Author: ធឿន មករា

  • ហេតុអីបានការជជែកលេងជាមួយកូន គឺជារឿងសំខាន់?

    ហេតុអីបានការជជែកលេងជាមួយកូន គឺជារឿងសំខាន់?

    កុំគិតថា កូននៅក្មេងមិនដឹងរឿងអី ឬប្រហែលជាមិនយល់អីឱ្យសោះ ព្រោះការពិតទៅ នៅក្នុងជីវិតប្រចាំថ្ងៃ និងកិច្ចការងារផ្សេងៗដែលបានធ្វើរួមគ្នានោះ សំឡេង និងពាក្យសំដីរបស់ឪពុកម្ដាយមានផលទៅដល់អារម្មណ៍ ការគិត និងការរៀនយល់ដឹងរបស់កូនជានិច្ច។ ខាងក្រោមនេះគឺជាចំណុចល្អៗទទួលបានពីជជែកលេងជាមួយកូន ដែលឪពុកម្ដាយគួរតែប្រតិបត្តិដើម្បីជាប្រយោជន៍ដល់កូន។

    1 . កូនបានរៀនយល់ដឹងពីភាសា ៈ តាមរយៈការធ្វើត្រាប់តាមពាក្យសំដីដែលឪពុកម្ដាយប្រើ តាមរយៈបទសន្ទនាតាមបែបផ្សេងៗដែលបានជជែកឆ្លើយឆ្លងគ្នា រឹតតែយើងបានជជែកគ្នាបានច្រើនប៉ុនណា កូនក៏នឹងរឹតតែស្គាល់ពាក្យពេចន៍ និងបង្កើនជំនាញក្នុងការឆ្លើយឆ្លងទាក់ទងកាន់តែច្រើនឡើងប៉ុននោះដែរ។

    2 . ជំរុញខួរក្បាល ៈ ឪពុកម្ដាយដែលឧស្សាហ៍និទានរឿង ជជែកនិយាយ ឧស្សាហ៍សួរសំណួរ នឹងជួយឱ្យកូនបានហ្វឹកហាត់ប្រើការគិត មានគំនិតច្នៃបង្កើត ចេះបត់បែន និងចេះគិតរឿងរ៉ាវបន្តៗគ្នាបានល្អ។ ក្មេងឆ្លាត ព្រោះមានឱកាសសំលៀងខួរក្បាលញឹកញាប់ហ្នឹងឯង។

    3 . បង្កើនចំណេះដឹង ៈ ចំណេះដឹងមិនមែនបានមកតែពីក្បួនតម្រាប៉ុណ្ណោះទេ តែមួយផ្នែកក៏បានមកពីការជជែកនិយាយគ្នាដែរ។ ខួរក្បាលរបស់កុមារប្រៀបដូចជាឃ្លាំងផ្ទុកទំនិញដែលធំទូលាយ និងអាចពង្រីកទំហំបានយ៉ាងគ្មានដែនកំណត់។ ឧស្សាហ៍និទានរឿង ឧស្សាហ៍បង្រៀន ឧស្សាហ៍បន្ថែមរឿងរ៉ាវល្អៗចូលទៅ នោះនឹងកើតផលល្អមិនខាន។

    4 . យល់ពីខ្លួនឯង យល់ពីអ្នកដទៃ ៈ ការបបួលកូនជជែកគ្នាដើម្បីឱ្យកូនបង្ហាញពីគំនិតយោបល់របស់ខ្លួនឯង ប្រាប់ពីអារម្មណ៍របស់ខ្លួនឯងចេញមកឱ្យបាន។ រឿងនេះនឹងធ្វើឱ្យកូនកើតការទទួលស្គាល់ខ្លួនឯង ចេះសម្រាលអារម្មណ៍ និងនាំឆ្ពោះទៅរកការទទួលស្គាល់ និងយល់ពីអារម្មណ៍អ្នកដទៃជាបន្ត។

    5 . ចេះឆ្លើយឆ្លងទាក់ទង ៈ ចង់ឱ្យកូនក្លាយជាអ្នកនិយាយ និងជាអ្នកស្ដាប់ដ៏ល្អរបស់សង្គម ឪពុកម្ដាយត្រូវជួយគ្នាបង្ហាត់តាំងពីថ្ងៃនេះទៅ ដោយធ្វើជាគំរូដ៏ល្អ និងបង្ហាត់បង្រៀនតាមរយៈការបបួលជជែក មិនថាតែរឿងការចេះទទួលស្ដាប់ពីគំនិតយោបល់របស់អ្នកដទៃ និងការបញ្ចេញគំនិតយោបល់ដែលខុសប្លែកពីគ្នាដោយហេតុផល មិនប្រើអារម្មណ៍ និងជាពិសេស បង្ហាត់កូនៗរបស់យើងឱ្យហ៊ានគិត ហ៊ាននិយាយ តែមិនច្រងេងច្រងាង៕

  • ពិនិត្យសុខភាពទៅមើល! តើអ្នកគួរញ៉ាំ “វីតាមីនបន្ថែម” ឬទេ?

    ពិនិត្យសុខភាពទៅមើល! តើអ្នកគួរញ៉ាំ “វីតាមីនបន្ថែម” ឬទេ?

    នៅពេលអាយុកើនច្រើនឡើង ការមើលថែទាំសុខភាពក៏ត្រូវតែកើនច្រើនឡើងទៅដែរ។ មនុស្សជាច្រើនអាចមានអារម្មណ៍ថា យើងមិនបានរឹងមាំ ក្លៀវក្លាស្វាហាប់ដូចកាលពីសម័យរៀន ឬដូចអំឡុងពេលនៅស្ទាវឡើយ។ ធ្វើការបានមួយរយៈ ក៏ចាប់ផ្ដើមមានរោគាព្យាធិជំងឺដង្កាត់សួររកមុខបែបមិនធ្លាប់មានពីមុនមកឡើយ មិនថាតែឈឺក្បាល វិលមុខ ចុកពោះ ក្រួសតម្រងនោម ឈឺខ្នងចុកស្មា រោគក្រពះអាហារ រហូតទៅដល់ខ្លាញ់រុំថ្លើម ឬកើតដុំគីស្ត ជាដើម។ល។

    ក្រៅពីរោគាព្យាធិជំងឺដង្កាត់ហើយ បញ្ហាដែលចេញមកព្រមជាមួយនឹងវ័យក៏មានដែរ ដូចជា ជ្រុះសក់ ស្លាកស្នាមជ្រីវជ្រួញសម្បុរស្បែកខ្មៅស្រអាប់ ភ្នែកមើលលែងសូវឃើញ ឬមានភាពធុញថប់តានតឹងក្នុងអារម្មណ៍ប្រមូលសន្សំរហូតគេងមិនលក់ក៏ចាប់ផ្ដើមកើតឡើងដែរ ទើបត្រូវពឹងលើវីតាមីនបន្ថែម តែមុននឹងទិញវីតាមីនបន្ថែមមកទទួលទាន យើងគួរពិនិត្យមើលជាមុនសិនថា តើយើងមានបញ្ហាទាំងនោះឬទេ? បើមាន ត្រូវទទួលទានវីតាមីនមួយណា? ដូចជា…ៈ

    សម្បុរស្បែកក្រៀមក្រោះ មានស្លាកស្នាម លែងតឹងណែនរលោង

    វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីនC ខូឡាជេន វីតាមីនA អូមេហ្កា3 និងសារធាតុដែក។

    ជ្រុះសក់ ក្រចកដៃ-ជើងស្រួយ ងាយប្រេះរហែក

    វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីន B2 និងជាតិស័ង្កសី(Zinc)។

    មិនស្រួលខ្លួន កើតជំងឺគ្រុនផ្ដាសាយញឹកញាប់

    វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីនC វីតាមីន B និងសារធាតុដែក។

    សម្រាកមិនបានគ្រប់គ្រាន់ ប្រើខួរក្បាលច្រើន

    វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីន Bរួម និងអូមេហ្កា3។

    ឆ្អឹង និងសន្លាក់តាមរាងកាយចាប់ផ្ដើមឈឺចុករួយ

    វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីនD , K កាលស្យូម និងផូស្វ័រ។

    ភ្នែកចាប់ផ្ដើមឈឺចុករួយ និងស្រវាំងមើលលែងច្បាស់

    វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីនA និងវីតាមិនB2។

    ភាពតានតឹងក្នុងអារម្មណ៍ចាប់ផ្ដើមមានច្រើនឡើង

    វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីន Bរួម វីតាមិនC និងម៉ាញេស្យូម។

    តើយើងចាំបាច់ត្រូវទទួលទានវីតាមិនបន្ថែមឬទេ?

    ជាសំណួរមួយដ៏ល្បីល្បាញដែលមនុស្សជាច្រើនតែងតែលួចគិត…វីតាមីនមួយកំប៉ុងតម្លៃមិនមែនតិចតួចឡើយ តើយើងចាំបាច់ត្រូវតែទទួលទានវីតាមីនបន្ថែមមែនឬយ៉ាងណា?។ ចម្លើយក៏គឺ មិនចាំបាច់ទេ…វីតាមីនបន្ថែមគ្រាន់តែជាវត្ថុជំនួយសម្រាប់អ្នកដែលដឹងច្បាស់ថា ខ្លួនឯងមានភាពប្រថុយប្រថានក្នុងការបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់ ឬមិនសូវមានពេលវេលាមើលថែទាំខ្លួនឯងច្រើនប៉ុន្មានប៉ុណ្ណោះ។ អាចហៅបានថាជាវត្ថុជំនួយរបស់អ្នកទីក្រុងដែលត្រូវធ្វើការច្រើន រហូតមិនអាចរៀបចំចាត់ចែងម្ហូបអាហារ ចាត់ចែងពេលវេលាហាត់ប្រាណសម្រាប់់់ខ្លួនឯងឱ្យបានតាមតម្រូវការ។

    តែនឹងជាការល្អប្រសើរខ្លាំងណាស់ បើយើងអាចទទួលបានវីតាមីនទាំងអស់តាមរយៈការទទួលទានអាហារដែលចម្អិនស្រស់ៗថ្មីៗ និងមានគុណតម្លៃខាងសារធាតុអាហារគ្រប់ទាំង 5ប្រភេទក្រុម ហាត់ប្រាណយ៉ាងជាប់លាប់ សម្រាកយ៉ាងគ្រប់គ្រាន់ និងរកពេលវេលាបន្ធូរបន្ថយអារម្មណ៍ដោយកិច្ចការងារណាដែលខ្លួនចូលចិត្ត។ តែប៉ុនហ្នឹងអ្នកក៏មិនចាំបាច់អស់លុយទៅទិញវីតាមីនតម្លៃថ្លៃៗមកទទួលទានបានទៅហើយ។

    តែបើសិនកើតមានអាការធ្ងន់ធ្ងរដល់ថ្នាក់ត្រូវទៅជួបគ្រូពេទ្យវិញនោះ វីតាមីនបន្ថែមក៏អាចជាជម្រើសមួយដែលនឹងជួយជីវិតអ្នកបានដូចគ្នាដែរ ដូច្នេះអ្នកត្រូវពិនិត្យមើលខ្លួនឯងថា តើរូបអ្នកមានភាពចាំបាច់ក្នុងការត្រូវទទួលទានវីតាមីនបន្ថែមច្រើន ឬតិចប៉ុនណា?។

    ចំណុចមិនល្អនៃការទទួលទានវីតាមីនបន្ថែម

    បើយើងទទួលទានវីតាមីនបន្ថែមជាប់ៗគ្នាក្នុងរយៈពេលយូរខ្លាំងពេក អាចនឹងធ្វើឱ្យរាងកាយបានទទួលវីតាមីននោះច្រើនលើសតម្រូវការ។ ថ្លើម និងក្រលៀនត្រូវធ្វើការយ៉ាងខ្លាំងដើម្បីចម្រាញ់សារធាតុអាហារដែលត្រូវប្រើប្រាស់ និងត្រូវបញ្ចេញចោលនូវអ្វីដែលលើសតម្រូវការ ហើយការទទួលបានវីតាមីនបន្ថែមច្រើនជ្រុលពេក នៅអាចធ្វើឱ្យកើតរោគថែមឡើងបានដូចគ្នា ដូចជា បើទទួលទានកាល់ស្យូមច្រើនជ្រុលពេក អាចប្រថុយនឹងរោគក្រួសក្នុងក្រលៀន ឬឈាមហូរមិនឈប់ ឬឈាមពិបាកក្នុងការឈប់ហូរ បើទទួលទានខ្លាញ់ថ្លើមត្រីច្រើនជ្រុលពេក ជាដើម។

    ដូច្នេះ មុនទទួលទានវីតាមីនបន្ថែម គួរសិក្សាពីវិធី និងបរិមាណដែលគួរទទួលទាន ព្រមទាំងចងចាំចំណុចគួរប្រយ័ត្នឱ្យបានច្បាស់ផង ដើម្បីឱ្យបានទទួលមកតែប្រយោជន៍របស់វីតាមីនបន្ថែមដូចដែលចិត្តយើងចង់បាន៕

  • ទ័ពអាកាស​មហានាគ​ចិន បញ្ចេញ​ឃ្លី​ប​គំរូ កម្ទេច​មូលដ្ឋានទ័ព​កោះ​ហ្គួ​ម គំរាម​ស្មារតី​មហា​ឥន្ទ្រី​អាមេរិក

    ទ័ពអាកាស​មហានាគ​ចិន បញ្ចេញ​ឃ្លី​ប​គំរូ កម្ទេច​មូលដ្ឋានទ័ព​កោះ​ហ្គួ​ម គំរាម​ស្មារតី​មហា​ឥន្ទ្រី​អាមេរិក

    កាលពី​ថ្ងៃទី21 កញ្ញា ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​ថា កងទ័ពអាកាស​ចិន បាន​ផ្សព្វផ្សាយ​ឃ្លី​ប​វីដេអូ​មួយ នៅលើ​បណ្ដាញ​សង្គម​អន​ឡាញ ដែល​បង្ហាញឱ្យឃើញ​ពី​ការវាយប្រហារ​បែប​ក្លែងក្លាយ ទៅលើ​មូលដ្ឋានទ័ព​មួយកន្លែង ដែលមាន​លក្ខណៈ​ស្រដៀង​នឹង​មូលដ្ឋាន​ទ័ពអាកាស អ៊ែន​ឌើ​សុន របស់​សហរដ្ឋអាមេរិក នៅលើ​កោះ​ហ្គួ​ម។

    ឃ្លី​ប 1នោះ មាន​ប្រភព​មកពី វេ​យ​ប៉ូ ប្រពន្ធ​បណ្ដាញ​សង្គម​ដ៏​ពេញនិយម​នៅក្នុង​ប្រទេស​ចិន កណ្ដាល​ភាព​តានតឹង​ដែល​កំពុង​កើនឡើង​គ្រប់ផ្នែក​រវាង​ចិន និង​អាមេរិក ជាពិសេស​ចំណុច​វិវាទ​នៅ​សមុទ្រ​ចិន​ខាងត្បូង ជាមួយ​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ាន និង​សមុទ្រ​ចិន​ខាងកើត​ជាមួយ​ជប៉ុន។

    សកម្មភាព​នេះ ថែមទាំង​កើតឡើង​ក្នុងអំឡុងពេល​ប្រតិបត្តិការ​សមយុទ្ធ​រប​ស់​កងទ័ព​ចិន​នៅក្នុង​ឈូង​សមុទ្រ​តៃវ៉ាន់ បន្ទាប់ពី​ការធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ របស់​បុគ្គល​លំដាប់​ខ្ពស់​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ក្នុងអំឡុង​ច្រើន​ឆ្នាំកន្លងមក ធ្វើឱ្យ​កើតក្ដី​ក្ដៅក្រហាយ​យ៉ាងខ្លាំង​ដល់​រដ្ឋបាល​ក្រុង​ប៉េកាំង ដែល​សម្លឹង​កោះ​តៃវ៉ាន់​ថា ជា​ផ្នែក​មួយ​របស់​ចិន។

    ឃ្លី​ប​ខាងលើ មាន​រយៈពេល 2នាទី និង 15វិនាទី ដោយបាន​បង្ហាញឱ្យឃើញ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចម្ងាយ​ឆ្ងាយ ម៉ូ​ដែល H-6K ដែល​អាច​បំពាក់​គ្រាប់បែកបរមាណូ​បាន។ ឃ្លី​ប​នេះ មាន​ឈ្មោះថា “អាទិទេព​នៃ​សង្គ្រាម H-6K ចេញ​ធ្វើសង្គ្រាម។

    បន្ទាប់មក ឃ្លី​ប​នេះ​បានបង្ហាញ​រូបភាព​ពី​ផ្កាយរណប​ដែល​បង្ហាញឱ្យឃើញ​មូលដ្ឋានទ័ព​មួយកន្លែង ដែលមាន​លក្ខណៈ​ស្រដៀង​នឹង​មូលដ្ឋាន​ទ័ពអាកាស អ៊ែន​ឌើ​សុន របស់​សហរដ្ឋអាមេរិក នៅលើ​កោះ​ហ្គួ​ម។ បន្ទាប់ពីនោះ អ្នកបើក​យន្តហោះ​បាន​ចុច​កុងតាក់​ទម្លាក់​គ្រាប់បែក​មហា​ប្រល័យ និង​បន្ត​ដោយ​ឆាក​កោះ អាល់​ខា​ត្រាស់ ផ្ទុះឡើង ដែល​រូបភាព​នេះ អ្នក​ផលិត​បាន​យកចេញ​មកពី​ខ្សែភាពយន្ត​ហូលីវូដ​ដ៏​ល្បីល្បាញ​មួយនា​ឆ្នាំ1996។

    កងទ័ពអាកាស​ចិន បានបញ្ជាក់​ពី​សេចក្ដីលម្អិត​របស់​ឃ្លី​ប​នោះ​ថា “ពួកយើង គឺជា​អ្នកការពារ​សន្តិសុខ​លើ​វេហាស៍ យើង​មាន​សក្ដានុពល និង​ភាពជឿជាក់​ក្នុងការ​ថែរក្សា​ដែនអាកាស​នៃ​មាតុភូមិ​របស់​យើង​គ្រប់ពេលវេលា!។ ចំណែក​ក្រសួងការពារជាតិ​ចិន និង​ក្រសួងការពារជាតិ​អាមេរិក មិនទាន់​បញ្ចេញ​ទស្សនៈ​យ៉ាងណា​នៅឡើយ។

    លោក ខូ​ល​លីន កូ អ្នកវិភាគ មកពី​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​យុទ្ធសាស្ត្រ និង​សន្តិសុខ​នៃ​ប្រទេស​សិង្ហ​បុរី យល់ឃើញថា ឃ្លី​ប 1នេះ ត្រូវការ​ឆ្លុះបញ្ចាំង​ឱ្យ​សហគមន៍​ពិភពលោក​បានដឹង​អំពី​កម្រិត​សមត្ថភាព “ការបង្ហាញ​អំណាច” របស់​កងទ័ព​ចិន ដែល​កំពុងតែ​ពង្រីក​ខ្លួន​ខ្លាំងឡើង។

    លោក​ថ្លែងថា “ឃ្លី​ប​នេះ​ត្រូវ​ការឱ្យ​ភាគី​អាមេរិក​បានដឹង ជាពិសេស ដែល​គិតថា​ខ្លួនឯង​ស្ថិតនៅ​ឆ្ងាយ និង​មាន​សុវត្ថិភាព ដូចជា​កោះ​ហ្គួ​ម​នេះ​ជាដើម ក៏​អាច​ធ្លាក់​ក្រោម​ការវាយប្រហារ​របស់​ចិន​បានដែរ បើសិនជា​ចំណុច​វិវាទ ដូចជា​ជាមួយ​តៃវ៉ាន់ ឬ​សមុទ្រ​ចិន​ខាងត្បូង រីកធំឡើង​ក្លាយជា​សង្គ្រាម​ធំ​មួយ​នោះ។

    ទាំងអស់នេះ កោះ​ហ្គួ​ម គឺជា​ទីតាំង​របស់​មូល​ដ្ឋា​ន​ទ័ព​ដែលមាន​ភាព​សំខាន់​ខាង​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក នៅក្នុង​ភូមិភាគ​អាស៊ី-ប៉ា​ស៊ី​ហ្វ៊ិ​ក ហើយ​វា​នឹង​ក្លាយ​កូនសោ​សំខាន់​ក្នុងការ​បញ្ជាការ​យុទ្ធនាការ​ធ្វើសង្គ្រាម ក្នុងករណី​ដែល​ជម្លោះ​ជាមួយ​តៃវ៉ាន់ ឬ​សមុទ្រ​ចិន​ខាងត្បូង ក្លាយជា​សង្គ្រាម៕

    ប្រភព៖ សារព័ត៌មាន​បរទេស

  • ដំណាំ ត្រកួនចិន

    ដំណាំ ត្រកួនចិន

    ត្រកួនចិន ឬឈ្មោះខាងវិទ្យាសាស្រ្តហៅថា Ipomcea aquatica Forsk ជាបន្លែចេញត្រួយពេញមួយឆ្នាំ មានលក្ខណៈជាដើមត្រង់ៗពណ៌បៃតងខ្ចី មានផ្កាពណ៌ស កម្ពស់ដើមប្រមាណជា 40 – 50 សង់ទីម៉ែត្រ គេនិយមបរិភោគទាំងដើម និងស្លឹក ព្រោះជាបន្លែមានប្រយោជន៍ ថែមទាំងមានសារធាតុត្រជាក់ទៀតផង ទើបជាបន្លែដែលអាចជួយសម្រាលអាការក្ដៅក្នុងបានយ៉ាងល្អ។ បន្លែត្រកួនមានច្រើនពូជណាស់ តែសម្រាប់នៅក្នុងប្រទេសយើងវិញ គេនិយមដាំ “ត្រកួនចិន”។

    គ្រប់ចំណែករបស់ដើមត្រកួនចិនអាចយកមកចម្អិនធ្វើជាម្ហូបអាហារដើម្បីទទួលទានបានច្រើនមុខច្រើនយ៉ាងណាស់ តាំងពីបរិភោគត្រួយខ្ចីៗស្រស់ៗឆៅៗ ឬស្រុសធ្វើជាអន្លក់ ឆា ស្លម្ជូរ -ល- ទើបអាចនិយាយបានថា ត្រកួនចិន គឺជាបន្លែចម្ការក្នុងផ្ទះដ៏ពេញនិយមដែលងាយស្រួលដាំ និងអាចបេះយកមកធ្វើជាអាហារបានពេញមួយឆ្នាំ។

    ការដាំ

    . ការត្រៀមដី ៈ ភ្ជួរដាស់ដីជម្រៅប្រមាណ 30 – 40 សង់ទីម៉ែត្រ រួចហាលទុកចោល 1 – 2 អាទិត្យ បន្ទាប់មកដាក់ជីលាមកគោ ឬជីធម្មជាតិ រួចរាស់ច្របល់ឱ្យចូលគ្នាជាមួយដី ហើយលើកជារងទទឹងទំហំ 1,5 – 2 ម៉ែត្រ កម្ពស់ប្រមាណ 10 – 15 សង់ទីម៉ែត្រ ដោយទុកចន្លោះពីរងមួយទៅរងមួយទទឹង 30 – 40 សង់ទីម៉ែត្រ។ ព្យាយាមកៀរដីខាងលើរងឱ្យរាបស្មើគ្នា ដើម្បីឱ្យដើមត្រកួនបានលូតលាស់ឡើងស្ថិតក្នុងកម្ពស់ស្មើៗគ្នាទាំងអស់។ បើដីមានជាតិអាស៊ីតច្រើន ចូរដាក់ម្សៅកំបោរសចូលទៅដើម្បីកែសម្រួលសភាពដីឱ្យល្អឡើងវិញបន្តិច។

    . វិធីដាក់ដាំ ៈ យកគ្រាប់ពូជត្រកួនចិនទៅត្រាំទឹកក្ដៅឧណ្ហៗ ជ្រើសរើសស្រង់គ្រាប់ណាដែលអណ្ដែតទឹកចេញ រួចហើយយកគ្រាប់ពូជដែលលិចក្នុងទឹកមកដាក់ត្រាំបន្តរយៈពេល 12 ម៉ោងទៀត បន្ទាប់មកសឹមយកគ្រាប់ពូជទាំងនោះទៅព្រោះនៅលើរង ឬក៏រោយជាជួរៗក៏បាន ដោយទុកចន្លោះកណ្ដាលពីជួរនីមួយៗប្រមាណ 1.5 សង់ទីម៉ែត្រ។ បន្ទាប់ពីនោះ ទើបរោយលុបពីលើស្ដើងៗដោយជីលាមកគោ ឬជីធម្មជាតិ ព្រមទាំងគ្របពីលើដោយចំបើងស្ងួតៗមួយជាន់ទៀត មុននឹងស្រោចទឹកព្រមជាមួយទឹកជីធម្មជាតិសរីរាង្គពីលើ។ ប្រមាណជា 2 – 3 ថ្ងៃ កូនត្រកួននឹងចាប់ផ្ដើមលាស់ចេញមក ហើយរីកធំធាត់លូតលាស់ឡើងយ៉ាងឆាប់រហ័សរហូតដល់ពេលប្រមូលផល។

    វិធីមើលថែទាំ

    . ការស្រោចទឹក ៈ ត្រកួនចិនជាបន្លែដែលចូលចិត្តដីត្រជាក់សើម តែមិនដក់ទឹកប៉ប៉ិចប៉ប៉ាច់។ ត្រូវស្រោចទឹកឱ្យបានជាប់លាប់ មួយថ្ងៃ 1 – 2 ដង តែត្រូវផ្អាកចន្លោះថ្ងៃណាដែលមានភ្លៀងធ្លាក់។

    . ការដាក់ជី ៈ ចូរដាក់ជីធម្មជាតិសរីរាង្គរៀងរាល់ 7 – 10 ថ្ងៃម្ដង ព្រមទាំងស្រោចទឹកលាយទឹកជីធម្មជាតិសរីរាង្គបន្ថែមពីលើការដាក់ជីមួយជាន់ទៀត ឬចង់ជ្រើសរើសប្រើជីរូបមន្ត 25-7-7 ដោយអាចដាក់ស្ដើងៗដើម្បីជំរុញការរីកចម្រើនធំធាត់ថែមទៀតក៏បាន។

    . ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ បើឃើញថា មានការរាតត្បាតដោយមេរោគ និងសត្វល្អិតសត្រូវដំណាំ ចូរប្រើទឹកថ្នាំដែលចម្រាញ់ពីសម្បក ឬស្លឹកស្ដៅ ម្រេច និងថ្នាំជក់ លាយជាមួយទឹកបាញ់ពីលើដើមត្រកួនមួយថ្ងៃម្ដង នៅពេលល្ងាចៗ។

    វិធីប្រមូលផល

    ក្រោយពីព្រោះគ្រាប់ពូជត្រកួនចិននៅលើរងបានប្រមាណជា 20 – 25 ថ្ងៃរួចមក គេអាចធ្វើការប្រមូលផលដោយធ្វើការដកឡើងទាំងឫស តែមុននឹងធ្វើការប្រមូលផល ចូរស្រោចទឹកឱ្យសើមជោកជាមុនសិនដើម្បីឱ្យងាយស្រួលក្នុងការដក និងធ្វើឱ្យដើមត្រកួននៅស្រស់ល្អ មិនបែកជាំ៕

  • ទំនើបកម្មនៃបច្ចេកវិទ្យាដ៏មហស្ចារ្យបំផុតគ្មានពីរក្នុងលោកពីស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ 2020 ក្នុងការធ្វើឱ្យរូបភាពភ្លឺច្បាស់ម៉ដ្ឋដល់កម្រិតកំពូលបំផុត 8K!

    ទំនើបកម្មនៃបច្ចេកវិទ្យាដ៏មហស្ចារ្យបំផុតគ្មានពីរក្នុងលោកពីស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ 2020 ក្នុងការធ្វើឱ្យរូបភាពភ្លឺច្បាស់ម៉ដ្ឋដល់កម្រិតកំពូលបំផុត 8K!

    (ភ្នំពេញ) ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២០៖ អ្វីដែលមនុស្សជាតិធ្លាប់ស្រមៃ និងគិតថាមិនអាចទៅរួចនៅពេលនេះគឺបានកើតឡើងហើយ…! អនាគតទោះដើរលឿនប៉ុណ្ណាក៏នៅតែមិនទាន់បច្ចេកវិទ្យាដែរ…ហើយបច្ចេកវិទ្យាដែលឈានមុខគេបំផុតគ្មានគូប្រៀបក្នុងលោកគឺត្រូវបានលាតត្រដាងបង្ហាញយ៉ាងច្បាស់តាមរយៈស្តេចកំពូលទូរទស្សន៍ Samsung QLED 8K ស៊េរីឆ្នាំ 2020 នេះតែម្តង!

    ពិតណាស់ថាមិនអាចបង្ខំឱ្យលោកអ្នកផ្លាស់ប្តូររសជាតិដែលធ្លាប់ទស្សនានោះទេ…តែខ្ញុំហ៊ានធានាថា…ប្រសិនបើឃើញផ្ទាល់នឹងភ្នែកហើយ…លោកអ្នកប្រាកជាចង់ភ្លក់នូវរសជាតិថ្មីជាមួយនឹង…របកគំហើញថ្មី…និងបទពិសោធន៍ថ្មីនៃការអភិវឌ្ឍន៍រូបភាពដ៏សែនម៉ដ្ឋ…ដ៏សែនច្បាស់…ច្បាស់រហូតដល់ថ្នាក់ធ្វើឱ្យលោកអ្នកបានត្រឹមតែបើកភ្នែកធំៗ…ចំហមាត់…ស្រឡាំងកាំងជាមួយនឹងកម្រិតរូបភាព 8K ដ៏ត្រជាក់ភ្នែក និងរស់រវើកអណ្តែតហោះឡើងចំពីមុខពីកំពូលទូរទស្សន៍ Samsung QLED 8K ស៊េរីឆ្នាំ 2020 នេះ!

    ខាងក្រោមនេះគឺជាកំពូលបច្ចេកវិទ្យាដែលធ្វើឱ្យ Samsung QLED 8K ស៊េរីឆ្នាំ 2020 ក្លាយជាកំពូលជើងឯកគ្មានគូប្រៀបក្នុងពិភពទូរទស្សន៍នៃយុគសម័យ AI ឆ្នាំ 2020៖

    • 8K AI Upscaling៖ ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុតដែលបំពាក់នូវបច្ចេកវិទ្យា (AI) ដែលមានសមត្ថភាពខ្ពស់បំផុតក្នុងការជួយបំលែង និងដុសខាត់កម្រិតរូបភាព (មិនថា 2K, UHD, 4K…) ឱ្យកាន់តែច្បាស់រហូតដល់កម្រិត 8K បានយ៉ាងល្អឥតខ្ចោះគួរឱ្យស្ញប់ស្ញែងបំផុត…!!
    • Real Game Enhancer+: ទទួលបានបទពិសោធន៍នៃការលេងហ្គេមលើអេក្រង់ដ៏ធំរបស់ទូរទស្សន៍ QLED និងផ្ដល់ឲវិឌីអូ ឬ រូបភាពក្នុងកម្រិតដ៏ល្អឥតខ្ចោះដំណើរការបានកាន់តែហ័ស និងរលូនជាងមុនជាមួយនឹងល្បឿនរហូតដល់ 240 hz។
    • Object Tracking Sound+: ឥទ្ធិពលនៃឧបករណ៍បំពងសំឡេងចំនួន 6 គ្រប់ព័ទ្ធជុំវិញទូរទស្សន៍ពីចំហៀង ខាងលើ និងខាងក្រោមដោយធ្វើប្រតិបត្តិការតាមលំញ័រសំឡេងលើគ្រប់ប្រភេទវីឌីអូដែលអាចបង្កើតអារម្មណ៍ការទស្សនាឱ្យកាន់តែអស្ចារ្យ ជាមួយនឹងកម្លាំងសំឡេងរហូតដល់ 70W (4.2CH) ។

    ឥឡូវនេះអតិថិជនទាំងអស់អាចរកជាវទូរទស្សន៍ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 ដ៏ល្អឥតខ្ចោះនេះបាននៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិច សាមសុង នានា ទូទាំងប្រទេស!

    សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយផលិតផលរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

    បញ្ជាក់៖ រាល់ការជាវ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 សូមកុំភ្លេចសួររកប័ណ្ណធានាផងណា៎!!

  • ចេះស្រឡាញ់ និងចេះជួយកូនយ៉ាងត្រឹមត្រូវ ត្រូវធ្វើបែបណា?

    ចេះស្រឡាញ់ និងចេះជួយកូនយ៉ាងត្រឹមត្រូវ ត្រូវធ្វើបែបណា?

    ឪពុកម្ដាយ ជាមនុស្សដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងការអប់រំបណ្ដុះគំនិតនិស្ស័យ និងបុគ្គលិកលក្ខណៈដល់កូន ជាពិសេសក្នុងអំឡុងបឋមវ័យដែលក្មេងនឹងជ្រួតជ្រាបយកអ្វីៗគ្រប់យ៉ាង ទាំងពាក្យសម្ដី ទង្វើ រួមទាំងអ្វីៗដែលឪពុក និងម្ដាយ ឬអ្នកចិញ្ចឹមថែទាំបានធ្វើចំពោះរូបគេ។ នៅពេលកូនធំធាត់ឡើង បទពិសោធក្នុងវ័យកុមារ ក៏នឹងហុចផលដល់ទស្សនគតិ និងទង្វើរបស់គេនៅពេលធំឡើង ដូច្នេះហើយទើបយើងត្រូវដឹងថា តើយើងគួរស្រឡាញ់កូន និងនៅរង់ចាំជួយគេដោយរបៀបយ៉ាងណានោះ។

    ការចិញ្ចឹមកូន និងស្រឡាញ់កូនដែលត្រឹមត្រូវនេះ ត្រូវចាប់ផ្ដើមពីចិត្តគំនិតរបស់ឪពុកម្ដាយជាមុន។ ឪពុកម្ដាយដែលល្អគួរធ្វើខ្លួនឱ្យដូចជាមិត្តភ័ក្ដិដ៏ល្អរបស់កូន ស្ថិតនៅក្បែររូបគេជានិច្ច។ ឪពុកម្ដាយជាច្រើនស្រឡាញ់កូនខ្លាំង រហូតពេលខ្លះខ្លាចកូនលំបាក ខ្លាចកូនហត់ ខ្លាចកូនឈឺ រហូតដល់គិត ឬធ្វើជំនួសកូនគ្រប់សព្វបែបយ៉ាង ក្លាយជាថា នៅពេលកូនធំឡើងកូនក៏ក្លាយជាក្មេងដែលអាត្មានិយម ប្រើតែអារម្មណ៍(មិនចេះគិត) ឬជាក្មេងដែលឌឺរឹង ដែលអ្វីទាំងអស់នេះមិនមែនជារឿងល្អប៉ុន្មានឡើយ។ ឪពុកម្ដាយគួរតែដឹងពីតម្រូវការរបស់កូនថា ក្នុងអំឡុងវ័យនីមួយៗរបស់កូនហ្នឹង ធម្មជាតិរបស់ក្មេងនឹងត្រូវការអ្វីខ្លះ?។

    ខាងក្រោមនេះគឺជាតម្រូវការរបស់ក្មេងតាមអំឡុងវ័យ

    អំឡុងអាយុ និងអ្វីដែលកូនត្រូវការ និងអ្វីខ្លះដែលឪពុកម្ដាយគួរតែប្រតិបត្តិចំពោះកូន ៈ

    វ័យទើបកើតដំបូង ៈ កូនត្រូវការការមើលថែទាំយកចិត្តទុកដាក់ និងសេចក្ដីស្រឡាញ់ថ្នាក់ថ្នម ក្ដីបារម្ភ ដូច្នេះហើយទើបឪពុកម្ដាយគួរតែចេះនិយាយ ឬលេងជាមួយកូនដើម្បីឱ្យកូនមានអារម្មណ៍ថា មានសុវត្ថិភាព និងបានទទួលសេចក្ដីស្រឡាញ់។

    អំឡុងវ័យចេះលូនវារ ៈ កូនកំពុងហ្វឹកហាត់អភិវឌ្ឍរាងកាយ អាចនឹងមានរពឹសនៅមិនស្ងៀមខ្លះដែរ(ដូចជា ចូលចិត្តវារទៅនេះទៅនោះ)។ ឪពុកម្ដាយគួរឱ្យកូនសាកល្បងធ្វើ សាកល្បងលូនវារ និងផ្ដល់ពេលវេលាឱ្យកូន លេងជាមួយកូន ផ្ដល់កម្លាំងចិត្តដល់កូនក្នុងការអភិវឌ្ឍរាងកាយ។

    អំឡុងវ័យហាត់ឈរ ៈ ក្នុងវ័យនេះ កូនត្រូវការចង់ហាត់ក្រោកឈរដោយខ្លួនឯង ចូលចិត្តតោងរបស់នេះរបស់នោះដើម្បីលើកខ្លួនឯងឡើង(ព្យាយាមឈរឱ្យបាន)។ ឪពុកម្ដាយគួរយកចិត្តទុកដាក់ថែទាំ និងនៅចាំជួយជិតៗឱ្យកូនបានហាត់ឈរ និងអភិវឌ្ឍសាច់ដុំផ្សេងៗ។

    អំឡុងពេលចាប់ផ្ដើមដើរ ៈ នៅពេលកូនអាចដើរដោយខ្លួនឯងបាន ឪពុកម្ដាយគួរឱ្យកូនហាត់ដើរដោយខ្លួនឯង អាចនឹងដឹកដៃកូនដើរលេងនៅលើវាលស្មៅខាងមុខផ្ទះ ឬតាមសួនច្បារសាធារណៈ។ កុំសូវបី ឬពកូនទៀត តែឱបថើបកូនឱ្យច្រើនឡើង។

    ពេលចាប់ផ្ដើមចូលរៀនសាលាមត្តេយ្យ ៈ កូននឹងចាប់ផ្ដើមចង់ធ្វើអ្វីៗដោយខ្លួនឯង ដូចជាដួសបាយញ៉ាំខ្លួនឯង ញ៉ាំទឹកខ្លួនឯង ជាដើម។ល។ ឪពុកម្ដាយគួរបណ្ដោយឱ្យកូនបានហាត់ធ្វើដោយខ្លួនឯង ទោះជាប្រឡាក់ប្រឡូសខ្លះ ក៏ត្រូវតែបណ្ដោយដែរ និងបង្ហាត់បង្រៀនជាបណ្ដើរៗថា តើត្រូវធ្វើយ៉ាងណាខ្លះ។ មិនគួរប្រញាប់បង្ខំឱ្យកូនត្រូវតែទៅរៀនយល់ដឹងរឿងនេះរឿងនោះតាមដែលឪពុកម្ដាយចង់ឱ្យកូនចេះនោះឡើយ។

    នៅពេលកូនចូលរៀនបឋមសិក្សា ៈ កូននឹងចូលចិត្តលេង មានកិច្ចការងារជាមួយពួកម៉ាកមិត្តភ័ក្តិជាច្រើន។ ឪពុកម្ដាយគួរបណ្ដោយឱ្យកូនលេង និងផ្ដល់កម្លាំងចិត្តក្នុងកិច្ចការងារផ្សេងៗដែលគេមានចំណែករួម។ ឪពុកម្ដាយគួរធ្វើខ្លួនឱ្យដូចពួកម៉ាក បើកូនត្រូវការឱ្យឪពុកម្ដាយចូលរួមក្នុងកិច្ចការងារណាមួយផងដែរនោះ។

    នៅពេលកូនចូលអនុវិទ្យាល័យ ៈ សាកល្បងបណ្ដោយឱ្យកូនមានឥស្សរភាពខាងការគិត បង្ហាត់ឱ្យកូនសាកល្បងពិចារណាពីហេតុផល និងឪពុកម្ដាយត្រូវទទួលស្ដាប់នូវអ្វីដែលកូននិយាយ និងរឿងដែលកូនគិតឱ្យបានច្រើន កុំយកគំនិតរបស់ខ្លួនឯងជាគោល។ បើកូនត្រូវការធ្វើកិច្ចការងារ ឬធ្វើអ្វីមួយ បើជារឿងដែលមិនបង្កគ្រោះថ្នាក់ ឪពុកម្ដាយគួរផ្ដល់កម្លាំងចិត្ត និងនៅចាំធ្វើជាទីប្រឹក្សាដល់កូន។

    នៅពេលកូនឡើងវិទ្យាល័យ ៈ កូននឹងមានគំនិតជារបស់ខ្លួនឯង ចង់រួមក្រុមជាមួយមិត្តភ័ក្តិ ឬទៅណាមកណាជាមួយមិត្តភ័ក្តិកាន់តែច្រើនឡើង។ បើឪពុកម្ដាយមើលថែទាំកូន ធ្វើខ្លួនជាមិត្តដ៏ល្អរបស់កូនមកតាំងពីដំបូង កូននឹងមិនស្រឡាញ់មិត្តភ័ក្តិរហូតដល់ភ្លេចឪពុកម្ដាយនោះទេ ដូច្នេះឪពុកម្ដាយគួរតែនៅតែធ្វើខ្លួនជាមិត្តល្អ ជាទីប្រឹក្សា នៅចាំគាំទ្រ និងលើកទឹកចិត្តកូនជានិច្ច។ កុំធ្វើខ្លួនជាអ្នកកំណត់ជោគជតាជីវិតរបស់កូន ឬហាមធ្វើរឿងនេះ ហាមធ្វើរឿងនោះ។ ការចិញ្ចឹមមើលថែកូនក្នុងវ័យនេះ ត្រូវប្រើការនិយាយស្ដីដោយហេតុ និងផល កុំប្រើអារម្មណ៍មួម៉ៅខឹងសម្បាឱ្យសោះ។

    នៅពេលកូនចូលរបងមហាវិទ្យាល័យ ៈ កូននឹងបានជួបសង្គមដែលកាន់តែធំឡើង បញ្ហាផ្សេងៗក៏នឹងមានច្រើនឡើងដែរ។ ឪពុកម្ដាយគួរខ្លួនធ្វើជាទីប្រឹក្សា ជជែកនិយាយពិភាក្សាគ្រប់រឿងជាមួយកូន។ នៅធ្វើជាកម្លាំងចិត្តដល់កូន កុំឱ្យកូនមានអារម្មណ៍ថា ត្រូវរងសម្ពាធពីសេចក្ដីសង្ឃឹមរបស់ឪពុកម្ដាយ តែគួរធ្វើឱ្យកូនបានដឹងថា ប៉ាម៉ាក់នៅចាំធ្វើជាកម្លាំងចិត្តដល់កូនជានិច្ច។

    នៅពេលឪពុកម្ដាយបានដឹងពីតម្រូវការគោលៗរបស់កូនក្នុងវ័យនីមួយៗហើយ ឪពុកម្ដាយក៏អាចត្រៀមខ្លួនឯងឱ្យព្រមរួចជាស្រេចបានយ៉ាងត្រឹមត្រូវដែរ ហើយកូនរបស់យើងក៏នឹងធំធាត់ឡើងក្លាយជាមនុស្សល្អ មានសភាវអារម្មណ៍ និងចិត្តគំនិតដែលល្អ ដែលទាំងអស់នោះប្រហែលជាអ្វីដែលឪពុកម្ដាយគ្រប់រូបរំពឹងសង្ឃឹមចង់ឱ្យកូនរបស់ខ្លួនក្លាយជាបែបហ្នឹងដូចគ្នា៕

  • បន្ទប់ផ្ទះបាយ Size Mini 4 បែប…តូចមែន តែមាន Big Idea

    បន្ទប់ផ្ទះបាយ Size Mini 4 បែប…តូចមែន តែមាន Big Idea

    គេនាំគ្នានិយាយថា បន្ទប់ផ្ទះបាយ គឺជាបេះដូងចម្បងរបស់ផ្ទះ បើគ្មានបន្ទប់ផ្ទះបាយ ប្រហែលជាត្រូវទិញម្ហូបថង់មកទទួលទានរាល់ថ្ងៃមិនខាន តែតឱ្យជាម្ហូបអាហារថង់យ៉ាងណា ក៏ត្រូវតែមានបន្ទប់បាយដដែលហ្នឹង! មែនទេ? ព្រោះណាមួយត្រូវលាងចានក្បានទុកដាក់ កម្ដៅម្ហូបអាហារ និងការងារចង្រ្កានជើងឆ្នាំងមួយគំនរទៀត ដូច្នេះហើយទើបបន្ទប់ផ្ទះបាយចាំបាច់ណាស់សម្រាប់គ្រប់ៗផ្ទះ តែទំហំរបស់បន្ទប់ផ្ទះបាយមិនចាំបាច់ត្រូវតែធំជានិច្ចនោះដែរ…។ ដែលខំរៀបរាប់ហូរហែមកបែបនេះ មិនមែនមានអីធំដំុនោះទេ គ្រាន់តែចង់ឱ្យមិត្តអ្នកអានណាដែលផ្ទះមានទីធ្លាបន្ទប់ចង្រ្កានបាយមានកំណត់នោះ ងាកមករៀបចំតុបតែងបន្ទប់ផ្ទះបាយឱ្យបានស្អាតម្ដងជាមួយនឹង 4 បែបបន្ទប់ផ្ទះបាយទំហំតូច តែស្អាតៗតែប៉ុណ្ណោះ។

    – បន្ទប់ចង្រ្កានបាយតូច តែមួយជ្រុង ៈ បន្ទប់ផ្ទះបាយខ្នាតតូចក្នុងបរិយាកាសពណ៌ឈើធម្មជាតិ មានទីធ្លាប្រើប្រាស់ត្រឹមតែបន្តិចបន្តួច តែក៏មានឧបករណ៍គ្រប់សម្រាប់រាល់ការប្រើការ។ ដោយចាប់ផ្ដើមពីការច្នៃម៉ូដឱ្យក្លាយជាបន្ទប់ផ្ទះបាយតែមួយជ្រុងជាប់ជញ្ជាំង ក្រាលឥដ្ឋការ៉ូពណ៌ឈើធម្មជាតិ។ ខាងក្រោមតុដាក់ម៉ាស៊ីនបោកខោអាវខ្នាតមីនីសន្សំសំចៃទីកន្លែង អាងលាងចានតូចមួយ និងឆ្នាំងម៉ៃក្រូវេហ្វអាចដាក់នៅលើតុខោនធើរផ្ទះបាយបាន។ ធ្វើបង្កាន់ដៃដែកអ៊ីណុកជាប់ជញ្ជាំងទុកព្យួរឧបករណ៍ផ្ទះបាយដែលត្រូវប្រើជាប្រចាំ គ្រឿងបន្ថែមរសជាតិដាក់តម្រៀបជាជួរស្រេច និងទូជាប់ជញ្ជាំងសម្រាប់ទុកដាក់ចានក្បាន។

    – តូច តែខ្លឹម ៈ បើអ្នកណាស្នាក់អាស្រ័យនៅក្នុងបន្ទប់អាផាតមិន ឬខុនដូដែលទីធ្លាមានកំណត់នោះ ប្រាកដណាស់ថា បន្ទប់ផ្ទះបាយរបស់អ្នកច្បាស់ជាត្រូវប្រើការរួមជាមួយបន្ទប់ផ្សេងទៀត និងមិនបានបែងចែកទីកន្លែងប្រើការយ៉ាងច្បាស់លាស់ឡើយ ដោយចាត់ចែងទុកត្រឹមតែជ្រុងតូចមួយប៉ុណ្ណោះ។ មុនគេបង្អស់ គឺត្រូវកំណត់ទីធ្លាជាមុនសិន ទុកដាក់របស់គ្រប់យ៉ាងឱ្យទៅជិតជញ្ជាំង បំពាក់ទូព្យួរឧបករណ៍សម្រាប់ទុកដាក់ តុខោនធើរម៉ូដបែបសាមញ្ញសមល្មមនឹងទីធ្លា លាក់ភាជនៈផ្សេងៗ និងឧបករណ៍គ្រប់យ៉ាងទុកនៅក្នុងទូដើម្បីភាពមានរបៀប និងមើលទៅស្អាតភ្នែកគួរឱ្យចង់ប្រើការរាល់ថ្ងៃ។

    – បន្ទប់ផ្ទះបាយស្រឡះ សែនស្អាត ៈ បន្ទប់ផ្ទះបាយរបស់មនុស្សវ័យក្លៀវក្លាសម្រាប់អ្នកដែលនិយមចូលចិត្តភាពស្រឡះៗ។ ស៊ីម៉ង់ត៍រលាងគ្មានលាបពណ៌ គឺជាសម្ភារដែលបង្ហាញពីភាពសាមញ្ញបានគ្រប់ពេលវេលា។ អៃឌៀនេះ កស៊ីម៉ង់ត៍ឡើងដើម្បីធ្វើជាតុខោនធើរ៍ផ្ទះបាយ ជ្រើសរើសបំពាក់ទូថ្នាក់សម្រាប់ដាក់របស់របរឱ្យស័ក្តិសមដោយជាន់ថ្នាក់ៗឈើនៅផ្នែកខាងក្រោម ខណៈដែលធ្នើរដាក់របស់របរផ្នែកខាងលើបើកចំហ ជួយឱ្យការចាប់យកឧបករណ៍ចម្អិនម្ហូបអាហារមានភាពងាយស្រួល និងឆាប់រហ័សឡើង។ ប្រើប្រាស់ទីធ្លាមិនច្រើន ត្រឹមតែជញ្ជាំងមួយខាង និងប្រើរួមគ្នាជាមួយបន្ទប់ទទួលទានអាហារ។

    – តុកណ្ដាលបន្ទប់ក្នុងក្ដីស្រមៃ ៈ សម្រាប់បន្ទប់ផ្ទះបាយខ្នាតតូច តែក៏ចង់មានតុនៅកណ្ដាលបន្ទប់ដែលអាចច្នៃប្រើប្រាស់បានយ៉ាងងាយស្រួលនោះ តុថ្មម៉ាបអាចជាជម្រើសដ៏ល្អមួយសម្រាប់ទាំងការទទួលទានអាហារពេលព្រឹកបែបងាយៗ និងជាតុសម្រាប់ត្រៀមរៀបចំម្ហូបអាហារទៀតផង។ ចំណែកតុខោនធើរត្រៀមអាហារវិញ ជាបែបមីនីស្ទូឌីយោ ស័ក្តិសមបំផុតសម្រាប់បន្ទប់ដែលមានទីធ្លាតូច គ្រប់យ៉ាងស្ថិតនៅក្នុងទូតែមួយ ទាំងអាងលាងចាន ចង្រ្កានម៉ៃក្រូវេហ្វ ទូទឹកកក ធ្នើរថ្នាក់ៗដាក់របស់របរ ជាដើម៕

  • ក្រសួងអប់រំ ចេញសេចក្តីណែនាំសម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិក្នុងដំណើរការប្រឡងបាក់ឌុប

    ក្រសួងអប់រំ ចេញសេចក្តីណែនាំសម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិក្នុងដំណើរការប្រឡងបាក់ឌុប

    ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការអនុវត្ត​ភារកិច្ច​របស់អភិបាលនៃគណៈអភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការដំណើរការ​ប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 21 ខែធ្នូ ឆ្នាំ2020នេះ។

    ដើម្បីឱ្យដំណើរការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិន​ប្រព្រឹត្តទៅក្នុងភាពប្រក្រតី មានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ពិសេស​ធានា​បានគោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល​ទទួលយកបានផ្សេងៗ ក្រសួងបានណែនាំឱ្យ​អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទាំងអស់ សម្រួលដល់ដំណើរការមុនពេលប្រឡង និងរៀបចំ​ឱ្យមានការយកចិត្តទុកដាក់ខ្លាំងលើការការពារវិញ្ញាសារប្រឡង។

    ក្រសួងក៏បានណែនាំផងដែរឱ្យមានការសហការល្អជាមួយមន្ត្រីអប់រំ ក្នុងការ​ការពារសុវត្ថិភាព​ក្នុងពេលប្រឡង និងយកចិត្តទុកដាក់ចំពោះបេក្ខជនប្រឡងទាំងអស់ឱ្យ​មានសុវត្ថិភាព និងមានភាពងាយស្រួលក្នុងការទៅចូលរួមប្រឡង។ បន្ថែមពីលើនេះ ការដឹកជញ្ជូន និងការការពារ​សំណៅឯកសារប្រឡងគឺត្រូវធ្វើឱ្យបានហ្មត់ចត់ចាប់តាំងពីពេលមុនប្រឡង ពេលប្រឡង និងពេលដឹកជញ្ជូនទៅកាន់មណ្ឌលកំណែរ៕

  • រឿងដែលគួរដឹង មុននឹងតម “អាហារខ្លាញ់ៗ”

    រឿងដែលគួរដឹង មុននឹងតម “អាហារខ្លាញ់ៗ”

    ទាំងអស់គ្នាប្រហែលជាបានដឹងច្បាស់ហើយថា បើចង់មានសុខភាពរឹងមាំល្អ និងចង់សម្រកទម្ងន់ឱ្យរាងរៅស្គមស្វែលស្អាតស្លៀកពាក់ខោអាវលេខ M ឬលេខ S បាននោះ ត្រូវតែចេះតម(ឬកាត់បន្ថយ)ការទទួលទានអាហារខ្លាញ់ៗ តែមុននឹងតាំងចិត្តខំប្រឹងប្រែងតមពួកអាហារខ្លាញ់ៗយ៉ាងម៉ឺងម៉ាត់នោះ យើងគួរនាំគ្នាមកមើលពីដំបូន្មានល្អៗជាមុនសិនប្រសើរជាងថា តើយើងគួរត្រៀមខ្លួនយ៉ាងណា និងត្រូវតមអាហារខ្លាញ់យ៉ាងត្រឹមត្រូវយ៉ាងណាខ្លះ?

    រឿងដែលត្រូវដឹងមុនតមអាហារខ្លាញ់

    ដោយសារតែមានបុគ្គលិករបស់ទស្សនាវដ្តី ឡារ៉ែនម្នាក់បានលើកប្រធានបទមួយមកជជែកគ្នាថា តើយើងត្រូវប្រើវិធីណាល្អក្នុងការឈប់ញ៉ាំអាហារខ្លាញ់ៗនោះ ទើបអ្នកគ្រូ ឆវីត្រូវលើកយកចំណុចគួរដឹងសម្រាប់ណែនាំដល់អ្នកដែលចង់សម្រកទម្ងន់ និងចង់មានសុខភាពរឹងមាំមកជម្រាបជូនដូចតទៅ ៈ

    1 . រកមូលហេតុឱ្យឃើញជាមុនសិនថា តើយើងចង់កាត់បន្ថយ និងឈប់ញ៉ាំអាហារខ្លាញ់ៗនេះដើម្បីអ្វី?

    គឺដើម្បីសុខភាពល្អ! រឿងហ្នឹងអ្នកណាក៏គេដឹងដែរ តែគោលដៅក្នុងការកាត់បន្ថយរបស់យើងហ្នឹង គឺដើម្បីសុខភាពលើផ្នែកណាមួយ?

    – រូបរាង?

    – ទម្ងន់?

    – ខ្លាចជំងឺដែលមកជាមួយភាពធាត់?

    – ខ្លាចជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ខុសប្រក្រតី?

    ដែលត្រូវតែដឹងជាមុននោះក៏ព្រោះថា ហេតុនីមួយៗនោះ មានការកាត់បន្ថយមិនដូចគ្នាទេ និងជួនកាលការកត់បន្ថយអាហារខ្លាញ់ អាចនឹងមិនមែនជាការកែសម្រួលហេតុបញ្ហាទាំងនោះទៀតផង។

    – ដូចអ្នកខ្លះ កាត់បន្ថយអាហារខ្លាញ់ដើម្បីសម្រកទម្ងន់…ដោយមិនទាំងបានញ៉ាំវាច្រើន និងមិនបានពិនិត្យមើលថា ឡើងទម្ងន់ដោយសារអ្វីឡើយផង។

    – អ្នកខ្លះត្រូវការកែសម្រួលរូបរាង តែអាផ្នែកដែលត្រូវការកែសម្រួលនោះវាមិនបានពាក់ព័ន្ធនឹងអាហារខ្លាញ់សោះ(ដូចជា ចង់ឱ្យសាច់ដុំដៃមាំមួន ក៏តមលែងញ៉ាំអាហារខ្លាញ់…តែអត់ទៅហាត់ប្រាណ លើកដុំដែក ហើយអ៊ីចឹងម៉េចសាច់ដុំដៃឡើងទៅកើត?)។

    – អ្នកខ្លះត្រូវការបញ្ចុះជាតិខ្លាញ់ដើម្បីសម្រកទម្ងន់ ទាំងដែលបច្ចុប្បន្នដឹងច្បាស់ហើយថា បើសម្រកខ្លាញ់ តែមិនបន្ថយជាតិស្ករ ទោះសម្រកយូរប៉ុនណាក៏មិនបានលទ្ធផលដែរ។

    2 . គោលការណ៍ពេទ្យសម័យទំនើប មិនបានឱ្យអត់អាហារខ្លាញ់នោះទេ

    – ដោយសារខ្លាញ់គឺជាវត្ថុចាំបាច់ចំពោះរាងកាយ តែបានច្រើនពេកក៏មិនល្អ បានតិចពេកក៏មិនល្អ។

    -​ បច្ចុប្បន្ននេះ(ការពិតទៅ តាំងពីឆ្នាំ1980ឯណោះ) វេជ្ជសាស្រ្តសម័យបច្ចុប្បន្ននេះ សង្កត់ធ្ងន់លើការញ៉ាំអាហារយ៉ាងមានតុល្យភាព មិនសង្កត់ធ្ងន់លើការតម្រង់ទៅលើតែគុណប្រយោជន៍ ឬគុណវិបត្តិរបស់សារធាតុអាហារប្រភេទណាមួយនោះទេ។

    – ឧទាហរណ៍ដូចជា អាហារក្រុមតំបន់មេឌីទែរ៉ាណេក៏មានជាតិខ្លាញ់ច្រើនគួរសមដែរ មិនមែនជាអាហារដែលមានជាតិខ្លាញ់ទាបឡើយ។

    3 . តើយើងត្រូវញ៉ាំអាហារខ្លាញ់ប៉ុនណា ដឹងឬនៅ?

    អ្នកខ្លះចង់បន្ថយខ្លាញ់ តែមិនដឹងថា ខ្លួនឯងញ៉ាំខ្លាញ់ប៉ុនណា?

    ដល់មិនដឹងថា ពីដំបូងយើងញ៉ាំវាប៉ុនណា ធ្វើឱ្យពេលកាត់បន្ថយទៅហើយ ពិបាកវាយតម្លៃ ធ្វើឱ្យមិនអាចកំណត់គោលដៅបាន។

    4 . បន្ថយអាហារខ្លាញ់ តែត្រូវប្រយ័ត្នការបន្ថយខ្លាំងជ្រុលពេក

    – គោលការណ៍នៃការតមអាហារខ្លាញ់ គឺត្រូវមិនតមរហូតដល់អត់ញ៉ាំសោះនោះទេ…ព្រោះជាតិខ្លាញ់ក៏ជាវត្ថុមួយដែលរាងកាយត្រូវប្រើប្រាស់ដែរ។

    – បើបន្ថយជាតិខ្លាញ់ខ្លាំង និងកំណត់កម្លាំងថាមពល រាងកាយនឹងសម្រួលខ្លួនចូលទៅនៅក្នុងក្រុមមនុស្សខ្វះអាហារបរិភោគ សាច់ដុំនឹងបាត់អស់ ហើយយូរទៅ រាងកាយងាយនឹងត្រឡប់មកធាត់ជាថ្មីម្ដងទៀត។

    5 – ជាតិខ្លាញ់ដែលគួរបញ្ឈប់មែនទែននោះគឺ ខ្លាញ់ថ្រានស៍( Trans Fat)

    ចំណែកខ្លាញ់ផ្សេងទៀត ដូចជាខ្លាញ់ជ្រូក ខ្លាញ់សត្វ ប្រេងដូង ប្រេងរុក្ខជាតិផ្សេងៗ ញ៉ាំបាន តែត្រូវគ្រប់គ្រងបរិមាណយ៉ាងស័ក្តិសម៕

  • បង្រៀនកូនឱ្យមានវិន័យ ឱ្យឆ្លាតសមវ័យ ត្រូវចិញ្ចឹមកូនបែប EF

    បង្រៀនកូនឱ្យមានវិន័យ ឱ្យឆ្លាតសមវ័យ ត្រូវចិញ្ចឹមកូនបែប EF

    បង្រៀនកូនឱ្យមានវិន័យ​ ឪពុកម្ដាយអាចចាប់ផ្ដើមបានតាំងពីកូននៅតូចៗដោយប្រើវិធីការចិញ្ចឹមកូនបែប EF (Executive Function) ដែលមានន័យពីសមត្ថភាពកម្រិតខ្ពស់របស់ខួរក្បាលដែលប្រើប្រាស់ក្នុងការគិត អារម្មណ៍ និងទង្វើ។ ដើម្បីឱ្យទៅដល់គោលដៅ ដែលជាគោលដៅសម្រាប់កូន មិនមែនជារបស់ឪពុកម្ដាយ តាមស្ទីលរបស់លោកវេជ្ជបណ្ឌិតជំនាញផ្នែកអប់រំកុមារគឺជាអ្វី និងសំខាន់ចំពោះការចិញ្ចឹមកូនយ៉ាងណា យើងនាំគ្នាមកមើលទាំងអស់គ្នាដូចតទៅ។

    គោលការណ៍របស់ EF

    1 . មើលថែទាំខ្លួនឯងបាន

    គឺការឱ្យកុមារបានប្រើប្រាស់ខ្លួនឯងជាចំណុចកណ្ដាលដើម្បីអភិវឌ្ឍ និងហ្វឹកហាត់ខ្លួនឯងឱ្យអាចមើលថែទាំ ជួយខ្លួនឯងបាន ដោយមិនចាំបាច់មានអ្នកណាមកចាំប្រាប់។ មានគោលការណ៍ 4 យ៉ាងដូចតទៅ ៈ

    – ការមើលថែទាំរាងកាយរបស់ខ្លួនឯង ៈ ដូចជាការញ៉ាំបាយ ងូតទឹក ដុសធ្មេញ ស្លៀកពាក់ បន្ទោបង់ទាំងធំ និងតូចដោយខ្លួនឯងបាន ដែលឪពុកម្ដាយអាចបង្ហាត់កូនតូចបានតាំងពីអាយុ 2 – 3ឆ្នាំ។ សម្រាប់ការញ៉ាំបាយខ្លួនឯង នឹងជួយឱ្យក្មេងបានអភិវឌ្ឍគ្រប់យ៉ាងជារួម បើឪពុកម្ដាយនៅតែចាំបញ្ចុកបាយឱ្យកូនតូចញ៉ាំ ក៏នឹងធ្វើក្មេងមិនក្លាយជា EF

    – ការមើលថែទាំជុំវិញរាងកាយរបស់ខ្លួន ៈ អាចចាប់ផ្ដើមជាមួយកូនតូចដែលមានអាយុ 3 – 5ឆ្នាំ ដូចជាការប្រមូលទុកដាក់របស់លេងនៅពេលលេងរួច ការរៀបចំកន្លែងគេងឱ្យស្អាតរៀបរយបន្ទាប់ភ្ញាក់ពីគេង។

    – ការមើលថែទាំការងារផ្ទះ ៈ ឪពុកម្ដាយអាចចាប់ផ្ដើមបង្ហាត់កូនតូចតាំងពីអាយុ 6 – 7ឆ្នាំឡើងទៅ ដូចជាលាងចាន ហាលខោអាវ ប្រមូលសំរាម បោសផ្ទះ ជូតផ្ទះ ដែលមូលដ្ឋានគ្រឹះរបស់ការធ្វើការងារផ្ទះបែប EF នេះជាការធ្វើឱ្យក្មេងបានកម្រើកម្រាមដៃ កម្រើកខួរក្បាលខ្លាំងជាងការធ្វើឱ្យផ្ទះស្អាត។

    – ការមើលថែទាំនៅក្រៅផ្ទះ ៈ ឬការធ្វើតាមច្បាប់របស់សង្គម ដូចជាញ៉ាំបាយនៅក្នុងហាងលក់បាយ ការរត់លេងនៅក្នុងហាង និងការឈរតម្រង់ជួររង់ចាំទិញឥវ៉ាន់ ជាដើម។

    2 . ការចេះដោះខ្លួនរួចពីស្ថានការណ៍ប្រថុយនឹងគ្រោះថ្នាក់ផ្សេងៗ

    ដូចជា គោលដៅគឺ ចង់ជិះជ្រែម៉ូតូ ដូច្នេះ EF គឺការគិតឱ្យបានល្អិតល្អន់ថា តើត្រូវជិះម៉ូតូយ៉ាងណាឱ្យមានសុវត្ថិភាព ត្រូវគ្រប់គ្រងការគិត អារម្មណ៍ ទង្វើដែលល្អ ឬគោលដៅ គឺការចង់ធ្វើអ្វីមួយ តែត្រូវឆ្លងកាត់ការគិត អារម្មណ៍ និងទីបំផុត គឺការបង្ហាញទង្វើដែលល្អហ្នឹងឯង។

    3 . មានអនាគតដែលអាចសាងឡើងបានដោយខ្លួនឯង

    – សម្លឹងទៅខាងមុខ ការមានកម្លាំងជំរុញចិត្ត មានភាពមានះព្យាយាម ភាពស្រឡាញ់ឈ្លក់ក្នុងអំពើល្អ។

    – រៀបចំផែនការ

    – ចាប់ផ្ដើមធ្វើ

    – ទទួលខុសត្រូវ

    – បត់បែន កែសម្រួលគោលដៅ កែសម្រួលផែនការបានគ្រប់ពេលជានិច្ច មិនបន្ទោសខ្លួនឯង មិនបន្ទោសអ្នកដទៃ។

    ក្រៅពីនេះលោកវេជ្ជបណ្ឌិតនៅបានណែនាំពីកិច្ចការងាររបស់កូនតូចក្រោយពេលត្រឡប់មកពីសាលារៀនទៀតផង។ ដោយសារតែក្មេងភាគច្រើននឹងត្រឡប់មកដល់ផ្ទះវិញនៅម៉ាងប្រមាណ 17ៈ30(5ៈ30ល្ងាច) ធ្វើឱ្យកូនតូចមានពេលវេលាក្នុងការធ្វើកិច្ចការប្រចាំថ្ងៃឱ្យរួចស្រេច តាំងពីម៉ោង 18ៈ00 – 21ៈ00 សរុប 3 ម៉ោងតាមលំដាប់ដូចតទៅ។

    ការងារផ្ទះ ៈ ជាការងារដំបូងដែលឪពុកម្ដាយគួរប្រាប់ឱ្យកូនតូចបានធ្វើ ព្រោះការឱ្យកុមារតូចៗបានធ្វើការងារផ្ទះនេះ ជាការបណ្ដុះទម្លាប់ឱ្យក្មេងៗនឹកដល់ការងារសួនរួមខ្លាំងជាងបុគ្គលផ្ទាល់ខ្លួន។

    កិច្ចការផ្ទះ ៈ សម្រាប់ថ្ងៃណាដែលកូនតូចគ្មានកិច្ចការផ្ទះ ឪពុកម្ដាយអាចរកមេរៀនហ្វឹកហាត់បន្ថែមមកឱ្យកូនធ្វើក៏បាន។ រឿង 2 យ៉ាងនេះ ទាំងការងារផ្ទះ និងកិច្ចការផ្ទះ ត្រូវប្រាប់ឱ្យកូនធ្វើឱ្យរួចស្រេចមុនពេលចង់ចេញទៅលេង ដើម្បីជាការបង្វឹកភាពទទួលខុសត្រូវ ដោយសុខចិត្តលំបាកមុន សឹមសប្បាយជាក្រោយ។

    ការលេង ៈ ជារឿងដែលមិនអាចខ្វះបានឡើយក្នុងវ័យកុមារ ព្រោះគេនឹងបានមានអារម្មណ៍ដឹងពីភាពធូរស្រាលសប្បាយ។ ឪពុកម្ដាយអាចផ្ដល់ឱ្យនូវការលេងដែលកូនតូចចង់លេង ធ្វើជារង្វាន់ក្រោយពីគេយល់ព្រមខំទ្រាំធ្វើនូវអ្វីដែលគេមិនសប្បាយនោះចប់រួចរាល់ហើយ។

    អានរឿងនិទានមុនពេលគេង ៈ មុនពេលកូនចូលគេង ឪពុកម្ដាយអាចធ្វើកិច្ចការងារនេះ ជាការភ្ជាប់សម្ព័ន្ធភាពរវាងឪពុក ម្ដាយ និងកូនឱ្យកាន់តែស្អិតល្មួតឡើង និងថែមទាំងជាកិច្ចការងារដែលមិនសូវជារំភើបញាប់ញ័រប៉ុន្មានឡើយដើម្បីត្រៀមនាំកូនចូលគេង។

    បើឪពុកម្ដាយចង់ឱ្យកូនចេះគ្រប់គ្រងចាត់ចែងពេលវេលាធ្វើកិច្ចការងារប្រចាំថ្ងៃទាំងនេះដោយខ្លួនឯង ឪពុកម្ដាយត្រូវតែមិនចាំបាច់ប្រាប់ថា ពេលណាគួរធ្វើអ្វីនោះទេ បណ្ដោយឱ្យកូនបានចាត់ចែងពេលវេលាដោយខ្លួនឯង ដែលជាប្រក្រតីក្មេងៗច្រើនតែសម្រុកធ្វើការងារផ្ទះ និងកិច្ចការផ្ទះឱ្យរួចឆាប់ៗ ព្រោះដើម្បីឱ្យបានលេងយូរឡើង។ ជាធម្មតាក្មេងនឹងចាប់ផ្ដើមចេះគ្រប់គ្រងចាត់ចែងពេលវេលានៅពេលមានអាយុ 2 – 8 ឆ្នាំ៕