រស់នៅ​ល្អ​បំផុត (Best Lifestyle Developer)។ គម្រោង​ទីក្រុង​ដ៏​មហិមា ស្តារ​ផ្លា​ទី​នឹម​អេកូ​ខូ​លិច​សិន​ជំហាន​ទី១ (Star Platinum Eco Collection Phase I) បានទទួល​រង្វាន់​អភិវឌ្ឍន៍​លំនៅដ្ឋាន​ល្អ​បំផុត (កម្ពុជា)។

    ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd. ដែល​បានទទួល​ការកោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ការទទួលបាន​នូវ​គោរមងារ​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឈានមុខ​ល្អ​បំផុត និង​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​របៀប​រស់នៅ​ល្អ​បំផុត (Best Breakthrough Developer and Best Lifestyle Developer) បានឈ្នះ​ពានរង្វាន់​ចំនួន៣ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ អគារ Morgan Tower និង​គម្រោង​ខុន​ដូ Morgan EnMaison របស់ខ្លួន។

    ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ផ្សេងទៀត​សម្រាប់​ទីតាំង​ស្ថិត​នៅក្រៅ​ទីក្រុង​ភ្នំពេញ ក៏មាន​វត្តមាន​ក្នុងការ​ប្រកួតប្រជែង​ពានរង្វាន់​ក្នុង​វិស័យ​ដ៏​មាន​កិត្យានុភាព​ក្នុងឆ្នាំនេះ​ផងដែរ។ គម្រោង​ភូមិ​បាគង(Bakong Village) និង​គម្រោង​រូស៍​អេប​ផល​ស្វែ​រ(Rose Apple Square) បានឈ្នះ​ពានរង្វាន់​ថ្មី សម្រាប់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ល្អ​បំផុត (សៀមរាប) និង​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ល្អ​បំផុត (សៀមរាប) (Best Township Development (Siem Reap) and Best Residential Development (Siem Reap))។ រង្វាន់​ថ្មី​ផ្សេង​មួយទៀត​សម្រាប់​ការអភិវឌ្ឍន៍​ខុន​ដូ​ល្អ​បំផុត (ជាយក្រុង​ភ្នំពេញ) បាន​ទៅ​គម្រោង La Vista One ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Yin Yi Venture Co., Ltd ។

    បុគ្គល​ឆ្នើម​សម្រាប់​អចលនៈទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ ត្រូវបាន​ប្រគល់ជូន​លោក Hok Kang ដែលជា​ស្ថាបនិក​ និងជានាយកក្រុមហ៊ុន Urbanland​ Asia Investment Co., Ltd និង​ក្រុមហ៊ុន​ HKA & Partner។ ពានរង្វាន់​តែមួយគត់​គឺ​មិនត្រូវ​បានជ្រើសរើស​ដោយ​គណៈកម្មការ​វាយតម្លៃ​ទេ​ប៉ុន្តែ​ដោយ​អ្នក​កែសំរួល​របាយការណ៍ PropertyGuru Property អ្នកទទួលបាន​គោរមងារ​នេះ​ត្រូវបាន​ជ្រើសរើស​ដោយ​ការអភិវឌ្ឍន៍​គំរូ​របស់គាត់​ដែល​បាន​បង្កើន​គុណភាព​អគារ​និង​ស្តង់ដារ​រចនា​នៅក្នុង​ប្រទេស​កម្ពុជា។ ផលប័ត្រ​នៃ​គម្រោង​របស់គាត់​ផ្តោតលើ​ការផ្តល់ “កន្លែង​ជាច្រើន​ដែល​ប្តេជ្ញា​ចំពោះ​ព្រះរាជាណាចក្រ ប្រជាជន​និង​អនាគត” ពី​ផ្ទះ​ដែលមាន​តំលៃ​សមរម្យ​ដែល​អាចអោយ​ប្រជាជន​នៅ​ជាយក្រុង​អាច​រស់នៅ​ប្រកបដោយ​ភាពថ្លៃថ្នូ​រហូតដល់​សណ្ឋាគា​រ​ប្រណីត​ដែល​លើកកម្ពស់​ដល់​ការយល់ដឹង​អំពី​បរិស្ថាន​ផងដែរ។

    វិធានការ​សុវត្ថិភាព​ត្រូវបាន​អនុវត្ត​នៅនឹងកន្លែង​នា​ថ្ងៃ​រៀបចំ​ព្រឹត្តិការណ៍​រាត្រី​ស្រ​មោ​ស ដែល​រួមបញ្ចូល​ទាំង​ការពិនិត្យ​កម្តៅ លើ​ភ្ញៀវ​និង​បុគ្គលិក ការចែក​ម៉ាស​ដល់​បុគ្គលិក​សណ្ឋាគារ​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ ព្រមទាំង​ដាក់​ឱ្យមាន​ការលាង​សម្អាត​អនាម័យ​ដៃ​នៅពេល​ចុះឈ្មោះ។ ចំនួន​តុ​នៅក្នុង​សាលប្រជុំ​គឺមាន​ចំនួន​កំណត់ ដើម្បី​ធានា​ឱ្យបាន​នូវ​គម្លាត​សង្គម​សុវត្ថិភាព។

    លោក Hari V. Krishnan នាយក​ប្រតិបត្តិ​និង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន PropertyGuru Group បាន​មានប្រសាសន៍ថា “យើង​មាន​សុទិដ្ឋិនិយម​ថា​អ្នកឈ្នះ​ពានរង្វាន់​និង​អ្នកទទួល​គោរមងារ​ខ្ពស់បំផុត ពី ពានរង្វាន់ PropertyGuru Cambodia Property Awards នឹង​ឈានមុខ​គេ​ក្នុង​ការជួយ​អ្នកស្វែងរក​អចលនទ្រព្យ​ឱ្យ​កាន់តែ​ប្រសើរ មាន​ជម្រើស​កាន់តែ​ទូលំទូលាយ​ក្នុងការ​ស្វែងរក​គេហដ្ឋាន​និង​ប្រភេទ​អចលនទ្រព្យ​ផ្សេងទៀត​ទូទាំង​ព្រះរាជាណាចក្រ។ គម្រោង​លេចធ្លោ​ទាំងនេះ ពិត​ជាមាន​សក្ខីភាព​ចំពោះ​ភាពរឹងមាំ​និង​ភាព​ធន់​ដោយ​អ្នក​សាងសង់​ផ្ទាំងគំនូរ​អាគារខ្ពស់ៗក្នុងប្រទេស នា​សម័យ​ដ៏​អស្ចារ្យ​នេះ” ។

    គណៈកម្មការ​វាយតម្លៃ មានការ​ចូលរួម​ពី ប្រធាន​ពានរង្វាន់ លោក សន សៀ​ប (Sorn Seap) ជា​ស្ថាបនិក​និង​ជានា​យក​ក្រុមហ៊ុន  Key Real Estate Co., Ltd, លោក David Littlejohn ជា​អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សារ​និង​ផ្នែក​លក់​នៃ​ក្រុមហ៊ុន Comin Khmere, អ្នកស្រី Jenny Chea Sok You ជា​នាយក​ស្ថាបត្យករ​និង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន CMED Construction លោក Jovany Antonio ជានា​យក​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន CMS Property Management, លោក Michel Cassagnes ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Archetype Cambodia, លោក Pak Chanlino ជា​ដៃគូ​គ្រប់គ្រង​និង​ជា​មេធាវី​នៃ​ក្រុមហ៊ុន​មេធាវី Vinaya, លោក Simon Griffiths ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន The Mall Company, លោក​បណ្ឌិត Simon Vancliff ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន WB Sport Village Co., Ltd. និង​លោកស្រី Thida Ann ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន CBRE Cambodia។

    ក្រុមហ៊ុន BDO Cambodia បាន​ចូលរួម​ត្រួតពិនិត្យ​និង​គាំទ្រ​ដល់​ដំណើរការ​នៃ​ការវិនិច្ឆ័យ​ដោយ​តម្លាភាព​និង​យុត្តិធម៌ ប្រកបដោយ​ក្រមសីលធម៌​និង​ភាព​ហ្មត់ចត់ ក្រោម​ការត្រួតពិនិត្យ​ដោយ​លោក Lim Seng Siew ជា​ដៃគូ , លោកស្រី Va Dalis ជំនួយការ​អ្នកគ្រប់គ្រង និង​លោក Phan Darasy បុគ្គលិក​ជាន់ខ្ពស់។

    ពានរង្វាន់ PropertyGuru Cambodia Property Awards លើក​ទី៥ ក្នុង​ឆ្នាំ២០២០នេះ ត្រូវបាន​គ្រាំទ្រ​ដោយ​ក្រុមហ៊ុន   Hitachi Elevators & Escalators ដែលជា​ក្រុមហ៊ុន​ដៃគូ​ឧបត្ថម្ភ platinum sponsor, ក្រុមហ៊ុន CBRE Cambodia ដែលជា​ក្រុមហ៊ុន​ដៃគូ​ឧបត្ថម្ភ gold sponsor, ក្រុមហ៊ុន Jotun និង​ក្រុមហ៊ុន CAM Business Consultancy  ដែលជា​ក្រុមហ៊ុន​ដៃគូ​ឧបត្ថម្ភ silver sponsors, ទស្សនា​វ​ដ្តី​ផ្លូវការ  PropertyGuru Property, ដៃគូ​ផ្សព្វផ្សាយ Construction & Property, ទស្សនា​វ​ដ្តី Southeast Asia Globe, ក្រុមហ៊ុន​ផ្សព្វផ្សាយ Siemreap.net និង​ក្រុមហ៊ុន BizKhmer, ដៃគូ​ទំនាក់ទំនង​សាធារណៈ​ផ្លូវការ​នៃ​ក្រុមហ៊ុន Two Way PR ដៃគូ​សប្បុរសធម៌ Right To Play និង​អ្នកគ្រប់គ្រង​ផ្លូវការ​នៃ​ក្រុមហ៊ុន BDO។

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​អ៊ីមែល [email protected]  ឬ​ចូល​អាន​គេហទំព័រ​ផ្លូវការ៖

    AsiaPropertyAwards.com

     

  • រក្សាទុកថ្នាំពេទ្យនៅក្នុងទូទឹកកក មានគ្រោះថ្នាក់ដែរឬទេ?

    រក្សាទុកថ្នាំពេទ្យនៅក្នុងទូទឹកកក មានគ្រោះថ្នាក់ដែរឬទេ?

    ឡារ៉ែនគិតថា ប្រហែលវាជាគំនិតរបស់មនុស្សជាច្រើនដែលគិតថា ចង់យកស្អីទៅដាក់ក្នុងទូទឹកកកក៏បានដែរ វានឹងធ្វើឱ្យរបស់ទាំងអស់នោះក្រផុតកំណត់ ព្រោះភាពត្រជាក់ក្នុងទូទឹកកកនឹងជួយថ្នមវត្ថុអស់ទាំងនោះឱ្យនៅបានយូរឡើង ដែលថាៗទៅ សម្រាប់វត្ថុជាច្រើនអាចនឹងត្រឹមត្រូវ តែបើសិនជារឿងរបស់ “ថ្នាំពេទ្យ” វិញ តើវានឹងពិតដូចដែលគេនាំគ្នាជឿហ្នឹងឬយ៉ាងណា? ខាងក្រោមនេះគឺជាចម្លើយ…។

    រក្សាទុកថ្នាំពេទ្យនៅក្នុងទូទឹកកក

    គឺជារឿងពិតមួយដែលអាចនិយាយបាន ធាតុអាកាសក្ដៅហប់អាចនឹងធ្វើឱ្យថ្នាំចុះខ្សោយប្រសិទ្ធភាពលឿនជាងប្រក្រតី តែក៏មិនបានមានន័យថា ការរក្សាទុកថ្នាំពេទ្យនៅក្នុងទូទឹកកកនឹងជួយបន្តអាយុរបស់ថ្នាំឱ្យទុកប្រើប្រាស់បានយូរឡើងដែរ ព្រោះក្រៅពីរក្សាទុកថ្នាំក្នុងកន្លែងដែលមានធាតុអាកាសត្រជាក់ខ្លាំងជ្រុលពេក អាចនឹងធ្វើឱ្យថ្នាំចុះខ្សោយប្រសិទ្ធភាពបានដូចគ្នាហើយនោះ នៅធ្វើឱ្យថ្នាំកើតសារធាតុពុលកើនឡើងបានទៀតផង ព្រោះនៅក្នុងទូទឹកកកក៏មានភាពសើបអាប់ខ្ពស់ដូចគ្នាដែរ ហើយភាពសើមអាប់នេះឯងដែលធ្វើឱ្យថ្នាំបាត់បង់ប្រសិទ្ធភាព។

    លើកឧទាហរណ៍ដូចជា ថ្នាំអាស្ពីរីន នៅពេលប៉ះនឹងភាពសើមអាប់នៅក្នុងទូទឹកកកយូរៗទៅ អាចរលាយខ្លួនក្លាយជាអាស៊ីតសាលីស៊ីលិក និងអាស៊ីត អាសេទិក ដែលនឹងធ្វើឱ្យថ្នាំលែងមានប្រសិទ្ធភាព រួមទាំងធ្វើឱ្យកើតមានជាតិពុលធ្វើឱ្យរាងកាយខ្វះអុកស៊ីហ្ស៊ែន ទៅជាប្រកាច់ និងបាត់បង់សតិស្មារតីបានទៀតផងបើរាងកាយទទួលក្នុងបរិមាណច្រើន។

    ការរក្សាទុកដាក់ថ្នាំពេទ្យយ៉ាងត្រឹមត្រូវ

    1 . រក្សាទុកនៅក្នុងកន្លែងដែលមានខ្យល់អាកាសបក់ចេញចូលបានស្រួល មិនក្ដៅ មិនអាប់សើមជ្រុលពេក និងគ្មានពន្លឺថ្ងៃចាំងចូលដល់។

    2 . រៀបចំទុកដាក់តាមប្រភេទថ្នាំនីមួយៗរួមគ្នា និងអាចបែងចែកតាមប្រភេទរបស់ថ្នាំ ដូចជាថ្នាំទឹក ឬថ្នាំគ្រាប់ ថ្នាំសម្រាប់លាបលើស្បែក ឬថ្នាំសម្រាប់លេបព្យាបាលក្នុងខ្លួន(ថ្នាំផ្សះ) ឬអាចបែងចែកតាមក្រុមថ្នាំដែលព្យបាលអាការដូចគ្នា ដូចជា ថ្នាំបំបាត់ការឈឺចាប់(ឈឺក្បាល ឈឺពោះ ឈឺធ្មេញ) និងថ្នាំព្យាបាលរបួស ដំបៅ ជាដើម។

    3 . នៅពេលបានថ្នាំមក គួរពិនិត្យមើលថ្ងៃផុតកំណត់ ឬបើមិនដឹងទេ គួរសរសេរលើក្រដាសបិទលើដប ឬកញ្ចប់ថ្នាំនោះថា បានមកនៅថ្ងៃណា ហើយរកមើលព័ត៌មានថា ថ្នាំប្រភេទនោះអាចរក្សាទុកបានយូរប់ុនណា(ភាគច្រើនបើឃើញមានតែថ្ងៃផលិត ចូររាប់ចាប់ពីថ្ងៃផលិតមក 3 ឆ្នាំទៀត នោះគឺថ្ងៃផុតកំណត់ហើយ តែទាំងអស់នេះអាស្រ័យលើប្រភេទរបស់ថ្នាំដែរ)។

    4 . រៀបចំការប្រើថ្នាំតាមលំដាប់ ពីថ្នាំដែលជិតផុតកំណត់មុនជានិច្ច។

    5 . នៅក្នុងទូថ្នាំ ឬប្រអប់ទុកដាក់ថ្នាំ គួរសរសេរបិទប្រាប់ពីប្រភេទថ្នាំឱ្យបានច្បាស់លាស់ ដើម្បីងាយក្នុងការចាប់យកមកប្រើ។

    6 . ថ្នាំដែលជាបន្ទះ មិនគួរកាត់ចេញមកជាគ្រាប់ ឬឆ្កឹះចេញពីបន្ទះនោះទេ គួររក្សាទុកទាំងបន្ទះ ដើម្បីទុកមើលថ្ងៃផុតកំណត់នៅលើបន្ទះនោះ។

    7 . បើថ្នាំនៅមិនទាន់ផុតថ្ងៃកំណត់ តែសង្កេតឃើញមានភាពខុសប្រក្រតីណាមួយដែលខុសប្លែកពីមុន ដូចជា ប្រែពណ៌ រូបរាងខុសពីមុន មានក្លិន និងរសជាតិប្លែក ជាដើម-ល- មិនគួររក្សាទុកថ្នាំនោះទៀតទេ។

    យ៉ាងណាក៏ដោយ ថ្នាំនីមួយៗអាចនឹងមានវិធីរក្សាទុកដាក់ខុសប្លែកពីគ្នា ដូច្នេះគួររកមើលវិធីថែរក្សាទុកថ្នាំនីមួយៗនោះនៅលើស្លាករបស់ផលិតផល ឬបើជាថ្នាំដែលគ្រូពេទ្យផ្សំមកឱ្យជាឈុតៗនោះ គួរតែទទួលទានតាមវេជ្ជបញ្ជាឱ្យអស់ កុំឈប់កណ្ដាលទីដែលនាំឱ្យថ្នាំនៅសល់ ហើយគិតរក្សាថ្នាំនោះទុកដើម្បីលេបនៅពេលឈឺលើកក្រោយទៀតឱ្យសោះ ព្រោះក្រៅពីថ្នាំនោះអាចនឹងចុះខ្សោយប្រសិទ្ធភាពហើយនោះ នៅធ្វើឱ្យរាងកាយយើងឌឺថ្នាំដោយសារតែលេបមិនគ្រប់ចំនួនតាមគ្រូពេទ្យណែនាំទៀតផង៕

  • មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ថា អាជីវកម្មក្នុងវិស័យនេះបើកឡើងវិញបាន 30% ហើយ

    មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ថា អាជីវកម្មក្នុងវិស័យនេះបើកឡើងវិញបាន 30% ហើយ

    មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ ឯកឧត្តម ទិ​ត ចន្ថា បាន​បញ្ជាក់ថា មកដល់ពេលនេះ​ដោយសារតែ​ស្ថានភាព​ទេសចរណ៍​ក្នុងស្រុក​មាន​ភាពប្រសើរ​ឡើង​បន្តិច អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ប្រមាណ 30% បានចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ហើយ។

    ឯកឧត្តម ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានលើកឡើង​ថា​នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​មូលដ្ឋាន​អាជីវកម្ម​ទេសចរ​ណ៍ស​រុ​ប​ចំនួន 9,689ទីតាំង ដោយ​រាប់បញ្ចូល​ទាំង​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម៉ាស្សា ស្ប៉ា ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ត បៀ​ហ្គា​ឌិន កីឡា​ទេសចរណ៍ និង​ទីភ្នាក់ងារ​ទេសចរណ៍។ នៅក្នុង​ពេលដែល​កម្ពុជា​ទទួលរង​ផលប៉ះពាល់​ជា​អវិជ្ជមាន​នៃ​ជំងឺ Covid-19 ទីតាំង​បម្រើឱ្យ​គោលដៅ​ទេសចរណ៍​ទាំងអស់នោះ​ស្ទើរតែ 90% ត្រូវ​ជួបនឹង​វិបត្តិ ហើយ​ផ្អាក​សកម្មភាព​អាជីវកម្ម​របស់ខ្លួន​ជា​បណ្តោះអាសន្ន​ក្នុង​គោលដៅ​ទប់ស្កាត់​ការឆ្លង​ជំងឺ Covid-19 ផង និង​ដោយសារតែ​គ្មាន​ភ្ញៀវ​ផង។

    ឯកឧត្តម​បញ្ជាក់ថា ចំណុច​ដែល​ធ្វើឱ្យ​អាជីវកម្ម​ទេសចរណ៍​ប្រមាណ 30% បើក​ដំណើរការ​ឡើងវិញ​នេះ ដោយសារតែ​មួយរយៈ​ពេល​នេះ ភ្ញៀវទេសចរ​ក្នុងស្រុក​ចាប់ផ្តើម​មានដំណើរ​កម្សាន្ត​ឡើងវិញ ដែល​ធ្វើឱ្យ​អាជីវកម្ម​ខ្លះ​ត្រូវបាន​ស្រោចស្រង់ និង​បន្តសកម្មភាព​ជា​វិជ្ជមាន៕

    ឯកឧត្តម ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍