Author: ធឿន មករា

  • ក្រុមហ៊ុន CPL ទទួលសិទ្ធលក់ផ្តាច់មុខលក់គម្រោង Gold Residence ដែលផ្តល់ការបន្ថែមកាន់តែពិសេសក្នុងខែកញ្ញានេះ

    ក្រុមហ៊ុន CPL ទទួលសិទ្ធលក់ផ្តាច់មុខលក់គម្រោង Gold Residence ដែលផ្តល់ការបន្ថែមកាន់តែពិសេសក្នុងខែកញ្ញានេះ

    ក្រុមហ៊ុន CPL ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​មានបទពិសោធន៍​យូរ​ជាងគេ​នៅ​កម្ពុជា បានទទួល​សិទ្ធ​លក់​ផ្តាច់មុខ​សម្រាប់​គម្រោង Gold Residence ដែលជា​គម្រោង​ប្រកបដោយ​សក្តានុពល​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

    លោក ដែង តារា ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ ​CPL បាន​លើកឡើងថា គម្រោង Gold Residence ជា​គម្រោង​ប្រកបដោយ​សក្តានុពល​មួយ​សម្រាប់​ប្រជាជន​ដែល​ចង់​ស្វែងរក​ផ្ទះ​សម្រាប់ធ្វើ​អាជីវ​ម្ម និង​សម្រាប់​រស់នៅ​កសាង​សុភមង្គល​គ្រួសារ ព្រោះ Gold Residence ជា​គម្រោង​ដែល​ស្ថិត​ចំ​តំបន់​ដែលមាន​ការអភិវឌ្ឍ​ខ្លាំង។ លោក​ថា Gold Residence ស្ថិតនៅក្នុង​ខណ្ឌដង្កោ ដែលជា​អតីត​តំបន់កសិកម្ម ហើយ​បច្ចុប្បន្ននេះ​បានប្រែក្លាយ​ជា​តំបន់​អភិវឌ្ឍ និង​មាន​លំហូរ​ប្រជាជន​ជាច្រើន​ពី​គ្រប់​តំបន់​មក​រស់នៅ​ទីនេះ។ ហេតុនេះ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គឺ​សុទ្ធតែ​ត្រូវបាន​ធ្វើឡើង​ដោយ​យកចិត្តទុកដាក់ ស្អាត សុវត្ថិ​ភាពល្អ និងថ្មីៗប្រកបដោយ​ស្តង់ដា​ខ្ពស់ សម្រាប់​ឆ្លើយតប​ជាមួយនឹង​កំណើនប្រជាជន និង​ការអភិវឌ្ឍ។

    លោក ដែង តារា ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ ​CPL

    លោក ដែង តារា បាន​និយាយថា៖ «បច្ចុប្បន្ននេះ គម្រោងធំៗជាច្រើន​ដូចជា​ផ្សារ​ទំនើប​AOEN និង​គម្រោង​បុរី រួមទាំង​គម្រោង​លំនៅដ្ឋានប្រណីតៗសុទ្ធតែ​បាន​បោះទីតាំង​នៅក្នុង​ខណ្ឌដង្កោ​នេះ។ ហេតុនេះ យើង​សង្ឃឹមថា​គម្រោង Gold Residence នឹង​អាច​នឹង​លក់​អស់ទាំង​ស្រុង​ក្នុង​រយៈពេល 2ខែ​ទៀត»។

    អ្នកជំនាញ​អចលនទ្រព្យ​ខាងលើ​បាន​បន្ថែមទៀតថា ជា​ឱកាសល្អ​សម្រាប់​អតិថិជន ប្រសិនបើ​ចាប់អារម្មណ៍​លើ​គម្រោង Gold Residence អាច​កក់ ឬ​ចុះ​កុងត្រា​ទិញ​នៅក្នុង​ខែកញ្ញា​នេះ នឹង​ទទួលបាន​ការបន្ថែម​មួយ​ជាន់​ខាងលើ​សម្រាប់​ផ្ទះ​ប្រភេទ Link House និង​ទទួលបាន 6,000ដុល្លារ​សម្រាប់​ផ្ទះ​អាជីវកម្ម (shop house) ខណៈពេលដែល​មកដល់​ពេលនេះ​គ្រោង​នេះ​បាន​លក់​អស់​ប្រមាណ 25% ហើយ។

    លោក វិត រ៉ូ ឌី​ន នាយក​គ្រប់គ្រង​គម្រោង Gold Residence បានបញ្ជាក់​ផងដែរ​ថា ហេតុផល​ដែល​ក្រុមហ៊ុន​របស់លោក​វិនិយោគ​លំនៅដ្ឋាន​ក្នុង​ទីតាំង​ខណ្ឌដង្កោ ជិត​ផ្លូវ​ក្រ​វ៉ាត​ក្រុង (60ម៉ែត្រ) នេះ ដោយសារតែ​វា​ជាទី​តាំងនៅ​ចំ​កណ្តាល​តំបន់​អភិវឌ្ឍសំខាន់។ Gold Residence ស្ថិតនៅ​ជិត​រង្វង់​មូល​កួរ​ស្រួ​វ ផ្សារ​អ៊ី​អន នៅ​ពីក្រោយ​រោងចក្រ និង​ផ្សារ​ព្រែក​ជ្រៃ ដែលជា​ទីតាំង​អំណោយផល​សម្រាប់​ការធ្វើ​អាជីវកម្ម និង​ការរស់នៅ។

    លោក វិត រ៉ូ ឌី​ន នាយក​គ្រប់គ្រង​គម្រោង Gold Residence

    លោក វិត រ៉ ឌី​ន បាន​និយាយថា លក្ខខណ្ឌ​ពិសេស​ថ្មី​មួយ​បន្ថែមទៀត​សម្រាប់​គម្រោង Gold Residence គឺ​គម្រោង​នេះ​មានការ​គិតគូរ​ច្បាស់លាស់​ពី​គុណភាព​សំណង់ និង​សោ​ភណ្ឌ​ភាព។ ហេតុនេះហើយ​ទើប​ចាប់ពី​ពេល​បុកគ្រឹះ​រហូតមកដល់​ពេលនេះ យើង​ទទួល​ការ​កក់ និង​ទិញ​អស់​ប្រមាណ 25% រួច​បាត់ទៅហើយ។ ក្រុមហ៊ុន​រំពឹងថា​អាច​នឹង​លក់​អស់​ក្នុងពេលឆាប់ៗខាងមុខនេះ ហើយ​ក៏មាន​គម្រោង​ផងដែរ​សម្រាប់​បោះទីតាំង​អភិវឌ្ឍ Gold Residence ទី២ ក្នុងពេលឆាប់ៗនេះ៕

  • នៅពេលកូនតូចឈានចូលខែទី 6

    នៅពេលកូនតូចឈានចូលខែទី 6

    លក្ខណៈរបស់កូនតូចពេលចូលដល់ខែទី 6

    មកដល់ខែនេះ អ្នកម្ដាយអាចសង្កេតឃើញថា ទឹកដោះរបស់ខ្លួនដែលធ្លាប់តែបំបៅកូនគ្រប់គ្រាន់នោះ បែរជាតិចទៅៗ។ ក្នុងអំឡុងខែនេះអ្នកម្ដាយអាចឱ្យកូនមឹមទឹកដោះគោឆុងបាន តែក្មេងដែលធ្លាប់បៅដោះម្ដាយមករហូតនោះអាចនឹងមិនព្រមបៅទឹកដោះគោពីដប ដូច្នេះសាកល្បងដាក់ក្នុងពែងឱ្យញ៉ាំក៏បាន ដោយស្មានបរិមាណទឹកដោះគោតាមរយៈអត្រាកើនឡើងរបស់ទម្ងន់ខ្លួន។ កូន 6 ខែទម្ងន់នឹងកើនឡើងជាមធ្យមមួយថ្ងៃប្រមាណជា 15 ក្រាម បើក្នុង 10 ថ្ងៃទម្ងន់កើនឡើងត្រឹមតែ 120 – 130 ក្រាម។ សាកល្បងបន្ថែមទឹកដោះគោឱ្យទៀតមួយថ្ងៃ 2 ដប គួរឱ្យមឹមក្រោយពេលញ៉ាំអាហារបន្ថែម។ បើមិនព្រមបៅទឹកដោះគោ សាកល្បងឱ្យបៅទឹកសណ្ដែកលឿង និងបង្កើនបរិមាណអាហារបន្ថែម ដើម្បីឱ្យអាហារគ្រប់គ្រាន់ទៅនឹងតម្រូវការរបស់រាងកាយ។

    ក្មេងណាដែលធ្លាប់តែក្អួតចេញមកវិញក្រោយពេលបៅរួច មកដល់ខែនេះអាការនេះនឹងបាត់លែងមានហើយ។

    ដល់ពេលចាប់ផ្ដើមអាហារបន្ថែមហើយ

    គួរចាប់ផ្ដើមឱ្យញ៉ាំនៅពេលដែលកូនបង្ហាញកាយវិការថាចង់ញ៉ាំ ដូចជា លូកដៃមកស្រវាចាប់ស្លាបព្រា កម្រើកមាត់ឮសូរជុបចាប់ ជាដើម។ បើកូននៅមិនទាន់ដល់ពេលចង់ ទោះជាបញ្ចុក ក៏តែងតែប្រើអណ្ដាតទល់រុញចេញមកវិញដែរ និងមិនគួរបង្កើនបរិមាណអាហារបន្ថែមលឿនពេកទេ។ បើក្នុង 10 ថ្ងៃទម្ងន់ខ្លួនកើន 300 ក្រាមឡើងទៅ បង្ហាញថា កូនញ៉ាំអាហារច្រើនពេកហើយ និងមិនគួរបង្ខំឱ្យកូនញ៉ាំអាហារដែលមិនចូលចិត្តនោះទេ។ ចំណែកមូលហេតុដែលត្រូវឱ្យញ៉ាំអាហារបន្ថែមគឺ ទឹកដោះម្ដាយមានសារធាតុដែកកាន់តែតិចទៅ និងវិធីការពារជំងឺឈាមស្លេកដោយសារខ្វះសារធាតុដែកគឺ ញ៉ាំអាហារបន្ថែមដោយចាប់ផ្ដើមពីបបរកិនម៉ដ្ឋនៅពេលអាយុ 6 ខែ ហើយផ្លាស់ទៅជាបបរធម្មតានៅពេលអាយុ 7 – 8 ខែ និងបាយដូចមនុស្សធំនៅពេលអាយុបាន 1 ឆ្នាំ។

    គោលការណ៍សំខាន់ក្នុងការឱ្យញ៉ាំអាហារបន្ថែម

    – ឱ្យញ៉ាំអាហារណាដែលកូនចូលចិត្តដោយមិនបង្ខំ។ អាយុ 6 ខែ គួរឱ្យមួយថ្ងៃ 1 ពេល លើកលែងតែបៅទឹកដោះម្ដាយមិនគ្រប់គ្រាន់ និងមិនព្រមបៅទឹកដោះគោ។

    – ឱ្យញ៉ាំមុនពេលបៅ និងមិនចាំបាច់ឱ្យញ៉ាំនៅពេលព្រឹកជានិច្ចនោះទេ ដូចជាចាប់ផ្ដើមពីម៉ោង 10ៈ00 ជាដើម ព្រោះបើសិនកើតអាការរាករូសដោយសារអាហារមិនស្អាត នឹងបាននាំទៅពេទ្យបានងាយស្រួលជាងនៅពេលល្ងាច។

    – ចាប់ផ្ដើមពី 1 – 2 ស្លាបព្រាកាហ្វេ បើមិនចូលចិត្តស៊ុនមាន់ស្ងោរ សាកល្បងធ្វើជាទឹកសម្លស្ងោរពងមាន់ក៏បាន។

    – ពេលញ៉ាំបបរកិនជាមួយស៊ុតបានពូកែហើយ ចាប់ផ្ដើមឱ្យញ៉ាំបន្លែកិន ដោយចាប់ផ្ដើមពី ល្ពៅស្ងោរកិន ដំឡូងបារាំងស្ងោរកិន និងការ៉ុតស្ងោរកិនជាដើម។

    – ប្រកាន់យកភាពងាយស្រួល គឺមិនធ្វើអាហារសម្រាប់តែកូនតូចជាពិសេសទេ តែជ្រើសរើសយកពីអាហារដែលធ្វើឱ្យមនុស្សធំញ៉ាំ និងបែងឱ្យកូនតូចញ៉ាំ។

    – បើបានទទួលទឹកម្ដាយមិនគ្រប់គ្រាន់ និងមិនព្រមបៅទឹកដោះគោ ហើយទម្ងន់ខ្លួនកើនឡើងតិចជាងមួយថ្ងៃ 10 ក្រាម គួរជ្រើសរើសអាហារដែលមានកាឡូរីខ្ពស់ ដូចជា ស៊ុតក្រហម ថ្លើមស្ងោរកិន សាច់ស្ងោរកិន សាច់ត្រី និងសាច់មាន់។ល។

    – អាហាររបស់មនុស្សធំដែលកូនតូចក្នុងវ័យនេះអាចញ៉ាំបានគឺ អាហារស៊ុតទាំងឡាយ សម្លស្ងោរធម្មតាទូទៅ និងស៊ុបផ្សេងៗ តៅហ៊ូ សាច់ត្រី សាច់គោ សាច់ជ្រូក សាច់មាន់ស្ងោរផុយ និងបន្លែស្ងោរជាដើម។

    អាការដែលអាចកើតឡើង

    – រាករូស

    កូនអាចបន្ទោបង់មករាវ ព្រោះមានមេរោគបាក់តេរី ឬមេរោគវីរុសដោយសារអាហារមិនស្អាតគ្រប់គ្រាន់។ ពេលកូនរាក ក៏អាចមានក្ដៅខ្លួន អារម្មណ៍មិនល្អ មិនព្រមបៅទឹកដោះ និងក្អួតជាដើម។ បើរាកដោយសារអាហារមិនស្អាតគ្រប់គ្រាន់ គួរធ្វើឱ្យបានស្អាត មានអនាម័យ ឬបើកូនមិនដែលបានទទួលអាហារបែបនោះពីមុន នៅពេលញ៉ាំហើយរាក ចូរបញ្ឈប់អាហារនោះ រហូតដល់ពេលបាត់រាក សឹមឱ្យញ៉ាំជាថ្មីដោយបន្ថយបរិមាណអាហារចុះឱ្យនៅសល់ពាក់កណ្ដាល។ តែបើនៅតែរាកមិនបាត់ ចូរប្រញាប់នាំកូនតូចទៅមន្ទីរពេទ្យ។

    – ក្អកញឹកញាប់

    នៅពេលអាការប្រែប្រួល កូនអាចមានអាការក្អក បើក្អកនៅពេលព្រលប់ អាចមានក្អួតទៀតផង បើវាស់សីតុណ្ហភាពហើយឃើញមិនមានក្ដៅខ្លួន កូនមិនយំរករឿង នៅលេងធម្មតា នៅបៅទឹកដោះបានធម្មតានោះបញ្ជាក់ថាកូនតូចមិនមានកើតអ្វីធ្ងន់ធ្ងរទេ។ អំឡុងពេលដែលកូនក្អកគួរចៀសវាងការងូតក្នុងពេលដែលមានធាតុអាកាសត្រជាក់ ព្រោះនឹងធ្វើឱ្យកើតស្លេស្ម៍ឡើងច្រើន។ គួរងូតទឹកឱ្យកូននៅពេលរសៀលៗ និងនាំកូនចេញទៅសំដិលថ្ងៃនៅខាងក្រៅផ្ទះដោយមិនបាច់ស្លៀកសម្លៀកបំពាក់ក្រាស់ឱ្យទេដើម្បីឱ្យសុខភាពស្បែករបស់កូនបានរឹងប៉ឹង។

    -យំរករឿងនៅពេលយប់

    មានមិនតិចទេដែលក្នុងមួយយប់ៗកូនភ្ញាក់យ៉ាងតិច 2 – 3 ដងនោះ។ មានក្មេងតិចណាស់ដែលស្រែកយំរំខានព្រោះឃ្លាន ដូច្នេះគួរបន្ថែមបរិមាណទឹកដោះគោឱ្យច្រើនឡើង ឬបន្ថែមពេលបៅនៅពេលយប់មួយពេលទៀតក៏បាន។

    – កើតបូសនៅលើក្បាល

    ក្មេងដែលស្បែកក្បាលរលាកក្លាយ ពេលអេះយូរទៅនឹងដាច់រលាត់ និងមានមេរោគចូលក្លាយជាបូស។ ក្មេងខ្លះអាចកើតពេញក្បាល និងច្រើនតែមានគ្រុនក្ដៅខ្លួនរួមជាមួយផង ហើយយំរករឿងរំខាន ដូច្នេះត្រូវការពារទុកជាមុនដោយការកាត់ក្រចកដៃកូនឱ្យខ្លីជាប់ជានិច្ច ឧស្សាហ៍ប្ដូរស្រោមខ្នើយ និងគួរប្រញាប់ព្យាបាលឱ្យឆាប់ជា។

    វិវឌ្ឍនាការរបស់កូនតូច

    . រាងកាយ

    -ក្រឡាប់បានកាន់តែចំណានឡើង និងចាប់ផ្ដើមចេះលូនទៅខាងមុខ ឬមកក្រោយបានខ្លះហើយ។

    – ចេះអង្គុយទប់លំនឹងខ្លួនបានល្អ និងបានយូរហើយ តែត្រូវមានអ្វីមកទល់ទប់ពីក្រោយ ព្រោះអាចនឹងផ្ងារក្រោយបានយ៉ាងងាយ។

    – អាចកាន់ដបទឹកដោះគោបាន ចាប់របស់លេងបាន និងដូរពីដៃម្ខាងទៅដៃម្ខាងបានយ៉ាងស្រួល។

    – ចេះបញ្ចេញសំឡេងបានច្រើនបែបហើយ ដោយចាប់ផ្ដើមបញ្ចេញសំឡេងដែលមានតួព្យញ្ជនៈ។

    – ស្រវាចាប់អ្វីមួយបានចំៗ ហើយចេះលែងឱ្យធ្លាក់ទៅវិញបាន។

    – ពេលគេងផ្ងារចូលចិត្តយកដៃចាប់ជើងលេង ឬយកជើងមកបៀម។

    – ក្មេងខ្លះអាចនឹងចាប់ផ្ដើមមានដុះធ្មេញឡើងមក ឬមានអាការរមាស់អញ្ចាញធ្មេញខ្លះហើយ។

    សង្គមជុំវិញខ្លួន

    – ចេះធ្វើត្រាប់តាមឥរិយាបថ ឬទឹកមុខរបស់មនុស្សជុំវិញខ្លួន។

    – ចេះញែកថា នរណាជាមនុស្សចាស់ ឬនរណាជាកូនក្មេង។

    – បញ្ចេញសំឡេងស្រែកនៅពេលត្រូវការជំនួយ តែជាការបញ្ចេញសំឡេងស្រែកបែបមានន័យ។

    – ចូលចិត្តលេងជាមួយអ្នកដទៃច្រើនឡើង។

    – ចូលចិត្តឈោងដៃទៅចាប់មុខក្មេងៗដូចគ្នា។

    លេងជាមួយកូនញឹកញាប់

    កូនតូចក្នុងវ័យនេះមានការចាប់អារម្មណ៍លើអ្វីជុំវិញខ្លួនច្រើន ដូច្នេះនៅថ្ងៃណាដែលធាតុអាកាសល្អ អ្នកម្ដាយសាកល្បងរកកន្លែងណាមួយនៅខាងមុខផ្ទះ ឬនៅលើវាលស្មៅ ក្រាលកន្ទេល ហើយដាក់កូនតូចឱ្យគេងផ្កាប់លេង មើលដើមឈើ ស្លឹកស្មៅ ឬមនុស្សដែលដើរទៅមកនៅមុខផ្ទះ។ កូននឹងមានអារម្មណ៍សប្បាយរីករាយ និងព្យាយាមរំកិលខ្លួនទៅខាងមុខ ដូចជាការហាត់ប្រាណម្យ៉ាងដែរ តែបើកូនតូចរបស់អ្នកជាក្មេងដែលមិនសូវកម្រើក គួរបង្ហាត់ឱ្យធ្វើកាយវិការតាមរយៈការលេងជាមួយកូនខ្លះផង។

    ក្នុងវ័យនេះ នៅពេលកូនចាប់ផ្ដើមចេះធ្វើចលនាបានច្រើនឡើង ឧប្បត្តិហេតុក៏ងាយនឹងកើតឡើងដែរ ជាពិសេសការធ្លាក់ពីលើគ្រែ និងត្រូវប្រយ័ត្នមិនឱ្យមានវត្ថុគ្រោះថ្នាក់ណាមួយនៅក្បែរខ្លួនឱ្យសោះពេលដាក់កូននៅលើកម្រាលឥដ្ឋ មិនថាគេងលក់ ឬភ្ញាក់នោះឡើយ។ ត្រូវប្រមូលទុកដាក់របស់របរជុំវិញខ្លួនឱ្យអស់ ជាពិសេសរបស់គ្រោះថ្នាក់ដូចជា បារី កន្ទុយបារី ឈើគូស ខ្សែក្រវាត់ ម្ជុល ផ្លែឡាម ថ្នាំគ្រាប់ ឡេវអាវ កាក់ ធុងទឹកក្ដៅ ប្រអប់ធូបមូស និងរបស់លេងក៏មិនគួរជារបស់ដែលមានជ្រុងស្រួចៗ ឬផ្លាស្ទិកស្រួយៗដែលងាយបែកបាក់នោះដែរ ទាំងអស់នេះគឺសុទ្ធតែដើម្បីសុវត្ថិភាពរបស់កូនសម្លាញ់ក្នុងវ៍យនេះ៕

  • ត្រី ប្លាធូ រឹតតែញ៉ាំរឹតតែជួយកាត់បន្ថយការកើតរោគបេះដូង

    ត្រី ប្លាធូ រឹតតែញ៉ាំរឹតតែជួយកាត់បន្ថយការកើតរោគបេះដូង

    សម្រាប់អ្នកនិយមទទួលទានអាហារបែបខ្មែរយើង ប្រហែលជាធ្លាប់សាកល្បងភ្លក្សរសជាតិ “ទឹកគ្រឿងត្រីប្លាធូ” “ស្ងោជ្រក់ត្រីប្លាធូស្រស់” ឬសូម្បីតែត្រីប្លាធូចៀនធម្មតាៗជាមួយបាយក្ដៅៗហើយមើលទៅ។ ទាំងអស់នោះសុទ្ធតែជាម៉ឺនុយដែលនាំឱ្យស្រស់ទឹកមាត់គ្រប់ពេលដែលនឹកឃើញ ហើយប្រាកដណាស់ សម្រាប់ត្រីប្លាធូដែល ឡារ៉ែន នឹងលើកយកមកជម្រាបជូននៅថ្ងៃនេះ មិនមែនមានគុណសម្បត្តិត្រឹមតែភាពឈ្ងុយឆ្ងាញ់តែម្យ៉ាងនោះទេ តែត្រីប្លាធូនៅមានគុណសម្បត្តិ និងប្រយោជន៍ និងសម្បូរទៅដោយគុណតម្លៃខាងភោជនាហារដែលមនុស្សជាច្រើនមិនធ្លាប់ដឹង។

    ប្រយោជន៍ និងគុណតម្លៃខាងអាហារអំពីត្រីប្លាធូ

    ប្លាធូ ជាត្រីដែលមានគុណប្រយោជន៍ និងសារធាតុអាហារដែលគ្រប់គ្រាន់ចំពោះរាងកាយដោយយើងសឹងតែមិនចាំបាច់ញ៉ាំអាហារបំប៉នទៀតផង ព្រោះការញ៉ាំត្រីប្លាធូតែមួយក្បាលនឹងទទួលបានសារធាតុអាហារយ៉ាងច្រើនដូចខាងក្រោមនេះ ៈ

    1 . ត្រីប្លាធូ សម្បូរដោយ EPA និង DHA ដែលជាអាស៊ីតខ្លាញ់មិនបង្កកខ្លួន ដោយសារធាតុទាំងពីរប្រភេទនេះនឹងបំពេញតួនាទីកាត់បន្ថយការផ្ដុំខ្លួនរបស់គ្រាប់ឈាមដែលខុសប្រក្រតី ទើបនៅលើអ្នកខ្លះធ្វើឱ្យកើតសភាវរឹងសរសៃឈាម ឬប្រទះឃើញការរលាក ជាដើម។ ក្រៅពីនោះ ទាំង EPA និង DHA នេះនៅមានចំណែកជួយក្នុងការបញ្ចុះកម្រិតជាតិខ្លាញ់ប្រភេទដែលធ្វើឱ្យកើតកំណកឈាម ឬសរសៃឈាមណែនស្ទះទៀតផង។

    2 . ត្រីប្លាធូមានប្រយោជន៍ព្រោះមានប្រូតេអ៊ីនខ្ពស់ ដោយក្នុងត្រីប្លាធូ 1 ក្បាលនឹងផ្ដល់ប្រូតេអ៊ីនខ្ពស់ដល់ទៅ 20 ក្រាមក្នុងទម្ងន់ត្រី 100ក្រាម ហើយប្រូតេអ៊ីនដែលបានពីត្រីប្លាធូគឺជាប្រូតេអ៊ីនដែលងាយរំលាយ និងរាងកាយអាចនាំយកទៅប្រើជាប្រយោជន៍បានភ្លាមៗតែម្ដង។

    3 . គុណសម្បត្តិរបស់ត្រីប្លាធូមានកាល់ស្យូម និងផូស្វ័រ ដោយបរិមាណកាល់ស្យូមក្នុងត្រីប្លាធូមានច្រើនដល់ទៅ 170 មីលីក្រាមក្នុងត្រីប្លាធូស្រស់ 100 ក្រាម ក្រៅពីនេះនៅសម្បូរទៅដោយផូស្វ័រដែលចាំបាច់ចំពោះរាងកាយ ដោយសារធាតុអាហារទាំងនេះនឹងមានចំណែកជួយក្នុងការបង្កើនភាពរឹងមាំរបស់ឆ្អឹង និងធ្មេញបានយ៉ាងល្អ ជាពិសេសនៅលើកុមារ និងមនុស្សចាស់។

    4 . ត្រីប្លាធូសម្បូរទៅដោយអូមេហ្កា3 និង6 ដែលមានចំណែកជួយក្នុងការធ្វើការរបស់ប្រព័ន្ធប្រសាទ និងខួរក្បាល និងថែមទាំងជាចំណែកប្រកបរបស់សាច់ភ្នាសកោសិកា ជួយបញ្ចុះកូលេស្តេរ៉ូល បន្ថយភាពប្រថុយទាំងជំងឺបេះដូង និងសរសៃឈាម។ ក្រៅពីនេះអូមេហ្កា3 និង6 នៅក្នុងត្រីប្លាធូថែមទាំងជាគ្រោងសាងដ៏សំខាន់របស់សាច់ភ្នាសបរិវេណផ្ទាំងប្រសាទកែវភ្នែក ឬRetina ដែលជួយក្នុងការមើលឃើញទៀតផង។

    ញ៉ាំត្រីប្លាធូរាល់ថ្ងៃល្អចំពោះរាងកាយឬទេ?

    ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ត្រីប្រភេទនីមួយៗមានកម្រិតជាតិខ្លាញ់មិនស្មើគ្នាទេ បើទទួលទានត្រីដែលមានជាតិខ្លាញ់ខ្ពស់រៀងរាល់ថ្ងៃ ច្បាស់ជាហុចផលអាក្រក់ ច្រើនជាងផលល្អ ដូច្នេះបើសិនចង់បរិភោគត្រីឱ្យទទួលបានប្រយោជន៍ គួរជ្រើសរើសប្រភេទរបស់ត្រីឱ្យស័ក្តិសមជាមួយរាងកាយ និងតម្រូវការក្នុងវ័យនីមួយៗ។ ក្នុងផ្នែករបស់ត្រីប្លាធូវិញ យើងនឹងបានឃើញថា ជាត្រីដែលមានបរិមាណជាតិខ្លាញ់មិនខ្ពស់ខ្លាំងទេ ទើបអាចទទួលទានរាល់ថ្ងៃបាន តែយ៉ាងណាក៏ដោយ ដើម្បីឱ្យបានភោជនាហារដែលសម្បូរបែប ទើបគួរទទួលទានត្រីប្រភេទផ្សេង រួមទាំងសាច់សត្វប្រភេទផ្សេងៗរួមជាមួយផង។

    ញ៉ាំត្រីច្រើនប៉ុនណា ទើបហៅថាល្អ?

    ជឿថា ហេតុផលក្នុងការទទួលទានត្រីរបស់មនុស្សជាច្រើន គឺមកពីត្រូវការ “ប្រូតេអ៊ីន” ដែលមាននៅក្នុងសាច់ត្រីស្ទើរតែគ្រប់ប្រភេទ។ ជាធម្មតា មនុស្សយើងមានតម្រូវការប្រូតេអ៊ីនខុសៗពីគ្នាក្នុងអំឡុងវ័យដូចតទៅនេះ ៈ

    ក្មេងតូច-ក្មេងធំ នឹងត្រូវការប្រូតេអ៊ីនពី 1 – 1.1 ក្រាម ក្នុងទម្ងន់ខ្លួន 1 គីឡូក្រាម។

    មនុស្សធំ ត្រូវការប្រមាណ 0.8 ក្រាម

    ស្រ្តីមានគភ៌ ត្រូវការដល់ទៅ 1.3 ក្រាម

    ឧទាហរណ៍ដូចជា បើអ្នកបរិភោគមានទម្ងន់ខ្លួន 60 គីឡូក្រាម រាងកាយនឹងត្រូវទទួលប្រូតេអ៊ីនដល់ទៅ 60 ក្រាមឯណោះ ហើយប្រូតេអ៊ីនដែលបានមកពីសាច់ត្រីឆ្អឹនស្ថិតមានប្រហែលជា 15 – 30 ក្រាមក្នុងទម្ងន់ត្រី 100 ក្រាម ដូច្នេះបើត្រូវការប្រូតេអ៊ីនពីត្រីតែម្យ៉ាងនោះ ត្រូវទទួលទានត្រីយ៉ាងតិច 3 – 4 ក្បាលឯណោះ។ ដូច្នេះ អ្នកទទួលទានគួរតែទទួលទានអាហារប្រភេទផ្សេងទៀតរួមជាមួយផងដើម្បីបន្ថែមប្រតេអ៊ីន មិនថាតែ ស៊ុត ទឹកដោះ សណ្ដែក សាច់មាន់ ឬសូម្បីតែសាច់ជ្រូកដែលមិនជាប់ខ្លាញ់ ឬបើអ្នកណាចង់ទទួលទានតែត្រីម្យ៉ាង ហើយបានប្រូតេអ៊ីនខ្ពស់នោះ គួរតែជ្រើសរើសប្រភេទត្រី និងវិធីចម្អឹនឱ្យល្អ ដូចជា គួរជ្រើសរើសទទួលទានត្រីហាលស្ងួត ដូចជាត្រីប្រឡាក់ ត្រីងៀត ឬទទួលទានបែបចំហុយ ដែលនឹងទទួលបានប្រូតេអ៊ីនច្រើនជាងការស្ងោ អាំង ឬចៀន ជាដើម។

    តាមរយៈព័ត៌មានដែលយើងបាននាំយកមកជូននៅថ្ងៃនេះ សង្ឃឹមថា នឹងធ្វើឱ្យការទទួលទានត្រីប្លាធូរបស់លោកអ្នកកាន់តែឆ្ងាញ់ឡើង និងទទួលបានប្រយោជន៍ច្រើនឡើង បើមិនតិចក៏ច្រើនដែរ។ ចុងក្រោយនេះ ឡារ៉ែនចង់ឱ្យមនុស្សជាច្រើនដែលមិនសូវចូលចិត្តទទួលទានត្រីប្លាធូ បែរមកសាកល្បងភ្លក្សឱ្យបានម្ដង រួចហើយលោកអ្នកនឹងដឹងថា គុណសម្បត្តិ និងប្រយោជន៍របស់ត្រីប្លាធូ គឺជាកំពូលអាហារ និងជារបស់ល្អដែលមិនគួរមើលរំលងសូម្បីតែបន្តិច៕

  • ក្រុមហ៊ុន សាមសុង នៅតែបន្តផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាល Samsung Tech Institute ជូនដល់សិក្ខាកាមសម្រាប់ឆ្នាំ 2020!

    ក្រុមហ៊ុន សាមសុង នៅតែបន្តផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាល Samsung Tech Institute ជូនដល់សិក្ខាកាមសម្រាប់ឆ្នាំ 2020!

    (ភ្នំពេញ) ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០ ៖ ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ផ្តល់ជូន​នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់…តម្លៃ​សមរម្យ…និង​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​ជូន​ដល់​អតិថិជន​គ្រប់លំដាប់​ថ្នាក់​ក៏ដូចជា​ការអភិវឌ្ឍន៍​ឥតឈប់ឈរ​ប្រកបដោយ​ចីរភាព…តម្លាភាព…សមភាព…និង​គុណភាព​ដល់​សហគមន៍​ដែល​ខ្លួន​កំពុង​ធ្វើ​ប្រតិបត្តិការ​គឺជា​ចក្ខុវិស័យ​ស្នូល​របស់​ក្រុមហ៊ុន សាម​សុង!

    នេះ​ជា​លើក​ទី 2 ហើយ​ដែល​ក្រុមហ៊ុន សាម​សុង បាន​យកចិត្តទុកដាក់​ដោយ​បង្កើត​នូវ​វគ្គ​សិក្សា​ដែលមាន​ឈ្មោះថា Samsung Tech Institute ជូន​ដល់​សិក្ខាកាម​ដែល​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ហៅ​កាត់​ថា (NTTI) សម្រាប់​ឆ្នាំ2020 នេះ។

    សូមបញ្ជាក់ថា​វគ្គ​សិក្សា​ថ្មី​នេះ​គឺមាន​រយៈពេល​ចំនួន 9 សប្តាហ៍ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី 05 ខែកញ្ញា ឆ្នាំ2020 នេះ​តទៅ​ដោយ​ផ្តោត​សំខាន់​លើ​មុខជំនាញសំខាន់ៗ និង​ពិសេស​ដូចជា៖

    * ជំនាញ​ជួសជុល​ផ្នែក​បរិក្ខារ​អេ​ឡិច​ត្រូ​និ​ច (CE)៖ ម៉ាស៊ីនត្រជាក់…ម៉ាស៊ីនបោកខោអាវ…ទូទឹកកក…និង​ទូរទស្សន៍។

    * ជំនាញ​ស្មា​ត​ហ្វូ​ន (IM)៖ ទូរស័ព្ទ​វៃឆ្លាត

    សូម​រំ​ឮ​ក​ផងដែរ​ថា​សម្រាប់​វគ្គ​សិក្សា​នេះ​ទាំង​គ្រូ​បង្គោល និង​សាស្ត្រាចារ្យ​ទាំងអស់ គឺ​សុទ្ធសឹងតែ​ត្រូវបាន​បំពាក់បំប៉ន​យ៉ាង​ល្អ និង​យកចិត្តទុកដាក់​បំផុត​ពី​អ្នកជំនាញ​របស់​ក្រុមហ៊ុន សាម​សុង។

    អ្វីដែល​ពិសេស និង​អស្ចារ្យ​បំផុត​ក្រោយពី​ការបញ្ចប់​វគ្គ​សិក្សា វិទ្យាស្ថាន​ក៏មាន​រៀបចំ​ការប្រឡង​ដោយ​តឹងរ៉ឹង​បំផុត​ដើម្បី​ជ្រើសរើស​សិក្ខាកាម​ឆ្នើម…មាន​ពិន្ទុ​ខ្ពស់​ជាងគេ…និង​លេចធ្លោ​ជាងគេ​ឱ្យមាន​ឱកាស​ទៅ​បន្ត​ហាត់​ការ​បន្ថែមទៀត​នៅឯ​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ផលិតផល សាម​សុង ផងដែរ!

    ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ និង​ធំជាងគេ​ក្នុង​ពិភពលោក ទោះជា​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​ក៏ សាម​សុង នៅតែ​ព្យាយាម​ប្រឹងប្រែង​បំផុត​ធ្វើយ៉ាងណា​ផ្តល់ជូន​នូវ​ការសិក្សា និង​បណ្តុះបណ្តាល​បន្តបន្ទាប់​ទៀត​ដើម្បី​បង្កើន​នូវ​ជំនាញ ចំណេះដឹង ដល់​សហគមន៍​ទូទាំង​ពិភពលោក​ទាំងមូល​ក៏ដូចជា​ប្រទេស​កម្ពុជា ផងដែរ។

    ជា​ចុងក្រោយ ក្រុមហ៊ុន សាម​សុង សូម​លើកទឹកចិត្ត និង​ជម្រុញ​ឱ្យ​សិក្ខាកាម​ទាំងអស់​ថែទាំ​សុខភាព​ឱ្យបាន​ល្អ…តស៊ូ​ព្យាយាម អត់ធ្មត់​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ក្រេប​យកចំណេះ​ដឹង…ជំនាញ​ដើម្បី​ក្លាយខ្លួនជា​កម្លាំង​ស្នូល និង​ធនធានមនុស្ស​ដ៏​មាន​សក្តានុពល​សម្រាប់​ភាព​រីកចម្រើន​ដល់​ខ្លួនឯង…ក្រុមគ្រួសារ…សហគមន៍…សង្គម…និង​ប្រទេសជាតិ​ទាំងមូល។

  • ស្លៀកពាក់ទៅប្រសូតបែបណាត្រឹមត្រូវ និងបែបណាមិនគួរស្លៀក

    ស្លៀកពាក់ទៅប្រសូតបែបណាត្រឹមត្រូវ និងបែបណាមិនគួរស្លៀក

    បើស្រ្តីមានគភ៌ជិតប្រសូតកំពុងរៀបចំកាបូបខោអាវត្រៀមខ្លួនទៅប្រសូត និងត្រៀមរបស់របរប្រើប្រាស់ដែលចាំបាច់ៗសម្រាប់ខ្លួនឯង និងកូនតូចនោះ នៅមានរឿងសំខាន់ម្យ៉ាងទៀតដែលស្រ្តីមានគភ៌មិនគួរភ្លេចភ្លាំង នោះគឺ ការស្លៀកពាក់តែងខ្លួនទៅប្រសូត។ ដូច្នេះយើងនាំគ្នាមកមើលថា តើត្រូវស្លៀកពាក់តែងខ្លួនយ៉ាងណាឱ្យស័ក្តិសម សមរម្យ និងងាយស្រួលទាំងម្ដាយ និងកូនដូចតទៅ។

    គួរ ឬមិនគួរ…តើត្រូវស្លៀកពាក់តែងខ្លួនបែបណានៅថ្ងៃឆ្លងទន្លេ?

    អំឡុងពេលនេះជាអំឡុងពេលដែលច្របូកច្របល់ និងរហេនរហន់ខ្លាំងបំផុត បើកើតអាការបែកទឹកភ្លោះបែបទាន់ហន់ដោយមិនបានដឹងខ្លួនមុនផងនោះ ហ្នឹងគឺជាការបញ្ជូនសញ្ញាថា ពេលប្រសូតបានមកដល់ហើយ ដូច្នេះសម្លៀកបំពាក់ដែលត្រៀមទុកសម្រាប់ស្លៀកទៅប្រសូតសំខាន់បំផុតនាពេលនេះ ៈ

    គួរ ៈ ជាឈុតដែលងាយស្រួលស្លៀកពាក់ សាច់ក្រណាត់ពាក់ទៅស្រួល និងដែលសំខាន់គឺ ស្រ្តីមានគភ៌គួរតែត្រៀមការទុកជាមុនដោយការរៀបចំឈុតសម្រាប់ស្លៀកពេលទៅប្រសូតព្យួរទុកជាស្រេច។

    មិនគួរ ៈ សម្លៀកបំពាក់ដែលមានខ្សែរណេងរណោង មានឡេវច្រើន ឬត្រូវរូតខ្សែរូតចុះឡើង ព្រោះនៅពេលទៅដល់មន្ទីីរពេទ្យ អ្នកនឹងត្រូវផ្លាស់ស្លៀកឈុតរបស់មន្ទីរពេទ្យហើយ។

    គ្រឿងតុបតែង ឬគ្រឿងអលង្ការ

    គួរ ៈ ក្នុងអំឡុងពេលដ៏សែនកោលាហលនេះ បណ្ដាគ្រឿងអលង្ការដែលស្រ្តីមានគភ៌ធ្លាប់ពាក់ មិនថាតែក្រវិល ខ្សែក ឬចិញ្ចៀន-ល- គួរតែដោះទុកសិន ព្រោះក្រៅពីមិនចាំបាច់សោះក្នុងអំឡុងហ្នឹងហើយ អាចនឹងធ្វើឱ្យកើតមានគ្រោះថ្នាក់ដល់ខ្លួនឯង ឬអាចនឹងរបូតជ្រុះបាត់ក៏មាន។

    មិនគួរ ៈ មិនគួរពាក់គ្រឿងអលង្ការមានតម្លៃថ្លៃៗ ដូចជា ពេជ្រ មាស-ល- ព្រោះអាចធ្វើឱ្យបាត់បង់ដោយមិនដឹងខ្លួនបាន។

    លាបថ្នាំក្រចក? អត់ទេណា៎ កុំ!

    គួរ ៈ ក្នុងអំឡុងពេលដែលគ្រូពេទ្យត្រូវពិនិត្យមើលកម្រិតអុកស៊ីហ្ស៊ែនក្នុងរាងកាយ ដំណាក់កាលដំបូងគ្រូពេទ្យនឹងពិនិត្យមើលការប្រែប្រួលរបស់ពណ៌ក្រចក។ ដូច្នេះសូមអ្នកគិតទៅមើល ចុះបើក្រចកពណ៌ក្រហម បៃតង លឿងវិញនោះ តើវានឹងធ្វើឱ្យការធ្វើការរបស់គ្រូពេទ្យពិបាកប៉ុនណាទៅ? ដូច្នេះដើម្បីសុវត្ថិភាព និងការធ្វើការងាររបស់ក្រុមគ្រូពេទ្យមានភាពងាយស្រួល គួរតែលាងសម្អាតថ្នាំក្រចកចេញឱ្យស្អាត។

    មិនគួរ ៈ បច្ចុប្បន្នការតុបតែងក្រចក លាបពណ៌ក្រចកឱ្យស្អាតៗ មានច្រើនម៉ូដច្រើនម៉ាក តែ ចូរកុំសោកស្ដាយដែលត្រូវលាងវាចេញនោះ ព្រោះពេលនេះ វាជារឿងមួយដែលមិនចាំបាច់ទាល់តែសោះ។

    បន្ថែម ៈ ត្រៀមរៀបចំកាបូបខោអាវពេលទៅប្រសូត

    សម្រាប់អ្នកម្ដាយ

    1 . ប័ណ្ណពិនិត្យគភ៌ និងអត្តសញ្ញាណប័ណ្ណ

    2 . ឈុតខាងក្នុង និងសំឡីអនាម័យ ៈ អាវទ្រនាប់ សម្រាប់ពាក់នៅថ្ងៃត្រឡប់ទៅផ្ទះវិញ គួរតែជាអាវទ្រនាប់ដែលងាយស្រួលបើកឱ្យកូនតូចបោះដោះបានស្រួល។ ខោទ្រនាប់ គួរត្រៀមខោទ្រនាប់រាងធំៗជាងខ្លួនបន្តិច និងមានពណ៌ដិតៗឱ្យបានច្រើន សម្រាប់ស្លៀកពេលគេងសម្រាកក្រោយពេលប្រសូតនៅមន្ទីរពេទ្យ។ គួរជ្រើសរើសប្រើខោទ្រនាប់បែបស្លៀកទៅស្រួលសប្បាយខ្លួន ធូររលុងៗដើម្បីឱ្យខ្យល់អាកាសចេញចូលស្រួល។

    3 . សម្លៀកបំពាក់សម្រាប់អ្នកម្ដាយស្លៀកពេលចេញពីមន្ទីរពេទ្យ

    4 . ស្បែកជើងផ្ទាត់

    សម្រាប់កូនតូច

    1 . ក្រណាត់កន្ទបស្អាតៗ

    2 . ខោអាវកូនតូចខ្នាតទើបនឹងកើត ស្រោមដៃ ស្រោមជើង និងមួក

    3 . កន្សែងសម្រាប់រុំខ្លួនកូនត្រឡប់ទៅផ្ទះ

    ត្រៀមខ្លួនរួចរាល់ហើយមែនទេសម្រាប់ការត្រៀមខ្លួនទៅប្រសូត? សូមឱ្យអ្នកម្ដាយ និងកូនតូចមានសុខភាពរឹងប៉ឹង និងកុំភ្លេចស៊ែររូបកូនតូចមកឱ្យអ្នកគ្រូ ឆវី បានមើល និងជួយត្រកអរផងណា៎ចា៎ស៕

  • របស់របរ 10 យ៉ាងនៅក្នុងផ្ទះដែលគួរផ្លាស់ប្ដូរស្វាគមន៍ឆ្នាំថ្មី

    របស់របរ 10 យ៉ាងនៅក្នុងផ្ទះដែលគួរផ្លាស់ប្ដូរស្វាគមន៍ឆ្នាំថ្មី

    មិនយូរប៉ុន្មានទៀតទេក៏នឹងផុតឆ្នាំចាស់ ឈានចូលឆ្នាំថ្មីម្ដងទៀតហើយ ឡារ៉ែនជឿថាបងៗស្រ្តីមេផ្ទះទាំងឡាយនឹងត្រូវត្រៀមការរៀបចំតុបតែងផ្ទះសំបែងទទួលស្វាគមន៍ឆ្នាំថ្មីសកលជាមិនខាន ហើយបើសិនបងៗចង់ធ្វើការជម្រះភាពចាស់ៗពីក្នុងផ្ទះដើម្បីឱ្យអ្វីៗវាថ្មីដូចគ្នានឹងឆ្នាំថ្មីដែរនោះ វត្ថុ 10 យ៉ាងតទៅនេះ គឺជាអ្វីដែលបងៗគួរតែផ្លាស់ប្ដូរដើម្បីស្វាគមន៍ឆ្នាំថ្មីហើយ។

    1 . ខ្នើយ ៈ ការពិតទៅ យើងគួរតែផ្លាស់ប្ដូរខ្នើយដែលយើងកើយរៀងរាល់ 1 ទៅ 2 ឆ្នាំម្ដង ព្រោះខ្នើយគឺជាវត្ថុដែលប្រមូលសន្សំកោសិកាដែលងាប់ហើយ រួមទាំងជាទីស្នាក់នៅរបស់ធូលីដី និងមេរោគផ្សិតទៀតផង ដូច្នេះទើបវាជារឿងល្អណាស់ បើយើងនាំគ្នាផ្លាស់ប្ដូរខ្នើយថ្មី ដើម្បីឱ្យស្អាតស្រស់ស្រាយ និងមានអនាម័យល្អ។

    2 . ពូក ៈ អាយុការប្រើប្រាស់របស់ពូកស្ថិតក្នុងរយៈពេល 7 ដល់ 10 ឆ្នាំ។ ពូករបស់យើងមានការខូចខាតសភាព ដូចជាដាច់រហែក ពុកផុយជាដើម។ បើសិនជាបងៗស្រ្តីមេផ្ទះភ្ញាក់ពីដំណេកឡើងព្រមជាមួយអាការឈឺខ្នង ឈឺចង្កេះនោះ វាអាចជាការបញ្ជាក់ថា ដល់ពេលដែលត្រូវផ្លាស់ពូកថ្មីហើយ។ ជាទូទៅ នៅពេលដែលពូកគេងមានអាយុការប្រើការលើស 7 ឆ្នាំ វាច្រើនតែលែងផ្ដល់ភាពស្រួលសប្បាយដូចកាលពីទើបប្រើថ្មីៗហើយ។

    3 . អេប៉ុងលាងចាន ៈ អាយុការប្រើការរបស់អេប៉ុងលាងចានស្ថិតក្នុងរយៈពេលប្រមាណជា 1 ខែ តែវាក៏អាស្រ័យលើការប្រើការថា តើប្រើច្រើនតិចប៉ុនណាដែរ? បើសិនប្រើញឹកញាប់ និងមើលឃើញថា មានក្លិន ឬប្រែពណ៌ ទោះជាប្រើការមិនទាន់បាន 1 ខែក៏ដោយ ក៏ល្មមសមគួរប្ដូថ្មីហើយ។

    4 . ជ្រុញ ៈ បងៗស្រ្តីមេផ្ទះគួរតែប្ដូរជ្រុញហើយនៅពេលមើលឃើញថា វាមានការខូចខាត ក្រៅពីនោះ យើងគួរតែបែងចែកប្រភេទជ្រុញទៅតាមអាហារដែលយើងហាន់ ដើម្បីពន្យារអាយុប្រើការ។ ជ្រុញមិនចាំបាច់លាងដោយទឹកក្ដៅ និងសាប៊ូលាងចានទេពេលប្រើប្រាស់រួច និងបើសង្កេតឃើញមានស្នាមកំណក ឬចាស់ពេលហើយ ក៏ត្រូវតែប្ដូរថ្មីហើយ។

    5 . កន្សែងពោះគោ(ជូតខ្លួន) ៈ ជាប្រក្រតីយើងគួរប្ដូរកន្សែងជូតខ្លួនថ្មីរៀងរាល់ 2 ឆ្នាំម្ដង តែបើឃើញថា វាមានក្លិន និងលែងស្អាតហើយទោះជាបោកហើយ និងមិនទាន់ដល់ 2 ឆ្នាំក៏ដោយនោះ ក៏គួរតែប្ដូរថ្មីហើយ ឯកន្សែងចាស់នោះគួរយកទៅធ្វើជាកន្ទបជូតជើងក៏បាន។

    6 . ថ្នាំផ្សេងៗដែលផុតកំណត់ ៈ បងៗស្រីមេផ្ទះគួរយកថ្នាំសង្កូវមកពិនិត្យមើលថ្ងៃផុតកំណត់ឱ្យបានញឹកញាប់ បើរកឃើញថា ថ្នាំដែលយើងទិញយកមកទុកព្យាបាលបណ្ដោះអាសន្ននៅក្នុងផ្ទះនោះផុតកំណត់ហើយ គួរតែយកទៅបោះចោលភ្លាមទើបជាការល្អ។

    7 . ប៊ិចដែលអស់ទឹក ឬសរសេរលែងចេញ ៈ មនុស្សជាច្រើនចូលចិត្តរក្សាទុកប៊ិចពីកន្លែងផ្សេងៗធ្វើអនុស្សាវរីយ៍ ដូចជាប៊ិចដែលបានមកពីពិធីសិក្ខាសាល សណ្ឋាគារ ឬពីអ៊ីវឹនផ្សេងៗ តែប៊ិចទាំងអស់នោះ បើទុកយូរឆ្នាំទៅ វានឹងខូចគុណភាព ដូច្នេះចូរបងៗសាកល្បងប្រមូលយកមកសរសេរលមើល បើសរសេរលែងចេញហើយ ក៏គួរតែបោះចោលហើយ។

    Tactile Turn EiMIM Mover and Shaker Pen Review

    8 . វត្ថុអំណោយ ឬវត្ថុអនុស្សាវរីយ៍ពីពិធីមង្គលការ ៈ មនុស្សមិនតិចទេចូលចិត្តសន្សំវត្ថុអនុស្សាវរីយ៍ដែលបានមកពីពិធីមង្គលការ ដោយពេលបានមកក៏យកទៅទុកក្នុងថតតុ។ របស់ទាំងអស់ហ្នឹង បើមិនបានប្រើការទេ គួរតែយកទៅបរិច្ចាគ មិនបាច់សន្សំទុកនាំតែពេញផ្ទះទេ ព្រោះកាន់តែយូរទៅ កាន់តែបានមកច្រើនហ្នឹងឯង។

    9 . ច្រាសដុសធ្មេញ ៈ យើងគួរប្ដូរច្រាសដុសធ្មេញរៀងរាល់ 3 ទៅ 6 ខែម្ដង និងបើឃើញថា សរសៃច្រាសខូចខាត ឬប្ដូរសភាព ដូចជារីកស្គុយហើយទោះជាមិនទាន់ដល់ពេលត្រូវចោលក៏ដោយ ក៏ត្រូវដែរប្ដូរថ្មីភ្លាមៗដែរៗ។

    10 . ជក់ផាត់មុខ ៈ ជក់ផាត់មុខក៏មានអាយុប្រើការដូចគ្នាដែរ ភាគច្រើនជក់ទាំងនោះច្រើនមានអាយុប្រើការប្រមាណជា 2 ឆ្នាំ ឬនៅលើជក់ខ្លះមានសរសេរប្រាប់ថ្ងៃផុតកំណត់ការប្រើប្រាស់ឱ្យដឹង ដែលបងៗស្រ្តីមេផ្ទះគួរតែធ្វើតាមពាក្យណែនាំនោះ ដើម្បីអនាម័យដ៏ល្អ៕

  • ទ្រាំមិនបត់ជើងតូចញឹកញាប់ក្នុងអំឡុងពេលមានគភ៌ ធ្វើឱ្យរលូតកូនមែនឬ?

    ទ្រាំមិនបត់ជើងតូចញឹកញាប់ក្នុងអំឡុងពេលមានគភ៌ ធ្វើឱ្យរលូតកូនមែនឬ?

    រឿងដែលប្រែប្រួលយ៉ាងមើលឃើញច្បាស់ក្នុងអំឡុងពេលដែលស្រ្តីកំពុងតាំងគភ៌ ក្រៅពីនឹងមានទំហំពោះដែលធំឡើងរៀងរាល់ថ្ងៃហើយនោះ នៅមានទង្វើដែលប្លែកម្យ៉ាងទៀតគឺ មានអារម្មណ៍ថា ឈឺបត់ជើងតូចញឹកញាប់ណាស់ និងត្រូវចូលបន្ទប់ទឹកញឹកញាប់ដែរបើប្រៀបធៀបនឹងពេលមុនមានគភ៌ តែដោយសារតែការដែលត្រូវចូលបន្ទប់ទឹកញឹកញាប់នេះឯង ដែលធ្វើស្រ្តីមានគភ៌មួយចំនួនជ្រើសរើសក្នុងការទ្រាំមិនទៅបត់ជើងតូច ដែលលទ្ធផលនៃការទ្រាំខំទប់មិនទៅបត់ជើងតូចនេះ អាចនឹងធ្វើឱ្យរលូតកូន ឬប្រសូតមុនកំណត់បាន។

    បញ្ហាឈឺបត់ជើងតូចញឹកញាប់នេះច្រើនកើតឡើងក្នុងអំឡុងការតាំងគភ៌ 3 ខែដំបូង ហើយនឹងកើតឡើងម្ដងទៀត គឺនៅក្នុងអំឡុងពេលជិតប្រសូត។ មូលហេតុ ព្រោះថា ក្នុងអំឡុងការតាំងគភ៌ 3 ខែដំបូងនេះ ស្បូននឹងមានការពង្រីកខ្លួនធំឡើង ធ្វើឱ្យទៅប្រជ្រៀតជាមួយនឹងប្លោកនោម និងថែមទាំងមានចរន្តឈាមដែលហូរវិលមកបរិវេណឆ្អឹងត្រគាកច្រើនឡើងផងដែរនោះ ទើបធ្វើឱ្យមានអារម្មណ៍ឈឺបត់ជើងតូចញឹកញាប់។

    ចំណែកក្នុងអំឡុងពេលជិតប្រសូត ក៏កើតអាការឈឺបត់ជើងតូចញឹកញាប់ទៀតដូចគ្នា ដោយសារតែក្បាលរបស់ទារកនៅក្នុងគភ៌បានរំកិលទៅជិត និងសង្កត់ពីលើបរិវេណថ្ងាស(ពោះក្រោមផ្ចិត)របស់ម្ដាយ ដែលក៏នឹងទៅប្រជ្រៀតនឹងប្លោកទឹកមូត្រដូចគ្នា។

    តែដោយសារតែស្រ្តីដែលកំពុងតាំងគភ៌ជាច្រើនត្រូវធ្វើការងារក្រៅផ្ទះ មិនងាយស្រួលក្នុងការចូលបន្ទប់ទឹក ទើបប្រើវិធីទ្រាំទប់មិនទៅបន្ទោបង់ ដែលលទ្ធផលនៃការទប់ទ្រាំមិនបន្ទោបង់នេះ(មិនថាក្នុងអំឡុងពេលមានគភ៌ ឬក៏អត់នោះទេ)នឹងធ្វើឱ្យប្លោកទឹកមូត្រឆ្លងមេរោគ និងយូរៗទៅក៏នឹងចាប់ផ្ដើមកើតមានអាការដូចជាបន្ទោបង់មិនអស់(ដូចជានៅឈឺបត់ជើងតូចទៀត តែទឹកមូត្រលែងចេញហើយ) និងនៅពេលធ្ងន់ធ្ងរខ្លាំងឡើង ក៏នឹងមានទឹកមូត្រចេញមកតិច(តែញឹកញាប់ឡើងជារឿយៗ) និងទីបំផុតអាចនឹងដល់ថ្នាក់រលាកបំពង់សាជីក្រលៀន ដែលអាចធ្វើឱ្យរលូតកូន ឬប្រសូតមុនកំណត់បាន។

    វិធីកែបញ្ហាសម្រាប់ស្ត្រីដែលកំពុងតាំងគភ៌ និងមិនងាយស្រួលក្នុងការចូលបន្ទប់ទឹកក្នុងអំឡុងពេលធ្វើដំណើរ គឺចូរព្យាយាមចៀសវាងការញ៉ាំទឹកមុនពេលចេញពីផ្ទះរយៈពេល 1 ម៉ោង ដូចជា ប្រុងចេញទៅក្រៅនៅម៉ោង 10 ព្រឹក ដូច្នេះក្រោយម៉ោង 9 ព្រឹកមិនគួរញ៉ាំទឹកឡើយ និងគួរបត់ជើងតូចឱ្យហើយមុនពេលចេញទៅក្រៅ ទោះជាមិនឈឺក៏ដោយ លុះពេលទៅដល់គោលដៅហើយ សឹមញ៉ាំទឹកបំពេញវិញក៏អាចជួយកែខៃបញ្ហានេះបានដែរ៕

  • សង្ស័យមែនទែន…ទិសនាំសំណាងតាមគោលការណ៍ហុងស៊ុយមានមែនឬ?

    សង្ស័យមែនទែន…ទិសនាំសំណាងតាមគោលការណ៍ហុងស៊ុយមានមែនឬ?

    មនុស្សជាច្រើនអាចនឹងធ្លាប់បានឮរឿងទិសនាំលាភសំណាងថា មនុស្សម្នាក់ៗសុទ្ធតែមានទិសដែលល្អ និងមិនល្អសម្រាប់ខ្លួនឯងទាំងអស់។ តាមគោលការណ៍ហុងស៊ុយក៏មានជំនឿលើរឿងទិសនាំលាភសំណាងនេះដូចគ្នាដែរ ដូច្នេះតើទិសនាំលាភសំណាងគឺជាអ្វី និងមានផលចំពោះខ្លួនយើងយ៉ាងណា? សូមនាំគ្នាតាមដានដូចតទៅ…។

    ទិសនាំលាភសំណាងគឺជាអ្វី?

    ផ្នត់គំនិតក្នុងរឿងទិសនាំលាភសំណាងតាមគោលការណ៍ហុងស៊ុយនេះ អាចនឹងធ្វើឱ្យមនុស្សជាច្រើនយល់ច្រឡំ អ្នកខ្លះនិយាយថា បើយើងបែរទៅរកទិសដែលមិនល្អសម្រាប់ខ្លួនឯង យើងនឹងសំណាងអាក្រក់។ ចំណុចនេះ ជារឿងដែលហុងស៊ុយបកស្រាយថា មិនមានជាហេតុផលត្រឹមត្រូវទេ។ ការពិតទៅ ទិសដែលល្អ ឬទិសដែលមិនល្អតាមគោលការណ៍ហុងស៊ុយវិញនោះ គឺពាក់ព័ន្ធជាមួយការទទួលកម្លាំងថាមពលដែលល្អពីទិសដែលល្អ និងការទទួលថាមពលអវិជ្ជមានពីទិសដែលមិនល្អប៉ុណ្ណោះ តែមិនថាយើងនឹងបែរទៅក្នុងទិសដែលល្អ ឬមិនល្អក៏ដោយ វាមិនមែនជាបច្ច័យដែលសំខាន់ និងធានាដល់ភាពជោគជ័យរបស់កិច្ចការងាររបស់យើងនោះឡើយ ព្រោះនៅមានរឿងផ្សេងៗទៀតជាអង្គប្រកបរួមទៀតជាច្រើន។

    ការស្វែងរកទិសនាំលាភសំណាង

    ការដែលយើងដឹង និងបែរទៅរកទិសនាំលាភសំណាង នឹងជួយឱ្យយើងបានទទួលថាមពលដែលល្អ មានគុណភាព មានភាពសម្បូរឥតខ្ចោះ មានភាពស្ថិតស្ថេរគង់វង្ស។ បើផ្ទះ ឬកន្លែងធ្វើការរបស់យើងបែរមុខទៅរកទិសនាំលាភសំណាង អង្គុយធ្វើការក្នុងទិសនាំលាភសំណាង ឬគេងបែរមុខទៅរកទិសនាំលាភសំណាង យើងក៏នឹងបានទទួលថាមពលដែលល្អ។

    ទិសនាំលាភសំណាងធ្វើឱ្យយើងសំណាងល្អមែនឬ?

    គោលការណ៍ហុងស៊ុយប្រាប់ថា ទិសដែលល្អ នាំមកនូវសំណាងល្អ និងភាពជោគជ័យ ដោយគោលការណ៍ហុងស៊ុយដែលមានមកតាំងពីបុរាណក៏បានប្រាប់ដែរថា សំណាងដែលល្អនោះមានទាំងអស់ច្រើនកម្រិត។ យើងមិនអាចផ្លាស់ប្ដូរថ្ងៃខែឆ្នាំកំណើត និងទីកន្លែងកើតរបស់ខ្លួនឯងបានទេ ព្រោះនោះគឺជាសំណាងដែលមកពីឋានសួគ៌ តែយើងអាចបន្ថែមលាភសំណាងក្នុងកម្រិតផ្សេងបាន ដោយការបង្កើន និងផ្លាស់ប្ដូរដើម្បីទទួលថាមពលក្នុងផ្នែកដែលល្អ។

    នឹងទៅជាយ៉ាងណា បើយើងបែរទៅក្នុងទិសដែលមិនមែនជាទិសនាំលាភសំណាង?

    គោលការណ៍របស់ហុងស៊ុយមានឡើងដើម្បីអភិវឌ្ឍជីវិតរបស់យើងឱ្យរឹតល្អឡើង និងការមិនធ្វើឱ្យជីវិតរបស់យើងមានភាពច្របូកច្របល់។ ក្នុងករណីដែលយើងគេងបែរទៅក្នុងទិសដែលមិនល្អ និងមិនអាចផ្លាស់ប្ដូរបាន យើងក៏អាចរិះរកវិធីកែបានដែរ ដោយការប្រើសាស្រ្តាហុងស៊ុយក្នុងការបន្ថែមការរៀបទុកដាក់ ឬតុបតែងរបស់ផ្សេងៗចូលទៅបន្ថែម និងកែខៃបានតាមករណីនីមួយៗទៅ ទើបការបែរខុសទិសមិនបានធ្វើឱ្យអ្វីៗគ្រប់យ៉ាងត្រូវតែអាក្រក់ទាំងអស់នោះទេ។

    តើការនាំនិមិត្តសញ្ញាដែលមានអត្ថន័យល្អៗតាមគោលការណ៍ហុងស៊ុយមកប្រើ អាចជួយកែខៃបញ្ហាការបែរទៅក្នុងទិសដែលមិនល្អបាន ឬទេ?

    ការពិតទៅ យើងច្រើនតែមើលឃើញថា គោលការណ៍ហុងស៊ុយតែងមានការណែនាំឱ្យដាក់តាំង ឬរៀបចំទុកដាក់វត្ថុរបស់របរទៅក្នុងចំណុចមួយចំនួន ឬក្នុងទិសណាមួយរបស់ផ្ទះ បន្ទប់ និងកន្លែងធ្វើការ។ ការធ្វើបែបនោះ គឺដើម្បីនាំមកនូវថាមពលដែលល្អហ្នឹងឯង តែទាំងអស់នេះ ការនឹងរៀបចំទុកដាក់អ្វីមួយក្នុងទិសណាមួយ ក៏ត្រូវតែមានចំណេះដឹងដែលត្រឹមត្រូវជាក់ច្បាស់ក្នុងរឿងទិស និងនិមិត្តសញ្ញាតាមគោលការណ៍ហុងស៊ុយផងដែរ។

    តើយើងចាំបាច់ត្រូវអង្គុយធ្វើការ និងគេងក្នុងទិសនាំលាភសំណាងឬទេ?

    ប្រាកដណាស់ថា ការនឹងរកទិសនាំលាភសំណាង និងរៀបចំទុកដាក់តុធ្វើការ រួមទាំងគ្រែគេងឱ្យត្រូវទីតាំង អាចនឹងមិនមែនជារឿងងាយនោះទេ ព្រោះមនុស្សម្នាក់ៗ ផ្ទះមួយៗ ទីកន្លែងមួយៗសុទ្ធតែមានដែនកំណត់ តែទាំងអស់នេះ ទោះជាមិនបានរៀបចំទុកដាក់តុ និងគ្រែក្នុងទីតាំងនាំលាភសំណាងក៏ដោយ ក៏គួរតែជ្រើសរើសទីតាំងដែលល្អបំផុតតាមដែលអាចធ្វើបាន ព្រោះការស្ថិតនៅក្នុងទិសដែលល្អ ហុចផលដោយត្រង់ដល់ផ្លូវចិត្តរបស់យើងផងដែរ។

    តើយើងនឹងរកទិសនាំលាភសំណាងរបស់យើងយ៉ាងណា?

    រឿងនេះហាក់ដូចជានឹងធ្វើឱ្យកើតភាពច្របូកច្របល់បន្តិច ព្រោះការបែងចែកទិសក្នុងសាស្រ្តានីមួយៗ គោលការណ៍នីមួយៗមានភាពខុសប្លែកពីគ្នា ដូច្នេះយើងអាចនឹងជ្រើសរើសប្រើផែនទីថាមពលរបស់ហុងស៊ុយមកជួយក្នុងរឿងនេះបាន ហើយការរកទិសនេះ ចូរចាប់ផ្ដើមពីចំណុចកណ្ដាលរបស់ផ្ទះជានិច្ច៕

  • ប្រតិកម្ម៩ យ៉ាងរបស់រាងកាយដែលយើងគិតថាជារឿងប្រក្រតី តែ…

    ប្រតិកម្ម៩ យ៉ាងរបស់រាងកាយដែលយើងគិតថាជារឿងប្រក្រតី តែ…

    ទំព័រសុខភាពលេខនេះ ឡារ៉ែនមានសារៈខ្លឹមសារល្អៗពាក់ព័ន្ធនឹងសុខភាពរាងកាយដែលមិត្តអ្នកអានអាចនឹងមិនធ្លាប់បានដឹងពីមុនមកជម្រាបជូន។

    ជាប្រក្រតីរាងកាយរបស់មនុស្សយើងមានប្រតិកម្មជាច្រើនដែលមនុស្សភាគច្រើនគិតថា វាជារឿងប្រក្រតីធម្មតាដែលកើតឡើងនៅក្នុងជីវិតប្រចាំថ្ងៃតាមធម្មជាតិ ដូចជា ការស្ងាប ការកណ្ដាស់ ជាដើម ទាំងអស់នោះវាជារឿងអស្ចារ្យម្យ៉ាងរបស់រាងកាយមនុស្សយើង តែការពិតវាជាយន្តការមួយក្នុងការការពារខ្លួនរបស់រាងកាយយើងហ្នឹងឯង ទើបថ្ងៃនេះឡារ៉ែនសូមនាំ ប្រតិកម្ម 9 យ៉ាងរបស់រាងកាយមនុស្សយើងមកជម្រាបជូនមិត្តអ្នកអានទាំងអស់គ្នាបានដឹង។

    1 . កណ្ដាស់ ៈ ជាប្រក្រតីយើងនឹងកណ្ដាស់នៅពេលច្រមុះរបស់យើងមានសារធាតុបង្កប្រតិកម្មចាញ់អ្វីម្យ៉ាង ដូចជា ធូលីដីក្លិនឆួល ឬអ្វីម្យ៉ាងដែលប៉ះពាល់សាច់ភ្នាសច្រមុះខ្លាំងជ្រុលពេក ដូច្នេះទើបការកណ្ដាស់ប្រៀបដូចជាការកម្ចាត់សំរាមចេញពីរាងកាយដែរ។

    2 . ស្ងាប ៈ ជាប្រតិកម្មម្យ៉ាងដែលរាងកាយធ្វើឡើងដើម្បីឱ្យខួរក្បាលត្រជាក់ចុះ បន្ទាប់ពីខួរក្បាលបានទទួលកម្ដៅខ្លាំងជ្រុលពេក។

    3 . ព្រឺសម្បុរ(ព្រឺរោម) ៈ វាជាការបន្ថយបរិមាណកម្ដៅនៅក្នុងរាងកាយតាមរយៈរន្ធរោម ដើម្បីជាការផ្ដល់ភាពកក់ក្ដៅចំពោះរាងកាយក្នុងសភាពអាកាសធាតុមិនអំណោយផល។

    4 . ភ្ញាក់កន្រ្តាក់ពេលគេងលក់ ៈ ជាអាការដែលពេលអ្នកកំពុងគេងលក់ទៅហើយនោះ សុខៗស្រាប់តែកើតអាការភ្ញាក់កន្រ្តាក់ភ្លាមឡើងតែម្ដង។ ជាការកន្រ្តាក់របស់សាច់ដុំ ដែលជួនកាលវាអាចកន្រ្តាក់ខ្លាំងរហូតដល់អ្នកខ្លះសឹងតែធ្លាក់ពីលើគ្រែផងក៏មាន។

    វាជាលទ្ធផលមកពីក្រោយពេលរាងកាយលង់លក់ទៅ ចង្វាក់នៃការដកដង្ហើមនឹងធ្លាក់ចុះទាបភ្លាមៗ និងខណៈពេលជាមួយគ្នា ជីពចរក៏នឹងលោតយឺតដែរ រួមទាំងសាច់ដុំក៏បន្ធូរខ្លួនដែរផងនោះ ដូច្នេះទើបខួរក្បាលត្រូវធ្វើឱ្យរាងកាយស្វាហាប់ឡើងវិញដើម្បីមិនឱ្យប្រព័ន្ធផ្សេងៗធ្វើការយឺតរហូតដល់ឈប់ធ្វើការ ទើបខួរក្បាលបញ្ជូនការងារធ្វើឱ្យរាងកាយអង្រួនឡើងហ្នឹងឯង។ អាចនិយាយបានថា នេះជាភាពអស្ចារ្យមួយរបស់ខួក្បាលមនុស្សយើង។

    5 . ទឹកភ្នែក ៈ ក្រៅពីការបំពេញតួនាទីការពារមិនឱ្យវត្ថុចម្លែកផ្សេងៗចូលមកក្នុងកែវភ្នែកហើយនោះ ទឹកភ្នែកថែមទាំងជាឧបករណ៍ការពារខាងអារម្មណ៍ទៀតផង ដោយអ្នកវិទ្យសាស្រ្តជឿថា ក្នុងស្ថានការណ៍ដែលតានតឹង រាងកាយនឹងសាងចំណាប់អារម្មណ៍ទៅកន្លែងផ្សេងទើបធ្វើឱ្យកែវភ្នែកក្រហាយ និងយំស្រក់ទឹកភ្នែកចេញមក។

    6 . ស្បែកឡើងផុយ ៈ​ ក្រោយពីរាងកាយ ឬស្បែកមនុស្សយើងត្រូវទឹក ឬត្រាំក្នុងទឹកអស់រយៈពេលយូរ គេសង្កេតឃើញថា ស្បែកឡើងជ្រួញផុយ ជាពិសេសនៅលើដៃ និងជើង។ វាជារឿងដែលកើតឡើងបាន បើសិនជារាងកាយបានទទួលភាពទទឹកសើមក្នុងបរិមាណខ្ពស់ ដូច្នេះស្បែកនឹងចាប់ផ្ដើមសម្រួលខ្លួនភ្លាមដើម្បីឱ្យអាចចាប់កាន់វត្ថុរាបស្មើរលោងៗបានយ៉ាងងាយ។

    7 . ការបាត់បង់ការចងចាំ ៈ ច្រើនតែកើតឡើងក្រោយពីបានជួបហេតុការណ៍អាក្រក់បំផុត ដូច្នេះទើបខួរក្បាលធ្វើការលុបការចងចាំនោះចោល។

    8 . ត្អើក ៈ ការញ៉ាំអាហារយ៉ាងរហ័ស លេបអាហារដុំធំៗ ឬញ៉ាំច្រើនជ្រុលពេក នឹងហុចផលរំខានប្រព័ន្ធប្រសាទ Pneumogastric បន្ទាប់ពីនោះប្រព័ន្ធប្រសាទនឹងតភ្ជាប់មករកក្រពៈ និងក្បាំងខ្យល់របស់យើងធ្វើឱ្យកើតការត្អើកឡើង។

    9 . ការពន្យឺត ឬពត់ខ្លួន ៈ តាមសញ្ជាតិញាណ យើងតែងតែពន្យឺត ឬពត់ខ្លួនដើម្បីត្រៀមភាពប្រុងប្រៀបសម្រាប់រាងកាយ តែក្នុងខណៈពេលជាមួយគ្នានោះ ការពន្យឺតសាច់ដុំក៏ជួយស្ដារចរន្តឈាមរត់ និងជួយបង្កើនអារម្មណ៍ឱ្យរាងកាយមានភាពស្វាហាប់ផងដែរ៕

  • វីតាមីនសំខាន់ 8 យ៉ាងដែលគួរបានទទួលមុនពេលតាំងគភ៌ និងក្នុងពេលមានគភ៌

    វីតាមីនសំខាន់ 8 យ៉ាងដែលគួរបានទទួលមុនពេលតាំងគភ៌ និងក្នុងពេលមានគភ៌

    តើអ្នកគិតយ៉ាងណាដែរ នៅពេលជិតមានសមាជិកថ្មីម្នាក់កើតឡើងនៅក្នុងជីវិត និងក្នុងគ្រួសាររបស់អ្នក?។ អ្នកប្រហែលជាត្រេកអរខ្លាំងណាស់ និងប្រាកដក្នុងចិត្តបានតែម្ដងថា អ្នកត្រូវតែបំប៉នគភ៌មួយនេះយ៉ាងល្អបំផុត ហើយអ្វីដែលអ្នកនឹងធ្វើចំពោះកូនសម្លាញ់របស់អ្នកក្នុងអំឡុងពេលតាំងគភ៌នោះគឺ ការទទួលទានអាហារដែលល្អ និងមានប្រយោជន៍ដល់រាងកាយរបស់កូនដែលនៅក្នុងគភ៌។

    អាហារដែលសំខាន់មិនអាចខ្វះបានឡើយបើអ្នកមានផែនការចង់បានបុត្រ នោះគឺការទទួលទានវីតាមីន និងបើចង់ឱ្យល្អបំផុតនោះ អ្នកគួរតែទទួលទានតាំងពីមុនពេលតាំងគភ៌ និងក្នុងអំឡុងពេលមានគភ៌ ហើយវីតាមីនដែលឡា រ៉ែនចង់ណែនាំឱ្យទទួលទាន មានដូចតទៅ ៈ

    1 . អាស៊ីតហ្វូលិក

    អាស៊ីតហ្វូលិក មានភាពសំខាន់ខ្លាំងណាស់សម្រាប់ស្រ្តីមានគភ៌គ្រប់រូប។ ស្រ្តីដែលមានផែនការចង់បានកូនគួរទទួលទានអាស៊ីតហ្វូលិកយ៉ាងតិចមុនពេលមានគភ៌ 1 – 3 ខែ និងបើដឹងថា ខ្លួនតាំងគភ៌ហើយ គួរតែទទួលទានភ្លាមតែម្ដង ព្រោះអាស៊ីតហ្វូលិកនឹងជួយកាត់បន្ថយភាពពិការតាំងពីពេលកើតដំបូងរបស់ទារកបាន។ ស្រ្តីអាចទទួលទានអាស៊ីតហ្វូលិកក្នុងរូបបែបជាថ្នាំ ឬអាហារក៏បាន អាស្រ័យលើភាពងាយស្រួល។ បើត្រូវការទទួលទានជាអាហារក៏មានដូចជា គ្រាប់សណ្ដែកខ្មៅ បន្លែស្លឹកបៃតង ស្លឹកផ្ទី និងថ្លើម ជាដើម។

    2 . វីតាមីន C

    បើស្រ្តីដែលចាប់ផ្ដើមតាំងគភ៌បានទទួលទានវីតាមីន C យ៉ាងត្រឹមត្រូវ នឹងជួយការពារការរលូតបុត្របាន និងបើចំពោះបុរសៗដែលត្រូវការចង់ឱ្យភរិយារបស់ខ្លួនមានកូនវិញនោះ ក៏គួរតែទទួលទានវីតាមីនឱ្យច្រើនៗដែរ ព្រោះវានឹងជួយបង្កើនបរិមាណទឹកអសុចិ និងធ្វើឱ្យមេជីវិតរឹងមាំទៀតផង។

    3 . វីតាមីន E

    វីតាមីន E សំខាន់ខ្លាំងណាស់ ទាំងស្រ្តី ទាំងបុរស។ សម្រាប់បុរស វីតាមីន E នឹងធ្វើឱ្យទឹកមេជីវិតរឹងប៉ឹង និងសម្រាប់មនុស្សស្រីនឹងធ្វើឱ្យចរន្តនៃការទម្លាក់ស៊ុតញីដំណើរការយ៉ាងប្រក្រតី។

    4 . ជាតិស័ង្កសី

    សំខាន់សម្រាប់ទាំងបុរស និងស្រ្តីគ្រប់រូបដូចគ្នា ព្រោះនឹងធ្វើឱ្យប្រព័ន្ធបន្តពូជធ្វើការបានល្អ និងការបំបែកខ្លួនរបស់កោសិកាធ្វើការបានយ៉ាងមានប្រសិទ្ធភាព។ ប្រភពអាហារដែលសម្បូរដោយសារធាតុសំខាន់មួយនេះមានដូចជា ទឹកដោះគៅជូរយ៉ាអួ សណ្ដែកខៀវ អយស្ទើរ៍ សាច់មាន់ បង្គាស្រស់ សាច់គោ គ្រាប់ល្ង និងគ្រាប់ល្ពៅ ជាដើម។

    5 . វីតាមីន B6

    ជួយគ្រប់គ្រងប្រព័ន្ធការទម្លាក់ស៊ុតឱ្យដំណើរការប្រក្រតីសម្រាប់ស្រ្តី និងចំពោះស្រ្តីមានផ្ទៃពោះដែលមានអាការចាញ់កូន អាចញ៉ាំវីតាមីន B6 ដើម្បីជួយសម្រាលអាការនេះបាន។ អាហារដែលមានវីតាមីន B6 ច្រើន មានដូចជា បន្លែផ្ទី មើមស្ពៃ ម្ទេស ខ្ទឹមស ទាំពាំងបារាំង ប្រូខូលី ត្រីធូណា បន្លែខាត់ណា សាច់ត្រី ថ្លើម ស្ពៃក្ដោម និងជីរបារាំង។

    6 . អាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអនុមូលឥស្សរៈ

    អាហារពពួកនេះនឹងជួយឃុំគ្រងស៊ុតញីរបស់ស្រ្តី និងមេជីវិតរបស់បុរសពីភាពខុសប្រក្រតីរបស់ប្រព័ន្ធក្រូម៉ូហ្សូម។ ប្រភពអាហារដែលសំខាន់គឺ បង្គាស្រស់ ផ្សិត ថ្លើម សាច់ត្រី សាច់ត្រីធូណា សាច់ត្រីសាល់ម៉ុន និងសាច់ត្រីឆ្ពង់។

    7 . សារធាតុដែក

    សារធាតុដែក ជាប្រភពអាហារសំខាន់ក្នុងការមិនធ្វើឱ្យលោកអ្នកកើតជំងឺលោហិតស្លេក និងសំខាន់ខ្លាំងណាស់សម្រាប់ស្រ្តីមានគភ៌។ ប្រភពអាហារដែលយើងរកសារធាតុនេះបានគឺ តៅហ៊ូ គ្រាប់សណ្ដែក បន្លែត្រកួន និងគ្រាប់ល្ពៅ។ល។

    8 . អាស៊ីតខ្លាញ់ចាំបាច់ផ្សេងៗ

    ដូចជា អូមេហ្កា 3 ជាដើម វានឹងជួយគ្រប់គ្រងកម្រិតអ័រម៉ូនរបស់ស្រ្តីមានគភ៌ ធ្វើឱ្យស្បូនរឹងមាំ ជួយដល់ប្រព័ន្ធឈាមរត់ កាត់បន្ថយសភាវប្រសូតមុនកំណត់ និងធ្វើឱ្យទម្ងន់ខ្លួនកូនល្អ។ ប្រភពអាហារសំខាន់ដែលសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អ មានដូចតទៅ សណ្ដែលវ៉លណាត់ បង្គាស្រស់ ត្រីសាឌីន ត្រីធូណា ត្រីសាល់ម៉ុន គ្រាប់ហ្វ្លែកស៍ និងត្រីឆ្ពង់។

    ស្រ្តីដែលកំពុងតាំងគភ៌ហើយ ឬកំពុងត្រៀមខ្លួនជិតមានគភ៌ បើចង់មានសុខភាពល្អ ក្រៅពីការទទួលទានអាហារហើយ នៅត្រូវហាត់ប្រាណគួបផ្សំផងដែរ។ សម្រាប់ស្រ្តីកំពុងមានគភ៌គួរប្រឹក្សាជាមួយគ្រូពេទ្យសិនមុននឹងចាប់ផ្ដើមទទួលទានអាហារបំប៉នណាមួយ និងមិនគួរទទួលទានច្រើនជ្រុលពេកនោះទេ។ អ្វីដែលសំខាន់ គួរចៀសវាងសភាវជ្រៀតជ្រែកពីរោគផ្សេងៗដែលអាចកើតឡើងបាន ដូចជា ការទទួលសារធាតុពុល ឬការប្រើថ្នាំប្រភេទខ្លះដែលមានផលប៉ះពាល់ជាមួយអ័រម៉ូនក្នុងរាងកាយ៕