Author: ធឿន មករា

  • មែនឬ…សក់ស្កូវ រឹតតែដក រឹតតែច្រើនឡើង?

    មែនឬ…សក់ស្កូវ រឹតតែដក រឹតតែច្រើនឡើង?

    ធ្លាប់បានឮមិត្តភ័ក្តិ បងប្អូន ឬសូម្បីតែជាងធ្វើសក់ប្រាប់ដែរទេថា ពេលឃើញសក់ស្កូវហើយកុំដកចេញ ព្រោះនឹងធ្វើឱ្យសរសៃសក់នៅក្បែរនោះស្កូវតាមដែរ មិនតែប៉ុណ្ណោះអាចនឹងមានសក់ឡើងស្កូវពាសពេញក្បាលតែម្ដងក៏អាចថាបានដែរ ដូច្នេះហើយទើបមានអ្នកខ្លះត្រូវលួចកាត់ចោលខ្លះទៅ លាបពណ៌ខ្មៅលប់ខ្លះទៅក៏មាន…តែ រឿងពិតវិញ វាយ៉ាងណាដែរ? ដូច្នេះកុំបង្អង់យូរ សូមតាមដានអត្ថបទនេះជាបន្ត…។

    សក់ស្កូវ រឹតតែដក រឹតតែស្កូវឡើងច្រើន?

    មិនពិតទេ ការដកសក់ស្កូវមិនមែនជាបច្ច័យក្នុងការបង្កើនចំនួនសរសៃសក់ដែលស្កូវឡើងពណ៌សនោះទេ។

    សក់ស្កូវ ហេតុដូចម្ដេចបានកើតឡើង?

    កើតឡើងពីគ្រាប់ពណ៌(មេឡានីន)ដែលរាងកាយយើងសាងឡើង មាន 2 ពណ៌គឺ លឿងលាយក្រហម និងប្រផេះលាយខ្មៅ។ ប្រក្រតីឫសសក់នឹងផលិតគ្រាប់ពណ៌បានកាន់តែតិចទៅតាមអាយុរបស់មនុស្ស ដូច្នេះហើយទើបពេលមនុស្សអាយុច្រើនឡើងពណ៌សក់កាន់តែស្លេកឡើងៗជាសន្សឹមៗ រហូតក្លាយជាពណ៌ប្រផេះ ឬសតែម្ដងហ្នឹងឯង។

    តើហេតុម៉េចបានសក់ជ្រុះ?

    ជាប្រក្រតី សរសៃសក់មានចរន្តជីវិតរបស់វាស្រាប់ហើយ អាចរបូតជ្រុះបាន តែក៏មិនរបូតជ្រុះជានិរន្តរ៍ដែរ អាចដុះថែមឡើងមកជាថ្មីបានពីក្រពេញឫសសក់ដែលស្ថិតនៅខាងក្រោមស្បែកក្បាល។

    ហេតុអីបានធ្លាប់ឃើញមានសក់ 2 សរសៃដុះចេញមកពីចំណុចតែមួយ?

    ឫសសក់ 1 សរសៃ សាងសក់បាន 1 សរសៃ តឱ្យកាត់ ឬដកចេញក៏ដោយ ក៏យើងមិនអាចធ្វើឱ្យសរសៃសក់កើនឡើងបានដែរ តែដែលឃើញមានសក់ 2 សរសៃដុះចេញមកពីចំណុចតែមួយនោះ អាចដោយសារតែត្រង់ចំណុចនោះមានក្រពេញឫសសក់ 2 ចំណុចក៏បាន។

    ទោះជាដកសក់ស្កូវចេញ ក៏មិនធ្វើឱ្យសក់ឡើងស្កូវថែមដែរ តែក៏មិនគួរដកចេញឡើយ

    ព្រោះការដកសក់ញឹកញាប់ ជាពិសេសចំពោះអ្នកដែលមានសក់ស្កូវច្រើនរហូតដល់ត្រូវដកញឹកញាប់នោះ អាចធ្វើឱ្យក្រពេញឫសសក់ខូចខាត អាចធ្វើឱ្យលែងមានសក់ដុះឡើងមកថ្មីពីក្រពេញឫសសក់នោះ ធ្វើឱ្យសក់កាន់តែស្ដើង ឬក្បាលទំពែកមុនអាយុតែម្ដងក៏មាន៕

  • Google ប្រជែងនឹង Zoom អាប់ឌែត កម្មវិធីខលវីដេអូរបស់ខ្លួន ឱ្យកាន់តែស្អាត និងងាយស្រួលប្រើ

    Google ប្រជែងនឹង Zoom អាប់ឌែត កម្មវិធីខលវីដេអូរបស់ខ្លួន ឱ្យកាន់តែស្អាត និងងាយស្រួលប្រើ

    Google Meet mobile apps និង Google Dou សុទ្ធតែជា App វីដេអូខល ដែលវាជាផលិតផលសេវាកម្មបម្រើ ជូននូវការខលចេញ-ចូល ជាវីដេអូក្នុងអង្គប្រជុំនានា។ ថ្មីៗនេះអ្នកជំនាញពី Google បានបញ្ចេញកំណែអាប់ឌែតលើ Meet mobile apps ដើម្បីឱ្យវាដំណើរការរលូន និងងាយស្រួលជាងមុន ទាំងនៅលើ Android និង iOS។

    កំណែអាប់ឌែតសំខាន់ៗនោះ មានដូចជា៖ កែប្រែ interface (ផ្ទៃកម្មវិធី) ឱ្យទាក់ទាញជាមួយនឹងប៊ូតុងសាមញ្ញ ព្រមទាំងបន្ថែមមុខងារ 3ធំៗទៀតគឺ៖
    -Get meeting joining info to share with others (ចូលប្រជុំហើយ អាចចែករំលែកជាមួយមិត្តរួមការងារ)
    -Start a Meet call instantly (ចាប់ផ្តើមវីដេអូខល ប្រជុំបន្ទាន់នានា)
    -Schedule a new meeting in Google Calendar (ភ្ជាប់ជាមួយ Google Calendar ដើម្បីកំណត់ពេលវេលា មុនថ្ងៃប្រជុំណាមួយ ឬកំណត់ឱ្យវារំឭកការប្រជុំថ្មីៗ ដែលអ្នកចងចាំមិនអស់)

    គួរបញ្ជាក់ដែរថា បន្ទាប់ពី Zoom អាចរកចំណូលបានខ្ពស់ជាងគេ ក្នុងសេវាកម្មនេះ អំឡុងពេលផ្ទុះកូវីដ-19 មិនថាតែ Google មួយទេ ដែលប្រឹងប្រែងបង្កើតផលិតផលមកប្រជែងនឹង Zoom សូម្បីតែ Facebook និងកម្មវិធីវីដេអូខលនានា ក៏បានប្រឹងប្រែងបន្ថែមមុខងារថ្មីៗដើម្បីទាញអ្នកប្រើ ឱ្យងាកមកចាប់អារម្មណ៍ផលិតផលខ្លួន ជាជាងប្រើតែ Zoom តែ 1ជម្រើស៕

  • Hacker រុស្ស៊ី ចិន និងអ៊ីរ៉ង់ សុទ្ធតែដាក់ចំណាប់អារម្មណ៍ លើការបោះឆ្នោតនៅអាមេរិក

    Hacker រុស្ស៊ី ចិន និងអ៊ីរ៉ង់ សុទ្ធតែដាក់ចំណាប់អារម្មណ៍ លើការបោះឆ្នោតនៅអាមេរិក

    អ្នកជំនាញផ្នែកសុវត្ថិភាពអ៊ីនធើណិតម្នាក់ ប្រចាំក្រុមហ៊ុន Microsoft បានលើកឡើងថា លោករកឃើញតម្រុយជាច្រើន មានទាំងការបង្កប់មេរោគ និងការត្រៀមខ្លួនវាយប្រហារដោយវិធីសាស្ត្រថ្មីៗ ទៅលើយុទ្ធនាការដំណើរការបោះឆ្នោតនៅសហរដ្ឋអាមេរិក។

    មានរបាយការណ៍ ដែលទទួលបានយ៉ាងច្បាស់ការណ៍ បានឱ្យដឹងថា ត្រឹមតែ 1សប្ដាហ៍មុនប៉ុណ្ណោះ ក្រុម Hacker ធំៗអាចនឹងកំណត់ដឹង និងបានធ្វើការវាយប្រហារច្រើនជាង 200ទីតាំង ដូចជា ការវាយប្រហារពីក្រុម Zirconium ឬ APT31 របស់ប្រទេសចិន បានចូលវាយលុកច្រើនជាង 150គោលដៅ គិតទាំងមន្ត្រីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋផង។

    រីឯក្រុមធំៗ មកពីប្រទេសអ៊ីរ៉ង់ ដូចជា ក្រុម Phosphorous ឬ APT35 និងក្រុមពីប្រទេសរុស្ស៊ីខ្លាំងៗ បានចូលវាយលុកទីតាំងជាច្រើន រហូតដល់ក្រុមសន្តិសុខសុវត្ថិភាពអ៊ីនធើណិតរបស់ Microsoft ប្រឹងប្រែងតាមបិទសឹងតែមិនជាប់។ ជាពិសេសនោះគឺ គណនី twitter របស់លោក ដូណាល់ ត្រាំ និងសមាជិកសភាកំពូលៗអាមេរិក ជាច្រើនរូបទៀត។

    ប្រភពដដែលបានបន្ថែមថា របៀបរបបនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលបានធ្វើឡើងតាមរយៈអនឡាញ ដើម្បីជួយសម្រួលដល់ពលរដ្ឋអាមេរិក ឱ្យអាចចូលទៅបោះឆ្នោតបាន លើវេបសាយទាំងនោះ ក៏កំពុងតែក្លាយជាគោលដៅធំជាងគេមួយដែរ៕

  • នៅពេលដែល “ស្នេហា” មិនមែនជារឿងរបស់មនុស្ស 2 នាក់…

    នៅពេលដែល “ស្នេហា” មិនមែនជារឿងរបស់មនុស្ស 2 នាក់…

    មនុស្សជាច្រើនអាចមើលឃើញថា សេចក្ដីស្នេហា គឺជារឿងរបស់មនុស្សពីរនាក់ដែលនឹងចាប់ដៃគ្នាពុះពារឧបសគ្គ រឿងរ៉ាវផ្សេងៗទៅជាមួយគ្នា តែក្នុងពិភពនៃការពិតវិញ ប្រហែលជាមិនអាចបដិសេធបានទេថា ការពិតទៅនៅមានកត្តាជំរុញផ្សេងៗទៀតជាច្រើនដែលអាចធ្វើឱ្យសម្ព័ន្ធភាពស្នេហ៍របស់គូស្នេហ៍នីមួយៗដួលរលំបាក់បែកអស់។ តើសម្ពាធផ្សេងៗដែលថានោះគឺអ្វីខ្លះ? ហេតុអីបានជាមានឥទ្ធិពល និងអាចចូលមកជ្រៀតជ្រែកសេចក្ដីស្នេហា និងសម្ព័ន្ធភាពរបស់គូស្នេហ៍បាន? យើងសាកល្បងនាំគ្នាមកមើលដូចតទៅ។

    1 . ក្រុមគ្រួសាររបស់សាមីខ្លួនទាំងសងខាង

    នរណាដែលថាសេចក្ដីស្នេហាជារឿងរបស់មនុស្សពីរនាក់ អ្នកនោះប្រហែលជាភ្លេចគិតហើយថា ម្នាក់ៗសុទ្ធតែមានក្រុមគ្រួសារដែលចិញ្ចឹមមើលថែ និងថ្នាក់ថ្នមយើងតាំងពីតូចមករហូតដល់ធំ ជាពិសេសវប្បធម៌ប្រពៃណីរបស់ជនជាតិអាស៊ីយើងតែម្ដង។ ក្រុមគ្រួសាររបស់សាមីខ្លួនទាំង2 អាចរាប់បានថាជាបច្ច័យដែលសំខាន់បំផុតក្នុងការវាស់ស្ទង់ថា តើសេចក្ដីស្នេហារបស់អ្នកទាំងពីរនោះនឹងរុងរឿង ឬរុះរោយ? ព្រោះថា បើពេលបង្ហាញខ្លួនគូស្នេហ៍ឱ្យក្រុមគ្រួសារបានស្គាល់ហើយនោះ ស្រាប់តែពួកគាត់មិនចូលចិត្ត ឬមិនអាចទទួលយកបាននោះ រឿងនេះអាចនិយាយបានថា គឺជាបញ្ហាធំហើយ សេចក្ដីស្នេហាសឹងតែដល់ផ្លូវទាល់ហើយ និងរឿងនេះមានឧទាហរណ៍ឱ្យយើងបានឃើញមកច្រើនហើយ។ បើទោះជានៅតែស្រឡាញ់ និងទាក់ទងគ្នាតទៅទៀតក៏ដោយ តែក៏មិនដឹងថា នឹងទៅមុខទៀតយ៉ាងណាដែរ ក្នុងខណៈដែលគូខ្លះអាចនឹងឆ្លងកាត់ឧបសគ្គក្រុមគ្រួសារបានរហូតមកដល់ដំណាក់កាលចុងក្រោយ គឺការរៀបការហើយក៏ដោយ តែក៏នៅតែឆ្លៀតមានបញ្ហារឿងថ្លៃទឹកដោះ ឬថ្លៃចាយវាយផ្សេងៗដែលក្រុមគ្រួសារទាំងសងខាងអាចនឹងចរចាគ្នាមិនចុះសម្រុង រហូតដល់លុបចោលគម្រោងការរៀបការទៅវិញ ក៏មានឱ្យឃើញច្រើនមកហើយដែរ។ ដូច្នេះអាចនិយាយបានថា ក្រុមគ្រួសារគឺជា កត្តាប្រែប្រួលសំខាន់ដំបូងគេក្នុងសម្ព័ន្ធស្នេហារបស់គូស្នេហ៍ទាំងឡាយ។

    2 . អាយុ

    មើលទៅវាហាក់ដូចមិនមែនជារឿងសំខាន់ប៉ុន្មានឡើយ តែការពិតវិញ “អាយុ” ដែលខុសគ្នារបស់គូស្នេហ៍មានបង្កប់នូវរឿងរ៉ាវផ្សេងៗជាច្រើន ដែលយើងអាចមើលឃើញបានតាមរយៈពាក្យស្លោកដែលឱ្យនិយមន័យលើគូស្នេហ៍ខុសវ័យថា “គោចាស់ស៊ីស្មៅខ្ចី” ដែលជាការឆ្លុះបញ្ចាំងអំពីគំនិត និងជំនឿរបស់សង្គមខ្មែរយើងដែលថា មិនគួរទំនាក់ទំនងសេពគប់ជាមួយមនុស្សដែលមានវ័យខុសគ្នាច្រើនពេកនោះទេ ព្រោះអាចនឹងធ្វើឱ្យកើតមានបញ្ហា ដែលជំនឿមួយនេះក៏សាងនូវអារម្មណ៍មិនល្អដល់គូស្នេហ៍ខុសវ័យថា ខ្លួនឯងមិនស្ថិតនៅក្នុងទំនៀមទម្លាប់ជំនឿដែលល្អរបស់សង្គមដែលត្រូវបានបណ្ដុះបណ្ដាលមកតាំងពីក្មេង។ ក្លាយជាឧបសគ្គស្នេហ៍ ខុសទំនៀមទម្លាប់ខាងសង្គម ដែលទោះជាពេលនេះយើងស្ថិតនៅក្នុងសតវត្សរ៍ទី 21 ហើយក៏ដោយ តែរឿងរបស់អាយុក៏នៅតែជាចំណុចផ្លាស់ប្ដូរសំខាន់របស់គូស្នេហ៍ខុសវ័យដដែល។

    3 . ឋានៈខាងសង្គម

    មើលទៅហាក់ដូចជារឿងស្នេហាខុសវណ្ណៈដែលបញ្ចប់បែប Happy Ending នោះ មានតែនៅក្នុងរឿងប្រលោមលោកប៉ុណ្ណោះ ព្រោះនៅក្នុងពិភពនៃសភាពពិតវិញ ឋានៈខាងសង្គមគឺជាបច្ច័យសំខាន់ក្នុងការសម្រេចថា សេចក្ដីស្នេហារបស់មនុស្សមួយគូៗនឹងបញ្ចប់យ៉ាងណា?។ ភាពស័ក្តិសមតែងតែត្រូវបានលើកយកមកនិយាយមុនគេបង្អស់ ជាពិសេសក្នុងសង្គមខ្មែរដែលការរៀបការគ្នារវាងមនុស្សពីរនាក់នោះត្រូវរងសម្ពាធរឿងឋានៈខាងសង្គមរបស់ក្រុមគ្រួសារទាំងពីរទៀតផង ដូច្នេះ ការជ្រើសរើសគូគ្រងពិតជាត្រូវកម្រិតឱ្យនៅតែក្នុងរង្វង់នៃឋានៈខាងសង្គមដែលប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។ រឿងនេះអាចរាប់ថាជាកត្តាជំរុញការប្រែប្រួលដ៏សំខាន់មួយដែលទោះជាគ្មាននរណាម្នាក់និយាយចេញមកមែន តែអ្នកណាៗក៏គេដឹងដែរ។

    អ្នកគ្រូ ឆវីចង់ប្រាប់ថា បើសេចក្ដីស្នេហា គឺជារឿងល្អស្អាត ឧបសគ្គផ្សេងៗក៏អាចជាបទសាកល្បងសម្រាប់ឱ្យគូស្នេហ៍នីមួយៗបានឈានឆ្លងផុតបញ្ហាមួយចំនួនរួមគ្នាទៅមុខ តែបើសិនជាស្នេហាដើរដល់ផ្លូវទាល់មែនទែនហើយនោះ ប្អូនៗក៏អាចនឹងត្រូវលែងដៃពីស្នេហាដើម្បីថយមកមើលថែទាំខ្លួនឯងឱ្យមានជីវិតតទៅមុខទៀតយ៉ាងមានសេចក្ដីសុខបំផុត ព្រោះក្រៅពីមានបេះដូងទុកសម្រាប់ស្រឡាញ់អ្នកដទៃហើយនោះ ក៏ត្រូវតែមិនភ្លេចស្រឡាញ់ខ្លួនឯងដូចគ្នាដែរ។ អត្ថបទនេះ អ្នកគ្រូ ឆវី សង្ឃឺមថា នឹងអាចជួយលើការសម្រេចចិត្តរបស់ប្អូនៗក្នុងរឿងស្នេហាបាន បើមិនច្រើន ក៏តិចដែរ៕

  • ដំណាំ ប្រពាយ

    ដំណាំ ប្រពាយ

    បន្លែ ប្រពាយ ឬឈ្មោះខាងវិទ្យាសាស្រ្តហៅថា Psophocarpus tetragonolobus Linn ជារុក្ខជាតិប្រភេទវល្លិ ដែលគ្មានសាច់ឈើ ដើមរបស់វាលូតតោងវារព័ទ្ធ មានលក្ខណៈជាស្លឹករៀងឆ្លាស់គ្នា មានស្លឹកតូចៗ 3 សន្លឹក មានលក្ខណៈរាងពងក្រពើ គល់ស្លឹកមូល និងចុងស្លឹកស្រួច ផ្កាមានលក្ខណៈតូចៗមានពណ៌សលាយស្វាយ ឯផ្លែជាបន្លែដែលមានរាងទ្រវែងមាន 4 ឆែកតាមបណ្ដោយផ្លែ ដែលមានប្រវែងប្រមាណពី 10 ទៅ 12 សង់ទីម៉ែត្រ ខាងក្នុងមានគ្រាប់មូលរលោង និងមានពណ៌ស។ ដើមប្រពាយអាចដាំបានពេញ 1 ឆ្នាំ មិនថារដូវណាក៏ដោយ។

    បន្លែប្រពាយ គេអាចនាំយកផ្លែខ្ចីៗ ត្រួយ(ឬស្លឹកខ្ចីៗ) និងផ្កាខ្ចីៗមកធ្វើជាអាហារបាន និងថែមទាំងមានគុណសម្បត្តិខាងថ្នាំបំបាត់អាការផ្សេងៗបាន ដូចជា ឫសប្រើសម្រាប់ថែបំប៉នរាងកាយ បំបាត់អាការទន់ខ្សោយអស់កម្លាំង បំបាត់អាការក្ដៅក្នុងស្រេកទឹក ព្យាបាលមុន និងរោគសើស្បែកប្រភេទខ្លះបានទៀតផង។

    – ការដាំដុះ

    . ការត្រៀមដី ៈ ដើមប្រពាយជារុក្ខជាតិវល្លិដែលមានឫសចាក់ជ្រៅកម្រិតមធ្យម ដូច្នេះការត្រៀមដីគួរភ្ជួរដីឱ្យបានជ្រៅប្រមាណជា 25 – 30 សង់ទីម៉ែត្រ។ ហាលដីទុកចោលប្រមាណជា 7 ថ្ងៃ ដាក់ជីលាមកគោ ឬជីកំប៉ុស រួចជ្រួយដីឱ្យល្អិត លើកជារងដោយមានទុកផ្លូវដើរ និងត្រៀមដាំជាស្រេច។

    . វិធីដាំដុះ ៈ ការដាក់ដាំប្រើចម្ងាយពីដើមមួយទៅដើមមួយ 60 សង់ទីម៉ែត្រ និងចម្ងាយពីជួរមួយទៅជួរមួយ 100 សង់ទីម៉ែត្រ។ ប្រពាយគេនិយមដាំដោយគ្រាប់ បន្ទាប់ពីត្រៀមដីរួចរាល់ហើយ ចូរជីករន្ធដាក់ដាំតាមចម្ងាយដាំ ទម្លាក់គ្រាប់ពូជចូលក្នុងរន្ធនីមួយៗប្រមាណជា 5 គ្រាប់ ជម្រៅប្រមាណជា 2 សង់ទីម៉ែត្រ រោយដីគ្របពីលើស្ដើងៗ ហើយគ្របពីលើរងដោយចំបើងស្ងួត ស្រោចទឹកឱ្យសើមជោក។ បន្ទាប់ពីគ្រាប់ពូជលាស់ឡើងប្រមាណជា 1 – 2 សប្ដាហ៍ ចូរដកបំបែកចេញឱ្យនៅសល់ក្នុងមួយគុម្ពតែ 3 ដើម។

    ចំណែកការធ្វើទ្រើងប្រពាយ មានវិធីធ្វើបានច្រើនបែប ដូចជា ទ្រើងទោល ដោតត្រង់គុម្ពប្រពាយទុកឱ្យដើមប្រពាយវារតោងឡើង ឬទ្រើងបែបគូ គឺដោតបង្គោលទ្រើងតាមបណ្ដោយរង ហើយចាប់ចុងបង្គោលទ្រើងចងជាគូៗ រួចយកសំណាញ់មកគ្របពីលើក៏បាន តែត្រូវឧស្សាហ៍ចាប់ចុងត្រួយដើមប្រពាយឱ្យព័ទ្ធនឹងបង្គោលទ្រើងដើម្បីឱ្យដើមប្រពាយឆាប់ឡើងពេញទ្រើង។ ​

    – វិធីមើលថែទាំរក្សា

    . ការស្រោចទឹក ៈ ស្រោចទឹកមួយថ្ងៃ 1 – 2 ដង រៀងរាល់ថ្ងៃ។

    . ការដាក់ជី ៈ បន្ទាប់ពីដាក់ដាំបាន 30 ថ្ងៃរួចហើយ ចូរចាប់ផ្ដើមដាក់ជីកំប៉ុសសរីរាង្គក្នុងបរិមាណ 100 ក្រាមក្នុង 1 គុម្ព រៀងរាល់ 15 ថ្ងៃ ឬអាស្រ័យលើភាពសម្បូរជីវជាតិរបស់ដី។

    . ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ ចូរបាញ់ទឹកត្រាំឱសថបុរាណបណ្ដេញសត្វល្អិតដែលត្រាំពីដើមស្ដៅរៀងរាល់ 7 ថ្ងៃម្ដង ដើម្បីការពារ និងកម្ចាត់សត្រូវដំណាំ ដូចជា ដង្កូវស៊ីត្រួយ មេរោគក្រា ដង្កូវស៊ីក្ដិប និងក្នុងករណីដែលឃើញមានការឆ្លងរាលដាលរបស់ដង្កូវស៊ីត្រួយធ្ងន់ធ្ងរនោះ អាចបាញ់ទឹកត្រាំថ្នាំឆួល លាយជាមួយកាកស្ករត្នោតបន្ថែម ដោយបាញ់ក្នុងអំឡុងម៉ោង 08ៈ00 – 09ៈ00 ព្រឹក

    រៀងរាល់ថ្ងៃរហូតទាល់តែលែងមានការឆ្លងរាលដាល និងក្រៅពីនោះចូរឧស្សាហ៍កម្ចាត់ពពួកស្មៅដើម្បីកុំឱ្យកើតការដណ្ដើមទឹក និងជីវជាតិអំពីដី និងថែមទាំងអាចជាកន្លែងស្នាក់នៅរបស់សរ្វល្អិតសត្រូវដំណាំទៀតផង។

    – ការប្រមូលផល

    នៅពេលដើមប្រពាយមានអាយុបាន 70 – 80 ថ្ងៃ ក៏អាចប្រមូលផលបានហើយ ដោយគួរបេះក្នុងអំឡុងពេលដែលថ្ងៃមិនសូវក្ដៅ ចង់បេះនៅពេលព្រឹក ឬពេលល្ងាចក៏បាន ព្រោះស្រទាប់ផ្លែប្រពាយហាក់ដូចជារាងស្ដើង បើបេះក្នុងអំឡុងពេលដែលថ្ងៃក្ដៅខ្លាំង នឹងធ្វើឱ្យស្រទាប់ផ្លែប្រពាយឆាប់ជាំ ហើយកន្រ្តក ឬកញ្រ្ចែងដែលទុកដាក់ផ្លែប្រពាយនោះ ក៏គួរទ្រាប់ដោយស្លឹកចេកផងដើម្បីការពារភាពស្រស់ខ្ចីរបស់ផ្លែប្រពាយ៕

  • ចំណុចល្អៗរបស់ការមានកូន

    ចំណុចល្អៗរបស់ការមានកូន

    ទោះជាការមានកូនត្រូវលីសែងបន្ទុកដ៏ច្រើនតាំងពីពេលចាប់ផ្ដើមតាំងគភ៌ និងជីវិតឯកជនសួនតួដែលធ្លាប់មាននឹងបាត់បង់ទៅបន្តិចម្ដងៗ លែងសល់ពេលវេលាសម្រាប់សេចក្ដីសុខរបស់ខ្លួនឯងក៏ដោយ តែការបានបំពេញតួនាទីជាឪពុក និងម្ដាយ គឺការបានប្រគល់នូវអ្វីៗដែលល្អៗបំផុតទៅដល់កូន ទោះជាហត់នឿយខ្លាំងប៉ុនណាក៏ដោយ ក៏មនុស្សភាគច្រើននៅតែយល់ស្របដូចៗគ្នាដែរថា ការមានកូនគឺជារឿងល្អ និងជាបទពិសោធនៃសេចក្ដីសុខមួយនៅក្នុងជីវិតដែលពួកគេនឹងបានទទួល ហើយខាងក្រោមនេះ គឺជាផ្នែកមួយនៃហេតុផលដែលធ្វើឱ្យមនុស្សសម្រេចចិត្តថា ការមានកូនគឺជារឿងមួយក្នុងចំណោមរឿងដ៏អស្ចារ្យរបស់ជីវិត។

    1 . ការមានកូន ធ្វើឱ្យគ្រួសារកាន់តែឥតខ្ចោះឡើង ៈ ទោះជាក្រុមគ្រួសារខ្លះមានអ្វីៗគ្រប់យ៉ាងសម្បូរបែបយ៉ាងល្អហើយ ទាំងតួនាទីការងារ ភាពរឹងមាំស្ថិតស្ថេរ និងស្ថានភាពហិរញ្ញវត្ថុ ដែលអាចរស់នៅបានយ៉ាងមានឥស្សរៈ និងមានពិភពផ្ទាល់ខ្លួនដ៏សែនសុខសប្បាយហើយក៏ដោយ តែការមានកូនសម្រាប់គ្រួសារជាច្រើនបែរជាធ្វើឱ្យជីវិតដែលសម្បូរបែបឥតខ្ចោះស្រាប់ហើយនោះ មើលទៅកាន់តែសម្បូរបែបខ្លាំងឡើងទៅទៀត។

    2 . ជួយបន្តនាមត្រកូលរបស់ក្រុមគ្រួសារ ៈ ក្រុមគ្រួសារខ្លះដែលរស់នៅជាមួយគ្នាជាគ្រួសារធំមួយ ការមានកូន គឺជាគោលបំណងមួយក្នុងការជួយបន្តនាមត្រកូលឱ្យអាចគង់វង្សនៅតទៅទៀតបាន ដោយភាគច្រើនតែងជួបប្រទះនៅក្នុងក្រុមគ្រួសារជនជាតិចិនច្រើនជាងក្រុមគ្រួសារខ្មែរយើង។

    3 . សង្ឃឹមពឹងពាក់បាននៅពេលចាស់ជរា ៈ អ្នកដែលសម្រេចចិត្តមានកូន ភាគច្រើនសុទ្ធតែមានសេចក្ដីសង្ឃឹមថា កូនៗរបស់ខ្លួននឹងអាចជួយជាទីពំនាក់បាននៅពេលខ្លួនចាស់ជរា ជាពិសេសបញ្ហាសុខភាពដែលចូលមកញាំញី និងក្នុងគ្រាដែលមិនអាចជួយខ្លួនឯងបាន ក៏នឹងបានកូនៗជាអ្នកនៅជួយមើលថែទាំក្នុងគ្រាចុងក្រោយនៃជីវិត។

    4 . មានមនុស្សម្នាក់ទៀត ដែលយើងស្រឡាញ់ និងស្រឡាញ់យើង ៈ ការមានកូនធ្វើឱ្យយើងបានប្រគល់សេចក្ដីស្រឡាញ់ទៅឱ្យមនុស្សម្នាក់ទៀតដែលជាសាច់ឈាមពូជពង្សរបស់យើង។ មានសេចក្ដីសុខដែលបានឃើញសេចក្ដីស្រឡាញ់អំពីកូន និងយើងក៏បានប្រគល់ទៅឱ្យគេយ៉ាងពេញហៀរហូរដូចគ្នា។

    5 . មានអ្នកជជែកកំដកែអផ្សុក ៈ ការមានកូនធ្វើឱ្យជីវិតមានមនុស្សម្នាក់ទៀតចូលមកជាផ្នែកមួយស្ទើរតែគ្រប់អំឡុងពេលរបស់យើង។ ពេលដែលមានអារម្មណ៍ថា ឯកោអផ្សុក ក៏មានកូនមកធ្វើជាផ្នែកមួយដែលធ្វើឱ្យឪពុកម្ដាយមានអារម្មណ៍ថា ខ្លួនឯងមិនបាននៅឯកាឡើយ។ ធ្វើទាំងជាមិត្តជជែកកំដ និងមិត្តដើរលេងកម្សាន្តដ៏សែនទុកចិត្ត និងរឹតតែមានសម្ព័ន្ធភាពជាមួយគ្នាស្អិតល្មួតប្រៀបដូចជាមិត្តជិតស្និទ្ធ រឹតតែធ្វើឱ្យជីវិតរបស់យើងដូចមានមិត្តជួយគិតនៅជាមួយគ្រប់ពេលវេលាដែលត្រូវការ។

    6 . បន្ថែមភាពសប្បាយរីករាយក្នុងជីវិតគ្រួសារច្រើនឡើង ៈ ជឿថា ការមានកូននឹងជួយបង្កើនភាពសប្បាយរីករាយឱ្យជីវិតគ្រួសារកាន់តែស្រស់ថ្លាឡើង ពេញទៅដោយសំឡេងសើចក្អាកក្អាយ និងស្នាមញញឹមរបស់បណ្ដាក្មេងៗនៅក្នុងផ្ទះខ្លាំងជាងការរស់នៅតែពីរនាក់ប្ដីប្រពន្ធ។

    7 . បានរៀនយល់ដឹងយ៉ាងគ្មានទីបញ្ចប់ ៈ អ្នកម្ដាយនឹងបានហ្វឹកហាត់ការធ្វើជាគ្រូ រហូតក្លាយជាការងារបន្ថែម បានស្គាល់នូវសេចក្ដីស្រឡាញ់យ៉ាងពិតប្រាកដ និងស្គាល់ពីការផ្ដល់ឱ្យដោយមិនសង្ឃឹមការតបស្នង បានសាកល្បងខុសផង​ត្រូវផង រៀនយល់ដឹងទៅជាមួយកូន និងសរសេរអត្ថបទជីវិតដោយខ្លួនឯង ព្រោះនៅក្នុងជីវិតពិត គ្មានរូបមន្តមេរៀនកំណត់ច្បាស់នោះឡើយ។

    8 . ជួយឱ្យខួរក្បាលម្ដាយអភិវឌ្ឍ ៈ អាចរាប់បានថា ជាភាពអស្ចារ្យមួយទៀតរបស់ធម្មជាតិដែលត្រៀមសមត្ថភាពផ្សេងៗឱ្យចូលគ្នាជាមួយអំឡុងវ័យរបស់មនុស្សយ៉ាងពិតប្រាកដ ព្រោះមានការស្រាវជ្រាវមួយបានបញ្ជាក់ថា “ខួរក្បាលរបស់ម្ដាយក្រោយប្រសូតបុត្ររួចនឹងមានផ្នែកខ្លះរីកធំឡើង ដើម្បីឱ្យម្ដាយត្រៀមខ្លួនជាស្រេចសម្រាប់ទប់ទល់ជាមួយភាពសាកល្បងថ្មីៗក្នុងការចិញ្ចឹមថែទាំកូន”។

    9 . ប្រយោជន៍របស់ការមានកូន (ដែលអ្នកនឹកស្មានមិនដល់) ៈ ក្នុងរឿងផ្សេងៗទៀតក៏ដូចគ្នាដែរ អ្នកនឹងក្លាយជាអ្នកបើកបររថយន្តដែលមានការប្រយ័ត្នប្រយែងខ្ពស់ឡើងរហូតក្លាយជាទម្លាប់។ ទទួលបានសិទ្ធិពិសេសៗជាងគេច្រើនឡើង(ដូចជា ពេលឡើងជិះរថយន្តក្រុង នឹងមានអ្នកក្រោកទុកកៅអីឱ្យរូបអ្នកដែលកំពុងតាំងគភ៌អង្គុយ ជាដើម)។ បានសម្រកទម្ងន់បែបមិនចាំបាច់តមអាហារ ជាពិសេសពេលចាញ់កូន អំឡុងពេលបំបៅកូន ឬពេលលេងជាមួយកូន ជាដើម។ សេចក្ដីសុខដែលអាចរកបានយ៉ាងងាយ(ដូចជា ការបានសើច និងមានសេចក្ដីសុខពេលកូនធ្វើអ្វីកំប្លែងៗឱ្យឃើញ ជាដើម)។ បានឱបកូន បានពកូនដោយគ្មានពេលកំណត់។ មានមនុស្សដែលស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ និងកូននឹងនៅតែស្រឡាញ់ម្ដាយជានិច្ច ទោះជានៅថ្ងៃដែលម្ដាយយ៉ាប់យ៉ឺនបំផុតក៏ដោយ។ បានហ្វឹកហាត់សិល្បៈការសម្ដែង និងកាយវិការផ្សេងៗគួបផ្សំពេលនិយាយរឿងនិទានឱ្យកូនស្ដាប់។ បានប្រឡែងជាមួយកូន ជឿចុះថា ពិតជាសប្បាយ និងមានសេចក្ដីសុខខ្លាំងណាស់។ បានអានសៀវភៅដែលខ្លួនចូលចិត្តកាលនៅក្មេង(តែវើហ្សឹនថ្មី) បានទិញរបស់លេងដែលធ្លាប់ចង់បានកាលពីនៅតូចឱ្យទៅកូន។ បានត្រឡប់ទៅសប្បាយបែបក្មេងៗម្ដងទៀតជាមួយកូនដោយគ្មានអ្នកណាថាអីឱ្យ និងបើអ្នកញ៉ាំអីហើយកំពប់រឡេករឡាក់ អ្នកដទៃនឹងគិតថា កូនរបស់អ្នកជាអ្នកធ្វើកំពប់ មិនមែនអ្នកទេ(ហាសហាសហា) និងច្រើនៗទៀតដែលពោរពេញទៅដោយក្ដីសប្បាយរីករាយជាមួយកូនៗគ្មានទីបញ្ចប់៕

  • 10 វិធីបន្ថយអាការក្អកឱ្យឆាប់បាត់បំផុត

    10 វិធីបន្ថយអាការក្អកឱ្យឆាប់បាត់បំផុត

    កើតជំងឺគ្រុនផ្ដាសាយ ហឺត ស្ងួតក ឆ្លងមេរោគក្នុងប្រព័ន្ធដកដង្ហើម ប្រតិកម្មចាញ់ ជក់បារី របេង បំពង់ខ្យល់រីក និងផលប៉ះពាល់ផ្សេងៗពីថ្នាំមួយចំនួន ទាំងអស់នេះគឺជាមូលហេតុដែលធ្វើឱ្យយើងកើតអាការក្អក ទាំងក្អកស្ងួត ក្អកមានស្លេស្ម៍ ឬក្អករ៉ាំរ៉ៃ ជាដើម តែមិនថាក្អកបែបណាក៏ដោយ ក៏វាសាងនូវក្ដីរំខានដល់យើងរហូតទាំងយប់ទាំងថ្ងៃដែរ។ ពេលខ្លះក្អកឡើងក្រហមមុខ និងថែមទាំងក្អកនៅក្នុងទីសាធារណៈ ដូចជានៅក្នុងរថយន្តក្រុងជាដើម ក៏ខ្លាចគេឯងសម្លឹងមុខទៀតផង។ តែមិនអីទេ ឡារ៉ែន យល់ចិត្តលោកអ្នកចំពោះបញ្ហានេះ ទើបចង់សូមណែនាំពីវិធីបន្ថយអាការក្អកនេះឱ្យថយចុះយ៉ាងលឿនបំផុត ដែលទាំងងាយស្រួល និងបានផលល្អយ៉ាងពិតប្រាកដ។

    1 . ញ៉ាំទឹកឱ្យច្រើនឡើង

    ចាប់ផ្ដើមងាយៗជាមួយនឹងការញ៉ាំទឹកក្នុងមួយថ្ងៃៗឱ្យបានច្រើនឡើង។ អ្នកណាដែលមានស្លេស្ម៍នៅក្នុងបំពង់ក ទឹកនឹងជួយរំលាយស្លេស្ម៍ឱ្យតិចចុះបាន ចំណែកអ្នកណាដែលមានអាការក្អកស្ងួតៗវិញ ទឹកក៏ជួយឱ្យមានសំណើមនៅក្នុងបំពង់កបានដែរ និងធ្វើឱ្យ​អាការឈឺក្រហាយក្នុងបំពង់កថយចុះបានដូចគ្នា។

    2 . ញ៉ាំទឹកក្ដៅឧណ្ហៗ

    បើជ្រើសរើសយកការញ៉ាំទឹកឱ្យច្រើនឡើងហើយនោះ ក៏គួរជ្រើសរើសញ៉ាំទឹកក្ដៅឧណ្ហៗជំនួសការញ៉ាំទឹកត្រជាក់វិញ ព្រោះទឹកក្ដៅឧណ្ហៗនឹងជួយរំលាយស្លេស្ម៍ និងផ្ដល់សំណើមនៅក្នុងបំពង់កបានល្អជាងទឹកត្រជាក់។ ក្រៅពីនេះនៅអាចជ្រើសរើសញ៉ាំទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំ និងក្រូចឆ្មារក្នុងចន្លោះពេលថ្ងៃបានផងដែរ។

    3 . ងូតទឹកក្ដៅឧណ្ហៗ

    ខាងក្នុងកក់ក្ដៅហើយ ខាងក្រៅក៏ត្រូវតែកក់ក្ដៅផងដែរ។ ការងូតទឹកក្ដៅឧណ្ហៗ ក្រៅពីនឹងជួយកាត់បន្ថយសំបោរបានហើយ នៅល្អចំពោះរាងកាយរបស់អ្នកកើតជំងឺផ្ដាសាយ និងកើតប្រតិកម្មចាញ់ផ្សេងៗបានទៀតផង។

    4 . បៀមថ្នាំបំបាត់ក្អក

    កុំគិតថា អាការក្អកនឹងបាត់ទៅវិញដោយឯកឯងឱ្យសោះ។ បើកើតអាការក្អកជាប់ៗគ្នាឡើងកោងខ្លួនដូចបង្គា ក្អកឡើងមិត្តភ័ក្តិជិតខាងធុញទ្រាន់ហើយនោះ គួរប្រញាប់រកថ្នាំបំបាត់ក្អកមកបៀមជាបន្ទាន់ ព្រោះក្នុងថ្នាំបំបាត់ក្អកនឹងមានផ្នែកផ្សំដែលនឹងជួយកាត់បន្ថយអាការក្រហាយនៅក្នុងបំពង់កបាន។

    5 . ប្រើម៉ាស៊ីនធ្វើឱ្យមានសំណើមក្នុងអាកាសធាតុ

    ផ្ទះណាដែលបើកម៉ាស៊ីនត្រជាក់គេង ដល់ពេលយប់ជ្រៅ អាកាសធាតុអាចនឹងស្ងួតរហូតធ្វើឱ្យអាការក្អកធ្ងន់ធ្ងរឡើងជាងមុន និងទោះជាអាកាសធាតុនៅក្នុងផ្ទះយើងហាក់ដូចជាក្ដៅសើមស្រាប់ហើយក៏ដោយ តែសម្រាប់អ្នកជំងឺដែលមានអាការឈឺក្រហាយបំពង់កស្រាប់ហើយនោះ ធាតុអាកាសស្ងួតៗ ត្រជាក់ៗនឹងរឹតតែធ្វើឱ្យអាការក្អកកម្រើកធ្ងន់ធ្ងរឡើងជាងមុន និងអាចមានអាការតឹងច្រមុះរួមជាមួយផង ដូច្នេះបើសិនប្រើម៉ាស៊ីនធ្វើឱ្យមានសំណើមក្នុងបន្ទប់គេងផងនោះ ក៏នឹងជួយសម្រាលអាការក្អក និងឈឺក្រហាយបំពង់កបាន។

    កំណត់សម្គាល់ ៈ ម៉ាស៊ីនធ្វើសំណើម ជាម៉ាស៊ីនដែលដោតភ្លើងអគ្គិសនីហើយមានចំហាយទឹកបាញ់ចេញមក អាចបន្ថែមភាពសើមនៅក្នុងអាកាសធាតុក្នុងបន្ទប់បាន(មន្ទីរពេទ្យមួយចំនួននឹងមានម៉ាស៊ីនបន្ថែមសំណើមនេះនៅក្នុងបន្ទប់អ្នកជំងឺ)។ វានឹងមានក្លិនក្រអូប ឬគ្មានក្លិន ស្រេចតែចំណង់ចំណូលចិត្ត តែបើជ្រើសរើសមានក្លិន ក៏នឹងជួយឱ្យគេងលក់ស្រួល ដូចជាក្លិនផ្កាខាបូម៉ាយដ៍ ក្លិនផ្កាឡាវេនឌើរ ក៏នឹងជួយឱ្យយើងងាយគេងលក់ និងសម្រាកបានពេញទំហឹងទៀតផង។

    6 . តមជក់បារី

    អ្នកណាដែលជក់បារី គួរតមជក់បារីដាច់ខាតក្នុងអំឡុងពេលដែលកើតអាការក្អក ព្រោះការជក់បារីនឹងធ្វើឱ្យក្រហាយបំពង់កកាន់តែខ្លាំងឡើង និងថែមទាំងអាចធ្វើឱ្យកើតស្លេស្ម៍ច្រើនឡើងបានទៀតផង(តែ ឡារ៉ែនចង់ណែនាំឱ្យឈប់ជក់បារីតែម្ដងទៅល្អជាង )។ តែបើលោកអ្នកមិនមែនជាអ្នកជក់បារីទេនោះ ក៏គួរស្ថិតនៅឱ្យឆ្ងាយពីអ្នកជក់បារី ឬក្រុមមនុស្សដែលជក់បារីដូចគ្នា។

    7 . តមប្រើទឹកអប់ និងស្រ្បៃយ៍ផ្សេងៗ


    គ្រឿងផ្សំរបស់ទឹកអប់ និងស្រ្បៃយ៍ផ្សេងៗ(រួមទាំងស្រ្បៃយ៍ក្រអូបដែលបាញ់ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់់ផង)ធ្វើឱ្យរន្ធច្រមុះកើតអាការស្ងួតក្រហាយ និងអាចជាមូលហេតុដែលធ្វើឱ្យកើតមានស្លេស្ម៍ច្រើនឡើង ឬក្អករ៉ាំរ៉ៃបាន។

    8 . ចៀសវាងពីធូលីដី និងផ្សែងផ្សេងៗ

    ក្រៅពីទឹកអប់ និងស្រ្បៃយ៍ហើយ អាកាសធាតុជុំវិញខ្លួន ដូចជាអាកាសធាតុស្ងួតៗពីម៉ាស៊ីនត្រជាក់ក្នុងការិយាល័យ ធូលីផ្សែងពីបំពង់សឺម៉ាំងឡាន ផ្សែងពីការចម្អិនម្ហូបអាហារ ធាតុអាកាសពុលទាំងអស់នេះអាចធ្វើឱ្យកើតអាការស្ងួតក្រហាយរន្ធច្រមុះ និងបំពង់កបាន ដូច្នេះខណៈដែលកើតអាការក្អក គួរពាក់ម៉ាស់បាំងមាត់ និងច្រមុះដើម្បីការពារខ្លួនឯងពីធាតុអាកាសពុលទាំងនោះផង។

    9 . គេងសម្រាកឱ្យបានច្រើនឡើង

    ភាគច្រើនទៅ អាការក្អកដែលអាក្រក់ទៅៗជារឿយៗ ឬមិនងាយជានោះ គឺដោយសារតែរាងកាយមិនមានពេលវេលាក្នុងការជួសជុលខ្លួនឯង ព្រោះយើងប្រើប្រាស់រាងកាយរបស់យើងធ្ងន់ធ្ងរជ្រុលពេក រហូតមានពេលសម្រាកតិចតួចបំផុតហ្នឹងឯង ដូច្នេះបើសិនដឹងខ្លួនថាឈឺ ក្អកខ្លាំង គួរប្រញាប់ចូលគេងតាំងពីក្បាលព្រលប់ តាំងពីធាតុអាកាសនៅមិនទាន់ត្រជាក់ខ្លាំង និងសម្រាកឱ្យបានគ្រប់គ្រាន់។

    10 . ទៅជួបគ្រូពេទ្យ

    វិធីចុងក្រោយដែលអាចពឹងបាន គឺការទៅជួបលោកគ្រូពេទ្យឱ្យដឹងគ្នាតែម្ដងទៅ ព្រោះអាការក្អកដែលយើងកើតមកយូរហើយ និងធ្វើគ្រប់វិធីហើយក៏នៅតែមិនបាត់ទៀតនោះ អាចនឹងមិនមែនជាអាការក្អកធម្មតាៗនោះទេ អាចជាអាការដំបូងដែលជាសញ្ញាដាស់តឿនពីជំងឺគ្រោះថ្នាក់ផ្សេងៗដែលនឹងកើតនៅពេលក្រោយ ដូច្នេះការទៅជួបលោកគ្រូពេទ្យគឺជារឿងចាំបាច់បំផុតសម្រាប់នរណាក៏ដោយដែលមានអាការក្អកមិនធូរស្រាលសោះក្នុងរយៈ 1 – 2 សប្ដាហ៍៕

  • តាំងគភ៌ហើយ តើនៅតែទៅធ្វើការងារដូចមុនបានឬទេ?

    តាំងគភ៌ហើយ តើនៅតែទៅធ្វើការងារដូចមុនបានឬទេ?

    ក្នុងយុគសម័យបច្ចុប្បន្ន ស្រ្តីយើងទោះជារៀបការហើយក៏ដោយ ក៏នៅតែត្រូវចេញទៅធ្វើការក្រៅផ្ទះដើម្បីជួយសម្រាលបន្ទុកការចាយវាយក្នុងគ្រួសារដែរ តែនៅពេលណាដែលស្រ្តីយើងចាប់ផ្ដើមគិតចង់បានបុត្រ ឬដឹងខ្លួនថា ចាប់ផ្ដើមមានគភ៌ហើយនោះ ក្ដីកង្វល់ដែលតែងតែកើតមាននោះគឺថា តើការចេញទៅធ្វើការងារក្នុងខណៈដែលខ្លួនឯងតាំងគភ៌នោះ នឹងមានផលប៉ះពាល់ដល់ទារកក្នុងគភ៌ដែរឬទេ? ថ្ងៃនេះ ឡារ៉ែនមានចម្លើយមកជម្រាបជូន។

    នៅក្នុងផ្នែកវេជ្ជសាស្រ្តនៅមិនទាន់មានការបញ្ជាក់យ៉ាងច្បាស់លាស់ថា ហាមស្រ្តីដែលកំពុងមានគភ៌ធ្វើការអ្វីនោះឡើយ មានត្រឹមតែពាក្យណែនាំថា មិនគួរលើករបស់ធ្ងន់ៗ និងមិនគួរមានសភាវតានតឹងធុញថប់ក្នុងអារម្មណ៍ឡើយ ព្រោះនៅពេលរាងកាយរបស់ស្រ្តីមានគភ៌តានតឹងធុញថប់(អាចបណ្ដាលមកពីរឿងការងារ ឬមួម៉ៅធុញថប់ដោយសារតែរឿងធ្វើដំណើរតាមផ្លូវដែលកកស្ទះខ្លាំង) រាងកាយនឹងបញ្ចេញសារធាតុម្យ៉ាងចេញមក ដែលបើសិនជាការតាំងគភ៌ក្នុងរយៈ 3 ខែដំបូងផងនោះ អាចនឹងមានឱកាសរលូតបុត្របាន។ ក្រៅពីនោះ តាមធម្មជាតិវិញ ក្នុងអំឡុង 3 ខែដំបូងនៃការតាំងគភ៌ ស្រ្តីមានគភ៌នឹងមានអារម្មណ៍ថាទន់ល្វើយអស់កម្លាំង ដោយសារតែជាអំឡុងពេលដែលទារកក្នុងគភ៌កំពុងវិវឌ្ឍ និងធំធាត់ឡើង ដែលជារឿងប្រក្រតី ដូច្នេះទើបការសម្រាករបស់ស្រ្តីមានគភ៌ត្រូវមានច្រើនជាងមនុស្សប្រក្រតី។ បើរាងកាយនឿយល្វើយហើយ នៅត្រូវទៅធ្វើការ ហើយត្រូវជួបនឹងសភាវធុញថប់តានតឹងផ្សេងៗទៀតផងនោះ ក៏នឹងរឹតតែធ្វើឱ្យរាងកាយលែងបានសម្រាក និងអស់កម្លាំងខ្លាំងលើសដើមទៅទៀត។

    ដូច្នេះអ្នកដែលឆ្លើយតបនឹងសំណួរខាងលើបានល្អបំផុតនោះគឺ ស្រ្តីមានគភ៌ខ្លួនឯងដែលគួរតែគិតថា ការងារដែលទៅធ្វើនោះ បើធ្វើហើយមានសេចក្ដីសុខ ក៏អាចធ្វើតទៅទៀតបាន ព្រោះបើរាងកាយមានសេចក្ដីសុខ ក៏នឹងមានផលល្អដល់ទារកក្នុងគភ៌ដែរ តែបើដឹងខ្លួនថា ធ្វើហើយគ្មានសេចក្ដីសុខ ត្រូវមួម៉ៅធុញថប់ ក៏គួរតែសម្រាកបន្តិចទៅ និងក៏គួរតែជ្រើសរើសយកកូនជារឿងសំខាន់ជាងវិញប្រសើរជាង។

    ក្រៅពីនេះនៅមានរឿងដែលគួរប្រយ័ត្នប្រយែងនៅក្នុងកន្លែងធ្វើការ រួមទាំងការធ្វើដំណើរក្នុងខណៈតាំងគភ៌ដូចតទៅ ៈ

    1 . ស្រ្តីដែលកំពុងតាំងគភ៌ គួរចៀសវាងការធ្វើការងារណាដែលពាក់ព័ន្ធជាមួយម៉ាស៊ីន X-Ray យ៉ាងដាច់ខាត ព្រោះទារកនៅក្នុងគភ៌នឹងមានឱកាសពិការ ឬកើតមហារីកក្នុងគ្រាប់ឈាមសដែលបណ្ដាលពីកាំរស្មីបាន។

    2 . បើលក្ខណៈការធ្វើការងារត្រូវឈរ ឬអង្គុយក្នុងរយៈពេលយូរៗ ក៏គួរតែផ្លាស់ប្ដូរឥរិយាបថរៀងរាល់ 1 ម៉ោងម្ដង ជាពិសេសនៅពេលចាប់ផ្ដើមតាំងគភ៌ក្នុងអំឡុង 6 ខែតទៅ ដូចជាអាចប្រើការដើរទៅមក ឆ្លាស់គ្នានឹងការអង្គុយសម្រាកជាដើម។

    3 . ការចង់កម្រើកខ្លួន ឬប្ដូរឥរិយាបថ ត្រូវប្រយ័ត្នខ្លួនជាពិសេស ព្រោះអាចកើតការពង្រឹងខ្លួនរបស់ស្បូនបាន បើសិនជាផ្លាស់ប្ដូរឥរិយាបថលឿនរហ័សជ្រុលពេក។

    4 . សម្រាប់ការធ្វើដំណើរទៅធ្វើការ ឡារ៉ែនមិនណែនាំឱ្យជិះម៉ូតូទេ ទោះជាតាំងគភ៌ប៉ុន្មានខែក៏ដោយ។

    5 . បើមិនចាំបាច់ មិនគួរធ្វើដំណើរទៅណាឆ្ងាយៗឡើយ ព្រោះការជិះឡានយូរៗដោយមិនផ្លាស់ប្ដូរឥរិយាបថ នឹងធ្វើឱ្យឈឺខ្នង ស្ពឹកតាមដៃ-ជើង ព្រោះប្រព័ន្ធឈាមរត់អាចនឹងធ្វើការមិនបានល្អដូចពេលរាងកាយប្រក្រតី។

    6 . គួរតមការបើកបររថយន្តដោយខ្លួនឯង ព្រោះការបើកបររថយន្ត ក្រៅតែពីធ្វើឱ្យមានអារម្មណ៍តានតឹងធុញថប់ហើយ នៅមានផលដល់ការពង្រឹងខ្លួនរបស់ស្បូនទៀតផង។

    7 . ហាមទប់បត់ជើងតូចជាដាច់ខាត ព្រោះការទប់មិនព្រមទៅបត់ជើងតូចនឹងធ្វើឱ្យរលាកប្លោកនោម។ ការទៅធ្វើការក្រៅផ្ទះ ពេលខ្លះអាចនឹងមិនសូវងាយស្រួលក្នុងការចូលបន្ទប់ទឹក ទើបស្រ្តីជាច្រើនជ្រើសរើសយកការទ្រាំ ដូច្នេះស្រ្តីមានគភ៌ត្រូវរៀបចំផែនការរឿងការបន្ទោបង់នេះឱ្យបានល្អ៕

  • បើកប្រវត្តិមហាវិហារ Saint Basil ៖ ភាពស្រស់ស្អាតដែលត្រូវដូរដោះដោយកែវភ្នែករបស់ស្ថាបត្យករ

    បើកប្រវត្តិមហាវិហារ Saint Basil ៖ ភាពស្រស់ស្អាតដែលត្រូវដូរដោះដោយកែវភ្នែករបស់ស្ថាបត្យករ

    បើកប្រវត្តិសាស្រ្តមហាវិហារ សេនត៍ បាហ្ស៊ីល នៃប្រទេសរុស្ស៊ី ដែលត្រូវចេញម៉ូដសាងឡើងយ៉ាងស្រស់ស្អាតល្អវិចិត្រ រហូតដល់ក្រុមស្ថាបនិកត្រូវបញ្ជាឱ្យខ្វេះគ្រាប់ភ្នែកចេញដើម្បីឱ្យទីកន្លែងផ្សេងទៀតមិនអាចប្រៀបស្មើបាន។

    បើកប្រវត្តិរឿងរ៉ាវរបស់មហាវិហារ សេនត៍ បាហ្ស៊ីល(Saint Basil’s Cathedral)មួយក្នុងចំណោមមហាវិហារល្បីឈ្មោះលំដាប់ពិភពលោកដោយភាពចម្រុះពណ៌ និងរូបរាងដែលស្អាតចម្លែកភ្នែកមិនដូចវិហារផ្សេងទៀត។ ស្ថិតនៅលើបរិវេណទីលានក្រហមក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី វិហារមួយនេះមានបញ្ជាឱ្យសាងសង់ឡើងក្នុងយុគសម័យរបស់ស្ដេច ត្យាអ៊ីវ៉ានទី 4 នៃរុស្ស៊ី ឬមាន

    រហស្សនាមថា “ត្យាអ៊ីវ៉ានកំពូលឃោរឃៅ” ដើម្បីជប់លៀងឆ្លងជ័យជម្នះលើកងកម្លាំងម៉ុងហ្គោលីនៅទីក្រុង ខាសាន ក្នុងគ្រិស្តសករាជ 1552 តែមហាវិហារមួយនេះចាប់ផ្ដើមសាងសង់នៅឆ្នាំ 1555។

    វិហារមួយនេះត្រូវបានសាងឡើងចែកជារូបអគារដូម(Dome) 9 ចំណែក ស្ថិតនៅជុំវិញដូមទី 9 ដែលជាមណ្ឌលកណ្ដាល មានលក្ខណៈជាអគារដូមរូបរាងមើមខ្ទឹមបារាំងដែលមានពណ៌ចម្រុះក្បូរក្បាច់ដែលស្មុគស្មាញខុសប្លែកពីគ្នា។ ទិដ្ឋភាពរួមរបស់វិហារមានលក្ខណៈជារូបស្រដៀងទៀនដែលមានអណ្ដាតភ្លើងចាំងជះពន្លឺនៅចុងកំពូល។ យ៉ាងណាក៏ដោយ កាលពីដំបូង តួអគារប៉មផ្នែកខាងក្រៅជាថ្មពណ៌ស និងកំពូលដូមគ្មានពណ៌ចម្រុះបែបនេះទេ រហូតដល់មានការជួសជុលឡើងវិញ និងតុបតែងបន្ថែមនៅក្រោយសតវត្សរ៍ទី 17។ ក្រៅពីនេះ ទោះជាមើលពីលក្ខណៈខាងក្រៅវិហារទៅឃើញរាងធំទូលាយមែន តែខាងក្នុងវិញហាក់ដូចជាតូច និងចង្អៀត។

    ស្ថាបនិកអ្នកគូរម៉ូដព្រះវិហារមួយនេះមានឈ្មោះថា ផូស្ត៍និក យ៉ាខូវលេហ្វ( Postnik Yakovlev) តែយ៉ាងណាក៏ដោយ គ្មាននរណាដឹងពីមូលហេតុពិតប្រាកដថា ក្រោយពីគូរម៉ូដវិហារមួយនេះហើយ មូលហេតុអីបានជារូបគាត់ពិការភ្នែកមើលអ្វីលែងឃើញនោះឡើយ? មានត្រឹមតែរឿងតំណាលតៗគ្នាដោយអ្នកស្រុកដែលថា គាត់ត្រូវស្ដេច ត្យាអ៊ីវា៉ន មហាឃោរឃៅបញ្ជាឱ្យគេខ្វេះគ្រាប់ភ្នែកគ្រាប់ភ្នែកគាត់ចោល ដើម្បីឱ្យមិនអាចទៅគូរម៉ូដទីកន្លែងផ្សេងឱ្យស្រស់ស្អាតវិចិត្រដូចទីនេះបានទៀត។

    សម្រាប់ឈ្មោះរបស់ព្រះវិហារមួយនេះ ពីដើមមានឈ្មោះថា មហាវិហារនៃការអធិដ្ឋានរបស់ព្រោះមាតាម៉ារី( Cathedral of the Intercession of the Virgin) មុននឹងត្រូវបានហៅឈ្មោះតាមបព្វជិត សេនត៍ បាហ្ស៊ីល ឬពីដើមដែលមានឈ្មោះថា វ៉ាស៊ីលី ប្លា ហ្សេននី( Vasily Blazhenny) អ្នកដែលមានតួនាទីខ្លាំងចំពោះវប្បធម៌រុស្ស៊ីមកជាច្រើនសតវត្សរ៍ ដែលជាទីទទួលស្គាល់ថា មានទេពកោសល្យខាងការព្យាករទស្សន៍ទាយជោគជតា។ គាត់អាចទស្សន៍ទាយរឿងរ៉ាវនៃសេចក្ដីស្លាប់ និងហេតុការណ៍ផ្សេងៗដែលកើតឡើងក្នុងអតីតកាលបានយ៉ាងឆុត និងថែមទាំងជាមនុស្សដ៏កម្រម្នាក់ដែលអាចនិយាយដាស់តឿនស្ដេច ត្យាអ៊ីវ៉ានកំពូលឃោរឃៅអំពីទង្វើរបស់ខ្លួនបាន។ ពេលគាត់ស្លាប់នៅថ្ងៃទី15 ខែសីហា ឆ្នាំ1557 សាកសពរបស់គាត់ត្រូវបានបញ្ចុះនៅជិតនឹងវិហារនោះក្នុងអំឡុងពេលកំពុងសាងសង់។ បន្ទាប់ពីនោះមក គាត់ក៏បានទទួលការលើកឋានៈឱ្យក្លាយជាបព្វជិត មានភាពស័ក្តិសិទ្ធិ ដោយមានមនុស្សម្នានាំគ្នាមកសូត្រមន្តនៅនឹងផ្នូរសពរបស់គាត់ រហូតក្លាយជាពាក្យស្លោកដែលថា “សូត្រមន្តភាវនា នៅឯមហាវិហារ សេនត៍ បាហ្ស៊ីល” ទើបឈ្មោះរបស់មហាវិហារក្លាយជាទីពេញនិយមខ្លាំងបំផុត។

    មហាវិហារមួយនេះ រួចផុតពីមហន្តភ័យផ្សេងៗជាច្រើន ទាំងគ្រោះធម្មជាតិ ហេតុការណ៍អគ្គិភ័យ និងពីការត្រូវសត្រូវរុករានដោយនៅតែតាំងជ្រងោលើផ្ទៃដីកន្លែងនោះអស់រយៈពេលយូរជាង 400ឆ្នាំមកហើយ។ បច្ចុប្បន្នមហាវិហារមួយនេះមិនមែនជាវិហារទៀតទេ តែបានក្លាយជាសារមន្ទីរដែលមានព័ត៌មានពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តរបស់រុស្ស៊ីដែលជាលែនដ៍ម៉ាកសំខាន់របស់ប្រទេសដែលបើកឱ្យភ្ញៀវទេសចរបានធ្វើដំណើរចូលទៅទស្សនាភាពស្រស់ស្អាតដ៏វិចិត្រទាំងនោះ៕

  • តើទារកនៅក្នុងផ្ទៃម្ដាយ គេងនៅពេលណាខ្លះ?

    តើទារកនៅក្នុងផ្ទៃម្ដាយ គេងនៅពេលណាខ្លះ?

    សភាពជុំវិញខ្លួននៅក្នុងផ្ទៃម្ដាយស័ក្តិសមសម្រាប់ការគេងរបស់ទារកបំផុត ព្រោះនៅក្នុងពោះរបស់ម្ដាយទាំងងងឹត កក់ក្ដៅ ស្ងាត់ គ្មានការប្រែប្រួល និងពេលដែលអ្នកម្ដាយដើរទៅណាមកណាក៏ប្រៀបដូចជាយោលអង្រឹងឱ្យកូនបានគេងលក់ដូច្នោះដែរ។

    . ទារកក្នុងផ្ទៃម្ដាយនឹងគេងប្រមាណជា 20 ម៉ោងក្នុងមួយថ្ងៃ។

    . កូនរបស់អ្នកនឹងបានឮសំឡេងបេះដូង សំឡេងកូរពោះ និងសំឡេងនិយាយរបស់អ្នកម្ដាយ ដែលនឹងធ្វើឱ្យគេមានអារម្មណ៍កក់ក្ដៅ ក្រៅពីនោះទារកក្នុងគភ៌ថែមទាំងមិនមានអារម្មណ៍ឃ្លានទៀតផង ព្រោះមានខ្សែទងផ្ចិតតភ្ជាប់អាហារ ដែលជាមូលហេតុមួយធ្វើឱ្យទារកបានគេងលក់យ៉ាងសប្បាយចិត្ត។

    . ការភ្ញាក់ពីគេងរបស់ទារកក្នុងគភ៌កើតឡើងមិនទៀងពេលឡើយ ហើយកូននឹងភ្ញាក់ត្រឹមតែក្នុងរយៈពេលខ្លីៗប៉ុណ្ណោះ។

    . អំឡុងពេលដែលកូនគេងលក់នៅក្នុងពោះម្ដាយអាចមានការកម្រើកខ្លួន និងធាក់ម្ដាយខ្លះៗមិនខាន ព្រោះកូននៅក្នុងផ្ទៃអាចជាក្មេងដែលគេងរើ។

    . នៅពេលតាំងគភ៌ដល់ 7 ខែ ទារកក្នុងផ្ទៃនឹងចាប់ផ្ដើមមានការយល់សប្តិខ្លះហើយ ព្រោះតួកំណើតនៅក្នុងគភ៌នេះមានការសាងខួរក្បាលគ្រប់គ្រាន់ល្មមធ្វើឱ្យកើតការគេងលក់បែប REM (Rapid Eye Movement) ទារកចាប់ផ្ដើមមានក្រសែប្រសាទដែលពាក់ព័ន្ធជាមួយសមត្ថភាពក្នុងការមើលឃើញ និងបានឮហើយ។

    . នៅពេលតាំងគភ៌គ្រប់ 8 ខែ ទារកក៏នឹងចាប់ផ្ដើមគេងលក់បែប non-REM ឬបែបគេងលង់លក់ខ្លាំងបានហើយដែរ។

    . បើធ្វើការថតអេកូ 4 D ពេលខ្លះអ្នកម្ដាយអាចនឹងបានឃើញកូនតូចគេងញញឹមទៀតផង នេះក៏ដោយសារថា អំឡុងពេលដែលកូនតូចគេងលក់បែប REM សាច់ដុំបរិវេណផ្ទៃមុខកើតអាការញាក់ ឬមានការទាញហ្នឹងឯង។

    . បេប៊ីក្នុងផ្ទៃចូលចិត្តគេងពេលថ្ងៃ និងភ្ញាក់នៅពេលយប់ ព្រោះក្នុងអំឡុងពេលយប់ដែលអ្នកម្ដាយគេងលក់នឹងមានទីកន្លែងឱ្យកូនតូចបានកម្រើកខ្លួនច្រើនជាង ថែមទាំងនៅអំឡុងពេលថ្ងៃ ពេលដែលអ្នកម្ដាយដើរច្រើនផងនោះ រឹតតែធ្វើឱ្យកូនតូចមានអារម្មណ៍ដូចកំពុងគេងយោលយោកទៅមកធ្វើឱ្យគួរគេងលក់ហ្នឹងឯង៕