Author: ធឿន មករា

  • អាការងងឹតមុខដួលទាំងជំហរ…គ្រោះថ្នាក់អាចដល់ស្លាប់បាន

    អាការងងឹតមុខដួលទាំងជំហរ…គ្រោះថ្នាក់អាចដល់ស្លាប់បាន

    អាការងងឹតមុខ គឺអាការដែលបាត់បង់ស្មារតីមួយភ្លែត និងអាចដួលទាំងជំហរ គឺជាការដួលបាត់បង់ស្មារតី ដែលមានតាំងពីខ្យល់គរធម្មតា រហូតទៅដល់ខ្យល់គរដួលដោយសារតែភាពខុសប្រក្រតីកម្រិតធ្ងន់ធ្ងររបស់បេះដូង។

    អាការងងឹតមុខដួលទាំងជំហរ ឬអាការខ្យល់គរបាត់ស្មារតី ជាអាការដែលជួបប្រទះញឹកញាប់ ជាសភាវដែលរាងកាយបាត់បង់ការដឹងខ្លួន និងបាត់បង់កម្លាំងរបស់សាច់ដុំមួយខណៈពេល ដែលជាផលប៉ះពាល់បណ្ដាលមកពីឈាមដែលរត់ទៅចិញ្ចឹមមែកធាងនៃប្រព័ន្ធប្រសាទខួរក្បាលថយចុះ ដែលមានបច្ច័យពាក់ព័ន្ធពីបរិមាណឈាមដែលចេញពីបេះដូង និងកម្លាំងទប់ទល់របស់សរសៃឈាមទូទាំងរាងកាយ។ អាការងងឹតមុខដួលទាំងជំហរនេះ ច្រើនតែដឹងខ្លួនប្រក្រតីឡើងវិញដោយខ្លួនឯង និងអាចកើតដដែលៗឡើងទៀតបាន។

    តាមរយៈការសិក្សាស្រាវជ្រាវនៅបរទេសបានរកឃើញថា ស្ទើរ 10% នៃអ្នកជំងឺដែលមកជួបគ្រូពេទ្យដើម្បីចូលព្យាបាល និងមានមនុស្សចាស់ជាង 50% សុទ្ធតែធ្លាប់កើតអាការងងឹតមុខដួលទាំងជំហរនេះរួចមកហើយយ៉ាងតិចក៏ 1 ដងដែរ។

    អ្នកកើតអាការងងឹតមុខដួលទាំងជំហរដែលរកមូលហេតុមិនឃើញ មានអត្រាបាត់បង់ជីវិតក្នុងឆ្នាំដំបូងដែលកើតឡើងខ្ពស់ដល់ទៅ 6% ដោយ 4% បាត់បង់ជីវិតបែបទាន់ហន់ តែបើមានមូលហេតុមកពីជំងឺបេះដូងវិញ អត្រាបាត់បង់ជីវិតក្នុងឆ្នាំដំបូងដែលកើតនោះនឹងខ្ពស់ដល់ទៅ 18 – 33% ដោយ 24% ជាការបាត់បង់ជីវិតបែបទាន់ហន់។

    សម្រាប់អ្នកដែលប្រកបអាជីព ដូចជា បុគ្គលិកបើកបររថយន្ត អ្នកបើកយន្តហោះ កម្មករសំណង់ ឬអ្នកប្រតិបត្តិការជាមួយគ្រឿងចក្រ រឹតតែមានភាពប្រថុយប្រថានខ្ពស់ក្នុងស្លាប់បាត់បង់ជីវិតបន្ទាប់ពីកើតអាការងងឹតមុខដួលទាំងជំហរនេះ។

    អាការងងឹតមុខដួលទាំងជំហរនេះអាចបែងចែកបានជា 2 ក្រុមគឺ ក្រុមដែលកើតអាការងងឹតមុខដួលទាំងជំហរដោយសារសភាវលោហិតធ្លាក់ចុះទាបមួយខណៈពេល តែមិនមែនជាជំងឺបេះដូង ឬហៅងាយៗថា អាការងងឹតមុខខ្យល់គទូទៅ ដោយសារតែរាងកាយទ្រាំទ្រជាមួយនឹងសភាពបរិស្ថានជុំវិញខ្លួនលែងបាន ដោយមានមូលហេតុមកពីភាពតានតឹងធុញថប់ សម្រាកមិនបានគ្រប់គ្រាន់ ឈរ ឬអង្គុយយូរហួសហេតុពេក។ ចំណែកមួយក្រុមទៀតគឺ អាការងងឹតមុខដួលទាំងជំហរបណ្ដាលមកពីរោគបេះដូង និងសរសៃឈាម ដូចជាអត្រាលោតរបស់បេះដូងខុសប្រក្រតី ការណែនស្ទះរបស់សរសៃឈាម ជាដើម។

    មូលហេតុរបស់ការកើតខ្យល់គស្ទើរតែបាត់ស្មារតី ឬបាត់ស្មារតីតែម្ដង មានច្រើនដូចតទៅ ៈ

    1 . សភាវភ្ញាក់ផ្អើល ឬខូចចិត្តខ្លាំងក្លា

    2 . ក្អក ឬកណ្ដាស់ខ្លាំងជ្រុលពេក

    3 . ខណៈឈរបត់ជើងតូច ឬក្រោយពេលបត់ជើងតូចរួចបន្ទាប់ពីទ្រាំមកយូរ

    4 . ហាត់ប្រាណខ្លាំងជ្រុលពេក

    5 . បន្ទាប់ពីញ៉ាំអាហារច្រើនហួសហេតុ

    6 . រលាកសរសៃប្រសាទខួរក្បាលទី 5,9

    7 . កើតជំងឺខួរក្បាលចុះខ្សោយ

    8 . ជំងឺ ផារគិនសុន (នៅលើអ្នកខ្លះដែលមានប្រព័ន្ធប្រសាទអត្តនោម័តិខុសប្រក្រតីរួមជាមួយផង)

    9 . ជំងឺទឹកនោមផ្អែម (នៅលើអ្នកជំងឺដែលសរសៃប្រសាទត្រូវបំផ្លាញដោយសារទឹកនោមផ្អែម)

    10 . ដោយសារថ្នាំប្រភេទខ្លះ ដូចជាញ៉ាំថ្នាំបញ្ចុះសម្ពាធឈាមច្រើនជ្រុលពេក

    11 . ញ៉ាំស្រាច្រើនជ្រុលពេក

    12 . ចំណុចកំណើតអគ្គិសនីរបស់បេះដូងចុះខ្សោយ

    13 . បាត់បង់ឈាមច្រើន ឬបាត់បង់ជាតិទឹកអស់ពីរាងកាយច្រើនជ្រុលពេក ដូចជារាករូសធ្ងន់ធ្ងរ ក្អួតចង្អោរខ្លាំងក្លា

    14 . សភាវបេះដូងលោតខុសចង្វាក់យ៉ាងខ្លាំងក្លា

    15 . រោគសាច់ដុំបេះដូងក្រាស់ខុសប្រក្រតី

    16 . សភាវជាតិស្ករនៅក្នុងឈាមទាប ឬខ្ពស់ជ្រុលពេក

    វិធីប្រតិបត្តិនៅពេលកំពុងតែរកកលនឹងខ្យល់គបាត់ស្មារតី ៈ នៅពេលចាប់ផ្ដើមមានអាការ ចូរប្រញាប់រកកន្លែងសម្រាក ឬចាប់តោងអ្វីមួយទប់ខ្លួនឱ្យជាប់ និងតន្រ្តំជើង ដើម្បីឱ្យឈាមរត់ឆ្ពោះទៅបេះដូងបានច្រើនឡើង។ បើនៅតែមិនបានធូរស្រាល ចូរអង្គុយចុះ ហើយបើសិនតែនៅតែទាន់មិនធូរស្រាលទៀត ចូរគេងរាបនឹងដី ដើម្បីឱ្យឈាមហូរទៅចិញ្ចឹមខួរក្បាលបានច្រើនឡើង ហើយដែលនឹងអាចការពារការកើតខ្យល់គដួលទាំងជំហរ រួមទាំងកាត់បន្ថយការកើតមានរបួសស្នាមបើសិនជាដួលបោកទៅដី ឬទៅបុក ឬប៉ះនឹងវត្ថុផ្សេងៗបានទៀតផង។

    បើកំពុងបើកបររថយន្ត គួរតែចតរថយន្តភ្លាម ហើយកាច់កៅអីទៅក្រោយឱ្យស្ថិតក្នុងឥរិយាបថគេងរាប។ បើស្ថិតនៅក្នុងរថយន្តដឹកអ្នកដំណើរ គួររកកន្លែងអង្គុយ ឬគេងនៅក្នុងរថយន្តនោះ ហើយប្រញាប់ប្រាប់អ្នកជិតខាងថា ខ្លួនកំពុងរកកលខ្យល់គងងឹតមុខដួល។ មិនគួរប្រញាប់ចុះពីរថយន្តឡើយ ព្រោះអាចនឹងដួលបាត់ស្មារតីនៅត្រង់ជណ្ដើរចុះពីរថយន្ត នាំឱ្យកើតគ្រោះថ្នាក់បាន៕

  • ឈឺថ្កាត់ពេលមានគភ៌ ត្រូវទប់ទល់យ៉ាងណាឱ្យមានសុវត្ថិភាពទាំងម្ដាយ និងកូន?

    ឈឺថ្កាត់ពេលមានគភ៌ ត្រូវទប់ទល់យ៉ាងណាឱ្យមានសុវត្ថិភាពទាំងម្ដាយ និងកូន?

    អាការឈឺថ្កាត់បន្តិចបន្តួចសម្រាប់នារីៗទូទៅ ជារឿងដែលមិនមានគ្រោះថ្នាក់ ឬគួរឱ្យខ្លាចអ្វីនោះទេ គឺអាចមើលថែទាំខ្លួនឯងឱ្យជាឡើងវិញបានដោយការញ៉ាំថ្នាំបែបមិនចាំបាច់ពឹងគ្រូពេទ្យក៏បាន តែបើជានារីៗដែលកំពុងស្ថិតក្នុងអំឡុងពេលតាំងគភ៌ ហើយកើតមានអាការឈឺថ្កាត់ឡើងនោះ ការមើលថែទាំខ្លួននឹងត្រូវយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ខ្លាំងជាងមនុស្សទូទៅច្រើនណាស់។

    ព្រោះកូនតូចនៅក្នុងគភ៌កំពុងស្ថិតក្នុងអំឡុងពេលដែលប្រព័ន្ធការពារជំងឺមិនទាន់ជារឹងមាំប៉ុន្មានឡើយ ខ្លាចក្រែងថា ទារកក្នុងផ្ទៃនឹងមិនពេញលក្ខណៈ មានវិវឌ្ឍនាការចម្រើនធំធាត់មិនបានល្អ ដោយសារតែស្រ្តីមានគភ៌មានឱកាសឈឺថ្កាត់បានដោយងាយ។

    អាការឈឺថ្កាត់ ឬគ្រុនក្ដៅផ្សេងៗដែលកើតឡើង មិនគួរទិញថ្នាំយកមកញ៉ាំដោយខ្លួនឯងនោះទេ តែគួរតែទៅជួបលោកគ្រូពេទ្យដើម្បីព្យាបាលអាការឱ្យបានត្រឹមត្រូវ ដើម្បីឱ្យកូនតូចមានសុវត្ថិភាព និងព្យាបាលអាការជំងឺបានយ៉ាងចំចំណុចបំផុត។

    ការមើលថែទាំខ្លួនពេលស្រ្តីមានគភ៌កើតជំងឺគ្រុនក្ដៅ

    កម្រិតនៃប្រព័ន្ធការពារជំងឺក្នុងអំឡុងពេលតាំងគភ៌ធ្លាក់ចុះទាប រហូតធ្វើឱ្យកើតអាការងាយនឹងឈឺថ្កាត់។ មេរោគបាក់តេរីនៅក្នុងខ្យល់អាកាសដែលមើលមិនឃើញចូលមកប៉ះពាល់រាងកាយរហូតធ្វើឱ្យកើតអាការមិនស្រួលខ្លួន និងក្លាយជាជំងឺគ្រុនក្ដៅនៅទីបំផុត។ នៅពេលឈឺថ្កាត់ហើយ អាការនឹងធ្ងន់ធ្ងរ និងប្រើរយៈពេលយូរក្នុងការព្យាបាលច្រើនជាងប្រក្រតី។ ការព្យាបាលដោយថ្នាំដែលទិញដោយខ្លួនឯង ឡារ៉ែនសូមណែនាំថា ស្រ្តីមានគភ៌គួរចៀសវាងយ៉ាងដាច់ខាត ព្រោះអាចប្រថុយប្រថាននឹងផលបន្ទាប់បន្សំពីថ្នាំដែលអាចនឹងចូលទៅប៉ះពាល់ដល់កូនតូចនៅក្នុងគភ៌។ បើស្រ្តីមានគភ៌គ្រុនក្ដៅខ្លួនខ្លាំង អាចនឹងត្រូវរកឃើញទៀតថា មានផលប៉ះពាល់ធ្វើឱ្យបេះដូងរបស់ទារកក្នុងគភ៌លោតញាប់ខ្លាំងឡើង ហុចផលប៉ះពាល់ដល់កម្មវិធីនៃការចម្រើនធំធាត់របស់ទារក បើមិនប្រញាប់ធ្វើការរក្សាព្យាបាលយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។

    ការព្យាបាលអាការគ្រុនក្ដៅខ្លួន ស្រ្តីមានផ្ទៃពោះគួរមើលថែទាំខ្លួនឯង បញ្ចុះកម្ដៅមិនឱ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់ដោយការជូតខ្លួនដោយជ្រើសរើសប្រើទឹកក្នុងសីតុណ្ហភាពធម្មតា ដោយធ្វើការជូតបញ្រ្ចាសរន្ធរោមឡើងមកលើ ដើម្បីឱ្យរាងកាយបន្្ថយកម្ដៅបានច្រើនបំផុត។ ចំណែកការថ្នាំលេបវិញ ចូរប្រឹក្សាជាមួយគ្រូពេទ្យជំនាញដែលស្រ្តីមានគភ៌ទៅពិនិត្យផ្ទៃពោះនោះឯង។

    ការមើលថែទាំខ្លួន ពេលស្រ្តីមានផ្ទៃពោះកើតអាការរាករូស

    អាការរាករូសដែលប្រទះឃើញញឹកញាប់នៅលើស្រ្តីមានផ្ទៃពោះ អាចបែងចែកជា 2 ក្រុមធំគឺ រាករូសដែលបណ្ដាលមកពីមេរោគបាក់តេរី និងមិនបានបណ្ដាលមកពីការឆ្លងមេរោគ។ ការរក្សាព្យាបាលគួរការពាររាងកាយកុំឱ្យកើតសភាវខ្វះជាតិទឹក។ គោលការណ៍គឺ រឹតតែរាងកាយបាត់បង់ជាតិទឹកច្រើនប៉ុន្មាន ចូរបន្ថែមជំនួសដោយជាតិទឹកច្រើនឡើងប៉ុននោះដែរ អាចនឹងតាមរយៈការញ៉ាំទឹកអំបិលរ៉ែ ឬទឹកស្អាតធម្មតា ដើម្បីបំពេញជាតិទឹកដែលបាត់បង់ទៅ។ ក្នុងសភាវរាករូស ពោះវៀនថែមទាំងមានអាការហើមទៀតផង ដូច្នេះគួរថែទាំខ្លួនឯងដោយការជ្រើសរើសញ៉ាំអាហារណាដែលងាយស្រួលរំលាយ និងមានប្រយោជន៍ ដូចជា បបរស បបរសាច់ត្រី និងសង្កត់ធ្ងន់លើអាហារប្រភេទស្ងោរ ចំហុយដែលរសជាតិមិនប្រៃខ្លាំង ហិរខ្លាំង ឬផ្អែមខ្លាំង យកបែបសាបៗជាចម្បង ដើម្បីឱ្យរាងកាយបានសម្របសម្រួលខ្លួនសន្សឹមៗ កូនក្នុងផ្ទៃនឹងមានសុវត្ថិភាព ថែមទាំងបានទទួលសារធាតុអាហារដែលមានប្រយោជន៍យ៉ាងពេញលេញទៀតផង។

    ក្រៅពីនេះ នៅមានអាការរោគផ្សេងៗទៀតដែលប្រទះឃើញនៅលើស្រ្តីមានគភ៌ ច្រើនតែជាអាការដែលជួបប្រទះទូទៅ ដោយសារតែប្រព័ន្ធប្រែប្រួលរបស់រាងកាយដែលខុសពីប្រក្រតី។ ការទទួលទានអាហារដែលមានប្រយោជន៍ ឧស្សាហ៍មើលថែទាំសុខភាពខ្លួនឯងមិនឱ្យប្រឈមនឹងគ្រោះថ្នាក់ដែលបណ្ដាលមកពីថ្នាំនឹងហុចផលឱ្យវិវឌ្ឍនាការរបស់ទារកក្នុងគភ៌រឹងប៉ឹងធំធាត់ឡើងតាមប្រក្រតី៕

  • ហេតុអីត្រូវ “កេះកំណកកំបោរ” ចេញពីធ្មេញ និងមិនកេះចេញបានទេ?

    ហេតុអីត្រូវ “កេះកំណកកំបោរ” ចេញពីធ្មេញ និងមិនកេះចេញបានទេ?

    “ទៅជួបពេទ្យធ្មេញពេលណា ត្រូវពេទ្យបង្ខំឱ្យកេះកំណកកំបោរលឿងៗចេញពីធ្មេញគ្រប់ពេល” តើអ្នកណាធ្លាប់ជួយបញ្ហានេះខ្លះ? ហើយពេលឱ្យពេទ្យកេះកំណកកំបោរនោះចេញពេលណា ស្រៀវធ្មេញគ្រប់ពេល និងថែមទាំងអស់លុយមិនតិចតួចទៀតផង។ តើអាកំណកកំបោរលឿងៗដែលនៅជាប់នឹងធ្មេញរបស់យើងនោះបានមកពីណា? និងបង្កគ្រោះថ្នាក់ដល់យើងខ្លាំង ឬតិចប៉ុនណា? យើងនាំគ្នាមកមើលទាំងអស់គ្នា…។

    កំណកកំបោរលឿងៗនោះគឺអ្វី?

    កំណកកំបោរ កើតមកពីការដែលមេរោគបាក់តេរីនៅក្នុងមាត់របស់យើងមានប្រតិកម្មជាមួយនឹងកម្ទេចចំណីអាហារដែលសេសសល់នៅតាមកន្លៀតធ្មេញ ធ្វើឱ្យកើតជាបន្ទះហ្វិលស្រោបពីលើធ្មេញមួយជាន់ទៀត រហូតតោងជាប់ណែនជ្រៅក្លាយជាកំណកកំបោរពណ៌លឿង។

    កំណកកំបោរនេះអាចកើតឡើងបានចំពោះមនុស្សគ្រប់រូប ទោះជាលោកអ្នកមើលថែទាំ និងសម្អាតធ្មេញបានល្អប៉ុនណាក៏ដោយ ព្រោះជារឿងពិបាកក្នុងការកម្ចាត់មេរោគបាក់តេរី និងកម្ទេចចំណីអាហារចេញឱ្យអស់ពីក្នុងប្រអប់មាត់របស់យើងបាន 100%ណាស់ គ្រាន់តែថា ​បើយើងមើលថែទាំ និងសម្អាតធ្មេញ និងកន្លែងផ្សេងៗនៅក្នុងប្រអប់មាត់បានល្អហើយនោះ ក៏នឹងមានកំណកកំបោរតិចជាងអ្នកឯទៀតប៉ុណ្ណោះឯង។

    តើកំណកកំបោរបង្កគ្រោះថ្នាក់ប៉ុនណា? មិនកោសចេញបានដែរទេ?

    បើយើងបណ្ដោយឱ្យកើតកំណកកំបោរនៅនឹងអញ្ចាញ ឬនៅនឹងធ្មេញរបស់យើងយូរៗទៅ អាចនឹងធ្វើឱ្យកើតរោគធ្មេញពុក ឬរោគរលាកអញ្ចាញបាន ដែលវាគឺជាមូលហេតុដំបូងៗរបស់សុខភាពធ្មេញដែលអាក្រក់ទៅៗជារឿយៗនៅពេលក្រោយ ដូច្នេះគួរប្រញាប់ទៅកោស ឬកេះកំណកកំបោរទាំងនោះចេញពីធ្មេញតាំងពីដំបូងតែម្ដងប្រសើរជាង។

    កំណកកំបោរនេះ អាចកោស ឬកេះចេញដោយខ្លួនឯងបានទេ?

    នៅលើអ្នកខ្លះដែលមានកំណកកំបោរមកតោងធ្មេញជាប់ណែនរហូតមើលឃើញច្បាស់ៗនោះ អាចរកអ្វីស្រួចៗ រឹងៗមកកេះចេញ តែ ឡារ៉ែនសូមដាស់តឿនថា កុំធ្វីបែបហ្នឹងជាដាច់ខាត ព្រោះក្រៅតែពីមិនអាចយកកំណកកំបោរចេញពីធ្មេញដូចដែលខ្លួនបានគិតហើយនោះ ឧបករណ៍ និងវិធីដែលលោកអ្នកប្រើនោះ អាចនឹងធ្វើឱ្យកើតរបួសស្នាមនៅក្នុងប្រអប់មាត់ រហូតចេញឈាម ឬធ្វើឱ្យរលាក និងហើមសាច់អញ្ចាញបាន ដូច្នេះគួរទៅឱ្យលោកគ្រូពេទ្យធ្មេញប្រើឧបករណ៍ពេទ្យសម្រាប់កេះ ឬកោសកំណកកំបោរនោះចេញវិញប្រសើរជាង។

    តើយើងអាចកាត់បន្ថយកំណកកំបោរនៅលើធ្មេញយ៉ាងម៉េចបាន?

    បើមិនចង់ឱ្យមានកំណកកំបោរមកតោងជាប់នឹងធ្មេញច្រើនៗ ឬញឹកញាប់នោះ គួរដុសសម្អាតធ្មេញយ៉ាងតិចបំផុត មួយថ្ងៃ 2 ដង ហើយម្ដងៗត្រូវដុសសម្អាតឱ្យបានយូរជាង 30 វិនាទី និងកុំភ្លេច ត្រូវរុញច្រាសចូលទៅដុសសម្អាតឱ្យដល់ធ្មេញខាងក្នុងបំផុតផង។

    ជ្រើសរើសថ្នាំដុសធ្មេញដែលមានចំណែកផ្សំរបស់ផ្លអូរ៉ាយ ដើម្បីការពារធ្មេញពុក និងសារធាតុត្រៃខូសាន ដែលជួយការពារការកើតរបស់មេរោគបាក់តេរី។

    ដើម្បីជាការកម្ចាត់កម្ទេចកម្ទីចំណីអាហារដែលជាប់នៅតាមកន្លៀតធ្មេញ លោកអ្នកអាចប្រើអំបោះខាត់ធ្មេញក្រោយពីពេលញ៉ាំចំណីអាហារហើយ ឬប្រើក្រោយពេលដុសធ្មេញហើយក៏បាន។

    ក្រៅពីនេះ ការកាត់បន្ថយអាហារពពួកម្សៅ ស្ករ ទឹកភេសជ្ជៈកំប៉ុង និងអាហារដែលមានរសជាតិជូរខ្លាំង ក៏អាចជួយថ្នមស្រទាប់ស្រោបធ្មេញមិនឱ្យសឹករហូតមានកំណកកំបោរមកតោងជាប់បានងាយៗបានដែរ រួមទាំងការតមជក់បារី និងទៅជួបគ្រូពេទ្យធ្មេញរៀងរាល់ 6 ខែម្ដង ដើម្បីពិនិត្យសុខភាពធ្មេញជាប្រចាំ នឹងជួយថែរក្សាសុខភាពរបស់ធ្មេញឱ្យស្អាតរឹងមាំ កាត់បន្ថយឱកាសក្នុងការកើតកំណកកំបោរបានដូចគ្នា៕

  • 5 វិធី បង្ហាត់ស្វាមីរបស់អ្នក ឱ្យក្លាយជាមេផ្ទះចំណាន(ដោយគាត់មិនដឹងខ្លួន)

    5 វិធី បង្ហាត់ស្វាមីរបស់អ្នក ឱ្យក្លាយជាមេផ្ទះចំណាន(ដោយគាត់មិនដឹងខ្លួន)

    នៅសុខៗគិតចង់ចាប់គាត់មកបង្ហាត់តែម្ដងនោះ លោកប្ដីទាំងឡាយអាចនឹងកើតការប្រឆាំងតតាំងក៏ថាបានដែរ ដូច្នេះការចាប់ផ្ដើមដែលល្អ អ្នកគួរចាប់ផ្ដើមដោយការបបួលគាត់ធ្វើអ្វីៗគ្រប់យ៉ាងជាមួយសិន ដូចជា ធ្វើម្ហូប ធ្វើការងារផ្ទះ បន្ទាប់ពីនោះសឹមបញ្ឆោតឱ្យគាត់ធ្វើតែម្នាក់ឯង ដោយអាចនឹងបំពេញតួនាទីឆ្លាស់គ្នាម្ង៉ៃម្នាក់ ឬធ្វើបែបមួយថ្ងៃខានមួយថ្ងៃក៏បាន។ នៅពេលធ្វើជារឿយៗទៅ ដល់ចំណុចមួយស្វាមីរបស់អ្នកនឹងចាប់ផ្ដើមស៊ាំ និងធ្លាប់ ពេលនោះអ្នកក៏ដល់ពេលនង្ហាត់គាត់ក្នុងដំណាក់កាលជាបន្តហើយ។

    ធ្វើខ្លួនឱ្យប្ដីស្រឡាញ់ ឱ្យប្ដីងប់ងល់

    រឿងដែលចង់ថ្រេន( Train)បណ្ដាលោកប្ដីឱ្យស្ថិតក្នុងឱវាទបានមែនទែននោះ ក្រៅពីភាពគួរឱ្យកោតញញើត និងការថ្រេនដោយវិធីផ្សេងៗហើយ ចូរកុំមើលរំលងក្នុងរឿងក្ដីស្នេហា និងក្ដីយល់ចិត្តឱ្យសោះ មិនមែនប្រើអារម្មណ៍រហូតលើសពាក្យថាសមល្មមនោះទេ និងត្រូវធ្វើខ្លួនដូចជាសត្វឈ្លូសដ៏សែនល្អបន្លំភ្នែកគាត់ឱ្យបាន។ ប្រើកលយុទ្ធដែលធ្វើឱ្យគាត់ត្រូវតែស្រឡាញ់ ត្រូវតែងប់ងល់មកលើយើង តែប៉ុណ្ណឹងក៏ចង់ចង្អុលចាបគឺចាប ចង្អុលមាន់គឺមាន់បាត់ទៅហើយ ព្រោះមនុស្សប្រុស នៅពេលដែលគេស្រឡាញ់យើងងប់ហើយ គឺគេត្រៀមខ្លួនជាស្រេចក្នុងការធ្វើអ្វីៗគ្រប់យ៉ាងដើម្បីយើងហ្នឹងឯង(ហេសៗអ្នកគ្រូ ឆវីធ្លាប់សាករួចហើយ)។

    អង្វររំអួយឱ្យប្ដីយកចិត្តយើងខ្លះផង

    អ្នកគ្រូ ឆវីជឿថា ស្រ្តីដែលរឹងប៉ឹងមាំមួនក៏ចាំបាច់សម្រាប់សង្គមដែរ តែពេលខ្លះ បើចង់ថ្រេន(បង្ហាត់)លោកប្ដីឱ្យបានដូចចិត្តយើងនោះ ការអង្វររំអួយក៏អាចរាប់បានថាជាកលយុទ្ធមួយក្បាច់ទៀតដែលជួយសាងលោកប្ដីឱ្យក្លាយជាបុរសមេផ្ទះចំណានបានដូចគ្នា!។

    បុរសជាច្រើនៗតែចាញ់ពាក្យអង្វររំអួយ(ម្ញែក) ដូច្នេះអ្នកអាចនឹងសាកល្បងអង្វររំអួយឱ្យគេធ្វើរឿងផ្សេងៗឱ្យយើងបានក៏រាប់បានថាជាវិធីមួយដែលល្អដែរ តែត្រូវប្រយ័ត្ន ការអង្វររំអួយខ្លាំងជ្រុលពេក នឹងធ្វើឱ្យរូបអ្នកមើលទៅក្លាយជាស្រ្តីទន់ជ្រាយ មិនចេះធ្វើអ្វីសោះក៏មាន។ សរុបថា រំអួយល្មមៗ អង្វរល្មមៗនៅក្នុងឱកាសខ្លះ កាលៈទេសៈខ្លះនឹងទទួលបានផលល្អខ្លាំងជាង ថែមទាំងមិនធ្វើឱ្យលោកប្ដីគាត់រំខាន ឬធុញទ្រាន់លើសភាពចាំបាច់ទៀតផង។

    ឧស្សាហ៍សរសើរគាត់ឱ្យច្រើនៗ

    មិនមែនតែស្រីៗប៉ុណ្ណោះទេដែលចូលចិត្តពាក្យសរសើរនោះ ការពិតទៅប្រុសៗជាច្រើននាក់ក៏សុទ្ធតែចូលចិត្តពាក្យកោតសរសើរមិនខុសគ្នាប៉ុន្មានឡើយ។ រឹតតែសរសើរលោកប្ដីច្រើនប៉ុនណា គាត់ក៏នឹងរឹតតែជឿជាក់លើខ្លួនឯងខ្លាំងឡើងថា អាចធ្វើអ្វីជាប្រយោជន៍ និងជាមនុស្សពិសេសសម្រាប់រូបអ្នកបានច្រើនប៉ុននោះដែរ។ ដូច្នេះ នៅពេលដែលគាត់បានធ្វើអ្វីម្យ៉ាងឱ្យអ្នកហើយ ចូរឧស្សាហ៍និយាយសរសើរឱ្យបានញឹកញាប់ ទោះជារឿងតូចតាច ដូចជាការដូរអំពូលភ្លើងក្នុងបន្ទប់ ជាដើមក៏ដោយ។ អ្នកអាចនឹងសរសើរថា ស្វាមីរបស់អ្នកអាចពឹងពាក់បាន ឬបើគាត់ចូលធ្វើម្ហូប ក៏ចូរឧស្សាហ៍ថា គាត់ប៉ឹនធ្វើម្ហូបបានឆ្ងាញ់ណាស់ ជាដើម។ ជឿទៅថា នៅពេលអ្នកសរសើរគាត់ម្ដង គាត់នឹងមានភាពជឿជាក់ក្នុងចិត្ត លុះបន្តទៅទៀត គ្រាន់តែអ្នកសំណូមព គាត់នឹងធ្វើឱ្យអ្នកភ្លាម មិនពិបាកឡើយ!។

    នឹងគ្មានបុរសមេផ្ទះចំណានឡើយ បើភរិយាមិនធ្វើខ្លួនឱ្យគួរគោរពនោះ

    ភាពគួរឱ្យគោរពនៅក្នុងទីនេះ មិនមែនការប្រើអំណាចក្នុងការសម្លុតគំរាមស្វាមីរបស់អ្នកនោះទេ តែអ្នកគ្រូ ឆវីចង់មានន័យពីភាពគួរឱ្យគោរពញញើត ភាពគួរឱ្យគោរពតាមរយៈទង្វើផ្សេងៗរបស់អ្នកខ្លួនឯង ដូចជា ការមានហេតុមានផល ធ្វើខ្លួនជាភរិយាដ៏ល្អ និយាយស្ដីរកគ្នាដោយស្លូតបូត និងមានហេតុផល អ្នកគ្រូ ឆវីជឿថា លោកប្ដីទាំងឡាយនឹងច្បាស់ជាក្រែងចិត្តខ្លះមិនខាន។ តែរឿងបែបនេះវាច្រើនតែមានខ្សែដ៏ស្ដើងមួយនៅឃាំងកណ្ដាលរវាងភាពគួរឱ្យគោរព និងភាពឆ្កួតឡប់ដូចគ្នា។ អ្នកគ្រូ​ ឆវីសូមណែនាំឱ្យអ្នកធ្វើចិត្តឱ្យត្រជាក់ៗ ដោយញែកទង្វើនោះចេញពីគ្នាយ៉ាងសន្សឹមៗ នោះអ្នកបានបុរសមេផ្ទះដ៏ចំណានមិនខាន។

    ការថ្រេនស្វាមីឱ្យក្លាយជាបុរសមេផ្ទះដ៏ចំណានមិនមែនជារឿងពិបាកនោះទេ រឿងសំខាន់គឺ កុំចាប់ផ្ដើមដោយការបង្ខំ ព្រោះនៅពេលដែលអ្នកចាប់ផ្ដើមបង្ខំ លោកប្ដីក៏នឹងបង្ហាញខ្លួនតតាំងប្រឆាំងភ្លាមតែម្ដង។ រឿងបែបនេះត្រូវតែធ្វើយ៉ាងសន្សឹមៗ លួងផង អង្វរផងទើបជារឿងល្អបំផុត។

    និងដែលសំខាន់គឺ កុំគិតតែប្រើអំណាចសត្វឈ្លូសញីខ្លាំងរហូតលើសសមល្មមឱ្យសោះ រឿងដែលអ្នកគួរធ្វើគឺ ការឱ្យរង្វាន់លោកប្ដីឱ្យគាត់ស្លាប់ចិត្តជាមុនសិន នោះធានាថា តឱ្យដឹងខ្លួនក៏ដោយ ក៏គាត់នៅតែសុខចិត្តធ្វើជាបុរសមេផ្ទះចំណានរបស់អ្នករហូតតទៅដែរ៕

  • “វាក់អ៊ើ!” ការលេងដែលសាងវិវឌ្ឍនាការរបស់កូនតូចដែលឪពុកម្ដាយនឹកស្មានមិនដល់

    “វាក់អ៊ើ!” ការលេងដែលសាងវិវឌ្ឍនាការរបស់កូនតូចដែលឪពុកម្ដាយនឹកស្មានមិនដល់

    វាក់អ៊ើ! គឺជាការលេងដ៏សែនមហាងាយ នរណាៗក៏លេងបាន មានពេលតិចតួចក៏លេងបាន ថែមទាំងលេងបានមិនកំណត់ទីកន្លែង និងពេលវេលាទៀតផង។ គ្រាន់តែមានឧបករណ៍តម្លៃ 0 រៀល តែមានគុណតម្លៃខាងផ្លូវចិត្តខ្ពស់បំផុត នោះគឺ មនុស្សជាឪពុកម្ដាយហ្នឹងឯង។ លទ្ធផលដែលបានពីការលេង វាក់អ៊ើ មិនមែនត្រឹមតែភាពសប្បាយរីករាយប៉ុណ្ណោះទេ តែនៅហុចផលល្អដល់វិវឌ្ឍនាការរបស់កូនយ៉ាងច្រើនទៀតផង។

    – វាក់អ៊ើ! បង្ហាត់ពីរឿងការមានស្ថិតស្ថេរនៃរបស់វត្ថុផ្សេងៗ

    អ្នកសិក្សាស្រាវជ្រាវផ្នែកខួរក្បាល និងវិវឌ្ឍនាការបានឱ្យដឹងថា ការលេងយកដៃបិទមុខ ហើយបើកវិញមក វាក់-អ៊ើ! នេះនឹងជួយឱ្យក្មេងក្នុងវ័យ 2 ខួបដំបូងបានរៀនយល់ដឹងពីការមានស្ថិតស្ថេរនៃរបស់ និងវត្ថុផ្សេងៗ(Object permanence) ដូចជា នៅពេលអ្នកម្ដាយយកដៃបិទមុខ ឬទៅលបពួន ហើយមួយភ្លែតក្រោយមកក៏បើកមុខឡើង ឬបង្ហាញខ្លួនមកវាក់អ៊ើជាមួយកូនជាដើម។ រូបបែបនៃការលេងបែបនេះនឹងធ្វើឱ្យកូនបានរៀនយល់ដឹងបន្តិចម្ដងៗថា ម៉ាក់នឹងបាត់ចេញពីខ្សែភ្នែកត្រឹមតែមួយភ្លែតប៉ុណ្ណោះទេ រួចហើយបន្តិចទៀតម៉ាក់នឹងត្រឡប់មកវិញមិនខាន។

    – វាក់អ៊ើ! បង្ហាត់ឱ្យចេះទន្ទឹងរង់ចាំ

    នៅពេលដែលកូនបានរៀនយល់ដឹងបន្តិចម្ដងៗថា ប៉ាម៉ាក់គឺពិតជាមានប្រាកដមែន ប៉ាម៉ាក់អាចបាត់ពីខ្សែភ្នែកខ្លះហើយ តែបន្តិចទៀតនឹងត្រឡប់មកវិញមិនខាន។ កូននឹងចាប់ផ្ដើមមានភាពជឿជាក់លើមនុស្សជាឪពុកម្ដាយ ខណៈពេលជាមួយគ្នាក៏ចាប់ផ្ដើមរៀនយល់ដឹងពីការរស់នៅដោយខ្លួនឯង(Independence)។ ដូច្នេះហើយទើបការលេងវាក់អ៊ើជាការជំរុញឱ្យកូនតូចចេះអត់ទ្រាំរង់ចាំ ចាប់ផ្ដើមពីម្ដាយលើកដៃបិទមុខ ឬពួននៅពីផ្ទាំងក្រណាត់ កូនក៏ត្រូវរង់ចាំថា តើពេលណាម៉ាក់នឹងបើកមុខ ឬចេញមកវិញ ដែលរឿងនេះវានឹងអភិវឌ្ឍឆ្ពោះទៅរកការអត់ទ្រាំរង់ចាំក្នុងរឿងផ្សេងៗដែលមានភាពលំបាក និងស្មុគស្មាញជាងនៅពេលក្រោយ ដូចជា ម៉ាក់ទៅចូលបន្ទប់ទឹក ទៅធ្វើម្ហូប ឬចេញទៅធ្វើការក្រៅផ្ទះ ជាដើមហ្នឹងឯង។

    – វាក់អ៊ើ! បង្ហាត់ពីការចងចាំ

    ខួរក្បាលរបស់ក្មេងតូចៗត្រៀមជាស្រេចក្នុងការរៀនយល់ដឹង និងធំធាត់គ្រប់ពេលវេលា ហើយនឹងរឹតតែអភិវឌ្ឍបានល្អឡើងតាមរយៈការលេងគ្រប់អំឡុងពេលដែលឪពុកម្ដាយលេងវាក់អ៊ើជាមួយកូន ដែលនឹងបង្ហាត់ខួរក្បាលរបស់កូនផ្នែកការចងចាំ។ សេចក្ដីសប្បាយនឹងកើតចេញពីការចងចាំថា ប៉ា និងម៉ាក់ធ្លាប់អើតមុខមកវិញនៅខាងណា? ពេលណា? ហើយនឹកស្មានទុកជាមុនថា លើកក្រោយប៉ា និងម៉ាក់នឹងបង្ហាញមុខចេញមកនៅខាងដដែលឬក៏អត់ហ្ន៎? ជាដើម។

    – វាក់អ៊ើ! ជួយអភិវឌ្ឍផ្នែកការទំនាក់ទំនង

    គ្រប់ស្នាមញញឹម និងសំឡេងសើចរបស់កូន មិនមែនជារឿងចៃដន្យដែលកើតឡើងមួយភ្លែតៗ និងកន្លងផុតទៅដោយគ្មានអត្ថន័យនោះទេ តែវាបង្ហាញអំពីវិវឌ្ឍនាការផ្នែកការទំនាក់ទំនងរបស់កូន។ សម្រាប់ក្មេងតូចក្នុងអំឡុងវ័យ 1 – 2 ឆ្នាំដំបូង ការទំនាក់ទំនងជាមួយពិភពខាងក្រៅនឹងត្រូវបញ្ជូនចេញមកតាមរយៈការញញឹម សើច យំ សម្លឹងមុខ ឬសូម្បីតែការកម្រើកដៃជើង ដូចគ្នានឹងបដិសម្ព័ន្ធដែលកើតឡើងខណៈដែលកូនលេងវាក់អ៊ើជាមួយឪពុកម្ដាយដែរ។ ស្នាមញញឹម និងសំឡេងសើចដែលកើតឡើងបង្ហាញឱ្យឃើញថា ការទំនាក់ទំនងរវាងគ្នានឹងគ្នាទទួលបានភាពជោគជ័យហើយណា៎។ ដូច្នេះហើយទើបការលេងវាក់អ៊ើ គឺជាការជំរុញវិវឌ្ឍនាការខាងការទំនាក់ទំនងរបស់កូនបានយ៉ាងល្អ។

    – វាក់អ៊ើ! សាងសម្ព័ន្ធភាព

    ការលេងវ៉ាក់អ៊ើ គឺជាអំឡុងពេលដែលមានកូនជាចំណុចកណ្ដាល ជាការលេងដែលសាងស្នាមញញឹម និងសំឡេងសើចដល់ក្រុមគ្រួសារតាមរយៈការមើលមុខ ធ្វើសំឡេងទាបខ្ពស់ឱ្យរំភើបចិត្ត។ ជាអំឡុងពេលនែសេចក្ដីសុខដែលជួយគ្នាត្បាញថ្ពក់ខ្សែសម្ព័ន្ធភាពរវាងក្រុមគ្រួសារឱ្យរឹងមាំ ហើយនឹងផ្ដិតចេញជាសម្ព័ន្ធភាពដ៏ស៊ីជម្រៅដែលដក់ជាប់នៅក្នុងបេះដូងរបស់កូនយូរអង្វែងតទៅទៀត។

    ឥឡូវជឿហើយឬនៅថា វាក់អ៊ើ នេះពិតជាល្អចំពោះវិវឌ្ឍនាការរបស់កូនតូចខ្លាំងណាស់ និងជាគំរូនៃការសាងពេលវេលាគុណភាពក្នុងគ្រួសារដែលបានពិសោធរួចហើយថា មិនមែនជារឿងលំបាក មិនអស់លុយកាក់ និងពេលវេលានោះឡើយ។ ជារឿងតូចមួយដែលអ្នកគ្រូឆវីគិតថា លោកឪពុកអ្នកម្ដាយគ្រប់រូបអាចធ្វើបានទាំងអស់គ្នា៕

  • គន្លឹះល្អៗក្នុងការអភិវឌ្ឍសតិបញ្ញាកូនឱ្យធំធាត់សមនឹងវ័យ

    គន្លឹះល្អៗក្នុងការអភិវឌ្ឍសតិបញ្ញាកូនឱ្យធំធាត់សមនឹងវ័យ

    ចាប់ផ្ដើមពីវ័យកើតដំបូង រហូតចូលដល់បឋមវ័យ(6 ឆ្នាំដំបូង) កូនរបស់យើងនឹងមានវិវឌ្ឍនាការទាំងផ្នែករាងកាយ និងចិត្តគំនិតឆាប់រហ័សខ្លាំងណាស់ បើយើងអាចជួយបន្ថែមឱ្យកូនមានវិវឌ្ឍនាការដែលត្រឹមត្រូវ ស័ក្តិសមតាមវ័យរបស់គេបានទៀតផងនោះ នឹងរឹតតែធ្វើឱ្យកូនរបស់យើងក្លាយជាក្មេងដែលមានអាកប្បកិរិយា និងទង្វើដែលល្អ មានភាពឆ្លាតវៃខាងផ្នែកអារម្មណ៍ខ្ពស់ជាមិនខាន។

    យើងអាចជួយបន្ថែមវិវឌ្ឍនាការផ្សេងៗរបស់កូនបានតាមវិធី 4 យ៉ាងតទៅនេះ ៈ

    1 . ឱ្យកូនបានឃើញនូវអ្វីដែលល្អ

    កូនរបស់យើង(ទោះជាទើបនឹងកើតក្ដី)អាចរៀនយល់ដឹងនូវអ្វីដែលខ្លួនឯងមើលឃើញបាន។ ការមើលឃើញនេះ មានន័យរួមទាំងទង្វើមួយចំនួនរបស់ឪពុកម្ដាយ ឬអ្នកចិញ្ចឹមដែលធ្វើចំពោះកូនរបស់យើងផងដែរ ដោយទង្វើផ្សេងៗដែលក្មេងមើលឃើញនោះ គេនៅមិនទាន់អាចញែកបំបែកបានថា រឿងនោះជារឿងត្រឹមត្រូវ ឬស័ក្តិសមនោះទេ តែក្មេងនឹងជ្រួតជ្រាបនូវអ្វីដែលបានឃើញទាំងអស់ ហើយចុងក្រោយក៏នឹងក្លាយជាទង្វើរបស់កូនខ្លួនឯងតែម្ដង ដូចជា ក្មេងដែលមើលឃើញឪពុកម្ដាយចូលចិត្តច្រៀង មានអារម្មណ៍ល្អ ឬលេងតន្រ្តី នៅពេលកូនធំឡើង កូនក៏នឹងមានសេចក្ដីស្រឡាញ់ក្នុងផ្នែកតន្រ្តី មានផ្លូវចិត្តទន់ភ្លន់ ឬករណីដែលឪពុកម្ដាយ ឬអ្នកចិញ្ចឹមមិនចូលចិត្តញ៉ាំបន្លែ នៅពេលកូនធំឡើងក៏ច្រើនតែមិនញ៉ាំបន្លែដែរ។

    2 . ឱ្យកូនបានឮនូវអ្វីដែលល្អ

    ពាក្យសម្ដីល្អៗ សំឡេងពីរោះៗទន់ភ្លន់ ទារកទើបនឹងកើតក៏អាចដឹងបានដែរ ជាពិសេសក្មេងក្នុងអំឡុងបឋមវ័យ(កើតដំបូង-6ឆ្នាំ) ក្មេងនឹងតាំងចិត្តស្ដាប់ និងមានអារម្មណ៍ឆាប់ចាំបានចំពោះសំឡេងផ្សេងៗ។ បើអ្នកណាដែលធ្លាប់ចិញ្ចឹមកូន នៅពេលកូនតូចអាយុបានប្រមាណ 3 – 4 ខែនឹងបានឃើញថា ពេលដែលយើងពកូនហើយនិយាយជាមួយកូន កូននឹងធ្វើមាត់ជីបអូចៗ កែវភ្នែកនឹងសម្លឹងចំមុខឪពុក ឬម្ដាយដែលកំពុងពគេ។ គេនឹងតាំងចិត្តស្ដាប់សំឡេងផ្សេងៗដែលបន្លឺមករកគេ ដូច្នេះ សំឡេង ឬពាក្យសម្ដីផ្សេងៗដែលមិនល្អ ជាពិសេសពាក្យលាន់មាត់ ពាក្យជេរបញ្ចោរដែលច្រើនតែជាពាក្យខ្លីៗ(1 – 2 ម៉ាត់)នឹងក្លាយជាពាក្យដែលក្មេងបឋមវ័យអាចចងចាំបានយ៉ាងងាយ ដូច្នេះបើមិនចង់ឱ្យកូននិយាយស្ដីអាក្រក់ស្ដាប់ ឪពុកម្ដាយ និងអាណាព្យាបាលត្រូវតែប្រយ័ត្នប្រយែង កុំប្រើពាក្យសម្ដីណាដែលមិនល្អឱ្យក្មេងបានឮ។ កុំគិតថា កូននៅតូច នៅមិនទាន់ស្ដាប់យល់ឱ្យសោះ ព្រោះក្មេងអាចចងចាំលក្ខណៈការបញ្ចេញសំឡេងខ្លីៗទាំងនោះ និងអាចនិយាយចេញមកដោយមិនដឹងពីអត្ថន័យបាន ដែលទម្រាំឪពុកម្ដាយដឹងថា កូនរបស់ខ្លួនធ្លាប់មាត់នឹងពាក្យសម្ដីអាក្រក់ ជេរបញ្ចោរទាំងនោះ អាចនឹងពិបាកកែកុនក៏ថាបានដែរ។

    3 . ឱ្យកូនលេង និងធ្វើកិច្ចការងារល្អៗ

    ក្មេងក្នុងបឋមវ័យច្រើនតែចូលចិត្តលេងដែលជាធម្មជាតិរបស់កុមារ។ ឪពុកម្ដាយដែលយល់ដឹងពីវិវឌ្ឍនាការរបស់កូនក៏អាចនឹងរកមើលកិច្ចការងារណា ឬការលេងណាដែលស៊ីគ្នាជាមួយនឹងអំឡុងអាយុរបស់កូនបានដែរ។ ក្រៅពីនោះ ការលេងរបស់កុមារនេះនឹងក្លាយជាការរៀនយល់ដឹងដែលជំរុញប្រព័ន្ធប្រសាទទាំង 5 របស់គេបានយ៉ាងល្អ។

    4 . ផ្ដល់ការអប់រំបង្ហាត់បង្រៀនកូនតាំងពីនៅក្មេង

    ក្មេងក្នុងអំឡុងបឋមវ័យ មានភាពចង់ដឹងចង់ឃើញគ្រប់ពេលវេលា គេនឹងមានភាពក្លៀវក្លាស្វាហាប់ក្នុងការរៀនយល់ដឹងគ្រប់អ្វីៗដែលនៅជុំវិញខ្លួន ដូច្នេះការអប់រំបង្ហាត់បង្រៀនគឺជារឿងចាំបាច់ណាស់ ដោយការបង្ហាត់បង្រៀននោះគួរជាការបង្ហាត់បង្រៀនក្នុងលក្ខណៈអធិប្បាយ មិនមែនជាការបញ្ជា ឬហាមនោះទេ។ ទោះជាក្មេងក្នុងវ័យនេះនៅមិនទាន់អាចយល់នូវអ្វីដែលឪពុកម្ដាយអធិប្បាយបានទាំងអស់ក៏ដោយ តែការអធិប្បាយឱ្យកូនបានស្ដាប់តាំងពីតូច ឬបណ្ដោយឱ្យគេបានសាកល្បងធ្វើដោយខ្លួនឯង(ជាកិច្ចការងារដែលមិនបង្កគ្រោះថ្នាក់) ហើយឪពុកម្ដាយនៅចាំណែនាំចង្អុលបង្ហាញថា ហេតុអ្វីបានក្លាយជាបែបហ្នឹង នឹងថ្វើឱ្យកុមារអាចរៀនយល់ដឹង និងយល់ច្បាស់បានយ៉ាងឆាប់រហ័សជាងការបង្ហាត់បង្រៀនបែបប្រើពាក្យសម្ដីតែម្យ៉ាង ដូចជា ការបង្ហាត់កូនឱ្យចេះដុសធ្មេញ ដោយប្រើសម្ភារប្រដូច ដូចជាធ្មេញក្លែងក្លាយជាដើម។ ឱ្យកូនបានហាត់កាន់ច្រាសដុសធ្មេញដោយខ្លួនឯង និងឪពុកម្ដាយចង្អុលបង្ហាញថា ហេតុអីបានត្រូវដុសធ្មេញ ហេតុអីបានត្រូវកាន់ច្រាសដុសធ្មេញបែបហ្នឹង និងដុសរបៀបម៉េច ជាដើម៕

  • ស្រាយចម្ងល់…ហេតុអីបានគេងលក់ហើយហៀរទឹកមាត់ និងត្រូវកែបញ្ហានេះយ៉ាងណា?

    ស្រាយចម្ងល់…ហេតុអីបានគេងលក់ហើយហៀរទឹកមាត់ និងត្រូវកែបញ្ហានេះយ៉ាងណា?

    មិនថាលោកអ្នកអាយុប៉ុន្មាន? ប្រុស ឬស្រី? មានអាជីពអ្វី? និងមានបែបបទជីវិតបែបណានោះទេ? តែ ឡារ៉ែនជឿថា ត្រូវតែធ្លាប់គេងលក់ហើយហៀរទឹកមាត់កក្លាក់ រហូតទទឹកដៃអាវ សើមខ្នើយកើយមកខ្លះហើយជាមិនខាន។ តើហេតុអីបានជាយើងហៀរទឹកមាត់ពេលគេងលក់ ទាំងពេលគេងក៏បិទមាត់ជិតឈឹងល្អហើយនោះ តែហេតុអីក៏នៅតែហៀរចេញមកបានទៀត? តើត្រូវកែបញ្ហានេះយ៉ាងណា? ទំព័រសុខភាពឡារ៉ែនមានចម្លើយមកជម្រាបជូន។

    ហេតុអីបានយើងគេងលក់ហើយហៀរទឹកមាត់?

    ជាប្រក្រតី រាងកាយរបស់មនុស្សយើងនឹងផលិតទឹកមាត់ចេញមកគ្រប់ពេលវេលាស្រាប់ទៅហើយ ក្នុងសភាវប្រក្រតីក្រពេញទឹកមាត់នឹងផលិតទឹកមាត់ចេញមកប្រមាណ 1 – 2 លិត្រក្នុងមួយថ្ងៃ។ នៅពេលដែលយើងកំពុងភ្ញាក់(មិនបានគេង)ទឹកមាត់នឹងផលិតចេញមកច្រើនជាងពេលយើងគេងលក់ ឯពេលគេងលក់វិញ រាងកាយរបស់យើងនឹងផលិតទឹកមាត់ចេញមកតិចបំផុត ស្ទើរតែសូន្យតែម្ដង។ តែទោះជាយ៉ាងនេះមែន នៅពេលភ្ញាក់ យើងអាចគ្រប់គ្រងរាងកាយ គ្រប់គ្រងបរិមាណទឹកមាត់ក្នុងមាត់របស់យើងបានដោយការលេប តែនៅពេលយើងគេងលក់ រាងកាយចូលឆ្ពោះទៅរកសភាវសម្រាក សាច់ដុំទូទាំងរាងកាយ និងលើផ្ទៃមុខក៏សម្រាកដែរ ធ្វើឱ្យមាត់របស់យើងហារឡើងដោយសារគ្មានសាច់ដុំបញ្ជាឱ្យបិទ ទើបទឹកមាត់ដែលប្រមូលសន្សំនៅក្នុងមាត់នោះហូរចេញមកក្រៅមាត់ ព្រោះយើងមិនបានលេបចូលពោះដូចពេលភ្ញាក់ហ្នឹងឯង។

    គេងលក់ហៀរទឹកមាត់ ជាអាការដែលខុសប្រក្រតីឬទេ?

    ការពិតទៅ ការគេងលក់ ហើយទឹកមាត់ហៀរ មិនមែនជាអាការដែលខុសប្រក្រតីនោះទេ។ វាច្រើនតែកើតឡើងនៅពេលដែលយើងគេងលក់ខ្លាំង លក់ស្កប់ មិនកម្រើកខ្លួន អាចសង្កេតបានតាមរយៈថ្ងៃណាដែលយើងហត់នឿយខ្លាំង ឬនៅលើអ្នកដែលចូលចិត្តគេងផ្អៀង ក៏នឹងមានសញ្ញាក្នុងការគេងហៀរទឹកមាត់ច្រើនជាងអ្នកដទៃដែរ។ តែក្រៅពីនេះ នៅអាចមានមូលហេតុផ្សេងទៀតរួមជាមួយដែរ ដូចជា អ្នកជំងឺគ្រុនផ្ដាសាយដែលមានអាការតឹងច្រមុះ ហើយគេងហាមាត់ ឬនៅលើអ្នកជំងឺដែលមានបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ ឬសាច់ដុំគ្មានកម្លាំង ក៏អាចមានបញ្ហាគេងលក់ហៀរទឹកមាត់បានដូចគ្នាដេរ។

    វិធីកាត់បន្ថយអាការហៀរទឹកមាត់ពេលគេងលក់

    ដោយសារតែអាការគេងលក់ហើយហៀរទឹកមាត់ជារឿងប្រក្រតីតាមធម្មជាតិនោះ ទើបគ្មានវិធីណាបំបាត់អាការនេះជាពិសេសនោះទេ តែយើងអាចកាត់បន្ថយឱកាសដែលទឹកមាត់នឹងហូរហៀរចេញមកបានដោយការគេងផ្ងារ ឬគេងដាក់ក្បាលឱ្យខ្ពស់ឡើងបន្តិច ដើម្បីឱ្យមាត់របស់យើងបិទជិតខណៈគេងលក់ហ្នឹងឯង៕

  • ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    គ្រួសារជាច្រើន(ជាពិសេសគ្រួសារខ្មែរកាត់ចិន)ច្រើនតែមិនសូវបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូនដោយការឱបរឹតប៉ុន្មានឡើយ តែបច្ចុប្បន្ន ឪពុកម្ដាយជំនាន់ថ្មីចាប់ផ្ដើមបង្ហាញពីសេចក្ដីស្រឡាញ់ដែលមានចំពោះកូនដោយការឱបរឹតច្រើនឡើងហើយ។ តើការឧស្សាហ៍ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីកូនស្ថិតក្នុងវ័យទើបនឹងកើត រហូតដល់ពេលគេធំ នឹងហុចផលល្អឱ្យគេធំធាត់ឡើងក្លាយជាមនុស្សបែបណានោះ យើងនាំគ្នាមកមើលពីចម្លើយដូចតទៅ។

    1 . ឱបកូនតាំងពីវិនាទីដំបូងដែលគេបើកភ្នែកមើលពិភពលោក

    ចាប់តាំងពីកូនតូចប្រសូតចេញមកបើកភ្នែកមើលពិភពលោក គេត្រូវជួបនឹងការផ្លាស់ប្ដូរយ៉ាងធំធេងរវាងពិភពដែលគេរស់នៅមក 9 ខែ(នៅក្នុងផ្ទៃម្ដាយ)ជាមួយនឹងពិភពខាងក្រៅដែលទាំងភ្លឺ ទាំងសីតុណ្ហភាពដែលមិនស្ថិតស្ថេរ ឬត្រជាក់ខ្លាំង និងធ្វើឱ្យទារកភ័យខ្លាច ដែលរឿងទាំងអស់នេះហើយជាហេតុផលថា ហេតុអីបានជាទារកដែលកើតមកភ្លាម ស្រែកយំខ្លាំងៗ និងស្ងាត់ទៅវិញនៅពេលបានទទួលភាពកក់ក្ដៅ និងការឱបបីពអំពីអ្នកម្ដាយនោះ។

    ការឱបកូន និងប៉ះពាល់កូនតាំងពីពេលកើតមកភ្លាម ទោះជាកូននៅមិនទាន់ដឹងថា នរណាជាអ្នកឱបរូបគេក៏ដោយ តែការឱបកូនគឺជាការជួយឱ្យទារកមានអារម្មណ៍កក់ក្ដៅសប្បាយ និងមានសុវត្ថិភាព មានភាពនឹងនរក្នុងចិត្តកាន់តែខ្លាំងឡើងបន្ទាប់ពីបានជួបនឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សខណៈពេលប្រសូតរួច។

    2 . ការឱបកូនក្នុងអំឡុង 6 ខែដំបូង

    ក្នុងអំឡុងខែដំបូងៗ ខ្សែសម្ព័នភាពរវាងកូនជាមួយឪពុកម្ដាយនឹងចាប់ផ្ដើមវេញត្បាញចូលគ្នាច្រើនឡើង រឹតតែជាកូនដំបូងផងនោះ លោកឪពុកអ្នកម្ដាយថ្មោងថ្មីជឿចុះថា លោកអ្នកប្រហែលជាត្រេកអរ និងស្រឡាញ់កូនខ្លាំងណាស់ រឿងនេះគឺជារឿងដែលកើតឡើងតាមធម្មជាតិ ជារូបបែបសម្ព័ន្ធភាពខាងអារម្មណ៍រវាងម្ដាយ និងកូន ដែលបើក្មេងបានទទួលសម្ព័ន្ធភាពខាងអារម្មណ៍យ៉ាងល្អតាំងពីពេលកើតមកដំបូង នឹងហុចផលដល់ការអភិវឌ្ឍខាងអារម្មណ៍របស់កូននៅពេលដែលគេធំឡើង។

    ក្មេងដែលមានសម្ព័ន្ធភាពខាងអារម្មណ៍ដែលល្អជាមួយអ្នកម្ដាយតាំងពីពេលកើតដំបូង នៅពេលគេធំឡើង វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់គេនឹងល្អប្រសើរ គេនឹងក្លាយជាក្មេងរួសរាយសប្បាយ និងមានសភាវខាងអារម្មណ៍ដែលកាន់តែល្អឡើង។

    ការឱបរឹតកូនក្នុងអំឡុងពេលកើតមកភ្លាមរហូតដល់ 6 ខែដំបូងនេះ អ្នកម្ដាយនឹងឱបកូនរៀងរាល់ថ្ងៃ មួយថ្ងៃច្រើនៗដងតាមរយៈការបំបៅដោះកូន។ ចូរចងចាំទុកជានិច្ចថា គ្រប់ពេលដែលកូនតូចកំពុងបឺតជញ្ជក់ទឹកដោះចេញពីដើមទ្រូងរបស់អ្នក បើអ្នកនិយាយ និងប៉ះពាល់ខ្លួនប្រាណគេ វានឹងបង្ហាញឱ្យដឹងថា អ្នកស្រឡាញ់គេខ្លាំងប៉ុនណា។ ទារកតូចនឹងបានដឹង និងជ្រួតជ្រាបពីអ្វីទាំងអស់នោះ ហើយខ្សែសម្ព័ន្ធភាពរបស់ម្ដាយ និងកូននឹងរឹតណែនទ្វេឡើង និងហុចផលឱ្យវិវឌ្ឍនាការផ្នែកអារម្មណ៍របស់កូនរឹតតែល្អខ្លាំងឡើងទៀតផង។

    3 . ការឱបកូនក្នុងអំឡុងវ័យ 7 ខែរហូតដល់ 1 ខួបកន្លះ

    ក្នុងអំឡុងពេលដែលកូនអាយុ 7 ខែឡើងទៅ អ្វីគ្រប់យ៉ាងជុំវិញខ្លួនរបស់គេនឹងក្លាយជាកត្តាជំរុញចំណាប់អារម្មណ៍របស់គេបានយ៉ាងល្អ។ កូននឹងព្យាយាមស្រវាចាប់កាន់នេះ ចាប់កាន់នោះគ្រប់យ៉ាងដើម្បីរៀនយល់ដឹងដោយខ្លួនឯង និងប្រាកដណាស់ គេនឹងចាប់ផ្ដើមលេង ញញឹម សើចជាមួយលោកឪពុកអ្នកម្ដាយច្រើនឡើង រឹតតែដល់វ័យដែលគេចាប់ផ្ដើមចេះអង្គុយ ក្រោកឡើងដើរផងនោះ គ្រប់ជំហាននៃវិវឌ្ឍនាការរបស់គេ បើលោកឪពុកអ្នកម្ដាយស្ថិតនៅក្បែរៗគេ ឱបរឹតកូនយ៉ាងជាប់លាប់ ផ្ដល់កម្លាំងចិត្ត និងកោតសរសើរលើភាពចម្រើនទៅមុខរបស់ការរៀនយល់ដឹងរបស់កូនផងនោះ កូននឹងធំធាត់ឡើងក្លាយជាកុមារដែលមានភាពជឿជាក់ក្នុងចិត្ត និងសម្លឹងពិភពលោកក្នុងន័យល្អ ជាក្មេងដែលមានសភាវអារម្មណ៍ដ៏ល្អ។

    ក្មេងដែលបានទទួលការឱបរឹត បានទទួលការស្រឡាញ់យ៉ាងជាប់លាប់ នឹងមានវិវឌ្ឍនាការខាងផ្នែករាងកាយ និងសភាវខាងអារម្មណ៍ល្អប្រសើរជាងក្មេងដេលត្រូវបានចិញ្ចឹមមើលថែដោយអ្នកដទៃ(ដូចជាមេដោះ)ដែលជាញឹកញាប់គេមើលឃើញថា ក្មេងដែលចិញ្ចឹមដោយអ្នកដទៃដែលមិនមែនជាឪពុកម្ដាយច្រើនតែមានសភាវខាងអារម្មណ៍មិនសូវជាល្អប្រសើរប៉ុន្មានឡើយ។

    4 . ការឱបកូនក្រោយអាយុ 1 ឆ្នាំកន្លះ – 3ឆ្នាំ

    បើអ្នកមានទម្លាប់ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីពេលកើតដំបូងមក នៅពេលកូនចូលមកដល់វ័យនេះ គេក៏នៅតែចង់ឱ្យអ្នកឱបរឹត ចង់ឱ្យអ្នកថើបគេដដែល តែបើសិនជាគ្រប់ពេលរហូតមកអ្នកស្ទើរតែមិនដែលធ្លាប់ឱបរឹតគេ មិនដែលថើបគេ ហើយមកចង់ឱបរឹតគេនៅពេលនេះ គេអាចនឹងមិនព្រមឱ្យអ្នកឱបថើបគេឡើយ ដោយសារតែក្មេងក្នុងវ័យនេះនឹងចាប់ផ្ដើមចាប់អារម្មណ៍ពីពិភពខាងក្រៅច្រើនឡើង និងរូបគេក៏មិនធ្លាប់ដែលទទួលបានសម្ព័ន្ធភាពដែលល្អអំពីឪពុកម្ដាយផងនោះ ទើបគេចាប់អារម្មណ៍ពីអ្វីជុំវិញខ្លួនខ្លាំងជាងឪពុកម្ដាយ។ តែបើសិនជាកូនធំធាត់ឡើងមកព្រមជាមួយនឹងសម្ពន្ធភាពដ៏ល្អ ការឱបថើប និងសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះគេវិញនោះ ប្រាកដណាស់ថា គេនឹងក្លាយជាក្មេងដែលមានចំណាប់អារម្មណ៍លើអ្វីជុំវិញខ្លួនដូចគ្នា តែគេនឹងក្លាយជាក្មេងដែលមានភាពជឿជាក់ ព្រោះដឹងថា អ្នកនៅក្បែររូបគេជានិច្ច ទើបកូនធំឡើងក្លាយជាក្មេងដែលមានទស្សនគតិល្អ អារម្មណ៍ល្អ និងមានភាពជឿជាក់លើខ្លួនឯងខ្ពស់។

    នៅពេលកូនមានអាយុ 3ឆ្នាំឡើងទៅ

    ក្រោយពី 3 ឆ្នាំឡើងទៅ ពិភពរបស់គេនឹងលែងមានត្រឹមតែលោកឪពុក និងអ្នកម្ដាយទៀតហើយ គេនឹងជួបរឿងថ្មីៗ មិត្តភ័ក្តិថ្មីៗ សង្គមថ្មីៗ ដែលមនុស្សជាច្រើនតែងតែមើលឃើញថា នៅពេលដែលក្មេងៗមកពីគ្រួសារផ្សេងៗគ្នាមកនៅរួមគ្នាជាក្រុមនោះ ក្មេងខ្លះនឹងអៀនច្រើន និងចូលចិត្តនៅតែឯងៗ ក្មេងខ្លះនឹងរីករាយ រួសរាយសប្បាយ និងហ៊ានបង្ហាញចេញ ខណៈដែលក្មេងខ្លះទៀតនឹងឌឺរឹង ច្រងេងច្រងាង ឬមានអារម្មណ៍ដែលឆេវឆាវមួម៉ៅគ្រប់ពេលវេលា។

    នៅពេលកូនរបស់យើងធំឡើង ការចង់ចូលទៅឱបគេនៅពេលក្រោយ ទាំងកាលពីពេលមុនៗយើងមិនដែលធ្លាប់ឱបរឹតគេ មិនដែលយកចិត្តទុកដាក់លើការឱបផងនោះ វានឹងក្លាយជារឿងដែលពិបាកទៅហើយ។ កូនរបស់យើងអាចនឹងមានអារម្មណ៍ចម្លែក ឬអៀនខ្មាស់នៅពេលត្រូវឪពុកម្ដាយឱប តែបើយើងធ្លាប់បានឱបថើបរូបគេតាំងតែពីក្មេងមក កូននឹងគ្មានអារម្មណ៍អៀនបន្តិចណាឡើយនៅពេលឪពុកម្ដាយបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះគេ។ ដូច្នេះបើយើងមិនបានឱបថើបគេឱ្យបានច្រើនក្នុងអំឡុង 3ឆ្នាំដំបូងមកហើយនោះ ក្រៅពីនឹងធ្វើឱ្យគេធំឡើងក្លាយជាក្មេងដែលមានវិវឌ្ឍនាការផ្នែកអារម្មណ៍មិនល្អហើយ ការគិតចង់មកឱបរឹតគេនៅពេលក្រោយ(នៅពេលដែលគេធំឡើងហើយ) វាអាចក្លាយជារឿងដែលពិបាកធ្វើមួយ និងធ្វើឱ្យគេមានអារម្មណ៍អៀនខ្មាស់។

    ចុះបើយើងមិនបានឱបថើបគេតាំងពីដំបូង…ហើយចង់ឱបថើបកូនថ្ងៃនេះ តើនៅមិនទាន់យឺតពេលទេ ឬយ៉ាងណា?

    យ៉ាងណាៗការឱបថើបកូន មិនថាតែនៅពេលកើតដំបូង ឬធំហើយក៏ដោយ វាជាការបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូន ដូច្នេះ ចូរកុំអាលអស់កម្លាំងចិត្តអី បើអ្នកមិនបានមើលថែទាំគេ មិនបានឱបថើបគេតាំងពីពេលកើតដំបូង ហើយថ្ងៃនេះគេក្លាយជាក្មេងឆាប់ខឹងមួម៉ៅ ឌឺរឹង និងអាត្មានិយមនោះ ចូរចាប់ផ្ដើមឱបកូន និយាយ និងសម្ដែងចេញឱ្យគេដឹងថា លោកអ្នកស្រឡាញ់គេ ព្រួយបារម្ភពីគេខ្លាំងប៉ុនណា។ ដួងចិត្តរបស់កូនយ៉ាងណាៗក៏គេនៅតែត្រូវការការទទួលស្គាល់ពីឪពុកម្ដាយដែរ និង ទោះជាការចាប់ផ្ដើមឱបថើបកូននៅពេលដែលគេធំហើយ អាចដូចជារាងប្លែកៗក្នុងអំឡុងពេលចាប់ផ្ដើមដំបូងៗក្ដី តែនៅពេលដែលអ្នកបានធ្វើវាយ៉ាងជាប់លាប់ កូននឹងចាប់ផ្ដើមបានដឹង និងកែសម្រួលទង្វើឥរិយាបថ រួមទាំងសភាវផ្នែកអារម្មណ៍បានល្អឡើងជាបណ្ដើរៗមិនខាន៕

    អ្នកគ្រូ ឆវីសូមជូនពរឱ្យសង្គមគ្រួសារខ្មែរពោរពេញដោយសេចក្ដីស្រឡាញ់ ប្រាសចាកអំពើហិង្សា និងកុំឱ្យមានការព្រាត់ប្រាស ហើយបើលោកអ្នកភ្លេច ឬខកខានមិនបានឱបថើបកូនៗរបស់លោកអ្នកយូរមកហើយនោះ ថ្ងៃនេះចូរកុំឱ្យខកខានទៀតឱ្យសោះ…ប្រាប់កូនៗថា លោកអ្នកស្រឡាញ់ពួកគេស្មើនឹងជីវិត

  • ដំណាំ សាលាដ

    ដំណាំ សាលាដ

    សាលាដ ឬឈ្មោះខាងវិទ្យាសាស្រ្តហៅថា Lactuca sativa ជារុក្ខជាតិដំណាំដែលមានដែនដីកំណើតទាំងនៅក្នុងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ជាដំណាំតែមួយរដូវ មានដើមធំខ្លី ស្លឹកញឹក និងលាស់ធំចេញពីថ្នាំងជាកញ្ចុំ អាចក្ដោបត្រួយ ឬមិនក្ដោបត្រួយក៏មាន។ មានលក្ខណៈរូបរាង និងពណ៌ខុសប្លែកពីគ្នា ដោយទាំងអស់នេះអាស្រ័យលើពូជរបស់វា ដោយពូជខ្លះមានអាចមានស្លឹកក្រាស់រឹង តែពូជខ្លះទៀតបែរជាមានស្លឹកទន់ស្រួយ មានពណ៌ត្រួយចេក រហូតទៅដល់ពណ៌បៃតងចាស់ ពណ៌ស្ករលាយក្រហម ពណ៌ក្រហម និងពណ៌ស្ករតែម្ដងជាដើម។ ក្រៅពីនេះ ដើមសាលាដនៅមានប្រព័ន្ធឫសកែវដែលអាចរីកលូតលាស់ចុះទៅក្នុងដីបានយ៉ាងឆាប់រហ័ស។ កញ្ចុំផ្កាមានរូបរាងបែប Panicle មានកម្ពស់ជាមធ្យមពី 6 – 12 សង្ទីម៉ែត្រ ប្រកបដោយផ្កាពី 10 – 25 ផ្កា/កញ្ចុំ។ ស្រទាប់ផ្កាមានពណ៌លឿង ឬពណ៌សលាយលឿង។ ផ្កានឹងរីកនៅពេលព្រឹក ជាពិសេសក្នុងអំឡុងពេលដែលមានសីតុណ្ហភាពទាប។

    ការដាក់ដាំ

    . ការត្រៀមដី ៈ ភ្ជួរដាស់ដីឱ្យជ្រៅទៅក្រោមប្រមាណ 30 – 40 សង្ទីម៉ែត្រ រួចហាលដីទុកចោលឱ្យស្ងួត 7​- 10 ថ្ងៃ បន្ទាប់មករាស់កិនកម្ទេចដីឱ្យល្អិតមុននឹងដាក់ជីលាមកគោស្ងួតចូលទៅក្នុងដី ប្រមាណជា 2 – 3 ក្នុងទំហំដី 10 X 100 ម៉ែត្រ និងជីរូបមន្តស្មើ 15-15-15 បរិមាណ 30 – 50 គីឡូក្រាម រួចរាស់ត្រឡប់ឱ្យដីនឹងជីចូលគ្នា បន្ទាប់មកទើបលើកជារងកម្ពស់ប្រមាណជា 30 សង្ទីម៉ែត្រ X ទទឹង120 សង្ទីម៉ែត្រ X បណ្ដោយដី។

    . វិធីដាំ ៈ ក្រោយពីត្រៀមរងរួចរាល់ហើយ ចូរគ្របពីលើដោយចំបើងស្ងួតស្ដើងៗ ស្រោចទឹកឱ្យជោក មុននឹងព្រោះគ្រាប់ពូជសាលាដប្រមាណជា 300 – 500 ក្រាម(3 – 5 ខាំ)ក្នុងទំហំដីដូចខាងលើ និងព្រោះឱ្យសព្វលើរង រួចស្រោចទឹក 1 ដងទៀត។ នៅពេលកូនសាលាដចាប់ផ្ដើមលាស់មានស្លឹកពិត 2 – 3 សន្លឹក ចូរដកដើមណាដែលមិនសូវល្អ ឬដើមមិនសូវរឹងមាំចោល ដោយទុកចន្លោះ 25 ពីមួយគុម្ពទៅមួយគុម្ព 25 សង្ទីម៉ែត្រសម្រាប់ការដាំសាលាដស្លឹក និងទុកចន្លោះ 40 សង្ទីម៉ែត្រសម្រាប់ការដាំសាលាដពូជស្លឹកក្ដោបត្រួយ។

    វិធីមើលថែទាំ

    . ការស្រោចទឹក ៈ ចូរស្រោចទឹករាល់ថ្ងៃឱ្យដល់គល់សាលាដ មួយថ្ងៃ 2 ដងព្រឹក និងល្ងាច តែកុំស្រោចរហូតដល់បែកភក់។ បន្ទាប់ពីនោះក៏ប្ដូរមកស្រោចទឹកមួយថ្ងៃខានមួយថ្ងៃវិញ ហើយក្នុងរយៈពេលដែលបន្លែសាលាដកំពុងក្ដោបស្លឹកត្រួយ ចូរកុំស្រោចទឹកឱ្យត្រូវស្លឹកត្រួយ ព្រោះអាចនឹងធ្វើឱ្យកើតរោគរលួយស្លឹកបាន។

    – ការដាក់ជី ៈ ប្រើជីរូបមន្ត 46-0-0 ឬ 25-7-7 ក្រោយពេលដាក់ដាំហើយ 7 – 10 ថ្ងៃក្នុងអត្រា 30 – 50 គីឡូក្រាមក្នុងទំហំដី 15 X 100 ម៉ែត្រ និងនៅពេលអាយុបានប្រមាណជា 25 – 30 ថ្ងៃ ចូបន្ថែមជីរូបមន្ត 16-16-16 ក្នុងអត្រា 30 – 50 គីឡូក្រាមដូចគ្នា។

    – ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ ចូរបាញ់ទឹកចម្រាញ់ចេញពីរក្ខជាតិ ដូចជា ស្លឹកស្ដៅ ស្លឹកទន្រ្ទានខែត្រ ស្លឹកម្រេច ឬស្បៃរឿងជាដើមទៅលើដើម និងស្លឹក ដើម្បីការពារសត្វដង្កូវមូរស្លឹក និងសត្វល្អិតចង្រៃផ្សេងៗ ដោយត្រូវបាញ់រៀងរាល់ 5 – 7 ថ្ងៃម្ដង ឬអាចដាំដើមផ្កាស្បៃរឿងនៅតាមសងខាងរងផងក៏បាន។

    វិធីប្រមូលផល

    អាយុការប្រមូលផលបន្លែសាលាដ គឺប្រមាណជា 40 – 50 ថ្ងៃ (បន្ទាប់ពីពេលព្រោះគ្រាប់ពូជ)។ គួរជ្រើសរើសប្រមូលផលនៅពេលដែលស្លឹកសាលាដនៅខ្ចី ស្រួយ និងមិនស្វិត រឹង រីឯការរក្សាទុកវិញ គួរទុកដាក់នៅក្នុងកន្លែងដែលមានសីតុណ្ហភាពត្រជាក់ និងមិនត្រូវពន្លឺថ្ងៃ៕

  • មណ្ឌលទេសចរណ៍ដ៏អស្ចារ្យ 7 កន្លែងដែលគួរទៅលេងនៅខេត្ត អាអូម៉ូរិ ប្រទេសជប៉ុន

    មណ្ឌលទេសចរណ៍ដ៏អស្ចារ្យ 7 កន្លែងដែលគួរទៅលេងនៅខេត្ត អាអូម៉ូរិ ប្រទេសជប៉ុន

    ខេត្ត អាអូម៉ូរិ ស្ថិតនៅក្នុងបរិវេណខាងលើបំផុតរបស់កោះ ហន់ឈូ ជាខេត្តដែលធានាពីភាពត្រជាក់រងាកម្រិតកំពូលមួយរបស់ប្រទេសជប៉ុន តែភាពស្រស់ស្អាតរបស់ទីក្រុងវិញ អ្នកណាសាកល្បងបានទៅលេងហើយ ច្បាស់ជាភ្លេចអស់ភាពរងាត្រជាក់នោះដូចគេបេះចោលមិនខាន។

    7 . ខ្សែទឹកហូរ អូអ៊ិរ៉ាសិ ក្រុង ថូវ៉ាដៈ

    ខ្សែទឹកហូរ អូអ៊ិរ៉ាសិ ជាខ្សែទឹកហូរដែលធ្លាក់ចុះមកពីជ្រលងភ្នំដ៏ស្រស់ស្អាតនៃខេត្ត អាអូម៉ូរិ និងជាចំណុចទស្សនាស្លឹកឈើជ្រុះដែលមានឈ្មោះល្បីល្បាញបំផុតក្នុងប្រទេសជប៉ុន។ ខ្សែទឹកហូរមួយនេះហូរទៅតាមជ្រលងភ្នំ អូអ៊ិរ៉ាសិ ដោយនៅតាមផ្លូវមានទឹកជ្រោះដែលហូរធ្លាក់ចេញមកពីជញ្ជាំងជ្រលងភ្នំជាង 12 កន្លែង និងពោរពេញទៅដោយដើមរុក្ខជាតិប្លែកៗជាច្រើន ដែលយើងអាចដើរក្នុងព្រៃឆ្ពោះទៅទីនោះបានដូចគ្នា។

    6 . ប្រាសាទ ហ៊ីរ៉ូសាគិ ក្រុង ហ៊ីរ៉ូសាគិ

    ប្រាសាទ ហ៊ីរ៉ូសាគិ មួយនេះត្រូវបានសាងឡើងក្នុងឆ្នាំ 1611 តាំងនៅក្នុងបរិវេណសួនច្បារសាធារណៈហ៊ីរ៉ូសាគិ។ ប្រាសាទមួយនេះមានសួនច្បារសម្រាប់ទៅកម្សាន្តបែបពិកនិកបាន ជាពិសេសក្នុងរដូវស្លឹកឈើលាស់ ផ្កាសាគូរ៉ៈជាង 2,500 ដើមនឹងប្រជែងគ្នាចេញផ្ការីកស្គុសស្គាយ ស្រស់ស្អាតជាទីបំផុត ធ្វើឱ្យប្រាសាទមួយនេះក្លាយជាទីកន្លែងមួយដែលជនជាតិជប៉ុននិយមធ្វើដំណើរទៅលេង ដើម្បីទស្សនាផ្កាសាគូរ៉ៈរីកក្នុងពិធីបុណ្យមើលផ្កាសាគូរ៉ៈ។

    5 . ទីធ្លាខាងបុរាណវិទ្យា សាន់ណៃ ម៉ារុយ៉ាម៉ៈ ក្រុង អាអូម៉ូរិ

    ទីធ្លាខាងបុរាណវិទ្យា សាន់ណៃ ម៉ារុយ៉ាម៉ៈ ជាទីឋានបុរាណដែលចំណាស់ និងឥតខ្ចោះបំផុតនៅលើកោះជប៉ុន អាចចាត់បានថា ល្អឥតខ្ចោះបំផុតរបស់យុគសម័យ ចូម៉ុង(Jomon) ឬប្រមាណជា 4,000 ឆ្នាំមុនគ្រិស្តសករាជ។ ទីធ្លានោះត្រូវបានរកឃើញដោយចៃដន្យ រួមទាំងអស់មានខ្ទមជាង 700 ខ្នង និងមានទីធ្លាជាច្រើនផ្នែកទៀតដែលអ្នកបុរាណវិទ្យាកំពុងធ្វើការសិក្សាទៀតផង។ បច្ចុប្បន្នកំពុងស្ថិតក្នុងការពិចារណាឱ្យក្លាយជាបេតិកភណ្ឌពិភពលោក UNESCO World Heritage Site។

    4 . សារមន្ទីរសិល្បៈអាអូម៉ូរិ ក្រុងអាអូម៉ូរិ

    សារមន្ទីរសិល្បៈអាអូម៉ូរិ (Aomori Museum of Art ឬ Aomori Kenritsu Bijutsukan) ជាសារមន្ទីររៀបចំសម្ដែងសិល្បៈសម័យថ្មី ដោយតួអគារត្រូវបានធ្វើឱ្យជំពប់ភ្នែកដោយការច្នៃម៉ូដខាងក្រៅដោយពណ៌សទាំងអស់។ ហាយឡាយដែលក្រៅពីតួអគារដ៏ស្រស់ស្អាតហើយនោះ ខាងក្នុងអគារនៅមានការតាំងពិព័ណ៍អចិន្រ្តៃយ៍របស់ សិល្បករល្បីឈ្មោះ 3 រូបគឺ Marc Chagall , Munakata Shiko និង Nara Yoshitomo ទៀតផង។

    3 . កូនភ្នំ អូសូរេសាំង ក្រុង មុស៊ី

    កូនភ្នំ អូសេរេសាំង បានទទួលការចាត់លំដាប់ថ្នាក់ឱ្យលេខ 1 ក្នុងចំណោម កូនភ្នំស័ក្តិសិទ្ធិទាំង 3 របស់ជប៉ុន។ ត្រូវបានរកឃើញនៅក្នុងអំឡុង 1,000 ឆ្នាំកន្លងមក និងនៅផ្នែកកំពូលភ្នំថែមទាំងជាទីតាំងរបស់វត្ត បូដៃជិ ទៀតផង។ ភាពលេចធ្លោរបស់កូនភ្នំមួយនេះគឺ ផ្ទាំងទស្សនីយភាពដ៏ចម្លែកភ្នែកដែលកើតចេញពីការផ្ទុះរបស់ភ្នំភ្លើង និងក្លិនស្ពាន់ធ័រដ៏ខ្លាំងក្លាជ្រៀតចូលទៅក្នុងអាកាសធាតុ និងផ្ទៃដីមានពណ៌ប្រផេះស្ងួត។

    2 . អនសេន(អាងទឹក)ស៊ុខាយុ ក្រុង អាអូម៉ូរិ

    អនសេនធម្មជាតិដែលមានប្រភពថាមពលកម្ដៅពីភ្នំភ្លើង និងទឹកដែលមានអាស៊ីតស្ពាន់ធ័រលាយឡំ ធ្វើឱ្យមានពណ៌ផ្ទៃមេឃលាយបៃតងល្អក់ចម្លែកភ្នែក តែពេញទៅដោយសាតធាតុរ៉ែថែបំប៉នស្បែក។ តួអគារចំណាស់ និងបើកពិតានខ្ពស់ស្រឡះ បើអ្នកណាបានទៅលេងកម្សាន្តអាអូម៉ូរិហើយ សូមកុំភ្លេចទៅទទួលយកបទពិសោធត្រាំអនសេននៅទីនោះ។

    1 . នេប៊ុតៈ ណុ អ៊ិអិ វ៉ារ៉ាត់សិ ក្រុងអាអូម៉ូរិ

    អគារចម្លែកភ្នែកនេះ ជាអគាររបស់សារមន្ទីរសិល្បៈបុរាណក្នុងតំបន់នេប៊ុតៈ ដែលហ៊ុមព័ទ្ធដោយបន្ទះលោហៈពណ៌ក្រហមប្លែកភ្នែក។ ខាងក្នុងមានការចាត់សម្ដែងពិព័រណ៍ពាក់ព័ន្ធពិធីបុណ្យភ្លើងគោមតុបតែងរបស់ជប៉ុនដ៏ល្បីល្បាញដែលរៀបចំឡើងជាប្រចាំរៀងរាល់ឆ្នាំក្នុងអំឡុងដើមខែសីហា ឬដែលហៅថា ពិធីបុណ្យ នេប៊ុតៈ ម៉ាត់ស៊ុរិ(Nebuta Matsuri)ហ្នឹងឯង។ យើងនឹងអាចទស្សនាគោមភ្លើងខ្នាតធំៗដែលប្រើក្នុងពិធីបុណ្យយ៉ាងជិតៗផ្ទាល់ភ្នែកបាននៅទីនោះ ដោយនៅខាងក្នុងអគារមានហាងលក់កាហ្វេ និងអាហារឆ្ងាញ់ៗសម្រាប់ឱ្យភ្ញៀវទេសចរអង្គុយក្រេបកេហ្វេ និងញ៉ាំអាហារកំដរអារម្មណ៍ទៀតផង៕