Author: ធឿន មករា

  • ឯកឧត្តម ខៀវ កាញារីទ្ធ៖ ពេលកើត Covid-19 ប្រព័ន្ធផ្សព្វផ្សាយសង្គមរីកទូលាយ ដំណឹងពិត និងមិនពិតច្របូកច្របល់គ្នា

    ឯកឧត្តម ខៀវ កាញារីទ្ធ៖ ពេលកើត Covid-19 ប្រព័ន្ធផ្សព្វផ្សាយសង្គមរីកទូលាយ ដំណឹងពិត និងមិនពិតច្របូកច្របល់គ្នា

    បច្ចុប្បន្ននេះ បច្ចេកវិទ្យា​ព័ត៌មាន​កាន់តែ​ជឿនលឿន ធ្វើឱ្យ​មនុស្ស​លើ​ពិភពលោក​ជាច្រើន​ពាន់​លាន​នាក់​មានប្រើ​ប្រាស់​បណ្តាញ​សង្គម ដែល​បណ្តាញ​ទាំងអស់នេះ​អាច​ផ្តល់​សិទ្ធ​សម្រាប់​មនុស្ស​គ្រប់គ្នា​ចែកចាយ​ព័ត៌មាន​បាន។

    ក្នុងស្ថានភាព​បែបនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានលើកឡើង​ថា នៅពេល​កើត​ជំងឺ Covid-19 កើតឡើង ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​រីក​ទូលំទូលាយ ដែល​ធ្វើ​ឱ្យដំណឹង​ពិត និង​មិន​ពិត​ច្របូកច្របល់​គ្នា។ ស្ថានភាព​នេះ ខុសពី​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កាច​សាហាវពីមុនៗដូចជា​ជំងឺ អេដស៍ និង​ជំងឺសារ​ជាដើម ដែល​កាលនោះ​មិនទាន់មាន​បណ្តាញ​សង្គម និង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនសូវ​បាន​ទូលំទូលាយ។

    ឯកឧត្តម ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍ថា ៖ «បច្ចុប្បន្ននេះ​យើង​ដឹង​ហើយ​ថា តម្លៃ​អ្នកសារព័ត៌មាន​យើង​មួយចំនួន​ធ្លាក់ចុះ ដោយសារតែ​អ្នកព័ត៌មាន​ឥត​វិជ្ជាជីវៈ។ គាត់​រញ៉ែរ​ញ៉ៃ​ច្រើន ធ្វើឱ្យ​យើង​ជា​អ្នកមាន​វិជ្ជាជីវៈ​ធ្លាក់ចុះ»។

    ការ​ដែលមាន​ប្រភពព័ត៌មាន​ច្រើន​ទាំង​វិជ្ជាជីវៈ និង​មិន​វិជ្ជាជីវៈ​ច្របូកច្របល់​បែបនេះ ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ពី​សំណាក់​អ្នកអាន​ដើម្បី​ពិនិត្យថា​តើ​ព័ត៌មាន​ណា​មាន​ប្រយោជន៍ ហើយ​ព័ត៌មាន​ណា​គ្មាន​ប្រយោជន៍។ ទន្ទឹមនឹងនេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​ក្លិប​អ្នកកាសែត​កម្ពុជា បន្ត​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ពី​វិជ្ជាជីវៈ​សារព័ត៌មាន​ឱ្យបាន​កាន់តែខ្លាំង៕

  • អ្នកនាំពាក្យក្រសួងអប់រំថាការបើកដំណើរការសាលារៀនដំណាក់កាលទី2 អនុវត្តដោយរលូនល្អ

    អ្នកនាំពាក្យក្រសួងអប់រំថាការបើកដំណើរការសាលារៀនដំណាក់កាលទី2 អនុវត្តដោយរលូនល្អ

    ម្សិល​ម៉ិ​ញ​នេះ ជា​ពេលវេលា​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាតឱ្យ​គ្រឹះស្ថានសាធារណៈ និង​ឯកជន​បើក​ដំណើរការ​សកម្មភាពរ​បស់​ខ្លួន​ដំណាក់កាល​ទី2 ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល។

    នៅក្នុង​ដំណើរការ​នៃ​ការបើក​នៃ ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ការបើក​ដំណើរការ​សាលារៀន​ក្នុងដំណាក់កាល​ទី2នេះ សាលា​នីមួយ​បានរៀបចំ​ប្រកបដោយ​ភាពរលូន​ល្អ ដោយសារតែ​គ្រប់​តំបន់​ទាំងអស់​បាន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

    ឯកឧត្តម រស់ សុ​វាចា បាន​និយាយថា៖ «ទន្ទឹមនឹង​ការអនុញ្ញាតឱ្យ​បើក​ដំណើរការ​នូវ​គ្រឹះស្ថាន​អប់រំ​សាធារណៈ​នៅ​ដំណាក់កាល​ទី2នេះ ក្រសួង​ក៏បាន​អនុញ្ញាតឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន 300កន្លែង​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់​ឧ​ត្ត​មសិ​ក្សា។ សាលា​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ឡើងវិញ​ទាំងអស់នោះ ត្រូវបាន​ពិនិត្យ និង​វាយតម្លៃ​ផ្ទាល់​ដល់ទី​តាំង​សាលា​លើ​ការអនុវត្ត​វិធានការ​សុវត្ថិភាព។

    ប្រសិនបើ​ការបើក​ដំណើរការ​នៅ​ដំណាក់កាល​នេះ អាច​បន្ត​នៅតែមាន​ភាពរលូន ហើយ​គ្រប់​សាលា​ទាំងអស់​អនុវត្ត​បានល្អ​នូវ​គោល​ការប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​បើក​ដំណើរការ​សាលារៀន​ឡើងវិញ ក្រសួង​អាច​នឹង​ពិចារណា​បន្ថែម​សម្រាប់​បើក​ឱ្យ​ដំណើរការ​សាលារៀន​នៅ​ដំណាក់កាល​ទី3 បន្ថែមទៀត៕

  • 10 វិធី បំបាត់អាការ “ត្អើក” យ៉ាងមានប្រសិទ្ធភាព

    10 វិធី បំបាត់អាការ “ត្អើក” យ៉ាងមានប្រសិទ្ធភាព

    ត្អើក ជាអាការដែលអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា ដែលបណ្ដាលមកពីអាការដែលក្រពះអាហារកើតអាការក្រហាយ ធ្វើឱ្យ​សរសៃប្រសាទត្រូវជំរុញឱ្យធ្វើការខុសប្រក្រតី ហុចផលឱ្យសន្ទះបាំងខ្យល់ ឬសាច់ដុំដែលឃាំងកណ្ដាលរវាងប្រអប់ទ្រូង និងប្រអប់ពោះមានអាការបង្រួញខ្លួនឡើងរឹងជាចង្វាក់ៗ សាច់ដុំឆ្អឹងជំនីបានទទួលរងការញ័ររញ្ជួយឱ្យកើតការបង្រួញខ្លួនឡើងរឹងក្នុងលក្ខណៈដូចគ្នា។

    មូលហេតុរបស់អាការ ត្អើក មានទាំងខាងសភាពរាងកាយ និងខាងអារម្មណ៍។ ខាងរាងកាយមានដូចជា ផលប៉ះពាល់បន្ទាប់បន្សំពីភាពខុសប្រក្រតីរបស់បំពង់ក និងដើមទ្រូង ដូចជាឃើញមានដុំសាច់ដុះ ក្រពេញទឹករងៃរីកធំ ឬភាពខុសប្រក្រតីរបស់ប្រអប់ពោះ ដូចជា រលាកសាច់ភ្នាសប្រអប់ពោះ ឬអាការដែលកើតឡើងក្រោយការវះកាត់។ ចំណែកអាការត្អើកបណ្តាលមកពីខាងអារម្មណ៍ មានដូចជា ការភ្ញាក់ផ្អើលឡើងភ្លាមៗ ឬមានបញ្ហាធុញថប់តានតឹងរ៉ាំរ៉ៃ ជាដើម។

    ក្រៅពីនេះ ការញ៉ាំភេសជ្ជៈដែលមានហ្គាសច្រើន ដូចជាស្រាបៀរ ស្រាសូដា ការទទួលទានអាហារច្រើនជ្រុលពេក ញ៉ាំអាហាររសជាតិហឹរ ឬប្រៃខ្លាំង និងជក់បារីខ្លាំងក៏ជាមូលហេតុរបស់អាការត្អើកបានដូចគ្នា។

    ជាប្រក្រតី អាការត្អើកនឹងបាត់ទៅវិញជាបណ្ដើរៗនៅពេលពេលវេលាកន្លងផុតទៅបានមួយរយៈ តែបើសិនជាមានអាការត្អើកក្នុងអំឡុងពេលសំខាន់ៗ ដូចជា ស្ថិតក្នុងអំឡុងពេលប្រជុំ សម្ភាសចូលធ្វើការ ឬនៅក្នងទីសធារណៈ ជាដើមនោះ យើងច្រើនតែចង់ឱ្យអាការត្អើកនេះឆាប់បាត់ទៅវិញឱ្យលឿនៗ ដូច្នេះចូរសាកល្បងធ្វើតាមវិធីខាងក្រោមទាំងអស់នេះសាកលមើល ៖

    1 . ដកដង្ហើមក្នុងថង់ក្រដាស

    2 . ទំពារនំប៉័ងក្រៀម

    3 . បង្អោនខ្លួនញ៉ាំទឹកពីមាត់កែវដែលនៅខាងមុខ ឬខាងណាដែលនៅជិតបបូរមាត់

    4 . ក្រេបទឹកពីកែវលឿនៗ ច្រើនៗក្អឹក

    5 . លេបទឹកកកដែលកិនម៉ដ្ឋ

    6 . ធ្វើឱ្យភ្ញាក់ផ្អើលខ្លាំង ដូចជា ទះខ្នងស្រាលៗមិនឱ្យដឹងខ្លួនភ្លាមៗ

    7 . ច្របាច់ត្រង់សាច់ប៉ោងក្រោមម្រាមមេដៃរបស់ដៃម្ខាងទៀត ឬសង្កត់ម្ដុំស្នាមចង្អូរលើបបូរមាត់

    8 . យកម្រាមដៃញ៉ុករន្ធត្រចៀកប្រមាណជា 20 – 30 នាទី

    9 . ក្រេបទឹកផ្លែក្រូចឆ្មារស្រស់

    10 . អត់ដង្ហើម ហើយរាប់លេខនៅក្នុងចិត្តពី 1 ដល់ 15

    បើធ្វើអស់គ្រប់វិធីហើយ អាការត្អើកនៅតែមិនបាត់ទៀត សូមធ្វើចិត្តឱ្យត្រជាក់ៗ ហើយអង្គុយរង់ចាំមួយស្របក់ អាការត្អើកនឹងល្អប្រសើរឡើងវិញជាបណ្ដើរៗមិនខាន។ តែបើលោកអ្នកមានអាការត្អើកញឹកញាប់ ឬត្អើកខ្លាំងៗរហូតមានអាការឈឺ-ក ឈឺដើមទ្រូង ឬឈឺខ្នងនោះ គួរតែប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យរាងកាយយ៉ាងលម្អិតជាថ្មីម្ដងទៀត៕

  • ឧបករណ៍ផ្ទះបាយថ្មីៗទំនើបៗ ដែលបងៗស្រ្តីមេផ្ទះគួរតែមានទុកប្រើ!!

    ឧបករណ៍ផ្ទះបាយថ្មីៗទំនើបៗ ដែលបងៗស្រ្តីមេផ្ទះគួរតែមានទុកប្រើ!!

    ការធ្វើម្ហូបអាហារលែងជារឿងពិបាកទៀតហើយ ព្រោះបច្ចុប្បន្ននេះមានឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយថ្មីៗចេញមកដើម្បីជួយឱ្យការធ្វើម្ហូបអាហារកាន់តែងាយស្រួលឡើង។ ជាពិសេសឧបករណ៍ផ្ទះបាយដែលឡារ៉ែនបានរួបរួមយកមកជម្រាបជូនក្នុងថ្ងៃនេះដែលធានាថា បងៗស្រីមេផ្ទះច្បាស់ជាចូលចិត្តមិនខាន ព្រោះវាមានមុខងារដែលឆ្លើយតបនឹងការធ្វើម្ហូបអាហារបានយ៉ាងច្រើនរូបបែប ទាំងលឿនរហ័ស ងាយស្រួល មិនបាច់ខាតពេលធ្វើយូរទៀតផង។

    1 . ខ្ទះចៀន-ឆាច្រើនប្រឡោះ

    លែងចាំបាច់លាងខ្ទះច្រើនដងពេលចម្អិនម្ហូបច្រើនមុខទៀតហើយ ជាពិសេសអាហារពេលព្រឹកប្រភេទ អាមេរិកាំង ប្រ៊េកហ្វឹស ព្រោះបងៗស្រ្តីមេផ្ទះអាចចៀនស៊ុត ចៀនសាច់ប៊េកខន់ ហត់ដក ឬបន្លែបានក្នុងពេលតែមួយតែម្ដង។

    2 . កន្រ្តៃកាត់ស្លឹកខ្ទឹម

    ការកាត់ស្លឹកខ្ទឹម ឬបន្លែផ្សេងៗលែងជារឿងពិបាក និងចំណាយពេលយូរទៀតហើយ គ្រាន់តែប្រើពេលវេលាខ្លីៗ ថែមទាំងមិនបាច់បញ្ចេញកម្លាំងច្រើនទៀតផង និងដែលសំខាន់នោះគឺ មិនចាំបាច់ប្រថុយប្រថាននឹងការមុតដៃឡើយ គ្រាន់តែប្រើកន្រ្តៃកាត់តែមិនប៉ុន្មានវិនាទី ក៏បានស្លឹកខ្ទឹមដុំតូចៗមករោយលើមុខម្ហូបបាត់ទៅហើយ។ ពិតជាស្រួលមែន!។

    3 . បន្ទះរូតបេះស្លឹកបន្លែ

    តើយើងខាតពេលអស់ប៉ុន្មានទៅក្នុងការបេះស្លឹកបន្លែចេញពីមែករបស់វា? តែពីពេលនេះទៅ ការរៀបចំបន្លែស្ល(ពិសេសស្លឹកម្រំ ស្លឹកងប់-ល-)នឹងកាន់តែងាយស្រួលឡើងខ្លាំងណាស់ គ្រាន់តែស៊កមែកបន្លែចូលទៅ ហើយទាញចេញមកវិញយឺតៗ ស្លឹកបន្លែនឹងជ្រុះចេញមកឱ្យយើងមិនខាន ទោះជាមែកធំ​ ឬតូចប៉ុនណាក៏ប្រើបានទាំងអស់ ព្រោះមានច្រើនខ្នាតឱ្យជ្រើសរើសប្រើ។

    4 . ជ្រុញ ស៊ីលីខូន

    ទោះជាវិធីប្រើប្រាស់ដូចគ្នានឹងជ្រុញទូទៅមែន តែសូមប្រាប់ទៅចុះថា នេះមិនមែនជាជ្រុញធម្មតានោះទេ ព្រោះបន្ទាប់ពីហាន់បន្លែ ឬសាច់ហើយ យើងអាចចាប់កៀបដៃជ្រុញចូលគ្នា ហើយចាក់ចំណិតបន្លែ ឬសាច់នោះចូលទៅក្នុងឆ្នាំងស្ល ឬខ្ទះឆាតែម្តង។

    5 . ប្រដាប់កិន និងក្រឡុកអាហារដ៏តូចមួយនិងងាយស្រួលប្រើ

    កាន់តែងាយស្រួលមួយកម្រិតឡើងទៀតជាមួយនឹងគ្រឿងក្រឡុក ឬកិនម្ហូបអាហារកាន់ដៃបែបស្វ័យប្រវត្តិ អាចកិន ក្រឡុកគ្រឿងគ្រៅស្លស្លុក(គ្រឿងសម្លកកូរ ឬម្ជូរគ្រឿង ជាដើម) និងច្របល់អាហារក្នុងចានគោមធំៗបានភ្លាមៗតែម្ដង។ អាហារនឹងល្អិតម៉ដ្ឋមិនខុសពីការប្រើម៉ាស៊ីនក្រឡុកធំៗនោះឡើយ។

    6 . ស្លាបព្រាថ្លឹងម្ហូបអាហារ

    បងៗស្រ្តីមេផ្ទះពិតប្រាកដមិនគួរខកខានប្រើឧបករណ៍មួយនេះឡើយ ព្រោះគ្រាន់តែប្រើវាដួសគ្រឿងផ្សំហើយចុចកុងតាក់បើក ក៏នឹងបានដឹងភ្លាមតែម្ដងថា គ្រឿងផ្សំ ឬអាហារដែលយើងដួសឡើងមកនោះមានទម្ងន់ប៉ុន្មាន មានចំនួន និងបរិមាណតាមដែលយើងត្រូវការហើយឬនៅ និងថែមទាំងត្រូវប៉ាច់ៗទៀតផង ព្រោះថ្លឹងដោយជញ្ជីងឌីជីថលហ្នឹងឯង។

    7 . ឆ្នាំងច្រើនមុខងារ

    ឆ្នាំង ម៉ាល់ធី ហ្វាំងស្សិន(Multy function) ដែលមានភាពគួរឱ្យចាប់អារម្មណ៍បង្កប់ក្នុងនោះច្រើន ជាពិសេសធ្វើជាកញ្រ្ចែងសម្រាប់ចំហុយ ឬស្រុសក៏បាន ព្រោះអាចចាក់ទឹកចោលបានយ៉ាងងាយស្រួល មិនបាច់ខ្លាចថា អាហារនឹងកំពប់នោះទេ ក្រៅពីនេះនៅមានចានគោមទំហំប៉ុនឆ្នាំងសម្លសម្រាប់ឱ្យយើងដាំស្លបានទៀតផង។

    8 . ចានលាងអង្ករ

    បងៗស្រ្តីមេផ្ទះជាច្រើនច្បាស់ជាធ្លាប់ជួបបញ្ហាអង្ករកំពប់ ឬហូរចេញទៅជាមួយទឹកពេលលាងអង្កររួចមិនខាន ចានដែកអ៊ីណុកដ៏ស្អាតមួយនេះត្រូវបានផលិតឡើងសម្រាប់ការងារនេះជាពិសេសតែម្ដង ព្រោះមានបន្ទះជ័រប្លាស្ទិកដែលមានរន្ធតូចៗសម្រាប់ចាក់ទឹកចេញ និងបាំងការពារគ្រាប់អង្ករមិនឱ្យហូរចេញទៅតាមទឹកដែលធ្វើឱ្យបងៗស្រ្តីមេផ្ទះលែងកង្វល់នឹងរឿងដដែលៗនោះទៀតហើយ។

    9 . បន្ទះគ្របចង្រ្កានហ្កាស

    កំណកកខ្វក់នៅលើចង្រ្កានហ្កាស បើមិនឧស្សាហ៍ដុសខាត់ឱ្យស្អាតទេនោះ នឹងក្លាយជាកំណកកខ្វក់ជាប់ស្អិតមិនខាន និងថែមទាំងធ្វើឱ្យចង្រ្កានបាយមើលទៅកខ្វក់ទៀតផង តែគម្របចង្រ្កានហ្កាសមួយនេះ គ្រាន់តែយកក្រណាត់ធម្មតាមកជូតប៉ុណ្ណោះ សា្នមកំណកកខ្វក់ទាំងប៉ុន្មាននឹងរលាយបាត់អស់យ៉ាងងាយស្រួល តែបើខ្ជឹលជូត ក៏អាចប្ដូរដាក់បន្ទះថ្មីទៅជាការស្រេច៕

  • ធ្វើអាជីវកម្មក៏ដោយ ធ្វើការក៏ដោយ ភាពជោគជ័យអាស្រ័យលើយើងខ្លួនឯង

    ធ្វើអាជីវកម្មក៏ដោយ ធ្វើការក៏ដោយ ភាពជោគជ័យអាស្រ័យលើយើងខ្លួនឯង

    បច្ចុប្បន្ននេះ មនុស្ស​ជាច្រើន​បាន​យកចិត្តទុកដាក់ និង​លើកឡើង​ពី​ភាពខុសគ្នា​រវាង​អ្នកធ្វើការ និង​អ្នករកស៊ី។ មាន​មនុស្ស​ខ្លះ​ចូលចិត្ត​ការរកស៊ី តែ​ផ្តល់​តម្លៃ​ថា​ភាពជោគជ័យ​របស់​មនុស្ស​អាស្រ័យ​លើ​ការរកស៊ី ខណៈ​មនុស្ស​ខ្លះទៀត​មើលឃើញ​តម្លៃ​នៃ​ការធ្វើការ យល់ឃើញថា​ទោះ​ធ្វើការ​ងារ​ក៏​អាច​ជោគជ័យ​ក្នុង​ជីវិត​បានដែរ។

    លោក គីម ដា​រ៉ា ស្ថាបនិក​ស្ថាប័ន​អប់រំ Start Up Cambodia បាន​លើកឡើងថា លោក​ធ្លាប់​ធ្វើជា​អ្នកលក់ គ្រូ​ជំរុញ​ភាពក្លាហាន​តាមរយៈ​ការលក់​ផ្ទាល់​ទៅ​មនុស្ស​ដែល​មិន​ស្គាល់គ្នា គ្រូបង្វឹក​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​កំរិត​វិទ្យាល័យ ប្រឹក្សា​បញ្ហា​បាក់​ទឹកចិត្ត ប្រឹក្សា​អំពី​អាជីវកម្ម​និង​ការចាប់ផ្ដើម។ ហើយ​បទពិសោធន៍​ទាំងនេះ​បង្រៀន​លោក​ថា បើ​ចង់​ចេះ​ចង់​យល់ច្បាស់ លុះត្រាតែ​តែ​ចុះ​ធ្វើ​ដោយ​ខ្លួនឯង ស្តាប់​តែ​គេ​និយាយ មិនអាច​យល់​ពី​អារម្មណ៍​ពិត​ឡើយ។

    លោក​ថា យើង​ស្តាប់​គ្រូ​ជោគជ័យ​បង្រៀន​ពី​អាជីវកម្ម​ហាក់ដូចជា​ងាយ​ណាស់ តែ​ពេល​យើង​ធ្វើ​ខ្លួនឯង​បានដឹងថា​មិន​ងាយ​ទេ យើង​ស្តាប់​គ្រូ​ជោគជ័យ​យើង​យល់ថា​ធ្វើ​អាជីវកម្ម​ធ្វើ​ឲ្យ​យើង​មាន​ពេលទំនេរ​ច្រើន តែ​តាម​បទពិសោធន៍​លោក រវល់​រហូត​ដល់ពេល​ដេក​ក៏​គិត​ដែរ ហើយ​លោក​ធ្លាប់​ដេក​មិន​លក់​ពេល​គិត​ច្រើនពេក ហើយ​ពេលខ្លះ​ភ្លេច​មិនដឹង​ថ្ងៃ​សៅរ៍​អាទិត្យ​ឬ​បុណ្យទាន​ឡើយ។ គេ​ថា​ធ្វើ​ជំនួញ​ដើម្បី​មាន​លុយ​សំបូរ​ចាយ តែ​ជាក់ស្ដែង​ចាយលុយ​ប្រយ័ត្ន​ណាស់ ព្រោះ​មិនមែន​ទំនួល​ខុសត្រូវ​ម្នាក់ឯង​ទេ នៅមាន​មនុស្ស​ជាច្រើន​ទៀត​ដែល​ត្រូវ​ផ្ញើ​វាសនា​នឹង​យើង។ ពិសេស​គឺ​ត្រូវ​រៀន​រហូត បើ​មិន​ខំរៀន​ទេ ធ្វើ​បច្ចុប្បន្នភាព​មិនទាន់​ការផ្លាស់ប្ដូរ​របស់​ពិភពលោក​ឡើយ។

    លោក គីម ដា​រ៉ា បាន​និយាយថា៖ «ខ្ញុំ​មិន​យល់ថា​ហេតុអ្វី​បានជា​យុវជន​បច្ចុប្បន្ន​ឲ្យ​តម្លៃ​ម្ចាស់​អាជីវកម្ម​ម្លេះ តែ​តាមពិតទៅ អ្នកខ្លះ​ដូចជា​ខ្ញុំ​ជាដើម​មើលទៅ​ឡូយ​ព្រោះ​មុខដំណែង តែ​តាមពិត​ខួរក្បាល​គិត​រហូត ដូចជា​មិន​សប្បាយ​ទេ បើ​សប្បាយ​គឺ​សប្បាយ​នឹង​ភាពជោគជ័យ​ដែល​កើតចេញពី​ការងារ​ជា​ក្រុម​ទេ​មិនមែន​សប្បាយ​នឹង​មុខតំណែង​ទេ»។

    លោក​បាន​បន្ថែមទៀតថា ធ្វើ​អាជីវកម្ម​ក៏ដោយ ធ្វើការ​ក៏ដោយ ភាពជោគជ័យ​អាស្រ័យ​លើ​យើង​ខ្លួនឯង បើ​យើង​គិត​ត្រូវ ហើយ​ខិតខំ នោះ​យើង​នឹង​ជោគជ័យ។ ពេល​រៀន ត្រូវ​រៀន​ឲ្យ​ខ្លាំង ហើយ​ឈប់​យក​លេស​ថា​ខ្ញុំ​នឹងធ្វើ​អាជីវកម្ម​ហើយ​ខ្ជិល​រៀន។ និយាយ​ទៅ ភាគច្រើន​មិន​ទាំងអស់​ទេ​ដែល​សិស្ស​ពូកែ ធ្វើការ​ក៏​ខ្លាំង ធ្វើ​អាជីវកម្ម​ក៏​ខ្លាំង។ លោក​បានផ្តល់​សារ​ថា ប៊ី​ល​ហ្គេ​ត​ជា​សិស្ស​ពូកែ ហើយ​ម៉ាគ​ហ្សា​ក់​ឃឺ​ប៊ើ​គ​ក៏​ជា​សិស្ស​ពូកែ​ដែរ អេ​លុន​មុ​ស​ក៏​ជា​សិស្ស​ពូកែ​ដែរ មិនមែន​ឈប់រៀន​ដោយសារ​រៀន​មិនចេះ​ឬ​ខ្ជិល​រៀន​ឡើយ៕

  • ជួយយ៉ាងណា ពេលកូនឈ្លោះគ្នាជាមួយពួកម៉ាក

    ជួយយ៉ាងណា ពេលកូនឈ្លោះគ្នាជាមួយពួកម៉ាក

    មិត្តភាពរបស់ក្មេងវ័យជិតចូលជំទង់( Pre teen )ច្រើនតែមិនសូវជាស្ថិតស្ថេរយូរអង្វែងប៉ុន្មានទេ ជាមធ្យមច្រើនតែសេពគប់គ្នាបានតែប្រមាណជា 1 ឆ្នាំប៉ុណ្ណោះ ព្រោះច្រើនតែមានមិត្តភ័ក្តិថ្មីៗទៀតនៅពេលឡើងទៅថ្នាក់ខ្ពស់ ឬមានចំណាប់អារម្មណ៍ខុសប្លែកពីគ្នា តែកូនរបស់អ្នកអាចនឹងប្រេះធ្លាយបេះដូងនៅពេលមិត្តភ័ក្តិដែលធ្លាប់តែនិយាយរកគ្នាបែរជាព្រងើយកន្តើយដាក់ដោយសារតែការទាស់ចិត្តគ្នាក្នុងរឿងណាមួយ ដែលរឿងនេះក្នុងនាមអ្នកជាឪពុកម្ដាយត្រូវតែជួយកូនក្នុងការសម្រាលការខូចចិត្តក្នុងគ្រានេះ។

    – ទទួលស្ដាប់កូនយ៉ាងអាណិតមេត្តា ព្រោះក្មេងវ័យនេះច្រើនតែចង់ឱ្យឪពុកម្ដាយយកចិត្តទុកដាក់ស្ដាប់ពីបញ្ហារបស់ខ្លួន។ បើកូនចង់និយាយអំពីរឿងដែលឈ្លោះគ្នាជាមួយមិត្តភ័ក្តិនោះ អ្នកក៏គួរតែយកចិត្តទុកដាក់ស្ដាប់យ៉ាងពិតប្រាកដ និងកុំសម្រេចសេចក្ដីថា អ្នកណាខុស ឬត្រូវ ឬបញ្ចេញយោបល់ដូចជា “ម៉ាក់ថាហើយថា កូនឯងមិនគួរទៅសេពគប់ជាមួយម្នាក់ហ្នឹងទេ” ជាដើម ព្រោះមានតែនឹងធ្វើឱ្យកូនរឹតតែខឹង និងសោកស្ដាយកាន់តែខ្លាំងឡើង។ គ្រាន់តែងក់ក្បាលយ៉ាងយល់ចិត្ត និងនិយាយលួងលោមកូនថា “អ៊ើ ពិបាកមែន ម៉ាក់ដឹងហើយថាកូនកំពុងមានអារម្មណ៍យ៉ាងណា”។

    – ផ្ដល់នូវពាក្យណែនាំនៅពេលកូនត្រូវការ តែកុំបង្ខំបើកូនមិនយល់ស្រប ព្រោះនឹងរឹតតែធ្វើឱ្យកូនកាន់តែមានអារម្មណ៍ខឹងខ្លាំងឡើង។ បើកូនរបស់អ្នកជាអ្នកខុស ចូរអធិប្បាយយ៉ាងសន្សឹមៗ មួយៗឱ្យគេបានយល់ ដើម្បីកុំឱ្យកូនធ្វើខុសឆ្គងម្ដងទៀត ដោយអាចនឹងនិយាយទៅកាន់កូនថា “កូនសាកល្បងគិតមើលទៅមើលថា បានធ្វើអ្វីខ្លះឱ្យពួកម៉ាកខូចចិត្តដែរឬទេ?” ជាដើម។

    – កុំជ្រួលច្របល់រហូតជ្រុលពេក។ ការទូរស័ព្ទទៅមិត្តភ័ក្តិរបស់កូន ឬឪពុកម្ដាយរបស់មិត្តភ័ក្ដិកូនដែលឈ្លោះគ្នាដើម្បីរកខុស រកត្រូវ ឬកែសម្រួលសម្ព័ន្ធភាពឡើងវិញ ច្រើនតែធ្វើឱ្យរឿងរឹតតែច្របូលច្របល់រញ៉េរញ៉ៃកាន់តែធំឡើង ហើយកូនក៏ប្រហែលជាមិនពេញចិត្តដែរដែលអ្នកធ្វើបែបនេះ។

    – ចែករំលែកបទពិសោធរបស់ខ្លួនឯងឱ្យកូនបានដឹង កូននឹងមានអារម្មណ៍ធូរស្រាលឡើងនៅពេលដឹងថា កាលពីអាយុនៅប្រហែលៗហ្នឹង អ្នកក៏ធ្លាប់ឈ្លោះជាមួយមិត្តភ័ក្ដិដូចគ្នាដែរ និងអាចទប់ទល់នឹងបញ្ហានោះបានទៀតផង។

    – ណែនាំឱ្យកូនរកមិត្តភ័ក្តិថ្មី ដែលអាចនឹងជួយធ្វើឱ្យអារម្មណ៍របស់កូនបានល្អឡើងវិញ និងលែងសូវខូចចិត្តជាមួយនឹងរឿងចាស់ៗ និងកុំទៅកង្វល់ខ្វល់ខ្វាយនៅពេលឃើញថា កូនមានមិត្តភ័ក្តិតែម្នាក់ ឬពីរនាក់នោះអី ព្រោះមិត្តភាពដែលល្អ មិនបានមានន័យថា ត្រូវតែមានមិត្តភ័ក្ដិច្រើនៗជានិច្ចនោះទេ។

    ឪពុកម្ដាយគឺជាមិត្តភ័ក្ដិដំបូងគេរបស់កូន និងជាមនុស្សដែលកូនទុកចិត្តបំផុតនៅពេលមានបញ្ហាម្ដងៗ ដូច្នេះការទទួលស្ដាប់បញ្ហារបស់កូនយ៉ាងយល់ចិត្តដោយមិនចាំបាច់និយាយអ្វីក៏ធ្វើឱ្យកូនបានធូរស្បើយមួយកម្រិតដែរ ហើយអធិប្បាយពន្យល់កូនដោយក្ដីស្រឡាញ់ និងអាណិតអាសូរ គឺជាភារកិច្ចរបស់ឪពុកម្ដាយ៕

  • “ញ៉ាំថ្នាំមុនឱ្យហើយ ខ្លាចឈឺ” ធ្វើបែបហ្នឹងបានដែរឬ?

    “ញ៉ាំថ្នាំមុនឱ្យហើយ ខ្លាចឈឺ” ធ្វើបែបហ្នឹងបានដែរឬ?

    បច្ចុប្បន្ននេះធាតុអាកាសមិនទៀងទាត់ ខែភ្លៀងបែរជាក្ដៅហួតហែង ខែប្រាំងបែរជាមានភ្លៀងធ្លាក់ខុសពីធម្មតា ធ្វើឱ្យមនុស្សយើងងាយនឹងកើតជំងឺបំផុត។ សម្រាប់អ្នកខ្លះនៅពេលមានអារម្មណ៍ថា ខ្លួនហាក់ដូចជារកកលចង់ឈឺហើយនោះ ក៏ប្រញាប់ស្ទុះទៅរកថ្នាំមកលេបភ្លាមតែម្ដង ព្រោះតែជឿថា “ញ៉ាំថ្នាំស្ទាក់មុនឱ្យហើយ ខ្លាចឈឺ” តើរឿងនេះមានភាពពិតប្រាកដ និងអាចធ្វើបានដែរឬទេ? យើងនាំគ្នាទៅមើលចម្លើយទាំងអស់គ្នា…។

    “ញ៉ាំថ្នាំស្ទាក់មុនឱ្យហើយ ខ្លាចឈឺ”

    ជំនឿក្នុងរឿងនេះ “មិនមែនជារឿងពិត” នោះទេ ការលេបថ្នាំព្យាបាលទុកជាមុនក្រោយពីមានអារម្មណ៍ថា ខ្លួនរកកលឈឺ ឬក្រោយពីទទឹកភ្លៀង ឬត្រូវថ្ងៃខ្លាំងរយៈពេលយូរដែលធ្វើឱ្យប្រថុយប្រថានដល់ការកើតជំងឺគ្រុនផ្ដាសាយ ឬមិនស្រួលខ្លួននោះ មិនបានជួយការពាររោគាទាំងនោះមិនឱ្យកើតបានទេ ព្រោះថ្នាំទាំងនោះមានមែនមានឫទ្ធិក្នុងការ “ការពារ” ទេ តែមានឫទ្ធិក្នុងការ “ព្យាបាល” ទៅតាមអាការរោគ ដូច្នេះគួរលេបថ្នាំទាំងនោះនៅពេលណាដែលមានអាការ ឬឈឺថ្កាត់ប៉ុណ្ណោះ។

    ដូចជាថ្នាំ ប៉ារ៉ាសេតាម៉ុល មិនមែនមានឫទ្ធិបំបាត់រោគផ្ដាសាយដោយត្រង់នោះទេ តែមានឫទ្ធិសម្រាលអាការឈឺក្បាល ឈឺចុកចាប់តាមរាងកាយ បញ្ចុះកម្ដៅ ចំណែកថ្នាំព្យាបាលរោគផ្ដាសាយជាបន្ទះៗវិញនោះ ក៏ជាថ្នាំដែលមានចំណែកផ្សំរបស់ប៉ារ៉ាសេតាម៉ុល បូកជាមួយថ្នាំបន្ថយការហៀរសំបោរ ឬថ្នាំព្យាបាលប្រតិកម្មចាញ់ផ្សេងៗ ដែលនឹងបញ្ចេញឫទ្ធិដើម្បីសម្រាលអាការឈឺក្បាល បញ្ចុះកម្ដៅ តឹងច្រមុះ ហៀរសំបោរហ្នឹងឯង។

    ដូច្នេះបើសិនញ៉ាំថ្នាំទាំងនោះចូលទៅដោយមិនបានមានអាការទាំងនោះ និងថែមទាំងទទួលទានបែបហ្នឹងញឹកញាប់ទៀតផងនោះ ច្បាស់ជាមានគ្រោះថ្នាក់ដល់រាងកាយយ៉ាងពិតប្រាកដ ព្រោះការញ៉ាំថ្នាំផ្ដេសផ្ដាស់ ដោយមិនបានញ៉ាំតាមអាការដែលកើតឡើងពិតប្រាកដនោះ មានន័យថា លោកអ្នកកំពុងបានទទួលថ្នាំលើសកម្រិតហើយ ដែលវានឹងមានផលប៉ះពាល់ទៅដល់ថ្លើមដែលត្រូវតែធ្វើការកាន់តែខ្លាំងឡើង និងប្រថុយនឹងការកើតរោគរលាកថ្លើមនាពេលអនាគតទៀតផង។

    តែបើសិនជាលោកអ្នកប្រាប់ថា លោកអ្នកមិនបានទទួលទានថ្នាំទាំងនោះញឹកញាប់ដល់ថ្នាក់នោះទេ វាក៏ប្រហែលជានឹងមិនកើតរោគរលាកថ្លើមនោះដែរ តែក៏សូមកុំភ្លេចចំណុចដំបូងដែលយើងបានប្រាប់ថា ការដែលញ៉ាំថ្នាំទាំងនោះដើម្បីស្ទាក់មិនឱ្យកើតជំងឺមិនអាចជួយការពារបាននោះទេ ដូច្នេះគួរតែបញ្ឈប់ទង្វើបែបហ្នឹងទៅប្រសើរជាង៕

  • លេងទាយបញ្ហាជាមួយកូន បង្កើនជំនាញ និងសតិបញ្ញាគ្រប់ផ្នែក

    លេងទាយបញ្ហាជាមួយកូន បង្កើនជំនាញ និងសតិបញ្ញាគ្រប់ផ្នែក

    ការលេងទាយបញ្ហា មានន័យពីកិច្ចការងារដែលគ្រូ ឬឪពុកម្ដាយនាំយកប្រស្នាទាយដែលមានសារៈខ្លឹមសារស័ក្តិសមនឹងសមត្ថភាព និងវ័យរបស់ក្មេងមកលេងទាយជាមួយកូន ដើម្បីឱ្យកូនមានភាពសប្បាយរីករាយ ធូរស្រាលអារម្មណ៍ ជួយបង្កើនការគិតយ៉ាងមានហេតុផល មានភាពវាងវៃ សតិបញ្ញា និងសមត្ថភាពខាងផ្នែកភាសាជាដើម។

    ការលេងបែបនេះសំខាន់យ៉ាងណា?

    ការលេងទាយបញ្ហា ឬប្រស្នា( Riddle Activities )ជាមួយកូន ជាកិច្ចការដែលសំដៅតបស្នងដល់តម្រូវការខាងផ្នែកអារម្មណ៍ និងផ្លូវចិត្ត។ ជាការជំរុញឱ្យកូនមានអារម្មណ៍សប្បាយជាមួយការលេងទាយប្រស្នា ធ្វើឱ្យមានអារម្មណ៍ធូរស្រាល និងថែមទាំងបង្កើនវិវឌ្ឍនាការខាងផ្នែកភាសា និងសតិបញ្ញាដល់កូនទៀតផង។ ហ្វឹកហាត់ភាពវាងវៃ ការរិះគិតរកចម្លើយ និងបង្កើនភាពចំណានក្នុងការប្រើពាក្យដែលហុចផលល្អដល់ការអភិវឌ្ឍផ្នែកសតិបញ្ញា។ ក្រៅពីនេះ ការលេងកម្សាន្តបែបនេះនឹងជួយបង្ហាត់ឱ្យកូនក្លាយជាមនុស្សមានហេតុផល ជាមនុស្សប៉ិនសង្កេត ហ៊ានគិត ហ៊ានស្មាន មានភាពល្អិតល្អន់ក្នុងការគិត ចេះរករូបបែប និងការប្រើភាសាក្នុងការដាក់សំណួរ ដូច្នេះហើយទើបការលេងទាយបញ្ហាដោយការដាក់ប្រស្នាឱ្យទាយជាកិច្ចការមួយដែលក្រៅពីជួយសាងភាពសប្បាយរីករាយ ធូរអារម្មណ៍ហើយ នៅជួយឱ្យកុមារបានអភិវឌ្ឍផ្នែកការគិត សតិបញ្ញា ជំនាញការស្ដាប់ និងការនិយាយ ដោយសារតែភាសា និងសតិបញ្ញាមានសម្ព័ន្ធជាមួយគ្នា ដូច្នេះការដែលកូនមានសមត្ថភាពក្នុងការប្រើជំនាញខាងភាសាបានល្អខ្លាំងប៉ុនណា ច្បាស់ជាមានសមត្ថភាពផ្នែកសតិបញ្ញាខ្លាំងប៉ុននោះដែរមិនខាន។

    តើកូនទទួលបានអ្វីពីការលេងនេះ?

    . ជាការបង្ហាត់ឱ្យកូនបានស្គាល់ពាក្យ និងស័ព្ទថ្មីៗថែមឡើង។

    . ជាការបញ្ជូនអត្ថន័យឱ្យកើតជារូបភាព និងអារម្មណ៍ ដែលជាគ្រឹះក្នុងការស្ដាប់ និយាយ អាន និងសរសេរ ដែលជំនាញទាំងនេះត្រូវហ្វឹកហាត់ជាប់ជានិច្ច ទើបធ្វើឱ្យកូនទទួលបានជោគជ័យ និងអាចប្រើប្រាស់ភាសាបានយ៉ាងមានប្រសិទ្ធភាព។

    . ជាការហ្វឹកហាត់ភាពវាងវៃ និងប្រាជ្ញា និងដើម្បីភាពសប្បាយជក់ចិត្ត ជាប្រស្នាដែលសាកសមត្ថភាពទាំងអ្នកសួរ និងអ្នកឆ្លើយ។

    . កឱ្យកើតសតិបញ្ញា និងការគិតក្នុងជ្រុងផ្សេងៗ ជួយបង្កើនគំនិត សតិបញ្ញា ភាពវាងវៃដល់កូនបានច្រើន។

    . ជាការផ្ដល់ចំណេះដឹងដល់កូនបែបប្រយោល ហ្វឹកហាត់ជំនាញខាងសតិបញ្ញា ភាពឈ្លាសវៃ ឱ្យក្មេងមានភាពឆ្លាត ប៉ិនសង្កេត និងចេះកែបញ្ហា និងថែមទាំងជំរុញវិវឌ្ឍនាការខាងខួរក្បាលទៀតផង។

    លេងជាមួយកូនបែបណាល្អ?

    . ឡារ៉ែនសូមណែនាំឱ្យលោកឪពុកអ្នកម្ដាយរកពេលលេងជាមួយកូន អាចនឹងពេលដែលនៅផ្ទះជុំគ្នាដែលជាការរឹតចំណងសម្ព័នភាពរវាងឪពុកម្ដាយ និងកូន។ អាចនឹងលេងមួយភ្លែតៗមុនទៅសាលារៀន ឬក្រោយចេញពីសាលាមកដល់ផ្ទះ ឬពេលណាក៏បានដែលឪពុកម្ដាយមានពេលវេលានៅជិតដិតនឹងកូន។

    . ការរកពាក្យបណ្ដៅ ឬទាយប្រស្នា លោកឪពុកអ្នកម្ដាយអាចនឹងសិក្សាពាក្យប្រស្នាពីក្នុងសៀវភៅផ្សេងៗដែលមានលក់នៅតាមបណ្ណាគារ ឬប្រើបទពិសោធដែលធ្លាប់មានមកលេងជាមួយកូនដើម្បីឱ្យកូនបានហ្វឹកហាត់ការគិត និងហ្វឹកការរិះរកចម្លើយ ឬក៏សាកល្បងដាក់សំណួរតាមរយៈអ្វីដែលយើងឃើញជាប្រចាំក៏បានដែរ។

    ទាំងអស់នេះ រឿងដែលលោកឪពុកអ្នកម្ដាយគួរគិតដល់ក្នុងការជ្រើសរើសពាក្យទាយប្រស្នាយកមកលេងជាមួយកូននោះគឺ គួរតែជាពាក្យប្រស្នាជាសំណួរដែលមិននៅឆ្ងាយពីបទពិសោធរបស់កូន និងមិនគួរដាក់សំណួរដែលពិបាកលើសសមត្ថភាពរបស់ក្មេង ឬមានអត្ថន័យពីរបីយ៉ាង ឬជារឿងចំអេសចំអាសឡើយ តែគួរតែមានចំណុចដែលគួរឱ្យចាប់អារម្មណ៍ ខ្លីៗ មានន័យអប់រំ និងងាយយល់ជាដើម ទើបជាការល្អ៕

  • អ៊ីតាលីកំពុងតែធ្វើការស៊ើបអង្កេតទៅលើ Google Drive, Apple iCloud និង Dropbox ពាក់ព័ន្ធទៅនឹងរឿងមួយនេះ

    អ៊ីតាលីកំពុងតែធ្វើការស៊ើបអង្កេតទៅលើ Google Drive, Apple iCloud និង Dropbox ពាក់ព័ន្ធទៅនឹងរឿងមួយនេះ

    អាជ្ញាធរ​ឃ្លាំមើល​តម្លាភាព​ក្នុងការ​ប្រកួតប្រជែងរ​បស់​ប្រទេស​អ៊ីតាលី (AGCM) បាន​បើក​ការស៊ើបអង្កេត​ទៅលើ​ក្រុមហ៊ុនធំៗចំនួន​បី​ទាក់ទង​ទៅនឹង​ការប្រើ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​នៅក្នុង​សេវាកម្ម Cloud ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ បន្ថែម​ទៅលើ​ការស៊ើបអង្កេត​នេះ ពួកគេ​ក៏បាន​បើក​ការស៊ើបអង្កេត​ទៅលើ​ករ​ណី​រំលោភបំពាន​ចំនួន ៦ ថែមទៀត បន្ទាប់ពី​ទទួលបាន​ការរាយការណ៍​ជាច្រើន​ពី​អ្នកប្រើប្រាស់​ទាក់ទង​នឹង​ការចោទប្រកាន់​ទាំងនេះ​ផងដែរ។

    មូល​ហេតុដែល​នាំឱ្យមាន​ការចោទប្រកាន់​ទៅលើ​ក្រុមហ៊ុន​ទាំងបី​នោះ​គឺ ទាក់ទង​ទៅនឹង​ការប្រមូល​និង​ប្រើប្រាស់​ទិន្នន័យ​ដោយ​មិនមាន​ការជូនដំណឹង​ទៅដល់​អ្នកប្រើប្រាស់ ឬ​ដោយ​គ្មាន​ការអនុញ្ញាតឱ្យ​ប្រមូល​ទិន្នន័យ​ទាំងនោះ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់ខ្លួន។ ជាងនេះទៅទៀត​ក្រុមហ៊ុន Dropbox ក៏​រង​ការចោទប្រកាន់ថា មិនបាន​ផ្ដល់ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់​ទៅឱ្យ​អ្នកប្រើប្រាស់​ទាក់ទង​ទៅនឹង​នីតិវិធី​ដើម្បី​ធ្វើការ​ពិចារណា​ឡើងវិញ​ក្នុងការ​បញ្ចប់​ការប្រើប្រាស់​សេវាកម្ម​របស់​ពួកគេ​នោះទេ។

    សូមបញ្ជាក់​ផងដែរ​ថា​កាលពី​ឆ្នាំ​កន្លងទៅ សហព័ន្ធ​អឺរ៉ុប​ក៏បាន​ជំរុញ​ឱ្យ ប្រព័ន្ធ​បណ្ដាញ​សង្គម​ទាំងអស់ ធ្វើការ​កែសម្រួល​ខ​និង​លក្ខខណ្ឌ (T&C) របស់​ពួកគេ​ដើម្បីឱ្យ​ងាយស្រួល​យល់ ហើយ​ជា​លទ្ធផល​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ក៏បាន​កែសម្រួល​ខ​និង​លក្ខខណ្ឌ​របស់គេ​ដោយ​ប្រើ​ភាសា​សាមញ្ញ​ដែល​ងាយ​នឹង​យល់​រួចហើយ​ផងដែរ៕

    ប្រភព៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • តុបតែងផ្ទះ…តិចនិក និងរឿងដែលគួរដឹង មុនសម្រេចចិត្តព្យួរកញ្ចក់

    តុបតែងផ្ទះ…តិចនិក និងរឿងដែលគួរដឹង មុនសម្រេចចិត្តព្យួរកញ្ចក់

    កញ្ចក់ធ្វើឱ្យបន្ទប់ដែលតូចចង្អៀតមើលទៅធំស្រឡះឡើង ធ្វើឱ្យបន្ទប់ដែលងងឹតមើលទៅភ្លឺស្វាងឡើង តែប្រាកដណាស់ថាការចង់នាំយកឧបករណ៍ពិសេសបែបនេះមកព្យួរនៅក្នុងបន្ទប់ឱ្យស្អាតបាននោះ ត្រូវតែមានតិចនិក និងរឿងដែលគួរដឹងមួយចំនួន ទើបថ្ងៃនេះយើងបានជជែកជាមួយអ្នកជំនាញផ្នែកនេះដើម្បីសួរនាំពាក់ព័ន្ធនឹងការព្យួរកញ្ចក់នេះ មិនថាតែទីតាំងដែលត្រូវព្យួរ ឬការព្យួរឱ្យបានល្អស្អាតបែបអ្នកតុបតែងផ្ទះអាជីពក៏ដោយ។

    ត្រៀមខ្លួនមុនចាប់ផ្ដើមដាក់តាំង ឬព្យួរ

    លោកអ្នកត្រូវដឹងជាមុនសិនថា មិនមែនកញ្ចក់គ្រប់ប្រភេទសុទ្ធតែស័ក្តិសមក្នុងការនាំយកមកព្យួរនោះទេ យើងគួរជ្រើសរើសប្រភេទរបស់កញ្ចក់ និងរូបរាងទ្រង់ទ្រាយកញ្ចក់ដែលស័ក្តិសម។ ក្រៅពីនោះនៅត្រូវមកមើលពីរឿងឧបករណ៍សម្រាប់ព្យួរទៀតផង ព្រោះលោកអ្នកមិនអាចប្រើត្រឹមតែខ្សែមួយសរសៃជាមួយនឹងដែកថ្ពក់ ឬដែកគោលមួយដើមក្នុងការព្យួរកញ្ចក់នោះទេ ព្រោះវានឹងគ្មានសុវត្ថិភាព។ ក្នុងការព្យួរកញ្ចក់នេះ លោកអ្នកត្រូវបំពាក់ទំពក់ ឬវាយដែកគោលជាប់នឹងជញ្ជាំងឱ្យមានចំនួនស្មើនឹងរន្ធថ្ពក់នៅផ្នែកខាងក្រោយនៃផ្ទាំងកញ្ចក់។ សម្រាប់រឿងទីតាំងនែការព្យួរវិញ យើងណែនាំថា គួរព្យួរកញ្ចក់នៅលើជញ្ជាំងឱ្យខ្ពស់បន្តិច ហើយសេរេឱ្យកញ្ចក់រាងងោកមកខាងមុខបន្តិច ដើម្បីឱ្យឆ្លុះឃើញទិដ្ឋភាពរបស់បន្ទប់បានធំទូលាយ។

    ត្រូវព្យួរកញ្ចក់យ៉ាងណាល្អ?

    ក្នុងបន្ទប់ទឹក ៈ ជាធម្មតានៅក្នុងបន្ទប់ទឹក នៅខាងលើអាងឡាវ៉ាបូសម្រាប់លាងដៃ លុបមុខ តែងមានកញ្ចក់បែបគ្មានគែម ឬស៊ុមបំពាក់ជាប់នៅលើជញ្ជាំងស្រាប់ហើយ តែត្រង់នេះបើលោកអ្នកយកស៊ុមស្អាតៗទៅបំពាក់ជុំវិញកញ្ចក់នោះផង នឹងធ្វើឱ្យកាន់តែចង់សម្លឹងមើលខ្លាំងឡើងទៀត(វិធីនេះសន្សំសំចៃប្រាក់ជាងការដោះកញ្ចក់ចាស់នោះចេញ ហើយទិញកញ្ចក់ថ្មីយកមកដាក់ជំនួស)។

    នៅលើជញ្ជាំងដែលពិបាកចោះព្យួរ ៈ រឿងសំខាន់ក្នុងចំណុចនេះគឺ ត្រូវជ្រើសរើសប្រើដែកស្វានឱ្យត្រូវប្រភេទដែលសម្រាប់ចោះកែវ ចោះឥដ្ឋការ៉ូ ឬចោះជញ្ជាំងស៊ីម៉ង់ត៍ បន្ទាប់ពីនោះក៏ប្រើឧបករណ៍ដែលស័ក្តិសមសម្រាប់ព្យួរកញ្ចក់នៅលើទីនោះដូចដែលព្យួរនៅលើជញ្ជាំងទូទៅដែរ។

    នៅលើទ្វារ ៈ ជ្រើសរើសប្រើកញ្ចក់បែបពេញមួយជំហរ និងរៀបចំទីតាំងឱ្យសមល្មមនឹងទ្វារឱ្យខ្លាំងបំផុត ហើយប្រើឧបករណ៍ព្យួរកញ្ចក់មកចាត់ការឱ្យរៀបរយ។ ផ្នែកសំខាន់ដែលលោកអ្នកត្រូវសង្កេតគឺ ទ្វារដែលនឹងព្យួរកញ្ចក់នោះ ត្រូវធ្វើពីវត្ថុដែលមានសាច់រឹង ទើបបំពាក់រួមជាមួយឧបករណ៍ព្យួរកញ្ចក់បានយ៉ាងមានប្រសិទ្ធភាព។

    តើត្រូវព្យួរកញ្ចក់នៅក្នុងបន្ទប់ណាល្អ?

    – កញ្ចក់បែបស្អាតៗទំនើបៗ គួរព្យួរនៅក្នុងបន្ទប់ញ៉ាំបាយទើបស័ក្តិសមបំផុត ជាពិសេសបើលោកអ្នកមានចង្កៀងគោមរំយោលនៅលើពិតានចំកណ្ដាលបន្ទប់ផងនោះ វានឹងចាំងជះពន្លឺធ្វើឱ្យភ្លឺស្រស់ស្អាតទ្វេឡើង តែគួរប្រយ័ត្ន បើចង្កៀងគោមរំយោលនោះមានអំពូលភ្លើង កញ្ចក់អាចនឹងជះពន្លឺពីអំពូលភ្លើងធ្វើឱ្យចាំងភ្នែកបាន។

    – ទីកន្លែងនៅក្នុងផ្ទះដែលស័ក្តិនឹងការមានកញ្ចក់ខ្លាំងបំផុតគឺ បរិវេណបន្ទប់ធំផ្លូវចូលផ្ទះ ព្រោះវាមិនមែនត្រឹមតែធ្វើឱ្យស្អាតប៉ុណ្ណោះទេ តែនៅធ្វើឱ្យបន្ទប់នេះមើលទៅធំស្រឡះ និងមានពន្លឺភ្លឺល្អទៀតផង។

    គន្លឹះល្អៗ

    – បន្ទប់ដែលមានពិតានខ្ពស់ ស័ក្តិសមសម្រាប់កញ្ចក់បែបបញ្ឈរ ខណៈដែលបន្ទប់ដែលរាងទ្រវែង ស័ក្តិសមនឹងផ្ទាំងកញ្ចក់បែបផ្ដេក។

    – គិតឱ្យច្បាស់ជាមុនសិន បើចង់ព្យួរកញ្ចក់នៅក្នុងកន្លែងដែលមានការរើរុះជាប់ជានិច្ច និងបើចង់ព្យួរកញ្ចក់នៅលើក្បាលដំណេក លោកអ្នកគួរហៅអ្នកជំនាញមកបំពាក់ឱ្យ ព្រោះវានឹងមានសុវត្ថិភាពជាងលោកអ្នកបំពាក់ដោយខ្លួនឯង៕