Author: ធឿន មករា

  • បើដឹងមុខងារថ្មីៗម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល WW90K54E0UW/ST…បានដឹងថាជីវិតកាន់តែងាយស្រួល និងឆ្លាតវៃប៉ុណ្ណា…!!

    បើដឹងមុខងារថ្មីៗម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល WW90K54E0UW/ST…បានដឹងថាជីវិតកាន់តែងាយស្រួល និងឆ្លាតវៃប៉ុណ្ណា…!!

    (ភ្នំពេញ) ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២០៖ បងៗសុភាពនារី​ស្ត្រី​មេផ្ទះ​ដ៏​ឆ្លាត​វៃ​ទាំងអស់​តែងតែ​ស្រមៃ​ចង់បាន​ការរស់នៅ​ដែល​ពោរពេញ​ដោយ​ភាពងាយស្រួល និង​មាន​ពេលវេលា​សម្រាក​ពី​ការងារ​ដ៏​មមាញឹក​ពេញ​មួយថ្ងៃ​ដោយ​មិនចាំបាច់​ត្រូវ​ខ្វាយខ្វល់​ក្នុង​ចិត្ត និង​ធុញថប់​ត្រូវ​មក​ចំណាយពេល​រាប់​ម៉ោង ឬក៏​អាច​អូស​ដល់​កន្លះ​ថ្ងៃ​ទើប​បោក​រួចរាល់​ទៀត​ទេ! ជាមួយនឹង​ម៉ាស៊ីន​បោកគក់ សាម​សុង Add-Wash ម៉ូ​ឌែ​ល WW90K54E0UW/ST បញ្ហា​ទាំងអស់​ហ្នឹង​គឺ​គ្រាន់តែ​ជា​រឿងព្រេង ឬ​រឿង​អតីត​តែប៉ុណ្ណោះ…!

    កាលពី​វគ្គ​មុន​ក្រុមហ៊ុន​បានធ្វើការ​បង្ហាញ​ពី៖

    – មុខងារ​បោក​លឿន​រហ័ស​សម្រាប់​ខោអាវ​តិច

    – មុខងារ​បោក​សន្សំសំចៃ​ភ្លើង

    – មុខងារ​បោក​សម្អាត​ដោយ​ចំហាយ​ទឹក​ក្តៅ​សម្លាប់​មេរោគ…បាក់តេរី…អាឡែកហ្ស៊ីផ្សេងៗបាន 99.90%

    – មុខងារ​សម្រាប់​បោក​សម្លៀកបំពាក់​ក្មេង ឬ​កូនតូច

    – មុខងារ​បោក​សម្អាត​សម្ភារៈ​បន្ទប់​គេង កម្រាលពូក ស្រោមខ្នើយ ។ល។

    – មុខងារ​បោក​សន្សំសំចៃ​ទឹក-ភ្លើង និង​មុខងារ​បោក​ខោអាវ​ធ្វើការ​ជាដើម…

    ប៉ុន្តែ​ថ្ងៃនេះ​ក្រុមហ៊ុន​នឹង​បង្ហាញជូន​នូវ​ជម្រើស​មុខងារ​ដ៏​វៃឆ្លាត​ផ្សេងទៀត​ដែល​ល្អ​ស័ក្តិសម​បំផុត​សម្រាប់​តម្រូវការ​លោកអ្នក​ដូចខាងក្រោម​នេះ៖

    * Daily Wash

    នេះ​គឺជា​មុខងារ​បោក​សម្លៀកបំពាក់​ប្រចាំថ្ងៃ​ដែល​ផ្តល់នូវ​ភាពងាយស្រួល​ដល់​លោកអ្នក​ក្នុង​ការបោក​សម្លៀកបំពាក់​ដោយ​មិនចាំបាច់​ត្រូវ​ចុច​ប៊ូ​តុង​ច្រើន​ព្រោះ​ម៉ាស៊ីន​បោក​នឹងធ្វើ​ការចងចាំ​នូវ​មុខងារ​ដែល​លោកអ្នក​ធ្លាប់​ជ្រើសរើស​បោក​រាល់ថ្ងៃ និង​ញឹកញាប់​ជាប់​ជានិច្ច!

    * Dark Garment

    មុខងារ​នេះ​គឺ​សម្រាប់​បោក​សម្លៀកបំពាក់​ណា​ដែលមាន​ពណ៌​ដិត ឬ​ក្រ​ម៉ៅ។ម៉ាស៊ីន​នឹងធ្វើ​ការបោក​ជម្រះ​ច្រើន​ទឹក​លើស​មុខងារ​បោក​ធម្មតា​ដើម្បីអោយ​សម្លៀកបំពាក់​ស្អាត​ល្អ។

    * Wool

    មុខងារ​នេះ​គឺ​ល្អ​ស័ក្តិសម​បំផុត​សម្រាប់​ប្រភេទ​សម្លៀកបំពាក់​សាច់​ក្រណាត់​ចាក់​ឬ​សាច់​អំបោះ​ដែល​ធ្វើ​ការបោក​សម្អាត​ដោយ​យកចិត្តទុកដាក់ និង​ថ្នម​បំផុត! ដូច្នេះ​លោកអ្នក​នឹង​លែង​បារម្ភ​ថា​សម្លៀកបំពាក់​សាច់​ក្រណាត់​ចាក់​រសាត់​សរសៃអំបោះ…រួច​ដាច់​សាច់​ក្រណាត់​ទៀតឡើយ…!!

    យ៉ាងម៉េច​ដែរ? យើង​នឹងមិន​សួរ​លោកអ្នក​ថា​មុខងារ​មួយណា​ជា​ជម្រើស​នៃ​ការ​បោកគក់​របស់លោក​អ្នក​ឡើយ…ប៉ុន្តែ​យើង​ជឿជាក់ និង​ប្រាកដ​ចិត្ត​ថា​លោកអ្នក​ពិតជា​ត្រូវការ​នូវ​ជម្រើស​ទាំងអស់នេះ​ជាក់​ជាពុំខាន​ឡើយ…! ត្រូវ​អត់? និយាយ​ដូច​ដឹងចិត្ត…មិន​ត្រឹមតែ​ដឹងចិត្ត​ទេ…ថែមទាំង​ធ្វើឱ្យ​សប្បាយចិត្ត​ទៀតផង!!

    សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់​តាម​ហាង​ទំនើប​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​អាចធ្វើ​ការទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន​តាមរយៈ​ទូរស័ព្ទ​ឥតគិតថ្លៃ​លេខ៖ 1800-20 32 32 !

    * បញ្ជាក់៖ រាល់​ការ​ជាវ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ សាម​សុង Add-Wash ម៉ូ​ឌែ​ល ww90K54E0UW/ST តាម​បណ្តា​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​កុំ​ភ្លេច​សួររក​ប័ណ្ណធានា​ផង​ណា៎…!

  • គ្រាប់ផ្លែត្របែកទុំ ញ៉ាំហើយប្រថុយនឹងរោគរលាកខ្នែងពោះវៀនមែនឬ?

    គ្រាប់ផ្លែត្របែកទុំ ញ៉ាំហើយប្រថុយនឹងរោគរលាកខ្នែងពោះវៀនមែនឬ?

    “រលាកខ្នែងពោះវៀន” ជាអាការដែលគ្មាននរណាម្នាក់ចង់កើតឡើយ ហើយមនុស្សជាច្រើនប្រហែលជាបានដឹងច្បាស់ហើយថា វាបណ្ដាលមកពីអាការរលាករបស់ខ្នែងពោះវៀនដែលជាអវយវៈតូចមួយនៅជាប់នឹងចុងពោះវៀនធំ ដែលធ្វើឱ្យយើងឈឺពោះរហូតដល់ត្រូវចូលទៅទទួលយកការវះកាត់នៅឯមន្ទីពេទ្យយ៉ាងបន្ទាន់ទៀតផង ហើយមនុស្សដែលមានភាពប្រថុយប្រថាននឹងរោគរលាកខ្នែងពោះវៀននេះមានតាំងពីអាយុ 15 ដល់ 45 ឆ្នាំ ដែលអាចនិយាយបានថា ជាអំឡុងអាយុដែលវែងគួរសម។

    មុននឹងទៅមើលថា តើគ្រាប់ផ្លែត្របែកទុំជាដើមចមរបស់រោគរលាកខ្នែងពោះវៀនមែនឬ? យើងនាំគ្នាមកមើលពីមូលហេតុរបស់ការរលាកខ្នែងពោះវៀនជាមុនសិនប្រសើរជាង។

    មូលហេតុរបស់រោគរលាកខ្នែងពោះវៀន

    រលាកខ្នែងពោះវៀន បណ្ដាលមកពីអាការរលាកដែលកើតឡើងពីកំទេចចំណីអាហារធ្លាក់ចូលទៅសម្ងំនៅក្នុងខ្នែងពោះវៀនរយៈពេលយូររហូតវត្ថុរាវ ឬសារធាតុរំអឹលមិនអាចហូរវិលចូលទៅបានតាមប្រក្រតី ទើបកើតជាអាការរលាក ដោយវត្ថុដែលធ្លាក់ចូលទៅក្នុងខ្នែងពោះវៀននោះអាចជាអ្វីមួយក៏បានដែរដែលក្រពះបានបញ្ជូនទៅក្នុងពោះវៀនធំ ដូចជា កម្ទេចចំណីអាហារ សត្វល្អិត ដុំសាច់ដុះ ក្បាលអង្កាម ដុំក្រួស ឬក្រពេញទឹករងៃនៅបរិវេណនោះមានអាការហើមខ្លាំងរហូតធ្វើឱ្យខ្នែងពោះវៀនកៀបជាប់ណែនស្ទះ បង្កឱ្យរលាក និងឆ្លងមេរោគនៅទីបំផុត។

    គ្រាប់ត្របែក មូលហេតុចម្បងរបស់រោគពោះវៀនដុះខ្នែង?!

    នៅពេលបានដឹងហើយថា អ្វីក៏ដោយដែលរបូតធ្លាក់ចូលទៅញ៉ុកស្ទះក្នុងខ្នែងពោះវៀនរហូតធ្វើឱ្យរលាកនោះ សុទ្ធតែជាមូលហេតុបានទាំងអស់ ដូច្នេះមិនមែនមានតែគ្រាប់ផ្លែត្របែកទុំនោះទេដែលបង្កគ្រោះថ្នាក់ដល់ការញ៉ុកស្ទះរបស់ខ្នែងពោះវៀននោះ។ មិនថា ចំណីអាហារប្រភេទណា ក៏សុទ្ធតែមានភាពប្រថុយប្រថានទាំងអស់ គ្រាន់តែលក្ខណៈរបស់គ្រាប់ត្របែកវាមានខ្នាត និងភាពរឹងងាយក្នុងការចូលទៅញ៉ុកស្ទះក្នុងរន្ធខ្នែងពោះវៀនបានស្រួលហ្នឹងឯង។

    អាការរបស់រោគរលាកខ្នែងពោះវៀន

    ដូចដែលមនុស្សជាច្រើនបានដឹងហើយថា អាការរបស់រោគរលាកខ្នែងពោះវៀនច្រើនតែបង្កឡើងដោយការចុកពោះ អាចនឹងមិនបានចុកពោះនៅលើទីតាំងខាងស្ដាំក្រោមតាំងពីដំបូងតែម្ដងនោះទេ តែអាចនឹងចុកពោះជុំវិញរន្ធផ្ចិតជាមុន បន្ទាប់ពីនោះ 6 – 12 ម៉ោងតមក អាចរំកឹលមកចុកនៅត្រង់ម្ដុំពោះខាងស្ដាំខាងក្រោម តែក៏ធ្លាប់មានខ្លះដែរដែលនឹងចុកនៅម្ដុំកណ្ដាលពោះ ឬខាងស្ដាំលើ អាស្រ័យលើទីតាំងរបស់ខ្នែងពោះវៀនរបស់មនុស្សម្នាក់ៗថា ស្ថិតនៅត្រង់ណា។ រឹតតែអ្នកណាដែលចុកពោះខ្លាំងក្លាទាំងខាងឆ្វេង និងខាងស្ដាំផងនោះ អាចជាសញ្ញាមួយដែលបង្ហាញថា ខ្នែងពោះវៀនអាចនឹងរលាកធ្ងន់ធ្ងររហូតដល់ថ្នាក់ស្អុយរលួយ មានខ្ទុះ ឬបែកធ្លាយខ្ចាត់ខ្ចាយពេញក្នុងពោះរហូតដល់ចាប់ផ្ដើមឆ្លងមេរោគទៅហើយទៀតផង។

    តែមុននឹងចុកពោះខ្លាំងរហូតដល់ត្រូវចូលទៅទទួលយកការវះកាត់បែបបន្ទាន់នោះ វាអាចមានសញ្ញាដាស់តឿនតិចៗដែលមនុស្សជាច្រើនអាចមិនដឹងថា វាពាក់ព័ន្ធនឹងអាការខុសប្រក្រតីរបស់ខ្នែងពោះវៀន ទើបធ្វើឱ្យព្រងើយកន្តើយក្នុងការចូលទៅពិនិត្យរាងកាយនៅមន្ទីរពេទ្យ។

    ដូច្នេះ បើសិនជាអ្នកណាមិនចង់ប្រថុយប្រថាននឹងរោគរលាកខ្នែងពោះវៀននោះ ក្រៅពីត្រូវទទួលទានអាហារដោយទំពាឱ្យបានល្អិតម៉ដ្ឋមុននឹងលេប និងចៀសវាងការញ៉ាំអាហារណាដែលរឹងៗ ដែលពិបាកក្នុងការកិនរំលាយរបស់ក្រពះហើយនោះ ការពិនិត្យសុខភាពប្រចាំឆ្នាំ ពិនិត្យសុខភាពប្រអប់ពោះ និងសង្កេតមើលចំណីអាហារ និងភាពខុសប្រក្រតីរបស់ខ្លួនឯងជាញឹកញាប់រឿយៗ មិនព្រងើយកន្តើយក្នុងការយកចិត្តទុកដាក់មើលថែទាំខ្លួនឯង ក៏អាចជួយកាត់បន្ថយភាពប្រថុយប្រថាននឹងរោគរលាកខ្នែងពោះវៀនបានដូចគ្នាដែរ៕

  • ក្នុងមួយថ្ងៃ តើស្រ្តីមានគភ៌ក្នុងត្រីមាសដំបូងគួរទទួលទានអ្វី?

    ក្នុងមួយថ្ងៃ តើស្រ្តីមានគភ៌ក្នុងត្រីមាសដំបូងគួរទទួលទានអ្វី?

    ដូចដែលយើងបានដឹងច្បាស់ទាំងអស់គ្នាហើយថា ការញ៉ាំអាហារដែលល្អ និងមានប្រយោជន៍ក្នុងខណៈពេលតាំងគភ៌ នឹងត្រូវបានបញ្ជូនបន្តទៅឱ្យកូនតូចនៅក្នុងផ្ទៃឱ្យបានទទួលសារធាតុអាហារដែលល្អ ដើម្បីនាំយកទៅអភិវឌ្ឍអវយវៈផ្សេងៗឱ្យមានល្អឥតខ្ចោះ ដើម្បីត្រៀមជាស្រេចក្នុងការប្រសូតចេញមកពេញមួយរយៈពេល 9 ខែ។

    ពេញមួយរយៈពេលនៃការតាំងគភ៌ អនាគតអ្នកម្ដាយត្រូវតែរលឹកដឹងជាប់ជានិច្ចថា កូននៅក្នុងផ្ទៃ រួមទាំងខ្លួនឯងផងត្រូវការសារធាតុអាហារដែលមានគុណប្រយោជន៍ និងកម្លាំងថាមពលពីអាហាររៀងរាល់ថ្ងៃយ៉ាងជាប់លាប់។ ដើម្បីសុខភាពដែលរឹងប៉ឹងឥតខ្ចោះ ទើបការបានទទួលទានអាហារល្អៗក្នុងខណៈពេលតាំងគភ៌ក្លាយជាក្រោះការពារឱ្យទារកក្នុងផ្ទៃមានសុវត្ថិភាពពីសភាវអន្តរាយផ្សេងៗ ធ្វើឱ្យរាងកាយមានភាពល្អឥតខ្ចោះ។ ដូច្នេះ តើស្រ្តីមានគភ៌គួរទទួលទានអ្វីខ្លះក្នុងត្រីមាសនីមួយៗទាំងបីត្រីមាសនោះ ហើយខាងក្រោមនេះគឺជាគំរូអាហារដែលស្រ្តីមានគភ៌ក្នុងត្រីមាសដំបូងគួរទទួលទានក្នុងមួយថ្ងៃៗ។

    # ត្រីមាសដំបូង

    អំឡុងពេលនេះ រូបរាងរបស់ស្រ្តីមានគភ៌នៅមិនទាន់ប្រែប្រួលច្រើនទេ អ្នកខ្លះនៅមើលមិនទាន់ដឹងផងថា មានគភ៌។ ទម្ងន់ខ្លួនអាចនៅមិនសូវកើនឡើង ឬអ្នកខ្លះដែលមានអាការចាញ់ខ្លាំង អាចធ្វើឱ្យទម្ងន់ខ្លួនថយចុះទៅវិញក៏មាន។ 1 – 3 ខែដំបូង ស្រ្តីមានគភ៌គួរសង្កត់ធ្ងន់លើអាហារឱ្យបានសម្បូរបែបដើម្បីឱ្យទទួលបានសារធាតុអាហារ និងកម្លាំងថាមពល ដូចជា បាយ ម្សៅ ប្រូតេអ៊ីន ខ្លាញ់ និងវីតាមិន។

    គំរូអាហារក្នុង 1 ថ្ងៃ

    ពេលព្រឹក

    . បបរសាច់ជ្រូកចិញ្រ្ចាំ 1 ចានគោម

    . ទឹកដោះគោ 1 ប្រអប់ (ចំណុះ 240 c.c)

    . ផ្លែប៉ោម 1 ផ្លែ

    ពេលថ្ងៃត្រង់

    . គុយទាវសរសៃធំឆាសាច់ជ្រូក 1 ចាន

    . បង្អែមចេកខ្ទិះ 1 ចានចង្កឹះ

    ពេលល្ងាច

    . បាយអង្ករសម្រិត (បាយអង្ករសម្រូប) 2 វែក

    . ត្រីប្លាធូចៀន 1 ក្បាល

    . សម្លម្ជូរបន្លែរួម 1 ចានគោម

    . ចេកណាំវ៉ា 1 ផ្លែ

    មុនគេង

    . ទឹកដោះគោ 1 ប្រអប់ (ចំណុះ 240 c.c)។

    # ត្រីមាសទី 2

    នៅពេលបានធូរស្រាលពីអាការចាញ់កូន អនាគតអ្នកម្ដាយនឹងចាប់ផ្ដើមញ៉ាំអាហារបានច្រើនឡើងហើយ ក្នុងខណៈពេលជាមួយគ្នានេះ វិវឌ្ឍនាការខាងរាងកាយរបស់កូនក្នុងផ្ទៃក៏ចាប់ផ្ដើមសាងអវយវៈផ្សេងៗឡើងដែរ។ អាហារក្នុងរយៈពេលនេះ ស្រ្តីមានគភ៌គួរសង្កត់ធ្ងន់លើការបង្កើនសារធាតុដែក កាល់ស្យូម និងវីតាមីនផ្សេងៗ ដើម្បីឱ្យសុខភាពរបស់ម្ដាយរឹងមាំ និងមានចំណែកបង្កើនវិវឌ្ឍនាការរាងកាយរបស់កូនតូចដែលកំពុងតែធំធាត់ក្នុងពេលនេះ។

    គំរូអាហារក្នុង 1 ថ្ងៃ

    ពេលព្រឹក

    – បបរត្រី 1 ចានគោម

    – ទឹកដោះគោ 1 ប្រអប់ (ចំណុះ 240 c.c)

    – ផ្លែត្របែក 1/2 ផ្លែ

    ពេលថ្ងៃត្រង់

    – បាយសាច់ជ្រូក 1 ចាន

    – ស៊ុបឆ្អឹងជ្រួក 1 ចាន

    ពេលល្ងាច

    – បាយស 2 វែក

    – ត្រីអណ្ដែងអាំង 1 ក្បាល

    – សម្លកកូរបន្លែសព្វមុខ 1 ចាន

    – ក្រូចឃ្វិច 1 ផ្លែ

    មុនគេង

    – ទឹកដោះគោ 1 ប្រអប់ (ចំណុះ 240 c.c)

    ស្រ្តីមានគភ៌អាចបន្ថែមអាហារចម្អាបក្នុងចន្លោះពេលថ្ងៃត្រង់ ឬមុនពេលល្ងាច 1 ពេលទៀតបាន ដើម្បីមិនបណ្ដោយឱ្យពោះទំនេរ ឬឃ្លានខ្លាំងពេកមុននឹងដល់ពេលបាយចម្បង។

    # ត្រីមាសទី 3

    អំឡុងពេលចុងក្រោយមុនប្រសូត រាងកាយរបស់អនាគតអ្នកម្ដាយត្រូវការកម្លាំងថាមពលបន្ថែមឡើង។

    គំរូអាហារក្នុង 1 ថ្ងៃ

    ពេលព្រឹក

    – បាយស 2 វែក

    – ស៊ុតស្ងោ 1 គ្រាប់

    – ទឹកគ្រឿង បន្លែស្រុស

    – ទឹកដោះគោ 1 ប្រអប់ (ចំណុះ 240 c.c)

    អាហារចម្អាប

    – ផ្លែមង្ឃុត 6 ផ្លែ

    ពេលថ្ងៃត្រង់

    – បាយដំណើប 1 ដុំ(មួយក្ដាប់ដៃ)

    – សម្លស្ងោមាន់ 1 ចាន

    – ញាំសាច់ជ្រូក 1 ចាន(បរិមាណ 6 ស្លាបព្រា) បន្លែស្រស់

    អាហារបន្ថែម

    – ផ្លែសាវម៉ាវ 4 ផ្លែ

    ពេលល្ងាច

    – បាយស 2 វែក

    – ភ្លៅមាន់អាំង 1 ភ្លៅ

    – ខសាច់ជ្រូក – សាច់ 2 ដុំ

    – ក្រូចឃ្វិច 1 ផ្លែ

    មុនគេង

    – ទឹកដោះគោ 1 ប្រអប់ (ចំណុះ 240 c.c)

    តាមរយៈបញ្ជីគំរូអាហារក្នុងមួយថ្ងៃៗខាងលើនេះ យើងនឹងមើលឃើញថា អាហារដែលស័ក្តិសមសម្រាប់ស្រ្តីមានគភ៌គឺ គួរញ៉ាំឱ្យបានសម្បូរបែបក្នុងមួយពេលៗ ដែលគួរតែប្រកបទៅដោយ បាយ សាច់សត្វ បន្លែផ្លែឈើ ដើម្បីឱ្យមានក្រុមអាហារដែលគ្រប់ប្រភេទ បានទទួលសារធាតុអាហារដែលមានប្រយោជន៍រៀងរាល់ពេលបាយ។ ស្រ្តីមានគភ៌អាចកែសម្រួលទៅជាមុខម្ហូបដែលស្រដៀងៗគ្នាបានក្នុងមួយថ្ងៃៗ ដើម្បីកុំឱ្យកើតមានការធុញទ្រាន់ក្នុងការញ៉ាំ និងក្រៅពីការជ្រើសរើសទទួលទានម្ហូបអាហារដែលមានប្រយោជន៍ហើយ គួរនឹកដល់បរិមាណក្នុងការញ៉ាំដែលត្រូវតែមិនធ្វើឱ្យទម្ងន់ខ្លួនកើនឡើងផង។ នៅពេលស្រ្តីមានគភ៌ញ៉ាំអាហារបានគ្រប់ប្រភេទក្រុម មានសុខភាពរឹងមាំពេញមួយរយៈពេលតាំងគភ៌ ទម្ងន់ខ្លួនក៏ស្ថិតក្នុងកម្រិតប្រក្រតីដែរនោះ កូនតូចដែលកើតមកក៏នឹងមានសុខភាពរឹងមាំល្អឥតខ្ចោះ និងមានទម្ងន់ខ្លួនស្ថិតក្នុងកម្រិតប្រក្រតីផងដែរ៕

  • សាប៊ូដុំប្រើហើយនៅសល់តូចៗ កុំបោះចោល ព្រោះនៅមានប្រយោជន៍ច្រើន!

    សាប៊ូដុំប្រើហើយនៅសល់តូចៗ កុំបោះចោល ព្រោះនៅមានប្រយោជន៍ច្រើន!

    ដុំសាប៊ូតូចៗដែលនៅសល់ពីការប្រើប្រាស់យូរមកហើយនោះ ច្រើនតែក្លាយជាវត្ថុមួយដែលបងៗស្រ្តីមេផ្ទះតែងយកទៅបោះចោលក្នុងធុងសំរាម ព្រោះយកទៅប្រើការអ្វីទៀតក៏លែងបាន ពិបាកចាប់កាន់ ឬមិនសូវមានពពុះ ជាដើម។ តែឈប់សិន! ថ្ងៃនេះឡារ៉ែនមានវិធីជួយបង្កើនប្រយោជន៍របស់ដុំសាប៊ូតូចៗទាំងនោះដោយវិធីដូចខាងក្រោមនេះ។

    – បន្ទន់ស្បែកជើងធ្វើពីស្បែកឱ្យទន់ងាយស្រួលពាក់

    អ្នកណាដែលកំពុងពិបាកចិត្តរឿងស្បែកជើងកែងចោតរឹងៗកកិតនឹងកែងជើងធ្វើឱ្យឈឺរហូតដល់លែងចង់ពាក់នោះ បញ្ហានេះមិនពិបាកកែទេ គ្រាន់តែយកដុំសាប៊ូតូចៗដែលលែងប្រើហើយនោះមកដុសនៅផ្នែកខាងក្នុងរបស់ស្បែកជើង ជាពិសេសត្រង់កន្លែងដែលកកិតនឹងកែងជើងនោះ សាប៊ូនឹងជួយសម្រួលសភាពស្បែករបស់ស្បែកជើងឱ្យទន់បាន និងលែងរឹងកកិតរហូតធ្វើឱ្យពងបែកឈឺផ្សារទៀតហើយ។

    – បន្តក់ដាក់ត្រចៀកទ្វារ ជួយកាត់បន្ថយសំឡេងសង្កៀតគ្នា

    ទ្វារផ្ទះ ឬទ្វារបន្ទប់របស់អ្នកណាដែលមានលាន់ឮសំឡេងង៉ឺតង៉តគួរឱ្យរំខានពេលបើក-បិទម្ដងៗនោះ ចូរយកដុំសាប៊ូតូចៗដែលលែងប្រើហើយនោះទៅត្រាំទឹក ហើយយកមកដុសនៅត្រង់ត្រចៀកទ្វារឱ្យសព្វ ឬយកកម្ទេចសាប៊ូលាយជាមួយទឹក ហើយយកមកបន្តក់លើត្រចៀកទ្វារដែលមានឮសំឡេងនោះ តែប៉ុណ្ណឹងអាសំឡេងង៉ឺតង៉តនោះក៏នឹងបាត់អស់ជាមិនខាន។

    – បំបាត់ក្លិនអាប់នៅក្នុងកាបូប ឬទូសម្លៀកបំពាក់

    យកដុំសាប៊ូតូចៗដែលលែងប្រើហើយខ្ចប់ដោយក្រណាត់ស្បៃដាក់ចូលទៅក្នុងកាបូបដាក់ខោអាវ ឬយកទៅដាក់នៅត្រង់ជ្រុងណាមួយក្នុងទូខោអាវ ក៏នឹងជួយកម្ចាត់បញ្ហារឿងធំក្លិនអាប់បានដែរ។

    – ស្រោបដែកគោល ការពារពេលដំទៅបែកឈើ

    បើចង់ឱ្យដែកគោលងាយស្រួលដំក្នុងការងារជួសជុលផ្ទះ ឬការងារធ្វើតុកៅអីផ្សេងៗនោះ ចូរសាកល្បងយកដុំសាប៊ូតូចៗទាំងនោះមកដុសលាបនៅលើចុងដែកគោលដើម្បីស្រោបឱ្យរអិលនឹងកាន់តែងាយស្រួលដំបញ្ចូល និងថែមទាំងមិនធ្វើឱ្យបែកសាច់ឈើដែលយើងប្រើការនោះទៀតផង។

    – ជួយប្រមូលសម្អាតកម្ទេចកញ្ចក់ ឬកែវបែក

    បើសិនមានបែកកែវ ឬកញ្ចក់ ហើយមានកម្ទេចកែវល្អិតៗដែលមិនអាចមើលឃើញដោយភ្នែកទទេបាននោះ បងៗស្រ្តីមេផ្ទះអាចប្រមូលសម្អាតឱ្យស្អាតបានដោយដុំសាប៊ូតូចៗទាំងនោះ ដោយគ្រាន់តែយកវាមកដុស និងផ្ដិតថ្នមៗនៅលើកម្រាលឥដ្ឋឱ្យសព្វកន្លែង តែប៉ុណ្ណឹងកម្ទេចកែវល្អិតៗទាំងនោះនឹងចូលមកនៅក្នុងដុំសាប៊ូអស់ មិនមាននៅសល់នាំឱ្យមុតដៃ មុតជើងឡើយ។

    – កែបញ្ហាខ្សែរូតពិបាករូត

    មនុស្សជាច្រើនតែងជួបបញ្ហារឿងខ្សែរូតតឹង ពិបាករូត និងជាប់គាំងរហូតដល់ចង់តែបោះខោ-អាវ ឬកាបូបដែលប្រើខ្សែរូតនោះចោលតែម្ដង តែបញ្ហានេះនឹងបាត់អស់មិនខាន បើសិនជាបងៗស្រ្តីមេផ្ទះយកដុំសាប៊ូដែលលែងប្រើហើយនោះមកដុសលើខ្សែរូតសំពត់-ខោ-អាវ ឬកាបូបនោះឱ្យសព្វ បន្ទាប់មករូតថ្នមៗម្ដងបន្តិចៗ មួយស្របក់ក្រោយមក ខ្សែរូតដែលធ្លាប់តែតឹង ពិបាករូត និងគាំងៗនោះ នឹងរូតឡើងចុះបានយ៉ាងងាយស្រួលមិនខាន និងបន្ទាប់ពីនោះ កុំភ្លេចលាងសម្អាតកំណកសាប៊ូចេញផង។

    ពេលអានចប់ហើយ បងៗស្រ្តីមេផ្ទះជាច្រើននាក់អាចនឹងមិនធ្លាប់នឹកគិតឡើយថា ដុំសាប៊ូតូចៗដែលយើងប្រុងបោះចោលនោះនៅមានប្រយោជន៍ច្រើនបែបនេះសោះ ដូច្នេះបើអ្នកណាប្រើសាប៊ូដុំហើយនៅសល់តូចៗនោះ ចូរប្រមូលទុកក្នុងកំប៉ុង ឬដាក់ក្នុងដបមាត់ធំដែលមានគម្របបិទជិត ហើយទុកដាក់មួយកន្លែង ពេលជួបនឹងបញ្ហាដូចខាងលើ ចូរសាកល្បងយកវាមកប្រើសាកមើល ធានាថា មិនខុសបំណងឡើយ ចា៎ស៕

  • “ហ៊ឹងត្រចៀកភ្លាមៗ” គ្រោះថ្នាក់ដែលអាចឡើងលើមនុស្សគ្រប់រូប គ្រប់កន្លែង គ្រប់ពេល

    “ហ៊ឹងត្រចៀកភ្លាមៗ” គ្រោះថ្នាក់ដែលអាចឡើងលើមនុស្សគ្រប់រូប គ្រប់កន្លែង គ្រប់ពេល

    បើជារោគចង្រៃដែលមានសញ្ញាដាស់តឿនឱ្យយើងបានដឹងជាមុននោះ យើងនៅមានពេលអាចទៅជួបលោកគ្រូពេទ្យបានមុនពេលដែលអាការរបស់រោគនោះបង្ហាញឡើងច្បាស់រហូតរំខានដល់ការរស់នៅរបស់យើងបាន តែបើសំណាងអាក្រក់ វាជារោគដែលកើតឡើងទាន់ហន់ភ្លាមៗបែបមិនបានដឹងខ្លួនមុន និងរកមូលហេតុដែលនាំឱ្យកើតយ៉ាងពិតប្រាកដមិនឃើញផងនោះ ប្រហែលជាធ្វើឱ្យលោកអ្នកត្រូវត្រៀមខ្លួនចាំទប់ទល់នឹងជំងឺលំបាកមិនខាន។

    ក្រៅពីដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងទាន់ហន់ដែលមនុស្សយើងគ្រប់គ្នាស្គាល់ច្បាស់ហើយនោះ នៅមានរោគមួយទៀតជារោគដែលកើតឡើងយ៉ាងទាន់ហន់ និងជួបប្រទះច្រើនដោយរកមូលហេតុមិនឃើញទៀតផង។

    រោគហ៊ឹងត្រចៀកទាន់ហន់

    ជំងឺហ៊ឹងត្រចៀកទាន់ហន់ ឬជំងឺគាំងត្រចៀក គឺជាសភាវដែលបាត់បង់ការបានឮភ្លាមៗ ប្រភេទប្រព័ន្ធប្រសាទទទួលស្ដាប់សំឡេងធ្វើការរអាក់រអួលដែលកើតឡើងភ្លាមៗតែម្ដង។ ប្រទះឃើញនៅលើទាំងភេទស្រី និងភេទប្រុស និងច្រើនជួបនៅក្នុងក្រុមមនុស្សដែលមានអាយុតិច និងវ័យកណ្ដាលមនុស្ស។

    មូលហេតុរបស់រោគហ៊ឹងត្រចៀកទាន់ហន់

    ជារឿងដែលគួរឱ្យស្ដាយណាស់ដែលបច្ចុប្បន្នក៏នៅតែមិនអាចបញ្ជាក់ពីមូលហេតុបានច្បាស់លាស់ថា បណ្ដាលមកពីមូលហេតុអ្វីនៅឡើយ តែគ្រូពេទ្យជំនាញជឿថា អាចបណ្ដាលមកពីមេរោគវីរុស ការញ៉ុកណែនរបស់សរសៃឈាមដែលហូរទៅចិញ្ចឹមស្រទាប់ត្រចៀកខាងក្នុង ការហើមក្នុងក្រដាសត្រចៀក ការមានរន្ធធ្លាយរបស់ទត្រចៀកខាងក្នុង តែអាចកើតពីមូលហេតុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់បាន ដូចជា ដុះសាច់បរិវេណសរសៃប្រសាទត្រចៀក ឬភាពខុសប្រក្រតីរបស់ខួរក្បាល ជាដើម។

    អាការរបស់រោគហ៊ឹងត្រចៀកទាន់ហន់ដែលជួបប្រទះញឹកញាប់

    1 . បាត់បង់ការបានឮទាន់ហន់ភ្លាមៗ និងច្រើនតែកើតនៅលើត្រចៀកតែម្ខាង

    2 . អាចមានអាការឮសំឡេងខ្លាំងៗរំខាននៅក្នុងត្រចៀកម្ខាងនោះ

    3 . មានអាការវិលមុខរួមជាមួយផង

    វិធីរក្សាព្យាបាលរោគហ៊ឹងត្រចៀកទាន់ហន់

    1 . ព្យាបាលដោយថ្នាំ ដូចជា ថ្នាំកាត់បន្ថយការរលាកក្លាយ ថ្នាំពង្រីកសរសៃឈាម វីតាមីន ឬថ្នាំសម្រាលអាការវិលមុខ។

    2 . អ្នកជំងឺអាចគេងសម្រាកព្យាបាលនៅផ្ទះបាន ឬអ្នកខ្លះអាចត្រូវគេងព្យាបាលនៅក្នុងមន្ទីពេទ្យដើម្បីតាមដានអាការ។

    3 . គ្រូពេទ្យនឹងណាត់ពិនិត្យវាស់កម្រិតការបានឮជាដំណាក់កាលៗដើម្បីវាយតម្លៃលទ្ធផលនៃការព្យាបាល និងតាមដានលទ្ធផលនៃការព្យាបាលក្នុងរយៈពេលវែងជាបន្ត៕

  • នៅពេលកូនតូចឈានចូលខែទី 7

    នៅពេលកូនតូចឈានចូលខែទី 7

    ខែទី 7

    លក្ខណៈរបស់កូនតូច

    កូនច្រើនតែគេងលក់ស្កប់ស្កល់រហូតដល់ម៉ោង 6 ព្រឹក ឬ 8 ព្រឹកតែម្ដង ពេលឈឺនោមកណ្ដាលយប់ ក្មេងខ្លះក៏មិនភ្ញាក់ដែរតែក្មេងខ្លះភ្ញាក់ និងយំបន្តិចបន្តួច រួចគេងលក់បន្ត និងក្មេងខ្លះត្រូវតែបានមឹមទឹកដោះម្ដងទៀតទើបព្រមគេងលក់បន្តទៀត។

    ការបន្ទោបង់ក្នុងវ័យនេះ ចាប់ផ្ដើមមានពេលមានវេលាហើយ អាចនឹងជុះក្នុងមួយថ្ងៃ 1 – 2 ដង ក្មេងខ្លះ 2 – 3 ដង និងក្មេងខ្លះទៀត 2 ថ្ងៃជុះម្ដង ហើយក្មេងខ្លះ 3 ថ្ងៃម្ដង អាចរហូតដល់ត្រូវដាក់ថ្នាំសុលរន្ធគូទបញ្ចុះលាមកក៏មាន តែវិធីនេះមិនគួរធ្វើឡើយបើលាមកមិនរឹងខ្លាំងនោះ។

    ក្មេងក្នុងវ័យនេះមិនគេងច្រើនដូចទម្លាប់ទេ ខណៈពេលភ្ញាក់នឹងមានអារម្មណ៍ល្អ មានពេលភ្ញាក់កាន់តែយូរឡើង ចាប់ផ្ដើមមានសេចក្ដីសុខដែលបានធ្វើចលនា បានលេងជាមួយប៉ាម៉ាក់ បានចេញទៅលេងនៅក្រៅផ្ទះ។ ចំណែករយៈពេលដែលធ្មេញដុះឡើងនឹងខុសប្លែកពីគ្នា តែភាគច្រើននៅពេលអាយុលើស 6 ខែ ច្រើនតែចាប់ផ្ដើមមានធ្មេញក្រោមខាងមុខដុះឡើងមកពីរគ្រាប់ហើយ។

    ដល់ពេលអាហារបន្ថែមហើយ

    កូនក្នុងវ័យនេះញ៉ាំបានច្រើនឡើង ព្រោះចាប់ផ្ដើមស្គាល់រសជាតិអាហារផ្សេងៗ និងចង់ញ៉ាំច្រើនឡើងហើយ។ គួរឱ្យញ៉ាំអាហារបន្ថែមដែលមានប្រូតេអ៊ីនច្រើន ដូចជា ថ្លើមមាន់កិន ស៊ុត សាច់ត្រី សណ្ដែក ហើយឧស្សាហ៍ថ្លឹងទម្ងន់មួយខែម្ដង។ បើទម្ងន់ខ្លួនកើនឡើងប្រមាណជា 300 ក្រាមឡើងទៅ បង្ហាញថា កូនធំធាត់ប្រក្រតីល្អហើយ។

    – សាច់ត្រី បើសិនជាប្រភេទត្រីដែលមានឆ្អឹងច្រើន ត្រូវប្រយ័ត្នឱ្យខ្លាំង ត្រូវបេះឆ្អឹងចេញឱ្យអស់ជាមុនសិន។

    – ថ្លើមផ្ដល់ប្រយោជន៍ច្រើនណាស់។ កូនអាចចូលចិត្តញ៉ាំថ្លើមមាន់ខ្លាំងជាងថ្លើមគោដែលរឹង និងពិបាកញ៉ាំ អ្នកម្ដាយមិនចាំបាច់ត្រូវឱ្យញ៉ាំរាល់ថ្ងៃទេ។

    – សាច់មាន់ សាច់ជ្រូក សាច់គោ បើកិនខ្លួនឯងគួរជ្រើសរើសសាច់ណាដែលទន់ផុយ កិនឱ្យម៉ដ្ឋ ព្រោះសាច់កិននៅតាមហាងច្រើនតែមានផ្នែករឹងៗលាយឡំមកជាមួយ។

    – ចំណែកស៊ុតវិញ ក្មេងអាយុតិចជាង 12 ខែ គួរឱ្យញ៉ាំតែស៊ុតក្រហមបានហើយ ចំណែកស៊ុតសច្រើនតែឱ្យចាប់ផ្ដើមញ៉ាំក្រោយអាយុបាន 12 ខែ ព្រោះពេលនោះឱកាសក្នុងការកើតមានប្រតិកម្មចាញ់ស៊ុតសនឹងមិនសូវកើតឡើងទេ។

    – បន្លែ គួរចាប់ផ្ដើមពី ល្ពៅ ត្រប់វែង មើមឆៃថាវ ដំឡូងបារាំង ការ៉ុត ព្រោះងាយស្រួលធ្វើឱ្យផុយ ចំណែកស្លឹកបាស ស្ពៃក្ដោប បើស្ងោរហូតដល់ទន់ ក៏អាចឱ្យញ៉ាំបាន និងឱ្យញ៉ាំប៉េងប៉ោះក៏ល្អដែរ។

    – ផ្លែឈើ ក្មេងអាយុលើស 6 ខែអាចញ៉ាំផ្លែឈើបានសឹងតែគ្រប់ប្រភេទហើយ ដូចជា ចេកទុំ ក្រូច ទំពាំងបាយជូរ ឪឡឹក ល្ហុងទុំ ផ្លែប៉ោម។ ផ្លែឈើទន់ៗប្រើវិធីកិន ផ្លែឈើរឹងៗប្រើវិធីកោស។ គួរចាប់ផ្ដើមឱ្យញ៉ាំតាំងពី 1 – 2 ម៉ាត់ជាមុនសិន មុននឹងបន្ថែមឡើងជាបណ្ដើរៗ។ ចំណុចដែលត្រូវប្រយ័ត្នគឺ រើសគ្រាប់ចេញឱ្យអស់ មិនដូច្នោះទេអាចនឹងធ្វើឱ្យកូនស្លាក់បាន។

    អាការដែលអាចកើតឡើង

    – នៅពេលធ្មេញដុះឡើង

    * កូនវ័យ 6 – 8 ខែ ធ្មេញក្រោមខាងមុខច្រើនតែចាប់ផ្ដើមដុះឡើងមក 2 គ្រាប់ ក្មេងខ្លះអាចដុះឡើងលឿនជាងនេះ តែក្មេងខ្លះក៏អាចយឺតដែរ ទម្រាំនឹងដុះថ្មេញក៏ជិតនឹង 1 ខួបក៏មាន តែអ្នកម្ដាយមិនគួរកង្វល់នោះទេ បើធ្មេញកូនមិនដុះឡើងតាមពេលវេលាទាំងនោះ។ ការដុះឡើងរបស់ធ្មេញច្រើនតែចាប់ផ្ដើមពីធ្មេញក្រោមខាងមុខ 2 គ្រាប់ ដុះឡើងមកដំណាលគ្នា តែមានក្មេងខ្លះធ្មេញក្រោមផ្នែកខាងអាចដុះចេញមក 2 គ្រាប់មុន ធ្វើឱ្យមានចន្លោះកណ្ដាលក៏មានដែរ និងក្មេងខ្លះធ្មេញក្រោមមិនទាន់ដុះទេ តែធ្មេញលើខាងមុខដុះចេញមកមុន 2 គ្រាប់ក៏មានដែរ។ ធ្មេញដំបូងៗដែលដុះឡើងមកអាចនឹងឆ្ងាយពីគ្នាខ្លះទៅ ផ្អៀងមិនត្រង់ខ្លះទៅ ក៏មិនអីដែរ ព្រោះធ្មេញទាំងនោះនឹងត្រង់រៀបរយដោយខ្លួនឯងនៅពេលក្រោយ។

    – អាចមានគ្រុនក្ដៅខ្លួនខ្លាំង

    * ក្មេងជាងពាក់កណ្ដាលកើតជំងឺដំបៅមាត់ក្នុងអំឡុងអាយុ 6 ខែ ដល់ 1 ខួបកន្លះ និងកើតច្រើនក្នុងអំឡុងអាយុ 6 – 8 ខែ

    ចាប់ផ្ដើមដោយអាការក្ដៅខ្លួនខ្លាំងតែម្យ៉ាង វាស់កម្ដៅខ្លួនឃើញ 38 – 39 អង្សាC មិនមានក្អក គ្មានហៀរសំបោរ មិនរាក កណ្ដាលយប់នឹងយំរំខាន បៅទឹកដោះថយចុះ តែពេលខ្លះអាចមានក្អួត លែងមានអារម្មណ៍លេង ស្អែកឡើងកម្ដៅខ្លួននៅតែខ្ពស់។ លុះកម្ដៅខ្លួនថយចុះ នឹងមានឡើងស្នាមកន្ទួលនៅតាមដើមទ្រូង ខ្នង ជាគ្រាប់ក្រហមៗតូចៗដូចមូសខាំ។ ស្នាមអុចៗនេះនឹងមានច្រើនឡើងរាលទៅដល់មុខ ក ដៃ និងជើង។ លាមកនៅពេលល្ងាចថ្ងៃទី 3 ឬពេលព្រឹកថ្ងៃទី 4 ច្រើនតែរាវ ស្រដៀងរាក តែនឹងជាដាច់ទៅវិញនៅថ្ងៃទី 5។

    ជំងឺនេះកើតហើយឆាប់ជា មិនធ្វើឱ្យមានជំងឺជ្រៀតជ្រែកទេ មិនចាំបាច់ប្រើថ្នាំទេ គ្រាន់តែជូតខ្លួនឱ្យកូនដោយកន្សែងត្រជាក់ដើម្បីបញ្ចុះកម្ដៅ និងឱ្យកូនមឹមទឹកដោះតាមប្រក្រតី។

    – ទល់លាមក

    * អាហារបន្ថែមក្នុងរយៈដំបូង ភាគច្រើនជាអាហារងាយរំលាយ មិនសូវមានកាកសរសៃ ទើបមិនសូវជំរុញពោះវៀន ធ្វើឱ្យកូនតូចងាយនឹងទល់លាមក ដូច្នេះគួរឱ្យញ៉ាំអាហារដេលមានជាតិកាកសរសៃ ដូចជា បន្លែស្លឹកបាស ស្ពៃក្ដោប ដាក់ចូលទៅក្នុងបបរ។ បើកូនតូចមិនព្រមញ៉ាំបន្លែ ចូរឱ្យញ៉ាំផ្លែឈើជំនួសឱ្យបានច្រើន ដូចជាញ៉ាំល្ហុងទុំ ឬចេកទុំ ជាដើម។ បើកូនជុះ 2ថ្ងៃ 1ដង ហើយលាមកមិនរឹង កូនមិនពិបាកក្នុងខ្លួន ក៏មិនអីដែរ។ មិនគួរប្រើថ្នាំបញ្ចុះលាមកដោយមិនចាំបាច់ឡើយ។

    “កូនក្នុងវ័យនេះ ញ៉ាំបានច្រើនឡើងហើយ ព្រោះចាប់ផ្ដើមដឹងរសជាតិអាហារផ្សេងៗហើយ គួរឱ្យញ៉ាំអាហារបន្ថែមដែលមានប្រូតេអ៊ីនច្រើនៗដូចជា ថ្លើមមាន់កិន ស៊ុត សាច់ត្រី សណ្ដែក និងឧស្សាហ៍ថ្លឹងទម្ងន់កូន មួយខែម្ដង បើទម្ងន់ខ្លួនកើនប្រមាណ 300 ក្រាមឡើងទៅ បង្ហាញថា កូនធំធាត់តាមប្រក្រតីហើយ”។

    វិវឌ្ឍនាការរបស់កូន

    . រាងកាយ

    * ងើបខ្លួនឡើងក្នុងឥរិយាបថអង្គុយ និងក្មេងខ្លះអាចលូនវារបានហើយ

    * បើជួយចាប់លើក ក៏នឹងក្រោកឈរបាន

    * ប្រើម្រាមដៃចាប់វត្ថុផ្សេងៗបានចំណានឡើងហើយ

    * ចង់កាន់ស្លាបព្រាដាក់ចូលមាត់ខ្លួនឯង តែអាចមិនសូវជាត្រង់ចំមាត់ប៉ុន្មានទេ

    សង្គមជុំវិញខ្លួន

    * ចេះបញ្ចេញសំឡេងដែលមានទាំងសំឡេងស្រៈ និងព្យញ្ជនៈ និងសំឡេងដែលមានអត្ថន័យមួយម៉ាត់ៗបានច្បាស់ហើយ

    * ចាំហេតុការណ៍ដែលធ្លាប់កើតឡើងបានហើយ

    * ចេះចាប់ផ្ដើមប្រៀបធៀបទង្វើរបស់ខ្លួនឯង ជាមួយនឹងអ្នកដទៃ

    * មានអារម្មណ៍ចេះលេងសើច និងសើចឮខ្លាំងៗពេលត្រូវចិត្ត

    * ចាប់អារម្មណ៍របស់លេង ចូលចិត្តលេងរបស់លេងច្រើនឡើង និងចូលចិត្តលាបាតដៃមើលរបស់នៅក្នុងដៃ

    លេងជាមួយកូនឱ្យបានញឹកញាប់

    អំឡុងពេលបញ្ចុកអាហារបន្ថែម អ្នកម្ដាយត្រូវបណ្ដោយឱ្យកូនសប្បាយជាមួយការកាន់ស្លាបព្រា ចាប់អាហារដាក់ចូលមាត់ញ៉ាំដោយវិធីការរបស់កូនតូចខ្លួនឯង ព្រោះវានឹងក្លាយជាការសាងទស្សនគតិដែលល្អដល់ការញ៉ាំអាហាររបស់កូនតូច។ នៅមិនទាន់ត្រូវចាំបាច់កង្វល់ថា កូននឹងបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់នោះទេ ព្រោះអាហារចម្បងរបស់កូន គឺទឹកដោះស្រាប់ហើយ។ ការដែលកូនបានញ៉ាំដោយខ្លួនឯង នឹងជួយអភិវឌ្ឍខាងផ្នែកការប្រើដៃ ជាមួយខ្សែភ្នែកឱ្យសម្ព័ន្ធគ្នាហ្នឹងឯង។

    អ្នកម្ដាយត្រូវចាំឱ្យបានជាប់ជានិច្ចថា ក្មេងម្នាក់ៗមានវិវឌ្ឍនាការមិនដូចគ្នាទេ ក្នុងវ័យនេះក្មេងខ្លះអាចនឹងវារបានខ្លះៗហើយ តែក្មេងខ្លះដែលអាចនៅមិនទាន់វារបាននៅឡើយនោះ ក៏មិនរាប់ថា មានវិវឌ្ឍនាការយឺតនោះដែរ។ អ្នកម្ដាយត្រូវសង្កេតមើលថា បើកូនជាក្មេងដែលស្ងៀមស្ងាត់ មិនសូវមានសកម្មភាព ក៏អាចនឹងជួយជំរុញដោយការរករបស់លេងមកលេងជាមួយកុន នាំកូនលេងឱ្យបានញឹកញាប់ (ត្រូវសង្កេតមើលថា កូនចង់លេងជាមួយដែរឬក៏អត់ផង) នាំចេញទៅដើរលេងនៅខាងក្រៅផ្ទះឱ្យបានញឹកញាប់ បើកពិភពខាងក្រៅឱ្យកូនបានរៀនយល់ដឹង និងជំរុញពីការធ្វើចលនារបស់កូនផង៕

  • អាមេរិក គ្រោង​នឹង​បង្កើត​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន មាន​សមត្ថភាព​ខ្ពស់ មិនអាច​ឱ្យ Hacker លួចបាន

    អាមេរិក គ្រោង​នឹង​បង្កើត​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន មាន​សមត្ថភាព​ខ្ពស់ មិនអាច​ឱ្យ Hacker លួចបាន

    សហរដ្ឋអាមេរិក គ្រោង​នឹង​បង្កើត​អ៊ី​ន​ធើ​ណិ​ត Quatum ដែល​ដំណើរការ​ដោយ​ការធ្វើ​អំពី​ភាគល្អិត​តូច​បំផុត។ ចំណុច​ពិសេស​នៃ​គម្រោង​បង្កើត​អ៊ី​ន​ធើ​ណិ​ត​នេះ ធានាបាន​នូវ​កម្រិត​សុវត្ថិភាព​ខ្ពស់ រហូតដល់​ពួក Hacker មិនអាច​ជ្រៀតចូល​ប្រព័ន្ធ​បានឡើយ (Unhackable)។

    គម្រោង​បង្កើត “Quantum Unhackable Internet” របស់​ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក(បា​តឺ​ម៉​ង់​ផ្នែក​ថាមពល​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត DOE (U.S Department of Energy)នេះ ហ៊ាន​ធានាថា មិនអាច​ហេ​គ​ចូល​បានឡើយ ដោយសារតែ​រាល់​សកម្មភាព​ដែល​ជ្រៀតចូល វា​នឹង​បញ្ជូន​ដំណឹង​យ៉ាង​រហ័ស ហើយ​ធ្វើការ​ផ្លាស់ប្តូរ និង​លុប​រាល់​សកម្មភាព​ទាំងនោះ​ចោលភ្លាមៗដែរ។

    ក្រុម​អ្នកស្រាវជ្រាវ​ដដែល​បាន​បន្ថែមថា ប្រសិនណាបើ​គម្រោង​នេះ​ជោគជ័យ វា​នឹង​ក្លាយជា​បែបផែន​ទំនាក់ទំនង​ថ្មី​របស់​មនុស្សជាតិ ក្នុង​សតវត្សរ៍​ទី21 នេះ។ គម្រោង​នេះ គ្រោង​នឹង​ចំណាយ 173ប៊ី​លាន​ដុល្លារ​អាមេរិក​ឯណោះ ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​អាមេរិក​ផ្ទាល់​តែម្ដង៕

  • ក្រុមហ៊ុន ASUS បានបង្ហាញនូវផលិតផលថ្មីរបស់ខ្លួនដែលបានបំពាក់ជាមួយនឹង CPU Intel ជំនាន់ទី១១ ដំបូងគេជាទម្រង់ Intel Evo Platform Design

    ក្រុមហ៊ុន ASUS បានបង្ហាញនូវផលិតផលថ្មីរបស់ខ្លួនដែលបានបំពាក់ជាមួយនឹង CPU Intel ជំនាន់ទី១១ ដំបូងគេជាទម្រង់ Intel Evo Platform Design

    ក្រុមហ៊ុន ASUS បានប្រកាស​ពី​ឡេ​ប​ថប់​ជំនាន់​ថ្មី​របស់​ខ្លូន​នៅក្នុង​កម្មវិធី Built for Brilliance រួមបញ្ចូល​ជាមួយនឹង CPU ជំនា​ន់ទី១១ របស់ Intel® Core™ និង ជា​ឡេ​ប​ថប់​ដំបូង​គេ​ដែល​បានទទួល​ស្គាល់​ជា​ទម្រង់ Intel® Evo™ ។ ឡេ​ប​ថប់​ទាំងនោះ​រួមមាន ZenBook Flip S (UX371), ZenBook S (UX393), ZenBook 14 (UX435EA/EG), ZenBook 14 Ultralight (UX435EAL/EGL), ZenBook Pro 15 (UX535), និង ExpertBook B9 (B9400)។ ឡេ​ប​ថប់​ប្រចាំឆ្នាំ ២០២០ របស់ ASUS បាន​ស្វែងរក​ដំណោះស្រាយ​ឈានមុខ​គេ​ក្នុង​វិស័យ​ឧស្សាហកម្ម​ដើម្បី​ផ្តល់នូវ​ផលិតភាព​និង​បទពិសោធន៍​ដ៏​អស្ចារ្យ​ដល់​អ្នកប្រើប្រាស់។

    កុំព្យូទ័រ​យួរដៃ​របស់ ASUS ជាមួយនឹង Intel Core ជំនា​ន់ទី ១១ដែល​នឹងមាន​នៅក្នុង​ទីផ្សារ​កម្ពុជា

    ASUS ZenBook Flip S (UX371)

    កុំព្យូទ័រ​យួរដៃ ZenBook Flip S គឺជា​កុំព្យូទ័រ​យួរដៃ ASUS ដំបូង​គេ​ដែល​ត្រូវបាន​ផ្ទៀងផ្ទាត់​ថា​ជា​កុំព្យូទ័រ​យួរដៃ Intel Evo platform design។ កុំព្យូទ័រ​យួរដៃ​នេះ​មាន​កម្រាស់ 13.9 mm និង ទម្ងន់ 1.2kg។ អេក្រង់ touchscreen ដែលមាន​ពណ៌​អេក្រង់​ច្បាស់​កម្រិត Ultra-Vivid 4K UHD OLED NanoEdge PANTONE ជាមួយនឹង​អេក្រង់​ធំ​ទូលាយ​កម្រិត​ពណ៌ 100% DCI-P3 color gamut និង VESA DisplayHDR 500 True Black-certified សម្រាប់​ពណ៌​ខ្មៅ និង​ភាព​ឌិ​តនៃ​ពណ៌​អេក្រង់។ វា​ក៏បាន​បញ្ជាក់​ពី TÜV Rheinland-certified សម្រាប់​ការថែរក្សា​ភ្នែក ហើយ​វា​ក៏​អាច​ប្រើប្រាស់​ជាមួយនឹង​ប៊ិច​របស់ ASUS Pen ក្នុង​ក្មរិត​សម្ពាធ 4096។ ZenBook Flip S មានការ​រចនា​លំដាប់​ខ្ពស់​ប្រកបដោយ​ភាព​ប្រណិត​ដែលមាន​ពណ៌​ខ្មៅ (Jade Black) ជាមួយនឹង​ការ​រំលេច​ដោយ​ពណ៌​ទង់ដែង​ក្រហម។ កុំព្យូទ័រ​នេះ​អាច​បង្វិល​បាន​រហូតដល់ 360°  អាច​ប្រើប្រាស់​បានជា​កុំព្យូទ័រ​យួរដៃ, និង Tablet ក៏បាន។ ប្រព័ន្ធ​ដំណើរការ​ត្រូវបាន​ផ្ដល់​ឲ្យ​រហូតដល់ Intel Core i7 ជំនា​ន់ទី ១១ ជាមួយនឹង​ក្រាហ្វិក Intel Iris Xe រួមបញ្ចូល​ជាមួយ​រ៉េ​ម​រហូតដល់​ទៅ 16GB និង 1 TB PCIe® 3.0 x4 SSD ។ ZenBook Flip S ផ្តល់នូវ​រន្ធ​ដោត Thunderbolt ™ 4 USB-C®ចំនួន ២, រន្ធ USB 3.2 Gen 1 Type-A និង​រន្ធ HDMI ។ ថ្ម​ដែលមាន​សមត្ថភាព​ខ្ពស់​នៅក្នុង ZenBook Flip S អាច​កាន់​បាន​រយៈពេល​រហូតដល់ ១៥ ម៉ោង​ឯណោះ គឺ​គ្រប់គ្រាន់​សម្រាប់​ការធ្វើការ​ពេញ​មួយថ្ងៃ។

    ASUS ZenBook Flip 13 (UX363)

    ZenBook Flip 13 មាន​កម្រាស់​ត្រឹមតែ 13.9mm និង​ទ​ម្ថ​ន់ 1.3kg មាន​អេក្រង់​ដែល​អាច​បត់​បាន​រហូត​ដល់ 360°។ វា​ក៏មាន ErgoLift hinge ដែល​អាច​បង្ហើប​និង​រុញ​ក្តារ​ចុច​ទៅមុខ​ដើម្បី​ងាយស្រួល​វាយ​និង​ធ្វើឱ្យ​ប្រព័ន្ធ​ត្រជាក់​ដើរ​បានល្អ។ ជាមួយនឹង​ថ្ម​ដែលមាន​សមត្ថភាព​ខ្ពស់ ៦៧ Wh ដែល​អាច​ដំណើរការបាន​រហូតដល់​ទៅ ១៤ ម៉ោង​គឺ​ល្អ​សម្រាប់​ការធ្វើការ​ប្រចាំថ្ងៃ។ ZenBook Flip 13 អាច​សាក​ថ្ម​បាន​លឿន​ជាមួយនឹង​ឆ្នាំង​សាក​ដែលមាន​ថាមពល ៦៥ វ៉ា​ត់​ហើយ​ឧបករណ៍ ASUS USB-C®ងាយស្រួល​សាក​អាចឱ្យ​អ្នកប្រើប្រាស់​ទាញយក​អត្ថប្រយោជន៍​ពី​ឧបករណ៍​សាក USB-C ឬ USB-C Power Delivery (PD) យ៉ាង​ទូលំទូលាយ។ ZenBook Flip 13 បំពាក់​អេក្រង់​ដែល​ធំ​ទូលាយ NanoEdge FHD OLED touchscreen ដែល​អាច​ប្រើប្រាស់​ជាមួយនឹង​ប៊ិច ASUS Pen។ អេក្រង់​នេះ​អាច​គាំទ្រ​ដល់​កម្រិត​សម្ពាធ ៤០៩៦ ដែល​អាច​ប្រើប្រាស់​បាន​យ៉ាង​ងាយស្រួល ។ ZenBook Flip 13 ត្រូវបាន​បំពាក់​ដោយ Intel Core i7 ជំនា​ន់ទី ១១ ជាមួយនឹង​ក្រា​ហ្វិ​ច Intel Iris Xe និង​រ៉េ​ម​ទំហំ 16GB សម្រាប់​ការផ្ទុក​បាន​រហូតដល់ 1 TB PCIe 3.0 SSD ។

    ASUS ZenBook S (UX393)

    ZenBook S គឺជា​កុំព្យូទ័រ​យួរដៃ​ទំហំ ១៣,៩ អ៊ី​ញ​ដែល​អាច​ទទួលយកបាន​ដោយមាន​គំរូ​ទម្រង់​សមាមាត្រ ៣: ២ ។ វា​មាន​កំរាស់ 15.7mm និង​ទម្ងន់ 1.35kg  និង​ត្រូវបាន​រចនា​ឡើង​បាន​យ៉ាង​ល្អប្រសើរ​ជាមួយនឹង​ការ​បង្រួម​ដោយ​លោហៈធាតុ​ដែលមាន​រាង​តូច​ច្រឡឹង បង្កើត​នូវ​រូបសណ្ឋាន​ផលិតភាព​ថ្មី​គួរឱ្យ​ចាប់អារម្មណ៍។ វា​ត្រូវបាន​គេ​បំពាក់​អេក្រង់​ទំហំ 3.3K (3300 x 2200) NanoEdge PANTONE touchscreen ដែលមាន​ទំហំ​អេក្រង់ ៣: ។ ថ្ម​ដែលមាន​សមត្ថភាព​ខ្ពស់ 67Wh ជាមួយនឹង​ការ​សាក​បាន​យ៉ាង​ឆាប់រហ័ស​ដែល​មាននៅ ZenBook S រហូតដល់ 12 ម៉ោង។ ការ​រចនា​លំដាប់​ខ្ពស់​ប្រកបដោយ​ភាព​ប្រណិត​ដែលមាន​ពណ៌​ខ្មៅ (Jade Black) ជាមួយនឹង​ការ​រំលេច​ដោយ​ពណ៌​ទង់ដែង​ពណ៌​ក្រហម​និង​អក្សរ​ឡូ​ហ្គូ ASUS នៅ​ចំ​កណ្តាល​បន្ថែម​ភាព​ទាក់ទាញ​យ៉ាង​ល្អឥតខ្ចោះ។ វា​ក៏មាន ErgoLift hinge ដែល​អាច​បង្ហើប​និង​រុញ​ក្តារ​ចុច​ទៅមុខ​ដើម្បី​ងាយស្រួល​វាយ​និង​ធ្វើឱ្យ​ប្រព័ន្ធ​ត្រជាក់​ដើរ​បានល្អ។ ZenBook S ត្រូវបាន​បំពាក់​ដោយ Intel Core i7 ជំនា​ន់ទី ១១ ដែលមាន​រ៉េ​ម​រហូតដល់ 16GB និង 1TB PCIe 3.0 x4 M.4 SSD។ វា​មាន​រន្ធ​ដោត HDMI និង​USB 3.2 Gen 1 Type-A រួមជាមួយ​នឹង​រន្ធ​ដោត Thunderbolt 4 USB-C ចំនួន ២ និង​រន្ធ​ដោត​កាត MicroSD ។ កាមេរ៉ា​អ៊ី​ប្រភេទ IR (IR Camera) អនុញ្ញាតឱ្យ​អ្នក​ប្រើ​អាច​ស្កេ​ន​មុខ​បាន​យ៉ាង​ងាយស្រួល​ជាមួយ Window Hello។

    ASUS ZenBook 14 Ultralight (UX435EAL/EGL)

    មាន​ទម្ងន់​ត្រឹមតែ980ក្រាម Zenbook 14 Ultralight មាន​រួមបញ្ចូល​ទាំង​ភាពងាយស្រួល​ក្នុងការ​យកតាម​ខ្លូន​ជាមួយនឹង​សមត្ថភាព​ដំណើរការ​ខ្លាំង និង​មាន​រូបរាង​ស្អាត​ដែលជា​ជម្រើស​ដ៍​ល្អ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​យក​លេប​ថប​តាម​ខ្លួន។ Zenbook 14 Ultralight ដំណើរការ​ដោយ​ប្រព័ន្ធ​ដំណើរការ Intel Corei7 ជំនា​ន់ទី១១ រួមជាមួយ​ក្រាហ្វិក Intel Iris Xe(UX435EAL) ឬ ក្រាហ្វិក​ដាច់ NVIDIA® GeForce® MX450 (UX435EGL)។ ZenBook 14 Ultralight ត្រូវបាន​បំពាក់​នូវ​គែម​ដ៏​ស្តើង​ដែល​សឹងតែ​មិនមាន​គែម​សោះ​នៅ​ជ្រុង​ទាំង៤នៃ​អេក្រង់​ដែល​ពិសេស​ខ្លាំង​ត្រង់​វា​ស្តើង​ខ្លាំង​ដែល​លាត​ដណ្តប់​សឹងតែ92%នៃ​ផ្ទៃ​លេប​ថប។ ZenBook 14 Ultralight ត្រូវបាន​គេ​ឌី​ហ្សា​ញ​ដើម្បី​ផ្តល់នូវ​បទពិសោធ​ន៏​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកប្រើប្រាស់ ជាមួយនឹង​ក្តារ​ចុច​របស់​ASUSដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​វាយ​បញ្ចូល​ទិន្នន័យ។ ចំណែកឯ ErgoLift hinge ផ្តល់នូវ​ភាពងាយស្រួល​ក្នុងការ​វាយផ្សេងៗនិង​មាន​ជាមួយ រន្ធ​I/O port រួមបញ្ចូល​ទាំង រន្ធ Thunderbolt 4 USB -C ចំនួន២, USB3.2 Gen1 Type-A, រន្ធHDMI2.0និង​រន្ធ Micro SDមួយ។ វា​ក៏បាន​រួមបញ្ចូល​ទាំង​Intel  wifi6(802.11ax) ដែលជា​បច្ចេកវិទ្យា​លឿន​ក្នុងការ​ភ្ជាប់ ដែលមាន​បន្ថែម​ជាមួយនឹង ASUS WiFi Master technology។

    ASUS ZenBook 14 (UX435EA/EG)

    ZenBook 14 គឺជា​លេប​ថប​ដែលមាន​សមត្ថភាព​ខ្លាំង​និង មាន​ទម្ងន់​ស្រាល​ត្រឹមតែ1.19kg។  ZenBook 14 ក៏​រួមបញ្ចូល​ទាំង​បច្ចេកវិទ្យា​ថ្មី​របស់​ASUSគឺ​អេក្រង់​ទី២សម្រាប់​ធ្វើអោយ  ផលិតភាព​ប្រសើរឡើង និង​បំពាក់​ជាមួយ​ប្រព័ន្ធ​ដំណើរការ Intel Coreជំនា​ន់ទី១១ និង ក្រាហ្វិក Intel Iris Xe integrated graphics (UX435EA) រឺក៏ NVIDIA GeForce MX450 discrete graphics។ ការបន្ថែម​ចុងក្រោយ​នេះ​គឺ ZenBook Classic series ក៏មាន​មាន​បំពេញ​ជាមួយនឹង​រន្ធ I/O ports  រួមបញ្ចូល​ទាំង រន្ធ Thunderbolt 4 USB -C ចំនួន២, USB3.2 Gen1 Type-A, រន្ធHDMI2.0និង​រន្ធ Micro SDមួយ,រន្ធ​ដោត​កាស។ ZenBook 14 ក៏​ផ្តល់នូវ​គែម​ដ៏​ស្តើង​ដែល​សឹងតែ​មិនមាន​គែម​សោះ​នៅ​ជ្រុង​ទាំង៤នៃ​អេក្រង់​ដែល​ពិសេស​ខ្លាំង​ត្រង់​វា​ស្តើង​ខ្លាំង​ដែល​លាត​ដណ្តប់​សឹងតែ92%នៃ​ផ្ទៃ​លេប​ថប​ដែលមាន២ទ្រង់ទ្រាយ​គឺ Pine Grey and Lilac Mist។

    ASUS ZenBook 13/14 (UX325/UX425)

    Zenbook 13(UX325) និង Zenbook 14 (UX425) គឺជា​លេប​ថប​មាន ទំហំ 13និង 14 អ៊ីង ជំនាន់​ថ្មី​នៃ​ត្រកូល Zenbook ដែលមាន​រូបរាង​កាន់តែ​ស្រាល និង​ស្តើង ជាង​ជំនាន់មុន។ Zenbook 13 មាន​ទំងន់​ត្រឹមតែ 1.07kg ហើយ​ម៉ូ​ដែល​ទាំងពីរ​មាន​កម្រាស់​ស្តើង​ត្រឹមតែ 13.9mm ប៉ុន្តែ​ការ​រចនា​ដ៏​ស្តើង​នេះ ក៏​នៅតែ​ផ្តល់ជូន​នូវ​កន្លែង​រន្ធ​ដោត​ដូចជា រន្ធ HDMI, រន្ធ USB Type-A , USB-C, និង MicroSD card reader។ វា​គឺជា​លេប​ថប​ទំហំ 13អ៊ីង និង14អ៊ីង ដែល​ស្តើង​ជាងគេ និង​ផ្តល់ជូន​នូវ​ការតភ្ជាប់​ដ៏​ល្អ។ អេក្រង់​សឹងតែ​គ្មាន​គែម NanoEdge display ផ្តល់ជូន​នូវ​បរិវេន​អេក្រង់​ដល់​ទៅ 90% នៃ​ផ្ទៃ​លេប​ថប ជាមួយនឹង​មុខងារ Ultra-low power 1-watt display ដែល​អាច​ប្រើប្រាស់​ថ្ម​បានយូរ។ អ្នកប្រើប្រាស់​នឹង​ទទួលបាន​បទពិសោធន៍​ក្នុងការ​ប្រើប្រាស់ ASUS NumberPad 2.0, ការ​ប្រ​ប្រាស់​ថ្ម​បាន​ដល់​ទៅ 21 ម៉ោង, ការ​រចនា​ក្តារ​ចុច Edge-to-edge, Ergolife hinge ដែល​ធ្វើអោយ​បាត​លេប​ថប​ហើប​ឡើង, និង IR កា​ម៉េ​រ៉ា ដែល​ស្កេ​ន​មុខ​បាន​យ៉ាង​រហ័ស។ Zenbook13/14 មាន​ជម្រើស​ពីរ​ពណ៌​ដ៏​ស្រស់ស្អាត​គឺ ពណ៌ ប្រផេះ(Pine Grey) និង ពណ៌ ស បែក​ស្វាយ Lilac Mist។  កម្លាំង​ខ្លាំង​របស់ CPU Intel Core processor ជំនា​ន់ទី11 មាន រ៉េ​ម 32GB ដែល​អាច​ធ្វើការ​បានជា​ច្រើន​មុខ​ក្នុងពេល​តែមួយ ជាមួយនឹង 1TB PCIe 3.0 x2 SSDs និង ប្រព័ន្ធ Wifi6(802.11ax) ចុងក្រោយ​គេ​បង្អស់ ដែល​ធ្វើអោយ​ការងារ​របស់​អ្នក​កាន់តែ​ល្អឥតខ្ចោះ។

    ASUS VivoBook S13/S14/S15 (S333/S433/S533)

    Vivobook S13(S333), S14 (S433), និង S15(S533) ជា​ប្រភេទ​លេប​ថប 13/14/15 អ៊ីង​ផ្តល់ជូន​នូវ​ភាពល្អ​ឥតខ្ចោះ​នៃលក្ខណៈ​និង​កម្លាំង ដែល​បំពាក់​ជាមួយ​រូបរាង​ដ៏​លេចធ្លោរ។ លេប​ថប Vivobook S បាន​រចនា​ជាមួយនឹង Daimond-cut edges ដែល​មើលទៅ​ភ្លឺ​ដូចជា​គ្រាប់ពេជ្រ និង​ផ្ទៃ​ឆ្នូត​រលោង មាន​ជម្រើស​ពណ៌​ជាច្រើន​ដែល​អ្នក​អាច​ជ្រើសរើស​ទៅតាម​បុគ្គលិកលក្ខណៈ​របស់​អ្នក។ អ្វីដែល​ពិសេស​នោះ​គឺ ការ​រចនា​ពណ៌​នៅលើ Enter Key ដែល​មិនមាន​ពីមុនមក និង​មាន​ភាពស្រស់ស្អាត។ Vivobook S ថ្មី​នេះ​បាន​បំពាក់​ជាមួយនឹង CPU Intel Core i7  ជំនា​ន់ទី11 ជាមួយនឹង Intel Iris Xe graphics, មាន​រ៉េ​ម 16GB, PCIe SSD ជាមួយនឹង Intel® Optane™ Memory H10 ដែល​ជូន​នូវ​ល្បឿន​លឿន ក៏ដូចជា​ការផ្តល់ជូន​នូវ​រន្ធ​ដោត​ដែល​សាក​សម​ក្នុងការ​ប្រើប្រាស់​ផងដែរ។

    ASUS VivoBook 14/15 (K413/K513/X413/X513)
    Vivobook 14/15 ជា​លេប​ថប​ចម្រុះ​ពណ៌​ដែល​បង្កើតឡើង សម្រាប់​តម្រូវការ​និង​ការកំសាន្ត។ លេប​ថប X413/X513 ជា​ម៉ូ​ដែល​ដែលមាន​តួ​ជា​ប្លា​ស្ទីក មាន​ជម្រើស​ពណ៌​ដូចជា ពណ៌​ស (Dreamy White) ពណ៌​ខៀវ (Cobalt Blue) និង​ពណ៌​ខ្មៅ ( Bespoke Black)។ រីឯ ម៉ូ​ដែល K413 និង K513 ត្រូវបាន​រចនា​គំរប​ពី​ដែក ដែលមាន​ពណ៌ ទឺ​កមាស (Hearty Gold) ពណ៌​ខ្មៅ (Indie Black) និង​ពណ៌​ទឹកប្រាក់ (Transparent Silver)។ ការបំពាក់​ជាមួយនឹង CPU Intel Corei7 ជំនា​ន់ទី 11 និង ក្រាហ្វិក Intel Iris Xe, រ៉េ​ម​16GB, Wifi6, និង​សមត្ថភាព​របស់ PCie SSD បានធ្វើអោយ Vivobook 14 និង 15 ផ្តល់ជូន​ដល់​អ្នកប្រើប្រាស់​នូវ​បទពិសោធ​ន៏​ដ៏​អស្ចារ្យ។ ASUS NumberPad 2.010 របស់ Vivobook 14 បានធ្វើអោយ​ការងារ​គណនា​របស់​អ្នក​កាន់​តែមាន​ភាពងាយស្រួល​និង​មាន​ប្រសិទ្ធិភាព, ការ​រចនា​ពណ៌​នៅលើ Enterkey, ក៏ដូចជា​ការបំពាក់​នូវ Dual-storage នៅលើ Vivobook 15 ដែល​ធ្វើអោយ​ល្បឿន​ដំណើរការ​នៃ SSD និង HDD កាន់តែ​លឿន។

  • Facebook ចាប់ដៃជាមួយក្រុមហ៊ុន 2ទៀត វិនិយោគកន្លែងផ្ទុករូបភាព និងវីដេអូនៅលើ Cloud

    Facebook ចាប់ដៃជាមួយក្រុមហ៊ុន 2ទៀត វិនិយោគកន្លែងផ្ទុករូបភាព និងវីដេអូនៅលើ Cloud

    ថ្មីៗនេះ ក្រុមហ៊ុនធំ2 គឺ DropBox និង Koofi បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Facebook ដើម្បី​ធ្វើជា​ដៃគូ​រកស៊ី​ជាមួយគ្នា​ក្នុង​ការផ្តល់​សេវាកម្ម រក្សាទុក​រូបភាព ឯកសារ ឬ​វីដេអូ​លើ Cloud។

    Facebook បានឱ្យដឹងថា ការសហការ​គ្នា​នេះ ក្នុង​គោលបំណង​ដើម្បី​បន្ថែម​ជម្រើស​ដល់​អ្នកប្រើប្រាស់​ដែល​កំពុង​ប្រើ​ស្រាប់ ឬ​ចង់​ផ្ទេរ ឬ​រក្សា​រូប​ក្នុង​ទំហំ​ធំ។

    គួរ​បញ្ជាក់ដែរថា សេវាកម្ម រក្សាទុក​រូបភាព ឯកសារ ឬ​វីដេអូ​នេះ តាំងពី​បង្កើត​មក Facebook បាន​ចាប់ដៃ​តែ​ជាមួយ​ក្រុមហ៊ុន Google មួយ​ប៉ុណ្ណោះ គឺ Google Photos៕

  • ពេលកូនឈឺ…រឿងដែលអ្នកម្ដាយគួរដឹងពាក់ព័ន្ធនឹងការប្រើថ្នាំ

    ពេលកូនឈឺ…រឿងដែលអ្នកម្ដាយគួរដឹងពាក់ព័ន្ធនឹងការប្រើថ្នាំ

    អាការក្ដៅខ្លួន ជាសញ្ញាមួយដាស់តឿនថា រាងកាយកំពុងតែតស៊ូជាមួយនឹងមេរោគ មិនថាតែមេរោគវីរុស ឬបាក់តេរីនោះទេហើយនៅពេលកូនតូចក្ដៅខ្លួន រឿងដំបូងបង្អស់ដែលឪពុកម្ដាយត្រូវធ្វើគឺ ការបញ្ចុះកម្ដៅ។ ជាប្រក្រតីបើអាការគ្រុនក្ដៅមិនខ្លាំងប៉ុន្មាន គ្រូពេទ្យជំនាញណែនាំឱ្យប្រើវិធីជូតខ្លួនដោយក្រណាត់សើម និងឱ្យញ៉ាំទឹកឱ្យបានច្រើនដើម្បីបញ្ចុះកម្ដៅ តែបើសិនជាចាំបាច់ត្រូវប្រើថ្នាំវិញនោះ ក៏ត្រូវប្រើដោយក្ដីប្រយ័ត្នប្រយែងដែរ។

    តើពេលណាទើបត្រូវពឹងថ្នាំបញ្ចុះកម្ដៅ

    មុនដំបូងលោកឪពុកអ្នកម្ដាយត្រូវស្គាល់ពីការវាស់សីតុណ្ហភាព(កម្ដៅ)ក្នុងខ្លួនរបស់កូនជាមុនសិនថា តើកូនតូចមានសីតុណ្ហភាពប៉ុន្មាន?។ មិនគួរប្រើត្រឹមតែវិធីស្ទាបថ្ងាសនោះឡើយ។

    – ប្រើប្រដាប់វាស់ស្ទង់កម្ដៅ(ឧណ្ហមាត្រ)តាមរយៈមាត់ មានសីតុណ្ហភាពខ្ពស់ជាង 37.5 អង្សាC

    – ប្រើប្រដាប់វាស់ស្ទង់កម្ដៅតាមរយៈប្រឡោះក្លៀក មានសីតុណ្ហភាពខ្ពស់ជាង 37 អង្សាC

    បើវាស់អាការគ្រុនក្ដៅដោយប្រដាប់វាស់កម្ដៅ(Thermometer ) ឃើញមានសីតុណ្ហភាពខ្ពស់ជាងតួលេខខាងលើ នោះមានន័យថា រាងកាយកូនតូចមានគ្រុនក្ដៅខ្លួនហើយ។ បើប្រើវិធីជូតខ្លួនដោយក្រណាត់សើមហើយ អាការក្ដៅខ្លួនមិនថយចុះនោះ សឹមពិចារណាការឱ្យញ៉ាំថ្នាំបញ្ចុះកម្ដៅ(កម្ដៅខ្ពស់គឺ មានតាំងពី 38.5 អង្សាC ឡើងទៅ)។

    – វាស់តាមរយៈរន្ធគូទ មានសីតុណ្ហភាពខ្ពស់ជាង 38 អង្សាC។

    តើថ្នាំបញ្ចុះកម្ដៅត្រូវប្រើយ៉ាងណា?

    ថ្នាំបញ្ចុះកម្ដៅដែលនិយមប្រើគឺ ប៉ារ៉ាសេតាម៉ុល ថ្នាំពពួកអាស្ពីរីន និងអៃប្រ៊ូផូហ្វ៊េន(ថ្នាំបញ្ចុះកម្ដៅខ្ពស់)។ ហាមប្រើដោយខ្លួនឯង ត្រូវប្រើតាមតែគ្រូពេទ្យចេញវេជ្ជបញ្ជាប៉ុណ្ណោះ ព្រោះថ្នាំគ្រប់ប្រភេទមានផលប៉ះពាល់ដល់ថ្លើម ជាពិសេសចំពោះក្មេងតូចៗ ហើយខ្នាតរបស់ថ្នាំដែលឱ្យកូនតូចញ៉ាំ ត្រូវអាស្រ័យលើទម្ងន់ខ្លួន និងសម្រាប់វ័យទារកវិញ គេច្រើនប្រើថ្នាំទឹកប្រភេទបន្តក់ ខ្នាត 5 CC សម្រាប់ទម្ងន់ខ្លួន 10 គីឡូក្រាម។

    តើក្ដៅខ្លួនបែបណាត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ?

    – នៅលើក្មេងតូចត្រូវប្រយ័ត្នប្រយែងការប្រើថ្នាំឱ្យខ្លាំង បើកូនតូចរបស់អ្នកអាយុមិនទាន់ដល់ 3 ខែ និងកូនឡើងកម្ដៅខ្លួនខ្ពស់ជាង 38 អង្សាC ចូរប្រញាប់នាំកូនទៅជួបគ្រូពេទ្យភ្លាម ទោះជាកូននៅលេងរពឹស ឬមិនទាន់បាត់មាត់បាត់កក៏ដោយ និងមិនគួរឱ្យឱ្យញ៉ាំថ្នាំដោយខ្លួនឯងឡើយ។

    – អាយុ 3 – 6 ខែ បើមានឡើងកម្ដៅខ្លួនខ្ពស់ជាង 38.5 អង្សាC ឬមានគ្រុនក្ដៅខ្លួនខ្ពស់ជាង 37.5 អង្សាC យូរលើសពី 24 ម៉ោង ក៏ហាមនៅបង្អង់យូរដែរ។

    – កូនអាយុ 6 ខែឡើងទៅ មានគ្រុនក្ដៅខ្លួនខ្ពស់ដល់ 38.5 អង្សាC និងកម្ដៅមិនថយចុះយូរជាង 3 ថ្ងៃ។

    – តែបើសិនជាអាយុប៉ុន្មានក៏ដោយ មានគ្រុនក្ដៅខ្លួនកម្ដៅខ្ពស់ជាង 39.5 អង្សាCនោះ ហាមបង្អែបង្អង់យូរជាដាច់ខាត ទោះជាកូនមើលទៅគ្មានបង្ហាញអាការថាឈឺជំងឺអ្វីផ្សេងក៏ដោយ។

    ក្នុងខណៈដែលកូនគ្រុនក្ដៅខ្លួន បើកូននៅលេងបាន ក៏មិនចាំបាច់ដល់ថ្នាក់ត្រូវឱ្យកូនឈប់លេងដែរ តែគ្រាន់តែហាមៗកូនកុំឱ្យលេងច្រើនពេក និងនៅចាំសង្កេតមើលអាការផ្សេងៗដែលអាចនឹងកើតឡើងចំពោះកូន ដូចជា កូនឈឺក មានហៀរសំបោរ មានឡើងស្លាកស្នាមអ្វីនៅលើខ្លួនឬទេ? និងឧស្សហ៍វាស់កម្ដៅខ្លួនកូនឱ្យបានញឹកញាប់ប៉ុណ្ណឹងបានហើយ។

    អាយុ 6 ខែឡើងទៅ បើកូនតូចរបស់លោកអ្នកមានឡើងកម្ដៅខ្លួនប្រមាណជា 38.5 អង្សាC ចូរសង្កេតមើលអាការ បើសីតុណ្ហភាពខ្ពស់ឡើង ឬមិនថយចុះច្រើនជាង 3 ថ្ងៃ ចូរនាំទៅជួបលោកគ្រូពេទ្យ។ សម្រាប់ក្មេងដែលមានអាយុ 3 ខែដល់ 2 ឆ្នាំ បើមានអាការគ្រុនក្ដៅខ្លួនខ្ពស់ជាង 39.5 អង្សាC ចូរនាំទៅមន្ទីពេទ្យភ្លាម ទោះជាកូនគ្មានបង្ហាញអាការថាឈឺថ្កាត់ក៏ដោយ៕