Author: ធឿន មករា

  • ក្រមុំៗត្រៀមផ្អៀងត្រចៀកចាំស្ដាប់ណា៎ ៈ «ចំណុចល្អ 5 យ៉ាងរបស់ការរៀបការ»

    ក្រមុំៗត្រៀមផ្អៀងត្រចៀកចាំស្ដាប់ណា៎ ៈ «ចំណុចល្អ 5 យ៉ាងរបស់ការរៀបការ»

    ខាងក្រោមនេះជាចំណុចល្អៗរបស់ការរៀបការដែលក្រមុំៗនៅលីវទាំងឡាយគួរតែដឹង ព្រោះការរៀបមង្គលការបានផ្ដល់នូវអ្វីៗច្រើនជាងយើងនឹកគិតទៅទៀត។ មិនប្រាកដដែរ នៅពេលបានអានហើយ វាអាចនឹងធ្វើឱ្យរូបអ្នកហ៊ានបើកបេះដូងទទួលយកអ្នកកម្លោះណាម្នាក់មកសិក្សាចិត្តគ្នាក៏អាចថាបានដែរណា៎(ហេសៗ)។

    ការរៀបអាពាហ៍ពិពាហ៍គឺជាក្ដីស្រមៃមួយរបស់មនុស្សជាច្រើន ជាពិសេសបំផុតក្រមុំៗដែលចង់ស្លៀកឈុតរៀបការស្អាតៗ ហ៊ុមព័ទ្ធដោយអ្នកកំដរកូនក្រមុំដ៏គួរឱ្យស្រឡាញ់ ព្រមទាំងបានបោះបាច់ផ្កាឱ្យក្រមុំៗដទៃទៀតបានផ្សងសំណាងទៀតផង។ ទាំងអស់នេះគឺជាទិដ្ឋភាពនៃការរៀបអាពាហ៍ពិពាហ៍ក្នុងឧត្ដមគតិដែលមនុស្សជាច្រើនសុទ្ធតែនឹកស្រមៃ រហូតធ្វើឱ្យក្រមុំៗយើងទាំងឡាយលែងគិតចង់នៅម្នាក់ឯងតទៅទៀត។ ឥឡូវយើងនាំគ្នាមកមើលថា តើចំណុចល្អៗដែលបានមកពីការរៀបការនោះមានអ្វីខ្លះ? ព្រោះជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរពីបាតដៃទៅជាខ្នងដៃបានយ៉ាងស្រស់ថ្លាភ្លាមៗតែម្ដង បើអ្នកបានជួបស្នេហ៍ជាមួយអ្នកកម្លោះជាទីស្នេហាណាម្នាក់ដែលត្រៀមខ្លួនជាស្រេចក្នុងការសុំអ្នករៀបការនោះ(អ៊ឺហ៊ឺ…)។

    1 . ធ្វើអ្វីដែលប្រថុយប្រថានតិចជាងមុន

    គេនាំគ្នានិយាយថា មនុស្សដែលរៀបការហើយ នៅពេលធ្វើអ្វីក៏ដោយនឹងនឹកដល់សុវត្ថិភាពខ្លួនឯងជាចម្បង ព្រោះគិតថា បើសិនជាខ្លួនឯងកើតអីទៅ អ្នកនៅខាងក្រោយនឹងទៅជាយ៉ាងណា? នោះទើបធ្វើឱ្យអ្នកត្រូវតែបង្កើនភាពប្រយ័ត្នប្រយែងក្នុងជីវិតកាន់តែច្រើនឡើងទៀត។ ពីធ្លាប់តែចិត្តក្ដៅដូចភ្លើង មកចិត្តត្រជាក់ច្រើនឡើង ទើបមិនមែនជារឿងប្លែកឡើយដែលថា ហេតុអីបានអ្នកមានគូហើយគេងាកមកយកចិត្តទុកដាក់រឿងសុខភាពខ្លួនឯងនោះ ដោយសារគេចង់មានសេចក្ដីសុខក្នុងការរស់នៅរួមជាមួយមនុស្សដែលគេស្រឡាញ់នោះឱ្យបានយូរអង្វែងហ្នឹងឯង។

    2 . ក្រុមគ្រួសារសប្បាយចិត្ត

    នារីៗយើងជាច្រើនអាចមានកង្វល់ថា នៅពេលរៀបការហើយ ឪពុកម្ដាយនឹងរឹតតែរញ៉ាំរញូវជាមួយអ្នកច្រើនជាងមុន តែនៅក្នុងសភាពពិតវិញ…ក្រុមគ្រួសារនឹងមករវីរវល់ជាមួយអ្នកកាន់តែតិចទៅយ៉ាងសង្កេតឃើញច្បាស់តែម្ដង នោះក៏ព្រោះតែគេមើលឃើញថា អ្នកមានគ្រួសារប្ដីសីរួចហើយ និងជឿថាអ្នកមានចំណេះដឹងច្រើនគ្រប់គ្រាន់ក្នុងការចាត់ការ និងដោះស្រាយបញ្ហាផ្សេងៗបានហើយ

    និងថែមអ្នកនៅចាំមើលថែទាំរូបអ្នកទៀតផង។ ពីពេលនេះទៅ អ្នកក៏លែងចាំបាច់មកស្ដាប់លោកប៉ាអ្នកម៉ាក់របស់អ្នករអ៊ូរឿងអ្នកត្រឡប់មកផ្ទះវិញយប់ជ្រៅ ឬដើរលេងយប់ទៀតដែរ(តែអាចជាគូជីវិតរបស់អ្នកជាអ្នករអ៊ូជំនួសវិញ)។

    3 . ទស្សនគតិផ្លាស់ប្ដូរ

    ព្រោះការរៀបការនឹងមកព្រមជាមួយតួនាទីការទទួលខុសត្រូវទាំងក្នុងឋានៈស្វាមី-ភរិយា ឪពុក-ម្ដាយ ធ្វើឱ្យជីវិតបានដឹងពីគោលដៅកាន់តែច្បាស់លាស់ឡើង គិតអ្វីល្អិតល្អន់ឡើង ចង់ចាយវាយអីក៏ប្រយ័ត្ន រៀនយល់ដឹងក្នុងការលះបង់ និងស្គាល់ពីការសម្រុះសម្រួល។ ទាំងអស់នេះនឹងហាត់ពត់លត់ដំទស្សនគតិរបស់អ្នកជាបណ្ដើរៗ ពីរយៈដំបូងៗដែលមើលទៅហាក់ដូចជាមិនសូវជាស៊ីចង្វាក់គ្នា រហូតដល់កើតភាពស៊ាំធ្លាប់នៅពេលៗវេលាកន្លងទៅ។

    4 . មានអ្នកចែករំលែកអារម្មណ៍ទៅជាមួយគ្នា

    អ្នកអាចនឹងធ្លាប់គិតថា មានត្រឹមតែឪពុកម្ដាយបងប្អូន និងមិត្តភ័ក្ដិក៏គ្រប់គ្រាន់សម្រាប់ឱ្យអ្នកចែករំលែកអារម្មណ៍ល្អ និងមិនល្អទៅជាមួយគ្នាបានហើយ…តែ ក៏មិនមែនទាំងអស់ដែរចា៎ស!។ ប្រាកដណាស់ថា ការមានជីវិតគូដែលល្អនឹងជួយឱ្យអ្នកឆ្លងផុតឧបសគ្គផ្សេងៗបាន មានអ្នកនៅចាំផ្ដល់កម្លាំងចិត្តពេលអ្នកអស់សង្ឃឹម និងនឿយហត់ ជាមិត្តជួយគិត ជួយសម្រាលបន្ទុកមុខងារផ្សេងៗ និងដែលសំខាន់គឺ ចែករំលែកទុក្ខ និងសុខព្រមជាមួយរូបអ្នក។

    5 . សាងអត្ថន័យដល់ជីវិត

    “ប្រញាប់ត្រឡប់ទៅផ្ទះធ្វើអី?” “ធ្វើការរកលុយដើម្បីអី?” “ពេលយប់ នៅសុខៗស្រាប់តែមានអារម្មណ៍អផ្សុក” ឬ “ទំនេរៗ មិនដឹងជាធ្វើអី?”។ ប្រយោគទាំងអស់នេះប្រហែលជាធ្លាប់កើតឡើងនៅក្នុងអំឡុងជីវិតនៅលីវរបស់មនុស្សជាច្រើន តែបើអ្នកបានរៀបការរួចហើយនោះ អ្នកគ្រូ ឆវីសូមប្រាប់ទៅចុះថា ប្រយោគទាំងអស់នោះនឹងបាត់អស់បន្តិចម្ដងៗជាមិនខាន។ ការរៀបការនឹងក្លាយជាអ្វីមួយដែលចូលមកបំពេញបន្ថែមជីវិតរបស់អ្នកឱ្យរឹតតែមានអត្ថន័យខ្លាំងឡើង និងធ្វើឱ្យអ្នកបានដឹងថា អ្នកមានជីវិតដើម្បីអ្វី និងដើម្បីអ្នកណា។

    ការពិតទៅ ការរៀបអាពាហ៍ពិពាហ៍ក៏មិនមែនមានតែចំណុចល្អទាំងអស់នោះដែរ ព្រោះអ្វីៗគ្រប់យ៉ាងនៅលើពិភពលោកនេះ សុទ្ធតែមានចំណុចល្អ និងចំណុចអាក្រក់នៅក្នុងនោះទាំងអស់ តែយ៉ាងហោចណាស់ក៏អ្នកមានមនុស្សម្នាក់នៅក្បែរ ដែលត្រៀមខ្លួនជាស្រេចក្នុងការកែសម្រួល និងកែខៃចំណុចមិនល្អទៅជាមួយនឹងរូបអ្នកដែរ។ ងាកមកបើកបេះដូងទទួលយកនរណាម្នាក់ឱ្យចូលមកសាក-លមើល៍…ជួនកាលអាចនឹងជួបអ្នកដែលគេស្រឡាញ់យើងពិត ហើយមនុស្សម្នាក់នោះក៏ព្រមនឹងជួយផ្លាស់ប្ដូរជីវិតយើងជាថ្មីក៏អាចថាបានដែរណា៎…៕

  • អ្នកម្ដាយកំពុងបំបៅដោះកូន គួរអានជាបន្ទាន់ មុននឹងចង់សម្រករាងដោយថ្នាំបញ្ចុះទម្ងន់!

    អ្នកម្ដាយកំពុងបំបៅដោះកូន គួរអានជាបន្ទាន់ មុននឹងចង់សម្រករាងដោយថ្នាំបញ្ចុះទម្ងន់!

    បន្ទាប់ពីសភាវប្រសូតបុត្រកន្លងផុតទៅយ៉ាងល្អប្រសើរហើយនោះ បញ្ហាដែលអ្នកម្ដាយច្រើនតែកង្វល់ចិត្តជាពិសេសប្រហែលៗនឹងការចិញ្ចឹមកូនដែរនោះ គឺរឿងរូបរាងរបស់ខ្លួន រឹតតែបើអ្នកម្ដាយណាពូកែញ៉ាំក្នុងអំឡុងពេលតាំងគភ៌ផងនោះ គឺរឹតតែមានឱកាសក្នុងការកើតដុំខ្លាញ់នៅតាមផ្នែកផ្សេងៗរបស់រាងកាយដែលនៅសេសសល់ក្រោយពីការប្រសូតបុត្រ ដែលនាំឱ្យមិនគួរចង់មើលទាល់តែសោះ តែក៏មិនដឹងថានឹងសម្រកទម្ងន់ក្រោយពេលប្រសូតនេះយ៉ាងណាដែរ។ ញ៉ាំថ្នាំសម្រកទម្ងន់ តើល្អដែរទេ? តើញ៉ាំហើយនឹងហុចផលយ៉ាងណាខ្លះទៅ?។ ថ្ងៃនេះ ឡារ៉ែនសូមលើកយករឿងរ៉ាវរបស់ការបញ្ចុះទម្ងន់ក្រោយពេលប្រសូតដែលទទួលបានផលល្អបំផុត និងមិនមានគ្រោះថ្នាក់ មកជម្រាបជូនដូចតទៅ។

    ហេតុអ្វីបានមិនគួរញ៉ាំថ្នាំបញ្ចុះទម្ងន់ក្រោយពេលប្រសូត?

    ត្រូវនាំគ្នាទទួលស្គាល់បែបពិតប្រាកដឱ្យបានជាមុនសិនថា អ្នកម្ដាយថ្មោងថ្មី(មានកូនដំបូង)ប្រហែលជាមានអារម្មណ៍មិនចូលចិត្តរូបរាងរបស់ខ្លួនក្រោយពេលប្រសូតបុត្រហើយប៉ុន្មានទេ។ អ្នកខ្លះក៏ខ្លាចថា ប្ដីនឹងលែងស្រឡាញ់ ហើយលួចទៅមានស្រីថ្មី(អ័រម៉ូនកង្វល់នៅតែប្រែប្រួលឥតឈប់ឈរ) ទើបជាហេតុធ្វើឱ្យលបលួចទៅទិញថ្នាំបញ្ចុះទម្ងន់សម្រករាងមកទទួលទាន ដើម្បីឱ្យមានរូបរាងស្វែលស្អាតដូចកាលពីមុនពេលមានគភ៌ជាថ្មីម្ដងទៀត។ តែពេលញ៉ាំចូលទៅហើយ ភាគច្រើននឹងមានអារម្មណ៍ថា ញ័រដើមទ្រូង វិលមុខ គេងមិនលក់ អ្នកខ្លះអាចដល់ថ្នាក់គាំងបាត់ស្មារតីតែម្ដងក៏មាន។ បើសិនមានការបំបៅដោះកូនដោយខ្លួនឯងផងនោះ ក៏មានឱកាសដែលឥទ្ធិពលថ្នាំប្រភេទខ្លះនឹងទៅប៉ះពាល់ដល់ទារកដូចគ្នា និងអាចហុចផលឱ្យកើតមានភាពខុសប្រក្រតីនៅលើកូនតូចបានទៀតផង។ ដូច្នេះទើបមិនគួរទិញថ្នាំសម្រករាង ឬថ្នាំបញ្ចុះទម្ងន់មកទទួលទានដោយខ្លួនឯងជាដាច់ខាត មិនថាមានសេចក្ដីត្រូវការក្នុងការបញ្ចុះទម្ងន់ក្រោយពេលប្រសូតខ្លាំងប៉ុនណាក៏ដោយ។

    វិធីបញ្ចុះទម្ងន់ក្រោយពេលប្រសូតយ៉ាងមានសុវត្ថិភាព និងទទួលបានលទ្ធផលល្អ

    1 . បំបៅដោះកូន ៈ គឺជាវិធីដែលងាយបំផុត និងល្អបំផុតទាំងចំពោះខ្លួនអ្នកម្ដាយ និងកូនតូច។ ហេតុដែលការបំបៅដោះកូនអាចបញ្ចុះទម្ងន់បាននោះ គឺដោយសារតែក្នុងដំណាក់កាលការសាងទឹកដោះនឹងមានការទាញយកជាតិខ្លាញ់ក្នុងផ្នែកផ្សេងៗរបស់រាងកាយម្ដាយមកប្រើធ្វើជាចំណែកផ្សំចម្បង ទើបធ្វើឱ្យទម្ងន់ខ្លួនរបស់ម្ដាយអាចស្រកចុះបានយ៉ាងមើលឃើញច្បាស់តែម្ដង។ ចំណែកឯកូនតូចវិញក៏នឹងបានទទួលប្រយោជន៍ក្នុងរឿងរបស់សារធាតុអាហារ និងភាពប្រឆាំងជំងឺរបស់រាងកាយផងដែរ។

    2 . ហាត់ប្រាណ ៈ គ្មានវិធីណាដែលនឹងជួយបញ្ចុះទម្ងន់បានល្អស្មើនឹងការហាត់ប្រាណទៀតទេ។ ទោះជាទើបតែប្រសូតបុត្រ និងរាងកាយនៅមិនទាន់សូវស្រួលបួលប៉ុន្មានក៏ដោយ ក៏អាចចាប់ផ្ដើមដោយការហាត់ប្រាណតិចៗ ស្រាលៗសិនបាន ដូចជា ធ្វើការងារផ្ទះ ការដើរហាត់ប្រាណ និងហ្វឹកយ៉ូហ្កា ជាដើម។

    3 . ចៀសវាងអាហារដែលមានខ្លាញ់ និងអាហារដែលគ្មានប្រយោជន៍ ៈ អ្នកម្ដាយមួយចំនួន នៅពេលប្រសូតបុត្រហើយ ក៏ប្រញាប់ទទួលទានអាហារច្រើនៗប្រភេទដែលខ្លួនចង់ញ៉ាំដោយមិនបានចាប់អារម្មណ៍ពីបរិមាណជាតិខ្លាញ់ និងកាឡូរីដែលខ្លួនបានទទួលឡើយ ទើបមិនមែនជារឿងប្លែកឡើយដែលទម្ងន់ខ្លួនមិនព្រមស្រកចុះនោះ។

    អ្នកម្ដាយថ្មោងថ្មីដែលកំពុងស្វែងរកវិធីបញ្ចុះទម្ងន់ខ្លួនក្រោយពេលប្រសូតបុត្ររួច ក៏អាចនាំយកវិធីផ្សេងៗដែលឡារ៉ែនបានណែនាំខាងលើទៅប្រើបានភ្លាមតែម្ដង។ ហាមទិញថ្នាំបញ្ចុះទម្ងន់(ភាពធាត់)មកទទួលទានដោយខ្លួនឯងជាដាច់ខាត ព្រោះអាចហុចផលឱ្យកើតមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទាំងអ្នកម្ដាយខ្លួនឯង និងកូនតូចបាន៕

  • ប្រយោជន៍ 5យ៉ាងរបស់ដុំធ្យូង “ភាពល្អស្អាតដែលបង្កប់ក្នុងភាពខ្មៅ”

    ប្រយោជន៍ 5យ៉ាងរបស់ដុំធ្យូង “ភាពល្អស្អាតដែលបង្កប់ក្នុងភាពខ្មៅ”

    ប្រយោជន៍ល្អៗរបស់ធ្យូង ភាពល្អស្អាតដែលបង្កប់ក្នុងដុំពណ៌ខ្មៅ តើអាចនាំយកទៅធ្វើអ្វីបានខ្លះ ក្រៅពីបង្កាត់ជាភ្លើងសម្រាប់ចម្អិនអាហារ?។

    ដល់ពេលដុតអាំងជប់លៀងផារ៍ទីជុំគ្នាម្ដងៗ ត្រូវតែទិញធ្យូងមកត្រៀមទុកសម្រាប់ចម្អិនអាហារគ្រឿងក្លែមមែនទេ? បងៗស្រ្តីមេផ្ទះជាច្រើនតែងស៊ាំធ្លាប់ជាមួយការប្រើប្រាស់ធ្យូងសម្រាប់តែដាំស្ល ចម្អិនម្ហូបអាហារតែម្យ៉ាងប៉ុណ្ណោះ តែការពិតវិញ ដុំឈើខ្មៅៗនេះអាចនាំយកទៅធ្វើអ្វីផ្សេងៗទៀតបានជាច្រើនយ៉ាង ដូច្នេះបើបងៗនៅមិនទាន់ដឹងថា តើនឹងត្រូវយកដុំធ្យូងដែលនៅសេសសល់ក្នុងចង្រ្កានបាយទៅធ្វើអ្វីទេនោះ សូមតាមមក…អ្នកគ្រូ ឆវី នឹងប្រាប់ពីប្រយោជន៍ល្អៗផ្សេងៗទៀតរបស់ដុំធ្យូងដូចតទៅ។

    1 . ជួយបឺតយកក្លិនមិនល្អ

    មិនថាតែក្នុងថតតុ ក្នុងទូទឹកកក ក្នុងធុងសំរាម ក្នុងបន្ទប់ទឹក ឬទីកន្លែងណានៅក្នុងផ្ទះនោះទេ បើសិនជាមានធំក្លិនមិនល្អ(ស្អុយ)ហើយនោះ ចូរនាំយកធ្យូងប្រមាណជា 2 – 3 ដុំទៅដាក់នៅត្រង់កន្លែងដែលត្រូវការរបំបាត់ក្លិនទាំងនោះ។ មិនយូរប៉ុន្មាន ក្លិនមិនគួរឱ្យបេតីទាំងនោះនឹងរលាយបាត់អស់ជាបណ្ដើរៗ ព្រោះរន្ធតូចៗជាច្រើននៅលើដុំធ្យូងនឹងជួយបឺតស្រូបយកក្លិនអស់ទាំងនោះ ទោះជាក្លិនបារីក៏ដោយ។

    2​. ការពារសំណើម

    បើសិនជាខ្យល់អាកាសខាងក្នុងផ្ទះបក់ចេញចូលមិនសូវល្អ ឬមានប្រឡោះខ្យល់តូចៗជ្រុលពេក ជាពិសេសបន្ទប់ដែលមានសំណើមខ្ពស់ដូចជា បន្ទប់ទឹក ជាដើម វានឹងធ្វើឱ្យមានក្លិនអាប់ និងកើតមេរោគផ្សិតឡើង តែបងៗស្រ្តីមេផ្ទះអាចការពារជាមុនបាន ដោយយកម្សៅសាប៊ូមកលាយជាមួយម្សៅបេកឃីងសូដា(មានលក់នៅតាមហាងផ្សារទំនើប)ឬទឹកខ្មេះមកជូតនៅតាមកម្រាលឥដ្ឋ ជញ្ជាំង និងពិតានឱ្យសព្វ ហើយសឹមយកដុំធ្យូងមកដាក់ទុកចោលនៅក្នុងនោះ ដើម្បីឱ្យវាបឺតជាតិសើមចេញ។ ក្រៅពីនេះ បើមានធុង ឬឡាំងដាក់របស់របរផ្សេងៗដូចជា គ្រឿងដែក ឬឧបករណ៍ជាង ជាដើមនោះ បងៗគ្រាន់តែយកធ្យូង 1 – 2 ដុំតូចៗទៅដាក់ក្នុងនោះចោល ក៏វាអាចជួយកាត់បន្ថយសំណើម និងការពារការកើតច្រែះបានដែរ។

    3 . បិទបាំងស្នាមឆ្កូតផ្សេងៗ

    បើគ្រឿងសង្ហារិម ឬឧបករណ៍ប្រើប្រាស់ណាដែលមានផ្ទៃពណ៌ខ្មៅ ឬពណ៌ស្ករចាស់ ហើយចៃដន្យមានស្នាមឆ្កូតតូចៗដែលពិបាកនឹងលើកយកទៅឱ្យជាងជួសជុលសម្អាត និងបើទុកប្រើទាំងមានស្នាមឆ្កូតបែបហ្នឹង មើលទៅដូចជាមិនគួរឱ្យគយគន់សោះនោះ សូមបងៗស្រ្តីមេផ្ទះយកធ្យូងមកដុសៗខាត់ៗត្រង់កន្លែងដែលមានស្នាមឆ្កូត ឬស្នាមកខ្វក់ដែលលុបមិនជ្រះនោះទៅ។ ធ្វើត្រឹមតែប៉ុណ្ណឹង គ្រឿងសង្ហារិមពណ៌ខ្មៅដែលធ្លាប់តែមានស្លាកស្នាមមិនល្អទាំងនោះនឹងត្រឡប់ទៅជាថ្មីស្អាតដូចមុនវិញមិនខាន។

    4 . ពន្យារអាយុផ្កាស្រស់

    ភាគច្រើនផ្កាស្រស់ដែលយើងតែងយកមកដាក់នៅក្នុងថូសម្រាប់តុបតែងលម្អផ្ទះនោះ ច្រើនតែនៅមិនសូវបានយូរប៉ុន្មានឡើយ បានតែប៉ុន្មានថ្ងៃក៏រោយស្រពោនទៅហើយ ទោះជាដាក់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ក៏ដោយ តែបញ្ហានេះងាយស្រួលកែណាស់មិនពិបាកទេ គ្រាន់តែដាក់ធ្យូងចូលទៅប្រមាណជា 1 – 2 ដុំព្រមជាមួយទឹកកន្លះថូប៉ុណ្ណោះ ផ្កាស្រស់ទាំងនោះនឹងនៅស្រស់បំព្រងបានយូរ និងថែមទាំងធ្វើឱ្យទឹកថ្លា និងស្អាតទៀតផង។

    5 . ថែបំប៉នដើមផ្កា

    សម្រាប់ដើមរុក្ខជាតិតូចៗដាំក្នុងដី ចូរយកធ្យូងមកដំបំបែកជាដុំតូចៗ ហើយរោយនៅជុំវិញគល់ដើមផ្កាទាំងនោះ រួចហើយលប់ដីពីលើមួយជាន់ទៀត វានឹងជួយថែរក្សាសំណើមនៅក្នុងដី និងការពារការកើតស្មៅបានទៀតផង។ ចំណែកដើមផ្កាដែលដាំនៅក្នុងផើងវិញ ចូរដាក់ធ្យូងទ្រាប់បាតផើងជាមុនសិន មុននឹងដាក់ដីដាំដើមផ្កា ព្រោះធ្យូងនឹងជួយបៀមទឹកមិនឱ្យឆាប់ស្ងួតអស់លឿនពេក និងថែមទាំងជួយបង្កើនសារធាតុរ៉ែឱ្យដីទៀតផង។

    ធ្យូង ក្រៅពីប្រើសម្រាប់បំបាត់ក្លិនស្អុយ ក្លិនអាប់ និងក្លិនមិនល្អផ្សេងទៀតដែលយើងមិនចូលចិត្តហើយនោះ នៅជួយការពារសំណើម ផ្ដល់ភាពថ្មីឡើងវិញដល់គ្រឿងសង្ហារិម និងធ្វើឱ្យផ្កាស្រស់នៅស្រស់បំព្រងបានកាន់តែយូរឡើងទៀតផង…ពិតជាប្រើប្រយោជន៍បានច្រើនយ៉ាងមែន៕

  • ក្រុមបាល់ទាត់ចំនួន 10ក្រុម នឹងចូលរួមប្រកួតប្រជែងក្នុងលីកបាល់ទាត់នារីកម្ពុជា ឆ្នាំ២០២០

    ក្រុមបាល់ទាត់ចំនួន 10ក្រុម នឹងចូលរួមប្រកួតប្រជែងក្នុងលីកបាល់ទាត់នារីកម្ពុជា ឆ្នាំ២០២០

    ការប្រកួតពានរង្វាន់លីកបាល់ទាត់នារី (Cambodian Women’s League) រដូវកាល2020 នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី27 ខែកញ្ញា ដល់ថ្ងៃទី20 ខែធ្នូ ឆ្នាំ2020 ដោយប្រើប្រាស់រូបមន្តប្រកួត ជាលក្ខណៈលីកវិលជុំ តែ 1ជើងប៉ុណ្ណោះ ដោយមានក្រុមខ្លះ អាចនឹងធ្វើម្ចាស់ផ្ទះ 4ដង ឬ 5ដង តាមការចាប់ឆ្នោតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

    ដោយមានក្រុមបាល់ទាត់នារី ចូលរូមចំនួន 10ក្រុម ក្នុងនោះមានក្រុមសមាជិកលីកកំពូលកម្ពុជាចំនួន4 រួមមានក្រុមបាល់ទាត់នារីបឹងកេត, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន និងក្រុមបាល់ទាត់នារីកងយោធពលខេមរភូមិន្ទ។ រីឯ 6ក្រុមផ្សេងទៀត រួមមានខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៏, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តបាត់ដំបង និងខេត្តសៀមរាប ។

    ចំពោះគោលបំណងក្នុងការបង្កើតជាការប្រកួតលីកនេះឡើង គឺដើម្បីចម្រាញ់យកកីឡាការិនី ដែលមានសមត្ថភាពតំណាងឱ្យកម្ពុជា ទៅប្រកួតស៊ីហ្គេមនៅឆ្នាំ2021 ដើម្បីត្រៀមខ្លួនដណ្តើមមេដាយនៅស៊ីហ្គេមឆ្នាំ2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

  • នៅពេលកូនតូចឈានចូលខែទី 10

    នៅពេលកូនតូចឈានចូលខែទី 10

    ខែទី 10

    លក្ខណៈរបស់កូនតូច

    រយៈនេះកូនច្រើនមានធ្មេញខាងមុខដុះឡើងគ្រប់ 4 គ្រាប់ហើយ តែនៅមិនទាន់ដល់ថ្នាក់ត្រូវដុសធ្មេញឱ្យបានទេ គ្រាន់តែយកក្រណាត់ស្អាតមកជូតឱ្យក៏គ្រប់គ្រាន់ហើយ។ ថ្ងៃនេះអត្រាកើនឡើងនៃទម្ងន់ខ្លួននឹងថយចុះប្រមាណជា 5 – 10ក្រាមក្នុងមួយថ្ងៃជាមធ្យម។

    ខែនេះចាប់ផ្ដើមមានភាពជាខ្លួនឯងច្រើនឡើងហើយ ចេះតតាំងនឹងអ្វីដែលមិនចង់ធ្វើច្រើនឡើង ដូចជាមិនចូលចិត្តឱ្យគេចាប់ដាក់អង្គុយលើកន្ថោរដើម្បីជុះ ជាដើម។ អំឡុងពេលនេះអ្នកម្ដាយអាចនឹងបណ្ដោយកូនឱ្យលេងតែឯងខ្លះ ហើយការលេងកូននឹងបង្កប់ទៅដោយការចង់ដឹងចង់ឃើញ និងចងចាំជាបណ្ដើរៗហើយ។

    ដល់ពេលញ៉ាំអាហារបន្ថែម

    វ័យនេះ ញ៉ាំអាហារបរិមាណប៉ុនណា អាស្រ័យលើសេចក្ដីត្រូវការ មិនចាំបាច់ធ្វើទុកឱ្យញ៉ាំជាពិសេសនោះទេ អាចបែងពីអាហាររបស់មនុស្សធំមកញ៉ាំបាន។ បើអាហារដែលញ៉ាំមានទាំងម្សៅ បន្លែ សាច់ និងសណ្ដែកហើយ ក៏មិនចាំបាច់បារម្ភថា កូននឹងខ្វះសារជាតិអាហារនោះឡើយ។ ចំណែកកាលវិភាគអាហារបន្ថែមដែលថាកូនគួរតែបានទទួលប៉ុន្មានក្នុងមួយថ្ងៃ 2ពេល ឬ3ពេលនោះគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ។ បើញ៉ាំបាយអស់ក្នុងរយៈពេល 10 – 15 នាទីនោះ ចង់ឱ្យញ៉ាំមួយថ្ងៃ 3ពេលក៏បាន តែបើបញ្ចុកបាយម្ដងៗចំណាយពេលដល់ទៅ 1 ម៉ោងនោះ បើឱ្យញ៉ាំមួយថ្ងៃ 3ពេល កូននឹងគ្មានពេលចេញទៅលេងខាងក្រៅផ្ទះ ព្រោះយ៉ាងហោចណាស់ក៏ត្រូវឱ្យបានចេញទៅលេងនៅក្រៅផ្ទះនៅពេលព្រឹក និងពេលល្ងាចម្ដងៗពី 1ម៉ោង – 1ម៉ោងកន្លះដែរ ហើយពេលវេលានៅសល់ចូរទុកជាពេលវេលាគេង ពេលញ៉ាំបាយ តាមភាពស័ក្តិសមរបស់ក្មេងម្នាក់ៗវិញប្រសើរជាង។

    នំនែក ជារឿងដែលត្រូវតែបណ្ដោយខ្លះៗហើយ

    អ្នកខ្លះមិនព្រមឱ្យកូនញ៉ាំនំឡើយ ព្រោះខ្លាចឆ្អែតរហូតមិនញ៉ាំបាយ តែកូនក៏នៅតែចង់ញ៉ាំដដែលហ្នឹងឯង ដូច្នេះគួរអនុញ្ញាតឱ្យកូនបានញ៉ាំខ្លះចុះ ដូចជានំប៉័ងស្រួយៗ នំប៉ាវ នំបារាំង នំខេក នំចេក នំអាកោ ឬនំខ្មែរផ្សេងៗ តែគួរឱ្យស្អាតមានអនាម័យ រសជាតិផ្អែមល្មមៗ។ ចំណែកផ្លែឈើវិញ គួរឱ្យញ៉ាំជាចំណិតៗ មិនចាំបាច់កិនឱ្យម៉ដ្ឋទៀតទេ។ កំណត់ពេលឱ្យញ៉ាំមិនលើស 2 ដងក្នុងមួយថ្ងៃ ដូចជាឱ្យញ៉ាំទឹកដោះមុនពេលរសៀលជាដើម មិនមែនចេះតែឱ្យញ៉ាំពេញមួយថ្ងៃនោះទេ ព្រោះនឹងធ្វើឱ្យដល់ពេលញ៉ាំបាយ ញ៉ាំបានតិច។

    អាការរោគដែលអាចកើតឡើង

    – នឹកដល់ជំងឺរាតត្បាត

    . បើក្មេងណាមិនដែលគ្រុនក្ដៅខ្លួនពីមុនមក ពេលមិនស្រួលខ្លួនចូរនឹកដល់ជំងឺគ្រុនផ្ដាសាយ បើស្ថិតក្នុងរដូវដែលជំងឺគ្រុនឈាមរាតត្បាត ចូរនឹកដល់ជំងឺគ្រុនឈាម។ ព្យាយាមឱ្យកូនបានញ៉ាំទឹកឱ្យច្រើនក្នុងពេលគ្រុនក្ដៅខ្លួន។ ត្រូវប្រយ័ត្នកុំឱ្យកូនកើតជំងឺដែលឆ្លងមកពីក្មេងដែលលេងជាមួយគ្នា។

    . ចូរនាំកូនទៅចាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្សេងៗតាមអំឡុងអាយុ និងកាលកំណត់របស់ពេទ្យ។

    – ខាងក្រោយត្រចៀកកូនមានដុំអ្វីម្យ៉ាងរឹងៗ

    . អ្នកម្ដាយអាចប្រទះឃើញមានដុំរឹងៗប៉ុនគ្រាប់សណ្ដែកនៅក្រោយស្លឹកត្រចៀក អាចមានតែម្ខាង ឬទាំងសងខាងក៏មាន ពេលចុច ឬសង្កត់ប៉ះ កូនមិនបានបង្ហាញអាការឈឺចាប់អ្វីឡើយ។ ការពិតដុំសាច់នេះគឺ ក្រពេញទឹករងៃដែលធំឡើងខ្លាំង ជាពិសេសបើមានបូសរមាស់នៅលើក្បាល ហើយកូនចូលចិត្តអេះផង មេរោគដែលជាប់នឹងក្រចកដៃនឹងចូលទៅក្នុងក្រោមស្បែកក្បាល ហើយក្រពេញទឹករងៃដែលធ្វើការទប់ស្កាត់នោះនឹងរីកធំឡើង តែក្រោយមកនឹងបាត់ទៅវិញដោយឯកឯង។ តែបើក្រពេញទឹករងៃរលាកក្លាយ បរិវេណនោះនឹងឡើងក្រហម ឈឺនៅពេលចុចចំ។ វិធីការពារ គឺកុំឱ្យកូនកើតបូសរមាស់នៅលើក្បាល កាត់ក្រចកដៃឱ្យខ្លី ហើយបើដុំរឹងៗនោះធំឡើង ត្រូវនាំកូនទៅឱ្យគ្រូពេទ្យពិនិត្យ។

    វិវឌ្ឍនាការរបស់កូនតូច

    – រាងកាយ

    . ចេះតោងតុ ឬឱ្យដឹកដៃ ហើយដើរទៅមកជុំវិញបានហើយ

    . ចាប់ផ្ដើមហាត់ឈរដោយមិនបាច់តោងអ្វីបានហើយ អាចឈរដោយខ្លួនឯងបានមួយភ្លែតៗ។

    . សម្រាប់ក្មេងដែលឆាប់ចេះដើរ អាចដើរបានហើយក្នុងអំឡុងពេលនេះ។

    .​ ចេះចង្អុលប្រាប់ពីអវយវៈរបស់ខ្លួនឯងបាន។

    . ចាប់ផ្ដើមចេះកាន់របស់ដោយដៃម្ខាងបានហើយ តែនៅមិនទាន់អាចបញ្ជាក់បានថា កូនថ្នឹកប្រើដៃខាងណាបាននៅឡើយ។

    . ចេះទាញមួកចេញពីក្បាលខ្លួនឯងបានហើយ។

    – សង្គមជុំវិញខ្លួន

    . ចេះភ្ជាប់ពាក្យសម្ដីជាមួយអាកប្បកិរិយា ដូចជា ការបញ្ជូនស្នាមថើប ញញឹមស្រស់ស្រាយជាដើម។

    . ញ៉ាំចំណីដោយខ្លួនឯងកាន់តែថ្នឹកឡើង និងលើកកែវទឹកញ៉ាំដោយខ្លួនឯងបាន។

    . ចេះធ្វើត្រាប់អាកប្បកិរិយា និងទឹកមុខរបស់អ្នកនៅជិតដិតនឹងខ្លួនបាន។

    . ចេះស្ដាប់បទចម្រៀង និងយោលខ្លួនតាមនៅពេលបានឮសំឡេងបទភ្លេង។

    ឧស្សាហ៍លេងជាមួយកូនផង

    . កូនចូលចិត្តលេងបិទភ្នែកវាក់អ៊ើ ធ្វើមាត់ចំបូញ ចូលចិត្តលេងបើក-បិទគម្របដបហើយចាក់ទឹកចោល ឬលេងជាមួយពពុះសាប៊ូពេលងូតទឹក ជាដើម។

    . គួរឱ្យកូនបានហាត់ប្រាណខ្លះ ដោយឱ្យតោងធុង ឬកេសធំៗដែលមានដាក់ឥវ៉ាន់ធ្ងន់ៗ ហើយរុញដើរ តែមិនគួរឱ្យដើររុញរទេះដែលមានកង់រអិលៗឡើយ ព្រោះរទេះនឹងរអិលទៅមុខលឿន តែបើកៅអីធ្ងន់ៗដែលមានកង់ អាចឱ្យក្មេងរុញលេងបាន តែឪពុកម្ដាយត្រូវនៅមើល នៅចាំជួយ និងប្រុងប្រយ័ត្ន។

    . វ័យនេះចូលចិត្តលេងអង្គុយអង្រឹង ដូច្នេះបើចង់ឱ្យលេង ឪពុកម្ដាយត្រូវអង្គុយជាមួយ ហើយរកបន្ទះអ្វីទន់ៗមកក្រាលពីក្រោម ឬមានដីខ្សាច់ពីក្រោមអង្រឹង ដើម្បីការពារពេលកូនធ្លាក់មកកុំឱ្យមានគ្រោះថ្នាក់។

    . កូនមិនទាន់ឈរបានមាំនៅឡើយ ដូច្នេះគួរជួយបង្ហាត់បន្ថែម ដោយឱ្យកូនចាប់ដៃឪពុកម្ដាយទាំងសងខាង ហើយជួយទាញឱ្យឈរឡើង។ បង្ហាត់បែបនេះមួយថ្ងៃ 2ដង មួយដង 5 – 6 នាទីបានហើយ។ បើជាក្មេងដែលមាឌធំ ខ្លួនធ្ងន់រហូតក្រោកឈរមិនរួច មិនគួរបង្ហាត់ឱ្យរៀនក្រោកឈរទេ តែគួរបណ្ដោយឱ្យទៅលេងនៅក្រៅផ្ទះ ឬហាត់ប្រាណលើទីធ្លា យ៉ាងហោចណាស់មួយថ្ងៃ 2 – 3 ម៉ោងប្រសើរជាង៕

  • យុវជនវ័យ 17ឆ្នាំម្នាក់ បាន Hack ចូលកម្មវិធីហៅតាក់ស៊ី បន្លំយកប្រាក់បានជិត 2,600ដុល្លារសិង្ហបុរី

    យុវជនវ័យ 17ឆ្នាំម្នាក់ បាន Hack ចូលកម្មវិធីហៅតាក់ស៊ី បន្លំយកប្រាក់បានជិត 2,600ដុល្លារសិង្ហបុរី

    ក្មេង​ប្រុស​អាយុ 17​ឆ្នាំ ​សញ្ជាតិ​សិង្ហបុរីម្នាក់ ​ត្រូវ​បាន​សារព័ត៌មាន CNA ​ចុះ​ផ្សាយ​ដោយបាន​រៀបរាប់​ពី​ការ​ប្រើ​វិធីសាស្រ្ត​ឆ្លាត​វៃ​របស់​គេ ដើម្បី​បន្លំ​ភ្នែក​ក្រុមហ៊ុន​ផ្តល់​សេវា​កម្ម​ដឹក​អ្នក​ដំណើរ ComfortDelGro ដែល​មាន​សេវា​​ភ្ជាប់​ជាមួយ Apps ​​លើ​ទូរស័ព្ទ​ដៃ។

    សារព័ត៌មានដដែលនោះបានឱ្យដឹង​បន្ថែម​ថា ​ក្មេង​ប្រុស​មិន​បញ្ចេញ​ឈ្មោះ​នោះ បាន​ប្រើ​ ​វិធីសាស្រ្ត​ NETS Click method ចែក​ចាយ​លើ Telegram group មួយ ​ឈ្មោះ SG Hitch ដែល​មាន​អតិថិជន​រង់​ចាំ​ស្រាប់ ​ឲ្យ​តែ​មានការ​ផ្សាយ​ពាណិជ្ជកម្ម​​ជិះ​តាក់​ស៊ី ​តម្លៃ​ធូរៗ​ថ្លៃ ឱ្យ​បង្ហាញ​តែ​​ជាមួយ​នឹង​កម្មវិធី ComfortDelGro App។

    តំណ​ភ្ជាប់​ទៅ​នឹង​ Apps ​ហៅ​តាក់ស៊ី​ ក្មេងប្រុស​នោះ​ មាន​សមត្ថភាព​អាច​ភ្ជាប់​វា ត​ទៅ​នឹង​សេវា​បង់ប្រាក់​តាម​រយៈកាត​ឥណពន្ធ ​(debit card) ដូចជា Visa, Master ជាដើម ដោយ​​តម្រូវ​ឱ្យ​ជិះ បង់ 2ដង។ មុន​ដំបូង ​បង់​ហើយ​មិន​ឃើញ e-receipt អ្វី​ឡើយ ​ហើយ​ក៏​បង់​ម្ដងទៀត​ទើប​ចូល​ដល់​ប្រព័ន្ធ​បង់ប្រាក់​របស់​ក្រុមហ៊ុន។ ដូចនេះ គេ​អាច​​​យក​លុយ​ពី Clientsទាំង​នោះ​ដោយ​មិន​ចាំបាច់​​ឆ្លងកាត់​ក្រុមហ៊ុន​ 1​កាក់ឡើយ។

    ​ការ​​​​កក់​តាក់ស៊ី និងការបង់ប្រាក់ដែលមាន​បញ្ហានោះ គេរកឃើញថា ​​មាន​ជាង 117ករណី ហើយ​ថែម​ទាំង​អាច​បន្លំ​យក​ប្រាក់​ពី​វិធីខាងលើ​ បាន​ប្រមាណ​ជិត ​ 2,600ដុល្លារ​សិង្ហបុរី ត្រឹម​តែ​រយៈពេល​មិនដល់ 1ឆ្នាំផង។

    រឿង​រ៉ាវនេះកើត​ឡើង ​បន្ទាប់​ពី​មាន​ feedback ​ពី​អ្នកជិះ រឿង​បញ្ហា​បង់ប្រាក់(error) ​ដែលតម្រូវឱ្យ​បង់​ដល់​ទៅ 2ដង។ ក្រោយ​​ឈាន​ដល់​​ការ​ចាប់​ខ្លួន ​​ក្មេងប្រុស​នោះ ត្រូវ​ប្រឈម​នឹង​តុលាការ​កាត់​ទោស​ឱ្យ​ពន្ធនាគារ 10ឆ្នាំ​ ពី​បទ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​អ៊ីនធើណិត។ របាយការណ៍​ពី​ក្រុមហ៊ុន​បាន​ឱ្យដឹងថា ខ្លួនបានខាតបង់​ប្រាក់ ​អស់​ជាង ​2,598ដុល្លារ​សិង្ហបុរី​ឯណោះ៕

  • ជឿទៅ! នៅមានរឿងរបស់ “ចេកណាំវ៉ា” ជាច្រើនទៀតដែលអ្នកមិនធ្លាប់ដឹង

    ជឿទៅ! នៅមានរឿងរបស់ “ចេកណាំវ៉ា” ជាច្រើនទៀតដែលអ្នកមិនធ្លាប់ដឹង

    ចេកណាំវ៉ា ដំណាំហូបផ្លែពីបុរាណរបស់ខ្មែរយើងដែលចេញផ្លែបានគ្រប់រដូវ ចាស់ៗបុរាណតែងយកមកធ្វើជាអាហារបន្ថែមរួមជាមួយទឹកដោះម្ដាយសម្រាប់ទារក ឯមនុស្សចាស់វិញយកផ្លែចេកទុំជោរមកពិសាដើម្បីសុខភាព តែមិត្តអ្នកអានដឹងឬទេថា ផ្លែឈើពីបុរាណមួយនេះមានបង្កប់ទៅដោយគុណតម្លៃដែលហួសពីយើងនឹកស្មានទៅទៀត។

    1 . ផ្លែចេកណាំវ៉ាញ៉ាំពេលនៅខ្ចីព្យាបាលរោគក្រពះ ព្រោះនៅក្នុងផ្លែចេកខ្ចីមានសារធាតុផ្ដល់នូវភាពចត់ដែលហៅថា “ថែមនីន” ជាជាតិអាស៊ីតស្រាលៗ មានឫទ្ធិក្នុងការស្រោបសាច់ក្រពះ និងពោះវៀន តែផ្លែចេកខ្ចីមិនអាចយកមកញ៉ាំឆៅបានភ្លាមៗនោះទេ ត្រូវយកមកចិតជាបន្ទះ ចំហុយស្ងួត និងយកមកកិនលម្អិតជាម្សៅជាមុនសិន។

    2 . ផ្លែចេកណាំវ៉ាញ៉ាំពេលស្រគាល ហៅថា ញ៉ាំពេលស្ទើរខ្ចីស្ទើរទុំ។ សម្បកមានពណ៌បៃតងលាយលឿង អាចយកមកញ៉ាំបានភ្លាមៗ ដោយក្នុងផ្លែចេកណាំវ៉ាស្រគាលនេះនឹងមានប៉ូតាស្យូមខ្ពស់ មានគុណសម្បត្តិជួយបំពេញជាតិប៉ូតាស្យូមដល់រាងកាយ និងព្យាបាលរោគរាករូសបានយ៉ាងមានប្រសិទ្ធភាព បន្ថែមជាតិកាកសរសៃជួយក្នុងការបន្ទោបង់ និងជួយស្រោបសាច់ក្រពះទៀតផង។

    3 . ផ្លែចេកណាំវ៉ាញ៉ាំពេលទុំ ជាផ្លែចេកដែលមានពណ៌លឿងស្រស់គួរឱ្យចង់ញ៉ាំ មានសារធាតុ ភែតទីន ដែលបន្ថែមកាកសរសៃ ឬបៃអូទិកពីធម្មជាតិ ធ្វើឱ្យអាចបន្ទោបង់បានស្រួល រាប់បានថាជាថ្នាំជួយក្នុងការបត់ជើងធំដ៏មានប្រសិទ្ធភាព។ ស័ក្តិសមនឹងអ្នកដែលកើតរោគទល់លាមក តែត្រូវទំពាឱ្យល្អិត ព្រោះនឹងមិនធ្វើឱ្យចុកឆ្អល់ពោះ។

    4 . ផ្លែចេកណាំវ៉ាញ៉ាំពេលទុំជោរ ជាផ្លែចេកដែលមានពណ៌លឿងចាស់ស្រអាប់ៗ សាច់ចេករាងដូចជាជ្រាយៗ ធ្វើឱ្យមនុស្សភាគច្រើនមិនសូវជាចង់ញ៉ាំប៉ុន្មានទេ តែផ្ទុយទៅវិញ ផ្លែចេកណាំវ៉ាទុំជោរនេះបែរជាមានប្រយោជន៍ច្រើនខ្លាំងណាស់ ទាំងជួយបង្កើនភាពប្រឆាំងជំងឺដល់រាងកាយ ធ្វើឱ្យមានបរិមាណគ្រាប់ឈាមសកើនឡើង ដោយសារតែសារធាតុ “Sermerik Fighter” ដែលជួយការពារពីកោសិកាដែលខុសប្រក្រតី ជាពិសេសផ្លែចេកដែលមានស្នាមអុចៗខ្មៅរឹតតែច្រើនរឹតតែល្អ។

    សារធាតុអាហារនៅក្នុងផ្លែចេកណាំវ៉ា ប្រកបដោយ ប្រូតេអ៊ីន កាបូហាយដ្រេត មានជាតិស្ករធម្មជាតិ 3 ប្រភេទ គឺ ស៊ូខ្រូស

    ហ្រ្វុ៊ងថូស និងគ្លុយខូស ដូច្នេះរាងកាយយើងនឹងបានទទួលកម្លាំងថាមពល និងអាចនាំយកទៅប្រើបានភ្លាមៗ មានកាកសរសៃ មានវីតាមីន B1 B2 B3 B6 ម៉ាញេស្យូម និងប៉ូតាស្យូម។

    គុណប្រយោជន៍របស់ផ្លែចេកណាំវ៉ា

    ញ៉ាំផ្លែចេកណាំវ៉ាក្រោយភ្ញាក់ពីដំណេកភ្លាម រួចសឹមដុសសម្អាតធ្មេញ អាចកាត់បន្ថយក្លិនមាត់បាន ធ្វើបែបនេះបាន 1 សប្ដាហ៍ នឹងជួយសម្រួលកម្រិតជាតិស្ករក្នុងឈាម ជួយបន្ថយភាពចង់ញ៉ាំអាហារនេះនោះឥតឈប់បាន។ ញ៉ាំចេកហើយមានសេចក្ដីសុខខ្លាំងណាស់ ព្រោះបានជាតិស្ករហ្រ្វុ៊តថូស ជាជាតិស្ករដែលមិនមែនជាអ៊ីនស៊ូលីន ញ៉ាំមិនដល់ 5 នាទីផងនឹងបានដឹងអំពីសេចក្ដីសុខ ព្រោះជាតិស្ករនឹងឡើងទៅដល់ខួរក្បាល និងរាងកាយអាចយកទៅប្រើការបានភ្លាមៗតែម្ដង។ កាត់បន្ថយអាការមួម៉ៅនៅពេលព្រឹក និងជួយបន្ថយអាការមួម៉ៅរបស់ស្រ្តីក្នុងអំឡុងពេលមានវដ្តរដូវ។ ក្រៅពីនោះ នៅជួយព្យាបាលរោគបាក់ទឹកចិត្តស្រងេះស្រងោច និងរោគតានតឹងផ្លូវចិត្តបានទៀតផង ព្រោះផ្លែចេកមានប្រូតេអ៊ីនមួយប្រភេទដែលហៅថា “ធ្រីបតូហ្វេនត៍” ដែលជួយក្នុងការផលិតសារធាតុ សូឡាថូនីន ឬអ័រម៉ូននៃសេចក្ដីសុខដែលជួយសម្រាលអារម្មណ៍បានល្អ មានកាកសរសៃអាហារជួយឱ្យប្រព័ន្ធបន្ទោបង់ដំណើរការប្រក្រតី មានសារធាតុដែកជួយក្នុងការផលិតអ៊ីម៉ូហ្គ្លោប៊ីននៅក្នុងឈាម ដើម្បីព្យាបាលសភាវលោហិតស្លេក ឬអ្នកដែលស្ថិតក្នុងសភាវខ្សោយខ្វះកម្លាំង។

    សម្បកផ្លែចេកណាំវ៉ានឹងជួយសម្រាលអាការរមាស់ដែលបណ្ដាលមកពីសត្វល្អិតទិចខាំ កន្ទួលរមាស់បណ្ដាលមកពីសត្វមូសខាំ ដោយសារតែមានឫទ្ធិក្នុងការតតាំងនឹងមេរោគផ្សិត និងប្រឆាំងមេរោគបាក់តេរីដែលធ្វើឱ្យកើតជាខ្ទុះ ដោយគ្រាន់តែយកសម្បកចេកណាំវ៉ាទុំផ្នែកខាងក្នុងមកដុសលាបនៅត្រង់កន្លែងដែលរមាស់តែប៉ុណ្ណោះ។

    ឃើញហើយមែនទេថា ចេកណាំវ៉ា ផ្លែឈើក្នុងស្រុកដែលងាយស្រួលរកបាននេះមានគុណតម្លៃមហាសាលចំពោះរាងកាយខ្លាំងណាស់ ដូច្នេះចូរនាំគ្នាងាកមកញ៉ាំចេកណាំវ៉ាដើម្បីសុខភាពល្អទាំងអស់គ្នាវិញប្រសើរជាង៕

  • Barcelona កំពុងប្រឈមនឹងការប្តឹង ពីអតីតគ្រូបង្វឹករបស់ខ្លួន

    Barcelona កំពុងប្រឈមនឹងការប្តឹង ពីអតីតគ្រូបង្វឹករបស់ខ្លួន

    លោក Quique Setien អតីតគ្រូបង្វឹកក្លិប FC Barcelona កំពុងតែរៀបចំដាក់ពាក្យបណ្តឹង ដើម្បីប្តឹងទៅលើអតីតក្លិបរបស់ខ្លួន ក្រោយពីមិនពេញចិត្តនឹងការបណ្តេញលោកចេញពីក្រុមដោយខុសក្បួនច្បាប់។

    គួរឱ្យដឹងដែរថា លោក Quique Setien ដែលត្រូវបានក្លិបខាងលើ បណ្តេញចេញពីតំណែង តាំងតែពីចុងខែសីហាមកនោះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោក ទើបតែបានទទួលសេចក្តីប្រកាស អំពីការបណ្តេញលោកចេញពីតំណែង នៅពេលនេះ។

    ​លោក Setien ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ​ករណី​នេះ ​នឹងត្រូវ​បញ្ជូន​ទៅ​មេធាវី ​ដើម្បី​ស្វែង​រក​យុត្តិធម៌ និងបាន​អះអាង​ថា ​នេះ​ជា​ការ​គោរព​សិទ្ធិ​ដល់​គ្រូ​បង្វឹក​គ្រប់​គ្នា ​និង​ដើម្បី​ការពារ​កុងត្រា​ដែល​លោក​បាន​ចុះហត្ថលេខា​កន្លង​មក៕

  • …ព្រោះដល់ថ្ងៃមួយ កូននឹងត្រូវពឹងលើខ្លួនឯង

    …ព្រោះដល់ថ្ងៃមួយ កូននឹងត្រូវពឹងលើខ្លួនឯង

    តើលោកឪពុកអ្នកម្ដាយធ្លាប់បានឮពាក្យសម្ដីប្រហាក់ប្រហែលនេះចេញពីមាត់កូនៗដែរទេ?

    “អត់ទេ”

    “កូនធ្វើអត់បានទេ”

    “វាពិបាកធ្វើណាស់”

    “កូនមិនដឹងថា វាត្រូវធ្វើយ៉ាងម៉េចទេ”

    “ម៉ាក់ជួយធ្វើឱ្យកូនបន្តិចបានទេ”

    ពេលខ្លះកូននឹងមានពាក្យសម្ដីបែបនេះក្នុងពេលដែលត្រូវធ្វើរឿងអ្វីថ្មីៗ ក្មេងមានអារម្មណ៍ថាវាពិបាក ខ្លាចថាធ្វើមិនបាន ដែលទោះជាមនុស្សចាស់ជួយលើកទឹកចិត្តឱ្យសាកល្បងធ្វើលមើលយ៉ាងណា តែជួនកាលក្មេងក៏នៅតែរួញរាមិនចង់ធ្វើដដែល និងញឹកញាប់ណាស់ដែលមនុស្សចាស់កាត់ក្ដីរំខានចិត្តដោយការធ្វើជំនួសឱ្យតែម្ដង។

    ក្មេងៗជាច្រើនមានសមត្ថភាព សតិបញ្ញាល្អ តែខ្វះក្ដីព្យាយាមបន្តិច។ ក្ដីព្យយាម គឺជារឿងសំខាន់ រឹតតែក្នុងយុគសម័យដែលអ្វីៗក៏ងាយស្រួលសប្បាយនោះ ក្មេងៗភាគច្រើនពេលជួបការងារដែលពិបាក ក៏នឹងរួញរា និងមិនចង់ធ្វើ។ សេចក្ដីព្យាយាម គឺជារឿងដែលយើងត្រូវប្រើរហូតមួយជីវិត ដូចជាពេលរៀន ដែលនៅពេលថ្នាក់កាន់តែខ្ពស់ឡើង មុខវិជ្ជាក៏កាន់តែពិបាកឡើងជារឿយៗ ឬពេលធំក្លាយជាមនុស្សធំហើយជួបនឹងបញ្ហា បើសិនជាខ្វះក្ដីពុះពារព្យាយាម ជីវិតប្រហែលជាកាន់តែលំបាកខ្លាំងឡើងមិនខាន។

    នៅក្នុងជីវិតពិត គឺជារឿងមិនអាចទៅរួចឡើយដែលនឹងមានមនុស្សជាឪពុកម្ដាយនៅតាមមើលថែ និងតាមជួយរហូតតទៅនោះ ដូច្នេះហើយទើបសុភាសិតដែលថា “ខ្លួនទីពឹងខ្លួន” គឺជារឿងចាំបាច់។ ឪពុកម្ដាយត្រូវមានចិត្តរឹងប៉ឹងគួរសម កុំជួយកូនគ្រប់តែរឿង ចូរឱ្យកូនសាកល្បងធ្វើដោយខ្លួនឯង និងដែលសំខាន់ គឺឪពុកម្ដាយត្រូវធ្វើជាគំរូ ដោយត្រូវមានក្ដីព្យាយាមក្នុងការធ្វើអ្វីក៏ដោយ ដែលទោះជាវាពិបាកប៉ុនណាក៏ត្រូវតែសម្ដែងចេញមកថា ខ្លួនមានការតាំងចិត្ត និងព្យាយាមដែរ និងទោះជាធ្វើហើយ មិនទទួលបានជោគជ័យ ក៏ត្រូវតែកោតសរសើរកូនចំពោះការព្យាយាម មិនមែនសម្លឹងតម្រង់ទៅរកតែលទ្ធផលដែលចេញមកនោះទេ។

    សាកល្បងឱ្យកូនៗបានធ្វើអ្វីដោយខ្លួនឯង ដូចជាការចេះជួយខ្លួនឯងដែលគេអាចធ្វើបានទៅតាមវ័យ ឱ្យកូនៗបានរៀនយល់ដឹងខ្លះ តែក៏កុំភ្លេចថា បើកូនខំព្យាយាមហើយ នៅតែធ្វើមិនបានទៀតនោះ កម្លាំងចិត្តពីឪពុកម្ដាយគឺជារឿងដែលកូនៗត្រូវការបំផុត ប្រៀបដូចជាស្បៀងដែលធ្វើឱ្យកូនមានភាពរឹងមាំខាងផ្លូវចិត្តតទៅទៀតនៅពេលធំឡើង។ ព្រោះថា បើកូនជាក្មេងឆ្លាត តែបើគេខ្វះការព្យាយាម អ្វីៗក៏គង់ពិបាកមិនខាន។

    ព្រោះក្នុងជីវិតពិត មានបទសាកល្បងជាច្រើនដែលមិនអាចឆ្លងឱ្យផុតបានដោយភាពឆ្លាតវៃតែម្យ៉ាងនោះទេ តែត្រូវមានក្ដីក្លាហាន ក្ដីព្យាយាម និងភាពរឹងប៉ឹងខាងផ្លូវចិត្តជាមូលដ្ឋានផងដែរ៕

  • 5 វិធីចិញ្ចឹមកូនដែលឪពុកម្ដាយគួរធ្វើ ជួយឱ្យកូនជោគជ័យក្នុងជីវិត

    5 វិធីចិញ្ចឹមកូនដែលឪពុកម្ដាយគួរធ្វើ ជួយឱ្យកូនជោគជ័យក្នុងជីវិត

    ការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អ និងទទួលបានជោគជ័យ គឺជារឿងដែលឪពុកម្ដាយជាច្រើននឹកសង្ឃឹមទុក ព្រោះចង់ឱ្យកូនៗរបស់ខ្លួនធំធាត់ឡើងក្លាយជាមនុស្សម្នាក់ដែលទទួលបានជោគជ័យ អាចរស់នៅក្នុងពិភពដ៏ធំទូលាយនេះបានយ៉ាងល្អឥតខ្ចោះ និងមានសេចក្ដីសុខ។ ថ្ងៃនេះ អ្នកគ្រូ ឆវីសូមអញ្ជើញលោកឪពុកអ្នកម្ដាយ និងអាណាព្យាបាលទាំងអស់មកមើលពី 5 វិធីក្នុងការចិញ្ចឹមកូនដែលឪពុកម្ដាយអាចជួយឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សធំម្នាក់ដែលល្អឥតខ្ចោះ និងទទួលបានជោគជ័យក្នុងជីវិតនាពេលអនាគត។

    1 . ឱ្យកូនជួយធ្វើការងារផ្ទះបន្តិចបន្តួច

    លទ្ធផលនៃការស្រាវជ្រាវវិភាគមកពីក្រៅប្រទេស បានរកឃើញថា ការបង្ហាត់ក្មេងៗឱ្យចេះជួយធ្វើការងារផ្ទះត្រឹមតែបន្តិចបន្តួចនោះ នឹងជួយឱ្យពួកគេទទួលជោគជ័យក្នុងជីវិតបាន ដែលការងារនេះនឹងជួយក្នុងរឿងនៃការបណ្ដុះភាពទទួលខុសត្រូវ និងជួយឱ្យក្មេងៗចេះពឹងពាក់លើខ្លួនឯង។

    អ្នកជំនាញការម្នាក់មកពីមហាវិទ្យាល័យ ស្ទែនហ្វ៉ដ និងជាអ្នកនិពន្ធសៀវភៅ How to Raise an Adult បានរៀបរាប់ថា ការឱ្យក្មេងៗមានចំណែករួមក្នុងការធ្វើការងារផ្ទះ ដូចជា លាងចាន យកសំរាមទៅចោល ស្រោចទឹកផ្កា ឬបោកខោអាវរបស់ខ្លួនឯងជាដើមនោះ នឹងជួយឱ្យពួកគេស្គាល់ពីតួនាទីរបស់ខ្លួនឯងដែលគួរមានចំពោះសួនរួម។ ជាការបណ្ដុះភាពទទួលខុសត្រូវ និងជួយហ្វឹកហាត់ការពឹងពាក់លើខ្លួនឯងបាន។ នៅពេលក្មេងៗធំធាត់ឡើង ពួកគេនឹងក្លាយជាមនុស្សធំដ៏ល្អ មានជំនាញក្នុងការធ្វើការងាររួមជាមួយអ្នកដទៃ មានការយល់ចិត្តយល់ថ្លើម យល់ពីអារម្មណ៍អ្នកដទៃច្រើនឡើង ឧស្សាហ៍ព្យាយាម ស៊ូនឹងការងារ និងថែមទាំងអាចធ្វើការងារបានយ៉ាងសម្បូរបែបដោយប្រើពេលវេលារៀនយល់ដឹងតែបន្តិចទៀតផង។

    2 . ឱ្យកូនស្គាល់ពីការព្យាយាម និងហ៊ានប្រឈមនឹងការបរាជ័យ

    “ការបរាជ័យ គឺជាគ្រូដ៏ល្អរបស់ភាពជោគជ័យ” តែក្មេងៗប្រហែលជាមិនយល់អំពីប្រយោគនេះទេ។ បើលោកឪពុកអ្នកម្ដាយមិនធ្លាប់បង្រៀនឱ្យពួកគេស្គាល់ពីការបរាជ័យ ឬការខកបំណងទេនោះ តាមរយៈការវិភាគស្រាវជ្រាវបានរកឃើញថា ការដែលឪពុកម្ដាយឱ្យកូនបានរៀនយល់ដឹង និងហ៊ានប្រឈមជាមួយនឹងការបរាជ័យ នឹងហុចផលឱ្យគេមានការព្យាយាម និងចេះបត់បែនក្នុងការរស់នៅខ្លាំងឡើង។ ក្រៅពីនេះឪពុកម្ដាយគួរបង្រៀនឱ្យកូនចេះចាត់ការជាមួយអារម្មណ៍របស់ខ្លួនឯង ឱ្យគេចេះគ្រប់គ្រងសតិ និងអារម្មណ៍ មិនឱ្យភាពតានតឹងធុញថប់មួម៉ៅមកកាត់បន្ថយកម្លាំងចិត្តបានឡើយ បើទោះជាជួបតែក្ដីអស់សង្ឃឹម និងក្ដីបរាជ័យរហូតក៏ដោយ។

    3 . ឱ្យកូនៗស្គាល់ពីការចូលសង្គម និងសាងសម្ព័ន្ធភាពល្អជាមួយអ្នកដទៃ

    បច្ចុប្បន្នជំនាញការចូលសង្គម អាចរាប់បានថា ជាផ្នែកមួយសំខាន់ដែលជួយអភិវឌ្ឍភាពឆ្លាតវៃដល់កូនៗ ដែលតាមរយៈការសិក្សាស្រាវជ្រាវរបស់បរទេសបានរកឃើញថា ក្មេងដែលមានជំនាញក្នុងការចូលសង្គមដែលល្អ មានសម្ព័ន្ធភាពដែលល្អជាមួយមិត្តភ័ក្តិបងប្អូន នឹងមានឱកាសទទួលបានជោគជ័យក្នុងជីវិតច្រើន ដោយសារតែក្មេងនឹងស្គាល់ពីការរស់នៅរួមជាមួយអ្នកដទៃ ស្គាល់ពីការធ្វើការងារជាក្រុម យល់ពីចិត្ត និងអារម្មណ៍របស់អ្នកដទៃ និងចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងទៀតផង។

    4 . តាំងគោលដៅរឿងការរៀនសូត្ររបស់កូន

    ឪពុកម្ដាយដែលផ្ដល់ចំណាប់អារម្មណ៍លើរឿងការសិក្សារៀនសូត្ររបស់កូន នឹងជួយបើកផ្លូវ និងរុញច្រានឱ្យកូនឈានឆ្ពោះទៅរកភាពជោគជ័យបាននាពេលអនាគត។ លើកឧទាហរណ៍ដូចជា បើសិនឪពុកម្ដាយនឹកសង្ឃឹមឱ្យកូនបានទទួលការសិក្សារៀនសូត្ររហូតដល់កម្រិតបរិញ្ញាបត្រ ពួកគេក៏នឹងមានសញ្ញាថានឹងរៀនបានចប់មហាវិទ្យាល័យ ដោយឪពុកម្ដាយជាអ្នកចាត់ការ និងរៀបផែនការអនាគតឱ្យទៅកូនៗតាំងពីនៅតូចៗ ហើយពួកគេក៏នឹងដឹងពីតួនាទីរបស់ខ្លួនថា ពេលនេះគួរធ្វើអ្វី និងធ្វើដើម្បីអ្វី។ ជាការសាងកម្លាំងដឹកនាំចិត្តដល់កូន ឱ្យគេមានអារម្មណ៍សប្បាយរីករាយ មានកម្លាំងជំរុញចិត្ត និងយកចិត្តទុកដាក់លើការរៀនសូត្រកាន់តែខ្លាំងឡើង ដើម្បីរូបគេខ្លួនឯងនាពេលអនាគត។

    5 . ឪពុកម្ដាយគួរធ្វើជាគំរូដ៏ល្អដល់កូនៗ

    ការដែលចង់ឱ្យកូនទទួលបានភាពជោគជ័យ ឪពុកម្ដាយក៏គួរធ្វើឱ្យកូនមើលឃើញជាគំរូថា ទម្រាំតែឪពុកម្ដាយរបស់គេទទួលបានភាពជោគជ័យក្នុងជីវិតនោះ ត្រូវឆ្លងកាត់ឧបសគ្គអ្វីមកខ្លះ ត្រូវមានភាពស៊ូទ្រាំអត់ធន់ មានក្ដីព្យាយាម និងមានតួនាទីក្នុងសង្គមយ៉ាងណា?។ នៅពេលគេបានឃើញពីអ្វីដែលឪពុកម្ដាយបានធ្វើជាប្រចាំរាល់ថ្ងៃហើយនោះ ក្មេងៗក៏នឹងកើតការជ្រួតជ្រាប និងធ្វើតាម កើតជាទង្វើការរៀនយល់ដឹងដែលនាំឆ្ពោះទៅរកការអភិវឌ្ឍខ្លួនឯង និងជាចំណុចចាប់ផ្ដើមឆ្ពោះទៅរកភាពជោគជ័យក្នុងពេលអនាគត។

    ការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អ និងទទួលបានជោគជ័យក្នុងជីវិតនេះ មិនមែនជារឿងងាយឡើង តែក៏មិនមែនជារឿងដែលពិបាកហួសនឹងធ្វើបានដែរ គ្រាន់តែលោកឪពុកអ្នកម្ដាយត្រូវមានពេលវេលាយកចិត្តទុកដាក់ចំពោះកូនឱ្យបានច្រើនឡើង មានការអប់រំផ្គុំនិស្ស័យដ៏ល្អ រួមទាំងធ្វើជាគំរូដ៏ល្អដល់កូនៗប៉ុណ្ណោះ តែលោកឪពុកអ្នកម្ដាយក៏មិនគួរតឹងរ៉ឹងម៉ឺងម៉ាត់ជាមួយកូនជ្រុលពេកដែរ បង្ហាត់ប្ងរៀនជាបណ្ដើរៗ កែសម្រួលទង្វើរបស់កូនម្ដងបន្តិចៗជាបណ្ដើរៗ និងដែលសំខាន់បំផុតនោះគឺ កុំភ្លេចផ្ដល់សេចក្ដីស្រឡាញ់ និងភាពកក់ក្ដៅក្នុងគ្រួសារផង៕