Author: ធឿន មករា

  • នៅពេលកូនតូចឈានចូលខែទី 9

    នៅពេលកូនតូចឈានចូលខែទី 9

    ខែទី 9

    លក្ខណៈរបស់កូនតូច

    កូនច្រើនតែគេងនៅពេលព្រឹក និងអំឡុងពេលរសៀល ក្នុងមួយពេលៗប្រមាណជា 1 – 2.5 ម៉ោង តែក្មេងខ្លះអាចមិនគេងនៅពេលព្រឹកក៏មាន។ ក្មេងដែលភ្ញាក់នៅពេលកណ្ដាលយប់ហើយ នឹងពិបាកគេងលក់ទៅវិញ ហើយក្មេងដែលកំពុងបៅទឹកដោះគោស្រាប់ហើយ លុះដល់វ័យនេះ មានតិចនាក់ណាស់ដែលនៅតែមឹមទឹកដោះគោនៅពេលយប់នោះ តែបើសិនជាភ្ញាក់យំរំខាននៅពេលកណ្ដាលយប់ ពេលឱ្យបៅទឹកដោះគោហើយ ក៏នឹងគេងលក់ទៅវិញយ៉ាងងាយស្រួល ដូច្នេះអ្នកម្ដាយអាចឱ្យមឹមទឹកដោះគោពេលយប់តទៅទៀតខ្លះៗក៏បាន។

    ចំណែករឿងការបន្ទោបង់របស់កូនវិញនោះ នៅពេលកូនបានទទួលអាហារបន្ថែមច្រើនឡើង លាមកនឹងមានក្លិនកាន់តែស្អុយឡើង ឯពណ៌ក៏ប្រែប្រួលដែរ។ កូននឹងជុះមួយថ្ងៃ 1 – 2ដង ឬ2ថ្ងៃមួយដង សម្រាប់នោមវិញ នៅតែនោមប្រមាណមួយថ្ងៃ 10 ដងដដែល។ ចំនួនដងដែលនោមនៅពេលកណ្ដាលយប់នឹងខុសប្លែកពីគ្នា ក្មេងដែលញ៉ាំតិច នឹងនោមតិចដែរ ក្មេងខ្លះថែមទាំងមិននោមផងរហូតដល់ព្រឹក។ ក្មេងដែលញ៉ាំទឹកដោះគោ 1ដបមុនគេង ច្រើនតែនោមនៅពេលកណ្ដាលយប់ប្រហែល 1 – 2ដង និងក្មេងណាដែលគេងសើមខ្លួន នឹងភ្ញាក់ឡើងយំរំខាន តែពេលផ្លាស់ខោអាវ ឬកន្ទបឱ្យហើយ ក៏នៅតែមិនព្រមគេងលក់ទៅវិញនោះ អ្នកម្ដាយអាចបង្ខិតពេលឱ្យបៅទឹកដោះគោឱ្យឆាប់ជាងមុនបន្តិចក៏បាន និងមុនពេលដែលអ្នកម្ដាយចូលគេង គួរចាប់លើកកូនមកឱ្យនោមចេញបានម្ដង ក៏ជួយកាត់បន្ថយការភ្ញាក់យំរំខាននៅពេលកណ្ដាលយប់បានដែរ។

    ល្មមឱ្យឈប់បៀបបាយបានហើយ

    កាលពីអាយុមិនលើស 8ខែ កូននឹងចាប់ផ្ដើមលែងចូលចិត្តអាហារម៉ដ្ឋៗខ្ទេចៗហើយ ច្រើនតែចូលចិត្តញ៉ាំរបស់ដែលត្រូវទំពាដូចជា ផ្លែឈើត្រូវហាន់ចែកជាបំណែកតូចៗ ដូចជា ផ្លែត្របែក ជម្ពូ ប៉ោម ស្វាយ និងឱ្យកាន់ខាំញ៉ាំខ្លួនឯង។ វ័យនេះមិនសូវនៅស្ងៀមទេ បើឱ្យអង្គុយនៅលើកម្រាលឥដ្ឋ ប្រហែលជាត្រូវរត់ដេញតាមបញ្ចុកអាហារហើយ ដូច្នេះគួរឱ្យអង្គុយនៅក្នុងតុបាយសម្រាប់កុមារ ឬក្នុងកៅអីហាត់ដើរ ចំណែកការបញ្ចុកឱ្យញ៉ាំបាយវិញ អាស្រ័យលើទម្លាប់ និងនិស្ស័យរបស់ក្មេង ក្មេងខ្លះចូលចិត្តញ៉ាំយឺតៗ ក្មេងខ្លះញ៉ាំលឿន តែបើសិនជាញ៉ាំយឺតជ្រុលពេក ដូចជាទម្រាំតែញ៉ាំអស់បបរមួយកូនចាន ត្រូវខាតពេលបញ្ចុកដល់ទៅជិតមួយម៉ោងនោះ បញ្ជាក់ថា កូនតូចមិនចូលចិត្តអាហារនោះទេ នឹងបៀមក្នុងមាត់មិនព្រមលេប ព្រោះតែមានអារម្មណ៍ថាមិនឆ្ងាញ់ ដូច្នេះអ្នកម្ដាយមិនចាំបាច់ខាតពេលបញ្ចុកទៀតទេ គួរឱ្យកូនញ៉ាំអ្វីផ្សេងវិញប្រសើរជាង។

    ជាក្មេងដែលរើសច្រើន

    កូនក្នុងវ័យនេះ អ្នកម្ដាយនឹងមើលឃើញបានកាន់តែច្បាស់ឡើងហើយថា កូនចូលចិត្តញ៉ាំអ្វី? ក្មេងខ្លះមិនចូលចិត្តញ៉ាំបន្លែ អ្នកម្ដាយក៏គួរឱ្យញ៉ាំរួមជាមួយរបស់ដទៃទៀត ដូចជា ចិញ្ច្រាំបន្លែដាក់លាយនៅក្នុងបបរ ដាក់លាយនៅក្នុងស៊ុតក្រឡុកចៀន ជាដើម ឬបើមិនចូលចិត្តញ៉ាំបន្លែប្រភេទណាមួយ ក៏ប្ដូរទៅញ៉ាំបន្លែប្រភេទផ្សេងទៀត។ បើមិនចូលចិត្តញ៉ាំបន្លែសោះ ក៏ឱ្យញ៉ាំផ្លែឈើជំនួសវិញក៏បាន បើកូនតូចនៅតែញ៉ាំបបរ នំប៉័ង ឬទឹកដោះគោបានដដែលនោះ។ ទោះជាមិនសូវញ៉ាំ និងរើសច្រើនក្ដី ក៏មិនធ្វើឱ្យកូនខ្វះសារធាតុអាហារដែរ បើកូនមិនចូលចិត្តញ៉ាំស៊ុត ក៏ឱ្យញ៉ាំសាច់មាន់ជំនួសវិញ បើមិនចូលចិត្តញ៉ាំទាំងស៊ុត និងសាច់មាន់ ក៏ឱ្យញ៉ាំសាច់ត្រីជំនួសវិញ។ កូនដែលរើសអាហារ ច្រើនតែឆាប់ដឹងរសជាតិ បើប្រាកដក្នុងចិត្តថា កូនមិនបានញ៉ាំបានតិចរហូតដល់ថ្នាក់ខ្វះសារធាតុអាហារទេនោះ ក៏មិនគួរបង្ខំខ្លាំងពេកដែរ។

    អាការដែលអាចកើតឡើង

    – ប្រយ័ត្នហើមសួត

    នៅពេលកូនមានអាការគ្រុនក្ដៅខ្លាំង នឹងពិបាកដកដង្ហើម ពេលក្អកច្រើនតែឈឺចាប់ តែបច្ចុប្បន្នកុមារលែងមានគ្រោះថ្នាក់ដោយសារជំងឺនេះហើយ បើបណ្ដាលមកពីមេរោគវីរុសនឹងច្រើនតែជាទៅវិញដោយឯកឯង ហើយគ្រូពេទ្យនឹងឱ្យញ៉ាំថ្នាំបដិបក្ខប្រាណ(Antibiotic)។ បើកូននៅញ៉ាំអាហារបាន ក៏ឱ្យញ៉ាំអាហារបន្ថែមតទៅទៀត ញ៉ាំទឹកផ្លែឈើស្រស់ឱ្យបានច្រើន បើក្អក ចូរលើកពឱ្យទ្រោបលើស្មា ហើយទះអង្អែលខ្នងថ្នមៗ នឹងជួយឱ្យស្លេស្មធ្លាក់ចេញមកស្រួលជាងដាក់ឱ្យគេងរាមនៅលើគ្រែ។ តែបើសិនជាកើតអាការគ្រុនក្ដៅខ្លាំងយូរថ្ងៃ និងហើមសួតដែលបណ្ដាលមកពីឆ្លងមេរោគផ្ដាសាយពីមនុស្សធំ ត្រូវតែនាំទៅមន្ទីរពេទ្យ។

    វិវឌ្ឍនាការរបស់កូន

    . រាងកាយ

    . ក្មេងខ្លះអាចវារឡើងកាំជណ្ដើរបានហើយ។

    . ពេលវារ ដៃម្ខាងអាចកាន់របស់លេងបានទៀតផង។

    . ក្មេងខ្លះអាចអង្គុយចុះពីឥរិយាបថឈរដោយខ្លួនឯងបានហើយ។

    . ចេះអង្គុយមួយកន្លែងបានយូរហើយ។

    . ចូលចិត្តទះដៃ យករបស់លេងគោះគ្នា និងបោះរបស់លេងទៅលើឥដ្ឋជាដើម។

    . ចូលចិត្តយកម្រាមដៃលូកចូលរន្ធផ្សេងៗ(ចំណុចនេះ ឪពុកម្ដាយត្រូវប្រយ័ត្ន ព្រោះកូនតូចអាចលូកចូលរន្ធព្រីភ្លើង)។

    សង្គមជុំវិញខ្លួន

    . ក្មេងខ្លះចេះនិយាយពាក្យដែលមានអត្ថន័យបានហើយ ដូចជា ម៉ស់ ញ៉ាំៗ និងចូលចិត្តនិយាយដដែល។

    . ចេះធ្វើតាមបញ្ជាស្រួលៗបានហើយ ដូចជា ឱ្យទៅយករបស់លេង ជាដើម។

    . ខ្លាចមនុស្សដែលមិនធ្លាប់ស្គាល់មុខ និងពេលឃើញក្មេងដទៃយំ អាចនឹងយំតាម។

    . ចេះរើសរបស់លេងដែលខ្លួនឯងចូលចិត្តបានហើយ។

    . ចំណាំហ្គេមដែលខ្លួនឯងធ្លាប់លេងបានហើយ។

    ឧស្សាហ៍លេងជាមួយកូនផង

    . បង្ហាត់ឱ្យកូនឈរ ៈ ការបង្ហាត់ឱ្យចេះឈរ ឬឈានជើងដើរនេះ កូនអាចយកដៃចាប់ដៃម្ដាយ ឬម្ដាយជួយចាប់លើកឱ្យកូនឈានជើងដើរទៅខាងមុខ ក្នុងមួយថ្ងៃឱ្យបានមួយដង ឬ2ដង ម្ដងៗមិនគួរមិនលើស 5 នាទី។ ពេលបង្ហាត់គួរបង្ហាត់នៅខាងក្រៅផ្ទះក្នុងអំឡុងពេលដែលធាតុអាកាសល្អត្រជាក់ស្រួល។ ឪពុកម្ដាយគួរតែសប្បាយរីករាយជាមួយនឹងការបង្ហាត់នេះ បើកូនល្មមអាចឈរដោយខ្លួនឯងបាន ចូរស្រែកលើកទឹកចិត្តកូនថា “ឈានជើងដើរកូន! ឈានជើងដើរកូន!” កូននឹងបានសប្បាយ មានកម្លាំងចិត្ត ដែលទោះជាដួល ក៏នឹងព្យាយាមក្រោកឡើងវិញបានដែរ៕

  • “ស្ដៅ” រសជាតិល្វីងដែលមានប្រយោជន៍ចំពោះរាងកាយ

    “ស្ដៅ” រសជាតិល្វីងដែលមានប្រយោជន៍ចំពោះរាងកាយ

    ក្រៅពីផ្លែម្រះហើយ នៅមានបន្លែរបស់ខ្មែរយើងមួយប្រភេទទៀតដែលល្បីឈ្មោះខ្លាំងក្នុងរឿងល្វីង នោះគឺ “ស្ដៅ” ដល់ថ្នាក់មានមុខម្ហូប ត្រីអាំងជ្រលក់ទឹកត្រីអម្ពិលទុំជូរអែម ដើម្បីឱ្យរសជាតិផ្អែមជូរមកសង្កត់រសជាតិល្វីងឱ្យទទួលបានរសជាតិដែលងាយស្រួលបរិភោគហ្នឹងឯង។

    សួរថា ហេតុអ្វីបានជាជនជាតិខ្មែរយើងត្រូវខំព្យាយាមយកបន្លែស្ដៅមហាល្វីងនេះមកធ្វើជាមុខម្ហូបឱ្យងាយស្រួលទទួលទាន ជំនួសឱ្យការចៀសមិនចាំបាច់ទទួលទានតែម្ដងទៅធ្វើអី? ចម្លើយ ព្រោះស្ដៅមានប្រយោជន៍ដ៏ច្រើនដែលមានគុណតម្លៃហួសនឹងបោះចោល ឬទុកឱ្យចាស់ងាប់នៅលើដើមហ្នឹងឯង។ បើពាក្យចាស់និយាយថា “ផ្អែមគឺនំ ល្វីងគឺថ្នាំ” នោះ ស្ដៅគឺជាកំពូលឱសថបុរាណខ្មែរដ៏អស្ចារ្យដែលមិត្តអ្នកអានបានដឹងហើយអាចនឹងចង់ទទួលទានខ្លាំងឡើងក៏អាចថាបានដែរ។

    . ឫសរបស់ដើមស្ដៅ យកមកស្ងោរយកទឹកពិសាដើម្បីជួយបណ្ដេញស្លេស្ម៍ក្នុងច្រមុះ និងបំពង់ក។

    . សម្បកដើមស្ដៅ នាំយកមកធ្វើជាថ្នាំល្វីងជួយឱ្យពិសាបាយបាន បំបាត់អាការរាករូស និងយកមកស្ងោរយកទឹកមកលាងរបួស ឬដំបៅ។

    . ដើម យកមកធ្វើជាថ្នាំបំបាត់អាការក្អួតចង្អោរ បំបាត់អាការខ្យល់ គ្រុនក្ដៅខ្លួន និងគ្រុនរងាញាក់។

    . ស្លឹកស្ដៅ ជួយបណ្ដេញទឹករំលាយអាហារនៅក្នុងក្រពះ ជួយឱ្យរំលាយអាហារបានច្រើនឡើង។ បំបាត់គ្រុនក្ដៅ សម្លាប់សត្វល្អិតក្នុងពោះវៀន បំប៉នលោហិត និងបំបាត់អាការក្ដៅក្នុងស្រេកទឹក។

    . ផ្កាស្ដៅ ជួយព្យាបាលរោគឫសដូងក្នុងបំពង់ក និងបំប៉នធាតុផ្សេងៗក្នុងរាងកាយ។

    . ផ្លែស្ដៅខ្ចី ជួយព្យាបាលរោគឫសដូង សម្លាប់សត្វល្អិតក្នុងពោះវៀន ព្យាបាលអាការបត់ជើងតូចខុសប្រក្រតី និងជួយឱ្យពិសាបាយបាន។

    . ផ្លែស្ដៅចាស់ យកមកធ្វើជាថ្នាំទម្លាក់សត្វល្អិត ព្យាបាលអាការរាលមួលមានសម្បោរឈាម ជាថ្នាំបញ្ចុះលាមក និងព្យាបាលរោគបេះដូងលោតខុសប្រក្រតី។

    . ជ័រស្ដៅ ជួយពន្លត់ពិសកម្ដៅ ដកពិសគ្រុនក្ដៅ។

    យ៉ាងណាក៏ដោយ ទោះជាស្ដៅមានគុណប្រយោជន៍ច្រើនក៏ដោយ តែក៏មិនមែនជាឱសថទិព្វគ្រប់គ្រងចក្កវាឡដែលអាចព្យាបាលរោគផ្សេងៗឱ្យជាដាច់ស្រឡះបានទាំងអស់ដែរ បើសិនជាសាកល្បងពិសាហើយ អាការផ្សេងៗទាំងនោះនៅតែមិនបានធូរស្រាលឡើងនោះ គួរប្រញាប់រូតរះទៅជួបគ្រូពេទ្យប្រសើរជាង និងបើជាស្រ្តីមានគភ៌ ឬមានជំងឺប្រចាំកាយ ដូចជាជំងឺឡើងឈាម រោគក្រពះផងនោះ គួរប្រឹក្សាគ្រូពេទ្យមុនទទួលទានថ្នាំស្ដៅ ដើម្បីកុំឱ្យអាការរបស់ជំងឺកាន់តែអាក្រក់ទៅ៕

  • វិធី 3 យ៉ាងជួយឱ្យកូនខ្ពស់ឡើង ទោះជាឪពុកម្ដាយទាបក៏ដោយ…

    វិធី 3 យ៉ាងជួយឱ្យកូនខ្ពស់ឡើង ទោះជាឪពុកម្ដាយទាបក៏ដោយ…

    ឪពុកម្ដាយជាច្រើនចង់ឱ្យកូនមានរូបរាងខ្ពស់ តែគួរចាប់ផ្ដើមយ៉ាងណាស្រួលទៅ? ចង់ឱ្យកូនខ្ពស់ តែឪពុកម្ដាយមិនខ្ពស់ តើត្រូវធ្វើយ៉ាងណា?។

    មុនដំបូង យើងនាំគ្នាមកយល់ដឹងជាមុនសិនថា កម្ពស់របស់កូននេះវាអាស្រ័យលើពូជអម្បូរជាបច្ច័យសំខាន់ តែនឹងខ្ពស់បានប៉ុន្មាននោះ មានហ្ស៊ែនជាច្រើនគូដែលនឹងហុចផលជាមួយគ្នា ដូច្នេះ មិនមែនថា បើទាំងឪពុកទាំងម្ដាយទាប កូនច្បាស់ជាមិនខ្ពស់ ហើយក៏មិនមែនថា ទាំងឪពុកទាំងម្ដាយសុទ្ធតែខ្ពស់ នឹងធ្វើឱ្យកូនរបស់អ្នកខ្ពស់ខ្លាំងដូចគ្នានោះទេ!។

    ចង់ឱ្យកូនខ្ពស់ ធ្វើយ៉ាងណា?

    ដូចដែលបានរៀបរាប់រួចមកហើយថា កម្ពស់របស់កូនអស្រ័យលើពូជអម្បូរ និងហ្ស៊ែនរបស់ឪពុកម្ដាយជាបច្ច័យចម្បង តែក៏មានបច្ច័យបន្ថែមផ្សេងៗទៀតដែលនឹងជួយក្នុងការបង្កើនកម្ពស់របស់កូនបានដែរ ដោយធ្វើតាមវិធីដូចតទៅនេះ ៈ

    1 . ញ៉ាំអាហារឱ្យត្រូវ កុំភ្លេចកាល់ស្យូម

    ភោជនាហារដែលល្អ មានចំណែកជួយឱ្យកូនលូតកម្ពស់ឡើងបាន លោកឪពុកអ្នកម្ដាយគួរឱ្យកូនបានញ៉ាំអាហារដែលមានប្រយោជន៍ និងចាំបាច់សម្រាប់ក្មេង ទាំងសារធាតុរ៉ែ វីតាមីន កាបូហាយដ្រេត និងខ្លាញ់ និងដែលសំខាន់នោះគឺ កុំភ្លេចញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ផង។ ក្រៅពីអាហារដែលមានប្រយោជន៍ និងបានញ៉ាំទឹកគ្រប់គ្រាន់ហើយ ទឹកដោះគោ ឬអាហារដែលមានកាល់ស្យូមខ្ពស់ក៏នឹងធ្វើឱ្យឆ្អឹងរឹងមាំឡើងដែរ ព្រោះកាលស្យូមមានភាពសំខាន់ដល់ការរីកចម្រើនធំធាត់របស់ក្មេងខ្លាំងណាស់ ដោយស្ថាប័នសុខភាពជាតិរបស់សហរដ្ឋអាមេរិកបានផ្ដល់ព័ត៌មានថា កុមារអាយុ 1 – 3 ឆ្នាំ គួរបានទទួលកាល់ស្យូម 700 មីល្លីក្រាមក្នុងមួយថ្ងៃ ចំណែកកុមារអាយុ 4 – 8 ឆ្នាំ គួរបានទទួលកាល់ស្យូម 1,000 មីល្លីក្រាមក្នុងមួយថ្ងៃ និងនៅពេលអាយុ 9 -18 ឆ្នាំ គួរបានទទួលកាល់ស្យូម 1,300 មីល្លីក្រាមក្នុងមួយថ្ងៃ។

    2 . គេងឱ្យគ្រប់គ្រាន់ និងទៀងពេល

    បើចង់ឱ្យកូនខ្ពស់ ត្រូវព្យាយាមឱ្យកូនគេងលក់បានយ៉ាងគ្រប់គ្រាន់ ព្រោះពេលដែលកំពុងគេងលក់នោះ ជាពេលវេលាដែលអ័រម៉ូនការចម្រើនធំធាត់កំពុងធ្វើការ។ សម្រាប់ក្មេងតូច គួរគេងលក់ឱ្យបាន 10 – 13 ម៉ោងក្នុងមួយយប់ អ្វីដែលសំខាន់គឺ បើចង់ឱ្យកូនខ្ពស់ និងមានសុខភាពល្អ គួរឱ្យកូនចូលគេង និងភ្ញាក់ឱ្យទៀងពេលរៀងរាល់ថ្ងៃផង ទោះជាថ្ងៃឈប់សៅរ៍ – អាទិត្យក៏ដោយ។

    3 . ឱ្យកូនហាត់ប្រាណ

    បើចង់ឱ្យកូនខ្ពស់ លោកឪពុកអ្នកម្ដាយគួរឱ្យកូនមានពេលវេលាសម្រាប់ហាត់ប្រាណប្រមាណជា 60នាទីក្នុងមួយថ្ងៃផង ព្រោះការហាត់ប្រាណមិនមែនជួយត្រឹមតែរឿកម្ពស់ និងការចម្រើនធំធាត់ប៉ុណ្ណោះទេ តែនៅជួយការពារមិនឱ្យកើតរោគធាត់ចំពោះកូនក្មេងបានទៀតផង ឬបើសិនជាមិនសូវមានពេលវេលាប៉ុន្មាន ក៏បបួលកូនកម្រើកដៃកម្រើកជើងបន្តិចបន្តួចក៏ល្អដែរ ដូចជា បបួលគ្នាទៅដើរលេង ឬដើរទៅទិញទំនិញនៅផ្សារក៏បាន។

    ចង់ឱ្យកូនខ្ពស់ ធ្វើយ៉ាងណាស្រួល?

    បើរកឃើញថា កូនមានភាពខុសប្រក្រតីរឿងកម្ពស់ ចូរប្រញាប់ទៅរកលោកគ្រូពេទ្យ។ បើសិនកូនរបស់លោកអ្នកមានភាពខុសប្រក្រតីមែនទែន ដូចជា ទាបជាងមធ្យមភាគរបស់កុមារក្នុងវ័យដូចគ្នាច្រើនជ្រុលពេក ឡារ៉ែនសូមណែនាំថា លោកឪពុកអ្នកម្ដាយគួរនាំកូនទៅជួបលោកគ្រូពេទ្យជំនាញប្រសើរជាង ព្រោះរឿងនោះអាចមានន័យពីភាពខុសប្រក្រតីរបស់រាងកាយបាន។

    យ៉ាងណាក៏ដោយ អ្វីដែលលោកឪពុកអ្នកម្ដាយគួរយកចិត្តទុកដាក់ និងបង្ហាត់បង្រៀនកូនខ្លាំងបំផុតនោះគឺ ឱ្យគេជឿជាក់លើខ្លួនឯងប្រសើរជាង ទោះជារូបរាងរបស់គេទាប ឬខ្ពស់ក៏ដោយ និងដែលសំខាន់នោះគឺ កុំសង្កត់ធ្ងន់តែលើរឿងកម្ពស់តែម្យ៉ាង គួរសង្កត់ធ្ងន់លើរឿងសុខភាពរឹងមាំផងទើបជាការប្រសើបំផុត៕

  • វិធីបោកសម្អាតខ្នើយ ៈ តើត្រូវបោកយ៉ាងណាឱ្យឡើងសស្អាតដូចថ្មី?

    វិធីបោកសម្អាតខ្នើយ ៈ តើត្រូវបោកយ៉ាងណាឱ្យឡើងសស្អាតដូចថ្មី?

    ខ្នើយកើយ គឺជាវត្ថុមួយដែលបងៗស្រ្តីមេផ្ទះ និងសមាជិកក្នុងគ្រួសារត្រូវតែប្រើប្រាស់រៀងរាល់ថ្ងៃ និងអ្វីដែលសំខាន់នោះគឺខ្នើយត្រូវប៉ះនឹងផ្ទៃមុខរបស់យើងគ្រប់ពេលដែលយើងគេងសម្រាក ដូច្នេះហើយទើបយើងចាំបាច់ខ្លាំងណាស់ត្រូវតែឧស្សាហ៍បោកគក់សម្អាតឱ្យបានញឹកញាប់ ដើម្បីការពារវត្ថុកខ្វក់ផ្សេងៗទាំងនោះមិនឱ្យមកប៉ះដល់រាងកាយរបស់យើងបាន។ ការបោកសម្អាតខ្នើយកើយ និងខ្នើយគងគឺជារឿងសំខាន់មួយ តែសម្រាប់វិធីការថែទាំក៏មានភាពសំខាន់មិនចាញ់គ្នាប៉ុន្មានដែរ។ ខាងក្រោមនេះគឺជាវិធីបោកសម្អាតខ្នើយតាមបែបផ្សេងដែលបងៗស្រ្តីមេផ្ទះគួរតែយល់ដឹងដើម្បីភាពស្អាតមានអនាម័យ និងសុខភាពល្អរបស់សមាជិកគ្រួសារ និងខ្លួនឯងផ្ទាល់។

    – ការបោកសម្អាតខ្នើយថ្មី

    សម្រាប់ខ្នើយដែលទើបតែទិញមកថ្មីៗ ចាំបាច់ណាស់ត្រូវតែបោកសម្អាតជាមុនសិន មុននឹងយកមកប្រើ ដោយវិធីការបោកគក់ក៏អាចធ្វើឡើងដោយការប្រើម៉ាស៊ីនបោកគក់បានដែរ។ ដោយមុនដំបូងចូរយកម្សៅសាប៊ូប្រមាណជា 1 កូនពែង លាយជាមួយទឹកថ្នាំដាក់ឱ្យស 1/2កូនពែង និងម្សៅបេកគីងសូដា 1/2កូនពែង ដាក់ត្រាំនៅក្នុងទឹកក្ដៅរយៈពេល 20នាទី រួចហើយសឹមយកទៅដាក់ចូលក្នុងម៉ាស៊ីនបោកគក់ដើម្បីបោកតាមធម្មតា រួចហើយទើបយកទៅដាក់ហាលឱ្យស្ងួត។

    – ការបោកសម្អាតខ្នើយធ្វើពីអេប៉ុង

    គឺជាខ្នើយដែលមនុស្សជាច្រើនជ្រើសរើសប្រើ តែរឿងដែលសំខាន់នោះគឺ ដោយសារតែវាមិនអាចបោកសម្អាតដោយម៉ាស៊ីនបោកគក់បាន ដូច្នេះហើយទើបត្រូវបោកសម្អាតដោយការដោះស្រោមចេញមកបោកដោយឡែក និងសម្រាប់អេប៉ុងវិញអាចធ្វើការសម្អាតដោយការប្រើម៉ាស៊ីនបូមធូលីចេញ និងបន្ទាប់ពីនោះអាចប្រើផលិតផលកម្ចាត់ស្នាមប្រឡាក់ វែនីស ដើម្បីកម្ចាត់ស្នាមប្រឡាក់ផ្សេងៗ ហើយសឹមលាងចេញដោយទឹកស្អាត និងជូតផ្ដិតដោយកន្សែងពោះគោ រួចហើយទើបយកទៅដាក់ហាលថ្ងៃឱ្យស្ងួត។

    – ការបោកសម្អាតខ្នើយដែលប្រឡាក់ញើសឡើងពណ៌លឿង

    សម្រាប់ខ្នើយដែលប្រឡាក់ឡើងពណ៌លឿងនេះគឺជារឿងធំណាស់ តែក៏អាចចាត់ការបញ្ហានេះបានយ៉ាងងាយដែរ ដោយការយកខ្នើយនោះទៅដាក់ត្រាំនៅក្នុងទឹកក្ដៅ រួមទាំងដាក់ម្សៅសាប៊ូ 1ពែង ទឹកសាប៊ូលាងចានមួយពែង ម្សៅបូរែកស៍(អាចរកទិញបាននៅក្នុងហាងផ្សារទំនើប)1/2ពែង ត្រាំទុកចោល 30នាទី រួចហើយទើបបោកគក់នឹងដៃតាមធម្មតា ឬដាក់បោកក្នុងម៉ាស៊ីនរហូតដល់ស្នាមលឿងៗទាំងនោះរលាយបាត់អស់។

    – ការបោកសម្អាតខ្នើយដែលដុះផ្សិត

    ខ្នើយដែលកខ្វក់ឡើ់ងដុះផ្សិត គឺជារឿងធំមួយទៀតដែលចាំបាច់យ៉ាងខ្លាំងត្រូវតែយកចិត្តទុកដាក់ តែក៏អាចធ្វើការបោកសម្អាតបានដោយងាយដែរ ដោយចាប់ផ្ដើមពីការយកខ្នើយនោះមកដាក់ត្រាំនៅក្នុងទឹកក្ដៅ ហើយបន្ថែមទឹកថ្នាំ ហាយដ្រូជេន ភើរ៍អុកសាយដ៍(Hydrogen Peroxide) 1ពែង បន្ទាប់មកដាក់ទឹកសាជូរចូលទៅ 1/2ពែង រួចត្រាំទុកចោល។ បន្ទាប់ពីនោះមកទើបបន្ថែមម្សៅបេកគីងសូដា និងបន្ថែមទឹកសាជូរចូលទៅទៀត រួចហើយសឹមបន្តក់ទឹកប្រេងក្រអូបចូលទៅបន្តិច។ បន្ទាប់ពីកម្ចាត់មេរោគផ្សិតរួចហើយ ទើបយកទៅបោកសម្អាតតាមប្រក្រតី។

    ចំណេះដឹងបន្ថែម

    បងៗស្រីមេផ្ទះជាច្រើនតែងនឹកឆ្ងល់ថា ក្នុងការបោកសម្អាតក្រណាត់ផ្សេងៗ ហេតុអ្វីចាំបាច់ត្រូវកំណត់សីតុណ្ហភាពទឹក(ទឹកក្ដៅ)? ព្រោះថា ការបោកគក់ខោអាវ ឬក្រណាត់ផ្សេងៗដោយប្រើទឹកដែលមានសីតុណ្ហភាព 40 អង្សានោះគឺ ដោយសារតែទឹកក្ដៅមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគផ្សេងៗ រួមទាំងអាចកម្ចាត់ស្នាមប្រឡាក់ផ្សេងៗបានយ៉ាងល្អ ដែលនឹងធ្វើឱ្យយើងកាន់តែងាយបោកគក់សម្អាតបានកាន់តែស្អាតឡើងហ្នឹងឯង៕

  • 7 វិធីជួយសង្រ្គោះឱ្យរួចផុតពីការឆក់ខ្សែភ្លើង

    7 វិធីជួយសង្រ្គោះឱ្យរួចផុតពីការឆក់ខ្សែភ្លើង

    ស្មេរបានអានព័ត៌មានមួយនៅក្នុងសារព័ត៌មានបរទេសដែលនិយាយអំពីកូនប្រុសអាយុ 5ឆ្នាំម្នាក់បានជួយម្ដាយរបស់ខ្លួនដែលត្រូវខ្សែភ្លើងឆក់ឱ្យរួចរស់ជីវិតឡើងវិញដោយការ “ធាក់” ព្រោះធ្លាប់ឃើញនៅក្នុងខ្សែភាពយន្តឯកសារនៅក្នុងទូរទស្សន៍។ អានចប់ហើយ ស្មេរមានអារម្មណ៍រំភើបចិត្ត និងនឹកស្ងើចសរសើរក្នុងចិត្តដែលក្មេងប្រុសតូចមួយមានចំណេះដឹងក្នុងរឿងការជួយសង្រ្គោះមនុស្សពីការឆក់ខ្សែភ្លើងបាន តែការធាក់ខ្លាំងៗនេះជាវិធីដែលត្រឹមត្រូវឬទេ? ឬមានវិធីផ្សេងទៀតដែលអាចជួយសង្រ្គោះអ្នកដែលត្រូវខ្សែភ្លើងឆក់បានដូចគ្នាដែរ? ដូច្នេះសូមនាំគ្នាតាមដានជាបន្ត។

    វិធីជួយសង្រ្គោះពីការ “ឆក់ខ្សែភ្លើង”

    ក្នុងករណីខ្លួនឯងត្រូវខ្សែភ្លើងឆក់

    1 . តាំងស្មារតី ប្រមូលកម្លាំងទាំងអស់ដែលមាន កញ្ឆក់ដៃ ជើង ឬអវយវៈណាដែលប៉ះនឹងវត្ថុដែលធ្វើឱ្យកើតការឆក់ចរន្តអគ្គិសនីចេញពីត្រង់នោះឱ្យបានខ្លាំងបំផុត តែបើមិនបានសម្រេច ចូរស្រែកហៅឱ្យគេជួយយ៉ាងខ្លាំងៗផុតសំឡេង។

    2 . កុំឱ្យអ្នកដែលចូលមកជួយប៉ះនឹងរាងកាយរបស់អ្នកដោយផ្ទាល់ជាដាច់ខាត ដូចជាចាប់ដៃ ឬចាប់ជើង មិនបានជាដាច់ខាត។

    3 . បើសិនជាសម្លឹងរកមើលវត្ថុអ្វីដែលមិនចម្លងចរន្តអគ្គិសនីបាន ដូចជា ឈើ ក្រណាត់ ជ័រប្លាស្ទិក ចូរស្រែកប្រាប់អ្នកដទៃឱ្យយកវត្ថុនោះមកជួយកៀរ ឆ្កឹះ ឬកៀសខ្សែភ្លើងដែលចម្លងចរន្តអគ្គិសនីនោះចេញ ឬឱ្យគេយកក្រណាត់មកទាក់ចង្កេះយើង រួចទាញកញ្ឆក់ចេញពីត្រង់នោះមកឱ្យបាន។

    4 . បើមានអ្នកមកជួយហើយ តែមិនអាចធ្វើអ្វីបាន ចូរប្រាប់ឱ្យគេរកមើលបារ៉ែតភ្លើង ឬឌីហ្សង់ទ័រមេភ្លើងដើម្បីកាច់បិទចរន្តអគ្គិសនី។

    ក្នុងករណីចូលទៅជួយអ្នកដែលត្រូវចរន្តអគ្គសនីឆក់

    1 . កុំរហន់ចូលទៅជួយដោយការចាប់ប៉ះផ្នែកណាមួយនៃរាងកាយរបស់ជនរងគ្រោះដោយត្រង់ ចូររក្សាចម្ងាយឱ្យឆ្ងាយពីជនរងគ្រោះបន្តិច សង្កេតមើលឱ្យច្បាស់ថាដើមហេតុរបស់ចរន្តអគ្គិសនីដែលបណ្ដាលឱ្យឆក់ជនរងគ្រោះនោះចេញមកពីត្រង់ណា ហើយនៅឱ្យឆ្ងាយពីត្រង់នោះសិន។

    2 . បើសិននៅក្នុងផ្ទះ មិនបានពាក់ស្បែកជើង ចូរត់ទៅរកស្បែកជើងមកពាក់ជាមុនសិន កុំឱ្យជើងប៉ះនឹងដី ឬកម្រាលឥដ្ឋ។ បើគ្មានស្បែកជើង ចូរឈរនៅលើផ្ទាំងក្រណាត់ក្រាស់ៗ គំនរសៀវភៅ ឡាំងឈើ ឬឡាំងក្រដាសក៏បាន។

    3 . សម្លឹងរកមើលវត្ថុដែលមិនចម្លងចរន្តអគ្គិសនី ដូចជា ឈើ ក្រណាត់ ក្រដាសរឹង ខ្សែទុយោ ស្រោមដៃក្រាស់ៗ ខ្សែផ្សេងៗ(គ្រប់យ៉ាងត្រូវស្ងួត មិនសើមទឹក) អាចប្រើវត្ថុទាំងនោះកៀស ឬឆ្កឹះអ្វីដែលធ្វើឱ្យជនរងគ្រោះត្រូវអគ្គិសនីឆក់ចេញពីរាងកាយជនរងគ្រោះ(ដូចជា កៀសខ្សែភ្លើងចេញ ឆ្កឹះដៃ ឬជើងជនរងគ្រោះចេញពីបរិវេណដែលមានអគ្គិសនីឆក់នោះ ឬបើជនរងគ្រោះត្រូវចរន្តអគ្គិសនីឆក់ទូទាំងរាងកាយ ចូរប្រើក្រណាត់ស្ងួតរុំដៃខ្លួនឯងឱ្យក្រាស់ រួចហើយច្រាន ឬចាប៉ទាញកញ្ឆក់ខ្លួនជនរងគ្រោះចេញពីត្រង់នោះឱ្យខ្លាំង និងឆាប់រហ័ស(អ្នកជួយត្រូវពាក់ស្បែកជើងផងណា៎)។

    4 . បើសិនជាជ្រើសរើសជួយជនរងគ្រោះដោយការធាក់ ក៏អាចធ្វើបានដែរ តែបរិវេណជុំវិញជនរងគ្រោះនោះត្រូវតែជាទីធ្លាស្រឡះ។ ចូរឱ្យជនរងគ្រោះទម្លាក់ខ្លួនដេកជាមុនសិន ដើម្បីកុំឱ្យកើតមានគ្រោះថ្នាក់ផ្សេងទៀត។ មុននឹងធាក់ ត្រូវស្រែកប្រាប់ជនរងគ្រោះជាមុនសិន រួចសឹមធាក់ម្ដុំត្រគាកយ៉ាងរហ័ស និងខ្លាំងល្មមតែឱ្យរបូតផុតចេញពីទីនោះតែម្ដងក្នុងមួយជើង។ តែបើសិនជាអាចចៀសវាងបាន ចូរប្រើវិធីក្នុងចំណុចទី 3 វិញប្រសើជាង ព្រោះវិធីនេះអាចធ្វើឱ្យជនរងគ្រោះទទួលរងរបួសថែមទៀតបាន។

    5 . ក្នុងករណីដែលប្រទះឃើញអ្នកត្រូវចរន្តអគ្គិសនីឆក់ក្នុងបរិវេណដែលប្រថុយប្រថានខ្លាំងពេក ដូចជាក្នុងបន្ទប់ទឹកដែលកម្រាលឥដ្ឋសើម ចូរត់ទៅកន្លែងប្រអប់ចែកចាយភ្លើងខាងក្នុងផ្ទះ(បារ៉ែត ឬឌីហ្សង់ទ័រ) ហើយកាច់កុងតាក់បិទភ្លាម រួចសាកល្បងបើកបិទអំពូលភ្លើងសាកមើល ដើម្បីឱ្យប្រាកដក្នុងចិត្តថា ចរន្តអគ្គិសនីត្រូវបានបិទទាំងស្រុងឬនៅ? រួចសឹមរត់ទៅជួយជនរងគ្រោះ។

    6 . នៅពេលជួយជនរងគ្រោះបានហើយ គួរពិនិត្យមើលថា តើគេនៅមានស្មារតីច្រើន ឬតិចប៉ុនណា។ បើនៅមានសតិស្មារតីគ្រប៉គ្រាន់ ចូរឱ្យគេគេងសម្រាក រួចពិនិត្យមើលតាមរាងកាយរបស់គេដោយត្រួសៗថា តើមានរងរបួសត្រង់ណាធ្ងន់ធ្ងរឬទេ? ភាគច្រើន អាចមានជ្រុះសក់ មានស្នាមក្រហមជាំនៅលើដៃជើង ដងខ្លួន ខ្នង និងបើមានពាក់ខ្សែកដែលធ្វើពីប្រាក់ ស្ពាន់ ឬមាស អាចមានស្នាមឆេះនៅលើស្បែកត្រង់កន្លែងនោះ និងនៅលើបាតជើងអាចមានស្នាមខ្លោចដូចឆេះភ្លើងដូច្នោះដែរ។

    7 . បើមានរបួស តែមិនសូវជាធ្ងន់ធ្ងរពេកនោះ ចូរប្រញាប់បញ្ជូនទៅមន្ទីពេទ្យ តែបើជនរងគ្រោះបាត់បង់ស្មារតី ចូរប្រញាប់ទូរស័ព្ទហៅរថយន្តសង្រ្គោះ(ឡានពេទ្យ) ហើយក្នុងអំឡុងពេលនោះ បើជនរងគ្រោះបាត់ដង្ហើម(លែងដកដង្ហើម) ឬបេះដូងលែងដំណើរការ ចូរប្រញាប់ជួយសង្រ្គោះដោយការផ្លុំខ្យល់ចូលមាត់ដើម្បីសង្រ្គោះប្រព័ន្ធដកដង្ហើម ឬសង្កត់ដើមទ្រូងធ្វើចលនាបេះដូងជាប្រញាប់។

    អ្វីដែលត្រូវមានឱ្យច្រើនបំផុតនៅពេលនោះគឺ ស្មារតី និងចំណេះដឹងគ្រឹះក្នុងរឿងចរន្តអគ្គិសនី ដើម្បីជួយសង្រ្គោះក្នុងករណីអាសន្នបន្ទាន់បែបនេះ៕

  • ក្រុមហ៊ុនភីធីធីកម្ពុជាផ្តល់អាហារូបករណ៍300 កន្លែង ដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេង តាមរយៈវគ្គសិក្សាពីចម្ងាយ  “ទម្លាប់ល្អទាំង៧របស់យុវវ័យឆ្នើម”

    ក្រុមហ៊ុនភីធីធីកម្ពុជាផ្តល់អាហារូបករណ៍300 កន្លែង ដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេង តាមរយៈវគ្គសិក្សាពីចម្ងាយ  “ទម្លាប់ល្អទាំង៧របស់យុវវ័យឆ្នើម”

    ការអប់រំគឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់សង្គមកម្ពុជា ព្រោះយើងជាប្រទេសដែលសំបូរទៅ ដោយប្រជាជនសកម្ម ដែលទាមទារឱ្យមានការបណ្តុះបណ្តាលឱ្យបានល្អដើម្បីបង្កើនផលិតភាពការងារឱ្យ កាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់។

    ឆ្លើយតបជាមួយនឹងបញ្ហានេះ និងអបអរខួបលើកទី25ឆ្នាំរបស់ខ្លួន ​ក្រុមហ៊ុនភីធីធីខេមបូឌា(PTT Cambodia) ប្រកាសផ្តល់អាហារូបករណ៍​ចំនួន 300 កន្លែងសម្រាប់យុវជនកម្ពុជាចន្លោះអាយុចាប់ពី14ឆ្នាំ ដល់18ឆ្នាំ ដើម្បីសិក្សាវគ្គ “ទម្លាប់ល្អទាំង 7 នៃយុវវ័យឆ្នើម” តាមរយៈប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី1 ខែតុលា ឆ្នាំ2020ខាងមុខនេះ។

    ​លោក Songpon Thepnumsommanus នាយកគ្រប់គ្រង នៃក្រុមហ៊ុនភីធីធីខេមបូឌា (PTT Cambodia) បានលើកឡើងថា គោលបំណងសំខាន់របស់ក្រុមហ៊ុនដែលនាំទៅដល់ការសម្រេចចិត្ត ក្នុងការផ្តល់អាហាររូបករណ៍ ដល់យុវជនកម្ពុជា គឺដើម្បីគាំទ្រយុវជន និងអាណាព្យាបាលរបស់ពួកគេ ក្នុងអំឡុងពេលនៃការរាតត្បាតមេរោគCovid-19។ យុវជនអាចអភិវឌ្ឍនូវជំនាញរបស់ពួកគេបាន សូម្បីតែក្នុងពេលដែលសាលាមិនទាន់ដំណើរការពេញលេញក៏ដោយ។ ពួកគេអាចសិក្សារៀនសូត្រ តាមមធ្យោបាយសាមញ្ញថ្មីមួយ ដោយការសិក្សាពីចម្ងាយ។ ដូច្នេះហើយ យើងក៏បានដំណើរការគម្រោងកម្មវិធីសិក្សាពីចម្ងាយមួយឈ្មោះថា ” OR Seeding the Future Online Learning” ដោយផ្អែកទៅលើ កម្មវិធីសិក្សាឈ្មោះថា “ទម្លាប់ល្អទាំង 7 របស់យុវវ័យឆ្នើម” ដោយមានការសហការគ្នាជាមួយក្រុមហ៊ុន ហ្វ្រែងគ្លីន ខូវី អេឌ្យូខេសិន កម្ពុជា (Franklin Covey Education Cambodia)។

    លោកបានបន្តទៀតថា នៅឆ្នាំ 2020 វាជាខួប 25 ឆ្នាំរបស់ក្រុមហ៊ុន (PTT Cambodia) នៅកម្ពុជាដែល យើងបានធ្វើអាជីវកម្មសម្រាប់ប្រជាជនកម្ពុជា និងចូលរួមវិភាគទានដល់សង្គមកម្ពុជា។ ជាពិសេសគាំទ្រដល់យុវជនជំនាន់ក្រោយ ដែលជាអនាគតដ៏អស្ចារ្យរបស់យើងក្នុងការអភិវឌ្ឍប្រទេសឱ្យមានកំណើនប្រកបដោយចីរភាព។ លើសពីនេះទៅទៀត យើងនឹងបន្តជួយគាំទ្រនិងផ្តល់ឱកាសដល់យុវជនបានសិក្សា និងអនុវត្តជំនាញភាពជាអ្នកដឹកនាំ ដើម្បីភាពជោគជ័យក្នុងជីវិតរបស់ពួកគេ។

    ឧកញ៉ា ប៉ិច បូឡែន នាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្វ្រែងគ្លីន ខូវី អេឌ្យូខេសិន កម្ពុជា  បានមាន ប្រសាសន៍ថា ​តាមរយៈវគ្គសិក្សានេះយុវជនកម្ពុជារបស់យើងនឹងទទួលបានចំណេះដឹងជាច្រើនសម្រាប់ អភិវឌ្ឍជីវិតរបស់ខ្លួនដូចជា អាចគ្រប់គ្រងខ្លួនឯងបានល្អ មានទំនាក់ទំនង កាន់តែប្រសើរជាមួយ មិត្តភក្តិ និងមានសមត្ថភាពបង្កើតការសម្រេចចិត្តបានកាន់តែប្រសើរ ។

    លោកឧកញ៉ាបានបន្ថែមទៀតថា លើសពីនេះទៅទៀត ពួកគេក៏អាច​នឹងមានទំនាក់ទំនងកាន់តែល្អ ជាមួយឪពុកម្តាយ អាចយកឈ្នះលើភាពញៀន​នឹងអ្វីមួយ និងបញ្ហាផ្សេងៗទៀត។ ពួកគេក៏អាចបង្កើន ទំនុកចិត្ត​លើខ្លួនឯង មានភាពរីករាយច្រើនជាងមុនក្នុងជីវិត និងមានតុល្យភាពរវាងការសិក្សា ការងារ មិត្តភក្តិ និងបញ្ហាដទៃទៀត។ យុវជនទាំងអស់ក៏អាចនឹងស្គាល់តម្លៃខ្លួនឯង និងដឹងពីចំណុចអាទិភាពក្នុងជីវិតរបស់គេផងដែរតាមរយៈវគ្គសិក្សាទម្លាប់ទាំង 7 នៃយុវវ័យឆ្នើមនេះ។

    សូមជម្រាបថា លោកអ្នកអាចស្វែងយល់ព័ត៌មានបន្ថែម និងចុះឈ្មោះតាមទំព័រហ្វេកប៊ុក https://www.facebook.com/ORSeedingTheFuture/?epa=SEARCH_BOX ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕

  • ការស្ទាបរកទីតាំងរបស់កូន ត្រង់ណាក្បាល ត្រង់ណាជើង អាចធ្វើបានតាមខាងក្រោមនេះ

    ការស្ទាបរកទីតាំងរបស់កូន ត្រង់ណាក្បាល ត្រង់ណាជើង អាចធ្វើបានតាមខាងក្រោមនេះ

    តើធ្វើម៉េចនឹងដឹងបានថា តើកូននៅក្នុងពោះស្ថិតក្នុងទីតាំងណា? ទីតាំងរបស់កូននៅក្នុងពោះមានភាពសំខាន់យ៉ាងណា? និងតើគួរចាប់ផ្ដើមស្ទាបមើលទីតាំងកូនតូចនៅពេលណា?។ ស្រ្តីជាម្ដាយម្នាក់ៗសុទ្ធតែចង់ដឹងថា តើកូនស្ថិតនៅត្រង់ណាក្នុងពោះរបស់ខ្លួន ព្រោះទីតាំងរបស់កូនតូចនៅក្នុងផ្ទៃ ក៏សំខាន់ខ្លាំងណាស់ដែរ ដូច្នេះយើងនាំគ្នាមកមើលថា តើវិធីស្ទាបក្បាលពោះរកមើលទីតាំងរបស់កូនតូចបែបងាយៗគេធ្វើបែបណាដូចតទៅ។

    ទីតាំងរបស់កូនតូចនៅក្នុងពោះសំខាន់យ៉ាងណា?

    គ្រូពេទ្យជំនាញខាងសម្រាលកូនជឿថា ទីតាំងដែលទារកបែរក្បាលចុះនោះ ជាទីតាំងដែលស័ក្តិសមបំផុតសម្រាប់ការប្រសូត រឹតតែផ្ទៃមុខរបស់ទារកស្របគ្នាជាមួយនឹងបន្ទាត់ឆ្អឹងកងខ្នងផងនោះរឹតតែប្រសើរទៅទៀត។ ការស្ទាបរកមើលទីតាំងរបស់កូនតូចនៅក្នុងពោះនេះ ជាវិធីមួយទៀតដែលនឹងជួយគ្រូពេទ្យក្នុងការសម្រេចចិត្តជ្រើសរើសវិធីប្រសូតដែលមានសុវត្ថិភាពបំផុត ដោយការរដែលដឹងថា ទារកនៅក្នុងគភ៌ស្ថិតនៅផ្នែកត្រង់ណា ទីតាំងណា គឺជាការជួយឱ្យគ្រូពេទ្យរៀបផែនការប្រសូតបានកាន់តែងាយស្រួលឡើង។

    ស្រ្តីមានគភ៌ជាច្រើននាក់ខំហាត់ប្រាណដើម្បីឱ្យងាយស្រួលប្រសូត ដូចជា ខ្ជឹបរន្ធស្បូន និងធ្វើលំហាត់ប្រាណឆ្អឹងត្រគាក ជាដើម តែបើចង់ឱ្យរឹតតែប្រសើរជាងនោះទៀត បើស្រ្តីមានគភ៌បានដឹងពីទីតាំងរបស់កូនតូចក្នុងផ្ទៃខ្លួនផងនោះ វានឹងជាការជួយឱ្យស្រ្តីមានគភ៌ជ្រើសរើសការធ្វើលំហាត់ប្រាណបានត្រឹមត្រូវ និងស័ក្តិសមរឹតតែល្អប្រសើរឡើងទៅទៀត។

    គួរចាប់ផ្ដើមស្ទាបរកទីតាំងកូនតូចនៅពេលណា?

    ស្រ្តីមានគភ៌អាចចាប់ផ្ដើមស្ទាបពោះរកមើលទីតាំងរបស់កូនបានចាប់តាំងពីអាយុគភ៌បាន 6 ខែឡើងទៅ ដែលក្នុងរយៈពេលនេះកូននៅក្នុងផ្ទៃច្រើនតែស្ថិតនៅទីតាំងដដែល មិនសូវជាកម្រើកប្ដូរទីតាំងទៅណារហូតទាល់តែដល់ថ្ងៃប្រសូត។

    មានជាច្រើនដងណាស់ដែលក្នុងអំឡុងពេលប្រសូត ចង្ការបស់ទារកអាចនឹងជាប់បរិវេណរន្ធស្បូន រហូតគ្រូពេទ្យត្រូវព្យាយាមជួយផ្អៀងខ្លួនទារកដើម្បីឱ្យប្រសូតបាន ដូច្នេះ បើសិនជាស្រ្តីជាម្ដាយដឹងជាមុនថា កូនតូចក្នុងពោះស្ថិតក្នុងទីតាំងណា នៅត្រង់ណាក្នុងផ្ទៃ ក៏នឹងអាចជាការជួយការពារ ឬចៀសវាងពីគ្រោះថ្នាក់ចៃដន្យណាមួយដែលអាចកើតឡើងក្នុងអំឡុងពេលប្រសូតបានដែរ។

    ការស្ទាបពោះរកទីតាំងរបស់កូនតូច គួរចាប់ផ្ដើមនៅពេលណា?

    ការស្ទាបពោះរកទីីតាំងកូនអាចនឹងស្ដាប់មើលទៅហាក់ដូចជារឿងពិបាកបន្តិច តែការពិតវិញ ការស្ទាបក្បាលពោះរកទីតាំងកូននេះមិនបានពិបាកដូចយើងគិតនោះទេ ដោយស្រ្តីមានគភ៌អាចធ្វើតាមវិធីងាយៗដូចតទៅនេះ ៈ

    1 . យកប៊ិចមកគូររង្វង់ជុំវិញក្បាលពោះ បន្ទាប់មកបែងចែកជា 4 ចំណែកស្មើៗគ្នា។

    2 . ចាប់ផ្ដើមរកក្បាលរបស់ទារកក្នុងគភ៌ដោយការស្ទាបថ្នមៗ បើអ្នកម្ដាយស្ទាបហើយមានអារម្មណ៍ដឹងពីដុំអ្វីម្យ៉ាងមូលៗ ចូរសន្និដ្ឋានទុកមុនចុះថា នោះគឺជាក្បាលរបស់កូនសម្លាញ់ហើយ បន្ទាប់ពីនោះចូរយកប៊ិចគូរជារង្វង់លើកន្លែងទីតាំងក្បាលរបស់កូនទុក។

    3 . បន្តមកទៀត ចូរសាកល្បងស្ទាបរកមើលដៃរបស់កូន ដែលបើសិនជាអ្នកម្ដាយស្ទាបហើយមានអារម្មណ៍ថាដូចបានប៉ះខ្សែអ្វីម្យ៉ាងតូចៗ ចូរសន្និដ្ឋានទុកចុះថា នោះគឺជាដៃរបស់កូន ហើយបន្ទាប់ពីនោះចូរយកប៊ិចគូរជារង្វង់កន្លែងទីតាំងដៃរបស់កូនទុក។

    4 . ចាប់ផ្ដើមស្ទាបរកបេះដូងរបស់កូនតូច ដែលអាចនឹងពិបាកបន្តិច។ អ្នកម្ដាយជាច្រើនអាចនឹងស្ទាបរកមិនឃើញ ដូច្នេះអាចសាកល្បងឱ្យគ្រូពេទ្យជួយរកមើលឱ្យក៏បាន។

    5 . បើសិនជាស្ទាបហើយមានអារម្មណ៍ដឹងពីដុំអ្វីម្យ៉ាងមូលៗ ក្រៅពីសន្និដ្ឋានថា នោះគឺជាក្បាលរបស់កូនតូចហើយ វាក៏អាចទៅរួចដែរថា នោះគឺជាគូទរបស់កូន។ តែទោះជាគូទអាចស្រដៀងនឹងក្បាលរបស់កូនមែន តែអ្នកម្ដាយអាចបែងចែកបាន ដោយសារតែគូទរបស់កូននឹងនៅជិតទីតាំងដែលអ្នកម្ដាយមានអារម្មណ៍ដឹងថា កូនធាក់។

    6 . ពេលស្រ្តីមានគភ៌បានដឹងពីទីតាំងរបស់កូនដោយត្រួសៗហើយ សាកល្បងយកតុក្កតាតូចមួយមកដាក់ឱ្យចំទីតាំងដែលមានស្នាមគូរដៅទុកនៅលើក្បាលពោះទាំងនោះ អ្នកម្ដាយក៏នឹងបានឃើញជារូបភាពថា កូនស្ថិតនៅត្រង់ណាក្នុងពោះម្ដាយបានកាន់តែច្បាស់ឡើង៕

  • Yannick ផ្លាស់ពីក្លិបចិន មក Atlético Madrid វិញ ជាផ្លូវការហើយ

    Yannick ផ្លាស់ពីក្លិបចិន មក Atlético Madrid វិញ ជាផ្លូវការហើយ

    Atlético Madrid បានប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​បាន​ទិញយក​កីឡាករ​ខ្សែបម្រើ​ស្លាប Yannick Ferreira Carrasco ពី​ក្លិប Dalian Professional មកវិញ ក្នុងតម្លៃ 22.5លាន​ដុល្លារ បន្ទាប់ពី​ឱ្យ​ខ្លួន​បាន​លក់​កីឡាករ​រូបនេះ​ទៅឱ្យ​ក្លិប​របស់​ចិន​ខាងលើ អស់ 1រដូវ​កាល​រួចមក។

    ការផ្ទេរ​មក Atlético Madrid វិញ​របស់​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក វ័យ 27ឆ្នាំ​រូបនេះ គឺជា​ការ​ត្រឡប់​មកកាន់​ក្លិប​ចាស់ ដែល​រូបគេ​ធ្លាប់បាន​លេង​ឱ្យ​កាលពី​ពេលមុន។ កីឡាករ​រូបនេះ នៅ​ជាមួយ​ក្លិប​នេះ ចាប់តាំងពី​ឆ្នាំ2015 ដល់2018 លុះដល់​ឆ្នាំ2019 Carrasco ត្រូវបាន Atlético Madrid លក់​ឱ្យទៅ​ក្លិប Dalian Professional របស់​ចិន ក្នុងតម្លៃ 40លាន​អឺរ៉ូ ហើយ​រូបគេ​បានបង្ហាញ​ថ្វី​ជើងបាន​យ៉ាង​ល្អ ដោយ​ប្រកួត​បាន 50លើក និង​រកបាន 24គ្រាប់។

    ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​រាជធានី​ម៉ា​ឌ្រី​ដ​មួយ​នេះ បាន​បន្តថា Carrasco ជា​កីឡាករ​គន្លឹះ​របស់​ក្លិប ដោយបាន​ជួយ​ឱ្យ​ក្លិប​ឈរ​នៅលើ​លេខ3 ហើយ​ធានាបាន​នូវ​កៅអី UEFA Champions League ទៀតផង៕

  • Nagasato កីឡាការិនីដំបូងគេបង្អស់លើពិភពលោក ដែលបានចុះកុងត្រា លេងឱ្យក្លិបបាល់ទាត់បុរស

    Nagasato កីឡាការិនីដំបូងគេបង្អស់លើពិភពលោក ដែលបានចុះកុងត្រា លេងឱ្យក្លិបបាល់ទាត់បុរស

    កីឡាការិនី​ជប៉ុន​ម្នាក់​ដែលមាន​ឈ្មោះថា Yuki Nagasato បានធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយបាន​ចុះ​កុងត្រា​លេង​ឱ្យ​ក្លិប​បាល់ទាត់​បុរស​អាជីព ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ពី​ក្លិប​លី​ក​កំពូល​នៅ​សហរដ្ឋអាមេរិក Chicago Red Stars។

    Nagasato ជា​សមាជិក​ក្រុម​ជម្រើសជាតិ​នារី​ជប៉ុន ដែល​បានឈ្នះ​ពាន World Cup ផ្នែក​នារី​កាលពី​ឆ្នាំ2011 ហើយ​នាង​ក៏បាន​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​ជប៉ុន ទទួលបាន​មេដាយប្រាក់​នៅ​ព្រឹត្តិការណ៍​អូឡាំពិក រាជធានី​ឡុ​ន​ដុន កាលពី​ឆ្នាំ2012 ផងដែរ៕

  • សញ្ញាគ្រោះថ្នាក់ពីអាការហើមខ្លួន ហើមជើង ក្នុងអំឡុងពេលតាំងគភ៌

    សញ្ញាគ្រោះថ្នាក់ពីអាការហើមខ្លួន ហើមជើង ក្នុងអំឡុងពេលតាំងគភ៌

    អាការហើមតាមរាងកាយគឺជារឿងដែលប្រទះឃើញជាទូទៅនៅលើស្រ្តីដែលកំពុងតាំងគភ៌ ដោយសារតែដល់ពេលអាយុគភ៌ច្រើនឡើង ទម្ងន់គភ៌ក៏នឹងច្រើនឡើងតាមលំដាប់ដែរ ធ្វើឱ្យជញ្ជាំងសរសៃឈាមផ្សេងៗចាប់ផ្ដើមពង្រីកខ្លួនតាម ធ្វើឱ្យអវយវៈដទៃទៀតចាប់ផ្ដើមពង្រីក(ហើម)ខ្លាំងឡើង តែអាការហើមតាមរាងកាយ ហើមនៅលើជើងយ៉ាងឆាប់រហ័សជ្រុលពេក ក៏អាចជាសញ្ញាគ្រោះថ្នាក់មួយដែលបញ្ជាក់អំពីសភាវគភ៌មានជាតិពុលដែរ។

    នៅពេលតាំងគភ៌ហើយ ការហើមនៅលើខ្នងជើង(មិនលើសភ្នែកគោល) នឹងចាប់ផ្ដើមកើតឡើងពេលអាយុគភ៌ច្រើនឡើង។ លក្ខណៈរបស់ស្បែកដែលហើម បើសិនជាចុចមើល នឹងឃើញថា ទ្រុឌចុះទៅ ព្រោះថា ទម្ងន់របស់គភ៌ដែលច្រើនឡើងនឹងមកសង្កត់ពីលើសរសៃឈាមខ្មៅផ្នែកខាងក្រោយដងខ្លួន ធ្វើឱ្យប្រព័ន្ធហូរវិលរបស់ឈាម(ប្រព័ន្ធឈាមរត់)ដំណើរការមិនស្រួល។ ក្រៅពីនោះ អាការហើមនេះ នៅអាចនឹងមានច្រើនឡើងមកដល់ស្មងជើង ឬអាចនឹងហើមពេញទាំងខ្លួនក៏បាន ធ្វើឱ្យមុខមាត់ប្រែប្រួលខុសពីមុន ដោយសារថ្ពាល់ឡើងហើមធំ។

    តែអាការហើមដែលខុសប្រក្រតីក៏អាចជាសញ្ញារបស់អាការគភ៌មានជាតិពុលបានដែរ ដូចជា ៈ

    1 . កើតអាការហើមឡើងយ៉ាងឆាប់រហ័ស ដូចជា ហើមមុខ ហើមខ្លួន ឬសន្លាក់ម្រាមដៃហើមរហូតដោះចិញ្ចៀនចេញលែងបានយ៉ាងឆាប់រហ័ស។

    2 . ទម្ងន់ខ្លួនកើនច្រើនឡើងយ៉ាងឆាប់រហ័ស។

    3 . មានអាការបត់ជើងតូចថយចុះ។

    4 . ឈឺក្បាលខ្លាំង ឬមានអាការភ្នែកឡើងស្រវាំង ឬមើលឃើញពន្លឺជាចំណុចៗ។

    5 . មានអារម្មណ៍ចុកណែននៅម្ដុំចុងដង្ហើម។

    បើសិនមានកើតអាការទាំងនេះ ចូរប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីពិនិត្យយ៉ាងល្អិតល្អន់ ព្រោះអាចនឹងកើតសភាវគភ៌មានជាតិពុល៕